Category: សង្គម និងសេដ្ឋកិច្ច

  • ការបំពុល​បរិយាកាស​បាន​ក្លាយជា​គ្រោះថ្នាក់​ធំ​ទី4 សម្រាប់​ពិភពលោក

    ការបំពុល​បរិយាកាស​បាន​ក្លាយជា​គ្រោះថ្នាក់​ធំ​ទី4 សម្រាប់​ពិភពលោក

    ការបំពុល​បរិយាកាស​បាន​ក្លាយជា​គ្រោះថ្នាក់​ធំ​ទី4 លើ​ពិភពលោកដោយសារ​វា​បានសម្លាប់​មនុស្ស​អស់ជាច្រើន​នាក់​បន្ទាប់ពី​ផ្សែង​បារី សម្ពាធ​ឈាម​ខ្ពស​​់ និង​ភាពអត់ឃ្លាន។ ការបំពុល​បរិយាកាស​ត្រូវបាន​គេ​រកឃើញថា បានសម្លាប់​មនុស្ស​ប្រមាណ​ជាង6លាននាក់​ជា​រៀងរាល់ឆ្នាំ ហើយ​បញ្ហា​ទាំងអស់នេះ​ត្រូវបានគេ​រកឃើញថា បានកើត​មាននៅ​ក្នុងប្រទេសក្រីក្រ ដែល​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ពី​បញ្ហា​គុណភាព​ខ្យល់អាកាស​កាន់តែខ្លាំងឡើង។ បច្ចុប្បន្ននេះ ប្រជាជន​ជាង​ពាក់កណ្តាល​នៃ​ពិភពលោក​កំពុង​រស់នៅក្នុង​ទីក្រុង ហើយ​បើតាម​ការប៉ាន់ស្មាន នៅ​ឆ្នាំ2050មនុស្ស​រស់នៅក្នុង​ទីក្រុង​នឹង​កើន​ឡើងដល់ 2/3 នៃ​ប្រជាជន​សរុប​លើ​ពិភពលោក។ ស្របពេលដែល​ប្រជាជន​កាន់តែច្រើនឡើងៗចាក​ចេញពី​តំបន់​ជនបទ​មក​រស់នៅក្នុង​ទីក្រុង កំណើន​យានយន្តពិសេស​រថយន្ត​ដែល​កាន់​តែមាន​ចំនួនច្រើនឡើងៗ បានធ្វើឱ្យ​កើត​បញ្ហា​កកស្ទះ​ចរាចរណ៍​កើនឡើង​គ្រប់​ទីកន្លែង ហើយ​ចំពោះ​ទីតាំង​បៃតង​ជាច្រើន​ផ្សេងទៀត​នៅ​ជុំវិញ​ផ្ទះ និង​កន្លែងធ្វើការ​ត្រូវបាន​កាត់បន្ថយ ដោយសារ​ត្រូវ​ជំនួស​ដោយ​កន្លែង​ចត​ឡាន​វិញ​ម្តង។

    អ្នករស់នៅ​ទីក្រុង​នាពេល​បច្ចុប្បន្ននេះ និង​ទៅ​អនាគត​នឹងត្រូវ​ទទួលរង​នូវ​ការគំរាមកំហែង​ដល់​សុខភាព​កាន់តែខ្លាំងឡើងៗ ព្រោះ​គ្រប់​ទីកន្លែង​សុទ្ធ​តែមាន​ផ្សែង​ពុល​ចេញពី​យានយន្ត។ មិន​ថា​អ្នកជិះ​កង់​ហាត់ប្រាណ​ស្ថិតនៅតាម​សួន​កម្សាន្ត ឬ​ដើរ​ហាត់ប្រាណ​នៅតាម​សួន​សាធារណៈ​នោះទេ ផ្សែង​ពុល​បានធ្វើឱ្យ​អ្នក​ខកបំណង ព្រោះ​មនុស្ស​គ្រប់គ្នា​ចង់​ហាត់ប្រាណ​ដើម្បីឱ្យ​រាងកាយ​រឹងមាំ តែ​ស្របពេល​ជាមួយគ្នា​អ្នក​គ្រប់គ្នា​ទាំងនោះ​បែរជា​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវដង្ហើម​ទៅវិញ ព្រោះ​ពួកគេ​បាន​ស្រូបយក​ផ្សែង​ពុល​ជាច្រើន​នៅ​កន្លែង​ហាត់ប្រាណ​ទាំងនោះ។

    ស្របពេល​ជាមួយ​បញ្ហា​ប្រឈម​មួយ​នេះ វា​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា អ្នកជំនាញ​ជាច្រើន​បាន​ព្យាយាម​ទប់ស្កាត់​ផលប៉ះពាល់​ដែលនាំឱ្យ​មាន​បញ្ហា​ខ្យល់​មិន​ស្អាត​ទាំងនេះ តែ​អ្វីដែល​ពួកគេ​អាច​ចូលរួមបាន គឺ​ស្ថិតក្នុង​ចំណែក​មួយ​តិចតួច​ប៉ុណ្ណោះ ហើយ​អ្វីដែល​ចាំបាច់​ត្រូវធ្វើ​សម្រាប់​អ្នកគ្រប់គ្រង​តំបន់​នានាគឺ​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់​ប្រព័ន្ធ​សុខភាព​សាធារណៈរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​ និង​ធ្វើការ​ផ្លាស់ប្តូរ​ទម្រង់​ទីក្រុង​ឱ្យទៅជា​ពណ៌​បៃតង។

    ជា​ដំណោះស្រាយ​សម្រាប់​តំបន់​ខ្លះ គឺ​គេ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​ផលប៉ះពាល់​ដែល​មកពី​ការអភិវឌ្ឍ​ដ៏​លឿន​នៃ​ការ​រស់នៅក្នុង​ទីក្រុង​តាមរយៈ​គោលការណ៍​ធ្វើឱ្យ​ខ្យល់​ស្អាត ដោយ​បង្កើន​ពន្ធ​លើ​ការ​នាំចូល​រថយន្តចាស់ៗមក​ប្រើ​ក្នុងទីក្រុង។ ចំណែកឯ​ភាគី​វិស័យ​ឯកជន ដូចជា​ឧស្សាហកម្ម​ផលិត​រថយន្ត​ជាដើម ក៏​កំពុង​កែប្រែ​យ៉ាងគំហុក​ពី​ការផលិត​រថយន្ត​ធម្មតា​ទៅជា​រថយន្ត​ប្រភេទHybrid និង​រថយន្ត​អេឡិចត្រូនិក ដើម្បី​ជួយ​ដល់​បរិស្ថាន​តាមរយៈ​ការកាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​ផងដែរ។

    ក្រៅពី​ដំណោះស្រាយ​ទាំងអស់នេះ ការជំរុញ​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​កាត់បន្ថយ​ការប្រើប្រាស់​យានយន្ត​ផ្ទាល់ខ្លួន និង​ធ្វើដំណើរ​ដោយ​ការ​ជិះ​កង់ ជា​ដំ​ណោះស្រាយ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់​ដែល​បណ្ដាលមកពី​ការបំពុល​បរិស្ថាន​ក្នុង​ទីក្រុង។ បើទោះបីជា​យានយន្ត​ត្រូវបាន​គេ​សម្រួល​ឱ្យ​ស៊ីសាំង​តិច និង​កាត់បន្ថយ​ការ​បំ​ភាយជាតិ​កាបូន​ក៏ដោយ តែ​ប្រសិនបើ​គេ​នៅតែ​ប្រើប្រាស់​វា​ច្រើន​គ្រឿង​ក្នុងពេល​តែមួយ​ដដែល​នោះ បញ្ហា​កកស្ទះ​ចរាចរណ៍​នឹង​ធ្វើឱ្យ​ការបំពុល​នៅតែ​បន្ត​កើតមាន​យ៉ាង​រ៉ាំរ៉ៃ​ដដែល។ ប្រសិនបើ​ប្រជាជន​ចាប់ផ្តើម​ប្រើប្រាស់​សេវាសាធារណៈ​ដូចជា​ការ​ជិះ​រថយន្តក្រុង ឬ​ជិះ​កង់​ទៅធ្វើ​ការនោះ​ពួកគេ​នឹង​អាច​កាត់បន្ថយ​បញ្ហា​បាន​មួយចំណែក​ធំ។

    លើសពីនេះទៅទៀត ចរន្ត​នេះ​នឹងធ្វើ​ឱ្យមាន​ផលប្រយោជន៍​ជា​វិជ្ជមាន​ធំ​មួយទៀត​ដែល​អាច​ដោះស្រាយ​បញ្ហា​បរិស្ថាន​បាន​គឺ បង្កើន​ចំនួន​អ្នកជិះ​កង់ និង​ដើរ​ទៅធ្វើ​ការងារ។ នៅពេលដែល​យានយន្ត​ត្រូវបាន​កាត់បន្ថយ នោះ​អ្នកជិះ​កង់ និង​ដើរទៅ​ធ្វើ​ការងារ​កាន់តែ​មាន​ភាពងាយស្រួល ទន្ទឹមគ្នា​នឹង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធថ្មីៗត្រូវបាន​គេ​រៀបចំឡើង​ដើម្បី​លើកទឹកចិត្ត​ពួកគាត់។ ម្យ៉ាងវិញទៀត​តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា មនុស្ស​ដែល​ចូលចិត្ត​ដើរទៅ​ធ្វើការ​រយៈពេល 30នាទី​រាល់ថ្ងៃ ច្រើន​តែមាន​ស្ថានភាព​ផ្លូវកាយ និង​ផ្លូវ​ចិត្តល្អ​ជាង​មនុស្ស​ដែល​ចូលចិត្ត​ប្រើប្រាស់​យានជំនិះ​ជា​គ្រឿងយន្ត៕

  • វិស័យ​មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ កំពុងស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​គ្រឹះស្ថាន​អប់រំធំៗ

    វិស័យ​មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ កំពុងស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​គ្រឹះស្ថាន​អប់រំធំៗ

    វិស័យ​មនុស្សសាស្ត្រ និង​សង្គមសាស្ត្រជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការជំរុញឱ្យ​សង្គម​មួយ​អាច​អភិវឌ្ឍ​ទៅបាន​ប្រកប-ដោយ​គុណភាព សីលធម៌ និងគុណ​តម្លៃ​ខ្ពស់​ដែល​អាច​រុញច្រាន​ឱ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កាន់តែ​មាន​ល​ក្ខ​ណៈ​ល្អប្រសើរ​ឡើង។ វិស័យ​ដ៏​មាន​សារៈសំខាន់​នេះ អាច​បំបែកចេញ​ជា​មែកធាង​ជាច្រើន​ដែល​នឹង​បម្រើឱ្យ​វិស័យ​សង្គម ការធ្វើ​អាជីវកម្ម និង​ការធ្វើការងារ​លើ​គ្រប់​វិស័យ។

    ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​វិស័យ​មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ​នេះ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សាធំៗនៅ​កម្ពុជា​ចំនួន 3 ដែលមាន​ដូចជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​វិទ្យាស្ថាន​ជាតិ​អប់រំ បានរួម​គ្បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដ៏​សំខាន់​មួយ​ដើម្បី​ពង្រឹង​ដល់​ការអភិវឌ្ឍ​វិស័យ​មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ​នៅ​កម្ពុជា។

    រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា សកម្មភាព​នៃ​ការព្រមព្រៀង​គ្នា​បង្កើត​ម​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ​អន្តរគ្រឹះ​ស្ថាន​ឧ​ត្ត​មសិ​ក្សា​នេះ នឹង​ជំរុញឱ្យមាន​កិច្ចសហការ​កាន់តែ​ប្រសើរ​ឡើងលើ​ការសិក្សា​ស្រាវជ្រាវ​របស់​និស្សិត​នៅ​កម្ពុជា។ ទន្ទឹមនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា យកចិត្តទុកដាក់​ក្នុងការ​ជំរុញ​ផ្នែក​វិទ្យាសាស្ត្រ​ពិត ដោយ​ការធ្វើសកម្មភាព​ផ្សព្វផ្សាយ និង​បង្កើត​សម្ភារ​បរិក្ខារទំនើបៗដល់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​សាលា​នានា​នៅ​ទូទាំងប្រទេស​ហើយ​នោះ ក្រសួង​ក៏បាន​យកចិត្តទុកដាក់​ផងដែរ​លើ​ជំនាញ​ដែល​ទាក់ទង​នឹង​វិទ្យា​សាស្រ្តសង្គម។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន មានប្រសាសន៍ថា៖“កម្ពុជា​ក៏ត្រូវ​ការ​ផងដែរ​នូវ​អ្នកឯកទេស​ខាង​វិទ្យាសាស្ត្រ​សង្គម ដូចជា​អ្នក​អក្សរសិល្ប៍ ភាសា ទស្សន​វិទ្យា និង​ភូមិវិទ្យា ជាដើម ដែល​អាច​ផ្ដល់​សញ្ញា​វិជ្ជមាន​លើ​ការលើកកម្ពស់​អត្តសញ្ញាណ និង​វប្បធម៌​ជាតិ”។

    ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​អប់រំ បានលើកឡើង​ផងដែរ​ថា ប្រទេស​យើង​មិនទាន់មាន​អ្នកស្រាវជ្រាវ​ផ្នែក​សង្គមសាស្ត្រ​ច្រើន​នៅឡើយ ហេតុនេះ​ការលើកទឹកចិត្ត​ឱ្យ​សិស្ស-និស្សិត​សិក្សា​ផ្នែក​សង្គមសាស្ត្រ​ក៏​ជា​ចំណុច​សំខាន់​មួយ​ក្នុងការ​ពង្រឹងគុណភាព​នៃ​ចំណេះដឹង​នៅក្នុង​ប្រទេស និង​អាច​ឈានទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​ថែមទៀត។

    ការសិក្សា​ផ្នែក​សង្គមវិទ្យា ចាំបាច់​ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ ព្រោះ​ស្រប​ពេលដែល​សង្គម​ត្រូវការ​អ្នកជំនាញ​ក្នុង​ការធ្វើ​នវានុវត្តន៍ និង​ការបម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម ប្រទេសនីមួយៗចាំបាច់​ផងដែរ​នូវ​អ្នកជំនាញ​ដែលមាន​ការយល់ដឹង​ខ្ពស់​ពី​អត្តសញ្ញាណ​របស់​ជាតិ រួមទាំង​អ្នកជំនាញ​ដែល​អាចជា​ជំនួយ​យ៉ាងសំខាន់​ដល់​អ្នកវិទ្យាសាស្ត្រ។

    អ្នក​សង្គមសាស្ត្រ​អាចជា​អ្នក​កត់ត្រា​នូវ​ក្បួនខ្នាត​ដ៏​សំខាន់​សម្រាប់​ដំណើរ​វិវឌ្ឍន៍​របស់​ស​ង្គ​មអ្នកសិក្សា ឬ​វិភាគ​ពី​ទីតាំង​ភូមិសាស្ត្រ កត្តា​ប្រជាសាស្ត្រ សិក្សា​ទីផ្សារ និង​តម្រូវការ​របស់​ប្រជាជន រួមទាំង​ជា​អ្នក​ដែល​អាចធ្វើ​ការងារ​ទាំង​ឡាយ​ណា​ដែល​ម៉ាស៊ីន​ភាគច្រើន​មិនអាច​ធ្វើបាន។ នៅពេល​សង្គម​មួយ​សម្បូរ​ទៅដោយ​អ្នក​សង្គមសាស្ត្រ នោះ​អ្នកវិទ្យាសាស្ត្រ​នឹងមាន​ភាពងាយស្រួល​ខ្លាំង​ក្នុង​ការស្វែងរក​អ្នក​ប្រឹក្សា​យោបល់​ដើម្បី​បង្កើត​ផលិតផល​ឱ្យ​ត្រូវ​នឹង​តម្រូវការ​ជាក់ស្តែង និង​ស្ថានភាព​ទូទៅ​របស់​ប្រជាជន​នៅ​គ្រប់​ទីកន្លែង៕

  • ចុងឆ្នាំ2019 កម្ពុជា​នឹង​ទទួលបាន​តំណក់​ប្រេង​ដំបូង ខណៈ​ផលិតកម្ម​ប្រេង​នឹង​ចាប់ផ្តើម

    ចុងឆ្នាំ2019 កម្ពុជា​នឹង​ទទួលបាន​តំណក់​ប្រេង​ដំបូង ខណៈ​ផលិតកម្ម​ប្រេង​នឹង​ចាប់ផ្តើម

    មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​អះអាងថា កម្ពុជា​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការផលិត​ប្រេង​នៅ​ដើមឆ្នាំ2020 ខណៈពេលដែល​ការនាំចេញ​ប្រេង​ក៏​អាច​នឹង​ត្រូវបាន​ធ្វើឡើង​ផងដែរ​នាពេល​អនាគត។ ស្របពេលដែល​ប្រេង​ឆៅ​ត្រូវបាន​ចាក់​បញ្ចូល​ទៅក្នុង​រោងចក្រ​ចម្រាញ់​ប្រេង ជំហាន​បន្ទាប់​គឺជា​ការលក់​ប្រេង​នៅលើ​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ​ក៏​ជា​ជម្រើស​មួយ​ដែរ​សម្រាប់​កម្ពុជា។

    លោក ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងឥន្ធនៈ​នៃ​ក្រសួង​រ៉ែ និង​ថាមពល​បាន​មានប្រសាសន៍ថា៖ “នៅ​ចុងឆ្នាំ2019ខាងមុខនេះ កម្ពុជា​នឹង​ទទួលបាន​តំណក់​ប្រេង​ជា​លើកដំបូង រួចហើយ​នឹង​ដំណើរ​ការផលិត​ក្នុង​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ2020ផងដែរ ដោយ​ជា​មធ្យម ក្នុង 1ថ្ងៃ យើង​អាច​ផលិត​បាន​ប្រមាណ 7ពាន់​បារ៉ែល”។

    លោក​បន្តថា បច្ចុប្បន្ន ក្រោយ​ទទួលបាន​លិខិតអនុញ្ញាត​ផលិតកម្ម​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ក្រុមហ៊ុន Kris Energy កំពុង​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​មួយចំនួន​ដូចជា ក្រុមហ៊ុន​ខួងអណ្ដូង​ប្រេង​សម្រាប់ធ្វើ​ផលិតកម្ម កប៉ាល់​ផលិតកម្ម(បាន​ចុះ​កុងត្រា​រួចហើយ​កាលពី 1ខែ​មុន) ក្រុមហ៊ុន​ផ្ដល់​នាវា​បណ្ដែត​ផ្ទុក និង​ផ្ទេរ​ប្រេង ជាដើម។

    អគ្គនាយក​ប្រេងឥន្ធនៈ​រូបនេះ​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា៖ “បើតាម​ផែនការ​ដែល​យើង​បាន​ប្រជុំ​ក្រុមការងារ​អន្តរក្រសួង​របស់​រាជ​រដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន Kris Energy គឺ​នៅ​ចុងឆ្នាំ2019ហ្នឹងគាត់​នឹង​អាច​ផលិត​តំណក់​ប្រេង​ដំបូង​បាន​ហើយអាហ្នឹង​ផលិត​ដំបូង​អ៊ីចឹង​វាតិចៗសិន​ទេ ដល់ពេល​ជា​លក្ខណៈ​ពាណិជ្ជកម្ម​តែម្ដង គឺអាច​នៅក្នុង​ឆ្នាំ2020”។

    ពាក់ព័ន្ធ​នឹង​ការនាំចេញ​វិញ លោក ជៀប សួរ បាន​គូសបញ្ជាក់ថា កំពុងស្ថិត​ក្នុងការ​ពិភាក្សា​គ្នា​នៅឡើយ​ទេ ព្រោះ​ប្រេង​ដែល​បូម​បាន គឺជា​ប្រេង​ឆៅហើយ​បើសិន​រោងចក្រ​ចម្រាញ់​ប្រេង​ត្រូវបាន​សាងសង់​រួចរាល់ ហើយ​អ្នក​ផលិត និង​អ្នក​ចម្រាញ់​ឯកភាពគ្នា​ហើយ គឺ​យើង​អាច​នាំ​ប្រេង​មក​ចម្រាញ់​នៅ​រោងចក្រ​ក្នុងស្រុក​បាន។ លោកបាន​បន្តថា “បើ​ចម្រាញ់​រួចហើយ ក្រុមហ៊ុន​អាច​លក់​នៅក្នុង​ស្រុក​បាន ក្រុមហ៊ុន​នឹង​លក់ ហើយ​សល់​ប៉ុន្មាន គឺ​នាំ​ចេញទៅ​ក្រៅប្រទេស”។

    លោកបាន​បញ្ជាក់ថា៖ “ឥឡូវនេះ​ក្រុមហ៊ុន​កំពុងធ្វើការ​ជ្រើសរើស​ក្រុមហ៊ុន​ផ្តល់​នាវា​ធ្វើ​លទ្ធកម្ម ហើយ​គាត់​កំពុង​ជួសជុល​កប៉ាល់​ដើម្បី​ត្រៀម​មក​ធ្វើការ​នៅក្នុង​តំបន់​ប្លុក​Aនេះ”។ លោក​បន្តថា៖“ការងារ​ទាំងអស់​ដែល​យើង​បាន​ឯកភាពគ្នា គឺ​ក្រុមហ៊ុន​កំពុងតែ​អនុវត្ត ហើយ​យើង​មានការ​ប្រជុំ​បូកសរុប​ជាមួយ​ក្រុមហ៊ុន​រយៈពេល 6ខែម្តង។ អុីចឹង​បានជា​យើង​អះអាងថា ផែនការ​នេះ គឺ​នៅ​ចុងឆ្នាំ2019 យើង​នឹង​ទទួលបាន​ដំណក់​ប្រេង”។

    ប្រេង​នឹង​ត្រូវបាន​បូមឡើង​ពី​អណ្តូងប្រេង​អប្សរា​ដែលមាន​ទីតាំង​ស្ថិតនៅ​ប្លុក A នៃ​អាង​ប្រេង​របស់​ខ្មែរ និង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​តំបន់​ផលិត​ប្រេង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា។ គម្រោង​នេះ​អាច​ត្រូវបាន​ចាត់ទុកថា ជា​គម្រោង​វិស្វកម្ម​ដ៏​ធំ​បំផុត​មួយ​ដែល​ធ្លាប់ធ្វើ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​ដែល​ពឹង​ផ្អែកលើ​ប្រេង​ដែល​បាន​នាំចូល​មកពី​បរទេស​ដើម្បី​បំពេញ​តាម​តម្រូវការ​ថាមពល។

    យោងតាម​របាយការណ៍ និង​ផែនការ​របស់​ក្រុមហ៊ុន​រហូតមកដល់​ពេលនេះ គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ទទួលបាន​ជោគជ័យ។ ក្រុមហ៊ុន Kris Energy បាន​ក្លាយជា​ដៃគូ​នៅក្នុង​អាជ្ញាប័ណ្ណ​ប្លុក​នេះ​ចាប់តាំងពី​ឆ្នាំ2010 ហើយ​នៅក្នុង​ឆ្នាំ2014 ក្រុមហ៊ុន​នេះ​បាន​ក្លាយជា​អ្នក​ប្រតិបត្តិការ​នៅក្នុង​តំបន់​នេះ។

    នៅ​ខែសីហា ឆ្នាំ2017 ក្រុមហ៊ុន Kris Energy និង​រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដំបូង​ដើម្បី​ចាប់ផ្តើម​អភិវឌ្ឍ​តំបន់​អប្សរា​ក្រោម​កិច្ចសន្យា95% និង5% សម្រាប់​ភាគហ៊ុន គឺ​ក្រុមហ៊ុន Kris Energy ទទួលបាន95% ឯ​រដ្ឋាភិបាល​ទទួលបាន5%។

    យោងតាម​ក្រសួង​រ៉ែ និង​ថាមពល ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​នៅក្នុង​វិស័យ​ឧស្សាហកម្ម រួមទាំង​គម្រោង​មួយចំនួន​ដែល​រំពឹងថា​នឹងត្រូវ​អនុម័ត​នៅមុន​ដំណាច់​ឆ្នាំនេះ បច្ចុប្បន្ន​ស្មើនឹង 1.3ពាន់​លាន​ដុល្លារ​ដែល​ធ្វើឱ្យ​វិស័យនេះ​ក្លាយជា​ផ្នែក​មួយ​នៃ​ការជំរុញ​កំណើនសេដ្ឋកិច្ច​ដ៏​សំខាន់បំផុត​នៅ​ក្នុងប្រទេសកម្ពុជា។

    យោងតាម​នាយកដ្ឋាន​ប្រេងកាត​នៃ​ក្រសួង​រ៉ែ និង​ថាមពល កម្ពុជា​បាន​នាំចូល​ប្រេង​គ្រប់​ប្រភេទ​មកពី​បរទេស​ដែលមាន​ប្រមាណ​ជា 2លាន​តោន​ក្នុង1ឆ្នាំ។ កម្ពុ​ជាមាន​ធនធាន​ប្រេងកាត​នៅ​ដែន​គោក​ប្រមាណ 19ប្លុក ក្នុង​ដែនសមុទ្រ 6ប្លុក(A-F) និង​តំបន់​ត្រួតគ្នា​រវាង​កម្ពុជា-ថៃ 4តំបន់ ។

    ក្រុមហ៊ុន Kris Energy គឺជា​ប្រតិបត្តិ​ករ​នៅក្នុង​ប្លុក A របស់​កម្ពុជា​ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី​ទំហំ 3,083គីឡូម៉ែត្រ​ការ៉េ​នៃ​អាង​សមុទ្រ​ខ្មែរ ក្នុង​ជម្រៅ​ទឹក​ចន្លោះ​ពី50 ទៅ80ម៉ែត្រ។ ដំណាក់កាល 1A នៃ​ការអភិវឌ្ឍ​អណ្ដូងប្រេង​អប្សរា រួមមាន​ផ្លាត​ហ្វ៉​ម​ក្បាល​អណ្តូង​ផលិតកម្ម ដែល​បញ្ជា​ពី​ចម្ងាយ​មួយ ទ្រទ្រង់​ដល់​អណ្តូង​បូម​ប្រេង​ចំនួន24 ដែល​បញ្ជូន​សន្ទនីយ​ទៅកាន់​នាវា​ផលិតកម្ម​មួយ។ ប្រេង​ឆៅ​ដែល​ផលិត​បាន​នឹងត្រូវ​បញ្ជូន​តាម​បំពង់​បង្ហូរ​ប្រេង​ប្រវែង 1.5គីឡូម៉ែត្រ​ទៅកាន់​នាវា​បណ្តែត ផ្ទុក និង​ផ្ទេរ​ប្រេង​អចិន្ត្រៃយ៍​មួយ។

    ក្រុមហ៊ុន​បានប្រកាសថា៖ “ខ្លួន​នឹង​អាច​ទាញយក​ដំណក់​ប្រេង​បាន 3ម៉ឺន​បារ៉ែល​ក្នុង1ថ្ងៃ និង​មាន​បំពាក់​នូវ​ឋ​បន​ភ័​ណ្ឌ​ដែល​អាច​ញែក​ឧស្ម័ន ប្រេង និង​ទឹក​នៅ​ចុងឆ្នាំ2019ខាងមុខនេះ​នៅ​ដែនសមុទ្រ​របស់​កម្ពុជា”។

    នៅពេល​កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​ប្រេងកម្ពុជា​រំពឹងថា​នឹង​ទទួលបាន​អត្ថប្រយោជន៍​យ៉ាងច្រើន​តាមរយៈ​ចំណូល​សារពើពន្ធ មាន​សន្ដិសុខ​ថាមពល កំណើន​ឧស្សាហកម្ម​ពាក់ព័ន្ធ ជំរុញ​កំណើនសេដ្ឋកិច្ច ដែល​ក្នុងនោះ​នឹង​ទាក់ទាញ​វិនិយោគិន​ក្នុង និង​ក្រៅ​ស្រុក បង្កើន​ផលិតផល​ក្នុងស្រុក​សរុប បង្កើន​ការងារ ចំណេះដឹង និង​បង្កើន​ចំណូល​ដល់​ប្រជាពលរដ្ឋ​ទៀតផង៕

  • ញាក់សាច់!! យាយគ្រវីសក់ បង្ហាញក្បាច់គ្រីបទថ្មីរបស់ រ៉ាប៊ី « រហែកតែខោ »

    ញាក់សាច់!! យាយគ្រវីសក់ បង្ហាញក្បាច់គ្រីបទថ្មីរបស់ រ៉ាប៊ី « រហែកតែខោ »

    ក្រោយពីទទួលបាន ភាពជោគជ័យហួសការរំពឹងទុករបស់បទ «មាន់ស្រែ» នៅពេលនេះ កញ្ញា រ៉ាប៊ី បានបញ្ចេញបទចម្រៀងថ្មី របស់ខ្លួនមួយបទទៀតហើយ កាលពីម្សិលមិញនេះ មានចំណងជើងថា «រហែកតែខោ» ដែលមានសាច់ភ្លេងកន្ត្រាក់អារម្មណ៍ មិនចាញ់បទ «មាន់ស្រែ» ប៉ុន្មាននោះទេ។

    ដោយសារតែភ្លេងថ្មីកន្ដ្រាក់អារម្មណ៍រហូតដល់ថ្នាក់ទប់ជើងមិនជាប់ ថ្មីៗនេះស្រាប់យាយគ្រវីសក់ បានបង្ហាញក្បាច់រាំគ្រវីមិនឈប់នូវបទ « រហែកតែខោ » របស់កញ្ញា រ៉ាប៊ី​ នេះទុកជាចំណងដៃ និងផ្ញើក្ដីនឹករឭកដល់អ្នកគាំទ្រកម្ពុជា នាឱកាសឆ្លងឆ្នាំថ្មី ឆ្នាំសកល 2019 ។

    គ្រាន់តែបង្ហាញក្បាច់គ្រវីថ្មី ទើបតែបង្ហោះក្តៅៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក គេឃើញថា ទទួលការចាប់អារម្មណ៍ ពីសំណាក់មហាជនភ្លាមតែម្ដង។ ចង់ដឹងថា ទាក់ភ្នែកបែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

  • ម៉េង ប៊ុនឡូ បង្ហាញស្នាដៃថ្មីតាមរយៈដឹកនាំសម្ដែងភាពយន្ដបែបរន្ធត់រឿង «ចិញ្ចៀន»

    ម៉េង ប៊ុនឡូ បង្ហាញស្នាដៃថ្មីតាមរយៈដឹកនាំសម្ដែងភាពយន្ដបែបរន្ធត់រឿង «ចិញ្ចៀន»

    បើកទំព័រសករាជថ្មី2019 លោក ម៉េង​ ប៊ុនឡូ បានបង្ហាញស្នាដៃដឹកនាំសម្ដែងភាពយន្ដខ្នាតធំរបស់ខ្លួនគឺរឿង «ចិញ្ចៀន» ដែលរំពឹងថា ពិតជាប្លែកនិងមានតួលេខទស្សនិកជន ដែលចង់ទិញសំបុត្រទស្សនា ក៏កាន់តែកើនឡើងជាលំដាប់។

    រឿងនេះជាកំប្លែង និងភ័យរន្ធត់គឺរឿង “ចិញ្ចៀន” ដែលដឹកនាំផលិតដោយលោក ម៉េង ប៊ុនឡូ ពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជននៅមុនពេលថ្ងៃចាក់បញ្ចាំង ក៏ព្រោះតែឈុតឆាកខ្លី(Trailer) នៃភាពយន្តនេះបានបង្ហាញពីឈុតឆាកភ័យរន្ធត់ និងតំបន់ព្រៃភ្នំទឹកជ្រោះដ៏ស្រស់ស្អាតនៅប្រទេសកម្ពុជា។

    ភាពយន្តនេះ កំពុងទាក់ទាញអ្នកគាំទ្រខ្លាំង នេះបើតាមការបញ្ជាក់របស់ផលិតករ លោក ម៉េង ប៊ុនឡូ។ លោក បានអះអាងថា ភាពយន្តរឿង «ចិញ្ចៀន» គឺជាស្នាដៃមួយ ដែលលោករំពឹងយ៉ាងខ្លាំង ព្រោះជាភាពយន្តមួយរឿងនឹងបង្កប់ដោយរសជាតិច្រើន ដោយឆ្លុះបញ្ចាំងពីជីវិតរបស់កុលសម្ព័ន្ធមួយក្រុមនៅក្នុងប្រទេសកម្ពុជា និងជំនឿរបស់ជនជាតិភាគតិច ដោយមានបញ្ចូលនូវការអប់រំជាច្រើនផងដែរ ក្រៅពីឈុតឆាកកាចសាហាវស្នេហាជូរចត់ និងកំប្លែង៕

  • អ៊ឹម ជីវ៉ា ឆ្លើយតបនាយកដ្ឋានភាពយន្ដ ៖ «ចាស់ៗសម័យនេះលេងសោះឆាប់ខឹងណាស់»

    អ៊ឹម ជីវ៉ា ឆ្លើយតបនាយកដ្ឋានភាពយន្ដ ៖ «ចាស់ៗសម័យនេះលេងសោះឆាប់ខឹងណាស់»

    នៅពេលថ្មីៗនេះ លោកពូ ស៊ិន ច័ន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត បានបង្ហោះរូបភាពគំនរសំរាម និងសរសេរសារចង់ឱ្យតារាសម្ដែង អ៊ឹម ជីវា បំផុសវីដេអូ Troll អំពីសំរាម នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

    សាររបស់លោក ស៊ិន ច័ន្ទសាយ៉ា និយាយថា ៖ « បោស កើបៗមិនឈ្នះសោះ អ្នករើសអេតចាយចេះតែហែកពង្រាយ។ជិតមួយអាទិត្យហើយ មិនឃើញឡានមកយក។ មើលលោកក្មួយប្រុស ស្រី ដែលពូកែ Troll troll បន្តិចមើលរឿងសំរាម។ មានឡានល្អ ស្លៀកពាក់ហ៊ឺហារ ឡូយៗឡើងឆាក សម្ដីក៏បាន តែទ្រាំស្ថិតក្នុងបរិស្ថានស្អុយ ។ មើលtroll នាំគ្នាបង្កើតទិវាអនាម័យ ចាប់អំបោស កើបសម្អាតមើលលោកព្រះ។ ពិសេសលោកក្មួយ អ៊ឹម ជីវា បែបពូកែ troll បំផុសបានមើលទៅ។ សង្ឃឹមលើក្មួយហើយរឿងនេះ។អរគុណ!»។

    ក្រោយឃើញការបង្ហោះសារបស់ប្រធាននាយកដ្ឋានភាពយន្តបែបនេះហើយ តារាសម្ដែង អ៊ឹម ជីវ៉ា ឆ្លើយតបភ្លាមៗតែថា៖ «សូមជួយ Share លោកពូមួយផង ក្មួយយល់ន័យបង្កប់ដែលលោកពូនិយាយមកកាន់ក្មួយហើយ អរគុណលោកពូប្រធាននាយកដ្ឋានភាពយន្ត !! ក្មួយនិងជូនតាមសំណូមពរលោកពូស្អែកចេញវិដេអូហើយ តែសូមលោកពូកុំខឹងដូចលោកពូម្នាក់នោះណា គេគ្រាន់តែត្រូលសោះ ខឹងគេ100 អង្សារសេហើយ ចុះទម្រាំគេជះស្រាបៀដាក់មែនទែនមិនដឹងខឹងគេរឿងក្លាយជាធំបែបណាទេ។ ចាស់ៗសម័យនេះលេងសោះឆាប់ខឹងណាស់ ទស្សនិកជនខ្ញុំនិងថតវីដេអូត្រូលតាមសំណូមពរលោកពូ ហើយលោកពូជួយshare ផង ណាលោកពូ ស៊ិន ច័ន្ទសាយ៉ា ។ ដោយក្តីគោរពអំពីក្មួយ​ អ៊ឹម ជីវ៉ា»។

    សូមជម្រាបរំឭកថា អ៊ឹម ជីវ៉ា បានធ្វើវីដេអូបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ដែងឱ្យឃើញពីទង្វើជះស្រាបៀចំមន្ដ្រី ដែលអ្នកលេងបណ្ដាញសង្គមគេបានគិតថា វីដេអូនោះ ហាក់បីដូចជាសំដៅទៅលើ ឯកឧត្តម ថៃ នរៈសត្យា ខណៈដែលលោកបាននិយាយថា រឿងជះស្រាបៀ គឺជាអង្គហេតុតូចមួយតែប៉ុណ្ណោះ៕

  • ខាត់ វៃហាំង លើកពានតារាសម្តែងឆ្នើមប្រចាំឆ្នាំ 2018

    ខាត់ វៃហាំង លើកពានតារាសម្តែងឆ្នើមប្រចាំឆ្នាំ 2018

    សូមជម្រាបជូនថាភាពយន្តរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»ដែលជារឿងរបស់ផលិតកម្មមហាហង្ស សហការជាមួយផលិតកម្ម មកពីប្រទេសថៃ និងមានការសម្តែងរួមគ្នារវាង តារាសម្តែងបីប្រទេសគឺកម្ពុជា ថៃ និងឡាវ។ ហើយតួឯកប្រុសកម្ពុជា ក្នុងរឿងនេះទទួលបានសំឡេងសា ជាច្រើនលើសអស់តារាប្រុសស្រីជាច្រើនរូប នោះគឺ លោក ខាត់ វៃហាំង ទទួលបានពានរង្វាន់ជាតារាសម្តែងឆ្នើមប្រចាំឆ្នាំ 2018 នៅក្នុងព្រឹត្តិការណ៍ភាពយន្ត ប្រចាំឆ្នាំលើកទីបី។

    លោក អ៊ិន សុភិន បានបង្ហាញស្នាមញញឹមបិតមាត់មិនជិត និយាយថា លោករំភើបនិងសប្បាយចិត្តមែនទែន ដែលរឿងរបស់ផលិតកម្មមហាហង្ស ហើយតារាសម្តែង លោក វ៉ៃហាំង បានទទួលពានរង្វាន់តារាឆ្នើមប្រចាំឆ្នាំនេះ ហើយជឿជាក់ថាការជូនពានឆ្នាំនេះ គឺជាកំលាំងចិត្តឱ្យផលិតកម្មខំប្រឹង ផលិតរឿងល្អៗក្រោយទៀត ឱ្យកាន់តែល្អនិងទទួល បានការចាប់អារម្មណ៍ និងគាំទ្រដូចរឿងនេះអីចឹង។

    លោក ខាត់ វៃហាំង ដែលជាសាម៊ីខ្លួន ដែលទទួលបានពានតារាសម្តែងឆ្នើមប្រចាំឆ្នាំ បានប្រាប់ឱ្យដឹងថា ការខិតខំប្រឹងប្រែង អស់ពីលទ្ធភាពកន្លងមក គឺពិតជាធ្វើឱ្យលោកទទួលបានជោគជ័យ និងកិត្តិយសនៅពេលនេះ ហើយក៏បានកើតឡើងពីការចូលរួមជួយជំរុញបង្ហាត់បង្ហាញរបស់ផលិតករ សិល្បករជើងចាស់ និងពីអ្នកគាំទ្រ។ តារារូបនេះថ្លែងដោយភាពរំភើបថាជាមោទនភាពសម្រាប់ការងារជាអាជីពសម្តែង។ លោកពិតជាអរគុណសម្រាប់អ្នកគាំទ្រដែលបានចូលរួមបោះឆ្នោតរហូតលោកមានឱកាសកាន់ពានមួយនេះបាន៕

  • ផ្សិត​អំបោះ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ តែ​ពុំ​សូវ​មាន​កសិករ​ដាំ

    ផ្សិត​អំបោះ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ តែ​ពុំ​សូវ​មាន​កសិករ​ដាំ

    ផ្សិត​អំបោះ​ជា​ប្រភេទ​រុក្ខជាតិ​បន្លែ​ម្យ៉ាង​ដែល​គេ​អាច​យកទៅ​ច្នៃ​ធ្វើជា​ម្ហូបម្ហា​បាន​ច្រើន​មុខ ដូចជា​ឆា​សាច់មាន់ ឆា​សាច់ជ្រូក សាច់គោ ឬ​ស្ងោ​ជ្រក់​ជាមួយ​សាច់មាន់ ជាដើម ជាពិសេស​អាច​យកទៅដាក់​លាយ​ជាមួយ​បបរគ្រឿង ឬ​យក​ធ្វើ​ម្ហូបផ្សេងៗទៀត​សម្រាប់​កម្មវិធី​បុណ្យទាន ឬ​ពិធីមង្គលការ​ជាដើម ទើប​ជាហេតុ​ធ្វើឱ្យ​ផ្សិត​ប្រភេទ​នេះ​មាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ តែ​វា​បែរជា​ពុំ​សូវ​មាន​កសិករ​ដាំ​ច្រើន​ឡើយ​នៅក្នុង​ប្រទេស​កម្ពុជា។

    យុវជន ម៉េង សុភ័ក្ត្រ ដែលជា​និស្សិត​កំពុង​សរសេរ​សារ​ណា​ត្រៀម​ឡើង​ការពារ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​បានឱ្យដឹងថា មុននឹង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ខ្លួនគេ និង​យុវជន​ជាច្រើន​នាក់​ទៀត​បាន​សាកល្បង​បណ្តុះ​ផ្សិត​អំបោះ​នេះ​ឡើង​ដើម្បី​ទុកជា​បទពិសោធ សម្រាប់​បង្កើត​កសិដ្ឋាន​ផ្ទាល់ខ្លួន​នៅ​ស្រុកកំណើត​ក្នុង​គោលបំណង​ចែកចាយ​លក់​នៅលើ​ទីផ្សារ​ឱ្យបាន​ទូលំទូលាយ​ទូទាំងប្រទេស​កម្ពុជា​នាពេល​ខាងមុខ។ ក្រោយពី​បាន​សាកល្បង​ធ្វើការ​បណ្តុះ​ផ្សិត​អំបោះ​រួមគ្នា​មួយរយៈ​នៅក្នុង​សាកលវិទ្យាល័យ​ផ្ទាល់​តាម-រយៈ​ការសិក្សា​កន្លងមក ពួកគេ​បានទទួល​ជោគជ័យ100% ដោយ​អាច​ប្រមូល​ផល​ផ្សិត​លក់​នៅលើ​ទីផ្សារបាន​ចំនួន 4-5គីឡូក្រាម​ជា​រៀងរាល់ថ្ងៃ​ក្នុងចំណោម​ដំណាំ​ផ្សិត​ចំនួន 2,000កញ្ចប់ ហើយ​ក្នុង​មួយ​គីឡូក្រាម​អាច​លក់​បោះ​ដុំ​បាន​ក្នុងតម្លៃ 5,000រៀល​ទៀតផង ចំណែក​ម៉ូយ​យកទៅ​លក់រាយ​បន្ត​មានតម្លៃ​ចន្លោះ​ពី7,000 ទៅ8,000រៀល។

    យុវជន​ខាងលើ​បន្តថា ក្រោយពី​ទទួលបាន​បទពិសោធ​ជោគជ័យ​ក្នុងការ​បណ្តុះ​ផ្សិត​អំបោះ​រួចមក ប្អូនប្រុស​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​ដែល​ស្ថិតនៅ​ក្នុងភូមិ​លេខ6 ឃុំ​ព្រែក​តាន​ង់ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ដើម្បី​រៀបចំ​កសិដ្ឋាន​តូច​មួយ​នៅផ្ទះ​របស់ខ្លួន សាកល្បង​ដាំ​ដុះ​ផ្ទាល់ខ្លួន​ចំនួន​តែ1,000កញ្ចប់​សាជាថ្មី​ម្តងទៀត ហើយក៏​ទទួលបាន​ជោគជ័យ​ដូច​ការគ្រោងទុក​ដែរ ដោយ​ប្អូន​អាច​ប្រមូល​ផល​បាន​ប្រមាណ​ជា 1-2គីឡូក្រាម​ជា​រៀងរាល់ថ្ងៃ​ដើម្បីឱ្យ​ប្រជាជន​នៅ​ទី​នោះបាន​សាកល្បង​ធ្វើជា​ម្ហូបអាហារ​ពិសា និង​លក់​ទៅឱ្យ​ម៉ូយ​នៅ​ផ្សារ​ដែល​ត្រូវបាន​ពួកគាត់​សរសើរ​ថា ផ្សិត​អំបោះ​ពិត​ជាមាន​រសជាតិ​ឆ្ងាញ់​មែន។

    ពីដំបូង កុំថាឡើយ​ដាំ​ដុះ​ផ្សិត​ប្រភេទ​នេះ ប្រជាជន​នៅក្នុង​ភូមិ​ខាងលើ​មិន​ទាំង​ស្គាល់​អ្វី​ទៅ​ដែល​ហៅថា​ផ្សិត​អំបោះ​នេះ​ផង តែ​ក្រោយពី​បាន​ភ្លក្ស​រសជាតិ​ម្តង​ហើយ ពួកគាត់​តែង​មករក​ទិញ​ម្តងទៀតដែល​កត្តា​នេះ​បានធ្វើឱ្យ​ប្អូន សុភ័ក្ត្រ​គិតថា ងាយស្រួលរក​ទីផ្សារ និង​មិនចាំបាច់​ដឹក​ជ​ញ្ចូ​ន​ទៅ​លក់​ទី​ឆ្ងាយ​ឡើយ គឺ​លក់​នៅក្បែរ​ផ្ទះ​ក៏មាន​អ្នក​មក​ទិញ​ដែរ។

    ប្អូនប្រុស​បន្តថា ដោយសារតែ​រវល់​សរ​សេរ​សារណា​បញ្ចប់​ការសិក្សារ បច្ចុប្បន្ន​ប្អូន​បានសម្រេច​ចិត្ត​ផ្អាក​ការដាំដុះ​ផ្សិត​មួយរយៈ​សិន រង់ចាំ​ការប្រឡង​ចប់​ជា​ស្ថាពរ ទើប​វិលត្រឡប់​ទៅ​ស្រុកកំណើត​ម្តងទៀត ដើម្បី​ពង្រីក​កសិដ្ឋាន​ឱ្យបាន​កាន់តែ​ធំ​ឡើង​ដោយ​គ្រោង​ដាំ​ដុះ​ដល់​ទៅ 10,000ថង់​ដើម្បី​ប្រមូល​ផល​ឱ្យបាន​ប្រមាណ​ពី20 ទៅ30គីឡូក្រាម​ជា​រៀងរាល់ថ្ងៃ ដែល​នឹង​អាចធ្វើឱ្យ​ជីវភាព​គ្រួសារ​បានល្អ​ប្រសើរឡើង ពោលគឺ​ប្រសើរ​ជាង​រក​ការងារ​ធ្វើ​ដែល​បាន​ប្រាក់ចំណូល​ប្រចាំខែ​សឹង​មិន​គ្រប់​ចំណាយ​ប្រចាំថ្ងៃ​ទៅវិញ​ផង​នោះ។

    និស្សិត ម៉េង សុភ័ក្ត្រ បាន​រៀបរាប់ថា ផ្សិត​អំបោះ​ដុះ​លូតលាស់​នៅក្នុង​បរិស្ថាន​ធម្មជាតិ​សើមមិន​ស្ងួត​ក្រៀម និង​ប្រើ​រុក្ខជាតិ​ពុកផុយ​ដែលមាន​សំណើម​ពី60 ទៅ70ភាគរយ និង​សីតុណ្ហភាព​ពី25ទៅ28អង្សា​C។ វា​ជា​ដំណាំ​ម្យ៉ាង​ដែល​ត្រូវការ​សំណើម និង​ភាព​ត្រជាក់​គ្រប់ពេលវេលា ហើយ​មិនសូវ​ចូលចិត្ត​ឱ្យគេ​រំខាន​ឡើយ​ក្នុងពេល​កំពុង​លូតលាស់។ ផ្សិត​អំបោះ គឺជា​ប្រភេទ​ផ្សិត​ដែល​ងាយស្រួល​បណ្តុះ ការចំណាយ​ថវិកា​ក៏​តិច ប្រើ​កម្លាំង​ពលកម្ម​ក៏​តិច វត្ថុធាតុដើម​ដែល​យកមកប្រើ​ប្រាស់​ក៏​ជា​កាកសំណល់​ដែល​ងាយស្រួលរ​កមក​បណ្តុះ ដែលមាន​ដូចជា​អាចម៍រណា ស្នូល​គ កន្ទក់​ស្រូវ ម្សៅ​អង្ករដំណើប ជី​អ៊ុយ​រេ និង​កំបោរ​ស ប៉ុន្តែ​វា​ទាមទារ​ឱ្យ​អ្នក​ដាំ​ដុះ​ត្រូវមាន​ភាព​អំណត់​អត់ធន់​ព្យាយាម ជាពិសេស​បំផុត​ផ្តោតលើ​ការអនុវត្ត​តាម​លក្ខណៈ​បច្ចេកទេស និង​អនាម័យ​ឱ្យបាន​ស្អាត​ជានិច្ច។

    ប្អូន ម៉េង សុភ័ក្ត្រ ក៏បាន​ប្រាប់​ពី​រូបមន្ត​ធាតុ​ផ្សំ​ផងដែរ ដែល​រួមមាន​អាចម៍រណា​ចំនួន 100គីឡូ-ក្រាម មេ​ផ្សិត​អំបោះ​ចំនួន​ពី3 ទៅ3.5ដប កន្ទក់​ម៉ដ្ឋ10គីឡូក្រាម ម្សៅ​អង្ករដំណើប 1គីឡូក្រាម កំបោរ​ស0.5គីឡូក្រាម(កន្លះ​គីឡូ) ជីអ៊ុយរ៉េ​ទម្ងន់ 0.3គីឡូក្រាម(3ខាំ)។ បន្ទាប់ពី​រក​វត្ថុ​ធាតុ​ផ្សំ​ទាំងនេះ​បានមក​ហើយ គេ​ត្រូវ​រែង​អាចម៍រណា​ដើម្បី​យក​សម្បក និង​ចំណាំងឈើ​ចេញ ហើយ​ត្រូវ​លាយ​វត្ថុធាតុដើម​ទាំងនោះ​ទៅតាម​រូបមន្ត​ខាងលើ​ឱ្យបាន​ច្បាស់លាស់ ហើយ​ដាក់​ធាតុ​ផ្សំនីមួយៗទៅតាមស្រទាប់ៗ រួច​ទើប​ច្របល់​ធាតុ​ផ្សំ​ទាំងនោះ​ឱ្យចូល​គ្នា​បាន​សព្វ​ល្អ ហើយ​ត្រូវ​យកដៃ​ជ្រោយ​ល្បាយ​នោះ​ឱ្យ​សព្វ​ស្មើ និង​ត្រូវ​ចេះ​ការពារ​ខ្លួនឯង​ដោយ​ការយក​ម៉ាស់ ឬ​ក្រមាម​ករុំ​ច្រមុះ​ផង។

    បន្ទាប់ពី​លាយ​ល្បាយ​រួច គេ​ត្រូវ​ប្រមូល​ល្បាយ​នោះមក​ពូតផ្ដុំ​ជាដុំៗ រួច​វែក​ល្បាយ​នោះ​ឱ្យមាន​ប្រហោង បន្ទាប់មក​ស្រោច​ដោយ​ទឹកស្អាត​ទៅក្នុង​ប្រហោង​នោះ ដោយ​យកដៃ​ច្របល់​ល្បាយ​ជាមួយ​ទឹក​ដែល​ចាក់​ចូល​ទៅនោះ​ឱ្យបាន​សព្វ​ល្អ ដែល​ធ្វើឱ្យមាន​សំណើម​ប្រហែល60 ទៅ70ភាគរយ ចៀសវាង​កុំឱ្យ​ស្ងួត​ពេក និង​កុំឱ្យ​សើម​ពេក​ទើប​ជាការ​ប្រសើរ។

    បន្ទាប់ពី​ចាក់ទឹក​ផ្សើម​រួច យើង​ត្រូវ​ប្រមូល​ល្បាយ​ទាំងនោះ​ទុក​មួយ​ឡែក យក​ក្រណាត់​តង់​មក​គ្របពីលើ​ទុកចោល​មួយរយៈ​ពី1 ទៅ3ថ្ងៃ​នៅក្នុង​ម្លប់​សម្រាប់​អាចម៍រណា​ចាស់ និង​សម្រាប់​អាចម៍រណា​ថ្មី​ត្រូវ​គ្រប​ចោល​រយៈពេល7 ទៅ10ថ្ងៃ។ បន្ទាប់មក​ត្រូវ​ត្រឡប់​ល្បាយ​នោះ​ឱ្យបាន​សព្វ​ល្អ​ចំនួន 2ដង​អំឡុងពេល​គ្រប​នោះ។ លុះ​គ្រប់​តាម​រយៈពេល​ខាងលើ​ហើយ ត្រូវ​បើក​គម្រប​ក្រណាត់​តង់​ចេញហើយ​ច្រក​ល្បាយ​ទៅក្នុង​ថង់​ឱ្យបាន​ទម្ងន់​ពី 8ខាំ ទៅ1គីឡូក្រាម​ក្នុង​មួយថង់។ បន្ទាប់មក​ត្រូវ​បុក​ល្បាយ​នោះ​ឱ្យ​ណែន​ល្អ តែ​ត្រូវធ្វើ​ដោយថ្នមៗដើម្បី​កុំឱ្យ​ថង់​រហែក​ការពារ​ចូល​ទឹក​នៅពេល​ចំហុយ ដែល​បណ្តាលឱ្យ​មេ​ផ្សិត​មិន​ដើរ​ល្អ​ក្នុង​ថង់​ល្បាយ។

    ដំណាក់កាល​បន្ទាប់ គេ​យក​កង​មក​ចង​មាត់​ថង់​ល្បាយ ដោយ​ដាក់​សំឡី​ក្នុង​ប្រហោង​មាត់​ថង់​ល្បាយ ហើយ​គ្រប​មាត់​ថង់​ល្បាយ​ដោយ​ថង់​ប្លា​ស្ទិ​ក និង​កៅស៊ូកង រួច​ទើប​ចាប់ផ្តើម​យកទៅដាក់​ចំហុយ​នៅក្នុង​ឆ្នាំង​ចំហុយ​ដាស់​ដំណេក​ល្បាយ​រយៈពេល3 ទៅ4ម៉ោង រួច​សឹម​យក​ចេញទៅ​ដាក់​សំដិល​ចោល​រយៈពេល 12ម៉ោង​ទៀត រួចហើយ​ទើប​បើក​គម្រប​ដាក់​មេ​ផ្សិត​អំបោះ​ចូល ដោយ​ត្រូវ​រោល​ឱ្យ​ក្ដៅ​ជាមួយ​ភ្លើងចង្កៀង​អាល់កុល​ដើម្បី​សម្លាប់​មេរោគ ជាពិសេស​ត្រូវយក​ឡាំង​បាំង​កុំឱ្យ​ត្រូវ​ខ្យល់​នាំឱ្យ​មេរោគ​ជ្រៀតចូល​បាន។

    ដំណាក់កាល​ចុងក្រោយ គេ​ត្រូវយក​ថង់​ល្បាយនីមួយៗទៅ​ដាក់​ផ្តុំគ្នា​នៅក្នុង​រោង​ដែល​បិទ​ជិត​មិនមាន​ពន្លឺ​ថ្ងៃ​ចេញចូល។ ចន្លោះ​ពី21 ទៅ25ថ្ងៃ​ទើប​មេ​ផ្សិត​ដើរ​ពេញ​កញ្ចប់​ល្បាយ ពេលនោះ​ទើប​គេ​ចាប់ផ្ដើម​ស្រោច​ទឹក​រយៈពេល 7ថ្ងៃ​ទៀត ផ្សិត​នឹង​ចាប់ផ្តើម​លាស់​ចេញមក​អាច​ប្រមូល​ផល​បានជាបណ្តើរៗ ហើយ​ត្រូវ​បន្ត​ស្រោច​ទឹក​មួយថ្ងៃ2 ទៅ3ដង ឬ4 ទៅ5ដង​ទៅតាម​លក្ខខណ្ឌ​អាកាសធាតុ​ថា​ត្រជាក់ ឬ​ក្តៅ។

    គេ​អាច​ប្រមូល​ផល​ផ្សិត​អំបោះ​បាន​រហូតដល់​ទៅ 3ខែ ឬ5ខែ​ឯណោះ​ទើប​វា​ឈប់​ឱ្យ​ផល ហើយ​ពេល​នោះគេ​នឹង​ចាប់ផ្តើម​ធ្វើការ​ដាំ​បណ្ដុះ​សាជាថ្មី​ឡើងវិញ​ម្ដងទៀត។ ចំណែក​វិធីសាស្ត្រ​ធ្វើយ៉ាងណា​កុំឱ្យ​អស់​ផ្សិត​លក់​នោះ គឺ​គេ​ត្រូវធ្វើ​ការដាំ​បណ្ដុះ​ជា​របៀប​វិលជុំ គឺ​ប្រមូល​ផល​អស់ពី​មួយ​រោង ក៏មាន​មួយ​រោង​ទៀត​ដល់ពេល​ប្រមូល​ផល​ជា​បន្តបន្ទាប់​គ្នា​ជាប់​រហូត​មិន​ដាច់​ហ្នឹងឯង៕

  • គ្រោះថ្នាក់ 12យ៉ាង ចំពោះរាងកាយដោយសារការខ្វះ “វីតាមីន B12”

    គ្រោះថ្នាក់ 12យ៉ាង ចំពោះរាងកាយដោយសារការខ្វះ “វីតាមីន B12”

    កំលោះៗ ក្រមុំៗអាចនឹងស៊ាំធ្លាប់នឹងវីតាមីនតែប៉ុន្មានមុខប៉ុណ្ណោះ ព្រោះភាគច្រើនច្រើនតែងរកវីតាមីនមកញ៉ាំដើម្បីតែភាពស្រស់ស្អាត ដូចជាវីតាមីនC ដើម្បីថែបំប៉នស្បែក ឬវីតាមីនA ដើម្បីបំប៉នកែវភ្នែកជាដើម តែការពិតទៅវីតាមីន B ក៏សំខាន់ចំពោះរាងកាយ​មិនតិចជាងវីតាមីនប្រភេទផ្សេងទៀតឡើយ​ ជាពិសេសវីតាមីន B12 ដែលមានភាពសំខាន់ចំពោះប្រព័ន្ធផ្សេងៗរបស់រាងកាយ ប្រព័ន្ធប្រសាទ និងខួរក្បាលច្រើនលើសពីយើងគិតទៅទៀត។ បើរាងកាយមិនបានទទួលវីតាមីន B12 គ្រប់គ្រាន់ អាចនឹងបង្កឱ្យកើតគ្រោះថ្នាក់ដល់រាងកាយក្នុងផ្នែកផ្សេងៗបាន។

    ប្រយោជន៍របស់វីតាមីន B12
    វីតាមីនB មានចំណែកជួយក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហម បំប៉នប្រព័ន្ធប្រសាទ និងខួរក្បាល បង្កើនកម​្មវិធីការផលិត DNA និងជួយដល់ការធ្វើការងាររបស់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ។ ជាមធ្យមមនុស្សក្នុងវ័យធ្វើការគួរបានទទួលវីតាមីន B12 ក្នុង1ថ្ងៃ 2.4មីក្រូក្រាម ហើយវីតាមីន B12 ក៏ដូចវីតាមីនដទៃទៀតដែរដែលរាងកាយមិនអាចផលិតដោយខ្លួនឯងបាន​ និងត្រូវតែទទួលបានពីអាហារដែលអ្នកទទួលទានប៉ុណ្ណោះ។

    បច្ច័យប្រថុយប្រថានដែលអាចធ្វើឱ្យរាងកាយបានទទួលវីតាមីនB12តិចជ្រុល
    បើលោកអ្នកមានទង្វើដូចតទៅនេះ លោកអ្នកអាចប្រថុយនឹងការបានទទួលវីតាមីន B12 តិចជ្រុល ៖
    ទទួលទានមំសវិរតិ(មិនបរិភោគសាច់​សត្វ) ឬទទួលទានអាហារបួសរយៈពេលយូរ និងមិនបានទទួលទានវីតាមីនបន្ថែម ព្រោះវីតាមីនB12 គ្មាននៅក្នុងបន្លែទេ តែមាននៅក្នុងសាច់សត្វ ស៊ុត សត្វស្លាប​ អាហារប្រភេទទឹកដោះ និងអាហារផ្សេងទៀតដែលធ្វើពីសាច់សត្វ។

    អ្នកកើតជំងឺ ខ្រូន (Crohn ជាភាពខុស ប្រក្រតីរ៉ាំរ៉ៃរបស់ពោះវៀនធំ ធ្វើឱ្យកើតការឈឺក្ដៅផ្សារក្រហាយ និងហើមប្រព័ន្ធរំលាយ អាហារ) និងអ្នកដែលត្រូវញ៉ាំថ្នាំបញ្ចុះជាតិអាស៊ីតក្នុងក្រពះជាប្រចាំ ដែលអាចធ្វើឱ្យរាងកាយបឺតយកវីតាមីនB12 បាន តិច ព្រោះវីតាមីន B12 នឹង ត្រូវបឺតជ្រាបយកបានត្រូវតែមានជាតិអាស៊ីតនៅក្នុងប្រព័ន្ធរំលាយអាហារ។

    អាយុច្រើនឡើង ធ្វើឱ្យការផលិតទឹករំលាយអាហារ(អាស៊ីត)ក្នុងក្រពះថយចុះទៅតាមវ័យដែលធ្វើឱ្យការបឺតជ្រាបយកវីតាមីន B12 បានតិចទៅតាមហ្នឹងដែរ។

    គ្រោះថ្នាក់ចំពោះសុខភាពដោយសារការខ្វះវីតាមីន B12
    1. ប្រព័ន្ធការទទួលដឹង(វេទនារម្មណ៍) ធ្វើ
    ការខុសប្រក្រតី ដូចជាការដឹងពីរសជាតិ ឬការ ទទួលដឹងក្លិនផ្លាស់ប្ដូរ។
    2. មានអាការស្ពឹក ឬស្រពន់នៅលើដៃ ជើង និងបាតជើង។
    3. ពិបាកដើរ បាត់បង់ភាពរហ័សរហួន(ដើរ ទ្រេតទ្រោត ជើងទាំងពីរដើរមិនមានតុល្យភាពគ្នា)។
    4. ប្រថុយនឹងសភាវលោហិតស្លេក។
    5. ហើម ឬរលាកអណ្ដាត។
    6. រិះគិត ឬ វិភាគរឿងផ្សេងៗដើម្បីរកហេតុ ផលមិនសូវបាន ឬការចងចាំបាត់បង់អស់មួយ ចំណែក។
    7. ទប់ ឬទ្រាំការបន្ទោបង់មិនបាន។
    8. សុខភាពជារួមចុះទន់ខ្សោយ។
    9. ឆាប់ ឬងាយនឿយល្វើយ។
    10. ឆាប់ ឬងាយវិតក្កកង្វល់ និងស្រេ្ត
    11. សោកសៅ ឬចេះតែមើលឃើញទិដ្ឋ- ភាពអាក្រក់ៗ។
    12. ប្រថុយប្រថាននឹងជំងឺដែលពាក់ព័ន្ធនឹងប្រព័ន្ធប្រសាទ ខួរក្បាល និងលោហិត។

    វិធីបង្កើនបរិមាណវីតាមីន B12 ក្នុងរាងកាយ
    1. ទទួលទានវីតាមីន B12 បន្ថែមពីពេលញ៉ាំអាហារប្រក្រតី(គួរទៅទទួលយកការប្រឹក្សានិងពិនិត្យសុខភាពដោយលម្អិត។អំពីគ្រូពេទ្យមុននឹងទិញមកទទួលទាន)។
    2.ទទួលអាហារដែលមានវីតាមីនB12ឱ្យបានច្រើនឡើង ដូចជា សាច់សត្វ សាច់ត្រី អាហារសមុទ្រ ផលិតផលធ្វើពីទឹកដោះគោផ្សេងៗ។

    ចំណេះដឹងបន្ថែមដែលមនុស្សយើងច្រើនតែយល់ខុសពាក់ព័ន្ធនឹងវីតាមីន B12
    អត្ថបទនៅក្នុងអុីនធើណិតអាចមាន ការអធិប្បាយថា វីតាមីនB12អាចការពារជំងឺខួរ ក្បាលចុះខ្សោយ ជំងឺបេះដូង ជំងឺរ៉ាំរ៉ៃ គ្រោះថ្នាក់ផ្សេងៗ រួមទាំងកែបញ្ហាសភាវគ្មានបុត្រ ជំងឺសើរស្បែក និងជំងឺផ្សេងៗទៀតជាច្រើនទៀត ដែលទាំងអស់នេះច្រើនតែចេញមកពីការសិក្សាវិ ភាគ ដែលមិនទាន់មានភ័ស្តុតាងច្បាស់លាស់នៅឡើយ។

  • បុរស​និយម​ហាត់ប្រាណ ចាំបាច់​ត្រូវបំពេញ​សា​ធាតុ​រ៉ែ​នៅក្នុង​រាងកាយ

    បុរស​និយម​ហាត់ប្រាណ ចាំបាច់​ត្រូវបំពេញ​សា​ធាតុ​រ៉ែ​នៅក្នុង​រាងកាយ

    សាច់ដុំ​ក្បាលពោះ6កង់ (Six Packs) សាច់ដុំ​ទ្រូង ឬ​សាច់ដុំ​ស្មា​បើក​រីក​ធំ សុទ្ធសឹង​ជា​ក្ដី​ប្រាថ្នា​របស់​សុភាពបុរស​ទាំងឡាយ។ កន្លែង​សាច់ដុំ​ផ្នែក​នៃ​រាងកាយ​ទាំងអស់នេះ ដែល​ធ្វើឱ្យ​បុរស​មាន​រូបរាង​សង្ហា និង​ទាក់ទាញ។ តើ​អ្នកមាន​បានដឹង​ទេ​ថា នៅពេលដែល​បុរស​និយម​ហាត់ប្រាណ​យក​សាច់ដុំ ធ្វើឱ្យ​បាត់បង់​សារធាតុ​រ៉ែ​នៅក្នុង​រាងកាយ? សារធាតុ​រ៉ែ គឺ​ចាំបាច់​ដើម្បី​លើកកម្ពស់​សុខភាព និង​អនុវត្ត​មុខងារ​ជាច្រើន​នៃ​រាងកាយ។ ដូច្នេះ ទង្វើ​នៃ​ការហាត់​ប្រាណ ធ្វើឱ្យ​សារធាតុ​រ៉ែ​មានការ​ថយចុះ ហើយ​ចុះ​អ្នកត្រូវការ​បំពេញ​សារធាតុ​រ៉ែ​អ្វីខ្លះ​ចំពោះ​រាងកាយ?

    1. កាល់ស្យូម
    តម្រូវការ​នៃ​ជាតិ​កាល់ស្យូម​នៅក្នុង​រាងកាយ​របស់​អ្នក គឺ​នៅ​ចន្លោះ800មី​លី្ល​ក្រាម​ទៅ1,300មី​លី្ល​ក្រាម។ ជាតិ​កាល់ស្យូម​មាន​សារៈសំខាន់ សម្រាប់​ការបង្កើត​ភ្នាស​កោសិកា។ អ្នកត្រូវការ​កោសិកា​ទាំងនេះ​សម្រាប់​ការសាងសង់​ឆ្អឹង សាច់ដុំ បេះដូង និង​ប្រព័ន្ធ​រំលាយ​អាហារ។ ក្រោយ ឬ​មុនពេល​ហាត់ប្រាណ ត្រូវ​មាន​ទម្លាប់​ទទួលទាន​ទឹកដោះគោ​ស្រស់​មួយ​កែវជា​រៀងរាល់ថ្ងៃ។

    2. ប៉ូ​តា​ស្យូ​ម
    រាងកាយ​របស់​អ្នកត្រូវការ​ជាតិ​រ៉ែ​ប៉ូ​តា​ស្យូ​ម​ប្រមាណ​ពី2,500មី​លី្ល​ក្រាម​ទៅ4,700មី​លី្ល​ក្រាម​ក្នុង​របប​អាហារ​របស់​ពួកគេ។ ប៉ូ​តា​ស្យូ​ម ជួយ​ក្នុងការ​សាងសង់​សាច់ដុំ រក្សា​ការលូតលាស់​របស់​រាង​កាយ និង​កោសិកា។ សារធាតុ​ប៉ូ​តា​ស្យូ​ម​មាននៅ​ក្នុង​ផ្លែឈើ​ដូចជា ផ្លែ​ចេក ផ្លែ​ប៊័រ និង​ពពួក​សណ្តែក​ជាដើម។ ក្រោយពេល​ហាត់ប្រាណ​រួច អ្នក​អាច​ចម្អែត​ក្រពះ​ដោយ​អាហារ​ទាំងអស់នេះ ជំនួស​ចំណីអាហារ​ក៏បាន។

    3. ផូស្វ័រ
    អ្នកត្រូវការ​ជាតិ​រ៉ែ​ផូស្វ័រ​ប្រមាណ800មី​លី្ល​ក្រាម​ជា​រៀងរាល់ថ្ងៃ។ រ៉ែ​ប្រភេទ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ការបង្កើត​ឆ្អឹង និង​ការផ្តល់​ភាពរឹងមាំ​ដល់​ឆ្អឹង។ វា​មាននៅ​ក្នុង​អាហារ​ដូចជា គ្រាប់​ធញ្ញជាតិ សណ្ដែកសៀង ផ្លែ​ផា​សិន ល្ហុង និង​ផ្លែ​ស្រកានាគ។

    4. សូ​ដ្យូ​ម
    ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក រាងកាយ​អ្នកត្រូវការ​ជាតិ​សូ​ដ្យូ​ម​ប្រមាណ​ពី1,500មី​លី្ល​ក្រាម​ទៅ2,500មី​លី​ក្រាម។ សារធាតុ​សូ​ដ្យូ​ម ជួយ​ក្នុងការ​គ្រប់គ្រង​បរិមាណ​ជាតិ​ទឹក​សរុប និង​កម្រិត pH នៅក្នុង​រាងកាយ។ វា​ក៏​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​មុខងារ​សរសៃប្រសាទ និង​ការ​កន្ត្រាក់​សាច់ដុំ។ សូ​ដ្យូ​ម មាននៅ​ក្នុង​ប្រភេទ​ទឹករ៉ែ និង​អំបិល។

    5. ម៉ាញ៉េ​ស្យូ​ម
    រាងកាយ​របស់​អ្នកត្រូវការ​ជាតិ​រ៉ែ​ម៉ាញ៉េ​ស្យូ​ម​ប្រហែល350មី​លី្ល​ក្រាម​ទៅ420មី​ល្លី​ក្រាម នៅក្នុង​របប​អាហារ​របស់​អ្នក។ ជាតិ​ម៉ាញ៉េ​ស្យូ​ម​អាចជួយ​ភ្ញោ​ច​អង់​ហ្ស៊ី​ម និង​គ្រប់គ្រង​តុល្យភាព​អេ​ឡិច​ត្រូ​លីត្រ​នៅក្នុង​រាងកាយ។ ម៉ាញ៉េ​ស្យូ​ម មាននៅ​ក្នុង​អាហារ និង​ផ្លែឈើ​ដូចជា ក្រូចឆ្មារ ទឹកដូង ផ្លែទៀប ផ្លែ​ពុទ្រា និង​ផ្លែ​ឈូក​ជាដើម៕