Category: សង្គម និងសេដ្ឋកិច្ច

  • 7 សញ្ញា​គ្រោះថ្នាក់​ ដែល​ប្រាប់ថា ដល់ពេល​ព្យាបាល ឫសធ្មេញ ហើយ

    7 សញ្ញា​គ្រោះថ្នាក់​ ដែល​ប្រាប់ថា ដល់ពេល​ព្យាបាល ឫសធ្មេញ ហើយ

    អាការ​ឈឺធ្មេញ អាច​បញ្ជាក់ប្រាប់​អំពី​អា​ការខុស​ប្រក្រតី​របស់​ធ្មេញ​បាន​ច្រើនយ៉ាង មិនថាតែ​ធ្មេញ​ពុក ធ្មេញ​ទាល់ ធ្មេញ​បែក ឬ​រលាក​អញ្ចាញធ្មេញ​នោះឡើយ តែបើ​ជា​អា​ការដែល​បង្ហាញថា ឫសធ្មេញ​របស់លោក​អ្នក​ដល់ពេល​វេលា​ត្រូវ​ចូលទៅ​ទទួល​ការជួសជុល​ជាបន្ទាន់​វិញ​នោះ ច្រើន​តែមាន​សញ្ញា​គ្រោះថ្នាក់​ដែល​ខ្លាំង​ជាង​គ្រាន់តែ​ឈឺធ្មេញ​ធម្មតា។

    សញ្ញា​គ្រោះថ្នាក់… ដល់ពេល​ត្រូវ​ព្យាបាល ឫសធ្មេញ ហើយ
    1. កើត​អាការ​ឈឺធ្មេញពើតៗ តាម​ចង្វាក់​លោត​របស់​ជីពច​រ។
    2. ឈឺធ្មេញ​ខ្លាំង​ពេល​ទំពា និង​ខាំ​អាហារ។
    3. ឈឺ និង​ហើម​អញ្ចាញ​ដោយសារ​អាការ​អញ្ចាញធ្មេញ​ឆ្លង​មេរោគ។
    4. ឈឺ​នៅពេល​ធ្មេញ​ប៉ះគ្នា។
    5. ឈឺធ្មេញ​ដោយ​មិនដឹង​មូលហេតុ។
    6. ឈឺធ្មេញ សូម្បីតែ​ពេល​គេង​នៅពេល​យប់។
    7. ឈឺធ្មេញ​ដោយ​មិនចាំបាច់​មាន​អ្វី​មក​ជំរុញដូចជា ទឹក​ត្រជាក់ ឬ​អាហារ​ដែលមាន​រសជាតិ​ផ្អែម(នំ ឬ​បង្អែម)។

    ហេតុអ្វី​យើង​ត្រូវ​ព្យាបាល​ឫសធ្មេញ?
    ដោយសារ​ឫសធ្មេញ​អាចមាន​ភាពខុសប្រក្រតី​ដោយសារ​ការឆ្លង​មេរោគ ការ​រលាក តាមរយៈ​អាការ​ធ្មេញ​ពុក​ធ្លុះ​ទៅដល់​បណ្ដុំ​ប្រសាទ​ធ្មេញ មាន​ធ្មេញ​ដែល​ប្រេះ ឬ​បែក​រហូត​ទៅដល់​បណ្ដុំ​សរសៃប្រសាទ​ធ្មេញ ធ្មេញ​បានទទួល​ការបុក​ប៉ះ​ខ្លាំង​រហូត​ខូចខាត​ដោយសារ​គ្រោះថ្នាក់​ឧប្បត្តិហេតុ រហូត​ធ្វើឱ្យ​មេរោគ​ចូលទៅ​បំផ្លាញ​បណ្ដុំ​សរសៃប្រសាទ​ធ្មេញ​នៅ​ខាងក្នុង​បាន។

    តើ​ត្រូវធ្វើ​ដូចម្ដេច នៅពេល​ត្រូវ​ព្យាបាល​ឫសធ្មេញ?
    បច្ចុប្បន្ន​មាន​វិធី​ព្យាបាល​ឫសធ្មេញ​ជាច្រើន​ដែល​ពាក់ព័ន្ធ វា​អាស្រ័យ​លើ​ភាព​ធ្ងន់ធ្ងរ​របស់​ឫសធ្មេញ​ដែល​ត្រូវ​បំផ្លាញ និង​ការពិនិត្យ​វិនិច្ឆ័យ​របស់លោក​គ្រូពេទ្យ។ ចាប់ផ្ដើម​តាំងពី​ការ​រ៉​ធ្មេញ​ដើម្បី​បើកផ្លូវ​ចូល​ឆ្ពោះទៅរក​បណ្ដុំ​សរសៃប្រសាទ​ធ្មេញ កម្ចាត់​សាច់​ភ្នាស​ដែលមាន​ឆ្លង​មេរោគ​ចោល លាង​សម្អាត​ចង្អូរ​ឫសធ្មេញ​ ដើម្បី​មិនឱ្យ​មេរោគ​ត្រឡប់​ចូលមក​ជាថ្មីទៀត។ បន្ទាប់ពីនោះ​ទើប​ងាក​មក​ស្ដារ​សភាព​ឫសធ្មេញ​ជាបណ្ដើរៗឡើងវិញ ដែលមាន​តាំងពី​ការដាក់​ដាំ​បង្គោល​ធ្មេញ ការបណ្ដុះ​ឆ្អឹង បណ្ដុះ​សាច់​អញ្ចាញ (បើសិន​ចាំបាច់) រួម​ទៅដល់​ការបិទ​ប្រហោង​ធ្មេញ ធ្វើឱ្យ​ធ្មេញ​ត្រឡប់មក​មាន​រូបរាង​លក្ខណៈ​ដូចដើម​វិញ​ជាដើម ដែល​អ្នកជំងឺ​នឹង​អាច​ប្រើប្រាស់​ធ្មេញ​ទំពា​អាហារ និង​មើលថែទាំ​សម្អាត​ដោយ​ការ​ដុសធ្មេញ និង​ប្រើ​អំបោះ​ខាត់​ធ្មេញ​បាន​ដូច​ប្រក្រតី។

    ការថែរក្សា​ធ្មេញ​យ៉ាង​ត្រឹមត្រូវ ដើម្បី​ការពារ​បណ្ដុំ​សរសៃប្រសាទ​ធ្មេញ​ដែល​ត្រូវ​បំផ្លាញ
    1. សម្អាត​ធ្មេញ​ដោយ​ការ​ដុសធ្មេញ និង​ប្រើ​អំបោះ​ខាត់​សម្អាត​ធ្មេញ​យ៉ាង​ត្រូវ​តាម​វិធី យ៉ាងតិច​ក្នុង​មួយថ្ងៃ 2ដង ព្រឹក-ល្ងាច ឬ​ប្រើ​អំបោះ​ខាត់​សម្អាត​ធ្មេញ​គ្រប់ពេល​ក្រោយ​បរិភោគ​អាហារ។
    2. មិន​ប្រើ​ធ្មេញ​ខាំត្របាក់ ខាំ​បំបែក​របស់រឹងៗ ឬ​ខាំ​ទាញ​វត្ថុស្វិតៗ ព្រោះ​អាចធ្វើឱ្យ​ធ្មេញ​រង​ការខូចខាត។
    3. បើ​ទទួល​គ្រោះថ្នាក់​ឧប្បត្តិ​ហេតុដែល​ធ្វើឱ្យ​ធ្មេញ​បាក់បែក​ខូចខាត ដូចជា​ របើក​ធ្មេញប្រេះ បែកជាដើម​នោះ គួរ​ប្រញាប់​ទៅ​ជួប​លោកគ្រូ​ពេទ្យ​ដើម្បី​ធ្វើការ​ព្យាបាល​ទាន់ពេលវេលា។
    4. បើ​មាន​អាការ​ឈឺធ្មេញ ឈឺ​អញ្ចាញធ្មេញ ឬ​មាន​ភាពខុសប្រក្រតីផ្សេងៗ ដូច​ជា មាន​ក្លិន​មាត់​មិនល្អ​ខ្លាំង​ជាដើម គួរ​ប្រញាប់​ទៅ​ជួប​ទន្តពេទ្យ។
    5. ទៅ​ជួប​ទន្តពេទ្យ​រៀងរាល់6ខែម្ដង៕

  • អ្នកជំនាញ​លក់​អចលនទ្រព្យ​បង្ហាញ​គន្លឹះ​រកលុយ​ក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​មិនបាច់​ប្រើ​ដើមទុន

    អ្នកជំនាញ​លក់​អចលនទ្រព្យ​បង្ហាញ​គន្លឹះ​រកលុយ​ក្នុង​វិស័យ​អចលនទ្រព្យ​ដោយ​មិនបាច់​ប្រើ​ដើមទុន

    កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា កំពុងស្ថិត​ក្នុងយុគសម័យ​អចលនទ្រព្យ​រុងរឿង ដែល​ផ្តល់ឱកាស​ដល់​ប្រជា​ពលរ​ដ្ធ​គ្រប់​ស្រទាប់វណ្ណៈ មិនថាតែ​អ្នកមាន​ជំនាញ​លើ​ផ្នែក​នេះ​ទេ សូម្បីតែ​ប្រជាពលរដ្ឋ​ទូទៅ មន្ត្រីរាជការ ប៉ូលិស ទាហាន គ្រូបង្រៀន គ្រូពេទ្យ ឬ​អ្នកធ្វើការ​ក្រុមហ៊ុន​ឯកជន​នោះទេ គឺ​សុទ្ធតែ​អាច​រកប្រាក់​ពី​វិស័យ​អចលនទ្រព្យ​បាន​ទាំងអស់ ដោយ​មិនចាំបាច់​ប្រើ​ដើមទុន ហើយ​មានឱកាស​ក្លាយជា​អ្នកមាន​ក្នុង​រយៈពេល​ខ្លី​ទៀតផង។

    ដើម្បី​ផ្តល់​ជា​ទុន​ក្នុងការ​រកប្រាក់​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ អ្នកយកព័ត៌មាន​នៃ​កាសែត​ឡា​រ៉ែ​នពាណិជ្ជ បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​លោក គង់ តារា ដែលជា​គ្រូ​បណ្តុះបណ្តាល និង​ជា​ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដែលមាន​សំណួរ និង​ចម្លើយ​ដូចខាងក្រោម៖

    1. តើ​ធ្វើយ៉ាងណា​ដើម្បី​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ​ដែល​អាច​រកប្រាក់​កម្រៃ​បាន​ច្រើន?
    ដំបូង​បំផុត​មុននឹង​ទទួល​គម្រោង​លក់ យើង​ត្រូវ​សិក្សា​ពី​គម្រោងនីមួយៗទាំងនោះ​សិន​ថា តើ​គម្រោងនេះ​មាន​ទំហំ​ធំ​ប៉ុនណា? ហើយ​ទីតាំង​គម្រោង​នោះ​មាន​សក្តានុពល​ល្អ​ក្នុងការ​ទាក់ទាញ​អតិថិជន​ឱ្យមក​ទិញ​បាន​ច្រើន​ដែរឬទេ? ជាពិសេស​ត្រូវ​សិក្សា​អំពី​ម្ចាស់​គម្រោង​ថា តើ​គាត់​មានការ​ទទួលខុសត្រូវ​កម្រិតណា និង​មានការ​ផ្តល់ជូន​ប្រាក់​កម្រៃជើងសា​ទៀងទាត់​ដែរឬទេ?។

    ក្រុមអ្នកបណ្តុះបណ្តាលជំនាញលក់អចលនវត្ថុថតរូបជុំគ្នា

    បន្ថែម​ពីនេះ​មុននឹង​ចូលប្រឡូក​ក្នុង​វិស័យនេះ ត្រូវ​ពិចារណា​ជាមុនសិន​ថា តើ​យើង​គួរ​ត្រូវ​ចូលរួម​ជាមួយ​ក្រុម​ណា​ដែល​យើង​គិតថា មាន​សមត្ថភាព​ពេញលេញ មាន​បទពិសោធ​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​កូនក្រុម ព្រោះ​សម្រាប់​ប្រធាន​ក្រុម​ម្នាក់ មិន​ត្រឹមតែ​ផ្តល់ឱកាស​ក្នុង​ការលក់​តែមួយ​មុខ​ប៉ុណ្ណោះ​ទេ តែ​ថ្នាក់ដឹកនាំ​ត្រូវ​រៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​យើង​បន្ថែមទៀត។ បណ្តុះ​បណ្តា​លើ​វិស័យ​អចលនទ្រព្យ បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​លក់ ផ្នែក​ទំនាក់ទំនង​អតិថិជន និង​ជំនាញ​ហិរញ្ញវត្ថុ​ជាដើមហើយ​ត្រូវ​បណ្តុះបណ្តាល និង​ហ្វឹកហាត់​ជាប់​ជាប្រចាំ​ទៀតផង។ ឧទាហរណ៍​សាមញ្ញ​បំផុត​គឺ បើ​ចង់​ជោគជ័យ ត្រូវ​ដើរ​តាម​អ្នក​ដែល​ជោគជ័យ ព្រោះ​នៅពេល​គាត់​ទទួលបាន​លទ្ធផល យើង​ក៏​ទទួលបាន​លទ្ធផល​ដូចគ្នា។

    2. លោក​បាន​មានប្រសាសន៍ថា ធ្វើការ​ក្នុង​វិស័យនេះ មិនចាំបាច់​មា​នន​ដើមទុន​ក៏​អាច​រកប្រាក់​ចំណេញ​ត្រឡប់មកវិញ​បាន​ច្រើន​ដែរ…តើ​គេ​អាច​រកប្រាក់​បាន​តាម​វិធី​បែបណា?
    ការពិតទៅ​សម្រាប់​ការងារ​ជា​ភ្នាក់ងារ​អចលនទ្រព្យ មិនចាំបាច់​មាន​ដើមទុន​នោះទេ ឱ្យតែ​គាត់​មាន​ឆន្ទៈ​មុះ​មុត​ក្នុងការ​ចាប់យក​ឱកាស​ការងារ​បែបនេះ គាត់​នឹង​ទទួលបាន​ផល​កម្រៃ​ត្រឡប់​ទៅវិញ​បាន​យ៉ាងច្រើន​មិន​ខាន។ ផល​តបស្នង​ទទួលបាន​ត្រឡប់​ទៅវិញ​ច្រើន​លើសពី​ប្រាក់ខែ​រាប់សិប​ដង ជាក់ស្តែង​ក្រុមការងារ​ផ្ទាល់​របស់ខ្ញុំ ធ្វើការ​ត្រឹមតែ​រយៈពេល 6ខែ​ប៉ុណ្ណោះ​ក៏​អា​ចរក​សល់​ប្រាក់​សម្រាប់​ទិញ​ឡាន ទិញ​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន​បាន និង​មាន​សមត្ថភាព​ឱ្យ​កូនបាន​ចូលរៀន​សាលាល្អៗទៀតផង។ ឧទាហរណ៍ សម្រាប់​និស្សិត​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ ប្រាក់ខែ​របស់គាត់​ទទួលបាន​ចន្លោះ​ពី200 ទៅ300ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ការងារ​ប្រភេទ​នេះ អ្នកខ្លះ​អាច​រកប្រាក់​បាន​ខ្ទង់ពាន់ និង​ខ្ទង់​ម៉ឺន​ក៏មានដែរ​ក្នុងមួយខែ។ នេះ​មិនមែន​លើកឡើង​តែ​តាម​ទ្រឹស្តី​នោះទេ គឺ​ជាក់ស្តែង​អ្នកខ្លះ ប្រវត្តិ​គាត់​ធ្លាប់ធ្វើ​ការងារ​ផ្នែក​សន្តិសុខ កម្មករសំណង់ ប្រាក់ខែ​ជាង100ដុល្លារ ពេល​មក​ចូលរួម​ធ្វើជា​ភ្នាក់ងារ​លក់​អចលនទ្រព្យ អាច​រកប្រាក់​បាន​ខ្ទង់​ម៉ឺន​អស់​ទៅហើយ។ ដើមឡើយ​ពួកគាត់​មិន​ហ៊ាន​បោះបង់​ការងារ​ចាស់​នោះទេ តែ​នៅពេល​ចេញទៅ​ធ្វើការ​ផ្នែក​នេះ​បាន​មួយខែ ឬ​ពីរ​ខែ គាត់​សម្រេចចិត្ត​បោះបង់​ការងារ​ចាស់​ចោល​តែម្តង ដោយសារ​ប្រាក់កម្រៃ​ដែល​ទទួលបាន​ត្រឡប់មកវិញ​វា​ច្រើន ដែល​គាត់​មិន​ធ្លាប់​គិតដល់ និង​អាច​សម្រេច​គោលដៅ​របស់ខ្លួន​សម្រាប់​ថ្ងៃ​អនាគត​បាន។

    3. ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ម្នាក់ តើ​គេ​ត្រូវ​ប្រកាន់​ឥរិយាបថ​ដូចម្តេច​ដើម្បី​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ទៅដល់​អតិថិជន?
    ធ្វើការ​ជា​ភ្នាក់ងារ​អចលនទ្រព្យ​លក់​ដីឡូត៍ លក់​ផ្ទះល្វែង ឬ​ខុន​ដូ មិនមែន​ដូច​លក់ទំនិញ​នៅ​ផ្សារ​នោះទេ ពោលគឺ​អតិថិជន​ត្រូវ​ចំណាយលុយ​ច្រើន​ក្នុង​ការទិញ​ទំនិញ​ប្រភេទ​នេះ ដូច្នេះ​គាត់​ត្រូវតែ​គិតពិចារណា​ខ្ពស់​ទៅលើ​ផលិតផល ក៏ដូចជា​មាន​ទំនុកចិត្ត​មកលើ​អ្នកលក់។ សម្រាប់​ការងារ​ប្រភេទ​នេះ តម្រូវឱ្យ​ភ្នាក់ងារ​លក់​ធ្វើការ​គោរព​ទៅតាម​វិជ្ជាជីវៈ​ជាដាច់ខាត ត្រូវ​ចេះ​មើល​អតិថិជន​ថា តើ​គាត់​មាន​ទំហំ​ទឹកប្រាក់​ទិញ​កម្រិតណា ដើម្បី​ដាក់​ផលិតផល​យើង​ទៅ​ឱ្យចំ​តម្រូវការ​ជាក់ស្តែង​ដែល​អាច​គាត់​ទទួលយកបាន ពិសេស​ផ្តល់​ជម្រើស​ទៅតាម​លទ្ធភាព​ដែល​គាត់​មាន។ ឧទាហរណ៍​ថា បើ​គាត់​មាន​ប្រាក់ 2ម៉ឺន​ដុល្លារ តើ​គាត់​គួរ​វិនិយោគ​ទៅលើ​អ្វី? គួរ​ទិញ​ដី? ទិញ​ផ្ទះ ឬ​ទិញ​ខុន​ដូ? ហើយ​យើង​ត្រូវ​ប្រាប់​គាត់​ថាបើ​ចង់​ទិញយក​ចំណេញ​ត្រឡប់មកវិញ​លឿន គួរតែ​ទិញ​អចលនទ្រព្យ​ប្រភេទ​ណាមួយ។ នៅពេល​ទិញ​ហើយ តើ​គាត់​ត្រូវ​រើសយក​ជម្រើស​នៃ​ការបង់ប្រាក់​ប្រភេទ​ណា? បង់​រំលស់​គ្មាន​ការប្រាក់? បង់​រំលស់​ជាមួយ​ធនាគារ ឬ​បង់​ផ្តាច់​តែម្តង? ចៀសវាង​ការទិញ​ហើយ​ជួប​ហានិភ័យ​ធ្វើឱ្យ​ជូ​ប​ការលំបាក​ក្នុង​ជីវភាព ជាពិសេស​ពេល​មាន​តម្រូវ​ការលក់ យើង​ត្រូវ​រក​គ្រប់​មធ្យោបាយ​ដើម្បី​លក់​ចេញ​ជាបន្ទាន់​ឱ្យ​គាត់​វិញ។

    4. កត្តា​អ្វីខ្លះ​ដែល​ភ្នាក់ងារ​អចលនទ្រព្យ​ត្រូវ​ដឹង មុន​ចេញលក់​គម្រោង​អចលនទ្រព្យ​ណាមួយ?
    អ្វីដែល​សំខាន់ ភ្នាក់ងារ​លក់​ត្រូវតែ​យល់​ឱ្យ​ច្បាស់​ពី​ផលិតផល​របស់ខ្លួន និង​អតិថិជន​គោលដៅជាពិសេស​វិធីសាស្ត្រ​ក្នុងការ​និយាយ ក្នុង​ការចរចា ឬ​ភាពបត់បែន។ នៅពេលដែល​អតិថិជន​ចាប់អារម្មណ៍​មកលើ​គម្រោង​យើង​ហើយ តែ​គាត់​មាន​លក្ខខណ្ឌ​ដែល​តម្រូវឱ្យ​យើង​ត្រូវ​ដោះស្រាយ​ជាបន្ទាន់ ដែល​ក្នុងករណីនេះ​យើង​ត្រូវសុំ​ប្រឹក្សា​យោបល់​ពី​ថ្នាក់ដឹកនាំ​គម្រោង​ជាបន្ទាន់​ផងដែរ។ ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ ត្រូវមាន​ការតាំង​ចិត្ត​ខ្ពស់ ចេះទទួលយក​ការបដិសេធ​របស់​អតិថិជន ព្រោះថា អតិថិជន​មិនមែន​មក​មួយ ទិញ​មួយ​ទេ ហើយក៏​មិនសូវ​សម្រេចចិត្ត​ទិញភ្លាមៗដែរ។ តាម​បទពិសោធអតិថិជន​ភាគច្រើន ពេលមកដល់​គាត់​តែង​ពេញចិត្ត​គម្រោង​នោះ​ទៅលើ​សោភណភាព គុណភាព និង​តម្លៃ​ជាដើម តែ​យ៉ាងណាក៏ដោយ​អតិថិជន​មួយចំនួន​តែង​សុំ​ពេល​គិត​ជាមួយ​ក្រុមគ្រួសារ​ជាមុនសិន មុននឹង​សម្រេចចិត្ត​ទិញ។

    5. តើ​ទៅ​ថ្ងៃ​អនាគត​ក្នុង​រយៈពេល 5ឆ្នាំ​ខាងមុខ តើ​ការងារ​ប្រភេទ​នេះ​នឹងត្រូវ​បាត់បង់ លែង​មានឱកាស​រកប្រាក់​បាន ឬ​នៅតែ​រកបាន​បន្តទៀត?
    ខ្ញុំ​ជឿថា​ការងារ​ក្នុង​វិស័យ​អចលនទ្រព្យ​មិន​សាបសូន្យ​ទេ អចលនទ្រព្យ​នៅ​ប្រទេស​ណា​ក៏​នៅតែមាន​ឱកាស ទោះជា​ប្រទេស​នោះ​អភិវឌ្ឍដល់​ចំណុចកំពូល​ក៏ដោយ ក៏​ភ្នាក់ងារ​លក់​នៅ​ប្រទេស​នោះ​នៅតែ​មានឱកាស​រកប្រាក់​ចំណេញ​បាន​ច្រើន​ដដែល។ ងាក​មក​ប្រទេស​កម្ពុជា វិស័យ​អចលនទ្រព្យ​នៅ​ក្មេងខ្ចី​នៅឡើយ ការកសាង​សំណង់​អគារខ្ពស់ៗនៅមានកម្រិត​នៅឡើយ ដូច្នេះ​យើង​នៅមាន​ឱកាស​ច្រើន​ឆ្នាំ​ទៀត ទោះ​អំឡុង​ពេលខាងមុខអចលនទ្រព្យ​ឡើងថ្លៃ​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​នៅតែមាន​តម្រូវ​ការទិញ​ដែរ ព្រោះ​ចំណូល​ប្រជាពលរដ្ឋ​ក៏​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​ផងដែរ។

    6. តើ​លោក​អាច​ផ្តល់​អនុសាសន៍​ផ្ទាល់ខ្លួន​បានទេ​ថា ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ ត្រូវមាន​ផ្នត់គំនិត​ដូចម្តេច ដើម្បីឱ្យ​ការងារ​កាន់តែ​រីកចម្រើន​ទៅមុខ​ជានិច្ច?
    ភ្នាក់ងារ​អចលនទ្រព្យ​មិនត្រូវ​ភ្លេច​អភិវឌ្ឍ​ខ្លួនឯង​ទេ ទោះជា​យើង​កំពុង​ធ្វើ​ជោគជ័យ​ក៏ដោយ ប៉ុន្តែ​ស្ថានភាព​អចលនទ្រព្យ​ចេះតែមាន​ការវិវឌ្ឍ​ផ្លាស់ប្តូរ​ទៅមុខ​ជានិច្ច​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ការប្រកួតប្រជែង​ក៏មាន​ការផ្លាស់ប្តូរ ឥរិយាបថ​នៃ​ការទិញ​របស់​អតិថិជន​ក៏មាន​ការផ្លាស់ប្តូរ ដូច្នេះ​តម្រូវឱ្យ​ភ្នាក់ងារ​អ្នកលក់​មាន​ភាព​ប៉ិនប្រសប់ មាន​ជំនាញ​កាន់តែខ្លាំងឡើងៗដូចគ្នា។ ដូច្នេះ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់តែង​ទៅ​រៀន​នៅក្រៅ​ប្រទេស​ដើម្បី​យកចំណេះ-ដឹង​មក​បណ្តុះបណ្តាល​បន្ត​ដល់​កូនក្រុម ឱ្យ​គាត់​មានចំណេះដឹង​កាន់តែ​ទូលំទូលាយ​ខ្លាំងឡើងៗ ដើរ​តាម​ឱ្យទាន់​ការអភិវឌ្ឍ​ទីផ្សារ​ផ្នែក​នេះ៕

  • លោក Klopp៖ Arsenal នឹងមិន​លើក​ទឹក​ទង់ជ័យ​ស ពេល​ប៉ះ Liverpool ឡើយ

    លោក Klopp៖ Arsenal នឹងមិន​លើក​ទឹក​ទង់ជ័យ​ស ពេល​ប៉ះ Liverpool ឡើយ

    លោក Unai Emery អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Arsenal បាន​បញ្ជាក់ថា ក្រុម Liverpool អាច​សម្រេចបាន​នូវ​សមិទ្ធផល​នៃ​ការមិន​ស្គាល់​ចាញ់​សោះ​ដូច​ក្រុម​កាំភ្លើង​ធំ ប៉ុន្តែ លោក Jurgen Klopp គ្រូបង្វឹក​នៃ​ក្រុម​ហង្ស​ក្រហម បាន​ប្រាប់​ឲ្យ​ក្រុម​មិន​ស្គាល់​ចាញ់​ក្នុង​ក្របខ័ណ្ឌ Premier League របស់លោក ឲ្យ​រំពឹងទុក​ពី​ការប្រកួត​ដ៏​ស្វិតស្វាញ​នៅ​កីឡដ្ឋាន Anfield កាលពី​ថ្ងៃ​សៅរ៍។

    ក្រុម Arsenal របស់លោក Arsene Wenger មិន​ស្គាល់​ចាញ់​សោះ ខណៈដែល​ពួកគេ​បានឈ្នះ​ពាន​ក្របខ័ណ្ឌ Premier League ក្នុង​រដូវ​កាល​ឆ្នាំ២០០៣-២០០៤ ហើយ​លោក Emery ជឿជាក់ថា Liverpool អាច​សម្រេចបាន​នូវ​សមិទ្ធផល​ដូចគ្នានេះ។

    Liverpool កំពុង​នាំមុខ៦ពិន្ទុ​ដាច់​លើ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ Premier League ខណៈដែល​ក្រុម​ម្ចាស់​ជើងឯក Manchester City បាន​ដេញ​ពីក្រោយ​កាន់តែ​ក្រោយ ក្រោយពី​ចាញ់២ប្រកួតជាប់ៗគ្នា។ នៅពេលដែល​ត្រូវបាន​ចោទ​សួរថា Liverpool អាច​តាម​ស្មើ​កំណត់ត្រា​មិន​ស្គាល់​ចាញ់​របស់លោក Wenger តាមរយៈ​ការបញ្ចប់​រដូវ​កាល​ទាំងមូល​នេះ​ដោយ​ការមិន​ស្គាល់​ចាញ់​សោះ លោក Emery បាន​ឆ្លើយថា៖ «នៅពេលនេះ ពួកគេ​កំពុងតែ​ធ្វើ​វា ហើយ​ពួកគេ​អាចធ្វើ​បាន។ ពួកគេ​អាចធ្វើ​បាន ពីព្រោះ​ពួកគេ​កំពុងតែ​ធ្វើ​នៅពេលនេះ»។ ប៉ុន្តែ ទោះបីជា​យ៉ាងណា Arsenal គឺជា​ក្រុម​ចុងក្រោយ​គេ​ក្នុងការ​ដណ្តើមបាន​ពិន្ទុ​ពី​ក្រុម Liverpool ក្នុង​ក្របខ័ណ្ឌ​លី​ក តាមរយៈ​ការដណ្តើម​បាន​លទ្ធផល​ស្មើ ១-១ នៅលើ​ទឹកដី​នៃ​កីឡដ្ឋាន Emirates នា​ថ្ងៃទី៣ ខែវិច្ឆិកា ដែលជា​លទ្ធផល​ស្មើ១ក្នុងចំណោម​លទ្ធផល​ស្មើ​ទាំង៣របស់ Liverpool ក្នុងការ​ប្រកួត​លី​ក​ចំនួន១៩លើក​មកទល់ពេលនេះ។

    ប៉ុន្តែ លោក Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​ឆ្លើយតប​ទៅនឹង​ការបកស្រាយ​របស់​គ្រូបង្វឹក​នៃ​ក្រុម Arsenal ថា៖ «តើ​វា​ជា​សំណួរ​សម្រាប់​លោក Unai Emery ដែល​សួរថា តើ​អ្នក​គិតថា Liverpool អាច​រក្សា​ការមិន​ស្គាល់​ចាញ់​សោះ​បានទេ? តើ​ជា​ជា​ចំ​ណួ​រ​ធម្មតា​មួយ​មែន​ទេ? ខ្ញុំ​គិតថា ទង់ជ័យ​ស នឹងមិន​ត្រូវបាន​លើកឡើង​ឡើយ»៕

    ប្រភពពី៖ Channel News Asia

  • ទៀតហើយ!! ក្រុមតារាមហាហង្ស នៅតែលើកពាននាំមុខគេ

    ទៀតហើយ!! ក្រុមតារាមហាហង្ស នៅតែលើកពាននាំមុខគេ

    មិនសរសេរមិនបានមែន ដោយសារតែក្រុមតារាសម្ដែងមួយក្រុមដែលមានឈ្មោះថាក្រុមតារាមហាហង្ស អាចដណ្ដើមយកពានកិត្តិយសពីការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាព ជាមួយក្រុមសិក្ខាកាមរបស់សាលារាជបណ្ឌិត្យសភានគរបាលជាតិបាន ខណៈដែលក្រុមមួយនេះត្រូវបានគេស្គាល់ថា ជាក្រុមខ្លាំងមួយនាពេលកន្លងមក។ តារាដែលបានបង្ហាញខ្លួនចូលប្រកួតរួមមាន តារាសម្ដែងលោក ត្រាយ៉ាកូ, លោកភឹម តារាវិបុល, លោកហូ ប៉ូសេង ឬហូ នរមង្គល, តារាសម្ដែងលោកតុលា, លោកយុទ្ធ ឋានៈ, តារាសម្ដែងលោកវត្ថា, លោកចាន់ រតនា និងក្រុមការងាររបស់មហាហង្សច្រើនរូបទៀត។

    ជាទូទៅយើងបានដឹងហើយថា ក្រុមតារាមហាហង្ស ក្រៅពីថតសម្តែងក៏មានសមត្ថភាពក្នុងការលេងប្រកួតបាលទាត់តាមស្ថាប័ននានា រហូតក្លាយជាអ្នកប្រកួតបាល់ដ៏ឆ្នើមធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលដោយមិននឹកថា ក្រៅពីលើកស្ទួយវិស័យភាពយន្តក៏គិតគូខាងវិស័យកីឡាខ្លាំងណាស់ដែរ។ វត្តមានប្រកួតគ្នានៅក្នុងថ្ងៃនោះ ត្រូវឃើញធ្វើឡើងយ៉ាងស្វិតស្វាញបំផុត ដោយលទ្ធផលចុងក្រោយក៏មិនបានឈ្នះចាញ់នោះដែរក្នុងរយៈពេល90នាទី តែក្រុមតារាមហាហង្សអាចដណ្ដើមយកពាននោះបាន ដោយលទ្ធផលស៊ុតប៉េណាំងទី។

    ការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី27 ខែធ្នូ នៅលើទីលានរាជបណ្ឌិត្យសភានគរបាលជាតិនោះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមទាំងពីរសុទ្ធតែមានជំនឿចិត្តថានឹងឈ្នះរៀងខ្លួន ហើយដើម្បីឱ្យការប្រកួតកាន់តែមានតម្លៃជាងការប្រកួតមិត្តភាព ក៏ត្រូវថ្នាក់ដឹកនាំរបស់សាលាបណ្ឌិត្យសភានគរបាលជាតិនៅដីឥដ្ឋ ហួសគៀនស្វាយ សម្រេចធ្វើពានកិត្តិយស ប្រគល់ជូនអ្នកឈ្នះ។ រយៈពេល90នាទី ក្រុមទាំង2បានត្រឹម1ស្មើប៉ុណ្ណោះ ទើបត្រូវកាត់ក្ដីដោយបើកឱកាសឱ្យកីឡាកររបស់ក្រុមម្ខាងៗស៊ុតប៉េណាំងទី ហើយក្រុមរបស់តារាមហាហង្សស៊ុតចូលទាំង5គ្រាប់ ខណៈដែលក្រុមសិក្ខាកាមនគរបាលជាតិរបស់សាលាបណ្ឌិត្យសភានគរបាលជាតិ ស៊ុតចូលតែ4គ្រាប់ទាំងសោកស្ដាយ។

    លោក អ៊ិន សុភិន មេក្រុមតារាមហាហង្សបានថ្លែងក្រោយលើកពានថា តាំងពីបានប្រមូលតារាឱ្យក្លាយជាក្រុមបាល់ទាត់ ជាលើកទី1ដែលក្រុមរបស់លោកទទួលបានពានកិត្តិយស ដោយពានដែលទទួលបាននេះ ក៏ចេញដោយស្ថាប័នជាតិមួយដែលមិនមានជាពានធម្មតា។ លោកថានេះជាលទ្ធផលបន្ទាប់ពីក្រុមតារាមហាហង្សត្រូវបានបង្កើតឡើង ស្របគ្នាដែលកន្លងមកក៏ដ្បិតថាបានទទួលជ័យជម្នះលើក្រុមផ្សេងៗ តែក៏បានត្រឹមតែកិត្តិយសធម្មតាៗ ដោយមិនមានពានជាសម្គាល់បែបនេះ។ លោកថានេះជាលទ្ធផលដែលបានពីកម្លាំងសាមគ្គី តែលោកក៏សរសើរចំពោះក្រុមម្ខាងទៀត និងបានចាត់ទុកថាលទ្ធផលឈ្នះដោយប៉េណាំងទីនៅក្នុងថ្ងៃនោះ កើតឡើងពីរឿងសំណាងផងដែរ៕

  • ទីផ្សារ​អា​ផាត​មិន​នឹង​កើនឡើង​លើស​ទ្វេដង​នៅ​ចន្លោះ​ឆ្នាំ2018-2030

    ទីផ្សារ​អា​ផាត​មិន​នឹង​កើនឡើង​លើស​ទ្វេដង​នៅ​ចន្លោះ​ឆ្នាំ2018-2030

    ក្រុមហ៊ុន Vtrust Appraisal បាន​រកឃើញ​តាមរយៈ​ការសិក្សា​ថ្មី​មួយ និង​បាន​ព្យាករ​ថា ចំនួន​អា​ផាត​មិន​នៅ​កម្ពុជា​បច្ចុប្បន្ន​ដែលមាន​ចំនួន 9,021យូ​និ​ត​នេះ នឹង​កើនឡើង​លើស​ទ្វេដង​នៅត្រឹម​ឆ្នាំ2030ខាងមុខ។

    លទ្ធផល​ការសិក្សា​ស្រាវជ្រាវ​ដែល​បានបង្ហាញ​ដោយ​ក្រុមហ៊ុន Vtrust Appraisal នៅ​សណ្ឋាគារ Raffle Le Royal បានឱ្យដឹងថា បច្ចុប្បន្ន​នៅ​រាជធានី​ភ្នំពេញ​មាន​អា​ផាត​មិន​ចំនួន 355គម្រោង ស្មើនឹង 9,025យូ​និ​ត។ ការ​ព្យាករ​របស់​ក្រុមហ៊ុន​នេះ​បានឱ្យដឹងថា នៅត្រឹម​ឆ្នាំ2030 ចំនួន​អា​ផាត​មិន​នឹង​កើន​ដល់ 28,000យូ​និ​ត ជាការ​កើនឡើង​ក្នុង​សេណារីយោ​ធម្មតា​បើ​ពិនិត្យមើល​ពី​ចំនួន​ប្រជាសាស្ត្រ និង​ការផ្គត់ផ្គង់​បច្ចុប្បន្ន។

    នាយក​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន Vtrust Appraisal លោក ហ៊ឹម សីហា បាន​មានប្រសាសន៍​ក្នុង​របាយការណ៍​ព័ត៌មាន​ដែល​បាន​ចែកចាយ​ដល់​បណ្តាញសារព័ត៌មាន​ថា ការផ្គត់ផ្គង់​អា​ផាត​មិនមាន​កំណើន 10%ប្រចាំឆ្នាំ ឬ​ស្មើនឹង 1,580យូ​និ​ត​ប្រចាំឆ្នាំ ចាប់ពី​បច្ចុប្បន្ន​រហូតដល់​ឆ្នាំ2030។

    ស្របទៅនឹង​ការសិក្សា​នេះ​គេ​បាន​រកឃើញថាខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌ7មករា និង​ខណ្ឌដូនពេញ​ដែលមាន​ចំនួន​អា​ផាត​មិន​ច្រើនជាងគេ។ ខណ្ឌចំការមន មាន​ចំនួន​អា​ផាត​មិន​ច្រើនជាងគេ​រហូតដល់ 230គម្រោង ស្មើនឹង 5,820យូ​និ​ត និង​គ្របដណ្តប់ 64%នៃ​ចំណែក​ផ្គត់ផ្គង់​ទីផ្សារ​ទាំងមូល។ ខណ្ឌ​ជាប់​លំដាប់​ទី2 គឺ​ខណ្ឌទួលគោក ដែល​អា​ផាត​មិន​នៅក្នុង​ខណ្ឌ​នេះ​គ្របដណ្តប់បាន16%នៃ​ចំណែក​ទីផ្សារ​ទាំងមូល ចំណែក​ខណ្ឌ7មករា និង​ខណ្ឌដូនពេញ មាន​អា​ផាត​មិន​ចំនួន635 និង590យូ​និ​ត​រួមគ្នា។

    របាយការណ៍​សិក្សា​ខាងលើ​បានឱ្យដឹង​ទៀតថា នៅក្នុង​ដំណាច់ត្រីមាស​ទី4នេះ អា​ផាត​មិន​ចំនួន7,600យូ​និ​ត​ត្រូវបាន​ជួល ដែល​ស្មើនឹង​អត្រា​គ្របដណ្តប់​ការប្រើប្រាស់​សរុប84% នៅ​ទូទាំង​រាជធានី​ភ្នំពេញ។ របាយការណ៍​ដដែល​បានឱ្យដឹង​ទៀតថា ក្នុងចំណោម​អា​ផាត​មិន​ទាំងនោះ បន្ទប់​អា​ផាត​មិន1បន្ទប់​គេង​មានការ​ផ្គត់ផ្គង់​ច្រើនជាងគេ​ក្នុង​ទីផ្សារ ស្មើនឹង 55%នៃ​ចំនួន​បន្ទប់​អា​ផាត​មិន​សរុប និង​អា​ផាត​មិន 2បន្ទប់​គេង ស្មើនឹង 34%នៃ​ចំណែក​ទីផ្សារ​សរុប។

    ឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន Khmer Foundation Appraisal បាន​មានប្រសាសន៍ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា លោក​មិន​បានដឹង​ស៊ីជម្រៅ​លើ​បញ្ហា​នៃ​ការកើនឡើង​នៃ​ចំនួន​យូ​នី​ត​អា​ផាត​មិន​ទេ តែ​យើង​មើលឃើញ​ការកើនឡើង​នូវ​អគារ​សំណង់​កម្ពស់​ចាប់ពី 9ជាន់ ដល់55ជាន់​ឡើងទៅ​មាន​ច្រើនហើយ​យើង​ក៏​សង្កេតឃើញ​ដែរ​ថា ពី1ឆ្នាំ ទៅ1ឆ្នាំ អគារ ​អា​ផាត​មិនខ្ពស់ៗបាន​កើនឡើង​ជិត​ទ្វេដង​ដែរ។ ពោលគឺ​តម្រូវការ​ទីផ្សារ​អា​ផាត​មិន​នាពេល​បច្ចុប្បន្ននេះ ពិតជា​កំពុងមាន​សម្ទុះ​ខ្លាំង​ប្រាកដ​មែន។

    លោក​ឧកញ៉ា​យល់ស្រប​ទៅនឹង​របាយការណ៍​ខាងលើ ដោយ​លោក​បាន​លើកឡើងថា របាយការណ៍​នេះ​មិនបាន​វាយតម្លៃ​លើ​ការកើនឡើង​ខ្ពស់​ពេក​ទេ តែបើ​ធៀប​ជាមួយ​ស្ថានភាព​បច្ចុប្បន្ន រួម​ជាមួយនឹង​កំណើនសេដ្ឋកិច្ច​ដែលមាន​និរន្តរភាព គួប​ជាមួយ​គោលនយោបាយ​ដ៏​ល្អប្រសើរ ភាព​ទាក់ទាញ​ការវិនិយោគ​ក្រៅប្រទេស​ក៏​ច្រើន ការបណ្តាក់ទុន​ក្នុងស្រុក​ក៏​ច្រើន​នោះ យើង​ឃើញថា ក្នុង​វិស័យ​អចលនទ្រព្យ​យើង​នេះ​មានការ​អភិវឌ្ឍ​ស្ទើរ​គ្រប់ផ្នែក។

    លោក​ឧកញ៉ា នួន រិទ្ធី បាន​បញ្ជាក់ថា បើតាម​ការ​សង្កេតឃើញ​ជាក់ស្ដែង អា​ផាត​មិនដែល​កំពុងមាន​តម្រូវការ​ក្នុង​រាជធានី​ភ្នំពេញ គឺភាគច្រើនៗស្ថិតនៅក្នុង​ខណ្ឌ​ចំនួន4 ដូចជា​ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌទួលគោក និង​ខណ្ឌ7មករា។ ដោយឡែក​ចំពោះ​អា​ផាត​មិនដែល​ស្ថិតនៅក្នុង​ខណ្ឌចំការមន ជាពិសេស​ម្ដុំ​ទួល​ទំពូង​តែម្ដង ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា ក្រៅពី​មាន​តម្រូវ​ការជួល​ស្នាក់នៅ​ច្រើន​ហើយ តម្លៃ​ក៏​ខ្ពស់​គួរសម​ដែរ។

    លោក​ឧកញ៉ា នួន រិទ្ធី​បាន​បន្តថា ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ យើង​នៅមាន​ចំណុច​ខ្វះខាត យើង​ទទួលស្គាល់ថា ទាក់ទង​នឹង​ការកែប្រែ​តំបន់​មួយចំនួន​ពី​តំបន់​លំនៅឋាន​ឱ្យទៅជា​តំបន់​ពាណិជ្ជកម្ម ពី​តំបន់​វាល​រហោស្ថាន ឱ្យទៅជា​តំបន់ឧស្សាហកម្ម តំបន់​លំនៅឋាន ឬ​ពាណិជ្ជកម្ម​ពិតជា​មានកា​រ​កើនឡើង​លឿន​ជាង​ការគ្រោងទុក​របស់​រាជ​រដ្ឋាភិបាល​ទៅទៀត ដោយសារតែ​ការអភិវឌ្ឍ​​ និង​ការបណ្តាក់ទុន​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស ធ្វើឱ្យ​យើង​ក្នុងនាម​ជា​អ្នកផ្គត់ផ្គង់​សម្ភារ​និង​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ទឹក ភ្លើង​ជាដើម​ស្ទើរតែ​មិនបាន​រៀបចំ​ទាន់ពេលវេលា​ផង​នៅ​តំបន់​ខ្លះ៕

  • ព័ត៌មានលម្អិតអំពីសន្និសីទកាសែតជុំវិញករណី ទេព បូព្រឹក្ស

    ព័ត៌មានលម្អិតអំពីសន្និសីទកាសែតជុំវិញករណី ទេព បូព្រឹក្ស

    នៅរសៀលម៉ោង4 ថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2018 នេះ តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស បានធ្វើសន្និសីទកាសែត ជុំវិញករណីបុរសគប់ជះស្រាបៀ រួចគប់កំប៉ុងស្រាបៀ និងប្រមាថលើរូបនាង ខណៈដែលកំពុងឈរច្រៀងលើឆាកតូចមួយ ក្នុងហាងផឹកស៊ី « សមុទ្រ » នៅម្ដុំទួលគោក កាលពីរាត្រីថ្ងៃទី 25 ខែធ្នូ នេះ ដែលបានបង្កឱ្យមានភាពភ្ញាក់ផ្អើល។

    មេធាវីរបស់កញ្ញា ទេព បូព្រឹក្ស បានបង្ហាញកិច្ចព្រមព្រៀងដើម្បីបញ្ចប់វិវាតរវាង លោក ឆេង រស្មី និង ម្ចាស់ហាង ក៏ដូចជាបងស្រីដែលបានឡើងលើឆាក ហើយទះកំផ្លៀងអ្នករាំរបស់ទេព បូព្រឹក្ស ដោយព្រមព្រៀងថា៖
    1-យល់ព្រមទទួលស្គាល់កំហុស ដោយសុំទោសជាសាធារណៈ ដើម្បីសាក្ខីភាពជូនកញ្ញា ទេព បូព្រឹក្ស។
    2- សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន 1ម៉ឺនដុល្លារ។
    3- ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមិនគុំគួនសងសឹកគ្នាបញ្ចប់ទំនាស់ដោយសន្តិវិធី។

    លោក ឆេង រស្មី បានអះអាងថា លោកចូលរួមសោកស្ដាយ និងសុំទោសកញ្ញា ទេព បូព្រឹក្ស ដោយសារនៅថ្ងៃកើតហេតុនោះ លោកពុំបានដឹងថា កញ្ញាមកច្រៀង និងវេលាម៉ោងប៉ុន្មាននោះទេ។ លោកថា លោកបានផឹកគ្រឿងស្រវឹងច្រើន រហូតដល់ថ្នាក់មិនបានចាំរឿងរ៉ាវដែលកើតឡើង និងមិនបានចាំថា អ្នកចម្រៀងនោះ ជាកញ្ញា ទេព បូព្រឹក្សនោះទេ។ លោកថា លោកមិនធ្លាប់បានធ្វើរឿងបែបនេះ កន្លងមកពីមុននោះទេ។ លោកនៅតែអះអាងថា លោកមកចូលរួមនៅក្នុងហាងនោះ ក្នុងនាមជាភ្ញៀវរបស់ហាង តែលោកមិនបានចាំរឿងរ៉ាវដែលនៅក្នុងហាង រហូតដល់ឈានដល់ការជះស្រាបៀលើកញ្ញា ទេព បូព្រឹក្ស។

    ចំណែកពាក់ព័ន្ធជាមួយវីដេអូនៅក្នុងកាមេរ៉ាក្នុងហាងនោះ ម្ចាស់ហាង បានប្រាប់អ្នកសារព័ត៌មានថា ដោយសារតែ កាមេរ៉ា មិនអាចថតវីដេអូបាន ក៏ព្រោះតែ Hard Disk ( អង្គចងចាំ ) ពេញ ដែលធ្វើឱ្យមិនអាចថតយកវីដេអូក្នុងថ្ងៃកើតហេតុបាន ។

    ទេព បូព្រឹក្ស បញ្ចាក់ថា នាងព្រមទទួលកិច្ចព្រមព្រៀងនេះ និងចំពោះសំណង1ម៉ឺនដុល្លារអាមេរិក កញ្ញាបានបញ្ជាក់ថា នឹងយកទៅបរិច្ចាគឱ្យទៅគន្ធបុប្ផា កុមារកំព្រាជាដើម និងសិល្បករចាស់ជរាកំពុងសម្រាកព្យាបាលជំងឺ៕

  • ខណៈនេះអ្នកនាង យុគ ចិន្តា ចេញសារនិយាយរឿង ទេព បូព្រឹក្ស

    ខណៈនេះអ្នកនាង យុគ ចិន្តា ចេញសារនិយាយរឿង ទេព បូព្រឹក្ស

    នៅពេលមុននេះបន្ដិច អ្នកនាង យុគ ចិន្តា ដែលមហាជនស្គាល់ថា តារាសិល្បៈរៀមច្បងដ៏គួរឱ្យគោរពស្រឡាញ់មួយដួងនោះ បានចេញសារនៅលើបណ្ដាញសង្គមហ្វេសប៊ុក និយាយពីរឿង​សិល្បៈ និងផ្ដល់កម្លាំងចិត្តដល់ ទេព បូព្រឹក្ស ។

    អ្នកថា សិល្បៈជាជ្រុងមួយនៃផ្នែកចូលរួមជួយផ្សព្វផ្សាយលើកស្ទួយនៃអិរយៈធម៌វប្បធម៌ខ្មែរ នាងខ្ញុំយុគ ចិន្តា សូមចូលរួមផ្តល់កំលាំងចិត្តលើកទឹកចិត្តដល់កញ្ញាទេព បូព្រឹក្ស ទោះបីជានាងខ្ញុំមិនបានស្ថិតក្នុងហេតុការណ៌កើតឡើងក្នុងរឿងរ៉ាវនោះក៏ដោយ ប៉ុន្តែបន្ទាប់បានឃើញវីដេអូនោះហើយ នាងខ្ញុំពិតជាមានចិត្តអាណិតអាសូរនាងយ៉ាងខ្លាំង មើលហើយមើលទៀត ស្រក់ទឹកភ្នែកតាមនាង នៅពេលដែលនាងស្រែកទ្រហ៊ោយំ រកភាពយុត្តិធម៌សំរាប់ខ្លួន….តើយុត្តិធម៌មានឬទេសំរាប់តារាចំរៀងមួយរូបនេះ?

    អ្នកនាងបន្ដទៀតថា ពាក្យចាស់ពោលថា ទះដៃតែម្ខាងប្រាកដជាមិនឰទេ ! ខ្ញុំទទួលស្គាល់ពាក្យនេះ តែនៅក្នុងហេតុការណ៌នៃរឿងរ៉ាវខ្វែងគំនិតគ្នា ឬមិនគោរពតាមកិច្ចសន្យាក្នុងការងារអ្វីក៏ដោយ គួរណាស់តែនិយាយគ្នាដោះស្រាយតាមសន្តិវិធីមិនមែនប្រើទង្វើដោយយកស្រាប៊ៀរជះលើរូបនាងនៅលើវេទិកាដែលនាងកុំពុងច្រៀងនោះទេ នៅទីនេះជាទីសាធារណៈមិនមែននៅក្នុងបន្ទប់ស្ងាត់ៗទេ មនុស្សម្នាក់ៗមានតំលៃគ្រប់ៗគ្នាមិនថាបុរសឬស្រ្តី ទោះបីអ្នកមានឬអ្នកក្រ យើងរស់នៅលើផែនដីតែមួយ ។
    *មនុស្សយើងតែងតែមានកុំហុស
    *មួយកុំហុសដោយអចេតនា
    *មួយកុំហុសដោយចេតនា
    ប៉ុន្តែបើសិនមានកុំហុសកើតឡើងហើយគួរណាស់ដោះស្រាយសិន កុំប្រើកំហឹងទាំងកំរោល

    ចុងក្រោយនេះ ខ្ញុំសង្ឃឹមនឹងជឿជាក់ថារឿងរ៉ាវទាំងនេះនឹងដោះស្រាយដោយសន្តិវិធីនឹងមានភាពយុត្តិធម៌ទៅអោយភាគីទាំងពី។ ដោយក្តីស្រលាញ់នឹងផ្តល់កំលាំងចិត្តពីនាងខ្ញុំ យុគ ចិន្តា ៕

  • ទេព បូព្រឹក្ស ប្រកាសធ្វើសន្និសីទកាសែតនា 4 រសៀលថ្ងៃនេះហើយ

    ទេព បូព្រឹក្ស ប្រកាសធ្វើសន្និសីទកាសែតនា 4 រសៀលថ្ងៃនេះហើយ

    ហើយនៅក្នុងពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារនៅជុំវិញរឿងក្តីរបស់ខ្លួនថា «សូមគោរពនឹងជំរាបពុកម៉ែបងប្អូនទាំងអស់គ្នា នៅម៉ោង4ល្ងាចនេះ និងមានការធ្វើសន្និសីទធកាសែតមួយចំពោះរឿងរបស់នាងខ្ញុំ»។

    សូមរំឭកដែរថា រឿងរ៉ាវរបស់កញ្ញា ទេព បូព្រឹក្ស ដែរត្រូវបានបុរសម្នាក់ជះស្រាបៀលើរូបនាង ខណៈពេលដែរនាងបានកំពុងតែច្រៀងនៅលើឆាកហើយដោយមិនបានដឹងខ្លួននោះ​គឺពុំទាន់បានដោះស្រាយគ្នាចប់សព្វគ្រប់នៅឡើយទេ។ ហើយនៅក្នុងពេលថ្មីៗនេះដែរ បើយោងទៅតាមពាក្យសម្តីរបស់ មេធាវីរបស់អ្នកនាង ទេព​ បូព្រឹក្ស បានប្រាប់ឱ្យដឹងថា បុរសដែរជាជនបង្ករនោះមានឈ្មោះ ឆេង រស្មី បានសារភាពប្រាប់ថា ខ្លួនបានជះស្រារបៀរទៅលើកញ្ញា ទេព បូព្រឹក្ស ពិតមែនដោយមូលហេតុគឺដោយសារតែពេលនះខ្លួនកំពុងតែស្រវឹង ហើយមិនមានស្មារតីនៅក្នុងខ្លួនឡើយ​៕

  • កាន់តែក្ដៅហើយ !!! អ៊ឹម ជីវ៉ា ឌឺដងឱ្យលោក ថៃ នរៈសត្យា រឿងកូនប្រើគ្រឿងញៀន

    កាន់តែក្ដៅហើយ !!! អ៊ឹម ជីវ៉ា ឌឺដងឱ្យលោក ថៃ នរៈសត្យា រឿងកូនប្រើគ្រឿងញៀន

    ដូចដែលប្រិយមិត្តទាំងអស់គ្នាបានជ្រាបដឹងហើយថា កាលពីថ្ងៃម្សិលមិញ លោក អ៊ឹម ជីវ៉ា ក៏បានបង្ហោះវីដេអូទាក់ទងនឹងការជះទឹក ហើយលោកក៏បានប្រាប់ថា ក្នុងការបង្ហោះវីដេអូនេះ គឺមិនទាក់ព័ន្ធនឹងបុគ្គលណាម្នាក់ ឬមន្រ្តីណាម្នាក់ឡើយ។ ស្របពេលដលកញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់យក ស្រាបៀមកជះ លើកញ្ញា ដែលនេះជាទង្វើអសីលធម៌ជាខ្លាំង ចំពោះកញ្ញា បានធ្វើឱ្យមហាជនជាច្រើន មានការស៊ែរចែករំលែកតៗគ្នា។

    ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក អ៊ឹម ជីវ៉ា ក៏បានបង្ហោះសារកាលពីប៉ុន្មានម៉ោងមុននេះឆ្លើយតបទៅ ឯកឧត្តម ថៃ នរៈសត្យា ទៀតហើយថា«សូមគោរពនិងជូនចំពោះ ឯកឧត្តម ថៃ នរៈសត្យា ដោយក្តីគោរព ក្មួយសូមជំរាបឯកឧត្តមថា ក្មួយជាក្តិបមមង់តារា វាមិនល្បី មិនលេចធ្លោរទេឯកឧត្តម តែក្មួយខំប្រឹងរស់ដោយការតស៊ូពីបាតដៃទទេជាមួយសិល្បៈ រស់នៅជាមួយព្រះសង្ឃ មិនដែលបានបំផ្លាញយកលុយម៉ែឳចាយឬបំផ្លាញក្នុងគ្រួសារឡើយ ក្មួយខំប្រឹងចង់ល្បីដោយមិនប្រើខ្សែដូចគេ ..! អ្នកខ្លះកូនប្រលងហ្វេសស៊ីឪធ្វើគណអធិបតី..! តាំងពីក្មួយចូលសិល្បៈមកក៏មិនដែលបានដើទៅណាដើម្បីបំផ្លាញសង្គម ឱ្យសង្គមស្អប់ខ្ពើម ហើយក្មួយមិនចេះជក់គ្រឿងញៀនទេ ក៏មិនបានទៅលក់គ្រឿងញឿនដែរ ឯកឧត្តមអើយ ..! ក្មួយក៏មិនបានទៅខ្ចីលុយធនារគារដើម្បីបំពេញភាពហ៊ឺហារដូចអ្នកខ្លះទេឯកឧត្តម ..! គឺក្មួយទទួលស្គាល់អ្វីដែលក្មួយមាន ក្មួយជាអ្នកក្ររស់ដោយកិត្តិយស បើគេជួលទៅសម្តែងក្មួយទៅ ទៅច្រៀងម្តងបានតែ10$ ឡើងទូរទស្សន៍ម្តងគេឱ្យតែ 20$ និងឯកឧត្តម ក្មួយខំប្រឹងរកលុយមកចិញ្ចឹមគ្រួសារ។

    ក្មួយសូមថ្លែងអំណរគុណដែលឯកឧត្តមប្រើភាសារសរសេរលើ comment Facebook ភាសាសរសេរបស់ឯកឧត្តមក្មួយមិនថាឯកឧត្តមមើលងាយក្មួយទេ តែក្មួយពិតជាមានកិត្តិយសដែលក្មួយជាមម៉ង់តារាមិនល្បី បានរដ្ឋលេខាធិការក្រសួងមក comment ចំពោះពាក្យពេជ្រដ៏មានន័យក្នុង comment នេះ!! សូមគោរពជូនពរឯកឧត្តមនិងក្រុមគ្រួសារមានសុខភាពល្អជោគជ័យសំរេចគ្រប់ភារកិច្ច ។ ដោយក្តីគោរពអំពីក្មួយៈ អ៊ឹម ជីវ៉ា»៕

  • អ្នកជំនាញ៖ កម្មវិធី​អនុគ្រោះ​ពន្ធ​ EBA នៅតែ​ចាំបាច់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ

    អ្នកជំនាញ៖ កម្មវិធី​អនុគ្រោះ​ពន្ធ​ EBA នៅតែ​ចាំបាច់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ

    សហគមន៍​អឺរ៉ុប​ជាទី​ផ្សារ​ធំ និង​សំខាន់​ជាងគេ​បំផុត​សម្រាប់​ទទួលយក​ទំនិញ​គ្រប់​ប្រភេទ លើកលែងតែ​អាវុធ(EBA)ពី​កម្ពុជា​ដែល​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​មានការ​កើន​ឡើងជា​បន្តបន្ទាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាពិសេស​បាន​ចូលរួមចំណែក​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ជិត 1លាន​នាក់ និង​ជួយ​ឱ្យ​កម្រិតជីវភាព​ពលរដ្ឋ​ខ្មែរ​មាន​ភាពល្អប្រសើរ​ឡើងជា​លំដាប់​ផងដែរ។

    ឯកឧត្តម ពេ​ជ ឫទ្ធី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កម្មវិធី​អនុគ្រោះ​ពន្ធ “អ្វីៗទាំងអស់​លើកលែង​អាវុធ (EBA)” ដែល​ផ្តល់​ដោយ​សហភាព​អឺរ៉ុប តាំងពី​ឆ្នាំ2001មក​នោះ គឺ​បានរួម​ចំណែក​អភិវឌ្ឍ​កំណើនសេដ្ឋកិច្ច និង​ធ្វើ​ពិពិធ​កម្ម​ឱកាស​ការងារ​ជូន​ប្រជាជន​ជាង 7សែន​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី​មកពី​តំបន់​ជនបទ។

    ករណីនេះ ឯកឧត្តម​បានស្នើ​ដល់​អ្នកវិនិយោគ ផលិតករ ពាណិជ្ជករ និង​អ្នក​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប​ទាំងអស់​ឱ្យខិត​ខំប្រឹងប្រែង​សិក្សា​ស្វែងយល់​ពី​ចំណេះដឹងថ្មីៗទាក់ទង​នឹង​នីតិវិធី​ចុះឈ្មោះ​តាម​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ (Registered Exporter REX) សម្រាប់​ទីផ្សារ​សហភាព​អឺរ៉ុប ដោយហេតុថា ចាប់ពី​ថ្ងៃទី1 ខែមករា ឆ្នាំ2019ទៅ អ្នក​នាំចេញ​ទាំងអស់​នឹង​តម្រូវឱ្យធ្វើ​ការចុះឈ្មោះ​ជាមួយ​ប្រព័ន្ធ​ថ្មី​នេះ​ទើប​មាន​សិទ្ធិ​នាំចេញ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប។

    ឯកឧត្តម​បញ្ជាក់ថា ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​សហភាព​អឺរ៉ុប​កាលពី​ឆ្នាំ2017 មាន​ទឹកប្រាក់​សរុប 4.343លាន​ដុល្លារ​អាមេរិក គឺ​បាន​កើនឡើង 10.22% បើ​ធៀប​នឹង​ឆ្នាំ2016 ដែលមាន​ទឹកប្រាក់​សរុប​ត្រឹមតែ 3.941លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

    លោក សន ជ័យ នាយក​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា ហៅ​កាត់​ថា អាន​សា (ANSA) បាន​មានប្រសាសន៍​គាំទ្រ​ចំពោះ​ការបើកចំហ​ទទួលយក​ទំនិញ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ (EBA) ពី​កម្ពុជា​របស់​សហគមន៍​អឺរ៉ុប។ លោក​ថា ការទទួលយក​ទំនិញ​ពី​កម្ពុជា​នេះ បាន​ចូលរួមចំណែក​សំខាន់​ក្នុង​ការជួយ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ មិនមែន​តែ​លើ​វិស័យ​កាត់ដេរ វិស័យ​មីក្រូហិរញ្ញវត្ថុ ឬ​វិស័យ​ដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ ហើយក៏​មិនមែន​ផ្តល់​ប្រយោជន៍​ផ្ទាល់​ចំពោះតែ​កម្មករ-កម្មការិនី​នោះដែរ តែ​វា​បានរួម​ចំណែក​ដោយ​ប្រយោល​ជា​ប្រព័ន្ធ ដូចជា​ជួយ​ដល់​អ្នកផ្គត់ផ្គង់​បន្ទប់​ស្នាក់នៅ ជួយ​ដល់​អ្នកលក់ដូរ​ទំនិញ​គ្រប់​ប្រភេទ​នៅលើ​ទីផ្សារ ជួយ​ដល់​អ្នក​ប្រកប​របរ​ដឹក​កម្មករ និង​ជួយ​ឱ្យ​ដីធ្លី​ឡើងថ្លៃ មានន័យថា រោងចក្រ​ទៅដល់​ទីណា​ដីធ្លី​នៅ​ទីនោះ​ឡើង​ខ្លាំង​ភ្លាម។

    ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ទៅ​ថ្ងៃ​អនាគត លោក​ស្នើ​ដល់​រដ្ឋាភិបាល​កម្ពុជា​ធ្វើយ៉ាងណា​បន្ទន់ឥរិយាបថ​ក្នុងការ​ដោះស្រាយ​ជាមួយ​គណៈកម្មការ​សហ​គម​ន៍​អឺរ៉ុប​បន្តទៀត ព្រោះថា មកទល់​ដំណាក់កាល​នេះ ការបន្ត ឬ​ព្យួរ(EBA) គឺ​ស្ថិតនៅក្នុង​កណ្តាប់ដៃ​រដ្ឋា​ភិ​បាល​កម្ពុជា ហើយ​បើ​នៅ​បន្ត មានន័យថាកម្ពុជា​នៅតែ​រីកចម្រើន​ទៅមុខ​ជា​លំដាប់ ប៉ុន្តែ​បើសិនជា​មានការ​ព្យួរ (EBA) សេដ្ឋកិច្ចកម្ពុជា​អាច​នឹងមាន​ការប្រែប្រួល។

    លោក ង៉ែត ជូ អ្នកវិភាគ​សេដ្ឋកិច្ច​មានប្រសាសន៍ថា កម្ពុជា​គួរ​រក​វិធីសាស្ត្រ​ដោះស្រាយ​ដោយ​ឈរលើ​គោលនយោបាយឈ្នះៗ ឈ្នះ​ទាំង​ពាណិជ្ជករ​អ្នក​នាំចេញ ឈ្នះ​ទាំង​ភាគី​រដ្ឋាភិបាល​ក្នុង​ទទួលបាន​ការអនុគ្រោះ​ពន្ធ​បន្ត​ពី​សហគមន៍​អឺរ៉ុប​បន្តទៅឆ្នាំក្រោយៗទៀត។ ជាមួយគ្នានេះ​លោក​ចង់ឱ្យ​រដ្ឋាភិបាល​ត្រៀមខ្លួន​មុនពេល​មានការ​ផ្តាច់(EBA) តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​បង្វែ​ទិស​ក្នុងការ​អភិវឌ្ឍ​លើ​វិស័យ​មួយចំនួនទៀត​ដែលមាន​សក្តានុពល​នៅ​កម្ពុជា ពិសេស​កែលម្អ​វិស័យ​ទេសចរណ៍ កែច្នៃ​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ចូលមក​ទស្សនា​ឱ្យ​កាន់តែ​ច្រើនឡើង ចំណែក​វិស័យ​កសិកម្ម​ក៏​ត្រូវការ​ការកែលម្អ​ជា​ចាំបាច់​ដែរ ជាពិសេស​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ​ដែល​អនុគ្រោះ​ដល់​ការធ្វើ​ដំណាំ​របស់​ប្រជាពលរដ្ឋ​បាន​ច្រើន​រដូវ ហើយ​គួរ​មានការ​ផ្លាស់ប្តូរ​ពី​ការនាំចេញ​ផលិតផល​សម្រេច​មក​ធ្វើការ​កែច្នៃ​ផលិតផល​កសិកម្ម​ទៅជា​ទំនិញ​សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុងប្រទេស ក៏ដូចជា​ក្រៅប្រទេស និង​ជាពិសេស អភិវឌ្ឍ​ធនធានមនុស្ស​ឱ្យ​កាន់តែខ្លាំង​ឡើង​ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​ឱ្យ​រីកចម្រើនបាន​ឆាប់រហ័ស។

    គួរតែ​បញ្ជាក់ដែរថា សហភាព​អឺរ៉ុប តែងតែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូ​ទៅជា​រៀងរាល់ 2ឆ្នាំ​ម្តង ដើម្បី​ពង្រឹង​តួនាទី​របស់​សភា​អឺរ៉ុប​លើ​កិច្ចការ​នយោបាយ និង​ពាណិជ្ជកម្ម ដោយ​ជំរុញ​បន្ថែម​នូវ​គោលការណ៍​គន្លឹះសំខាន់ៗសំដៅ​ធានា​និរន្តរភាព​នៃ​ការអភិវឌ្ឍ និង​អភិបាលកិច្ច​ល្អ។ ក្នុងន័យនេះ​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ (REX) ត្រូវ​បានកំណត់​នៅក្នុង​បញ្ញត្តិ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប​លេខ244/2015 ចុះ​ថ្ងៃទី24 ខែវិច្ឆិកា ឆ្នាំ2015 ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​កាត់បន្ថយ​នីតិវិធី​ស្មុគស្មាញ​សម្រាប់​ការនាំចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប៕