Category: សង្គម និងសេដ្ឋកិច្ច

  • ក្រោយចេញវីដេអូ « រឿងជះស្រាបៀរលើតារាជារឿងតូចតាច » អ៊ឹម ជីវ៉ា មិនខ្លាចនឹងទទួលពាក្យបណ្ដឹង

    ក្រោយចេញវីដេអូ « រឿងជះស្រាបៀរលើតារាជារឿងតូចតាច » អ៊ឹម ជីវ៉ា មិនខ្លាចនឹងទទួលពាក្យបណ្ដឹង

    មុ​ននេះបន្ដិចតារាសម្ដែង និងច្រៀងលោក អ៊ឹម ជីវ៉ា បានបង្ហោះវីដេអូ និងរូបភាពព្រោងព្រាតពេញ Facebook ដែលគេមើលឃើញថា ហាក់បីដូចជាមិនសុខស្រណុកចិត្តចំពោះពោះ ការមានប្រសាសន៍របស់រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លើកឡើងថា ករណីជះស្រាបៀរលើតារាចម្រៀងគឺជាងអង្គរឿងតូច និងធ្វើឱ្យសិល្បៈករជាច្រើនមានការអាក់អន់ចិត្តយ៉ាងខ្លាំង ដោយសារតែករណីនេះបានប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរចំពោះអ្នកសិល្បៈ ដែលជាទង្វើរមួយមិនអាចទទួលយកបានឡើយ ហើយណាមួយវាក៏បានប៉ះពាល់ដល់សិទ្ធិ និងកិត្តិយសស្ត្រីខ្មែរផងដែរ។

    តែយ៉ាងណាមិញ អ៊ឹម ជីវ៉ា ថាខ្លួនធ្វើវីដេអូនោះ មិនបានឌឺដងដាក់មន្រ្តីឬបុគ្គល ឬដាក់ឈ្មោះក្រសួង ឬឈ្មោះមន្រ្តី ណាមួយឡើយ គឺធ្វើបែបកំប្លែង។ លោក ជីវ៉ា ថា «ខ្ញុំសូមជំរាបថា ការថតវិដេអូរបស់ខ្ញុំបានគឺមិនបានឌឺដងដាក់មន្រ្តីឬបុគ្គល ឬដាក់ឈ្មោះក្រសួង ឬឈ្មោះមន្រ្តី ណាមួយឡើយ គឺធ្វើវាបែបកំប្លែង សូមមេត្តា កុំស៊ីលៀសរអៀសខ្លួន រើសយកដាក់ខ្លួន បើអ្នកណាមិនពេញចិត្តអាចអូសរំលងបានមិនបាច់ចូលមើលទេ» ។

    លោកថា «ចុះគេវីដេអូថតគ្រឿងញៀន និងចាប់ចោនោះ គេឌឺដងដាក់ចោឬអ្នកលក់គ្រឿងញៀនមែន? បើវិដេអូនេះជារឿងក្តៅក្រហាយ ណាមួយបើមិនសុខចិត្តទេដាក់ពាក្យប្តឹងទៅ ខ្ញុំទទួលស្វាគមន៍ជានិច្ច។ រឿងមួយទៀតជូនចំពោះអ្នកពូកែជេលើខ្ញុំផង សូមមេត្តាហូបអាហារទិព្វនិងឱ្យជីវិតក្លាយជាអមតៈផង ក្រែងថ្ងៃណាមួយគេជះស្រាបៀលើ ឬមុនឆ្លងឆ្នាំជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានដូចខ្ញុំក្រែងគ្មានជីវិតរស់នៅតទៅទៀត ។ ពាក្យចាស់ពោលថា កុំសើចនិងបងប្រយ័ត្នពារឆ្លងម្តងម្នាក់សូមអរគុណ ដោយក្តីគោរពអំពីខ្ញុំបាទ»៕

  • Techno Innovation Challenge នាំ​អ្នកបច្ចេកទេស​កម្ពុជា​ទៅកាន់​ពិភព​ជំនួញ

    Techno Innovation Challenge នាំ​អ្នកបច្ចេកទេស​កម្ពុជា​ទៅកាន់​ពិភព​ជំនួញ

    កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់​នូវ​គំនិត​បង្កើត​ថ្មី និង​អាជីវកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិតព្រោះ​ចាប់ផ្តើម​ពី​ចំណុច​វិជ្ជមាន​នៃ​ធនធានមនុស្ស​កម្ពុជាប្រទេស​ទាំងមូល​នឹង​កាន់​តែមាន​សក្តានុពល​អ​ភិ​វ​ឌ្ឍ​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផ្នែក​សេដ្ឋកិច្ច។

    នៅ​កម្ពុជា វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា (ITC) ឬ​គ្រប់គ្នា​ស្គាល់​ថា​ជា​សាលា​តិច​ណូ​បាន​បង្កើត​កម្មវិធី​មួយឈ្មោះថា Techno Innovation Challenge ដើម្បី​ផ្តល់ឱកាស​ដល់​អ្នកជំនាញ​កម្ពុជា​នានា​មានឱកាស​បង្កើន​សក្តានុពល​របស់ខ្លួន​តាមរយៈ​ការបន្ត​បណ្តុះបណ្តាល និង​ប្រកួតប្រជែង​លើ​វិស័យ​អាជីវកម្ម ដែលជា​ច្រក​សំខាន់​ក្នុងការ​លើកទឹកចិត្ត​ឱ្យមាន​ការបង្កើត​ថ្មី​កាន់តែ​ច្រើនឡើង​នៅ​កម្ពុជា។

    កញ្ញា សៀក ឡេង អ្នកសម្របសម្រួល​កម្ម​វិធី Techno Innovation Challenge បានបង្ហាញ​ថា​ឆ្នាំ 2018 នេះ​ជា​ឆ្នាំ​ទី2 ហើយ​ដែល​កម្មវិធី​នេះ​ត្រូវបាន​បង្កើតឡើង​នៅ​កម្ពុជា។ កម្មវិធី Techno Innovation Cambodia បានរៀបចំ​ដោយ​យក​គំរូ​តាម​កម្មវិធី​ប្រកួត​មួយ​ពី​សាកលវិទ្យាល័យ Texas A&M University នៅ​សហរដ្ឋអាមេរិក ដោយមាន​ការកែប្រែ​បន្តិចបន្តួចដើម្បីឱ្យ​ត្រូវ​នឹង​កត្តា​សម្ភារ និងបរិបទ​របស់​កម្ពុជា។ ម្យ៉ាងវិញទៀត នៅ​កម្ពុ​ជាមានបន្ថែមអ្នកជំនាញ (Mentor)ដើម្បីធ្វើជា​អ្នក​ណែនាំ​សម្រាប់​អ្នកចូលរួម​ទាំង​ផ្នែក​អភិវឌ្ឍ​ន៍អាជីវកម្ម និង​ផ្នែក​បច្ចេកទេសដើម្បី​គាំទ្រ​ឱ្យសមត្ថភាព​យុវជន​ខ្មែរ​ដែលមាន​គំនិត​ច្នៃប្រឌិត​ស្រាប់​កាន់​តែមាន​សក្តានុពល​ខ្លាំង​ឡើង។ លើសពីនេះទៅទៀត អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺសាលា​តិច​ណូ​ផ្តល់​ឱកាសល្អ​សម្រាប់​ជួយ​ឱ្យ​បេក្ខជន​ដែល​ចូល​រួមមានកន្លែង​ធ្វើជា​ក្រុម​ពិភាក្សា និង​ពិសោធ​ងាយស្រួល​ជាងមុន ស្រប​ពេលដែល​ក្រុមការងារជំនា​ន់ទី1 នឹងមាន​ឱកាស​ជួយ​ពួកគាត់​បាន​ច្រើន​លើការអភិវឌ្ឍ​សមត្ថភាព​បេក្ខជន​ទាំងអស់​នៅ​ឆ្នាំ 2018 នេះ។

    កញ្ញា សៀក ឡេង និយាយថា៖ «កម្មវិធី​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សេដ្ឋកិច្ច​កម្ពុជា ព្រោះ​កាលណា​យើង​មាន​អ្នកជំនាញ​ច្រើននៅ​ផលិតកម្ម​នៅ-ក្នុង​ស្រុក​នឹង​កើនឡើង​កាន់តែខ្លាំង ហើយ​នៅពេលដែល​អ្នកជំនាញ​គាត់​មានឱកាស​ធ្វើ​ជំនួញ នោះ​ធ្វើឱ្យ​អាជីវកម្ម​កាន់តែ​មា​នស​ម្ទុះខ្លាំង»។

    អ្នករៀបចំ​កម្មវិធី​ខាងលើ​បានលើកឡើង​ផងដែរ​ថាមកដល់​បច្ចុប្បន្ននេះ កម្មវិធី Techno Innovation Challenge ក៏​អាច​ជំរុញ​ដល់​វិស័យ​អប់រំ និង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​រីកចម្រើន​តាមរយៈ​ការអភិវឌ្ឍ​ជំនាញ វិទ្យាសាស្ត្រ វិស្វកម្ម និង​គណិតវិទ្យា ដែល​ជំនាញ​ទាំងអស់នេះ​អាច​ចូលរួមចំណែក​មួយ​ភាគ-​ធំ​ដល់​ការដោះស្រាយ​បញ្ហា​មនុស្សជាតិ​នៅ​ថ្ងៃ​ខាងមុខ។ ក្រៅពីនេះ តាមរយៈ​កម្មវិធី​ប្រកួតប្រជែង​អាជីវ-កម្ម​បែប​បច្ចេកវិទ្យា​នេះ អាច​នឹង​ផ្តល់ឱកាស​ខ្ពស់​ដល់​និស្សិត​ដែល​បាន​ចូលរួម​ប្រកួត​ដើម្បី​ពង្រឹងសមត្ថភាពសក្តា​នុពល និង​ភាព​ច្នៃប្រឌិត រួមទាំង​បំ​ណិ​នផ្សេងៗឱ្យ​កាន់តែ​បានល្អ ដែល​ជួយ​ដល់​យុវជន​អាច​ត្រៀមខ្លួន​បានល្អ​សម្រាប់​ទីផ្សារការងារ និង​ឆ្លើយតបបាន​ជាមួយនឹង​ការវិវឌ្ឍ​របស់​ពិភពលោក​ដែល​កំពុង​ចាប់ផ្តើម​មានការ​ផ្លាស់ប្តូ​រ និង​ប្រកួតប្រជែង​ខ្ពស់។

    នៅ​កម្ពុជា​កត្តា​ធនធានមនុស្ស​ជា​រឿង​សំខាន់ ដែល​ក្រសួង​ការងារ និង​ក្រ​សួរ​អប់រំ យុវជន និង​កីឡា កំពុងយកចិត្តទុកដាក់​ដើម្បី​ធ្វើយ៉ាងណា​លើកទឹកចិត្ត​ឱ្យយុវជន​កម្ពុជា​ចាប់យក​ជំនាញ STEM រួមទាំង​ពង្រឹងសមត្ថភាព​កាន់តែខ្លាំង​ក្នុង​វិស័យនេះ។ ទោះជា​យ៉ាងនេះ​ក្តី ជា​ស្ថានភាព​ជាក់ស្តែង យើង​ឃើញថា​ គ្រប់ភាគី​ក៏មាន​ក្តី​ព្រួយបារម្ភ​ច្រើន​ផងដែរ​ចំពោះ​ធនធានមនុស្ស​លើ​ជំនាញ​បច្ចេកទេស និង​សហគ្រិនភាព​ដែល​ទាមទារ​ឱ្យមាន​ការខិតខំ​កាន់តែខ្លាំង​សម្រាប់​ការប្រកួតប្រជែង។

    សម្រាប់​កញ្ញា សៀក ឡេង បានបង្ហាញ​ការយល់ឃើញថា និស្សិត​កម្ពុជា​មាន​សម​ត្ថ​ភាពមិន​ចាញ់​និស្សិត​បរទេស ឬ​និស្សិត​នៅ​ប្រទេសជិតខាង​ឡើយ។ កញ្ញា​បានលើកឡើង​ផងដែរ​ថា ជាក់ស្តែង​និស្សិត​កម្ពុជា​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធីផ្សេងៗទាំង​ថ្នាក់ជាតិ និង​ថ្នាក់​អន្តរជាតិ ហើយ​ធ្លាប់​ទទួលបាន​ជយ​ល​ភី និង​ពានរង្វាន់​ជាច្រើន​ពី​ក្រៅប្រទេស​ត្រឡប់មកវិញ​ថែម​ទៀតផង។ លើសពីនេះទៅទៀត ក្រុម​ដែល​ធ្លាប់​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី Techno Innovation Challenge ក៏​ធ្លាប់​បានបង្ហាញ​សមត្ថភាព​ចំណេះ​ជំនាញ​បច្ចេកទេស និង​ភាព​ច្នៃប្រឌិត​របស់ខ្លួន​ដើម្បី​បង្កើត​សម្មិទ្ធផល​ប្រើប្រាស់​តាមរយៈ STEM បាន​យ៉ាង​ល្អ។ នេះ​ជា​ចំណុច​បង្ហាញថា​កម្ពុជា​កំពុងមាន​ស្ថានភាព​វិជ្ជមាន​ក្នុងការ​ជំរុញ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​ផ្នែក​ជំនាញ​បច្ចេកទេស​ដើម្បី​ដោះស្រាយ​បញ្ហានានា​ក្នុងសង្គម និង​ក្នុង​តំបន់​នា​ថ្ងៃ​អនាគត។

    គួរបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ វិស័យ STEM ត្រូវបាន​ចាត់​ចូល​ជា​វិស័យ​សំខាន់​សម្រាប់​កម្ពុជា​ក្នុង​ការជំរុញឱ្យ​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា 4.0 ដើម្បី​ឆ្លើយតប​ជាមួយនឹង​ប​ដិ​វត្តន៍ឧស្សាហកម្ម 4.0 ដែល​នឹង​ឈាន​មកដល់​នាពេលឆាប់ៗខាងមុខនេះ។ នៅលើ​ផ្លូវ​ទៅកាន់​ការអភិវឌ្ឍ​ជំនាញ​ទាំងអស់នេះ ក្រសួង​ជំនាញ​បាន​បង្កើត​កម្មវិធី​អប់រំ ផ្សព្វផ្សាយ និង​ប្រកួតប្រជែង​ជាច្រើន​ដើម្បី​ធ្វើយ៉ាងណា​ទាក់ទាញ​និស្សិត និង​យុវជន​កម្ពុជា​ឱ្យមាន​ចំនួន​កាន់តែច្រើន​សិក្សា​ផ្នែក​ទាំងអស់នេះ ដែលជា​គោលដៅ​សំខាន់​ក្នុង​បង្កើន​ចំនួន​អ្នកជំនាញ​នៅក្នុង​ប្រទេស​នាពេល​អនាគត៕

  • ដឹងតម្លៃខ្លួនរបស់ទេព បូព្រឹក្ស ដែលត្រូវបានច្រៀងនៅក្នុងភោជនីយដ្ឋាន សមុទ្រ

    ដឹងតម្លៃខ្លួនរបស់ទេព បូព្រឹក្ស ដែលត្រូវបានច្រៀងនៅក្នុងភោជនីយដ្ឋាន សមុទ្រ

    រឿងរ៉ាវរបស់តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ជះស្រាបៀដាក់លើរូបនាងក្នុងភោជនីយដ្ឋាន សមុទ្រ កាលពីយប់ថ្ងៃទី25 ខែ ធ្នូ ឆ្នាំ 2018 វេលាម៉ោង 10:30នាទីយប់នោះ សមត្ថកិច្ចកំពុងតែដោះស្រាយលើរឿងនេះ និងធ្វើការស៊ើបសួរទៅកាន់បុគ្គលិកភោជនីយដ្ឋាន សមុទ្រ។

    យោងតាមរបាយការណ៍ ដែលបានបញ្ជាក់ថា កាលពីថ្ងៃទី20 ខែធ្នូ ឆ្នាំ2018 ក្រុមហ៊ុន ស្រាបៀរ Hite ដោយមានលោក គា វី អាយុ ប្រហែល 28 ឆ្នាំ ជាជនជាតិខ្មែរ មុខរបរជា ប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន Hite បានទំនាក់ទំនងកញ្ញា ទេព បូព្រឹក្ស ជួលក្នុង តម្លៃ 900ដុល្លារអាមេរិក។ នាងត្រូវបាន ជួលឱ្យច្រៀងក្នុងរយៈពេល 1ម៉ោង ចំនួន6បទ ( ចាប់ពីម៉ោង 10:00នាទីយប់ ដល់ម៉ោង 11:០០នាទីយប់ ចប់កម្មពិធី)។ ក្នុងកម្មវិធីប្រម៉ូលសិន និងបញ្ចុះតម្លៃ 4 ថែម 1 របស់ស្រាបៀ Hite និងមានការ ចាប់រង្វាន់ របស់ស្រាបៀរ Hite នៅភោជនីយដ្ឋាន (សមុទ្រ) ដែលមានទីតាំង ផ្ទះលេខ72 តាមបណ្ដោយផ្លូវ លេខ118 ក្រុមទី50 ភូមិ13 សង្កាត់ទឹកល្អក់ទី1 ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ ដែលត្រូវ រៀបចំឡើងនៅថ្ងៃទី25 ខែធ្នូ ឆ្នាំ2018 ក្នុងភោជនីយដ្ឋានសមុទ្រ។

    គួររំឭកដែរថា នៅមុនពេលកើតហេតុ​ កញ្ញាបាននិយាយថា កញ្ញាត្រូវច្រៀងនិងសម្ដែងនៅក្នុងកម្មវិធី​ Hite X’mas Edition Party ដែលប្រព្រឹត្តទៅនាយប់ថ្ងៃអង្គារិ៍ ទី25 ខែធ្នូ ឆ្នាំ2018នេះ នៅភោជនីយដ្ធាន «សមុទ្រ» ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េ ហើយកញ្ញាមកដល់កន្លែងនេះត្រៀមច្រៀង6បទ រួចទៅច្រៀងមួយកន្លែងទៀត លុះនៅមុនពេលកើតហេតុបន្តិច កញ្ញាមកដល់ម៉ោង9:40នាទី ហើយម៉ោងដែលកញ្ញាត្រូវច្រៀងគឺម៉ោង10យប់ តែម្ចាស់ហាងខឹងមិននិយាយអី ហើយក៏ស្រាប់តែមានបុរសម្នាក់ ក៏គប់កំប៉ុងស្រាបៀរដាក់កញ្ញាតែម្តងខណៈពេលកំពុងច្រៀងនៅលើឆាក។

    លុះមកដល់ថ្ងៃទី26 ខែធ្នូ ឆ្នាំ2018 វេលាម៉ោងប្រហែល 10៖00នាទីព្រឹក ទេព បូព្រឹក្សជាជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី1 តែម្ដង។ បច្ចុប្បន្នសមត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវបន្ត។ នេះបើយោងតាមរបាយការណ៍ របស់អធិការដ្ឋានខណ្ឌទួលគោក៕

  • « សម្រួលឬមិនសម្រួល? បើមិនសម្រួលចេញ »​ ចេញជាបទចម្រៀងលើកទឹកចិត្ត ទេព បូព្រឹក្ស

    « សម្រួលឬមិនសម្រួល? បើមិនសម្រួលចេញ »​ ចេញជាបទចម្រៀងលើកទឹកចិត្ត ទេព បូព្រឹក្ស

    ជាការកត់សម្គាល់ឃើញថា អ្នកគាំទ្រ និងតារាសិល្បៈចេញមតិប្រិតកម្មអន្ដរាគមន៍រកយុត្តិធម៌ឱ្យតារាចម្រៀង ទេព បូព្រឹក្ស ក្រោយកើតហេតុការណ៍ត្រូវបុរសម្នាក់ គប់នឹងកំប៉ុងស្រាបៀនៅចំពោះមុខភ្ញៀវជាច្រើនក្នុងហាង «សមុទ្រ» ខណៈពេលនាងកំពុងច្រៀងលើឆាក ដោយមិនដឹងមូលហេតុច្បាស់លាស់។ ស្របជាមួយគ្នានោះដែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ត្រូវបានគេដឹងថា កញ្ញា បូព្រឹក្ស បានកើតទុក្ខមិនសុខចិត្ត ដោយបាន Live វីដេអូយំសស្រាក់ សុំអន្តរាគមន៍ពីមជ្ឈដ្ឋាននានា ដើម្បីរកយុតិ្តធម៌ និងលុបលាងការអាម៉ាស់របស់នាងវិញ។

    ថ្មីៗនេះដែរ យាយខ្លា ដែលគេស្គាល់ថា ជាអ្នកលេងបណ្ដាញសង្គម និងនិយមសម្ដែងរឿងកំប្លែងខ្លីៗឱ្យមហាជនបានផ្ទុះសំណើចកម្សាន្ដនោះ ស្រាប់តែចេញបទចម្រៀងដោយខ្លួនឯង ដោយដាក់ចំណងជើងថា « សម្រួលឬមិនសម្រួល? បើមិនសម្រួលចេញ »​ ដើម្បីជាការលើកទឹកចិត្តដល់ កញ្ញា ទេព បូព្រឹក្ស ។ តារាលើបណ្ដាញសង្គមរូបនេះ រៀបរាប់ថា «ក្នុងនាមយាយខ្លាជាអ្នកសិល្បៈចម្រៀងមួយរូបនិងជាពលរដ្ឋខ្មែរម្នាក់ យាយមានការឈឺចាប់ និងអាណិតអាសូរចំពោះការប្រមាថមើលងាយមកលើតារាចម្រៀងខ្មែរអ្នកនាង ទេព បូព្រឹក្ស ដែលជាស្ត្រីខ្មែរមួយរូប កាលពីថ្មីៗពេលកន្លងទៅនេះ ។ ទង្វើនេះជាអំពើហឹង្សាប្រមាថដល់ស្ត្រី មិនស្គាល់ច្បាប់ទម្លាប់ និងមើលងាយអ្នកសិល្បៈខ្មែរយ៉ាងខ្លាំង ។ ដើម្បីរកយុត្តិធម៌ និងកុំឲ្យថ្ងៃក្រោយកើតមានបញ្ហាអសីលធម៌បែបនេះបន្តទៀត យាយខ្លាបានសរសេរបទចម្រៀងមួយបទថតភ្លាមៗតែម្តង»។

    សូមជម្រាបផងដែរថា កញ្ញា ទេព បូព្រឹក្ស បានដាក់បណ្ដឹងប្ដឹងទារជំងឹចិត្តចំនួន10ម៉ឺនដុល្លារ ដោយកញ្ញាប្រកាសថាថវិកាដែលទទួលបាននឹងយកទៅជួយកុមារកំព្រា និងមណ្ឌលចាស់ជរាទាំងអស់។ ប៉ុន្តែគេមិនដឹងថាលទ្ធផលបណ្ដឹងរបស់នាងនឹងយ៉ាងណាទេ ដោយសារវីដេអូ និងរូបភាពក្នុងកាមេរ៉ានៅក្នុងហាងត្រូវបានបំផ្លាញដែលហាក់ដូចជាមានចេតនាបិទរឿង ហើយភាគីម្ចាស់ហាង និងអ្នកពាក់ព័ន្ធនៅមិនទាន់មានការទទួលខុសត្រូវកម្រិតណានៅឡើយ៕

     

  • រដ្ឋាភិបាល​កូរ៉េ​ផ្តល់​កម្ចី​ជាង 60លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់

    រដ្ឋាភិបាល​កូរ៉េ​ផ្តល់​កម្ចី​ជាង 60លាន​ដុល្លារ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់

    រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានផ្តល់​ឥណទាន​ជិត 64លាន​ដុល្លារ​អាមេរិក​សម្រាប់​សាងសង់​ស្ថានីយ​ប្រ​ព្រឹ​ត្ដ​កម្ម​ទឹក​កខ្វក់​នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល។ ពិធី​ចុះហត្ថលេខា​ទទួល និង​ផ្តល់​ឥណទាន​នេះ​បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី26 ខែធ្នូ ឆ្នាំ2018 ម្សិលមិញ រវាង​លោក​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជាមួយ​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Dohwa Engineering Co.,Ltd។

    ឯកឧត្តម ស៊ុន ចាន់ថុល​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​គូសបញ្ជាក់ថា ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខុមាលភាព និង​អនាម័យ​ប្រជាពលរដ្ឋ តាមរយៈ​ការសាងសង់​ស្ថានីយ​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ច្រោះ​សម្អាត​ទឹក​កខ្វក់។

    ពិសេស​ទៅទៀត​នោះ គឺ​ការលើកកម្ពស់​បរិស្ថាន​ដោយ​ការសាងសង់ និង​បង្កើន​នូវ​ប្រព័ន្ធ​បណ្ដាញ​លូ និង​ការតភ្ជាប់​បណ្ដាញ​លូ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​មកកាន់​ស្ថានីយ​ប្រ​ព្រឹ​ត្ដ​កម្ម​ទឹក​កខ្វក់ និង​ការពារ​ទឹកជំនន់​ផងដែរ។ គម្រោង​នេះ​ប្រើ​រយៈពេល​ប្រមាណ 48ខែ។

    លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​បញ្ជាក់ថា ស្ថានីយ​ប្រ​ព្រឹ​ត្ដក​ម្ម​ទឹក​កខ្វក់​នេះ​មាន​សមត្ថភាព​ចម្រោះ ទឹកបាន 7,600ម៉ែត្រគូប​ក្នុង 1ថ្ងៃ។

    នៅក្នុង​គ​ម្រា​ង​នេះ ស្ថានីយ​បូមទឹក​នឹង​សាងសង់​ចំនួន 10ទីតាំង​ដែលមាន​សមត្ថភាព​បូម​សរុប​ចំនួន 29,952ម៉ែត្រគូប​ក្នុង​មួយថ្ងៃ។

    គម្រោង​ថវិកា​នេះ​ក៏​នឹង​សាងសង់​បណ្ដាញ​លូ​មុខកាត់​ពី 0.3 ទៅ1.2ម៉ែត្រ ប្រវែង 43.33គីឡូម៉ែត្រ និង​លូ​មុខកាត់​ពី 0.1 ទៅ0.4ម៉ែត្រ ប្រវែង 6គីឡូម៉ែត្រ។

    ជាមួយគ្នានេះ​ផងដែរ គម្រោង​នឹង​ជួញ​ការងារ​ស្ដារ​ស្ទឹង​ប្រវែង 16.3គីឡូម៉ែត្រ រួមទាំង​ការស្ដារ​ស្ថានីយ​បូម​ដែលមាន​ស្រាប់​នៅក្នុង​ក្រុង​តាខ្មៅ​ផងដែរ៕

  • ការនាំចេញ​ជ័រកៅស៊ូ​កម្ពុជា មានការ​កើនឡើង​ក្នុង​រយៈពេល 11ខែ ឆ្នាំ2018 ខណៈ​តម្លៃ​ធ្លាក់ចុះ

    ការនាំចេញ​ជ័រកៅស៊ូ​កម្ពុជា មានការ​កើនឡើង​ក្នុង​រយៈពេល 11ខែ ឆ្នាំ2018 ខណៈ​តម្លៃ​ធ្លាក់ចុះ

    ក្នុង​រយៈពេល 11ខែ​នៃ​ឆ្នាំ2018នេះ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​សរុប​ចំនួន​ជាង 18ម៉ឺន​តោន ដោយ​ទទួលបាន​ចំណូល​ជាង 250លាន​ដុល្លារ​អាមេរិក។ នេះ​បើតាម​របាយការណ៍​រប​ស់អគ្គ​នាយកដ្ឋាន​កៅស៊ូ។

    របាយការណ៍​បញ្ជាក់ថា ចាប់ពី​ខែមករា ដល់​វិច្ឆិកា ឆ្នាំ2018កម្ពុជា បាន​នាំចេញ​ជ័រកៅស៊ូ​ចំនួន187,703តោន កើនឡើង23% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ2017។ តម្លៃ​កៅស៊ូ​បាន​ធ្លាក់ចុះ​ផងដែរ ដោយ​តម្លៃ​ជា​មធ្យម​ក្នុង​រយៈពេល 11ខែ​កន្លងមកនេះ​ក្នុង​កម្រិត 1,336ដុល្លារ​អាមេរិក​ក្នុង1តោន​ធ្លាក់ចុះ17%។

    កាលពី​រយៈពេល 10ខែ​នៃ​ឆ្នាំ2018នេះ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង 16ម៉ឺន​តោន ទទួលបាន​ចំណូល 218លាន​ដុល្លារ។ របាយការណ៍​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្នុង​រយៈពេល 10ខែ​កន្លងមកនេះ តម្លៃ​កៅស៊ូ​បាន​ធ្លាក់ចុះ​ក្នុង​កម្រិត 1,355ដុល្លារ​ក្នុង1តោន។

    យោងតាម​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា បច្ចុប្បន្ន​កម្ពុ​ជាមាន​រោងចក្រ​សិប្បកម្ម​កែច្នៃ​កៅស៊ូ​ចំនួន 139កន្លែង​ដោយ​អាច​ផលិត​កៅស៊ូ​ស្ងួត​បាន​ជាង 19ម៉ឺន​តោន​ក្នុង​មួយឆ្នាំ។ក្រុមហ៊ុន​ដែល​កំពុង​រកស៊ី និង​ដាំ​ដុះ​កៅស៊ូ​នៅ​កម្ពុ​ជាមាន​ចំនួន 129ក្រុមហ៊ុន ក្នុងនោះ​មាន 30ក្រុមហ៊ុន​ហើយ​ដែល​ប្រមូល​ផល និង​ធ្វើការ​នាំចេញ។

    ក្នុង​ឆ្នាំ2017 ប្រាក់ចំណូល​បាន​ពី​ការលក់​ជ័រកៅស៊ូ​មាន​រហូតដល់​ជិត 300លាន​ដុល្លារ​អាមេរិក​ដែល​ចំណូល​នេះ​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច។ គិត​ក្នុង​រយៈពេល 11ខែ ឆ្នាំ2018នេះ ជ័រកៅស៊ូ​នាំចេញ​សរុប​ចំនួន​ជាង 18ម៉ឺន​តោន ប្រមូលបាន​ចំណូល​ជាង 250លាន​ដុល្លារ​អាមេរិក។

    បច្ចុប្បន្ន​កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​ចំនួន​ជិត 43ម៉ឺន​ហិកតា ក្នុង​ផ្ទៃដី​ដែលចៀរ​ជ័រ​បាន​មាន 20ម៉ឺន​ហិកតា ស្មើនឹង47% និង​ផ្ទៃដី​ថែទាំ​ជាង 22ម៉ឺន​ហិកតា ស្មើនឹង53%។ ប្រទេស​វៀតណាម​នៅតែ​ជាទី​ផ្សារ​សំខាន់​សម្រាប់​កៅស៊ូ​របស់​កម្ពុជា​ហើយ​រដ្ឋាភិបាល​កំពុង​ចរចា​ជាមួយ​ប្រទេស​ចិន​ដែលជា​អ្នក​នាំចូល​កៅស៊ូ​ធំ​បំផុត​ក្នុង​ពិភពលោក​ដើម្បី​ចាប់ផ្ដើម​នាំចេញ​ដោយផ្ទាល់។ កៅស៊ូ​របស់​កម្ពុជា​នាំចេញ​ទាំងស្រុង​ទៅកាន់​ប្រទេស​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី ចិន និង​កូរ៉េខាងត្បូង៕

  • EU នឹង​ផ្តល់ឱ្យ​កម្ពុជា​នូវ​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន 115លាន​អឺរ៉ូ សម្រាប់​កម្មវិធី​ចំនួន 3

    EU នឹង​ផ្តល់ឱ្យ​កម្ពុជា​នូវ​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​សរុប​ចំនួន 115លាន​អឺរ៉ូ សម្រាប់​កម្មវិធី​ចំនួន 3

    ទឹកប្រាក់​សរុប​ចំនួន 115លាន​អឺរ៉ូ (ជាង130លាន​ដុល្លារ)ត្រូវបាន​សហភាព​អឺរ៉ុប​កំពុង​រៀបចំ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ឱ្យ​កម្ពុជា​សម្រាប់​កម្មវិធី​ចំនួន3។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ជំនួប​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយនឹង​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​ជំនួប​នេះ ធ្វើឡើង​កាលពី​ពាក់កណ្ដាល​ខែធ្នូ ឆ្នាំ2018នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    លោក ច​ច អេ​ដ​ហ្គា (George Edgar) ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ថ្លែង​អះអាង​ក្នុងឱកាស​ដែល​លោក​បាន​ចូលជួប​ពិភាក្សា​អំពី​កម្មវិធី​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា-សហភាព​អឺរ៉ុប​ជាមួយ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា នៅពេលនេះ​សហភាព​អឺរ៉ុប​កំពុង​រៀបចំ​ផ្តល់ជំនួយ​ជា​ថវិកា​ចំនួន 115លាន​អឺ​រូ​ដល់​កម្ពុជា ដើម្បី​អនុវត្ត​នូវ​កម្មវិធី​ចំនួន3។

    ក្នុង​ស្មារតី​បន្ត​ជំរុញ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ សម្រាប់​កម្មវិធី​ចំនួន3 រួមមាន៖  1- កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ចំនួន 22លាន​អឺរ៉ូ (ជិត 30លាន​ដុល្លារ)បន្ថែម។  2- កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន (ផ្នែក​នេសាទ)ចំនួន 87លាន​អឺរ៉ូ (ជាង98លាន​ដុល្លារ)និង3- កម្មវិធី​សម្ព័ន្ធ​ភាពប្រែប្រួល​អាកាសធាតុ​កម្ពុជា ដំណាក់កាល​ទី3ចំនួន6លាន​អឺរ៉ូ (ជាង6,8លាន​ដុល្លារ) ទៀត។

    ក្នុងជំនួប​ដ៏​មានតម្លៃ​នេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​លោក ច​ច អេ​ដ​ហ្គា និង​សហការី និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការគាំទ្រ​ផែ្ន​ក​ហិរញ្ញវត្ថុ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​រវាង​សហភាព​អឺរ៉ុប និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានបង្ហាញ​ការគាំទ្រ​ជាគោលការណ៍​ចំពោះ​សំណើ​កម្មវិធី​ទាំង3ខាងលើនេះ ព្រមទាំង​បាន​សន្យា​ជួយ​សម្របសម្រួល និង​សហការ​រៀបចំ​ជាមួយ​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ឈានទៅ​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​ឱ្យទាន់​ដើមឆ្នាំ2019 ខាងមុខនេះ។

    អគ្គបណ្ឌិត​សភាចា​រ្យ​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​សហភាព​អឺរ៉ុប ចំពោះ​ជំហរ​បន្ត​គាំទ្រ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​បន្ថែមទៀត ដែល​ឆ្លុះបញ្ចាំង​អំពី​សុភ​វិនិច្ឆ័យ​ចំពោះ​សមិទ្ធផល ដែល​រាជរដ្ឋាភិបាល​ខិតខំ​សម្រេចបាន៕

  • លោក Klopp រំភើប ក្រោយ Liverpool បន្ត​ភាពខ្លាំង ខណៈ Man City ចាញ់​ម្តងទៀត

    លោក Klopp រំភើប ក្រោយ Liverpool បន្ត​ភាពខ្លាំង ខណៈ Man City ចាញ់​ម្តងទៀត

    លោក Jurgen Kloppបាន​អំពាវនាវ​ឱ្យ​មានការ​ស្ងប់​អារម្មណ៍ ក្រោយពី​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 4-០ របស់ Liverpool លើ​ក្រុម Newcastle ដែល​បាន​ជួយ​បន្ថែម​ពិន្ទុ​នាំមុខ​របស់​ក្លិប​នេះ​នៅលើ​កំពូល​តារាង​ក្របខ័ណ្ឌ Premier League រហូតដល់ 6ពិន្ទុ។

    ក្រុម Liverpool កំពុងតែ​ស្ថិតក្នុង​ការរង់ចាំ ចាប់តាំងពី​ឆ្នាំ1990 ដើម្បី​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស ហើយ​នៅ​រដូវ​កាល​នេះ វា​ហាក់​បង្ហាញថា​នឹង​ក្លាយជា​ឱកាស​មួយ​ក្នុងចំណោម​ឱកាស​ដ៏​ល្អ​បំផុត​របស់​ពួកគេ ដើម្បី​បញ្ចប់​ការមិន​ឈ្នះ​ពាន​សោះ​នោះ។

    ការដណ្តើម​បាន​ជ័យជម្នះ​លើ​ក្រុម Newcastle នា​កីឡដ្ឋាន Anfield កាលពី​ថ្ងៃ​ពុធ បាន​កើតឡើង​តាមរយៈ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​កីឡាករ 4នាក់​រួមមាន DejanLovren, Mohamed Salah, XherdanShaqiriនិង Fabinho ដែល​ជួយ​ឱ្យមើល​ឃើញ​ពី​ភាពខ្លាំង​ក្នុង​តំបន់​ប្រយុទ្ធ​របស់​ក្រុម Liverpool។

    ស្របពេល​ជាមួយគ្នានេះ ក្រុម Manchester City បាន​រង​បរាជ័យ​ជា​លើក​ទី2 ក្នុង​រយៈពេល 5ថ្ងៃ ដោយ​ចាញ់​នៅលើ​ទឹកដី​ក្រុម Leicester 2-1។

    ក្រុម Tottenham បាន​ឡើងឈរ​ពីលើ​ក្រុម Man City ក្នុង​ចំណាត់ថ្នាក់​លេខ2 ក្រោយពី​បាន​លត់​ក្រុម Bournemouth យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល 5-០ ស្របពេល​ក្រុម Eden Hazard បាន​ស៊ុត​បាល់​បញ្ចូល​ទី2គ្រាប់ ក្នុងពេល​ក្រុម Chelsea បាន​យកឈ្នះ 2-1 លើ​ទឹកដី​ក្រុម Watford ប៉ុន្តែ ក្រុម​ឈរ​លេខ4 Arsenal ត្រឹមតែ​អាច​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 នៅលើ​ទឹកដី​ក្រុម Brighton។

    លោក Klopp បាន​បញ្ជាក់ថា៖ «ការនាំ​មុខ 6ពិន្ទុ​ដាច់​មិនមាន​ន័យ​អ្វី​ឡើយ។ យើង​នឹងត្រូវ​លេង​ជាមួយនឹង​ក្រុម Arsenal និង Man City។ វា​ជា​រឿង​ល្អ​ដែល​យើង​មាន 6ពិន្ទុ​បន្ថែមទៀត​ច្រើនជាង​ក្រុម​ផ្សេង ឬ7ពិន្ទុ​នោះ»៕

  • នៅ ស៊ីនឿន ភ្ជាប់ពាក្យជាមួយគូដណ្តឹងព្រឹកមិញនេះ

    នៅ ស៊ីនឿន ភ្ជាប់ពាក្យជាមួយគូដណ្តឹងព្រឹកមិញនេះ

    កាលពីពេលថ្មីៗនេះ ទស្សនិកជន មានការភ្ញាក់ផ្អើល ក៏ដូចជាចាប់អារម្មណ៍យ៉ាងខ្លាំង ដោយតារាចម្រៀងប្រុស ក្នុងផលិតកម្មរស្មីហង្សមាស លោក នៅ ស៊ីនឿន បានបង្ហាញគូស្នេហ៍ និងប្រកាសថ្ងៃភ្ជាប់ពាក្យ។ ជាក់ស្ដែងនៅព្រឹកនេះ លោកនៅ ស៊ីនឿន ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានចូលរោងភ្ជាប់ពាក្យហើយ។

    បើតាមការបង្ហោះនៅលើបណ្ដាញសង្កមហ្វេសប៊ុកគេមើលឃើញថា នៅក្នុងពិធីភ្ជាប់ពាក្យនោះ តារាចម្រៀង នៅ ស៊ីនឿន និងគូដណ្តឹង បានស្លៀកពាក់ឈុតប្រពៃណីយ៉ាងស្រស់ស្អាតហើយស័ក្តិសមខ្លាំងណាស់ ហើយបានឈរញញឹមទទួលភ្ញៀវដែលចូលរួមពិធីយ៉ាងរួសរាយរាក់ទាក់។ មានការលើកឡើងថា គូស្នេហ៍របស់លោក នៅ ស៊ីនឿន ពិតជាមានសម្រស់ស្អាតស្អាតខ្លាំងណាស់ ថែមទាំងធ្វើឱ្យមហាជន និងអ្នកគាំទ្រ របស់លោក នៅ ស៊ីនឿន ជាច្រើនបានចូលរួមអបអរសាទរ ដល់លោក នឹងគូស្នេហ៍ ស្រលាញ់គ្នា និងរស់នៅប្រកបដោយក្ដីសុខ សុភមង្គល ផងដែរ៕

  • G-Devith ឆ្លើយតបប្រសាសន៍របស់ឯកឧត្តម ថៃ នរៈសត្យា

    G-Devith ឆ្លើយតបប្រសាសន៍របស់ឯកឧត្តម ថៃ នរៈសត្យា

    ហេតុការណ៍បានធ្វើឱ្យផ្អើលអស់មហាជន តារាចម្រៀងស្រីស្ទាយបែបK-pop កញ្ញា ទេព បូព្រឹក្ស កាលពីយប់ថ្ងៃបុណ្យណូអែល បានរងការប្រមាថ ដោយត្រូវបុរសម្នាក់ គប់នឹងកំប៉ុងស្រាបៀនៅចំពោះមុខភ្ញៀវជាច្រើនក្នុងហាង «សមុទ្រ» ខណៈពេលនាងកំពុងច្រៀងលើឆាក ដោយមិនដឹងមូលហេតុច្បាស់លាស់។ ភ្លាមៗ បូព្រឹក្ស បានកើតទុក្ខមិនសុខចិត្ត ដោយបាន Live វីដេអូយំសស្រាក់ សុំអន្តរាគមន៍ពីមជ្ឈដ្ឋាននានា ដើម្បីរកយុតិ្តធម៌ និងលុបលាងការអាម៉ាស់របស់នាងវិញ។

    ក្រោយកើតហេតុការណ៍ភ្លាមៗនោះ សារព័ត៌មានក្នុងស្រុកមួយបានធ្វើបទសម្ភាសន៍តាមទូរស័ព្ទឆ្លើយឆ្លងជាមួយ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអ្នកនាំពាក្យ ថៃ នរៈសត្យា នៅព្រឹកថ្ងៃទី26 ខែធ្នូ នេះ បានមានប្រសាសន៍ថា ករណីបុរសម្នាក់ជះ ស្រាបៀលើ កញ្ញា ទេព បូព្រឹក្ស ពេលកំពុងឡើងច្រៀង វាជាអង្គរឿងតូច បើយើងបំប៉ោងឱ្យធំ គឺធំហើយ «រឿងគប់កំប៉ុងប៊ីយ៊ែរនេះ វា មិនមែនជារឿងធំ»។

    លោក ថៃ នរៈសត្យា បានលើកឡើងបន្តថា «ខ្ញុំមិនចង់ឱ្យ រឿងរ៉ាវទាំងអស់វាវែងទេ ព្រោះខ្ញុំមើលទៅឃើញអង្គរឿងវាតូច តែ ការបំប៉ោងទៅជាប៉ុណ្ណក៏បានដែរបើយើងមានចេតនាបំប៉ោង តែបើយើងចេះជួយរំលត់គ្នា ជូនកាលមនុស្សក៏មានវិប្បដិសារី ដែរ ក្រោយពីធ្វើអ្វីមួយ ខុសឆ្គង ចឹងខ្ញុំឱ្យពាក្យមួយសម្រាប់ទាំងអស់គ្នាគិត ស៊ូស្តាយមិនបានធ្វើ ប្រសើរជាងស្តាយណាស់ បែរជាធ្វើជ្រុលជ្រួលខុសឆ្គង» ។ លោក ក៏បានលើកហេតុផលថា ការបង្កើតឱ្យទៅជារឿងអាស្រូវដ៏ធំ ហើយរឿងខឹងដល់គប់កំប៉ុងប៊ីយ៊ែរនេះ វា មិនមែនជារឿងធំដែរ វាជារឿងតូច ជូនគាប់ផ្សំជាមួយបរិយាកាស ការស្រវឹង ជួនកាល ជាអ្វីដែលយើងហៅថាកន្លែង សប្បាយ វាអត់ដែលផឹកទឹកអប់ទេ វាមានស្រា វាមានប៊ីយ៊ែរ ដែលពាក្យសាមញ្ញាយើង តែនិយាយថា ទឹកប្ដូរនិស្ស័យ កុំឱ្យ ទឹកមកប្ដូរនិស្ស័យទឹកបាន ព្រោះយើងជាម្ចាស់ខ្លួនយើង ចិត្តចៅហ្វាយ កាយជាកញ្ចាស់ ។

    លោកបន្ថែមថា «ការនាំគ្នាឱ្យឆេះ សន្ធោសន្ធោឡើង វាងាយទេ ប៉ុន្តែប្រយ័ត្នពិបាកពន្លត់ ខ្ញុំគិតថាវាតូចមួយជាអារម្មណ៍ខ្ញុំ ប៉ុន្តែវាអាចមានគេថាឲ្យខ្ញុំ ស្តីឱ្យខ្ញុំថា រឿងធំប៉ុណ្ណាប៉ុណ្ណា ខ្លួនឯងមេម៉ែឪ បែរថាតូចក៏មានដែរ ព្រោះយើងមិនអាចទប់ខម្មិន្ត រឿងបញ្ចេញមតិនរណាមួយបានទេ »។ លោកបានធ្វើការសំណូមពរថា នរណាក៏ដោយ បងប្អូនជនរួមជាតិយើងទាំងអស់គ្នា មិនថាតែសិល្បករសិល្បការិនី ការមិន ចេះអត់ឱនរឿងតូចតាច ជ័យជម្នះធំយើងមិនអាចទទួលបានទេ ។

    ក្រោយការមានប្រសាសន៍របស់ឯកឧត្តម ថៃ នរៈសត្យា ដូចខាងលើហើយនោះ សារព័ត៌មានជាច្រើនបានសួរទៅកាន់តារាចម្រៀង ទេព បូព្រឹក្ស តើយល់ឃើញ និងមានអារម្មណ៍យ៉ាងណាចំពោះប្រសាសន៍របស់ឯកឧត្តម ? ក៏ប៉ុន្ដែ នាងបានត្រឹមតែនិយាយឡើងថា « ប្រហែលជាលោកពូ ពុំទាន់បានជ្រាបរឿងច្បាស់ ឬយ៉ាងណានោះទេ តែអារម្មណ៍របស់នាងខ្ញុំនៅពេលនេះ គឺនៅមិនទាន់ល្អទាល់តែសោះ »។ ស្របពេលជាមួយគ្នានេះដែរ អ្នកគាំទ្រកញ្ញា ទេព បូព្រឹក្ស នៅព្រឹកនេះ បានប្រកាសថា«ប្រសិន​បើ​​ថ្ងៃស្អែកគ្មានចំណាត់ការណាមួយដើម្បីរកយុត្តិធ៌មឱ្យបងស្រី ទេព បូព្រឹក្ស ទេ នោះពួកខ្ញុំជាFanដែលស្រលាញ់និងគាំទ្របងស្រី ទេព បូព្រឹក្ស ទាំងអស់គ្នាទូទាំងប្រទេស នឹងទៅធ្វើបាតុកម្មដ៏ធំនៅខាងមុខហាងសមុទ្រ ដែលបានប្រមាថមើលងាយ និងជាន់ឈ្លីដ​ល់កិត្តិយសបងស្រី ទេព បូព្រឹក្ស ឱ្យផ្អាកដំណើរការអាជីវកម្ម រឺអាចធ្វើបាតុកម្មរហូតទាល់តែបិទហាងមួយនេះ»។

    ងាកមកដឹងពីអារម្មណ៍របស់គូស្នេហ៍ ទេព បូព្រឹក្ស ភ្លាមៗនោះដែរ លោក ងួន ចាន់ដេវីត ឬហៅថា G-Devith បានបង្ហោះសារឆ្លើយតបចំពោះឯកឧត្តម ថៃ នរៈសត្យា ថា ការមានប្រសាសន៍របស់ឯកឧត្តមគឺជាការពិត ? គឺជាការត្រឹមត្រូវ ? ការមានប្រសាសន៍ឯកឧត្តមគឺជាវាការលើកទឹកចិត្តដល់វិស័យគប់ស្រាបៀរលើនារីភេទ ឬ អ្នកសិល្បះ ? វាអាចជាអង្គតូចសម្រាប់ឯកឧត្តម វាអាចជារឿងតូចតាចសម្រាប់ការប្រឡាក់ដោយស្របៀរ វាអាតូចតាចដោយត្រូវនឹងកំប៉ុងស្រាបៀរ តែវាមិនតូចតាចត្រង់ថា យើងរស់នៅប្រទេសមានសន្តិភាព និង ច្បាប់ពេញលេញ សិទ្ធពេញលេញ មិនត្រូវបណ្តោយឱ្យជនណាបំពានអ្នកដ៏ទៃដោយកាយវិការនិងចេតនាអាក្រក់បំពាននារីភេទ ដោយភាពមើលងាយនារីភេទ ប្រមាថកិត្តិយសនារីភេទ នោះទេ សូមឯឧត្តមជ្រាបនិងទទួលការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ 🙏 ៕

    https://youtu.be/sxBP16m8D4g