Category: សង្គម និងសេដ្ឋកិច្ច

  • អត្ថប្រយោជន៍ និងហានិភ័យនៃការវិនិយោគក្នុងទីផ្សារមូលបត្រដែលម្ចាស់អាជីវកម្មគួរយល់ដឹង

    អត្ថប្រយោជន៍ និងហានិភ័យនៃការវិនិយោគក្នុងទីផ្សារមូលបត្រដែលម្ចាស់អាជីវកម្មគួរយល់ដឹង

    ជាទូទៅសហគ្រិនដែលមានបំណងចង់ពង្រីកអាជីវកម្មតែងគិតថា ជម្រើសមានតែមួយគត់គឺប្រាក់កម្ចីពីធនាគារ ប៉ុន្ដែបច្ចុប្បន្នយើងមានប្រភពហិរញ្ញប្បទានមួយទៀត គឺការបោះភាគហ៊ុនចូលទៅក្នុងផ្សារមូលបត្រដើម្បីទទួលប្រមូលដើមទុនពីម្ចាស់ហ៊ុនផ្សេងទៀត។

    ដូច្នេះប្រភពហិរញ្ញប្បទានដែលកម្ពុជាមានបច្ចុប្បន្នគឺទី1ប្រព័ន្ធធនាគារ និងទី2ទីផ្សារមូលបត្រ ដែលក្នុងនោះប្រព័ន្ធធនាគារ គឺជាប្រភពហិរញ្ញប្បទានមួយដែលកំពុងតែដើរតួសំខាន់ក្នុងការផ្ដល់ទុនសម្រាប់ការវិនិយោគ។ ចំណែកឯទីផ្សារមូលបត្រវិញ គឺជាប្រភពហិរញ្ញប្បទានថ្មីមួយនៅកម្ពុជាសម្រាប់សហគ្រាសនានាដែលត្រូវការទុនក្នុងការពង្រីកអាជីវកម្ម។

    ប៉ុន្តែការវិនិយោគលើមូលបត្រ ជាការវិនិយោគមានហានិភ័យខ្ពស់ ដែលវិនិយោគិនគួរពិនិត្យ ពិចារណាចំពោះព័ត៌មានទាំងឡាយដែលមាននៅក្នុងឯកសារ ជាពិសេសកត្តាហានិភ័យ។ ករណីបើសិនមានហានិភ័យណាមួយកើតឡើង ស្ថានភាពធុរកិច្ច ឬស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអាចទទួលរងផលប៉ះពាល់ជាអវិជ្ជមាន ដែលនាំឱ្យតម្លៃរបស់មូលបត្រមានការធ្លាក់ចុះ ហើយវិនិយោគិនដែលបានវិនិយោគលើមូលបត្រនេះ អាចនឹងខាតបង់ការវិនិយោគមួយផ្នែក ឬទាំងស្រុង។ នេះបើតាមលោក ហោ ស៊ីម៉េត នាយកប្រតិបត្ដិការ និងហិរញ្ញវត្ថុនៃធនាគារអេស៊ីលីដា ដែលបានមានប្រសាសន៍ពាក់ព័ន្ធនឹងការវិនិយោគលើមូលបត្រ ភាពប្រឈមនឹងហានិភ័យមួយចំនួនដែលអាចមានដូចខាងក្រោម៖

    1. ហានិភ័យអត្រាប្ដូរប្រាក់៖ កត្តានេះកើតឡើងដោយសារមានការប្រែប្រួលនៃអត្រាប្ដូរប្រាក់រវាងរូបិយប័ណ្ណមួយ ជាមួយនឹងរូបិយប័ណ្ណមួយទៀត។ ភាគហ៊ុននៅស្រុកខ្មែរ គេជួញដូរជាប្រាក់រៀល ប៉ុន្តែប្រជាជនខ្មែរភាគច្រើនសន្សំទុកលុយដុល្លារច្រើនជាងលុយខ្មែរ។ ដូច្នេះបើចង់ទិញភាគហ៊ុន ក៏ត្រូវតែបង្ខំចិត្តប្តូរជាលុយរៀល នោះគឺជាការខាតបង់មួយចំណែក។ ប្រសិនបើប្រាក់មានចំនួនច្រើន យើងក៏នឹងខាតច្រើនដែរ ព្រោះនៅពេលដែលយើងលក់ទៅវិញ យើងទទួលបានលុយរៀល រួចបើចង់ទុកជាលុយដុល្លារ គឺត្រូវប្ដូរម្ដងទៀត។

    ដោយឡែក សម្រាប់អ្នកវិនិយោគបរទេសវិញ គឺពិតជាត្រូវប្រឈមខ្លាំង ព្រោះពួកគាត់ជាជនបរទេសហើយនៅពេលដែលគាត់មកស្រុកខ្មែរ គាត់យកលុយដុល្លារមក ឬអាចយករូបិយប័ណ្ណផ្សេងមក ដូច្នេះគាត់ត្រូវខាតច្រើន ប្រសិនបើអត្រាប្ដូរប្រាក់នៅក្នុងទីផ្សារមានការប្រែប្រួលខ្លាំង។ ថ្វីដ្បិតតែវិនិយោគិនអាចប្រឈមនឹងហានិភ័យនៃអត្រាប្តូរប្រាក់ក៏ពិតមែន តែទោះជាយ៉ាងណាក៏អត្រាប្ដូរប្រាក់រវាងប្រាក់រៀល និងដុល្លារ នៅមានស្ថិរភាពល្អនៅទីផ្សារនៃប្រទេសកម្ពុជា។

    2. ហានិភ័យសន្ទនីយភាពសាច់ប្រាក់៖ ដោយសារតែទីផ្សារមូលបត្រនៅកម្ពុជានៅមានទំហំតូចនៅឡើយ ការជួញដូរ គឺនៅតិច និងពុំទាន់មានទំនុកចិត្តទាំងស្រុងពីសាធារណជន ដូច្នេះនៅពេលដែលយើងលក់វិញ គឺអាចនឹងលក់មិនដាច់។ ម្យ៉ាងវិញទៀតការដាក់កំហិតលើលទ្ធភាពរបស់វិនិយោគិនក្នុងការជួញដូរមូលបត្រ ឬក៏នៅពេលដែលចង់បាន វានៅមានតម្លៃថ្លៃ ដោយសារការកំណត់ការប្រែប្រួលតម្លៃប្រចាំថ្ងៃ។

    3. ហានិភ័យពាក់ព័ន្ធនឹងបទប្បញ្ញត្តិ៖ លទ្ធភាពនៃការប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពីពន្ធលើចំណូលមូលធន បច្ចុប្បន្នមិនទាន់មានច្បាប់ដែលដាក់ពន្ធលើចំណូលមូលធននៅឡើយ ប៉ុន្តែអាចនឹងមាននៅពេលអនាគត។ មួយទៀត ទាក់ទងនឹងពន្ធកាត់ទុកលើចំណូលភាគលាភរបស់ភាគហ៊ុនិកអភិវាសជនដែលសំដៅលើជនបរទេសដែលពួកគេអាចនឹងខាតបង់ទៅលើការបង់ពន្ធ7% និងក្នុងការលើកទឹកចិត្ត50%។

    ទោះបីមានហានិភ័យមួយចំនួនក្ដី លោក រស់ ស៊ីលវ៉ា អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា វិស័យមូលបត្រនឹងគាំទ្រកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ វានឹងអនុញ្ញាតឱ្យរដ្ឋាភិបាលបង្កើនមូលធនក្នុងរូបិយប័ណ្ណក្នុងស្រុក និងបង្កើតការវិនិយោគដែលមានហានិភ័យទាបសម្រាប់វិនិយោគិន និងស្ថាប័នដូចជាធនាគារពាណិជ្ជក្រុមហ៊ុនធានារ៉ាប់រង និងមូលនិធិសោធនជាដើម។

    ហេតុនេះទើបបច្នុប្បន្នទីផ្សារភាគហ៊ុនកំពុងទទួលបានការចាប់អារម្មណ៍ ជាពិសេសក្រុមហ៊ុនដែលបានចុះបញ្ជី និងលក់ភាគហ៊ុននៅក្នុងទីផ្សារមូលបត្រកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ តាមការវិនិយោគលើវិស័យភាគហ៊ុននេះ។ អត្ថប្រយោជន៍ 6យ៉ាងនៃការវិនិយោគនៅផ្សារមូល-បត្រមានដូចជា៖

    1. ទទួលបានប្រាក់ចំណេញពីការជួញដូរភាគហ៊ុន និងទទួលបានភាគលាភ៖ អត្ថប្រយោជន៍ចម្បងពីការវិនិយោគក្នុងទីផ្សារភាគហ៊ុន គឺឱកាសទទួលបានប្រាក់ចំណេញ។ ការវិនិយោគជាមួយក្រុមហ៊ុនដែលមានស្ថិរភាព និងសក្ដានុពលអាចនឹងធ្វើឱ្យវិនិយោគិនទទួលបានប្រាក់ចំណេញដោយទិញនៅពេលភាគហ៊ុនមានតម្លៃទាប ហើយលក់ទៅវិញនៅពេលភាគហ៊ុនឡើងថ្លៃ។ ប្រាក់ចំណូល ក្នុងទម្រង់ជាភាគលាភ ជាចំណែកនៃប្រាក់ចំណេញដែលក្រុមហ៊ុនរកបាន ហើយបង់ចំណែកនោះជូនវិនិយោគិនប្រចាំឆ្នាំ។

    2. ជម្រើសល្អបំផុតសម្រាប់ការសន្សំ៖ ការវិនិយោគភាគហ៊ុនមានសារៈសំខាន់ណាស់ សម្រាប់សន្សំ និងវិនិយោគសម្រាប់អនាគត ហើយអ្នកជំនាញផ្នែកវិនិយោគភាគច្រើនក្នុងពិភពលោកសុទ្ធតែយល់ស្របថា ការវិនិយោគភាគហ៊ុនជាជម្រើសល្អបំផុតសម្រាប់ការសន្សំ ដោយសារតែភាគហ៊ុនជាជម្រើសសម្រាប់ការវិនិយោគដ៏ល្អមួយដែលអាចបង្កើនប្រាក់ក្នុងអត្រាចំណូលខ្ពស់ ជាងជម្រើសវិនិយោគផ្សេងៗទៀតក្នុងរយៈពេលវែង។

    3. ការធ្វើពិពិធកម្ម (Diversification) ការធ្វើពិពិធកម្មទៅលើភាគហ៊ុន គឺជាបច្ចេកទេសមួយដែលអាចជួយកាត់បន្ថយហានិភ័យក្នុងការវិនិយោគ ដោយការបែងចែកទឹកប្រាក់វិនិយោគទៅលើឧបករណ៍ហិរញ្ញវត្ថុផ្សេងៗគ្នា ឬទៅលើក្រុមហ៊ុនផ្សេងៗគ្នា។ គោលបំណងនេះ គឺដើម្បីបង្កើនឱកាសទទួលបានប្រាក់ចំណេញពីការវិនិយោគក្នុងឧបករណ៍ហិរញ្ញវត្ថុច្រើនផ្សេងៗគ្នា។ ការធ្វើពិពិធកម្មដោយវិនិយោគភាគហ៊ុនអាចជួយវិនិយោគិនកាត់បន្ថយការខាតបង់ និងចៀសវាងការវិនិយោគ ដែលមានភាពអភិរក្សពេក។

    4. ទទួលបានភាពជាម្ចាស់កម្មសិទ្ធិក្នុងក្រុមហ៊ុនជោគជ័យ៖ ការទិញភាគហ៊ុន គឺមានន័យថាលោកអ្នកទទួលយកចំណែកនៃភាពជាម្ចាស់កម្មសិទ្ធិពីក្រុមហ៊ុនដែលបានលក់ភាគហ៊ុន ហើយលោកអ្នកក៏មានសិទ្ធិទទួលបាននូវចំណែកនៃប្រាក់ចំណេញដែលក្រុមហ៊ុនទទួលបានផងដែរ។ ភាគហ៊ុនិកមានសិទ្ធិបោះឆ្នោត និងមានចំណែកចូលរួមសម្រេចចិត្តក្នុងអាជីវកម្មរបស់ក្រុមហ៊ុនតាមសមាមាត្រនៃភាគហ៊ុនដែលខ្លួនកាន់កាប់។

    5. រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ៖ ការវិនិយោគភាគហ៊ុនរបស់វិនិយោគិន មិនគ្រាន់តែទទួលបានប្រាក់ចំណេញប៉ុណ្ណោះទេ ថែមទាំងអាចជួយក្រុមហ៊ុនដែលបោះផ្សាយលក់ភាគហ៊ុនឱ្យទទួលបានដើមទុនបន្ថែមសម្រាប់ពង្រឹងអាជីវកម្ម និងសមត្ថភាពជួលបុគ្គលិកធ្វើការបន្ថែម។ ក្នុងន័យនេះ ការវិនិយោគភាគហ៊ុន គឺជាការចូលរួមចំណែកជួយបង្កើតការងារ និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។

    6. ទីផ្សារភាគហ៊ុនជាឧបករណ៍វាស់ស្ទង់សេដ្ឋកិច្ច៖ ផ្សារភាគហ៊ុនត្រូវបានគេចាត់ទុកជាជីពចរនៃសេដ្ឋកិច្ច ឬជាកញ្ចក់ដែលឆ្លុះបញ្ចាំងពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេស ដ្បិតទីផ្សារភាគហ៊ុនជាសូចនាករសេដ្ឋកិច្ចសំខាន់ដែលជាជំនួយសម្រាប់វិនិយោគិនក្នុងការរៀបចំ និងសម្រេចចិត្តវិនិយោគឱ្យបានត្រឹមត្រូវ ហើយទីផ្សារភាគហ៊ុនក៏អាចជួយពង្រីកចំណេះដឹងរបស់ប្រជាជនអំពីស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។

    លោកស្រី ហ៊ លីគា នាយិកានៃនាយកដ្ឋានស្រាវជ្រាវបណ្តុះបណ្តាលអភិវឌ្ឍន៍ទីផ្សារមូលបត្របានមានប្រសាសន៍ថា តាមពិតទៅការវិនិយោគមួយណាក៏មានហានិភ័យដែរ។ ការវិនិយោគទៅលើមូលបត្រ បើប្រៀបធៀបការដាក់លុយនៅក្នុងធនាគារវាមានហានិភ័យខ្ពស់ជាងធនាគារ។

    លោកស្រីបញ្ជាក់ថា តែប្រសិនបើប្រៀបធៀបជាមួយអចលនទ្រព្យ វាល្អជាង ព្រោះយើងមានហានិភ័យទាបជាង។ ដោយសារមូលហេតុថា នៅស្រុកគេអាចមានហានិភ័យខ្ពស់ ដោយសារតម្លៃប្រែប្រួលអត់មានដែនកំណត់ទេ ដោយឡែកនៅក្នុងស្រុកខ្មែរយើងវិញមានតម្លៃខ្ពស់បំផុត ជាឧទាហរណ៍ ថ្ងៃនេះថ្លៃ 5,000រៀលក្នុង1ហ៊ុន បើធ្លាក់ទាបបំផុត គឺត្រឹមតែ10% ដូច្នេះនៅសល់តែ4,500រៀលទេ ប៉ុន្តែបើថ្ងៃស្អែកឡើងថ្លៃ ខ្ពស់បំផុតគឺត្រឹមតែ10%ដូចគ្នា ដូច្នេះគឺ 5,500រៀល។

    ពោលគឺនៅស្រុកខ្មែរ យើងកម្រិតថ្លៃនៃបម្រែបម្រួលប្រចាំថ្ងៃគឺត្រឹម10% ដែលធ្វើឱ្យការវិនិយោគនៃទីផ្សារភាគហ៊ុននៅស្រុកខ្មែរ មិនសូវមានហានិភ័យទេ គឺហានិភ័យមានទាបមែនទែន។ ការមានហានិភ័យខ្ពស់ គឺមាននៅតែស្រុកគេទេ ពីព្រោះស្រុកគេមិនមានកំណត់ដែនបម្រែបម្រួលថ្លៃនេះទេ។

    ដូចជាតម្លៃភាគហ៊ុននៃក្រុមហ៊ុនមួយមានដំណើរការល្អ តែពេលណាមានពាក្យចចាមអារ៉ាមមិនល្អ ឬសេដ្ឋកិច្ចមានការប្រែប្រួល វានឹងធ្វើឱ្យទីផ្សារភាគហ៊ុនធ្លាក់ចុះភ្លាមៗ។ ដោយឡែកទីផ្សារនៅស្រុកខ្មែរយើង អត់អីទេ។ ការវិនិយោគក្នុងទីផ្សារមូលបត្រនៅស្រុកខ្មែរ មិនមានហានិភ័យខ្ពស់ទេដោយសារតែមូលហេតុ និងកត្តាខាងលើបានបញ្ជាក់ស្រាប់៕

  • ភរិយាលោក ខេមរៈ សិរីមន្ត សម្រាលបុត្រីទី 3 ដោយសុខសុវត្ថិភាព

    ភរិយាលោក ខេមរៈ សិរីមន្ត សម្រាលបុត្រីទី 3 ដោយសុខសុវត្ថិភាព

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក គេមើលឃើញថា ប្រពន្ធលោក ខេមរៈ សិរីមន្ត តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជាបានសម្រាលបុត្រីទី 3 ដ៏គួរឱ្យស្រលាញ់ និងមានទម្រង់មុខដូចឪពុកខ្លាំងណាស់ ។ ក្រោយសម្រាលភរិយារបស់កំពូលតារាចម្រៀងរូបនេះ និងកូនមានសុវត្ថិភាពទាំងពីរនាក់។

    ​កំពូលតារាចម្រៀងទាក់ចិត្តមហាជនរូបនេះ បាន​សម្តែង​អារម្មណ៍​រំភើប​សប្បាយរីករាយ​ ក្រោយពី​បានឃើញ​មុខ​កូនស្រី​ដែល​លោក​បាន​រង់ចាំ​អស់​រយៈពេល​ជាង 9 ខែ ។ ពេល​នេះដែរ ​ភរិយា​ និង ​កូនស្រី​របស់លោកមាន​សុខភាព​ល្អជា​ធម្មតា​ ហើយ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ឯកជនមួយ ។ មិន​ត្រឹមតែ​លោក ខេមរៈ សិរីមន្ត ទេ​ដែល​រីករាយ ​សូម្បីតែ​អ្នកគាំទ្រ​របស់លោកជាច្រើន​ ក៏បាន បង្ហាញ​នូវ​អារម្មណ៍​រំភើប ​និង​ រីករាយ​ជាមួយ​លោក​ផងដែរ ។

    ចង់ដឹងថា បុត្រីទី 3 របស់កំពូលតារាចម្រៀង សិរីមន្ដ គួរឱ្យស្រឡាញ់ និងមានមុខមាត់បែបណានោះ សូមទស្សនារូបភាពទាំងឡាយនេះ ៖

  • គម្រោងទឹកប្រាក់ប្រមាណជិត 8លានដុល្លារលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មស្វាយចន្ទី

    គម្រោងទឹកប្រាក់ប្រមាណជិត 8លានដុល្លារលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មស្វាយចន្ទី

    អង្គការ HEKS / EPER របស់ប្រទេសស្វ៊ីសបានប្រកាសពីយុទ្ធសាស្រ្តរយៈពេល 5ឆ្នាំ ចាប់ពីឆ្នាំ2018 ដល់2022 ដែលនឹងត្រូវចំណាយថវិកាប្រមាណ 7.8លានដុល្លារអាមេរិកផ្តល់ឱ្យទៅក្នុងកម្មវិធីនានាក្នុងវិស័យកសិកម្មប្រទេសកម្ពុជាដោយគេរំពឹងថា នឹងជួយបង្កើនសន្តិសុខស្បៀង និងប្រាក់ចំណូលរបស់សហគមន៍ក្រីក្រនៅតាមជនបទ និងការគ្រប់គ្រងដីធ្លីប្រកបដោយសុវត្ថិភាព។

    ប្រធានប្រចាំតំបន់អាស៊ី-អឺរ៉ុប នៃអង្គការ HEKS ប្រចាំប្រទេសស្វ៊ីសបានថ្លែងថា គម្រោងនេះនឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដែលចូលរួមក្នុងគម្រោង និងផ្ដោតសំខាន់ទៅលើការពង្រឹងសមត្ថភាព និងបច្ចេកទេសនៃការដាំដុះស្វាយចន្ទីការគ្រប់គ្រងដីធ្លី និងការពង្រីកទំនាក់ទំនងទីផ្សារកសិផលដើម្បីបង្កើនប្រាក់ចំណូល និងលើកស្ទួយសេដ្ឋកិច្ចនៅក្នុងសហគមន៍ទីជនបទ។

    លោក Marc Zoss ប្រធាននៃអង្គការ HEKS ប្រចាំអាស៊ី-អឺរ៉ុប បានឱ្យដឹងថា៖ “សម្រាប់គម្រោងថ្មីនេះ(ខ្សែចង្វាក់ផលិតកម្មស្វាយចន្ទី និងដីធ្លី) យើងរំពឹងថា វានឹងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទក្នុងខេត្តគោលដៅចំនួន7 ដោយផ្ទាល់យ៉ាងហោចណាស់ 10ម៉ឺននាក់ និងដោយប្រយោលប្រមាណ 25ម៉ឺននាក់”។ គម្រោងនេះនឹងត្រូវអនុវត្តនៅក្នុងខេត្តគោលដៅចំនួន7 រួមមានៈ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី និងខេត្តស្ទឹងត្រែង។

    លោក Marc Zoss ប្រធាននៃអង្គការ HEKS ប្រចាំអាស៊ី-អឺរ៉ុប

    នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយគម្រោង “ការលើកកម្ពស់ខ្សែចង្វាក់ផលិតកម្មស្វាយចន្ទី និងការគ្រប់គ្រងដីធ្លី” បានបញ្ជាក់ថា HEKS/EPER ដែលត្រូវបានបង្កើតឡើងដោយអង្គការ Swiss International NGO ក្នុងឆ្នាំ1946 ទទួលបានជំនួយគាំទ្រពី Swiss Protestant Churches។

    បច្ចុប្បន្នអង្គការនេះកំពុងធ្វើកិច្ចការនៅក្នុងប្រទេសចំនួន33 ហើយក្នុងអំឡុងពេលប្រតិបតិ្តការប្រមាណ 40ឆ្នាំនៅកម្ពុជាចាប់តាំងពីឆ្នាំ1979។ អង្គការនេះបានជួយលើកកម្ពស់ជីវភាពប្រជាកសិករក្រីក្រកម្ពុជាប្រមាណជាង 40,000គ្រួសារតាមរយៈការគាំទ្រស្បៀងអាហារ។

    លោកស្រី Carin Saleno នាយិកាប្រចាំប្រទេសកម្ពុជានៃទីភ្នាក់ងារអភិវឌ្ឍន៍នៃប្រទេសស្វ៊ីស បានថ្លែងថា ដើម្បីឱ្យគម្រោងនេះដំណើរការបានដោយជោគជ័យវាចាំបាច់ត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាកសិករក្នុងសហគមន៍មូលដ្ឋាន និងស្ថាប័នជំនាញរបស់រដ្ឋាភិបាលកម្ពុជា។

    លោកស្រីថ្លែងថា៖ “គម្រោងនេះ នឹងស្វែងរកទីផ្សារច្បាស់លាស់មួយដែលអាចធានាបាននូវស្ថិរភាពនៃតម្លៃទីផ្សារសម្រាប់សហគមន៍ និងជួយពង្រឹងចំណេះដឹង បច្ចេកទេសនៃការដាំដុះស្វាយចន្ទី”។

    ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្មបានថ្លែងនៅក្នុងសិក្ខាសាលានោះថា ស្វាយចន្ទី ជាដំណាំយុទ្ធសាស្ត្រសំខាន់ៗទាំង10 នៅកម្ពុជា “បច្ចុប្បន្ន ប្រជាកសិករយើងកំពុងកែប្រែទម្លាប់ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់លក់ ព្រោះដំណាំស្វាយចន្ទីមានទីផ្សារខ្ពស់ ផ្អែកលើការប្រែប្រួលនេះយើងអាចសន្និដ្ឋានថា កសិករយើងកំពុងប្រែក្លាយខ្លួនចេញពីកសិករទៅជាកសិ-ពាណិជ្ជករ”។

    ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម

    ឯកឧត្តម វណ្ណហន បានបញ្ជាក់ថា ក្នុងឆ្នាំ2017-2018 ផ្ទៃដីដាំដុះស្វាយចន្ទីមាននៅក្នុង 22ខេត្តទូទាំងប្រទេសកម្ពុជា ដែលមានខេត្តកំពង់ធំ កំពង់ចាម ក្រចេះ និងរតនគិរីជាអ្នកផលិតកំពូល ដោយមានផ្ទៃដីសរុប 149,660ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលបាន មានចំនួន 87,621ហិកតាដោយទទួលបានបរិមាណផលចំនួន116,343តោន។

    ឯកឧត្តម ហ៊ាន វណ្ណហន បានស្វាគមន៍ចំពោះការងាររបស់អង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសស្វ៊ីសដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនជំនាញដល់កសិករនៅពេលនេះថា ផលិតផលរបស់ពួកគេកំពុងត្រូវបានលក់ចេញក្រៅប្រទេសជាញឹកញាប់។ ឯកឧត្តមបានស្នើឱ្យ HEKS / EPER និងដៃគូអភិវឌ្ឍន៍ដទៃទៀតពិចារណាលើគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់រដ្ឋាភិបាលនៅពេលគ្រោងធ្វើការងាររបស់ពួកគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

    ឯកឧត្តមបានអះអាងថា៖ “យោងតាមគោលនយោបាយរបស់យើង រដ្ឋាភិបាលនឹងផ្តល់ការលើកទឹកចិត្តដល់ក្រុមហ៊ុនដែលចូលរួមក្នុងសកម្មភាពកែលម្អជួយសម្របសម្រួលការដឹកជញ្ជូន សម្រួលដល់ការធ្វើពាណិជ្ជកម្ម និងធ្វើការស្រាវជ្រាវទីផ្សារដើម្បីកំណត់ផលិតផលដែលល្អបំផុតសម្រាប់ការនាំចេញក៏ដូចជាវិធីសាស្រ្តបន្ថែមតម្លៃដល់ខ្សែចង្វាក់ផលិតកម្ម”។

    នៅឆ្នាំ2017 ប្រទេសកម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីចំនួន73,000តោន ដែលស្ទើរតែទាំងអស់ត្រូវបានបញ្ជូនទៅប្រទេសវៀតណាមជិតខាង៕

  • ចូលរួមរំលែកទុក្ខក្រៀមក្រំ ឪពុកតារាសម្ដែង ឆៃលី ដាឡែន ទទួលមរណភាព

    ចូលរួមរំលែកទុក្ខក្រៀមក្រំ ឪពុកតារាសម្ដែង ឆៃលី ដាឡែន ទទួលមរណភាព

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្ដែងស្រី ឆៃលី ដាឡែន បានបង្ហោះឱ្យដឹងថា ឪពុករបស់អ្នកនាង បានទទួលមរណភាពក្នុងវ័យ 68 ឆ្នាំ នៅយប់ថ្ងៃទី27 ខែ វិច្ឆិកា ឆ្នាំ 2018 វេលាម៉ោង10 និង20នាទីនោះ ដោយជំងឺគាំងបេះដូងតាំងដែលរាងកាយរឹងមាំ មិនទ្រុឌទ្រោមដូចមនុស្សចាស់ធម្មតាឡើយ។

    លោក មឿន ឆៃ គឺជាម្ចាស់វង់តតន្ត្រីល្បីឈ្មោះប្រចាំនៅខេត្តបាត់ដំបង និងមានសកម្មភាពសកម្មចេញភ្លេងមិនដូចមនុស្សមានសុខភាពខ្សោយនោះទេ ទើបសូម្បីតែអ្នកស្គាល់រាប់អានអ្នកនាង ឆៃលី ដាឡែន ក៏រន្ធត់ចិត្តនៅពេលដែលដឹងថា ឪពុកស្រាប់តែគាំងបេះដូងស្លាប់ភ្លាមៗបែបនេះ។

    អ្នកនាង ឆៃលី ដាឡែន ដែលមានឈ្មោះកំណើតថា មឿន ម៉ាឡែន បានបញ្ជាក់ទាំងរន្ធត់ថា អ្នកនាងពិតជាមិនអាចទទួលយកបាន ក្នុងពេលដែលឪពុករបស់អ្នកនាងដែលមានសុខភាពល្អមិនដែលមានបញ្ហាសុខភាពអ្វីពីមុនទាល់តែសោះ បែរជាទទួលមរណភាពដោយគាំងបេះដូងក្នុងវ័យ68ឆ្នាំ ធ្វើឱ្យគ្រួសាររបស់អ្នកនាងសឹងតែមិនទទួលយកបាន។ អ្នកនាងថាខ្លួនចេញពីភ្នំពេញទាំងយប់ ដោយទើបមកដល់ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី28 ខែ វិច្ឆិកា ដើម្បីរៀបចំបុណ្យសពឱ្យឪពុក។ អ្នកនាងបន្ដថា សពឪពុកនឹងតម្កល់ធ្វើបុណ្យនៅខេត្តបាត់ដំបង រហូតដល់ថ្ងៃសុក្រទី30 ខែ វិច្ឆិកា នឹងកំណត់បូជា ដោយអ្នកនាងស្នើឱ្យសាច់ញាតិបងប្អូន និងតារាសិល្បៈចូលរួមតាមការគួរ ដើម្បីជូនដំណើរឪពុកនាងលើកចុងក្រោយ ក្នុងគ្រាដែលឪពុកក៏មានស្នាដៃក្នុងវិស័យសិល្បៈ ដោយបានបណ្ដុះតារាចម្រៀងមិនតិចនាក់កន្លងមក តាមរយៈការបង្កើតវង់តន្ត្រីប្រចាំនៅខេត្តបាត់ដំបង៕

  • ក្រសួង​ការងារ និង ILO ពង្រឹង​ការពិនិត្យ​តាមដាន​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត

    ក្រសួង​ការងារ និង ILO ពង្រឹង​ការពិនិត្យ​តាមដាន​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត

    ដើម្បី​អនុវត្ត​ការងារ​ឱ្យមាន​ប្រសិទ្ធភាព ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) បានរៀបចំ​សិក្ខាសាលា​កម្រិត​ខ្ពស់​មួយ​ស្តីពី​ការពិនិត្យ​តាមដាន​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​និយោជិត​ដែល​នឹងត្រូវ​អនុវត្ត​ការដំឡើង​ប្រាក់​ឈ្នួល​ដែល​បាន​ព្រមព្រៀង​តាមច្បាប់​នៅ​ដើមឆ្នាំ2019 ខាងមុខនេះ។

    ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា ទាំងអស់​គឺ​ដើម្បី​ធានាបាន​នូវ​យន្ត​ការកំណត់​ប្រាក់​ឈ្នួល​អប្បបរមា ដែល​ពិត​ជាមាន​សារប្រយោជន៍​យ៉ាងខ្លាំង ក្នុងការ​ធានាបាន​នូវ​ភាពសុខដុមរមនា​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ក៏ដូចជា​ការលើកកម្ពស់​កម្រិតជីវភាព​របស់​កម្មករនិយោជិត ព្រមទាំង​ធានាបាន​នូវ​ស្ថិរភាព និរន្តរភាព​នៃ​វិស័យ​ពាណិជ្ជកម្ម និង​ការទាក់ទាញ​ការវិនិយោគ​នៅ​ប្រទេស​កម្ពុជា។

    ឯកឧត្តម​បញ្ជាក់ថា ការបន្ត​រីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច ក៏បានផ្តល់​លទ្ធភាព​ឱ្យ​រាជរដ្ឋាភិបាល អាច​អភិវឌ្ឍ និង​ពង្រីក​បានជា​បន្តបន្ទាប់​នូវ​ប្រព័ន្ធ​គាំពារ​សង្គម​សម្រាប់​កម្មករនិយោជិត និង​ក្រុមគ្រួសារ​របស់​ពួកគេ ដោយបាន​ដាក់ឱ្យអនុវត្ត​នូវ​របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ និង​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដែល​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​កំណត់ឱ្យ​និយោជក​ជា​អ្នក​បង់​វិភាគទាន100% ជំនួស​កម្មករនិយោជិត​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ចាប់តាំងពី​ខែមករា ឆ្នាំ2018 កន្លងមក។ លើសពីនេះ កម្មការិនី​ដែល​សម្រាលកូន​ត្រូវ​ទទួលបាន​ការផ្តល់​សាច់ប្រាក់ 40ម៉ឺន​រៀល​ក្នុង​កូន​ម្នាក់ ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​ទាំង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។

    ឯកឧត្តម​បាន​បន្តថា ទន្ទឹមនេះ ការបន្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង ជា​បន្ត​បន្ទាប់ពី​ចំនួន 40ដុល្លារ​អាមេរិក​ក្នុង​មួយខែ​ចាប់តាំងពី​ឆ្នាំ1997 រហូតដល់182ដុល្លារ​អាមេរិក​ក្នុង​មួយខែ​នៅ​ឆ្នាំ2019 ខាងមុខនេះ បូក​នឹង​ប្រាក់​អត្ថប្រយោជន៍​បន្ថែមផ្សេងៗទៀត កម្មករ និយោជិតម្នាក់ៗអាច​ទទួលបាន​ប្រាក់​ឈ្នួល​ជា​មធ្យម​ពី 199-210ដុល្លារ​អាមេរិក​ក្នុង​មួយខែ ដែល​កម្រិត​ប្រាក់​ឈ្នួល​នេះ​បាន​ជួយ​ធ្វើឱ្យ​កម្រិតជីវភាព​រស់នៅរ​បស់​កម្មករនិយោជិត​កាន់តែ​ល្អប្រសើរ​ឡើង។

    លោក Graeme Buckley នាយក​ប្រចាំ​តំបន់​របស់​អង្គការ ILO ប្រចាំ​នៅ​ប្រទេស​កម្ពុជា ថៃ និង​ឡាវ បានឱ្យដឹងថា សិក្ខាសាលា​កម្រិត​ខ្ពស់​នៅថ្ងៃនេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​បច្ចេកទេស​មួយកម្រិត​ទៀត​លើ​ការត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​ភាគី​រាជរដ្ឋាភិបាល ដែលជា​សមាជិក​គណៈកម្មកា​រ​ប្រឹក្សា​ការងារ និង​ក្រុមការងារ​បច្ចេកទេស​ច​រ​ចា​ប្រាក់​ឈ្នួល ព្រមទាំង​ប្រមូល​ធាតុ​ចូល​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​បង្កើត​បណ្តុំ​សូចនាករ​តាមដាន និង​វាយតម្លៃ​ផលវិបាក​នៃ​បម្រែបម្រួល​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​កម្ពុជា នាពេល​បច្ចុប្បន្ន និង​អនាគត។

    ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក៏បាន​ឱ្យដឹង​ដែរ​ថា សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ចំនួន​សរុប​ជាង 1ម៉ឺន 2ពាន់​កន្លែង និង​មាន​កម្មករនិយោជិត​សរុប​ចំនួន​ជិត 1លាន 5សែន​នាក់។ សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​សរុប​មាន​ចំនួន​ជិត 6សែន​កន្លែង មាន​កម្មករ​ចំនួន​ជាង 2លាន 4សែន​នាក់។ វិស័យ​កសិកម្ម​មាន​ប្រមាណ​ជាង 4លាន​នាក់ ពលករ​ធ្វើការ​នៅក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ 1លាន 2សែន​នាក់ និង​មន្ត្រី​សាធារណៈ​ចំនួន​ប្រមាណ​ជាង 5សែន​នាក់៕

  • ការស្រាវជ្រាវ​រកឃើញ​ថា ស្ត្រី​ងាយ​ប្រឈម​នឹង​បាត់បង់​ការងារ​ដោយសារ​ម៉ាស៊ីន​អាច​ជំនួស​បាន

    ការស្រាវជ្រាវ​រកឃើញ​ថា ស្ត្រី​ងាយ​ប្រឈម​នឹង​បាត់បង់​ការងារ​ដោយសារ​ម៉ាស៊ីន​អាច​ជំនួស​បាន

    បើទោះបីជា​ការអប់រំ​សម្រាប់​ស្ត្រី​លើ​ពិភពលោក​មាន​សភាព​ប្រសើ​រ​ឡើង​ជាង​មុន​ក៏ដោយ តែ​បច្ចុប្បន្ននេះ​ស្ត្រី​ក្នុងប្រទេស​មួយចំនួន​នៅមាន​បញ្ហា​ប្រឈម​នៅឡើយ​ចំពោះ​ការទទួលយក​ចំណេះដឹង និង​ក្នុង​វិស័យ​ការងារ។ ស្ត្រី​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន​បាន និង​កំពុងធ្វើការ​ងារ​ក្នុង​រោងចក្រ សហគ្រាស និង​ការងារ​ទាំងឡាយណា​ដែល​ត្រូវ​ការជំនាញ​តិច ឬ​ជំនាញ​វិជ្ជាជីវៈ​ដើម្បី​បំពេញបន្ថែម​ដល់​ការងារ​ផលិតកម្ម​មួយចំនួន​ប៉ុណ្ណោះ។

    ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បដិវត្តន៍​ឧស្សាហ​កម្មបាន​ចូលមក​ដល់ ធ្វើឱ្យ​ការងារ​របស់​មនុស្ស​ទាំង​ឡាយ​ណា​ដែល​ធ្វើដដែលៗនឹងត្រូវ​ជំនួស​ដោយ​ម៉ាស៊ីន។ មនុស្ស​នឹងត្រូវ​ជំនួស​កន្លែង​ដោយ​ម៉ាស៊ីន​ដែល​អាចធ្វើ​ការងារ​បាន​ដោយ​គ្មាន​ពេល​ឈប់សម្រាក និង​មិនចេះ​ត្អូញត្អែរ។ សកម្មភាព​នេះ ផ្តល់​ទាំង​ផល​វិជ្ជមាន និង​អវិជ្ជមាន​សម្រាប់​ពិភពលោក។ ផល​វិជ្ជមាន គឺ​មនុស្ស​អាចបំពេញ​តម្រូវកា​រ​គ្រប់បែបយ៉ាង​ក្នុងការ​ផលិត​ដោយ​មិនបាច់​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន​តទៅទៀត តែ​ផល​អវិជ្ជមាន ឬ​គុណវិបត្តិ គឺ​មនុស្ស​រាប់លាន​នាក់​ដែល​កំពុងធ្វើការ​ងា​រដដែលៗនោះ អាច​នឹង​បាត់បង់​ការងារ​របស់​ពួកគេ។

    តាម​ការស្រាវជ្រាវថ្មីៗនេះ​បានបង្ហាញ​ឱ្យឃើញថា បច្ចេកវិទ្យា AI និង​សកម្មភាព​ស្វ័យប្រវត្តិកម្ម​នៃ​គ្រឿង​ម៉ាស៊ីន (automation) អាចបង្កើត​ហានិភ័យ​ដល់​ស្ត្រី​ខ្ពស់ជាង​បុរស​ចំពោះ​ការបាត់បង់​ការងារ។ ការស្រាវជ្រាវ​បានបង្ហាញ​ថា ស្ត្រី​ចំនួន 11% ប្រឈម​នឹង​ការបាត់បង់​ការងារ​នៅពេលដែល​ម៉ាស៊ីន​មក​ជំនួស​មនុស្ស​បាន ស្រប​ពេលដែល​បុរស​មាន​ចំនួន​ត្រឹមតែ 9%ប៉ុណ្ណោះ។ តាម​ការប៉ាន់ស្មាន ស្ត្រី​ចំនួន 26លាន​នាក់​ក្នុងប្រទេស​ចំនួន 30លើ​ពិភពលោក​អាច​នឹង​បាត់បង់​ការងារ​ដោយសារតែ​បច្ចេកវិទ្យា ​AI៕

  • កូរ៉េខាងជើង និង​ខាងត្បូង រួម​កម្លាំង​គ្នា​ដើម្បី​យក​ចំបាប់ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់ UN

    កូរ៉េខាងជើង និង​ខាងត្បូង រួម​កម្លាំង​គ្នា​ដើម្បី​យក​ចំបាប់ ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់ UN

    កិច្ចព្រមព្រៀង​សន្តិភាព​ដ៏​ពេញលេញ​មួយ​រវាង​កូរ៉េខាងជើង និង​ខាងត្បូង អាច​នៅតែ​ស្ថិតក្នុង​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ​ក្នុងការ​ឈានទៅដល់ ប៉ុន្តែ​ប្រទេសជិតខាង​ទាំង2 បាន​បោះជំហាន​ទៅមុខ​លើផ្លូវ​មួយ​ផ្សេងទៀត​ខាង​ផ្នែក​វប្បធម៌​កាលពី​ថ្ងៃ​ចន្ទ នៅពេលដែល​ពួកគេ​បានរួម​កម្លាំង​គ្នា​ដើម្បី​ធ្វើឱ្យ​ប្រពៃណី​ក្បាច់​ចំបាប់​បុរាណ​របស់ខ្លួន​បាន​ចូលទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​របស់​អង្គការសហប្រជាជាតិ (UN)។

    កីឡា​ចំបាប់ Ssirum នៅ​កូរ៉េខាងជើង ឬ Ssireum នៅ​កូរ៉េខាងត្បូង មាន​ប្រវត្តិ​តាំងពី 1,800ឆ្នាំមុន ប៉ុន្តែ​កីឡា​នេះ​នៅតែ​ទាក់ទាញ​ទស្សនិកជន​ជាច្រើន​ក្នុងការ​ប្រកួត​ថ្នាក់ជាតិ និង​អន្តរជាតិ ដែលមាន​ការផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍។

    កាលពី​ថ្ងៃ​ចន្ទ កីឡា​នេះ​ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​របស់ UN ដែល​ត្រូវបាន​គេ​ផ្តល់​ឈ្មោះ​ឱ្យ​ថា «កេរតំណែល​គ្មាន​រូបរាង» ក្រោយពី​ការផ្លាស់ប្តូរ​ផ្នែក​ការទូត​ដោយ​អង្គការ UNESCO អស់​រយៈពេល​ជាច្រើន​ខែ​រវាង​កូរ៉េខាងជើង និង​ខាងត្បូង ខណៈដែល​ដំបូង​ឡើយ​ប្រទេស​ទាំង2 បានដាក់​ការស្នើសុំ​ដាច់ដោយឡែក​ពីគ្នា។

    លោក Audrey Azoulay ប្រធាន​អង្គការ UNESCO បានឱ្យដឹងថា៖ «ការស្នើសុំ​ចុះបញ្ជី​រួមគ្នា​នេះ បានបង្ហាញ​ពី​ជំហាន​ដ៏​គួរឱ្យកត់សម្គាល់​មួយ​នៅលើ​ដំណើរ​ផ្លូវ​នៃ​ការរួបរួម​គ្នា​របស់​អន្តរ​កូរ៉េ។ វា​បាន​រំឭក​ឡើងវិញ​នូវ​ការកសាង​សន្តិភាព​នៃ​បេតិកភណ្ឌ​វប្បធម៌»។ មន្ត្រី​ទូត​ផ្នែក​វប្បធម៌ ត្រូវតែ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង​ភាព​ផ្សេងគ្នា​នៃ​លិខិតស្នាម​ក្នុងការ​បកប្រែ​ឈ្មោះ​របស់​កីឡា​នេះ​ជា​ភាសា​អង់គ្លេស​ផងដែរ៕

    ប្រភពពី៖ Channel News Asia

  • យុវជន​មួយក្រុម​រួមគ្នា​ធ្វើ​ការងារ​បណ្ណាល័យ​ដើម្បី​ចូលរួម​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG)

    យុវជន​មួយក្រុម​រួមគ្នា​ធ្វើ​ការងារ​បណ្ណាល័យ​ដើម្បី​ចូលរួម​ក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG)

    គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព (SDG) 2030 ជា​ចំណុច​ដ៏​សំខាន់​ដែល​ពិភពលោក​កំពុង​ចាប់អារម្មណ៍ ព្រោះ​គោលដៅ​នេះ​អាច​នឹង​ធ្វើឱ្យ​ពិភពលោកកាន់តែ​ប្រសើរឡើង​ទាំង​ការរស់នៅ​របស់​ប្រជាជន ការកាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន និង​ការបង្កើត​ជីវភាព​រស់នៅ​សមរម្យ​របស់​មនុស្ស​ក្នុងសង្គម។

    ក្នុងចំណោម​ផ្នែក​ទាំង​អស់នៃ​គោលដៅ (SDG) បណ្ណាល័យ​ជា​គោលដៅ​ស្នូល​យ៉ាងសំខាន់​មួយ​ដែល​គ្រប់​ប្រទេស​ទាំងអស់​កំពុង​យកចិត្តទុកដាក់ ជាពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍។ នៅ​កម្ពុជា យុវជន​ខ្មែរ​មួយក្រុម​ដែល​ស្រឡាញ់ និង​មើលឃើញ​ពី​វិស័យបណ្ណាល័យ​នេះ​បាន​បង្កើត​គម្រោង​មួយ​ឈ្មោះថា “បណ្ណាល័យ​សម្រាប់​ការអភិវឌ្ឍ” ដើម្បី​ចូលរួមចំណែក​ជំរុញ​កម្ពុជា​ឱ្យ​ដើរ​ស្របទៅនឹង​អ្វីដែល​ជាការ​រំពឹងទុក​ជា​វិជ្ជមាន​ជាស​កល​នៃ​គោលដៅ​អភិវឌ្ឍន៍ ​ប្រកបដោយ​ចីរភាព​ឆ្នាំ 2030។ នៅថ្ងៃនេះ អ្នកសារព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ បាន​ជួប​សម្ភាសជាមួយ​កញ្ញា សាន សុ​ខហ៊ី​វ សហ​ស្ថាបនិក​នៃ​គម្រោង​បណ្ណាល័យ​សម្រាប់​ការអភិវឌ្ឍ ដើម្បី​បង្ហាញ​ពី​សកម្មភាព និង​ហេតុផលសំខាន់ៗសម្រាប់​សាធារណជន​អាច​យល់ដឹង និង​ទាញយក​ប្រយោជន៍​ពី​ការងារ​បណ្ណាល័យ​នេះ។

    1. ហេតុអ្វី​បានជា​ក្រុមការងារ​របស់​កញ្ញា​ប​ង្កើ​ត​គម្រោង​បណ្ណាល័យ​សម្រាប់​ការអភិវឌ្ឍ​នេះ​ឡើង?
    មូលហេតុ​ដំបូង​ដែល​ខ្ញុំ និង​ក្រុមការងារ​បង្កើត​គម្រោង​បណ្ណាល័យ​សម្រាប់​ការអភិវឌ្ឍ​នេះ ព្រោះ​ពួកយើង​ចង់​លើក​ស្ទូ​យ​វិស័យ​បណ្ណាល័យ​នៅ​កម្ពុជា ព្រោះ​វិស័យនេះ​មាន​មនុស្ស​តិចតួច​ណាស់​ដែល​ចាប់អារម្មណ៍ តែ​វា​មានគុណ​ប្រយោជន៍​ខ្លាំង​សម្រាប់​កម្ពុជា។ កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍ និង​ត្រូវការធនធានមនុស្ស​ជាច្រើន​សម្រាប់​បម្រើ​ការងា​រលើ​គ្រប់​វិស័យ ហេតុនេះ​ការស្រាវជ្រាវ និង​ការបង្កើតប្រភព​ឯកសារ​ជា​ចំណុច​ចាំបាច់​បំផុត​សម្រាប់​យុវជន​ខ្មែរ ដែល​កំពុង​ត្រូវការ​ចំណេះដឹងសំខាន់ៗសម្រាប់ធ្វើ​ការងារ​តាម​វិស័យរៀងៗខ្លួន។ ក្រៅពីនេះ បណ្ណាល័យ​មិនមែន​មាន​ត្រឹមតែ​ឯកសារ​សម្រាប់​អាន​នោះទេ វា​ជា​មជ្ឈមណ្ឌល​ជំនួយ​សម្រាប់​ការស្រាវជ្រាវ និង​ដោះស្រាយ​បញ្ហា​របស់​អ្នកជំនាញ។ នៅពេល​អ្នកជំនាញ​ត្រូវការ​ឯកសារ បណ្ណាល័យ​អាច​ផ្តល់​សេវាកម្ម​សង្ខេប ឬ​ផ្តល់នូវ​ប្រភព​ឯកសារ​ដែលមាន​លើ​ពិភពលោក​សម្រាប់​ពួកគេ​ថែម​ទៀតផង។

    លើសពីនេះទៅទៀត យើង​ឃើញថា​វិស័យ​នៃ​ការអាន​នៅ​កម្ពុជា​នៅមានកម្រិត ហេតុនេះ​គម្រោង​របស់​យើង​ក៏មាន​កម្មវិធី​ជំរុញ​ការអាន​ដល់​យុវជន​ឱ្យកាន់​តែមាន​ចំនួន​ច្រើនឡើង​ផងដែរ។

    2. តើ​គម្រោង​នេះ​មានកម្ម​វិធីសំខាន់ៗអ្វីខ្លះ​នៅក្នុង​នោះ? ហើយ​កម្មវិធីនីមួយៗផ្តល់​សារៈសំខាន់​អ្វីខ្លះ​ដល់​ប្រជាជន​ខ្មែរ?
    ដើម្បីឱ្យ​គម្រោង​បណ្ណាល័យ​សម្រាប់​ការអភិវឌ្ឍ​នេះ​ជោគជ័យ និង​ផ្តល់​ផលប្រយោជន៍​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់រូប​កាន់តែច្រើន យើង​មាន​បង្កើត​កម្មវិធីសំខាន់ៗចំនួន 5 ដូចជា កម្មវិធី​អភិវឌ្ឍ​ន៍យុវជន កម្មវិធី​ផ្លាស់ប្តូរ​សៀវភៅ កម្មវិធី​ប្រកួត​តែង​កំណាព្យ ការធ្វើ​ទស្សនកិច្ច​នៅ​បណ្ណាល័យ និង​ការពង្រឹង​សេវា​បណ្ណាល័យ។

    កម្មវិធី​អភិវឌ្ឍន៍​យុវជន ត្រូវធ្វើឡើង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​យុវជន​ដែល​ស្រឡាញ់​ការអាន និង​មិនទាន់​យល់​ពី​ការអាន រួមគ្នា​ជួយ​ការងារ​សង្គម និង​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ដ៏​ទាក់ទាញ​សំដៅ​ធ្វើឱ្យ​ពួកគេ​មាន​ភាព​សកម្ម​កាន់តែខ្លាំង​ដែល​ឈានទៅក្លាយជា​អ្នកអាន និង​ប្រើប្រាស់​សេវា​បណ្ណាល័យ​យ៉ាងសកម្ម​នៅ​ថ្ងៃ​អនាគត។

    ចំណែកឯ​កម្មវិធី​ផ្លាស់ប្តូរ​សៀវភៅ​ពួកយើង​មាន​គោលបំណង​ចង់ឱ្យ​មហាជន​ឱ្យ​តម្លៃ​កាន់តែខ្លាំង​លើ​ការអាន និង​ការបណ្តុះ​វប្បធម៌​ការអាន។ នៅពេល​មនុស្ស​ចាប់ផ្តើម​ចេះ​ជូន​សៀវភៅ​គ្នា មានន័យថា ​ការចែករំលែក​ចំណេះ​ដឹងបាន​ក្លាយជា​រឿង​ពេញនិយម ដែល​រុញ​សង្គម​ឱ្យ​កាន់តែ​មាន​ភាព​វិជ្ជមាន។ ងាក​មក​ការប្រកួត​កំណាព្យ​វិញ ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ផងដែរ​ដែល​គម្រោង​រប​ស់​យើង​យកចិត្តទុកដាក់។ យើង​គ្រប់គ្នា​ឃើញ​ហើយ​ថា បញ្ហា​នៃ​ការអាន​នៅ​កម្ពុជា​មិនទាន់​ស្ថិតក្នុង​ស្ថានភាព​ប្រសើរ​ខ្លាំង​នៅឡើយ​ទេ ក្នុងដំណាក់កាល​នេះ​កំណាព្យ​ស្ទើរតែ​ត្រូវបាន​គេ​បំភ្លេចហេតុនេះ​ការ​គាស់​រំឭក និង​បង្កើតឱ្យមាន​កម្មវិធី​ប្រកួត​កំណាព្យ អាចជួយ​ឱ្យ​សាធារណជន​មើលឃើញ​ពី​ភាពល្អ​ឯក និង​ច្នៃប្រឌិត​របស់​កំណាព្យ​ខ្មែរ ដែល​អាច​ផ្តល់​ទាំង​ការកម្សាន្ត និង​ចំណេះដឹង។

    ក្រៅពីនេះ​យើង​ក៏មាន​រៀបចំ​កម្មវិធី​ឱ្យ​យុវជននិង​សាធារណជន​ស្គាល់​បណ្ណាល័យ​ឱ្យបាន​កាន់តែច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ។ តាមពិត​យើង​មាន​បណ្ណាល័យ​ច្រើនណាស់ តែ​អ្វីដែល​យើង​ជា​កត្តា​ប្រឈម​នាពេល​បច្ចុប្បន្ន​គឺ​មនុស្ស​មិនសូវ​ស្គាល់​បណ្ណាល័យ​ទាំងអស់នោះ។ បន្ទាប់ពី​យើង​នាំ​ប្រជាជន​ឱ្យ​ស្គាល់​បណ្ណាល័យ យើង​នឹង​ឈាន​មួយ​ជំហាន​ទៀ​តទៅ​លើក​ពង្រឹងគុណភាព​បណ្ណាល័យ​តាមរយៈ​ការផ្តល់​ឱកាស​ឱ្យ​សាធារណជន ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ​នានា​ចូលរួមចំណែក​បរិច្ចាគ​ធនធានសៀវភៅ សម្ភារ បច្ចេកវិទ្យា និង​សកម្មភាពផ្សេងៗទៀត​ដល់​បណ្ណាល័យ​ដែល​នៅ​ខ្វះខាត។

    3. តើ​គម្រោងនីមួយៗជួយ​អ្វីខ្លះ​ដល់​កម្ពុជា​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍ​ន៍ដោយ​ចីរភាព (SDG) 2030?
    តាមពិតទៅ​គម្រោង​ទាំងអស់​សុទ្ធតែ​អាចជួយ​កម្ពុជា​ឱ្យ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ 2030ទាំងអស់។ ជាក់ស្តែង​ដូច​យើង​បាន​មើលឃើញ​ហើយ​ថា​ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ត្រូវការ​ជា​ចាំបាច់​នូវ​ធនធានមនុស្ស​ដែលមាន​សក្តានុពល ហេតុនេះ​កម្មវិធី​របស់​យើង​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ដល់​ការអភិវឌ្ឍធនធានមនុស្ស។ ម្យ៉ាងវិញទៀត វិស័យ​បណ្ណាល័យ​នេះ គឺ​មានចែង​យ៉ាងច្បាស់​នៅក្នុង​គោលដៅ​អភិវឌ្ឍ​ន៍ប្រកបដោយ​ចីរភាព​នេះ។ បណ្ណាល័យ​ជា​ច្រក​យ៉ាងសំខាន់ ក្នុងការ​ជំរុញឱ្យមាន​ការចែករំលែក​ចំណេះ​ដឹងបាន​យ៉ាង​ទូលំទូលាយ និង​កាត់បន្ថយ​វិសមភាព​សង្គម ព្រោះ​អ្នកណា​ក៏​អាច​ចេះដឹង​បានដែរ​ប្រសិនបើ​គាត់​ទៅ​បណ្ណាល័យ​នៅក្នុង​តំបន់​របស់គាត់។

    4. តើ​ការរៀបចំ​គម្រោង​នេះ​មាន​កត្តា​ប្រឈម នឺង​ផល​លំបាក​អ្វីខ្លះ? ហើយ​ក្រុមការងារ​ដោះស្រាយ​បែបណាខ្លះ?
    កត្តា​ប្រឈម​សម្រាប់​គម្រោង​គឺ បញ្ហា​ការចូលរួម​របស់​យុវជន​នៅមានកម្រិត​នៅឡើយ ហើយ​ការផ្សព្វផ្សាយ​ក៏​មិនទាន់​ត្រូវបាន​ធ្វើឱ្យបាន​ទូលំទូលាយ។ ជាធម្មតា កម្មវិធី ឬ​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​ការអប់រំ ចាំបាច់​ត្រូវមាន​ការផ្សព្វផ្សាយ និង​ពន្យល់​យូរអង្វែង​ទើប​ទទួលបាន​ជោគជ័យ។ ទោះជា​យ៉ាងនេះ​ក្តី ការវិនិយោគ​ជាមួយ​វិស័យ​អប់រំ ត្រូវការ​ពេលវេលា​យូរ តែ​ក៏បាន​ផ្លែផ្កា​យូរអង្វែង​ផងដែរ​សម្រាប់​សង្គម៕

  • លោក ថៃ វ៉ាន់ថា៖ កុំ​បោះបង់ បើ​យើង​ពិតជា​ស្រឡាញ់​អាជីវកម្ម​ពិតប្រាកដ

    លោក ថៃ វ៉ាន់ថា៖ កុំ​បោះបង់ បើ​យើង​ពិតជា​ស្រឡាញ់​អាជីវកម្ម​ពិតប្រាកដ

    បើ​និយាយ​ពី​វិស័យ​សិល្បៈ​ថតរូប លោក ថៃ វ៉ាន់ថា ឬ​អ្នក​រាល់គ្នា​ធ្លាប់​ស្គាល់​គាត់​ថា លោក Jerry Thai ជា​បុគ្គល​ដ៏​លេចធ្លោ​មួយរូប​ដែល​បាន​បង្កើត​ស្នាដៃ​ជាច្រើន​ក្នុង​អាជីវកម្ម​ថតរូប និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ បើ​ងា​កមក​មើល​ពី​ការជួយ​អភិវឌ្ឍ​យុវជន​វិញក៏លោក Jerry Thai ជា​បុគ្គល​ម្នាក់​ដែល​យុវជន​ភាគច្រើន​ស្គាល់​ថា​ជា​ស្ថាបនិក និង​វាគ្មិនកម្មវិធី​ចែករំលែក​បទពិសោធល្អៗជាច្រើន រហូតដល់​យុវជន​ខ្លះ​ដែល​ផ្តើម​ពីជីវិត​និស្សិត​យ៉ាង​សាមញ្ញ ក្លាយទៅជា​បុគ្គល​សំខាន់ និង​ឈានទៅ​ក្លាយជា​សហគ្រិន​ទៀតផង។

    នៅថ្ងៃនេះ​កាសែត ឡា​រ៉ែ​ន ពាណិជ្ជ បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក Jerry Thai ស្ថាបនិកក្រុមហ៊ុន @homePhotography និង INSPIRED.Cambodia​ ដើម្បី​ចែករំលែក​ពីបទ​ពិសោធ​ក្នុង​ការធ្វើ​អាជីវកម្ម និងគំនិតល្អៗជាច្រើន​ក្នុងការដោះស្រាយបញ្ហាលំបាកៗដើម្បី​កសាង​អាជីវកម្ម​ឱ្យ​រឹងមាំ។

    1. តើ​លោក​អាច​ប្រាប់​បាន​ទេពី​ចំណង់​ចំណូលចិត្ត និង​ទេពកោសល្យ​ផ្ទាល់ខ្លួន​ដែល​លោក​មាន​កាលពី​ក្មេង?
    បើ​និយាយ​ពី​ប្រ​វ​តិ្ត​នៃ​ការសិក្សា កាលពី​ក្មេង​ខ្ញុំ​ចូលចិត្ត​បច្ចេកវិទ្យា និង​បាន​ចំណាយពេលវេលា​ច្រើន​លើ​ផ្នែក​នេះ។ខ្ញុំ​ធ្លាប់​សិក្សា​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ផ្នែក​នេះ​តាំងពី​ឆ្នាំ90ជាង​មកម្ល៉េះ គឺ​នៅពេល​ខ្ញុំ​រៀន​ឆ្នាំ​ទី2 និង​បន្ទាប់មក ក្រោយពី​សិក្សា​ផ្នែកបច្ចេកវិទ្យា​ចប់ ខ្ញុំ​ក៏​បន្ត​ការសិក្សា​ផ្នែក​គ្រប់-គ្រង​អាជីវកម្ម​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង មុននឹង​ចេញមក​បង្កើត​អាជីវ-កម្ម​ទាក់ទង​នឹង​ផ្នែក Mediaដូច​សព្វថ្ងៃនេះ។ កាល​ខ្ញុំ​ធ្វើការ​លើ​បច្ចេកវិទ្យា​ដំបូងគឺ​ប្រឡូក​ក្នុងការ​ជួសជុល ការធ្វើ​កម្មវិធី​ទូរស័ព្ទ និង​ការងារ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​ជួយ​លើ​វិស័យ​អាជីវកម្ម​មួយចំនួន​ដែរ។កាលនោះ​ខ្ញុំ​ក៏មានអាជីវកម្ម​ក្នុង​ក្រុមគ្រួសារ​ដែរ ​គឺ​ផលិត​ទឹក​សុទ្ធ តែ​ដូច​យើង​ដឹង​ហើយ​ថា អាជីវកម្ម​លក្ខណៈ​គ្រួសារ​មិនសូវ​ត្រូវការ​ប្រើប្រាស់​បច្ចេកវិទ្យា​ប៉ុន្មាន​ទេ ហេតុនេះ​ដើម្បី​ទទួលបាន​បទពិសោធច្រើន​លើ​ផ្នែក​បច្ចេកវិទ្យាខ្ញុំ​ក៏បាន​ចាប់ផ្តើមចូលធ្វើ​ការងារ​ឱ្យគេដើម្បី មានឱកាសសម្រាប់​ក្រុមហ៊ុនធំ។ នៅ​ឆ្នាំ​នោះ​ខ្ញុំ​ទទួលបាន​ចំណូល​ច្រើន​គួរសម តែ​អ្វីដែល​ខ្ញុំ​ផ្តោត​ខ្លាំង​គឺ​មិនមែន​ចំណូល​ទេ តែ​ជាការ​វិនិយោគ​ជាមួយ​អ្វីដែល​ខ្លួនឯង​ស្រឡាញ់ ទើប​ធ្វើឱ្យ​យើង​រីកចម្រើន​កាន់តែខ្លាំង និង​ស្គាល់​បរិបទ​នៃ​ការធ្វើការងារ​កាន់តែច្រើន។ ទន្ទឹមនឹងនោះ​ខ្ញុំ​ក៏ត្រូវ​បែងចែក​ពេលវេលា​មួយចំនួន​សម្រាប់​ជួយ​ដល់​អាជីវកម្ម​ក្នុង​គ្រួសារផងដែរ ដែល​កាលនោះ​ខ្ញុំ​ក៏បាន​ធ្វើ​កម្មវិធី​មួយចំនួន​សម្រាប់​គ្រប់គ្រង​ទិន្នន័យ និង​សម្រួល​ដល់​ការធ្វើ​អាជីវកម្ម​ទឹក​សុទ្ធ​នេះ​បាន​ច្រើន​គួរសម​ដែរ។

    ចប់​ពី​ការងារ​ទាំងអស់នេះ ទើប​ខ្ញុំ​រកឃើញ​អ្វីដែល​ខ្លួនឯង​ចង់​ធ្វើ​មួយទៀត នោះ​គឺ​ខ្ញុំ​ចូលចិត្ត​ការថតរូប។ កាលនោះ​ខ្ញុំ​គ្រាន់តែ​ដឹងថា ខ្លួនឯង​ចូលចិត្ត​ថតរូប តែ​មិន​ចូលចិត្ត​ឱ្យគេ​ថត​ទេ ហើយ​កាលនោះ​ការរៀន​ផ្នែក​ថតរូប​នេះ​ក៏ដូចជា​មិនសូវ​ចេះ​ប៉ុន្មាន​ដែរ។ ក្រោយមក​ទើប​ចាប់ផ្តើម​មានគំនិត​មួយ​ថា រឿង​ថតរូប​នេះ មនុស្ស​លើ​ពិភពលោក​គេ​ចេះ​អស់ហើយ ហេតុនេះ​យើង​ក៏​អាចមាន​សមត្ថភាព​រៀន​វា​បានដែរ ចំណុចសំខាន់​គឺ ត្រូវ​ជម្នះ​ខ្លួនឯង​ឱ្យបាន ហើយ​ចំណាយ​ពេលវេលា​ជាមួយ​វា រហូត​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួនឯង​លើ​វិស័យ Media នេះ។

    2. សម្រាប់​មនុស្ស​ឯទៀត ការធ្វើការងារ​តែមួយ​មុខអ្នកខ្លះ​គិតថា លំបាក​ណាស់​ទៅហើយ តែ​សម្រាប់​លោក​អាចធ្វើ​ការងារ​ច្រើន​មុខ​ក្នុងពេល​តែមួយ តើ​វា​មានការលំបាក​ដែរឬទេ? ហើយ​លោក​ដោះស្រាយ​បែបណា?
    តាមពិតទៅ យើង​គ្រប់គ្នា​ធ្វើ​ការងារ​តែមួយ​មុខយើង​គិតថា​លំបាក ចុះ​ទម្រាំ​ធ្វើ​ការងារ​ច្រើន តើ​វា​លំបាក​ខ្លាំង​ប៉ុនណា?។ ចម្លើយ​ក៏​គឺ លំបាក​ប្រហែល​តែ​គ្នា​ទេ ព្រោះ​មនុស្សម្នាក់ៗមាន​ពេលវេលា​ស្មើគ្នា ហេតុនេះ​ការបែងចែក​ពេលវេលា​បានល្អ អាចធ្វើឱ្យ​យើង​ធ្វើការ​ងារ​បាន​ច្រើន​មុខ​លើសពី​អ្វីដែល​យើង​រំពឹងទុក។

    នៅ​ឆ្នាំ​នោះ ពេល​ថ្ងៃ​ខ្ញុំ​ទៅ​រៀន ហើយ​ពេលយប់ ខ្ញុំ​ស្រាវជ្រាវ​ពី​បច្ចេកវិទ្យាថ្មីៗ ហើយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទាំងអស់នោះ​សម្រាប់​ក្រុមហ៊ុន​ខ្លួនឯង។ បន្ទាប់មកទៀត​ខ្ញុំ​ចេញ​ធ្វើ​ការងារ​ផង រៀន​ផង ក៏​បច្ចេកវិទ្យា​នៅតែ​ស្ថិត​ជា​ចំណូលចិត្ត និង​ចំណាប់អារម្មណ៍​របស់ខ្ញុំ​ដដែល ហេតុនេះ​ខ្ញុំ​អាចធ្វើ​បាន។ ដូច​អ្វីដែល​បាន​បញ្ចាក់​ខាងលើ​ដែរ គឺ​ក្រុមហ៊ុន​របស់ខ្ញុំ​នៅផ្ទះ​ជា​ក្រុមហ៊ុន​លក្ខណៈ​គ្រួសារ ហេតុនេះ​មិនសូវ​ជា​ត្រូវការ​បច្ចេកវិទ្យា​ច្រើន​ទេ ទើប​ខ្ញុំ​អាចមាន​ពេលធ្វើ​ការងារ​នៅ​ខាងក្រៅ​ ដើម្បីឱ្យ​បានឃើញ​រឿង​ជាច្រើន​ផ្សេងទៀត​ដែល​សុទ្ធតែជា​បទពិសោធ​ការងារល្អៗសម្រាប់​ជីវិត​។

    3. នៅពេល​លោក​ធ្វើ​ការងារ​ក្នុង​វិស័យ​បច្ចេកវិទ្យា តើ​លោក​ធ្លាប់​គិតថា​ចង់​បើក​ក្រុមហ៊ុន​ខ្លួនឯង​ទេ? ហើយ​ពេលនោះ​គ្រួសារ​របស់លោក​ដែល​មានមុខ​ជំនួញ​ស្រាប់​នោះ គាំទ្រ​ដែរឬទេ?
    ខ្ញុំ​ធ្លាប់ធ្វើ​ដែរ តែ​ពេល​បើក​ដំណើរការ​បានតែ 2ឆ្នាំ​ក៏​បរាជ័យ​ទៅវិញ។ បរាជ័យ​នៅ​ឆ្នាំ​នោះ អាចមកពី​ខ្ញុំ​នៅ​ក្មេង​ពេក គ្មាន​ចក្ខុវិស័យ​វែងឆ្ងាយ មិនសូវ​យល់ដឹង​ពី​ការប្រកួតប្រជែង​ក្នុង​អាជីវកម្ម​បច្ចេកវិទ្យា និង​មិនមាន​ជំនាញ​ក្នុងការ​គ្រប់គ្រង​ការងារ ដែល​ធ្វើឱ្យ​ការងារ​មិនបាន​មុត​ស្រួច​ល្អ មិន​ផ្តោត​ខ្លាំង (Focus) ដូច្នេះ​ទើប​ដួល​ទៅវិញ។ បញ្ហា​ទាំងអស់នេះ ខ្ញុំ​ជឿជាក់ថា មាន​កើតឡើង​ចំពោះ​មនុស្ស​វ័យក្មេង​ជាច្រើន​នាពេល​បច្ចុប្បន្ន។

    ចំពោះ​គ្រួសារ​ខ្ញុំ​វិញ​គាត់​ហាក់​មិនសូវ​គាំទ្រ​ទេដែល​វា​បង្កើតឱ្យមាន​ស​ម្ពា​ធ​អារម្មណ៍​គួរសម​មួយ​ដែរព្រោះ​គាត់​តែងតែ​ប្រាប់ដដែលៗថា “ដើមឈើ​មាន​ផ្កាមាន​ផ្លែ​ស្រាប់​ហើយ មិន​ព្រម​នាំគ្នា​ជួយ​ថែទាំ និង​ទទួលផល បែរជា​ទៅ​ប្រឹង​ដាំ​ដើមឈើ​ថ្មី​ដែល​មិនដឹងថា​វា​នឹង​ដុះ ឬ​អត់​ផង​នោះ”។ ទាំងនេះ​ជា​បញ្ហា​មួយ​ដែល​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​យុវវ័យ​ដែរ ព្រោះថា យុវវ័យ​ត្រូវការ​ដឹកនាំ​ដោយ​អារម្មណ៍ ហើយ​ការដាក់​សម្ពាធ​ផ្នែក​អារម្មណ៍​បែបនេះ អាចធ្វើឱ្យ​យុវវ័យ​កាន់តែ​ចង់​ចាក​ចេញពី​សម្ពាធ​នេះ ហើយ​ធ្វើ​អ្វី​ផ្សេង​ៗ។រឿងនេះ​មិនមែន​មានតែ​គ្រួសារ​ខ្ញុំ​ទេ គ្រួសារ​អ្នកដទៃ និង​ក្នុងសង្គម​បច្ចុប្បន្ន​ក៏មាន​ច្រើន​ដែរ ដែល​វា​អាច​រុញច្រាន​យុវវ័យ​ឱ្យ​ស្ថិតក្នុង​ស្ថានភាព​លំបាក។

    នៅពេលនោះ មិនមែន​ខ្ញុំ​មិន​ជួយ​ការងារ​គ្រួសារ​សោះ​ទេ ដូច​បានបញ្ជាក់​ហើយ​ថា ជួយ​ការងារ​គ្រួសារ​ខ្លះ​ដែរ តែ​ឆ្លៀតពេល​រៀន​ផង និង​ធ្វើ​ការងារ​ដែល​ខ្លួនឯង​ស្រឡាញ់​ខ្លះ​ផង។ កាលនោះ ដោយសារតែ​គ្មាន​ចក្ខុវិស័យ​វែងឆ្ងាយ ធ្វើឱ្យ​ខ្ញុំ​លំបាក​ខ្លាំង​មែនទែន រហូត​ធ្វើឱ្យ​ការងារ​មិន​ច្បាស់លាស់​ទាំងអស់​នៅពេលនោះ។

    4. ពេលនោះ​លោក​មាន​បញ្ហា​រឿង​ការមិនទទួលបាន​ការ​គាំទ្រ​ពី​គ្រួសារ​ផង និង​បញ្ហា​អាជីវកម្ម​ផងតើ​លោក​ដោះស្រាយ​បញ្ហា​ទាំងអស​់នេះ​យ៉ាងដូចម្តេច?
    ពេលនោះ​អ្វីដែល​ខ្ញុំ​ធ្វើ​គឺ ចោទសួរ​ខ្លួនឯង​ឡើងវិញ​ពីអ្វី​ដែល​ធ្លាប់​បរាជ័យ​កន្លងមក និង​បន្ទាប់ពី​ចាប់ផ្តើម​ការងារ​សិល្បៈ​ថតរូប ឬ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ (Media) នេះ ក៏មាន​ការជំទាស់​ដូច​លើក​មុន​ដែរ។ ទាំង​គ្រួសារ ទាំង​ឪពុកម្តាយ និង​អ្នក​ជុំវិញខ្លួន គាត់​មិន​ចង់ឱ្យ​ធ្វើ​ទេ ព្រោះ​វា​ត្រូវការ​ចំណាយពេល​វេលា​ច្រើន​ខ្លាំងណាស់។ ហេតុនេះ​ខ្ញុំ​មានគំនិត​មួយ​សួរ​ខ្លួនឯង​ថា បើ​គេ​ជំទាស់​ដូចគ្នា​ដដែល តើ​យើង​អាច​បរាជ័យ​ដូច​មុន​ដែរឬទេ?។

    ពេលនោះ ខ្ញុំ​ចាប់ផ្តើម​គិត​មួយ​ជំហាន​ទៀត​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ឡើង ហើយ​ខ្ញុំ​បាន​មើលឃើញ​ជ្រុង​មួយ​ផ្សេង​ថា លើក​នេះ​ខ្ញុំ​ត្រូវ​ចំណាយ​ពេលវេលា​ឱ្យ​ច្រើនជាង​មុន ព្យាយាម​ស្វែងយល់​ឱ្យបាន​ល្អិតល្អន់ និង​ស៊ីជម្រៅ​ឱ្យ​ខ្លាំង​ជាង​មុន។ អ្វីដែល​មើលឃើញ គឺ​ទស្សនវិស័យ​សម្រាប់​អាជីវកម្ម​ដែល​ខ្ញុំ​ស្រឡាញ់​មួយ​នេះ​ថា​វា​អាចទៅរួច ហើយ​ល្អ​នៅ​ថ្ងៃក្រោយ។ ហេតុនេះ​ជា​លទ្ធផល​ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ហើយ​ថា វា​អាចទៅរួច និង​អ្វីដែល​ខ្ញុំ​មើលឃើញ មិន​ប្រាកដថា​អ្នកដទៃ​គេ​មើលឃើញ​ដូច​យើង​ដែរ​ទេ។ ប្រសិនបើ​គេ​មើលឃើញ​ដូច​យើង គេ​នឹងមិន​ជំទាស់​ទេ ហើយ​បើ​គេ​មើលឃើញ​ដូច​យើង ម្លេ៉ះ​គេ​ធ្វើ​គ្រប់គ្នា​ទៅហើយ មិនមែន​ទុកឱ្យ​យើង​ចាប់ផ្តើម​មុន​នោះទេ។ ចាប់ផ្តើម​គិតពី​ចំណុច​នេះ ខ្ញុំ​ក៏​សម្រេចចិត្តថា ត្រូវខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​បង្កើត​ផ្លែផ្កា​ឱ្យឃើញ​ជាក់ស្តែង ដោយមាន​ទស្សនវិស័យ​ច្បាស់លាស់។ ក្រោយមក នៅពេល​ចាប់​ផ្តើមចេញ​ផ្លែផ្កា​ហើយ អ្នក​គ្រប់គ្នា​ចាប់ផ្តើម​យល់ស្រប ហើយ​ពេលនោះ​សម្ពាធ​ក៏​ចាប់ផ្តើម​ថយចុះ​ដែរ ព្រោះ​គាត់​ងាក​មក​គាំទ្រ​យើង​វិញ ដែល​ធ្វើឱ្យ​យើង​មាន​ពេលវេលា​ច្រើន​ដើម្បី​ធ្វើ​រឿង​ណា​ដែលមាន​ប្រយោជន៍​ផ្សេងទៀត។

    ទន្ទឹមនឹងនេះ​ខ្ញុំ​ក៏​ចង់​បញ្ជាក់​ផងដែរ​ថា ដើម្បី​ឱ្យគេ​នៅតែ​គាំទ្រ​យើង​បាន លុះត្រាតែ​យើង​ចេះ​កំណត់​ពេលវេលា​ច្បាស់លាស់​ឱ្យ​មនុស្ស​ជុំវិញខ្លួន​យើង​បានដឹង​ផងដែរ។ កាលនោះ​ខ្ញុំ​កំណត់​ពេលវេលា 3 ឆ្នាំ​ទាំង​ការសិក្សា​ស្រាវជ្រាវ ការសាកល្បង​សកម្មភាព​ផ្ទាល់ និង​រៀបចំ​ឱ្យ​ក្លាយជា​ក្រុមការងារ​មួយ រហូត​ចេញ​ជា​លទ្ធផល​ល្អ ទើប​ក្រុមគ្រួសារ​ខ្ញុំ​គាត់​ចាប់ផ្តើម​មើលឃើញ​ច្បាស់​ពីអ្វី​ដែលជា​លទ្ធផល​ដែល​កើតចេញពី​ការតស៊ូ​ធ្វើ​អាជីវកម្ម​មួយ​នេះ។ ងាក​មកវិញ ប្រសិនបើ​រយៈពេល3 ទៅ5ឆ្នាំ​ហើយ នៅតែ​មិនឃើញ​មាន​លទ្ធផល​ទៀត​នោះ យើង​ក៏​ពិបាក​នឹង​ទូល​ការងារ​នេះ​បន្តទៅទៀត​ដែរ ហេតុនេះ​ត្រូវ​ច្បាស់​ខ្លួនឯង​ថា យើង​អាចទៅរួច ។

    5. រយៈពេល 3ឆ្នាំ មិនមែនជា​ពេលវេលា​តិច​ទេ ដែល​រង់ចាំ​ឱ្យ​ក្រុមគ្រួសារ​គាំទ្រ តើ​លោក​មាន​វិធី​អ្វី​ដើម្បី​រក្សា​ទំនុកចិត្ត​របស់​ពួកគាត់​ឱ្យនៅតែ​ជឿជាក់​លើ​ការងារ​របស់លោករ​ហូ​តដល់​ចេញ​លទ្ធផល?
    បាទ​ច្បាស់​ណាស់ ជាធម្មតា​បើ​យើង​និយាយថា គេ​មិន​គាំទ្រ មិនមែន​គ្រាន់តែ​បង្ហាញថា មិន​គាំទ្រ​ហើយ​ចប់​រឿង​នោះទេ តែ​ពេលខ្លះ​នៅមាន​ការឈ្លោះទាស់ទែង​គ្នា និង​ជំទាស់​ដោយសារតែ​រឿង​ណាមួយ​ដែល​គ្រួសារ​មិន​គាំ​ទ្រនេះ​ទៀតផង។ ហេតុនេះ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ បើ​និយាយ​ឱ្យ​អាក្រក់​ស្តាប់ គឺ​យើង​ត្រូវ​ចេះ​បោក​គាត់។

    ការបោក​នៅ​កន្លែង​នេះ ពេលខ្លះ​ក៏​អាចនិយាយបាន​ដែរ​ថា ជាការ​ផ្តល់​ក្តីសង្ឃឹមខ្លះៗដើម្បីឱ្យ​គាត់​កក់ក្តៅ។ បើទោះបីជា​បំណង​ពិតប្រាកដ​របស់​យើង​មិនទាន់​ចូលមក​ដល់ ឬ​ពេលខ្លះ​ធ្វើ​មិនទាន់​ចេញ​លទ្ធផល​ធំ​ក៏ដោយ តែ​យើង​បញ្ជាក់ប្រាប់​គាត់​ថា យើង​ទទួលបាន​ខ្លះ​ដែរ បាន​លទ្ធផល​តិចតួច​ដែរ ដើម្បី​ចិញ្ចឹម​ក្តីសង្ឃឹម​របស់គាត់​ឱ្យនៅ​ជាមួយ​យើង តែ​ប្រសិនបើ​យើង​រង់ចាំ​យូរពេក ហើយ​ប្រាប់​រឿងដដែលៗគាត់​ក៏​លែង​ជឿ​យើង​ដែរ ទាល់តែ​យើង​ចេះ​វិធី​ថ្មី​ទៀត​ដើម្បី​បង្ហាញ​គាត់។

    ឧទាហរណ៍​ជាក់ស្តែង កាលពី​ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​លើ​បច្ចេក​វិទ្យា​ដំបូង ពេល​មាន​ក្រុមហ៊ុន​ទាក់ទង​ធ្វើ​ការងារ ខ្ញុំ​តែងតែ​ប្រាប់​អ្នកផ្ទះ​ថា ឥឡូវ​មាន​គេ​ហៅ​ធ្វើការ​ងារ​ហើយ មាន​ចំណូល​រាប់ពាន់​ហើយ ដែល​ធ្វើឱ្យ​គាត់​ចាប់ផ្តើម​ជឿទុកចិត្ត ហើយ​បន្ថយ​ការជំទាស់។ បន្ទាប់មកទៀត យូរ​ទៅ​រឿងនេះ​វា​នឹង​សាប​ទៅវិញ បន្ទាប់ពី​ចំណាយពេល​វេលា​ទៅបាត់ៗពី​ផ្ទះ​យូរហើយ​មិនទាន់​ឃើញ​មាន​អ្វី​ថ្មី ហេតុនេះ​ត្រូវ​បន្ត​បង្ហាញ​គាត់​ទៀតថា​ យើង​ចាប់ផ្តើម​មាន​ក្រុមការងារ​ហើយ មាន​មនុស្ស​ចាប់ផ្តើម​ចូលរួម​ធ្វើ​ការងារ​ជាមួយ​យើង​ច្រើន​ហើយ ដើម្បីឱ្យ​គាត់​មើលឃើញ​ពី​ការរីកចម្រើន​របស់​យើង ហើយ​យើង​អាច​បន្តការងារ​របស់​យើង​ទៅទៀត​បាន។

    ចំពោះ​ការបង្កើត System នៅក្នុង​ក្រុមហ៊ុន​ក៏​ដូចគ្នា​ដែរ ខ្ញុំ​ធ្វើ​នេះ​ដើម្បីឱ្យ​គាត់​ដឹងថា ការសិក្សា​របស់ខ្ញុំ​ទទួលបាន​លទ្ធផល​ហើយ ចេញ​ជា​ផ្លែផ្កា​ដែល​អាចជួយ​ដល់​អាជីវ​កម្មបាន​ខ្លះ​ហើយ។ ចំណែកឯ​ការសិក្សា​ពី​ការថតរូប​វិញ​ក៏​ដូចគ្នា ខ្ញុំ​តែងតែ​បង្ហាញ​ឱ្យ​គាត់​មើលឃើញថា ការសិក្សា​ពី​ការថត​រូបនេះ ក៏​យើង​អាច​រកចំណូលបាន​មក​វិញ​ដែរ តាមរយៈ​ការបង្រៀន​ថត ការធ្វើការងារផ្សេងៗទៀត ការបង្កើត​ទំនាក់ទំនង​ល្អ និង​ធ្វើ​ឱ្យគេ​ទទួលស្គាល់​ស្នាដៃ​ជាដើម ដើម្បីឱ្យ​គាត់​មើលឃើញ​ពី​ក្តីសង្ឃឹម ហើយ​ជឿថា យើង​អាចទៅរួច។ តែ​ប្រសិនបើ​យើង​មិន​ព្រម​បង្ហាញ​ដំណាក់កាលតូចៗទាំងនេះ​ទេ ពេលខ្លះ​គាត់​អាច​គិតថា 3ខែហើយ​មិនទាន់​ទទួលបាន​លទ្ធផល 1ឆ្នាំ​ហើយក៏​មិនអាច​ទៅរួច​អ្វី​ទៀត ហេតុនេះ​ធ្វើ​ម៉េច​នឹង​អាច​ទៅដល់​ចក្ខុវិស័យ 10ឆ្នាំក្រោយ​បាន?។ សមិទ្ធផល​ខ្លះ ថ្វីដ្បិតតែ​វា​មិនធំ​ដុំ តែ​វា​អាចជួយ​យើង​ឱ្យ​រក្សាបាន​នូវ​ការជឿទុកចិត្ត​ពី​មនុស្ស​ជុំវិញខ្លួន​បាន។

    6. ការធ្វើការងារ​អ្វី​ក៏ដោយ ក៏មាន​ការលំបាក​ដែរហើយ​ស្ថានភាព​មិនមែន​ចេះតែ​វិជ្ជមាន​រហូត​នោះទេ។ ចំពោះ​ការងារ​នេះ តើ​លោកធ្លាប់​ចង់​បោះបង់ចោល​ទេ​ពីមុនមក? ពេលនោះ​លោក​ដោះស្រាយ ឬ​មាន​ហេតុផល​បែបណា​ដើម្បី​បន្តការងារ​នេះ?
    តាមពិតទៅ​ខ្ញុំ​ធ្លាប់​ចង់បោះបង់ចោល​ច្រើនលើកច្រើនសា​ហើយ នៅពេល​ដែលមាន​សម្ពាធ​ខ្លាំងម្តងៗ។ ពេលខ្លះ​មាន​សម្ពាធ​ខ្លាំងពេក ចង់តែ​បក​ទៅ​ធ្វើតាម​អ្នកផ្ទះ​វិញ ព្រោះ​វា​ងាយស្រួល និង​សប្បាយចិត្ត​ជាង តែ​ពេល​ខ្ញុំ​គិត​ត្រឡប់មកវិញ ខ្ញុំ​នៅតែ​មើលឃើញថា គេ​មើលមិនឃើញ​អ្វី​ប្លែក ទើប​គេ​ជំទាស់ តែ​យើង​មើលឃើញ​ទើប​យើង​ចង់​ធ្វើ ហេតុនេះ​យើង​ត្រូវតែ​បន្តធ្វើ​ឱ្យគេ​មើលឃើញ​ដែរ។ រឿង​ទាំងនេះ​ជា​កត្តា​មួយ​ដើម្បី​ជំរុញ​ចិត្ត​ខ្ញុំ​ឱ្យ​ចង់​បន្តការងារ។

    មានរឿង​ផ្សេង​មួយទៀត គឺ​ពេលធ្វើ​ការងារ ឬ​រកស៊ី​ត្រូវ​ដឹង​ឱ្យ​ច្បាស់​ថា យើង​ធ្វើ​ដើម្បី​អ្នកណាខ្លះ? ពេល​ខ្ញុំ​ធ្វើការ​ងារ​នេះ លំបាក​មែនទែន ខ្ញុំ​គិតដល់​ក្រុមការងារ​ដែល​គេ​ជឿជាក់​លើ​យើង។ ក្រុមការងារ​គេ​តែង​និយាយថា បង​ឯង​គិតបែបនេះ​ត្រូវ​ហើយ ពួកគាត់​បានដាក់​ក្តី​សង្ឃឹមថា រឿងនេះ​វា​នឹង​កើតឡើង​យ៉ាង​ប្រាកដ និង​ដល់​គោលដៅ​ដែល​យើង​បាន​កំណត់ទុក។ ហេតុនេះ​ពេល​មានរឿង​លំបាក ខ្ញុំ​បក​ទៅ​គិតពី​ក្រុមការងារ។ ពេលនោះ​ខ្ញុំ​បាន​ផ្តោតលើ​ចំណុច​សំខាន់​មួយ​ថា បើសិនជា​ខ្ញុំ​ឈប់ ក្តីសង្ឃឹម​ដែល​ក្រុមការងារ​ដាក់​ជាមួយ​ខ្ញុំ​នេះ អាច​នឹង​រលាយ​សាបសូន្យ​ដោយសារ​ខ្ញុំ។ បើ​និយាយ​មួយបែប​ទៀត អាច​ហៅ​បាន​ថា​យើង​នឹង​ក្លាយជា​អ្នកទោស​ដែល​ធ្វើ​ឱ្យគេ​មក​ខាត​ពេលវេលា​ជាមួយ​យើង ខាត​ថាមពល និង​ពេលវេលា​ឥតប្រយោជន៍​ជាមួយ​យើង។ ពេល​គិតដល់​រឿងនេះ​ខ្ញុំ​តែងតែ​ប្រាប់​ខ្លួនឯង​ថា ចាំបាច់​ត្រូវតែ​បន្ត។ នេះ​ជា​ហេតុផល​មួយ​ដែល​ខ្ញុំ​គិត ព្រោះ​ខ្ញុំ​ដឹងថា ខ្ញុំ​មិនមែន​មានតែ​បន្ទុក​ផ្ទាល់ខ្លួន​ដែល​ត្រូវ​​នោះទេ តែ​ខ្ញុំ​ត្រូវ​ទូល​រឿង​ផ្សេងទៀត​ជាច្រើន។

    កន្លែង​នេះ ខ្ញុំ​តែងតែ​និយាយ​លេង​ថា មុន​បង្កើត​ក្រុមការងារ ខ្ញុំ​មាន​ចំណង​តែ 5ប្រការ​ទេ តែ​ពេលនេះ​ខ្ញុំ​មាន​ចំណង​ដល់​ទៅ 6ប្រការ ព្រោះ​ខ្ញុំ​ត្រូវ​គិតដល់​អ្នក​ទាំងអស់​គ្នាប​ន្ថែ​ម​ទៀត។ ពេល​យើង​បបួល​គេ​មក​ធ្វើ​ការងារ​ជាមួយ​ហើយ ដាច់ខាត​យើង​មិនអាច​ទុក​គេ​ចោល​នោះទេ។ គិតដល់​ដំណាក់កាល​មួយ​ថ្មី​ទៀត​ ដែលនាំឱ្យ​ខ្ញុំ​ចង់បោះបង់ចោល​ដែរនោះ​គឺដំណាក់​កាលដែល​ក្រុមការងារ​កុហក​ខ្ញុំ​ម្តង។ ត្រង់នេះ​ជា​ដំណាក់កាល​លំបាក​ខ្លាំង​មែនទែន ព្រោះ​ខ្ញុំ​ធ្លាប់​ដាក់​ក្តីសង្ឃឹម និង​ការទទួលខុសត្រូវ​ជាមួយ​ក្រុមការងារ តែ​ពេលនេះ​គាត់បោក​ខ្ញុំ ហេតុនេះ​ខ្ញុំ​ចាប់ផ្តើម​រងា​ខ្លាំង វា​ជាការ​វាយប្រហារ​ខ្ញុំ​ខ្លាំងណាស់ព្រោះ​គ្រួសារ​ក៏​មិន​គាំទ្រ ហើយ​ក្រុមការងារ​ក៏​ធ្វើឱ្យ​យើង​អស់សង្ឃឹម​ទៀត។

    ដំណាក់កាល​នេះ​ជា​ដំណាក់កាល​ទឹកភ្នែក ពេលនោះ​ខ្ញុំ​អស់រលីង​ពី​ខ្លួន។ ខ្ញុំ​ធ្លាប់​និយាយ​រឿងនេះ​ច្រើនដង​ហើយ​ថា នៅពេល​មនុស្ស​ដែល​យើង​ជឿជាក់​បំផុត ស្រាប់តែ​មក​កុហក​យើង យើង​មាន​អារម្មណ៍​ថា ត្រជាក់​ស្រឺ​ត​ពី​ខាងក្នុង ។ ពេលនោះ​ខ្ញុំ​មានរឿង​មួយទៀត​ដែល​ត្រូវ​គិត គឺ​ពេលទៅដល់​ផ្ទះ​ស្រាប់តែ​កូន​របស់ខ្ញុំ​រត់​មក​ឱប​ខ្ញុំ ហើយ​និយាយថា ខ្ញុំ​ស្រឡាញ់​ប៉ា ប៉ា​ជា​ប៉ា​ល្អ​បំផុត (daddy, Ilove you. You are the best dady ever) ពេលនោះ​ខ្ញុំ​ចាប់ផ្តើម​ចង់​ក្តុកក្តួលហើយ​ចង់​ស្រក់​ទឹកភ្នែក តែ​វា​ធ្វើឱ្យ​ខ្ញុំ​នឹកឃើញ​គំនិត​ថ្មី​មួយ​ឡើង​ភ្លាម​គឺ រឿង​ដែល​គេ​បោក​ខ្ញុំ រឿងដែល​ក្រុមការងារ​កុហក​ខ្ញុំ គឺជា​រឿង​របស់គេ។ អ្នក​ដែល​ខ្ញុំ​ត្រូវ​ទទួលខុសត្រូវ​គឺ អ្នក​ដែល​កំពុង​រត់​មក​ឱប​ខ្ញុំ ហេតុនេះ​ខ្ញុំ​គ្មាន​ពេល​សម្រាប់​សោកសៅ ឬ​បាក់​ទឹកចិត្ត​ទេខ្ញុំ​ត្រូវតែដើរ​ទៅមុខ​បន្តទៀត។ ពីមុន​យើង​ត្រូវ​ដើរ​ដើម្បី​អ្នក​កុហក​យើង តែ​ពេលនេះ​យើង​ត្រូវ​ដើរ​ដើម្បី​កូន​យើង។ តាមពិត​ពេលនោះ​មាន​ជម្រើស​ច្រើន​ទៀត​ដែល​យើង​អាច​គិត​ឃើញ អ្នកខ្លះ​គេ​អាច​គិតថា គេ​មាន​ក្តីសង្ឃឹម​ថា​អាច​នឹងធ្វើ​ឱ្យគេ​ក្លាយជា​អ្នកមាន ឬ​ក្លាយជា​បុគ្គល​សំខាន់ គេ​អាច​បន្ត​ដើរ​ទៅមុខទៀត តែ​សម្រាប់​ខ្ញុំ គឺ​ខ្ញុំ​គិតថា ខ្ញុំ​ត្រូវតែដើរ​ទៅមុខទៀត​ដើម្បី​កូន​ខ្ញុំ។

    ក្រោយពេល​ជួប​ឧបសគ្គ​ទាំងអស់នោះ ហើយ​ងើប​ឡើងវិញ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវ​អរគុណ​ពួកគាត់​វិញព្រោះ​ក្រោយ​ជួប​បញ្ហា​ទាំងអស់​នោះមក ខ្ញុំ​បាន​ស្គាល់​ពី​មេរៀន​ជីវិត​ជាច្រើន ហើយ​វា​ធ្វើឱ្យ​ខ្ញុំ​កាន់តែ​រឹងមាំ។ ប្រសិនបើ​គាត់​មិន​បោក​ខ្ញុំ​នៅពេល​នោះទេ ប្រហែលជា​ខ្ញុំ​មិនអាច​ចេះ​បត់បែន ហើយ​ដោះស្រាយបញ្ហាលំបាកៗជាច្រើន​ផ្សេងទៀត​ដើម្បីឱ្យ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​បានទេ ហេតុនេះហើយ​ទើប​ខ្ញុំ​បង្កើត INSPIRED.Cambodia ដើម្បី​ជួយ​យុវជន​ឱ្យ​រៀនធ្វើការ​ងារ ឱ្យ​ស្គាល់​ជីវិត​ជាក់ស្តែង និង​ឱ្យ​ឆ្លងកាត់​ឧបសគ្គ​ឱ្យ​ឆ្អែត​មុននឹង​ចាប់ផ្តើម​ការងារ​នៅ​ថ្ងៃ​អនាគតដែល​នឹង​អាចធ្វើឱ្យ​ពួកគាត់​ក្លាយជា​មនុស្ស​រឹងមាំ។

    7. តើ​លោក​មានមតិ​ផ្តាំផ្ញើ​អ្វី​ដល់​សាធារណជន និង​យុវជន​កម្ពុ​ជាទូទៅ​ដែរឬទេ?
    អ្វីដែល​ខ្ញុំ​ចង់​ធ្វើ និង​ចង់ឃើញ​បំផុត គឺ​ខ្ញុំ​គ្រាន់តែ​ចង់​ផ្តល់​គំនិត ដែល​កើតចេញពី​ការ​ធ្លាប់​បានឃើញ ធ្លាប់បាន​ឆ្លងកាត់ និង​មើលឃើញពី​ភាពខ្វះខាត​ដែល​ធ្លាប់​ជួប​កន្លងមក​ចែករំលែក​ដល់​យុវជន ព្រោះ​ខ្ញុំ​នៅតែចង់​និយាយថា យុវជន​នៅពេលដែល​គាត់​រឹងមាំរីកចម្រើន គាត់​មិន​គ្រាន់តែ​អាចជួយ​ជីវិត​គាត់ ក្រុមគ្រួសារ ឬ​អាជីវកម្ម​របស់គាត់​ទេ គាត់​ថែមទាំង​អាចជួយ​សង្គម​ទាំងមូល​បាន​ផងដែរ ហេតុនេះ​ខ្ញុំ​តែង​ផ្ញើ​សារដដែលៗថា កុំឱ្យ​យុវជន​រៀន​តែ​នៅក្នុង​សាលា ត្រូវតែ​រៀន​ធ្វើ​នៅពេល​ខ្លួនឯង​នៅក្រៅ​សាលា។ សាលា​ផ្តល់​តែ​ចំណេះដឹង​ទេ តែ​ចំណេះធ្វើ​នៅ​នឹង​ដៃ នៅ​នឹង​បេះដូង នៅ​នឹងភ្នែក ហេតុនេះ​សូមឱ្យ​គាត់​ចូលប្រឡូក​ឱ្យបាន​ច្រើន ហើយ​ធ្វើឱ្យ​សកម្ម កុំ​គ្រាន់តែ​ធ្វើតាម​គេ​តាម​ឯង…៕

  • អ្នកដឹកនាំសម្ដែង ជា ឈីម ឆ្លើយតបរឿងចចារឡើងគ្រែត​ម្លៃ 50 ដុល្លារ

    អ្នកដឹកនាំសម្ដែង ជា ឈីម ឆ្លើយតបរឿងចចារឡើងគ្រែត​ម្លៃ 50 ដុល្លារ

    នៅថ្ងៃម្សិលមិញនេះ គេមើលឃើញថា រឿងរ៉ាវដ៏រសើបរវាងតារាសម្ដែងស្រី វណ្ណ ម៉ូនីកា និងអ្នកដឹកនាំសម្ដែង ជា ឈីម បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលតារាសម្ដែងស្រីរូបនេះបានទម្លាយរឿងថា សាមីខ្លូនត្រូវបានអ្នកដឹកនាំសម្ដែងល្បីឈ្មោះលោក ជា ឈីម មានចេតនាមើលងាយកិត្តិយសរបស់ខ្លួន តាមរយៈការសុំដេកជាមួយ ក្នុងតម្លៃត្រឹមតែ50ដុល្លារ។

    សូមរំឭករឿងនេះបន្ដិចថា ម្សិលមិញនេះ តារាសម្ដែងស្រី វណ្ណ ម៉ូនីកា បានបង្ហោះសារនិងរូបភាពថា «នាងខ្ញុំចង់ប្រាប់ទៅអ្នកសម្តែង វ័យចាស់ម្នាក់ឈ្មោះ លោក ជា ឈីម ពីមុនខ្ញុំសរសើរគាត់ខ្លាំងណាស់ គឺគាត់ជាមនុស្សល្អ តែមុននេះ ខ្ញុំមិននឹកស្មានថា គាត់ហ៊ានធ្វើចរិតថោកទាបឡើយ។ គាត់បានបោះពាក្យចង់ជួបខ្ញុំ ហើយបបួលខ្ញុំទៅកន្លែងថោកទាប ហើយប្រើពាក្យថា គាត់ឱ្យលុយខ្ញុំ50ដុល្លារ ព្រោះតែគាត់មានតែប៉ុណ្ណឹង ភ្លាមៗនោះ ខ្ញុំក៏ផ្ញើសារទៅវិញថា សូមទោសផងខ្ញុំមិនស្រួលខ្លួន ហើយបើអត់លុយទុកលុយហ្នឹងចាយខ្លួនឯងទៅ ហើយស្រាប់តែគាត់ប្លុកហ្វេសប៊ុករបស់ខ្ញុំ ចោលតែម្តង។ ឬអាងខ្លួនលោកឯង ជាអ្នកដឹកនាំសម្តែងមែនទេ? ចង់ឱ្យតួណាថត ឬក៏មិនឱ្យថតស្រេចតែចិត្តខ្លួនឯង ហើយបើចង់ស៊ីតួណា ក៏បានតាមតែចិត្តមែនទេ? ស្រុកខ្មែរបើនៅតែមាន អ្នកដឹកនាំស៊េរីបន្ទាប់តួស្រីៗបែបនេះ ឆ្នាំណាទើបបានរីកចម្រើន ដូចប្រទេសគេទៅ? ខ្ញុំមានភស្តុតាង ដែលអាចបញ្ជាក់ឱ្យបានច្បាស់ទៀតផង ទោះបីលោកឯងប្លុកហ្វេសប៊ុកខ្ញុំក៏ដោយ។ រឿងបេះដូងតែមួយ អ្នកគិតថាចង់យកខ្ញុំថតហើយចង់ដោះដូរមែនទេ? សូមទោសទៅមិនរួចទេ តួខ្ញុំមិនមែនតួចង់ល្បី ដោយលេងផ្លូវកាត់នោះឡើយលោក…។ ស្រុកខ្មែរយើងគួរតែលុបបំបាត់ចោលទៅ អំពើថោកទាបអស់នេះ បើមិនអ៊ីចឹងទេតារាស្រុកខ្មែរយើង វាមិនអាចលូតលាស់ដូចប្រទេសគេទេ»។

    បានដឹងពីព័ត៌មាននេះហើយ គេមើលឃើញផលិតករ និងជាម្ចាស់ផលិតកម្ម លោក ជា ឈីម ហាក់ដូចជាខឹងសម្បារនឹងតួស្រីខាងលើអីចឹងដែរ ទើបបានសម្តែងនូ​វអារម្មណ៍ឆ្លើយនៅលើគណនីបណ្តាញសង្គមហ្វេសប៊ុក ដែលពាក់ព័ន្ធរឿងដោះដូរខ្លួនដើម្បីភាពល្បី ជាមួយវិធីថោកទាបនិងថ្លៃថ្នូរ ។ លោក ជា ឈីម បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកលោកនៅថ្ងៃទី​26 ខែវិច្ឆិកា ថា «ខ្ញុំបា​ទ​ឈ្មោះ​ជាឈី​ម​ជា​ផ​លិ​ត​ករ​នឹ​ង​ជា​ C​​​​am​e​r​a​m​a​nក្នុ​ង​អា​ជី​ព​សិល្បៈ​ជា​ង​3​0​ឆ្នាំ​ម​កហើ​យ​បើ​ទោះ​បី​ជា​មិន​ល្បី​ល្បា​យ​អី​អ​ស្ចារ្យ​ក៏​ប៉ុ​ន្តែ​ខ្ញុំ​មា​នកេ​រ្តិ៍​ឈ្មោះខ្លះ​ៗ​ដែ​រ​ ​​អ្ន​ក​ទាំ​ង​អស់​គ្នា​អា​ច​សួ​រ​តា​​រា​ ​មួ​យ​ណាក៏​បា​ន​ដែ​រថា​តើដើ​ម្បី​ប្ដូ​រ​យ​ក​ភា​ពល្បី​ល្បា​ញត្រូ​វ​ ​តែ​ប្ដូ​រ​ខ្លួ​ន​ជា​មួ​យខ្ញុំ​ជា​ឈី​ម​មែ​ន​​ទេ »។​ លោកបានសង្កេត់ធ្ងន់ថា ​ ប្រុ​​ស​ណា​ដែ​ល​​ថា​​មិ​​ន​ចេះខូ​ច​ខិ​ល​ ​​ប្រ​សិ​ន​បើ​​ជា​ខ្ញុំ​ច​រ​ចា​ឡើ​ង​គ្រែ​ ​ជា​មួយ​ស្ត្រី​ឈ្មោះ​ក​ ​ក្នុ​ង​តំលៃ​2​0​0​$​ ​តែ​ខ្ញុំ​បែរ​ជា​ឱ្យគេ​តែ​5​0​$​ ​គឺ​​ខ្ញុំ​ជា​ម​នុស្ស​ថោ​ក​ទា​ប​ ​តែ​ក្នុ​ង​ក​រ​ណី​នេះមិ​ន​ទា​ន់​បា​ន​ឡើ​ង​លើ​គ្រែជា​មួ​យ​គ្នាផ​ង​ ​តើ​ថោ​ក​ទា​បដែ​រ​​រឺ​ទេ​។

    លោកក៏បានបន្តលើកឡើងពីវិធីដោះដូរដើម្បីភាពល្បីល្បាញរបស់តារាមួយចំនួនផងដែរថា ​ប​ច្ចុ​ប្ប​ន្ន​តា​រា​មួយ​ចំ​នួ​ន​តូ​ចហេ​តុ​តែ​ច​ង់​បា​នភា​ព​ល្បី​ល្បា​យ​ ​តែ​ង​តែរ​ក​គ្រ​ប់​វិ​ធី​មិ​ន​ថា​វិធី​ថោ​ក​ទា​ប​ រឺ​ថ្លៃ​ថ្នូ​រ​ក៏​ដោ​យ​អោយ​តែ​បា​ន​កា​រ​ចា​ប់​អា​រម្ម​ណ៍​ពី​ទ​ស្ស​និ​​កជន៕