Category: សង្គម និងសេដ្ឋកិច្ច

  • កម្ពុជា-សហភាព​អារ៉ាប់​រួម ភ្ជាប់​ការស្វែងយល់​ពី​សក្តានុពល​ដើម្បី​វិនិយោគ​លើ​វិស័យសំខាន់ៗ

    កម្ពុជា-សហភាព​អារ៉ាប់​រួម ភ្ជាប់​ការស្វែងយល់​ពី​សក្តានុពល​ដើម្បី​វិនិយោគ​លើ​វិស័យសំខាន់ៗ

    ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​ជំរុញ​សហភាព​អារ៉ាប់​រួម​ឱ្យធ្វើ​ការវិនិយោគ​នៅ​កម្ពុជា​ដើម្បី​ព​ន្លឿ​ន​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​ស្របតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4 របស់​រាជរដ្ឋាភិបាល​ទៅលើ​វិស័យសំខាន់ៗចំនួន4 រួមមាន​កសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ។

    ឯកឧត្តម រដ្ឋមន្ត្រី បាន​លើកសំណើ​នេះ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី រី​ម អាល់ ហា​ស្ហ៊ី​មី (REEM Al Hashimy) រដ្ឋមន្ត្រីក្រសួង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​រៀបចំ​ពិព័រណ៍​ពិភពលោក​ឌូ​បៃ ឆ្នាំ2020 នៃ​ប្រទេស​សហភាព​អារ៉ាប់​រួម ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម។

    ឯកឧត្តម​ក៏បាន​អញ្ជើញ​ភាគី​សហភាព​អារ៉ាប់​រួម​ចូលរួម​ព្រឹត្តិការណ៍ «ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​នាំចេញ-នាំចូល​កម្ពុជា»កម្រិត​អន្តរជាតិ​ដែល​គ្រោង​នឹង​រៀបចំឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ2019ដើម្បី​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក​ឌូ​បៃ2020 ដល់​ប្រជាជន​កម្ពុជា និង​ប្រជាជន​នៃ​ប្រទេស​អាស៊ាន។

    លោកស្រី​រដ្ឋមន្ត្រី រី​ម អាល់ ហា​ស្ហ៊ី​មី បាន​ថ្លែងអំណរគុណ​ដល់​លោក ប៉ាន សូរ​ស័ក្តិ ដែល​បាន​ចែករំលែក​ព័ត៌មានល្អៗទាក់ទង​នឹង​ឱកាស​វិនិយោគ​នៅ​កម្ពុជា និង​បាន​សន្យា​ជួយ​ជំរុញ​វិស័យ​ឯកជន​ប្រទេស​សហភាព​អារ៉ាប់​រួម​ឱ្យ​ចូលមក​សិក្សា​អំពី​លទ្ធភាព​វិនិយោគ​នៅ​កម្ពុជា ក៏ដូចជា​ចូលរួម​ពិព័រណ៍ ដែល​រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម។

    នៅក្នុង​ឱកាស​នោះ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ក៏បាន​ជម្រាបជូន​លោកស្រី រី​ម អាល់ ហា​ស្ហ៊ី​មី អំពី​វឌ្ឍនភាព​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4 គោលនយោបាយ​គាំពារ​វិនិយោគ និង​គោលការណ៍​លើកទឹកចិត្តផ្សេងៗ ដែល​រាជរដ្ឋាភិបាល​បាន​ផ្តល់ជូន​វិនិយោគិន​បរទេស​ដែល​កំពុង​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា។

    ជាការ​ឆ្លើយតប លោកស្រី រី​ម អាល់ ហា​ស្ហ៊ី​មី បានបង្ហាញ​ចេតនា​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុងពេលឆាប់ៗខាងមុខ ដើម្បី​ស្វែងយល់​កាន់តែច្បាស់​ពី​សក្តានុពល​នៃ​វិស័យ​ទេសចរណ៍ និង​វប្បធម៌​ដ៏​សម្បូរបែប​របស់​កម្ពុជា​សំដៅ​ពង្រឹង​ទំនាក់ទំនង​ការទូត និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ៕

  • ជំនួយឥតសំណង​ជិត 40ម៉ឺន​ដុល្លារ ជួយ​ដល់​ការអភិវឌ្ឍ ត្រូវបាន​រដ្ឋាភិបាល​ជ​ប៉ុន​ផ្តល់ឱ្យ​កម្ពុជា

    ជំនួយឥតសំណង​ជិត 40ម៉ឺន​ដុល្លារ ជួយ​ដល់​ការអភិវឌ្ឍ ត្រូវបាន​រដ្ឋាភិបាល​ជ​ប៉ុន​ផ្តល់ឱ្យ​កម្ពុជា

    រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយឥតសំណង​សរុប​ចំនួន 353,276ដុល្លារ​អាមេរិក សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍ​លើ​វិស័យ​សុខាភិបាល, វិស័យ​អប់រំ និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា។ នេះ​បើតាម​ការ​ឱ្យដឹងពី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

    ពិធី​ចុះហត្ថលេខា​សម្រាប់​ការផ្តល់​ជំនួយឥតសំណង​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2018 នៅ​ស្ថានទូត​ជប៉ុន ក្នុងនោះ​ភាគី​ជប៉ុន តំណាង​ដោយ​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​ស្ថាប័ន​ចំនួន4 តំណាងឱ្យ​ភាគី​កម្ពុជា។

    ទឹកប្រាក់​ជំនួយឥតសំណង​ទាំងនេះ​នឹង​គាំទ្រ​ដល់​មន្ទីរ​ចំនួន4 នៅ​កម្ពុជា​ដែល​ស្ថិតក្រោម​គ្រោងការ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​នៃ​សន្តិសុខ​មនុស្សជាតិ​រួមមាន៖

    -មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ ថវិកា​ចំនួន 88,995ដុល្លារ

    -មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ថវិកា​ចំនួន 87,304ដុល្លារ

    -មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកណ្តាល ថវិកា​ចំនួន 8,9162ដុល្លារ

    -មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម ថវិកា​ចំនួន 87,810ដុល្លារ។

    សូមបញ្ជាក់ថា ជំនួយឥតសំណង គូ​សាណូ​ណិ របស់​ជប៉ុន បានចាប់ផ្តើម​ផ្តល់ឱ្យ​ប្រទេស​កម្ពុជា នៅ​ឆ្នាំ1991 ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​ឡើងវិញ​នៅតាម​មូលដ្ឋាន។

    គម្រោង​ផ្តល់ជំនួយ​នេះ មាន​ទិសដៅ​ការពារ​ដល់​ជន​ងាយ​រងគ្រោះ​ពី​កត្តា​មួយចំនួន​ដូចជា៖ ភាពក្រីក្រ និង​ភាព​អកុសល​ដែល​អាច​គំរាមកំហែង​ដោយផ្ទាល់​ដល់​ជីវភាព​រស់នៅ ការចិញ្ចឹម​ជីវិត និង​សេចក្តីថ្លៃថ្នូរ​របស់​ពួកគេ​ក៏ដូចជា​ជំរុញ​នូវ​ភាពម្ចាស់ការ​លើ​ខ្លួនឯង​របស់​ប្រជា​សហគមន៍​ផងដែរ។

    ចាប់តាំងពី​ឆ្នាំ1991មក រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ជាង 58លាន​ដុល្លារ​អាមេរិក​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​អនុវត្ត​គម្រោង គូ​សាណូ​ណិ ចំនួន 594គម្រោង​នៅ​ទូទាំងប្រទេស​កម្ពុជា៕

  • Modric ផ្តួល Ronaldo និង Messi ដើម្បី​ឈ្នះ​ពាន Ballon d’Or

    Modric ផ្តួល Ronaldo និង Messi ដើម្បី​ឈ្នះ​ពាន Ballon d’Or

    ខ្សែបម្រើ Luka Modric របស់​ក្លិប Real Madrid បានបញ្ចប់​ការគ្រប់គ្រង​កន្លងមក​របស់​ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi ដើម្បី​ឈ្នះ​ពានរង្វាន់​បាល់​មាស Ballon d’Or ឆ្នាំ2018។

    Modric ដែល​បាន​ជួយ​ឱ្យ Real ឈ្នះ​ពាន​ក្របខ័ណ្ឌ Champions League 3លើកជាប់ៗគ្នា និង​ឈានទៅ World Cup វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី នៅ​រដូវក្តៅ​នេះ បានបញ្ចប់​ឆ្នាំ2018 តាមរយៈ​ការ​ឈ្នះ​ពាន​កិត្តិយស​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​របស់​អឺរ៉ុប​ក្នុង​កម្មវិធី​មួយ​កាលពី​ថ្ងៃ​ចន្ទ។

    Modric ដែល​បានទទួល​ពានរង្វាន់​នេះ ពី​អតីត​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង David Ginola ក្នុងអំឡុង​កម្មវិធី​ដ៏​អធិកអធម​មួយ​នៅ Grand Palais ក្នុង​ទីក្រុង​ប៉ារីស​នោះ បានឱ្យដឹងថា៖ «កាលពី​នៅ​ជា​ក្មេង​ម្នាក់ យើងទាំងអស់គ្នា​តែងតែមាន​ក្តី​សុបិន។ សុបិន​របស់ខ្ញុំ​គឺ​ការលេង​ឱ្យ​ក្លិប​ដ៏​ធំ​មួយ និង​ឈ្នះ​ពានរង្វាន់សំខាន់ៗជាច្រើន។ Ballon d’Or គឺ​លើសពី​ក្តី​សុបិន​ទៅទៀត​សម្រាប់​ខ្ញុំ ហើយ​វា​ពិត​ជាមាន​កិត្តិយស​ណាស់​ក្នុងការ​ឈ្នះ​ពានរង្វាន់​នេះ»។

    Ronaldo បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ2 ខណៈដែល​ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Antoine Griezmann របស់​ក្លិប Atletico Madrid បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ3។ ខ្សែប្រយុទ្ធ​វ័យក្មេង KylianMbappe របស់​ក្លិប Paris Saint-Germain បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 ដើម្បី​ធ្វើឱ្យ Messi ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ5។

    កីឡាករ​របស់​បារាំង​ម្នាក់ទៀត គឺ​ខ្សែការពារ Raphael Varane ដែលជា​មិត្ត​រួម​ក្លិប​របស់ Modric បាន​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ7 ពីក្រោយ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ហ្ស៊ី​ប Mohamed Salah របស់​ក្លិប Liverpool។ Mbappe ដែល​នឹង​ឈានចូល​វ័យ 20ឆ្នាំ​នៅ​ចុងខែ​នេះ បានឈ្នះ​ពានរង្វាន់​លួង​ចិត្ត គឺ​ពាន​កីឡាករ​វ័យក្មេង​ឆ្នើម​បំផុត Kopa Trophy។

    កម្មវិធី​ដ៏​ឱឡារិក​នេះ ក៏បានផ្តល់​ពានរង្វាន់ Ballon d’Or សម្រាប់​កីឡាការិនី​ជា​លើក​ទី1ផងដែរ ខណៈដែល​កីឡាការិនី​ខ្សែប្រយុទ្ធ​អន្តរជាតិ​ន័​រ​វែ​ស Ada Hegerberg របស់​ក្លិប Lyon ជា​អ្នកឈ្នះ​ពាន​នេះ៕

  • IAAF នឹង​បោះឆ្នោត​ដើម្បី​សម្រេច​ថា នឹង​ផ្តល់​សិទ្ធិ​ទៅឱ្យ​រុស្ស៊ីវិញ ឬ​យ៉ាងណា នៅ​ថ្ងៃ​អង្គារ​នេះ

    IAAF នឹង​បោះឆ្នោត​ដើម្បី​សម្រេច​ថា នឹង​ផ្តល់​សិទ្ធិ​ទៅឱ្យ​រុស្ស៊ីវិញ ឬ​យ៉ាងណា នៅ​ថ្ងៃ​អង្គារ​នេះ

    សហព័ន្ធ​កីឡា​អត្ត​ព​លិ​ក​រុស្ស៊ី នឹង​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា តើ​ការជាប់​ពិន័យ​ព្យួរ​របស់ខ្លួន​សម្រាប់​ការប្រើប្រាស់​សារធាតុ​ហាមឃាត់ ក្នុង​រយៈពេល 3ឆ្នាំ​ចុង​ក្រោយនេះ នឹងត្រូវ​លុបចោល​ដោយ​សមាគម​អន្តរជាតិ​នៃ​សហព័ន្ធ​កីឡាអត្តពលកម្ម (IAAF) ឬ​យ៉ាងណា។

    ក្រុមប្រឹក្សា​របស់ IAAF នឹង​បោះឆ្នោត​ដើម្បី​កំណត់​ជោគវាសនា​របស់​រុស្ស៊ី ក្រោយពី​បានទទួល​របាយការណ៍​នានា និង​ការណែនាំផ្សេងៗ ដោយ​ក្រុមការងារ​របស់ខ្លួន​នៅ​ដំណើរការ​នៃ​អំណាច​របស់​កីឡា​នេះ ក្នុងការ​ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌផ្សេងៗដែល​ត្រូវបាន​ដាក់ឱ្យ​ដើម្បី​ទទួលបាន​សិទ្ធិអំណាច​ជាថ្មី។ សន្និសីទ​សារព័ត៌មាន​មួយ​នឹងត្រូវ​រៀបចំឡើង​ក្នុងប្រទេស​ម៉ូ​ណា​កូ ដើម្បី​ប្រកាស​ពី​ការសម្រេចចិត្ត​នេះ ខណៈដែល​មានការ​រំពឹង​ទុកផ្សេងៗថា ការពិន័យ​ព្យួរ​នេះ អាច​នឹង​រក្សា​នៅ​ដដែល។

    សហព័ន្ធ​កីឡាអត្តពលកម្ម​របស់​រុស្ស៊ី (RUSAF) ត្រូវបាន​រង​ការដាក់ពិន័យ​ព្យួរ​ដោយ IAAF កាលពី​ខែវិច្ឆិកា ឆ្នាំ2015 ក្រោយពី​របាយការណ៍​ស្រាវជ្រាវ​របស់​ភ្នាក់ងារ​ប្រឆាំង​សារធាតុ​ហាមឃាត់​ពិភពលោក (WADA) បាន​រកឃើញ​ការប្រើប្រាស់​សារធាតុ​ហាមឃាត់​យ៉ាង​ទូលំទូលាយ​ក្នុងប្រទេស​នេះ។ ប៉ុន្តែ ទោះបីជា​យ៉ាងណា ចាប់តាំងពី​ពេលនោះ​មក អត្ត​ព​លិ​ក​រុស្ស៊ី​មួយចំនួន​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ក្នុងនាម​ជា​អត្ត​ព​លិ​ក​មិន​តំណាងឱ្យ​ប្រទេស​ណា​ទាំងអស់ ប្រសិនបើ​ពួកគេ​បាន​ឆ្លើយតប​ទៅនឹង​ការវិនិច្ឆ័យ​ជាក់លាក់ផ្សេងៗ ដែល​បាន​បង្ហាញថា ពួកគេ​បាន​ប្រតិបត្តិ​បរិស្ថាន​ដែល​គ្មាន​សារធាតុ​ហាមឃាត់។

    លោក Rune Andersen ប្រធាន​ក្រុម​អនុវត្ត​ការងារ​នៅ​រុស្ស៊ី​របស់ IAAF បាន​និយាយ​កាលពី​ខែកក្កដា ថា RUSAF បាន​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត ប៉ុន្តែ​មិនទាន់​បំពេញ​ដំណើរការ​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​បម្រុង​ក្នុង​ការប្រគល់សិទ្ធិ​ឱ្យ​វិញ​ឡើយ ហើយ​ការពិន័យ​ព្យួរ​នឹង​នៅតែ​ដដែល រហូតដល់​ខែធ្នូ៕

    ប្រភពពី៖ Channel News Asia

  • Liverpool ផ្តួល Everton ទាំង​ប្រផិតប្រផើយ ខណៈ​លោក Klopp សុំ​អភ័យទោស

    Liverpool ផ្តួល Everton ទាំង​ប្រផិតប្រផើយ ខណៈ​លោក Klopp សុំ​អភ័យទោស

    គ្រាប់​បាល់​នៅ​នាទី​បន្ថែម​ពី​សំណាក់​ខ្សែប្រយុទ្ធ​បម្រុង DivockOrigi របស់ Liverpool បាន​កាត់សេចក្តី​ការប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់ Merseyside តែមួយ និង​បាន​ជួយ​ឱ្យ​ក្រុម​របស់លោក Jurgen Klopp រក្សា​ការដេញ​តាម​ពីក្រោយ​ក្រុម Manchester City យ៉ាង​ប្រកៀក​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League កាលពី​ថ្ងៃអាទិត្យ។

    ការដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល 1-0 បាន​ជួយ​ឱ្យ​ក្រុម Liverpool បន្ត​ការមិន​ស្គាល់​ចាញ់​ក្នុងការ​ប្រកួត​រវាង​ក្រុម​ស្ថិតក្នុង​តំបន់ Merseyside នៃ​ក្របខ័ណ្ឌ Premier League រហូតដល់​ទៅ 16ប្រកួត បើទោះបី​គ្រាប់​បាល់​ឈ្នះ​នោះបាន​បង្កើតឱ្យមាន​ការ​រំភើប​ដ៏​មិន​នឹកស្មាន​ដល់។ ស្របពេល​ជាមួយគ្នានេះ លោក Klopp បាន​សុំ​ការ​អភ័យទោស​សម្រាប់​កា​ររ​ត់ទៅ​កាន់​ទីលាន​ប្រកួត​ក្នុង​អារម្មណ៍​ដ៏​រំភើប​រីករាយ ក្រោយពី​គ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​ការប្រកួត​របស់ Liverpool នា​កីឡដ្ឋាន Anfield។

    លោក Klopp បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «ខ្ញុំ​ត្រូវតែ​សុំ​ការ​អភ័យទោស ពីព្រោះ​ខ្ញុំ​មិន​ចង់​គ្មាន​ការគោរព​ឡើយ ប៉ុន្តែ ខ្ញុំ​មិនអាច​បញ្ឈប់​ខ្លួនឯង​បានទេ…វា​បាន​កើតឡើង​ដោយ​ក្ដីរំភើប ការប្រកួត​នោះ​មាន​ភាពស្វិតស្វាញ​ដ៏​មិនគួរ​ឱ្យ​ជឿ…ក្រុម​ទាំង2 មានឱកាស​ដូចគ្នា អ្នកចាំទី​ទាំង 2ក្រុម បាន​បំពេញ​តួនាទី​យ៉ាង​ល្អ។ ទីបំផុត វា​បាន​ក្លាយជា​គ្រាប់​បាល់​ដ៏​ចម្លែក​មួយ»។

    ការប្រកួត​នេះ​ហាក់ដូចជា​ត្រូវ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 0-0 ទៅហើយ រហូតដល់​នាទី​ទី96 ដែល​នៅពេលនោះ Virgil van Dijk បាន​ស៊ុត​បាល់​សំដៅ​ទី​របស់​ក្រុម Everton ខណៈដែល​បាល់​នោះ​ហាក់​នឹងត្រូវ​ហោះ​ឡើង​ទៅលើ។ ប៉ុន្តែ អ្នកចាំទី Jordan Pickford របស់​ក្រុម Everton បាន​ប៉ាន់ស្មាន​ខុស ហើយ​ស្រប​ពេលដែល​បាល់​ហាក់ដូចជា​ត្រូវ​ប៉ះ​ទៅនឹង​របារ​ទី អ្នកចាំទី​របស់​អង់គ្លេស​រូបនេះ បាន​រុញ​បាល់​ចេញ និង​មក​ធ្លាក់ចំ​ក្បាល​របស់ DivockOrigi ដែល​បានតែ​ត​ចូល​បំប៉ោង​សំណាញ់​ទី​យ៉ាង​ងាយ ដើម្បី​ជួយ​ឱ្យ​ក្រុម​របស់គេ​ទទួល​ជ័យជម្នះ 1-0 កាលពី​ថ្ងៃអាទិត្យ​តែម្តង៕

    ប្រភព៖ Sport24

  • Wilder ការពារ​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​របស់ខ្លួន ក្រោយពី​ស្មើ​ពិន្ទុ​ជាមួយនឹង Fury

    Wilder ការពារ​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​របស់ខ្លួន ក្រោយពី​ស្មើ​ពិន្ទុ​ជាមួយនឹង Fury

    កីឡាករ Deontay Wilder និង Tyson Fury បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ដ៏​ចម្រូងចម្រាស​ក្នុងការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់ WBC ទម្ងន់​ធ្ងន់​របស់​ពួកគេ កាលពី​ថ្ងៃ​សៅរ៍​ដែល​នាំឱ្យមាន​ការទា​ម​ទារភ្លាមៗពី​កីឡា​ករទាំង2 ឱ្យមាន​ការប្រកួត​សងសឹក។

    Wilder ដែល​បាន​ការពារ​ខ្សែក្រវាត់ WBC របស់ខ្លួន ក្រោយពី​ការប្រកួត 12ទឹក​នោះ បាន​វាយ​ឱ្យ Fury ដួល​ទៅលើ​សង្វៀន​ចំនួន 2លើក នៅលើ​សង្វៀន Staples Center ក្នុង​ទីក្រុង Los Angeles ប៉ុន្តែ មិនអាច​យកឈ្នះ​ដោយ​ការ​វាយ​ឱ្យ​គូប្រកួត​សន្លប់​ដូចដែល​រូបគេ​បាន​សន្យា​ឡើយ។

    ចៅក្រម 3នាក់ បានផ្តល់​ពិន្ទុ 3ផ្សេងគ្នា ដោយ​ចៅក្រម​ទី1 បានផ្តល់​ពិន្ទុ​ឈ្នះ 115-111 ដល់ Wilder ខណៈដែល​ចៅក្រម​ម្នាក់ទៀត​បានផ្តល់​ពិន្ទុ​ឈ្នះ 114-112 ដល់ Fury ហើយ​ចៅក្រម​ទី3 បានផ្តល់​ពិន្ទុ​ស្មើ 113-113។ ប៉ុន្តែ ការផ្តល់​ពិន្ទុ​នេះ បានផ្តល់​នូវ​ការរិះគន់ផ្សេងៗ ខណៈដែល​មនុស្ស​ជាច្រើន​បាន​គិតថា Fury គួរតែ​ទទួលបាន​ជ័យជម្នះ។

    Wilder បាន​និយាយ​បន្ទាប់ពី​ការប្រកួត​ថា៖ «ខ្ញុំ​គិតថា ខ្ញុំ​បានឈ្នះ​ការប្រកួត​នេះ ក្រោយពី​បាន​ផ្តួល​គូប្រកួត​ឱ្យ​ដួល 2លើក។ យើង​បានបង្ហាញ​ពី​ស្មារតី​ប្រកួត​នៅ​រាត្រី​នេះ​ថា យើង​សុទ្ធសឹង​ជា​អ្នក​ប្រយុទ្ធ​ដូចគ្នា ប៉ុន្តែ​ជាមួយនឹង​ការ​វាយ​ឱ្យ​ដួល 2លើក ខ្ញុំ​បានឈ្នះ​ការប្រកួត​នោះ»។

    Wilder ដែល​នៅតែ​រក្សា​ការមិន​ស្គាល់​ចាញ់​ក្រោយពី​ការប្រកួត 41លើក​នោះ បាន​អំពាវនាវ​ឱ្យមាន​ការប្រកួត​សងសឹកភ្លាម។ Wilder បាន​បញ្ជាក់ថា៖ «ខ្ញុំ​នឹង​ពេញចិត្ត​ក្នុងការ​រៀបចំ​ឱ្យមាន​ការប្រកួត​សងសឹក សូម​ផ្តល់ឱ្យ​អ្នកគាំទ្រ​នូវ​អ្វីដែល​ពួកគេ​ចង់ឃើញ វា​គឺជា​ការប្រកួត​ដ៏​អស្ចារ្យ​មួយ អ៊ីចឹង​ត្រូវ​រៀបចំ​ឱ្យមាន​ការប្រកួត​ម្តងទៀត»៕

    ប្រភពពី៖ The Guardian

  • តារាសម្ដែង និងកំប្លែង អាប៉ោយ ចៅតា ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរកំពុងអំពាវនាវរកជំនួយ

    តារាសម្ដែង និងកំប្លែង អាប៉ោយ ចៅតា ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរកំពុងអំពាវនាវរកជំនួយ

    តារាសម្ដែងប្រុស អាប៉ោយ ចៅតា ដែលធ្លាប់បង្ហាញមុខក្នុងបទរបស់លោក ខេមរៈ សិរីមន្ដ នៅផលិតកម្មសាន់ដេ ស្រាប់តែថ្មីៗនេះ ទទួល​បានដំណឹងមកថា ប្អូនប្រុសកំពុងធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរអស់រយៈពេលជិត1ខែហើយ ដោយសារមានជំថងឺខ្សោយតម្រងនោម នឹងខ្វះឈាមច្រើន។

    នេះបើយោងតាមគណនីហ្វេសបុក« កំប៉ោយ ចៅតា » បានសរសេររៀបរាប់ថា« ញុំអាប៉ោយ ចៅតា ដែលបងប្អូនធ្លាប់បានឃើញពីមុនកាលពីឆ្នាំ 2005-2006 នៅផលិតកម្មសាន់ដេក៏ដូចជាតាមរយៈទូរទស្សន៍ល្បីៗនាៗនៅក្នុងប្រទេសកម្ពជារបស់យើង»។ ប្អូនប្រុសបានបន្ដថា « ឥឡូវខ្ញុំបាទមានទុក្ខជាទម្ងន់រយៈពេលជិត1ខែហើយ ដោយមានជម្ងឺប្រចាំកាយកំរិតធ្ងន់ គឺ ខ្សោយតម្រងនោម នឹងខ្វះឈាមច្រើន។ ដូននេះខ្ញុំ មានលើកដៃទាំងដប់របស់ខ្ញុំ សូមអំពាវនាវដល់លោកពុកអ្នកម្តាយញាតិមិត្តជិតឆ្ងាយបងប្អូន ឬលោកគ្រូអ្នកគ្រូ នឹងជាពិសេសសូមជំនួយលោកគ្រូ អ្នកគ្រូ បងៗក្នុងក្រុមសិល្បៈ ដែលបានស្គាល់រូបប្អូនសូមជួយប្អូនផង ប្អូនមិនដឹងថាទៅពឹងអ្វីទេ ព្រោះប្អូនខ្សត់ខ្សោយលុយកាក់ ខ្លាំងណាស់។

    ខ្ញុំបាទសូមអរគុណទុកជាមុនធំៗដែលលោកពុកអ្នកម្តាយ លោកគ្រូអ្នកគ្រូបងប្អូនបានមើលហើយនឹងបានអានចប់។ ខ្ញុំង្ឃឹមថាបងប្អូននឹងមកផ្តល់កំលាំងចិត្ត ឱ្យរូបខ្ញុំបាទ (កំប៉ោយ ចៅតាផង) បើសិនលោកពុកអ្នកម្តាយ លោកគ្រូអ្នកគ្រូ បងប្អូនចង់មមើលខ្ញុំនៅមន្ទពេទ្យ ឈ្មោះពេទ្យ គង់ គឹមចន់ នៅ ម្ងាយ50ម៉ែតពីស្ពានលីយ៉ុងផាត់ គេហៅថាស្ពានព្រែកភ្នៅ។ ហើយនេះលេខខ្ញុំបាទ 098 70 70 55.015 226 221 » ។

    គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានបង្ហោះសារនេះហើយ គេមើលឃើញថា មានមហាជនអ្នកលេងបណ្ដាញសង្គម និងអ្នកសិល្បៈមួយចំនួនបានជួយជាថវិកាចំនួនពី 10 ទៅ 20 ដុល្លារ ក្នុងការដោះស្រាយបញ្ហាថ្លៃព្យាបាល និងសម្រាកក្នុងមន្ទីរពេទ្យផងដែរ៕


  • នៅចាំកំពូលតារាសម្ដែងឯកស្រីក្នុងរឿង ផ្កាស្រពោន (នាង វិធាវី) ម្នាក់នេះដែរឬទេ ?

    នៅចាំកំពូលតារាសម្ដែងឯកស្រីក្នុងរឿង ផ្កាស្រពោន (នាង វិធាវី) ម្នាក់នេះដែរឬទេ ?

    តើអ្នកណាខ្លះនៅចាំតួឯកស្រីរឿងផ្កាស្រពោនខ្លះ(នាង វិធាវី)? អ្នកនាង សក្កិ សក្ការៈបុប្ផា តួឯកស្រីរឿងផ្កាស្រពោន(2005) អ្នកនាងបានលាឈប់ពីសិល្បៈនាឆ្នាំ2006 ហើយបច្ចុប្បន្ននេះ អ្នកនាងរស់នៅក្រៅប្រទេសកសាងគ្រួសារដ៏សុភមង្គល ។

    បើតាមការបញ្ជាក់របស់ទំព័រ «Movie Star Research» ដែលមានអ្នកស្រី ស៊ិន ឧត្តមផល្លា ជាម្ចាស់ផេក បានរៀបរ៉ាប់ពីជីវប្រវត្តិជាច្រើន របស់អ្នកនាង សក្តិ សក្ការៈបុប្ផា ថា «ជាថ្មីម្តងទៀតហើយ បងប្អូនខ្លះប្រហែលជាអាចនៅចាំ អតីតតារាសម្ដែងហើយ ក៏ជាតារាចម្រៀងដ៏ល្បីឈ្មោះមួយរូប កាលពីទសវត្សរ៍ 80-90 គឺអ្នកនាង សក្តិ សក្ការៈបុប្ផា ដោយតារារូបនេះ ធ្លាប់ត្រូវបានគេដាក់រហស្សនាមថាជា ទិត្យ វិជ្ជរ៉ាដានី ទីពីរទៀតផង ព្រោះតែមានមុខមាត់ ស្រដៀងគ្នា»។

    អ្នកស្រី ស៊ិន ឧត្តមផល្លា បានសរសេរបន្តថា «អ្នកនាង សក្កិ សក្ការៈបុប្ផា ចូលប្រឡូកក្នុងវិស័យ ឧស្សាហកម្មសម្តែងភាពយន្ត តាំងពីអ្នកនាងមានអាយុ 9ឆ្នាំ នៅក្នុងឆ្នាំ1989 ខ្សែភាពយន្តដំបូង ដែលអ្នកនាងបានសម្តែង មានចំណងជើងថា “ស្នេហាព្រហ្មលិខិត” ដោយបានថតនៅជុំរុំសាយប៊ី ផលិតឡើងនៅក្នុងឆ្នាំ1989 ដែលរឿងហ្នឹងនិយាយអំពី ជនភៀសខ្លួនរត់ឆ្លងដែន ហើយកាលណោះ អ្នកនាង សក្កិ សក្ការៈបុប្ផា ជាអ្នកសុរិន្ទ ក្រោយមកអ្នកនាងបានវិលត្រឡប់ មករស់នៅក្នុងប្រទេសកម្ពុជាវិញ នៅក្នុងឆ្នាំ1994 ខ្សែភាពយន្ត ដែលអ្នកនាងបានសម្តែងមានដូចជា រឿង ស្នេហាព្រហ្មលិខិត ថតនៅជុំរុំសាយប៊ី (1989) រឿង ម៉ាក់ថើង(1994) រឿង តេជោដំឌិន(2000) រឿង ជ្រោះស្នេហ៍ពេជ្រនិល (2002) រឿង ភូមិតិរច្ឆាន(2004) រឿង ផ្កាស្រពោន (2005) និងមានរឿងជាច្រើនទៀត ដែលអ្នកនាងបានថតឲ្យផលិតកម្មក្រៅស្រុក និងថតចម្រៀងកាយវិកា ជាច្រើនបទផងដែរ»។

    អ្នកស្រី ស៊ិន ឧត្តមផល្លា បានបន្តទៀតថា «ក្រោយមក អ្នកនាងបានលាឈប់ពីការសម្តែង នៅក្នុងឆ្នាំ 2006 បច្ចុប្បន្នតារារូបនេះកំពុងតែរស់នៅ ក្នុងប្រទេសកម្ពុជា ហើយសព្វថ្ងៃនេះ អ្នកនាងមានការងារជាអ្នក បញ្ចូលសំឡេងឱ្យផលិតកម្ម BS»។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះអ្នកនាង សក្កិ សក្ការៈបុប្ផា មានបុត្រចំនួនបីនាក់ ដោយកូនទី1ស្រី ឈ្មោះ ហម ម៉ានិច អាយុ11ឆ្នាំ កូនទី2ប្រុស ឈ្មោះ ហម ម៉ានី អាយុ9ឆ្នាំ នឹងកូនទី3ប្រុស ឈ្មោះ ហម ម៉ារ៉ាឌី អាយុប្រមាណជិត 3 ឆ្នាំ ។

    សូមទស្សនារូបភាព របស់អ្នកនាង សក្តិ សក្ការៈបុប្ផា កាលពីមុន និងរូបបច្ចុប្បន្ន ជាមួយកូនៗរបស់អ្នកនាង ដូចខាងក្រោមនេះ៖

  • ម្ចាស់បទ «អស់ចិត្តស្រឡាញ់ហើយមែនទែន» ស្ងាត់ពីសិល្បៈ ងាកមកបើកជំនួញធំ

    ម្ចាស់បទ «អស់ចិត្តស្រឡាញ់ហើយមែនទែន» ស្ងាត់ពីសិល្បៈ ងាកមកបើកជំនួញធំ

    បន្ទាប់ពីស្ងប់ស្ងាត់ពីសិល្បៈមួយរយៈ ស្រាប់តែម្ចាស់បទ«អស់ចិត្តស្រឡាញ់ហើយមែនទែន» របស់ផលិតកម្មE Nation មានដំណឹងក្លាយជាម្ចាស់ហាងយ៉ាងហ៊ឹកហ៊ាក់នៅម្ដុំភ្នំពេញថ្មី។

    អ្នកនាង សុខ ហ្វីយ៉ា តារាចម្រៀងនៅក្នុងផលិតកម្ម E Nation ដែលល្បីល្បាញបទចម្រៀងនៅលើបណ្ដាញសង្គម មានចំណងជើងថា៖ «អស់ចិត្តស្រឡាញ់ហើយមែនទែន» ត្រូវបានគេកត់សម្គាល់ឃើញអ្នកនាងងាកមកបើកភោជនីយដ្ឋានមានតូបបណ្ដែតទឹក និងស្ទូចត្រី ដែលមានភ្ញៀវ និងអ្នកដំណើរចេញចូលគគ្រឹគគ្រេង មិនអន់ជាងអតីតបឹងបៃតង ដែលនៅក្បែរហាងអ្នកនាងនោះផង។ អ្នកនាងប្រកាសថាបណ្ដាលមកពីមុខជំនួញ និងជីវិតឯកជនទទួលបានផ្លែផ្កាជាងមុន ទើបសម្រេចចិត្តដកខ្លួនពីសិល្បៈ តែមិនទាន់បប្រកាសជំហរបោះបង់នោះទេ គឺរង់ចាំអោយការងារមុខជំនួញរយាលដៃសិន។

    អ្នកនាង សុខ ហ្វីយ៉ា បានអះអាងថាខ្លួន និងស្វាមីបានបោះទុនប្រមាណជាង១០ម៉ឺនដុល្លារដើម្បីកសាងទីកម្សាន្ដបែបធម្មជាតិមួយនេះ។ គួរបញ្ជាក់ផងដែរថា តារាស្រីឡើងកូដរូបនេះក៏នៅទីផ្សារថតបទចម្រៀង ថតរឿង និងធ្វើពិធីការិនីល្អបប្រសើរផងដែរ ប៉ុន្តែអ្នកនាងនៅតែសម្រេចចិត្តបាត់មុខមួយរយៈសិន ដើម្បីចាប់ដៃជាមួយស្វាមីពង្រឹងជីវិតនិងមុខជំនួញមួយរយៈ។ អ្នកនាងប្រកាសថា សិល្បៈ នៅតែស្រឡាញ់ ប៉ុន្តែអ្នកនាងក៏មិនអាចបោះបង់មុខជំនួញធ្វើឱ្យស្វាមីអន់ចិត្តបានទេ ពោលគឺអ្នកនាងនឹងឆ្លៀតពេលបង្ហាញមុខម្ដងម្កាល ដើម្បីកុំឱ្យមហាជនភ្លេចមុខ៕

  • ពិព័រណ៍​ការងារ​តាម​ខេត្ត ជា​ផ្នែក​សំខាន់​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក

    ពិព័រណ៍​ការងារ​តាម​ខេត្ត ជា​ផ្នែក​សំខាន់​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក

    វិស័យ​ការងារ​ជា​រឿង​សំខាន់​សម្រាប់​ប្រទេសនីមួយៗ ព្រោះ​វា​ជា​ផ្នែក​មិនអាច​ខ្វះ​បាន​សម្រាប់​សេដ្ឋកិច្ចជាតិមិន​ថា​រោងចក្រ​សហគ្រាស ពាណិជ្ជកម្ម សេវាកម្ម ទេសចរណ៍ ឬ​កសិកម្ម​នោះទេ កម្លាំងពលកម្ម​ក្នុងស្រុក​ជា​ធាតុ​ផ្សំ​ចម្បង​ដើម្បី​ជំរុញឱ្យមាន​ការអភិវឌ្ឍ និង​សម្បូរបែប។

    នៅ​កម្ពុជា ការធ្វើ​ចំណាកស្រុក​នៅតែ​ជា​ចំណោទ​ធំ​មួយ​សម្រាប់​ការអភិវឌ្ឍ ព្រោះ​ប្រជាជន​នៅតាម​បណ្តា​ខេត្ត​ដាច់ស្រយាល​មួយចំនួន​មិនសូវ​និយម​បម្រើ​ការងារ​នៅក្នុង​តំបន់​របស់ខ្លួន​នោះទេ តែ​ភាគច្រើនបាន​ឆ្លងដែន​ទៅធ្វើ​ការងារ​នៅ​ប្រទេសជិតខាង ដែល​ធ្វើឱ្យ​ចង្វាក់​ផលិតកម្ម​ក្នុងស្រុក​បែរជា​ខ្វះ​មនុស្ស​ធ្វើការងារ​ទៅវិញ។ ការឆ្លង​ដែន ទៅធ្វើ​ការងារនៅក្រៅ​ប្រទេស​នេះត្រូវបាន​អ្នកជំនាញ​ការងារ​មើលឃើញថា វា​អាច​បណ្តាលមកពី​ប្រជាជន​ទទួលបាន​ព័ត៌មាន​មិន​គ្រប់​ជ្រុងជ្រោយឬ​មកពី​ប្រជាជន​ក្នុង​តំបន់​មិនទាន់​ដឹង​ច្បាស់​ពី​ទីផ្សារការងារ​ក្នុង​ខេត្ត ឬ​កន្លែង​រស់នៅ​របស់គាត់​ផ្ទាល់។

    លោកស្រី ញ៉ឹក សា​គន្ធ អភិបាលរង​ខេត្តបាត់ដំបង បាន​ថ្លែង​នៅឯ​វិទ្យាស្ថាន​បច្ចេកវិទ្យា​បាត់ដំបង​ថាពិព័រណ៍​ការងារ​ជា​ផ្នែក​មួយ​ក្នុងការ​លើកកម្ពស់​ទីផ្សារការងារ​នៅក្នុង​ខេត្ត តាមរយៈ​ការជួយ​យុវជន​ឱ្យ​ទទួលបាន​ភាពងាយស្រួល​ក្នុងការ​ចាប់យក​ឱកាស​ការងារ។​ និយោជក​អាច​ជ្រើសរើស​បុគ្គលិក​ស្របតាម​តម្រូវការ​ក្នុង​វិស័យ​នានា ក៏ដូចជា​ចូលរួម​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​ទៅ​ក្រៅប្រទេស។

    ការធ្វើ​ពិព័រណ៍​ការងារ​នៅតាម​បណ្តា​ខេត្ត​នានាជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុងការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ ជាពិសេស​យុវជន បានឃើញ​ពី​តម្លៃ​នៃ​ការធ្វើការងារ​នៅក្នុង​ស្រុក ការបណ្តុះបណ្តាល​ជំនាញ​ និង​មាន​ភាពជឿជាក់​កាន់តែខ្លាំង​ថា​ខ្លួន​អាច​នឹង​មានឱកាស​ធ្វើការ​ងារ​ដែល​ស្របទៅតាម​ចំណេះដឹង និង​ទេព-កោសល្យ​បាន​ដោយ​មិនចាំបាច់​ធ្វើ​ចំណាកស្រុក​នោះទេ។ នៅពេល​យុវជន​មើលឃើញ​ពី​ឱកាស​ទាំងអស់នោះ​ហើយ គាត់​នឹងមិន​មាន​ភាព​រារែក​នោះទេ​ក្នុង​ការ-បន្ត​ការសិក្សា​អំពី​ជំនាញ​បច្ចេកទេស ឬ​ជំនាញ​សេវាកម្ម​ដែល​តំបន់​របស់គាត់​ត្រូវការ។

    ក្រោយពេល​តំបន់នីមួយៗមាន​ធនធានមនុស្ស​គ្រប់គ្រាន់​សម្រាប់ធ្វើ​ការងា​រ​ក្នុង​ក្រុមហ៊ុន និង​រោងចក្រ​សហគ្រាសធំៗហើយ វា​អាច​នឹង​ចាប់ផ្តើម​មាន​ភាពងាយស្រួល​ក្នុងការ​ពង្រីក​ខ្លួន​ទៅកាន់​តំបន់ឆ្ងាយៗនៅ​កម្ពុជា ដែល​កត្តា​នេះ​ជា​ចំណុច​វិជ្ជមាន​មួយ​ក្នុង​ការតភ្ជាប់​តំបន់​ប្រជុំជន និង​តំបន់​ដាច់ស្រយាល។ លើសពីនេះទៅទៀត វា​ក៏​ជា​ចំណុច​ចាប់ផ្តើម​ក្នុងការ​ទាក់ទាញ​អ្នក​ដែលមាន​ជំនាញ​តិច ឬ​អ្នក​កំពុងធ្វើការ​ងារនៅ​បរទេស​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​លើ​ការងារ​ក្នុងស្រុក​វិញ៕