Category: សង្គម និងសេដ្ឋកិច្ច

  • LeBron James រងរបួស ក្នុងពេល Lakers លត់​ក្រុម Warriors ចាស់ដៃ

    LeBron James រងរបួស ក្នុងពេល Lakers លត់​ក្រុម Warriors ចាស់ដៃ

    កីឡាករ LeBron James បាន​រងរបួស​ក្រលៀន ប៉ុន្តែ​ក្រុម Los Angeles Lakers បានរួម​គ្នា​ដើម្បី​យកឈ្នះ​ក្នុង​លទ្ធផល 127-101 លើ​ក្រុម​ម្ចាស់​ជើងឯក 2សម័យកាល Golden State Warriors ដើម្បី​បញ្ចប់​ការ​ចាញ់ជាប់ៗគ្នា​ត្រឹម 11ប្រកួត។

    លោក Luke Walton គ្រូបង្វឹក​នៃ​ក្រុម Lakers បានឱ្យដឹងថា៖ «នោះ​គឺជា​ការប្រកួត​ដ៏​ពេញលេញ​បំផុត​របស់​យើង​នៅ​រដូវ​កាល​នេះ។ យើង​បានដឹងថា ពួកគេ​នឹង​ព្យាយាម​រត់​ឥតឈប់ឈរ ហើយ​ពេលវេលា​ជាច្រើន យើង​ពឹង​ផ្អែកទៅលើ LeBron និង​កីឡាករ​ជើងចាស់​របស់​យើង​ដើម្បី​រក្សា​ឱ្យ​យើង​ស្ថិតក្នុង​ការគ្រប់គ្រង។ ដោយ​គ្មាន LeBron ក្រុម​ទាំងមូល​បានធ្វើ​យ៉ាង​ល្អ​ដើម្បី​វាយបក​វិញ»។

    James បាន​រងរបួស​នៅ​ពាក់​កណ្តាលផ្លូវ​នៃ​ការប្រកួត​រយៈពេល 12នាទី​លើក​ទី3 នៅពេលដែល​រូបគេ​បាន​ព្យាយាម​រត់ទៅរក​បាល់។ ប៉ុន្តែ រូបគេ​បាន​ដួល និង​មាន​ការឈឺ​ចុកចាប់​ត្រង់​ក្រលៀន​ខាងឆ្វេង​របស់គេ នៅមុន​ពេល​រូបគេ​ត្រូវបាន​ប្តូរ​ដោយ​សែង​ចេញពី​ទីលាន​ប្រកួត។

    រូបគេ​បាន​សម្តែង​នូវ​ការឈឺ​ចុកចាប់​យ៉ាងខ្លាំង នៅពេលដែល​រូបគេ​បាន​ចាក​ចេញពី​ទីលាន និង​បានធ្វើ​ដំណើរ​ទៅកាន់​បន្ទប់​ផ្លាស់ប្តូរ​សម្លៀកបំពាក់។

    James ដែល​បានបញ្ចប់​ការប្រកួត​ដោយ​រកបាន 17 ពិន្ទុ​នោះបាន​ឱ្យដឹងថា៖ «ជាការ​រំពឹងទុក វា​មិនមាន​រយៈពេល​យូរអង្វែង​ឡើយ​ដែល​ខ្ញុំ​អាច​វិល​ទៅកាន់​ការប្រកួត​វិញ ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន»៕

    ប្រភពពី៖ Channel News Asia

  • អាណាព្យាបាល​ជាច្រើន​ប្រហែល​មិនទាន់​ដឹងថា ក្មេង​អាច​រៀន​ហែល​ទឹកបាន​ចាប់ពី​អាយុ 6ខែ

    អាណាព្យាបាល​ជាច្រើន​ប្រហែល​មិនទាន់​ដឹងថា ក្មេង​អាច​រៀន​ហែល​ទឹកបាន​ចាប់ពី​អាយុ 6ខែ

    យោងតាម​ទិន្នន័យ​របស់​ស្ថាប័ន Moms Team បាន​បញ្ជាក់ថា ជា​រៀងរាល់ឆ្នាំ​កុមារ​ដែលមាន​អាយុ​ចាប់ពី1ឆ្នាំ ដល់​ក្រោម 4ឆ្នាំ បានបាត់បង់​ជីវិត​រាប់រយ​នាក់​ដោយសារ​ការ​លង់ទឹក។បញ្ហា​ទាំងអស់នេះ​អាច​បណ្តាលមកពី​កុមារ​ទាំងអស់នោះ​មិនបាន​ឆ្លងកាត់​វគ្គរៀន​ហែល​ទឹក ដើម្បី​ការពារ​ខ្លួនពី​ការ​លង់ទឹក។

    នៅ​ប្រទេស​ក្នុងអាស៊ី ក៏ដូចជា​នៅ​កម្ពុជា ជាពិសេស​នៅ​តំបន់​ជនបទត្រូវបាន​គេ​រកឃើញថា​កុមារ​ជាច្រើននាក់​ក៏បាន​ស្លាប់បាត់​បង់ជីវិត​ជា​រៀងរាល់ឆ្នាំ​ដោយសារតែ​ការ​លង់ទឹក។ កុមារ​ជា​វ័យ​ដែល​ចូលចិត្ត​ចង់ដឹង ចង់​សាកល្បង ហើយ​ចូលចិត្ត​ទឹក។ មាន​កុមារតូចៗចូលចិត្ត​ទៅ​ក្បែរ​តំបន់​មានទឹក ហើយ​ចុះ​លេង​ បើទោះបីជា​ពួកគេមិនចេះ​ហែល​ទឹក​ក៏ដោយ ដែលជា​ហេតុ​ធ្វើឱ្យ​អាណាព្យាបាល​ជាច្រើននាក់​លើ​ពិ​ព​ភលោក​ត្រូវ​ជួប​រឿង​សោកស្តាយ​ដ៏​ធំ​បំផុតក្រោយពេល​ភ្លេចខ្លួន​តែមួយ​ភ្លែតហើយ​បណ្តោយឱ្យបាត់បង់​កូនជាទី​ស្រឡាញ់។ នៅ​ប្រទេស​អភិវឌ្ឍន៍​នានា កុមារ​ត្រូវបាន​គេ​ចាប់ផ្តើម​ឱ្យ​រៀន​ហែល​ទឹក​តាំងពី​អាយុ 6ខែ​មកម៉្លេះខណៈដែល​ប្រទេសកំពុងអភិវឌ្ឍន៍​ខ្លះ​មិនសូវមាន​ការយកចិត្តទុកដាក់នៅឡើយ​លើ​បញ្ហា​នេះ។ នៅក្នុង​តំបន់​ខ្លះ​អាណាព្យាបាលតែង​គិតថា​ ក្មេង​តូច​ជា​វ័យ​ដែល​ឆាប់​ឆ្លងជំងឺ ងាយ​ក្តៅខ្លួន​ដោយសារ​ការ​ត្រាំ​ទឹក ឬ​មិន​ចង់ឱ្យកូនតូចៗស្ថិតក្នុង​វ័យ​ជា​ទារក​ចុះ​ទឹក​ច្រើននោះទេ។ ការគិត​បែបនេះ គឺជា​កំហុសឆ្គង​មួយ​ដែល​អាចធ្វើឱ្យ​ពួកគេ​ស្តាយក្រោយបាន នៅពេលដែលកូនតូចៗរងគ្រោះ​ដោយសារ​ទឹក។

    តាមពិតទៅ​កុមារតូចៗអាច​ស៊ាំ​បាន​ជាមួយ​ការបង្រៀន​ហែល​ទឹក​ពី​អ្នកជំនាញ ដែល​គេ​មាន​បច្ចេកទេស និង​ពេលវេលា​ត្រឹមត្រូវ​សម្រាប់​ការបង្រៀនដោយ​មិន​គ្រោះថ្នាក់​ដល់​សុខភាព។ ក្នុងដំណាក់កាល​នៃ​ការបង្រៀន​ទារក​ហែល​ទឹក អ្នកជំនាញ​ភាគច្រើន​អាចធ្វើឱ្យ​ឪពុកម្តាយ ក្មេង​តូច​ទុកចិត្ត​តាមរយៈការបង្ហាញ​ឱ្យឃើញថា ក្មេងតូចៗមិន​ខ្លាច​ទឹក​ដូចដែល​យើង​គ្រប់គ្នា​គិត​នោះទេ។

    អាណាព្យាបាល​អាច​គិតថា កូនតូចៗនឹង​យំ ហើយ​ប៉ះពាល់​ដល់​ផ្លូវចិត្ត ឬ​មមើយំ​នៅពេល​យប់ បន្ទាប់ពី​ត្រូវបាន​គេ​ដាក់ចូល​ទៅក្នុង​ទឹក​ដើម្បីឱ្យ​ប្រឹង​ហែល​ដោយ​ខ្លួនឯង តែ​ស្ថានភាព​ជាក់ស្តែង​ខុសគ្នា​ស្រឡះ​ពី​ការ​ស្មាន​របស់គាត់។ នៅក្នុង​វគ្គ​បង្រៀន​កុមា​រហែល​ទឹក អ្នកជំនាញ​មាន​វិធីសាស្ត្រ​ក្នុងការ​អូសទាញ​កុមារ​តូច​ឱ្យ​ចុះ​ទឹក​ដោយ​ខ្លួនឯង ហើយ​ក្រោយពេល​ចុះ​ទឹក កុមារ​ភាគច្រើន​អណ្តែត ហើយ​ប្រឹងប្រែង​ផ្ងារ​ខ្លួន​ឡើងលើ​ដើម្បីឱ្យ​ពួកគេ​អាច​ដកដង្ហើម​បាន។ ក្រោយពេល​បន្សាំុពួកគេ​ជាមួយ​ទឹកបាន​ហើយ ទើប​អ្នកជំនាញ​ជំរុញ​ពួកគេ​ឱ្យ​កាន់តែ​ក្លាហាន​ឡើង​ដើម្បី​ហែល​ដោយ​ប្រើ​សកម្មភាព​ត្រឹមត្រូវ រហូត​ទារក​ខ្លះ​ចេះ​ហែល​ទឹក​មុន​ចេះ​និយាយ​ទៀតផង។

    ហេតុនេះហើយ​ទើប​យើង​ឃើញថា ក្មេងតូចៗនៅក្នុង​ប្រទេស​អភិវឌ្ឍន៍​ភាគច្រើន ជាពិសេស​នៅ​អឺរ៉ុប អាចមាន​សមត្ថភាព​ក្នុងការ​ហែល​ទឹកបាន​ដោយ​ខ្លួនឯង បើទោះបីជា​កុមារ​ខ្លះ​ទើបតែ​មាន​វ័យ2-3ឆ្នាំ​ក៏ដោយ។ ថ្វីដ្បិតតែ​ថ្នាក់​បង្រៀន​ហែល​ទឹកមិន​អាចជួយ​កុមារ​ឱ្យ​រួច​ផុតពី​គ្រោះថ្នាក់​ដោយសារ​ទឹក​ទាំងស្រុង​ក៏ដោយ តែ​ក៏​វា​អាច​កាត់បន្ថយ​ការបារម្ភ​មួយផ្នែកធំ​របស់​អាណាព្យាបាល​បានដែរ៕

  • ស្ថាប័នសំខាន់ៗនៅ​កម្ពុជា​កំពុង​យកចិត្តទុកដាក់​លើ​ការប្រឆាំង​ការជួញដូរ​មនុស្ស

    ស្ថាប័នសំខាន់ៗនៅ​កម្ពុជា​កំពុង​យកចិត្តទុកដាក់​លើ​ការប្រឆាំង​ការជួញដូរ​មនុស្ស

    ទន្ទឹមនឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​សម្រាប់​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ការងារ​ក្នុង​សេដ្ឋកិច្ចកម្ពុជា ការ​គាំពារ​លើ​បុគ្គល​គ្រប់រូប ជាពិសេស​ការប្រយុទ្ធប្រឆាំង​លើ​ការជួញដូរ​មនុស្ស​បានក្លាយជា​ប្រធានបទ​ចម្បង​មួយទៀត​ដែល​គ្រប់​ស្ថាប័នសំខាន់ៗ រួមទាំង​គ្រឹះស្ថាន​អប់រំសំខាន់ៗនៅ​កម្ពុជា​កំពុង​ចាប់អារម្មណ៍។

    ការជួញដូរ​មនុស្ស​ត្រូវ​បាន​គេ​មើលឃើញថា អាចប៉ះពាល់​យ៉ាងខ្លាំង​ដល់​ដំណើរ​នៃ​ការអភិវឌ្ឍ​សង្គមព្រោះ​ជនរងគ្រោះ​នៃ​អំពើ​ជួញ-ដូរ​មនុស្ស​អាចនឹងទទួល​រង​នូវ​សម្ពាធ​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​ទាំងអស់នេះ​ជា​កត្តា​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សមត្ថភាព​ដើម្បី​ចូលរួមចំណែក​ក្នុង​ដំណើរការ​ជា​វិជ្ជមាន​នានា​ក្នុងសង្គម។ ក្នុង​ច្បាប់​កម្ពុជា បានកំណត់​យ៉ាងច្បាស់ដើម្បី​ផ្តន្ទាទោស និង​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​អប់រំ​ឱ្យ​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​បាន​យល់ដឹង ក្នុង​គោលបំណង​កាត់បន្ថយ ឬ​អាច​ឈានដល់​ការបញ្ចប់​ទាំងស្រុង​នូវ​បទល្មើស​ជួញដូរ​មនុស្ស។

    ថ្លែង​នៅក្នុង​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស សម្តេច​ក្រឡាហោម ស ខេង ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស បាន​បញ្ជាក់ថា ការជួញដូរ​មនុស្ស​ជា​បទឧក្រិដ្ឋ​ដែល​ជនល្មើស​ប្រើប្រាស់​គ្រប់​ល្បិចកល​ដើម្បី​កេងប្រវ័ញ្ច រំលោភបំពាន ដោយ​មិន​ខ្វល់​ពី​ទុក្ខវេទនា និង​អាយុជីវិត​របស់​ជនរ​ងគ្រោះ​ឡើយ។ រាជរដ្ឋាភិបាល​នៅតែ​ចាត់ទុក​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ជាច្រើន​ទៀត​សម្រាប់​ការលើកកម្ពស់​សន្តិសុខ និង​សុវត្ថិភាព​សង្គម ក៏ដូចជា​ការលើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស។

    ទន្ទឹមនឹងនេះ លោក អុីន វីរ​ជ័យ សាកលវិទ្យាធិការរង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​បាន​លើកឡើងថាច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​បានកំណត់​ថា “អំពើ​លក់ដូរ​មនុស្ស​ជាការ​ប្រគល់ឱ្យ​ដោយ​ខុសច្បាប់​នូវ​ការគ្រប់គ្រង​លើ​ជនណាម្នាក់​ទៅ​ជន​ដទៃ ឬ​ទទួលយក​ដោយ​ខុសច្បាប់​នូវ​ការប្រគល់​ការគ្រប់គ្រង​លើ​ជនណាម្នាក់​ពី​ជនដទៃ​ដោយ​ដេាះដូរ​ទៅនឹង​របស់​មានតម្លៃ​អ្វីមួយ​ដោយ​រាប់បញ្ចូល​ទាំង​សេវា និង​មនុស្ស​ផង” ។ “ទាសភាព​សម័យ​ទំនើប” បានធ្វើឱ្យ​ស្ត្រី និង​កុមារ និង​បុរស​ជាច្រើន​ធ្លាក់​ទៅក្នុង​ការជួញដូរ និង​ក្លាយជា​ជនរងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ការកេងប្រវ័ញ្ច។

    បន្ថែម​ពីលើ​នេះ លោក​សាស្ត្រាចារ្យ អុីន វីរ​ជ័យ បានបញ្ជាក់​ផងដែរ​ថា “ការ​ស៊ីឈ្នួល​ពពោះ​ជំនួស”ក៏​ជា​អំពើ​ជួញដូរ​មនុស្ស​មួយ​ដែល​បានធ្វើឱ្យ​ស្ត្រី​មួយចំនួន​ធ្លាក់​ក្នុង​ឧបាយកល និង​ចាញ់បោក​ជនខិលខូច ឬ​មេខ្យល់​ក្នុងការ​ជួញដូរ​សរីរាង្គ ឬ​ជួញដូរ​មនុស្ស។ ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ ពិភពលោក​ទាំងមូល​បានដាក់​ចេញ​នូវ​សេចក្តីថ្លែងការណ៍​ជា​សាកល​ស្តីពី​សិទ្ធិមនុស្ស សិទ្ធិនារី និង​សិទ្ធិ​កុមារអនុសញ្ញា​ស្តីពី​ការបំបាត់​រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំងនឹង​នារី​ភេទ អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ​ពាក់ព័ន្ធ​នឹង​ការលក់​កុមារ ពេស្យា​កម្ម​កុមារ និង​រូបភាព ឬ​សម្ភារ​អាសអាភាស​កុមារ​ជាដើម។

    លោក អុីន វីរ​ជ័យ បាន​មានប្រសាសន៍​ទៀតថា៖“គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលជា​ប្រធាន​ក្រុមការងារ​បង្ការ និង​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​ក៏បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​អប់រំ​ទប់ស្កាត់ និង​ឈានទៅដល់​ការលុបបំបាត់​ការជួញដូរ​មនុស្ស​ផងដែរ​នៅ​កម្ពុជា”។

    លោក អុីន វីរ​ជ័យ បាន​បន្ថែមទៀតថា ក្នុងការ​ចូលរួម “ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស 12 ធ្នូ”នា​ឆ្នាំ2018នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា ជាពិសេស​គ្រឹះស្ថានសិក្សា​សាធារណៈ និង​វិទ្យាល័យ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ចូលរួម​ប្រារព្ធ​ពិធី​នេះ។ ជាក់ស្តែង​នៅពេលនេះ​សាកលវិទ្យាល័យ បៀ​ល​ប្រាយ​យើង​ក៏បាន​ចូលរួម​ប្រារព្ធ​ទិវា​នេះដែរ។ ការចូលរួម​របស់​យើងទាំងអស់គ្នា​នៅពេលនោះ គឺជា​ការបង្ហាញឱ្យឃើញ​ពី​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​យកចិត្តទុកដាក់​លុបបំបាត់ និង​ប្រយុទ្ធប្រឆាំងអំពើ​ជួញដូរ​មនុស្ស​នៅក្នុង​សង្គម​កម្ពុជា និង​ការ​បំផុស​ការយល់ដឹង ការ​ប្រុងស្មារតី និង​ការធ្វើសកម្មភាព​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព៕

  • ADB បន្ត​ជួយ​កម្ពុជា​លើ​ការអប់រំ​ផ្នែក​ អគ្គិសនី អេឡិចត្រូនិក សំណង់ និង​កម្មន្តសាល

    ADB បន្ត​ជួយ​កម្ពុជា​លើ​ការអប់រំ​ផ្នែក​ អគ្គិសនី អេឡិចត្រូនិក សំណង់ និង​កម្មន្តសាល

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គឺជាដៃគូ​ដ៏សំខាន់​មួយ​សម្រាប់​កម្ពុជា​ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ផ្តល់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​លើ​សកម្មភាព​សេដ្ឋកិច្ច និង​ការអប់រំ​របស់​កម្ពុជា។

    គ្រឹះស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ​បានផ្តល់​គម្រោង​ជាច្រើន​សម្រាប់​កម្ពុជា ដូចជា​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការតភ្ជាប់​តំបន់​សេដ្ឋកិច្ច និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដើម្បី​លើកស្ទួយ​វិស័យ​ធនធានមនុស្ស​សម្រាប់បំពេញតម្រូវការ​ក្នុងតំបន់។ ធនាគារអភិវឌ្ឍន៍អាស៊ី​ក៏​ធ្លាប់បាន​ផ្តល់ជំនួយ​ជាច្រើនសម្រាប់​កម្ពុជា​ក្នុងការ​ជំរុញ​ការបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) តាមរយៈ​គ្រឹះស្ថានសិក្សា​បច្ចេកទេស​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។

    ថ្មីៗនេះ​លោកស្រី Sunniya Durani -Jamal នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំនៅកម្ពុជាបានលើកឡើង​ពី​សុទិដ្ឋិនិយម​ចំពោះ​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ក​ម្ពុ​ជា តាមរ​យះការពង្រឹង​ការអនុវត្ត​គោលនយោបាយ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការពង្រឹង​យន្តការ​នានា​ដើម្បី​បង្កើត​ប្រសិទ្ធភាព​ការងា​របស់​គណៈកម្មកា​រ​ជាតិ​បណ្តុះបណ្តាល (NTB) ដែល​ស្រប​នឹង​ចក្ខុវិស័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ2030 របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​ផ្តោតលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ឱ្យស្រប​នឹង​ការរីកចម្រើន​នៃ​ឧស្សាហកម្ម​សកល។

    ស្របពេល​ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​សន្យា​បន្ត​ផ្តល់​គម្រោង​ថ្មី​មួយទៀត​ក្នុង​រយៈពេល 5ឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​ក្រោយនេះ រហូតដល់​ឆ្នាំ2024 ដើម្បី​អភិវឌ្ឍ​លើ​ធនធានមនុស្ស​នៅ​កម្ពុជា។បើ​យោងតាម​ការលើកឡើងរ​បស់ ADB គម្រោង​នេះ​នឹង​ផ្តោត​សំខាន់​លើ​យុវជន​ដែល​ទើបនឹង​បញ្ចប់​ការ-សិក្សា​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ពួកគេ​ឱ្យបាន​កាន់តែខ្លាំង​លើ​ជំនាញ​បច្ចេកទេស វិទ្យាសាស្ត្រ​ពិត និង​ជំនាញ​វិជ្ជាជីវៈ​ដើម្បីឱ្យ​ពួកគេ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការចូល​ទៅកាន់​បច្ចេក​វិទ្យា​ឌីជីថល​នៃ​បដិវត្តន៍​ឧស្សាហកម្ម​នាពេលខាងមុខ​នេះ។

    ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ បាន​លើកឡើងថាបន្ទាប់ពី​សិក្សា​លើ​តម្រូវការ​ទីផ្សារការងារ ដែលមាន​ជំនាញ​ច្បាស់លាស់​នៅ​កម្ពុជា​សម្រាប់​ពេលបច្ចុប្បន្ន និង​អនាគត​ហើយ​នោះ ធនាគារអភិវឌ្ឍន៍អាស៊ី នឹង​ផ្តល់ជំនួយ​បន្ថែម​មក​កម្ពុជា​លើ​ការបណ្តុះបណ្តាល​លើ​ជំនាញសំខាន់ៗចំនួន4 គឺ​មុខវិជ្ជា​អគ្គិសនី អេឡិចត្រូនិក សំណង់ និង​កម្មន្តសាល ដែល​ជំនាញ​ទាំងអស់នេះ​ជា​ជំនាញ​ដែលមាន​តម្រូវការ​ខ្ពស់​ក្នុង​ពិភពលោក ដែល​កំពុង​ជំរុញ​ឱ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា​ត្រូវតែ​ជំរុញឱ្យមាន​ការខិតខំ​ប្រឹងប្រែង​បណ្តុះបណ្តាល​ឱ្យ​កាន់តែខ្លាំង និង​ច្រើនឡើង។

    ឯកឧត្តម ឡៅ ហ៊ីម បាន​មានប្រសាសន៍ថា៖ “គ្រឹះស្ថាន​បណ្តុះបណ្តាល​ដែល​នឹងត្រូវ​អនុវត្ត​សម្រាប់​គម្រោង​នេះ គឺ​សាលា​អប់រំ​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​សាលា​ជាច្រើន​ផ្សេងទៀត​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ។ ការអនុវត្ត​គម្រោង​នេះ​នឹងត្រូវត្រួតពិនិត្យ​ដោយ​ក្រសួង​ការងារ និង ADB ដោយផ្ទាល់”។

    បើតាម​ឯកឧត្តម ឡៅ ហ៊ីម កម្ពុជា​បច្ចុប្បន្ន​នៅមាន​ឧបសគ្គ​ប្រឈម​មួយចំនួន​នៅឡើយ​ក្នុងការ​បណ្តុះបណ្តាល​បច្ចេក​ទេស និង​វិជ្ជាជីវៈ ជាពិសេស​លើ​បញ្ហា​អគារ សម្ភារ​បរិក្ខារ គ្រឿង​ម៉ាស៊ីន និង​សមត្ថភាព​គ្រូបង្រៀន​ដែល​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​ប​ន្ថែ​ម​ទៀត។ ចំពោះ​សមត្ថភាព​អ្នក​បណ្តុះបណ្តាល​ចាំបាច់​បំផុត​ត្រូវតែ​ពង្រឹងសមត្ថភាព​ឱ្យបាន​ខ្លាំង និង​បន្ត​អភិវឌ្ឍ​រហូត​ជាប់​ជានិច្ច ព្រោះ​បច្ចេកវិទ្យា​នាពេលបច្ចុប្បន្ននេះ មាន​ការវិវឌ្ឍ​លឿន ហេតុនេះ​វា​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​ឱ្យ​ទាន់​តម្រូវការ​ជាក់ស្តែង​ចៀស​សវាង​បណ្តុះបណ្តាល​ដោយ​ប្រើ​បច្ចេកវិទ្យាចាស់ៗហើយ​ពេល​និស្សិត​ចេញមក​មិនអាច​ប្រើប្រាស់​បាន៕

  • ការសិក្សាពេលព្រលឹមអាច អំណោយផលជាងពេលយប់

    ការសិក្សាពេលព្រលឹមអាច អំណោយផលជាងពេលយប់

    នៅលើ​ពិភពលោក​មាន​មនុស្ស​ជាច្រើន​ប្រភេទ តែ​ក្នុងនោះ​អ្នក​ចិត្តសាស្ត្រ​បាន​រកឃើញថា ប្រភព​នៃ​អារម្មណ៍ និង​ការកសាង​គុណភាព​នៃ​ការគិត​មាន​របៀបស្រដៀង​គ្នា។ ថ្វីដ្បិតតែ​មាន​មនុស្សខ្លះ​ជាម​នុស្ស​ប្រភេទ​សិក្សា​ដោយការអាន អ្នកខ្លះ​ជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​រៀន​ដោយ​ការ​​សរសេរ ហើយ​អ្នក​ខ្លះទៀត​ជា​ប្រភេទ​មនុស្ស​ដែល​ទាមទារ​ឱ្យមាន​ការអនុវត្តផ្ទាល់ៗទើប​អាច​ទទួលយក​ចំណេះដឹង​ក៏ដោយ ក៏​ចុងក្រោយ​អ្វីដែល​ធ្វើឱ្យ​ពួកគេ​ធ្វើ​ការងារ ឬ​ចងចាំបានល្អ​អាស្រ័យ​លើ​ចំណុចរួមសំខាន់ៗ 2 គឺ​ភាព​តានតឹង (stress) និង​ថាមពល (tension)។ អ្នក​ចិត្តសាស្ត្រអាមេរិក​បាន​រកឃើញថា គុណភាព​នៃ​ការគិត និង​សកម្មភាព​របស់​មនុស្ស ទាំង​ការសិក្សា​ក្តី ការធ្វើការងារ ឬ​ការប្រាស្រ័យ​ទាក់ទង​ក្តីអាស្រ័យ​លើ​ចំណុច​សំខាន់​ទាំង 2 ខាងលើ។ កាលណា​មនុ​ស្សមានភាព​តានតឹង​ខ្ពស់ ហើយ​មាន​ថាមពល​តិច នោះ​ពួកគេ​នឹងមិន​អាចមាន​អារម្មណ៍ល្អ​ដើម្បី​បង្កើត​ការចងចាំ ឬ​គិត​ឃើញ​ដំណោះស្រាយល្អៗសម្រាប់​ការរស់នៅ​បាន​ទេ។ ប្រសិនបើ​មនុស្ស​មានភាព​តានតឹង​ខ្ពស់ ហើយ​មាន​ថាមពល​ខ្ពស់ ពួកគេ​អាច​នឹងមាន​ភាពប្រសើរ​ឡើង​ជាង​ស្ថានភាព​ទី1 បន្តិច ប៉ុន្តែ​វា​នៅតែ​ធ្វើឱ្យ​ពួកគេ​មិន​ទទួលបាន​ការចងចាំ​ល្អ ឬ​បង្កើត​សកម្មភាព​ដែលមាន​កំហុស​ច្រើន​ដដែល។ ជា​ឧទាហរណ៍ ប្រសិនបើ​និស្សិត​ម្នាក់​កំពុង​សិក្សា​ស្រាវ-ជ្រាវ ស្របពេល​ដែល​គេ​មាន​ភាព​តានតឹង​ខ្ពស់ និង​ថាមពល​ខ្ពស់ គាត់​អាចធ្វើ​ការងារ​បានបញ្ចប់​ដោយ​ជោគជ័យ តែ​កិច្ចការ​ស្រាវជ្រាវ​នោះ​អាចមាន​កំហុស​ច្រើន​ផ្នែក​អក្ខរាវិរុទ្ធ ឬ​អាចមាន​បញ្ហា​ច្រើន​ដែល​អាច​កើតឡើង​ដោយ​ការច្រឡំ​ព្រោះ​អារម្មណ៍​មិន​ស្ងប់។

    ចំពោះ​ស្ថានភាព​ផ្លូវចិត្ត​ដែល​កើតឡើង​នៅពេល​មនុស្សម្នា​ក់មាន​ភា​ព​តានតឹង​តិច ហើយ​ថាមពល​ខ្ពស់​វិញ គេ​នឹង​អាច​គ្រប់គ្រង​អារម្មណ៍​បានល្អ ដែល​វា​ជា​មូលដ្ឋាន​សំខាន់​ក្នុងការ​បង្កើតឱ្យមាន​ថាមពល​វិជ្ជមាន​ក្នុងការ​ចងចាំ ហើយ​ការចរចា ឬ​ការធ្វើការងារ​ក៏​រលូន និង​បាន​លទ្ធផល​ល្អ​ថែម​ទៀតផង។ នៅពេល​មនុស្សម្នាក់ៗមិនសូវមាន​ភាព​តានតឹង ខួរក្បាល​នឹង​ដើរ​ដោយ​រលក alpha ដែល​អនុញ្ញាតឱ្យ​ថាមពល​នៃ​ភាព​វិជ្ជមាន​កើតមានឡើង​ក្នុង​គំនិត ហើយ​គំនិត​ស្ងប់ស្ងាត់​ទាំងនេះហើយ​ដែល​បង្កើតឱ្យមាន​នវានុវត្តន៍ ឬ​គំនិត​ច្នៃប្រឌិត​នានា។

    សម្រាប់​ពេលវេលា​ក្នុងមួយថ្ងៃៗ មនុស្សម្នាក់ៗភាគច្រើន​មាន​ភាព​តានតឹង​ខ្ពស់ ហើយ​ថាមពល​ថយចុះ​នៅពេល​រសៀល។ ហេតុនេះ​នៅក្នុង​រយៈពេល​នេះ​ទាមទារ​ឱ្យមាន​ការប្រមូល​ស្មារតី​ឱ្យបាន​ស្ងប់ស្ងាត់ ដោយ​ការ​សម្រាក​រយៈពេល​ខ្លី (napping) ដើម្បី​គ្រប់គ្រង​ភាព​តានតឹង​ឱ្យ​ចុះ​ទាប។ ចំណែកឯ​ពេលល្ងាច ឬ​ពេលយប់ ជា​ពេលដែល​ភាព​តានតឹង​អាច​ថយចុះ​បន្តិច​វិញ តែ​ថាមពល​អាច​នឹង​ថយចុះ​ដូចគ្នា​ប្រសិនបើ​មនុស្ស​មិនបាន​គ្រប់គ្រង​សកម្មភាព​បានល្អ​ក្នុងមួយថ្ងៃៗ ហេតុនេះ​សម្រាប់​អ្នកសិក្សា អាចជា​ពេលវេលា​ល្អ​មួយ​ក្នុងការ​បង្កើន​ការចងចាំ តែ​វា​មិនមែនជា​ពេល​ល្អ​បំផុត​នោះទេ។ ពេល​ល្អ​បំផុត​សម្រាប់​ការសិក្សា ត្រូវបាន​អ្នក​ចិត្តសាស្ត្រ​រកឃើញថា ជា​ពេលព្រឹក​ព្រលឹម។ ជា​រៀងរាល់​ព្រឹក មនុស្សម្នាក់ៗបានទទួល​ថាមពល​ពី​ដំណេក​គ្រប់គ្រាន់ (យ៉ាងហោចណាស់ 6ម៉ោង​សម្រាប់​មនុស្សពេញវ័យ) ដែល​ធ្វើឱ្យ​ថាមពល​ក្នុង​រាងកាយ​មានការ​កើនឡើង ស្របពេល​ដែល​ភាព​តានតឹង​ថយចុះ​ខ្លាំង ដែល​ធ្វើឱ្យ​មនុស្ស​អាច​ចងចាំ​បានល្អ មានគំនិត​ច្នៃប្រឌិត​ខ្ពស់ និង​អាច​ស្វែងរក​ដំណោះស្រាយល្អៗបាន​សម្រាប់​ការសិក្សា និង​ការងារ​ថែម​ទៀតផង៕

  • Real Madrid ឈ្នះ​ពាន Club World Cup ជា​លើក​ទី3 ជាប់ៗគ្នា

    Real Madrid ឈ្នះ​ពាន Club World Cup ជា​លើក​ទី3 ជាប់ៗគ្នា

    ក្រុម Real Madrid បានធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់ការ​ឈ្នះ​ពាន Club World Cup ជា​លើក​ទី3ជាប់ៗគ្នា ខណៈដែល​ខ្សែបម្រើ Luka Modric និង​ខ្សែការពារ Sergio Ramos សុទ្ធសឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដូចគ្នា ក្នុងពេល​ក្រុម​ខ្លួន​ដណ្តើមបាន​ជ័យជម្នះ 4-1 លើ​ក្រុម​ម្ចាស់ផ្ទះ Al Ain ក្នុង​ទីក្រុង Abu Dhabi កាលពី​ថ្ងៃ​សៅរ៍។

    ក្រុម​ម្ចាស់​ជើងឯក​ទ្វីបអឺរ៉ុប​មួយ​នេះ បាន​ជួប​ភាព​ត្រដាបត្រដួស​ជា​ញឹកញាប់​នៅ​រដូវ​កាល​នេះ ប៉ុន្តែ បាន​ជួប​បញ្ហា​តិចតួច​ប៉ុណ្ណោះ​ក្នុងការ​យកឈ្នះ​លើ​ក្រុម Al Ain ដែល​បាន​បង្កើត​ការភ្ញាក់ផ្អើល​ដើម្បី​ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ តាមរយៈ​ការ​វាយបក​ពី​ការ​ដេញតាម​ពីក្រោយ 3-០ ពេល​ប្រកួត​ជាមួយនឹង​ក្រុម Team Wellington និង​ការយក​ឈ្នះ​ដ៏​មិន​នឹកស្មាន​ដល់​លើ​ក្រុម River Plate។ ក្រុម​យក្ស​របស់​អេ​ស្ប៉ា​ញ​មួយ​នេះ បច្ចុប្បន្ន​ឈ្នះ​ពាន Club World Cup ចំនួន 4លើក ដោយ​នាំមុខ 1លើក​ពីលើ​ក្រុម Barcelona ដែល​បាន​លេង​ក្នុង​ក្របខ័ណ្ឌ La Ligaកាលពី​ថ្ងៃ​សៅរ៍។

    លោក Santiago Solari គ្រូបង្វឹក​របស់​ក្រុម Real បានឱ្យដឹងថា៖ «កីឡាករ​ទាំងនេះ​ស័ក្តិសម​នឹង​ការទទួលបាន​ពាន​នេះ។ ពួកគេ​មក​ទីនេះ ក្រោយពី​ការខិតខំ​ព្យាយាម​យ៉ាងខ្លាំង និង​ឈ្នះ​ពាន​ជាច្រើន។ នៅថ្ងៃនេះ ពួកគេ​បាន​បន្ថែមទៀត​សមិទ្ធផល​មួយទៀត​ជាមួយនឹង​ការ​ឈ្នះ​ពាន Club World Cup ជា​លើក​ទី3ជាប់ៗគ្នា ដែល​ខ្ញុំ​គិតថា​ជា​សមិទ្ធផល​ដ៏​អស្ចារ្យ​សម្រាប់​ក្លិប​នេះ សម្រាប់ Real Madrid និង​សម្រាប់​កីឡាករ​ទាំងនេះ»។

    លោក Solari ដែល​ត្រូវបាន​ដោះស្រាយ​នឹង​ពាក្យ​ចចាមអារ៉ាមផ្សេងៗជុំវិញ​អនាគត​របស់លោក ក្រោយពី​អតីត​គ្រូបង្វឹក​នៃ​ក្រុម Real លោក Jose Mourinho រង​ការបណ្តេញចេញ​ដោយ​ក្លិប Manchester United កាលពីដើម​សប្តាហ៍​មុន​នោះ បាន​ប្រើប្រាស់​ក្រុម​មួយ​ដែល​ប្រជុំ​ដោយ​តារាឆ្នើមៗក្នុង​ជម្រើស​ដំបូង ក្នុងនោះ​រាប់បញ្ចូល​ទាំង Modric, Toni Kroos និង Gareth Bale ផងដែរ៕

  • អត្ត​ព​លិ​ក​លើក​ទម្ងន់ 5នាក់ រង​ពិន័យ​ព្យួរ ក្រោយ​ការពិនិត្យ និង​ធ្វើតេស្ត​អូឡាំពិក 2012ឡើងវិញ

    អត្ត​ព​លិ​ក​លើក​ទម្ងន់ 5នាក់ រង​ពិន័យ​ព្យួរ ក្រោយ​ការពិនិត្យ និង​ធ្វើតេស្ត​អូឡាំពិក 2012ឡើងវិញ

    អត្ត​ព​លិ​ក​លើក​ទម្ងន់ 5នាក់ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ម្ចាស់​ជើងឯក​អូឡាំពិក 2នាក់​ផង បាន​រង​ពិន័យ​ព្យួរ​ជា​បណ្តោះអាសន្ន ក្រោយពី​ការធ្វើ​វិភាគ​ឡើងវិញ​ទៅលើ​គំរូ​ទឹកនោម​ដែល​ត្រូវបាន​ផ្តល់ឱ្យ អំឡុងពេល​នៃ​ព្រឹត្តិការណ៍​អូឡាំពិក ទីក្រុង​ឡុង​ដ៍ ឆ្នាំ2012។ នេះ​បើ​យោងតាម​ការប្រកាស​រប​ស់​សហព័ន្ធ​កីឡា​លើក​ទម្ងន់​អន្តរជាតិ (IWF) កាលពី​ថ្ងៃ​ចន្ទ។

    កីឡាករ​អ៊ុយ​ក្រែ​ន Oleksiy Torokhtiy ម្ចាស់​មេដាយមាស​អូឡាំពិក​ក្នុង​ទម្ងន់ 105គីឡូក្រាម​កាលពី 6ឆ្នាំមុន និង​កីឡាករ​អ៊ូ​ស​បេ​គី​ស្ថាន RuslanNurudinov ដែល​បានឈ្នះ​មេដាយមាស​ក្នុង​វិញ្ញាសា​ដូចគ្នានេះ ក្នុង​អូឡាំពិក​ទីក្រុង Rio ឆ្នាំ2016 សុទ្ធសឹង​ត្រូវបាន​ពិនិត្យឃើញថា មាន​ភាព​វិជ្ជមាន​ទៅលើ​សារធាតុ​ហាមឃាត់។

    មានតែ Torokhtiy ម្នាក់​គត់​ដែល​ប្រឈម​នឹង​ការបាត់បង់​មេដាយ​របស់ខ្លួន ខណៈដែល​គំរូផ្សេងៗដែល​ត្រូវបាន​ពិនិត្យឡើងវិញ ត្រូវបាន​ផ្តល់ឱ្យ​រយៈពេល 4ឆ្នាំ នៅមុន​ពេល​ការ​ឈ្នះ​មេដាយមាស​របស់ Nurudinov នៅ​ប្រេ​ស៊ី​ល។

    កីឡាករ​អា​ស៊ែ​បៃ​ហ្ស​ង់ Valentin Hristov ដែល​បច្ចុប្បន្ន​កំពុងតែ​ជាប់​ពិន័យ​ព្យួរ 8ឆ្នាំ ក្រោយពី​ការពិនិត្យ​ឃើញ​ជា​វិជ្ជមាន​លើ​សារធាតុ​ហាមឃាត់​ក្នុង​ឆ្នាំ2013 និង2015 អាច​នឹង​បាត់បង់​មេដាយ​សំរឹទ្ធ​កាលពី​ឆ្នាំ2012របស់គេ​ពី​ការប្រកួត​លើ​វិញ្ញាសា​ទម្ងន់ 56គីឡូក្រាម ក្រោយពី​បាន​ពិនិត្យឃើញ​ជា​វិជ្ជមាន​ទៅលើ​សារធាតុ​ជំនួយ​កម្លាំង​ផងដែរ។

    អត្ត​ព​លិ​ក 2នាក់​ទៀត ដែល​ពិនិត្យឃើញ​ជា​វិជ្ជមាន​រួមមាន កីឡាករ​អា​មេ​នី MelineDaluzyan និង​កីឡាករ​បេឡា​រុស MikalaiNovikau ដែល​មិន​បានឈ្នះ​មេដាយ​ឡើយ​ក្នុង​ទីក្រុង​ឡុង​ដ៍។ កាលពី​ខែ​មុន គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​បានប្រកាសថា ការវិភាគ​ជាថ្មី​ទៅលើ​គំរូ​ទឹកនោមផ្សេងៗពី​អូឡាំពិក​ឆ្នាំ2012 ដែល​ប្រើប្រាស់​បច្ចេកវិទ្យា និង​វិធីសាស្ត្រ​ទំនើប​បំផុត​នោះ នឹងត្រូវ​ផ្តល់ទៅឱ្យ​ភ្នាក់ងារ​ធ្វើតេស្ត​អន្តរជាតិ៕

    ប្រភពពី៖ Channel News Asia

  • លោក Klopp ថា Chelsea និង Arsenal នៅតែ​ស្ថិត​ក្នុងការ​ប្រជែង​ពាន

    លោក Klopp ថា Chelsea និង Arsenal នៅតែ​ស្ថិត​ក្នុងការ​ប្រជែង​ពាន

    លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​បញ្ជាក់ថា «គ្មាន​ក្រុម​ណា​ដែលមាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព​ឡើយ» ក្នុងការ​ប្រជែង​ពាន​ក្របខ័ណ្ឌ Premier League និង​បាន​បញ្ជាក់ថា ក្រុម Chelsea និង Arsenal នៅតែ​ស្ថិត​ក្នុងការ​ប្រជែង។

    ក្រុម​របស់លោក Klopp នឹង​ឈានទៅ​កាន់​ចំណុច​ពាក់​កណ្តាលផ្លូវ​នៃ​រដូវ​កាល​នេះ នា​ថ្ងៃទី26 ខែធ្នូ ដោយ​ស្ថិតនៅលើ​កំពូល​តារាង ក្រោយពី​បាន​បង្កើន​ការ​នាំមុខ​រហូតដល់ 4ពិន្ទុ។ ក្រុម Chelsea និង Arsenal ដែល​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 និង​លេខ5 រៀង​គ្នា កំពុងតែ​ដេញតាម​ពីក្រោយ​ក្រុម Liverpool 11ពិន្ទុ ខណៈដែល​នៅសល់​ការប្រកួត 20លើក​ទៀត។

    លោក Klopp បាន​បញ្ជាក់ថា៖ «គ្មាន​ក្រុម​ណា​មាន​អារម្មណ៍​ថា ស្ថិតនៅ​ក្រៅ​នៃ​ការ​ប្រជែង​ពាន​ឡើយ»។ ក្នុង​រយៈពេល 8រដូវ​កាល​ក្នុងចំណោម 10រដូវ​កាល ក្រុម​មាន​ពិន្ទុ​នាំមុខ​នៅ​ថ្ងៃបុណ្យ​ណូអែល បាន​បន្តដំណើរ​របស់​ខ្លួន​ទៅ​ឈ្នះ​ពាន Premier League។

    ករណី​លើកលែង​ចំនួន 2នោះ គឺ​ក្នុង​រដូវ​កាល​ឆ្នាំ2008-2009 និង2013-2014 ហើយ​ករណី​ទាំង 2លើក​បាន​កើនឡើង ដោយសារតែ​ក្រុម Liverpool បាន​ភ្លាត់ស្នៀត​ធ្លាក់​ពី​កំពូល​តារាង ដើម្បី​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ2។

    Liverpool មិន​ធ្លាប់​បានឈ្នះ​ពាន​អង់គ្លេស​សោះ ក្នុង​សម័យកាល Premier League ខណៈដែល​ការ​ឈ្នះ​ពាន​ក្នុងស្រុក​ជា​លើកចុងក្រោយ​របស់​ពួកគេ បាន​កើតឡើង​ក្នុង​ឆ្នាំ1990។ ស្រប​ពេលដែល​ក្រុម Tottenham បាន​លត់​ក្រុម Everton យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 6-1 កាលពី​ថ្ងៃអាទិត្យ លោក Klopp មិន​រំពឹងទុក​ថា រាល់​លទ្ធផលល្អៗទាំងអស់ នឹង​កើតឡើង​ចំពោះ​ក្រុម​របស់លោក​ក្នុងការ​ប្រកួត​ដែល​នៅសល់​នៃ​រដូវ​កាល​នេះឡើយ៕

  • គ្រវី.ត មិនចាំទេណា !! តារាកំប្លែង កូទី និងយាយគ្រវីសក់ ត្រៀមគ្រវីសក់រួមគ្នានៅកម្ពុជា??

    គ្រវី.ត មិនចាំទេណា !! តារាកំប្លែង កូទី និងយាយគ្រវីសក់ ត្រៀមគ្រវីសក់រួមគ្នានៅកម្ពុជា??

    តារាកំប្លែងដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសថៃ លោកកូទី បានមកដល់ប្រទេសកម្ពុជាជាលើកទីពីរដើម្បីថតស្ពតពាណិជ្ជកម្មមួយក្រោយនិយាយត្រូវរ៉ូវគ្នា។ តារាកំប្លែងរូបនេះ បានធ្វើដំណើរមកកាន់កម្ពុជា ជាមួយនិង យាយគ្រវីសក់ កាលពីថ្ងៃទី ២១ ខែធ្នូ នេះ។

    លោកកូទី បានឱ្យអ្នកយកព័ត៌មានយើងដឹងថា លោកមានភាពសុខសប្បាយហើយមានការនឹករឭកដល់អ្នកគាំទ្រខាងកម្ពុជា។នេះជាលើកទី២មកដល់ភ្នំពេញ។ លោកមកលើកនេះដើម្បីថតស្ពតពាណិជ្ជកម្មឱ្យភេសជ្ជៈ លើសពីនេះលោកសប្បាយចិត្តបានសម្តែងរួមការងារជាមួយនាយគ្រឿនជាតារាកំប្លែងនៅកម្ពុជា។ កូទី បន្ថែមថា មុន​ឈាន​ជើង​ចូល​ទឹក​ដី​ភ្នំពេញ​ កន្លង​មក​លោក​ធ្លាប់​គិត​ថា កម្ពុជា​គឺ​ជា​ប្រទេស​មួយ​មាន​ការ​រីក​ចំរើន​បែប​​​​លក្ខណៈ​សម័យ​​បុរាណ​ព្រោះ​ជា​ទឹក​ដី​អង្គរ។ តែ​អ្វី​ដែល​លោក គិត​និង​ស្រមើល​ស្រម៉ៃ​ខុស​​​ហួស​ពី​​ការ​ស្មាន​ដោយ​សារ​តែ​ប្រទេស​អច្ឆរិយ​មួយ​នេះ​​មាន​ភាព​ជឿន​លឿន​មិន​ខុស​ពី​ប្រទេស​​​​ដែល​នៅ​​ជិត​ខាង​ឡើយ។

    លោកបញ្ជាក់ថា ពេល​ខ្ញុំ​ចុះ​ពី​លើ​យន្ត​ហោះ​ភ្លាម​ ខ្ញុំ​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ខ្លាំង​ណាស់​ ព្រោះ​មិន​នឹក​ស្មាន​ថា​កម្ពុជា​រីក​ចំរើន​ហើយ​មាន​អគារ​ខ្ពស់​ស្កឹមស្កៃ​​​ដូច្នេះ​នោះ​ទេ។ ឯ​ផ្សារ​ទំនើប​ក៏​ច្រើន​​គ្រប់​យ៉ាង​គឺ​ខុស​ពី​ខ្ញុំ​គិត​ទាំង​អស់។ បើតាមការបញ្ជាក់យាយគ្រីវីសក់ថា នឹងជួបគ្នាម្ដងទៀតជាមួយ តារាកំប្លែង កូទី ដែលគ្រោងត្រៀមបង្ហាញខ្លួន ក្រវីសក់ជាមួយគ្នា នៅថ្ងៃសម្ពោធរឿង « ខ្មោចត្រឡោកបែក » នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ៕

  • នោះ!! ចប់ការសម្ដែង យាយគ្រវីសក់ និយាយអ្វីខ្លះពីប្រទេសកម្ពុជា តោះស្ដាប់….

    នោះ!! ចប់ការសម្ដែង យាយគ្រវីសក់ និយាយអ្វីខ្លះពីប្រទេសកម្ពុជា តោះស្ដាប់….

    នៅពេលថ្មីៗនេះ យាយគ្រវីសក់ ដែលមានឈ្មោះពិតថា ស៊ិតាង បួថង បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងគោលបំណងជួបអ្នកគាំទ្រកម្ពុជា និងបង្ហាញការសម្ដែងក្រវីសក់នៅលើឆាកតន្ត្រី ទាំងក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការសម្ដែងរបស់ ណេតអាយដល ( Net Idol ) រូបនេះ បានបញ្ចប់ដោយរលូន ថែមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្ដៅ ពីបណ្ដាអ្នកគាំទ្រកម្ពុជា រហូតធ្វើឱ្យ យាយគ្រវីសក់ រំភើបឥតឧបមា។

    តាមរយៈវីដេអូដែលយាយគ្រវីសក់ បានធ្វើការឡាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅពេលមុននេះបន្ដិចបានឱ្យដឹងថា គាត់ពិតជាមានសេចក្ដីរំភើប ដែលទទួលបានក្ដីស្រឡាញ់ និងការគាំទ្រចំពោះដំណើរមកកាន់កម្ពុជានៅលើដំបូងនេះ។ រឿងដែលមិននឹកស្ថានដល់នោះគឺ ប្រទេសកម្ពុជា ជាប្រទេសដែលមានសក្ដានុពលខ្លាំងនៅក្នុងចំណោមប្រទេសអាស៊ាន ពោលគឺ សេដ្ឋកិច្ចប្រទេសនេះរីកចម្រើនខ្លាំងណាស់ ធ្វើឱ្យនឹកស្មានមិនដល់ថា មកកាន់កម្ពុជា ហាក់បីដូចជានៅប្រទេសថៃដែរ។ មានទាំងអាគារខ្ពស់ និងស្ថាបត្យកម្មទំនើបៗ ដែលប្រទេសជិតខាងគួរឱ្យភ្ញាក់រឭកថា បើខ្លួនមិនប្រញាប់ក្រោកឡើងទេនោះ កម្ពុជា គឺជាប្រទេសដែលខ្លាំងសេដ្ឋកិច្ចមួយគួរឱ្យកត់សម្គាល់ហើយ។

    យាយ ស៊ិតាង បួថង បានបញ្ជាក់ទៀតថា កម្ពុជា មានប្រាសាទអង្គរវត្តដ៏អស្ចារ្យ ដូចជាព្រះមហារាជវាំងមួយ ដែលកាត់ថ្លៃមិនបាន សូម្បីតែព្រះបរម្យរាជវាំងកម្ពុជា និងស្ថាបត្យកម្មមួយចំនួនរបស់កម្ពុជា មានភាពប្រហាក់ប្រហែល និងស្រដៀងទៅនឹងស្ថាបត្យកម្មប្រទេសថៃ បើទោះបីជា ព្រះទីន័ងក៏ដូចគ្នាផងដែរ។ អ្វីដែលគាត់បានកត់សម្គាល់ភាពស្រដៀងគ្នាមួយទៀតនោះគឺ ជហ្វា របស់ខ្មែរ ក៏មានលក្ខណៈស្រដៀងនិងប្រទេសថៃដែល នោះអាចបញ្ជាក់បានថា ព្រះមហាក្សត្រនៃប្រទេសទាំងពីរ មានសម្ព័ន្ធភាពល្អនឹងគ្នាណាស់។

    យាយគ្រវីសក់ លើកឡើងជាចុងក្រោយនៃវីដេអូរបស់គាត់ថា ប្រទេសកម្ពុជា ជាប្រទេសដែលគួរឱ្យស្រឡាញ់ ទាំងអ្នកគាំទ្រ និងប្រជាជនទាំងអស់ សូម្បីតែក្រុមការងារ មានភាពរួសរាយរាក់ទាក់ មានស្នាមញញឹមគ្រប់ពេលវេលា ។ គាត់ថា កម្ពុជា ស្ថិតក្នុងបេះដូងរបស់គាត់ និងចង់រស់នៅបំផុត។

    ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ ៖