Category: សង្គម និងសេដ្ឋកិច្ច

  • ទៅលេង​សមុទ្រ គួរ​ថែរក្សា​សក់ដូចម្តេចខ្លះ?

    ទៅលេង​សមុទ្រ គួរ​ថែរក្សា​សក់ដូចម្តេចខ្លះ?

    ដំបូង​គេ​បំផុត បើ​ចង់​ទៅលេង​សមុទ្រ ឬ​ទៅ​កន្លែង​ណា​ដែល​អាច​ប៉ះ​នឹង​ពន្លឺ​ថ្ងៃខ្លាំងៗនោះ អ្នកត្រូវ​ប្រយ័ត្ន​រឿង​សក់​ខូច​ដោយសារ​កម្តៅថ្ងៃ ឬ​កាំរស្មី​យូ​វី​មុនគេ ហើយ​បើ​ត្រូវ​ហែល​ទឹក​ផងនោះ មិនថាតែ​ហែលទឹក​ក្នុង​​អាង ឬ​ក្នុង​ទឹកសមុទ្រ​ក៏ដោយ សុទ្ធតែ​ធ្វើឱ្យ​សក់​ខូច​បាន​ទាំងអស់ ដូច្នេះ​អ្នកជំនាញ​ផ្នែក​សក់​សូម​ណែនាំ​ឱ្យទៅ​ធ្វើ ធ្រី​ត​មិន​ត៍ ស្រោប​សរសៃសក់ ដើម្បី​ជាការ​បិទ​ស្រកា​សរសៃសក់​មុនពេល​ទៅ​សមុទ្រ ទើប​ជាការ​ល្អបំផុតចំពោះសុខភាពសក់។

    បាញ់ស្រៃ្បយការពារសរសៃសក់
    នៅពេលទៅដល់​សមុទ្រ​ហើយ មុននឹង​ចេញទៅ​ត្រូវ​ពន្លឺ​ថ្ងៃ ចូរអ្នកបាញ់​ស្រៃ្បយសក់​ការពារ​កាំរស្មី​យូ​វី​ជាមុនសិន ឬ​វិធី​ងាយៗ អ្នកអាច​ប្រើ​គ្រី​ម​ការពារ​កម្តៅថ្ងៃ (មិន​ថា​ប្រភេទ​គ្រី​ម ឬ​ប្រភេទ​ប្រេង​នោះទេ) លាប​លើស​ក់​របស់អ្នកក៏បាន​ដូចគ្នា។

    អប់​សក់​តាមបែបធម្មជាតិ
    ចំណែក​វិធី​ធម្មជាតិ​ដែល​ជួយ​អប់​សក់​នោះគឺ​ប្រើ​ប្រេងដូង ឬ​ប្រេង​ម្កាក់​លាប​លើស​ក់របស់អ្នក រួច​ទុកចោល នោះកម្តៅ​ពី​ពន្លឺ​ថ្ងៃ​នឹង​ជួយបើក​ស្រកា​សរសៃសក់ ធ្វើឱ្យ​ជាតិ​ប្រេង​ចូលទៅ​បំប៉ន​បាន​យ៉ាងជ្រៅ និង​ជួយ​ស្រោប​សក់​មិនឱ្យ​សារធាតុ​គីមី​នៅក្នុង​ទឹក​អាង ឬ​ទឹកសមុទ្រ​នោះ​ចូលទៅ​បំផ្លាញ​បណ្តូល​សរសៃសក់​បាន​ទៀតផង។

    ការលេងម៉ូដ​សក់
    ចំពោះ​ម៉ូដ​សក់​វិញ ការធ្វើ​ម៉ូដ​សក់​ទៅលេង​សមុទ្រ​គឺ​មិនមាន​បែបបទ​តម្រូវឱ្យ​ត្រូវតែ​ធ្វើ​ម៉ូដ​នេះ ឬ​ម៉ូដ​នោះឡើយ ចំណុច​សំខាន់​ដែល​ត្រូវ​ចងចាំ​នោះ​គឺ កុំ​ធ្វើ​ម៉ូដ​ណា​ដែល​មើលទៅ​ដូច​អ៊ំស្រី ឬ​លោកយាយ​ទៅបាន​ហើយ គឺអ្នកអាចលេងម៉ូដសក់បែបងាយៗ និងបែបសាមញ្ញបានហើយ ទើបអាចធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងមានភាពងាយស្រួលក្នុងការថែរក្សាម៉ូដសក់របស់អ្នក។

    ​កាត់តម្រឹម​សក់
    សូម​ណែនាំ​ថា មុននឹង​ទៅលេង​សមុទ្រ គួរតែ​ទៅ​តម្រឹម​សក់​ឱ្យចេញ​ជា​ម៉ូដ​បន្តិច តែ​ហាម​កាត់ព្រោះ​ក្នុងអំឡុងពេល​ដើរ​លេង​​អ្នក​ប្រហែលជាមិនមាន​ពេលវេលា​មើលថែទាំសក់របស់អ្នកបានដិតដល់នោះ​ទេ ហើយ​ទឹកសមុទ្រ​អាចធ្វើឱ្យ​ម៉ូដ​សក់​របស់​អ្នក​ខូច​បាន​យ៉ាង​ងាយ​ទៀតផង។ អ្នកគួរ​ជ្រើសរើស​ម៉ូដសក់​ណា​ដែល​ងាយ​មើលថែទាំ និង​ងាយ​រៀបចំ​ជា​រូបរាង ឬ​ចង​សក់​បែបរលុងៗមក​ក្រោយ​ក៏បាន​ដែរ។

    ប្រើកន្សែង​ជូត​មុខ​រុំ​ក្បាល
    តិច​និក​មួយបែប​ទៀត​ដែល ឡា​រ៉ែ​ន ចង់​ណែនាំ​ពេល​ទៅលេងទឹកសមុទ្រ​ដែរនោះ​គឺ ការយក​កន្សែង​ជូត​មុខមក​រុំ​ក្បាល ឬក៏​យក​កន្សែង​បង់កវែងស្តើងៗពណ៌ស្រស់ៗមក​ឃ្លុំ​លើ​ក្បាល​បែបរលុងៗ ហើយ​ពាក់​វ៉ែន​តាខ្មៅ​ការពារ​ពន្លឺ​ថ្ងៃ​បន្ថែមពីលើ​មួយទៀត​ក៏​មើលទៅ​ស្រស់ស្អាត​មិនធម្មតា​ដែរ ហើយថែមទាំងអាច​កា​ពារ​សក់ និង​ភ្នែក​របស់​អ្នក​ពី​ពន្លឺ​ថ្ងៃ​ថែម​ទៀតផង៕

  • ជិតដល់ថ្ងៃហើយ! កូនក្រមុំខាត់ស្បែកហើយ ត្រូវថែទាំស្បែកយ៉ាងដូចម្តេច?

    ជិតដល់ថ្ងៃហើយ! កូនក្រមុំខាត់ស្បែកហើយ ត្រូវថែទាំស្បែកយ៉ាងដូចម្តេច?

    ដូចបានជម្រាបជូនពីកន្លងមកថា ការថែរក្សាស្បែកក្នុងនាមជាកូនក្រមុំដ៏ស្រស់សោភាមួយរូប មានការរៀបចំខ្លួន និងថែរក្សាសម្ផស្សតាំងពីក្បាលរហូតដល់ចុងជើង ទៅតាមដំណាក់កាល និងពេលវេលាដែលមានកូនក្រមុំមាន។ អ្នកជាកូនក្រមុំ បានយកចិត្តទុកដាក់ចំពោះការខាត់ស្បែកឱ្យស មើលទៅម៉ដ្ឋរលោង គួរជាទីចាប់អារម្មណ៍។ ចុះនៅពេលដែលខាត់ស្បែកមុនមួយខែ ឬច្រើនថ្ងៃ មុនពេលជិតដល់ថ្ងៃរៀបមង្គលការ តើអ្នកគួរថែទាំស្បែកបែបណា ដើម្បីកុំឱ្យស្បែកប្រែជាពណ៌ស្រអាប់វិញនោះ? មានគន្លឹះ ឬតិចនិកជាច្រើនដែលជួយការពារស្បែករបស់អ្នកមិនឱ្យខ្មៅស្រអាប់បានដូចខាងក្រោមនេះ។

    1. នៅតែរក្សា និងផ្តល់​សំណើម​ដល់ស្បែក
    នេះ​ជា​ចំណុច​មួយសំខាន់​បំផុត​ដើម្បី​ថែរក្សា​ស្បែក ក្រោយ​ពេល​ខាត់​ស្បែក​រួច។ អ្នកត្រូវលាង​សម្អាត​ស្បែក​របស់​អ្នកជាមួយ​ទឹកក្តៅឧណ្ហៗ ហើយ​ប្រើ​ឡេបំប៉ន និងផ្ដល់សំណើមដល់​ស្បែក។ នៅ​ពេល​អ្នក​ម៉ាស្សា​ស្បែក​ជាមួយនឹងឡេសើមៗហើយនោះ អ្នកនឹងទទួលបាននូវអារម្មណ៍ស្រស់ស្រាយ និងមានអារម្មណ៍ថាស្បែកមានទម្ងន់ជាងមុន​ ព្រោះថា ការខាត់ស្បែក អាចបណ្ដាលឱ្យស្បែករបស់អ្នកស្ដើងបន្ដិច។ មិនតែប៉ុណ្ណោះ ក្លិន​ក្រអូប​របស់ឡេលាបស្បែកនឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍ល្អ ហើយ​ស្បែក​របស់​អ្នក នៅតែសម៉ដ្ឋរលើបរលោងដដែល។ អ្នកគួរអនុវត្តវិធីផ្តល់សំណើមដល់ស្បែកនេះជារៀងរាល់ថ្ងៃក្រោយពេលអ្នកខាត់ស្បែករួច។

    2. ជ្រើសរើសសម្លៀកបំពាក់ដែលផ្ដល់ដង្ហើមដល់ស្បែក
    ស្បែកដៃ និង​ជើង​របស់​អ្នកច្បាស់ជាត្រូវការដកដង្ហើមដែរ ដូចនេះកោសិកា​ត្រូវ​ការស​ភាព​ធូរលុង ទូលាយៗ ក្រោយ​ពេល​ខាត់​ស្បែក​រួច។នៅ​ពេល​អ្នកនឹងក្លាយ​ជា​កូន​ក្រមុំនាពេលខាងមុខនេះ អ្នកត្រូវ​ប្រាកដ​ថា ស្បែក​របស់​អ្នក​មើលទៅ​ទន់​ល្មើយ និង​ស្រស់​ថ្លា​នៅថ្ងៃដ៏វិសេសរបស់អ្នក​​។ ជ្រើសរើសស្លៀក​ពាក់​ខោអាវ​រលុងៗ​នឹង​ធ្វើឱ្យស្បែករបស់អ្នកមានសុខភាពល្អឡើងវិញ។

    3. ការពារស្បែកពីកម្ដៅថ្ងៃ
    ពាក្យចាស់តែពោលថា កូនក្រមុំ ត្រូវបន្ទុំស្បែកបន្ទុំសម្បុរ ខណៈពេលដែលទើបតែធ្វើការខាត់ស្បែកហើយ នោះស្បែករបស់អ្នកស្ដើង បើត្រូវកម្ដៅក្ដៅ ងាយនឹងរលាក ឬឡើងក្រហមខ្លាំងណាស់។ អ្នកគប្បីរក្សាខ្លួនប្រាណកុំឱ្យត្រូវកម្ដៅថ្ងៃមួយរយៈសិន ឬក៏ជ្រើសរើសសម្លៀកបំពាក់ដែលអាចបិទបាំងការពារកម្ដៅថ្ងៃបានល្អ ក្រោយពេលខាត់ស្បែកហើយ។

    4. ហាមត្រដុសលាងស្បែកខ្លាំងៗ
    ស្បែកទើបតែខាត់ហើយថ្មីៗមានសភាពខ្ចី ព្រោះវាបានជម្រុះកោសិកាចាស់ៗចេញ ដូច្នេះខណៈពេលដែលអ្នកងូតទឹកសូមព្យាយាមកុំប្រើកន្សែង ឬឧបករណ៍ដុសស្បែក ព្រោះវាងាយនឹងធ្វើឱ្យដាច់រលាត់ស្បែកកាន់តែខ្លាំងថែមទៀត។ ផ្ទុយមកវិញ អ្នកត្រូវសម្អាតស្បែកជាមួយនឹងសាប៊ូថ្នមៗ ហើយចៀសវាង ការងូតទឹកក្ដៅញឹកញាប់ពេក។

    5. ម៉ាស្សាបំប៉នស្បែកបែបធម្មជាតិ
    អ្នកអាចធ្វើការម៉ាស្សាស្បែកបែបធម្មជាតិ ដោយប្រើប្រាស់ទឹកឃ្មុំ ម្សៅល្មៀត តែប៉ៃតង ឬប្រទាលកន្ទុយក្រពើជាដើមក្នុងការផ្ដល់សំណើមដល់ស្បែក និងធ្វើឱ្យកោសិកាស្បែកបានស្រូបយកជីវជាតិដែលសម្បូរដោយវីតាមីនឡើងវិញ។ ការធ្វើបែបនេះមិនត្រឹមតែជួយឱ្យស្បែកសរលើបរលោងទេ ប៉ុន្ដែវាជួយបំពេញវីតាមីនឱ្យស្បែករបស់អ្នកផងដែរ៕

  • តម្លៃផ្លែស្វាយកែវរមៀតឡើងខ្ពស់ជាងឆ្នាំមុន ខណៈទិន្នផលធ្លាក់ចុះ

    តម្លៃផ្លែស្វាយកែវរមៀតឡើងខ្ពស់ជាងឆ្នាំមុន ខណៈទិន្នផលធ្លាក់ចុះ

    កសិករប្រកបរបរដាំស្វាយកែវរមៀតបានសម្តែងក្តីរីករាយ ខណៈដែលទិន្នផលស្វាយរបស់ពួកគាត់ក្នុងឆ្នាំនេះលក់បានថ្លៃខ្ពស់ជាងឆ្នាំមុនៗ ដែលជាកត្តាជំរុញឱ្យជីវភាពគ្រួសាររបស់ពួកគាត់មានភាពប្រសើរឡើងមួយកម្រិតទៀត ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក៏កសិករបានត្អូញត្អែរដែរថា ទិន្នផលស្វាយឆ្នាំនេះទទួលបានតិចជាងឆ្នាំមុន។

    លោក ហូ សុខឿន កសិករដាំស្វាយនៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មានប្រសាសន៍ថាស្វាយកែវរមៀតខ្ចប់ក្រដាសលក់បានតម្លៃខ្ពស់គឺ 1,700រៀលក្នុងមួយគីឡូក្រាម ចំណែកស្វាយមិនខ្ចប់ក្រដាសលក់បានក្នុងតម្លៃជាមធ្យម 1,000រៀលក្នុងមួយគីឡូក្រាមដែលជាតម្លៃមួយខ្ពស់ជាងឆ្នាំមុន។ មូល-ហេតុដែលធ្វើឱ្យស្វាយកែវរមៀតលក់បានថ្លៃជាងឆ្នាំមុនៗ គឺដោយសារតែទិន្នផលផ្លែស្វាយឆ្នាំនេះធ្លាក់ចុះជាងឆ្នាំមុន មិនសូវសម្បូរដូចឆ្នាំមុននោះទេ នេះគឺដោយសារតែកត្តាផ្លាស់ប្តូរអាកាសធាតុ ហើយលោកប្រាប់ទៀតថា កសិករនៅក្នុងភូមិកំពុងនាំគ្នាសម្រុកបេះលក់ខ្លាំង ព្រោះឈ្មួញបានបញ្ជាទិញយកទាំងអស់ ទោះបេះបានច្រើនតោនយ៉ាងណាក៏ដោយ។

    លោកបានបន្តថា ប្រសិនបើផ្លែស្វាយមានតម្លៃថេរដូចបច្ចុប្បន្ន ឬឡើងខ្ពស់លើសពីនេះទៀត នឹងធ្វើឱ្យជីវភាពរបស់ពួកគាត់មានភាពល្អប្រសើរឡើងជាមិនខាន ហើយកសិករនឹងនៅតែមានសង្ឃឹមក្នុងការដាំស្វាយលក់ ព្រមទាំងនឹងពង្រីកផ្ទៃដីដាំដុះឱ្យមានចំនួនកាន់តែច្រើនឡើងៗ ដើម្បីបំពេញតម្រូវការរបស់ទីផ្សារទៀតផង។ តែយ៉ាងណាក៏កសិករមិនសូវមានជំនឿលើរបរកសិកម្មប៉ុន្មានឡើយ ព្រោះពេលខ្លះមានការធ្លាក់ថ្លៃខ្លាំង ខណៈដែលទិន្នផលកសិកម្មមានលើសតម្រូវការ ហើយក៏នឹងឡើងថ្លៃខ្ពស់វិញខ្លាំងដែរនៅពេលណាដែលទិន្នផលកសិកម្មត្រូវបានផ្គត់ផ្គង់មិនគ្រប់គ្រាន់តាមតម្រូវការទីផ្សារពោលគឺ មិនសូវទៀងទាត់ឡើយ។

    លោក លី ចាន់ ឈ្មួញប្រមូលទិញផ្លែស្វាយក្នុងភូមិ និងជាអ្នកដាំស្វាយលក់ដែរនោះបានមាននិយាយថា ស្វាយកែវរមៀតឆ្នាំនេះពិតជាបានថ្លៃខ្ពស់ចន្លោះពី 1,000រៀល ទៅ1,700រៀលពិតប្រាកដដូចការលើកឡើងរបស់កសិករខាងលើមែន ហើយថែមទាំងងាយស្រួលលក់ចេញទៀតផង ដោយ-សារមានឈ្មួញមកឈរចាំបញ្ជាទិញដល់ចម្ការនីមួយៗតែម្ដង ដែលជាកត្តាផ្តល់ភាពងាយស្រួលដល់កសិករមិនចាំបាច់ដឹកយកទៅលក់នៅឯផ្សារនោះទេ។

    លោកបន្តថា សម្រាប់ប្រភេទស្វាយលេខ1 ខ្ចប់ក្រដាស លោកបាននាំចេញទៅលក់នៅប្រទេសវៀតណាម ក្នុងមួយថ្ងៃគិតជាមធ្យមប្រមាណជា 30តោន ចំណែកស្វាយធម្មតាមិនខ្ចប់ក្រដាសលោកនាំចេញទៅលក់នៅរោងចក្រកែច្នៃនៅប្រ-ទេសថៃ ក្នុងមួយថ្ងៃចន្លោះពី5 ទៅ1០តោនប៉ុណ្ណោះ។ លោកក៏បានរំឭកដែរថា ស្វាយខ្ចប់ក្រដាសប្រភេទលេខ1កាលពីឆ្នាំមុន លក់បានតម្លៃត្រឹមតែ 1,000រៀលប៉ុណ្ណោះក្នុងមូយគីឡូក្រាម និងស្វាយធម្មតាលក់ចេញបានត្រឹមតែ 500 ទៅ 700រៀលប៉ុណ្ណោះ។

    លោក កាំង ម៉ាំង អនុប្រធានការិយាល័យផែនការនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាលមានប្រសាសន៍ថា ក្នុងឆ្នាំ2018នេះ នៅទូទាំងខេត្តកណ្តាល កសិករដាំស្វាយកែវរមៀតនៅលើផ្ទៃដីសរុបចំនួន 6,010ហិកតា ក្នុងនោះស្រុកស្អាងមានចំនួនច្រើនជាងគេដោយបានដាំដុះដល់ទៅចំនួន1,513ហិកតា បន្ទាប់មកគឺស្រុកកោះធំហើយស្វាយកែវរមៀតបានផ្ដល់ផលជាមធ្យម 8០គីឡូក្រាមក្នុងមួយដើម។ លោកបញ្ជាក់ថា ស្វាយកែវរមៀតឆ្នាំនេះពិតជាបានថ្លៃខ្ពស់ជាងឆ្នាំមុនប្រាកដមែន ដែលបានជួយឱ្យកសិករមានជីវភាពធូរធារល្អឡើង៕

  • ទស្សនៈវិជ្ជមានលើវិស័យកៅស៊ូ ខណៈចំណូល 10ខែ ឆ្នាំ2018ទទួលបាន 218លានដុល្លារ

    ទស្សនៈវិជ្ជមានលើវិស័យកៅស៊ូ ខណៈចំណូល 10ខែ ឆ្នាំ2018ទទួលបាន 218លានដុល្លារ

    ទោះបីជានៅក្នុងប្រទេសជិតខាងមួយចំនួនមានបញ្ហាផលិតកម្មក្ដី ក៏ទិន្នផលកៅស៊ូរបស់កម្ពុជានឹងកើនឡើងនៅឆ្នាំ2018ដែរ ដោយសារលក្ខខណ្ឌអាកាសធាតុអំណោយផលហើយវិស័យនេះក៏ទទួលបានអត្ថប្រយោជន៍ពីស្ថិរភាពតម្លៃផងដែរ។

    ឯកឧត្តម ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញទស្សនវិស័យសម្រាប់វិស័យកៅស៊ូក្នុងស្រុកថា នៅតែមានភាពវិជ្ជមានដោយផលិតកម្មនឹងកើនឡើងជារៀងរាល់ឆ្នាំ និងមានតម្លៃថេរ។

    ឯកឧត្តម ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ

    ឯកឧត្តមបានថ្លែងថា មិនដូចប្រទេសផ្សេងទៀតនៅក្នុងតំបន់ដែលដាំដើមកៅស៊ូនៅលើដីពុំសូវមានជីជាតិនោះឡើយ កៅស៊ូរបស់កម្ពុជាភាគច្រើនស្ថិតនៅតំបន់ដែលមានដីសម្បទានសម្បូរជីជាតិ ដែលឱ្យផលិតកម្មកើនឡើងទោះបីជាទើបមានទឹកជំនន់ថ្មីៗក៏ដោយ។

    ឯកឧត្តមបានពន្យល់ថា លក្ខខណ្ឌអាកាសធាតុល្អនៅក្នុងប្រទេសកម្ពុជាកំពុងធ្វើឱ្យផលិតកម្មកៅស៊ូកើនឡើង។ លោកបញ្ជាក់ថា៖“មានសញ្ញាណល្អជាច្រើនសម្រាប់វិស័យកៅស៊ូកម្ពុជា នៅចុងឆ្នាំនេះយើងរំពឹងថា នឹងផលិតបានកៅស៊ូប្រមាណជាង 220,000តោន”។

    សូមបញ្ជាក់ថា កម្ពុជាបានផលិតកៅស៊ូតាំងពីឆ្នាំ2007មក និងបច្ចុប្បន្នមានចម្ការកៅស៊ូចំនួន440,000ហិកតានៅក្នុងប្រទេស ដែលក្នុងនោះមាន 200,000ហិកតាកំពុងត្រូវបានគេប្រមូលផលហើយគេរំពឹងថា ផលិតកម្មនឹងបន្តពង្រីកបន្ថែមទៀត។ ចំពោះតម្លៃកៅស៊ូវិញ នៅមានស្ថិរភាពប៉ុន្តែអ្នកផលិតសង្ឃឹមថា វានឹងកើនឡើងនាពេលអនាគត ប្រសិនបើការផ្គត់ផ្គង់សកលកំពុងធ្លាក់ចុះ និងស្តុកនៅប្រទេសចិន និងជប៉ុននៅតែមានទំហំធំ។

    យោងតាមក្រសួងកសិកម្មបាននិយាយថា តម្លៃជាមធ្យមរបស់កៅស៊ូគឺ 1,394ដុល្លារក្នុងមួយតោន។ ប្រទេសវៀតណាមនៅតែជាទីផ្សារសំខាន់សម្រាប់កៅស៊ូរបស់កម្ពុជា ហើយរដ្ឋាភិបាលកំពុងចរចាជាមួយប្រទេសចិនដែលជាអ្នកនាំចូលកៅស៊ូធំបំផុតក្នុងពិភពលោកដើម្បីចាប់ផ្ដើមនាំចេញដោយផ្ទាល់។ ការចរចាផ្តោតលើបញ្ហាផ្សេងៗគ្នារួមទាំងពន្ធដែលមានស្រាប់ផង ដោយរដ្ឋាភិបាលចិននៅតែពុំទាន់សម្រេចចិត្តថា តើនឹងផ្តល់ការអនុគ្រោះពន្ធដល់កៅស៊ូកម្ពុជាដែរឬអត់?។

    បើតាមឯកឧត្តម ប៉ុល សុផា បានឱ្យដឹងថា៖ “កម្ពុជានឹងមិនធ្វើតាមអ្នកផលិតកៅស៊ូធំៗក្នុងការផ្លាស់ប្តូរផលិតកម្មដើម្បីបង្កើនតម្លៃនោះទេ យើងជាអ្នកផ្គត់ផ្គង់តូចមួយនៅលើទីផ្សារពិភពលោកហើយបើទោះជាមានការធ្លាក់ចុះតម្លៃក៏ដោយ ក៏យើងនឹងមិនកាត់បន្ថយផលិតកម្ម ឬកាត់បន្ថយការដាំកៅស៊ូដែរ ព្រោះថា ការផ្គត់ផ្គង់កៅស៊ូលើសនៅលើទីផ្សារពិភពលោក តែងតែប៉ះពាល់ដល់តម្លៃក្នុងស្រុក”។ ការកត់សម្គាល់របស់លោកបានកើតមានបន្ទាប់ពីប្រទេសថៃដែលជាអ្នកផ្គត់ផ្គង់កៅស៊ូធំបំផុតមួយនៅលើពិភពដែលបានបង្ហាញពីផែនការកាត់បន្ថយផលិតកម្មដើម្បីបង្កើនតម្លៃក្នុងស្រុក។

    យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានរោងចក្រសិប្បកម្មកែច្នៃកៅស៊ូចំនួន 139កន្លែង ដោយអាចផលិតកៅស៊ូស្ងួតបានជាង 19ម៉ឺនតោនក្នុងមួយឆ្នាំ។ ក្នុងឆ្នាំ2017 ប្រាក់ចំណូលបានពីការលក់ជ័រកៅស៊ូមានរហូតដល់ជិត 300លានដុល្លារអាមេរិក ដែលចំណូលនេះបានរួមចំណែកយ៉ាងធំធេងក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចក្នុងរង្វង់7%។

    ក្នុងជំនួបកាលពីពេលថ្មីៗនេះ មន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារ និងកសិកម្ម FAO បានជួបពិភាក្សាជាមួយនឹងឯកឧត្ដមរដ្ឋមន្ដ្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ស្តីពីការរៀបចំបង្កើតគម្រោងថ្នាក់តំបន់ដែលពាក់ព័ន្ធនឹងប្រទេសចំនួន3 គឺ កម្ពុជា ថៃ និងប្រទេសមីយ៉ាន់ម៉ាលើវិស័យកៅស៊ូដោយបានផ្ដោតសំខាន់ទៅលើវិស័យកៅស៊ូនៅកម្ពុជាដែលធ្វើឱ្យមានកៅស៊ូកម្ពុជាស្ថានភាពនឹងនរ និងមានចីរភាពឡើងវិញ។

    លោក បណ្ឌិត Pierre-Marie Bosc មន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារ និងកសិកម្ម FAO មានប្រសាសន៍ថា កសិករផលិតកៅស៊ូមានបញ្ហាប្រឈមជាខ្លាំងគួរឱ្យព្រួយបារម្ភ ជាពិសេសលើបញ្ហាតម្លៃកៅស៊ូធម្មជាតិកំពុងធ្លាក់ថ្លៃ និងការប្រែប្រួលខាងអាកាសធាតុ រួមទាំងទិន្នផលកៅស៊ូបានធ្លាក់ចុះ។

    គម្រោងថ្នាក់តំបន់ត្រីភាគីរវាងប្រទេសទាំង3នឹងធ្វើការផ្ដោតសំខាន់ទៅលើប្រព័ន្ធសង្កេតការណ៍ការសិក្សាស្រាវជ្រាវ និងវិភាគជាលម្អិតនៃលទ្ធផលដែលទទួលបាននៃប្រទេសនីមួយៗ ដើម្បីធ្វើការប្រៀបធៀប និងវាយតម្លៃអំពីស្ថានភាព ក៏ដូចជាប្រសិទ្ធភាពនៃការអនុវត្តការដាំដុះ និងការប្រមូលផលជ័រកៅស៊ូ រួមទាំងធ្វើការកែសម្រួល។

    លោក ង៉ែត ជូ ទីប្រឹក្សាសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting យល់ឃើញថា វិស័យមួយនេះនឹងប្រសើរឡើង បើទោះបីជាមានពេលខ្លះធ្លាក់ចុះក៏ដោយ តែជារួម គឺត្រូវតែកើនឡើងនាថ្ងៃអនាគត។

    លោក ង៉ែត ជូ ថ្លែងប្រាប់កាសែតឡារ៉ែនថា៖”ថ្វីដ្បិតតែខ្ញុំពុំមានព័ត៌មាននៃការវិវឌ្ឍថ្មីៗនៃវិស័យកៅស៊ូក្ដី តែខ្ញុំយល់ឃើញដូច្នេះថា វិស័យកៅស៊ូឆ្នាំខ្លះវាធ្លាក់ថ្លៃក្នុងរយៈពេលខ្លី ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការជាដើម ប៉ុន្ដែជារួម និន្នាការទីផ្សារកៅស៊ូ វាត្រូវតែឡើងថ្លៃ ដោយផ្អែកលើការរីកចម្រើននៃឧស្សាហកម្មកែច្នៃមួយចំនួននៅក្នុងស្រុកម្យ៉ាងយើងមានតែទីផ្សារនាំចេញដូច្នេះយើងត្រូវជំរុញការផលិត ការធានាពីគុណភាព និងនិរន្ដរភាពនៃផលិតផល”។

    គិតត្រឹមរយៈពេល10ខែនៃឆ្នាំ2018នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូជាង 16ម៉ឺនតោន ទទួលបានចំណូល 218លានដុល្លារ។ ចំនួននេះបានកើនឡើង23% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2017។នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូដោយរបាយការណ៍ក៏បានបញ្ជាក់ផងដែរថា ក្នុងរយៈពេល10ខែកន្លងមកនេះ តម្លៃកៅស៊ូបានធ្លាក់ចុះក្នុងកម្រិត1,355ដុល្លារក្នុង1តោន គឺធ្លាក់ចុះប្រមាណ18%។

    កម្មករកំពុងធ្វើការប្រមូលផលជ័រកៅស៊ូ

    សូមបញ្ជាក់ផងដែរថា កៅស៊ូរបស់កម្ពុជាត្រូវបាននាំចេញទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងប្រទេសកូរ៉េខាងត្បូង។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូចំនួនជាង 44ម៉ឺនហិកតា ក្នុងនោះផ្ទៃដីដែលចៀរជ័របានមាន 20ម៉ឺនហិកតា ស្មើនឹង47% និងផ្ទៃដីកំពុងថែទាំជាង 24ម៉ឺនហិកតា ស្មើនឹង53%៕

  • មោទនភាពជាតិ! និស្សិតខ្មែររៀននៅបរទេសនាំវប្បធម៌ខ្មែរចេញក្រៅធ្វើឱ្យកក្រើកសាលាជប៉ុន

    មោទនភាពជាតិ! និស្សិតខ្មែររៀននៅបរទេសនាំវប្បធម៌ខ្មែរចេញក្រៅធ្វើឱ្យកក្រើកសាលាជប៉ុន

    លោក នូ សុផេន ដែលត្រូវគេស្គាល់ថាជាអ្នកផលិតកម្មវប្បធម៌ប្រចាំនៅទូរទស្សន៍អប្សរា លោកបានបង្ហោះអោយដឹងពីមោទនភាពរបស់ខ្មែរគួរឱ្យសរសើរនៅលើទឹកដីប្រទេសជប៉ុន ជុំវិញការបង្អួតវប្បធម៌របស់ខ្មែរនៅក្នុងប្រទេសដីកោះដ៍ល្បីមួយនោះ។ នេះជាការបង្ហាញខ្លួនរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ Cambodian Week ដែលមានការចូលរួមពីបណ្ដាប្រទេសជាច្រើន ក្នុងនាមដែលជប៉ុនធ្វើជាម្ចាស់ផ្ទះ។

    តាមរយៈហ្វេសប៊ុករបស់លោក នូ សុផេន បានបញ្ជាក់ដូច្នោះថា «ពិតជាមានមោទនភាពបំផុត​ នៅពេលដែល​ទង់ជាតិ​​ ភ្លេងជាតិ និងប្រាង្គប្រាសាទអង្គរ​​ រួមទាំង សិល្បៈ វប្បធម៌ ប្រពៃណី ត្រូវបានដាក់តាំងបង្ហាញ និងសម្តែងជូនមហាជនជាច្រើនពាន់នាក់ទស្សនានៅចំកណ្តាលកំពូលភ្នំដែលមានអាគាដ៏ស្គឹមស្គៃនៃសាកលវិទ្យាល័យអាស៉ីប៉ាស៉ីហ្វិក​ APU មាននិស្សិតមកពីជាងមួយរយប្រទេសចូលរួម​ និងយុវសិល្បករចម្រុះជាតិសាសន៍ សម្តែងទម្រង់សិល្បៈខ្មែរ​ រួមជាមួយសម្លេងទៈដៃកងរំពងជាការគាំទ្រ​ រំភើបស្ទើរស្រក់ទឹកភ្នែក​ ពិតជាគួអោយកោតសរសើរប្អូនៗនិស្សិតខ្មែរដែលរៀននៅទីនេះ​ ដែលមានគ្នាចំនួន8នាក់បានសាមគ្គីព្យាយាមពុះពាគ្រប់ឧបស័គ្គដើម្បីរួមសហការរៀបចំព្រឹត្តិការដ៏អស្ចារ្យមួយនេះ»។

    លោកបន្ដថាសប្បាយចិត្តណាស់ ដែលសំលៀកបំពាក់បុរាណខ្មែរ របាំខ្មែរ និងអត្តសញ្ញាណខ្មែរត្រូវបានបង្អួតខ្លួនយ៉ាងសង្ហានៅលើទឹកដីជប៉ុន ខណៈដែលព្រឹត្តិការណ៍នេះ លោកថាដ្បិតថាបាននឿយហត់ក្នុងការសម្រិតសម្រាំងសំលៀកបំពាក់ជួយដល់និស្សិតដែលត្រូវបានអញ្ជើញទៅ ដើម្បីឱ្យបង្ហាញទម្រង់សិល្បៈរបស់ខ្មែរដោយសុខចិត្តលះបង់ការងារក្នុងស្រុក ប៉ុន្តែលោកលោកថាពេញចិត្ត ជាពិសេសក្នុងពេលនិស្សិតតំណាងកម្ពុជាទាំងនោះ សុទ្ធតែមានឆន្ទៈសម្ដែងរបាំ ច្រៀង និងសម្ដែងឈុតបុរាណ ដោយការតាំងចិត្តខ្ពស់៕

  • ម៉ា​រ៉ា​តុង​អូឡាំពិក ទីក្រុង​តូ​ក្យូ នឹង​ចាប់ផ្តើម​លឿន​ជាង​ម៉ោង​ធម្មតា

    ម៉ា​រ៉ា​តុង​អូឡាំពិក ទីក្រុង​តូ​ក្យូ នឹង​ចាប់ផ្តើម​លឿន​ជាង​ម៉ោង​ធម្មតា

    ព្រឹត្តិការណ៍​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អូឡាំពិក​ទីក្រុង​តូ​ក្យូ ឆ្នាំ2020 នឹង​ចាប់ផ្តើម​នៅ​ចន្លោះ​ម៉ោង5:30 និង​ម៉ោង 6ព្រឹក នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​កាលពី​ថ្ងៃ​ពុធ ក្រោយពី​ក្រុមមន្ត្រី​ជំនាញ​បានលើកឡើង​ពី​កង្វល់ផ្សេងៗ ជុំវិញ​សុខភាព​របស់​អ្នកចូលរួម​ប្រកួត និង​អ្នកគាំទ្រ អំឡុងពេល​ការឡើង​កម្តៅ​ដ៏​ក្តៅ​ក្នុង​ទីក្រុង​នេះ។

    គណៈកម្មាធិការ​សុខ​ភិ​បាល​ដែលជា​មន្ត្រី​ជំនាញ បាន​ស្នើឱ្យ​ចាប់ផ្តើម​ការប្រកួត «នៅ​ចន្លោះ​ម៉ោង5:30ព្រឹក និង​ម៉ោង6ព្រឹក»។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​មន្ត្រីជាន់ខ្ពស់​របស់​អូឡាំពិក​លោក John Coates ក្រោយពី​មាន​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ ក្នុង​រដ្ឋធានី​របស់​ជ​ប៉ុន។

    គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត បាន​ផ្លាស់ប្តូរ​ម៉ោង​ប្រកួត​រត់​ម៉ា​រ៉ា​តុង ទៅកាន់​ម៉ោង 7ព្រឹក​រួចជាស្រេច ខណៈដែល​ក្រុមការងារ​សុខាភិបាល បាន​ព្រមាន​ថា វិញ្ញាសា​នេះ អាច​នឹង​នាំឱ្យមាន​ការស្លាប់​មនុស្ស ដោយសារតែ​ធាតុអាកាស​ក្ដៅ​ខ្លាំងពេក។

    គណៈកម្មការ​រៀបចំ​កីឡា​អូឡាំពិក ទីក្រុង​តូ​ក្យូ​ឆ្នាំ2020 នៅតែ​ត្រូវ​យល់ព្រម​ជាមួយនឹង​សមាគម​អន្តរជាតិ​នៃ​សហព័ន្ធ​កីឡាអត្តពលកម្ម​ជាមុនសិន មុនពេល​ដោះស្រាយ​ក្នុងពេល​ជាក់ស្តែង។ នេះ​បើ​យោងទៅតាម​លោក Coates ដែលជា​ប្រធាន​ក្រុមប្រឹក្សា​សម្របសម្រួល​របស់​អូឡាំពិក។

    ការប្រកួត​កីឡា Rugby Seven ក៏​នឹង​ចាប់ផ្តើម​ក្នុង​រយៈពេល 90នាទី មុន​ផែនការ​ផងដែរ ហើយ​ការប្រណាំង​កង់​ឡើង​ភ្នំ នឹង​ចាប់ផ្តើម​ក្នុង​រយៈពេល 1ម៉ោង​មុន ដើម្បី​ចៀសវាង​ពី​កម្តៅ​ដ៏​ក្តៅ​ពី​ព្រះអាទិត្យ។ ការប្រកួត​ដើរ​ចម្ងាយ 50គីឡូម៉ែត្រ ក៏​នឹង​ដាក់ឱ្យ​ដំណើរការ​ផងដែរ។

    TOKYO MARATHON 2016
    , at the turning point, takanawa, on Feb. 28, 2106. YOSHIAKI MIURA PHOTO

    ទីក្រុង​របស់​ជប៉ុន បាន​ឡើងក​ម្តៅ​យ៉ាងខ្លាំង​ជា​បន្តបន្ទាប់​នៅ​រដូវក្តៅ​នេះ ខណៈដែល​ជប៉ុន ក៏បាន​រង​បញ្ហា​ដោយសារតែ​ខ្យល់ព្យុះ​ជា​បន្តបន្ទាប់ ដែល​បាន​បណ្តាលឱ្យមាន​ការស្លាប់​មនុស្ស ការខូចខាត​ទ្រព្យសម្បត្តិ និង​ការពន្យារពេល​ផងដែរ៕

    ប្រភពពី៖ Channel News Asia

  • ប្រញាប់ឡើង!! ផ្ទាំងទស្សនីយភាពរឿង « ទុំទាវ » បីជំនាន់ បើកចែកសំបុត្រទស្សនាដោយឥតគិតថ្លៃ

    ប្រញាប់ឡើង!! ផ្ទាំងទស្សនីយភាពរឿង « ទុំទាវ » បីជំនាន់ បើកចែកសំបុត្រទស្សនាដោយឥតគិតថ្លៃ

    តាមរយៈទំព័ររបស់នាយកដ្ឋានសិល្បៈទស្សនីយភាពដែលបានបង្ហោះផ្សាយមុននេះបន្ដិចបានឱ្យដឹងថា ការទន្ទឹងរង់​ចាំ​ទស្សនា​ផ្ទាំង​ទស្សនីយភាព​ដ៏អស្ចារ្យ​កម្រ​មាន គឺ​ល្ខោន​យីកេ រឿង ទុំទាវ ដែល​សម្តែង​ដោយ​សិល្បករ​ជើង​ចាស់​ជើង​ថ្មី​រួម​គ្នាបី​ជំនាន់​បាន​មក​ដល់​ហើយ។

    ព្រឹត្តិការណ៍​ទស្សនីយ​ភាព​ល្ខោន​យីកេ​ រឿង ទុំទាវ ក្រោម​ប្រធានបទ “ទុំទាវ៣ជំនាន់” បានបើកឱ្យទទួលសំបុត្រទស្សនាដោយឥតគិតថ្លៃហើយ ដែល​ចូលរួម​សម្តែង​ដោយ​សិល្បករ​ជើង​ចាស់​ជើង​ថ្មី​រួម​គ្នា ចាប់​ពី​អំឡុង​ឆ្នាំ​1960 រហូត​បច្ចុប្បន្ន។ រៀបចំ​សម្តែង​ដោយ នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព សហការ​រៀបចំ និង​ឧបត្ថម្ភ​ដោយ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​។

    ចូលអញ្ជើញរួម​គាំ​ទ្រ និងលើក​ស្ទួយ​វិស័យ​សិល្បៈ​វប្បធម៌​ជាតិ​ទាំងអស់គ្នា។ សូម​ប្រញាប់​ទំនាក់​ទំនង​ទទួល​សំបុត្រ​ ព្រោះ​កន្លែង​មាន​កំណត់៕

  • អនុវត្តតាម​វិធី​ទាំងនេះ ទោះ​ដើរលេង​យូរ​ប៉ុណ្ណា​ក៏​ស្បែក​នៅតែ​ស្រស់ស្អាត​ដែរ!

    អនុវត្តតាម​វិធី​ទាំងនេះ ទោះ​ដើរលេង​យូរ​ប៉ុណ្ណា​ក៏​ស្បែក​នៅតែ​ស្រស់ស្អាត​ដែរ!

    “ចង់ទៅ​ដើរលេង​ឱ្យបាន​ច្រើន​ថ្ងៃ សប្បាយ​ឱ្យអស់​ចិត្ត​តែម្តង ប៉ុន្តែ​ខ្លាច​តែ​ពេល​ត្រឡប់មកវិញ​ស្បែក​មើល​មិន​យល់​ទេ​ខ្ញុំ” នេះ​ប្រហែលជា​ក្តីកង្វល់​មួយ​ដែល​ស្ថិតនៅក្នុង​អារម្មណ៍ និង​គំនិត​របស់​នារី​មួយចំនួនធំ ដែល​និយម​ភាពស្រស់ស្អាត នៅពេល​ត្រូវ​ធ្វើដំណើរ​កម្សាន្ត​នា​ចុងឆ្នាំ​ខាងមុខនេះ។ កុំ​គិត និង​ខ្វល់ខ្វាយ​ច្រើន​អី សប្បាយ​ឱ្យអស់​ដៃ​ទៅណ៎ា ហើយ​វិធី​ថែរក្សា​ស្បែក​ក្នុងអំឡុងពេល​ធ្វើដំណើរ​កម្សាន្ត​ទុកឱ្យ ឡា​រ៉ែ​ន ជា​អ្នករ៉ាប់រង ហើយ​ធានាថា ស្បែក​របស់​អ្នក​ពិតជា​មិនមាន​បញ្ហា​ទេ ឬ​បើទោះជា​មាន​ក៏​មិន​ច្រើន​ដែរ ប្រសិនបើ​អ្នក​ពិតជា​បាន​អនុវត្តតាម​យ៉ាង​ខ្ចា​ប់​ខ្ចួ​ន ត្រូវ​តាម​ក្បួន​មែន​នោះ។ អូ​ខេ! ងាក​មក​អាន​អំពី​ក្បួន​នៃ​ការថែរក្សា​ស្បែក​ក្នុងពេល​ដើរ​កម្សាន្ត​ទាំងអស់គ្នា​ដូចខាងក្រោម​នេះ៖

    គ្រឿង​ការពារ​ស្បែក : មុនពេល​ចេញដំណើរ​សូម​ពិនិត្យ​ឱ្យ​ច្បាស់​ថា កាបូប​របស់​អ្នកមាន​របស់​ការពារ​ស្បែកសំខាន់ៗមួយចំនួន​ដូចជា ឡេ​ថែរក្សា​ស្បែក វ៉ែនតា​ខ្មៅ មួក អាវ​វែង ឬ​ឆ័​ត្រ​គ្រប់សព្វ​អស់ហើយ​ឬ​នៅ? របស់​អស់ទាំងនោះ​នឹងត្រូវ​យកមក​ធ្វើជា​សេនា​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​ការពារ​ស្បែក​របស់​អ្នក​ពី​ការបំផ្លាញ​ពី​កម្តៅថ្ងៃ ហើយ​វា​ក៏​ត្រូវបាន​យកមកប្រើ​តាម​ពេលវេលា​របស់​វា​ផងដែរ។

    លាប​ឡេ​ការពារ​ស្បែក : មុន​ចេញទៅ​ដើរលេង​កម្សាន្ត អ្នក​ត្រូវ​លាប​ឡេ​ការពារ​ស្បែក​ឱ្យបាន​មុន​ប្រហែលជា10នាទី​សិន​សឹម​ចេញទៅ​ខាងក្រៅ​ប៉ះ​នឹង​កម្តៅថ្ងៃ។ កុំ​ភ្លេច​យកទៅ​ជាប់​ខ្លួន​ជានិច្ច​នូវ​មួក (គួរ​ជា​មួក​ដែលមាន​ហាមធំ) ឬ​ឆ័​ត្រ វ៉ែនតា​ខ្មៅ អាវធំ​សម្រាប់​ពាក់​ពី​ខាងក្រៅ ព្រោះ​វា​ជា​របស់​ដែល​អ្នក​ត្រូវ​ពាក់​ជាប់​រាងកាយ​នៅពេល​ធ្វើដំណើរ (ទោះ​ដើរលេង​លើ​ឆ្នេរ​ខ្សាច់ ឬ​ដើរលេង​តាម​តំបន់ភ្នំ​ក៏ដោយ)។

    របៀប​ការពារ​ស្បែ​កនៅ​តំបន់​មាត់សមុទ្រ : សម្រាប់​ដំណើរ​កម្សាន្ត​នៅក្នុង​តំបន់​សមុទ្រ​វិញអ្នក​ត្រូវ​គិតដល់​ការ​បំពោក​ឡេ​ការពារ​ស្បែក​ពី​កម្តៅថ្ងៃ​ឱ្យបាន​ក្រាស់​បន្តិច មុនពេល​អ្នក​ចុះទៅ​ងូតទឹក​សមុទ្រ ឬ​ដើរលេង​លើ​ឆ្នេរ​ខ្សាច់ ប៉ុន្តែ​បើ​អាកាសធាតុ​ក្តៅ​ខ្លាំង (ពិសេស​ចន្លោះ​ពី​ម៉ោង9ព្រឹក​ដល់​ម៉ោង3:30រសៀល អាស្រ័យ​លើ​អាកាសធាតុ) អ្នក​មិនគួរ​ចុះ​ទៅលេង​ទឹកសមុទ្រ​នោះទេ ព្រោះ​ពេលវេលា​នេះ​ស្បែក​អាចនឹងទទួល​រង​នូវ​ការបំផ្លាញ​ខ្លាំង​ពី​កម្តៅថ្ងៃ។ អ្នក​ត្រូវ​ងូតទឹក​លាង​សម្អាតខ្លួន និង​កក់សក់​ឱ្យបាន​ស្អាត​បន្ទាប់ពី​លេង​ទឹកសមុទ្រ​រួច ហើយក៏​មិនត្រូវ​ភ្លេច​លាប​ឡេ​ថែរក្សា​ស្បែក​បន្ថែម​ជាថ្មី​ម្តង​ទៀតផង​ណា៎៕

  • ក្រសួង​អប់រំ​គ្រោង​ចំណាយ​ជាង 90លាន​ដុល្លារ​ដើម្បី​កែលម្អ​គុណភាព​អប់រំ​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា

    ក្រសួង​អប់រំ​គ្រោង​ចំណាយ​ជាង 90លាន​ដុល្លារ​ដើម្បី​កែលម្អ​គុណភាព​អប់រំ​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា

    ក្រោយពេល​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បោះជំហាន​កាន់តែ​ស្វាហាប់​ឡើង​ដើម្បី​ពង្រឹងគុណភាព​វិស័យ​អប់រំ តាមរយៈ​ការបណ្តុះបណ្តាល​គ្រូ ការបន្ថែម​សម្ភារ​បរិក្ខារ និង​ការធ្វើ​បច្ចុប្បន្នភាព​កម្មវិធីសិក្សា​ជាដើម។

    នា​ព្រឹក​មិញ​នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បានបង្ហាញ​ពី​គម្រោង​កែលម្អ​ការអប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា ក្រោម​ថវិកា​គាំទ្រ​ពី​មូលនិធិ​ធនាគារពិភពលោក​ប្រមាណ 90លាន​ដុល្លារ រួមទាំង​កញ្ចប់​ថវិកា​របស់​រាជរដ្ឋាភិបាល​ចំនួន 2.5លាន​ដុល្លារ​បន្ថែមទៀត។

    កម្មវិធី​កំណែទម្រង់​នេះ​ផ្តោត​សំខាន់​លើ​ការកែលម្អ​ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា និង​ផ្នែក​កសិកម្ម។ ដើម្បី​សម្រេចបាន​នូវ​ផែនការ​នេះ ក្រសួង​អប់រំ​នឹង​បែងចែក​ខ្ទង់ចំណាយ​ទាំងនេះ​លើ​ការកសាង​បន្ទប់ពិសោធន៍ ការបណ្តុះបណ្តាល និង​ការបំពាក់​បរិក្ខារថ្មីៗឱ្យស្រប​នឹង​តម្រូវការ​ជាក់ស្តែង និង​កម្មវិធី​ថ្មី​ដែល​កំពុង​អនុវត្ត​នៅលើ​ពិភពលោក។ ក្រៅពីនេះ​ថវិកា​មួយចំនួន​ក៏​នឹងត្រូវ​ប្រើប្រាស់​ដើម្បី​ពង្រឹង​អភិបាលកិច្ច និង​ការគ្រប់គ្រង​លើ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា រួមទាំង​ការអនុវត្ត និង​សម្របសម្រួល​គម្រោង​នេះ​ផងដែរ។

    គួរ​បញ្ជាក់ថា គម្រោង​នេះ​នឹង​ដាក់ឱ្យអនុវត្ត​លើ​គោលដៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សាសំខាន់ៗចំនួន5 ដូចជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (ITC) សាកលវិទ្យាល័យ​ស្វាយរៀង និង​សាកលវិទ្យាល័យ​បាត់ដំបង។ ក្រៅពីនេះ ក្រសួង​ក៏មាន​គោលដៅ​ពង្រីក​វិសាលភាព​គម្រោង​នេះ​ទៅកាន់​គ្រឹះស្ថានសិក្សា​នានា​នៅ​ទូទាំងប្រទេស​ផងដែរ​នៅ​ថ្ងៃ​ខាងមុខ៕

  • គន្លឹះ5យ៉ាង កម្ចាត់ភាពខ្មៅស្រអាប់ ជួយឱ្យនារីកាន់តែមានមន្ដស្នេហ៍

    គន្លឹះ5យ៉ាង កម្ចាត់ភាពខ្មៅស្រអាប់ ជួយឱ្យនារីកាន់តែមានមន្ដស្នេហ៍

    បញ្ហាពណ៌សម្បុរនៃស្បែក គឺជារឿងដ៏សំខាន់មួយសម្រាប់នារីនៅក្នុងប្រទេសកម្ពុជាយើងបើទោះបីជាអាកាសធាតុក្ដៅ មានពន្លឺព្រះអាទិត្រខ្លាំងក៏ដោយ ក៏នារីខ្មែរយើងហតែងសង្ឃឹមចង់បានស្បែក-សស្អាតដូចជានារីកូរ៉េដែរ។ យ៉ាងណាមិញកុំទាន់
    បាក់ទឹកចិត្តអី ទោះជាស្បែកមិនសភ្លឺចែងចាំដូចជានារីកូរ៉េ ក៏ប៉ុន្ដែទស្សនាវដ្តី ឡារ៉ែន បានពាំនាំនូវគន្លឹះទាំង5យ៉ាងដែលជួយកម្ចាត់ភាពខ្មៅស្រអាប់នៅលើស្បែកដងខ្លួន ផ្ទៃមុខ ឱ្យប្រែមកជាស្រស់ស្អាតតាមបែបធម្មជាតិ និងចំណេញថវិកាច្រើនព្រមទាំងស្រស់ស្អាតបានរយៈពេលយូរផងដែរ។

    1. ខាត់​ស្បែក
    នារី​មួយចំនួន​និយម​លាប​េឡ​ការ ពារ​កម្ដៅថ្ងៃ តែ​មិនសូវ​យកចិត្តទុកដាក់​ក្នុងការ​ខាត់​ស្បែក​ឡើយ នេះ​ជា​មូលហេតុមួយ​ដែល​ធ្វើឱ្យ​ស្បែក​អ្នក​កាន់តែ​ខ្មៅ​ស្រអាប់ព្រោះ ថាការ​ខាត់​ស្បែកគឺជា​ការ​ជម្រុះ​នូវកោសិកា​ស្បែក​ចាស់​ចេញ ហើយកោសិកា​ស្បែក​ដែល​រង​នូវ​កម្ដៅ​ព្រះ​អាទិត្យ វាបានខ្លោចស្លាប់ហើយ​ទោះបីជាអ្នក​ប្រើ​ឡេ​លាបការពារ​កម្ដៅថ្ងៃ​ក៏ដោយ ក៏​នៅតែ​មើល​ឈើ​ញ​ស្បែក​របស់ អ្នកមាន​សភាព​ខ្មៅ​ស្រ-អាប់​ដែរ។ ដូច្នេះ​នារី​ទាំងឡាយ​គួរតែ ​យកចិត្ត-ទុកដាក់​ក្នុងការ​ខាត់ស្បែក ឬ​ជម្រុះ​ក្អែល​នៅលើ​ស្បែក​ចេញ ដោយ​ប្រើអំបិលខាត់ស្បែកនិងផ្សំលាយ​សម្រាប់ប្រើ ជា​ក្រែ​ម​ខាត់​ស្បែក ដើម្បីឱ្យ​ស្បែក​ទន់​ភ្លឺ រលោង។

    2. លាប​ឡេ Whitening Body Lotion
    នេះ​ប្រហែល ជា​ការចាប់​ផ្ដើមដំបូងសម្រាប់​សុភាពនារីទាំងអស់ក្នុងការ​ប្រើប្រាស់​នូ​វប្រ​ភេទ​ឡេWhitening Body Lotion ដែល​ត្រឹមត្រូវ​ ហើយ​ជួយ​ឱ្យ​ស្បែកភ្លឺ រលោង ដោយ​អនុវត្តតាម​វិធីងាយៗដូចជា៖
    – ជ្រើសរើស​ផលិតផល​ដែលមាន​ម៉ាកល្បីៗមាន​ទំនុកចិត្ត​អាច​ថែរក្សា​ស្បែក​របស់​អ្នក​បានដោយ​វា​មិនមាន​ប្រតិកម្ម​ជាមួយ​ស្បែក និង​មិន​ធ្វើឱ្យ​ស្បែក​ខូចខាត។
    – ត្រូវ​ពិ​និ​ត្រ​មើល​ប្រភេទ​ឡេ Whitening Body Lotion ថាមាន​សារធាតុ​ផ្សំ​ពី Niacinamide,
    Vitamin C, Vitamin B3/B5 ដែល​ឬទេ? ព្រោះ ​វា​ជួយ​ឱ្យ​ស្បែក​ស​ភ្លឺរលោង និង​មិនមាន​គ្រោះថ្នាក់​ដល់​ស្បែក។
    – ប្រើប្រាស់​ក្នុង​បរិមាណ​ដែល​ច្រើន​គ្រប់គ្រាន់​ដល់​ស្បែក និង​លាប​ជាប្រចាំ​ថ្ងៃ។

    3. ឡេ​ការពារ​កម្ដៅថ្ងៃ
    នារី​ខ្មែរ​ភាគច្រើន​និយម ​លាប​ឡេការពារ​កម្ដៅថ្ងៃ​តែ​នៅត្រង់​កន្លែងមួយចំនួន​នៃ​ដងខ្លួន​ដូចជា ស្បែ​កមុខ ដៃ និង​ជើង​ជាដើម។ ដូច្នេះ​ការ​ស្ថិតនៅក្រោមកម្ដៅថ្ងៃបានធ្វើឱ្យ​ស្បែកនារីៗយើងមាន​សភាព​ស្រអាប់ខ្មៅ​ត្រង់​កន្លែង​មួយចំនួន​ដែល​មិនបាន​ការពារ​ដោយ​ឡេ​ការពារ​កម្តៅថ្ងៃ ដែល​ធ្វើឱ្យ​ស្បែកមាន​សភាព​មិន​ដូចគ្នា។ ការប្រើ​ឡេ​ការពារ​កម្ដៅថ្ងៃ​ដ៏​ត្រឹម-ត្រូវ គឺអ្នក​គួរតែ​លាប​ជា​រៀងរាល់​2-3ម៉ោង​ម្ដងព្រោះ​ដើម្បី​បន្ថែម​ប្រសិទ្ធភាព​នៃ​ការការពារ​ស្បែក​ពី​កម្ដៅថ្ងៃ អំពូល​ភ្លើង​នៅ​កន្លែងធ្វើការ​បាន​ប្រ-សើរឡើងព្រមទាំង​ស្បែក​មាន​សភាព​ទន់​ ភ្លឺរលោង​ជានិច្ច។

    4. ទទួលទាន​ផ្លែ​ប៉េង​បោះ
    ការទទួល​ទានផ្លែ​ប៉េង​បោះ​ស្រស់ ជា​វិធីថែ​រក្សា​ស្បែក​ដ៏​ល្អ​មួយទៀត ព្រោះថានៅក្នុង​ផ្លែ​ប៉េង​បោះ​មាន​សារធាតុ​ម្យ៉ាង​ ដែល​មាន​ឈ្មោះថា Lycopene និង​វី​តា​មីន C ដែល​ជួយ​ឱ្យ​ស្បែក​របស់​អ្នក​ស​ស្អាត ភ្លឺរលោង និង​ជួយ​ទំនុកបម្រុង​ការពារ​រាងកាយ​បាន​យ៉ាង​ល្អប្រសើរ។ អ្នក​អាច​ទទួលទាន​ជា​ផ្លែ ឬ​ជា​ទឹកស្រស់100% ជា​រៀងរាល់ថ្ងៃ​ក៏បាន គឺ​ពិតជា​ល្អ​ចំពោះ​ស្បែក​របស់​អ្នកខ្លាំង​ណាស់។

    5. តុបតែង​ខ្លួន​ឱ្យមាន​ភាព​ទាក់ទាញ
    វិធី​ចុង​ក្រោយនេះ គឺជា​ការបន្ថែមទំនុកចិត្ត​នៅពេលដែល​ស្ថិតនៅ ក្រោម​កម្ដៅថ្ងៃ ដោយ​អ្នក​គួរ​ស្លៀក​សម្លៀកបំពាក់​បែប​ជិត​ល្អ ដូចជា​អាវដៃវែង និង​ខោជើងវែងជាដើម។ យើង​សូម​ណែនាំ​ឱ្យប្រើ​សម្លៀក​បំពាក់វែងៗ ដែលមាន​ពណ៌​ស ព្រោះ​មើលទៅ​ស័ក្ដិសម និង​ជួយ​លើក​សម្រស់​របស់​អ្នក​បានមួយកម្រិត​ទៀត ដែល​មើលទៅ​ទាក់ទាញបំផុត។

    ​គន្លឹះ​ទាំង5 ដែល​បាន​រៀបរាប់​ខាងលើ នេះមិនមែនជា​អាថ៌កំបាំង​អ្វី​នោះទេ ក៏ប៉ុន្ដែ​ជា​វិធីសាស្ត្រងាយៗ ដែល​ជួយ​ឱ្យ​សុភាពនារី​ទាំងឡាយ​ទទួលបាន​នូវ​សម្រស់ និង​សុខភាព​ស្បែកល្អមិន​បណ្ដោយឱ្យ​ ស្បែក​របស់​អ្នក​ចាស់​ទៅតាមអាយុ​កាលដែល​កន្លង ​ទៅជា​រៀងរាល់ថ្ងៃ​នោះឡើយ ដូច​ពាក្យស្លោក​មួយ​បាន​ពោលថា សម្រស់មិន​រង់ចាំ​យើង​ឡើយការពារ​ប្រសើរ​ជាងព្យាបាល៕