Category: សង្គម និងសេដ្ឋកិច្ច

  • ចំណុច គួរ​យល់ដឹង​មុនពេល​គេង ដើម្បី​សោភ័ណភាព​ស្បែក

    ចំណុច គួរ​យល់ដឹង​មុនពេល​គេង ដើម្បី​សោភ័ណភាព​ស្បែក

    ការធ្វើឱ្យ​សម្រស់​ស្រស់ស្អាត​ផូរផង់ គឺមាន​វិធី​ច្រើនបែប​ច្រើនយ៉ាង​ណាស់ ប៉ុន្តែ​មាន​ចំណុច​ខ្លះ​ដែល​មិត្ត​នារី​គួរ​យល់ដឹង​បន្ថែម ដើម្បីឱ្យ​សម្រស់​កាន់តែ​ស្រស់ស្អាត​ថ្វេ​ដង។ ចំណុច​ដែល​អ្នក​គួរកត់សម្គាល់​មានដូចជា ៖

    1. ការ​ម៉ាស្សា​នៅលើ​ផ្ទៃមុខ​មុនពេល​ចូល​គេង : វិធី​នេះ​នឹង​ជួយ​ធ្វើឱ្យ​អ្នក​ទទួលទានដំណេកបាន​លក់​ស្រួល និង​មានអារម្មណ៍​ស្រស់ស្រាយ​ពេល​ភ្ញាក់​ពី​ដំណេក​នាពេល​ព្រឹក។ អ្នក​ត្រូវយក​ចុង​ម្រាមដៃ​នាង​របស់អ្នក​ម៉ាស្សា​ជា​រង្វង់តូចៗចម្លោះចិញ្ចើម ចង្អូរ​ច្រមុះ​​ ចង្កា និង​រង្វះមាត់។ បន្ទាប់មក​ត្រូវ​លាងមុខ​ដោយ​ទឹក​ក្តៅឧណ្ហៗហើយ​ជូត​មុខ​ឱ្យ​ស្ងួតថ្នមៗជាមួយនឹង​កន្សែង​ដែលមាន​រោមទន់ៗជាការ​ស្រេច។

    2. ការប្រើប្រាស់​ផលិតផល​ជំនួយ​ស្បែកនៅពេលយប់ : វា​មិន​គ្រាន់តែ​ជួយដល់​ស្បែកដែល​ទទួលរង​នូវ​ការប៉ះពាល់​ពេញ​មួយថ្ងៃ​នោះទេ ប៉ុន្តែ​ជាតិ​ក្រែ​ម​នឹងជ្រាបចូល​ជ្រៅ​ទៅក្នុង​ស្បែក​ជួយ​ថែរក្សា​ស្បែក និង​ផ្តល់​សំណើម ជួយ​បំប៉ន​ស្បែក ធ្វើឱ្យ​ស្បែកមុខ​របស់​អ្នកមាន​ភាព​ទន់ល្មើយ​គួរឱ្យ​ចង់​ស្ទាបអង្អែល។ ការជ្រើសរើស​ប្រភេទ Night Cream ដែល​ត្រូវ​នឹង​ស្បែ​កមុខ នោះ​គឺ​គួរ​ជ្រើសរើស​ប្រភេទ Night Cream ឱ្យ​ត្រូវ​ជាមួយនឹង​សភាព​ស្បែក​របស់​អ្នក នឹង​គួរប្រើ​កម្លាំង​ដៃថ្នមៗ លាបស្រាលៗ និង​គួរប្រើ​ក្រែ​ម​បែប​ស្តើង មិនគួរ​ប្រើ​ក្រែ​ម​ច្រើនពេក​នោះទេ ព្រោះ​វា​មិនមាន​ប្រយោជន៍​នោះទេ នាំ​តែ​ធ្វើឱ្យ​ផ្ទៃមុខ​របស់​អ្នក​ឡើង​ខ្លាញ់​រងើម​នៅពេល​ព្រឹក​ប៉ុណ្ណោះ។

    3. មិនគួរ​លាបម្សៅ​ផាត់​នៅមុន​ពេល​ចូល​គេង : ការ​លាបម្សៅ​ផាត់មុខ​មុន​ចូល​គេង វា​អាច​បង្ក​ឱ្យ​កើតការ​ស្ទះ​រន្ធ​ញើស​លើ​ផ្ទៃមុខ ហើយ​បើ ឡើង​រលោង គួរតែ​កែប​ញ្ហា​នេះ ដោយ​ការប្រើ​ក្រដាស​ជូត​ផ្តិត​យក​ជាតិ​ខ្លាញ់​ចេញ​ទើប​ល្អ។ យ៉ាងណាមិញ អ្នក​ត្រូវ​ចងចាំ​ថា មិនត្រូវ​ទុក​ផ្ទៃមុខ​ដែលមាន​ម្សៅ​ផាត់ ឬ Makeup ហើយ​ចូល​គេង​នោះទេ ត្រូវ​លាងមុខ​ជាមុនសិន​ទើប​ជាការ​ប្រសើរ។

    4. ទម្លាប់​គេង​ផ្ងារ​ជា​ទម្លាប់​ល្អ​ចំពោះ​ស្បែ​កមុខ : នេះ​គឺជា​គន្លឹះ​អាថ៌កំបាំង​មួយ​ដែល​ធ្វើឱ្យ​ស្បែក​មុខ​មើលទៅ​ក្មេង​ជាងវ័យ​របស់​ជនជាតិ​ចិន ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ទម្លាប់ ហើយ​ចូលចិត្ត​គេង​ផ្អៀង អ្នក​ត្រូវ​ប្តូរ​ស្រោមខ្នើយ​ពី​ស្រោមខ្នើយ​ដែល​ប្រើ​ក្រណាត់​ធម្មតា​មកជា​ក្រណាត់​សូត្រ ឬ​ក្រណាត់​សា​ទីន​វិញ ព្រោះ​វា​មាន​ភាព​រអិល ហើយ​ភាព​រលោង និង​រអិល​នៃ​សាច់​ក្រណាត់​សូត្រ​នេះ​នឹងមិន​ធ្វើឱ្យ​កើត​ស្នាម​នៅលើ​ផ្ទៃមុខ​របស់​អ្នក ដែលជា​ហេតុដែល​បង្ក​ឱ្យ​កើត​ស្នាក-​ស្នាម និង​ជ្រួញ​នៅលើ​ផ្ទៃមុខ​ថែម​ទៀតផង។

    5. កន្លែង​គេង​មាន​អនាម័យ : នៅក្នុង​កន្លែង​គេង​របស់​អ្នក អ្នក​គួរ​សម្អាត​ឱ្យ​ស្អាត និងមាន​អនាម័យ​ល្អ ប្រសិនបើ​អ្នក​មិនបាន​ធ្វើការ​សម្អាត​ឱ្យបាន​ញឹកញាប់​ទេនោះ ស្បែក​របស់អ្នកនឹង​ប៉ះ​ជាមួយនឹង​វត្ថុ​កខ្វក់​ទាំងនោះ ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ស្បែក​មុខ​របស់​អ្នក​ដូចជា ធ្វើឱ្យ​ស្បែ​កមុខ​ចុះខ្សោយ ឆាប់​ប្រតិកម្ម និង​កើតមុន​ជាដើម។ ដូច្នេះ​អ្នក​គួរ​មាន​អនាម័យ​ជាប់​ជានិច្ច ដោយ​ធ្វើការ​សម្អាត​បន្ទប់​កេង​របស់​អ្នក​ឱ្យបាន​ស្អាត មិនឱ្យ​មាន​ធូលី​ដី និង​គួរ​បើក​បង្អួត​ឱ្យ​ខ្យល់​ ចេញចូល​នៅក្នុង​បន្ទប់​គេង​គ្រប់-គ្រាន់ ដើម្បីឱ្យ​បរិយាកាសនៅក្នុង​បន្ទប់​គេង​មាន​សភាព​ស្រស់ស្រាយ​គួរឱ្យ​ចង់​គេង​សម្រាក។

    6. ការប្រើ​ម៉ាស​ក្លាស្សេត្រជាក់ៗបិទ​ភ្នែក : អ្នក​អាច​ប្រើ​ម៉ា​សបិទ​ភ្នែក ដែលមាន​លក់​នៅលើ​ទីផ្សារ ដោយ​គ្រាន់តែ​យក​ម៉ាស​ទាំងនោះ​ទៅ​ក្លាស្សេ​នៅក្នុង​ទូរ​ទឹកកក រួច​យកមក​បិទ​ផ្អាប់​ទុក​នៅលើ​ត្របកភ្នែក​របស់​អ្នក​រយៈពេល 15នាទី ឬ​លើស​នេះ​បន្តិចបន្តួច​ក៏បាន។ ប្រសិនបើ​អ្នក​មិនមាន​ម៉ាស​ទេនោះអ្នក​ក៏​អាច​ប្រើ​បន្ទះ​សំឡី​ជ្រលក់​ទឹកតែ​យកមកបិទ​នៅលើ​ត្របកភ្នែកក៏បាន​នៅមុន​ពេល​អ្នកចូល​គេង។ ការធ្វើ​បែបនេះ​អាចជួយ​កាត់បន្ថយអាការ​ហើម​ក្រោមភ្នែក និង​ធ្វើឱ្យ​ភ្នែក​របស់​អ្នកមាន​សភាព​ស្រស់ថ្លា​នៅពេល​ភ្ញាក់​ពី​គេង​នាពេល​ព្រឹក។

    7. មិនត្រូវ​ទទួលទាន​ទឹក​ច្រើន​នៅមុន​ពេលចូល​គេង​ឡើយ : ការទទួល​ទាន​ទឹកច្រើនពេក​នៅមុន​ពេល​ចូល​គេង អាចធ្វើឱ្យ​អ្នក​ពិបាក​គេងនិង​ត្រូវ​ចូល​បន្ទប់​ទឹកជា​ញឹកញាប់។ ក្រៅពី​មិនត្រូវ​ទទួលទាន​ទឹក​ច្រើនហើយ​នោះ នៅពេល​ចូលគេង​អ្នក​គួរតែ​ជ្រើសរើស​ប្រើ​ខ្នើយកើយ​ដែលមាន​រាង​ខ្ពស់​បន្តិច ដើម្បីការពារ​អង្គធាតុ​រាវ​ហូរ​ទៅ​ផ្តុំគ្នា​នៅលើ​ផ្ទៃមុខ​របស់​អ្នក ដែលជា​ហេតុ​ធ្វើឱ្យ​មុខ​របស់​អ្នក​កើតមាន​អាការ​ហើម​ស្ពុល​នៅពេល​ភ្ញាក់​ពី​គេង​ថែម​ទៀតផង។

    8. ហាត់​ធ្វើ​សមាធិ​រយៈពេល10នាទី​មុនពេល​ចូល​គេង : ការធ្វើ​សមាធិ​អាចជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ស្ងប់ និង​ធ្វើឱ្យ​អ្នក​គេង​លក់​ស្កប់ស្កល់​ល្អ។ នៅពេលដែល​អ្នក​គេង​លក់​ល្អ អារម្មណ៍​របស់​អ្នក​ក៏​ស្រ់សថ្លា នោះ​រាងកាយ និង​ស្បែក​របស់​អ្នក​ក៏មាន​សភាព​ស្រស់ស្រាយ​ល្អ​ទៅតាម​នោះដែរ។

    9. ការធ្វើ​ចលនា​រាងកាយ​រហ័សរហួន​នៅពេល​ព្រឹក : នៅពេល​ភ្ញាក់​ពី​គេង អ្នក​គួរតែ​ចេញទៅ​ឈរ​ពត់​សរសៃ​សរ​សូង ទៅ​ស្រូបយក​ខ្យល់អាកាស​បរិសុទ្ធ និង​ទៅ​ស្រូបយក​ពន្លឺ​ថ្ងៃ​នាពេល​ព្រឹក​ព្រលឹមនឹងធ្វើ​ឱ្យ​អារម្មណ៍​របស់​អ្នកស្រស់បស់​ល្អ ដើម្បី​ត្រៀមជាស្រេច​ក្នុងការ​បំពេញការងារផ្សេងៗពេញ​មួយថ្ងៃ​បាន​យ៉ាង​ល្អប្រសើរ៕

  • Liverpool សម្លឹង​ការស្តារ​មុខមាត់​ក្នុងជំនួប​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែ1

    Liverpool សម្លឹង​ការស្តារ​មុខមាត់​ក្នុងជំនួប​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​តែ1

    លោក Jurgen Klopp ត្រូវតែ​ប្រមូល​ស្មារតី​ដែល​បាន​បែកបាក​របស់​ក្រុម Liverpool ត្រឡប់មកវិញ ខណៈដែល​ក្រុម​ហង្ស​ក្រហម​មួយ​នេះ​សម្លឹង​រក​ការស្តារ​មុខមាត់​ត្រឡប់មកវិញ ពី​ការខកចិត្ត​ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប​របស់​ពួកគេ ក្នុងការ​ប្រកួត​ដ៏​សំខាន់​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង Merseyside គឺ Everton នៅ​ថ្ងៃអាទិត្យ​នេះ។

    លោក Marco Silva នឹង​ដឹកនាំ​ក្រុម Everon ទៅកាន់​កីឡដ្ឋាន Anfield ខណៈដែល​ក្រុម​មាន​ឯកសណ្ឋាន​ពណ៌​ខៀវ នឹង​សម្លឹង​រក​ជ័យជម្នះ​ជា​លើក​ទី1 របស់​ពួកគេ នៅលើ​ទឹកដី​អ្នកជិតខាង​របស់ខ្លួន បើ​គិត​ចាប់តាំងពី​ឆ្នាំ1999។

    Everton នឹង​ឈានទៅ​កាន់ការ​ប្រកួត​នៅ​ចុង​សប្តាហ៍​នេះ ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ៦ នៅលើ​តារាង​ក្របខ័ណ្ឌ Premier League ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ5លើក និង​រង​បរាជ័យ​ត្រឹមតែ1លើក​គត់ ក្នុងការ​ប្រកួត៧លើកចុងក្រោយ​របស់​ពួកគេ។

    សុទិដ្ឋិនិយម​របស់​ពួកគេ​មាន​ភាពផ្ទុយ​គ្នា​ស្រឡះ​ទៅនឹង​សញ្ញា​នៃ​ការជួប​បញ្ហា​ជា​លើក​ទី១ក្នុង​ក្រុម​របស់លោក Klopp នៅ​រដូវ​កាល​នេះ។ ស្រប​ពេលដែល​ក្រុម Liverpool នៅតែ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការប្រកួត​លី​ក និង​កំពុងតែ​ដេញតាម​ពីក្រោយ​ក្រុម Manchester City 2ពិន្ទុ នៅ​មុនពេល​ការប្រកួត​នៅ​ចុង​សប្តាហ៍​នេះ ការរង​បរាជ័យ​ក្រៅ​ដីជាប់ៗគ្នា​ក្នុង​ក្របខ័ណ្ឌ Champions League វគ្គ​ចែក​ពូ​ល​របស់​ពួកគេ​នៅលើ​ទឹកដី​ក្រុម Red Star Belgrade និង Paris Saint-Germain បាន​បង្កើត​ឲ្យ​មាន​សំណួរ​ទាក់​នឹង​សក្កា​នុព​ល​នៃ​ការ​ប្រជែង​ពានរ​បស់​ពួកគេ។

    Roberto Firmino គឺជា​សមាជិក​ចុងក្រោយ​នៃ​តំបន់​ប្រយុទ្ធ​ដ៏​មុត​ស្រួច​កាលពី​រដូវ​កាល​មុន​របស់ Liverpool ដែល​ធ្លាក់ចូល​ក្នុងការ​រិះគន់ ក្រោយពី​ចាញ​ក្រុម PSG 2-1 កាលពី​ថ្ងៃ​ពុធ ដែល​ធ្វើ​ឲ្យ​ពួកគេ​ប្រ​ឈ​មុខ​នឹង​ការប្រកួត​ជុំ​ចុងក្រោយ​ដ៏​សំខាន់​ជាមួយនឹង Napoli ខណៈ​ពួកគេ​សម្លឹង​រក​ការ​ឈ្នះ​កៅអី​ទៅ​វគ្គ​បន្ត។ ការប្រកួត​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង11:15យប់៕

    ប្រភពពី៖ Channel News Asia

  • តួរ​ឯក​ប្រុស​ក្នុង​រឿង “ម៉ូតូឌុប​បះសក់” លោក Peach Pachara មកជួប​ជាមួយ Fan កម្ពុជា​លើកដំបូង

    តួរ​ឯក​ប្រុស​ក្នុង​រឿង “ម៉ូតូឌុប​បះសក់” លោក Peach Pachara មកជួប​ជាមួយ Fan កម្ពុជា​លើកដំបូង

    នៅ​រសៀល​ម្សិលមិញ សំឡេង​ហ៊ោកញ្ជ្រៀវ​ស្រែក​ស្ទើរតែ​បែក​ត្រចៀក​នៅឯ​រោងកុន Major Cineplex by Smart ក្នុង​ផ្សារ​ទំនើប Aeon Mall 1 ជាមួយ Fan របស់​តារា​ល្បីឈ្មោះ​មកពី​ប្រទេស​ថៃ​គឺ លោក Peach Pachara ដែលជា​តួ​រឯក​ប្រុស​ដ៏​សង្ហារ​នៅក្នុង​រឿង “ម៉ូតូឌុប​បះសក់ ឬក៏ Bikeman”។

    លោក Peach Pachara បាន​ប្រាប់​ទៅកាន់ Fan របស់លោក​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក​បាន​មកជួប​ជាមួយ Fan របស់លោក​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​ស្រលាញ់ Fan ទាំងអស់គ្នា​ជាខ្លាំង លោក​សង្ឃឹមថានឹង​អាច​ត្រលប់​មកជួប​ជាមួយ Fan ម្តងទៀត​នៅក្នុងពេលឆាប់ៗ ខាងមុខ។

    លោក​បាន​ចំណាយពេល​លេង​ហ្គេម ថតរូបប្លែកៗ ជាច្រើន និង ផ្តល់​ភាព​សិទ្ធ​ស្នាល​ជាមួយ Fan របស់លោក​យ៉ាង​សប្បាយរីករាយ។

    តារា​ប្រុស​រូប​សង្ហារ​ដែល​ប្រសូត​ចេញពី​ត្រកូល​អភិជន​លោក Peach Pachara កើត​នៅ​ថ្ងៃទី10 ខែឧសភា ឆ្នាំ 1993 និង បានបញ្ចប់​ការសិក្សា​ពី​សកល​វិទ្យាល័យ Chulalongkorn ផ្នែក​ពាណិជ្ជកម្ម និង​គណនេយ្យ។

    ទស្សនិកជន​បាន​ស្គាល់​លោក​លើកដំបូង​តាមរយៈ​ស្នាដៃ​ដូចជា​ការដឹកនាំ​រឿង SuckSeed និង​មហាសេដ្ឋី​ឆ្នាំ 2011។ បច្ចុប្បន្ននេះ​គាត់​កំពុងធ្វើការ​ជាមួយ​ប៉ុស្តិ៍​លេខ 3 ហើយក៏​ជា​អ្នកដឹកនាំ​ដ៏​សំខាន់​មួយ​នៅក្នុង​រឿង Hormones: The Series ដែល​ដើរតួ​ជា Win ហើយ​លោក​ក៏​ធ្លាប់​លេងភ្លេង និង បាន​បង្កើត​ក្រុម​តន្ត្រី​ផ្ទាល់ខ្លួន​ដែលមាន​ឈ្មោះថា Rooftop៕

  • វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Copa Libertadores នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Bernabeu របស់ Real

    វគ្គ​ផ្តាច់ព្រ័ត្រ​នៃ Copa Libertadores នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Bernabeu របស់ Real

    ការប្រកួត​ជើង​ទី2នៃ​ពាន Copa Libertadores វគ្គ​ផ្តាច់ព្រ័ត្រ​រវាង​ក្រុម Boca Juniors និង River Plate នឹងត្រូវ​ប្តូរ​ទៅកាន់​ចម្ងាយ​ដ៏​ឆ្ងាយ​ពោលគឺ​ច្រើនជាង 9656គីឡូម៉ែត្រ​ពី​ប្រទេស​អា​ហ្ស​ង់​ទីន ទៅកាន់​កីឡដ្ឋាន Bernabeu របស់​ក្លិប Real Madrid។

    ការប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង Buenos Aires តែមួយ​មួយ​នេះ ត្រូវបាន​ពន្យា​ពេល​កាលពី​ចុង​សប្តាហ៍​មុននេះ ក្រោយពី​ការវាយប្រហារ​មួយ​ទៅលើ​រថយន្តក្រុង​របស់​ក្រុម Boca ដោយ​អ្នកគាំទ្រ​របស់​ក្លិប River Plate។

    កីឡាករ​មួយចំនួន​របស់​ក្រុម Boca បាន​រងរបួស ដោយសារតែ​កម្ទេច​កញ្ចក់​ដែល​បែក ហើយក៏​ត្រូវបាន​រង​ឥទ្ធិពល​ពី​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដែល​ត្រូវបាន​ប្រើប្រាស់​ដោយ​ប៉ូលិស ដើម្បី​បំបែក​ក្រុមមនុស្ស។

    ការប្រកួត​នេះ នឹងត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី9 ខែធ្នូ។ ការប្រកួត​ដណ្តើមពាន Copa Libertadores គឺជា​យុទ្ធនាការ​កំពូល​របស់​ក្លិប​នៅ​អាមេរិក​ខាងត្បូង ដែលមាន​កម្រិត​ស្មើនឹង​ក្របខ័ណ្ឌ Champions League នៅ​អឺរ៉ុប។

    ក្រុម​អ្នកគាំទ្រ​របស់​ក្លិប​ទាំងនេះ នឹងត្រូវ​ផ្តល់​ចំនួន​សំបុត្រ​ស្មើគ្នា សម្រាប់​ការប្រកួត​ក្នុង​រដ្ឋធានី​របស់​អេ​ស្ប៉ា​ញ។ អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​អាមេរិក​ខាងត្បូង​ហៅ​កាត់​ថា Conmebol បាន​ច្រានចោល​ការតវ៉ា​របស់​ក្រុម Boca ឲ្យ​បាន​រង្វាន់​ពាន​ដល់​ពួកគេ ដោយ​មិនចាំបាច់​លេង។

    ការប្រកួត​នេះ ត្រូវបាន​ចាត់ទុកថា ជាការ​ប្រកួត​កម្រិត​ក្លិប​ដ៏​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​រយ់ពេល 127ឆ្នាំ​នៃ​កីឡាបាល់ទាត់​អា​ហ្ស​ង់​ទីន ហើយ​ការប្រកួត​ជើង​ទី1បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2៕

    ប្រភពពី៖ BBC

  • មិនធ្លាប់ដឹងសោះ ដូងខ្ទិះមួយផ្លែថ្លៃជាង 4ម៉ឺនរៀលឯណោះ…

    មិនធ្លាប់ដឹងសោះ ដូងខ្ទិះមួយផ្លែថ្លៃជាង 4ម៉ឺនរៀលឯណោះ…

    ដូងខ្ទិះមិនមែនជាប្រភេទដូងធម្មតាដែលគេពូតយកខ្ទិះសម្រាប់ធ្វើនំ ឬធ្វើម្ហូបនោះទេ ប៉ុន្តែជាប្រភេទដូងដែលមានសាច់ក្រាស់ ទន់ស្រដៀងផ្លែត្រសក់ស្រូវទុំ មានក្លិនក្រអូបប្រហើរគួរឱ្យចង់ទទួលទាន អាចហូបសាច់ដោយផ្ទាល់ក៏បាន ឬយកទៅធ្វើបង្អែមជាមួយផ្លែឈើផ្សេងក៏បាន ដែលកត្តានេះហើយបានធ្វើឱ្យដូងប្រភេទនេះមានការគាំទ្រច្រើននៅលើទីផ្សារចំណីអាហារ និងមានតម្លៃថ្លៃជាងដូងធម្មតាយើងហ្នឹងឯង។

    អ្នកស្រី ផៃ វ៉ារី អ្នកលក់ដូងខ្ទិះតាមអនឡាញនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានមានប្រសាសន៍ថា ជាធម្មតាដូងខ្ទិះមានតម្លៃថ្លៃជាងដូងធម្មតាប្រហែល 10ដងឯណោះ មួយផ្លែមានតម្លៃចន្លោះពី 25,000រៀល ទៅដល់ 60,000រៀល ទៅតាមរដូវខ្សត់ និងរដូវសម្បូរផ្លែដូងប្រភេទនេះ និងមានតម្លៃទាបខ្ពស់ទៅតាមទំហំផ្លែតូច ឬផ្លែធំ ខុសពីដូងធម្មតាដែលមានតម្លៃត្រឹមតែ 2,000 ទៅ3,000រៀលប៉ុណ្ណោះ។

    អ្នកស្រីអះអាងថា ដោយសារតែវាមានរសជាតិឆ្ងាញ់ ក្លិនក្រអូបប្រហើរនោះ បានធ្វើឱ្យដូងខ្ទិះលក់ដាច់បានច្រើនគួរសម ក្នុងមួយថ្ងៃៗត្រូវបានអតិ-ថិជនកុម្ម៉ង់ទិញតាមអនឡាញប្រមាណជា20 ទៅ30ផ្លែ ដែលអតិថិជនភាគច្រើនបានកុម្ម៉ង់ទិញពីក្រុងភ្នំពេញ នៅក្នុងទីរួមខេត្តបាត់ដំបងផ្ទាល់ និងពីខេត្តមួយចំនួនទៀត ដូចជាសៀមរាប តាកែវ កំពង់ធំ ព្រះវិហារជាដើម។

    លក្ខណៈពិសេសរបស់ដូងខ្ទិះនេះ គឺមិនត្រូវបានគេយកទៅកោស រួចច្របាច់យកខ្ទិះដូចដូងធម្មតារបស់យើងទេ ពោលគឺ ពេលគេពុះវារួច គេយកស្លាបព្រាដួសយកសាច់ហូបដូចផ្លែត្រសក់ស្រូវទុំដែរ តែមានរសជាតិផ្អែមមុតជាងត្រសក់ស្រូវមានក្លិនក្រអូបប្រហើរ ឈ្ងុយជាប់មាត់ ឬអាចយកទៅលាយជាមួយផ្លែឈើផ្សេងទៀត ដាក់ទឹកដោះគោ ដាក់ទឹកកកឈូសពីលើ ឬយកទៅធ្វើជាទឹកក្រឡុកក៏រឹតតែមានរសជាតិឈ្ងុយឆ្ងាញ់លើសពីទឹកក្រឡុកធម្មតាទៅទៀត។ ក្រៅពីមានរសជាតិក្រអូបឈ្ងុយឆ្ងាញ់ហើយ ដូងខ្ទិះមានសារៈប្រយោជន៍ច្រើនចំពោះសុខភាព ដូចជាអាចកាត់បន្ថយជំងឺសន្លាក់ កាត់បន្ថយជំងឺសរសៃ និងល្អប្រសើរសម្រាប់ស្រ្តីមានគភ៌ និងមនុស្សចាស់ទៀតផង។

    ក្នុងការជ្រើសរើស និងសង្កេតមើលថា តើដូងណាមានខ្ទិះច្រើន គេគ្រាន់តែយកផ្លែដូងមករលាក់ ហើយស្តាប់…នៅពេលស្តាប់ហើយ គ្មានឮសំឡេងទឹករលាក់ដូចដូងធម្មតានោះ បានន័យថា ដូងមួយផ្លែនោះមានសាច់ច្រើន និងក្រាស់ ហើយមានកំហាប់ល្អ ដូច្នេះគឺដូងប្រភេទហ្នឹងហើយដែលមានខ្ទិះច្រើនហើយដើម្បីឱ្យរឹតតែច្បាស់ជាងនេះទៅទៀត គេត្រូវយកដូងទៅបកសម្បកចេញ ហើយគោះស្តាប់ម្តងទៀតដើម្បីបញ្ជាក់សំឡេងពីខាងក្រៅ បើសិនគោះហើយឮសំឡេងហាប់ណែនល្អនោះ បញ្ជាក់ថាដូងមួយផ្លែនោះមានខ្ទិះច្រើនហើយ និងបើរលាក់ទៅ ឮស្នូរទឹកនៅខាងក្នុង បញ្ជាក់ថា ដូងនោះមិនមានសាច់ក្រាស់ និងមានខ្ទិះមិនសូវច្រើនទេ។

    ដូងខ្ទិះជាប្រភេទដូងកម្រ ដោយសារតែមានការលំបាកក្នុងការដាំដុះ ហើយត្រូវការដីដែលមានជីវជាតិខ្លាំងទើបដាំបានផលល្អ។ បើសិនការដាំដុះមិនបានពិនិត្យដីជាមុនទេ ភាគរយនៃការទទួលជោគ-ជ័យមានតិចណាស់ ទោះជាបានផល មានផ្លែច្រើនក្ដី ប៉ុន្តែផ្លែនៅលើដើមខ្លះ មិនសូវមានខ្ទិះទេ ហើយជួនកាលដូងមួយធ្លាយមានខ្ទិះតែ 1ផ្លែ ឬ2ផ្លែប៉ុណ្ណោះ ហើយភាគរយនៃការទទួលផលមានចន្លោះតែពី5 ទៅ10ភាគរយប៉ុណ្ណោះ មានន័យថា បើកសិករដាំ 100ដើម មានដូងប្រហែលជា5 ទៅ10ដើមប៉ុណ្ណោះដែលឱ្យផ្លែដែលមានខ្ទិះច្រើន។

    ការដាំដើមដូងខ្ទិះត្រូវមានការប្រុងប្រយ័ត្នខ្ពស់បើមិនដូច្នោះទេវានឹងក្លាយទៅជាដូងធម្មតាមិនមានខ្ទិះ និងលក់មិនបានថ្លៃខ្ពស់ទេ។ មុននឹងដាំគេត្រូវរើសពូជផ្លែណាដែលទុំល្អ ហើយយកមកទុកចោល ឬបណ្តុះឱ្យវាដុះត្រួយឡើងដោយខ្លួនឯងបានកម្ពស់ប្រហែលជា30សង់ទីម៉ែត្រ។ នៅពេលដុះហើយ គេត្រូវយកកាំបិតមកកាប់ក្បាលដូងចេញ និងខ្វេះកាយយកសាច់ខ្ទិះខាងក្នុងចេញឱ្យអស់ រួចយកដីមកបិទនៅលើកន្លែងដែលយើងកាប់យកសាច់នោះឱ្យជិតទៅវិញ បន្ទាប់មកទើបយកទៅដាក់ដាំនៅក្នុងរណ្តៅ។

    ការដាំដើមដូងខ្ទិះ គេមិនត្រូវជីករណ្តៅឱ្យជ្រៅពេកទេ ដោយជីកយកជម្រៅត្រឹមតែ50សង់ទីម៉ែត្រ(កន្លះម៉ែត្រ) ទៅ70សង់ទីម៉ែត្រ(7តឹក)ប៉ុណ្ណោះ។ ពេលជីករួច ត្រូវយកកំបោរស ឬផេះមករោយទ្រាប់បាតរណ្ដៅដើម្បីសម្លាប់មេរោគបាក់តេរី ឬការពារសត្វល្អិតបំផ្លាញដំណាំ ដូចជាដង្កូវដួងស៊ីគល់ដូងដែលធ្វើឱ្យកូនដូងមិនអាចលូតលាស់ឡើងបាន ឬធ្វើឱ្យកូនដូងងាប់ជាដើម។ បន្ទាប់ពីរៀបចំរណ្តៅរួចហើយ គេត្រូវយកកូនដើមដូងមកដាក់ដាំ ដោយបន្ថែមជីកំប៉ុស ឬជីធម្មជាតិលាយជាមួយដី រួចហើយស្រោចទឹកតាមធម្មតា កូនដើមដូងនឹងលូតលាស់ឡើងបានល្អដូចការដាំដើមដូងធម្មតាដែរ៕

  • អត្ត​ព​លិ​ក​រាប់រយ​នាក់ បន្លំ​ផ្លូវ​កាត់ ក្នុង​ការរត់​ម៉ា​រ៉ា​តុង​នៅ​ចិន

    អត្ត​ព​លិ​ក​រាប់រយ​នាក់ បន្លំ​ផ្លូវ​កាត់ ក្នុង​ការរត់​ម៉ា​រ៉ា​តុង​នៅ​ចិន

    អត្ត​ព​លិ​ក​ច្រើនជាង 250នាក់ បាន​បន្លំ​ក្នុង​ព្រឹត្តិការណ៍​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង កាលពី​ចុង​សប្តាហ៍​មុន ក្នុង​ទីក្រុង Shenzhen ក្នុងនោះ​រាប់បញ្ចូល​ទាំង​អ្នករត់​ជាច្រើន​ដែល​បាន​ប្រើប្រាស់​ផ្លូវ​កាត់​ផងដែរ។

    នេះ​បើ​យោងទៅតាម​បណ្តាញ​សារព័ត៌​រដ្ឋ​របស់​ចិន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ចាត់ទុកថា «ជា​រឿង​ដ៏​អាម៉ាស​មួយ»។ ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង និង​ការរត់​កម្សាន្ត កំពុង​តែមាន​ប្រជាប្រិយភាព​ក្នុងប្រទេស​ចិន បើទោះបី​មាន​កង្វក់​បរិស្ថាន​ដែល​កើតឡើងជារឿយៗក្នុង​ទីក្រុងធំៗក៏ដោយ ស្រប​ពេលដែល​អ្នកចូលរួម​ជាច្រើន​ចូលចិត្ត​ស្លៀកពាក់​ម៉ូដ​ខោអាវ​ទាន់សម័យ និង​ប្រើប្រាស់​បច្ចេកវិទ្យាទំនើប។

    ទោះបីជា​យ៉ាងណា កីឡា​នេះ បាន​បង្កើត​ឱ្យ​រឿងរ៉ាវ​ដ៏​ចម្រូងចម្រាស់​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ អំឡុងពេល​រត់ប្រណាំង​កាលពី​ថ្ងៃអាទិត្យ ក្នុង​ទីក្រុង Shenzhen ឆ្លងកាត់​ព្រំដែន​ពី​ទីក្រុង​ហុងកុង អ្នករត់​ចំនួន 258នាក់ ត្រូវបាន​ពិន័យ​សម្រាប់​ការបន្លំ។ នេះ​បើ​យោងទៅតាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ។

    អ្នករត់​ច្រើនជាង 12នាក់ បាន​ប្រើប្រាស់​អាវកាក់​ក្លែងក្លាយ ហើយ​អ្នករត់៣នាក់ បាន​រត់​ចូល​គ​ន្ល​របស់​អ្នកផ្សេង ប៉ុន្តែ រឿង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ការប្រើប្រាស់​ផ្លូវ​វៀង​ដើម្បី​រត់ប្រណាំង។ ក្នុងករណី​ដ៏​ធ្ងន់ធ្ងរ​បំផុត កាមេរ៉ា​ចរាចរណ៍ បាន​ថត​ជាប់​អ្នករត់​ជាច្រើន​រត់​ចុះឡើង យ៉ាងហោចណាស់​ចម្ងាយ1គីឡូម៉ែត្រ នៅមុន​ពួកគេ​រត់​ត្រឡប់​ថយក្រោយ​វិញ ដើម្បី​ចំណេញ​បាន2 ឬ3គីឡូម៉ែត្រ ក្នុង​ការរត់​ចម្ងាយ 21គីឡូម៉ែត្រ។

    អ្នក​ដែល​ប្រព្រឹត្តល្មើស​ធ្ងន់ធ្ងរ នឹងត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពិន័យ​ព្យួរ1ជីវិត។ អ្នករៀបចំ​ការប្រកួត​នៅ​ទីក្រុង Shenzhen បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «យើង​ពិតជា​សោកស្តាយ​ចំពោះ​ការប្រព្រឹត្ត​ល្មើស​ដែល​បាន​កើតឡើង​អំឡុងពេល​នៃ​ព្រឹត្តិការណ៍​នេះ»៕

    ប្រភពពី៖ Channel News Asia

  • ពិព័រណ៍ STEM Cambodia ប្រចាំឆ្នាំ​លើក​ទី14 ចាប់ផ្ដើម​នៅថ្ងៃនេះ

    ពិព័រណ៍ STEM Cambodia ប្រចាំឆ្នាំ​លើក​ទី14 ចាប់ផ្ដើម​នៅថ្ងៃនេះ

    ជា​រៀងរាល់ឆ្នាំ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​ដៃគូ​នានា​ប្រារព្ធ​ពិព័រណ៍​មុខវិជ្ជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ដើម្បី​ជំរុញ​ឱ្យ​កម្ពុ​ជាមាន​ធនធានមនុស្ស​កាន់តែច្រើន​លើ​ផ្នែក​នេះ។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា STEM ជា​មុខវិជ្ជា​សំខាន់​ដែល​កម្ពុជា​ត្រូវការ ព្រោះ​ជំនាញ​នេះ​អាច​ឆ្លើយតបបាន​យ៉ាង​ប្រសើរ​ជាមួយនឹង​កំណើន​នៃ​ការវិនិយោគ តម្រូវការ​សាងសង់ថ្មីៗ ការងារ​ក្នុង​សហគ្រាស និង​ជា​មូលដ្ឋាន​ដែល​នាំឱ្យមាន​នវានុវត្តន៍សំខាន់។

    ដោយ​មើលឃើញ​ពី​ចំណុច​សំខាន់​ទាំងអស់នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញឱ្យមាន​ការបង្កើត​សាលា​ជំនាន់​ថ្មី កម្មវិធី​ពិព័រណ៍ STEM ប្រចាំឆ្នាំ និង​ជំរុញឱ្យមាន​ការបន្ត​ផ្សព្វផ្សាយ​នៅ​គ្រប់​ខេត្ត-ក្រុង​នៅ​កម្ពុជា។ នៅ​តំបន់​ជនបទ​នានា ក្រសួង​បាន​សហការ​បង្កើតជា​អគារ​ធនធាន ដើម្បី​ផ្តល់​ឧបករណ៍​បរិក្ខារ​សម្រាប់​ការស្រាវជ្រាវ ពិសោធន៍ និង​សម្រាប់​អប់រំ​បច្ចេកវិទ្យា។

    គួរ​បញ្ជាក់ថា ឆ្នាំនេះ​ជា​ឆ្នាំ​ទី 14 ហើយ​ដែល​កម្មវិធី​ពិព័រណ៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) បានរៀបចំ​នៅ​កម្ពុជា។ កម្មវិធី​នេះ​បានចាប់ផ្ដើម​ឡើង​នៅថ្ងៃនេះ(30 ខែវិច្ឆិកា) រហូតដល់​ថ្ងៃទី1 ខែធ្នូ ឆ្នាំ2018 នៅ​អគារ A និង B នៃ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ៕

  • គណនី Apple ID ជាច្រើនត្រូវបានបិទដោយស្វ័យប្រវត្តិ និងមិនដឹងមូលហេតុ

    គណនី Apple ID ជាច្រើនត្រូវបានបិទដោយស្វ័យប្រវត្តិ និងមិនដឹងមូលហេតុ

    ថ្មីៗនេះ អ្នកប្រើប្រាស់ iPhone ជាច្រើននាក់បានជួបប្រទះ​នូវ​បញ្ហា​ធំ​មួយ គឺ​គណនី Apple ID ត្រូវបាន​បិទ (Lock) ដោយ​ស្វ័យប្រវត្តិ ដែលជា​ហេតុ​ធ្វើឱ្យ​ពួកគាត់​មិនអាច​ប្រើប្រាស់ Apple ID បាន។

    ជាធម្មតា Apple នឹងធ្វើ​ការបិទ​គណនី Apple ID ភ្លាមៗប្រសិនបើ​គណនី​មួយ​នោះ​មានការ​ព្យាយាម Login ចូល​ច្រើនដង ឬ​វាយ​ពាក្យ​សម្ងាត់​ខុស ប៉ុន្តែ​បញ្ហា​កើតមានឡើង​នៅពេលនេះ​គឺ​នៅសុខៗស្រាប់-តែ​ឃើញ​សារ​បញ្ជាក់ថា Apple ID ត្រូវបាន​បិទ។

    ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ខាង​ក្រុមហ៊ុន Apple មិនបាន​ចេញមុខ​បំភ្លឺ​នោះទេ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​អ្នកប្រើប្រាស់​ដែល​ជួប​បញ្ហា​នេះ ត្រូវតែ​ធ្វើការ Reset លេខ​សម្ងាត់​ជាថ្មី​ឡើងវិញ ទើប​អាច​ប្រើ​បាន។

    មាន​អ្នកប្រើប្រាស់​ជាច្រើន​នាក់​បាន​រអ៊ូរទាំ​អំពី​បញ្ហា​នេះ ជាពិសេស គឺ​ពួកគាត់​ព្យាយាម​វាយ​ពាក្យ​សម្ងាត់​របស់គាត់​ច្រើនដង ប៉ុន្តែ​បែរជា Apple ថា មិន​ត្រឹមត្រូវ និង​តម្រូវឱ្យ​គាត់​ប្រើពាក្យ​សម្ងាត់​ថ្មី ដល់ពេលគាត់​ប្រើពាក្យ​សម្ងាត់​ថ្មី ក៏​នៅតែ​មិនអាច​ប្រើ​បាន​ដដែល៕

  • ផ្លូវជាតិលេខ3 ចាប់ផ្ដើមស្ថាបនាឡើងវិញ តម្លៃដីក៏ចាប់ផ្ដើមហក់ឡើងតាមដែរ

    ផ្លូវជាតិលេខ3 ចាប់ផ្ដើមស្ថាបនាឡើងវិញ តម្លៃដីក៏ចាប់ផ្ដើមហក់ឡើងតាមដែរ

    បន្ទាប់ពីបានសិក្សាអស់រយៈពេលច្រើនខែមក បច្ចុប្បន្នក្រុមហ៊ុនចិនដែលទទួលបានសិទ្ធិក្នុងការ-ជួសជុល និងស្ថាបនាផ្លូវជាតិលេខ3 ឡើងវិញនោះ បានចាប់ផ្តើមដាក់គ្រឿងចក្រស្ថាបនាចូលទៅក្នុងទីតាំងដែលត្រូវដំណើរការជាបណ្តើរៗហើយ ដែលការជួសជុលជាអាទិភាព គឺនៅត្រង់ចំណុចដែលរងការខូចខាតច្រើនជាងគេ។

    លោក នូ វឌ្ឍនៈ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមានប្រសាសន៍ថា បច្ចុប្បន្ន បន្ទាប់ពីក្រុមហ៊ុនវ៉ានអាន ជាទីប្រឹក្សាបច្ចេកទេសត្រួតពិនិត្យគុណភាពរួច ក្រុមហ៊ុនស្ពានថ្នល់ចិនបានដាក់គ្រឿងចក្រស្ថាបនាឡើងវិញជាបណ្តើរៗហើយ ដែលបច្ចុប្បន្នកំពុងជួសជុល និងសាងសង់នៅលើកំណាត់ផ្លូវត្រង់កន្លែងដែលខូចខាតខ្លាំងប្រវែង 20គីឡូម៉ែត្រនៅក្នុងទីរួមខេត្តកំពតដែលរងការខូចខាតដោយសារទឹកជំនន់កាលពីពេលកន្លងមក។ ជាមួយគ្នានេះដែរគេសង្កេតឃើញក្រុមហ៊ុនបានដាក់គ្រឿងចក្រនៅតាមកន្លែងផ្សេងៗទៀតដើម្បីជីកកកាយដីស្អុយខូចៗចាស់ៗចេញ មុននឹងចាក់បំពេញដីថ្មីដែលមានគុណភាពល្អចូលទៅវិញ។

    លោកបញ្ជាក់ថា គម្រោងស្ថាបនាផ្លូវជាតិលេខ3ឡើងវិញនេះមានប្រវែងសរុបចំនួន 134.82គីឡូម៉ែត្រគិតចាប់ពីរង្វង់មូលចោមចៅ រហូតដល់តំបន់បែកគូសដែលជាតំបន់ផ្លូវបំបែករវាង ខេត្តកំពត និងខេត្តកែប ហើយមានគន្លងផ្លូវ 2ទៅ 2មក និងចាប់ពីចំណុចបែកគូសទៅកាន់ខេត្តកំពតនឹងមានទំហំផ្លូវតែ 2គន្លងប៉ុណ្ណោះ(1ទៅ 1មក)។ ផ្លូវជាតិលេខ3 ដែលមានប្រវែងជាង 200គីឡូម៉ែត្រនេះ ក្នុងគម្រោងត្រូវស្ថាបនាដោយការចាក់កៅស៊ូប្រភេទAC ដូចផ្លូវជាតិលេខ4 ដែរ និងត្រូវចំណាយទឹកប្រាក់ចំនួន 215លានដុល្លារអាមេរិកដែលជាកម្ចីឥណទានពីរដ្ឋាភិបាលចិន ហើយត្រូវចំណាយពេលសាងសង់រយៈពេល 4ឆ្នាំគិតចាប់ពីឆ្នាំ2018 ដល់ឆ្នាំ2022។ ទន្ទឹមនឹងគម្រោងជួសជុល និងស្ថាបនាផ្លូវជាតិលេខ3 ឡើងវិញនេះរដ្ឋាភិបាលក៏បាននិងកំពុងដាក់គ្រឿងចក្រឈូសឆាយដើម្បីស្ថាបនា និងពង្រីកផ្លូវជាតិលេខ4 ជាបណ្តើរៗដែរហើយ ដោយបានធ្វើការដាក់អំពូលភ្លើងប្រភេទថ្មីអមសងខាងដើម្បីបំភ្លឺផ្លូវឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។

    អ្នកជំនាញខាងអចលនទ្រព្យបានសម្លឹងឃើញថា ចាប់តាំងពីគម្រោងស្ថាបនាផ្លូវជាតិ3 និងផ្លូវជាតិលេខ4 លេចចេញជារូបរាងមក បានធ្វើឱ្យវិស័យអចលនទ្រព្យ ការពុះដីឡូត៍ និងសំណង់ផ្ទះល្វែងនៅតាមបណ្តោយផ្លូវជាតិទាំង2 ខាងលើបានរីកដុះដាលកាន់តែច្រើនឡើងយ៉ាងសកម្ម ហើយតម្លៃក៏កាន់តែឡើងខ្លាំងផងដែរ ដោយសារតែផ្លូវជាតិទាំង 2ខ្សែខាងលើនេះ ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ក្នុងការដឹកជញ្ជូនទំនិញទៅកាន់កំពង់ផែទឹកជ្រៅនៅក្នុងខេត្តកំពត និងខេត្តព្រះសីហនុរបស់កម្ពុជា ហើយក៏មានសារៈសំខាន់ខ្លាំងផងដែរសម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសការធ្វើដំណើរទៅកម្សាន្តនៅតាមរមណីយដ្ឋានមាត់សមុទ្រនៅថ្ងៃឈប់សម្រាកម្តងៗ។

    លោក តុប នីមល ប្រធានគម្រោងពុះដីឡូតិ៍លក់នៅជិតស្ពានទឹកថ្លាតាមបណ្តោយផ្លូវជាតិលេខ3មានប្រសាសន៍ថា បច្ចុប្បន្នតម្លៃដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ3 ពិតជាឡើងថ្លៃខ្លាំងមែន រាប់ចាប់ពីរង្វង់មូលចោមចៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមកដល់ចំណុចផ្សារព្រៃទទឹងក្នុងខេត្តកណ្តាល ឬហួសពីហ្នឹងទៅបន្តិចទៀត តម្លៃដីបានហក់ឡើងខ្លាំង 1គុណនឹង2 ឬគុណនឹង3 ក៏មាន។ លោកបានលើកជាឧទាហរណ៍ជាក់ស្តែងថា កាលពីឆ្នាំកន្លងទៅដីមួយឡូត៍មានតម្លៃចន្លោះតែពី4.000 ទៅ8.000ដុល្លារប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នដីនៅផ្នែកខាងក្នុង ចុះពីផ្លូវជាតិទៅប្រមាណជា 1គីឡូម៉ែត្រ ទៅ2គីឡូម៉ែត្រត្រូវបានគេលក់ក្នុងតម្លៃចន្លោះពី8.000ដុល្លារទៅដល់ 14.000ដុល្លារឯណោះ ទៅតាមទីតាំងដីឡូត៍ខាងមុខ ឬខាងក្រោយ។

    ជាមួយគ្នានេះដែរ លោក សុខ ប៊ុនធឿន ប្រធានគម្រោងលក់អចលនទ្រព្យតាមបណ្ដោយផ្លូវជាតិលេខ4 ក៏មានប្រសាសន៍ដែរថា តម្លៃដីនៅតាមផ្លូវជាតិលេខ4នេះ ឡើងខ្លាំងនឹកស្មានមិនដល់។ កាលពីឆ្នាំមុនអាចរកទិញបានក្នុងតម្លៃចន្លោះតែពី20 ទៅ30ដុល្លារប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែសម្រាប់ដីពុះឡូត៍បច្ចុប្បន្នវិញ បានឡើងថ្លៃចន្លោះពី30 ទៅដល់80ដុល្លារ ដែលធ្វើឱ្យអ្នកវិនិយោគផ្នែកពុះដីឡូត៍លក់ ពិបាករកទិញដីដើម្បីពុះលក់ទៅវិញណាស់ដោយសារតែមិនសូវមាន និងពិបាកចំណេញដូចមុន។

    លោកបន្តថា អ្វីដែលធ្វើឱ្យតម្លៃដីឡើងថ្លៃនេះ គឺដោយសារសំណង់ផ្ទះល្វែងបានរីកដុះដាលខ្លាំងនៅតាមបណ្តោយផ្លូវជាតិលេខ4នេះ ចាប់ពីរង្វង់មូលចោមចៅ រហូតទៅដល់ផ្សារបែកចាន ឬរហូតទៅដល់ផ្សារអង្គស្នួលក្នុងស្រុកអង្គស្នួល ខេត្តកណ្តាលឯណោះ ដោយសំណង់ផ្ទះល្វែងទាំងនោះមានតម្លៃប្រមាណជាជាង 5ម៉ឺនដុល្លារនៅជូរខាងក្នុង និងជាង 10ម៉ឺនដុល្លារសម្រាប់ជួរខាងមុខ៕

  • យប់ស្អែកម៉ោង10 ចូលរួមវាយគង ទូងស្គ ទះប៉ោត គោះត្រដោក អបអរសាទរល្ខោនខោលរបស់កម្ពុជា

    យប់ស្អែកម៉ោង10 ចូលរួមវាយគង ទូងស្គ ទះប៉ោត គោះត្រដោក អបអរសាទរល្ខោនខោលរបស់កម្ពុជា

    តាមរយៈទំព័រហ្វេសប៊ុករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យជ្រាបថា សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ ក្នុងឱកាសដែល ល្ខោនខោលរបស់កម្ពុជាត្រូវបានដាក់បញ្ចូលជាផ្លូវការនៅក្នុងបញ្ជីបេតិកភ័ណ្ឌអរូបីយនៃមនុស្សជាតិ នៅទីក្រុងព័រល្វីស សាធារណរដ្ឋម៉ូរីស នៅថ្ងៃទី 28 វិច្ឆិកា ឆ្នាំ 2018 នេះ។

    ដើម្បីអបអរសាទរព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងជនរួមជាតិកម្ពុជាគ្រប់រូប សូមចូលរួមអបអរសាទរ វាយគង ទូងស្គ ទះប៉ោត គោះត្រដោក នៅម៉ោង10យប់ នាថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2018 នៅទូទាំងប្រទេសកម្ពុជា៕