Category: សង្គម និងសេដ្ឋកិច្ច

  • ការទទួលបាន​ប្រយោជន៍​ពី​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ទៅក្នុង​បច្ចេកវិទ្យា

    ការទទួលបាន​ប្រយោជន៍​ពី​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ទៅក្នុង​បច្ចេកវិទ្យា

    ដោយសារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ក្នុងពេលថ្មីៗនេះ​បានផ្តល់​ភាពជឿនលឿន និង​ឈានមុខ​សម្រាប់​ធ្វើឱ្យ​កិច្ចការងារ​ជាច្រើនទទួលបាន​ជោគជ័យ​ក្នុង​វិស័យ​សេវាកម្ម​នោះ ខាង​ផ្នែក​សេដ្ឋកិច្ច​មួយចំនួន​ក៏រីកចម្រើន​ទៅជា​មួយ​បច្ចេកវិទ្យា​នេះដែរ។ ការទទួលយក​សេវា​ហិរញ្ញវត្ថុ​កាន់តែច្រើន​បានធ្វើឱ្យ​ប្រទេស​កម្ពុជា​បោះជំហាន​យ៉ាង​ល្អ​ឆ្ពោះទៅរក​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ទៅក្នុង​បច្ចេកវិទ្យា​នា​ទសវត្សរ៍​ចុងក្រោយ​នេះ។

    អ្នកសេដ្ឋកិច្ច​បាន​និយាយថា បើ​និយាយ​អំពី​ឌីជីថល(Digitalization)វា​បានផ្តល់​អត្ថប្រយោជន៍​ដល់​អតិថិជន​ច្រើន។ ទី1-សេវា​ដែល​បង្កើត​ដោយ​ឌីជីថល​មានតម្លៃ​ទាប គឺ​ទាប​ជាង​សេវាកម្ម​ដែល​ប្រើ​ដោយ​ដៃ។ ទី2-វា​មាន​ភាព​រហ័ស លឿន និង​ងាយស្រួល​ចំពោះ​អតិថិជន មានន័យថា អតិថិជន​ចង់​ធ្វើប្រតិបត្តិការ​នៅពេលណា​ក៏បាន។ ទី3-អតិថិជន​មិនបាច់​ចំណាយពេល​ធ្វើដំណើរ​ទៅ​ទីតាំង​ណាមួយ​ដើម្បី​ទទួលយក​សេវាកម្ម​ដែល​គាត់​ចង់បាន​គាត់​នោះទេ គាត់​អាចធ្វើ​នៅ​កន្លែង​ណា​ក៏បាន។ នេះ​គឺ​ប្រព័ន្ធ​ឌីជីថល ដែល​ធ្វើឱ្យ​ការប្រើប្រាស់​ក្រដាស​ស្នាម​ត្រូវបាន​កាត់បន្ថយ។

    ពីមុន ក្រុមហ៊ុន​មួយចំនួន​បានធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដោយ​អត្រា​ការប្រាក់​ខ្ពស់ ដោយសារតែ​តម្លៃ​នៃ​ការធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​របស់​ពួកគាត់​ខ្ពស់​ដែរ ព្រោះ​គាត់​ត្រូវ​ចំណាយ​ច្រើន​ទៅលើ​ក្រដាស​ស្នាម letter head និង​លិខិតស្នាមផ្សេងៗ ប៉ុន្តែ​ឥឡូវ​គាត់​ងាក​មក​ប្រើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ធ្វើឱ្យ​តម្លៃ​ដើម​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ត្រូវ​ចំណាយ​តិចជាង​មុន ព្រោះ​គាត់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល ដូច្នេះ​តម្លៃ​អត្រា​ការប្រាក់​របស់គាត់​ក៏​ត្រូវបាន​ទម្លាក់​ចុះ​ទាប​ទៅតាម​ហ្នឹង​ដែរ។ ឧទាហរណ៍​ដូច​កាលពីមុន ការផ្ញើ ឬ​វេរ​ប្រាក់​ជាដើម អតិថិជន​មាន​ក្តីបារម្ភ​ច្រើន​ពី​ការដែល​អាច​បាត់បង់ និង​ពុំមាន​សុវត្ថិភាព ព្រោះ​ការផ្ញើ ឬ​វេរ​ប្រាក់​ទាំងនោះ​ត្រូវធ្វើ​តាមរយៈ​ឈ្មួញកណ្តាល ឬ​តាម​ធនាគារ​ដែលមាន​ការលំបាក(ព្រោះ​មានតែ​នៅតាម​ទីប្រជុំជន)និង​មានតម្លៃ​សេវា​ខ្ពស់ ប៉ុន្តែ​បច្ចុប្បន្ន​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា គេ​អាច​លុបបំបាត់​ក្តីបារម្ភ​ទាំងនោះ​បាន។

    លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង​ហ្វ័​រ​តេ​បាន​ផ្ដល់យោបល់​អំពី​បញ្ហា​នេះ​ថា៖ “ការបញ្ចូល​ហិរញ្ញវត្ថុ​ទៅក្នុង​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មាន​មនុស្ស​កាន់តែច្រើន​បាន​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដែល​វា​បានផ្តល់​ផលប្រយោជន៍​ដល់​ទាំងសងខាង ទាំង​សម្រាប់​ក្រុមហ៊ុន និង​អតិថិជន”។

    លោក​អគ្គនាយក​បានបញ្ជាក់​ថា ពោលគឺ​ទាំង​ក្រុមហ៊ុន ទាំង​អតិថិជន​ទទួលបាន​ប្រយោជន៍​ដូចគ្នា។ ក្រុមហ៊ុន​គាត់​ធ្វើ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ គាត់​ទទួលបាន​ឧត្តមភាព​ក្នុងការ​ប្រកួតប្រជែង និង​ស្គាល់​អតិថិជន​គាត់​កាន់តែច្បាស់ និង​កាត់​តម្លៃ​ប្រតិបត្តិការ​កាន់តែ​ទាប។ ឯ​អតិថិជន​គាត់​ទទួលបាន​សុវត្ថិភាព​ក្នុងការ​គ្រប់គ្រង​ទឹកប្រាក់ មិន​ខាត​ពេលវេលា រហ័ស និង​ព័ត៌មាន​ត្រូវបាន​បញ្ជូន​យ៉ាង​លម្អិត លឿន ងាយស្រួល និង​មាន​ជម្រើស​ច្រើន។

    លោក​បន្តថា លោក​យល់ថា ចំពោះ​អតិថិជន​អ្នកប្រើប្រាស់​មិនជា​លំបាក​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ការប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​នេះ​ទេ ដូច្នេះ​ក្រុមហ៊ុន​ត្រូវតែ​អភិវឌ្ឍ​ខ្លួនឯង​សម្រាប់​ការបញ្ចុះ​បញ្ចូល​ឱ្យ​អតិថិជន​ប្រើប្រាស់​ចង្វាក់​ផលិតកម្ម​របស់ខ្លួន ព្រោះ​ការចំណាយ​ក្នុង​ការរៀបចំ​ប្រព័ន្ធ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឥឡូវ​មានតម្លៃ​ទាប​បន្តិច​ហើយ ដោយសារ​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ជាស​កល​បាន​ឈាន​ទៅមុខ​ឥតឈប់ឈរ។

    លោក យុន សុ​វណ្ណា នាយក​ប្រតិបត្តិ​នៃ​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា(CMA)បានឱ្យដឹងថាមកដល់​ពាក់កណ្តាល​ឆ្នាំ2018នេះ មាន​ប្រជាជន​កម្ពុជា​រហូតដល់​ជិត 2លាន​នាក់​បានដាក់​ប្រាក់​សន្សំ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ តួលេខ​នេះ​មាន​កំណើន​ដោយសារតែ​អ្នក​ខ្ចីប្រាក់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវតែ​បង្កើត​គណនី​សន្សំ​មួយ​ដើម្បី​សង​ប្រាក់​មក​គ្រឹះស្ថាន ដែល​ចំនួន​ទឹកប្រាក់​សន្សំ​នេះ​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​ចំនួន​ជាង 2ពាន់​លាន​ដុល្លារ​ដែរ​សម្រាប់​ប្រតិបត្តិ​ការប្រាក់​សន្សំ​ក្នុងស្រុក។

    យោងតាម​របាយការណ៍​ពាក់កណ្តាល​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា(ឆមាស​ទី1ឆ្នាំ 2018)វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក​បាន​បន្ត​មាន​កំណើន​ដ៏​រឹងមាំ ដែល​បានកត់សម្គាល់​លើ​ឧស្សាហកម្ម​នាពេលថ្មីៗនេះ​ដោយ​ធនាគារពាណិជ្ជ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​កំណើន​ឥណទាន និង​ប្រាក់​បញ្ញើ។

    ផ្អែកលើ​របាយការណ៍​នេះ​ប្រាក់​បញ្ញើ​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​កើន​ដល់ 5ពាន់​លាន​ដុល្លារ​ក្នុងអំឡុង​ឆមាស​ដំបូង​នៃ​ឆ្នាំ2018 ដែល​កើនឡើង 34,2%។ ប្រជាជន​កម្ពុជា​រហូត​ដល់ 2 លាន​នាក់​បាន​ខ្ចីប្រាក់​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

    លោក សុ​វណ្ណា បាន​និយាយថា៖ “តាមពិត​ការ​កៀរគរ និង​ការប្រមូល​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ ប្រាក់​សន្សំ​ក្នុងស្រុក​ជា​អាទិភាព​មួយ​ក្នុង​វិស័យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ពីព្រោះ​ទី1-មាន​ស្ថិរភាព​ជាង ព្រោះ​មូលនិធិ​ហិរញ្ញប្បទាន​នៅក្នុង​ស្រុក​ងាយស្រួល​ជាង​ការប្រមូលប្រាក់​ពី​ក្រៅប្រទេស។ ទី2-ជំរុញឱ្យមាន​ការកែប្រែ​ទម្លាប់​ពី​ការដាក់​ប្រាក់​សន្សំ​ដោយ​ខ្លួនឯង មក​ដាក់​ក្នុង​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​វិញ ព្រោះ​មាន​ស្ថិរភាព សុវត្ថិភាព និង​ថែមទាំង​ទទួលបាន​ការប្រាក់​ទៀត​ផង។ ទី3-ការ​កេណ្ឌ​ប្រមូល​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ក្នុងស្រុក ក្រៅពី​មាន​ស្ថិរភាព សុវត្ថិភាព និង​ផ្តល់​ការប្រាក់​ហើយ អតិថិជន​នឹង​បានទទួល​នូវ​ការកាត់បន្ថយ​ថ្លៃ​ដំណើរការ​តម្លៃ​ដើម និង​ពន្ធ​ថែមទៀត។

    លោក​មានប្រសាសន៍ថា៖“បានន័យថា បើ​បច្ចេកវិទ្យា​ត្រូវបាន​ប្រើប្រាស់ ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​បាន​ប្រើប្រាស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ​ផ្លូវការ​សម្រាប់​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​ដើម្បី​សន្សំ​ប្រាក់ ដែល​ធ្វើឱ្យ​កាន់តែ​ងាយស្រួល​ក្នុង​ការរក​វិធី​វិនិយោគ​ប្រកបដោយ​ផលិតភាព​នៅក្នុង​សេដ្ឋកិច្ច តែ​យើង​ក៏ត្រូវ​ការបណ្តុះបណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​យល់ដឹង​អំពី​សេដ្ឋកិច្ច​ឌីជីថល​នេះ​ផងដែរ”។

    លោក​បន្តថា ប៉ុន្តែ​វា​ក៏​មិន​មែនមាន​ភាពងាយស្រួល​ពេក​ដែរ ព្រោះ​ក្នុង​ការប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​រួមទាំង​សេដ្ឋកិច្ច​ឌីជីថល​នេះ​វា​ទាមទារ​ឱ្យ​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ជា​មូលដ្ឋាន ដែល​ភាគច្រើន​ការបង្កើតឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ឌីជីថល​នេះ វា​ជា​សមត្ថកិច្ច​របស់​រាជ​រដ្ឋាភិបាល ដែល​យើង​ជា​វិស័យ​ឯកជន​បានចាប់ផ្តើម​ឈានទៅ​មុខជាបណ្តើរៗដែរ​ហើយ។

    លោក​បាន​ថ្លែង​បញ្ជាក់ថា ដោយសារតែ​យើង​មានការ​ប្រកួតប្រជែង មាន​ផលិតភាព​កាន់តែ​កើនឡើង និង​កាន់តែ​ល្អ​ជាង​ពី 5ឆ្នាំមុន​នោះ ការគាំទ្រ​ពី​អតិថិជន ការអនុលោម​តាមច្បាប់​ក៏​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​មុន​ដែរ ធ្វើឱ្យ​យើង​ទទួលបាន​អត្ថ​ប្រ​យោន៍​បន្ថែម​ពី​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ វា​មិនមែន​ផ្តើម​តែ​ចំណុច​មួយ​ទេ គឺមាន​កត្តា​រួមផ្សំ​ច្រើន ការ​សាង​បញ្ញត្តិ​កម្ម​ដែល​ល្អប្រសើរ ការអភិវឌ្ឍ​វិស័យ​ឯកជន ការគាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន​ដើម្បី​គាំទ្រ​នូវ​កំណើន និង​ការរីកចម្រើន​វិស័យ​មីក្រូហិរញ្ញវត្ថុ ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​សេដ្ឋកិច្ច​ឌីជីថល។ ដូច្នេះ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ អ្វីដែល​អាចសន្និដ្ឋាន​ជាបឋម​បាន​ក្នុងការ​ចូលរួម​របស់​ធនាគារ និង​វិស័យ​មីក្រូហិរញ្ញវត្ថុ គឺ​វិស័យនេះ​មាន​ផលិតភាព​ខ្លាំង​ជាង​មុន តែ​ក៏​ត្រូវតែមាន​ការប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​យើង​អាច​ទាញយក​ប្រយោជន៍​នៃ​ការចាក់​បញ្ចូល​ហិរញ្ញវត្ថុ ក្នុង​ប្រព័ន្ធ​បច្ចេកវិទ្យា​សេដ្ឋកិច្ច​ឌីជីថល៕

  • ផែនការថ្មីក្នុងការ​ប្រមូលពន្ធរបស់​អគ្គ​នាយកដ្ឋានពន្ធដារ

    ផែនការថ្មីក្នុងការ​ប្រមូលពន្ធរបស់​អគ្គ​នាយកដ្ឋានពន្ធដារ

    អគ្គនាយកដ្ឋាន​ពន្ធដា​រ (GDT ឬ​The General Department of Taxation) បានប្រកាសថា អគ្គនាយកដ្ឋាន​មាន​គោលបំណង​បង្កើន​ប្រាក់ចំណូល​ពី​ការប្រមូល​ពន្ធ​ចំនួន19% ជាមួយយុទ្ធសាស្ត្រ​ថ្មី​មួយ​សម្រាប់​រយៈពេល 4ឆ្នាំ​ខាងមុខ​ដោយ​ផ្អែកលើ​និរន្តរភាព និង​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌​នៅក្នុង​វិស័យ​ឯកជន។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់ GDT កាលពីពេលថ្មីៗនេះ។

    អាជ្ញាធរ​ពន្ធដារ​បាន​បង្ហាញ​ពី​ផែនការ​របស់ខ្លួន​ក្នុងអំឡុង​ជំនួប​ជាមួយ​វិស័យ​ឯកជន​កាលពីពេលថ្មីៗនេះ ដែល​ផែនការ​នេះ​ជា​ផ្នែក​មួយ​នៃ​យន្តការ​ដើម្បីឱ្យ​ភាគី​ទាំង​ពីរបាន​ចូលមក​អង្គុយ​នៅឯ​តុ​ចរចា និង​ថា ការឱ្យ​ក្រុមហ៊ុន​ជាច្រើន​ចូលរួម​ក្នុង​ក្របខ័ណ្ឌ​ច្បាប់​នេះ គឺ​ចាំបាច់​ដើម្បី​សម្រេច​គោលដៅ​ប្រមូល​ពន្ធ។

    ឯកឧត្តម គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​មានប្រសាសន៍ថា ការធ្វើ​សេចក្តីព្រាង​យុទ្ធសាស្ត្រ​ថ្មី​សម្រាប់​ការប្រមូល​ពន្ធ​សម្រាប់​ឆ្នាំ2019-2023 ជិត​ត្រូវ​បានបញ្ចប់​ហើយដោយ​ផែនការ​ថ្មី​នេះ​នឹង​ផ្តោតលើ​ការបង្កើន​ការប្រមូល​ពន្ធ​ប្រកបដោយ​ចីរភាព ខណៈពេល​កំពុង​ពង្រឹង​ការប្រកួតប្រជែង​ដោយ​យុត្តិធម៌ និង​យុត្តិធម៌​សង្គម។ “សម្រាប់​ឆ្នាំ2019ខាងមុខ GDTបាន​សិក្សា​ពី​កំណែទម្រង់​នៃ​ការ​គណនា​ពន្ធ​មូលដ្ឋាន​លើ​ការផ្ទេរកម្មសិទ្ធិ​អចលនទ្រព្យ ពន្ធ​ពិសេស​លើ​ទំនិញ និង​សេវាកម្ម​ពន្ធ​សាធារណៈ និង​ដំណើរការ​សវនកម្ម ដើម្បី​ធានាថា យើង​បន្ត​បង្កើន​ចំណូល​របស់​យើង​ពី​ការអនុវត្ត​ការប្រមូល​ពន្ធ”។

    លោក តែ តាំង​ប៉រ ប្រធាន​សហព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​បាន​ថ្លែងថា​ ព័ត៌មាន​លម្អិត​ពី​ផែនការ​ប្រមូល​ពន្ធ​ថ្មី​នេះ គឺមាន​ការខ្វះខាត​ច្រើន។ ពួកគេ​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​ច្រើន​ទេ។ អ្វីដែល​យើង​ដឹងគឺថា ពួកគេ​កំពុង​ព្យាយាម​ប្រមូលពន្ធ19%បន្ថែមទៀត។ លោក​បាន​មានប្រសាសន៍ថា៖ “នេះ​មិនមែន​មានន័យថា ពួកគេ​នឹង​ដំឡើង​ពន្ធ​នោះទេ តែ​ផ្ទុយទៅវិញ​ពួកគេ​នឹង​ផ្តោតលើ​ការបង្កើន​សមត្ថភាព​ប្រមូល​ពន្ធ​របស់ខ្លួន​ដើម្បី​សម្រេច​គោលបំណង​របស់​ពួកគេ”។

    លោក ហូ វណ្ឌី ក្រុមប្រឹក្សាភិបាល​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​បាន​ប្រាប់ថា៖“ក្រុមហ៊ុន​ឯកជន​ជាច្រើន​ទៀត​ត្រូវតែ​អនុវត្តតាម​តម្រូវការ​ពន្ធ​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ។ យើង​នឹង​បន្ត​ធ្វើការ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ជុំវិញ​រឿង​ពន្ធដារ និង​លើកទឹកចិត្ត​ជាមួយនឹង ​GDT ដើម្បី​បង្កើន​ប្រាក់ចំណូល​ពន្ធ”។ ការទទួលបាន​ក្រុមហ៊ុន​ជាច្រើន​ទៀត​ឱ្យមក​ចុះបញ្ជី​ជាមួយ​នាយកដ្ឋាន​ពន្ធដា​រ គឺ​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច។

    នៅក្នុង​វេទិកា​ពន្ធ លោក ​Arnaud Darc ប្រធាន​ EuroCham បាន​ថ្លែងថា ការប្រមូល​ពន្ធ​លើ​ប្រាក់ចំណូល​គួរតែ​ត្រូវបាន​ពិនិត្យឡើងវិញ ដោយ​លោក​បាន​បន្ថែមថា ការយកពន្ធ​បែបនេះ​កំពុង​ធ្វើឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នករកស៊ី​ក្នុង​វិស័យ​ឯកជន។ លោក​បាន​និយាយថា ពួកគេ​បានចាត់ទុក​ផែនការ​នេះ​ថា​ជា​រឿង “មិន​យុត្តិធម៌ និង​ត្រូវ​បានដាក់​កំហិត” ដោយ​GDT តែ​EuroChamបាន​អំពាវនាវ​ឱ្យមាន​ភាពយុត្តិធម៌ និង​គាំទ្រ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅក្នុង​ការជំរុញ​របស់​ខ្លួន​ដើម្បី​អនុវត្ត​យន្តការ​ប្រមូល​ប្រាក់ចំណូល​ប្រកបដោយ​យុត្តិធម៌ និង​មិន​រើសអើង។

    លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន Century21មេគង្គ​បាន​ថ្លែងប្រាប់​ឡា​រ៉ែ​ន​តាមរយៈ​ទូរស័ព្ទ​ថា សម្រាប់​រឿង​ពន្ធ​នៅក្នុង​វិស័យ​អចលនទ្រព្យ គឺ​គេ​គ្រោង​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ដីធ្លី។ ពោលគឺ​មិនមែនជា​ការដំឡើង​ពន្ធ​ទេ។ ចំពោះ​គោលការណ៍​នៃ​ការប្រមូល​ពន្ធ​ឱ្យ​ត្រឹមត្រូវ​តាម​បទដ្ឋាន​គឺ​ខាង​ពន្ធដារ​គ្រោង​ប្រមូល​ឱ្យបាន​តាម​ផែនការ​ដើម្បី​ឱ្យបាន​កើន19%។

    លោក​អគ្គនាយក​បានបញ្ជាក់​ថា ដោយឡែក​ការពាក់ព័ន្ធ​ការធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ដីធ្លី គឺ​ដោយសារតែ​ការធ្វើ​កន្លងមក បាន​កន្លង​ហួស​ច្រើន​ឆ្នាំ​មកហើយ។ឧទាហរណ៍​ដី1កន្លែង​តម្លៃ1ម៉ែត្រការ៉េ 50$ឥឡូវ​តម្លៃ​លក់​លើ​ទីផ្សារ​ឡើងដល់ 70$-100$ទៅហើយ ដូច្នេះ​គេ​ហៅថា​ធ្វើ​បច្ចុប្បន្នភាព​លើ​តម្លៃ​អចលនវត្ថុ។ ប៉ុន្តែ​ការគ្រោង​នេះ​មិនទាន់​ចាប់ផ្តើម​ទេ ហើយ​វា​នឹង​មិនមាន​បញ្ហា​អ្វី​ទេ ព្រោះ​កំណត់​ច្បាប់​នៅ​ដដែល គេ​គ្រាន់តែ​ធ្វើ​បច្ចុប្បន្នភាព​តម្លៃ​ប៉ុណ្ណោះ។ ការប្រមូល​ជា​ចំណូល​វា​អាច​កើនឡើង បើ​ប្រថាប់ត្រា 4%ដូចគ្នា វា​មានតម្លៃ​ខុសគ្នា​ហើយ ហើយ​វា​នឹង​កើនឡើង​ដោយ​ស្វ័យប្រវត្តិ ព្រោះ​គេ​ធ្វើឱ្យ​សមាមាត្រ​ទៅលើ​ទីផ្សារ។

    សូមបញ្ជាក់ថា តាមរយៈ​ការអនុវត្ត​គោលនយោបាយ​សារពើពន្ធ ព្រមទាំង​ធ្វើ​ទំនើបកម្ម​ពន្ធដារ ដោយ​អនុវត្ត​ស្របតាម​យុទ្ធសាស្ត្រ កៀរគរ​ចំណូល​រយៈពេល​មធ្យម 2014-2018 ជា​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ និង​អាករ​គ្រប់​ប្រភេទ​ឆ្នាំ2017 សម្រេចបាន115,2% នៃ​ផែនការ​ច្បាប់។​​​ ដោយឡែក​ក្នុង​ឆ្នាំ2018 គិត​ត្រឹម​ថ្ងៃទី26 ខែតុលា អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន​ប្រមូល​ចំណូល​ពន្ធ និង​អាករ​សរុប (តាម​ប្រព័ន្ធ​អន​ឡាញ) បាន97,44% នៃ​ផែនការ​កំណត់ដោយ​ច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2018៕

  • ភ្ញាក់ផ្អើល !! តារាកំប្លែងល្បីឈ្មោះ នាយ ក្ដឹប ធ្លាក់ខ្លួនឈឺធ្ងន់កំពុងសម្រាកព្យាបាល

    ភ្ញាក់ផ្អើល !! តារាកំប្លែងល្បីឈ្មោះ នាយ ក្ដឹប ធ្លាក់ខ្លួនឈឺធ្ងន់កំពុងសម្រាកព្យាបាល

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់កូនស្រីរបស់អតីតតារាកំប្លែងល្បីឈ្មោះ នាយ ក្ដឹប បានបង្ហោះរូបភាពស្ដែងប្រាប់ពីស្ថានភាពជំងឺរបស់ឪពុកថា «ពេលនេះគ្រួសារលោកតាក្ដឹប មានទុក្ខជាទម្ងន់ ព្រោះលោកតាក្ដឹប ឈឺធ្ងន់ កំពុងតែសម្រាក់ព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត នៅបន្ទប់សង្រ្គោះបន្ទាន់ ពេលនេះមិនទាន់ដឹងខ្លួននៅឡើយទេពេលនេះគ្រួសារលោកតាក្ដឹប ខ្វះខាតថវិកា សូមបងប្អូនមេតាជួយដល់ក្រុមគ្រួសារគាត់ផង ជួយស៊ែរម្នាក់មួយ។ តារាកំប្លែងជើងចាស់ លោកតាក្ដឹប ហៅ (នាយក្ដឹប) លេខផ្ទាល់លោកតាក្ដឹប (017310566 )(093931012) និង (087575809)»។

    សូមជម្រាបអតីតតារាកំប្លែងជើងចាស់រូបនេះ លោកត្រូវបានក្រុមគ្រួសារបញ្ចូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីពេទ្យកាល់ម៉ែត និងខ្វះខាតថវិកាក្នុងការព្យាបាលជំង។ រហូតមកទល់នឹងពេលនេះ នាយ ក្តឹប មិនទាន់ដឹងខ្លួននៅឡើយទេ បន្ទាប់ពីទទួលការព្យាបាលពីក្រុមគ្រូពេទ្យ។ តាមរយៈដំណឹង និងសារខាងលើនេះ បានធ្វើឱ្យមហាជនជាច្រើន សម្តែងនូវការអាណិតអាសូវ ដល់នាយ ក្តឹប ដែលជាតារាកំប្លែងជើងចាស់មួយរូប និងក្រុមគ្រួសារលោក ដែលខ្វះខាតថវិកាដើម្បីព្យាបាល ដល់ថ្នាក់បង្ខំចិត្តលើកដៃសុំជំនួយដល់សិល្បករ-សិល្បការិនីទាំងអស់ ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យជួបមេត្ដាស្រោចស្រង់អាយុជីវិតឪពុកខ្លួនផង ព្រោះពេលនេះជំងឺរបស់តារាកំប្លែងខាងលើ កំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ៕

  • សង្ស័យ?? តារាស្រី ប្រាសាទ ដាវីន មិនទទួលថតភាពយន្ដ ព្រោះខ្លាចជាប់ដានចាស់

    សង្ស័យ?? តារាស្រី ប្រាសាទ ដាវីន មិនទទួលថតភាពយន្ដ ព្រោះខ្លាចជាប់ដានចាស់

    បើយោងតាមប្រភពព័ត៌មាន ដែលសារព័ត៌មានឡារ៉ែនទទួលបាន ឱ្យដឹងថា តារាសម្ដែងស្រីរាងខ្ពស់ស្រឡះ និងមានសម្បុរខ្មៅស្រអែមស្រស់ អ្នកនាង ប្រាសាទ ដាវីន ត្រូវបានអ្នកស្និទ្ធស្នាលទម្លាយថា អស់រយៈកាលជាច្រើនខែដែលនាង បានមកលេងប្រទេសកម្ពុជា បានធ្វើឱ្យអ្នកដឹកនាំក្នុងផលិតកម្មនានា ជាពិសេសផលិតករភាពយន្តជាច្រើន បានព្យាយាមទំនាក់ទំនងនាងឱ្យចូលរួមសម្ដែងភាពយន្តរបស់ខ្លួន។ តែជាចុងក្រោយនាងបានត្រឹមតែពោលបដិសេធចំពោះស្នើរទាំងអស់នោះ ដែលធ្វឱ្យមហាជនគិតថា នាងកំពុងព្រួយបារម្ភពីសុវត្ថភាពខ្លួន ទើបបានជានាងសម្ងំៗលាក់ខ្លួនមិនសូវបង្ហាញមុខ។

    ប្រភពព័ត៌មានបានបន្តថា ដោយសារតែអ្នកនាង ខ្លាចគ្មានពេលវេលាគ្រប់គ្រាន់ឱ្យគេ ព្រោះការថតកុនត្រូវការពេលវេលាយូរថ្ងៃ ហើយនាងត្រូវទៅវិញនៅខែមករា។ តែទោះជាមិនបានទទួលថតកុនក្ដី ប៉ុន្តែនាងបានទទួលថតសំអាងការ និងដើរម៉ូដជាច្រើនកម្មវិធីផងដែរ។ ហើយនាបេលខាងមុខឆាប់ៗនោះ អ្នកនាងនឹងត្រូវត្រឡប់ ទៅកាន់ប្រទេសអូស្ត្រាលីវិញ ក្នុងអំឡុងដើមឆ្នាំ 2019 ។

    គួររំឭកថា ប្រាសាទ ដេវីន សឹងតែត្រូវបានទស្សនិកជនភ្លេចមុខបាត់ទៅហើយ ដោយសារតែបានភៀសខ្លួនទៅរស់នៅប្រទេសអូស្រ្ដាលី បន្ទាប់ពីមានជនអនាមិក បានគំរាមយកគ្រាប់បែកទៅដាក់ក្នុងផ្ទះនាង កាលដែលនាងចេញទៅសម្ដែងនៅប្រទេសបារាំង។ ជាហេតុឱ្យអ្នកឃ្លាតឆ្ងាយពីពិភពសិល្បៈមួយរយៈធំក៏ដោយ ចាប់តាំងឆ្នាំ2016 មកម្លេះ៕

  • ដេននី ក្វាន់ ពោលស្រណោះអាណិតបងៗកំពូលកីឡាករគុនខ្មែរកំពុងតែមានជីវភាពខ្វះខាតក្នុងជីវិត

    ដេននី ក្វាន់ ពោលស្រណោះអាណិតបងៗកំពូលកីឡាករគុនខ្មែរកំពុងតែមានជីវភាពខ្វះខាតក្នុងជីវិត

    ដោយកត់សម្គាល់ឃើញថា ប្រដាល់គុនខ្មែរ ជាទីពេញនិយមសម្រាប់បងប្អូនខ្មែរស្រឡាញ់កីឡាប្រដាល់ និង ជាកេរ្ដិ៍តំណែលរបស់ដូនខ្មែរផងនោះ សព្វថ្ងៃនេះ ទើបមើលឃើញមានសកម្មភាពផ្សព្វផ្សាយអំពីគុនខ្មែរយ៉ាងសន្ធឹកសន្ធាប់ ក៏ដូចជាតាមរយៈការបញ្ចូលគុនខ្មែរទៅក្នុងវិស័យភាពយន្ដ។ យ៉ាងណាមិញ ក្រឡែកមកមើលអ្នកប្រដាល់គុនខ្មែរមួយចំនួនវិញ គឺដូចប្រិយមិត្តបានជ្រាបដឹងខ្លះៗហើយថា ពុំសូវមានជីវភាពធូធារដូចជាតារាសិល្បៈសម្ដែង ច្រៀង នោះទេ។ ពោលគឺអ្នកខ្លះក៏ខិតខំប្រកបអាជីពយ៉ាងលំបាកលំបិនបន្ថែមទៀត ដើម្បីបង្កើនចំណូលទប់ទល់ស្ថានភាពគ្រួសារ និងបន្ដថែរក្សាស្មារតីអភិរក្សនូវសិល្បៈនៃការតស៊ូរបស់ខ្មែរមួយនេះ។

    ជាមួយគ្នានោះដែរ តារាសម្ដែងស្រី ដេននី ក្វាន់ ថ្មីៗនេះ ក៏បានសម្ដែងការចំណាប់អារម្មណ៍ និងត្អួញត្អែររកជំនួយ ជួយដល់បងៗកីឡាករប្រដាល់គុនខ្មែរផងដែរ។ អ្នកនាង ថា «យប់មិញនេះនាងខ្ញំបានអញ្ជើញបងៗកំពូលកីឡាករគុនខ្មែរមក ចូលរួម ញាំបាយសាមគ្គីនៅហាងកាហ្វេវប្បធ៌ម ដើម្បីបានជជែក ក៏ដូចជាសួរនាំពីបញ្ហា ជីវភាព និង ជីវិតរស់នៅរបស់ពួកគាត់។ ក្រោយពេលបានជួបជុំពួកគាត់រួច និង បានដឹងពីជីវិត ពួកគាត់រួច នាងខ្ញុំពិតជាមានចិត្ត អាណិត និង ស្ទើរតែមិនជឿថា ជីវិត កំពូលៗ កីឡាករ គឺ លំបាកខ្លាំងណាស់ មានអ្នកខ្លះ ក្រៅពីអាជីពប្រដាល់ គឺ អ្នកខ្លះ រត់ម៉ូតូកង់បី អ្នកខ្លះ ធ្វើជាសន្តិសុខ ដើម្បីបង្កើនចំនូលបន្ថែមពីអាជីពប្រដាល់ គុនខ្មែរ» ។

    រាជិនីចិត្តធម៌រូបនេះ បានបន្តពោលឡើងទៀតថា « ពួកគាត់ ទាំងអស់ នេះគឺ ហើយគឺជាអ្នកស្នងមរដក គុនខ្មែរ យកឈាមស្រស់ សាច់ស្រស់មកបង្ហូរលើសង្វៀន ដើម្បីរកប្រាក់ផ្គតផ្គង់ជីវភាពគ្រួសារ ។ ដោយមើលឃើញ បានដឹងពីដឹងពីទុកលំបាករបស់ពួកគាត់(សុទ្ឋតែជាកំពូលកីឡាករគុនខ្មែរ)ឆ្លៀតក្នុងឳកាសនោះ នាងខ្ញុំ និង ក្រុមគ្រួសារ បានផ្តល់ថវិការបន្តិចបន្តួច ជូនដល់ពួកគាត់ទាំង9នាក់ ដែលមានវត្តមាននៅក្នុងកម្មវិធី បាយសាមគ្គី គុនខ្មែរ។ ការពិតអ្វីដែលនាងខ្ញុំមានអ្វីដែលបានធ្វើទៅនេះ គឺ គ្រាន់តែចង់ចែករំលែក និង ជួយសម្រាលជីវភាពគាត់តិចតួចប៉ុណ្ណោះ ប៉ុន្តែវាជាទឹកចិត្តបរិសុទ្ឋ ដែលកើតចេញ ពីក្នុងក្រអៅបេះដូង ក្នុងនាមខ្មែរ តែមួយ ពោពេញដោយសេចក្តីអាណិត ។ ឆ្លៀតក្នុងឪកាសនេះនាងខ្ញុំសូមឱ្យបងប្អូន ដែលមានជីវភាពធូធារ រឺ ឯកឧត្តម ឧកញ៉ា ងាកមកជួយ គាំទ្រ ឧបត្ថម្ភដល់ពួកគាត់ ដែលជាអ្នកថែរក្សារមរតក គុន ខ្មែរ ពីដូនតានៃយើងផង »៕

  • Seferovic រកបាន 3គ្រាប់ ដើម្បី​ជួយ​ឱ្យ​ស្វ៊ី​ស ផ្តួល បែលហ្ស៊ិក និង​ទៅ​វគ្គ​បន្ត

    Seferovic រកបាន 3គ្រាប់ ដើម្បី​ជួយ​ឱ្យ​ស្វ៊ី​ស ផ្តួល បែលហ្ស៊ិក និង​ទៅ​វគ្គ​បន្ត

    ខ្សែប្រយុទ្ធ Haris Seferovic បានបង្ហាញ​ថ្វី​ជើង​ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី 3គ្រាប់ ខណៈដែល​ក្រុមបាល់ទាត់​ជម្រើសជាតិ​ស្វ៊ី​ស បាន​បំពេញ​ការ​វាយបក​ដ៏​រំភើប​មួយ​ដើម្បី​ផ្តួល​ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 5-2 ក្នុង​ទីក្រុង Lucerne កាលពី​ថ្ងៃអាទិត្យ និង​ឈ្នះ​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​យុទ្ធនាការ Nations League។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី2គ្រាប់​របស់ Thorgan Hazard បាន​បង្ខំ​ឱ្យ​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស ត្រូវការ​ឈ្នះ​តាមរយៈ​ការរក​គ្រាប់​បាល់​នាំមុខ 2គ្រាប់ ដើម្បី​ឈានទៅ​វគ្គ​បន្ត​នៃ​ពូ​ល A2 ប៉ុន្តែ ក្រុម​ម្ចាស់ផ្ទះ​បានធ្វើការ​វាយបក​យ៉ាង​ឆាប់រហ័ស ខណៈដែល​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​របស់​កីឡាករ Ricardo Rodriguez និង​គ្រាប់​បាល់ 2គ្រាប់​របស់ Seferovic បាន​ជួយ​ឱ្យ​ពួកគេ​នាំមុខ 3-2 នៅត្រឹម​តង់​ទី1។

    Nico Elvedi បា​នរក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី ក្រោយពី​ការបញ្ជូន​បាល់​របស់​កីឡាករ Xherdan Shaqiri នៅ​នាទី ទី62 ហើយ​ក្រុម​របស់លោក Vladimir Petkovic បាន​បំពេញ​ជ័យជម្នះ​ដ៏​មិន​នឹកស្មាន​ដល់​នៅពេលដែល Seferovic រកបាន​គ្រាប់​បាល់​ទី3របស់គេ។

    លោក Petkovic គ្រូបង្វឹក​នៃ​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស បានឱ្យដឹងថា៖ «ខ្ញុំ​ចង់​អបអរ​ដល់​កីឡាករម្នាក់។ មានការ​បញ្ចេញ​ប្រតិកម្ម​ផ្នែក​ស្មារតី​ដ៏​អស្ចារ្យ។ កីឡាករ​មិនបាន​បោះបង់​ឡើយ។ ពួកគេ​តែងតែមាន​ការជឿជាក់»។ ក្រោយពី​ការបញ្ចប់​ការប្រកួត​ដ៏​រំភើប​នៃ​យុទ្ធនាការ​ថ្មី Nations League ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស នឹង​លេង​ការប្រកួត​ក្នុង​ជុំ​ផ្តាច់ព្រ័ត្រ​នៅ​ខែមិថុនា ឆ្នាំក្រោយ រួមជាមួយ​នឹង​ក្រុម​ម្ចាស់​ជើងឯក​ព័រ​ទុយ​ហ្គា​ល់ និង​អង់គ្លេស ខណៈដែល​កៅអី​ចុងក្រោយ​នឹង​ធ្លាក់​ទៅលើ​ក្រុម​ជម្រើសជាតិ​បារាំង ឬ​ហូ​ឡង់ បន្ទាប់ពី​ការប្រកួត​កាត់សេចក្តី​នៅ​រាត្រី​នេះ៕

    ប្រភពពី៖ Channel News Asia

  • គ្រួសារតារាកម្ពុជា ពង្រឹងចំណងមិត្តភាពសិល្បៈជាមួយបងប្អូនខ្មែរ សុរិន្ទ

    គ្រួសារតារាកម្ពុជា ពង្រឹងចំណងមិត្តភាពសិល្បៈជាមួយបងប្អូនខ្មែរ សុរិន្ទ

    នៅព្រឹកថ្ងៃទី19 ខែវិច្ឆិកា ឆ្នាំ 2018 ប្រតិភូ និងសិល្បករកម្ពុជា បានបញ្ចប់ដំណើរចេញសម្ដែង និងទស្សនកិច្ចយ៉ាងជោគជ័យ ក្នុងព្រឹត្តិការណ៍កន្រ្ទឹមអាស៑ាន ដែលរៀបចំដោយក្រុមកន្រ្ទឹមប្រចាំខេត្តសុរិន្ទ ប្រទេសថៃ។ តំណាងសិល្បករកម្ពុជា ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅនៅក្នុងព្រឹត្តិការណ៍ ខណៈដែលតារាកម្ពុជា ក៍បានដើរតួផ្សព្វផ្សាយពីវប្បធម៌ និងអរិយធ៌របស់ខ្លួន បង្អួតភ្នែកជនជាតិថៃ និងភ្ញៀវអន្តរជាតិ ធ្វើឱ្យមានការចាប់អារម្មណ៍ពីកម្ពុជាយ៉ាងខ្លាំង។

    ព្រឹត្តិការណ៍នេះត្រូវបានរៀបចំបែងចែកជាពីរដោយថ្ងៃទី16 ខែវិច្ឆិកា រៀបចំនៅខេត្តសៀមរាបប្រទេសកម្ពុជា ដោយធ្វើពិធីសែនគ្រូ និង សម្ពោធផ្ទះកន្រ្ទឹមអាស៑ានទី1 ដើម្បីផ្សព្វផ្សាយថាកន្រ្ទឹមជាសិល្បៈដើមរបស់ខ្មែរ និងដើម្បីឱ្យខ្មែរនៅគ្រប់ទិសទី និងជាតិសាសន៍ដទៃ ដែលចង់អភិរក្សកន្រ្ទឹម មកសិក្សាស្វែងយល់សិល្បៈកន្រ្ទឹមនៅផ្ទះកន្រ្ទឹមនៅសៀមរាប ដោយបើកចំហរ។ មួយថ្ងៃបន្ទាប់ នៅក្នុងប្រទេសថៃ ក៍ការរៀបចំការបង្ហាញម៉ូដ ច្រៀងរាំទ្រង់ទ្រាយធំ និងផ្សព្វផ្សាយពីកន្រ្ទឹម ដោយមានតារាខ្មែរ និងសិល្បករកន្រ្ទឹមល្បីៗនៅគ្រប់ទិសទីនៅក្នុងទូរទាំងខេត្តសុរិន្ទ និងប្រទេសថៃបង្ហាញខ្លួន។

    លោក នូ សុភេន អនុប្រធាននាយកដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា និង លោក ផាត់ តារារដ្ឋ ស្ថាបនិក”គ្រួសារតារាកម្ពុជា” គឺជាអ្នកនាំតារាខ្មែរ និងរៀបចំទម្រង់សិល្បៈទៅផ្សព្វផ្សាយនៅទីនោះ ខណៈដែលតារានីមួយ ត្រូវបានជនជាតិថៃចាប់អារម្មណ៍ និង កោតសរសើរយ៉ាងខ្លាំង ជាពិសេសកញ្ញា រំដួលលិចទឹក និង កញ្ញា វណ្ណា វត្តី ដែលបានគ្រងឈុតតំណាងខ្មែរចូលរួមក្នុងព្រឹត្តិការណ៍នោះ។ តារាពីកម្ពុជា ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីគណកម្មការរៀបចំ និងថ្នាក់ដឹកនាំប្រចាំខេត្តសុរិន្ទ ដោយក្រៅពីការសម្ដែង ក៏មានការក៏រៀបចំពិធីជប់លៀងទទួលតារាខ្មែរ ការអញ្ជើញជាកិត្តិយសឱ្យតំណាងប្រទេស ក្នុងពិធីបុណ្យដំរីទ្រង់ទ្រាយធំ ដែលមានអ្នកទស្សនាខ្ទង់ម៉ឺននាក់ និងជូនដើរទស្សនកិច្ចក្នុងតំបន់ប្រាសាទបុរាណ កន្លែងតម្បាញសូត្រល្បីល្បាញរបស់ថៃ ទស្សនកិច្ចសារមន្ទីរអភិរក្សសិល្បៈកន្រ្ទឹម និងកន្លែងធ្វើគ្រឿងអលង្ការពីប្រាក់ និងត្បូងប្រចាំខេត្តជាដើម។

    គួរបញ្ជាក់ផងដែរថា បងប្អូនខ្មែរនៅសុរិន្ទ ដែលជាម្ចាស់ដើមរបស់កន្រ្ទឹម បានប្រកាសយ៉ាងក្ដែងៗថា កន្រ្ទឹមគឺជារបស់ខ្មែរ នឹងបានកោតសរសើរពីការចូលរួមរបស់តារា និងប្រតិភូពីកម្ពុជាយ៉ាងខ្លាំង ដោយតាមគម្រោងព្រឹត្តិការណ៍នឹងធ្វើកាន់តឬធំជាងនេះទៅទៀតនៅឆ្នាំក្រោយ។ បងប្អូនខ្មែរសុរិន្ទ បញ្ជាក់នៅក្នុងព្រឹត្តិការណ៍នោះថា ខ្លួននឹងស្វាគមន៍រាល់បងប្អូនខ្មែរកណ្ដាល ខ្មែរក្រោម និងជាតិសាសន៍ទាំងឡាយដែលចង់រៀនកន្រ្ទឹម ដោយឥតគិតថ្លៃ ដើម្បីឱ្យសិល្បៈរបស់ដូនតាខ្មែរមួយនេះ ត្រូវបានអភិរក្ស។ ក្នុងការស្វាគមន៍នោះ ក៍មានពិធីបួងសួង សកម្មភាពរាំលេងបង្កើនមិត្តភាពរវាងសុរិន្ទ និងកម្ពុជា និងពិធីគួចដៃដល់តារាខ្មែរឱ្យមានសិរីសួស្ដីដែលជាប្រពៃណីរបស់ជនជាតិខ្មែរសុរិន្ទដល់តារាខ្មែរ មុនពេលចាកចេញមកកម្ពុជា យ៉ាងកក់ក្ដៅផងដែរ៕

  • កូនៗឈ្លោះ​គ្នា ឪពុកម្ដាយ​ត្រូវធ្វើ​ម៉េច?

    កូនៗឈ្លោះ​គ្នា ឪពុកម្ដាយ​ត្រូវធ្វើ​ម៉េច?

    ស្ថានការណ៍​បែប​ហ្នឹង ធ្លាប់​ជួប​ទេ? បើសិនជា​ផ្ទះ​របស់​អ្នកមាន​អា​ល្អិត​យ៉ាងតិច2នាក់​រស់នៅ​ក្រោម​ដំបូល​តែមួយប្រាកដ​ណាស់​ថា ហេតុការណ៍ស្រដៀងៗគ្នា​ដែល​អ្នកគ្រូ ឆវី លើក​ជា​ឧទាហរណ៍​មក​ខាងលើនេះ ប្រហែលជា​ធ្លាប់​កើតឡើង​ចំពោះ​លោកអ្នកខ្លះៗមិន​ខាន។ ការឈ្លោះទាស់ទែង​គ្នា​រវាង​បង-ប្អូន គឺជា​រឿង​ប្រក្រតី​ដែល​កើតឡើង​គ្រប់​ផ្ទះ ហើយ​បើសិនជា​លោកឪពុក​អ្នក​ម្ដាយ​ចេះ​ទប់ទល់​យ៉ាង​ត្រូវ​វិធី វា​នឹង​ជួយ​កាត់បន្ថយ​បញ្ហា​ដែល​អាច​នឹង​កើតឡើង​ក្នុង​រយៈពេល​វែង​បាន។ ខាងក្រោម​នេះ​គឺ វិធី និង​គន្លឹះល្អៗ ដើម្បីឱ្យ​ឪពុកម្ដាយ​អាច​ដោះស្រាយ​បញ្ហាកូនៗឈ្លោះ​គ្នា​បាន​យ៉ាង​ត្រឹមត្រូវ និង​ល្អប្រសើរ…។

    What to do When They Fight
    នៅពេល​លោកអ្នក​មើលឃើញថា សង្គ្រាម​ជិត​នឹង​ផ្ទុះឡើង​ហើយ​នោះ រឿង​មួយ​ដែល​លោកឪពុក​អ្នក​ម្ដាយ និង​មនុស្ស​ចាស់​ទាំងអស់​ក្នុងផ្ទះ​គួរតែ​រំឭក​ប្រាប់​ខ្លួនឯង​ជានិច្ច​នោះ​គឺ “កុំ​ចូលទៅ​រួម​វង់​ជម្លោះ​នោះ” ឱ្យសោះ លើកលែងតែក្មេងៗចាប់ផ្ដើម​ប្រតាយប្រតប់​វាយ​គ្នា​ប៉ុណ្ណោះហើយ​ការចូលទៅ​របស់លោក​អ្នក គួរ​ចូលទៅ​ក្នុងឋានៈ​ជា​អ្នកសម្របសម្រួល និង​ហាមប្រាម​មិនឱ្យ​ហេតុការណ៍​កើតឡើង​ជ្រុល​ហួស​តែប៉ុណ្ណោះ។ បើសិន​លោកអ្នក​ចូលទៅ​ហាមប្រាម ឬ​កែប​ញ្ហា​ឱ្យ​កូនភ្លាមៗ ក្មេងៗនឹងមិន​បាន​រៀន​យល់ដឹង​ក្នុង​ការកែ​បញ្ហា​ដោយ​ខ្លួនឯង​ឡើយ ក្រៅពីនេះ​នៅមាន​ភាព​ប្រថុយប្រថាន​ក្នុងការ​ធ្វើឱ្យ​កូន​ណា​ម្នាក់​គិតថា អ្នក​ចូលមក​ដើម្បី​ការពារ​កូន​ណាមួយ​ទៅវិញ ដែល​វា​នឹង​រឹតតែ​ធ្វើឱ្យ​កើតមាន​ការឈ្លោះទាស់ទែង​កាន់តែខ្លាំង​ឡើង​នៅពេល​ក្រោយ។ ករណី​ដែល​លោកអ្នក​ចូលទៅ​សម្របសម្រួល​ទំនាស់​ឱ្យ​កូន ចូរ​ព្យាយាម​កែប​ញ្ហា“ជាមួយ” ពួកគេ តែ​មិនមែន​កែប​ញ្ហា “ដើម្បី” ពួកគេ​នោះទេ។

    * បំបែក​ជើង​ខ្លាំង​ទាំងពីរ​ចេញពី​គ្នា ទុក​រហូត​ទាល់តែ​ស្ងប់​អារម្មណ៍ : ក្នុងករណី​ខ្លះ​អាច​ត្រឹមតែ​ឱ្យ​កូន​ទាំងពីរ​ឈប់​និយាយ និង​ឈប់​ធ្វើ​អ្វី​គ្រប់យ៉ាង​សិន មុននឹង​លោកអ្នក​ចូលទៅ​កែប​ញ្ហា​ជម្លោះ​ទាស់ទែង​នោះ តែបើ​លោកអ្នក​ត្រូវ​ការឱ្យ​រឿង​ហ្នឹង​ក្លាយជា​បទពិសោធន៍​ដែលកូនៗនឹង​បាន​រៀន​យល់ដឹង គួរតែ​រង់ចាំ​រហូត​ទាល់តែ​អារម្មណ៍​របស់​ពួកគេ​ស្ងប់​ទៅវិញ​សិន សឹម​អប់រំ​ពួកគេ។

    * កុំ​ដាក់​សម្ពាធ ឬ​ព្យាយាម​រក​អ្នក​ខុស : នៅពេល​កូន​ទាំង 2នាក់​ឈ្លោះ​គ្នា រឿង​ដែល​កើតឡើងក្មេង​ទាំងពីរ​ត្រូវតែ​ទទួលខុសត្រូវ​រួមគ្នា។

    * ព្យាយាម​សាង​ស្ថានការណ៍​ដែល​គ្រប់គ្នា​ទទួលបាន​ប្រយោជន៍ : ដូចជា​ហៅថា ស្ថានការណ៍​ឈ្នះ-ឈ្នះ (win-win Situation) ដើម្បីឱ្យ​គ្រប់គ្នា​បាន​រៀន​យល់ដឹង​ពីអ្វី​ម្យ៉ាង ដូចជា នៅពេលដែល​កូន2នាក់​ត្រូវ​ការលេង​របស់​លេង​តែមួយ​ដូចគ្នា អ្នក​អាច​នឹង​ប្ដូរ​ទៅជា​ឱ្យកូនៗបាន​លេង​ហ្គេម​ណា​ដែល​អាច​លេង​ដំណាលគ្នា​បាន​ទាំងពីរ​នាក់​ជំនួស​វិញ​ជាដើម។

    កែសម្រួល​និស្ស័យ : បង-ប្អូន​ត្រូវតែ​មិន​ឈ្លោះ​គ្នា
    តទៅ​នេះ គឺជា​រឿងងាយៗដែល​លោកអ្នក​អាច​ធ្វើបាន​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ ដើម្បី​កាត់បន្ថយ​ជម្លោះ​រវាង​បង-ប្អូន។

    * ដាក់​ច្បាប់ ជាពិសេស​ក្នុង​រឿង​ទង្វើ ដោយ​ប្រាប់កូនៗថា ក្មេងៗមិនគួរ​និយាយ​ពាក្យ​អាក្រក់​ស្ដាប់ ស្រែក​គំហក​ដាក់​មុខ​គ្នា ឬ​ធ្វើ​មុខមាំ​កាច​ដាក់គ្នា​ទេ និង​អធិប្បាយ​ឱ្យស្ដាប់​ថា តើ​វា​នឹងមាន​អ្វី​កើតឡើង​បើសិនជា​កូន​ល្មើសច្បាប់​ដោយ​ការបញ្ចេញ​ទង្វើ​ដែល​មិន​គួរឱ្យ​ប្រាថ្នាផ្សេងៗចេញមក ដើម្បីឱ្យកូនៗបានដឹងថា គេ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់គេ។

    * កុំ​បណ្ដោយឱ្យកូនៗធ្វើឱ្យ​អ្នក​គិតថា អ្នក​ត្រូវតែ​បង្ហាញ​ពី​ភាពយុត្តិធម៌​គ្រប់ពេល​ឱ្យសោះព្រោះ​ក្នុង​ករណីខ្លះ អា​ល្អិត​ម្នាក់​ក៏​នឹង​ចាំបាច់​ត្រូវតែ​ទទួលខុសត្រូវ​លើ​ទង្វើ​របស់ខ្លួន​ច្រើនជាង​អា​ល្អិត​ម្នាក់ទៀត​ដែរ។

    * ផ្ដល់នូវ​ការចាប់អារម្មណ៍​ចំពោះកូនៗយ៉ាង​ស្មើភាព​គ្នា​ជាប់​ជានិច្ច ជាពិសេស​ក្រោយ​ការឈ្លោះទាស់ទែង​គ្នា។ បើ​កូន​បង​ចង់​ចេញទៅ​ដើរលេង ក៏​គួរតែ​នាំ​គេ​ទៅ តែ​ពេល​ត្រឡប់មកវិញ បើ​កូន​ប្អូន​ត្រូវ​ការឱ្យ​អ្នក​និយាយ​រឿងនិទាន​ឱ្យស្ដាប់ អ្នក​ក៏​ត្រូវតែ​ធ្វើ​ដែរ។

    * ប្រាកដ​ក្នុង​ចិត្ត​ថា កូនម្នាក់ៗមាន​ទីកន្លែង​ផ្ទាល់ខ្លួន និង​មាន​ពេលវេលា​ផ្ទាល់ខ្លួន​ដែល​គេ​អាច​នឹង​បាន​លេង​ដូចដែល​គេ​ត្រូវការ​ដោយ​មិនចាំបាច់​មាន​បង ឬ​ប្អូន​តាម​ជាប់​ទៅជា​មួយ​ផង។

    * សម្ដែង​ឱ្យ​កូន​ឃើញ និង​អធិប្បាយ​ឱ្យ​កូន​យល់ថា សម្រាប់​រូបអ្នក សេចក្ដីស្រឡាញ់​ជា​រឿង​ដែល​ត្រូវមាន​ព្រំដែន។

    * ធ្វើឱ្យ​កូន​ដឹងថា ពួកគេ​មាន​ភាព​សំខាន់ និង​នឹង​បានទទួល​ការមើល​ថែទាំ​ឱ្យមាន​សុវត្ថិភាពរួមទាំង​តម្រូវការ​ទាំងឡាយ​ដែល​ស្ថិត​លើ​ហេតុផល​របស់​កូន​ដែល​នឹង​បានទទួល​ការ​តបស្នង។

    * ធ្វើ​កិច្ចការងារ​រួមគ្នា​ទាំង​គ្រួសារ ព្រោះ​វា​នឹង​ជួយ​កាត់បន្ថយ​ភាព​តានតឹង​រវាង​បងប្អូន​ដែល​ឈ្លោះ​គ្នា​បាន ព្រោះ​ក្នុង​កិច្ចការងារ​ទាំងនោះ គ្រប់គ្នា​នឹង​បានទទួល​ការយកចិត្តទុកដាក់​យ៉ាងស្មើៗគ្នា។

    * បើ​កូន​ឈ្លោះ​គ្នាដដែលៗ ក្នុង​រឿងដដែលៗដូចជា​ដណ្ដើម​គ្នា​ប្រើ​កុំព្យូទ័រ ជាដើម អាណាព្យាបាល​គួរតែ​ធ្វើ​តារាង​កាលវិភាគ​ការប្រើ​ការ​រឿង​អ្វីមួយ​នោះ​សម្រាប់​កូនម្នាក់ៗ តែបើ​នៅតែ​ឈ្លោះ​គ្នា​ទៀត ពួកគេ​ទាំងពីរ​នឹង​លែង​ទទួលបាន​ឱកាស​នោះ​ទៀត។

    * បើកូនៗនៅតែ​ឈ្លោះ​គ្នា​ញឹកញាប់ លោកអ្នក​គួរ​ណាត់​ថ្ងៃ​និយាយ​គ្នា​ក្នុង​ក្រុមគ្រួសារ ដើម្បី​រំឭក​អំពី​ច្បាប់​ដែល​ប្រើ​ក្នុង​គ្រួសារ និង​រំឭក​ឡើងវិញ​នូវ​ភាពជោគជ័យ​ក្នុង​ការកែ​បញ្ហា​ឈ្លោះទាស់ទែង​ដែល​ទាំងអស់គ្នា​អាច​ធ្វើបាន​កាលពីពេល​ក​ន្លងមក។ លោកអ្នក​អាច​សាកល្បង​ប្រើ​វិធី​ឱ្យ​រង្វាន់​នៅពេល​កូន​អាច​លេង ឬ​ធ្វើការ​អ្វីមួយ​រួមគ្នា​បាន​ដោយ​មិនមាន​ជម្លោះ ដូចជា​បើ​កូន​មិនមាន​ឈ្លោះ​គ្នា​សោះ​ក្នុង​មួយថ្ងៃ កូនៗនឹង​បាន​ជ្រើស​ទិញ​នំ​ដែល​ខ្លួនឯង​ចូលចិត្ត​ញ៉ាំ ឬ​មិនមាន​ឈ្លោះ​គ្នា​សោះ​មួយ​សប្ដាហ៍ ប៉ា​ម៉ាក់​នឹង​នាំទៅ​ដើរលេងជាដើម។

    * កុំភ្លេចថា ក្មេងម្នាក់ៗត្រូវការ​ពេលវេលា​នៅ​ឆ្ងាយ​ពី​បងប្អូន និង​ក្រុមគ្រួសារ​ខ្លះ​ដែរ ដូច្នេះ​លោកអ្នក​អាច​នឹង​រៀបចំ​ឱ្យកូនៗបាន​ទៅលេង​ផ្ទះ​មិត្តភក្តិ​ជិតដិត ឬ​ឱ្យ​កូនម្នាក់ៗទៅ​ដើរលេង​តែម្នាក់ឯង​ជាមួយ​អ្នក​ក៏បាន។

    ***ខណៈដែលកូនៗរៀន​យល់ដឹង​ក្នុង​ការចេះ​រម្ងាប់​អារម្មណ៍ គេ​ក៏​នឹង​បាន​រៀន​យល់ដឹង​ពី​ជំនាញសំខាន់ៗដែល​នឹង​ប្រើប្រាស់​ក្នុងការ​រស់នៅ​ផងដែរ ដូចជា​រឿង​ការទទួល​យកគំនិត​យោបល់​របស់​អ្នកដទៃ ការសម្រុះសម្រួល ការតវ៉ា និង​ការគ្រប់គ្រង​ទង្វើ​ច្រងេងច្រងាង​របស់ខ្លួន​ឯងជាដើម។

    ប៉ា​ម៉ាក់​មិន​នៅ កូនៗមិន​ឈ្លោះ​គ្នា
    សូម​កុំភ្លេចថា ការដែល​អាល្អិតៗរបស់លោក​អ្នក​ឈ្លោះ​គ្នា​នេះ ពេលខ្លះ​ក៏​ដើម្បី​ទាមទារ​ការចាប់អារម្មណ៍​អំពី​លោកឪពុក​អ្នក​ម្ដាយ​ដែរ ដូច្នេះនៅពេលដែល​វា​អុីចឹង លោកអ្នក​ក៏​គួរតែ​រកមើល​ពេលវេលា​ទំនេរ​ខ្លះ​ ដើម្បីឱ្យ​ខ្លួនឯង​បានធ្វើ​អ្វី​ម្យ៉ាង​ដែលជា​ការងារ​ផ្ទាល់ខ្លួន​ដោយ​គ្មានកូនៗនៅក្បែរ​ខ្លះ​ផង ព្រោះ… ជឿ​អ្នកគ្រូ ឆវី ចុះ​ថា នៅពេលដែល​លោកអ្នក​មិន​នៅ កូនៗនឹង​រស់នៅ​ជាមួយគ្នា​បាន​យ៉ាង​ល្អប្រសើរ៕

  • ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ: ការបង្កើន​ថវិកា​នៅ​ឆ្នាំ2019 ស្របទៅនឹង​កំណើនសេដ្ឋកិច្ច

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ: ការបង្កើន​ថវិកា​នៅ​ឆ្នាំ2019 ស្របទៅនឹង​កំណើនសេដ្ឋកិច្ច

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានការ​ពារ និង​ពន្យល់​ពី​ការបង្កើន​ថវិកា​នៅ​ឆ្នាំក្រោយ​ដែល​បាន​ស្នើឡើង​នោះ ដោយ​និយាយថា វា​ស្របទៅនឹង​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស។ ការពន្យល់​នេះ​ត្រូវបាន​ធ្វើឡើង​នៅមុខ​អ្នកចូលរួម​មកពី​ព្រឹទ្ធសភារដ្ឋសភា និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេងទៀត និង​ត្រូវបានសង្ខេប​អំពី​សេចក្តីព្រាង​ថវិកា​ឆ្នាំ2019 ក្នុងអំឡុងពេល​សិក្ខាសាលា​ស្តីពី​ការកសាង​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​ពង្រាងច្បាប់​ស្តីពី​ថវិកាជាតិ​ឆ្នាំ2019។

    ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា ផលប៉ះពាល់​នៃ​សេដ្ឋកិច្ចពិភពលោក​មក​លើ​ប្រទេស​កម្ពុជា​ត្រូវបាន​សរសេរ​បញ្ចូល​ក្នុង​សេចក្តីព្រាង​នៃ​ថវិកា។ លោក​បាន​កត់សម្គាល់ថា សមិទ្ធផលពីមុនៗ រួមមាន​សន្តិភាព ស្ថិរភាព​នយោបាយ ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ និង​សាមគ្គីភាព​ជាតិ ក៏ត្រូវ​បាន​គេ​យកចិត្តទុកដាក់​ផងដែរ​នៅក្នុង​សេចក្តីព្រាង​នោះ។

    សូមបញ្ជាក់ថា កាលពី​ថ្ងៃទី26 ខែតុលា ទីស្តីការគណៈរដ្ឋមន្ត្រី​បានអនុម័ត​សេចក្តីព្រាង​ថវិកាជាតិ​ប្រមាណ 6.7 ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ2019 ពោលគឺ​កើនឡើង 11,4% លើស​ឆ្នាំ2018។ យោងតាម​សេចក្តីព្រាង​ថវិកា​ឆ្នាំ2019 នឹងមាន​ប្រហែល 6.7ពាន់​លាន​ដុល្លារ គឺ​កើនឡើង​ពី 6.09ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2018 ។

    រដ្ឋបាល​ទូទៅ​ត្រូវបាន​គ្រោង​នឹង​ទទួលបាន605.29លាន​ដុល្លារ។ 1.1ពាន់​លាន​ដុល្លារ​សម្រាប់​ផ្នែក​សន្តិសុខ និង​ការពារ។ 1.78ពាន់​លាន​ដុល្លារ​សម្រាប់​សុខុមាលភាព​សង្គម។ 1.62ពាន់​លាន​ដុល្លារ​សម្រាប់​សេដ្ឋកិច្ច និង1.25ពាន់​លាន​ដុល្លារ គឺ​សម្រាប់​មូលនិធិ​សង្គ្រោះបន្ទាន់។

    ក្រសួង​អប់រំ យុវជន និង​កីឡា​នឹង​ទទួលបាន​កញ្ចប់​ថវិកា​ខ្ពស់បំផុត​ចំនួន 899.67លាន​ដុល្លារ​បន្ទាប់មក​ក្រសួង​កិច្ចការ​សាធារណៈ​មាន​ទឹកប្រាក់​ចំនួន 735.7លាន​ដុល្លារ ក្រសួងការពារជាតិ​ចំនួន593.71លាន​ដុល្លារ ក្រសួងមហាផ្ទៃ​ចំនួន 454.88លាន​ដុល្លារ និង​ក្រសួងសុខាភិបាល​ចំនួន 447.4 លាន​ដុល្លារ។

    ថវិកា​នេះ​បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ​ដោយមាន​ទឹកប្រាក់ 6.03ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2018 ធៀប​នឹង​ឆ្នាំ2017 ដែលមាន​ចំនួន 5.23ពាន់​លាន​ដុល្លារ។ ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កម្ពុជា​មានការ​កើនឡើងក្នុង​អត្រា 7% ជា​រៀងរាល់ឆ្នាំ​ដោយ​វិស័យ​សំណង់ និង​វិស័យ​ទេសចរណ៍​រួមចំណែក​ច្រើន​បំផុត។

    កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ2019 នឹង​ស្ថិតក្នុង​រង្វង់ 7.1% ស្របពេល​ផលិតផល​ក្នុងស្រុក​សរុប(ផសស)របស់​ប្រទេស​កម្ពុជា​នឹង​កើន​ដល់​ប្រមាណ27,222លាន​ដុល្លា​អាមេរិក ហើយ​ប្រាក់ចំណូល​សម្រាប់​មនុស្ស​ម្នាក់​នឹង​កើនឡើង​ដល់ 1,706ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ។ កំណើន​នេះ​ត្រូវបាន​ទ្រទ្រង់​ដោយ​ការលូតលាស់​នៃ​វិស័យសំខាន់ៗចំនួន3 រួមមាន វិស័យ​ឧស្សាហកម្ម វិស័យ​សេវាកម្ម​ និង​វិស័យ​កសិកម្ម។ នេះ​បើ​យោងតាម​ឯកសារ​ស្តីពី​សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ2019។

    នៅក្នុង​ឆ្នាំ2019ខាងមុខ វិស័យធំៗចំនួន3 នៅតែ​បន្ត​រក្សា​កំណើន​ល្អ ក្នុងនោះ​កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​នឹង​បន្ត​រក្សា​ភាពរឹងមាំ ដែល​នឹង​សម្រេចបាន​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ក្នុង​រង្វង់10% ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​វិស័យ​សំណង់។ វិស័យ​កាត់ដេរ​នឹង​បន្ត​រក្សា​កំណើន​ដូច​ឆ្នាំ​កន្លងទៅ ស្របគ្នា​នឹង​សម្ទុះ​កំណើន​ខ្ពស់​នៃ​វិស័យ​កម្មន្តសាល​មិនមែន​កាត់ដេរ​ទាំង​សម្រាប់​នាំចេញ និង​បម្រើ​ក្នុង​ទីផ្សារ​ក្នុងស្រុក។ រីឯ​វិស័យ​កសិកម្ម​វិញ អាច​សម្រេចបាន​ក្នុង​កំណើន​រង្វង់ 1.8% ដែល​ទ្រទ្រង់​ដោយ​អនុវិស័យ​ដំណាំ និង​ជលផល ក្នុងនោះ​អនុវិស័យ​ដំណាំ​ត្រូវបាន​រំពឹងថា នឹងមាន​កំណើន​ប្រហែល​ឆ្នាំ​កន្លងទៅ គឺ​ដោយសារ​អំណោយផល​នៃ​កត្តា​អាកាសធាតុភាពល្អប្រសើរ​ឡើង​នៃ​ប្រព័ន្ធធារាសាស្ត្រ និង​កំណើន​ឡើង​នៃ​តម្លៃ​អង្ករ​នៅលើ​ទីផ្សារ​អន្តរជាតិ ព្រមទាំង​ការកើនឡើង​នៃ​ដំណាំ​កសិផល​ដែល​បម្រើឱ្យ​ការនាំចេញ​ដូចជា​កៅស៊ូ និង​ផ្លែ​ចេក​ជាដើម ចំណែក​ពាក់ព័ន្ធ​អនុវិស័យ​នេសាទ និង​អនុវិស័យ​ចិញ្ចឹមសត្វ​វិញ​ក៏​ត្រូវបាន​រំពឹងថា មាន​កំណើន​ល្អ​ឡើង​ដែរ។

    របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា វិស័យ​សេវាកម្ម​នៅ​កម្ពុជា​ក៏​ត្រូវបាន​រំពឹងថា នឹង​បន្ត​មាន​កំណើន​ប្រមាណ7% គាំទ្រ​ដោយ​កំណើន​នៃ​អនុវិស័យ​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កំណើន​ខ្ពស់​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ។ ចំណែក​វិស័យ​លក់ដុំ-រាយ​នឹង​រក្សា​កំណើន​បានល្អ​ដែល​គាំទ្រ​ដោយ​កំណើន​នៃ​ការប្រើប្រាស់​ក្នុងស្រុក​ដោយសារ​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន។ រីឯ​វិស័យ​អចលនទ្រព្យ​ក៏ត្រូវ​បាន​រំពឹងថា​នឹង​បន្ត​មាន​កំណើន​ខ្ពស់ ស្របតាម​និន្នាការ​នៃ​អនុវិស័យ​សំណង់​ដែរ ខណៈដែល​អនុវិស័យ​ដឹកជញ្ជូន​ក៏​ត្រូវបាន​រំពឹងថា នឹង​បន្ត​រក្សា​កំណើន​បាន​ដូចគ្នា។

    អតិផរណា​មធ្យម​ប្រចាំឆ្នាំ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​ស្ថិតក្នុង​កម្រិត​គ្រប់គ្រង​បាន គឺ​ក្នុង​អត្រា3.1%នៅ​ឆ្នាំ2019 គឺ​ស្របតាម​កំណើន​រំពឹងទុក​នៃ​កំណើន​យឺត​នៃ​តម្លៃ​ប្រេង​លើ​ទីផ្សារ​អន្តរជាតិ និង​កំណើន​យឺត​ជាង​មុន​នៃ​តម្លៃ​ម្ហូបអាហារ។ ចំពោះ​អត្រា​ប្តូរប្រាក់​រៀល​វិញ គឺ​ស្ថិតក្នុង​រង្វង់ 4,050រៀល​ក្នុង1ដុល្លារ​នៅ​ឆ្នាំ2019។

    ចំណែក​ទុនបម្រុង​អន្តរជាតិ ត្រូវបាន​រដ្ឋាភិបាល​រំពឹងថា នឹង​បន្ត​កើន​ឡើងដល់​ប្រមាណ11,059លាន​ដុល្លារ​ដែល​ធានា​ការនាំចេញ​បាន5-6ខែ​នៅក្នុង​ឆ្នាំ2019ខាងមុខនេះ។ ទោះបី​យ៉ាងនេះ​ក្ដី កម្ពុជានឹងត្រូវ​បន្ដ​ប្រឈម​នឹង​ហានិភ័យ​ដែល​បណ្ដាលមកពី​កត្តា​ខាងក្រៅ និង​កត្តា​ខាងក្នុង​មួយចំនួន​ដែល​អាច​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ចរ​បស់​កម្ពុជា។

    អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបាន​បញ្ជាក់ថា ការកសាង​សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ2019 មាន​គោលដៅ​គាំទ្រ​ដល់​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ជាពិសេស​ការអនុវត្ត​អាទិភាព​គោលនយោបាយសំខាន់ៗ និង​វិធានការ​កែទម្រង់​ជាក់ស្តែង​នានា​ដែល​នឹងត្រូវ​ផ្តើម​អនុវត្ត​នៅក្នុង​ឆ្នាំ2019ខាងមុខ៕

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញក្ដីអាល័យខ្លាំងចំពោះមរណភាពព្រឹទ្ធាចារ្យសិល្ប:ភិរម្យវោហារ ប្រាជ្ញ ឈួន

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន បង្ហាញក្ដីអាល័យខ្លាំងចំពោះមរណភាពព្រឹទ្ធាចារ្យសិល្ប:ភិរម្យវោហារ ប្រាជ្ញ ឈួន

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរបង្ហោះថា ស្ដេចចាប៉ីដងវែង លោកតាប្រាជ្ញឈួន ដែលល្បីល្បាញក្នុងវិស័យនេះអស់ជាច្រើនឆ្នាំបានទទួលមរណភាពហើយ បើទោះជាលោកត្រូវបានកូនចៅ និងសប្បុរសជន ជ្រោមជ្រែងយកទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រយ៉ាងយកចិត្តទុកដាក់។

    នេះជាការបាត់បង់សិល្បករបុរាណដ៍កម្ររបស់ខ្មែរថែមម្នាក់ទៀតហើយ បន្ទាប់ពីសាស្ត្រាចារ្យ និងអ្នកជំនាញផ្នែកបុរាណមួយចំនួន ត្រូវគេឃើញទទួលមរណភាពម្ដងមួយៗ ដោយសារជរាពាធ ស្របគ្នាដែលសិល្បៈទម្រង់បុរាណរបស់អ្នកឯកទេសទាំងនោះមិនត្រូវបានចាប់អារម្មណ៍យកមកបន្តវេណដោយក្មេងៗយុវវ័យ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរបង្ហោះមុននេះថា« ទើបទទួលបានដំណឹងពីមរណភាពរបស់លោកតា ប្រាជ្ញឈួន នៅមុននេះបន្តិច ។ លោកទទួលមរណភាពនៅវេលាម៉ោង 1 កន្លះ យប់ចូលថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2018 នេះ ក្នុងជន្មាយុ 82 ចូល 83 វស្សា »។

    គួរបញ្ជាក់ដែរថា ការបង្ហោះរបស់លោក បានធ្វើឱ្យម្នាក់ៗមានការស្រយ៉ុតចិត្តយ៉ាងខ្លាំង ដោយសារតែលោកតាប្រាជ្ញ ឈួន គឺអ្នកចាប៉ីដងវែងល្បីល្បាញនៅកម្ពុជា ដែលមធ្វើឱ្យពិភពលោកទទួលស្គាល់សិល្បៈបុរាណមួយនេះថាជារបស់ខ្មែរ។ ការបង្ហោះរបស់ឯកឧត្តម ខៀវ កាញ៉ារីទ្ធ ក៏ធ្វើឱ្យលោកទទួលបាននូវការកោតសរសើរពីសំណាក់មហាជនភាគច្រើនផងដែរ ដោយសារតែលោករមែងឈឺឆ្អាល និងចូលរួមលើកស្ទួយពាក់ព័ន្ធនឹងវិស័យសិល្បៈជំនួសឱ្យតួនាទីរបស់ក្រសួងវប្បធម៍ជាប្រចាំនាពេលកន្លងមក ដែលកិច្ចការនេះ គួរតែជានាទីរបស់សាមីក្រសួងវប្បធម៌ច្រើនជាង៕