Category: សង្គម និងសេដ្ឋកិច្ច

  • មកស្គាល់មុខអ្នកដាក់ឈ្មោះ « ពែកមី » តារារូបណាដាក់ឱ្យ…រហូតល្បីដល់សព្វថ្ងៃនេះ

    មកស្គាល់មុខអ្នកដាក់ឈ្មោះ « ពែកមី » តារារូបណាដាក់ឱ្យ…រហូតល្បីដល់សព្វថ្ងៃនេះ

    នៅលើវិថីសិល្បះមានតារាជាច្រើនដួងដែលមានសមត្តិភាពផ្សេងៗគ្នា ដូចជា តារាកំប្លែង តារាបង្ហាញម៉ូត តារាសម្តែងនឹងពិធីករ ក្នុងនោះផងដែលក៏មានតារាមួយចំនួនដែលបានប្រើប្រាស់ឈ្មោះពិត នឹងតារាខ្លះទៀតបានប្រើប្រាស់ឈ្មោះមិនពិត ហេតុផលដែលពួកគេប្រើប្រាស់ឈ្មោះមិនពិតនោះគឺដើម្បីទាក់ទាញប្រជាប្រិយភាពពីអ្នកគាំទ្រ។

    ជាក់ស្ដែងដូចនាយ ពែកមី តារាកំប្លែកដ៍ល្បីល្បាញ ប្រចាំបុស្តិ៍ ស៊ីធីអិន តែឯឈ្មោះពិតរបស់លោក ពុំសូវមានមហាជនណាបានស្គាល់នោះទេ។ « ពែកមី »គ្រាន់តែជាឈ្មោះ ដែលត្រូវបានគេដាក់ឱ្យលោកនៅពេលប្រឡូកក្នុងសិល្បៈប៉ុណ្ណោះ ហើយលោកក៏មិនដែលបង្ហាញមុខអ្នកដែលបានដាក់ឈ្មោះឱ្យលោក រហូតល្បីបែបនេះដែរ។

    នៅពេលថ្មីនេះជាខួបរយៈពេល10ឆ្នាំដែលលោកចូលសិល្បៈ លោកបានបង្ហោះវីដេអូ រំឭកដល់គុណ និងអរគុណដល់សិល្បៈករជាច្រើនដែលបានជួយលោក។ តាមការរៀបរាប់របស់លោក ឈ្មោះ « ពែកមី » មិនមែនលោកគ្រូ ឬអ្នកគាំទ្រដាក់ឱ្យនោះទេ តែគឺសិល្បៈករជើងចាស់មួយរូបនិងជាគណៈកម្មការកម្មវិធីប្រកួតជ្រើសរើសតារាកំប្លែង នោះគឺអ្នកនាង សុខ ចាន់ធីតា ហៅ កាតុ ដែលជាអ្នកដាក់ឱ្យ រហូតដល់មានឈ្មោះប្លែកពីគេនិងល្បីដល់សព្វថ្ងៃនេះ។

    សូមជម្រាបផងដែរថា តារាកំប្លែង ដែលមានដើមកំណើត នៅខេត្តស្វាយរៀង នាយ ពែកមី ដែលមានឈ្មោះពិតថា” ចែម ចាន់តារា ” បានចាប់អាជីពជាតារាកំប្លែង បន្ទាប់ពីលោក បានប្រឡងជាប់ជាតារាកំប្លែង ប្រចាំនៅស្ថានីយ ទូរទស្សន៍ ស៊ី ធី អ៊ីន ដោយសារតែលោកមាន សមត្ថភាពក្នុងការលេងកំប្លែង និងពូកែ លេងពាក្យ សម្ដីនិយាយមិនចេះទាល់ ធ្វើឲ្យលោកបានទទួលការគាំទ្រ ច្រើនពីទស្សនិកជន ហើយបច្ចុប្បន្នលោក ក៏បានក្លាយខ្លួនជាតារាកំប្លែងមួយរូប ដែលមានភាពលេចធ្លោ ជាងគេ នៅស្ថានីយទូរទស្សន៍ ស៊ី ធី អ៊ីន ទៀតផង៕

     

  • Fan Bingbing បង្ហាញឯកសារបញ្ជាក់ Fan ChengCheng មិនមែនជាកូនប្រុសខ្លួនទេ

    Fan Bingbing បង្ហាញឯកសារបញ្ជាក់ Fan ChengCheng មិនមែនជាកូនប្រុសខ្លួនទេ

    តាមរយៈសារព័ត៌មាន Mthai បានចេញផ្សាយនៅថ្ងៃទី2 ខែមករា ឆ្នាំ 2019 នេះបានឱ្យដឹងថា ខណៈនេះតារាសម្ដែងស្រី Fan Bingbing បានបង្ហាញភស្ដុតាង ដែលបញ្ជាក់ថា Fan ChengCheng គឹជាប្អូនប្រុសបង្កើតរបស់ខ្លួន និងឯកសារបណ្ដឹងអ្នកសារព័តមានចិន។

    ដោយឡែកនៅពេលថ្មីៗនេះ តារាសម្ដែងស្រីដ៏ល្បីរបស់ប្រទេសចិនរូបនេះ បានដាក់ពាក្យបណ្ដឹងទៅតុលាការ ប្ដឹងអ្នកកាសែតចិនមួយរូបដែលបានសរសេរ និងទម្លាយព័ត៌មានអាស្រូវនេះ ដែលមានឈ្មោះ វាំង ធានហ្វើយ ឱ្យសងជំងឺចិត្ត 6 ម៉ឺនយ័ន និងចេញមុខសុំទោសរូបនាងជាសាធារណៈផងដែរ។ Fan Bingbing បានផ្ដល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានចិនថា Fan ChengCheng គឺជាកូនពៅរបស់ម្ដាយខ្លួន និងសឹងតែមិនរស់ទៀតផង ដោយសារតែបិះនិងរលូត​ ក៏ប៉ុន្ដែ ទម្រាំតែធំចម្រើនវ័យបានដូចសព្វថ្ងៃនេះ នាងខំធ្វើការប្រលូកចូលសិល្បៈ ដើម្បីឧបត្ថម្ភក្រុមគ្រួសារ រួមទាំងម្ដាយយ៉ាងលំបាកវេទនា។

    សូមជម្រាបផងដែរថា Fan Bingbing បានបង្ហាញឯកសារដែលអាចបញ្ជាក់បានថា សំបុត្រឯកសារពេទ្យ និងភស្ដុតាងមួយចំនួនទៀត គឺអាចឱ្យដឹងថា Fan Bingbing គឺជាបងស្រី ក៏ដូចជាម្ដាយទី 2 របស់ Fan ChengCheng និងជាអ្នកទំនុកបម្រុងក្រុមគ្រួសាររបស់នាង៕

  • តើ​អ្នក​ចាំបាច់​ត្រូវ “បន្ទោបង់” រាល់ថ្ងៃ​ឬ?

    តើ​អ្នក​ចាំបាច់​ត្រូវ “បន្ទោបង់” រាល់ថ្ងៃ​ឬ?

    រឿង​បន្ទោបង់(បត់​ដៃ បត់ជើង)នឹង​គិត​វា​ជា​រឿង​តូចតាច​ក៏​ថា​បាន តែបើ​សិន​ជាការ​បន្ទោបង់​ដំណើរ​ការមិន​ប្រក្រតី​វិញ​នោះ វា​អាចធ្វើឱ្យ​យើង​មិន​ស្រួល​សប្បាយខ្លួន មិន​ស្រួល​ពោះ និង​អាច​រំខាន​ទៅដល់​ការទទួល​ទាន​អាហារ ការរំលាយ​អាហារ​​ និង​មាន​ក្ដី​ទុក្ខវេទនា​ពី​អាការ “ទល់លាមក” ឬ​កើតរោគ “ឫសដូងបាត” ទៀតផង។ តែ​ការណ៍​នឹង​ធ្វើឱ្យ​រាងកាយ​មាន​ប្រព័ន្ធ​បន្ទោបង់​ដែល​ល្អក៏​អាចជា​រឿង​លំបាក​ដែរ​សម្រាប់​មនុស្ស​ជាច្រើន។

    អ្នកជំនាញ​ខាង​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​បាន​បញ្ជាក់ថា “រាងកាយ​របស់​មនុស្ស​យើង​មាន​ភាពស្មុគស្មាញ ការធ្វើការងារ​របស់​អវយវៈផ្សេងៗរបស់​មនុស្សម្នាក់ៗអាច​នឹងមាន​ភាពខុស​ប្លែក​គ្នា​បន្តិចបន្តួច មិនថាតែ​រឿង​ការ​គេង​សម្រាក​លង់លក់ ការ​បន្ទោបង់​ទាំង​ធំ និង​តូច ជា​រឿង​ដែល​មើលទៅ​ហាក់ដូច​ជាធម្មតា​សម្រាប់​មនុស្ស​ជាច្រើន​នោះ អាច​នឹង​ក្លាយជា​រឿង​លំបាក​សម្រាប់​មនុស្ស​មួយចំនួន​បាន ជាពិសេស​រឿង “បន្ទោបង់”។ អ្នកខ្លះ​អាចមាន​អារម្មណ៍​ថា ក្នុង 1ថ្ងៃ​ត្រូវ​បន្ទោបង់​យ៉ាងតិច 1ដង ព្រោះ​បើសិនជា​ពេញ​មួយថ្ងៃ មិន​បន្ទោបង់​សោះ​នោះ នឹងមាន​អារម្មណ៍​ទើសទាល់ណែនៗពោះ និង​អាច​ហុច​ផល​ឱ្យនៅ​ថ្ងៃ​បន្ទាប់មក​ធ្វើឱ្យ​ពិបាក​បន្ទោបង់ ឬ​បន្ទោបង់​ពិបាក​ខ្លាំង រហូត​អាច​កើត​អាការ​ទល់លាមក​ទៀតផង តែ​អ្នកខ្លះ​កន្លងមក 2 – 3ថ្ងៃ​ទើប​បត់ជើង​ម្ដង តែ​ក៏​បន្ទោបង់​បាន​យ៉ាង​ងាយស្រួល​ដោយ​មិនមាន​អារម្មណ៍​ថា​ពិបាក​អ្វី​ឡើយ ដូច្នេះហើយ​ទើប​រឿង​របស់​ការ​បន្ទោបង់​សម្រាប់​មនុស្សម្នាក់ៗហាក់ដូចជា​ខុសប្លែក​ពីគ្នា និង​ច្រើនបែប​ច្រើនយ៉ាង​តាម​ការធ្វើការ​របស់​ប្រព័ន្ធ​បន្ទោបង់ រួមទាំង​ដំណើរ​ជីវិត អាហារ​ការហូបចុកផ្សេងៗជាដើម​ផងដែរ”។

    ចំនួន​ដង​នៃ​ការ​បន្ទោបង់​ដែល​ស័ក្តិសម​របស់​មនុស្សម្នាក់ៗក៏​ហាក់ដូចជា​ខុសប្លែក​ពីគ្នា​ខ្លាំងដែរ។ តាមរយៈ​របាយការណ៍​ពី​ការសិក្សា​ស្រាវជ្រាវ​ជាច្រើន​បាន​រកឃើញថា ការ​បន្ទោបង់​ដែល​ល្អ​ដល់​សុខភាព​រាងកាយ​ខ្លាំង​បំផុត នឹង​ស្ថិតក្នុង​ចំនួន​តាំងពី3ដង​ក្នុង​មួយថ្ងៃ រហូត​ទៅដល់3ដង​ក្នុង​មួយ​សប្ដាហ៍ និង​តិចជាង 40%ដែល​បាន​រកឃើញថា មាន​អ្នក​បន្ទោបង់​មួយថ្ងៃ 1ដង។

    យ៉ាងណាក៏ដោយ ចំនួន​ដង​របស់​ការ​បន្ទោបង់​អាចពាក់ព័ន្ធ​នឹង​អាការ​របស់​រោគ​ឆ្លង​ប្រភេទ​ខ្លះ​ដែរ ដូចជា រោគ​រាករូស(ដែល​ធ្វើឱ្យ​មានការ​បន្ទោបង់​ច្រើនដង) មហារីក(បន្ទោបង់​ចេញមក​ជា​ឈាម) ឬ​បើសិនជា​គ្មាន​ការ​បន្ទោបង់​សោះ ក៏​អាចជា​សញ្ញា​ដាស់តឿន​របស់​រោគ​ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​បន្ទោបង់​ដូចគ្នា។

    តើចាំបាច់​ត្រូវតែ​បន្ទោបង់​ឱ្យបាន​ក្នុង​មួយថ្ងៃ 1ដង​ឬទេ?
    អ្នកស្រាវជ្រាវ​ខាង​វិទ្យាសាស្ត្រ​មកពី​ស្ថាប័ន​វិទ្យាសាស្ត្រ​របស់​ប្រទេស​អូស្ត្រាលី​បាន​បញ្ជាក់ថា “ការ​បន្ទោបង់​ឱ្យបាន​មួយថ្ងៃ 1ដង​មិនមែនជា​រឿង​ចាំបាច់​ទេ តែបើ​បន្ទោបង់​តិចជាង3ដង​ក្នុង​មួយ​សប្ដាហ៍ អាច​នឹង​បង្ក​ឱ្យ​កើត​គ្រោះថ្នាក់​ឡើង​បាន ដូចជា​កើតរោគ​ឫសដូងបាត ឬ​រន្ធ​គូទ​កើតមាន​របួស​ដោយសារ​លាមក​មាន​ទំហំ​ធំ និង​រឹង​រហូត​ធ្វើឱ្យមាន​ឈាម​ចេញមក​ជាដើម”។

    “អាការ​ទល់លាមក​អាច​កើតឡើង​បាន​ពី​ច្រើន​មូលហេតុ តាំងពី​បណ្ដាលមកពី​ការព្យាបាល​របស់​ជំងឺ​មួយចំនួន(ដោយសារ​ផលប៉ះពាល់​ពី​ថ្នាំ​ប្រភេទ​ខ្លះ ) និង​មូល​ហេតុដែល​ច្បាស់លាស់​បំផុត​នោះ​គឺ ការ​ញ៉ាំ​អាហារ​ដែលមាន​ជាតិ​កាក​សរសៃ​តិច​ជ្រុល​ពេក។

    គន្លឹះល្អៗក្នុងការ​ធ្វើឱ្យ​ការ​បន្ទោបង់​ល្អ​ប្រក្រតី
    ងាយៗបំផុត​គឺ បន្ថែម​អាហារ​ដែលមាន​ជាតិកាក​សរសៃ​ឱ្យបាន​ច្រើនឡើង​នៅក្នុង​ពេលបាយម្ដងៗ ដូចជា​​ ​បន្លែ ផ្លែឈើ ធញ្ញជាតិ សណ្ដែក និង​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើនឡើង។ ការហាត់​ប្រាណ​ជាប្រចាំ​ក៏​ធ្វើឱ្យ​ប្រព័ន្ធ​បន្ទោបង់​ធ្វើការ​យ៉ាង​មាន​ប្រសិទ្ធ​ភាពខ្លាំង​ឡើង​ដូចគ្នា​ដែរ។ បើ​ចាប់ផ្ដើម​មាន​អាការ​ទល់លាមក តឹង​ណែន​ពោះ ចង់​បត់ជើង លោកអ្នក​អាច​ញ៉ាំ​ទឹក​ឱ្យ​ច្រើនឡើង ឬ​ញ៉ាំ​អាហារ​ដែលមាន​ប្រូ​បៃ​អូ​ទិ​កស៍ ដូចជា​ ទឹកដោះគោ​ជូរ យ៉ា​អួរ និង​ គីម​ឈី ក៏​អាចជួយ​បាន​ដូចគ្នា​ដែរ៕

  • វិធីងាយៗក្នុងការលេបថ្នាំគ្រាប់ ឱ្យកាន់តែងាយស្រួលឡើង

    វិធីងាយៗក្នុងការលេបថ្នាំគ្រាប់ ឱ្យកាន់តែងាយស្រួលឡើង

    មនុស្សជាច្រើនមានបញ្ហាជាមួយការលេបថ្នាំគ្រាប់ មិនថាតែកូនក្មេង ឬមនុស្សធំពេញវ័យហើយនោះឡើយ អ្នកខ្លះដល់ថ្នាក់ក្អួតចេញមកវិញបន្ទាប់ពីខំព្យាយាមលេបគ្រាប់ថ្នាំឱ្យបានទៀតផង ហើយអ្នកខ្លះទៀតដល់ថ្នាក់ត្រូវយកថ្នាំគ្រាប់ទាំងនោះទៅដាក់ក្នុងទឹកឱ្យរលាយ ឬកិនជាម្សៅ និងជួនកាលថែមទាំងដកស្រោមកាប់ស៊ូលចេញយកតែម្សៅថ្នាំខាងក្នុងមកលាយជាមួយទឹកដើម្បីលេបក៏មាន។

    វិធីលេបថ្នាំគ្រាប់យ៉ាងងាយៗ
    ការសិក្សាស្រាវជ្រាវ ពីមហាវិទ្យាល័យ Heidelberg នៅក្នុងប្រទេសអាល្លឺម៉ង់ បានណែនាំបង្ហាញពីតិចនិកងាយៗក្នុងការជួយឱ្យយើងលេបថ្នាំគ្រាប់បានយ៉ាងងាយស្រួលដូចតទៅ ៖
    1. ចាក់ទឹកចូលទៅក្នុងដបប្លាស្ទិក ឬដបទឹកភេសជ្ជៈ។
    2. ដាក់គ្រាប់ថ្នាំនៅលើអណ្ដាត ឬអាចដាក់ទៅជិតគល់អណ្ដាតក៏បាន។
    3. ប្រើបបូរមាត់ទាំងខាងលើ និងខាងក្រោមពាំមាត់ដបឱ្យជាប់ និងជិតកុំឱ្យទឹក ឬខ្យល់ហៀរចេញទៅក្រៅមាត់បាន។
    4. លើកគូទដបទឹកឡើងឱ្យទឹកហូរចូលទៅក្នុងមាត់ ហើយក្នុងពេលដែលទឹកកំពុងហូរចូលមាត់នោះ ចូរបន្ថែមកម្លាំងបឺតទឹកចូលទៅក្នុងមាត់ដំណាលគ្នាផង។ កុំឱ្យមានខ្យល់ចូលទៅក្នុងអំឡុងពេលញ៉ាំទឹក។

    អ្នកដែលធ្វើការសាកល្បងលេបថ្នាំដោយវិធីនេះប្រមាណជា140នាក់បានរកឃើញថាការលេបថ្នាំដោយវិធីនេះ (បិទភ្នែកខណៈ ពេលលេបថ្នាំផង) ជួយឱ្យការលេបថ្នាំគ្រាប់កាន់តែងាយស្រួលឡើងជាង 60% បើប្រៀបធៀបនឹងការលេបថ្នាំគ្រាប់ដោយញ៉ាំទឹកពីកែវ។

    ក្រៅពីនេះនៅមាន 1វិធីទៀតដែលអាចជួយឱ្យការលេបថ្នាំគ្រាប់កាន់តែងាយស្រួលឡើង និងទទួលជោគជ័យដែលស័ក្តិសមជាមួយថ្នាំគ្រាប់ប្រភេទកាប់ស៊ូល នោះគឺ៖
    1. ដាក់ថ្នាំគ្រាប់កាប់ស៊ូលនៅលើអណ្ដាត។
    2. ក្រេបទឹកចូលទៅក្នុងមាត់មួយក្អឹក តែបៀមទុកសិន កុំអាលលេប។
    3. ឱនមុខ ឱ្យចង្កាចង្អុលមកដើមទ្រូង។
    4. រួចលេបទឹកចូលទៅដំណាលគ្នានឹងថ្នាំខណៈពេលកំពុងឱនមុខនោះ។ ភាគច្រើនថ្នាំគ្រាប់កាប់ស៊ូល ច្រើនតែមានទម្ងន់ស្រាល និង អណ្ដែតលើទឹក នៅពេលយើងឱនមុខ ហើយលេបថ្នាំដែលកំពុងអណ្ដែតលើទឹកនោះ វានឹងធ្វើឱ្យការលេបថ្នាំគ្រាប់កាប់ស៊ូលក្លាយជារឿងដែលកាន់តែងាយស្រួលឡើង។ វិធីនេះអាច បង្កើនប្រសិទ្ធភាពក្នុងការលេបថ្នាំបានច្រើន ដល់ទៅ 89% បើប្រៀបធៀបនឹងការញ៉ាំទឹក ដើម្បីលេបថ្នាំពីកែវទឹកដោយវិធីធម្មតា។

    ក្រៅពីវិធីទាំង2ខាងលើ ដែលជួយឱ្យការលេបថ្នាំគ្រាប់ក្លាយជារឿងងាយស្រួលហើយនោះ បើសិនជាសាកល្បងធ្វើហើយនៅតែមិនបានផលទៀត ចូរសាកល្បងញាត់គ្រាប់ថ្នាំចូលទៅក្នុងនំទន់ៗ ដូចជា ចាហួយ ឬនំអាកោជាដើមមុននឹងដួសជាដុំតូចៗ ហើយលេប ចូល ទៅទាំងដុំ ឬក៏កិនថ្នាំឱ្យម៉ដ្ឋ ហើយលាយជាមួយនំទន់ៗ ឬហាន់គ្រាប់ថ្នាំជាបំណែកតូចៗ ហើយលេបម្ដង 1បំណែកៗក៏អាចជួយឱ្យការលេបថ្នាំប្រព្រឹត្តទៅបានងាយស្រួលដែរ៕

  • ទ្រនំពីរផ្សេងគ្នា.. EXO Kai និង BLACKPINK Jennie គឺកំពុងស្រឡាញ់គ្នា

    ទ្រនំពីរផ្សេងគ្នា.. EXO Kai និង BLACKPINK Jennie គឺកំពុងស្រឡាញ់គ្នា

    តាមរយៈសារព័ត៌មានកម្សាន្ដ Koreaboo នៅពេលមុននេះបន្ដិច បានឱ្យដឹងថា ខណៈនេះខាងផលិតកម្មSM ដែលជាផលិតកម្មធំផ្នែកចម្រៀង Kpop បានចេញការបញ្ជាក់អំពីទំនាក់ទំនងស្នេហារបស់សមាជិកក្រុម EXO តារាចម្រៀង Kai និងសមាជិកក្រុម​ចម្រៀងស្រី BLACKPINK នាង Jennie។

    ក្រោយពីត្រូវអ្នកប្រម៉ាញ់រូបភាពចាប់បានថា តារាចម្រៀងស្រី Jennie កំពុងមានទំនាក់ទំនងស្នេហាក្រៅសិល្បៈជាមួយ លោក Kai ដែលជាសមាជិកក្រុម EXO នោះ ភ្លាមៗរឿងដ៏ក្ដៅគគុកមួយនេះ បានធ្វើឱ្យផ្ទុះពេញបណ្ដាញសង្គមតែម្ដង។ ខាងផលិតកម្ម YG Entertainment ដែលជាអ្នកគ្រប់គ្រងរបស់តារាស្រីក្រុម BLACKPINK មិនមានការបញ្ជាក់ណាមួយឱ្យច្បាស់ការនោះទេ តែខាងផលិតកម្មSM​ បានបង្ហោះប្រាប់អ្នកគាំទ្រថា « ពួកគេបានចែករំលែកអារម្មណ៍ឱ្យគ្នាទៅវិញទៅមក ក្នុងដំណើររួមគ្នា »។

    សូមជម្រាបថា បើទោះបីជាខាងផលិតកម្មធំទាំងពីរកំពុងប្រកួតប្រជែងទីផ្សារសិល្បៈគ្នាយ៉ាងក្ដៅគគុកក៏ដោយ សង្ឃឹមអ្នកទាំងអស់គ្នានឹងទទួលយករឿងមួយនេះ ត្រូវយល់ពីអារម្មណ៍របស់ពួកគាត់ ព្រោះពួកគាត់ក៏ជាមនុស្សដូចពួកយើង ពួកគាត់ក៏ចេះមានស្នេហា យើងដឹងហើយគ្មាននរណាម្នាក់អាចហាមអារម្មណ៍រស់ខ្លួនឯងបានទេ ដូចនេះបើយើងពិតជាស្រលាញ់ពួកគាត់ មិនចង់ឱ្យពួកគាត់ពិបាកចិត្ត ចង់ឃើញពួកគាត់មានក្ដីសុខ ត្រូវតែលើកទឹកចិត្តនិងគាំទ្រពួកគាត់គ្រប់រូបភាព។ នេះបើតាមសម្ដីអ្នកគាំទ្ររបស់តារាចម្រៀងទាំងពីរនេះបាននិយាយ៕

  • គួរ​ត្រៀម​អ្វីខ្លះ​ដើម្បី​អភិវឌ្ឍ​ជីវិត​សម្រាប់​ឆ្នាំ​ថ្មី?

    គួរ​ត្រៀម​អ្វីខ្លះ​ដើម្បី​អភិវឌ្ឍ​ជីវិត​សម្រាប់​ឆ្នាំ​ថ្មី?

    ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ពេលវេលា​ចេះតែ​ដើរទៅ​មុខ ស្របពេល​មនុស្សខ្លះ​ក៏បាន​អភិវឌ្ឍ​កាន់តែខ្លាំងឡើងៗពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំទៅ​ដែរ តែ​មនុស្ស​ខ្លះទៀត​នៅ​ទ្រឹង​ដដែល ហើយ​ជួបនឹង​បញ្ហា និង​ឧបសគ្គ​ក្នុង​ជីវិត​កាន់តែច្រើនឡើងៗទៅវិញ។

    លោក កែវ ឡង់ឌី អគ្គនាយក​ក្រុមហ៊ុន ស្រមោច Trading Solution បាន​លើកឡើងថា ប្រសិនបើ​ចង់ឱ្យមាន​ការអភិវឌ្ឍ​បានល្អ លុះត្រាតែ​យើង​កំណត់​គោលបំណង​ឱ្យបាន​ជាក់លាក់​សម្រាប់​ជីវិត។ រយៈពេលពីមួយ​ឆ្នាំ​ទៅមួយ​ឆ្នាំមាន​ការប្រែប្រួល​លឿន​ណាស់ ហើយ​ពេលវេលា​ក៏​មិន​រង់ចាំ​មនុស្ស​ដែរ ហេតុនេះ​ប្រសិនបើ​យើង​មិន​ព្យាយាម​ឱ្យបាន​ខ្លាំងក្លា​ទេ យើង​ប្រាកដជា​ស្តាយក្រោយ​មិនខាន។ សម្រាប់​ឆ្នាំ​ថ្មី​នេះ​អ្នក​គ្រប់គ្នាគួរតែរៀបចំ​គោលដៅ​ដោយប្រើប្រាស់ SMART GOAL មានន័យថា​គោលដៅ​ចាំបាច់​ត្រូវតែមាន​ភាព​ឆ្លាត​វៃ។

    ពាក្យ​ថា SMART នេះ​គឺជា​ការបញ្ចូល​គ្នា​នូវ​ពាក្យសំខាន់ៗជាច្រើន​ដែលជា​ធាតុ​ផ្សំ​ធ្វើឱ្យ​យើង​សម្រេចគោលដៅ​បាន។ ចំណុច​ដំបូង គឺ​គោលដៅ​ត្រូវតែមាន​ភាពច្បាស់លាស់ (Specific) ព្រោះ​ប្រសិនបើ​គ្មាន​ភាពច្បាស់លាស់​ទេ យើង​នឹង​អាច​វង្វេង ហើយ​បោះបង់ចោល​ក្នុងពេលណាមួយ ដោយសារតែ​គោលដៅ​របស់​យើង​មិនផ្តោត​ចំ​ចំណុច​ណាមួយ​ឱ្យ​ជាក់លាក់។ ចំណុច​សំខាន់​មួយទៀត គឺ​គោលដៅ​ត្រូវតែ​អាច​វាស់វែង​បាន (Measurable) ព្រោះ​ប្រសិនបើ​យើង​ដាក់​គោលដៅ​វែងឆ្ងាយពេក នោះ​យើង​នឹងត្រូវ​រត់តាម​គោលដៅ​នោះ​ទាំងអស់​សង្ឃឹម ហើយ​នឿយហត់​បំផុត ព្រោះ​មិនបាន​ដឹង​ពី​ចំណុច​បញ្ចប់​ដែល​យើង​ចង់ទៅ​ដល់​នោះ។

    លោក កែវ ឡង់ឌី បាន​និយាយថា៖ “គោលដៅ​មិនមែន​ចេះតែ​កំណត់​នោះទេ ព្រោះ​ប្រសិនបើ​មិន​កំណត់​ឱ្យបាន​ត្រឹមត្រូវ និង​មានការ​តាំងចិត្ត​ឱ្យបាន​ច្បាស់លាស់​ទេនោះ យើង​នឹង​ក្លាយជា​អ្នក​កុហក​ខ្លួនឯង​ម្តង​ហើយ​ម្តងទៀត​មិន​ខាន។ អ្នកខ្លះ​កំណត់​គោលដៅ​ច្រើន​រាប់មិនអស់ ហើយ​គាត់​មិនអាច​សម្រេច​ទាំងអស់ ព្រោះ​គាត់​អនុវត្ត​បានតែ​ក្នុង​រយៈពេល​ខ្លី ហើយ​ឈោង​ចាប់​គោលដៅផ្សេងៗទៀត”។

    ស្ថាបនិក​ក្រុមហ៊ុន​ខាងលើ​បានលើកឡើង​ផងដែរ​ថា ដើម្បី​ធានាថា​ការកំណត់​គោលដៅ​អាច​ទទួលបាន​ជោគជ័យ មនុស្សម្នាក់ៗត្រូវ​កំណត់​គោលដៅ​ដោយ​ធានាថា គោលដៅ​នោះ​អាចទៅរួច (Attainable) ព្រោះ​ប្រសិនបើ​យើង​កំណ​ត់វា​ធំ​ហួសហេតុ​ពេក​រហូត​មិនអាច​ទៅរួច នោះ​យើង​បានត្រឹមតែ​ឈឺចាប់ ឬ​សោកសៅ​ឥតប្រយោជន៍​តែប៉ុណ្ណោះ។ ដូចជាមិនអាច​នៅពេលដែល​កំពុង​ធ្វើជា​គណនេយ្យករសុខៗ ក៏​ស្រាប់តែ​ទៅ​ដាក់​គោលដៅ​ថា​ចង់​ធ្វើជា​វិស្វករ​ពូកែ​នោះទេ ព្រោះ​វា​ខុសគ្នា​ឆ្ងាយ​ពេក តែ​អ្នក​ទាំងអស់គ្នា​អាចដាក់​គោលដៅ​ណា​ដែល​ផ្តល់​ភាព​អភិវឌ្ឍ​ដល់​យើង​បច្ចុប្បន្ន ឬ​បន្ថែម​ភាពល្អប្រសើរ​ដល់​ការរស់នៅ​ឱ្យ​កាន់តែខ្លាំង​ឡើងជា​ដើម។ ចំណុច​ចុងក្រោយ​គឺ​អ្នកកំណត់​គោលដៅ​ក៏​ចាំបាច់​ត្រូវ​កំណត់​ពេលវេលា​ជាក់លាក់​ពី​គម្រោង​លម្អិតនីមួយៗ (Time Based)ផងដែរ ដើម្បី​ជាការ​លើកទឹកចិត្ត​ឱ្យយើងម្នាក់ៗមាន​ថាមពល​កាន់តែខ្លាំង។ នៅពេលយើង​កំណត់​ពេលវេលា​ជាក់លាក់​នៃ​គោលដៅល្អិតៗរួចហើយ យើង​អាច​នឹង​ដឹង​យ៉ាងច្បាស់​ពី​ពេលវេលា និង​ដំណាក់​កាលដែល​យើង​នឹង​សម្រេចបាន​ឆ្ពោះទៅ​គោលដៅ​ដែល​យើង​បាន​កំណត់ទុក​មិន​ខាន។

    លោក Christopher Lee ស្ថាបនិក​អង្គការ HEDC អន្តរជាតិ បាន​លើកឡើងថា មនុស្សម្នាក់ៗចាំបាច់​ត្រូវតែ​ថ្លឹងថ្លែង​ពី​ភាពជោគជ័យ និង​សុភមង្គល​ឱ្យបាន​ច្បាស់លាស់ ប្រសិនបើ​ចង់​ចាប់ផ្តើម​ឱ្យ​ជីវិត​កាន់តែ​ប្រសើរឡើង។ ហេតុនេះ​ពេល​កំណត់​គោលដៅ ឬ​ដាក់​ផែនការ​ជីវិត​ក៏ត្រូវ​តែ​យល់​ឱ្យ​ច្បាស់​ថា ជីវិត​មនុស្ស​មិនមែន​ត្រូវការ​តែ​ផ្នែក​ណាមួយ ដូចជា​ហិរញ្ញវត្ថុ ឬ​ត្រូវការ​តែ​ភាពជោគជ័យ​នោះទេ តែ​វា​ត្រូវ​រួមបញ្ចូល​គ្នា​នូវ​ក្តី​ស្រឡាញ់ សុខភាព​ល្អ ចំណេះដឹង និង​សុភមង្គល​ពិតប្រាកដ​ផងដែរ។ ការគិតគូរ​ខ្លាំងពេក​លើ​បញ្ហា​ហិរញ្ញវត្ថុ អាច​ជោគជ័យ​តែ​ផ្នែក​ខ្លះ​ក្នុង​ជីវិត តែ​អាចធ្វើឱ្យ​យើង​បាត់បង់​ផ្នែក​ជាច្រើន​ផ្សេងទៀត​ដែល​ជីវិត​ត្រូវការ។

    លោក Christopher lee បាន​និយាយថា៖“ក្រោយពេល​គិតគូរ​បាន​ល្អិតល្អន់​ហើយ វិធី​សំខាន់​ដែល​ធ្វើឱ្យ​យើង​ទទួលបាន​នូវ​អ្វីដែល​យើង​ចង់បាន​នោះ គឺ​ការអនុវត្ត តែ​ការធ្វើឱ្យ​ក្តី​ស្រមៃ​ក្លាយជា​ការពិត​នោះ ក៏​ទាមទារ​ឱ្យមាន​វិធីសាស្រ្តល្អ​ដើម្បី​សម្រេច​វា​ឱ្យបាន​ផងដែរ”។

    អ្នកជំនាញ​ខាង​អភិវឌ្ឍន៍​ធនធានមនុស្ស​ខាងលើ​បាន​លើកឡើងថា ពេលខ្លះ​យើង​គិតថា ទាល់តែ​យើង​ជឿ​លើ​គោលដៅ​របស់​យើង​ទើប​យើង​អាច​សម្រេចវា​បាន តែ​ពេលខ្លះ​ប្រសិនបើ​អ្នក​មិនទាន់​ជឿ​លើ​គោលដៅ​ក៏​អាច​សម្រេច​បានដែរ ដែល​នោះ​គឺ​ការផ្តោត ព្រោះ​នៅពេល​មនុ​ស្សណា​ម្នាក់​ផ្តោត​សំខាន់ ហើយ​ចង់បាន​របស់​ណាមួយ​យ៉ាង​ជាក់លាក់​នោះ យើង​នឹង​ព្យាយាម​ស្វែងរក​វិធី​គ្រប់បែបយ៉ាង​ដើម្បី​ធ្វើ​វា​ឱ្យបាន បើទោះបីជា​រឿង​ខ្លះ​យើង​មិនដែល​ជឿថា យើង​អាចធ្វើ​វា​បាន​ក៏ដោយ។ ភាពស្មោះត្រង់​ជាមួយ​គោលដៅ ហើយ​ស្រឡាញ់​គោលដៅ​នោះ​ឱ្យបាន​ខ្លាំង​បំផុត​តាម​អាចធ្វើ​ទៅបាន អាច​ជំរុញ​យើង​ឱ្យមាន​ថាមពល​កាន់តែខ្លាំង​ដើម្បី​សម្រេច​វា៕

  • លោក Emery បារម្ភ​ពី​ភាពទន់ខ្សោយ​នៅ​តំបន់​ការពារ​របស់ Arsenal ទោះ​ផ្តួល Fulham

    លោក Emery បារម្ភ​ពី​ភាពទន់ខ្សោយ​នៅ​តំបន់​ការពារ​របស់ Arsenal ទោះ​ផ្តួល Fulham

    លោក Unai Emery អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Arsenal បាន​សម្តែង​នូវ​ការរីករាយ​ចំពោះ​តំបន់​ប្រយុទ្ធ​របស់​ក្រុម​លោក ក្រោយពី​បាន​យកឈ្នះ​លើ​ក្រុម Fulham ក្នុង​លទ្ធផល 4-1 កាលពី​ថ្ងៃ​អង្គារ ប៉ុន្តែ​បាន​ទទួលស្គាល់ថា តំបន់​ការពារ​របស់​ពួកគេ​ត្រូវមាន​ការកែសម្រួល​លើ​ចំណុច​ជាច្រើន។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ទាំងនោះ​បាន​ជួយ​ឲ្យ​ក្រុម Arsenal ដណ្តើមបាន​ជ័យជម្នះ​ដ៏​ងាយ​លើ​ក្រុម Fulham ដែល​មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​មិន​បានល្អ​ឡើយ​ពេល​លេង​ក្រៅ​ដី ហើយ​ជ័យជម្នះ​នេះ​ពិតជា​សំខាន់​សម្រាប់​ក្រុម​របស់លោក Emery ក្នុងការ​រក្សា​ការជឿជាក់​របស់ខ្លួន ក្រោយពី​បាន​ចាញ់​ក្រុម Liverpool យ៉ាង​ខកចិត្ត​ក្នុង​លទ្ធផល 5-1។ ប៉ុន្តែ លោក Emery បាន​បញ្ជាក់ថា គ្រាប់​បាល់ មិនបាន​បង្ហាញ​ពី​ទម្រង់​លេង​របស់​ក្រុម​ទាំងមូល​ឡើយ។

    កីឡាករ Ryan Sessegnon បាន​ខ្ជះខ្ជាយ​ឱកាស2លើក​យ៉ាង​ល្អ​ក្នុង​ការជួយ​ឱ្យ ក្រុម​ភ្ញៀវ​មាន​គ្រាប់​បាល់​នាំ​មុខមុន​នៅ​រយៈពេល 20នាទី​ដំបូង ហើយ​ការរកបាន​គ្រាប់​បាល់​នាំមុខ​មុន នឹង​ផ្តល់​ការលំបាក​ដល់​ក្រុម Arsenal។ ប៉ុន្តែ ផ្ទុយទៅវិញ ការទន់ខ្សោយ​ក្នុង​តំបន់​ការពារ​របស់​ក្រុម Fulham បាន​អនុញ្ញាតឱ្យ​ខ្សែបម្រើ Granit Xhaka រកបាន​គ្រាប់​បាល់ ក្រោយពី​ការបញ្ជូន​បាល់​ពី​សំណាក់​កីឡាករ Alex Iwobi នៅ​នាទី ទី25 ហើយ​ក្រុម Arsenal កម្រ​បាន​ជួប​បញ្ហា​ណាស់ បន្ទាប់ពី​គ្រាប់​បាល់​នោះ។

    លោក Emery បាន​ឲ្យ​ដឹងថា៖ «ការ​ប្រជែង​របស់​យើង​នាពេល​បច្ចុប្បន្ន គឺ​ការធ្វើ​ឲ្យ​តំបន់​ការពារ​មាន​ភាពល្អ​ប្រសើរឡើង។ យើង​ពិតជា​រីករាយ​ជាមួយនឹង​កីឡាករ​នៅ​តំបន់​ប្រយុទ្ធ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ជាច្រើន​ដូច​នៅថ្ងៃនេះ​អ៊ីចឹង»។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ប៉ុន្តែ យើង​ត្រូវការ​តុល្យភាព​បន្ថែមទៀត​នៅ​តំបន់​ការពារ យើង​ត្រូវតែ​ធ្វើការ ត្រៀម​សម្រាប់​ពាក់កណ្តាល​រដូវ​កាល​ចុងក្រោយ ហើយ​យើង​ត្រូវតែ​លេង​ឲ្យ​បានល្អ​ផ្នែក​បច្ចេកទេស»៕

    ប្រភពពី៖ Channel News Asia

  • ឆ្នាំ2018 ក្រសួងពាណិជ្ជកម្ម​រក​ចំណូល​បាន​ច្រើន តែ​ត្រូវ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម និង​រក្សា​បរិយាកាស​វិនិយោគ​ឱ្យ​ល្អ

    ឆ្នាំ2018 ក្រសួងពាណិជ្ជកម្ម​រក​ចំណូល​បាន​ច្រើន តែ​ត្រូវ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម និង​រក្សា​បរិយាកាស​វិនិយោគ​ឱ្យ​ល្អ

    ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជំរុញ​ឱ្យ​ក្រសួងពាណិជ្ជកម្ម​ខិតខំ​ធ្វើកំណែទម្រង់​លើ​វិស័យ​ជាច្រើន​ទៀត ដើម្បី​សម្រួលការ​ធ្វើការ​ពាណិជ្ជ​កម្ម និង​រក្សាបាន​នូវ​បរិយាកាស​វិនិយោគ​ល្អ​ក្នុងប្រទេស​កម្ពុជា។ ព្រោះថា ក្រសួងពាណិជ្ជកម្ម​ពិត​ជា​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុង​រង្វង់​ប្រហែល 7% ក្នុង​មួយឆ្នាំ។ ជាក់ស្តែង ប្រាក់ចំណូល​ជិត 82លាន​ដុល្លារ ជា​ទឹកប្រាក់​ដែល​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​រកបាន​ក្នុង​ឆ្នាំ2018 ពី​អគ្គនាយកដ្ឋាន​កាំកុងត្រូល និង​សេវាសាធារណៈ។

    របាយការណ៍​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​បាន​បង្ហាញថា អគ្គនាយកដ្ឋាន​កាំកុងត្រូល​ដែលជា​សេនាធិការ​បស់​ក្រសួងពាណិជ្ជកម្ម រកបាន​ចំណូល 28.75លាន​ដុល្លារ​ពី​សេវា​ត្រួតពិនិត្យ​គុណភាព​ទំនិញ ដែល​តួលេខ​នេះ​កើនឡើង 12.92% បើ​ធៀប​នឹង​ឆ្នាំមុន។ ក្រសួង​ក៏​រកបាន​ប្រាក់ចំណូល​ប្រមាណ 52.78លាន​ដុល្លារ​ពី​សេវាសាធារណៈ​ផងដែរ។ របាយការណ៍​នេះ​ក៏បាន​បង្ហាញ​ផងដែរ​ពី​ការចំណាយ​របស់​ក្រសួង​ដែលមាន​ចំនួន 27.11លាន​ដុល្លារ។

    របាយការណ៍​បានបង្ហាញ​ទៀតថា ក្រុមហ៊ុន Green Trade ដែល​គ្រប់គ្រង​ដោយ​រដ្ឋ រកប្រាក់​ចំណូល​បាន 2.89លាន​ដុល្លារ ខណៈ​ការចំណាយ​ទៅវិញ​របស់​ក្រុមហ៊ុន​នេះ​មាន​ចំនួន 2.75លាន​ដុល្លារ ដែល​ធ្វើឱ្យ​ប្រាក់ចំណេញ​បាន​ពី​ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ​ក្នុង​ឆ្នាំ2018 មាន​ចំនួន 13,7000ដុល្លារ​ប៉ុណ្ណោះ។ ក្រុមហ៊ុន​នេះ​បានធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ក្រុមហ៊ុន COFCO មកពី​ប្រទេស​ចិន​ដែល​បាន​នាំចេញ​អង្ករ​ចំនួន 1,000 តោន​ទៅ​ចិន និង​បាន​លក់​ឱ្យ​អង្គការ WFP ចំនួន 3,700 តោន ក្នុង​ឆ្នាំ2018។

    ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែង​សង្កត់ធ្ងន់ថា “ខ្ញុំ​សូម​លើកទឹកចិត្ត និង​ផ្តល់នូវ​ការគាំទ្រ​ដល់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ និង​ថា្នក់​ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​ទាំងអស់​ឱ្យ​បន្ត​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើកំណែទម្រង់​លើ​វិស័យ​ជាច្រើន​ទៀតសំដៅ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម និង​រក្សាបាន​នូវ​បរិយាកាស​វិនិយោគ​ល្អ​នៅ​កម្ពុជា​ក្នុង​របត់​ថ្មី​នៃ​ការប្រែប្រួល​ប៉ូល​សេដ្ឋកិច្ចពិភពលោក និង​ពាណិជ្ជកម្ម​អន្តរជាតិ”។

    ឯកឧត្តម​បន្តថា ក្នុង​ឆ្នាំ2018នេះ តាម​ការប៉ាន់ស្មាន​ជាប​ឋ​ម​របស់​រដ្ឋាភិបាល អត្រាកំណើន​សេដ្ឋកិច្ចរ​បស់​កម្ពុជា​នឹង​សម្រេចបាន​ក្នុង​រង្វង់ 7.3% ដែល​កំណើន​នេះ​ទទួលបាន​ពី​ការកើនឡើង​យ៉ាងរឹងមាំ​នៃ​វិស័យ​សំណង់ ការបន្ត​កើនឡើង​នៃ​វិស័យ​កាត់ដេរ និង​ការនាំចេញ​កំណើន​ជា​មធ្យម​ទទួលបាន​ពី​វិស័យ​កសិកម្ម ការ​ងើបឡើង​យ៉ាងខ្លាំង​នៃ​វិស័យ​ទេសចរណ៍ និង​កំណើន​នៃ​វិស័យ​លក់ដុំ-លក់រាយ ព្រម-ទាំង​វិស័យ​បន្ទាប់បន្សំ​ដទៃទៀត​ផងដែរ។

    ទាក់ទង​នឹង​វិស័យ​ពាណិជ្ជកម្ម កម្ពុជា​បាន​បើក​ទីផ្សារ និង​នាំចេញ​ទំនិញ​ទៅកាន់ 147ប្រទេស ក្នុង​ទំហំ​ធំ​ជាង 60% នៃ​ផ.ស.ស (ផលិតផល​ក្នុងស្រុក​សរុប) និង​នាំចូល​ទំនិញ​មក​បម្រើ​ការផលិត និង​ប្រើប្រាស់​ពី 135ប្រទេស​ក្នុង​ទំហំ​ប្រមាណ 65% នៃ​ផ.ស.ស ផងដែរ។

    សភាពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា ប្រាក់ចំណូល​ដែល​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​រកបាន​ក្នុង​ឆ្នាំ2018នេះ គឺជា​ប្រភព​ដ៏​សំខាន់​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចជាតិ ដែលជា​ផ្នែក​មួយ​នៃ​ចំណូល​ពន្ធ។ ឯកឧត្តម លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ថ្លែងថា៖“វា​ផ្ដល់​ប្រយោជន៍​កាន់តែច្រើន​ដល់​សេដ្ឋកិច្ច​របស់​យើង ក្រសួងពាណិជ្ជកម្ម គឺជា​អ្នកដើរ​តួនាទី​ដ៏​សំខាន់​ក្នុងការ​ទាក់ទាញ​ក្រុម​វិនិយោគិន និង​ជំរុញ​លំហូរ​ចូល​ពាណិជ្ជកម្ម​ពី​ក្រៅប្រទេស និង​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស”។

    ឯកឧត្តម លឹម ហេង បាន​បន្តថា៖ ”ប្រាក់ចំណូល​បាន​ពី​សេវាសាធារណៈ មានន័យថា លំហូរ​ចូល​ក្រុមហ៊ុន​ចុះបញ្ជី​បាន​កើនឡើង ដូច្នេះ​និន្នាការ​សេដ្ឋកិច្ច​របស់​យើង​រក្សាបាន​កាន់តែប្រសើរឡើងៗ ដោយសារ​ប្រតិ​ប​ត្ដិករ​នៅក្នុង​វិស័យនេះ​គោរព​តាមច្បាប់”។

    អ្នកតាមដាន​ស្ថានការណ៍​សេដ្ឋកិច្ចកម្ពុជា លោក​អគ្គនាយក​ក្រុមហ៊ុន ហ្វ័​រ​តេ បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ឱ្យដឹងថា ចំនួន​ប្រាក់ចំណូល គឺជា​សញ្ញា​ល្អ​សម្រាប់​ក្រសួងពាណិជ្ជកម្ម ប៉ុន្តែ​ក្រសួង​គួរតែ​ជំរុញ​ប​នែ្ថ​ម​ទៀត​នូវ​សេវាសាធារណៈ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត ដើម្បី​បង្កើន​ទំនុកចិត្ត​សម្រាប់​សាធារណជន។ ព្រោះ​ចំណូល​វា​មិនមែនជា​សូចនាករ​សម្រាប់​បញ្ជាក់​នូវ​កំណើនសេដ្ឋកិច្ច​នោះទេ វា​គ្រាន់តែ​ជា​ចំណូល​បន្ទាប់បន្សំ មិនអាច​ធ្វើជា​រង្វាស់រ​ង្វា​ល់​មួយ​បានទេ”។

    លោក យក់ ចំរើន​ឫទ្ធិ អគ្គនាយក​ក្រុមហ៊ុន​ហ្វ័​រ​តេ​បានបញ្ជាក់​ប្រាប់ថា៖ “ប្រាក់ចំណូល​ដែល​ក្រសួងពាណិជ្ជកម្ម​រកបាន វា​គ្រាន់តែ​ជាការ​គួបផ្សំ តែ​វា​មិនមែនជា​ការជំរុញ​នូវ​កំណើនសេដ្ឋកិច្ច​ទេក្រសួង​គួរតែ​ធ្វើ​ការងារ​ប្រមូល​ចំណូល​ឱ្យបាន​ច្រើន ឱ្យ​គ្រប់​ជ្រុងជ្រោយ ព្រោះ​ចំណូល​ទទួលបាន​ពី​សេវាសាធារណៈ ជា​ចំណូល​បន្ទាប់បន្សំ ដូច្នេះ​ត្រូវ​ជំរុញ​ការប្រមូល​ចំណូល​ឱ្យមាន​ប្រសិទ្ធភាព​បន្ថែមទៀត”។

    លោក​អគ្គនាយក​បា​នប​ន្ថែ​ម​ថា៖ “ដើម្បី​ជំរុញ​សេដ្ឋកិច្ចជាតិ ក្រសួងពាណិជ្ជកម្ម​ត្រូវ​រក​ដៃគូ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ឱ្យបាន​ច្រើន ការរក​ទីផ្សារ​ក៏​ជាការ​ជួយ​រក​ប្រភព​ចំណូល និង​ការជំរុញ​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​ដែរ។ ការងារ​ស្នូល​របស់​ក្រសួងពាណិជ្ជកម្ម គឺ​ត្រូវ​រក​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម ទីផ្សារ និង​ដៃគូ​ឱ្យបាន​ច្រើន បើ​យើង​បើកចំហ​ទីផ្សារ​បាន​ច្រើន យើង​មាន​ទំនាក់ទំនង​ដៃគូ​ពាណិជ្ជកម្ម​កាន់តែច្រើន និង​មាន​ពាណិជ្ជកម្ម​កាន់តែ​ធំ ចំណូល​ក៏​កាន់តែ​ធំ ដែល​អាចជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​បាន​កាន់តែ​ខ្លាំង”៕

  • សាច់ក្រក​សៀមរាប​មិនមែន​ ល្បី​តែ​ក្នុងស្រុក​ខ្មែរ​ទេ តែ​នៅ​បរទេស​ក៏មាន​តម្រូវការ​ខ្ពស់​ដែរ

    សាច់ក្រក​សៀមរាប​មិនមែន​ ល្បី​តែ​ក្នុងស្រុក​ខ្មែរ​ទេ តែ​នៅ​បរទេស​ក៏មាន​តម្រូវការ​ខ្ពស់​ដែរ

    នៅពេល​គេ​និយាយ​ពី​រឿង​សាច់ក្រក គេ​តែង​នឹកឃើញ​ដល់​សាច់ក្រក​សៀមរាប ដោយ​គេ​នាំគ្នា​និយាយថា វា​មាន​រសជាតិ​ឆ្ងាញ់​លើសពី​សាច់ក្រក​មកពី​ខេត្តផ្សេងៗទៀត​នៅ​កម្ពុជា​យើង ហើយ​នៅពេល​គេ​ធ្វើដំណើរ​ទៅ​កម្សាន្ត និង​ត្រឡប់​មកពី​ខេត្តសៀមរាប​វិញ គេ​តែង​ទិញ​យកមក​ទុក​ទទួលទាន​នៅផ្ទះ ហើយ​ខ្លះ​ថែមទាំង​ទិញ​សម្រាប់​ផ្ញើ​ទៅ​បងប្អូន​នៅក្រៅ​ប្រទេស​ទៀតផង។

    លោក យ៉ែម ស្រ៊ុន អ្នកគ្រប់គ្រង​ទូទៅ​នៃ​សិប្បកម្ម លី ធាង​សេង ដែលមាន​ទីតាំងនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប មានប្រសាសន៍ថា សិប្បកម្ម​របស់លោក​ចាប់​ផ្តើមឡើង តាំងពី​សម័យ​ក្រោយ​ឆ្នាំ1979 មកម៉្លេះប៉ុន្តែ​កាលនោះ​បង្កើត​ឡើងជា​លក្ខណៈ​គ្រួសារ មិនទាន់មាន​ការផលិត​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូច​សព្វថ្ងៃនេះ​ទេ។ រហូត​ឆ្នាំ80ប្លាយ ទើប​ក្រុមគ្រួសារ​សម្រេចចិត្ត​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ជា​ផ្លូវការ និង​ពង្រីក​ចង្វាក់​ផលិតកម្ម​ឱ្យបាន​កាន់តែច្រើន សម្រាប់​ចែកចាយ​នៅលើ​ទីផ្សារ​ទូទាំងប្រទេស។

    ទីផ្សារ​ដែល​ទទួលបាន​ការ​កុម្ម៉ង់​ទិញ​ច្រើនជាងគេ​នាពេល​បច្ចុប្បន្ននេះ គឺ​ទីក្រុង​ភ្នំពេញ និង​បន្ទាប់មក​គឺ ប្រជាពលរដ្ឋ​ដែល​នៅតាម​បណ្តា​ខេត្តផ្សេងៗទៀត ដែល​ពួកគាត់​ទិញ​សម្រាប់​ទុក​ទទួលទាន​ជា​លក្ខណៈ​ក្រុមគ្រួសារ ឬ​យកទៅលក់​បន្ត​នៅតាម​ទីប្រជុំជនផ្សេងៗ ហើយ​ប្រជាជន​មួយចំនួនទៀត​បាន​ទិញ​ផ្ញើ​បងប្អូន​នៅក្រៅ​ប្រទេស មានដូចជា​ប្រទេស​អាមេរិក បារាំង ជប៉ុន កូរ៉េ កាណាដា អូស្ត្រាលី​ជាដើម។

    អ្នកមើលការខុសត្រូវ​ក្នុង​សិប្បកម្ម​ខាងលើ​បន្តថា ក្នុង​មួយថ្ងៃ​មាន​អតិថិជន​កុម្ម៉ង់​ទិញ​ប្រហែលជា100គីឡូក្រាម​គិត​ជា​មធ្យម ទាំង​សាច់ក្រក​ធ្វើ​ពី​សាច់គោ និង​សាច់ក្រក​ធ្វើ​ពី​សាច់ជ្រូក គឺ​មានការ​កុម្ម៉ង់​ទិញ​ប្រហាក់ប្រហែលគ្នា។

    អ្វីដែល​ធ្វើឱ្យ​សាច់ក្រក​សៀមរាប​មានការ​គាំទ្រ​ច្រើន​នៅលើ​ទីផ្សារ​ដូចនេះ គឺ​ដោយសារ​ផលិតផល​មានគុណ​ភាពល្អ ទិញ​សាច់ស្រស់ៗមក​ផលិត មិន​ទិញ​សាច់​ក្លាស្សេ ឬ​សាច់​សល់ និង​ផលិតឡើង​ដោយ​ដាក់​តែ​សាច់សុទ្ធៗ មិន​លាយ​ខ្លាញ់ និង​សម្រិតសម្រាំង​គុណភាព អនាម័យ មិន​លាយ​ជាមួយ​ម្សៅ ឬ​ដាក់​ថ្នាំ​រក្សា​គុណភាព​ឱ្យ​ទុក​បានយូរ នាំឱ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ​នោះទេ។ សម្រាប់​ប្រជាពលរដ្ឋ​ដែល​ទិញ​ទុក​យូរ អាច​យកទៅដាក់​ក្នុង​ទូទឹកកក​ក្នុង​កន្លែង​កក នឹង​អាច​រក្សាទុក​បាន​ដល់​ទៅ 1ឆ្នាំ និង​បើ​ទុក​ក្នុង​កន្លែង​ត្រជាក់​ធម្មតា អាច​រក្សាទុក​បាន​ដល់ 1ខែ ប៉ុន្តែ​យ៉ាងណាក៏ដោយ ការ​ក្លាស្សេ​សាច់ក្រក​ទុក​យូរពេក ក៏​មិនសូវមាន​រសជាតិ​ឆ្ងាញ់​ដូច​ញ៉ាំភ្លាមៗនោះទេ។

    លោក ស្រ៊ុន បាន​បង្ហើប​ឱ្យដឹងពី​វិធីសាស្ត្រ​ធ្វើ​សាច់ក្រក​នេះ​ថា គ្មាន​អ្វីដែល​លំបាក​នោះទេ គ្រាន់តែ​យើង​ទិញ​សាច់ល្អៗមកពីផ្សារ ហើយ​យកមក​លាង​ទឹក​សម្អាត​ឱ្យ​ស្អាត រួច​ទុកចោល​ឱ្យ​ស្ងួត​ទឹក​ល្អ​ហើយ​សឹម​យកទៅដាក់​ក្នុង​ម៉ាស៊ីន​កិន​សាច់​ឱ្យ​ម៉ដ្ឋ បន្ទាប់មក​ទើប​យើង​ចាប់ផ្តើម​លាយ​គ្រឿងទេស​ចូល ដែល​រួមមាន អំបិល ស្ករ ប៊ីចេង បន្ថែម​រសជាតិ​ដោយ​ខ្ទឹមស​តិចតួច ដែល​គិតថា​សមល្មម​មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ហើយ​ទើប​យកមក​ច្រក​ក្នុង​ពោះវៀន​ជ្រូក​ដែល​លាង​ស្អាត​រួចជាស្រេច ឬ​ថង់​ច្រក​ដែល​គេ​ផលិត​ពី​ពពុះសណ្តែក(អាច​ហូប​បាន) រួច​យកទៅ​ដាក់ចូល​ឡស​ម្ងួ​ត​ឱ្យ​ស្ងួត​ល្អ ដែល​គេ​អាច​ប្រើឡ​ធម្មជាតិ​ដុត​ដោយ​ធ្យូង​ក៏បាន ឬ​ស​ម្ងួ​ត​ក្នុង​ឡ​អគ្គិសនី​ក៏បាន​ដែរ ប៉ុន្តែ​មិនត្រូវ​ប្រើ​ភ្លើង​ខ្លាំង​បង្ខំ​ឱ្យ​ឆាប់​ស្ងួត​នោះទេ ពោលគឺ​ត្រូវ​ដុត​ភ្លើងតិចៗដែលជា​ទូទៅ​គេ​ត្រូវ​ប្រើពេល​ស​ម្ងួ​តដល់​ទៅ 3ថ្ងៃ​ឯណោះ ទើប​អាច​យកទៅលក់​នៅលើ​ទីផ្សារ​បាន និង​អាច​រក្សាទុក​បាន​ច្រើន​ថ្ងៃ​ទៀតផង។ លោក​បាន​បញ្ជាក់ថា បច្ចុប្បន្ន​សិប្បកម្ម​ផលិត​សាច់ក្រក លី ធាង សេង មាន​បុគ្គលិក-កម្មករ​ប្រមាណ​ជា3 ទៅ 4នាក់​ប៉ុណ្ណោះ ដោយ​អាច​ផលិត​សាច់ក្រក​លក់បាន​ជាង 100គីឡូក្រាម​ជា​រៀងរាល់ថ្ងៃ។

    នៅ​ថ្ងៃ​អនាគត សិប្បកម្ម​ខាងលើ​នឹង​ពង្រីក​ឱ្យ​កាន់តែ​ធំ​ថែមទៀត ដោយ​សម្រិតសម្រាំង​ទៅលើ​គុណភាព អនាម័យ និង​សោភណភាព​សម្បក​វេច​ខ្ចប់​ជាដើម ដើម្បី​ដាក់លក់​នៅក្នុង​ផ្សារ​ទំនើប និង​សម្រាប់​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​បរទេស​ថែមទៀត។

    អតិថិជន​ដែល​ទិញ​យកទៅលក់​បន្ត​ម្នាក់ អ្នកស្រី ពឹង ស៊ូ​លី ជា​អាជីវករ​នៅក្នុង​ផ្សារ​ទី​រួម​ខេត្តក្រចេះ​បានលើកឡើង​ថា ដោយសារ​សាច់ក្រក​សៀមរាប​មាន​រសជាតិ​ឆ្ងាញ់ និង​មានការ​គាំទ្រ​ពី​អតិថិជន​ស្រាប់ អ្នកស្រី​បាន​ទិញ​យកទៅលក់​បន្ត​នៅ​ទីនោះ ហើយក៏​មានការ​កុម្ម៉ង់​ទិញ​ច្រើន​គួរសម​ដែរ ដោយ​ក្នុង​មួយថ្ងៃ​អ្នកស្រី​អាច​លក់​ចេញ​បាន​ប្រមាណ​ជា 10គីឡូក្រាមគិត​ជា​មធ្យម។ អ្នកស្រី​បន្ថែមថា តាមពិតទៅ អ្នកទិញ​សាច់ក្រក​នេះ​មិនមែន​សុទ្ធតែជា​អ្នក​ខេត្តក្រចេះ​ទេ ប្រជាពលរដ្ឋ​នៅ​ខេត្តជិតៗនោះ ដូចជា​រតនគីរី ស្ទឹងត្រែង កំពង់ចាម​ជាដើម ក៏​មានការ​កុម្ម៉ង់​ទិញ​តាម​អន​ឡាញ​ជា​រៀងរាល់ថ្ងៃ​ផងដែរ៕

  • វិស័យ​អចលនទ្រព្យ និង​សាងសង់ ពេញ​មួយឆ្នាំ 2018 ទទួលបាន​ទុនវិនិយោគ​ជាង$5ពាន់​លាន

    វិស័យ​អចលនទ្រព្យ និង​សាងសង់ ពេញ​មួយឆ្នាំ 2018 ទទួលបាន​ទុនវិនិយោគ​ជាង$5ពាន់​លាន

    ការសាងសង់​នៅ​កម្ពុជា ពេញ​មួយឆ្នាំ2018នេះ មាន​ប្រមាណ​ជា 2,867គម្រោង ជាមួយនឹង​ទុនវិនិយោគ​ប្រមាណ​ជាង 5,200លាន​ដុល្លារ​អាមេរិក(5,228,992.522)ដែល​គម្រោង​សំណង់​ទាំងនោះ​សាងសង់​លើ​ផ្ទៃដី​ចំនួន 11,427,190ម៉ែត្រការ៉េ។ នេះ​បើ​យោងតាម​របាយការណ៍​ស​ន្និបាត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

    របាយការណ៍​បាន​បញ្ជាក់ថា គម្រោង​សំណង់​នៅ​ឆ្នាំ2018 មានការ​ថយចុះ​ជិត 19% បើ​ធៀប​នឹង​ឆ្នាំ2017 ដែលមាន​គម្រោង​សាងសង់​រហូតដល់​ទៅ 3,052គម្រោង ជាមួយ​ទុនវិនិយោគ​ប្រមាណ 6,428,794.179ដុល្លារអាមេរិក។

    របាយការណ៍​នេះ​ក៏បាន​ឱ្យដឹង​ផងដែរ​ថា គម្រោង​សាងសង់​ទាំងនេះ​ស្ថិតក្រោម​សមត្ថកិច្ច​របស់​ក្រសួង​មាន​ចំនួន 245គម្រោង មាន​ទុនវិនិយោគ​ប្រមាណ 4,829,173.854ដុល្លារ ហើយ​ស្ថិតក្រោមសមត្ថកិច្ច​សាលា​រាជធានី-ខេត្ត​ចំនួន 2,622គម្រោង ជាមួយ​ទុនវិនិយោគ​ប្រមាណ 399,818,668ដុល្លារ។

    សំណង់​លំនៅឋាន​សរុប​ក្នុង​ឆ្នាំ2018 មាន​ចំនួន2.420គម្រោង ជាមួយ​ទុនវិនិយោគ​ប្រមាណ 1, 835,416.912ដុល្លារ ស្មើនឹង 18,471ខ្នង ហើយ​អគារខ្ពស់ៗចាប់ពី 5ជាន់ឡើង​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ2018 មាន​ចំនួន 110អគារ។ ដោយឡែក​បណ្ដុំ​លំនៅឋាន​មាន​លក្ខណៈ​បុរី​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ2018 មាន​ចំនួន 28ទីតាំង។

    តាម​របាយការណ៍​រប​ស់​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និង​សំណង់​ដដែល បាន​អះអាងថាគិត​ចាប់ពី​ឆ្នាំ2000 ដល់​ខែវិច្ឆិកា ឆ្នាំ2018 ក្រសួង​បានចេញ​លិខិតអនុញ្ញាត​សាងសង់​បាន​ចំនួន43,136គម្រោង ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប​ចំនួន 114,297,621ម៉ែត្រការ៉េ និង​តម្លៃ​ប៉ាន់ស្មាន​ទុនវិនិយោគ​សរុប​ប្រមាណ 43,370,423.378ដុល្លារ។ ជាមួយគ្នា​នោះដែរ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ក៏​ប្រមូលបាន​ចំណូល​ប្រមាណ 390,476,442.711រៀល ឬ​ស្មើនឹង​ជិត 98លាន​ដុល្លារ​អាមេរិក​ដែល​ចំណូល​នេះ​បានមកពី​សេវា​សុរិយោដី សេវា​សំណង់​ពី​ការជួល​ទីតាំង​រោងចក្រ សហគ្រាស និង​បាន​ពី​ពន្ធ​លើ​ការផ្ទេរ​អចលនទ្រព្យ​ដែល​ប្រមូល​នៅ​អង្គភាព​ពន្ធដារ។

    ដោយឡែក​លោក​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ បានបញ្ជាក់​អំពី​ការចុះបញ្ជី​នៃ​គម្រោង​សាងសង់​ខាងលើ​ថា ចំនួន​គម្រោង​នៃ​អចលនទ្រព្យ​ខាងលើ វា​គ្រាន់តែ​ជា​តួលេខ​នៃ​ការចាប់ផ្តើម​គម្រោង​តែប៉ុណ្ណោះ ពីព្រោះ​គម្រោងនីមួយៗជួនកាល​ម្ចាស់​គម្រោង​បាន​ចុះបញ្ជី​រួចហើយ តែ​គាត់​ពុំបាន​សាងសង់ភ្លាមៗទេ គាត់​អាច​សាងសង់​នៅ​ខែក្រោយ ឬ​ឆ្នាំក្រោយ ឬ​ពេលវេលា​ណាមួយ​សមស្រប​សម្រាប់​គាត់។

    លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​ទើប​ជាប់ឆ្នោត​ថ្មី បាន​មានប្រសាសន៍​ពី​បញ្ហា​នេះ​ថា៖ “ដូច្នេះ​តាម​ទស្សនៈ​របស់ខ្ញុំ ការចុះបញ្ជី​គ្រាន់តែ​ជា​តួលេខ​នៃ​ការចាប់ផ្តើម បើ​គាត់​ចុះបញ្ជី​ហើយ​គាត់​មានបំណង​ឆន្ទៈ​ពិតប្រាកដ​ដើម្បី​វិនិយោគ ហើយ​គាត់​ថា​សាងសង់ ឬ​ចាប់ផ្តើម​នៅពេលណា​យើង​មិនដឹង​ច្បាស់​ទេ”។

    លោក​បាន​បន្តទៀតថា តួលេខ​នៃ​ការចុះបញ្ជី​ច្រើន ឬ​តិច គ្រាន់តែ​ជា​តួលេខ​ចាប់ផ្តើម​តែ​អ្វី​ពិតប្រាកដ គឺ​ការអនុវត្ត​គម្រោង។ បើ​យើង​មាន​តួលេខ​ដែល​ចុះបញ្ជី​មាន​ចំនួន​ប៉ុន្មាន? ឧទាហរណ៍​ចំនួន100 ហើយ​យើង​អនុវត្តបាន90 ដូច្នេះ​នៅសល់តែ10ទេ។ ហេតុនេះ​ការចុះបញ្ជី​ជា​បំណង តែ​ផុត​ពីនេះ​គាត់​ចាប់ផ្តើម​នៅពេលណា យើង​ត្រូវ​មើល​លើ​ការអនុវត្ត ព្រោះ​គម្រោង​ខ្លះ​អាច​ត្រូវ​ពន្យារពេល វា​អាស្រ័យ​លើ​ពេលវេលា​ជាក់ស្តែង និង​បើ​ឱ្យ​តួលេខ​ចុះបញ្ជី​ឆ្នាំ​ហ្នឹង ត្រូវ​នឹង​តួលេខ​អនុវត្ត​គម្រោង​ឆ្នាំ​ហ្នឹង​តែម្តង វា​មិនត្រូវ​ទេ។

    លោក សុខ​នី​ម បាន​បន្ថែមថា យើង​មិនមាន​ការព្រួយបារម្ភ​ពី​តួលេខ​ដែល​ខុសគ្នា​តិចតួច​នោះទេ យើង​ទទួលស្គាល់ថា វា​អាចមាន​គម្រោង​ដែល​អាច​ចុះបញ្ជី​ហើយ តែ​ត្រូវបាន​ពន្យារពេល តែ​ក៏បាន​សាងសង់​ជា​បន្ត ដូចដែល​យើង​បាន​មើលឃើញ​ពី​ការកើនឡើង​ក្នុង​វិស័យនេះ និង​គម្រោង​ដែល​បាន​ចុះបញ្ជី​ហើយ និង​បានបញ្ចប់​គម្រោង តែ​ខ្លះ​ក៏​នៅ​បន្ត​គម្រោង​ពុំទាន់​បញ្ចប់​ក៏មានដែរ៕