Category: សង្គម និងសេដ្ឋកិច្ច

  • រៀបការជាមួយក្រុមសាច់ញាតិឯង តើកូនដែលកើតមកនឹងខុសប្រក្រតីឬទេ?

    រៀបការជាមួយក្រុមសាច់ញាតិឯង តើកូនដែលកើតមកនឹងខុសប្រក្រតីឬទេ?

    ការរៀបការគ្នាក្នុងក្រុមសាច់ញាតិឯងដែលមានឱ្យឃើញភាគច្រើន បើទាំងពីរខាងមិនបានស្រឡាញ់គ្នាទេនោះ កាលពីសម័យមុនភាគច្រើននឹងរៀបការគ្នាដើម្បីក្រុមគ្រួសារ ដើម្បីបន្តពូជពង្សវង្សត្រកូលឱ្យស្ថិតនៅតែក្នុងក្រុមសាច់ញាតិឯងតែប៉ុណ្ណោះ តែក្នុងពេលបច្ចុប្បន្ន ការចាប់កូនចៅរៀបការគ្នាឯងមិនសូវជាកើតមានឡើងទេ ភាគច្រើន ច្រើនរៀបការនឹងគ្នាដោយក្ដីស្រឡាញ់ច្រើនជាងកាលពីសម័យមុន។

    ការរៀបការគ្នាក្នុងក្រុមសាច់ញាតិរបស់ខ្លួនឯងជារឿងដែលអាចកើតឡើងបាន ព្រោះសេចក្ដីស្រឡាញ់តែងកើតឡើងជាមួយមនុស្សគ្រប់រូប តែបញ្ហានឹងកើតឡើងនៅពេលមានកូន ព្រោះនៅពេលជាសាច់ញាតិនឹងគ្នា ហើយរៀបការគ្នា ច្រើនតែមានសំណួរមួយដែលគេសួរថា តើកូនដែលកើតចេញមកនឹងខុសប្រក្រតីឬទេ? ដែលចម្លើយខាងផ្នែកវេជ្ជសាស្រ្តអាចឆ្លើយបានតែម្ដងថា កូនដែលកើតមកអាចមានភាពខុសប្រក្រតីមួយចំនួនក្នុងរឿងរបស់ពូជអម្បូរ។

    ភាពខុសប្រក្រតីរបស់កូនដែលកើតចេញពីពូជអម្បូរនេះ អាចមានច្រើន ឬតិចខុសគ្នា ឬអាចមិនមានអ្វីកើតឡើងតែម្ដងក៏មាន អាស្រ័យលើខ្សែលោហិតរបស់ញាតិសន្ដានមានភាពជិតដិតស្និទ្ធស្នាលគ្នាខ្លាំងប៉ុនណា ដូចជា បងប្អូនជីដូនមួយ បងប្អូនពីផ្ទៃតែមួយ ឪពុកជាមួយកូន ឬម្ដាយជាមួយកូនជាដើម រឹតតែជាខ្សែលោហិតដែលជិតដិតគ្នាខ្លាំង ភាពខុសប្រក្រតីរបស់ក្មេងដែលកើតមក រឹតតែមានភាពប្រថុយប្រថានច្រើនឡើងដែរ។

    ភាពខុសប្រក្រតីរបស់ក្មេងដែលកើតពីឪពុកម្ដាយដែលជាសាច់ញាតិ ហើយរៀបការគ្នាឯងគឺមានភាពពិការខាងផ្នែករាងកាយ ឬខួរក្បាល។​ បើជាបងប្អូនជីដូនមួយនឹងគ្នា ក្មេងដែលប្រសូតចេញមកអាចមានភាពប្រថុយប្រថានក្នុងការខុសប្រក្រតី2ដងនៃក្មេងទូទៅ ហើយបើសិនជាឪពុកជាមួយកូន ម្ដាយជាមួយកូន ឬបងប្អូនបង្កើតវិញនោះ ភាពប្រថុយប្រថានក្នុងការខុសប្រក្រតីសឹងតែ100%តែម្ដង។ មូលហេតុដែលធ្វើឱ្យក្មេងដែលប្រសូតចេញមកមានភាពខុសប្រក្រតី គឺបណ្ដាលមកពីហ្ស៊ែនអន់។ ជាប្រក្រតី ហ្ស៊ែនរបស់ឪពុក និងម្ដាយ ម្នាក់ពាក់កណ្ដាលនឹងមានហ្ស៊ែនអន់ដែលបង្កប់ដោយរោគផ្សេងៗជាប់មកជាមួយ ដូច្នេះការរៀបការក្នុងក្រុមសាច់ញាតិខ្លួនឯង កូនដែលប្រសូតចេញមក នឹងមានឱកាសបានទទួលហ្ស៊ែនអន់នេះច្រើនជាងក្មេងប្រក្រតីទូទៅហ្នឹងឯង។

    ភាពខុសប្រក្រតីរបស់ក្មេងដែលប្រសូតចេញមក អាចនឹងមានភាពពិការខាងផ្នែករាងកាយ ឬពិការខាងខួរក្បាល មានសភាវមិនគ្រប់ទឹកមិនសូវមានប្រាជ្ញា ច្រើន ឬតិច ខ្លាំង ឬខ្សោយគឺអាស្រ័យលើភាពជិតឆ្ងាយរបស់ខ្សែលោហិត ឬដែលគេច្រើនហៅថា បងប្អូនសាច់ឆ្ងាយ ឬជិតរបស់ក្រុមសាច់ញាតិ៕

  • ពេជ្រ សោភា ឆេះដុំភ្លើងពេលដឹង ឆឹម សក្កដា ក្បត់ចិត្ត

    ពេជ្រ សោភា ឆេះដុំភ្លើងពេលដឹង ឆឹម សក្កដា ក្បត់ចិត្ត

    ខណៈតារាចម្រៀងស្រី ពេជ្រ សោភា និងគូស្នេហ៍លោក ឆឹម សក្កដា ត្រូវបានអ្នកគាំទ្រសង្ស័យថា បង្កើតស្នេហាក្លែង និង មួយរយៈនេះសោះកក្រោះមិនសូវសម្ញែងភាពផ្អែមល្ហែមដូចមុននោះ ថ្មីៗនេះស្រាប់ធ្លាយដំណឹងអាស្រូវមកថា គូស្នេហ៍កំពុងក្បត់ចិត្តបានលបលួចមានស្នេហាថ្មីចោលរូបនាង។ គ្រាន់តែបានទទួលដំណឹងនេះហើយ ពេជ្រ សោភា ក្ដៅស្លឹកត្រចៀកឆេះដុំភ្លើងផ្ទុះកំហឹងយ៉ាងខ្លាំង ច្រាណព័ត៌មានថា ជាចេតនាចង់បំបែកបំបាក់រូបនាងនិងគូស្នេហ៍ឱ្យមានភាពល្អក់កករនឹងគ្នា។

    ​ពេជ្រ សោភា ហាក់​មិនសប្បាយចិត្តបានប្រាប់សារព័ត៌មានក្នុងស្រុកថា ​នាងពិតជាមានការអាក់អន់ស្រពន់ចិត្ត ចំពោះដំណឹងទាំងនេះ​ខ្លាំងណាស់ ហើយក៏ពិបាកទ្រាំដែរ និងយល់ថា អ្នកនិយាយបែបនោះ គឺក្នុងន័យឲ្យនាង និងសង្សារបែកបាក់គ្នា ហើយពួកគេចាំឈរមើលតែម្តង បាន​គេសប្បាយចិត្ត។ អ្នកនាង ពេជ្រ សោភា បានបញ្ជាក់ឱ្យដឹងថា នាងពិតជាហួសចិត្តខ្លាំង ចំពោះអ្នកដែល​ដើរនិយាយបែបនេះចេញមក ទាំងដែលនាង និងគូស្នេហ៍មិនបានដឹងខ្លួនទាល់តែសោះ។ ប៉ុន្តែនាងបានជឿជាក់លើគូស្នេហ៍ ជាមនុស្សមានចិត្តស្មោះ ហើយអ្នកដែលនិយាយនោះ អាចនិយាយមួយសេរីទៀត ក៏បានដែរ ព្រោះអ្វីដែលសំខាន់ គឺពួកគេទាំងពីរនាក់យល់ចិត្តគ្នាច្បាស់។ ​

    ​ទោះបីជាយ៉ាងណាក៏ដោយ ពេជ្រ សោភា នៅតែអះអាងថា ចំណងស្នេហារវាងនាង និងប្រុសក្មេង ឆឹម សក្កដា គ្មានអ្វីត្រូវប្រែប្រួលនោះទេ គ្រាន់តែមិនទាន់កំណត់ថ្ងៃចូលរោងជ័យប៉ុណ្ណោះ ខណៈដែលការងារសិល្បៈ និងមុខជំនួញធ្វើឱ្យពួកគេរវល់រៀងៗខ្លួន ពុំមានពេលវេលាគ្រប់គ្រាន់ ទើបពិធីចូលរោងការមិនទាន់គិតដល់៕ ​

  • ធ្លាយរឿងតារាសម្ដែងស្រី​ម្នាក់ត្រូវអ្នកដឹកនាំសម្ដែងភាពយន្ដល្បី ចចារសុំដេកជាមួយក្នុងតម្លៃត្រឹមតែ50ដុល្លារ

    ធ្លាយរឿងតារាសម្ដែងស្រី​ម្នាក់ត្រូវអ្នកដឹកនាំសម្ដែងភាពយន្ដល្បី ចចារសុំដេកជាមួយក្នុងតម្លៃត្រឹមតែ50ដុល្លារ

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកគេមើលឃើញរឿងរ៉ាវអាស្រូវដ៏រសើប ក្រោយពេលតារាស្រីកញ្ញា វណ្ណ ម៉ូនីកា ទម្លាយរឿងអ្នកដឹកនាំសម្តែងភាពយន្ដល្បី ដែលត្រូវបានគេឃើញរូបភាពជា លោក ជា ឈីម និងសារមានចេតនាមើលងាយកិត្តិយសរបស់ខ្លួន តាមរយៈការសុំដេកជាមួយ ក្នុងតម្លៃត្រឹមតែ50ដុល្លារ។

    កញ្ញា វណ្ណ ម៉ូនីកា បានទម្លាយសារជាសាធារណៈថា «នាងខ្ញុំចង់ប្រាប់ទៅអ្នកសម្តែង វ័យចាស់ម្នាក់ឈ្មោះ លោក ជា ឈីម ពីមុនខ្ញុំសរសើរគាត់ខ្លាំងណាស់ គឺគាត់ជាមនុស្សល្អ តែមុននេះ ខ្ញុំមិននឹកស្មានថា គាត់ហ៊ានធ្វើចរិតថោកទាបឡើយ។ គាត់បានបោះពាក្យចង់ជួបខ្ញុំ ហើយបបួលខ្ញុំទៅកន្លែងថោកទាប ហើយប្រើពាក្យថា គាត់ឱ្យលុយខ្ញុំ50ដុល្លារ ព្រោះតែគាត់មានតែប៉ុណ្ណឹង ភ្លាមៗនោះ ខ្ញុំក៏ផ្ញើសារទៅវិញថា សូមទោសផងខ្ញុំមិនស្រួលខ្លួន ហើយបើអត់លុយទុកលុយហ្នឹងចាយខ្លួនឯងទៅ ហើយស្រាប់តែគាត់ប្លុកហ្វេសប៊ុករបស់ខ្ញុំ ចោលតែម្តង។ ឬអាងខ្លួនលោកឯង ជាអ្នកដឹកនាំសម្តែងមែនទេ? ចង់ឱ្យតួណាថត ឬក៏មិនឱ្យថតស្រេចតែចិត្តខ្លួនឯង ហើយបើចង់ស៊ីតួណា ក៏បានតាមតែចិត្តមែនទេ? ស្រុកខ្មែរបើនៅតែមាន អ្នកដឹកនាំស៊េរីបន្ទាប់តួស្រីៗបែបនេះ ឆ្នាំណាទើបបានរីកចម្រើន ដូចប្រទេសគេទៅ? ខ្ញុំមានភស្តុតាង ដែលអាចបញ្ជាក់ឱ្យបានច្បាស់ទៀតផង ទោះបីលោកឯងប្លុកហ្វេសប៊ុកខ្ញុំក៏ដោយ។ រឿងបេះដូងតែមួយ អ្នកគិតថាចង់យកខ្ញុំថតហើយចង់ដោះដូរមែនទេ? សូមទោសទៅមិនរួចទេ តួខ្ញុំមិនមែនតួចង់ល្បី ដោយលេងផ្លូវកាត់នោះឡើយលោក…។ ស្រុកខ្មែរយើងគួរតែលុបបំបាត់ចោលទៅ អំពើថោកទាបអស់នេះ បើមិនអ៊ីចឹងទេតារាស្រុកខ្មែរយើង វាមិនអាចលូតលាស់ដូចប្រទេសគេទេ»។

    គួរបញ្ជាក់ផងដែរថា រហូតមកទល់ពេលនេះ នៅមិនទាន់មានការចេញមុខប្រតិកម្មបញ្ជាក់បំភ្លឺណាមួយពីសំណាក់សាមីខ្លួនលោក ជា ឈីម នៅឡើយទេ ខណៈមានទស្សនិកជនជាច្រើន កំពុងរង់ចាំមើលការបកស្រាយ លើការចោទប្រកាន់ដ៏អាម៉ាសមួយនេះ៕

  • កម្ពុជា​ជំរុញ​ឱ្យ​ជប៉ុន និង​កូរ៉េ វិនិយោគ​លើ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ដំឡូង​មី និង​កសិផល

    កម្ពុជា​ជំរុញ​ឱ្យ​ជប៉ុន និង​កូរ៉េ វិនិយោគ​លើ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ដំឡូង​មី និង​កសិផល

    រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជំរុញ​ឱ្យ​ប្រទេស​ជប៉ុន និង​កូរ៉េខាងត្បូង​ធ្វើការ​វិនិយោគ​លើ​ការអភិវឌ្ឍ​ខ្សែចង្វាក់​តម្លៃ​ដំណាំ​ដំឡូង​មី និង​កសិផល​ផ្សេងទៀត មានដូចជា ស្រូវ ពោត សណ្តែក និង​ដំណាំ​ហូប​ផ្លែ​ដទៃទៀត ដើម្បី​ពង្រីក​វត្តមាន​ផលិតផល​ខ្មែរ​នៅលើ​ទីផ្សារ និង​ជំរុញ​ការនាំចេញ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យ​បានជា​អតិបរមា។

    សំណើ​នេះ​ត្រូវបាន​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​លើកឡើង​ក្នុងឱកាស​ដឹកនាំ​ប្រតិភូ​ចូលរួម​កម្មវិធី «A Small-Business-Group Seated Dinner» ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង(22-11-18)ក្នុង​គោលបំណង​ចែករំលែក​ព័ត៌មានផ្សេងៗទាក់ទង​នឹង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការទូត កសិកម្ម វប្បធម៌ និង​ទេសចរណ៍។

    ជំនួប​ក្នុង​កម្មវិធី​នេះ ត្រូវបាន​ដឹកនាំ​ដោយ លោក Manatsu ICHINOKI អគ្គលេខាធិការ​នៃ​លេខាធិការដ្ឋាន​គណៈកម្មកា​រ​រៀបចំ​ពិព័រណ៍​ពិភពលោក​ជប៉ុន​ឆ្នាំ2025 និង​មានការ​ចូលរួម​ពី​អង្គទូត​នៃ​ប្រទេស​បារាំង កូរ៉េ ប៊ែ​ល​ហ្ស៊ិ​ក និង​បុគ្គលិក​លេខាធិការដ្ឋាន ប្រមាណ 15នាក់។

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ  បានលើកឡើង​អំពី​វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ផលិតផល​អាទិភាព​សម្រាប់ធ្វើ​ការអភិវឌ្ឍ​ចង្វាក់​តម្លៃ និង​ធ្វើ​ពិពិធ​កម្ម​នាំចេញ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានកំណត់​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម(CTIS)ជំនា​ន់ទី3 ឆ្នាំ2014-2018។ បច្ចុប្បន្ន​យុទ្ធសាស្ត្រ​នេះ​កំពុង​ត្រូវបាន​រៀបចំ​ឡើងវិញ​ដើម្បី​ឱ្យមាន​សង្គតិភាព(ភាព​ត្រូវ​គ្នា)ជាមួយ​គោលនយោបាយ​ជាតិ​ដទៃទៀត។

    បន្ថែម​លើ​នេះ ឯកឧត្តម​ក៏បាន​ពន្យល់​ភ្ញៀវកិត្តិយស​ទាំងអស់​អំពី​អត្ថប្រយោជន៍​នៃ​គោលនយោបាយ​គាំពារ​វិ​និ​យា​គ​របស់​កម្ពុជា និង​ការលើកទឹកចិត្តផ្សេងៗរបស់​រាជរដ្ឋាភិបាល ដូចជា ការលើកលែង​ពន្ធលើប្រាក់ចំណេញ និង​ពន្ធ​លើ​ការ​នាំចូល​សម្ភារ និង​ឧបករណ៍​កសិកម្ម ក៏ដូចជា​សក្តានុពល​នៃ​វិស័យ​វប្បធម៌ និង​ទេសចរណ៍ធម្មជាតិ។

    ជាការ​ឆ្លើយតប លោក​អគ្គលេខាធិការ Manatsu ICHINOKI និង​អង្គទូត​ទាំងអស់ ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​បាន​សម្តែង​ការ​សាទរ​ចំពោះ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ហើយ​បាន​សន្យាថា នឹង​ពាំ​នាំយក​សំណើ​របស់​រដ្ឋមន្ត្រី​កម្ពុជា​ទៅ​ជម្រាប​រដ្ឋាភិបាល​របស់​ខ្លួន ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​ក​ម្ពុ​ជា​ទៅដល់​វិស័យ​ឯកជន​ថែមទៀត ដើម្បីឱ្យ​ពួកគេ​ចូលមក​បណ្តាក់ទុន​កាន់​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា៕

  • ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​កម្ពុជា-បារាំង សម្រាប់​កម្មវិធី​ចំនួន3 ត្រូវបាន​ចុះហត្ថលេខា

    ហិរញ្ញប្បទាន​សហប្រតិបត្តិ​ការ​កម្ពុជា-បារាំង សម្រាប់​កម្មវិធី​ចំនួន3 ត្រូវបាន​ចុះហត្ថលេខា

    អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក Remi GENEVEY ប្រធាន​នាយកដ្ឋាន​អឺរ៉ុប​ខាងកើត មជ្ឈិមបូព៌ា និង​អាស៊ី នៃ​ទីស្នាក់ការ​កណ្តាល​របស់​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ French Agency for Development (AFD) បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​សម្រាប់​គម្រោង និង​កម្មវិធី​ចំនួន3 ដែលមាន​ទឹកប្រាក់​សរុប​ចំនួន 84.67លាន​អឺរ៉ូ (96.4លាន​ដុល្លារ)។ ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច។

    យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច បានឱ្យដឹងថា គម្រោង និង​កម្មវិធី​ទាំង3 នោះ​រួមមាន​ដូចខាងក្រោម៖

    1-ឥណទាន​សម្បទាន​ចំនួន 55លាន​អឺរ៉ូ សម្រាប់​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​វិស័យ​កសិក​ម្ម​សម្រាប់​ប្រទេស​កម្ពុជា ដំណាក់កាល​ទី1។ កម្មវិធី​នេះ​មាន​ទិសដៅ​អនុវត្ត​បន្ត​ពី​គម្រោង​ដែល​ផ្តល់​ឥណទាន​លើកដំបូង​របស់ AFD ដែលមាន​ទិសដៅ​ក្នុង​ការបន្ត​ពង្រីក​ការងារ​ស្តារ​ព្រែក និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​រំដោះ​ទឹក​នៅក្នុង​ខេត្ត​គោលដៅ រួមមាន ខេត្តកណ្តាល បាត់ដំបង ព្រះវិហារ សៀមរាប និង​ខេត្តកំពង់ធំ ដែល​អាច​ស្រោចស្រព​ផ្ទៃដី​កសិកម្ម​បាន​ប្រមាណ​ជាង 20,000ហិកតា។

    ជាមួយគ្នានេះដែរ ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន11.5លាន​អឺរ៉ូ ស្មើនឹង​ប្រមាណ 13លាន​ដុល្លារ​អាមេរិក​សម្រាប់ធ្វើ​សហ​ហិរញ្ញប្បទាន​ដល់​កម្មវិធី​នេះ ដែល​នឹង​ផ្តល់​ដោយ​សហគមន៍​អឺរ៉ុប​តាមរយៈ​មូលនិធិ​វិនិយោគ​អាស៊ី-អឺរ៉ុប(EU/Asian investment Facility AIF)។

    2-ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 25លាន​អឺរ៉ូ សម្រាប់​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន(ផ្នែក​វារីវប្បកម្ម)។ កម្មវិធី​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ប្រមាណ 25លាន​អឺរ៉ូ ហិរញ្ញប្បទាន​ឥត​សំណង​របស់​សហគមន៍​អឺរ៉ុប EU ក្នុង​គោលដៅ​គាំទ្រ​កំណើន​ប្រកបដោយ​និរន្តរភាព ភាព​ធន់​ទ្រាំ​នឹង​បម្រែបម្រួល​អាកាសធាតុ និង​បរិ​យា​ប័ន្ន​នៃ​វិស័យ​ជលផល​កម្ពុជា ដែល​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការធានា​សន្តិសុខ​ស្បៀង និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​រួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វារីវប្បកម្ម​ជាតិ និង​ក្របខ័ណ្ឌ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ជលផល​ឆ្នាំ2010-2019។

    3- ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 4.67លាន​អឺរ៉ូ សម្រាប់​គម្រោង​គ្រប់គ្រង​ទឹកស្អាត និង​អនាម័យ​តាម​ខេត្ត។ គម្រោង​នេះ​ចូលរួមចំណែក​ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ​ឆ្នាំ2011-2025 សំដៅ​បង្កើន​ការផ្តល់​សេវាកម្ម​ទឹកស្អាត និង​អនាម័យ​ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ទីប្រជុំជន និង​ទីក្រុង​នៅក្នុង​ខេត្តបាត់ដំបង កំពង់ចាម ព្រះសីហនុ និង​ខេត្តសៀមរាប។

    កម្មវិធី​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប 110.8លាន​ដុល្លារ​អាមេរិក ដោយ​ក្នុងនោះ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 4.67លាន​អឺរ៉ូ ស្មើនឹង​ប្រមាណ 5.31លាន​ដុល្លារ​អាមេរិក។ ហិរញ្ញប្បទាន​ឥត​សំណង​របស់​មូលនិធិ​ជប៉ុន​សម្រាប់​យន្តការ​ផ្តល់​ឥណទាន​រួមគ្នា(JFJCM)ចំនួន 10លាន​ដុល្លារ​អាមេរិក។ បន្ថែម​លើ​នេះ​ហិរញ្ញប្បទាន​សម្បទាន​សហប្រតិបត្តិ​ពី ADB ចំនួន​ប្រមាណ 50លាន​ដុល្លារ​អាមេរិក និង​ឥណទាន​សម្បទាន​ពី AFD ចំនួន 40លាន​អឺរ៉ូ ត្រូវជា​ប្រមាណ 45.5លាន​ដុល្លារ​អាមេរិក។

    ក្រសួង​សេដ្ឋកិច្ច បានឱ្យដឹងថា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​ហិរញ្ញប្បទាន​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​បារាំង គិត​ចាប់ពី​ឆ្នាំ1993មកដល់​បច្ចុប្បន្ន រាប់ទាំង​កិច្ចព្រមព្រៀង​ទាំង3នេះ​ផង គឺ​រដ្ឋាភិបាល​បារាំង តាមរយៈ AFD នេះ បានផ្តល់​ហិរញ្ញប្បទាន​សរុប​ឱ្យ​កម្ពុជា ជាង 554លាន​អឺរ៉ូ​ហើយ៕

  • បណ្ដាញ​សង្គម​អន​ឡាញ​ធ្វើឱ្យ​មនុស្ស​ជួប​ទុក្ខ​កាន់តែ​ច្រើនឡើង

    បណ្ដាញ​សង្គម​អន​ឡាញ​ធ្វើឱ្យ​មនុស្ស​ជួប​ទុក្ខ​កាន់តែ​ច្រើនឡើង

    មនុស្ស​នាពេល​បច្ចុប្បន្ន​នេះ​ខុសប្លែក​ច្រើនណាស់ពី​មនុស្ស​ជំនាន់​មុន។ សូម្បីតែ​ការស្លាប់​របស់​មនុ​ស្សស​ម័​យ​ថ្មី​ក៏ខុសគ្នា​ស្រឡះ​ពី​មនុស្ស​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ដែរ។ កាលពី​អតីតកាល នៅពេលដែល​សាច់ញាតិ មិត្តភក្តិ ដៃគូ ឬ​មនុ​ស្សណា​ម្នាក់​បាត់បង់​ជីវិត អ្វីដែល​នៅសល់​គឺ​ការចងចាំ និង​ការប្រមូល​រូបថត​ទុក​តែប៉ុណ្ណោះ តែ​សម្រាប់​បច្ចុប្បន្ន​វិញ ការស្លាប់​ត្រូវបានបង្ហាញ​លើ​បណ្តាញ​អន​ឡាញ និង​មានការ​ចងចាំ​លើ​រឿង​គ្រប់យ៉ាង​ដែល​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​បណ្តាញសង្គម។ មនុស្សម្នាក់ៗលើ​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ​មាន​ប្រព័ន្ធ​កត់ចំណាំ​សម្រាប់​ជីវិត​លើ​បណ្តាញ​ឌីជីថលគ្រប់ៗគ្នា។ រឿងរ៉ាវ​ក្នុង​ជីវិត​របស់​យើង​គ្រប់គ្នា​ត្រូវបាន​ប្រមូលផ្តុំ​ចងក្រង​នៅតាម​បណ្តាញ​នានា​ដូចជា Blog រូបភាពហ្គេម គេហទំព័រ និង​បណ្តាញ សង្គម​នានា​ដែល​យើង​បាន​ចែករំលែក​រឿងរ៉ាវ និង​បទពិសោធ​នៃ​ការរស់នៅ។ ទោះជា​នរណាម្នាក់​លែងមាន​វត្តមាន​លើ​លោក​នេះ​ក៏ដោយ តែ​រូបគេ​ហាក់​បាន​បន្សល់ទុក​ជីវិត​មួយ​ផ្សេងទៀត (virtual selves) នៅលើបណ្តាញ​អន​ឡាញ ដែល​មនុស្ស​គ្រប់គ្នា​នៅតែ​អាច​មើលឃើញ និង​ទាក់ទាញ​មនុស្ស​ឯទៀត​ឱ្យមើល​ឃើញ​ពី​គំនិត និង​អ្វី​ដែលជា​បទពិសោធ​រប​ស់​គេ​ជា​រៀងរហូត។ នេះ​ជាបាតុភូត​មួយ​ដែល​មនុស្ស​ពីមុន​មិនអាច​ធ្វើបាន ហើយវា​ជា​អ្វីដែល​កំពុងតែ​កើតឡើង​សម្រាប់​មនុស្ស​សម័យអុីន​ធើ​ណិ​ត។

    តែ​ទោះជា​យ៉ាងនេះ​ក្តី​ក៏​គេ​សង្កេតឃើញថា បច្ចេកវិទ្យា​សម័យថ្មី​ក៏មាន​គុណវិបត្តិ​ច្រើន​គួរសម​ដែរ​សម្រាប់​ការរស់នៅរ​ប​ស់មនុស្ស ព្រោះ​មនុស្ស​បច្ចុប្បន្ននេះ​បានដើរ​ហួស​ពីអ្វី​ដែលជា​គោលបំណង​សំខាន់​របស់​អ្នកបង្កើត​បណ្តាញ​ទំនាក់ទំនង​ទាំងអស់នោះ​អស់​ទៅហើយ។ ចរន្ត​ខ្លះ​បែរជា​ធ្វើឱ្យមាន​ការសោកស្តាយ និង​រឿង​មិនល្អជាច្រើន​ដែល​ទាមទារ​ឱ្យមាន​ការកែសម្រួល​ឡើង វិញពី​សំណាក់​ក្រុម​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ក្នុង​បណ្តាញ​សង្គម។

    ការ​ញៀន​អនឡាញ​ចាប់ផ្តើម​កើតឡើង​ដែល​ធ្វើឱ្យ​ជីវិត​មិនអាច​ខ្វះ​បាន
    បណ្តាញ​អុីន​ធើ​ណិ​ត​ធ្វើឱ្យ​មនុស្ស​ចាប់ផ្តើម​មើលឃើញ​រឿងរ៉ាវ​ជាច្រើន ហើយ​រឿង​ខ្លះ​បាន​បាន​ក្លាយជា​គំរូ​ប្រកបដោយ​ភាព​សោកសៅ តែ​ត្រូវបាន​មនុស្ស​ធ្វើច្រើនឡើង។ ជា​ករណី​ជាក់ស្តែង នៅពេល​មនុស្ស​ទាំងឡាយ​មើលឃើញ​ពី​ព័ត៌មាន​ថា មាន​មនុស្សម្នា​ក់បាន​ស្លាប់ ឬ​នរណាម្នាក់​ធ្វើអត្តឃាត​ដោយសារតែ​រឿង​ណាមួយ​នោះ ពួកគេ​ចាប់ផ្តើម​មើល​ពី​ប្រវត្តិ មើល​ពី​ការចងចាំ និង​រឿងរ៉ាវ​ជាច្រើន​ផ្សេងទៀត​របស់​មនុស្ស​ម្នាក់​នោះ​ដែល​ធ្វើឱ្យ​ពួកគេ​កោតសរសើរ ហើយ​បន្ទាប់មក​ពួកគេ​ក៏​ចាប់ផ្តើម​ជំរុញ​ខ្លួនឯង​ឱ្យ​ស្ថិតក្នុង​អារម្មណ៍​បែប​នោះ។ ពួកគេ​អាច​នឹក​ស្រមៃ​ថា នៅពេល​ពួកគេ​គ្រប់គ្នា​បាត់បង់​មនុស្ស​ម្នាក់​នោះ ពួកគេ​នឹង​កោតសរសើរ ហើយ​គាត់​អាច​ក្លាយជា​មនុស្ស​ដែល​គេ​ចងចាំ​ជានិច្ច។ គំនិត​បែបនេះ​អាចធ្វើឱ្យ​យុវវ័យ​ជាច្រើន​ប្រើប្រាស់​បណ្តាញ​អន​ឡាញ​គ្រប់​កាលៈទេសៈ ហើយ​សូម្បីតែ​ការធ្វើអត្តឃាត​ក៏​ពួកគេ​បង្ហាញ​តាម​បណ្តាញ​សង្គម​ដែរ។ គំរូ​មិនល្អ​នេះ បាន​ក្លាយជា​រឿងរ៉ាវ​អវិជ្ជមាន​ជាច្រើន​ដល់​មនុស្ស​ដទៃទៀត និង​អាចធ្វើឱ្យ​អ្នក​ដែលមាន​វិបត្តិ​ផ្លូវចិត្ត ឬ​មាន​បញ្ហា​ក្នុង​ជីវិត​សម្រេចចិត្ត​ខុស​ដោយ​ជ្រើស​រើសយក​ការធ្វើអត្តឃាត​ដោយសារតែ​ចង់ឱ្យ​អ្នក​ឯទៀត​ចងចាំ​រូប​ខ្លួន​ទុក។

    មានរឿង​មួយ​ផ្សេងទៀត​ដែល​ធ្វើឱ្យ​មនុស្ស​ក្លាយជា​មនុស្ស​អវិជ្ជមាន​ដោយសារតែ​ពួកគាត់​បាន​មើលឃើញ​រឿង​មិនល្អ​ជាច្រើន​ដែល​ត្រូវបាន​ចែករំលែក។ នៅពេល​មនុស្ស​មើលឃើញ​រឿង​មិនល្អ​ច្រើនជាង​រឿង​ល្អ​ក្នុង​ជីវិត អារម្មណ៍​របស់​ពួកគាត់​បាន​ដិតដាម​ជាមួយនឹង​រឿង​ទាំងអស់នោះ ហើយ​អ្នកខ្លះ​ថែមទាំង​អាច​ជឿថា​ជីវិត​នេះ​គ្មាន​ន័យ​ទៀតផង។ ការបង្ហាញ​ពី​ភាព​សោកសៅ បង្ហាញ​ពី​អារម្មណ៍មិនល្អ និង​ការជក់​ចិត្ត​ជាមួយ​រឿង​មិនល្អ​ក្នុង​បណ្តាញ​សង្គម អាច​រុញច្រាន​មនុស្ស​ឱ្យ​ក្លាយជា​អ្នកមាន​បញ្ហា​ផ្នែក​ផ្លូវចិត្ត។

    ការរស់នៅ​ក្នុង​ពិភព​អន​ឡាញមនុស្ស​ជាច្រើន​បានរស់នៅ​ក្នុង​ជីវិត2 គឺ​ជីវិត​ក្នុង​បណ្តាញ​សង្គម និង​ជីវិត​ពិត​ជាក់ស្តែង។

    មាន​អ្នកខ្លះ គាត់​ព្យាយាម​បង្ហាញ​ពី​អារម្មណ៍មិនល្អ ឬ​ភាព​សោកសៅ​ដើម្បី​ស្វែងរក​មនុស្ស​ដែល​យល់ចិត្ត​គាត់​មកជួយ​ប្រឹក្សា​យោបល់​ដល់​គាត់ តែ​អ្វីដែល​គាត់​ទទួលបាន គឺ​ផ្ទុយស្រឡះ​ពី​ការគិត​របស់គាត់។ ការទំនាក់ទំនង និង​ការ​រស់នៅក្នុង​ពិភព​បច្ចេកវិទ្យាពេលខ្លះ​អាច​នឹង​ធ្វើឱ្យ​យើង​ក្លាយជា​មនុស្ស​ដែលមាន​ទុក្ខសោក​កាន់តែខ្លាំង ព្រោះ​អ្នក​ដែល​ផ្ដល់​ការប្រឹក្សា​ដល់​យើង​នោះ ភាគច្រើន​ជាម​នុស្ស​ដែលមាន​ទុក្ខ​ដូចគ្នា៕

  • គ្រូពេទ្យបញ្ជាក់ពីស្ថានភាពអាការជំងឺរបស់អ្នកគ្រូ គង់ ណារី ហើយ តែអ្នកគ្រូនៅតែមានស្មារតីរឹងមាំ

    គ្រូពេទ្យបញ្ជាក់ពីស្ថានភាពអាការជំងឺរបស់អ្នកគ្រូ គង់ ណារី ហើយ តែអ្នកគ្រូនៅតែមានស្មារតីរឹងមាំ

    ក្រោយពីទទួលដំណឹងស្ថានភាពជំងឺរបស់អ្នកគ្រូ គង់ ណារី រួចមក«គ្រួសារតារាកម្ពុជា»ចុះសួរសុខទុក្ខដោយផ្ទាល់នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ហើយអ្នកគ្រូបានប្រាបដែរថា ជំងឺ ក្រិនថ្លើម និងទាចទឹកកំពុងធ្វើទុក្ខក្នុងដំណាក់កាលចុងក្រោយនេះកំពុងញាំញីរាង្គកាយរបស់អ្នកគ្រូ។ តែយ៉ាងណាមិញ គេឃើញអ្នកគ្រូនៅតែមានស្មារតីរឹងមាំ ដោយអ្នកគ្រូបញ្ជាក់ថា មិនតក់ស្លុតនឹងអ្វីដែលបានកើតឡើងនោះផង។

    អ្នកគ្រូ គង់ ណារី មានប្រសាសន៍ថា អ្នកគ្រូចាប់ផ្ដើមចុកចាប់ពេញខ្លួន ពិបាកដកដង្ហើម និងមានសភាពស្គមស្គាំងមិនមានកម្លាំងសូម្បីតែក្រោកអង្គុយបានទេ ដោយសារតែសភាពពោះរបស់អ្នកស្រីរីកធំ ហើយមានទឹកក្នុងពោះធ្ងន់ ស្របគ្នាដែលអ្នកគ្រូក៏មានសភាពឈឺចាប់ដោយកន្លែង។ អ្វីដែលអ្នកគ្រូពិបាកទ្រាំទៅទៀតនោះ គឺអ្នកនាងគ្រូមានសភាពធ្លាក់ឈាម ដល់ថ្នាក់បណ្ដាលឱ្យរាងកាយចុះស្គម ហើយសម្រាកមិនបាន ទើបធ្វើឱ្យអ្នកគ្រូបញ្ជាក់យ៉ាងខ្លីថា ពិបាកទ្រាំខ្លាំងណាស់។ នេះហើយជាមូលហេតុមួយអ្នកគ្រូមិនតក់ស្លុតនឹងលទ្ធផលចុងក្រោយ តាមអ្វីដែលគ្រូពេទ្យបានទម្លាយ។ យ៉ាងណាមិញ អ្នកគ្រូបានបង្ហាញអារម្មណ៍ចង់ជា និងចង់រស់នៅអោយបានអាយុវែង ដោយអ្នកគ្រូប្រាប់ថាបើអ្នកគ្រូបានជានោះអ្នកគ្រូនឹងបំពេញតួនាទីក្នុងការលើកស្ទួយវិស័យសិល្បៈអោយបានកាន់តែច្រើនដើម្បីអ្នកសិល្បៈជំនាន់ក្រោយ។

    ជាមួយនឹងការផ្ដែផ្ដាំដល់អ្នកសិល្បៈឱ្យចេះធ្វើអ្វីដែលល្អ ដែលមើលមួយភ្លែតហាក់ដូចជាអ្នកគ្រូមានសុខភាពប្រក្រតី អ្នកគ្រូ គង់ ណារី ត្រូវបានគេកត់សម្គាល់ថាមានសភាពស្គមស្លេកស្លាំង ក្បាលពោះរីកធំព្រោះតែទាចទឹក និងក្រិនថ្លើម ដល់ដំណាក់កាលចុងក្រោយ ដែលអ្នកគ្រូប្រាប់ថាបង្កការលំបាកចំពោះសុខភាពចុងក្រោយរបស់អ្នកគ្រូយ៉ាងខ្លាំង។

    ក្នុងឱកាសចុះសួរសុខទុក្ខនោះ គ្រួសារតារាកម្ពុជាបានប្រគល់ថវិកា ដែលប្រមូឡបានពីការបរិច្ចាគរបស់តារាសិល្បៈ និងសប្បុរសជនជូនអ្នកគ្រូចំនួន1លាន56ម៉ឺនរៀល ដោយតារាសិល្បៈដែលបានទៅសួរសុខទុក្ខអ្នកគ្រូដោយផ្ទាល់នៅក្នុងថ្ងៃនោះ រួមមាន លោក សុះ ម៉ាច តារាចម្រៀង, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, លោក ហាក់ ធៀមុន្នី ពិធីករ, កញ្ញា ព្រះអាទិត្យតូច តារាសម្ដែង, លោក រុន ណាកូ តារាសម្ដែង, កញ្ញា ចែ ឈុំភួយ តារាចម្រៀង និងសិល្បករក្មេងមួយចំនួនទៀត។ ក្នុងនោះអ្នកគ្រូក៏នៅតែដង្ហើយរកការយកចិត្តទុកដាក់ពីសំណាក់តារាសិល្បៈ និងមហាជនទូទៅ ជាពិសេសតារាសិល្បៈជាអតីតកូនសិស្សរបស់អ្នកគ្រូដែលបានទទួលការបណ្ដុះបណ្ដាលជំនាញពិធីករ និងចម្រៀងក្នុងពេលអ្នកគ្រូនៅមានកម្លាំង៕

  • Hamilton បញ្ចប់​រដូវ​កាល F1 តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​នៅ​ Abu Dhabi

    Hamilton បញ្ចប់​រដូវ​កាល F1 តាមរយៈ​ការដណ្តើម​បាន​ជ័យជម្នះ​នៅ​ Abu Dhabi

    ម្ចាស់​ជើងឯក​ពិភពលោក 5សម័យកាល Lewis Hamilton បានបញ្ចប់​រដូវ​កាល​ប្រណាំង​រថយន្ត Formula One ទាំង​ភាព​រីករាយ និង​ក្រោម​ផ្សែងហុយ​ទ្រលោម​ដោយសារតែ​កង់​រថយន្ត កាលពី​ថ្ងៃអាទិត្យ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​នៅក្នុង​ទីក្រុង Abu Dhabi ដែលជា​ជ័យជម្នះ​ជា​លើក​ទី11 របស់គេ​ក្នុង​យុទ្ធនាការ​នេះ។

    កីឡាករ Sebastian Vettel របស់​ក្រុម Ferrari បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2 ហើយ​ក៏បាន​បង្កើតឱ្យមាន​ល្បឿន​លឿន​ជាងគេ​បំផុត​ផងដែរ ខណៈដែល​កីឡាករ Max Verstappen របស់​ក្រុម Red Bull បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ3 ក្នុងការ​ប្រណាំង​មួយ​ដែលមាន​ភ្លៀង​ខ្សាច់​ដ៏​កម្រ​មួយ។

    ក្រោយពី​តារា​សម្តែង​ហូលីវូដ Will Smith បាន​គ្រវីទង់ជាតិ​ឈ្នះ នៅលើ​ទីលាន Yas Marina ក្នុងពេល​កីឡាករ Hamiltonរបស់​ក្រុម Mercedes បាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី73 នៃ​អាជីព​របស់គេ។

    កីឡាករ​អង់គ្លេស​វ័យ 33ឆ្នាំ​រូបនេះ ដែល​បានឈ្នះ 51លើក​ក្នុងចំណោម​ការប្រណាំង 100លើក​នោះ បាន​ក្លាយជា​អ្នកបើកបរ​ដំបូង​គេ​ក្នុងការ​រកបាន​ច្រើនជាង 40ពិន្ទុ​ក្នុង​រដូវ​កាល​មួយ​ដែលមាន​ពិន្ទុសរុប​នៅ​ថ្ងៃ​ចុងក្រោយ​ចំនួន 408។

    ការ​ដណ្តើមបាន​ជ័យជម្នះ​របស់ Hamilton ក៏បាន​ធ្វើឱ្យ​រូបគេ​ត្រូវការ​ឈ្នះ​ចំនួន 18លើក​ទៀត​ប៉ុណ្ណោះ​ដើម្បី​តាម​ស្មើ​កំណត់ត្រា​នៃ​ការ​ឈ្នះ 91លើក​របស់ Michael Schumacher ហើយ​រូបគេ​បាន​អបអរ​ជ័យជម្នះ​របស់គេ​តាមរយៈ​ការ​ដោះអាវ​ទម្លាក់​ត្រឹម​ចង្កេះ​ដើម្បី​បង្ហាញ​ពី​ស្នាម​សាក់​របស់គេ៕

    ប្រភពពី៖ Channel News Asia

  • កក្រើកទៀតហើយ!! តារាហ្វេសប៊ុកស្រីដ៏ល្បីម្នាក់ ត្រូវគេទម្លាយរូបលើគ្រែ និងរឿងអាស្រូវប្ដីគេ

    កក្រើកទៀតហើយ!! តារាហ្វេសប៊ុកស្រីដ៏ល្បីម្នាក់ ត្រូវគេទម្លាយរូបលើគ្រែ និងរឿងអាស្រូវប្ដីគេ

    នៅក្នុងបណ្ដាញសង្គម អ្នកនាង គង់ សុត្រាវី ត្រូវគេចាត់ទុកថា ជាអ្នកនិយមលេងហ្វេសប៊ុកដ៏ល្បីឈ្មោះ និងមានប្រជាប្រិយភាពតាមរយៈការចូលចិត្តបង្ហោះរូបថតស្អាតៗយ៉ាងទាក់ភ្នែក ស្របគ្នាដែលអ្នកនាង ក៏ជាម្ចាស់ជំនួញធំ2 គឺហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល នៅម្ដុំស្ដុបទួលគោក ដែលភាគច្រើនគឺមានទំនាក់ទំនងជាមួយតារាល្បីៗ។

    អ្នកនាងត្រូវបានគេចាត់ទុកថាជាតារាហ្វេសប៊ុកល្បីល្បាញមួយរូប អ៊ីចឹងហើយ រូបថតលើគ្រែរវាងអ្នកនាង និងបុរសម្នាក់ ដែលត្រូវគេស្គាល់ថាជាអតីតឧកញ៉ាល្បីឈ្មោះ មានប្រពន្ធកូនស្របច្បាប់ទៅហើយ បានក្លាយជាប្រធានបទដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីរូបភាព និងទិន្នន័យអាស្រូវមួយចំនួនត្រូវបានទម្លាយចេញ។

    ការទម្លាយចេញនេះ ទំនងជាកើតចេញពីអតីតអ្នកជិតស្និទ្ធិរបស់អ្នកនាង ក្រោយពីទំនាក់ទំនងឈានដល់ការបាក់បែក។ ផ្អែកតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយ ដែលបានបង្ហាញពីរូបភាព បុរសម្នាក់ដែលអ្នកស្រីកៀកកើយលើគ្រែយ៉ាងផ្អែមល្ហែមនោះ គឺអតីតមន្ត្រីជាន់ខ្ពស់ និងជាអ្នកឧកញ៉ាល្បីឈ្មោះ ដែលមានគេស្គាល់ភាគច្រើនក្នុងសង្គម និងជាបុរសសម្បូរទ្រព្យមហាសាល ដែលស្ថាប័នយើងរក្សាសិទ្ធិមិនទាន់បង្ហាញមុខ។

    រូបថតលើគ្រែរវាងអ្នកស្រី និងបុរសទ្រព្យស្ដុកល្បីឈ្មោះនោះ ត្រូវបានគេបញ្ជូនចែកចាយ អមជាមួយនឹងរូបភាពឯកសារជាច្រើនសន្លឹកបង្ហាញថាអ្នកស្រី មានទំនាក់ទំនងលើសពីមុខជំនួញ និងអ្នករាប់អានជាមួយបុរសដែលមានភរិយាស្របច្បាប់ហើយនោះ។

    ឯកសារភាគច្រើនត្រូវគេទម្លាយថា គឺជាឯកសារក្លែងបន្លំ ដែលអ្នកនាងធ្វើឡើងដើម្បីការពារទ្រព្យសម្បត្តិរបស់ខ្លួន ប្រសិនបើរឿងរ៉ាវស្នេហាត្រូវបានបែកធ្លាយ ហើយស្រ្តីជាភរិយាដើមប្ដឹងរឹបអូសយក។ ប្រភពដែលទម្លាយរឿងរ៉ាវហើយប្រកាសថា នឹងបកស្បែកឱ្យកាន់តែខ្លាំងបើ តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី តបតនិយាយថា «វាមានដោយសារយកប្ដីគេទេ ហើយក្រោយការបញ្ចេញរូបថតវាមួយប្ដីគេនេះ បើវាខ្លាំង ខ្ញុំនឹងបង្ហាញមុខប្ដីគេជាសាធារណៈ ហើយទុកឱ្យភរិយាគេដឹងគេប្ដឹងវាឱ្យបះសក់តែម្ដង ព្រោះតាំងពីវាបានអាប៉ិនឹងក្រោយ វាដើរអួតគេថា វាក៏ជាប្រពន្ធដែរ ហើយតាមដឹងវាបានពីអាប៉ិនឹងបែបដល់លាន(ដុល្លារ) ផង ព្រោះអាប៉ិនឹងសេដ្ឋីកំពូលចាយលុយ!»។

    ប្រភពទម្លាយរឿងនេះបន្តថា កាលពីមុន តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី គ្រាន់តែជាម្ចាស់សម្អាងការ គង់ សុត្រាវី នៅខេត្តសៀមរាបប៉ុណ្ណោះ ប៉ុន្តែក្រោយមកដោយសារតែរូបសម្រស់ផូរផង់ ក៏ទាក់ទងស្នេហាជាមួយកូនប្រសាររបស់ម្ចាស់ហាងពេជ្រធំមួយនៅភ្នំពេញ បណ្ដាលឱ្យប្ដីប្រពន្ធមួយគូនេះឈានដល់ការបែកបាក់។

    យ៉ាងណាមិញ អ្នកនាងទើបតែបានហ៊ឺហារឡូយឆាយក្រោយពីបានទាក់ទងចងសម្ព័ន្ធ ជាមួយបុរសជាអតីតឧកញ៉ា និងជាឧកញ៉ាសព្វថ្ងៃនេះប៉ុណ្ណោះ ទើបក្លាយជាអ្នកមានបាន ដោយបានទាំងបើកហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល ទ្រង់ទ្រាយធំនៅម្ដុំទួលគោក អស់ដើមខ្ទង់លានដុល្លារ។ ប្រភពនោះថា ភរិយាស្របច្បាប់នៅមិនទាន់ដឹងពីទំនាក់ទំនងនេះ ឬមួយយ៉ាងណានោះទេ ប៉ុន្តែបើអ្នកនាង គង់ សុត្រាវី ប្រតិកម្ម នឹងបញ្ចេញឯកសារពាក់ព័ន្ធបុរសនោះឱ្យកាន់តែខ្លាំង ដើម្បីបកស្បែកឱ្យច្បាស់ជាងនេះ។

    ការទម្លាយដ៏រសើបនេះ តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី មិនទាន់សុំការបញ្ជាក់នៅឡើយទេ ប៉ុន្តែយោងតាមរូបថតលើគ្រែដែលអ្នកនាង និងអតីតឧកញ៉ាល្បីឈ្មោះម្នាក់ ដែលត្រូវបានគេទម្លាយ គឺទំនងពិបាកឱ្យអ្នកនាងលាងជម្រះពីការចោទប្រកាន់ ដោយសារតែបុរសសំបូរទ្រព្យនោះ ត្រូវគេស្គាល់ថាមានភរិយា និងកូនស្របច្បាប់យ៉ាងចំហរទៅហើយ។ យ៉ាងណាមិញ យើងនឹងរងចាំទទួលការបកស្រាយរបស់អ្នកនាង ជុំវិញការទម្លាយដ៏រសើបនេះ ដើម្បីឱ្យដឹងច្បាស់ថាអ្វីដែលបានទម្លាយចេញមានការពិតកម្រិតណា?

  • មិនទាន់ទស្សនារឿង « ឃ្លាតទៅសែនឆ្ងាយ » មិនប៉ុន្មានទេ តែសារអ្នកលេងបណ្ដាញសង្គមវិញ អានហើយចង់តែ…

    មិនទាន់ទស្សនារឿង « ឃ្លាតទៅសែនឆ្ងាយ » មិនប៉ុន្មានទេ តែសារអ្នកលេងបណ្ដាញសង្គមវិញ អានហើយចង់តែ…

    ការដាក់បញ្ចាំងរឿង « ឃ្លាតទៅសែនឆ្ងាយ » ជាថ្មី គេមើលឃើញថា មានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់រហូតមិននឹកស្មានសោះ ដែលនៅថ្មីៗនេះ មានការបង្ហោះរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកម្នាក់មានឈ្មោះថា Socheata Vong បានបង្ហាញអារម្មណ៍រំភើប និងរំជួលចិត្តខ្លាំង ហើយសារបង្ហោះរបស់អ្នកលេងហ្វេសប៊ុកនោះ អានហើយសូម្បីតែអ្នកមិនធ្លាប់គាំទ្រភាពយន្តខ្មែរ ក៏ចង់ទៅទិញសំបុត្រទស្សនា។

    ម្ចាស់ហ្វេសប៊ុក Socheata Vong សរសេរថា«ខ្ញុំបានទស្សនាខ្សែភាពយន្តនេះជិត10ដងរួចមកហើយ។ ឥលូវនេះមានចាក់បញ្ចាំងឡើងវិញម្តងទៀតហើយ។ អរគុណដល់ផលិតករភាពយន្ត លោក ឆាយ បូរ៉ា។ នេះជាភាពយន្តមួយក្នុងចំណោមភាពយន្តដែលខ្ញុំចូលចិត្តបំផុត។ ជាភាពយន្តស្តីពីជីវិតពិតរបស់ក្រុមគ្រួសារមួយនៅរបបខ្មែរក្រហម។ រឿងនេះមានលក្ខណៈងាយយល់ជាងរឿងភាពយន្តខ្មែរក្រហមផ្សេងៗទៀត ដោយសារថាវាឆ្លុះបញ្ចាំងពីតថភាពពិតនៃគ្រួសារអ្នកទីក្រុង ដែលត្រូវបានគេជម្លៀសឱ្យទៅនៅជនបទជាមួយអ្នកនៅតាមសហករ។ រឿងនេះធ្វើឱ្យអ្នកទស្សនាពិបាកដកដង្ហើម ដោយសារពិបាកស្មានលើហេតុការណ៍នីមួយៗនៅក្នុងដំណើរសាច់រឿង។ វាធ្វើឱ្យអ្នកទស្សនាស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។ បទចម្រៀង «ម្តាយខ្ញុំ» ដ៏ពិរោះនិងស្រណោះរបស់អ្នកស្រី ពៅ វណ្ណារី បានធ្វើអោយខ្ញុំក្តុកក្តួលជាទីបំផុត។ នេះជាភាពយន្តដំបូងបង្អស់ដែលមានក្រុមអ្នកផលិត និងតួសំដែងសុទ្ធតែជាជនជាតិខ្មែរ។ សូមចូលរួមទស្សនា ហើយកុំភ្លេចយកកូនកន្សែងដៃទៅជាមួយផង»។

    យ៉ាងណាមិញផលិតករ និងជាអ្នកដឹកនាំរឿងឆ្នើមមួយរឿងនេះគឺលោក ឆាយ បូរ៉ា ឆ្លើយតបថា នេះជាកម្លាំងចិត្តដែលធ្វើឱ្យលោកមិននឿយណាយក្នុងការផលិតស្នាដៃនោះទេ ខណៈដែលលោកបញ្ជាក់ថាការផលិតរឿងមិនអាចក្លាយជាអ្នកមានបានបានទេ ប៉ុន្តែលោកនឹងបន្តផលិតស្នាដៃរបស់ខ្លួនក្នុងពេលបន្តបន្ទាប់ទៀត ក្រោយពេលភាពយន្តរឿង«ឃ្លាតទៅសែនឆ្ងាយ»ហើយមានការគាំទ្រ។ លោកថាមិនទាន់ហួសពេលទេ បើទោះជាភាពយន្តនេះក្នុងពេលដាក់បញ្ចាំងកាលពីច្រើនឆ្នាំមុនមិនសូវមានអ្នកចាប់អារម្មណ៍ព្រោះតែខ្វះការផ្សព្វផ្សាយ តែបែរជាដាក់បញ្ចាំងលើកនេះមានអ្នកចាប់អារម្មណ៍ភាគច្រើន ស្របជាមួយនឹងការផ្សព្វផ្សាយក៏ល្អជាងមុន ខណៈដែលភាពយន្តរបស់លោកក៏ចាប់ផ្ដើមមានការទទួលស្គាល់ក្រោយពីឈ្នះពាន7ក្នុងចំណោម9 កាលពីមហោស្រពភាពថ្នាក់ជាតិលើកទី4៕