Category: សង្គម និងសេដ្ឋកិច្ច

  • អីយ៉ា!! កាដូឆ្នាំថ្មី សុវត្ថិ មុនីនាគ សម្ញែងរថយន្ដប្រណីតហើយទេតើ??

    អីយ៉ា!! កាដូឆ្នាំថ្មី សុវត្ថិ មុនីនាគ សម្ញែងរថយន្ដប្រណីតហើយទេតើ??

    នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមពេលថ្មីៗនេះ លោក​ សុវត្ថិ មុនីនាគ ដែលេប្រិយមិត្តស្គាល់ថា ជាកូនប្រុសទី 2 របស់កំពុងតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យមហាជនភ្ញាក់យ៉ាងខ្លាំង ដោយបានបង្ហោះរូបភាពជាច្រើនសន្លឹក គេមើលឃើញថាជា រថយន្តស៊េរីថ្មី និងប្រណីតថែមទៀតផង។ ជាងនេះទៅទៀតនោះ រថយន្ដប្រណីតនោះត្រូវបានគេដឹងថា មានតម្លែខ្ទងម៉ឺនដុល្លារ និងគេសង្ស័យថា ជាប្រគល់ជូនពីសំណាក់ឪពុករបស់តារាចម្រៀងប្រុសរូបនេះ។

    តែយ៉ាងណាមិញ មានការទម្លាយពីអ្នកគាំទ្រម្នាក់ឱ្យដឹងថា រថយន្ដតម្លៃខ្ទង់ម៉ឺនដុល្លារនោះ ពុំមែនជារថយន្ដរបស់លោកនោះទេ ពោលគឺគ្រាន់តែជារថយន្ដសម្រាប់់សម្ដែងនៅក្នុងអឹមវីចម្រៀងថ្មីរបស់លោក ដែលបានបញ្ចេញនាពេលថ្មីៗនេះ។ ងាកមកមើលសាររបស់លោក សុវត្ថិ មុនីនាគ វិញ បានរៀបរាប់ឱ្យដឹងដែរថា « ស្នេហ៍ដំបូងរបស់បង វាបានធ្វើឱ្យបងបង្កើតស្នាមញញឹមគ្រប់ទីកន្លែង ហើយគ្មានអ្នកណាម្នាក់ចង់បាត់បង់វាឡើយ។ នៅពេលដែលអូនចាកចេញទៅ ទីកន្លែងដែលបងធ្លាប់ទៅ ក្លាយជាព័ណ៌ខ្មៅ សម្រាប់បង»។ តារាចម្រៀងប្រុសរូបសង្ហានេះបញ្ជាក់ថា « រឿងរ៉ាវទាំងអស់នេះ នឹងបង្ហាញជូន នៅក្នុងបទចម្រៀងមួយបទ មានចំណងជើងថា « គ្មានថ្ងៃភ្លេចអូន » ជាស្នាដៃខ្ញុំបាទនិពន្ធផ្ទាល់»។

    ដូចដែលបានលើកឡើងខាងលើអ៊ីចឹង នោះគ្រាន់តែជាឈុតឆាកខ្លីមួយនៅក្នុងការសម្ដែងអឹមវីតែប៉ុណ្ណោះ សូមកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា ៖

  • ផ្លែ​ប៉េងប៉ោះ​ឈើ​រី​កំពុងមាន​តម្រូវការ​ខ្លាំង​ក្នុង​ទីផ្សារ​ទំនើប

    ផ្លែ​ប៉េងប៉ោះ​ឈើ​រី​កំពុងមាន​តម្រូវការ​ខ្លាំង​ក្នុង​ទីផ្សារ​ទំនើប

    ផ្លែ​ប៉េងប៉ោះ(Tomato)ត្រូវបាន​គេ​ស្គាល់​ថាជា​បន្លែ​មួយ​ដែលមាន​តម្រូវការ​ទីផ្សារ​បរិភោគ​ច្រើន​គួរសម​នាពេល​បច្ចុប្បន្ន ជាពិសេស​ប្រភេទ​ផ្លែ​ប៉េង-ប៉ោះ​ថ្មី គឺ​ប៉េងប៉ោះ​ឈើ​រី​ត្រូវបាន​គេ​ស្គាល់​កាន់តែ​ច្រើនឡើង​បន្ទាប់ពី​មាន​ការដាំដុះ​ច្រើន និង​បានបង្ហាញ​វត្តមាន​នៅតាម​ផ្សារ​ទំនើប​ជា​បន្តបន្ទាប់ ធ្វើឱ្យ​បន្លែ​ប៉េងប៉ោះ​ឈើ​រី​ទទួលបាន​តម្រូវការ​ខ្ពស់​នៅក្នុង​ផ្សារ​ទំនើប​ទាំងនោះ ហើយ​តម្លៃ​ក៏បាន​ខ្ពស់​គួរសម​ដែរ ទើប​ធ្វើឱ្យ​កសិករ​មួយចំនួន​ងាក​មក​សង្វាត​ដាំ​បន្លែ​ប្រភេទ​ថ្មី​នេះ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ។

    ប៉េងប៉ោះ​ឈើ​រី ត្រូវបាន​កសិករ​កម្ពុ​ជា​យើង​មួយចំនួន​នាំគ្នា​ដាំ​ជា​លក្ខណៈ​អាជីវកម្ម​ជា​បន្តបន្ទាប់​ដើម្បី​ផ្គត់ផ្គង់​ទៅ​ទីផ្សារ​ក្នុងស្រុក។ ផ្លែ​ប៉េងប៉ោះ​ឈើ​រី​ត្រូវបាន​គេ​យកមក​ដាក់តាំង​លក់​នៅក្នុង “ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​នាំចេញ-នាំចូល​កម្ពុជា​លើក​ទី13” នៅ​កោះ​ពេជ្រ​ដោយ“សមាគម​ត្រសក់-ផ្អែម​សៀមរាប​មានជ័យ”។

    លោក វ៉ាន់ អៀន ប្រធាន​សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ​បាន​មានប្រសាសន៍ថា សមាគម​យើង​មិនមែន​មាន​ដាំ​តែ​ដំណាំ​ត្រសក់ផ្អែម​តែមួយ​មុខ​ទេ យើង​នៅមាន​ដាំ​បន្លែ​បន្ទាប់បន្សំ​ទៀត​ជាច្រើន ដែល​ក្រៅពី​ដំណាំ​ត្រសក់ផ្អែម(3ប្រភេទ)ហើយ យើង​នៅមាន​ដំណាំ​ប៉េងប៉ោះ​ឈើ​រី ម្ទេស​ធម្មតា ម្ទេស​ប្លោក ត្រប់ស្រួយ ត្រសក់ ននោង ម្រះ ផ្កា​ខាត់ណា ខ្ទឹមបារាំង ក្រូចឆ្មារ និង​ប៉េងប៉ោះ​ខ្មែរ​ផងដែរ ដែល​ដំណាំ​ប៉េងប៉ោះ​ឈើ​រី​នេះ​ជា​ប្រភេទ​ដំណាំ​ចម្បង​ទី2 របស់​សមាគម​យើង​បន្ទាប់ពី​ដំណាំ​ត្រសក់ផ្អែម ព្រោះ​ដំណាំ​ប៉េងប៉ោះ​ឈើ​រី​នេះ យើង​បាន​ដាំ​ឆ្លាស់គ្នា​ជាមួយនឹង​ដំណាំ​ត្រសក់ផ្អែម​នៅលើ​ផ្ទៃដី​ប្រមាណ​ជា 265ហិកតា។

    លោក​បានឱ្យដឹងថា ដើម្បីឱ្យ​ដើម​ប៉េងប៉ោះ​ផ្តល់​ទិន្នផល​ខ្ពស់ យើង​ត្រូវ​យល់ច្បាស់​ពី​បច្ចេកទេស​ដាំ​ដុះ និង​ថែទាំ​មួយចំនួន ដូចជា ការ​ភ្ជួររាស់​ដី​ទុកចោល មុនពេល​លើក​ជា​រង​យ៉ាងហោចណាស់​មួយ​សប្តាហ៍។ រងនីមួយៗមាន​ទំហំ​ទទឹង​ពី110 ទៅ120សង់ទីម៉ែត្រ មាន​កម្ពស់ 30សង់ទីម៉ែត្រ និង​ទុក​ចង្អូរ​កណ្ដាល​ទំហំ​ពី 20- 25សង់ទីម៉ែត្រ។ រងនីមួយៗត្រូវ​លើក​តាម​បណ្ដោយ​ថ្ងៃ​ពី​កើត ទៅ​លិច ដើម្បីឱ្យ​ដើម​ប៉េងប៉ោះ​ទទួលបាន​កម្ដៅថ្ងៃ​ច្រើន។ ចំពោះ​របៀប​ដាំ​ដុះ​វិញ គេ​តែង​ដាំ​តាម​ខ្នាត​ក្នុង​គម្លាត​គ្នា​ពី​ជួរ​មួយ​ទៅ​ជួរ​មួយ​ចម្ងាយ 80សង់ទីម៉ែត្រ គម្លាត​ពី​ដើម​មួយ​ទៅ​ដើម​មួយ​ចម្ងាយ 40 ទៅ 60សង់ទីម៉ែត្រ ចំណែកឯ​ទិន្នផល​វិញ អាស្រ័យទៅលើ​ពូជ​របស់​វា និង​កម្រិត​ជីជាតិ​របស់​ដី។

    លោក វ៉ាន់ អៀន បាន​បញ្ជាក់ថា ដោយសារតែ​ប៉េងប៉ោះ​ឈើ​រី​នេះ​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​ដែល​ដាំ​ឡើង​ដោយ​ការបណ្ដុះ​កូន​ជាមុន ដូច្នេះ​វិធីសាស្ដ្រ​បណ្ដុះ​កូន​ដំបូង គឺ​គេ​ត្រូវយក​គ្រាប់ពូជ​ប៉េងប៉ោះ​ប្រភេទ​នេះ​ទៅ​ដាក់​ហាលថ្ងៃ​រយៈ 1-2ម៉ោង​ជាមុនសិន បន្ទាប់មក​ទើប​យក​គ្រាប់ពូជ​ទាំងនោះ​ទៅ​ត្រាំ​ក្នុង​ទឹក​ក្ដៅឧណ្ហ(30-40អង្សា)បន្ទាប់មកទៀត​ត្រូវ​លាង​នឹង​ទឹក​ឱ្យ​ស្អាត​ចំនួន 2-3លើក ទើប​យកទៅ​កប់​ក្នុង​ដីសើមៗរយៈពេល​មួយ​យប់ រួច​ទើប​យកទៅដាក់​បណ្ដុះ​ក្នុង​កន្ទោង​ស្លឹកចេក ឬ​សាប​លើ​ថ្នាល ដែល​បានរៀបចំ​រួចជាស្រេច ។

    នៅក្នុង​កន្ទោង​បណ្ដុះនីមួយៗមាន​ដាក់​ដី​ដែល​លាយ​ជាមួយ​ស្រកីដូង 2ភាគ ដី​រែង​ម៉ដ្ឋ 1ភាគ ផេះ​អង្កាម 1ភាគ និង​អង្កាម1ភាគ បន្ទាប់មក​គេ​ដាក់​គ្រាប់ពូជ​ប៉េងប៉ោះ​នោះ​ចូលទៅ 2-3គ្រាប់ ហើយ​រោយ​ដី​លុប​ពីលើ បន្ទាប់មក​យក​ចំបើង​ស្ងួត​មក​គ្របពីលើ​កន្ទោង​បណ្ដុះ​ទាំងនោះ ហើយ​ស្រោច​ទឹក​ព្រឹក-ល្ងាច។ 2-3ថ្ងៃ​ក្រោយមក​កូន​ប៉េងប៉ោះ​នឹង​ដុះ​ឡើង​ពី​ដីពេលនោះ​ទើប​គេ​យកទៅដាក់​ដាំ​នៅលើ​រង និង​ក្រោយពេល​ដាំ​រួច គេ​ត្រូវ​ស្រោច​ទឹក​មួយថ្ងៃ​ម្តង​នៅពេល​ព្រឹក និង​ត្រូវ​ស្រោច​ជា​បន្តបន្ទាប់ 1សប្តាហ៍។ បន្ទាប់ពី​ដាំ​បាន​រយៈពេល 3ខែ យើង​អាច​ប្រមូល​ផល​បានជាបណ្ដើរៗ ដោយ​បេះយក​ផ្លែ​ណា​ដែល​ទុំ​ស្រគាល​ល្អ។

    បើតាម​ប្រសាសន៍​របស់លោក វ៉ាន់ អៀន បានឱ្យដឹងថា នៅលើ​ផ្ទៃដី​ដែល​សមាគម​បាន​ដាំ​ដុះ​សព្វថ្ងៃនេះ​លោក​អាច​ប្រមូល​ផល​ក្នុង 1អាទិត្យ​បាន​ប្រមាណ​ជាង 300គីឡូក្រាម ទៅ 1តោន ឬ​ក្នុង1ខែ​អាច​ប្រមូលបាន​ជាង 3តោន ដែល​ទទួលបាន​ចំណូល​សរុប​ប្រមាណ​ជា 7,000,000រៀល និង​ក្នុង​មួយ​រដូវ​ដាំ​ដុះ​លោក​អាច​ប្រមូល​ផល​បាន​ពី 2 ទៅ 3ដង​ដែរ។

    ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ លោក វ៉ាន់ អៀន បានឱ្យដឹងថា ប៉េងប៉ោះ​ឈើ​រី គឺជា​បន្លែ​ដែលមាន​តម្លៃ​មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ ដោយនៅ​ឆ្នាំនេះ​យើង​អាច​លក់ស្រស់ៗ(មិនបាច់​វេច​ខ្ចប់)បាន​តម្លៃ7,000រៀល​ដែរ​ក្នុង 1គីឡូក្រាម តែបើ​យើង​វេច​ខ្ចប់​ល្អ អាច​លក់បាន​ថ្លៃ​ដល់​ទៅ 8,000រៀល​ក្នុង1គីឡូក្រាម(វេច​ខ្ចប់​សម្រាប់តែ​បញ្ជូនទៅ​ផ្សារ​ទំនើប​ប៉ុណ្ណោះ) តែដោយសារ​សមាជិកសមាគម​របស់​យើង​មិនសូវមាន​ចំណេះដឹង​ខាង​ការ​វេច​ខ្ចប់​បានល្អ ទើប​អាច​លក់បាន​ត្រឹម​តម្លៃ 7,000រៀល​ប៉ុណ្ណោះ។

    បច្ចុប្បន្ន​ផ្លែ​ប៉េងប៉ោះ​ឈើ​រី​របស់​សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ​ត្រូវបាន​យកទៅ​ផ្គត់ផ្គង់​នៅក្នុង​ផ្សារ​ទំនើប​ឡាក់​គី និង​ផ្សារ​ម៉ាក្រូ​នៅ​ភ្នំពេញ ផ្សារ​អង្គរ និង​ផ្សារ​កសិករ​នៅ​ខេត្តសៀមរាប។ លោក​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា នា​ថ្ងៃ​ខាងមុខ​នឹងមាន​ការសាងសង់​ផ្សារ​ទំនើបថ្មីៗបន្ថែមទៀត​ច្រើន​នៅក្នុង​ខេត្តសៀមរាប រួមទាំង​ផ្សារ​ម៉ាក្រូ​សាខា​ខេត្តសៀមរាប​ទៀតផង ដូច្នេះ​សមាគម​នឹង​បង្កើន​ការដាំដុះ​ដំណាំ​បន្លែ​ធម្មជាតិ ឬ​សរីរាង្គ​ឱ្យបាន​សម្បូរបែប និង​ច្រើនឡើង ដើម្បី​បំពេញតម្រូវការ​របស់​ផ្សារ​ទំនើប​ទាំងនោះ​ក៏ដូចជា​តម្រូវ​ការហូប​ចុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ផងដែរ។ លោក​បាន​បន្ថែមថាលោក​ក៏មាន​មហិច្ឆតា​ក្នុងការ​ពង្រីក​ផលិតកម្ម​ផ្លែ​ប៉េងប៉ោះ​ឈើ​រី​ដើម្បី​នាំ​ចេញទៅ​ក្រៅប្រទេស​ផងដែរ៕

  • ឆ្នាំ2019 ធនាគារ​ដែល​ជួយឧបត្ថម្ភ​ធន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នឹង​លេច​រូបរាង​ឡើង

    ឆ្នាំ2019 ធនាគារ​ដែល​ជួយឧបត្ថម្ភ​ធន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​នឹង​លេច​រូបរាង​ឡើង

    ធនាគារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ឬ​ SME ដែល​រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា100លាន​ដុល្លារ​អាមេរិក នឹង​លេចចេញ​រូបរាង​ឡើង​នៅក្នុង​ឆ្នាំ2019ខាងមុខនេះ ដើម្បី​ជួយឧបត្ថម្ភ​ធន និង​ជួយ​ជា​ជំនួយ​បច្ចេកទេសផ្សេងៗដល់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។ នេះ​បើតាម​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុដែល​បាន​ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ផលិតផល​ខ្មែរ និង​ផលិតផល​នាំចេញ-នាំចូល​កម្ពុជា​លើក​ទី13 ឆ្នាំ2018 នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ។

    ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា៖ “គម្រោង​បង្កើត​ធនាគារ SME នេះ​នឹង​លេច​រូបរាង​ឡើង​នៅក្នុង​ឆ្នាំ2019ខាងមុខ ក្នុង​គោលបំណង​ដើម្បី​ជួយឧបត្ថម្ភ​ធន និង​ជួយ​ជា​ជំនួយ​បច្ចេកទេសផ្សេងៗដល់​វិស័យ SME នៅ​កម្ពុជា។ មកដល់​បច្ចុប្បន្ននេះ​កំពុង​រៀបចំ​លើ​ការងារ​ផ្នែក​បច្ចេកទេស ហើយ​ក្នុងពេលថ្មីៗនេះ​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំង​រដ្ឋសភា និង​ព្រឹទ្ធសភា​បានអនុម័ត​ច្បាប់​ស្តីពី​ការ​គ្រប​គ្រង់​ឆ្នាំ2019 ដោយ​នៅក្នុង​ច្បាប់​នោះបាន​អនុញ្ញាតឱ្យ​រាជរដ្ឋាភិបាល​ចាយ​ថវិកា​ប្រមាណ 100លាន​ដុល្លារ​អាមេរិក​សម្រាប់​គម្រោង​បង្កើត​ធនាគារ​SMEនេះ។ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ​បាន​បន្តថា ក្នុងពេលថ្មីៗនេះ​រាជរដ្ឋាភិបាល​ទើបតែ​បានចេញ​អនុក្រឹត្យ​ស្តីពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​គោលបំណង​លើកកម្ពស់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​បង្កើត​ការងារ និង​បង្កើន​សមត្ថភាព ផលិតកម្ម​ក្នុងស្រុក​របស់​កម្ពុជា​ទៅលើ​វិស័យ​អាទិភាព​ដូចជា វិស័យ​កសិកម្ម ក​សិ-ឧស្សាហកម្ម ការផលិត និង​ការកែច្នៃ​ម្ហូបអាហារ ផ្នែក​កម្មន្តសាល ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន ក៏ដូចជា​សហគ្រាស​ស្ថិតក្នុង​តំបន់​ប្រមូលផ្តុំ​ ជាដើម។

    ឯកឧត្តម​បន្តថា ក្នុងន័យនេះ រាជរដ្ឋាភិបាល​បានផ្តល់​ការលើកទឹកចិត្ត​លើ​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រហូតដល់រ​យៈ​ពេល 5ឆ្នាំ លើកលែង​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អប្បបរមា​ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល រួមទាំង​ការលើកទឹកចិត្ត​ចំណាយ​ដែល​អាច​កាត់កង​បាន​ផងដែរ។

    ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ធ្លាប់បាន​ថ្លែង​ពី​ការលើកលែង​ពន្ធ​សម្រាប់ SMEនេះ​ថា មាន​សារៈសំខាន់​សម្រាប់​ជំរុញ​ឱ្យ​SMEទាំងអស់​ទៅ​ចុះបញ្ជី។ លោក​ឧកញ៉ា​មានប្រសាសន៍ថា៖ “នៅមាន ​SME ច្រើន​ដែល​មិនទាន់បាន​ចុះបញ្ជី ដោយសារតែ​បញ្ហា​ប្រឈម​ជាច្រើន​នៅតែមាន​សម្រាប់​ពួកគេ​ក្នុងការ​ទទួលបាន​ប្រាក់ចំណេញ”។ ទោះបី​យ៉ាងនេះ​ក្តី លោក​ឧកញ៉ា តែ តាំង​ប៉រ បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​គួរតែ​ពិចារណា​ផ្ដល់​ការលើកទឹកចិត្ត​ពន្ធ​ដល់ SME ផ្សេងទៀត ដើម្បី​គាំទ្រ​ផលិតផល​កសិកម្ម ដោយសារតែ​កម្ពុ​ជាមាន​វត្ថុធាតុដើម​ច្រើន ព្រោះ​ការបង្កើត​ធនាគារ​នេះ​ជា​រឿង​វិជ្ជមាន​មួយ​សម្រាប់​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​តែងតែ​ប្រឈម​នឹង​កង្វះ​ទុន​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ហេតុនេះ​ធនាគារ​នេះ​គួរតែ​សម្រួល​និតិ​វិធី​នានា និង​យកការប្រាក់​ទាប ដើម្បី​អ្នក​ផលិត​ក្នុងស្រុក​អាចមាន​ល​ទ្ឋ​ភាព​ប្រើប្រាស់​ឥណទាន យកមក​ពង្រីក​អាជីវកម្ម​របស់​ពួកគេ។

    អាជីវកម្ម​សហគ្រាស​ក​ម្ម​សាល​ធុន​តូច និង​មធ្យម និង​សិប្បកម្ម (SME) ថ្មី​សរុប​ជាង1,000ត្រូវបាន​ចុះបញ្ជី​ក្នុង​រយៈពេល 11ខែ នៅ​ឆ្នាំ2018(គិត​ត្រឹម​ខែវិច្ឆិកា)ដែល​មន្ដ្រី​រំពឹងថា ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ដោយសារតែ​គោលនយោបាយ​លើកទឹកចិត្ត​ពន្ធ​របស់​រដ្ឋាភិបាល។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម។

    ឯកឧត្តម ឡាំ គីម​ឡេង អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន SME នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្ប​កម្មបាន​ប្រាប់​ឡា​រ៉ែ​ន​តាម​ទូរស័ព្ទ​ថា៖ “គិត​មកដល់​ខែវិច្ឆិកា ឆ្នាំ2018 មាន​ចំនួន 1,049សហគ្រាស និង​មាន​សហគ្រាស​សរុប​ចំនួន 156,789សហគ្រាស​ដែល​បាន​ចុះបញ្ជី តែ​តួលេខ​នេះ គឺ​គិតតែ​សហគ្រាសកម្ម​សាល​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ប៉ុណ្ណោះ។ បើ​គិតដល់ SMEទាំងអស់ គឺមាន​ដល់​ចំនួន​ជាង51ម៉ឺន​សហគ្រាស​ឯណោះ ឯ​ចំនួន​ពលកម្ម​សរុប​មាន​ចំនួន​រហូតដល់​ជាង 3លាន​នាក់”។

    លោក​ថ្លែងថា៖ “យើង​រំពឹងថា ចំនួន​នឹង​បន្ត​កើនឡើង​ទៀត​នៅ​ឆ្នាំក្រោយ ដោយសារតែ​យើង​មានការ​លើកលែង​ពន្ធ ព្រមទាំង​គោលនយោបាយ​ចុះបញ្ជី​ដោយ​វិមជ្ឈការ”។ លោក​បន្ថែមថា ការចុះបញ្ជី​របស់ SME នឹង​ផ្ដល់​ប្រាក់ចំណេញ​ដល់​ម្ចាស់​សហគ្រាស ដោយ​ទទួលបាន​ការលើកលែង​ពន្ធការបណ្ដុះបណ្ដាល​បច្ចេក​ទេស ព្រមទាំង​ការទទួលបាន​ហិរញ្ញប្បទាន​ផងដែរ។

    សូមបញ្ជាក់ថា អនុក្រឹត្យ​ស្ដីពី​ការលើកលែង​ពន្ធ​សម្រាប់ SME នៅក្នុង​វិស័យ​អាទិភាព ត្រូវបាន​ចុះហត្ថលេខា​ដោយ​សម្ដេចនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន កាលពី​ថ្ងៃទី2 ខែតុលា ដោយបាន​កំណត់​វិស័យ​អាទិភាព6 ក្នុងនោះ​រួមមាន​ក​សិ-ឧស្សាហកម្មការផលិត ការកែច្នៃ​អាហារ កម្មន្តសាល​ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​បច្ចេកវិជ្ជា​ព័ត៌មាន នឹង​ទទួលបាន​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល​ពី 3ទៅ5ឆ្នាំចាប់ពី​កាលបរិច្ឆេទ​ចុះបញ្ជី​ពន្ធ សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ​ចាប់ពី​កាលបរិច្ឆេទ​នៃ​ការធ្វើ​បច្ចុប្បន្នភាព​ការចុះបញ្ជី​ពន្ធ សម្រាប់​សហគ្រាស​ដែល​ចុះបញ្ជី​រួចហើយ។

    ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖ បើ​រដ្ឋាភិបាល​ផ្ដល់​ការលើកទឹកចិត្ត​កាន់តែ​ច្រើន​ដល់ SME វា​នឹង​ល្អ​បំផុត​សម្រាប់​វិស័យនេះ។ ឯក-

    ឧត្តម​ថ្លែងថា៖ “ខ្ញុំ​ជឿជាក់ថា SME ជាច្រើន នឹង​ចុះបញ្ជី ដែល​វា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពួកគាត់នៅពេលដែល​ធនាគារ​SMEត្រូវបាន​បង្កើតឡើង​ដោយ​គោលការណ៍​របស់​រដ្ឋាភិបាល វា​នឹង​អាច​ដំណើរការ​ទៅបាន​តាម​ការគ្រោងទុក ព្រោះ​ជា​គោលដៅ​របស់​រដ្ឋាភិបាល​ដែល​បានដាក់ចុះ​មកហើយ”។

    ឯកឧត្តម​បន្តថា៖ “ដោយសារ​SME ដើរតួនាទី​ដ៏​សំខាន់​នៅក្នុង​ការលើកកម្ពស់​កំ​ណើ​ន​សេដ្ឋកិច្ច ដូច្នេះ​ការបង្កើត​វា​ជា​កាលានុវត្តភាព​ថ្មី​មួយទៀត​អាចជួយ​ដល់​វិស័យ​SMEយើង​ដែល​ប្រឈម​នឹង​ការលំបាក​ខាង​ធនធាន​ហិរញ្ញវត្ថុ ដែល​កន្លងមក​គាត់​ជួប​ការខ្វះ​ថវិកា គាត់​ខ្ចី​ពី​ធនាគារ ឬ​គ្រឹះស្ថាន​ឯកជន ដែល​គាត់​តែង​ជួបប្រទះ​តាំងពី​បែបបទ ទាំង​បញ្ហា​ប្រាក់កម្ចី​មានការ​ប្រាក់​ខ្ពស់”។

    ឯកឧត្តម​បញ្ជាក់ថា ខាង​វិស័យ​ឯកជន​គាត់​មិនមាន​គោលនយោបាយ​លើកទឹកចិត្ត​ទេ តែ​រាជរដ្ឋាភិបាល​ខុសពី​វិស័យ​ឯកជន កាលណា​ដាក់ចេញ​គោលនយោបាយ គឺមាន​គោលនយោបាយ​លើកទឹកចិត្ត ការសម្រួល​បែបបទ​ជា​រឿង​មួយ ឯ​ការសម្រួល​អត្រា​ការប្រាក់​គឺជា​រឿង​មួយទៀត ប៉ុន្តែ​មិនមែន​អនុវត្ត​ជាទូទៅ​ទេ វិស័យ​ណា​ដែល​រដ្ឋាភិបាល​លើកទឹកចិត្ត ទើប​មាន​គោលការណ៍​អនុគ្រោះ។

    ឯកឧត្តម​មានប្រសាសន៍​ទៀតថា៖ “ដូច​គោលនយោបាយ​SMEនេះ បើ​យើង​មាន​គោលនយោបាយ​អភិវឌ្ឍន៍​SMEត្រឹមត្រូវ យើង​នឹងមាន​ផលចំណេញក្រសួង​ក៏មាន​ការលើកទឹកចិត្ត​ផងដែរ​ចំពោះ​ SME ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ខ្លួន រួមមាន​ការទាក់ទង​ផលិតកម្ម ផលិតកម្ម​កែច្នៃ ផលិតផល​សម្ភារ​ប្រើប្រាស់​ជាដើម ហើយ​ការជួយ ឬ​លើកទឹកចិត្ត គឺ​ជួយ​ទាំង​ទុន និង​បច្ចេកទេស ទាំង​ការប្រាក់​ទាប ឬ​ការ​នាំចូល​មិន​យកពន្ធ​ថែមទៀត ដូចជា​សិប្បកម្ម​ផលិត​អំបិល​ជាដើម គឺ​ជួយ​តាម​វិស័យ​អាស្រ័យ​លើ​ភាព​ប្រឈម​របស់​សិប្បកម្មនីមួយៗ បើ​គាត់​មិនមានប្រឈម​ខ្លាំង យើង​មិនមាន​ការលើកទឹកចិត្ត​ទេ”៕

  • អ្នកជំនាញ​ចង់ឱ្យ​រដ្ឋា​ភិ​បាល​ពង្រឹង​ការយក​វត្ថុធាតុដើម​ក្នុងស្រុក​មក​កែច្នៃ ជាជាង​នាំចេញ

    អ្នកជំនាញ​ចង់ឱ្យ​រដ្ឋា​ភិ​បាល​ពង្រឹង​ការយក​វត្ថុធាតុដើម​ក្នុងស្រុក​មក​កែច្នៃ ជាជាង​នាំចេញ

    ដើម្បី​រក្សាបាន​កំណើនសេដ្ឋកិច្ច​រយៈពេល​យូរជួយ​ឱ្យ​កម្រិតជីវភាព​ប្រជាពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អ្នកជំនាញ​សេដ្ឋកិច្ច​ចង់ឱ្យ​រដ្ឋាភិបាល​យកចិត្ត​ទុកដាក់​លើកកម្ពស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ឱ្យ​ពួកគេ​មានលទ្ធភាព​កែច្នៃ​ផលិតផល​ក្នុងស្រុក ជាពិសេស​ផលិតផល​កសិកម្ម ជាជាង​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស។

    លោក ង៉ែត ជូ ដែលជា​គេ​ស្គាល់​ថា​ជា​អ្នកជំនាញ​សេដ្ឋកិច្ច​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មានប្រសាសន៍ថាបើ​យើង​នៅតែ​បន្ត​ពឹង​ផ្អែកលើ​ការនាំចេញ​វត្ថុធាតុដើម​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​នោះ នឹងមិន​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​យើង​មាន​កំណើន និង​រក្សាបាន​ស្ថិរភាព​យូរអង្វែង​នោះទេ ជាពិសេស​ចំណូល​ប្រជាពលរដ្ឋ​នៅតែមាន​កម្រិត​ទាប​ដដែល។ លោ​កថា​ប្រសិនបើ​ចង់ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​មាន​កំណើន មាន​ស្ថិរភាព​យូរអង្វែង និង​ចំណូល​ប្រជាពលរដ្ឋ​រឹតតែ​ប្រសើរឡើង​ពី​ទាប ទៅ​មធ្យម​នោះ រដ្ឋាភិបាល​គួរផ្តោត​ការយកចិត្តទុកដាក់​ដោយ​គួរ​ងាក​មក​ពង្រឹង​សហគ្រាស​ខ្នាតតូច និង​មធ្យម​ឱ្យ​កាន់តែខ្លាំង​ឡើងជាពិសេស​ផ្តល់ជំនួយ​ផ្នែក​បច្ចេកទេស និង​ថវិកា​ឱ្យ​ពួកគេ​មានលទ្ធភាព​កែច្នៃ​ផលិតផល​ក្នុងស្រុក​ឱ្យបាន​កាន់តែច្រើន​សម្រាប់​ដាក់លក់​ជា​ផលិតផល​សម្រេច​នៅលើ​ទីផ្សា​របស់ខ្លួន​ផង និង​នាំ​ចេញទៅ​លក់​នៅលើ​ទីផ្សារ​ក្រៅប្រទេស​ផង ដែល​អាច​រកចំណូលបាន​ខ្ពស់​ត្រឡប់មកវិញ ហើយ​នៅពេលដែលផលិតផល​សម្រេច​មានតម្លៃ​ខ្ពស់ នោះ​វា​នឹង​ជួយ​ឱ្យ​វត្ថុធាតុដើម​របស់​កសិក​រ​រឹតតែ​មានតម្លៃ ហើយក៏​មិនចាំបាច់​ពឹងផ្អែក​តែ​លើ​ទីផ្សារ​ក្រៅប្រទេស​ដែរ។

    លោក​បន្តថា កន្លងមក​មាន​ភាពរ​ង្គោះ​រង្គើ​ចំពោះ​ការអនុគ្រោះ​ពន្ធ​នាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​អឺរ៉ុបប៉ុន្តែ​ដោយសារ​មាន​ទំនាក់ទំនង​ការទូត ការផ្សះផ្សា​ផ្នែក​នយោបាយ​ការបរទេស ទើប​កម្ពុជា​នៅតែ​ឱកាស​នាំចេញ​ផលិតផលផ្សេងៗ ជាពិសេស​ផលិតផល​កាត់ដេរ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​បន្តទៀត ប៉ុន្តែ​ទោះជា​ដូច្នេះ​ក្ដី តែ​វា​ក៏​ជាស​ញ្ញា​មួយ​បង្ហាញថា ការអនុគ្រោះ​ពន្ធ​នាំចេញ​ផលិតផល​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នឹងត្រូវ​កាត់ផ្តាច់​នៅពេល​អនាគត​ខាងមុខ ដែល​យើង​ត្រូវតែ​ត្រៀមខ្លួន​ទុកជាមុន មុននឹង​ការអនុគ្រោះ​ពន្ធ​នាំចេញ​ត្រូវបាន​កាត់ផ្តាច់។ ដើម្បីឱ្យ​យើង​អាច​រក្សាកំណើនសេដ្ឋកិច្ច​ល្អ ចំណូល​ប្រជាពលរដ្ឋ​កាន់តែ​ខ្ពស់​ឡើង រដ្ឋាភិបាល​គួរ​ពង្រឹង និង​យកចិត្តទុកដាក់​ចំពោះ​សហគ្រាស​ខ្នាតតូច និង​មធ្យម​ឱ្យបាន​កាន់តែច្រើន ដើម្បីឱ្យ​ពួកគេ​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​ក្នុង​ការកែច្នៃ​ផលិតផល​ក្នុងស្រុក​ឱ្យបាន​កាន់តែច្រើន។

    សម្រាប់​ចង្វាក់​ផលិតកម្ម​ក្រុមហ៊ុន ឬ​សហគ្រាស​មួយ​ដំណើការ​ទៅបាន​ដោយ​រលូន គេ​តែងមាន​តម្រូវការ​ថវិកា ឬ​ទុនបម្រុង និង​អ្នកជំនាញ​ជាដើមព្រោះ​កន្លងមក​មាន​សហគ្រាស​ក្នុងស្រុក​មួយចំនួន​បាន​ផ្អាក​ដំណើរ ឬ​ប្រឈម​នឹង​ការផ្អាក​ដំណើរការ​ចង្វាក់​ផលិតកម្ម​ដោយសារ​កង្វះ​ថវិកា ធនធានមនុស្ស និង​បច្ចេកទេស​ជាដើម ដែល​បញ្ហា​នេះ​មានតម្រូវការ​ជា​ចាំបាច់​ពី​រដ្ឋាភិបាល​ក្នុង​ការជួយជ្រោមជ្រែង​តាមរយៈ​ក្រសួង​ជំនាញ​ក្នុងការ​ជួយឧបត្ថម្ភ​ទុនបម្រុង ជំនាញ​បច្ចេកទេស និង​ធនធានមនុស្ស​ដែលពូកែៗសម្រាប់​ជួយ​ពួកគេ​ឱ្យមាន​ដំណើការ​ល្អប្រសើរ​ទៅមុខ។

    លោក​បន្តទៀតថា ក្នុង​គោលនយោបាយ​កាត់បន្ថយ​ថ្លៃ​ចំណាយ សហគ្រាស​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា​ចង់ឱ្យ​រដ្ឋាភិបាល​ធ្វើការ​បញ្ចុះតម្លៃ​ភ្លើងអគ្គិសនី​ឱ្យបាន​ដូច​ប្រទេសជិតខាង រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពាន-ផ្លូវថ្នល់ ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ ឬ​កសិផលផ្សេងៗ ជាពិសេស​ការអនុគ្រោះ​ពន្ធ​ពី​រដ្ឋាភិបាល​ផងដែរ ទើប​ពួកគេ​អាច​រកប្រាក់​ចំណេញ​សម្រាប់​ពង្រីក​ចង្វាក់​ផលិតកម្ម​ឱ្យ​កាន់តែ​ធំឡើងៗបាន ដែល​នេះ​ជា​ចំណែក​សំខាន់​មួយ​ក្នុងចំណោម​ជំនួយ​សំខាន់ផ្សេងៗទៀត​ដែល​ជួយឱ្យ​ពួកគេ​អាច​ដំណើរការ​ទៅមុខ​បាន​កាន់​តែមានប្រសើរឡើង។

    ទោះជា​យ៉ាងណា ក្នុង​គោលនយោបាយ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក ក៏ដូចជា​ការលើកកម្ពស់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ឱ្យ​កាន់តែ​មានលទ្ធភាព​ប្រសើ​រ​ឡើង រដ្ឋាភិបាល​បានដាក់​ចេញ​គោលនយោបាយ​ថ្មី​មួយ គឺ​អនុគ្រោះ​ពន្ធ100% រយៈពេល​ចាប់ពី3 ទៅ 5ឆ្នាំ​សម្រាប់​សហគ្រាស​ដែល​ទើបនឹង​បង្កើត​ថ្មី។ យោងតាម​ខ្លឹមសារ​ជំពូក​ទី3 នៃ​អនុក្រឹត្យ​លេខ២៤អនក្រ.បក របស់​រាជរដ្ឋាភិបាល​ស្តីពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម​ក្នុង​វិស័យ​អាទិភាព រាជរដ្ឋាភិបាល​បាន​លើកឡើងថា សម្រាប់​សហ​គ្រា​សខ្នាតតូច និង​មធ្យម​ត្រូវ​ទទួលបាន​ការលើកលែង​ពន្ធដារផ្សេងៗគ្នា​ដូចជា 1.លើកលែង​ពន្ធចំពោះ​ប្រាក់ចំណូល​រយៈពេល 3ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ដែល​ចុះបញ្ជី​ថ្មី ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្នភាព​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួច​នៅពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន។ 2.លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល 5ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្នភាព​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន​ដែល​បំពេញ​លក្ខខណ្ឌ​ដូចជា ក.ប្រើ​វត្ថុធាតុដើម​ក្នុងស្រុក​ចាប់ពី 60ភាគរយ​ឡើងទៅ។ ខ.បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច2%។ គ. មាន​ទីតាំង​ក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម​ (SMECluster)។ 3.លើកលែង​ការបង់ប្រាក់​រំលស់​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អប្បបរមា​ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល។ 4.លើកលែង​ការចំណាយ​ដែល​អាច​កាត់កង​បាន មានដូចជា​ ក.អនុញ្ញាត​កាត់​ចំណាយ 200%ចំពោះ​ចំណាយ​លើ​ការ​ការបណ្តុះបណ្តាល​ការ​កាន់​បញ្ជី​គណនេយ្យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន។ ខ. អនុញ្ញាត​កាត់កង​ចំណាយ 200%ចំណាយ​លើ​ការបណ្តុះបណ្តាល​ការ​កាន់​បញ្ជី​គណនេយ្យ ឬ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​និយោជិត។ គ.អនុញ្ញាតឱ្យ​កាត់កង​ចំណាយ 150% ចំពោះ​ការចំណាយ​លើ​ការវិនិយោគ​ម៉ាស៊ីន ឬ​ឧបករណ៍​បច្ចេកវិទ្យា​ដែលមាន​លក្ខណៈ​នវានុវត្តន៍​សម្រាប់​បម្រើ និង​លើកកម្ពស់​ផលិតភាព​ផលិតកម្ម។

    ផ្អែក​តាម​របកគំហើញថ្មីៗដែល​ស្រាវជ្រាវ និងចេញផ្សាយ​ដោយ​ធនាគារពិភពលោក​បាន​បង្ហាញថា កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើនឡើង​យ៉ាងល្អប្រសើរ ដែល​គេ​រំពឹងថា កំណើន​នេះ​នឹង​កើនឡើង​បន្តិចបន្តួច​ទៀត​នៅ​ឆ្នាំនេះ ដោយ​នឹង​កើនឡើង​ដល់ 7.1ភាគរយ​នៅក្នុង​ឆ្នាំ2018 ដែល​កំណើន​នេះ​នាំមុខ​ដោយសារ​តម្រូវការ​ប្រើប្រាស់​ទំនិញ​ក្នុងស្រុក និង​ការនាំចេញ។

    ទស្សនវិស័យ​រយៈពេល​វែង​ដែលមាន​លក្ខណៈ​វិជ្ជមាន​មានការ​កើនឡើង​មួយផ្នែកធំ​ដោយសារ​លំហូរ​ចូល​នៃ​វិនិយោគ​ផ្ទា​ល់ពី​បរទេស​កាន់តែ​ច្រើនឡើង​ទៅលើ​ផ្នែក​ផលិតកម្ម​ និង​កសិកម្ម និង​ភាព​កាន់តែ​ល្អប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​ខ្សែចង្វាក់​ផ្គត់ផ្គង់​រវាង​វិនិយោគទុន​ផ្ទា​ល់ពី​បរទេស និង​ក្រុមហ៊ុន​ជាច្រើន​របស់​កម្ពុជា។

    បរិមាណ​តម្រូវការ​ក្នុងស្រុក​បាន​កើនឡើង​ដោយសារតែ​កំណើន​ប្រាក់បៀវត្សរ៍​កើនឡើង​កាន់តែ​ខ្ពស់ជាង​មុន និង​វិនិយោគទុន​សាធារណៈ​ច្រើនជាង​មុន ជាមួយនិង​ការកើនឡើង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ដើរតួ​ជាការ​លើកទឹកចិត្ត។ បរិមាណ​តម្រូវការ​ដ៏​ច្រើន​ពី​ក្រៅប្រទេស​បាន​ជំរុញ​ដល់​ការនាំចេញ​សម្លៀកបំពាក់ និង​ស្បែកជើង ដែល​បង្កើន​ចំណូល​បាន 16.1 ក្នុងអំឡុង​ឆមាស​ទី1 ឆ្នាំ2018៕

  • អ្នកធ្វើដំណើរ​តាម​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ​កើនឡើង​យ៉ាង​ឆាប់រហ័ស

    អ្នកធ្វើដំណើរ​តាម​អាកាសយានដ្ឋាន​ខេត្ត​ព្រះសីហនុ​កើនឡើង​យ៉ាង​ឆាប់រហ័ស

    ដោយសារ​កំណើន​ពាណិជ្ជកម្ម និង​ភ្ញៀវទេសចរ អាកាសយានដ្ឋាន​អន្តរជាតិ​​នៃ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​គេ​មើលឃើញថា មានការ​កើនឡើងយ៉ាងខ្លាំង​នូវ​ចំនួន​អ្នកដំណើរ​ក្នុង​រយៈពេល11ខែ​នៃ​ឆ្នាំ2018នេះ។

    ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា អាកាសយានដ្ឋាន​អន្តរជាតិខេត្ត​ព្រះសីហនុ​បានទទួល​ការដឹកជញ្ជូន​តាម​ជើងហោះហើរ​ចំនួន 3,619ជើង​ជាមួយនឹង​ការកើនឡើង​នៃ​ចំនួន​អ្នកដំណើរ 89% ស្មើនឹង 274,535នាក់។ ពោលគឺ​ជាមួយនឹង​ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី​ចំនួន3 ដែល​ចាប់ផ្តើម​ប្រតិបត្តិការ​ជើងហោះហើរ​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំនេះ បានធ្វើឱ្យ​ចំនួន​អ្នកដំណើរ​សរុប​នៅ​អាកាសយានដ្ឋាន​មួយ​នេះ​កើនឡើង​ប្រមាណ​ដល់​ទៅ11ដង។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ។

    លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធានមន្ទីទេសចរណ៍ខេត្តព្រះសីហនុបាន​មានប្រសាសន៍ថា៖ “ក្នុងចំណោម​ក្រុមហ៊ុន​ថ្មី​ទាំង3នេះ មាន2គឺជា​ក្រុមហ៊ុន​ក្នុងស្រុក និង​មួយទៀត​ជា​ក្រុមហ៊ុន​បរទេស”។ បច្ចុប្បន្ន​យើង​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក 6 និង​ក្រុមហ៊ុនបរទេស 5 ដែល​ធ្វើការ​ហោះហើរ​ត្រង់​ពី​ប្រទេស​វៀតណាម ម៉ាឡេស៊ី និង15ខេត្ត​ក្នុង​ប្រទេស​ចិន។

    លោក​បានបញ្ជាក់​បន្ថែម​ថា ព្រលានយន្តហោះ​បច្ចុប្បន្ន​គ្រប់គ្រង​ជើងហោះហើរ​ចំនួន​ជាង 100ជើង​ក្នុង​មួយ​សប្តាហ៍​ដោយមាន​ចំនួន​អ្នកទេសចរ​អន្តរជាតិ និង​អ្នកធ្វើដំណើរ​ឆ្លងកាត់​ព្រលានយន្តហោះ​បាន​កើនឡើង90% (ប្រមាណ 272,155នាក់)ស្រប​ពេលដែល​ចំនួន​អ្នកដំណើរ​កម្ពុជា​កើនឡើង47%។

    លោក សុចិត្រ​គ្រឹ​ស្នា បាន​បន្ថែមថា៖ “កំណើន​នៃ​ឧស្សាហកម្ម​អាកាសចរណ៍​ត្រូវបាន​កើតឡើង​ដោយសារតែ​កំណើនសេដ្ឋកិច្ច​ដ៏​រឹងមាំ និង​ស្ថិរភាព​នយោបាយ”។ លោក​បាន​ឱ្យដឹងទៀតថា ក្រុមហ៊ុន​អាកាសចរណ៍​បាងកក​អ៊ែរ​វេ​យ៍ ក៏បាន​ប្រកាស​ពី​ផែនការ​បង្កើត​ជើងហោះហើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ​នៅ​ឆ្នាំ​បន្ទាប់​នេះដែរ។

    លោក​បាន​បញ្ជាក់ទៀតថា ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួនទៀត ក៏បាន​ចាប់អារម្មណ៍​ក្នុងការហោះហើរ​មកកាន់​ខេត្ត​ឆ្នេរសមុទ្រ​នេះ​ផងដែរ ដែល​ប្រការនេះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ព្រលានយន្តហោះ​ត្រូវ​ជួសជុល​គ្រឿង​បរិក្ខារ​នៃ​ព្រលាន​ដើម្បី​ទទួល​ជើងហោះហើរ​បន្ថែម​ទាំងអស់នោះ។

    ឯកឧត្តម ស៊ិន ចាន់​សិរី​វុត្ថា អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​តាម​ទូរស័ព្ទ​ថា៖ “តាម​តួលេខ​ដែល​ខាងមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​មាន មិនជា​ខុសគ្នា​ទេ ព្រោះ​បើ​យោងតាម​របាយការណ៍​ជើងហោះហើរ​បានបង្ហាញ​ថា បើ​គិត​ត្រឹមតែ​ខែវិច្ឆិកា ឆ្នាំ2018 ជើងហោះហើរ​ដែល​ខេត្ត​ព្រះសីហនុ​ទទួលបាន​គឺ 311ជើងហោះហើរ​អន្តរជាតិ និង207ជើងហោះហើរ​ក្នុងស្រុក។ បើ​គិត​ជា​សរុប​ជើងហោះហើរ​អន្តរជាតិនិង​ក្នុងស្រុក​មាន​ចំនួន518”។ ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា៖ “បើ​គិត​ក្នុង​រយៈពេល 11ខែ​នៃ​ឆ្នាំ2018នេះ ចាប់ពី​ខែមករា ដល់​ខែវិច្ឆិកា អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ទទួលបាន​ការ​ដឹកជញ្ជូន​តាម​អាកាស​ចំនួន 4,232ជើងហោះហើរ”។

    សូមបញ្ជាក់ថា ព្រលានយន្តហោះ​អន្តរជាតិ​កងកេង​នៃ​ខេត្ត​ព្រះសីហនុ​បានបញ្ចប់​គម្រោង​កែលម្អ​ព្រលាន​កាលពី​ខែមិថុនា រួមទាំង​ការពង្រីក​ព្រលានយន្តហោះ​រហូតដល់​ទៅ 80%នៃ​ទំហំ​ដើម​របស់ខ្លួន​ដែលជា“ការជួសជុល​ឡើងវិញ”នៅតាម​កន្លែង​នានា (ជាពិសេស​តំបន់​ត្រួតពិនិត្យ កន្លែង​រង់ចាំ និង​កន្លែង​ទទួល​ឥ​វ៉ាន់) និង​ការបំពាក់​ឧបករណ៍ថ្មីៗ រួមទាំង​ប្រព័ន្ធគ្រប់គ្រង​ឥ​វ៉ាន់​ទៀតផង។

    ការជួសជុល​ស្ថានីយ​ព្រលានយន្តហោះ​អន្តរជាតិ​នេះ​គឺជា​លទ្ធផល​នៃ​ការកើនឡើង​នូវ​ប្រជាប្រិយភាព​នៃ​ខេត្ត​ព្រះសីហនុ​ក្នុង​គោលដៅ​ទេសចរណ៍។ ដោយ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាលគឺ​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យ​កាន់តែច្រើន ក៏ដូចជា​ការវិនិយោគ​នៅក្នុង​ខេត្ត ដែល​ក្នុងន័យនេះ​ការជួសជុល​ព្រលានយន្តហោះ គឺជា​គន្លឹះ​ក្នុង​ការផ្តល់សេវា​បដិសណ្ឋារកិច្ច​ល្អប្រសើរ និង​កាន់តែ​ងាយស្រួល ព្រោះ​ព្រលានយន្តហោះ​នៅក្នុង​ខេត្ត​នេះ​មាន​ទំនាក់ទំនង​ផ្លូវអាកាស​ដ៏​អស្ចារ្យ​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ជាពិសេស​ប្រទេស​ចិន ម៉ាឡេស៊ី វៀតណាម និងប្រទេស​ថៃ។

    យោងតាម​គម្រោងជួសជុល​របស់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា សម្រាប់​ព្រលានយន្តហោះ​នៅ​ក្រុងព្រះសីហនុ​នេះ មានការ​បន្ថែម​ផ្លូវ​រត់​ពី 800ម៉ែត្រ ទៅដល់3.3គីឡូម៉ែត្រ។ នៅពេល​បញ្ចប់​គម្រោង​ជួសជុល អាកាសយានដ្ឋាន​មួយ​នេះ​នឹង​អាច​ផ្ទុក​យន្តហោះ​ដឹក​អ្នកដំណើរ និង​យន្តហោះ​ដឹកជញ្ជូន​ទំនិញធំៗជាប្រចាំ​ពី​ទីផ្សារធំៗជាពិសេស​ពី​តំបន់ផ្សេងៗនៅ​អាស៊ី។

    សូម​ជម្រាប​ដែរ​ថា នៅ​ឆ្នាំ2017 ចំនួន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន 8.8 លាន​នាក់។ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សៀមរាប​ទទួលបាន​អ្នកដំណើរ 4.2លាន​នាក់ ខណៈ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ទទួលបាន338,000នាក់៕

  • បើ​មិន​ចង់​បោះបង់​អាជីវកម្ម​កណ្តាល​ទី អ្នករកស៊ី​ត្រូវ​រកឱ្យឃើញ​ហេតុផល​ច្បាស់​បំផុត​មុន​ចាប់ផ្តើម

    បើ​មិន​ចង់​បោះបង់​អាជីវកម្ម​កណ្តាល​ទី អ្នករកស៊ី​ត្រូវ​រកឱ្យឃើញ​ហេតុផល​ច្បាស់​បំផុត​មុន​ចាប់ផ្តើម

    នៅ​បណ្តា​ប្រទេស​ជាច្រើន​ក្នុង​តំបន់​អាស៊ី ការចាប់ផ្តើម​អាជីវកម្ម (start up) ជា​ចំណុច​សំខាន់​មួយ​ដែល​គ្រប់ភាគី​ពាក់ព័ន្ធ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​យកចិត្តទុកដាក់ និង​ហ៊ាន​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​សហគ្រិន​ប្រកបដោយ​សមត្ថភាព​ដើម្បី​ចួ​ល​រួមចំណែក​អភិវឌ្ឍ​សង្គម។ ប្រទេស​ណា​ដែលមាន​សហគ្រាសធុន​តូច និង​មធ្យម​ច្រើន​នោះ​នឹង​អាច​អភិវឌ្ឍ​បាន​លឿន​បំផុត តែ​កន្លងមក​ក្នុង​សកម្មភាព​លើកស្ទួយ​ការបង្កើត​អាជីវកម្ម មាន​ចំណុច​វិជ្ជមាន និង​ឧបសគ្គ​ជាច្រើន​បានកើត​ឡើង។ ឧបសគ្គ​សំខាន់​ក្នុង​វិស័យ​អាជីវកម្ម​គឺ ទន្ទឹមនឹង​ទទួលបាន​ផលចំណេញ​ពី​អាជីវកម្ម​ជោគជ័យ មាន​សហគ្រិន​ជាច្រើន​បាន​បិទ​អាជិ​វ​កម្ម​របស់ខ្លួន​ទៅវិញ បន្ទាប់ពី​បើក​បាន​រយៈពេល​មិនយូរប៉ុន្មាន ដែល​រឿងនេះ​បាន​ក្លាយជា​បន្ទុក​សម្រាប់​សង្គម។

    លោក ហាវ គង់​ងី សហ​ស្ថាបនិក​សហគ្រាស​សង្គម​ផ្ទះ​តាម​ក្តី​ប្រាថ្នា បាន​លើកឡើងថា គេ​ថា ការរកស៊ី​ត្រូវតែ​ហ៊ាន​ប្រថុយ តែ​មុននឹង​ធ្វើការ​ប្រថុយ​ចាំបាច់​ត្រូវ​សិក្សា​ឱ្យបាន​ហ្មត់ចត់​សិន​ដែរ​មុននឹង​ចាប់ផ្តើម។ សម្រាប់​លោក គឺ​បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ដើម្បី​សិក្សា​ឱ្យបាន​ច្បាស់លាស់​ពី​អាជីវកម្ម​ដែល​លោក​បង្កើត ព្រោះថា ការបង្កើត​អាជីវកម្ម​មិនមែន​ចេះតែ​បង្កើតឱ្យតែបានៗនោះទេ គឺ​ចាំបាច់​ត្រូវមាន​ហេតុផល​ច្បាស់លាស់​ដើម្បី​បង្កើតឡើងហើយ​អាច​ដោះស្រាយ​បញ្ហា​របស់​មនុ​ស្សបាន។ ក្រោយពេល​សិក្សា​ពី​តម្រូវការ​ជាក់ស្តែង​នៅក្នុង​សង្គម​រួចហើយ លោក​មើលឃើញថា លំនៅដ្ឋាន​ជា​តម្រូវ​ការចាំបាច់​បំផុត​សម្រាប់​ប្រជាជន​ខ្មែរ ក៏ដូចជា​ប្រជាជន​នៅក្នុង​តំបន់ ហេតុនេះ​លោក​បាន​បន្ត​ទៅមួយ​ជំហាន​ទៀត​ដើម្បី​ ដោះស្រាយ​ថា តើ​ត្រូវធ្វើ​បែបណា​ដើម្បីឱ្យ​ប្រជាជន​មានផ្ទះ​ស្នាក់នៅ​សមរម្យ។

    លោក ហាវ គង់​ងី បាន​និយាយថា៖ “បើ​គិតពី​កម្រិត​ប្រាក់ខែ​របស់​កម្មករ កម្មការិនី និង​ប្រជាជន​ខ្មែរ​យើង​មួយចំនួន គាត់​មិនអាច​មានលទ្ធភាព​សន្សំ​លុយ​ទិញ​ផ្ទះថ្លៃៗបាន​នោះទេ។ ហេតុនេះ​ប្រសិនបើ​យើង​អាច​ច្នៃ​ផ្ទះ​ដែលមានគុណភាព​ល្អ ហើយ​មានតម្លៃ​សមរម្យ​សម្រាប់​គាត់​បាន នោះ​មានន័យថា យើង​នឹង​អាច​ដោះស្រាយ​បញ្ហា​ធំ​មួយ​របស់គាត់​បាន​មិន​ខាន”។

    សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថាក្រោយពេល​ដឹង​ច្បាស់​ពី​បញ្ហា និង​តម្រូវការ​ហើយលោក​បាន​បន្ត​គិតពី​ជំនាញ ឬ​ការបង្កើត​ផលិតផល​ដែល​អាចជួយ​ធ្វើឱ្យ​បញ្ហា​ទាំងអស់នោះ​អាច​ដោះស្រាយបាន។ បន្ទាប់ពី​គិត​ឃើញ​បញ្ហា​នេះហើយ លោក​បាន​ដើរ​មើល​សហគ្រាសធំៗមួយចំនួន​នៅ​បរទេស និង​ដើរ​មើល​ពី​ចង្វាក់​ផលិតកម្ម​ដែល​គេ​ដោះស្រាយបញ្ហាសំខាន់ៗរបស់​ប្រទេស​គេ។ ចុងក្រោយ​លោក​បាន​រកឃើញ​ដំណោះស្រាយ​យ៉ាងសំខាន់​មួយ គឺ​បង្កើត​ឥដ្ឋ​បរិស្ថាន​ដែល​អាច​កាត់បន្ថយ​តម្លៃ​ដើម​នៃ​ការសង​សង់ផ្ទះ​ដល់​ទៅ 30% ពី​តម្លៃ​នៃ​ឥដ្ឋ​ធម្មតា ហើយ​ថែមទាំង​អាចជួយ​ដល់​បរិស្ថាន​បាន​ទៀតផង។ ចាប់ផ្តើម​ពី​ផលិតផល​នេះ​លោក​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​អភិវឌ្ឍ​គម្រោង​នេះ​រហូត​សម្រេចបាន​លទ្ធផល​ល្អ គឺ​បាន​សាងសង់​គម្រោង​លំនៅដ្ឋាន​ក្នុងតម្លៃ​សមរម្យ​សម្រាប់​កម្មករ-កម្មការិនី។

    លោក គង់​ងី បាន​លើកឡើងថា ដំណើរ​នៃ​ការធ្វើ​អាជីវកម្ម ពេលខ្លះ​ជួបនឹង​បញ្ហា និង​ឧ​សគ្គលំបាកៗជាច្រើន ប្រសិនបើ​យើង​ធ្វើ​អាជីវកម្ម​ដោយ​ផ្តោត​សំខាន់​តែ​លើ​ប្រាក់ចំណេញ ឬ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យើង​អាច​នឹង​បោះបង់​នៅ​ថ្ងៃ​ណាមួយ តែ​ប្រសិនបើ​យើង​មាន​ហេតុផល​សំខាន់​មួយ​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​ជាទូទៅ យើង​នឹង​អាច​មើលឃើញ​ភាព​ទទួលខុសត្រូវ និង​ហេតុផល​ដ៏​ធំ​ដើម្បី​បន្តសកម្មភាព។

    សហគ្រិន​ម្នាក់ទៀត​ដែលជា​អ្នកជំនាញ​ផ្នែក​បច្ចេកវិទ្យា លោក សុខ សុភមង្គល ស្ថាបនិក​ក្រុមហ៊ុន Codingate បាន​លើកឡើងថា ការធ្វើ​អាជីវកម្ម​ចាំបាច់​ត្រូវតែមាន​ហេតុផល​ច្បាស់លាស់​បំផុតព្រោះ​ប្រសិនបើ​យើង​ធ្វើ​អាជីវកម្ម​ដើម្បី​តែ​ប្រាក់ចំណេញ យើង​នឹង​អាច​អស់ចិត្ត​នៅពេល​យើង​មាន​ចំណូល​គ្រប់គ្រាន់ ឬ​ជួប​ឧបសគ្គ​ដែល​ធ្វើឱ្យ​យើង​លំបាក​រហូត​លែង​ចង់បាន​វា តែ​ប្រសិនបើ​យើង​ដឹង​ខ្លួនឯង​ច្បាស់​ថា យើង​កំពុង​ក្លាយជា​ចំណែក​មួយ​ក្នុង​ការជួយជ្រោមជ្រែង​មនុស្ស​ជុំវិញខ្លួន​ឱ្យ​រីកចម្រើននោះ​យើង​នឹង​មិនអាច​បោះបង់​វា​ចោល​បានឡើយ។ការរកឃើញ​គោលដៅ​ច្បាស់លាស់​បែបនេះ​អាចធ្វើឱ្យ​យើង​មាន​កម្លាំងចិត្ត​កាន់តែខ្លាំង​ក្នុងការ​អភិវឌ្ឍ​ផលិតផល​បច្ចេកវិទ្យា​កា​ន់​តែ​ច្រើន​ជាមួយ​ក្រុមការងារ​ដើម្បីឱ្យ​មនុស្ស​ក្នុងសង្គម​កាន់តែ​ប្រសើរឡើង មិន​ថា​អ្នករកស៊ី ឬ​មនុស្ស​ទូទៅ​នោះទេ។

    លោក សុខ សុភមង្គល បាន​និយាយថា៖ “គ្មានអ្វី​ដែល​បាន​ដោយងាយៗនោះទេ តែ​ក៏​គ្មានអ្វី​លំបាក​ខ្លាំងពេក​នោះដែរ ប្រសិនបើ​យើង​ចេះ​លើកទឹកចិត្ត​ចំពោះ​ដំណើរ​ឆ្ពោះទៅកាន់​គោលដៅ​របស់​យើង​នោះ។ ពេលខ្លះ​ការធ្វើ​អាជីវកម្ម​ជួប​រឿង​ជាច្រើន តែ​នៅពេលដែល​ផលិតផល​របស់​យើង​បាន​ជួយ​ឱ្យ​អតិថិជន និង​អ្នក​គ្រប់គ្នា​មាន​ភាពងាយស្រួល​ក្នុងការ​រស់នៅ យើង​នឹង​កាន់​តែមាន​ថាមពល​ក្នុង​ការតស៊ូ​បង្កើន​សកម្មភាព​កាន់តែខ្លាំង​ឡើង”។

    សហគ្រិន​ខាងលើ​បាន​បន្ថែមថា មុននឹង​ចាប់ផ្តើម​អាជីវកម្ម​ត្រូវតែ​ច្បាស់​ក្នុង​ចិត្ត​ថា​យើង​ស្រឡាញ់​វា ហើយ​ការធ្វើ​នោះ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់បំផុត ដូច​ពាក្យ​ខ្មែរ​ថា “មុជ​ឱ្យ​ជ្រៅ ទៅឱ្យ​ឆ្ងាយ”។ បើ​យើង​មិន​ច្បាស់លាស់ មិន​ដាក់ចិត្ត​ដាក់​កាយ​ធ្វើឱ្យបាន​ពិតប្រាកដ​ទេនោះ អាជីវកម្ម​របស់​យើង​នឹង​មិនអាច​រីកចម្រើន​បានឡើយ ព្រោះ​យើង​គ្រប់គ្នា​អាច​នឹង​រួញរា​គ្រប់​កាលៈទេសៈ ហើយ​ផលិតផល​ដែល​យើង​បង្កើតបាន​នោះ​ក៏​មិនអាច​ប្រកួតប្រជែង​ជាមួយ​គេ​បានដែរ ដែល​នេះ​គឺជា​ហេតុ​ធ្វើឱ្យ​យើង​បាក់​ទឹកចិត្ត ហើយ​បិទ​អាជីវកម្ម​ទៅវិញ​យ៉ាង​ងាយ៕

  • ការកំណត់​លើ​គម្រោង​ថវិកា​អូឡាំពិក​ទីក្រុង​តូ​ក្យូ ឆ្នាំ2020 បង្កើត​ឲ្យ​មាន​ជម្លោះ

    ការកំណត់​លើ​គម្រោង​ថវិកា​អូឡាំពិក​ទីក្រុង​តូ​ក្យូ ឆ្នាំ2020 បង្កើត​ឲ្យ​មាន​ជម្លោះ

    តើ​ប្រព័ន្ធ​ផ្កាយរណប​ព្យាករ​អាកាសធាតុ ឬ​រថយន្ត​តាក់ស៊ី ដែលមាន​រូប​ឡូហ្គោ​សម្គាល់ គួរតែ​បញ្ចូល​ក្នុង​គម្រោង​ថវិកា​អូឡាំពិក​របស់​ប្រទេស ឬ​យ៉ាងណា? នេះ​គឺជា​បញ្ហា​មួយ​ដែល​ជប៉ុន និង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​អូឡាំពិក ទីក្រុង​តូ​ក្យូ ឆ្នាំ2020 កំពុងតែ​គិត ខណៈដែល​ពួកគេ​ព្យាយាម​ធ្វើការ​ទៅលើ​ចំនួន​ទឹកប្រាក់​ដែល​ពួកគេ​នឹង​ចំណាយ​សរុប​ក្នុង​អូឡាំពិក។

    គណៈកម្មាការ​រៀបចំ នឹង​ប្រកាស​ពី​គម្រោង​ថវិកា​របស់ខ្លួន​ចុងក្រោយ​បំផុត​នៅ​ថ្ងៃ​សុក្រ​នេះ ហើយ​ពួកគេ​នឹង​ប្រឈមមុខ​នឹង​សម្ព័ន្ធ​ដ៏​ធំ​ក្នុងការ​កាត់បន្ថយ​ការចំណាយ។ គម្រោង​ថវិកា​បច្ចុប្បន្ន​សម្រាប់​អូឡាំពិក ដែល​ត្រូវបាន​កែសម្រួល​ក្នុង​ដូចគ្នានេះ​កាលពី​ឆ្នាំមុន ស្ថិតក្នុង​ចំនួន​ប្រមាណ​ជា12ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​គណៈកម្មការ​រៀប​ចំ បាន​សន្យាថា វា​នឹងមិន​កើនឡើង​ទៀតឡើយ។

    ស្របពេល​ដែលមាន​កង្វល់ផ្សេងៗថា ការបង្កើន​ការចំណាយ កំពុងតែ​បាំងបិទ​ស​ក្ត​នុព​ល​ទីក្រុង​ម្ចាស់ផ្ទះ​អូឡាំពិក លោក Toshiro Muto នាយក​ប្រតិបត្តិ​អូឡាំពិក​ទីក្រុង​តូ​ក្យូ ឆ្នាំ2020 បាន​ឲ្យ​ដឹង​ក្នុង​ស​ន្និ​ស​ទី​សារព័ត៌មាន​កាលពីពេលថ្មីៗនេះ​ថា៖ «យើង​មិនអាច​បង្កើន​ឲ្យ​លើស​ចំនួន​កាលពីមុន​នៃ​គម្រោង​ថវិកា​ឡើយ»។ ប៉ុន្តែ ជម្លោះ​មួយ​បាន​ផ្ទុះឡើង ទៅ​ចំណុច​អ្វីខ្លះ​ដែល​ត្រូវ​រាប់បញ្ចូល​ក្នុង​ការចំណាយ​អូឡាំពិក។ ក្នុងចំណោម​ទឹកប្រាក់12ពាន់​លាន​ដុល្លារ គណៈកម្មកា​រៀបចំ ទាមទារ​យកតែ​ឯង​ក្នុង​ទឹកប្រាក់​ច្រើនជាង 5ពាន់​លាន​ដុល្លារ ដែល​ស្មើនឹង​ចំនួន​របស់​រដ្ឋាភិបាល​ទីក្រុង​តូ​ក្យូ៕

    ប្រភពពី៖ Channel News Asia

  • ម្ចាស់​ជើងឯក​អូឡាំពិក5 សម័យកាល Franklin ប្រកាស​ចូលនិវត្តន៍

    ម្ចាស់​ជើងឯក​អូឡាំពិក5 សម័យកាល Franklin ប្រកាស​ចូលនិវត្តន៍

    កីឡាការិនី​ហែល​ទឹក​សហរដ្ឋអាមេរិក Missy Franklin បានប្រកាស​ពី​ការចូលនិវត្តន៍​របស់​នាង​កាលពី​ថ្ងៃ​ពុធ ក្នុង​វ័យ​ត្រឹមតែ23ឆ្នាំ ដើម្បី​បញ្ចប់​អាជីព​ប្រកបដោយ​ភាពជោគជ័យ​មួយ ដែល​ក្នុងនោះ​នាង​បានឈ្នះ​មេដាយមាស​អូឡាំពិក​ដល់​ទៅ5។

    កីឡាការិនី​រូបនេះ​បាន​ក្លាយជា​តារា​ឆ្នើម​ម្នាក់​ក្នុងចំណោម​តារា​ឆ្នើម​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​ឡុង​ដ៍​ឆ្នាំ2012 ដែល​កាលនោះ​នាង Franklin ដែលមាន​វ័យ​ត្រឹមតែ 17ឆ្នាំ បានឈ្នះ​ការប្រកួត​ហែល​ទឹក​លើ​វិញ្ញាសា​បែប​កង្កែប​ចម្ងាយ100ម៉ែត្រ និង200ម៉ែត្រ ដោយ​វិញ្ញាសា​ទី2នេះ នាង​បាន​ប្រើប្រាស់​ថិរវេលា​ជា​កំណត់ត្រា​ពិភពលោក។

    Franklin ក៏បាន​ក្លាយជា​សមាជិក​របស់​ក្រុម​ហែល​ទឹក​បណ្តាក់​របស់​អាមេរិក​ផងដែរ។ ក្រោយមក នាង​មិន​ធ្លាប់បាន​ប្រើប្រាស់​ថិរវេលា​ឲ្យ​បានល្អ​ប្រសើរ​ជាង​ថិរវេលា​ផ្ទាល់ខ្លួន​ដ៏​ល្អ​បំផុត​នាង​ពី​ទីក្រុង​ឡុង​ដ៍​ឡើយ ប៉ុន្តែ បាន​ចូលរួម​ជាមួយនឹង​ក្រុម​សហរដ្ឋអាមេរិក សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង Rio ឆ្នាំ2016 ដែល​នៅពេលនោះ​នាង​បានឈ្នះ​មេដាយមាស1ទៀត​ក្នុង​វិញ្ញាសា​ហែល​បណ្តាក់ ក្រោយពី​ការឆ្លង​ផុត​ការប្រកួត​ជម្រុះ​ផ្សេង។

    Franklin បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម Twitter ថា៖ «នេះ​ប្រហែលជា​លិខិត​ដ៏​លំបាក​បំផុត​ដែល​ខ្ញុំ​ធ្លាប់បាន​សរសេរ​ពីមុនមក​ឡើយ។ នៅថ្ងៃនេះ ខ្ញុំ​សូម​ធ្វើការ​ប្រកាស​ពី​ការចូលនិវត្តន៍​របស់​ខ្ញុំ​ការប្រកួត​កីឡាហែលទឹក​ហើយ»៕

    ប្រភពពី៖ Reuters

  • មិនធម្មតា​ទេ ត្រីងៀត​ខ្មែរ​ល្បី​ខ្លាំង​នៅ​បរទេស រហូត​ផលិត​លក់​មិនទាន់

    មិនធម្មតា​ទេ ត្រីងៀត​ខ្មែរ​ល្បី​ខ្លាំង​នៅ​បរទេស រហូត​ផលិត​លក់​មិនទាន់

    ដោយ​ឈរលើ​គុណភាព រសជាតិ និង​អនាម័យ​ខ្ពស់ បានធ្វើឱ្យ​ត្រីងៀត​របស់​ខ្មែរ​ទទួលបាន​ការគាំទ្រ​ខ្លាំង​នៅលើ​ទីផ្សារ មិនថាតែ​ទីផ្សារ​ក្នុងស្រុក ឬ​ក្រៅ​ស្រុក​នោះទេ គឺ​ផលិត​លក់​មិនទាន់​តម្រូវការ​កុម្ម៉ង់​ទិញ​របស់​អតិថិជន​ឡើយ។

    លោក វណ្ណ យូ​រ៉ា អ្នកគ្រប់គ្រង​ទូទៅ​នៅ​សិប្បកម្ម​ផលិត​ត្រីងៀត​ស្រី​ម៉ៅ មាន​ទីតាំងនៅ​ផ្សារ​ទួលទំពូង ខណ្ឌចំការមន រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា សិប្បកម្ម​ផលិត​ត្រីងៀត​ស្រី​ម៉ៅ បានចាប់ផ្តើម​ធ្វើ​អាជីវកម្ម​ដំបូងជា​លក្ខណៈ​គ្រួសារ​ចាប់តាំងពី​ឆ្នាំ1995មក បើ​គិត​មកទល់​ពេលបច្ចុប្បន្ន​គឺមាន​អាយុកាល​ប្រមាណ​ជាជាង 20ឆ្នាំ​ទៅហើយ។

    លោក​បន្តថា ដោយសារតែ​រសជាតិ​ឆ្ងាញ់​ប្រចាំត្រកូល​របស់ខ្លួន ត្រីងៀត​ស្រី​ម៉ៅ​ត្រូវបាន​អតិថិជន​កុម្ម៉ង់​ទិញ​ច្រើន​នៅលើ​ទីផ្សារ​ក្នុងប្រទេស​កម្ពុជា និង​ទីផ្សារ​ក្រៅប្រទេស ដូចជា សហរដ្ឋអាមេរិកកាណាដា អង់គ្លេស អូស្ត្រាលី ហូ​ឡង់ និង​ហ្វាំ​ងឡង់​ជាដើម និយាយ​ជារួម ប្រទេស​ណា​ដែលមាន​ប្រជាជន​ខ្មែរ​រស់នៅ ត្រីងៀត​នេះ​ត្រូវបាន​បងប្អូន​របស់​ពួកគេ​ដែល​រស់នៅ​ស្រុក​ខ្មែរ​ទិញ​ផ្ញើ​ទៅ​ស្ទើរតែគ្រប់ៗគ្នា រហូត​ទិញ​ត្រី​ស្រ​ស់មក​ផលិត​មិន​គ្រប់គ្រាន់​តាម​ការ​កុម្ម៉ង់​ទិញ​របស់​អតិថិជន​ទៀតផង។ សម្រាប់​អតិថិជន​ដែល​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​អាច​រក​ទិញ​បាន​នៅ​ផ្សារ​ទួល​ទំពូង ផ្សារ​ធំថ្មី និង​ផ្សារ​អូរឫស្សី​ដែលជា​ផ្សារ​ ហើយសម្រាប់​អ្នក​ដែល​មិនមាន​ពេលវេលា​គ្រប់គ្រាន់ អាច​កុម្ម៉ង់​ទិញ​តាម​ហ្វេ​ស​ប៊ុ​កបាន(ត្រីងៀត​ទួល​ទំពូង) ព្រោះ​ត្រីងៀត​ស្រី​ម៉ៅ​មាន​សេវា​ដឹកជញ្ជូន​ដល់ទី​កន្លែង​ទៀតផង។

    លោក​បាន​បន្តទៀតថា ដំបូង​ឡើយ សិប្បកម្ម​ផលិត​ត្រីងៀត​ស្រី​ម៉ៅ​នេះ យកតែ​ត្រី​ធម្មជាតិ​មក​ផលិត​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារ​ត្រី​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ពិបាក​រក​ឡើង ជាពិសេស​នៅ​រដូវប្រាំង​មិនមាន​ត្រី​ធម្មជាតិ​ផ្គត់ផ្គង់ ក្រុមគ្រួសារ​ក៏បានសម្រេចចិត្ត​ទិញ​ត្រី​នៅលើ​ទីផ្សារ មិនថាតែ​ត្រី​ស្រែ ឬ​ត្រី​ចិញ្ចឹម​នោះទេ សំខាន់​គឺធ្វើឡើង​តាម​គោលការណ៍​អនាម័យ​ខ្ពស់ រសជាតិ​ឆ្ងាញ់ គឺ​អតិថិជន​ទទួលយកបាន​ហើយ។ សម្រាប់​សិប្បកម្ម​ផលិត​ត្រីងៀត​ស្រី​ម៉ៅ​នេះ​មិន​ប្រើ​សារធាតុ​រក្សា​គុណភាព ឬ​សារ​ធាតុគីមី​ដើម្បីឱ្យ​ទុក​ផលិតផល​បានយូរ ដូច​ផលិតផល​ត្រីងៀតផ្សេងៗដែល​លក់​នៅលើ​ទីផ្សារ​មួយចំនួន​នោះឡើយ ហើយ​បើ​អតិថិជន​ចង់ដឹងគឺ​ខាង​សិប្បកម្ម​នឹង​ជម្រាប​ប្រាប់​ពី​វិធីសាស្រ្តធ្វើយ៉ាងណា​ដើម្បី​ទុក​ដាក់ឱ្យ​បានល្អ​សម្រាប់​ទុក​ហូប​ឱ្យបាន​យូរ​ខែទៀតផង។

    សម្រាប់​អតិថិជន​ដែល​ទិញ​យកទៅ​ផ្ញើ​បងប្អូន​នៅក្រៅ​ប្រទេស គាត់​អាច​រក្សាទុក​ក្នុង​ទូទឹកកក​ដែល​ត្រជាក់​រហូត​ដល់ក​កបាន ដោយ​អាច​រក្សាទុក​បានយូរ​រ​ហូត​ដល់​ទៅ5 ឬ6ខែ​ឯណោះ និង​បើ​ដាក់​ក្នុង​ទូទឹកកក​ក្នុង​សីតុណ្ហភាព​ត្រជាក់​ធម្មតា អាច​រក្សាទុក​បាន​ចន្លោះ​ពី2 ទៅ3ខែ​ដែរ ប៉ុន្តែ​ជួល​កាល​អាចមាន​ដុះ​ផ្សិត​ឡើង​នៅលើ​សាច់​ត្រីខ្លះៗដែរ ប៉ុន្តែ​ទោះជា​ឡើង​ផ្សិត​ក៏ដោយ ក៏​គេ​អាច​យក​ត្រីងៀត​ទៅ​លាង​សម្អាត​ចេញ​ឱ្យ​ស្អាត ហើយ​យកមក​ចម្អិន​ពិសា​បាន​ដូច​ធម្មតា​ដែរ។ បើ​និយាយ​ពី​រសជាតិ​វិញ ត្រីងៀត​ស្រី​ម៉ៅ​មាន 2រសជាតិ គឺ​រសជាតិ​ផ្អែម​ឡមៗ និង​រសជាតិ​ប្រៃ​ឡម។

    សិប្បកម្ម​ត្រីងៀត​ស្រី​ម៉ៅ មាន​ត្រីងៀត 4ប្រភេទគឺ1-ហៅថា“ត្រីងៀត​ហ្វ៊ី​ឡេ” គឺជា​ត្រីងៀត​ផលិតឡើង​ពី​ត្រី​ឆ្តោ​ពន្លះ​យក​ស្បែក​ចេញ មួយ​គីឡូ​តម្លៃ 70,000រៀល។ 2-ត្រីងៀត​ត្រី​ឆ្តោ​នៅជាប់​ស្បែកតម្លៃ50,000រៀល។ 3-ត្រីងៀត​ត្រី​រ៉ស់ តម្លៃ45,000រៀល និង​ត្រីងៀត​ធ្វើ​ពី​ត្រី​អណ្តែង តម្លៃ35,000រៀល។ ក្នុងចំណោម​ត្រីងៀត​ទាំង 4ប្រភេទ​នេះ មានតែ​ត្រីងៀត​ហ្វ៊ី​ឡេ មួយ​ទេ​ដែល​ទទួលបាន​ការគាំទ្រ​ច្រើនជាងគេ​នៅលើ​ទីផ្សារ ជាពិសេសស​ម្រា​ប់​នាំ​ចេញទៅ​ក្រៅប្រទេស។

    សម្រាប់​រូបមន្ត​ផលិត​ត្រីងៀត​ឱ្យមាន​រសជាតិ​ឆ្ងាញ់ សិប្បកម្ម​បែប​គ្រួសារ​ខាងលើ​បាន​ប្រាប់ថាគ្មានអ្វី​លំបាក​ទេ មុនដំបូង​គេ​គ្រាន់តែ​យក​ត្រី​មក​ធ្វើ​ស្រ​ការចេញ រួច​លាង​នឹង​ទឹក​ឱ្យ​ស្អាត រួច​វះ​ជាចម្រៀកៗឱ្យបាន​ស្មើគ្នា​ល្អ ហើយ​ដា​ក់ស​ម្ងួ​ត​ឱ្យ​ស្រស់ទឹក​ល្អ រួច​ទើប​គេ​យកទៅដាក់​ក្លាស្សេ​ឱ្យ​សាច់​រឹង បន្ទាប់មក​ទើប​យកទៅ​ប្រឡាក់​គ្រឿង​មានដូចជា ស្ករ ប៊ីចេង ឬ​អំបិល ហើយ​គេ​អាច​បន្ថែម​រសជាតិ​ដោយ​ការដាក់​ខ្ទឹមស ម្ទេស រំដេង ឬ​ខ្ញី​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​អ្នក​បរិភោគ។

    អ្នកគ្រប់គ្រង​សិប្បកម្ម​ខាងលើ​បាន​រៀបរាប់ថា ការពិត​លោក​ក៏​ចង់​ពង្រីក​ចង្វាក់​ផលិតកម្ម​របស់ខ្លួន​ឱ្យ​កាន់តែ​ធំ​ឡើង​ដែរ ប៉ុន្តែ​ដោយសារ​មានការ​ប្រឈម​នឹង​ការផ្គត់ផ្គង់​វត្ថុធាតុដើម​ដែល​ពុំ​សូវ​មាន​គ្រប់គ្រាន់ និង​ពុំមាន​ត្រី​ជាប់​ជាប្រចាំ ព្រោះ​រហូតមកទល់​ពេលបច្ចុប្បន្ន នៅ​មិនទាន់មាន​កសិករ​ណា​ម្នាក់​សហការ​ធ្វើជា​ដៃគូ​ផ្គត់ផ្គង់​ត្រី​ស្រស់​ឱ្យបាន​គ្រប់គ្រាន់​តាម​តម្រូវ​ការផលិត​នៅឡើយ​ទេ និង​បើសិនជា​សិប្បកម្ម​របស់លោក​អា​ចរក​ដៃគូ​ផ្គត់ផ្គង់​បាន​នោះ លោក​នឹងពង្រីក​ចង្វាក់​ផលិតកម្ម​ឱ្យបាន​កាន់តែ​ធំ​ជាងនេះទៀត ដើម្បី​ចែកចាយ​ឱ្យ​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​ទីផ្សារ ក៏ដូចជា​ជួយ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ដើម្បី​ចូលរួម​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​យើង​។

    សូមជម្រាបថា បច្ចុប្បន្ន​សិប្បកម្ម​ខាងលើ​អាច​ផលិត​ត្រីងៀត​បាន​ក្នុងមួយថ្ងៃៗចន្លោះ​ពី300 ទៅ 500គីឡូក្រាម តែ​ចំនួន​នេះ​ពេលខ្លះ​មិនអាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​នោះទេ ដោយសារ​តែមាន​អតិថិជន​មកពី​ក្រៅប្រទេស​កុម្ម៉ង់​ទិញ​ច្រើន ជាពិសេស​នៅ​រដូវ​នេះ​ដែលជា​រដូវ​វិស្សមកាល ប្រជាជន​ខ្មែរ​ដែល​រស់នៅ​បរទេស​នាំគ្នា​មកលេង​សាច់ញាតិ​នៅ​ស្រុក​ខ្មែរ​ច្រើន ហើយ​ដល់ពេល​ត្រឡប់​ទៅវិញ ពួកគាត់​តែង​ទិញ​ត្រីងៀត​យកទៅ​ច្រើន​ដើម្បី​ទុក​ហូប​ឱ្យបាន​យូរ​ខែ រហូតដល់​ខែកុម្ភៈ​ឆ្នាំ​ថ្មី​ខាងមុខ ទើប​ការ​កុម្ម៉ង់​ទិញ​របស់​អតិថិជន​ដែល​មកពី​ក្រៅប្រទេស​នោះ​មានការ​ថយចុះ​បន្តិច​វិញ៕

  • ការ​ពុះ​ដីឡូត៍​លក់ ជួយ​ឱ្យ​អ្នកមាន​ចំណូល​ទាប​មាន​ដី​កម្មសិទ្ធិ​ផ្ទាល់ខ្លួន

    ការ​ពុះ​ដីឡូត៍​លក់ ជួយ​ឱ្យ​អ្នកមាន​ចំណូល​ទាប​មាន​ដី​កម្មសិទ្ធិ​ផ្ទាល់ខ្លួន

    និន្នាការ​នៃ​ការ​ពុះ​ដីឡូត៍​លក់​នៅ​តំបន់​ជាយក្រុង​នៅតែមាន​សក្តានុពល​ខ្លាំង​ជា​បន្តបន្ទាប់ ខណៈដែល​រដ្ឋាភិបាល​បានប្រកាស​ស្ថាបនា​ផ្លូវជាតិ​ឡើងវិញ ជាពិសេស​ផ្លូវជាតិ​លេខ3 និង​លេខ4ដែលជា​ផ្លូវ​សេដ្ឋកិច្ច​សំខាន់​ជាងគេ​ក្នុងប្រទេស​កម្ពុជា​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​កំពង់ផែ​ទឹក​ជ្រៅ​នៅ​មាត់សមុទ្រ​ខេត្តកំពត​ក៏ដូចជា​ខេត្ត​ព្រះសីហនុ​ដែរ។

    លោក សុខ ប៊ុនធឿន ប្រធាន​ផ្នែក​ទីផ្សារ​នៃ​ភ្នាក់ងារ​អចលនទ្រព្យ​ដី​មាស ដែល​កំពុង​ទទួល​គម្រោង​លក់​ដីឡូត៍​ផ្តាច់មុខមួយកន្លែង​នៅក្រោយ​ផ្សារ​អង្គស្នួល​ផ្លូវជាតិ​លេខ4 មានប្រសាសន៍ថា ការ​ពុះ​ដីឡូត៍​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ4 ពិត​ជាមាន​សកម្មភាព​ខ្លាំងឡើងៗប្រាកដ​មែន ខណៈដែល​រដ្ឋាភិបាល​ទ​ទួលបាន​ជំនួយ​ចំនួន 110លាន​ដុល្លារ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ដើម្បី​ស្ថាបនា​ផ្លូវជាតិ​លេខ4ឡើងវិញ ហើយ​មន្ត្រី​ជំនាញ​ក៏បាន និង​កំពុង​ធ្វើ​សកម្មភាព​ពង្រីក​ក៏ដូចជា​កំពុង​ស្ថាបនា​ផ្លូវ​អ៊ុត​កៅស៊ូ​ជាបណ្តើរៗ និង​បាន​កំពុង​ដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ពេលយប់​ចាប់ពី​ចំណុច​រង្វង់​មូល​ចោមចៅ​រហូត​សាលា​យោធា​កំបូល និង​កំពុង​ស្ថាបនា​ឆ្ពោះទៅ​មុខជា​បន្តបន្ទាប់​ទៀត​នោះ។

    លោក​បានបន្តថា ខណៈ​សកម្មភាព​ពុះ​ដីឡូត៍​កំពុងមាន​សកម្មភាព​កាន់តែ​គគ្រឹកគគ្រេង​នោះ គេ​ឃើញ​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ​បាន និង​កំពុង​សម្រុក​ទិញ​ដីឡូត៍​កាន់តែច្រើនឡើងៗដែរ ទន្ទឹមគ្នា​នោះ អ្នក​ដែលមាន​ចំណូល​ទាប និង​មធ្យម និង​កម្មករកម្មការិនី​រោងចក្រ​ភាគច្រើន​ក៏បាន​នាំគ្នា​ទិញ​ទុក​សម្រាប់​សង់​លំនៅឋាន​រស់នៅ​ផ្ទាល់​ជាជាង​ជួល​ផ្ទះ​គេ​នៅ​ផងដែរ។ សម្រាប់​កម្មករ-កម្មការិនី​ភាគច្រើន​មិនមាន​ប្រាក់​គ្រប់​ចំនួន​ដើម្បី​ទិញ​ដី​នោះទេ ប៉ុន្តែ​ពួកគាត់​អាចមាន​លទ្ធភាព​មក​ប​ង់​ត្រឹម 30ភាគរយ ហើយ​សល់ 70ភាគរយ​ទៀត​អាច​បង់​រំលស់​បន្ត​ជាមួយ​ក្រុមហ៊ុន​រយៈពេល2 ទៅ 3ឆ្នាំ​ដោយ​មិនមាន​ការប្រាក់​ទៀតផង។

    សម្រាប់​អតិថិជន​មួយចំនួនទៀត ដែលជា​អ្នកមាន​ចំណូល​ចាប់ពី​មធ្យម​ឡើងទៅ ពួកគាត់​ទិញ​ដីឡូត៍2 ឬ 3ឡូត៍ ខ្លះទៀត​ដល់5 ឬ10ឡូត៍​ក៏មាន​ដើម្បី​ទុក​លក់​យកប្រាក់​ចំណេញ​រយៈពេល​ខ្លី​ត្រឡប់មកវិញ។ សម្រាប់​ក្រុមហ៊ុន​លោក កាលពី​មិនទាន់​ចាក់ដី និង​លក់​មុន​បើក​គម្រោង​ (Pre-Sell) តម្លៃ​ត្រឹមតែ 7,500ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ឡូត៍ លុះ​ពេល​ក្រុមហ៊ុន​ចាក់ដី​រួច​តម្លៃ 9,800ដុល្លារ​ក្នុង​មួយ​ឡូត៍ហើយ​លោក​បន្ថែមថា ពេល​ក្រុមហ៊ុន​ចាក់​ផ្លួ​វ​បេតុងដាក់លូ និង​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង​ចូល​ដីឡូត៍​ជូន​អតិ-ថិជន​រួច ក្រុមហ៊ុន​នឹង​លក់​ឡើងថ្លៃ​ដល់12,000ដុល្លារ​ក្នុង​មួយ​ឡូត៍។ ហើយ​ពេលនោះ​អតិថិជន​ដែល​ទិញ​មុន​គម្រោង​អាចដាក់​លក់​តម្លៃ​ស្មើ​ក្រុមហ៊ុន​បាន ដែល​នឹង​អាច​រកប្រាក់​ចំណេញ​បាន​ច្រើន​ចន្លោះ​ពី3,000 ទៅដល់5,000ដុល្លារ​ឯណោះ​ក្នុង​មួយ​ឡូត៍​ត្រឹម​រយៈពេល​តែ​ជាង2ខែ​ប៉ុណ្ណោះ។

    ជាមួយគ្នានេះ លោក ស្រ៊ុ​យ ថា​រិ​ទ្ធិ ប្រធាន​ផ្នែក​លក់​ដីឡូត៍​មួយកន្លែង​នៅ​ជិត​ផ្សារ​ព្រៃទទឹង ក្បែរផ្លូវ​រថភ្លើង​កាត់​តាមផ្លូវ​ជាតិ​លេខ3 ក៏មាន​ប្រសាសន៍​ស្រដៀង​គ្នា​ដែរ​ថា សកម្មភាព​សាងសង់​សំណង់ផ្ទះ​ល្វែង​លក់ និង​សកម្មភាព​ពុះ​ដីឡូត៍​លក់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ3 ចាប់ពី​រង្វង់​មូល​ចោមចៅរហូតដល់​គីឡូម៉ែត្រ​ទី13 ឬ​ហួស​ពី​ហ្នឹង​ទៅមុខ 5គីឡូ​ទៀត កំពុង​តែមាន​សកម្មភាព​សស្រោកសស្រាំ​ខ្លាំងឡើងៗ ដំណាលគ្នា​នឹង​សកម្មភាព​ជីក​កាយ​ដី​ខូច​ចេញ ចាក់ដី​ល្អ​ចូល​ជំនួស​ដើម្បី​ស្ថាបនា​ផ្លូវជាតិ​លេខ3នេះ។

    លោក​មានប្រសាសន៍ថា តម្លៃ​ដី​នៅ​ម្តុំ​ផ្សារ​ព្រៃទទឹង កាលពី​អំឡុង​រដូវវស្សា តម្លៃ​ដីឡូត៍​នៅ​ទីនោះ​ជា​មធ្យម​មានតម្លៃ​ត្រឹមតែ 4,000 ទៅ5,000ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​តម្លៃ​ខាងលើនេះ​មិនអាច​រក​ទិញ​បាន​ទៀត​ទេ គឺ​ឡើងថ្លៃ​ទ្វេ​មួយ​គុណ​នឹង​ពីរ ឬ​គុណ​នឹង3ក៏មាន ព្រោះថា តម្លៃ​ដី​នៅ​ម្តុំ​នោះ​ឡើងដល់​ជិត 1ម៉ឺន​ដុល្លារ ឬ​លើសពី 1ម៉ឺន​ដុល្លារ​ទៅតាម​ជួរមុខ​ជួរ​ក្រោយ ដោយ​អតិថិជន​មាន​តាម​ប្រភេទ ដូចជា​អ្នកមាន​ចំណូល​ខ្ពស់ ចំណូល​មធ្យម និង​ចំណូល​ទាប​ដូចគ្នា ដែល​អ្នកខ្លះ​បើ​មានលទ្ធភាព គាត់​បង់​ផ្តាច់ អ្នកខ្លះ​មិនមាន​លទ្ធភាព​ក៏បង់​មុន 30% ហើយ​បង់​រំលស់​ជាមួយ​ក្រុមហ៊ុន ឬ​ជាមួយ​ធនាគារ​ក៏មានដែរ។

    អ្វីដែល​ធ្វើឱ្យ​តម្លៃ​ដី​នៅតាម​ផ្លូវជាតិ​លេខ3 រឹតតែ​មានតម្លៃ​ថ្លៃ​ដូច្នេះ ទីមួយ​គឺ ដោយសា​ររដ្ឋាភិបាល​កំពុង​ស្ថាបនា​ផ្លូវជាតិ​ពី​រង្វង់​មូល​ចោមចៅ​ឆ្ពោះទៅ​កំពង់ផែ​ទឹក​ជ្រៅ​ខេត្តកំពត ហើយ​រោងចក្រ​ឧស្សាហកម្ម​នានា​ក៏​កំពុង​រំ​កឹ​ល​ខ្លួន​ចេញពី​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ចេញទៅ​តំបន់​ជាយក្រុង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ3 និង​លេខ4នេះដែរ។

    លោក សៅ សា​ខុំ សហប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ថោ​ន​ស៊ី​ធី រៀល អុីស្តេត ខូ អិ​ល​ធី​ឌី មានប្រសាសន៍​ទទួលស្គាល់​ថា ការ​ពុះ​ដីឡូត៍​លក់​នៅ​តំបន់​ជាយក្រុង ជាការ​រួមចំណែក​ដ៏​សំខាន់​ក្នុងការ​ផ្តល់ឱកាស​ឱ្យ​អ្នកមាន​ចំណូល​ទាប និង​មធ្យម​មាន​អចលនទ្រព្យ​នៅក្នុង​ដៃ​ដែល​អំណោយផល​ដល់​ពួកគាត់​ដើម្បី​សាងសង់​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន សម្រាប់​បំពេញការងារផ្សេងៗ មិន​លំបាក​ជួល​រស់នៅ​គេ​តទៅទៀត ធ្វើឱ្យ​គ្រួសារ​មាន​លំនឹង​មាន​ក្តីសង្ឃឹម​ទៅលើ​អនាគត​របស់ខ្លួន ដូច​ពាក្យ​ដែល​គេ​តែង​លើកឡើងថា មាន​ដី មានសង្ឃឹម។

    លោក​បន្តថា សម្រាប់​អ្នកមាន​ចំណូល​ទាប និង​មធ្យម អ្នកធ្វើការ​ក្រុមហ៊ុន សហគ្រាស ឬ​នៅតាម​រោងចក្រ​នានា ក៏​អាចមាន​ឱកាស​ទិញ​ដីឡូត៍​សាងសង់​ផ្ទះ​នៅ​ដោយ​ខ្លួនឯង​បានដែរ។ បើ​យើង​មាន​លុយ​មិន​គ្រប់​សង់ផ្ទះ​ឱ្យតែ​មាន​លុយ​ទិញ​ដី ទិញ​រួច​អាច​យក​ប្លង់ដី​ទៅ​ដាក់​ធនាគារ​យកលុយ​ស​ង់​ផ្ទះ​រស់នៅ​ខ្លួនឯងបាន ទោះជា​អស់​ការប្រាក់​បន្តិច​ក្ដី ប៉ុន្តែ​ប្រសើរ​ជាង​ជួល​ផ្ទះ​គេ​នៅ​ដែរ និង​ដោយសារ​បច្ចុប្បន្ន​ការផ្តល់​កម្ចី​ទិញ​ដី ឬ​សង់ផ្ទះ​មាន​ភាពងាយស្រួល​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ។ លោក​បន្ថែមទៀតថា ចំណែក​អ្នកមាន​លុយ​តិច​ក៏​អាច​ទិញ​បានដែរ គ្រាន់​តែមាន​ប្រាក់30% អាច​យក​ប្លង់ដី​ទៅ​ដាក់​ធនាគារ​បាន ហើយ​កុំ​ខ្លាច​អស់​ការប្រាក់ ព្រោះថា ការប្រាក់​ធនាគារ​មិន​ច្រើន​ទេ និង​ឡើង​មិនទាន់​ថ្លៃ​ដី​ទេ។ ជួនកាល​ទិញ​ហើយ 2 ទៅ 3ខែ​គេ​អាច​រកប្រាក់​ចំណេញ​បាន 3 ទៅ 4ពាន់​ដុល្លារ​ក៏មាន។

    តែ​យ៉ាងណាក្ដី ការទិញ​ដី ត្រូវ​ចេះ​មើល​ពី​គម្រោង​ឱ្យ​ច្បាស់លាស់ ដី​ដែល​ល្អ ដី​ដែល​អាច​សង់ផ្ទះ​នៅបាន ឬ​ដី​ទុក​លក់​ដើម្បី​ទទួលបាន​ប្រាក់ចំណេញ​លឿន​ត្រឡប់មកវិញ ហើយ​ការទិញ​ដី កុំ​ជឿ​តាម​សម្តី​គេ ពោលគឺ​ត្រូវ​ទុកចិត្ត​លើ​ខ្លួនឯង។ ជួនកាល​ដីឡូត៍​នៅ​កណ្តាលវាល សុទ្ធ​តែព្រៃ ទោះជា​តម្លៃថោក​មែន តែ​ទិញ​ហើយ​អាច​កប់​ថ្លៃ​នៅ​ទីនោះ​តែម្ដង ស្មើនឹង​យើង​យកលុយ​ទៅ​ទុកចោល​ហាលថ្ងៃ​ហាលភ្លៀង លក់​វិញ​មិន​ចេញ សង់ផ្ទះ​នៅ​ក៏​មិនកើត នាំឱ្យ​ខាតបង់​ប្រាក់ បាត់បង់​ឱកាស​យកលុយ​ទៅ​បង្វិល​រកស៊ីផ្សេងៗ ជាដើម។ ជាមួយគ្នានេះ លោក​ស្នើឱ្យ​អតិថិជន​ជា​អ្នកទិញ​ត្រូវ​ចេះ​មើល​គម្រោង​របស់​ម្ចាស់​ដីឡូត៍​ផង​ថា តើ​ពួកគាត់​បាន​សាងសង់​ផ្លូវ​បេតុង 8ម៉ែត្រ​ក្នុង​ដីឡូត៍​ដែរឬទេ? បានដាក់​ប្រព័ន្ធ​លូ ត​បណ្តាញទឹក​ភ្លើង​ឱ្យ​យើង​ទៅតាម​សារាចរ​ណែនាំ​របស់​រដ្ឋាភិបាល​ដែរឬទេ? ហើយ​បើ​គ្មាន​ផ្លូវ​បេតុង​គួរ​ពិចារណា​ឱ្យ​ច្បា​ស់សិន មុននឹង​សម្រេចចិត្ត​ទិញ ព្រោះថា ពេល​សង់ផ្ទះ​យើង​ត្រូវដាក់​ប្រព័ន្ធ​លូ ត​ទឹក ត​ភ្លើង​ចូល​ទៀតប្រាកដជា​ត្រូវ​ចំណាយ​ខ្ពស់។ ជាមួយគ្នានេះ​ម្ចាស់​ដីឡូត៍​ត្រូវ​ចៀសវាង​ដាច់ខាត​យក​ប្លង់​រួម​ទៅ​ដាក់​ធនាគារ​ហើយ​មក​ពុះ​ឡួ​ត៍​តាម​ក្រោយ ព្រោះនេះ​ជា​សកម្មភាព​ល្មើសច្បាប់​តែម្តង ព្រោះ​កាលពី​ពេលកន្លងមក ធនាគារជាតិ​បានចេញ​សេចក្តីជូនដំណឹង​មួយ​ទៅដល់​គ្រប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ហាម​មិនឱ្យ​ទទួលយក​ការដាក់​បញ្ចាំ​ប្លង់ដី​រួម​ដែល​កំពុងពុះ​ឡូត៍​លក់​នោះទេ បើសិនជា​រកឃើញ​ករ​ណី​ដូចនេះ ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់៕