Category: សង្គម និងសេដ្ឋកិច្ច

  • Bayern រីករាយ​នឹង​ប៉ះ Liverpool ក្នុង ChampionsLeague វគ្គ 16ក្រុម

    Bayern រីករាយ​នឹង​ប៉ះ Liverpool ក្នុង ChampionsLeague វគ្គ 16ក្រុម

    Bayern Munich កំពុងតែ​សម្លឹង​ឆ្ពោះទៅកាន់​ការជួប​ការប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ជាមួយនឹង​ក្រុម Liverpool ដើម្បី​ប្រជែង​យក​កៅអី​ទៅ​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League ។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក Hasan Salihamidzic ប្រធាន​ផ្នែក​កីឡា​របស់​ក្រុម​ម្ចាស់​ជើងឯក​អាល្លឺម៉ង់​មួយ​នេះ កាលពី​ថ្ងៃ​ចន្ទ។

    ក្លិប​ទាំង2 មាន​ប្រវត្តិ​ដូចគ្នា​ក្នុង​យុទ្ធនាការ​នេះ តាមរយៈ​ការ​ឈ្នះ​ពាន​ប្រចាំ​ទ្វីបអឺរ៉ុប​មួយ​នេះ​ចំនួន 5លើក​ដូចគ្នា។ Liverpool បច្ចុប្បន្ន​ជា​ក្រុម​កំពុងមាន​ទម្រង់​លេង​យ៉ាង​ល្អ និង​កំពុងតែ​ឈរលើ​លេខ1 នៅក្នុង​តារាង​ក្របខ័ណ្ឌ Premier League ស្រប​ពេលដែល​ក្រុម Bayern Munich មិនបាន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ខ្លាំង​របស់​ពួកគេ​ឡើយ ក្នុង​ក្របខ័ណ្ឌ Bundesliga មកទល់ពេលនេះ។

    ក្រោយពី​ការចាប់​ឆ្នោត​សម្រាប់​វគ្គ 16ក្រុម​ចុងក្រោយ​ក្នុង​ទីក្រុង Nyon កាលពី​ថ្ងៃ​ចន្ទ លោក Salihamidzic បានឱ្យដឹងថា៖ «ពួកគេ​ជា​ក្រុម​ខ្លាំង​នៅពេលនេះ និង​ជា​ក្រុម​កំពុង​នាំមុខ​លើ​តារាង​លី​កនៅ​អឺរ៉ុប។ ពួកគេ​កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាង​ល្អ និង​មាន​ភាពរឹងមាំ​ផ្នែក​រាងកាយ។ យើង​កំពុងតែ​សម្លឹង​ឆ្ពោះទៅកាន់​ការប្រកួត​នោះ បើទោះបី​វា​ជាការ​ប្រកួត​ដ៏​ស្វិតស្វាញ​មួយ​ក៏ដោយ»។

    ស្របពេល​ជាមួយគ្នានេះ ក្រុម​ធ្លាក់​ទម្រង់​លេង Manchester United របស់លោក Jose Mourinho នឹងត្រូវ​ប៉ះ​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​បារាំង Paris Saint-Germain។ ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក Real Madrid ត្រូវបាន​ចាប់ឆ្នោត​ឱ្យ​ជាមួយនឹង​ក្រុម Ajax ក្នុងការ​ចាប់ឆ្នោត​កាលពី​ថ្ងៃ​ចន្ទ ក្នុង​ទីក្រុង Nyon ខណៈដែល​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ​នឹង​ប្រមាញ់​រក​ការ​ឈ្នះ​ពាន​ជា​លើក​ទី5 ក្នុង​រយៈពេល 6រដូវ​កាល ហើយ Lionel Messi និង Barcelona នឹង​ជួប​ជាមួយនឹង​ក្រុម Lyon។

    ក្រុម​ដែល​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2 ក្នុង​ពូ​ល នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ជើង​ទី2 នា​ថ្ងៃទី12 ឬ​ទី13 និង​ថ្ងៃទី19 ឬ​ទី20 ខែកុម្ភៈ ខណៈដែល​ការប្រកួត​ជើង​ទី2 នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី5 ឬ​ទី6 និង​ទី12 ឬ​ទី13 ខែឧសភា៕

    ការចាប់​ឆ្នោត​សម្រាប់ Champions League វគ្គ១៦ក្រុម​ចុងក្រោយ
    Schalke 04 vs Manchester City

    Atletico Madrid vs Juventus

    Manchester United vs Paris Saint-Germain

    Tottenham Hotspur vs Borussia Dortmund

    Lyon vs Barcelona

    Roma vs Porto

    Ajax v Real Madrid

    Liverpool v Bayern Munich

  • Ferrari នឹង​​អប​អរ​ថ្ងៃ​គម្រប់​​ខួប​អាយុ​ 50​ឆ្នាំ​របស់ Schumacher ជាមួយ​នឹង​ការ​សម្តែង​បើក​បរ

    Ferrari នឹង​​អប​អរ​ថ្ងៃ​គម្រប់​​ខួប​អាយុ​ 50​ឆ្នាំ​របស់ Schumacher ជាមួយ​នឹង​ការ​សម្តែង​បើក​បរ

    អតីត​កីឡាករ​ប្រណាំង​រថយន្ត Formula One ដ៏ឆ្នើម​គឺ Michael Schumacher នឹង​ត្រូវបាន​​រំ​ឭក​ដោយFerrari ជាមួយ​នឹង​ការ​សម្តែង​​ដ៏ពិសេស​មួយ​ដើម្បី​អប​អរ​​ថ្ងៃ​គម្រប់​អាយុ​ 50​ឆ្នាំ​របស់​គេ នៅ​ថ្ងៃ​ទី​3 ខែមករា​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់​ក្រុម​អ៊ី​តាលី​មួយនេះ កាលពីថ្ងៃចន្ទ​។

    Schumacher ដែល​ជាម្ចាស់​ជើង​ឯក Formule One 7​សម័យ​​កាល បាន​រង​របួស​ក្បាល​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ឧប្បត្តិហេតុ​ជិះ​ស្គី កាលពី​ 5​ឆ្នាំមុន និង​មិនធ្លាប់​បាន​បង្ហាញ​ខ្លួន​ជា​សា​ធារណៈ​ទៀតឡើយចាប់​តាំងពី​ពេល​នោះ​មក​។

    កម្មវិធី​ដែល​មាន​ឈ្មោះ​ថា ‘Michael 50’ មួយនេះ ដែល​នឹង​ត្រូវ​រៀប​ចំឡើង​នៅ​សារ​មន្ទីរ Ferrari ក្នុង​ទីក្រុង Maranello នឹង​ត្រូវ​រៀប​ចំ​ឡើង​ដោយ​មានការ​ចូល​រួម​ពីសំណាក់​អង្គការ ​Keep Fighting Foundation ដែល​បាន​បង្កើត​ឡើង​កាលពី​ 2​ឆ្នាំមុន ដោយ​ក្រុម​គ្រួសារ​របស់ Schumacher​។

    Ferrari បាន​ឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «កម្មវិធី​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​អប​អរ និង​​សម្តែង​នូវ​ការ​ដឹង​គុណ​ចំពោះ​​អ្នក​បើកបរ​ដ៏​ជោគ​ជ័យ​បំផុតរូបនេះ​»​។ កីឡាករ​ Schumacher សញ្ជាតិ​អាល្លឺម៉ង់ បាន​បើក​បរ​ឱ្យ​ក្រុមនេះ​ចាប់​ពី​ឆ្នាំ​1996 ដល់​ឆ្នាំ​2006 ដោយ​បាន​ឈ្នះ​​ពាន​ពិភព​លោក​ 5លើក​ក្នុង​ចំណោម​ពាន​ទាំង​ 7​លើក​របស់​គេ​ចាប់​ពីឆ្នាំ​2000 ដល់​ឆ្នាំ​2004​។

    ក្រុម Ferrari​ ក៏​បាន​ឈ្នះ​ពាន​ផ្នែក​បើក​បរ​ចំនួន​ 6​លើក​ផងដែរ អំឡុង​ពេល​ដែល​រូប​គេ​​ស្ថិត​នៅ​ជាមួយ​នឹងក្រុម​នេះ​។ កម្ម​វិធី​បើក​បរ​សម្តែង​នេះ នឹង​អនុ​ញ្ញាត​ឱ្យ​សា​ធារណ​ជនបាន​​ឃើញនូវ​សមិទ្ធ​ផល​ដែល Schumacher បាន​ផ្តល់​ឱ្យ​ចំពោះ​ការ​អភិវឌ្ឍ​រថយន្ត​នេះ ក្នុង​នាម​ជា​​អ្នក​បើក​បរម្នាក់ និង​ក្រោយមក​​ជា​អ្នក​ផ្តល់​ប្រឹក្សា​ម្នាក់​។ នេះ​បើយោង​ទៅ​តាម​​​ការ​បញ្ជាក់​របស់​ក្រុម Ferrari​៕

  • ចង់វិលទៅកាន់អតីតកាលដ៏អស្ចារ្យរបស់ខ្មែរទេ?? កុំឱ្យខកខានទស្សនារឿង នាង​វឌ្ឍនា​ទេ​វី​ ទម្រង់ 100 ឆ្នាំ

    ចង់វិលទៅកាន់អតីតកាលដ៏អស្ចារ្យរបស់ខ្មែរទេ?? កុំឱ្យខកខានទស្សនារឿង នាង​វឌ្ឍនា​ទេ​វី​ ទម្រង់ 100 ឆ្នាំ

    ពីទំព័រ« ទំព័រអំពីឯកសារប្រវត្តិសាស្រ្ត» បានឱ្យជ្រាបដែរថា របាំ​ព្រះ​រាជ​ទ្រព្យ​បែប​មុខ​ស​ខ្មែរ​ នឹង​លើក​មក​សម្ដែង​ជូន​ទស្សនិកជន​ទាំង​អស់​បាន​ទស្សនា ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ​ដោយ​ច្នៃ​ចេញ​ពី​​សាច់​រឿង​ថ្មី ក្រោម​ចំណង​ជើង ​”​នាង​វឌ្ឍនា​ទេ​វី​” ​​ដឹក​នាំ​ដោយ​ ​សម្ដេច​ព្រះ​រាម ​នរោត្តម​ បុប្ផា​ទេ​វី ។

    ការ​សម្ដែង​ដ៏​កម្រ​នេះ នឹង​ត្រូវ​បង្ហាញ​ជូន​ដោយ​នាដកា​​មាន​ទេពកោសល្យ និង​ជំនាញ​ប៉ិន​ប្រសប់​ ក្នុង​ការ​នាំ​យ​ក​ទម្រង់​សិល្បៈ​ដ៏​អស្ចារ្យ ព្រម​ទាំង​នាំ​អនុស្សាវរីយ៍​ឆ្នាំ 1906 ​ត្រលប់​មក​វិញ​។ ព្រឹត្តិការណ៍​នេះ ​មាន​គោល​បំណង​ដើម្បី​ផ្ដល់​ឱកាស​​ដល់​សាធារណជន និង​ជនបរទេស​ បាន​ទស្សនា​ការ​សម្ដែង​ និង​ស្វែង​យល់​អំ​ពី​ របាំ​ព្រះ​រាជទ្រព្យ​ខ្មែរ ​ដែល​យក​នូវ​បែប​បទ​នៃ​ចលនា​ក្បាច់​រាំ សម្លៀកបំពាក់ និង​ការ​តុប​តែង​ខ្លួន​របស់​នាដកា ​តាម​លំនាំ​ឆ្នាំ​1906។​

    ​បើ​តាម លោក ព្រឿង ឈាង ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ ប្រាប់​ថា សម្ដេច​ព្រះ​រាម ​នរោត្តម ​បុប្ផា​ទេ​វី​ ​បាន​ដឹក​នាំ​និង​ហ្វឹក​ហាត់​អ្នក​របាំ​ សម្រាប់​ការ​សម្ដែង​នេះ​ដោយ​ផ្ទាល់​ ដើម្បី​ធ្វើឱ្យការ​សម្ដែង​ “​នាង​វឌ្ឍនា​ទេវី​”​ ​ផ្ដល់​ឱ្យ​ទស្សនិកជន​​ នូវ​បទ​ពិសោធន៍​ដ៏​រំភើប​​អស្ចារ្យ​ ​។​ អ្នក​ទស្សនា​ ​នឹង​មាន​អារម្មណ៍​ថា ​ខ្លួន​ឯង​កំពុង​តែ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​កាន់​អតីតកាល​ ព្រម​ទាំង​ស្វែង​យល់​ពី​ពិភព​នៃ​រឿង​ព្រេង ​ដែល​ទាក់​ទង​​នឹង​ដើម​កំណើត​ប្រជាជន និង​វប្បធម៌​ខ្មែរ។
    ម្យ៉ាង​ទៀត ការ​​រៀប​ចំ​នេះប្រើ​ពេល​ស្ទើរ​តែ​ពេញ​មួយ​ឆ្នាំ ​ដើម្បី​ប្រមូល​គំនិត​ បង្កើត​ជា​សាច់​រឿង​និទាន ​និង​ក្បាច់​រាំ​ ក្នុង​ការ​បង្ហាញ​ដំណើរ​រឿង ​”​នាង​វឌ្ឍនា​ទេ​វី​” ​តាម​រយៈ​ទម្រង់​សិល្បៈ​នៃ​របាំ​ព្រះ​រាជ​ទ្រព្យ។

    ផ្ទាំង​ទស្សនីយភាព​នេះ នឹង​ចាប់​ផ្ដើម ​រយៈ ពេល​2ថ្ងៃ ​គឺ​ ថ្ងៃ​ទី​18 និង​ទី19 ​ខែ​មករា ​ឆ្នាំ2019 នៅ​​សាល​មហោស្រព​ចតុមុខ វេលា​ម៉ោង 6​​:30 ​នាទី​ល្ងាច។ ដោយ​ឡែក ​​​ថ្ងៃ​សៅរ៍ ​ទី​19 ​ខែ​មករា ​ឆ្នាំ 2019 ​វេលា​ម៉ោង ​3:30 រសៀល (​សម្រាប់​តែ​សិស្ស​ និស្សិត​ និង​មនុស្ស​អាយុ​ក្រោម​25​ឆ្នាំ​)។

    គួរបញ្ជាក់ផងដែរថា ​ចំពោះ​ទី​តាំង​លក់​សំបុត្រ​ លោក​អ្នក​អាច​ស្វែង​រក​នៅ​វិទ្យាស្ថាន​បារាំង ​នៅ​សាល​មហោស្រព​ចតុ​មុខ ឬ​ តាម​រយៈ​ ​Latsticket.asia ​នៅ​លើគេហទំព័រ https://hello.last2ticket.com/event/1157/ ៕

  • គ្រាន់តែធ្វើបុណ្យជូនតារាកូរ៉េ ត្រូវគេរិះគន់ព្រោងព្រាត អស់ទ្រាំលែងបាន ផ្ញើសារសួរទៅកាន់សម្ដេច

    គ្រាន់តែធ្វើបុណ្យជូនតារាកូរ៉េ ត្រូវគេរិះគន់ព្រោងព្រាត អស់ទ្រាំលែងបាន ផ្ញើសារសួរទៅកាន់សម្ដេច

    ផ្ទុះការិះគន់ព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុកដ៏គួរឱ្យភ្ញាក់ផ្អើល ខណៈដែលបានឃើញក្រុមអ្នកគាំទ្រតារាចម្រៀងកូរ៉េ Kpop ឈ្មោះថា SM Stan Cambodia បានបង្ហោះរូបភាពបានយកចង្ហាន់ទៅប្រគេនព្រះសង្ឈ ដើម្បីបង្សុកូលឧទ្ទិសកុសលផលបុណ្យជូនតារាចម្រៀងកូរ៉េ Jonghyun អតីតសមាជិកក្រុមតារាចម្រៀងកូរ៉េ SHINee ដែលបាត់បង់ជីវិតដោយធ្វើអត្តឃាត ដោយសារវិបត្តិផ្លូវចិត្ត អស់រយៈគម្រប់1ឆ្នាំ ។

    តែជាអកុសល ក្រុមយុវតីអ្នកគាំទ្រតារាចម្រៀងកូរ៉េ ត្រូវរងការិះគន់មិនប្រណីថ្វីមាត់ពីសំណាក់អ្នកលេងបណ្ដាញសង្គមទៅវិញ ទាំងដែលពួកនាងគ្មានកំហុសអ្វីទាល់តែសោះ បើទោះបីជាពួកនាងគ្រាន់តែធ្វើបុណ្យក្នុងនាមជាអ្នកគាំទ្រក៏ដោយ ។ អស់ទ្រាំលែងបាន យុវតីម្នាក់បានផ្ញើរសារចូលទំព័រហ្វេសសបុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានសួរជាសំនួរ និងទទូចឱ្យសម្ដេចមេត្តាជួយស្រាយចម្ងល់របស់នាងផងដែរ ។

    នាងក៏បានរៀបរាប់សារយ៉ាងវែងអន្លាយពីការមិនអស់ចិត្តចំពោះការរិះគន់ ចំពោះទង្វើធ្វើបុណ្យកុសលជូនតារាចម្រៀងកូរ៉េ ដោយនិយាយយ៉ាងដូច្នោះថា ៖

    សួរគ្រូពលរដ្ឋ គាត់ប្រាប់ថាអត់មានច្បាប់មិនឱ្យគាំទ្រ Kpopទេ ហើយក៏មិនមានច្បាប់ហាមឃាត់មិនឱ្យធ្វើបុណ្យឧទ្ទិសកុសលជូនតារាបរទេសដែរ ដល់ពេលសួរគ្រូប្រវត្តិវិទ្យា គាត់ក៏ប្រាប់មិនដែលម៉ែអាណាមានប្រវត្តិអ៊ីចឹងទេ តែខ្លាចពួកទើសគាត់ទើបចេញពីទ្រុងមិនបានចូលរៀនពេញម៉ោង ព្រោះអាល័យទៅកសាងខ្លួនឱ្យក្លាយជា សត្វbodia ( សំដៅដល់អ្នកនិយមរិះគន់លើបណ្ដាញសង្គម ) ហើយគាត់មិនជឿ អ៊ីចឹងមានតែchat សួរសម្ដេចតែម្ដង។

    តែបើសម្ដេចប្រាប់ថាមិនមានច្បាប់នឹងទេ ចឹងមានន័យថា សត្វbodia គាត់បង្កើតច្បាប់នឹងខ្លួនឯង ព្រោះគាត់ខ្លាចគេមិនដឹងថា គាត់ស្រលាញ់វប្បធម៌ពេករហូតដល់បែកកាវ ក្បាលឆ្កែទើសសូម្បីតែគេធ្វើបុណ្យ តែអេ៎ បើសិនជាគេធ្វើបុណ្យចឹងខុសហើយគាត់ទើស so when their dady d*e ប្រហែលជាមិនធ្វើបុណ្យឱ្យទេមើលលទៅ។

    ចាំមើលពេលណាគាត់ប្រជុំសភា សុំឱ្យគាត់លើករឿងនឹងមកនិយាយតែម្ដង កុំឱ្យខ្មែយើងចេញច្បាប់បែកស្លុយច្រើនពេក។ ហើយមួយ អារឿងគេធ្វើបុណ្យអ៊ីចឹងទើសណាស់ តែបើអារឿងស្អី post អារូបchat 18+នឹងស្អី « shareមួយ Inboxទៅ» ហើយអាខ្លះទៀតចូលខម្មិន្ត «បង send ឱ្យខ្ញុំមើលផង» ហើយដល់ពេលចូលមើលPF….Fck with me សុទ្ធតែពពួកសត្វbodia សុទ្ធតែពពួកទើសរឿងគេធ្វើបុណ្យ ចឹងបានថាខ្លួនឯងខួរឆ្កែទេ តែមកទើសគេខួរមនុស្ស។ អាខ្លះទៀតចូល cmt ថា«បើមិនចង់ឱ្យគេទើស កុំ post ឱ្យគេឃើញទៅបានហើយ»អ៊ីចឹងលើកក្រោយមិនចង់ឱ្យគេដឹងពីទំហំនៃក្ដីស្រលាញ់ when your mother fcker d*e មិនបាច់យំទេ ម៉ាអាប្លោកនេះ។

    ចុងក្រោយសុំមេត្តាសម្ដេចជួយបកស្រាយឱ្យពពួកសត្វខ្លះបានយល់ផង។ ចំណាំ៖ «អ្នកមិនពាក់ព័ន្ធសុំមេត្តាអែបកៀន»។ បន្ទាប់ពីនាងបានធ្វើការបង្ហោះរូបភាព និងសរសេរខ្លឹមសារខាងលើ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកធ្វើការស៊ែរ ខម្មិន្តបញ្ចេញមតិយោបល់ផ្សេងៗ ខុសៗគ្នា៕

  • នូ សុផេន ជោគជ័យតំឡើងរឿងទុំទាវ និយាយជាភាសាអង់គ្លេសលើកស្ទួលវប្បធម៍នៅប្រទេសជប៉ុន

    នូ សុផេន ជោគជ័យតំឡើងរឿងទុំទាវ និយាយជាភាសាអង់គ្លេសលើកស្ទួលវប្បធម៍នៅប្រទេសជប៉ុន

    លោក នូ សុផេន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ផលិត​កម្មវិធី​ទម្រង់​​សិល្បៈ​វប្បធម៌​នៅ​ទូរទស្សន៍​អប្សរា​ និង​ជា​អ្នក​ឌីហ្សាញ​ឈុត​បុរាណ​ខ្មែរ​មួយ​រូប​​​មាន​ឱកាស​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​Cambodian Week international នៅ​ប្រទេស​ជប៉ុន​បាន​ត្រឡប់​មក​កម្ពុជា​​វិញ​ហើយ​ម្សិលមិញ​នេះ។ បន្ទាប់​ពី​លោក​បាន​ចំណាយ​​ច្រើន​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន​ដើម្បី​​រៀបចំ​ទម្រង់​របាំ​ប្រជាប្រិយ​ខ្មែរ និងបានទាំងតំឡើងរឿងទុំទាវ និយាយជាភាសាអង់គ្លេស ផ្សព្វផ្សាយទម្រង់វប្បធម៍ខ្មែរនៅទីនោះ។

    លោក នូ សុផេន អនុប្រធាននាយកដ្ឋានផលិតកម្មប្រចាំទូរទស្សន៍អប្សរា បានថ្លែងបន្ទាប់ពីចុះពីលើយន្តហោះមកថា លោកទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការបង្ហាញជូននូវទម្រង់សិល្បៈច្រើនផ្នែក បន្ទាប់ពីនិស្សិតខ្មែរទទួលអាហារូបករណ៍នៅក្នុងប្រទេសជប៉ុនមួយក្រុម បានធានាឱ្យលោកចេញទៅរៀបចំទម្រង់វប្បធម៌ ដើម្បីបង្កើតជាព្រឹត្តិការណ៍ Cambodian Week ប្រចាំឆ្នាំ ស្របគ្នានឹងប្រទេសប្រមាណ 49 ប្រទេសដែលមាននិស្សិតសិក្សានៅក្នុងប្រទេសជប៉ុនដូចគ្នា ក៏បានរៀបចំជាទម្រង់វប្បធម៌បង្អួតភ្នែកអ្នកចូលរួមខ្លាំងជាងកម្ពុជាភាគច្រើន។

    យ៉ាងណាមិញ លោកថាភាពលេចធ្លោមិនលើសពីក្រុមកម្ពុជានោះទេ បើទោះជាទម្រង់សិល្បៈរបស់ខ្មែរទាំងរបាំច្រើនប្រភេទ និងការសម្ដែងរឿងទុំទាវ ជាភាសាអង់គ្លេសដែលបានធ្វើឡើង សម្ដែងដោយនិស្សិតខ្មែរតែ8រូប។ លោកថានិស្សិតបរទេសរហូតដល់49នាក់បានចូលរួមសម្ដែងរបាំ និងសម្ដែងរឿងទុំទាវជួយដល់ក្រុមខ្មែរទើបធ្វើអោយកម្មវិធីទាំងមូលទទួលបានភាពជោគជ័យ ហើយមិនចាញ់ក្រុមសិល្បករថៃ វៀតណាម និងម៉ាឡេជាដើម ដែលគេយកសិល្បករជំនាញៗពីប្រទេសគេផ្ទាល់ យកទៅបង្ហាញនោះទេ។

    លោក នូ សុផេន ពន្យល់ថា ទោះជាអ្នកសម្ដែងនៅព្រឹត្តិការណ៍នោះ មិនមែនជាតារាអាជីព ហើយសុទ្ធតែជានិស្សិតទទួលបានអាហារូបករណ៍នៅក្នុងប្រទេសជប៉ុន តែនិស្សិតទាំងនោះមិនសូវមានភាពខុសឆ្គងក្នុងការសម្ដែងនោះទេ ដោយសារតែមុនចេញសម្ដែង4ខែ លោកបានផ្ញើជូននូវវីដេអូឯកសារដើម្បីឱ្យនិស្សិតខ្មែរ និងនិស្សិតបរទេសដែលជួយសម្ដែងហ្វឹកហាត់យ៉ាងស្ទាត់មកហើយ ដោយលោកក៏បានដើរតួកែក្បាច់ និងកែកាយវិកា តាមរយៈវីដេអូផ្ញើទៅផ្ញើមក ទើបធ្វើឱ្យនិស្សិតទាំំងនោះនៅពេលការសម្ដែងលេចឡើងគឺមិនមានបញ្ហា។

    លោកថាក្រោយការបង្ហាញឱ្យឃើញពីវប្បធម៌របស់ខ្មែរ មានជនបរទេសច្រើនឡើងបានស្គាល់ពីខ្មែរ ខណៈដែលក្នុងពេលមុនគេដឹងត្រឹមតែថាខ្មែរមានអង្គរវត្ត តែមិនសូវដឹងច្រើនរឿងខ្មែរមានរបាំយ៉ាងមិច នឹងមានសាច់រឿងទុំទាវដ៏ជក់ចិត្តដល់ម្លឹងឡើយ៕

  • កូនប្រុសតារាកំប្លែងនាយឆើត ផ្ទុះសម្ដីជាមួយតារាស្រី Original Song តែរលត់ភ្លើងទាន់

    កូនប្រុសតារាកំប្លែងនាយឆើត ផ្ទុះសម្ដីជាមួយតារាស្រី Original Song តែរលត់ភ្លើងទាន់

    ភ្ញាក់ផ្អើលយ៉ាងខ្លាំង តារាសម្ដែងលោក រ៉ៃយ៉ា ដែលត្រូវគេស្គាល់ថា ជាកូនប្រុសរបស់តារាកំប្លែងនាយឆើត ត្រូវគេឃើញផ្ទុះជម្លោះដាក់គ្នា ជាមួយតារាចម្រៀងស្រី កញ្ញា វណ្ណា វត្តី ដោយអ្នកទាំងពីរប៉ះសម្ដីគ្នាចំៗ មានទាំងហ្វេនរៀងខ្លួន ចូលមកជួយបញ្ឆេះកំហឹងថែមទៀតផង។

    ជម្លោះដែលបានកើតឡើង គឺដោយសារតែ កញ្ញា វណ្ណា វត្តី ស៊ែ Original Song របស់លោកគីសាន់ រ៉ៃយ៉ា បទ«ប្រពន្ធកូនសំខាន់ តែបងមិនអាចថែ» ហើយសរសេរឃ្លាថា «បើជ្រុលជាអស់ចិត្តហើយ មិនបាច់មករៀបរាប់ច្រើនទេ កុំភ្លេចផ្ញើលុយឱ្យប្រពន្ធកូនបងផង ព្រោះដើម្បីកុំឱ្យគេថា បងអាត្មានិយមនោះអី!» ខណ:ដែលឃ្លារបស់នាងត្រូវបានម្ចាស់បទ យល់ថា «ជាការមាក់ងាយ និងដៀមដាម»។ លោករ៉ៃយ៉ា បានបង្ហោះសារតបវិញភ្លាមៗថា «សុំទោសកញ្ញា វណ្ណា វត្តី ស៊ែបទខ្ញុំហើយ និយាយមកដូចជាទើសនឹងបទខ្ញុំម៉េស វាមិនមែនជារឿងពិតឯណា វាគ្រាន់តែជាបទចម្រៀងខ្ញុំតើ បើមិនពេញចិត្តកញ្ញា អាចលុបវិញបាន!»។ ក្រោយសំណេរបស់លោក គីសាន់ រ៉ៃយ៉ា អ្នកគាំទ្រច្រើននាក់ ចេញមុខមកជេរ វណ្ណា វត្តី ហើយអ្នកគាំទ្រម្ខាងទៀតក៏ចូលតបត ស្របគ្នាដែល វណ្ណា វត្តី ក៏ចេញមុខ Live Video វាយបក។

    សូមជម្រាបថា កញ្ញា វណ្ណា វត្តី ថា ការបង្ហោះរបស់នាង គឺគ្រាន់តែមានបំណងនិយាយស្រប នឹងអត្ថន័យក្នុងបទចម្រៀង ជាការផ្ញើសារទៅកាន់បុរសទាំងឡាយ ដែលបានធ្វើរឿងខុសឆ្គងដូចអត្ថន័យបទចម្រៀងប៉ុណ្ណោះ ប៉ុន្តែទំនងជាលោក រ៉ៃយ៉ា យល់ច្រលំ ទើបកើតជាជម្លោះ។ យ៉ាងណាមិញនាងថា ស្ថានភាពជម្លោះត្រូវបានរំលត់បន្ទាប់ពីនាង និងលោករ៉ៃយ៉ា បានឆាតជជែកគ្នាត ហើយម្ចាស់បទចម្រៀង ក៏យល់ស្របថា ខ្លួនមានរឿងយល់ច្រលំ៕

  • ​​ ចិនផ្តល់​ប្រាក់កម្ចីជាង 260លាន​ដុល្លារដល់​កម្ពុជា

    ​​ ចិនផ្តល់​ប្រាក់កម្ចីជាង 260លាន​ដុល្លារដល់​កម្ពុជា

    ទឹកប្រាក់ហិរញ្ញប្បទាន​ចំនួនជាង 260​លាន​ដុល្លារត្រូវបានសាធារណរដ្ឋប្រជាមានិតចិនផ្តល់ឱ្យកម្ពុជាក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដែលទឹកប្រាក់នេះត្រូវបាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និង​លោក Deng Boqingអនុ​ប្រធាន​ទីភ្នាក់ងារ​ចិន​សម្រាប់​កិច្ច​សហប្រតិបត្តិការ​បាន​ចុះហត្ថលេខា​រួមគ្នា​លើ​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​ចំនួន​2។ នេះបើយោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។   

    កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ចំនួន2 ​នោះ​រួមមាន៖

    1- កិច្ច​ព្រមព្រៀង​ស្តីពីកិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​នូវ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 1,200លាន​យន់ (ជាង174លាន​ដុល្លារ)។ថវិកា​នេះនឹងត្រូវ​ប្រើប្រាស់​សម្រាប់​អនុវត្ត​គម្រោង​លើក​កម្ពស់​ជីវភាព​ប្រជាជន​ និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ។

    2-កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​ឥណទាន​សម្បទាន​ជា​ប្រាក់​យន់​ចិន សម្រាប់​គម្រោង​អភិវឌ្ឍន៍​អាង​ទឹក​រក្សាក្នុង​ខេត្ត​ព្រះវិហារដែលមាន​ចំនួន 622​លាន​យន់ (ជាង 90លាន​ដុល្លារ)។

    ការចុះ​កិច្ចព្រមព្រៀង​ខាងលើ​ធ្វើឡើង​​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Deng Boqingអនុប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាមានិតចិន នៅ​កម្ពុជា​ពីថ្ងៃទី​12 ដល់​ថ្ងៃទី​15 ខែ​ធ្នូ ឆ្នាំ​2018។ ខណៈដែលគណ:ប្រតិភូចិន បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន។

    ពិធីចុះហត្ថលេខានាពេលនេះ គឺសបញ្ជាក់ឱ្យឃើញនូវកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន  ដែលធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសទាំង2 កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងការជំរុញធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងកំណើនជីវភាពរបស់ប្រជាជននៃប្រទេសទាំង2។

    គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី13 ខែធ្នូ ឆ្នាំ2018 ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមានចំនួនសរុបប្រមាណ 5,800លានដុល្លារអាមេរិកហើយ ក្នុងនោះឥណទានសម្បទានមានសរុបចំនួនប្រមាណ 4,400លានដុល្លារអាមេរិក និងហិរញ្ញប្បទានក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសចំនួនប្រមាណ 1,400លានដុល្លារអាមេរិក៕

  • រដូវធ្វើត្រីប្រហុកបានចាប់ផ្តើមហើយ

    រដូវធ្វើត្រីប្រហុកបានចាប់ផ្តើមហើយ

    រដ្ឋបាលជលផលបានជំរុញឱ្យប្រជាពលរដ្ឋអ្នកផលិតប្រហុក-ផ្អក ត្រូវប្រញាប់រួសរាន់ទៅទិញត្រី​ដែល​ជាតម្រូវការ​​សម្រាប់​ការ​ផលិតប្រហុក និងផ្អកនៅតាមបណ្តោយដង​ទន្លេសាប ដែលចាប់ផ្តើមតាំងពីថ្ងៃសុក្រទី14 ខែធ្នូហើយនឹងបន្តរហូតដល់ថ្ងៃទី20 ខែធ្នូ ឆ្នាំ2018។

    ស្ថាប័ននេះបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា «រដូវខ្ពស់បំផុត​ក្នុង​ការនេសាទត្រី»បានចាប់ផ្តើមពីថ្ងៃសុក្រទី14 ខែធ្នូ ឆ្នាំ2018 និងស្នើឱ្យអ្នកផលិតត្រីប្រហុក និងផ្អក មក​​​​​តំបន់​​នេសាទតាមដងទន្លេសាបជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តកណ្តាលដើម្បីទិញត្រី​។

    លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផលបានមានប្រសាសន៍ថា៖«ក្នុងអំឡុងពេល​​នេះ​យើង​ព្យាករថា កម្ពស់ទឹកក្នុងទន្លេនឹងល្អប្រសើរបំផុតសម្រាប់ការចាប់ត្រីទឹកសាប ជាទីតាំង​ល្អ​បំផុតសម្រាប់ទិញត្រីគឺនៅភ្នំពេញ និងកណ្តាល»។ ខណៈដែលវាលំបាកក្នុងការប៉ាន់​ប្រមាណ​ថា ​តើ​ត្រីនឹងចាប់បានប៉ុន្មានក្នុងរដូវកាលនេះ លោកជឿជាក់ថា វានឹងមានបរិមាណច្រើនជាងឆ្នាំមុនៗ ដោយសារ​តែការបង្ក្រាបរបស់រដ្ឋាភិបាលលើសកម្មភាពនេសាទខុសច្បាប់កាលពីពេលកន្លងមក។

    លោក ជាសាន បាននិយាយថា៖«យើងរំពឹងថា យ៉ាងហោចណាស់ក៏ដូចជាការនេ​សាទត្រី​នៅ​​ឆ្នាំមុនៗដែរ។ យើងបានធ្វើការបង្ក្រាបការនេសាទខុសច្បាប់ និងការពារ​តំបន់អភិរក្ស ដូច្នេះ​យើង​សង្ឃឹមថា បរិមាណត្រីនៅទន្លេនាឆ្នាំនេះនឹងកើនឡើងគួរឱ្យកត់សម្គាល់»

    លោកអគ្គនាយកបានឱ្យដឹងទៀតថា និយាយជាទូទៅមានរដូវខ្ពស់2 សម្រាប់ចាប់ត្រីនៅកម្ពុជា។ ពេលទី1 ត្រីធ្លាក់ក្នុងខែធ្នូ ខណៈពេលមួយទៀតនៅចុងខែមករា។ ​លោកក៏បានប្រាប់​ឱ្យដឹងដែរថា ​ ប្រជានេសាទកំពុងតែ​ប្រមូលផលត្រី​​ជាបន្តបន្ទាប់ ​​ទោះជាពុំទាន់មានលទ្ធផលច្បាស់លាស់ក៏ដោយ​ ក៏ក្នុងឆ្នាំនេះ​លោករំពឹងថា ត្រី​អាចនឺងទទួលបានច្រើនជាងឆ្នាំមុន ហើយលក់ជូនពលរដ្ឋ ក៏អាចនឹងថោកជាងមុន គឺក្នុង​តម្លៃ​600 ទៅ800រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

    សូមជម្រាបថា កាលពីឆ្នាំមុន ត្រីដែលប្រើសម្រាប់លក់ប្រហុក​ត្រូវ​បាន​​លក់ក្នុងតម្លៃ 0.3ទៅ0,5ដុល្លារ(ប្រមាណ1,200 ទៅ2,000រៀលក្នុងមួយគីឡូក្រាម)។ ប្រហុកត្រូវបានផលិតឡើង​ពី​ត្រីតូចៗ ខណៈពេលដែលត្រីធំៗ ត្រូវបានប្រើសម្រាប់ការធ្វើជាត្រីងៀត និងម្ហូបអាហារផ្សេង​ទៀត។

  • Alvarezវាយ​ Fielding ឱ្យសន្លប់​ទឹក​ទី​៣ ឈ្នះ​ខ្សែក្រវាត់​ពិភព​លោក

    Alvarezវាយ​ Fielding ឱ្យសន្លប់​ទឹក​ទី​៣ ឈ្នះ​ខ្សែក្រវាត់​ពិភព​លោក

    កីឡាករ​ប្រដាល់ Saul “Canelo” Alvarez បាន​បង្ហាញពី​ភាពខ្លាំង​របស់​ខ្លួន​ពេល​ជួប​ជាមួយ​នឹង Rocky Fielding ខណៈ​ដែល​រូប​គេ​បាន​ដ​ណ្តើម​ជ័យ​ជម្នះ​ដោយ​ការ​វាយ​ឱ្យ​គូប្រកួត​ស​ន្លប់​ដោយ​បច្ចេក​ទេស​ក្នុង​ទឹក​ទី​3 កាលពីថ្ងៃ​សៅរ៍ (ត្រូវ​នឹង​ព្រឹក​​ថ្ងៃ​​អាទិត្យនៅ​កម្ពុជា) ដើម្បី​​ឈ្នះ​ខ្សែក្រវាត់ WBA ក្នុង​ទម្ងន់​76.2​គីឡូក្រាម នៅលើ​សង្វៀន Madison Square Garden​។

    តារាឆ្នើម​ម៉ិក​ស៊ិក​ វ័យ​ 28​ឆ្នាំ​រូបនេះ ដែល​​ជា​បេក្ខ​ភាព​មាន​​ក្តីស​ង្ឃឹម​ច្រើន​ក្នុង​ការ​ឈ្នះ​​នោះ បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន​ចាប់​តាំងពី​ដើម​ទឹក តាម​រយៈការ​វាយ​ទៅ​លើ​ដង​ខ្លួន និង​ធ្វើ​ឱ្យកីឡាករ​អង់គ្លេស Fielding ដួល​ទៅលើ​សង្វៀន​សរុប​ចំនួន​ 4លើក​។​

    Alvarez ដែល​ធ្វើ​ឱ្យកំណត់ត្រា​ឈ្នះ​របស់​គេកើន​ដល់ 51​លើក ចាញ់​ 1លើក និង​​ស្មើ​ 2លើក​នោះ បាន​បំពេញការ​ទទួល​ជ័យជម្នះ​របស់​គេ​តាម​រយៈការ​​វាយ​​ចំ​គោល​ដៅ​យ៉ាងល្អ​ដើម្បី​ធ្វើ​ឱ្យ Fielding ដួល​លត់​ជង្គង់ ហើយ​លោក​អាជ្ញា​កណ្តាល​បាន​បញ្ចប់​ការ​ប្រកួត​នេះ​តែម្តង​។

    បើ​​ទោះ​បី​មាន​​​កម្ពស់​ខ្ពស់​ជាង និង​មាន​ប្រវែង​ដៃ​​វែង​ជាង​ក៏ដោយ Fielding ដែលមានកំណត់ត្រា​ឈ្នះ​២៧​លើក និង​ចាញ់​២លើក បាន​​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​ក្នុងនាម​ជាកីឡាករ​​មាន​ក្តី​សង្ឃឹម​ឈ្នះ​តិច​តួច​។

    Alvarez ដែលការ​រង​បរា​ជ័យ​ជាលើក​ទី​1 ​របស់​គេ​បាន​​កើត​ឡើង​ក្រោមស្នា​ដៃ​កីឡាករ Floyd Mayweather កាលពីឆ្នាំ​2013​នោះ បាន​បង្ហាញ​​ពីមូលហេតុ​ដែល​រូប​គេ​បានក្លាយ​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភព​លោក​ 3ប្រភេទ​ទម្ងន់​ផ្សេង​គ្នា និង​ធ្វើ​ឱ្យ​ខ្លួន​គេផ្ទាល់​​ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​​ដ៏​កក្រើកមួយ​ទៀត​ជា​មួយ​នឹង​ដៃ​គូ​ប្រកួត​ដ៏​ស័ក្តិ​សម​។

    Alvarez បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​​មាន​អារម្មណ៍​ថា ពិត​ជា​រឹង​មាំ​។ យើង​ធ្វើ​បាន​យ៉ាង​ល្អ ហើយ​ខ្ញុំ​មានអារម្មណ៍​រីក​រាយ​ណាស់​​»​។ កីឡាករ​រូបនេះ​បានបន្ថែម​ទៀត​ថា៖ «យើង​នឹង​រីក​រាយ​ជាមួយនឹង​ជ័យជម្នះ​នេះ និង​រាល់​អ្វី​ៗ​ដែល​យើង​បាន​ធ្វើ​សម្រេច​​ក្នុង​ឆ្នាំ​2018 ហើយ​បន្ទាប់​មក យើង​នឹង​គិត​ពីអ្វី​ដែល​នឹង​​ត្រូវ​ធ្វើតទៅទៀត​»​៕

    ប្រភព​ពី៖ Channel News Asia

  • Liverpool ផ្តួល Man Utdដើម្បី​​ដណ្តើម​លេខ​ 1 ​លើ​តារាង Premier League មក​វិញ

    Liverpool ផ្តួល Man Utdដើម្បី​​ដណ្តើម​លេខ​ 1 ​លើ​តារាង Premier League មក​វិញ

    ការ​ស៊ុត​បាល់​ផ្លាត​ចូល​ទី​ 2គ្រាប់​របស់​ខ្សែ​បម្រើ XherdanShaqiri បាន​ជួយ​ឱ្យក្រុម Liverpool យកឈ្នះ​លើក្រុម Manchester United ក្នុងការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League ជាលើក​ទី​1​ក្នុង​ចំណោម​ការជួប​គ្នា​9​លើក ខណៈ​ដែល​ក្រុម​របស់​លោក Jurgen Klopp បាន​វិល​ទៅ​ឈរ​លើ​កំពូល​តា​រាង​វិញ តាមរយៈ​ការ​ដណ្តើម​បាន​ជ័យជម្នះ 3-1 នា​កីឡដ្ឋាន Anfield កាលពីថ្ងៃ​អាទិត្យ​។

    លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Man United បាន​​អះ​អាង​នៅ​មុន​ពេល​ការ​ប្រកួត​​ថា កំពុង​​​នាំ​មុខ​លើ​តារាង​លីក​មួយ​នេះ ជួប​សំណាង​របស់​ពួក​គេ​​នៅ​រដូវ​កាល​នេះ ប៉ុន្តែ បើ​ទោះ​បី​មាន​សំណាង​ទៅលើ​គ្រាប់​បាល់​ 2​គ្រាប់​​របស់​កីឡាករ​បម្រុង Shaqiri នៅ​រយៈពេល​ 17​នាទី​ចុង​ក្រោយ​ក៏ដោយ ប៉ុន្តែក្រុម​ភ្ញៀវពិត​ជាមិន​ស័ក្តិ​សម​ទទួល​បាន​លទ្ធផល​ក្រៅទឹកដី​គឺការ​រង​បរា​ជ័យ​ជាលើក​ទី​5 ​នៅ​រដូវ​កាល​នេះ​ឡើយ​។

    Liverpool បាន​ឡើង​ឈរ​ពី​លើ​ក្រុម Manchester City ដើម្បី​វិល​ទៅ​កាន់​កំពូល​តារាង​វិញ ដោយ​នាំ​មុខ​ 1ពិន្ទុ ប៉ុន្តែនាំ​មុខ​ដល់​ទៅ​ 19​​ពិន្ទុ​លើ​ក្រុម Man United ដែល​នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​6 និង​ដេញ​តាម​ពីក្រោយក្រុម​ស្ថិត​​ក្នុង​ចំណាត់​ថ្នាក់​លេខ​4 ចំនួន​ 11ពិន្ទុ​។

    លោក Mourinho បាន​ឱ្យ​ដឹង​ថា៖ «កីឡាករ​បាន​ប្រឹង​អស់​ពី​សមត្ថភាព ហើយ​នៅពេល​ដែលពួក​គេ​​ផ្តល់​រាល់​នូវ​អ្វី​ៗ​ទាំង​អស់ ខ្ញុំ​មិន​​ដែល​ខក​ចិត្ត​ជាមួយ​នឹង​ពួកគេ​ឡើយ​។ ខ្ញុំ​មាន​អារម្មណ៍​​ល្អ​ចំពោះ​ពួក​គេ ពួក​គេ​​លេង​​ជាមួយ​នឹង​គុណ​ភាព​របស់​គេ ដូច​គូ​ប្រកួត​របស់​យើងដែល​លេង​ក្នុង​គុណ​ភាព​របស់​ពួកគេដែរ​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ប៉ុន្តែ ក្រុម Liverpool មាន​ល្បឿន​លឿន​ មាន​ភាព​រឹង​មាំ និង​ខ្លាំង​ផ្នែក​រាង​កាយ​។ ពួក​គេ​គ្រប់គ្រង​ការលេងយ៉ាងល្អ​ក្នុង​ពេល​មាន​បាល់ និង​គ្មាន​បាល់​»​​៕

    ប្រភព​ពី៖ Channel News Asia