Category: សង្គម និងសេដ្ឋកិច្ច

  • លោក Mourinho ថា លោក​មិន​ភ្ញាក់ផ្អើល​ឡើយ ក្រោយ Valencia ផ្តួល Man Utd

    លោក Mourinho ថា លោក​មិន​ភ្ញាក់ផ្អើល​ឡើយ ក្រោយ Valencia ផ្តួល Man Utd

    លោក Jose Mourinho បាន​បញ្ជាក់ថា គ្មានអ្វី​ធ្វើឱ្យ​លោក​ភ្ញាក់ផ្អើល​ឡើយ​អំពី​ការបង្ហាញ​ទម្រង់​លេង​ដ៏​អន់​របស់​ក្រុម Manchester United នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម Valencia កាលពី​ថ្ងៃ​ពុធ ប៉ុន្តែ​លោក​បាន​ច្រានចោល​ការប៉ះពាល់​ជា​សក្តានុពល​ចំពោះ​ពួកគេ​ដែល​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2 ក្នុង​ពូ​ល​របស់ខ្លួន។

    Man United បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-1 ខណៈដែល​តួលេខ​នេះ គឺជា​លទ្ធផល​ដ៏​សែន​ខកចិត្ត​មួយ ព្រោះ​ពួកគេ​អាចមាន​ឱកាស​ក្នុងការ​បញ្ចប់​ដោយ​ការ​ឈរលើ​លេខ1 ក្នុង​ពូ​ល H ក្រោយពី​ការ​ចាញ់​ដ៏​មិន​នឹកស្មាន​ដល់​របស់​ក្រុម Juventus ក្រោម​ស្នាដៃ​ក្រុម Young Boys។

    ប៉ុន្តែ​ទោះបីជា​យ៉ាងណា ការបរាជ័យ​នេះ គឺជា​លទ្ធផល​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​ក្រុម​របស់លោក Mourinho ខណៈដែល​លោក​បាន​ផ្លាស់ប្តូរ​កីឡាករ​ដល់​ទៅ 8នាក់ ហើយ​ខ្សែបម្រើ Paul Pogba ក៏​មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងរឹងមាំ​នា​កីឡដ្ឋាន Mestalla ផងដែរ។

    លោក Mourinho បានឱ្យដឹងថា៖ «ខ្ញុំ​មិនបាន​សិក្សា​ពីអ្វី​ទាំងអស់  គ្មានអ្វី​ធ្វើឱ្យ​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ឡើយ»។

    Man United នឹង​ឈានទៅ​វគ្គ​បន្ត​ក្នុងនាម​ជា​ក្រុម​ឈរលើ​លេខ2 មុនពេល​ការចាប់​ឆ្នោត​នៅ​ថ្ងៃ​ចន្ទ ខាងមុខនេះ សម្រាប់​វគ្គ 16ក្រុម​ចុងក្រោយ ខណៈដែល​ក្រុម Barcelona, Borussia Dortmund, Paris Saint-Germain, Porto, Real Madrid និង Bayern Munich សុទ្ធសឹង​អាចជា​គូប្រកួត​ដែល Man United ត្រូវ​ប៉ះ​នៅ​ជុំ​បន្ទាប់​ទាំងអស់ តែបើ​ពួកគេ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ1 នឹងធ្វើ​ឱ្យ​ពួកគេ​អាច​ប៉ះ​ជាមួយនឹង​ក្រុម Atletico Madrid, Roma, Schalke, Ajax ឬ Lyon។

    លោក Mourinho បានឱ្យដឹងថា៖ «ខ្ញុំ​គិតថា ការឆ្លង​ផុត​ពូ​ល​នេះ គឺជា​ជោគជ័យ​មួយ មិនមែន​បរាជ័យ​ទេ។ ការបញ្ចប់​លើ​លេខ​រៀង​ទី2 ក្នុង​ពូ​ល គឺជា​រឿង​ដ៏​ជោគជ័យ​មួយ»៕

  • ឃើញមុខអាក្រក់ដូចគ្នា អ្នកគាំទ្រច្រលំថា យាយក្រវីសក់ ស្លាប់បាត់បង់ជីវិតទៅហើយ

    ឃើញមុខអាក្រក់ដូចគ្នា អ្នកគាំទ្រច្រលំថា យាយក្រវីសក់ ស្លាប់បាត់បង់ជីវិតទៅហើយ

    ពិតជាភ្ញាក់ផ្អើលខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលតារាសម្ដែង និងកំប្លែងថៃមួយរូប ដែលមានមុខមាត់អាក្រក់ជាងគេ បានទទួលមរណភាព ហើយក៏បានធ្វើឱ្យកើតរឿងភាន់ច្រលំថា ជាយាយក្រវីសក់ ដែលទើបគ្រោងធ្វើដំណើរមកក្លិបកម្សាន្ដក្នុងប្រទេសកម្ពុជា នាថ្ងៃទី 21 ខែធ្នូ ឆ្នាំ 2018 នេះ ។

    យាយក្រវីសក់មានឈ្មោះពិត ស៊ិតាង បួថង ពិតជាមានស្បែកមុខអាក្រក់ និងទម្រង់មុខស្រដៀងតារាកំប្លែងល្បីឈ្មោះមុខអាក្រក់ជាងគេក្នុងរឿង « ខ្មោចត្រឡោកបែក » វគ្គ2 ដែលខណៈនេះ តារារូបនោះបានមរណភាពហើយ ដោយសារជំងឺមហារីកស្បែក ។

    សូមជម្រាបបញ្ជាក់ដែរថា តារាភេទទីបីរូបនោះមានឈ្មោះ ខៃមុក ស៊ុបតា មរណភាពកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារមានជំងឺមហារីកស្បែក ។ មុនពេលមរណ នាងបានទទួលការព្យាបាលស្បែកអស់រយៈពេលជាច្រើនខែមកហើយ តែបែជាកើតអាការប្រតិកម្មខ្លាំងទៅវិញ រហូតដល់ដំណាក់កាលមហារីកធ្ងន់ធ្ងរ ហើយក៏បានស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យតែម្ដងទៅ៕

    1-ខៃមុក ស៊ុបតា ( មរណភាព )

    2-ស៊ិតាង បួថង

     

  • WADA បំពេញ​ការ​ត្រួត​ពិនិត្យ​លើ RUSADA ប៉ុន្តែមិន​ទាន់​អាច​ដំណើ​រការ​មន្ទីរ​ពិសោធន៍​បាន

    WADA បំពេញ​ការ​ត្រួត​ពិនិត្យ​លើ RUSADA ប៉ុន្តែមិន​ទាន់​អាច​ដំណើ​រការ​មន្ទីរ​ពិសោធន៍​បាន

    ភ្នាក់​ងារ​ប្រឆាំង​នឹង​សារ​ធាតុ​ហាម​ឃាត់​របស់​ពិភព​លោក (WADA) បាន​បញ្ជាក់​កាលពីថ្ងៃពុធ​ថា ខ្លួន​បាន​បំពេញ​ការ​ធ្វើ​សវ​ន​កម្ម​ទៅលើ​​ភ្នាក់​ងារ​ប្រឆាំងសារ​ធាតុហាម​ឃាត់របស់​រុស្ស៊ី​ (RUSADA) ស្រប​តាម​តម្រូវ​ការ​រួច​រាល់​ហើយ ក្រោយ​ពី​ការ​ផ្តល់​សិទ្ធិ​ឱ្យអង្គ​ភាព​​នេះ​ជាថ្មី​។

    ប្រតិ​ភូ​ 3នាក់​របស់ WADA បាន​ត្រួត​ពិនិត្យ​ទៅលើ​ការ​អនុ​ម័តក្នុង​ជំហាន​ដំបូង ការដំណើរ​ការ​ផ្សេង​ៗ និង​ការ​អនុវត្ត​​របស់ RUSADA ហើយ​និង​ត្រូវ​សរសេរ​របាយ​ការណ៍មួយ​ដែល​បង្ហាញពី​បញ្ហា​ផ្សេង​ៗ​។ លោក Olivier Niggli អគ្គ​នាយក​របស់ WADA បាន​ចាត់​ទុក​ការ​ធ្វើ​សវ​ន​កម្មមួយនេះ គឺ​ជា​ជំហាន​ដ៏សំខាន់​មួយ​នៃ​ដំណើរ​ដ៏វែង​ឆ្ងាយ​ក្នុងការ​ធ្វើ​ឱ្យ RUSADA ក្លាយ​ជា​ដៃគូ​ប្រឆាំង​នឹង​សារធាតុ​ហាម​ឃាត់​ដែលមានការ​ជឿជាក់​ទាំងស្រុង​​។

    ប៉ុន្តែ រនាំងដ៏ធំ​បំផុត​នៅ​តែ​មិន​ទាន់​បាន​យក​ចេញ​នៅ​ឡើយ​ទេ ខណៈ​ដែល RUSADA មិន​ទាន់​អនុ​ញ្ញាត​ឱ្យមន្ត្រី​ត្រួតពិនិត្យ​របស់ WADA ចូល​ទៅកាន់​អតីត​មន្ទីរ​ពិសោធន៍​របស់​រុស្ស៊ី​ និង​ដំណើរ​ការ​យក​ទិន្នន័យ​ផ្សេង​ៗ​តាម​រយៈ​ប្រព័ន្ធ​គ្រប់គ្រង​ព័ត៌​មាន​របស់​មន្ទីរពិសោធ​នៅ​ឡើយ​ទេ​។

    WADA បាន​កំណត់​​ពេល​នៅថ្ងៃ​ទី​31 ខែ​ធ្នូ សម្រាប់ RUSADA ក្នុង​ការ​បំពេញលក្ខខណ្ឌ​នេះ បើ​មិន​អ៊ី​ចឹង​ទេ នឹង​ប្រឈម​មុខនឹង​ការ​ដាក់​ទណ្ឌ​កម្ម​កាន់​តែតឹង​រ៉ឹង តាម​មាត្រា​ស្តង់​ដារ​អន្តរ​ជាតិ​សម្រាប់​​ការ​ប្រព្រឹត្ត​តាម​ដោយ​ភាគី​ហត្ថ​លេខី​​។

    RUSADA ត្រូវ​បាន​ដាក់ពិន័យព្យួរ​កាលពីឆ្នាំ​2015 ក្រោយពី​មានរបាយ​ការណ៍​មួយ​របស់​ក្រុម​ប្រឹក្សា WADA បាន​បង្ហាញ​ពី​ភ័ស្តុតាង​​ទាក់​ទង​នឹង​ប្រព័ន្ធ​ប្រើប្រាស់​សារធាតុ​ហាម​ឃាត់​​ដែលគាំទ្រ​ដោយ​រដ្ឋ​ក្នុង​កីឡា​អត្ត​ពល​កម្ម​របស់​រុស្ស៊ី ខណៈ​ដែលការ​ចោទ​ប្រកាន់​នេះត្រូវ​បាន​ទីក្រុង​ម៉ូស្គូ​បដិ​សេធ​៕

    ប្រភព​ពី៖ Channel News Asia

  • អ៊ីចឹងសោះ!! បានជាផ្សារ​រាត្រីកម្សាន្ដ​កុងតឺន័រ Jet’s Container ត្រូវរុះរើខ្ទេចខ្ទី

    អ៊ីចឹងសោះ!! បានជាផ្សារ​រាត្រីកម្សាន្ដ​កុងតឺន័រ Jet’s Container ត្រូវរុះរើខ្ទេចខ្ទី

    ដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា ផ្សារ​រាត្រី​កុងតឺន័រ Jet’s Container Night Market គឺជា​ផ្សារ​រាត្រី​កុងតឺន័រ​ធំ​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​ជិត​ស្ថានទូត​រុ​ស្សី ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ហើយបាន​បើក​ដំណើរការ​កាលពី​ជាង2 ឆ្នាំ​មុន ដោយ​មាន​ហាង​លក់​ម្ហូបអាហារ ភេសជ្ជៈ បារ​ផឹកស៊ី​តូច​ៗ និង​វត្ថុ​អនុស្សាវរីយ៍ លក់​នូវ​សម្លៀក​បំពាក់ ចន្លោះ​ពី 200-300 ហាង តូប និង​ស្តង់ ដោយ​ប្រើប្រាស់​ទូរ​កុងតឺន័រ​សរុប​ជាង​80ទូរនោះ ខណៈនេះត្រូវបានរុះរើតូបនិង​បិទ​ជា​ស្ថាពរ​ហើយ ។

    តាមរយៈការបង្ហើបរបស់ប្រធានគ្រប់គ្រងផ្សាររាត្រីកុងតឺន័រ បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ដោយសារ​តម្លៃ​ជួល​ដីអាច​និយាយ​ថា ជា​ហេតុផល​ចម្បង ដែល​មិន​អាច​អនុញ្ញាតិឱ្យក្រុមហ៊ុន​បន្តដំណើរ​ការ​បាន​តទៅ​មុខទៀត​ ហើយខាងក្រុមហ៊ុងបានវាយកម្ទេចនូវតូបនានា ចំណែកឯម្ចាស់តូបបានរើឥវាន់ចេញអស់រួចរាល់។ ខាងម្ចាស់ដីគឺ ក្រុមហ៊ុន Royal Group របស់លោកឧញ៉ាគិតម៉េង នឹងយកដីនេះ ទៅសាងសង់អគារពាណិជ្ជកម្មផ្សេងៗ តែមិនទាន់ច្បាស់សាងសង់អ្វីនោះទេ។​

    យ៉ាងណាមិញ ប្រភពដដែលបានបន្ដទៀតថា អាហារដែលមានលក់នៅក្នុងផ្សារកុងតឺន័រ ពុំមានផាសុខភាពសម្រាប់អតិថិជន រួមទាំងតម្លៃទៀតសោត អតិថិជនមិនច្រើននោះទេ ដែ​លមានលទ្ឋភាពចំណាយលើអាហារមួយចានក្នុងតម្លៃប្រមាណ 5ដុល្លារ ស្រាបៀរមួយដបតម្លៃ 3 ទៅ 3.5 ដុល្លារ​អាមេរិកជាប្រចាំ ដើម្បីជួយទ្រទ្រង់ចំណូលប្រចាំថ្ងៃ សម្រាប់ថ្លៃឈ្នួលផ្សារទាំងនោះ​បាន”។

    សូមជម្រាបថា ផ្សារ​រាត្រី​កុងតឺន័រ Jet’s Container Night Market ត្រូវបានក្រុមហ៊ុន​​រុះរើ​សម្ភារៈដែល​មាន​ក្នុង​ទីតាំង​ខាងលើ យក​ទៅ​ទុក​នៅ​តំបន់​វិហារ​សួគ៌ ដែល​ជាទី​តាំង​ផ្ទាល់​របស់​ក្រុមហ៊ុន ខណៈ​ក្រុមហ៊ុន​មាន​ផែនការ​អភិវឌ្ឍ​តំបន់​វិហារ​សួគ៌​ឱ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​កន្លែង​រស់នៅ​ដ៏​ល្អ​ប្រកបដោយ​ប្រណីតភាព​បំផុត​៕

  • ប្រញាប់ឡើង !!! សំបុត្រទស្សនាការសម្ដែងរបាំព្រះរាជទ្រព្យទម្រង់ 100 ឆ្នាំ​រឿង ព្រះនាងវឌ្ឍនាទេវី ជិតអស់សំបុត្រហើយ

    ប្រញាប់ឡើង !!! សំបុត្រទស្សនាការសម្ដែងរបាំព្រះរាជទ្រព្យទម្រង់ 100 ឆ្នាំ​រឿង ព្រះនាងវឌ្ឍនាទេវី ជិតអស់សំបុត្រហើយ

    តាមការទម្លាយលើបណ្ដាញសង្គមបានឱ្យដឹងថា ការដាក់លក់សំបុត្រនៅលើប្រព័ន្ធអនឡាញន៍នៃការសម្ដែងល្ខោនព្រះរាជទ្រព្យ​នៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តែងរឿង​ “ព្រះនាងវឌ្ឍនាទេវី” ដែលជាស្នាព្រះហស្ថតម្លើងថ្មីដោយ​ សម្តេចរាជបុត្រី​ ព្រះរៀមនរោត្តមបុប្ផាទេវី ដែលនាដកា (អ្នករបាំ) ទាំងអស់សម្តែងជាទម្រង់នាដកាហ្លួងព្រះស៊ីសុវត្តិកាលពី100 ឆ្នាំមុន​ ខណៈនេះមានការគាំទ្រហួសពីការស្មាន រហូតជិតអស់កន្លែងអង្គុយហើយ។

    សូមជម្រាបថា ល្ខោនព្រះរាជទ្រព្យឬល្ខោនក្បាច់បុរាណខ្មែរ​រឿង​ “ព្រះនាងវឌ្ឍនាទេវី​ “គឺជាស្នាព្រះហស្ថដំឡើងថ្មីដោយ​ សម្តេចរាជបុត្រី​ ព្រះរៀមនរោត្តមបុប្ផាទេវី​ និងជារឿងយកលំនាំតាមរឿងក្រិកបុរាណ​ “​Cupid and Psyche”​ ។

    នៅនគរមួយមានព្រះមហាក្សត្រមួយអង្គ​ មានបុត្រីស្រស់ស្អាតចំនួនបីអង្គ​ បុត្រីដែលស្អាតដាច់គេគឺបុត្រីពៅ​ដែលមានឈ្មោះថា​វឌ្ឍនាទេវី​។ សម្រស់ដ៏ល្អឯករបស់ព្រះនាង​ ល្បីខ្ទរខ្ទា​រដែលធ្វើឱ្យរាជនីសម្រស់ឈ្មោះរាគីនៅឋានសួគ៌មានចិត្តច្រណែន។ ព្រះនាងរាគីក៏បញ្ជាឱ្យបុត្រារបស់ខ្លួនឈ្មោះសមិទ្ធា (ទេវបុត្រកាមទេព)​ បាញ់ព្រួញស្នេហាធ្វើឱ្យវឌ្ឍនាទេវីបានជាគូនឹងសត្វគ្រុឌ។ ទទួលបញ្ជាព្រះមាតាភ្លាម​នារាត្រីស្ងាត់​ ទេវបុ្រតបានលួចបន្តក់ទឹកមន្តល្វីងលើព្រះនាង​ ចាប់ពីពេលនោះមកបើទោះជានាងមានសម្រស់ស្រស់ស្អាតយ៉ាងណា​ ក៏គ្មានក្សត្រាអង្គណាមួយចង់រៀបអភិសេកនឹងព្រះនាងឡើយ​។ ជឿតាមក្បួនហោរា​ ព្រះបិតាព្រះនាងក៏សម្រេចព្រះទ័យយកវឌ្ឍនាទេវីទៅបោះបង់ចោលលើកំពូលភ្នំដើម្បីជាគូនឹងសត្វគ្រុឌ។ ​ ទេវបុ្រតកាមទេព​ កាលបើបានឱកាសល្អ​ ទ្រង់ក៏យិតព្រួញកាមទេពសម្តៅលើវឌ្ឍនាទេវីនិងគ្រុឌ​ លុះពេលឃើញព្រះភក្រ្តព្រះនាង​ ទេវបុ្រតក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍ហើយយកព្រួញកាមទេពបាញ់ខ្លួនឯង​ រួចទ្រង់ក៏ក្រឡាខ្លួនជាមនុស្សមាសដើម្បីជួយព្រះនាង។ ក្រោយពីបានរួចខ្លួនពីកណ្តាប់ដៃគ្រុឌ​ វឌ្ឍនាទេវីក៏បានទៅដល់វិមានមួយដែលអ្វីៗសុទ្ធតែប្រណិត​។ ទេវបុ្រតកាមទេពនិងវឌ្ឍនាទេវីបានលួងលោមស្នេហានៅវិមាននោះ​ ប៉ុន្តែមានខសន្យាថា​ ដាច់ខាតព្រះនាងហាមលួចមើលព្រះភក្រ្តទេវបុ្រត ពុំនោះទេទេវបុ្រតនឹងចាកចេញភ្លាម។ ពេលវេលាកន្លងផុតទៅ​ ដោយក្តីនឹករឭក​ ព្រះនាងក៏សុំជួបបងស្រីទាំងពីរ​។

    កាលបើបានមកដល់វិមានល្អក្រៃ​ បងស្រីទាំងពីរមានចិត្តច្រណែននឹងប្អូនពៅជាខ្លាំងក៏អុចអាលឲ្យប្អូនពៅសម្លាប់ប្តីដោយចោទថាប្តីនោះជាបិសាច​ ព្រោះមានតែបិសាចនិងមនុស្សអាក្រក់ទេដែលត្រូវរស់ដោយលាក់មុខ។ ជឿជាក់លើបងៗ​ វឌ្ឍនាទេវីក៏សម្រេចចិត្តលួចសម្លាប់ប្តី។ បេសកកម្មបរាជ័យ​ ទេវបុ្រតកាមទេពខកចិត្តយ៉ាងខ្លាំងហើយក៏ចាកចេញទៅ។ ដោយដឹងកំហុស​ វឌ្ឍទេវីក៏រត់តាមរកប្តីគ្រប់ច្រកល្ហក​។ ព្រះនាងរាគីយល់ហេតុការណ៍ក៏តាមធ្វើបាបព្រះនាង​ ដោយដាក់ប្រស្នាឲ្យវឌ្ឍនាទេវីធ្វើសព្វគ្រប់បើនាងចង់ជួបប្តី​។ ទីបំផុត​ ទេវបុ្រតកាមទេព​ និងវឌ្ឍនាទេវីបានរៀបអភិសេកនឹងគ្នា។

    សូមចូលទៅកាន់ ៖ https://hello.last2ticket.com/event/1157/ ដើម្បីធ្វើការទិញសំបុត្រទស្សនា៕


     

  • សទ្ទានុក្រម​បច្ចេក​ស័ព្ទ​កិច្ចការរដ្ឋបាល ជា​ដំណោះស្រាយ​បញ្ហា​ប្រើពាក្យ​ក្នុង​វិស័យ​រដ្ឋបាល

    សទ្ទានុក្រម​បច្ចេក​ស័ព្ទ​កិច្ចការរដ្ឋបាល ជា​ដំណោះស្រាយ​បញ្ហា​ប្រើពាក្យ​ក្នុង​វិស័យ​រដ្ឋបាល

    ការងាររដ្ឋបាល ជា​ការងារ​សំខាន់​មួយ​សម្រាប់​ក្រសួង​ស្ថាប័ន និង​ក្រុមហ៊ុន​ឯកជន​ជាដើម។ នៅ​កម្ពុជាយើង​មានបែបបទ​រដ្ឋបាល​ជាច្រើន​ទម្រង់ និងសម្បូរបែប តែ​ពេលខ្លះ​ការប្រើប្រាស់​ពាក្យ​មិនទាន់​ត្រូវបាន​គេ​យកចិត្តទុកដាក់​ខ្លាំង​នៅឡើយ។

    ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​ក្រុម​អ្នកជំនាញ​មួយក្រុម​បាននាំគ្នា​បង្កើត​គំនិត​ចងក្រង​ជា​សទ្ទានុក្រម​បច្ចេក​ស័ព្ទ​កិច្ចការរដ្ឋបាល​ឡើង ដើម្បី​ធ្វើការ​ដោះស្រាយ​បញ្ហា​ប្រឈម​មួយចំនួន​ក្នុងការ​ប្រើប្រាស់​ពាក្យ​លើ​វិស័យ​ដ៏​សំខាន់​នេះ។

    នៅថ្ងៃនេះ កាសែតឡា​រ៉ែ​ន ពាណិជ្ជ បាន​សម្ភាស​ជាមួយ​លោក ឈិន សីហា អ្នក​រៀបរៀង​សទ្ទានុក្រមបច្ចេក​ស័ព្ទ​កិច្ចការរដ្ឋបាល ដើម្បី​បង្ហាញ​លម្អិត​ពី​សារៈសំខាន់ និងកត្តា​ប្រឈម​នានា​នៃ​ការងារ​នេះ។

    1. មូលហេតុ​អ្វីខ្លះ​ដែលនាំឱ្យ​លោក​ចងក្រង និង​រៀបរៀង​សទ្ទានុក្រម​បច្ចេក​ស័ព្ទ​កិច្ចការរដ្ឋបាល​នេះ​ឡើង?
    មូលហេតុ​ដែលនាំឱ្យ​ក្រុមការងារ រួមទាំង​ខ្លួន​ខ្ញុំសម្រេចចិត្ត​ក្នុងការ​តាក់តែង​សទ្ទានុក្រម​នេះ​ឡើងពីព្រោះ​យើងខ្ញុំ​ចង់​ដោះស្រាយ​បញ្ហា​នានា​ដែលកន្លងមក​ធ្លាប់​កើតមាន​នៅក្នុង​ប្រទេសរ​បស់​យើង។

    បញ្ហា​ប្រឈម​សំខាន់​ទី1 គឺ​ប្រទេស​យើង​មាន​កង្វះខាត​សទ្ទានុក្រម​បច្ចេកទេស ហេតុនេះ​ការបង្កើតសទ្ទានុក្រម​កិច្ចការរដ្ឋបាល​នេះ​ឡើង គឺជា​ការចូលរួមចំណែក​មួយ​ដើម្បីឱ្យ​ការប្រើប្រាស់​វាក្យ​ស័ព្ទ​បច្ចេកទេស​នៅប្រទេស​យើង​កាន់​តែមាន​លក្ខណៈសម្បូរ​បែប​ឡើង។

    ចំណុច​សំខាន់​មួយទៀត គឺ​ខ្ញុំ​ចង់​ចូលរួម​វិភាគទានដើម្បី​លើកស្ទួយ​តម្លៃ​នៃ​អក្សរសាស្ត្រ​ខ្មែរលើ​លិខិត​រដ្ឋបាល ព្រោះ​ប្រសិនបើ​មាន​សទ្ទានុក្រម​ត្រឹមត្រូវ ការប្រើប្រាស់​ភាសា​ក៏​នឹងមាន​លក្ខណៈ​ប្រសើរឡើង​ដែរ។

    លើស​នេះ​ទៅទៀត យើង​ចង់ឱ្យមាន​ឯកសារ​រួមមួយ​ដើម្បី​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ភាសា​ឱ្យមាន​ការឯកភាព​គ្នា ងាយស្រួល​ពន្យល់​ពាក្យ និង​ប្រើប្រាស់​ពាក្យ​ក្នុង​ភាសា​រដ្ឋបាល។ ចំណែកឯ​ចំណុចចុងក្រោយ​គឺ​ចង់​បង្កើត​ស្នាដៃ​ថ្មី​ជូន​សង្គម​តាមរយៈ ការប្រមូលផ្តុំ​បញ្ញវន្ត​ខ្មែរ​ដែលមាន​ចំណេះដឹងល្អៗមក​ធ្វើ​ការងារ​រួមគ្នា។​

    2. តើ​លោក​អាច​បញ្ជាក់​បានទេ ពី​គុណ​តម្លៃ​នៃ​សទ្ទានុក្រម​បច្ចេក​ស័ព្ទ​កិច្ចការរដ្ឋបាល?
    តម្លៃ​នៃ​សទ្ទានុក្រម​កិច្ចការរដ្ឋបាល​នេះ គឺ​វា​មាន​បច្ចេក​ស័ព្ទ​ច្រើន​ក្នុងការ​ប្រើប្រាស់ ដោយមាន​ការពន្យល់​ច្បាស់លាស់ ដូច​អ្វីដែល​ខ្ញុំ​បាន​ជម្រាប​ខាងដើម។ ហេតុនេះ​នៅពេល​យើង​មាន​ឯកសារ​ច្បាស់លាស់​យើង​អាចមាន​ចំណុច​ពឹងផ្អែក ដើម្បី​កំណត់ថាតើ​ការប្រើប្រាស់​ពាក្យ​ណា​ខុស ហើយ​ការប្រើប្រាស់​ពាក្យ​ណា​មិនទាន់​ស្រប​នឹង​ស្ថានភាព ឬ​គោលបំណង​នៃ​ឯកសារ​ដែល​យើង​រៀបចំឡើង។ តាមរយៈ​សទ្ទានុក្រម​នេះ ក៏​អាចជួយ​ដល់​វិស័យ​នគរបាល វិស័យ​បរិស្ថាន វិស័យ​ច្បាប់ និង​អក្សរសាស្ត្រ​ជាដើមព្រោះ​យើង​បាន​ពន្យល់​ពាក្យ​លើ​ផ្នែក​រដ្ឋបាល​ទាក់ទង​នឹង​វិស័យ​ទាំងនេះ​ផងដែរ។ ចំណុច​ដែល​សទ្ទានុក្រម​នេះ​ផ្តល់ជូន​ក៏​អាចជួយ​ឱ្យ​ប្រជាជន​ខ្មែរ​ងាយ​យល់​ពី​ភាសាជាតិ និង​ភាសាបរទេស ព្រោះ​សទ្ទានុក្រម​នេះធ្វើ​ឡើងជា​ភាសា​ខ្មែរ អង់គ្លេស និង​បារាំង។ អាស្រ័យហេតុនេះ ប្រជាជន​ខ្មែរ​អាច​នឹង​ចាប់ផ្តើម​ប្រើប្រាស់​ពាក្យ​បច្ចេក​ស័ព្ទ​បាន​យ៉ាង​ត្រឹមត្រូវ និង​ស៊ីជម្រៅ នៅថ្ងៃ​អនាគត​ប្រសិនបើ​យើង​បង្កើត​ឯកសារ​សម្រាប់គាត់​ប្រើប្រាស់។

    3. មូលហេតុ​អ្វីខ្លះ​ទើប​លោក​រៀបរៀង​ជា 3ភាសាខ្មែរ-អង់គ្លេស និង​បារាំង?
    មូលហេតុ​ដែល​ខ្ញុំ​សរសេរ​ជា 3ភាសា ព្រោះ​ខ្ញុំ​ផ្ទាល់​ក៏​ជា​មន្ត្រីរដ្ឋបាល​ដែរ ពេលខ្លះ​លិខិត​រដ្ឋបាល​មិនមែន​មានតែ​ភាសា​ខ្មែរ​ទេ ហេតុនេះ​ខ្ញុំ​ជា​អ្នកធ្វើការងារ​ផ្ទាល់​ផ្នែក​នេះ ខ្ញុំ​គិតថា ប្រសិនបើ​យើង​ពន្យល់​ជា​ផ្លូវការ​ឱ្យ-បាន​ច្បាស់លាស់​លើ​ភាសា​អង់គ្លេស និង​បារាំង​បន្ថែមទៀត កាន់តែ​ធ្វើឱ្យ​អ្នកធ្វើ​ការងាររដ្ឋបាល​ងាយ​យល់និង​ប្រើប្រាស់​ពាក្យ​បាន​ចំ​ចំណុច​ល្អ។ ក្រៅពីនេះ ដូច​យើង​ឃើញ​ហើយ​ថា​យុវវ័យ​ជំនាន់​ថ្មី​នេះ មាន​អ្នកខ្លះ​អាច​ប្រើប្រាស់​ពាក្យ​អង់គ្លេស​បាន តែ​មិនដឹងថា​និយាយ​ជា​ខ្មែរ​យ៉ាងម៉េច​ឱ្យ​ត្រូវ ហេតុនេះ​ការរៀប​រៀង​ជា 3ភាសា​បែបនេះ អាចធ្វើឱ្យ​គាត់​ដឹងថា​ពាក្យ​នោះ​តាមពិត​ខ្មែរ​យើង​ក៏មានដែរ ហើយ​មាន​លក្ខណៈ​ច្បាស់លាស់​ទៀតផង។

    ជា​ចំណុច​ចម្បង​មួយទៀត​នៃ​ការរៀបចំ​សទ្ទានុក្រម​បច្ចេក​ស័ព្ទ​នេះ ក៏​ដើម្បី​ជាការ​អភិរក្សពាក្យចាស់ៗកុំឱ្យ​បាត់បង់ ហើយ​នាំគ្នា​យកមកប្រើ​ប្រាស់​ឱ្យបាន​ត្រឹមត្រូវ ដែល​វា​ក៏​អាចជា​ប្រយោជន៍​សំខាន់​ផងដែរ​សម្រាប់​អ្នកសិក្សា ឬ​អ្នកធ្វើការងារ​ផ្នែក​រដ្ឋបាល​ជាដើម។

    4. តើ​ការរៀបចំ​សទ្ទានុក្រម​នេះ​មាន​បញ្ហា​ប្រឈម​អ្វីខ្លះ?
    តាមពិត​ធ្វើ​អ្វី​ក៏មាន​កត្តា​ប្រឈម​ដែរ តែ​ចំណុច​សំខាន់​យើង​ត្រូវ​មានចិត្ត​វិជ្ជមាន​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នោះ។ ប្រសិនបើ​គ្មាន​បញ្ហា គ្មាន​កត្តា​ប្រឈម ក៏​មិនមាន​អ្វី​ត្រូវ​ដោះស្រាយ​ដែរ ហើយ​នៅក្នុង​ដំណោះស្រាយ​នោះ ក៏ត្រូវ​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ទើប​អាច​ទៅដល់​គោលដៅ។ សម្រាប់​សទ្ទានុក្រម​បច្ចេក​ស័ព្ទ​រដ្ឋបាល​នេះ​វិញ ក៏មាន​ឧបសគ្គ​ច្រើន​គួរសម​ដែរ​ក្នុងការ​ចងក្រង។

    បញ្ហាសំខាន់​ទី1 គឺ​ថវិកា​សម្រាប់​ការស្រាវជ្រាវ និង​ប្រមូល​ទិន្នន័យ​បន្ថែម ព្រោះ​ឯកសារ​យើង​មិនទាន់​ចងក្រង ឬ​ប្រមូលផ្តុំ​ឱ្យបាន​មួយកន្លែង​នៅឡើយហេតុនេះ​យើង​ត្រូវ​ចំណាយពេល និង​ធនធាន​ច្រើន​ដើម្បី​ប្រមូល​មកវិញ។ បញ្ហា​មួយ​ផ្សេងទៀត គឺ​ពេលវេលា​ជាក់ស្តែង​ក្នុង​ការធ្វើការងារ​នេះ ព្រោះ​ក្រុមការងារ​ភាគច្រើន​សុទ្ធតែ​រវល់​ក្នុង​ការងាររៀងៗខ្លួន តែ​អ្វីដែល​សំខាន់​គឺ​ប្រមូល​ឆន្ទៈ​រួម​ដើម្បី​សម្រេច​ការងារ​នេះ។ ក្រៅពីនេះ អ្នកជំនាញ​បច្ចេកទេស​ដែល​ជួយ​ក្នុង​ការងារ​នេះ​ក៏​នៅមានកម្រិត​ដែរ ដែលជា​ហេតុ​ធ្វើឱ្យមាន​បញ្ហា​ប្រឈម និង​ទាមទារ​ឱ្យមាន​ការជជែក​គ្នាច្រើន។ ចំពោះ​ការគាំទ្រ​វិញ ស្ថាប័នរដ្ឋ​យើង​នៅ​មិនទាន់មាន​ការគាំទ្រ​ខ្លាំង​នៅឡើយ​ទាំង​ផ្នែក​ថវិកា សម្ភារ និង​ស្មារតី​ជាដើម ដែល​ធ្វើឱ្យ​ក្រុមការងារ​មានការ​លំបាក​ក្នុងការ​បោះពុម្ពផ្សាយ។

    5. តើ​លោក​មានមតិ​យោបល់​អ្វីខ្លះ​សម្រាប់​ប្រជាជន​ខ្មែរ?
    ជា​យោបល់​របស់ខ្ញុំ​គឺ​សូមឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​នានា មាន​រាជរដ្ឋាភិបាល ស្ថាប័ន​ជំនាញ​នានា និង​ភាគី​ពាក់ព័ន្ធ​លើ​វិស័យ​អក្សរសាស្ត្រ​ចូលរួម​គាំទ្រ​គ្រប់​ស្នាដៃ​ទាំងអស់​ដែល​នាំមក​នូវ​ភាព​រីកចម្រើន​សម្រាប់​ស​ង្គ​ម។ ម្យ៉ាងវិញទៀត សម្រាប់​ប្រជាពលរដ្ឋ​វិញ ក៏​សូម​ងាក​មក​គាំទ្រ ហើយ​ប្រើប្រាស់​ពាក្យ​ខ្មែរ​ឱ្យបាន​ច្រើន ដើម្បី​បង្ហាញ​ពី​ភាព​សម្បូរបែប និង​លក្ខណៈពិសេស​របស់​ភាសា​ជាតិ​របស់​យើង។ ហើយ​ចំពោះ​បញ្ហា​ថវិកា​វិញ រាជរដ្ឋាភិបាល​គួរ​បង្កើត​ស្ថាប័ន ឬ​មូលនិធិ​ដើម្បី​ជួយ​ជ្រោមជ្រែង​អ្នកស្រាវជ្រាវ ជាពិសេស​អ្នកតាក់តែង​សទ្ទានុក្រម ដើម្បី​លើកទឹកចិត្ត​ឱ្យមាន​ការបង្កើត​ស្នាដៃល្អៗឱ្យបាន​កាន់តែ​ច្រើនឡើង៕

  • បវរកញ្ញាអូស្ត្រាលី ផ្ញើសារសុំទោសអ្នកគាំទ្រ និងបវរកញ្ញា រឿន ស៊ីណាត

    បវរកញ្ញាអូស្ត្រាលី ផ្ញើសារសុំទោសអ្នកគាំទ្រ និងបវរកញ្ញា រឿន ស៊ីណាត

    មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពី បវរកញ្ញារបស់កម្ពុជា កញ្ញា រឿន ស៊ីណាត ដែលមិនសូវជាអាចនិយាយភាសាអង់គ្លេសបានល្អនោះស្រាប់តែបវរកញ្ញាចក្រវាលរបស់អូស្ដ្រាលី បានធ្វើការ Live វីដេអូ និយាយពីបវរកញ្ញារបស់កម្ពុជា ជាហេតុធ្វើឱ្យមហាជនខ្មែរជាច្រើនមិនពេញចឹត្តយ៉ាងខ្លាំងថែមទាំងបានរិះគនចំៗ ទៅលើបវរកញ្ញាអូស្ដា្រលីនោះវិញ។

    ជាក់ស្ដែងក្រោយកើតមានរឿងហេតុនេះ បវរកញ្ញាអាមេរិក នាង Sarah Rose Summer បានធ្វើការផ្ញើសារមកកញ្ញា រឿន ស៊ីណាត ភ្លាមៗ និងបានធ្វើការបកស្រាយផងដែរ។ សំណេរសាររបស់បវរកញ្ញាអូស្ដ្រាលី បានសរសេរថា « សួស្ដី! ខ្ញុំពិតជាសូមទោស។ ខ្ញុំបានដឹងថា វីដេអូខ្លីបត្រូវបានគេកាត់ចោល ហើយការបែកធ្លាយរូបភាពបានផ្ទុយទៅនឹងកិច្ចពិភាក្សា របស់យើង។ តើអ្នកបានទស្សនាការឡាយទាំងស្រុងរបស់ Valeria ដែរឬទេ? ខ្ញុំមិនបានកើតចិត្តស្អប់អ្វីនោះទេ ហើយយើង សុំសរសើរ Nat។ យើងកំពុងពិភាក្សាថាតើវាលំបាកដើម្បីឱ្យពួកយើងនិយាយភាសាតែមួយ។ ខ្ញុំមិនអាចស្រម៉ៃទេ។ យើងបានពិភាក្សាថាតើមានចំណេះដឹង ប៉ុន្មានដែលបានទទួលពីពេលវេលារបស់យើងនៅឯកម្មវិធី miss universe តាមរយៈការពិតថាពិភពលោករបស់យើងតូចឬធំ។

    ខ្ញុំគិតពីរឿងនេះជាច្រើនលើក ខ្ញុំមិនអាចស្រម៉ៃថាតើវាលំបាកប៉ុន្មាន​​ក្នុងការនិយាយភាសា បរទេសដូចអ្នកដទៃ។ ខ្ញុំក៏បានសង្កត់ធ្ងន់ផងដែរថាតើយើងត្រូវប្រើប្រាស់ Google Translate​ នៅលើទូរស័ព្ទដៃរបស់យើង​។ ទោះជាយ៉ាងណា ខ្ញុំបានប្រាប់ Nat ពីគោលបំណងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា បន្ទាប់ពីការប្រកួតប្រជែងក្នុង​ខែនេះ។ ចំណេះដឹងគឺជាអ្វីៗទាំងអស់ ហើយខ្ញុំសង្ឃឹមថាអ្នកនឹងយល់ពីទឹកចិត្តរបស់ខ្ញុំ ខណៈស្ថានភាពរបស់ខ្ញុំមិនដូចទៅនឹង អ្វីដែលមនុស្សគ្រប់គ្នាគិត និងនិយាយនោះទេ៕

  • កម្ពុជា-ចិន​ព្រមព្រៀង​ កសាង​ច្រករបៀង​ដឹកជញ្ជូន​ភាគខាងត្បូង

    កម្ពុជា-ចិន​ព្រមព្រៀង​ កសាង​ច្រករបៀង​ដឹកជញ្ជូន​ភាគខាងត្បូង

    ក្នុង​គោលបំណង​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ប្រទេស​ក្នុង​តំបន់​ឱ្យមាន​ភាព​កាន់តែ​ប្រសើរឡើង រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន​បាន​ព្រម​ព្រៀម​កសាង​ច្រករបៀង​ភាគខាងត្បូង​ថ្មី​បន្ថែមទៀត​នៅពេល​ខាងមុខឆាប់ៗនេះ។

    ការព្រមព្រៀង​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​មើលឃើញថា វិនិយោគិន​ចិន​បាន​ចូលមក​បណ្តាក់ទុនរក​ស៊ី​លើ​វិស័យ​ជាច្រើន​នៅក្នុង​តំបន់ ជាពិសេស​នៅ​កម្ពុជាដូចជា​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ស្បែកជើង និង​សម្លៀកបំពាក់ វិស័យ​សំណង់ វិស័យ​ថាមពល​អគ្គិសនី និង​រ៉ែ ជាដើម។

    ក្នុង​ដំណើរ​ទស្ស​និច្ច​ដ៏​កម្រ​មួយ​មកកាន់​កម្ពុជា ឯកឧត្ដម Zhou Kequin បាន​មានប្រសាសន៍ថាដើម្បី​លើកកម្ពស់​ការចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ និង​ដើម្បី​ស្វែងរក​កាលានុវត្តភាព​នៃ​វិស័យ​ដឹកជញ្ជូន រដ្ឋាភិបាល​ចិន​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកសាង​ច្រករបៀង​ដឹកជញ្ជូន​ភាគខាងត្បូង និង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ខេត្ត Chongqing របស់​ចិន​បន្ថែមទៀត។

    ឯកឧត្តម​បញ្ជាក់ថា ការព្រមព្រៀង​កសាង​ច្រករបៀង​បន្ថែម​ពីលើ​ច្រក​អន្តរជាតិ​ដែលមាន​ស្រាប់​នៅ​កម្ពុជា​នេះ គឺ​ដោយសារតែ​ខេត្ត​Chongqing របស់​ចិន​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង ដូច​នៅ​ប្រទេស​កម្ពុជា​ដែរ ដែលជា​តម្រូវការ​ចាំ​ចាច់​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន​ថ្នល់ ពិសេស​បង្កើត​ច្រករបៀង​បន្ថែម​ក្នុងពេលឆាប់ៗនេះ ដើម្បី​បម្រើ​ដល់​វិស័យ​ដឹកជញ្ជូន​ឱ្យ​កាន់​តែមាន​ភាពងាយស្រួល​បន្ថែមទៀត ដែល​អាច​ចំណេញ​ពេលវេលា ផ្តល់​សុវត្ថិភាព​ខ្ពស់ និង​សន្សំសំចៃ​ក្នុងការ​ចំណាយ​លើ​ការដឹកជញ្ជូន​ថែម​មួយកម្រិត​ទៀត។

    ជាមួយគ្នានេះ​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក៏បាន​ថ្លែង​គាំទ្រ​ចំពោះ​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​មួយផ្លូវ​មួយ និង​ច្រករបៀង​ដឹកជញ្ជូន​ភាគខាងត្បូង​នេះដែរ ព្រោះ​គម្រោង​នេះ​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់។ ឯកឧត្តម​បញ្ជាក់ថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​

    កម្ពុជា ផ្តោតលើ​ការតភ្ជាប់​ផ្លូវថ្នល់ និង​ផ្លូវដែក​ជាមួយ​ប្រទេសជិតខាង ដូចជា​ប្រទេស​វៀតណាម ប្រទេស​ឡាវ ប្រទេស​ថៃ និង​ប្រទេស​ចិន​ជាដើម។ កម្ពុជា​ស្វាគមន៍​ចំពោះ​វិនិយោគិន​ទាំងអស់​មកពី​ខេត្ត​Chongqing ដែល​មានបំណង​វិនិយោគ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ផ្លូវថ្នល់ ផ្លូវ​ល្បឿន​លឿន និង​ផ្លូវដែក ដើម្បី​ត​ភ្ជាប់​ប្រទេស​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ និង​ប្រទេស​ចិន(ខេត្ត​យូ​ណាន) ព្រោះថា ប្រទេស​កម្ពុជា​បាន​បង្កើត​ច្រកចេញចូល​តែមួយ​ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​ការវិនិយោគ​នៅក្នុង​តំបន់។

    ឯកឧត្តម វ៉ា​ស៊ឹម សូរិយា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន នៃ​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ជូ​នមានប្រសាសន៍​ពន្យល់ថា ច្រករបៀង​សមុទ្រ​ភាគខាងត្បូង​នៃ​ប្រទេស​មហា​អនុតំបន់​ទន្លេ​មេ​ង្គមាន​ចំនួន 2ខ្សែ ដែល​ខ្សែ​ទី1ចេញពី​សមុទ្រ​ក្នុងប្រទេស​ថៃ កាត់​តាម​ខេត្តកោះកុង​ប្រទេស​កម្ពុជា បន្ត​មក​ស្រុកស្រែ​អំ​បឹ​ល បន្ត​មក​ខេត្តកំពត រួច​ចេញ​ទៅដល់​ខេត្ត​ហា​ទៀង ប្រទេស​វៀតណាម និង​ច្រករបៀង​ភាគខាងត្បូង​ទី2 ចាប់ផ្តើម​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ឆ្ពោះទៅ​ប្រទេស​ថៃ ភ្ជាប់​មក​ប្រទេស​កម្ពុជា ត្រង់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​រួច​ត្រង់​ចូលមក​ក្រុងភ្នំពេញ និង​បន្តទៅ​ប្រទេស​វៀតណាម៕

  • គណៈកម្មការ​អឺរ៉ុប​មិនទាន់​អាច​សម្រេចបាន​ចំពោះ​ការដាក់​គំនាប​ពន្ធ​នាំចូល​អង្ករ​កម្ពុជា

    គណៈកម្មការ​អឺរ៉ុប​មិនទាន់​អាច​សម្រេចបាន​ចំពោះ​ការដាក់​គំនាប​ពន្ធ​នាំចូល​អង្ករ​កម្ពុជា

    ការបោះឆ្នោត​របស់​សមា​ជិ​ក​សហគមន៍​អឺរ៉ុប​ដើម្បី​សម្រេច​ថា តើ​ត្រូវដាក់ ឬ​មិន​ដាក់​គំនាប​លើ​ពន្ធ​នាំចូល​អង្ករ​កម្ពុជា​នៅ​មិនទាន់​អាច​សម្រេច​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​ក្នុងនោះ​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​ចំនួន 28 មាន 8ប្រទេស​បាន​បោះឆ្នោត​គាំទ្រ​កម្ពុជា​មិនឱ្យ​សហគមន៍​អឺរ៉ុប​ដាក់​គំនាប​ពន្ធ​លើ​អង្ករ​កម្ពុជា​ឡើយ និង​ប្រទេស​ចំនួន13បោះឆ្នោត​គាំទ្រ​ឱ្យ​អឺរ៉ុប​ដាក់​គំនាប​ពន្ធ ខណៈ​ប្រទេស7 ផ្សេងទៀត​មិន​ចូលរួម​បោះឆ្នោត​ឡើយ។ នេះ​បើតាម​ការ​ឱ្យដឹងពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុននាំចេញ​អង្ករ Amru Rice។

    លោក​ឧកញ៉ា សុង សារ៉ន នាយក​ក្រុមហ៊ុន Amru Rice បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា​ការបោះឆ្នោត​របស់​គណៈកម្មកា​រ​អឺរ៉ុប កាលពី​ថ្ងៃទី4 ខែធ្នូ ឆ្នាំ2018 បានរៀបចំ​រួចហើយ ប៉ុន្តែ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ពុំ​អាច​សម្រេច​បានទេ ព្រោះថា ការបោះឆ្នោត​អាចឱ្យ​គណៈកម្មការ​អឺរ៉ុប​សម្រេច​ថា ដាក់​គំនាប​ពន្ធ ឬ​លុបចោល​ការដាក់​គំនាប​ពន្ធ​នោះបាន​លុះត្រាតែ​ប្រទេស​ជា​សមាជិក​បោះឆ្នោត​គាំទ្រ ឬ​មិន​គាំទ្រ​លើ​សំឡេង55% ឬ​ស្មើនឹង 16សំឡេង។

    បើតាម​លោក​ឧកញ៉ា ប្រទេស​សមាជិក​អឺរ៉ុប​ចំនួន8 ដែល​បាន​បោះឆ្នោត​គាំទ្រ​កម្ពុជា​នោះ​មាន៖ ប្រទេស​ឆែក ដា​ណា​ម៉ាក អេ​ស្តូ​នី ហ្វាំ​ង​ឡង់ លុច​ហ្សំ​បួរ ហូ​ឡង់ ស៊ុយ​អ៊ែត និង​អង់គ្លេស និង​ប្រទេស​គាំទ្រ​ឱ្យមាន​ការដាក់​គំនាប​ពន្ធ​លើ​កម្ពុជា​មានតែ 13សំឡេង​ប៉ុណ្ណោះ ដូច្នេះ​ការបោះឆ្នោត​នេះ​មិន​អាចឱ្យ​គណៈកម្មការ​អឺរ៉ុប​សម្រេច​បានទេ។

    លោក​ឧកញ៉ា សុង សារ៉ន បាន​បញ្ជាក់ថា“បានសេចក្តីថា ការសម្រេច​ត្រូវ​ធ្លាក់​ទៅលើ​គណៈកម្មការ​អឺរ៉ុប​ដដែល​ដើម្បី​ពិនិត្យឡើងវិញ​លើ​បញ្ហា​នេះ ដោយលទ្ធផល​នៃ​ការបោះឆ្នោត ទាំង​កម្ពុជា និង​មី​យ៉ាន់​ម៉ាក៏​មិន​ឈ្នះ ហើយ​ខាង​ប្រទេស​អុីតាលី និង​អេ​ស្ប៉ា​ញ​ក៏​មិន​ឈ្នះ​ដែរ គឺ​អត់​មាន​យោបល់ បានន័យថា No Opinion ហើយ​លទ្ធផល​នឹង​បង្ហាញ​នៅពេលឆាប់ៗខាងមុខនេះ ហើយ​នេះ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា”។

    លោក​ឧកញ៉ា សុងសារ៉ន នាយក​ក្រុមហ៊ុន Amru Rice

    សូមបញ្ជាក់ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) បានបង្ហាញ​ការបារម្ភ​យ៉ាងខ្លាំង​ចំពោះ​វិធានការ​ការពារ​ដែល​ចេញ​ដោយ​គណៈកម្មការ​ពាណិជ្ជកម្ម​អឺរ៉ុប​លើ​ពន្ធ​នាំចូល​អង្ករ​ដោយ​លើកឡើងថា
    វា​នឹង​ប៉ះពាល់​ដល់​កសិករ​ស្រូវ​អង្ករ​ជាង 3លាន​នាក់​នៅ​ប្រទេស​កម្ពុជា។ សេចក្ដីប្រកាស​ព័ត៌មាន​របស់ CRF ជឿជាក់ថា កសិករ​កម្ពុជា​រាប់លាន​នាក់​នឹង​ទទួលរង​ផលប៉ះពាល់​អវិជ្ជមាន​ដោយសារ​វិធាន-​ការការពា​រ​របស់​ EU នេះ។

    ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​ CRF បានឱ្យដឹង​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​ថា៖ “យើង​ជឿថា ផល​លំបាក​ដែល​ប្រឈម គឺ​ដោយសារ​កសិករមកពី​ប្រទេស​ទាំងនោះ​ភាគច្រើន​កង្វះ​ការសហការ​រវាង​កសិក​រ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​ពាណិជ្ជករ។ យើង​ដឹង​អំពី​តម្លៃ​ដែល​ខ្ពស់​នៃ​ការផលិត​អង្ករ​នៅក្នុង​ប្រទេស​ជា​សមាជិក​សហគមន៍​អឺរ៉ុប ដូចជា​ប្រទេស​អុីតាលី ហើយ​យើង​ជឿជាក់ថា បញ្ហា​ផ្ទៃក្នុង គឺជា​ឧបសគ្គ​ដ៏​សំខាន់​ក្នុងការ​កែលម្អ​ឧស្សាហកម្ម​ស្រូវ​អង្ករ​នៅក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​ទាំងនោះ”។

    ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ ប្រធាន ​CRF

    ក្រោយពី​កសិករ​របស់​ប្រទេស​អុីតាលី​បាន​ត្អូញត្អែរ​អំពី​ការ​នាំចូល​អង្ករ​របស់​កម្ពុជា​ចាប់តាំងពី​ឆ្នាំ2014 និង​ជាការ​ឆ្លើយតប​នឹង​ការស្នើសុំ​ពី​ប្រទេស​អុីតាលី​ដែល​បាន​អំពាវនាវ​ឱ្យមាន“វិធានការ​ការពារ”ជាទូទៅ​លើ​ការ​រឹតបន្តឹង​ការនាំ​ចូល ឬ​ដាក់​ពន្ធ​នាំចូល​អង្ករ indica ឬ​អង្ក​រស​មកពី​ទាំង​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា​នោះ ការស៊ើបអង្កេត​ជា​ផ្លូវការ​មួយ​ត្រូវបាន​ធ្វើឡើង​ដោយ​គណៈកម្មការ​របស់​EU។

    បន្ទាប់ពី​ការស៊ើបអង្កេត​នេះ គណៈកម្មការ​របស់​EU បានចេញ​ឯកសារ​បង្ហាញ​ជាទូទៅ​របស់ខ្លួន​កាលពី​ថ្ងៃទី5 ខែវិច្ឆិកា​ដែល​តម្រូវឱ្យ​កម្ពុជា​បង់ពន្ធ​លើ​ការនាំចេញ​អង្ករ​ទៅ ​EU ក្នុង​រយៈពេល 3ឆ្នាំ​ជាមួយនឹង​ពន្ធគយ​នាំចូល 175ដុល្លារ​ក្នុង1តោន​នៅ​ឆ្នាំ​ដំបូង។

    ឧស្សាហកម្ម​ស្រូវ​អង្ករ​របស់​ប្រទេស​កម្ពុជា​បានអះអាងថា វិធានការ​ការពារ​រ​បស់ ​EU គួរតែ​បែងចែក​ប្រភេទ​អង្ករ។ ភាគច្រើន​អង្ករ​កម្ពុជា​ដែល​នាំ​ចេញទៅ​ EU 55%ជា​អង្ករ​ក្រអូប​ដែល​ពិបាក​ក្នុង​ការដាំដុះ​នៅក្នុង​អាកាសធាតុ​នៅក្នុង​បណ្ដា​ប្រទេស​ EU។

    ក្នុងជំនួប​ជាមួយ​លោក PHILIPPE BAUDRY ប្រធានការិយាល័យ​រត​នាគារ​បារាំង​ប្រចាំ​នៅ​កម្ពុជា និង​ទ្បា​វ ឯកឧត្តម សុខ ពុ​ទ្ធី​វុ​ធ​បាន​លើក​ពី​ចំណុច​មិន​សម​ហេតុផល​ដែល​បាន​លើកទ្បើង​ក្នុង​សំណើ​ដាក់​គំនាប​ពន្ធ​លើ​អង្ករ​កម្ពុជា​ដោយ​ប្រទេស​អុីតាលី និង​អេ​ស្ប៉ា​ញ និង​ការរួម​ប​ញ្ជូ​ល​គ្នា​នៃ​ការនាំចេញ​អង្ករ​កម្ពុជា និង​មី​យ៉ាន់​ម៉ា​របស់​គណៈកម្មការ​ស​ហគ​មន៍​អឺរ៉ុប។

    ឯកឧត្តម​ក៏បាន​លើកទ្បើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ ការធ្វើ​ទំនើបកម្ម និង​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ទៅកាន់​តំបន់ផ្សេងៗតាមរយៈ​ការសហការ​គ្នា​រវាង​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ជាមួយនឹង​ក្រសួងពាណិជ្ជកម្ម​កំពុងតែ​សិក្សា​ដើម្បី​ចុះ ​GI (ម៉ាក​សម្គាល់​ភូមិសាស្ត្រ) លើ​ការដាំដុះ​ស្រូវ​របស់​កម្ពុជា ក៏ដូចជា​ការពង្រឹង​ទៅលើ​គុណភាព​នៃ​ការផលិត​រហូត​ដល់ទី​ផ្សារ​ដែល​បង្កើត​នូវ​ម៉ាក​វិញ្ញាតកម្ម“ម្លិះ​អង្គរ”ធានា​នូវ​ទំនុកចិត្ត និង​គុណភាព​អង្ករ​កម្ពុជា​ដែលមាន​ស្តង់ដារ​ខ្ពស់​សម្រាប់​ការនាំចេញ។

    លោក នង វាសនា អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ក៏បាន​បញ្ជាក់បន្ថែម​អំពី​ការដែល​ប្រទេស​អុីតាលី និង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​លើកទ្បើង​នោះ​ថា ពិតជា​មិន​ត្រឹមត្រូវ​ទេ ដោយសារតែ​អង្ករ​របស់​កម្ពុជា​ខុសពី​អង្ករ​របស់​ប្រទេស​អុីតាលី និង​អេ​ស្ប៉ា​ញដោយ​ប្រភេទ​អង្ករ​របស់​ប្រទេស​កម្ពុជា​ជា​ប្រភេទ​អង្ករ Indica Rice ប៉ុន្តែ​នៅ​ប្រទេស​អុីតាលី និង​អេ​ស្ប៉ា​ញ​វិញ គឺ​ដាំ​ប្រភេទ​ស្រូវ Japonica Rice ។

    លោក នង វាសនា បានបញ្ជាក់​ថែមទៀត​ថាសូម្បីតែ​សហគមន៍​អ្នក​នាំចេញ និង​ទិញ​អង្ករ​នៅ​សហគមន៍​អឺរ៉ុប​ក៏បាន​ចេញ​លិខិត និង​សេចក្តីថ្លែងការណ៍​គាំទ្រ​អង្ករ​កម្ពុជា ហើយ​ស្នើសុំ​មិនឱ្យ​សហគមន៍​អឺរ៉ុប​ដក​ការលើកលែង​ពន្ធ​លើ​អង្ករ​ពី​កម្ពុជា​ដែរ។

    ក្នុងនាម​អ្នក​នាំចេញ​ដ៏​សំខាន់​មួយ​លោក​ឧកញ៉ា សុង សារ៉ន បាន​ទទូច​ស្នើ​សុំឱ្យ​ប្រទេស​សហគមន៍​អឺរ៉ុប​ទម្លាក់ចោល​ការដាក់​គំនាប​ពន្ធ​មកលើ​អង្ករ​កម្ពុជា និង​ធ្វើការ​ពិនិត្យ​អង្កេត​ឡើងវិញ ប្រកបដោយ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ រួមទាំង​ញែក​ឱ្យដាច់​រវាង​អង្ករ​កម្ពុជា និង​អង្ករ​របស់​មី​យ៉ាន់​ម៉ា ព្រោះ​អង្ករ​កម្ពុជាដែល​នាំទៅ​អឺរ៉ុប ភាគច្រើន​ជា​អង្ករ​ក្រអូប ដែល​អឺរ៉ុប​មិនអាច​ផលិត​បាន។

    សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ចាត់ទុកថា ប្រសិនបើ​មានការ​ដាក់​វិធានការ​របស់​អឺរ៉ុប​មកលើ​អង្ករ​កម្ពុជា​ក្នុងពេលឆាប់ៗមែន​នោះ វា​នឹង​ធ្វើឱ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នករស់នៅ​អឺរ៉ុប​ខ្លួនឯង ព្រោះ​តម្លៃ​អង្ករ​នាំ​ចូលទៅ​សហគម​អឺរ៉ុប​នឹង​កាន់តែ​ឡើងថ្លៃខ្ពស់ជាង​មុន​បន្ទាប់ពី​បូក​តម្លៃ​ពន្ធ​រួច ដូច្នេះ​ការសម្រេច​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​អ្នក​នាំចេញ​អង្ករ និង​កសិករកម្ពុជា​ទេ តែ​ក៏​នឹង​ប៉ះពាល់​ដល់​ពាណិជ្ជករ​អ្នក​នាំចូល​អង្ករ​នៅ​អឺរ៉ុប​ជាច្រើន​នាក់ បើសិនជា​​ EU សម្រេច​ដាក់​ពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា៕

  • សល់មួយខែទៀត នី រតនា លាភាពកំលោះហើយ !!

    សល់មួយខែទៀត នី រតនា លាភាពកំលោះហើយ !!

    តារាចម្រៀងវ័យក្មេងសំឡេងផ្អែម និងមានទឹកដមប្រកបដោយមនោសញ្ចេតនា លោក នី រតនា ត្រូវបានគេដឹងថា នឹងចូលរោងការនៅថ្ងៃទី18 ខែមករា ឆ្នាំ2019 ខាងមុខនេះ ដោយគ្រោងធ្វើនៅគេហដ្ឋានខាងស្រី ដែលជាកូនអ្នកមានទ្រព្យធនផងដែរ។ នៅក្នុងនោះ​ ក៏នឹងមានវត្តមានភ្ញៀវកិត្តិយសដែលជាមន្ត្រីរាជការ អ្នកមានមុខមាត់ក្នុងសង្គម អ្នកជំនួញធំៗ​ ជាពិសេស គឺអ្នកសិល្បៈដែលសរុបទាំងអស់មិនក្រោម 1,000នាក់ឡើយ។

    តាមការបង្ហើបឱ្យដឹងដដែលនោះ គេដឹងថា សម្រាប់​ថ្លៃ​បណ្ណាការវិញក៏ នី រតនា ជូន​ដល់​ខាង​ស្រី​ច្រើន​គួរសម​ដែរ ប៉ុន្ដែមិនបានបញ្ជាក់ថា ប៉ុន្មានឡើយ។ ពេលនេះ​ដែរ នី រតនា ក៏បាន​រៀបចំ​ខ្លះៗ​ហើយ​សម្រាប់​ពិធីមង្គលការ​របស់លោក​ដែលមាន​ដូចជា ​ការថត​រូប Pre wedding ​កក់​ហាង និង​សម្អាងការ​ជាដើម។

    សូមជម្រាបបន្ថែមទៀតថា ដូចប្រិយមិត្តបានជ្រាបអីចឹងថាបន្ទាប់ពីតារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសរូបនេះបានភ្ជាប់ពាក្យរួចមក ជីវិតគូស្នេហ៍លោកគឺកាន់តែផ្អែមល្ហែមឡើងៗ ស្រប់ពេលជាមួយនឹងការមមារញឹកត្រៀមខ្លួនចូលរោងការផងដែរនោះ។ ចង់ដឹងថា ផ្អែមល្ហែមបែបណានោះ សូមទស្សនាកម្រងរូបភាពគូស្នេហ៍មួយគូនេះ ៖