Category: សង្គម និងសេដ្ឋកិច្ច

  • នាយ ក្ដឹប ធ្លាក់ខ្លួនឈឺកាន់តែខ្លាំង ស្គមស្គាំងមិនចង់ស្គាល់

    នាយ ក្ដឹប ធ្លាក់ខ្លួនឈឺកាន់តែខ្លាំង ស្គមស្គាំងមិនចង់ស្គាល់

    ថ្មីនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់កូនស្រីរបស់អតីតតារាកំប្លែងល្បីឈ្មោះ នាយ ក្ដឹប បានបង្ហោះរូបភាពស្ដែងប្រាប់ពីស្ថានភាពជំងឺរបស់ឪពុក មានសភាពស្គមស្គាំង ដេកនឹងកន្ទេល ។ នេះមួយខែសោះ ដោយលោកជំងឺប្រចាំកាយ ទឹកក្នុងសួត ជំងឺ​បេះដូង ​ដាច់សរសៃ​ឈាម ហើយស្លាប់​មួយ​ចំហៀង​ខ្លួន​ទៀត។ ហើយស្ថានភាពពេលនេះដែរនាយក្ដឹប ប្រែប្រួល សម្រាន្ត​មិន​លក់ ​គេង​និង​អង្គុយ​មិន​បាន​យូរ ជាពិសេសនោះមិនសូវហូបអាហារបាន ដែលធ្វើឱ្យលោក ធ្លាក់ខ្លួនស្គម ​មើល​មិន​ចង់​ស្គាល់។

    តាមរយៈការបង្ហោះវីដេអូ live ពីស្ថានភាព​ជំងឺ​តារា​កំប្លែង​នាយ​ក្ដឹប ដែលកំពុងសម្រាកលើកន្ទេលនោះ មើលទៅពិតគួរអាណិតអាសូរ ដល់នាយណាស់ ធ្លាប់តែជាតារាកំប្លែងជើងចាស់មួយរូប ក៏ប៉ុន្ដែខណៈនេះក្រុមគ្រួសារលោក កំពុងខ្វះខាតថវិកាដើម្បីព្យាបាលជំងឺ ដល់ថ្នាក់បង្ខំចិត្តលើកដៃសុំជំនួយដល់សិល្បករ-សិល្បការិនីទាំងអស់ ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យជួបមេត្ដាស្រោចស្រង់អាយុជីវិតស្វាមីខ្លួនផង ព្រោះពេលនេះជំងឺរបស់លោក កំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភខ្លាំង៕

    ទស្សនាវីដេអូខាងក្រោម៖

  • លោក ថៃ នរៈ​សត្យា និយាយរឿងឧទ្ទិស​បុណ្យ​កុសលជូនតារាកូរ៉េ គឺជា​សន្តាន​ចិត្ត​របស់​ពួកគេ

    លោក ថៃ នរៈ​សត្យា និយាយរឿងឧទ្ទិស​បុណ្យ​កុសលជូនតារាកូរ៉េ គឺជា​សន្តាន​ចិត្ត​របស់​ពួកគេ

    មុននេះគេមើលឃើញថា តារាចម្រៀង ម៉ៃ សុគន្ធ ដែលជាធ្លាប់ជាអ្នកគាំទ្រក្រុមតារាចម្រៀង SHINEE បានចេញសារពន្លះទៅកាន់អាចារ្យធំវិញម្ដង ដោយថា បើកភ្នែកនិងបើកខួរមើលផង អ្នករិះគន់ តារា SHINee or Kpop គាត់បានបរិច្ចាកអីខ្លះដល់កម្ពុជានិងកុមារកំព្រាកាលពីឆ្នាំ2010 គាត់ផ្តល់ជំនួយឥតសំណង 10000ដុល្លារ ទៅដល់មូលនិធិកុមារកម្ពុជា តើលុយ10000$ កាលពី8ឆ្នាំមុនរបស់គាត់ទុកជាអសាបង់មែន ?

    ត្រឹមតែធ្វើបុណ្យរំលឹកគុណ បាយមួយស្រាក់ តេយ្យទាន បុណ្ណឹងខុសមែន ហើយស្មើទំហំលុយរបស់គាត់ទេ !?(បើ10000$ដាក់ធនាគារក៏ស៊ីការប្រាក់សល់លើសអាលុយធ្វើបុណ្យនេះផង) តែក្មេងគាត់ដឹងគុណតើខុសរឺ!? សាសនាព្រះពុទ្ធប្រកាន់ពូជសាសន៍មែន!?លោកអាចារ្យ តែថេះ ដែលបរិច្ចាក10000$ហើយរឺនៅ !? ទើបដៀលក្មេងៗកប់ៗមាត់ហ្នឹង។

    ក្រោយពីអ្នកគាំទ្រខ្មែរមួយក្រុមបានយកចង្ហាន់និង​តេយ្យទាន​មួយចំនួន ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ជូន​វិញ្ញាណក្ខន្ធ​លោក Kim Jonghyun ស្រាប់តែកើតមានរឿងចម្រូងចម្រាស់នេះតែម្ដងទៅ។ ដោយឡែកថ្មីនេះៗមន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈក៏បានគិតថាជារឿងមិនខុស​ឆ្គងផងដែរ។​ លោក ថៃ នរៈ​សត្យា បានប្រាប់សារព័ត៌មានក្នុងស្រុកថា «​វា ជា​សន្តាន​ចិត្ត​របស់​ពួកគេ​ គេអាច​ប្រើ​ចំណង់​ចំណូល​ធ្វើបាន បើ​គេ​ស្រឡាញ់​គាំទ្រ​តារា​ណា​ម្នាក់​។ ពួកយើង មិនអាច​បន្ទាស​ពួកគាត់​បានឡើយ ដោយសារតែ​វា​ជា​អំពើ​មនុស្សធម៌​។ ជួនណា គេ​អាចធ្វើ​ទង្វើ​នេះ ទៅ​ដាក់​តារា​ខ្មែរ​ផងដែរ​។ ប្រសិនបើ​គេ​ធ្វើ​ទង្វើ​នេះ​មកលើ​តារា​ខ្មែរ​ទៀត ក៏​ជា​ការល្អ​ដែរ​»​។ លោកក៏បានបន្ថែមថា សកម្មភាពនោះវាមិនខុសក្រមសីលធម៌នោះទេ គ្រាន់តែពួកគេមានសន្តានចិត្ត​៕

  • មិនសរសើរមិនបាន !! រំដួលលិចទឹក ខ្នះខ្នែងផលិតកម្មវិធី បវរកញ្ញាឯកភពផែនដីកម្ពុជា

    មិនសរសើរមិនបាន !! រំដួលលិចទឹក ខ្នះខ្នែងផលិតកម្មវិធី បវរកញ្ញាឯកភពផែនដីកម្ពុជា

    ទោះគ្រាន់តែជាតារាមួយរូប និងមិនមែនជាក្រុមហ៊ុនដែលមានបង្អែកហិរញ្ញវត្ថុខ្លាំងក្លា តែតារាភេទទី3 កញ្ញា រំដួលលិចទឹក បានអះអាងថា កញ្ញានឹងផលិតកម្មវិធី បវរកញ្ញាឯកភពផែនដីកម្ពុជា ជំនាន់ទី1 ឬ Miss Planet Cambodia 2019 ឱ្យបានល្អ ដើម្បីស្វែងរកបេក្ខនារីម្នាក់ឱ្យតំណាងប្រទេស ទៅប្រកួតក្នុងព្រឹត្តិការណ៍ Miss Planet International ដែលនឹងធ្វើឡើងនៅកម្ពុជាខាងមុខដូចគ្នា។ នេះជាព្រឹត្តិការណ៍ប្រកួតបវរកញ្ញា ភពផែនដីដំបូងគេដែលពិភពទើបបង្កើតឡើង ហើយផ្ដល់សិទ្ធិឱ្យកម្ពុជាបើកការជ្រើសរើសតំណាងមួយរូប កញ្ញា រំដួលលិចទឹក ត្រូវបានគណកម្មការអន្តរជាតិផ្ដល់សិទ្ធិឱ្យរៀបចំ។

    កញ្ញា រំដួលលិចទឹក និយាយថា ដោយសារតែកេរ្តិ៍នៅក្នុងវិថីសិល្បៈ ទើបធ្វើឱ្យគណកម្មការបវរកញ្ញាភពផែនដី ជំនាន់ទី1 ទាក់ទងឱ្យនាងជួយរៀបចំពនរឹត្តិការណ៍នេះ ដោយនាងភ័យអរៗយ៉ាងខ្លាំង ខ្លាចមិនអាចទៅរួច សម្រាប់ការជ្រើសរើសដ៍ធំមួយនេះ។ យ៉ាងណាមិញនាងនៅតែអាចធ្វើទៅបាន ដោយបានរកឃើញបេក្ខនារីស័ក្តសម ឱ្យចូលរួមប្រកួតប្រជែង ដោយកញ្ញា ទើបនឹងជម្រើសបាន ហើយបើកបង្ហាញសមាសភាពក្រោយជម្រុះទាំងនោះកាលពីរសៀលថ្ងៃទី17 ខែធ្នូ កន្លងទៅ។ នាងថាខ្លួនគ្មានខ្នងបង្អែកនោះទេ ហើយក៍គ្មានទំនាក់ទំនងស្នើឱ្យក្រុមហ៊ុនធំៗចូលរួមឧបត្ថម្ភនោះដែរ ប៉ុន្តែនាងនឹងធ្វើព្រឹត្តិការណ៍មួយនេះឱ្យខ្លាំង បើទោះជាមានកិច្ចសហការឧបត្ថម្ភពីដៃគូមិនច្រើន។ នាងរំពឹងថា បេក្ខនារីមួយរូប ដែលត្រូវជម្រើសបានពីកម្មវិធីដំបូងនេះ នឹងមានសមត្ថភាពលើកមុខលើកមាត់កម្ពុជា ក្នុងព្រឹត្តិការណ៍ Miss Planet International ដែលរៀបចំនៅកម្ពុជា ក្នុងពេលខាងមុខ ហើយមានបវរកញ្ញាទូទាំងពិភពលោក មកចូលរួមប្រកួតនោះផង។

    គួរបញ្ជាក់ផងដែរថា គោលបំណងនៃការបង្កើតនូវកម្មវិធី ប្រកួតកញ្ញាឯកភពផែនដីកម្ពុជា 2019 ឬ Miss Planet Cambodia 2019 ដើម្បីជ្រើសរើសកញ្ញាឯក ដែលមានភាពស្រស់ស្អាត វៃឆ្លាត និងមានចំណេះដឹង ព្រមទាំងមានការទាក់ទងទៅនឹង សិល្បៈវប្បធម៌ជាតិ ដើម្បីតំណាងប្រទេសកម្ពុជា ដែកព្រឹត្តិការណ៍នេះ កន្លងមកច្រៀនតែក្រុមហ៊ុនរៀបចំធំៗ ទើបអាចធ្វើបាន។ អ៊ីចឹងហើយទើបរំដួលលិចទឹក កំពុងធ្វើឱ្យម្នាក់កោតសរសើរ ចំពោះអ្វីដែលនាងអាចធ្វើបាននៅក្នុងពេលនេះ។ ការប្រកួតទាំងមូល ក៍ផ្តោតលើការថែរក្សាបរិស្ថាន ធម្មជាតិ សិល្បៈវប្បធម៌ និងកិច្ចការងារសង្គមផងដែរ៕

  • ម៉ៃ សុគន្ធ ធ្វើឱ្យអ្នកគាំទ្ររំជួលចិត្ត ពន្លះអាចារ្យតែថេះរឿងរិះគន់ក្មេងៗគាំទ្រ និងធ្វើបុណ្យជូនតារាចម្រៀងកូរ៉េ

    ម៉ៃ សុគន្ធ ធ្វើឱ្យអ្នកគាំទ្ររំជួលចិត្ត ពន្លះអាចារ្យតែថេះរឿងរិះគន់ក្មេងៗគាំទ្រ និងធ្វើបុណ្យជូនតារាចម្រៀងកូរ៉េ

    កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសបុកគឺមានភាពកក្រើកយ៉ាងខ្លាំង ដោយយុវតីមួយក្រុមបានយកចង្ហាន់ថ្វាយព្រះសង្ឃបង្សុកូលឧទ្ទិសកុសលជូនតារាកូរ៉េ Jong-hyun នឹងជាអ្នកនិពន្ធបទចម្រៀង ដ៍ល្បីនៅក្នុងផលិតកម្ម SM Entertainment នៃប្រទេសកូរ៉េ។ ដោយសារតែចិត្តស្រលាញ់ និងគាំទ្រតារាកូរ៉េយ៉ាងពន់ពេកនោះ ពួកគេក៏បាននាំគ្នា យកចង្ហាន់ទៅប្រគេនព្រះសង្ឍនៅឯវត្ដ មុនីច័ន្ទរង្សី លេខ1 ដោយមានគ្រឿងតេយ្យទាំង ប៉ាឡុង គ្រឿងភេសជ្ជៈ ផ្កា និងបច្ច័យមួយចំនួនទៀត ដើម្បីឧទិសកុសលផលបុណ្យ ជូនតារាកូរ៉េរូបនេះ ។

    ក្រោយពីយុវតីមួយក្រុមនោះបាន ឧទ្ទិសកុសល ជូនទៅតារាកូរ៉េខាងលើហើយ មានសារព័ត៌មានមួយចំនួន បានចេញផ្សាយដោយការហួសចិត្ត និងធ្វើឱ្យមហាជនជាច្រើនមានការិះគន់យ៉ាងខ្លាំង ទៅលើទង្វើដែលក្មេងស្រីមួយក្រុមនោះ។ មិនយូរប៉ុន្មានស្រាប់តែពេលនគណនីហ្វេសឈ្មោះ Ngoun Chan Raksa បានឆាតទៅផេកសម្តេចសួរអំពីផ្លូវច្បាប់ថា «ត់ទោស! សម្តេចតេជោ ហ៊ុន សែន នាងខ្ញុំមានចម្ងល់បន្តិចបន្តួចទាក់ទងនឹង សិទ្ធរបស់ បុគ្គល នឹងការហាមឃាត់របស់ប្រទេស សុំ មេត្តាជួយ បក ស្រាយឱ្យនាងខ្ញុំបានអស់ចម្ងល់បន្តិច។ តើប្រទេស យើងមានច្បាប់ហាមឃាត់ មិនអោយគំាទ្រ តារាបរទេស ឬក៏ គំាទ្រ Kpop ដែរឬទេ? ហើយតើប្រទេសយើងមានច្បាប់ហាមឃាត់មិនឱ្យធ្វើបុណ្យ ឧទ្ទិសកុសលជូនដូនតារាបរទេសដែរឬទេ? សូមមេត្តាបកស្រាយឱ្យនាងខ្ញុំបានអស់ចម្ងល់ក៏ដូចជា…..!!»។

    មិនយូរប៉ុន្មានដែរ អាចារ្យធំ ដែលតែងតែតាំងខ្លួនជាអ្នកស្នេហាវប្បធម៌ និងជាអ្នកបំផុសគំនិតនាំយកតួល្ខោនខោលលុតជង្គង់នៅលើថ្នល់សុំក្ដីអាណិត បានចេញសារហួសចិត្តពេក និងធ្វើការឡាយ ( Live) វីដេអូ និយាយប្រដៅទៅកាន់យុវតីទាំងនោះ ជាពិសេសគឺគណនី Ngoun Chan Raksa ដែលបានឆាតទៅសម្តេចតេជោ ដែលថាជារឿងគ្មានប្រយោជន៍សម្រាប់ជាតិទាល់តែសោះ បែរជារំខានទៅដល់សម្តេចដែរ។ អាចារ្យធំ បានសរសេរថា « ម្ចាស់អាខោនឈ្មោះ #NgounChanRaksa បានប្រើសំនេរប្រមាថជាតិខ្មែរ ប្រជាពលរដ្ឋខ្មែរថា #សត្វBodia គឺជាការប្រមាថដ៏ធ្ងន់ធ្ងរ រំលោភដល់ច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិគឺស្មើនឹងទោស #ក្បត់ជាតិ ។ #ពូជខ្មែរជាពូជសាងអង្គរមិនមែនសត្វទេមេក្មេងទំនើង។ សូម​ អជ្ញាធរ និង ក្រសួងពាក់ព័ន្ធ ត្រូវមានចំណាត់ការ ចំពោះបុគ្គល Ngoun Chan Raksa ដែលបានប្រើពាក្យប្រមាថដល់ប្រជាជាតិខ្មែរ ដែលប្រើពាក្យ (#សត្វBodia) នេះជាបន្ទាន់។ យើងខ្ញុំជាប្រជាពលរដ្ឋសញ្ជាតិឈាមជ័រជាខ្មែរ មិនអាចទទួលយកបានជាដាច់ខាត ហើយកំពុងទន្ទឹងរង់ចាំចំពោះចំណាត់ការរបស់អាជ្ញាធរលើករណីនេះដោយយកចិត្តទុកដាក់បំផុត»។

    បន្តមកទៀត តារាចម្រៀង ម៉ៃ សុគន្ធ ដែលជាធ្លាប់ជាអ្នកគាំទ្រក្រុមតារាចម្រៀង SHINEE បានចេញសារពន្លះទៅកាន់អាចារ្យធំវិញម្ដង ដោយថា បើកភ្នែកនិងបើកខួរមើលផង អ្នករិះគន់ តារា SHINee or Kpop គាត់បានបរិច្ចាកអីខ្លះដល់កម្ពុជានិងកុមារកំព្រាកាលពីឆ្នាំ2010 គាត់ផ្តល់ជំនួយឥតសំណង 10000ដុល្លារ ទៅដល់មូលនិធិកុមារកម្ពុជា តើលុយ10000$ កាលពី8ឆ្នាំមុនរបស់គាត់ទុកជាអសាបង់មែន ?ត្រឹមតែធ្វើបុណ្យរំលឹកគុណ បាយមួយស្រាក់ តេយ្យទាន បុណ្ណឹងខុសមែន ហើយស្មើទំហំលុយរបស់គាត់ទេ !?(បើ10000$ដាក់ធនាគារក៏ស៊ីការប្រាក់សល់លើសអាលុយធ្វើបុណ្យនេះផង) តែក្មេងគាត់ដឹងគុណតើខុសរឺ!? សាសនាព្រះពុទ្ធប្រកាន់ពូជសាសន៍មែន!?លោកអាចារ្យ តែថេះ ដែលបរិច្ចាក10000$ហើយរឺនៅ !? ទើបដៀលក្មេងៗកប់ៗមាត់ហ្នឹង។ ស៊ែរឱ្យអាចារ្យ តែថេះ បានឃើញផង។

    ការលើកឡើងរបស់តារាចម្រៀង ម៉ៃ សុគន្ធ នៅខណៈនេះ បានធ្វើឱ្យអ្នកគាំទ្រជាច្រើននាក់ ពោលគាំទ្រនូវសម្ដីរបស់លោក ដោយខ្លះថា ការធ្វើបុណ្យដាក់ទានប្រគេនចង្ហាន់ព្រះសង្ឃវាជាសន្តានចិត្តបុណ្យរបស់មនុស្សយើងជាទូទៅ ជាការពេញចិត្តជាការតបស្នងសងគុណនៃក្តីគោរពស្រលាញ់ដល់បុគ្គលណាម្នាក់ដែលចែកឋានទៅ ។ ហើយទោះជាអ្នកនោះជាញាតិ ឬមិនមែនក៏ដោយ ក៏គ្រប់គ្នាធ្វើបានគ្រប់គ្នាដែរ ហើយសាសនាព្រះពុទ្ធក៏មិនបានប្រកាន់ជាតិសាសន៍ឬណាមួយដែរ មេត្តាគ្រប់គ្នាយល់ពីបុណ្យកុសលនេះផង។

    ចុះប្រិយមិត្តទាំងអស់គ្នាយល់យ៉ាងណាដែរ ???

  • គម្រោង​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ ជា​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា

    គម្រោង​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ ជា​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន និង​ពាណិជ្ជកម្ម​ប្រទេស​កម្ពុជា

    ចិន​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការតភ្ជាប់​ប្រទេស​ចិន​មក​កម្ពុជា និង​បង្កើន​ការតភ្ជាប់​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​នៅក្នុង​តំបន់​អាស៊ី និង​នៅ​ទូទាំងពិភពលោក​តាមរយៈ​គោលនយោបាយ​កម្មវិធី​ខ្សែក្រវាត់ និង​ផ្លូវ (Belt and Road Initiative – BRI)។

    ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​នៅក្នុង​វេទិកា Belt and Road Initiative BRI and etradeថា គម្រោង​ដឹកជញ្ជូន​ដ៏​ធំធេង​របស់​ចិន​នឹង​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ជាការ​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន។ ឯកឧត្តម​រដ្ឋមន្ត្រី​បានបន្តថា BRI អាច​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម និង​ការតភ្ជាប់ “ការតភ្ជាប់ គឺមាន​សារៈសំខាន់​នេះ គឺជា​ហេតុផល​ដែល​យើង​ត្រូវ​ចូលរួម​នៅក្នុង BRI ដើម្បី​ទទួលបាន​ផលប្រយោជន៍​កាន់តែ​ប្រសើរ​ពីការតភ្ជាប់​នេះ”។

    គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​គំនិត​ផ្តួចផ្តើម​មួយ​ដែល​ស្នើឡើង​ដោយ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង​ក្នុង​ឆ្នាំ2013 គឺជា​ការខិតខំ​ប្រឹងប្រែង​មួយ​ដើម្បី​បង្កើត​ខ្សែបណ្តាញ​ពាណិជ្ជកម្ម និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន​ដែល​ផ្តោតលើ​អាស៊ី អឺរ៉ុប​និង​អាហ្វ្រិក​តាម​បណ្តោយ​ផ្លូវ​បុរាណ​នៃ​ផ្លូវ​សូត្រ។

    ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់​នៅក្នុង​សុន្ទរកថា​របស់លោក​ថា៖ “គម្រោង​BRI នឹង​នាំមក​នូវ​អត្ថប្រយោជន៍​ដល់​គ្រប់​ប្រទេស​ដែល​បាន​ចូលរួម ហើយ​វា​មាន​សក្តានុពល​ក្នុងការ​ភ្ជាប់​ពិភពលោក​ទាំងមូល” ។

    ឯកឧត្តម​បានបញ្ជាក់​ទៀតថា រាជរដ្ឋាភិបាល​បានចាត់ទុក​វា​ជា​អាទិភាព​មួយ​ដើម្បី​ធ្វើឱ្យ​វិស័យ​ដឹកជញ្ជូន​មានការ​ប្រកួតប្រជែង ប្រសិទ្ធភាព តម្លាភាព និង​តម្លៃ​សមរម្យ​ដើម្បី​ជំរុញការអភិវឌ្ឍ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅក្នុង​ព្រះរាជាណាចក្រ។

    លោកស្រី Pauline Tamesis អ្នកតំណាង​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​បាន​ថ្លែង​ទៅកាន់​វេទិកា​ថា៖ “BRI បាន​បង្កើត​នូវ​ឱកាស​អភិវឌ្ឍន៍ថ្មីៗដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​កម្ពុជា”។ លោកស្រី​បាន​រៀបរាប់​ពី​គម្រោង​នេះ​ថា ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​មាន​មហិច្ឆតា​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កិច្ចសហប្រតិបត្តិការ និង​ការតភ្ជាប់​តាម​តំបន់ ហើយ​បច្ចុប្បន្ន​មាន​ប្រទេស​ជាង 100បាន​ចូលរួម​នៅក្នុង​កិច្ចការ​ផ្លូវ​សូត្រ​ដែល​បាន​បំផុសគំនិត​រួចហើយ​នេះ។

    លោកស្រី Tamesis បាន​និយាយថា តាមរយៈ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ និង​ការជំរុញ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​អាច​នាំទៅរក​ការគាំទ្រ​សកម្មភាព​ផលិតភាព ការបង្កើត​ការងារ​សមរម្យ ភាពជា​សហគ្រិន ភាព​ច្នៃប្រឌិត និង​ការច្នៃប្រឌិត។

    សូមបញ្ជាក់ថា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​ការតភ្ជាប់​ជាមួយ​ប្រទេស​ចិន​នៅតែមាន​ឧបសគ្គ តែ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា​ឥឡូវនេះ​បាន​ភ្ជាប់​ទៅ BRI ហើយ ប៉ុន្តែ​នៅក្នុង​លក្ខខណ្ឌ​ទាំង​មូលនៃ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ប្រទេស​កម្ពុជា​នៅ​មិនទាន់​រួចរាល់​ទេ។

    ប្រទេស​កម្ពុជា​ត្រូវខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម​អេឡិចត្រូនិក​រវាង​ប្រទេស​ចិន និង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍។ ការណ៍​នេះ​នឹង​អនុញ្ញាតឱ្យ​ពាណិជ្ជកម្ម​មាន​លំហូរ​ចូល​ច្រើន​ពី​ប្រទេស​ទាំងនេះ និង​អាចបង្កើត​នូវ​ការងារ​ផងដែរ។

    គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​គឺជា​កម្លាំង​ពិភពលោក​ថ្មី​នៃ​សន្តិភាព ស្ថិរភាព និង​ភាពសុខដុមរមនា។ បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​ក្នុងការ​ចូលរួម​គំនិត​ផ្តួចផ្តើម​គំនិត​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នេះ។ កម្ពុជា​ជា​ប្រទេស​គាំទ្រ​ខ្លាំង​បំផុត​មួយ​ចំពោះ​គំនិត​ផ្តើមគំនិត​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​នេះ ដោយសារ​ទទួលបាន​នូវ​ឱកាស​ផ្នែក​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ពី​គំនិត​ផ្តួចផ្តើម​នេះ។ មិន​ត្រឹមតែ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប្រទេសនីមួយៗក៏មាន​សិទ្ធិ​ទទួលផល​ប្រយោជន៍​ពី ​BRI ដូចគ្នា។

    ឯកឧត្តម លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែង​ពី​យុទ្ធសាស្ត្រ​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​ថា គឺជា​បំណង​កំណត់​នូវ​វិស័យ​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្តា​ប្រទេស​នៅតាម​បណ្តោយ​ផ្លូវ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​នៅក្នុង​តំបន់​អាស៊ី​កណ្តាល អាស៊ី​ខាងលិច អាស៊ី​ខាងត្បូង ប្រទេស​រុស្សុី ទ្វីបអឺរ៉ុប តាម​ឈូង​សមុទ្រ​ពែ​ក្សតាម​មហាសមុទ្រ​ឥណ្ឌា និង​ទៅ​ថ្ងៃ​អនាគត​ទៅដល់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក តាមរយៈ​ការតភ្ជាប់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​កំពង់ផែ។

    សម្រាប់​កម្ពុជា ទំនាក់ទំនង និង​ការអភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​ផលប្រយោជន៍​ជាតិ​ដ៏​សំខាន់។ ដោយ​ក្តីសង្ឃឹម​ខ្ពស់​ថា ចិន​នឹង​ជួយ​កម្ពុជា​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់ ផ្លូវ​រថភ្លើង​ អាកាសយានដ្ឋាន កំពង់ផែ​សមុទ្រ វា​រី​អគ្គិសនី និង​តំបន់​សេដ្ឋកិច្ច ឬ​ឧស្សាហកម្ម​ពិសេស។ សកម្មភាព​ទាំងនេះ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ​លើ​ភ័ស្តុភារ ពង្រីក​ការប្រកួតប្រជែង​សេដ្ឋកិច្ច និង​ប្រភព​នៃ​កំណើនសេដ្ឋកិច្ច។ តាម​ការប៉ាន់ស្មាន កម្ពុជា​ត្រូវការ​ធនធាន​ប្រមាណ 600លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ”៕

  • ទីផ្សារ​ខុន​ដូហាក់​ស្ងប់ស្ងាត់​តែ​អ្នកជំនាញ​នៅតែមាន​សុទិដ្ឋិនិយម​នៅ​ឆ្នាំ​បន្ទាប់

    ទីផ្សារ​ខុន​ដូហាក់​ស្ងប់ស្ងាត់​តែ​អ្នកជំនាញ​នៅតែមាន​សុទិដ្ឋិនិយម​នៅ​ឆ្នាំ​បន្ទាប់

    ស្រប​ពេលដែល​ការផ្គត់ផ្គង់​ខុនដូ មាន​កំណើន​កាន់តែច្រើនឡើងៗ បានធ្វើឱ្យ​តម្រូវការ​ទីផ្សារ​ហាក់​មានការ​ថយចុះ​នៅ​រយៈពេល​ចុងក្រោយ​នេះ ប៉ុន្តែ​ទោះជា​ដូច្នេះ​អ្នកជំនាញ​នៅតែមាន​សុ​ទិដ្ឋិ​យម​ថា ទីផ្សារ​ខុនដូ​នឹងមាន​តម្រូវការ​កើនឡើង​វិញ​នៅ​ឆ្នាំ​ខាងមុខ ខណៈដែល​វិនិយោគិន​បរទេស ចូលមក​បណ្តាក់ទុនរ​ក​ស៊ី​នៅ​កម្ពុជា​កាន់តែច្រើនឡើង។

    លោក ប៉ូ អ៊ាង​គង់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ADVANCE REAL ESTATE មានប្រសាសន៍ថា បើ​រំឭក​ទៅដល់​រយៈពេល2ឆ្នាំមុន សកម្មភាព​ទិញ​លក់​បន្ទប់​ខុនដូ​មានការ​កើនឡើង​ខ្លាំង​នៅ​ឡើ​យទីផ្សារ ប៉ុន្តែ​នៅ​រយៈពេល2ចុងក្រោយ​នេះ តម្រូវ​ការទិញ​ខុនដូ​ហាក់​មានការ​ថយ​ថុះ ដោយសារ​ការសាងសង់​សំណង់​ខុនដូ​ឬ​ការ​ផ្គង់​ផ្គង់​អគារ​ខុនដូ មានការ​កើនឡើង​ខ្លាំង​នៅលើ​ទីផ្សារ ពិសេស​បន្ទប់​ខុនដូ​មានតម្លៃ​ថ្លៃ​ចាប់ពី2,500ដុល្លារ​ឡើងទៅ​ក្នុង​មួយ​ម៉ែត្រការ៉េ។ ម្យ៉ាងទៀត​សកម្មភាព​ស្ងាត់​នេះ គឺ​ដោយសារ​អ្នករកស៊ី​ទិញ​បន្ទប់​ខុនដូ ដើម្បី​ទុក​លក់​យកប្រាក់​ចំណេញ​ត្រឡប់មកវិញ អាច​ជួប​បញ្ហា​រាំងស្ទះ​ទីផ្សារខ្លះៗ ខណៈដែល​ការ​ផ្គត់ផ្គង់​សំណង់​អគារ​ខុនដូ​នេះ​ចេះតែ​កើន​ឡើងជា​បន្តបន្ទាប់។

    លោ​កថា​ កាលពី​អំឡុង​2​ឆ្នាំមុន ​វិនិយោគិន​ជា​ជនជាតិ​សឹង្ហ​បុរី និង​ជនជាតិ​ម៉ាឡេស៊ី​បាន​ចូលមក​បណ្តាក់ទុន​រក​ស៊ី​សហការ​ជាមួយ​វិនិយោគិន​ខ្មែរ ភាគច្រើន​សាងសង់​សំណង់​ខុនដូ មានតម្លៃ​មធ្យម​ក្នុង​មួយ​ម៉ែត្រការ៉េ​មានតម្លៃ​ប្រហែល 1,500ដុល្លារ ដែលជា​ហេតុ​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​ក្នុងស្រុក ក៍​ដូចជា​ជនបរទេស​មួយចំនួន មាន​ល​ទ្ធភាព​ក្នុង​ការទិញ​សម្រាប់​ស្នាក់នៅ​ឬ​ទុក​ជួល-លក់​បន្ត ប៉ុន្តែ​ស្របពេល​ដែល​វិនិយោគិន​ចូលមក​វិនិយោគ​លើ​វិស័យនេះ ពួកគេ​សាងសង់​សំណង់​ខុនដូប្រណីតៗ សម្រាប់​លក់​ក្នុងតម្លៃ​ខ្ពស់​មួយ​ម៉ែត្រការ៉េ​តម្លៃ​ជា​មធ្យម​ប្រម​ណ​ជា 2,500ដុល្លារ ជា​កត្តា​ធ្វើឱ្យ​ប្រជាជន​ខ្មែរ ក៍​ដូចជា​ជនបរទេស​មួយចំនួន​ជួប​ការលំបាក ក្នុង​ការទិញ​សម្រាប់​រស់នៅ​ឬ​សម្រាប់​លក់​យកប្រាក់​ចំណេញ​បន្ត។ តែ​ទោះជា​យ៉ាងណា ការសាងសង់​សំណង់​ខុនដូ​របស់​វិនិយោគិន​ចិន គេ​រំពឹងថា​នឹងមាន​តម្រូវការ​ទីផ្សារ​នៅ​ឆ្នាំ​បន្ទាប់ ខណៈ​អ្នកវិនិយោគ​បរទេស ពិសេស​ជនជាតិ​ចិន​ចូលមក​បណ្តាក់ទុន​រក​ស៊ី​នៅ​កម្ពុជា​កាន់តែច្រើនឡើង។

    ជាមួយគ្នានេះ​អ្នកនាង អាន សុធី​តា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​មានប្រសាសន៍​ថា គ្មានអ្វី​គួរឱ្យកត់សម្គាល់​នោះទេ ជាធម្មតា​បច្ចុប្បន្ន​សំណ​ង់​ខុនដូ​ជាច្រើន​នៅ​មិនទាន់​បញ្ចប់​ការសាងសង់​របស់ខ្លួន​នៅឡើយហើយ​ខ្លះ​ក៍​មិនទាន់​ដាក់លក់​នៅលើ​ទីផ្សារ​ពេញលេញ​នៅឡើយ ដែលជា​ទូទៅ នៅពេលណា​សំណង់​កំពុងសាងសង់ តម្រូវការ​ទីផ្សារ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​បន្តិច។ អ្នកនាង​បន្តថា​ តម្រូវការ​បន្ទប់​ខុនដូ​នឹងមាន​សម្ទុះ​កើនឡើង ឬ​មាន​សញ្ញា​វិជ្ជមាន​ឡើងវិញ ចាប់ពី​ដើមឆ្នាំ2019ខាងមុខ​តទៅ បន្ទាប់ពី​គម្រោង​សាងសង់​បច្ចុប្បន្ន​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ។

    បន្ទប់​ខុនដូ​ដែល​បាន​សាងសង់​រួច​មួយចំនួន កាលពី​ឆ្នាំ​កន្លងទៅ ត្រូវបាន​លក់​ទៅឱ្យ​វិនិយោគិន​បរទេស​ និងប្រជាជន​ខ្មែរ​បាន​មួយចំនួនធំ​ទៅហើយ ហើយ​ពួកគេ​បាន​ចូលមក​រស់នៅ ឬ​អ្នកខ្លះ​បាន​ជួល​បន្ត​ទទួលបាន​ប្រាក់ចំណូល​មួយផ្នែក​ដែរ​ពី​ការវិនិយោគ​លើ​វិស័យ​ខុនដូ​នៅ​កម្ពុជា។

    ផ្អែក​តាម​របាយការណ៍​សិក្សា​របស់​ក្រុមហ៊ុន CBRE Cambodia បាន​រកឃើញ​ផងដែរ​ថា ខុនដូ218គម្រោង ត្រូវបាន​ដាក់ចូល​ក្នុង​ទីផ្សារ​នៅ​ត្រីមាស​ទី3 ឆ្នាំ2018 ដែល​ធ្វើឱ្យ​ចំនួន​បន្ទប់​ខុន​ដូ​ក្នុង​រាជធានី​ភ្នំពេញ កើនឡើង​ដល់12,048យូ​នី​ត។ ក្នុង​ត្រីមាស​ទី3 កន្លងមក​មាន​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ចំនួន2 បានបញ្ចប់​ការសាងសង់​ដែល​រួមមាន គម្រោង Skylar Meridian ក្នុង​ខណ្ឌចំការមន និង​គម្រោង Apenines ក្នុង​ខណ្ឌទួលគោក។

    របាយការណ៍​ខាងលើ​បានបង្ហាញ​ដែរ​ថា 80ភាគរយ​នៃ​ខុន​ដូ​ប្រណីត ដែល​ទើប​បញ្ចប់​ការសាងសង់​ស្ថិតក្នុង​ខណ្ឌចំការមន ជាមួយគ្នានេះ​កាលពី​ត្រីមាស​ទី3 កន្លងទៅ មាន​គម្រោង​អភិវឌ្ឍន៍​ខុនដូចំនួន6 ដែល​ស្មើនឹង​បន្ទប់​សរុប2,374យូ​នី​ត បានប្រកាស​ពី​ការចាប់ផ្តើម​សាងសង់​បន្ថែមទៀត ធ្វើឱ្យ​ចំនួន​សាងសង់​ខុនដូ កើនឡើង5.2ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ត្រីមាស​ទី2កន្លងទៅ៕

  • ហត្ថា​កសិករ​ចុះបញ្ជី​លក់​សញ្ញា​បណ្ណ​សាជីវកម្ម​ដំបូង​បំផុត​នៅ​កម្ពុជា

    ហត្ថា​កសិករ​ចុះបញ្ជី​លក់​សញ្ញា​បណ្ណ​សាជីវកម្ម​ដំបូង​បំផុត​នៅ​កម្ពុជា

    ដើម្បី​ពង្រីក​វិសាលភាព​ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្នុងការ​ផ្តល់​កម្ចី​ទៅដល់​អតិថិជន​ទាំង​នៅ​ទីប្រជុំជន និង​ទីជនបទ​ដាច់ស្រយាល គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​បានប្រកាស​លក់​សញ្ញា​បណ្ណ​របស់ខ្លួន​ជា​លើកដំបូង ដោយមាន​ការគាំទ្រ​ខ្លាំង​ពី​អ្នក​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក​រហូត​លក់​អស់100%តែម្តង​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ។

    លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ លីមីត​ធី​ត មានប្រសាសន៍ថា ការប្រកាស​លក់ស​ញ្ញាប​ណ្ណ​ជា​លើកដំបូង​នៅ​កម្ពុជា គឺ​ដើម្បី​កៀងគរ​ថវិកា​ពី​អ្នកវិនិយោគ​នានា​ដើម្បី​ពង្រីក​ទុនវិនិយោគ​បន្ថែម​សម្រាប់​ផ្តល់​ប្រាក់កម្ចី​ទៅដល់​ពលរដ្ឋ​ទាំង​នៅ​ទីប្រជុំជន និង​នៅ​ទីជនបទ​ឱ្យ​កាន់​តែមាន​ភាពទូលំទូលាយ និង​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត។

    លោក​ឧកញ៉ា​បន្តថា អតិថិជន​មានការ​គាំទ្រ​ខ្លាំង ទាំង​អ្នក​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក​បាន​ចូលរួម​ទិញ​អស់100% បន្ទាប់ពី​ការប្រកាស​លក់​ក្នុង​រយៈពេល​តែ​ប្រមាណ​ជា1ខែ រហូតមកទល់​ថ្ងៃ​គោះ​ជួង​លក់​ជា​ផ្លូវការ នៅ​ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា​កាលពី​សប្តាហ៍​មុន។ លោក​ឧកញ៉ា​បញ្ជាក់ថា ការប្រកាស​លក់​ជា​លើកដំបូង​នេះ​មាន​ចំនួន 1,200,000សញ្ញា​បណ្ណ​ដែល​ក្នុង​មួយ​សញ្ញា​បណ្ណ​មានតម្លៃ10,000រៀល សរុប​ជា​ទឹកប្រាក់​មាន​ចំនួន 1,200ប៊ី​លាន​រៀលស្មើនឹង​ជិត 30លាន​ដុល្លារ​សហរដ្ឋអាមេរិក។

    ការប្រកាស​លក់ស​ញ្ញាប​ណ្ណ​ជា​ប្រាក់រៀល​ជា​លើកដំបូង​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​រួមចំណែក​លើកកម្ពស់​ក៏ដូចជា​ចរាចរណ៍​ប្រាក់រៀល​ខ្មែរ​ឱ្យ​កាន់តែ​ទូលំទូលាយ​ថែម​មួយកម្រិត​ទៀត សម្រាប់​ចូលរួម​កំណើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ការចូល​រូ​មរ​ក្សា​ស្ថិរភាព​ប្រាក់រៀល និង​ងាយស្រួល​ដល់​ការគ្រប់គ្រង​រូបិយវត្ថុ​ជាតិ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា។

    ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​ផ្សា​រមូល​ប​ត្រ​កម្ពុជា​មានប្រសាសន៍ថា ការប្រកាស​លក់ស​ញ្ញាប​ណ្ណ​ទៅដល់​អ្នកវិនិយោគ​នេះ ធ្វើឡើង​ក្នុង​រយៈពេល​កំណត់ 3ឆ្នាំ ក្នុង​អត្រា​ការប្រាក់ 8.3ភាគរយ​ក្នុង​មួយឆ្នាំ។ ការលក់​សញ្ញា​បណ្ណ​នេះ និង​ផ្តល់ឱកាស​ដល់​ហត្ថា​កសិករ​បាន​កៀងគរ​ទុន​បន្ថែម​ពី​អ្នកទិញ​ក្នុងការ​ពង្រីក​ដើមទុន​របស់ខ្លួន​ឱ្យ​កាន់តែ​រីក​ធំធាត់​ឡើង​ថែម​មួយកម្រិត​ទៀត ប៉ុន្តែ​ដល់ពេល​កំណត់​ក្នុង​រយៈពេល 3ឆ្នាំក្រោយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នឹងត្រូវ​សង​ត្រឡប់​ទៅ​អតិថិជន​របស់ខ្លួន​វិញ​ទាំង​ដើម ទាំង​ការប្រាក់ ខុសពី​ការលក់​ហ៊ុន​ដែល​មិនមាន​ការកំណត់​នោះឡើយ។

    ឯកឧត្តម​ពន្យល់ថា ការទិញ​សញ្ញាប័ណ្ណ​នេះ អតិថិជន​មានឱកាស​ទទួលបាន​ប្រាក់ចំណេញ​ត្រឡប់​ទៅវិញ ក្នុងអំឡុងពេល 3ឆ្នាំ​ខាងមុខ ហើយ​បើសិនជា​សញ្ញា​បណ្ណ​ឡើងថ្លៃ អតិថិជន​ក៏​អាចដាក់​លក់​សញ្ញា​បណ្ណរ​បស់​ខ្លួន​វិញ​មុន​កាលកំណត់​ខាងលើ​បាន ខុសពី​ការដាក់​ប្រាក់​បញ្ញើ​មិនសូវ​ទទួលបាន​អត្រា​ការប្រាក់​ខ្ពស់ ដូច​ការទិញ​សញ្ញាប័ណ្ណ​នេះ​ទេ។

    ការទិញ​ភាគហ៊ុន​មិនមាន​កាលកំណត់​សង​ប្រាក់​ត្រឡប់​វិញ​នោះទេ ខាត​ឬ​ចំណេញ​អាស្រ័យទៅលើ​ការទិញ-លក់​ភាគហ៊ុន​រវាង​ម្ចាស់​ហ៊ុន និង​អ្នកទិញ​បន្ត មិន​ខុសពី​ការទិញ​លក់​អចលនទ្រព្យ​នោះទេ បើសិនជា​គាត់​មាន​តម្រូវការ​លុយ​ប្រើប្រាស់​ប្រញាប់​នោះ គាត់​លក់​ភាគហ៊ុន​ក្នុងតម្លៃ​ទាប​ដែលនាំឱ្យ​ខាតបង់​ប្រាក់​វិនិយោគ ប៉ុន្តែ​ប្រសិនបើ​គាត់​មិនមាន​តម្រូវកា​ប្រើប្រាស់​ប្រាក់​ទេ នៅពេល​ឱកាស​ហុច​ឱ្យ ភាគហ៊ុន​ឡើងថ្លៃ គាត់​នឹង​ទទួលបាន​ប្រាក់ចំណេញ​ត្រឡប់មកវិញ​មិន​ខាន។

    លោកជំទាវ ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា ការចុះបញ្ជី​លក់​ជា​ផ្លូវការ​នូវ​សញ្ញា​បណ្ណ​សាជីវកម្ម​រប​ស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​ត​នេះ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ភាព​រីកចម្រើន​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា ដោយ​បច្ចុប្បន្ន​វិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ​ និង​សហគ្រាស​វិនិយោគ​នានា​មាន​ជម្រើស​ជា​ឧបករណ៍​វិនិយោគ​ច្រើនជាង​មុន ហើយ​គ្រឹះស្ថាន​ផ្ទាល់​ក៏មាន​លទ្ធភាព​ក្នុងការ​ស្វែងរក​ទុនវិនិយោគ​បន្ថែម​ជាមួយនឹង​ថ្លៃ​ចំណាយ​ទាប​សម្រាប់​បំពេញតម្រូវការ​កំណើន​ឥណទាន។

    ទន្ទឹមនេះ ការចេញផ្សាយ​សញ្ញា​បណ្ណ​សាជីវកម្ម​ជា​ប្រាក់រៀល បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ស្មារតី​ខ្ពស់​របស់​គ្រឹះស្ថាន​ក្នុង​ការជួយ​គាំទ្រ និង​លើកកម្ពស់​គោលនយោបាយ​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។ ឆ្លៀតឱកាស​នេះ លោកជំទាវ​បាន​មានប្រសាសន៍​លើកទឹកចិត្ត​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​ឱ្យ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា៕

  • អ្នកជំនាញ ៖ វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវការ​ផលិតផល​ទេសចរណ៍​បន្ថែមទៀត

    អ្នកជំនាញ ៖ វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវការ​ផលិតផល​ទេសចរណ៍​បន្ថែមទៀត

    របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា​ដែល​ចេញផ្សាយ​ដោយ​ធនាគារពិភពលោក (World Bank) កាលពីពេលថ្មីៗនេះ បាន​លើកឡើងថា ការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យមក​ប្រទេស​របស់ខ្លួនកម្ពុជា​នៅ​ដើរ​ពីក្រោយ​ថៃ និង​វៀតណាម​ឆ្ងាយ​នៅឡើយ​ក្នុង​វិស័យ​ទេសចរណ៍។ ក្នុង​របាយការណ៍​បានបញ្ជាក់ថា “នេះ​បង្ហាញ​ពី​ការដែល​កម្ពុជា​មិនទាន់​ជោគជ័យ​ខ្លាំង និង​ខកខាន​មិនបាន​ទាញយក​ប្រ-យោជន៍​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ពី​ប្រទេសជិតខាង​ឱ្យ​បន្ត​ចូលមក​ប្រទេស​ខ្លួន​បាន​ច្រើន​នៅឡើយ”។

    នៅ​ឆ្នាំ2017 កម្ពុជា​ស្រូប​បាន​ភ្ញៀវទេសចរ​អន្តរជាតិ 5.6លាន​នាក់ ខណៈ​ថៃ​ទទួលបាន​ទេសចរ 35.4លាន​នាក់ និង​វៀតណាម 12.9លាន​នាក់។ បើ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ប្រទេសជិតខាង​ទាំងនេះ​កម្ពុជា​ចាប់យក​ភាគរយ​ភ្ញៀវទេសចរ​បាន​ប្រមាណ​តែ 10%ប៉ុណ្ណោះ រីឯ​ភ្ញៀវទេសចរ​ដែល​ចូល​ពី​ប្រទេស​វៀតណាម​មកលេង​កម្ពុ​ជាមាន​ត្រឹមតែ 5%ប៉ុណ្ណោះ និង​ទេសចរ​ថៃ​ចូលមក​កម្ពុ​ជាមាន​ចំនួន13.5%។ នេះ​ជាការ​បង្ហាញ​នៅក្នុង​របាយការណ៍​នោះ។

    របាយការណ៍​នោះ​នៅបាន​បង្ហាញ​ទៀតថា ច្រើនជាង 80%នៃ​ទេសចរ​បរទេស​ដែល​មក​កម្ពុជា គឺជា​ភ្ញៀវ​ថ្មី​សុទ្ធសាធ ឬ​ភ្ញៀវ​ដែល​មក​កម្ពុជា​លើកដំបូង។ នេះ​ក៏​ព្រោះ​ផលិតផល និង​គោលដៅ​ទេសចរណ៍​របស់​កម្ពុជា​នៅមានកម្រិត។ របាយការណ៍​បន្ថែមថាកម្ពុជា​អាច​រៀនសូត្រ​ពី​វៀតណាម ដែល​បាន​អនុវត្ត​កំណែទម្រង់​នៅ​ឆ្នាំ2016 និង​បានធ្វើឱ្យ​ទេសចរ​របស់គេ​កើន30%។ កំណែទម្រង់​ទាំងនោះ រួមមាន​ការអនុវត្ត​ច្បាប់​ទេសចរណ៍ គោលនយោបាយ​លើកទឹកចិត្ត​ការវិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍ និង​លើកកម្ពស់​ការបណ្ដុះបណ្ដាល​ធនធានមនុស្ស​ជាដើម។

    ធនាគារពិភពលោក​បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​របស់ខ្លួន​ថា កម្ពុជា​ត្រូវ​អភិវឌ្ឍ​យុទ្ធសាស្ត្រដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ ព្រមជាមួយ​ការតភ្ជាប់​ទៅនឹង​ទីតាំង​ទេសចរណ៍សំខាន់ៗរបស់​ថៃ និង​វៀតណាម។

    កម្ពុជា​គួរ​ចាំបាច់​ដាក់ចេញ​គោលនយោបាយ​ដើម្បី​ជំរុញ​កំណើន​ទេសចរឱ្យចំៗតែម្ដង។ របាយការណ៍​បានលើកឡើង​ដូច្នេះ​ថា៖ “គោលនយោបាយ​គួរតែ​មើល​ទៅលើ​ផ្នែក​នៃ​តម្រូវការ​លើសពី​អ្វីដែល​ផ្ដល់ឱ្យ​ទេសចរ​នៅ​ថៃ និង​វៀតណាម។ ទីផ្សារ​សក្ដានុពល​ទំនងជា​ត្រូវ​រួមបញ្ចូល​អេកូ​ទេសចរណ៍ ជាពិសេស​ទេសចរណ៍​បែប​ទស្សនា​សត្វព្រៃ ដើរ​ព្រៃ ឡើង​ភ្នំ ខណៈ​ទឹកដី​កម្ពុជា​គ្របដណ្ដប់​ដោយ​តំបន់​ឧទ្យាន និង​តំបន់​អភិរក្ស​យ៉ាង​ធំ ហើយ​ពោរពេញ​ដោយ​ជីវចម្រុះ”។

    ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ពេញលេញ​ពី​វិស័យ​ទេសចរណ៍ របាយការណ៍​នេះ​ស្នើឱ្យ​បង្កើន​សក្តានុពល​វិស័យ​ទេសចរណ៍ តាមរយៈ​ការបង្កើន​តំបន់​គោលដៅ និង​ផលិតផល​សម្រាប់អ្នកទេសច​រណ៍ និង​តាមរយៈ​ការតភ្ជាប់​ទំនាក់ទំនង​គ្រួសារ​នៅ​ជនបទ​ទៅនឹង​ខ្សែចង្វាក់​ផ្គត់ផ្គង់​វិស័យ​ទេសចរណ៍។ របាយការណ៍​នេះ​ក៏បានផ្តល់​អនុសាសន៍​ផងដែរ​ឱ្យ​ផ្តល់នូវ​ការគាំទ្រ​បន្ថែមទៀត​ដល់​កសិករ​នានា​ដែល​បាន​ទទួលរង​ផលប៉ះពាល់​ដោយសារតែ​តម្លៃ​កសិផល​ធ្លាក់ចុះ ដែល​កំពុងតែ​ខិតខំ​ស្វែងរក​ឱកាស​ប្រសើរ​ជាង​នេះ​ដើម្បី​ចូលទៅ​កាន់​ទីផ្សារ និង​បង្កើន​ផលិតកម្ម​ឱ្យបាន​ច្រើន​ប្រភេទ។

    ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជាលោក ហូ វណ្ឌី បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា លោក​ទទួលស្គាល់ថា កម្ពុជា​ពិតជា​សម្រេចបាន​កំណើន​ភ្ញៀវទេសចរ​មែន ដែល​ភាគច្រើន​ជា​ភ្ញៀវទេសចរ​ចិន។ លោក​បន្តថា៖ “គោលនយោបាយ​បើកចំហ​ជើងមេឃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល បានទទួល​ជោគជ័យ​ដែល​ធ្វើឱ្យ​ចំនួន​ក្រុមហ៊ុន​អាកាសចរណ៍ និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​បាន​កើនឡើង​យ៉ាងគំហុក”។ តែ​លោក​បាន​បន្តថា អ្វីដែល WB និយាយ​នៅក្នុង​របាយការណ៍ គឺជា​រឿង​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់ ព្រោះថា ចំណុច​ខ្វះខាត​ដែល​បានលើកឡើង​នោះ គឺ​មកពី​យើង​នៅ​ខ្វះ​ចំណុចសំខាន់ៗមួយចំនួន ចំណែកគេៗមាន​ចំណុច​ទាំងនោះដូច​ជាទី1-គេ​មាន​អាកាសចរណ៍​ជាតិ(Thai Airline, Vietnam Airline) មាន​មធ្យោបាយ​ដឹកជញ្ជូន​ផ្លូវ-អាកាស​របស់​ជាតិ។ ទី2-ការិយាល័យ​ទំនាក់ទំនង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ខ្លាំង​ក្លា។ ទី3-បណ្តាញ​មធ្យោបាយ​នៃ​ការតភ្ជាប់​ព័ត៌មាន​ទំនាក់ទំនង​ទេសចរណ៍​ច្រើន។ ទី4-បណ្តាញ​ត​ភ្ជាប់​មធ្យោបាយ​ធ្វើដំណើរ​សម្បូរបែប មាន​ផ្លូវដែក ផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស និង​ទី5-ការលើកទឹកចិត្ត​ដល់​ជនបរទេស​ជា​ភ្ញៀវទេសចរ។

    លោក ហូ វណ្ឌី បាន​បញ្ជាក់ថា ទោះជា​យ៉ាងណា​បើ​និយាយ​ពី​ការផ្គត់ផ្គង់​ក្នុងស្រុក​យើង​មាន​ដូចគ្នាតំបន់​ទេសចរណ៍​យើង​មាន​ដូចគ្នា ក៏ប៉ុន្តែ​គេ​ឈានមុខ 5ចំណុច​ហ្នឹងឯង។ យើង​មិនទាន់មាន​អាកាសចរណ៍​ជាតិ និង​ការិយាល័យ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​ឱ្យបាន​ទូលំទូលាយ​ជាដើម។ ដូច្នេះ​យើង​ត្រូវ​ទទួលស្គាល់​ខ្លួនឯង​លើ​ចំណុច​ខ្វះខាត​នេះ។

    ទោះជា​យ៉ាងណា លោក ហូ វណ្ឌី​បាន​មានប្រសាសន៍ថា៖“ក្នុងនាម​ជា​អ្នករកស៊ី​ទៀងត្រង់មិនត្រូវ “ហៃអើ អា​ជ័យ​ធ្លាក់ទឹក” នោះទេ ត្រូវ​ហ៊ាន​និយាយ​ការពិត ពី​ចំណុច​ដែល​យើង​ខ្វះខាត”។ តែ​កម្ពុជា​ត្រូវបាន​មើលឃើញថា បានធ្វើ​ច្រើន​ហើយទាំង​ឯកជន​ក្តី ស្ថាប័នរដ្ឋ​ក្តី ពិសេស​បញ្ហា​សណ្តាប់ធ្នាប់​សាធារណៈ អនាម័យ​ដែល​បាន​ពង្រីក និង​ពង្រឹង​គួរឱ្យកត់សម្គាល់ តែ​ក៏​សូម​សំណូមពរ​ដល់​រដ្ឋាភិបាលជាពិសេស​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ និង​ស្ថាប័ន​ជំនាញ​ត្រូវ​រៀបចំ​អភិវឌ្ឍ​រមណីយដ្ឋាន​ទេសចរណ៍ និង​ផលិតផល​ទេសចរណ៍​បន្ថែម​ទៀតផង​ដែរ។

    យោងតាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា បាន​បង្ហាញថា ក្នុង​រយៈពេល 9ខែ ឬ3ត្រីមាស​នៃ​ឆ្នាំ2018 នេះ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​មកលេង​នៅតាម​តំបន់​រមណីយដ្ឋាន​នានា​ចំនួន 4,376,033នាក់។ ខណៈដែល 3ត្រីមាស​កាលពី​ឆ្នាំ2017 ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​កម្ពុ​ជាមាន​ចំនួន 3,912,761នាក់។ នេះ​បង្ហាញឱ្យឃើញថា មានការ​កើនឡើង​ប្រមាណ11,8%។

    របាយការណ៍​បានបង្ហាញ​ទៀតថា ក្នុងចំណោម​ភ្ញៀវទេសចរ​បរទេស​ទាំង​ជាង 4លាន​នាក់​ដែល​មកដល់​កម្ពុជា​នោះ គេ​សង្កេតឃើញ​មាន​ភ្ញៀវ​ចូល​តាម​ច្រក​អាកាសយានដ្ឋាន​ទាំង3 មាន​ចំនួន​ច្រើនជាងគេ​រហូតដល់​ទៅ 2,958,921នាក់ ឬ​ប្រមាណ​ជា 67%ឯណោះ។ ក្នុងនោះ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ​អន្តរជាតិ​ច្រើនជាងគេ គឺមាន​ចំនួន1,432,499នាក់។ ចំណែក​ភ្ញៀវ​ដែល​ចូល​តាម​ច្រកព្រំដែន​គោក និង​ទឹក មាន​ចំនួន 1,417,112នាក់។

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានលើកឡើង​កាលពីពេល​កន្លងមក​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​មក​លេង និង​ស្នាក់នៅ​កម្ពុជា​បានយូរ ក្រសួង​បាន​ស្វែងរក និង​បង្កើត​រមណីយដ្ឋាន​បន្ថែ​ម​ទៀត ដូចជា​នៅតាម​បណ្ដា​កោះ​ក្នុងប្រទេស​កម្ពុជា និង​រមណីយដ្ឋាន​ធម្មជាតិ ដែលមាន​សក្ដានុពល។

    ឯកឧត្តម​រដ្ឋមន្ត្រី​បន្ដថា កម្ពុជា​តែង​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​នានា​ដើម្បីឱ្យ​ភ្ញៀវ​បាន​កម្សាន្ត​សប្បាយ​ដូចជា ពិធីបុណ្យ​សមុទ្រ បុណ្យ​ទន្លេ និង​បុណ្យ​មហាសង្ក្រាន្ត​នៅ​រដូវ​បុណ្យចូលឆ្នាំ​ខ្មែរ​ជាដើម។ មិនតែប៉ុណ្ណោះ ពិធីបុណ្យ​ទាំងនេះ​ក៏បាន​ដាស់សតិ​អារម្មណ៍​ពលរដ្ឋ​ខ្មែរ​ឱ្យ​ចេះ​ថែរក្សា​បរិស្ថាន​ដើម្បី​ទទួលបាន​ប្រយោជន៍​ពី​សមុទ្រ និង​ទន្លេ ដែលជា​សម្បត្តិ​ធម្មជាតិ​របស់​កម្ពុជា​ផងដែរ។

    ឯកឧត្តម​បញ្ជាក់ថា៖ “នៅ​ឆ្នាំ2018 កម្ពុជា​រំពឹង​នឹង​ទទួលបាន​ភ្ញៀវ​អន្តរ​ជាតិប្រមាណ 6.2លាន​នាក់​ និង​ប្រមាណ 7លាន​នាក់​នៅ​ឆ្នាំ2020 និង​នាំមក​នូវ​ចំណូល​សរុប​ប្រមាណ 5ពាន់​លាន​ដុល្លារ​អាមេរិក និង​បង្កើត​នូវ​ឱកាស​ការងារ​បាន​ប្រមាណ​ជា 1លាន​នាក់។ ក្នុង​ឆ្នាំ2030 កម្ពុជា​ក៏​គ្រោង​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ឱ្យបាន 15លាន​នាក់ ដោយ​រំពឹងថា ចំណូល​ពី​វិស័យនេះ​នឹងមាន​ប្រមាណ​ជា 10ពាន់-​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ប្រមាណ 2លាន​នាក់​ជូន​ពលរដ្ឋ​ក្នុងស្រុក”៕

  • ឆ្នាំ2030 តម្រូវការ​លំនៅឋាន​នៅ​ទូទាំង ប្រទេស​នឹងមាន​ចំនួន​ប្រមាណ 1លាន​ខ្នង

    ឆ្នាំ2030 តម្រូវការ​លំនៅឋាន​នៅ​ទូទាំង ប្រទេស​នឹងមាន​ចំនួន​ប្រមាណ 1លាន​ខ្នង

    ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ព្យាករ​ថា សម្រាប់​រយៈពេល 15ឆ្នាំ ពោលគឺ​ចាប់ពី​ឆ្នាំ2015 រហូត​ឆ្នាំ2030 តម្រូវការ​លំនៅឋាន​នៅ​ទូទាំងប្រទេស​នឹងមាន​ចំនួន​ប្រមាណ 1លាន​ខ្នង​បន្ថែមទៀត ទើប​អាចបំពេញ​តាម​សេចក្ដីត្រូវការ​បានជា​មួយ​នឹង​កំណើន​ប្រជាពលរដ្ឋ​ដែល​នឹង​កើន​ឡើងដល់ 18លាន​នាក់។ នេះ​បើតាម​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែលបានបញ្ជាក់ នៅក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​លក់​សម្ភារ​សំណង់ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ក្នុង​លំនៅឋាន Global House។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា៖ “តម្រូវការ​លំនៅឋាន​ដ៏​ច្រើន​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​សម្រាប់​នៅ​តំបន់​រាជធានី-ក្រុង និង​ទីប្រជុំជន​មាន​តម្រូវការប្រមាណ​ជា 80ម៉ឺន​លំនៅឋាន ហើយ​បើ​គិត​ជា​មធ្យម គឺមាន​តម្រូវ​ការប្រមាណ 5ម៉ឺន​លំនៅឋាន​ក្នុង​មួយឆ្នាំ”។ ឯកឧត្ដម​បន្តថា បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​ទីក្រុង​រណប និង​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី​ចំនួន230ទីតាំង និង​មាន​សំណង់​អគារ​ខ្ពស់​ចាប់ពី 5ជាន់​ឡើងទៅ​ចំនួន 1,100អគារ។

    ឯកឧត្តម ឡៅ ទិព្វ​សីហា អនុរដ្ឋលេខាធិការ​ទទួល​បន្ទុក​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បានឱ្យដឹងថា ប្រជាពលរដ្ឋ​កម្ពុ​ជាមាន​តម្រូវការ​ចាំបាច់​ផ្នែក​លំនៅឋាន ដូចនេះ​ក្នុងមួយឆ្នាំៗ គឺ​វិស័យ​ឯកជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​បាននិងកំពុង​ខិតខំ​ធ្វើការ​វិនិយោគ​លើ​វិស័យ​លំនៅឋាន​នេះ ដើម្បី​ផ្គត់ផ្គង់​លើ​ការ​ស្នាក់នៅកន្លែងធ្វើការ និង​ការពង្រីក​ទីក្រុង​ផងដែរ។

    ឯកឧត្តម​បាន​បន្តថាដោយសារតែ​វិស័យ​សំណង់​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​ក្រុមហ៊ុន​សាងសង់ ក៏ដូចជា​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់​ដែរនោះ រហូតមកដល់​ពេលនេះ​យើង​នៅមាន​ក្រុមហ៊ុន​ដែល​នៅមាន​សុពលភាព​ចំនួន 1,048ក្រុមហ៊ុន។ ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ គឺជា​ក្រុមហ៊ុន​មួយ​ដែល​ទទួលខុស​ត្រូវការ​ងារ​រៀបចំ​ប្លង់​សាងសង់​មាន​ចំនួន 42ក្រុមហ៊ុន ឯ​ក្រុមហ៊ុន​ទទួលបន្ទុក​លើ​ការងារ​សាងសង់​តែម្តង​មាន​ចំនួន 1,006ក្រុមហ៊ុន។

    ទន្ទឹមនេះ ក្រសួង​ក៏បាន​រៀបចំ​ឱ្យមាន​ការចុះបញ្ជី​ជា​លក្ខណៈ​រូបវន្តបុគ្គល​សិក្សា​គម្រោង​ប្លង់ ដែលមាន​សុពលភាព​ចំនួន140នាក់​បន្ថែមទៀត​ដែរ ក្នុងនោះ​ស្ថាបត្យករ​ចំនួន 98នាក់ និង​វិស្វករ​ចំនួន42នាក់ ដែលមាន​សិទ្ធិ​ស៊ី​ញ៉េ​លើ​ប្លង់។ បុគ្គល​ដែលមាន​សិទ្ធិ​ស្នើសុំ​ការសាងសង់​ទាល់​តែមាន​រូបវន្តបុគ្គល ឬ​អាជ្ញាប័ណ្ណ​ទើប​អាច​ចុះហត្ថលេខា​បាន ដើម្បី​ឱ្យមាន​ការទទួល​-ខុសត្រូវ​លើ​ការងារ​សិក្សា​គម្រោង​ប្លង់​ពិតប្រាកដ ត្រូវ​ធានា​គុណភាព សោភណភាព​ឱ្យ​អ្នកទិញ​មានការ​ជឿជាក់​ទៅលើ​គម្រោងនីមួយ។

    លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគមអ្នក​សាងសង់​លំនៅឋាន បាន​យល់ស្រប​នឹង​ការលើកឡើង​ខាងលើ ដោយ​លោក​បាន​មានប្រសាសន៍ថា ទីផ្សារ​លំនៅឋាន​នៅតែមាន​ភាពល្អប្រសើរ ដោយសារ​ការរីកចម្រើន​ខាង​សេដ្ឋកិច្ច និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ។

    លោក​ឧកញ៉ា​មានប្រសាសន៍ថា៖ “ហេតុនេះហើយ ទើប​អ្នក​អភិ​វ​ឌ្ឈ​ន៍​ដែលជា​សមាជិកសមាគម បាន​ពង្រីក​ការវិនិយោគ​របស់​ពួកគេ​ដល់​បណ្តា​ខេត្ត បន្ថែម​លើ​គម្រោង​អភិវឌ្ឍន៍​នៅ​រាជធានី​ភ្នំពេញ។ ការរីកចម្រើន​ក្នុង​វិស័យនេះ​នឹង​បន្ត​រីកចម្រើន​រយៈពេល​វែង​បន្តទៀត​ដរាបណា​ប្រទេស​នេះ​នៅតែមាន​សន្តិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ដ៏​ល្អប្រសើរ​បែបនេះ”។

    សូមបញ្ជាក់ថា វិស័យ​សំណង់​នៅតែ​ជា​វិស័យ​សំខាន់​មួយ​ក្នុង​ការជំរុញ​សេដ្ឋកិច្ចជាតិ ហើយ​ការវិនិយោគ​លើ​វិស័យ​ឯកជន​នៅ​កម្ពុជា គឺមាន​ច្រើន​វិស័យ ប៉ុន្តែ​វិស័យ​ដែល​យើង​មើលឃើញ និង​កត់សម្គាល់​ខ្លាំងជាងគេ គឺ​វិស័យ​កាត់ដេរ ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម និង​វិស័យ​សំណង់ និង​អចលនទ្រព្យ។ ភាគច្រើន​នៃ​កំណើន​វិស័យ​សំណង់ គឺ​ដោយសារ​មាន​សំណង់​អគារធំៗ ខ្ពស់ៗ ជាពិសេស​អគារ​ពាណិជ្ជកម្ម សណ្ឋាគារ រមណីយដ្ឋាន ផ្សារ​ទំនើបធំៗ អគារខ្ពស់ៗចាប់ពី5ជាន់ឡើង ទីក្រុង​រណប បុរី​លំនៅឋាន រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង រោង​ម៉ាស៊ីនកិនស្រូវ និង​តំបន់​សេដ្ឋកិច្ច​ពិសេស។ល។

    ប្រជាជន​សរុប​របស់​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា នឹង​កើនឡើង​ពី 15 ទៅ19លាន​នាក់ នៅ​ចន្លោះ​ពេលនេះ និង​ឆ្នាំ2030 ក្នុងនោះ​ក្នុង​ទីក្រុង​ភ្នំពេញ និង​ក្នុង​តំបន់​ទីប្រជុំជន​ផ្សេងទៀត​នឹងមាន​ការកើនឡើង​ប្រមាណ​ពី4 ទៅ7លាន​នាក់៕

  • ផ្អែមល្ហែមម្លឹងៗ អ្នកគាំទ្រលើសជាតិស្ករមិនខានទេ !!

    ផ្អែមល្ហែមម្លឹងៗ អ្នកគាំទ្រលើសជាតិស្ករមិនខានទេ !!

    កាន់តែមិនមានអ្វីនឹងលាក់បាំងទៀតឡើយ គូស្នេហ៍គូចម្រៀង កញ្ញា ទេព បូព្រឹក្ស និងលោក G-Devith សម្ញែងភាពផ្អែមល្ហែម មិនក្រែងភ្នែកអ្នកគាំទ្រ។

    មិនថានៅលើហ្វេសប៊ុក ឬនៅចំពោះមុខមហាជន តារាទាំងពីរហ៊ានឱ្យថើបគ្នា នឹងបង្ហាញកាយវិកាជាគូស្នេហ៍យ៉ាងស្អិតរមួត ដើម្បីជម្នះក្រសែភ្នែកអ្នកចាប់អារម្មណ៍ដែលយល់ថានោះជាសកម្មភាពដ្រាម៉ា កែប្រែជំហរ។ ស្ទើរតែគ្មានសកម្មភាពណាមួយដែលតារាចម្រៀងកញ្ញា ទេព បូព្រឹក្ស និងលោក G-Devith ដាច់ឆ្ងាយពីគ្នានោះទេ ខណៈដែលសកម្មភាពខ្លះ គឺអ្នកទាំងពីរស្ទើរតែមានភាពស្អិតរមួតជាងគូស្នេហ៍ខ្លះនោះផង។ ទាំងអាជីពចម្រៀង និងមុខជំនួញ អ្នកទាំងពីរបានផ្សារភ្ជាប់គ្នាគ្មានសល់ ដោយសូម្បីតែស្ទីលក្នុងការតែងខ្លួនក៏ប្លែកៗត្រូវគ្នាមិនខុសពីគូស្នេហ៍ផងដែរ។

    ជាក់ស្ដែងរូបថតស្វីតៗរបស់អ្នកទាំងពីរប៉ុន្មានសន្លឹកមុននេះ ដែល ទេព បូព្រឹក្ស បានបង្ហោះអបអរមុនថ្ងៃកំណើតរបស់លោក G-Devith សុទ្ធតែទាក់ភ្នែកមហាជន និងធ្វើឱ្យម្នាក់ៗចាប់អារម្មណ៍។ រូបភាពប៉ុន្មានសន្លឹកនេះបង្ហាញកាន់តែច្បាស់ថាអ្នកទាំងពីរកាន់តែស្អិតរមួតគ្នាក្នុងផ្លូវស្នេហា បើទោះមិនទាន់កំណត់អោយដឹងពីគម្រោងភ្ជាប់ពាក្យ ឬអាពាហ៍ពិពាហ៍នៅឡើយ៕