Category: សង្គម និងសេដ្ឋកិច្ច

  • អ្នកគាំទ្រភ័យខ្លាចតែ ទេព បូព្រឹក្ស កើតជំងឺបាក់ទឹកចិត្ត ក្រោយបញ្ចប់រឿងរ៉ាវកន្លងទៅ

    អ្នកគាំទ្រភ័យខ្លាចតែ ទេព បូព្រឹក្ស កើតជំងឺបាក់ទឹកចិត្ត ក្រោយបញ្ចប់រឿងរ៉ាវកន្លងទៅ

    ទោះជារឿងរ៉ាវរបស់កញ្ញា ទេព​ បូព្រឹក្ស បានចប់ទៅហើយ តែកញ្ញានៅតែធ្វើចិត្តមិនទាន់បាន ព្រោះឃើញថានៅមានមនុស្សមួយចំនួនតូចបានយករឿងនេះទៅធ្វើជារឿងលេងសើចទៅវិញ។ នៅរាត្រីថ្ងៃម្សិលមិញនេះ តារាស្រីរូបនេះ បានបង្ហោះសារសោកសៅមួយឃ្លាថា « ខ្ញុំយល់ហើយ ហេតុអ្វីបានជាមនុស្សមួយចំនួនតូច នៅពេលដែលបាក់ទឹកចិត្តខ្លាំងរើសយកសេចក្តីស្លាប់ ហើយខ្ញុំក៏ស្គាល់ហើយ ដូចម្តេចដែលហៅថាជំងឺបាក់ទឹកចិត្ត និងស្រ្តេសនោះ ហើយខ្ញុំក៏រឹតតែយល់ច្បាស់នៅពាក្យថា មិនឲ្យតម្លៃមើលងាយប្រមាថយកទៅសើចលេងសប្បាយ»។

    ការបង្ហោះសារបែបនេះ បានធ្វើឱ្យអ្នកគាំទ្រនាង កាន់តែព្រួយបារម្ភពីស្ថានភាពផ្លូវចិត្តរបស់នាង ដែលរងនូវការអាម៉ាស់ធំមួយ ខណៈក្នុងនាងនាមជាសិល្បករមានឈ្មោះបោះសំឡេងម្នាក់ប្រចាំទ្រនំផលិតកម្មធំ។ ការលើកឡើងរបស់អ្នកគាំទ្រនាងបានបង្ហាញថា នៅពេលកើតការណ៍កន្លងទៅនោះ នាងកើតមានជំងឺបាក់ទឹកចិត្តភ្លាមៗ និងបម្រុងសម្លាប់ខ្លួនផងដែរ តែជាសំណាងល្អ នាងមានក្រុមគ្រួសារ តារាសិល្បៈរៀមច្បងនិងអ្នកគាំទ្រជួយជ្រោមជ្រែង ផ្ដល់កម្លាំងចិត្តដល់រូបនាងយ៉ាងពេញទំហឹង។

    មកទល់ពេលនេះ នៅមិនទាន់ប្រាកដបានថា ជំងឺបាក់ទឹកចិត្តដែលមាននៅក្នុងអារម្មណ៍ផ្លុវចិត្តរបស់តារាស្រីរូបនេះ កំពុងរុករានខ្លាំងប៉ុនណានោះទេ។ អ្នកគាំទ្រនាង បានចូលទៅខម្មិន្ដលើកទឹកចិត្តនាង និងចង់ឱ្យនាងតាំងជំហររឹងមាំលើវិថីសិល្បៈបន្ដទៀត៕

  • អត្រា​សិស្ស​ក្រោម​ថ្នាក់​ទី5 នៅ​កម្ពុជា​ដែល​មិនចេះ​អក្សរ​មាន​ចំនួន​ច្រើនជាង​ប្រទេស​ក្នុង​តំបន់

    អត្រា​សិស្ស​ក្រោម​ថ្នាក់​ទី5 នៅ​កម្ពុជា​ដែល​មិនចេះ​អក្សរ​មាន​ចំនួន​ច្រើនជាង​ប្រទេស​ក្នុង​តំបន់

    ស្រប​ពេលដែល​ក្រសួង​អប់រំ យុវជន និង​កីឡាកំពុងជំរុញឱ្យមាន​ការធ្វើកំណែទម្រង់​វិស័យ​អប់រំគុណភាពសិស្ស​កម្រិត​វិទ្យាល័យ​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា មានការ​កើនឡើង​ជាមួយ​នឹង​អត្រា​ធ្លាក់​ថយចុះ​ស្រប​ពេលដែល​វិញ្ញាសា​ស្ថិតក្នុង​ស្តង់ដារ​តឹងតែង​ដដែល ហើយ​ចំពោះ​ថ្នាក់បឋមសិក្សា ឬ​ការបណ្តុះបណ្តាល​កុមារ​តូច​វិញ​ក៏​កំពុងមាន​សញ្ញា​វិជ្ជមាន​ដែរ។ ទោះបីជា​បែបនេះ​ក៏ដោយ​ក៏​កម្ពុជា​នៅមាន​ឧបសគ្គ​មួយចំនួន​ដែល​នៅតែ​ជា​កត្តា​ប្រឈម​ដដែលដែល​ទាមទារ​ឱ្យមាន​ដំណោះស្រាយ​សម្រាប់​ការអប់រំ ជាពិសេស​នៅ​ថ្នាក់បឋមសិក្សា។

    ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថាអត្រា​សិស្ស​ក្រោម​ថ្នាក់​ទី5 នៅ​កម្ពុជា​ដែល​មិនចេះ​អាន​អក្សរ​មាន​ស្ថិតិ​ខ្ពស់ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​ក្រសួង​បាន​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​ទាំងអស់នេះ​ដោយ​ការបន្ត​បំប៉ន​គ្រូបង្រៀន​ថ្នាក់​ទី1 និង​ថ្នាក់​ទី2ដើម្បី​ជំរុញ​ឱ្យ​ការបណ្តុះបណ្តាល​ផ្នែក​អំ​ណាន ដោយ​ប្រើប្រាស់​កញ្ចប់​សម្ភារ​អំ​ណាន​ថ្នាក់ដំបូង។ កម្មវិធី​នេះ​នឹង​អាច​ជំរុញ​ឱ្យ​កុមារតូចៗចាប់ផ្តើម​មាន​មូលដ្ឋានគ្រឹះ​ខ្លាំង​លើ​ផ្នែក​អំ​ណាន​ដែល​អាចជួយ​ឱ្យ​ពួកគេ​អាច​អភិវឌ្ឍ​សមត្ថភាព​បានល្អ​នៅ​ថ្ងៃ​អនាគត។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖“កន្លងមក​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេសជិតខាង យើង​ឃើញថា សិស្ស​កម្ពុជា​អាចធ្វើ​បានល្អ​ផ្នែក​គណិតវិទ្យា តែ​សម្រាប់​ផ្នែក​អំ​ណាន​វិញ យើង​នៅមានកម្រិត​ទាប​ជាងគេ​នៅឡើយ”។

    បើតាម​ឯកឧត្តម​រដ្ឋមន្ត្រី ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ ក្រសួង​បានធ្វើ​កំណែទម្រង់​ដោយ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សៀវភៅ​សម្រាប់​ណែនាំ​ដល់​គ្រូសៀវភៅ​ជំនួយ​ដល់​សិស្ស ប័ណ្ណ​អក្សរ រូបភាព និង​សៀវភៅ​រឿងខ្លីៗជាច្រើន ដើម្បី​បណ្តុះបណ្តាល​សិស្ស​កម្ពុជា​ឱ្យមាន​សមត្ថភាព​កាន់តែខ្លាំង។ ជា​លទ្ធផល​បន្ទាប់ពី​បានផ្តល់​នូវ​វិធីសាស្ត្រថ្មីៗ រួមទាំង​សម្ភារ​ជំនួយល្អៗរួចមក ឃើញថា​សិស្ស​មាន​សមត្ថភាព​ល្អជា​ង​មុន ស្រប​ពេលដែល​ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏​ជំរុញ​បន្ថែម​ដល់​លោកគ្រូ-អ្នកគ្រូ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​លើ​វិធីសាស្ត្រ​បង្រៀន​ដោយមាន​សមាសភាព5 គឺ​ការ​ស្គាល់​សូរ ការ​ស្គាល់​តួអក្សរ ការចេះ​អាន​ពាក្យ ការចេះ​អាន​ស្ទាត់ និង​ការអាន​យល់​ន័យរួមទាំង​វិធីសាស្ត្រ​ជំរុញ​ដល់​ផ្នែក​អំ​ណាន​ជាច្រើន​ផ្សេងទៀត​ផងដែរ៕

  • នាយក​សមាគម៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ឆ្នាំ2019 នឹង​នៅតែ​បន្ត​រីកចម្រើន

    នាយក​សមាគម៖ វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ឆ្នាំ2019 នឹង​នៅតែ​បន្ត​រីកចម្រើន

    គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែលជា​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​បានបង្ហាញ​ពី​ការ​អនាគត​ប្រកបដោយ​និរន្តរភាព​សម្រាប់​ឆ្នាំ2019ខាងមុខ​ថា វិស័យនេះ​នឹង​នៅតែ​បន្ត​មាន​កំណើន​ដែល​អាច​ចាត់ទុកថា មាន​ស្ថិរភាព​ក្នុងការ​ផ្តល់​កម្ចី​ហិរញ្ញវត្ថុ​ដែលជា​តម្រូវការ​របស់​ពលរដ្ឋ​ក្នុងការ​ប្រកប​របរ​អា​ជីវ​កម្ម។

    លោក​ឧកញ៉ា ហួត អៀង​តុង អគ្គនាយក​ប្រតិបត្តិ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖ “វិស័យ​មីក្រូហិរញ្ញវត្ថុ​ប្រចាំឆ្នាំ2018នេះ មិនឃើញ​មាន​ឥទ្ធិពល​អវិជ្ជមាន​ណាមួយ​គួរឱ្យកត់សម្គាល់​ទេ យើង​មាន​បញ្ហា​តិចតួច​អំពី​កម្ចី​ឥណទាន និង​ការសង​ត្រឡប់ ដែលមាន​ការរអាក់រអួល​តិចតួច តែ​វា​នៅតែ​វិល​មកជា​ធម្មតា​វិញ ដោយសារតែ​ស្ថានភាព​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​មាន​ស្ថិរភាព​ពេញលេញ ធ្វើឱ្យ​ប្រជាពលរដ្ឋ​ប្រកប​របរ​រកស៊ី​បាន​យ៉ាង​សុខ​ស្រួល”។

    លោក​ឧកញ៉ា​បាន​បន្តថា៖ “ដូច្នេះ​សម្រាប់​ឆ្នាំ2018នេះ យើង​ឃើញថា វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់។ យើង​មាន​កំណើន​ក្នុង​វិស័យនេះ តែ​មិនទាន់មាន​តួលេខ​ជាក់លាក់​ថា​ចំនួន​ប៉ុន្មាន​ឱ្យ​ប្រាកដ​នៅឡើយ​ទេ ព្រោះ​កំពុងតែ​ប្រមូល​ទិន្នន័យ​មក​បូកសរុប“។

    លោក​ឧកញ៉ា​បានបញ្ជាក់​ទៀតថា ការប្រមើលមើល​របស់​ខ្ញុំ​អាច​និយាយបានថា សម្រាប់​ឆ្នាំ2019ខាងមុខ សេដ្ឋកិច្ច​របស់​ប្រទេស​យើង​នៅ​បន្ត​រីកចម្រើន។ ព្រោះ​តាម​ការវិភាគ​របស់​អ្នកសេដ្ឋកិច្ច​មួយចំនួន គេ​នៅតែ​វិភាគ​ឃើញថា សេដ្ឋកិច្ច​របស់​យើង​នៅតែ​រឹងមាំ ខ្ញុំ​ក៏​មើលឃើញ​ដូច្នេះ​ដូចគ្នា​ដែរ ហេតុនេះ​វិស័យ​មីក្រូហិរញ្ញវត្ថុ ក៏​ដូច​វិស័យសេដ្ឋកិច្ច​ទាំងមូល​ដែរយើង​នៅតែ​រីកចម្រើន​ដដែល​សម្រាប់​ឆ្នាំ​ខាងមុខ។

    លោក​ឧកញ៉ា ហួត អៀង​តុង បាន​មានប្រសាសន៍​ទៀតថា យើង​អាច​និយាយថា ប្រជាពលរដ្ឋ​គាត់​ចេះ​គិតគូរ​បាន​ច្រើន​នៅក្នុងពេល​បច្ចុប្បន្ននេះ។ ការរីកចម្រើន​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​មិន​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​របស់​យើង​ទេ ទើបបាន​ទទួល​ការរីកចម្រើន​នោះ។ ការរីកចម្រើន​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ គឺ​ដោយសារ​តម្រូវការ​រប​ស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង។

    លោក​ឧកញ៉ា​បាន​បន្តទៀតថា ការផ្សព្វផ្សាយ​របស់​យើង ជាការ​ពិត គឺ​គ្រាន់តែ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ជ្រាប និង​យល់ដឹង​ពី​សេវាកម្ម​របស់​យើង ឱ្យ​គាត់​បាន​ប្រើប្រាស់​សេវាកម្ម​នេះ​ដើម្បី​ផលប្រយោជន៍​នៃ​អាជីវកម្ម​របស់​ពួកគាត់​តែប៉ុណ្ណោះ។ ប៉ុន្តែ​សំខាន់បំផុត​គឺ​សេចក្តីត្រូវការ​របស់គាត់ បើ​គាត់​មិនមាន​សេចក្តីត្រូវការ​ទេ ទោះ​យើង​ផ្សព្វផ្សាយ​យ៉ាងណា​ក៏​គាត់​នឹងមិន​ទទួលយក​ដែរ។ ដូច្នេះ​ការរីកចម្រើន​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ គឺ​ដោយសារ​ប្រជាពលរដ្ឋ​គាត់​មាន​តម្រូវការ​ក្នុងការ​ពង្រីក​មុខរប​រ និង​អាជីវកម្ម​គាត់​បន្ថែម​ហ្នឹងឯង។

    លោក យុន សុ​វណ្ណា នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា៖“វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ2018 ហាក់ដូចជា​មិនមាន​បញ្ហា​អ្វី​ធំដុំ​គួរឱ្យកត់សម្គាល់​ទេ យើង​មានការរីកចម្រើន​នៅក្នុង​កម្ចី​ឥណទាន​មាន​កំណើន​ប្រហែល30% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅ ដោយមាន​អតិថិជន​ប្រមាណ​ជា​ជិត 2លាន​គ្រួសារ”។

    លោកនាយក​ប្រតិបត្តិ​សមាគម​ក៏បាន​ឱ្យដឹង​ដែរ​ថា បើ​គិតពី​កំណើន​វិញ យើង​អាច​វាយតម្លៃ​បាន​ថាយើង​នឹង​អាច​បញ្ចប់​តួលេខ​កំណើន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ត្រឹម 20%-30%ប៉ុណ្ណោះ ព្រោះ​យើង​មិនទាន់បាន​សរុប​តួលេខ​ពិតប្រាកដ​ទេ។ យើង​នឹង​បញ្ចប់​តួលេខ​សរុប​នៅ​ចុងឆ្នាំ ហើយ​យើង​នឹងធ្វើ​សន្និបាត​បូកសរុប​នៅ​ដំណាច់​ខែមករា ឬ​ដើមខែ​កុម្ភៈ​ឆ្នាំ2019។

    លោក​បាន​បញ្ជាក់ថា៖ “យើង​ធ្លាប់មាន​បញ្ហា​រឿង​ការប្រមូល​ត្រឡប់​នូវ​កម្ចី​ឥណទាន តែ​យើង​ក៏បាន​ទទួល​ជា​ប្រក្រតី​ឡើងវិញ​ដែរ កម្រិត​កម្ចី​ដែល​សង(យ៉ាងយូរ​ត្រឹម30ថ្ងៃ)បាន​ថយចុះ​ទាប​វិញ​នៅ​អំឡុង​ខែវិច្ឆិកា ធ្វើឱ្យ​ហានិភ័យ​នៅសល់​តិច ប្រហែលជា1.5%-1.6% ប្រហាក់ប្រហែល​នឹង​ឆ្នាំ2017ដែរ។ បើ​ប្រៀបធៀប​ឥណទាន​របស់​យើង​ទៅនឹង​ឥណទាន​ក្នុង​តំបន់ គុណភាព​ឥណទាន​របស់​យើង​មាន​ភាពល្អប្រសើរ​ជាងគេ​ច្រើន”។

    លោក យុន សុ​វណ្ណា បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ទៀតថា៖ “ក្នុងការ​ប្រ​មើ​លមើលទៅ​ឆ្នាំ​ខាងមុខ(2019)ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ គឺអាច​មាន​កំណើន​ត្រឹម​ប្រមាណ 20%ប៉ុណ្ណោះ ព្រោះ​ទំហំ​ឥណទាន​ដែលមាន​កំណើន​សម្រាប់​ព​ល​រដ្ឋ 2លាន​នាក់​វា​មាន​ភាពទូលំទូលាយ​ស្រាប់​ហើយ បើ​គិត​ជា​មធ្យម​វា​មានការ​ឡើងដល់​ចំណុច​មួយ​ដែល​យើង​យល់ថា ខ្ពស់​ហើយ។ ដូច្នេះ​កំណើន​ឆ្នាំ​បន្ទាប់​នេះ​នឹងមិន​ឡើង​ខ្ពស់​ទេ គឺអាច​នៅត្រឹម​រង្វង់ 20% ប្រសិនបើ​ស្ថានភាព​សេដ្ឋកិច្ច​នៅ​បន្ត​រីកចម្រើន និង​ល្អប្រសើរ​ដូច​បច្ចុប្បន្ន។

    លោក សុ​វណ្ណា ក៏បាន​បញ្ជាក់​ពី​ហានិភ័យ​ដែរ​ថា សម្រាប់​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ យើង​អាច​ព្យាករ​ទៅ​ឆ្នាំ​ខាងមុខ​បាន​ថា វា​អាចមាន​កំណើន​ប៉ុណ្ណឹង គឺ​ដោយសារ​វា​អាចមាន​ឥទ្ធិពល​ពី​ភាព​តានតឹង​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ទាំង2 អាមេរិក និង​ចិន ដែល​អាចមាន​ទាំង​ផល​អាក្រក់ ​និង​ផល​ល្អ​សម្រាប់​សេដ្ឋកិច្ច​របស់​យើង។ ម្យ៉ាងទៀត​នោះ​គឺ​ការដែល​យើង​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង EBA ប្រព័ន្ធ​នៃ​ការអនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប អាចធ្វើឱ្យ​យើង​មាន​បញ្ហា​ខាង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​មិន​អាចឱ្យ​យើង​ប៉ាន់ប្រមាណ​មុន​បាន៕

  • អ្នកជំនាញ​អន្តរជាតិ​ប្រាប់​ឱ្យ​កម្ពុជា​ខិតខំ​កែច្នៃ​វត្ថុធាតុដើម​ឱ្យ​កាន់តែខ្លាំង​ឡើង​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​យូរអង្វែង

    អ្នកជំនាញ​អន្តរជាតិ​ប្រាប់​ឱ្យ​កម្ពុជា​ខិតខំ​កែច្នៃ​វត្ថុធាតុដើម​ឱ្យ​កាន់តែខ្លាំង​ឡើង​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​យូរអង្វែង

    កម្ពុជា​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំងជាងគេ​នៅ​អាស៊ី​នា​អំឡុង​ទសវត្សរ៍​ចុងក្រោយ​នេះ​ដោយ​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង សំណង់ និង​វិស័យ​ទេសចរណ៍​ជាដើម ប៉ុន្តែ​វិស័យ​ទាំង2នេះ មិនអាច​រក្សា​ស្ថិរភាព​យូរអង្វែង​បានទេ បើ​គ្មាន​ការពង្រឹង​បន្ថែម និង​ធ្វើ​ពិពិធ​កម្ម​បង្វែ​ទិស​ទៅ​អភិវឌ្ឍ​វិស័យ​ផ្សេងទៀត​នោះ។

    លោកស្រី Yong Sarah Zhou មន្ត្រីជាន់ខ្ពស់​នៃ​វិទ្យាស្ថាន​រូបិយប័ណ្ណ​អន្តរជាតិ មានប្រសាសន៍​ដោយបាន​លើកឡើងថា កម្ពុជា​ជា​ប្រទេសមួយ​ក្នុង​តំបន់​អាស៊ី​ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់​ខ្លាំងជាងគេ ដែល​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ថា ជា​កូន​ខ្លា​សេដ្ឋកិច្ច​ប្រចាំ​តំបន់​អាស៊ី។ សេដ្ឋកិច្ចកម្ពុជា​រីកចម្រើន​បន្ទាប់ពី​សេដ្ឋកិច្ច​ប្រទេស​ចិន កូរ៉េ សិង្ហ​បុរី ឥណ្ឌូនេស៊ី ថៃ និង​ប្រទេសវៀតណាម​ជាដើម ដោយបាន​រីកចម្រើន​ខ្លាំង​ស្ទើរ​ដល់​ចំណុចកំពូល កាលពី​អំឡុង​ទសវត្សរ៍មុន។

    លោកស្រី​បានអះអាងថា ឆ្លងតាម​បទពិសោធ ប្រទេស​ដែល​អាចមាន​កំណើនសេដ្ឋកិច្ច​រីកចម្រើន​ទៅបាន មិនអាច​ខ្វះ​វិស័យ​ឧស្សាហកម្ម​បានឡើយ ហើយ​កម្ពុជា​ក៏មាន​បទពិសោធ​ដូច​ប្រទេស​ទាំង​នោះដែរ គឺ​រីកចម្រើន​ទៅបាន​ដោយសារ​វិស័យ​ឧស្សាហកម្ម សំណង់ ទេសចរណ៍ និង​កសិកម្ម​ជាដើម។ ប្រទេស​កម្ពុ​ជាមាន​សក្តា​នុព​ល​ផ្នែក​វិស័យ​ឧស្សាហកម្ម ដោយសារ​មាន​ទីផ្សារ​ធំ​នៅ​សហគមន៍​អឺរ៉ុប ទីផ្សារ​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ​ជាដើម។ ក្រៅពីនេះ​កម្ពុ​ជាមាន​កម្លាំង​ពលកម្ម​វ័យក្មេង​ច្រើនជាង​មនុស្ស​ចាស់ ដែល​កម្លាំង​នេះ​ពិត​ជាមាន​សក្តានុពល​ខ្លាំង​ជាង​ប្រទេស​សិង្ហ​បុរី ចិន និង​កូរ៉េ ដែល​ប្រទេស​ទាំងនោះ​មាន​មនុស្ស​ចាស់​ច្រើនជាង​មនុស្ស​វ័យក្មេង។

    ទោះជា​ដូច្នេះ​ក្ដី ក៏​កម្លាំង​ពលកម្ម​កម្ពុជា​ភាគច្រើន​ជា​កម្មករ​ដែលមាន​ជំនាញ​ទាប មិនមាន​ជំនាញ​ខ្ពស់​ដូច​ក្នុងប្រទេស​មួយចំនួនទៀត​នៅ​អាស៊ី​នោះឡើយ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​រដ្ឋាភិបាល ក៏ដូចជា​ដៃគូ​ពាក់ព័ន្ធ​ត្រូវតែ​យកចិត្តទុកដាក់​ឱ្យ​ខ្លាំង​បន្ថែមទៀត​ក្នុងការ​បណ្តុះបណ្តាល​កម្លាំង​ជំនាញ​បច្ចេកទេស​ឱ្យ​កាន់តែ​រីកចម្រើន​ខ្លាំង​ឡើង ក្លាយជា​កម្មករ​ជំនាញ​កម្រិត​ខ្ពស់ ក្នុង​គោលដៅ​ស្រូបយក​អ្នកវិនិយោគ​ឱ្យ​ចូលមក​កម្ពុជា​កាន់តែ​ច្រើនឡើង។

    អ្នកជំនាញ​ខាងលើ​អះអាងថា កំណើន​នេះ​នឹង​ធ្លាក់ចុះ​មកវិញ​នៅពេល​សេដ្ឋកិច្ចកម្ពុជា​កើនឡើង​ពេញលេញ ដែល​កម្ពុជា​ត្រូវតែ​ត្រៀមខ្លួន​ជា​ចាំបាច់ មុន​ពេលដែល​ហានិភ័យ​សេដ្ឋកិច្ច​ចូលមក​ដល់ តាមរយៈ​ការពង្រឹង​សហគ្រាស​ខ្នាតតូច និង​មធ្យម​ឱ្យ​កាន់តែ​ប្រសើរឡើង ក្នុងការ​កែច្នៃ​ផលិតផល​ក្នុងស្រុក​ឱ្យអស់​ពី​លទ្ធភាព សម្រាប់​ដាក់លក់​នៅលើ​ទីផ្សារ​ក្នុងស្រុក ជាជាង​នាំចេញ​វត្ថុធាតុដើម​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស។

    លោក Ly Sodeth មន្ត្រី​សេដ្ឋកិច្ច​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​មានប្រសាសន៍ថា ទោះជា​ឧស្សាហកម្ម​កាត់ដេរ​នៅ​កម្ពុជា​មានការ​រីកចម្រើន​ពិតមែន តែ​កម្ពុជា​នៅ​មិនទាន់បាន​ប្រឹងប្រែង​អស់ពី​លទ្ធភាព​នៅឡើយ ហើយ​វិស័យនេះ​នៅមានកម្រិត​ក្នុង​ការជួយ​ដល់​កំណើនសេដ្ឋកិច្ច​នៅឡើយ ដោយសារតែ​វត្ថុធាតុដើម​ដែល​ប្រើប្រាស់​សម្រាប់​វិស័យ​កាត់ដេរ ដូចជា​សាច់​ក្រណាត់ អំបោះ ម៉ាស៊ីនដេរ វត្ថុធាតុដើម​សម្រាប់​ផលិត​ស្បែកជើង កាបូបស្ពាយ ជាដើម ត្រូវបាន​នាំចូល​ពី​ប្រទេសក្រៅ​ទាំងអស់ ដោយសារតែ​អ្នក​នាំចូល​ទាំងនោះ​ទទួលបាន​ការលើកទឹកចិត្ត​ជា​លក្ខណៈ(VIP)ដែល​ធ្វើឱ្យ​តម្លៃ​នាំចូល​របស់គេ​ទាប​ជាង​តម្លៃ​ផលិត​នៅក្នុង​ប្រទេស។ ងាក​មក​ប្រទេស​កម្ពុជា​វិញ មិនទាន់មាន​សហគ្រាស​ផលិត​សាច់​ក្រណាត់​នៅឡើយ ដោយ​មួយចំនួន​ធ្វើឡើង​បែប​លក្ខណៈ​គ្រួសារ តាមរបៀប​បុរាណ និង​មិនអាច​ផ្គត់ផ្គង់​ក្នុង​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ​បាន​នៅឡើយ។

    លោក​បាន​បន្តថា កន្លងមក​ក្រុមមន្ត្រី​ជំនាញ​របស់លោក បាន​ចុះ​ធ្វើការ​សាកសួរ​ទីតាំង​ដំឡើងរថយន្ត និង​ម៉ូតូ​មួយចំនួន​នៅក្នុង​ក្រុងភ្នំពេញ​ថា តើ​ហេតុអ្វី​ចាំបាច់​នាំចូល​ផលិតផល​សម្រេច​មក​ក​ម្ពុ​ជាម៉េច​មិន​ធ្វើ​ការផលិត​ផ្ទាល់​នៅទីនេះ​តែម្តងទៅ? ចម្លើយ​ដែល​ទទួលបាន​គឺថា កម្ពុជា​មានតម្លៃ​អគ្គិសនី​ខ្ពស់ តម្លៃ​ដឹកជញ្ជូន​ថ្លៃ​ជាង​ប្រទេសជិតខាង ជាពិសេស​កម្ពុជា​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ជំនាញ​នៅឡើយ។ គឺ​ចំណុច​នេះហើយ​ដែល​កម្ពុជា​ត្រូវតែ​ពង្រឹង​ជំនាញ​បន្ថែម ជាពិសេស​ត្រូវ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ នឹង​រៀបចំ​យុទ្ធសាស្ត្រ​បញ្ចុះតម្លៃ​អគ្គិសនី ទើប​អាច​ទាក់ទាញ​អ្នកវិនិយោគ​មក​បានកា​ន់​តែ​ច្រើន។

    ងាក​មក​វិស័យ​ទេសចរណ៍​វិញ នៅ​ប្រទេស​ថៃ​គេ​អាច​ស្រូបយក​អ្នកទេសចរ​ប្រមាណ​ជា 30លាន​នាក់​ក្នុង​មួយឆ្នាំ ចំណែក​កម្ពុជា​ទទួលបាន​តែ 5លាន​នាក់​ប៉ុណ្ណោះ ដោយសារ​មិនទាន់មាន​ការកែច្នៃ​តំបន់​ទេសចរណ៍ ហើយ​ដែល​ភាគច្រើន​តំបន់​ទេសចរណ៍​ទាំងនោះ​នៅមាន​លក្ខណៈ​បុរាណ​នៅឡើយ។ សម្រាប់​វិស័យ​កសិកម្ម បច្ចុប្បន្ន​កម្ពុជា​មាន​ទី​ផ្សារ​នាំចេញ​ផ្លែស្វាយ ម្រេច ដំឡូង​មី ចេកអំបូង និង​អំពៅ​ជាដើម និង​ផលិតផលថ្មីៗសម្រាប់​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ អាមេ​រិ​ក និង​អឺរ៉ុប​ជាដើម ប៉ុន្តែ​ការនាំចេញ​វត្ថុធាតុដើម​ទាំងនេះ មិនសូវ​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​ដូច​ការកែច្នៃ​ឱ្យក្លាយ​ជា​ផលិតផល​សម្រេច​មុននឹង​ធ្វើការ​នាំចេញ​នោះទេ ដែល​រឿងនេះ​ជា​កត្តា​ជំរុញ​ឱ្យ​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​ជា​ចាំបាច់ និង​ជម្នះ​ឱ្យបាន​ក្នុងការ​ពង្រឹង​សហគ្រាស​ខ្នាតតូច និង​មធ្យម។

    លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​មានប្រសាសន៍ថា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ និង​រឹងមាំ ដែលជា​មធ្យម 7.7%។ កំណើនសេដ្ឋកិច្ច​ត្រូវបាន​ប៉ាន់ប្រមាណ​ថា​នឹងមាន​អត្រា 7.3% នៅ​ឆ្នាំនេះ ប៉ុន្តែ​កំណើន​នេះ​មានមូលដ្ឋាន​នៅ​តូច​នៅឡើយ ដោយ​ផ្អែកលើ​សសរស្តម្ភ4 រួមមាន​វិស័យ​កាត់ដេរ សំណង់ ទេសចរណ៍ និង​វិស័យ​ឧស្សាហកម្ម។

    លោកជំទាវ​បាន​អះអាងថា ការពង្រីក​កំណើនសេដ្ឋកិច្ច​កម្ពុជា​ជា​កត្តាចាំបាច់​ក្នុងការ​កាត់បន្ថយ​ភាព​ងាយ​រង​ផលប៉ះពាល់ និង​ធានា​កំណើន​ប្រកបដោយ​ភាពរឹងមាំ​ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ជា​ចាំបាច់​តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​បំប្លែង​ទៅ​អភិវឌ្ឍ​វិស័យ​ផ្សេងទៀត ដូចជា​ការពង្រឹង​វិស័យ​អប់រំ​ធនធានមនុស្ស បច្ចេកទេស វិស័យ​កសិកម្ម ឧស្សាហកម្ម វិស័យ​ទេសចរណ៍ និង​សេវាកម្ម​ជាដើម។ល៕

  • អីយ៉ា!! សុភ័ក្ដ្រ កុសុម៉ា រីកមុខដូចគ្រាប់ជី ពេលជំនួញកាក់កបខ្លាំង

    អីយ៉ា!! សុភ័ក្ដ្រ កុសុម៉ា រីកមុខដូចគ្រាប់ជី ពេលជំនួញកាក់កបខ្លាំង

    សុភ័ក្ដ្រ កុសុម៉ា តាំងពីទទួលរៀបចំការប្រគំតន្ត្រី និងពិធីការ គេអាចនិយាយបានថាពិធីការិនី និងជាតារាចម្រៀងរូបនេះ វ៉ាដាច់ក្រុមហ៊ុនដើរផ្លូវនេះមុននាងច្រើងណាស់ ជាពិសេសក្នុងពិធីមង្គលការរបស់មន្ត្រីធំៗដែលត្រូវការតារាល្បីៗ និងដេគ័រប្រណិតៗ គឺនាងរមែងដេញបានជាប្រចាំ។ គេកម្រឃើញ សុភ័ក្រ្ត កុសុម៉ា ទំនេរនៅផ្ទះខ្លាំងណាស់ ដោយក្រៅពីលេចមុខធ្វើពិធីករខ្លួនឯងគឺនាងមមាញឹកនឹងការរៀបចំព្រឹត្តិការណ៍របស់ខ្លួន និងបង្ហាញខ្លួនក្នុងនាមជាពិធីការិនីក្នុងកម្មវិធីរបស់ខ្លួនស្ទើរមិនបាត់មុខមួយថ្ងៃ ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់នាងកាន់តែរុលទៅមុខរហូតដណ្ដើមបានតំណែងជាពិធីការិនីឆ្នើមក្នុងរយៈពេលចុងក្រោយ។

    តារាស្រីរូបនេះ ហាក់ហក់ឡើងខ្ពស់ក្រោយនាងទទួលបានការឱកាសច្រើនក្នុងការកាន់ការងារជាពិធីករក្នុងកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ល្បីៗក្នុងស្រុក។ តារាចម្រៀងរូបនេះ ក៏ត្រូវបានអញ្ជើញធ្វើជាពិធីការិនី នៅក្រៅស្រុកផងដែរ។ ហើយកន្លងមក កុ​សុ​ម៉ា ត្រូវបាន​អ្នក​ជុំវិញខ្លួន ទម្លាយ​ពី​អត្តចរិត​ជារឿយៗ​ថា​ នាង​ជា​មនុស្ស​ចិត្តល្អ រួសរាយ​រាក់ទាក់ ស្មោះត្រង់​នឹង​មិត្តភក្ដិ ស្រឡាញ់​ការងារ ជាក់ស្ដែង​កាលពីពេល​ថ្មីៗ​នេះ គេ​នៅ​ចាំបាន​ថា បងប្រុស​បង្កើត​របស់​នាង​ក៏​ធ្លាប់​លើកឡើង​ពី​អត្តចរិត​នាង​បែបនេះ​ដែរ ៕

  • តារាសិល្បៈនាំគ្នាបួងសួងជូន លោកពូ សានម៉ៅ ឱ្យជាសះស្បើយពីជំងឺ

    តារាសិល្បៈនាំគ្នាបួងសួងជូន លោកពូ សានម៉ៅ ឱ្យជាសះស្បើយពីជំងឺ

    ដូចប្រិយមិត្តបានដឹងរួចមកហើយថា តារាកំប្លែងជើងចាស់នាយ សានម៉ៅ កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ កាល់ម៉ែត្រ ដោយសារតែជំងឺបេះដូងរីក ជំងឺសួត និងជំងឺលើសឈាមយ៉ាងធ្ងន់ធ្ងរនោះ។ ដោយឡែកនៅពេលថ្មីៗនេះ មានតារាសិល្បៈជាច្រើន បានជួបសំណេះ​សំ​ណា​ល​សួរ​សុខទុក្ខ ពីស្ថានភាពជំងឺរបស់ លោក ធូ ចំរុង (នាយ សានម៉ៅ) អាយុ 60ឆ្នាំ ដែលកំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។

    អ្វីដែលភ្ញាក់ផ្អើលបំផុត ស្ថានភាពជំងឺរបស់លោកពូ សានម៉ៅ ដូចជាកំពុងតែធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភ ។ បើតាមសម្ដីរបស់តារាកំប្លែង អ្នកនាង កាឆយ នៅថ្ងៃទី 2 ខែមករា ឆ្នាំ2019 នេះបង្ហោះឱ្យដឹងថា សូមឱ្យវត្ថុសក័សិទ្ធិនៅក្នុងលោក នឹងទេវតាដែលថែរក្សាកូនចៅ ជួយឱ្យបងសានម៉ៅ ជាពីជំងឺនឹងរោកគាទាំងឡាយ បវៀសជៀសឆ្ងាយបាត់ៗទៅ។ សូមឱ្យជាឆាប់ៗនេះណាបង។

    អ្នកនាង គ្រត ដែលធ្លាប់ជាដៃគូកាត់សក់ក្នុងរោងការរួមគ្នា និងសម្ដែងកំប្លែងលើឆាក ក៏បានបួងសួងឱ្យលោកពូ សានម៉ៅ ថា «កូនចៅសូមបន់ព្រះសំពះទេវតាសូមជួយឱ្យបងសានម៉ៅឆាប់ជាផងលោកអើយ »៕

  • តើ​ពេល​មានគភ៌ ស្ត្រី​ចាំបាច់​ត្រូវ​ទទួលទាន​ទឹកដោះគោ​សម្រាប់​ស្ត្រី​មានគភ៌​ឬទេ?

    តើ​ពេល​មានគភ៌ ស្ត្រី​ចាំបាច់​ត្រូវ​ទទួលទាន​ទឹកដោះគោ​សម្រាប់​ស្ត្រី​មានគភ៌​ឬទេ?

    តើ​ស្ត្រី​មានគភ៌​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹកដោះគោ​បំប៉ន​សុខភាព​ឬទេ? និង​តើ​ទឹកដោះ​បែបណា​ដែល​ស្ត្រី​មានគភ៌​ត្រូវ​ជ្រើសរើស​ទទួលទាន ​​​ដើម្បី​សុខភាព​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ?

    តើ​ទឹកដោះគោ​សម្រាប់​ស្ត្រី​មានគភ៌​ចាំបាច់​ដែរឬទេ?
    អំឡុងពេល​មានគភ៌ ជា​អំឡុង​ពេលដែល​រាងកាយ​ត្រូវការ​ជាតិ​កាល់ស្យូម​ច្រើនជាង​ប្រក្រតី ព្រោះ​ទារក​នៅក្នុង​ផ្ទៃ​នឹង​ប្រើប្រាស់​កាល់ស្យូម​របស់​ម្ដាយ​ទៅ​សាង​ភាព​រីកចម្រើន​ធំធាត់​ខាង​រាងកាយ​របស់គេ​ជាច្រើន​ផ្នែក ដូចជា​ សាច់-​ភ្នាស សរសៃប្រសាទ សាច់ដុំ ជាពិសេស​ឆ្អឹង និង​ធ្មេញ ដូច្នេះ​បើទោះជា​ស្ត្រី​មានគភ៌​ខ្លះ​នឹងមិន​ចាំបាច់​ត្រូវ​ទទួលទាន​ទឹកដោះគោ​ក៏ដោយ តែ​ដោយ​ហេតុផល​ដែល​រៀបរាប់​ពី​ខាងដើម ធ្វើឱ្យ​ស្ត្រី​មានគភ៌​ត្រូវការ​សារធាតុ​អាហារ​ប្រភេទ​ផ្សេងទៀត​ច្រើនឡើង ដើម្បី​ការ​ចម្រើន​ធំធាត់​ដ៏​ល្អ​របស់​កូន​នៅក្នុង​គភ៌​ដែរ ដូចជា​ ត្រូវការ​កាល់ស្យូម(ប្រមាណ1,000 – 1,300មី​ល្លី​ក្រាម​ក្នុង​មួយថ្ងៃ) និង​នៅមាន​សារធាតុ​រ៉ែផ្សេងៗដែល​ចាំបាច់​ដល់​រាងកាយ ដែល​រាងកាយ​ស្ត្រី​មានគភ៌​មិនអាច​ផលិត​បាន​គ្រប់គ្រាន់ ហើយ​ទឹកដោះគោ​ដែលមាន​ជាតិ​ហ្វូ​លេ​ត​ខ្ព​ស់នឹង​ជួយ​សាង​គ្រាប់​ឈាមក្រហម និង​ជួយ​ក្នុងការ​សាង​បំពង់​ប្រសាទ និង​ខួរក្បាល​ដែល​ឥតខ្ចោះ​របស់​ទារក។ ក្រៅពី​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​ហើយ នៅមាន​ផូស្វ័រ​ដែលមាន​ចំណែក​ជួយ​ក្នុង​កម្មវិធី​ការ​សាង​ឆ្អឹង និង​ធ្មេញ​ឱ្យបាន​រឹងមាំ​ល្អ​ដល់​ទារក​ក្នុង​គភ៌​ទៀតផង។

    សម្រាប់​ស្ត្រី​មានគភ៌​ដែល​ទទួលទាន​ទឹកដោះ​ដើម្បី​បង្កើន​សារធាតុ​អាហារ ទឹកដោះ​ដែល​ស័ក្តិសម​បំផុត គួរតែ​ជា​ទឹកដោះគោឆៅ​ប្រភេទ​គ្មាន​ខ្លាញ់​ប៊័រ ព្រោះ​នឹង​ទទួលបាន​គុណ​តម្លៃ​ខាង​សារធាតុ​អាហារ​ដែល​ត្រូវការ ដោយ​ស្ត្រី​មានគភ៌​មិនត្រូវទទួលទាន​ខ្លាញ់​ច្រើន​ជ្រុល​ពេក​ទេ និង​គួរ​ពិចារណា​ពី​បរិមាណ​សារធាតុ​អាហារ​អង្ករសម្រូប​ផង​ថា តើ​មាន​កាល់ស្យូម​ច្រើន​ឬទេ? ដែល​បើសិន​ជាមាន អាច​រាប់បាន​ថា វា​នឹង​ជួយ​ស្ត្រី​មានគភ៌​បាន​យ៉ាង​ល្អ​បំផុត ហើយ​ការ​ទទួលទាន​ទឹកដោះគោ​សម្រាប់​ស្ត្រី​មានគភ៌​ក៏​ជា​ជម្រើស​មួយ​ដ៏​ងាយ​បំ-ផុត​ក្នុងការ​បានទទួល​សារធាតុ​អាហារ​ដែល​ចាំបាច់​ទាំងអស់នោះ​ក្នុងអំឡុងពេល​តាំង​គភ៌​ផងដែរ៕

  • ទទួលទាន​កាហ្វេ​ច្រើន​កែវ​ក្នុង​មួយថ្ងៃ ប្រឈមមុខ​នឹងជំងឺ​ងងឹតភ្នែក

    ទទួលទាន​កាហ្វេ​ច្រើន​កែវ​ក្នុង​មួយថ្ងៃ ប្រឈមមុខ​នឹងជំងឺ​ងងឹតភ្នែក

    បើតាម​ការស្រាវជ្រាវរ​បស់​អាមេរិក​បានបញ្ជាក់​ថា ការទទួលទាន​កាហ្វេ​ច្រើនជាង3ពែង​ក្នុង​មួយថ្ងៃ​អាច​បង្កើន​អត្រា​បាត់បង់​ការមើលឃើញ និង​ឈានទៅរក​ការ​ងងឹតភ្នែក​មើល​អ្វី​មិនឃើញ។ ការស្រាវជ្រាវ​ដដែល​បាន​បន្តថា បើទោះជា ទទួលទាន​កាហ្វេ​ក្នុង​ចំនួន​មធ្យម​ក្តី ក៏​អាចធ្វើឱ្យ​ភ្នែក​កើត​ជំងឺ Glaucoma (ប្រភេទ​ជំងឺ​ភ្នែក​ម្យ៉ាង​ដែល​ធ្វើឱ្យ​មនុស្ស​ងងឹតភ្នែក​បន្តិចម្តងៗរហូត​មើលលែងឃើញ) បានដែរ។

    ដើម្បី​កាត់បន្ថយ​ឱកាស​កើត​ជំងឺ Glaucomaដូច​បានបញ្ជាក់​ខាងដើម​នេះ ការសិក្សា​ដែល​បាន​ចុះផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ Investigative Ophthalmology & Visual Science បាន​ស្នើថា បណ្តា​អ្នក​និយម​កាហ្វេ​គួរតែ​កាត់បន្ថយ​ការទទួល​ទាន​កាហ្វេ​ឱ្យ​ស្ថិតនៅក្នុង​បរិមាណ​មួយ​សមរម្យ (ច្រើន​បំផុត2កែវ​ក្នុង1ថ្ងៃ)។

    ក្រុម​អ្នកស្រាវជ្រាវ​មកពី​មន្ទីរពេទ្យ Brigham & Women’s Hospital នៅ​ទីក្រុង​បូ​ស្តុ​ន រដ្ឋ​ម៉ាសាឈូសេត សហរដ្ឋអាមេរិក​បាន​បញ្ជាក់ថា សមាសធាតុ​នៅក្នុង​កាហ្វេ​បាន​បង្កើន​សម្ពាធ​នៅក្នុង​គ្រាប់ភ្នែក បង្កើតបានជា​លក្ខខណ្ឌ​មួយ​ដែល​បំផ្លាញ​ការមើលឃើញ​របស់​ភ្នែក​ហៅថាExfoliation Glaucoma។ លក្ខខណ្ឌ​នេះ​កើតមាន​នៅពេល​សមាសធាតុ​ក្នុង​កាហ្វេ​ប៉ះពាល់​ទៅលើ​ប្រ​ស្រី​ភ្នែក និង​កែវភ្នែក​ទាំងពីរ ដែល​បន្ទាប់មក​ធ្វើឱ្យ​ស្ទះ​ប្រព័ន្ធ​បង្ហូរ​វត្ថុ​រាវ​របស់​គ្រាប់ភ្នែក ដែលជា​ហេតុនាំឱ្យ​សម្ពាធ​នៅក្នុង​ភ្នែក​កើនឡើង។ ប៉ុន្តែ​ចំពោះ ផលិតផល​ដែល​ចម្រាញ់​ចេញពី​កាហ្វេ គឺ​ពុំ​ជាប់ទាក់ទង​នឹង​ជំងឺ​ងងឹតភ្នែកនេះ​ទេ។

    ការស្រាវជ្រាវ​ខាងលើនេះ ក៏បាន​បង្ហាញថាកាហ្វេ​ក៏មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែរបើ​អ្នក​ទទួលទាន​ក្នុង​បរិមាណ​ត្រឹមត្រូវ។ បើតាម​ការសិក្សា​ទាំង2ខាងលើនេះ បាន​រកឃើញថាទទួលទាន​កាហ្វេ​អាចជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ដោយ​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ព្រមទាំង​ជំងឺ​ទឹកនោមផ្អែម​ផងដែរ៕

  • ក្មេង​ធាត់ ប្រថុយប្រថាន​នឹង​ជំងឺ ឪពុកម្ដាយ​កុំ​បណ្ដោយ

    ក្មេង​ធាត់ ប្រថុយប្រថាន​នឹង​ជំងឺ ឪពុកម្ដាយ​កុំ​បណ្ដោយ

    សង្គម​ទីក្រុង​នាពេល​បច្ចុប្បន្ន​មានការ​ផ្លាស់ប្ដូរ​ខុស​កាលពី​អតីតកាល​ច្រើនណាស់ ទាំង​សភាវ​ការរស់នៅ និង​ការ​ទទួលទាន​អាហារ ដែល​ការផ្លាស់ប្ដូរ និង​ប្រែប្រួល​នេះ​មិនមែន​កើតឡើង​តែ​ជាមួយ​មនុស្ស​ធំ​នោះទេ តែ​នៅ​កើតមាន​ចំពោះ​កុមារ​ផងដែរ។ ដោយសារតែ​សភាវ​ជុំវិញខ្លួន​ក្នុងពេល​សព្វថ្ងៃនេះ​ត្រូវ​ប្រញាប់ប្រញាល់ និង​ប្រណាំង​ជាមួយ​ពេលវេលា អាណាព្យាបាល ឬ​ឪពុកម្ដាយ​អាច​គ្មាន​ពេលវេលា​ត្រៀម​រៀបចំ​ម្ហូបអាហារ​ដែលមាន​គុណ​ត​ម្លៃ​ខាង​ភោជនាហារ​គ្រប់គ្រាន់​សម្រាប់កូនៗ ទើប​ធ្វើឱ្យ​ត្រូវ​សម្លឹងមើល​អាហារ​សម្រេច ឬ​អាហារ​ឆ្អិន​ស្រាប់​កាន់តែ​ច្រើនឡើង ដែល​អាចធ្វើឱ្យ​ក្មេង​បានទទួល​សារជាតិ​អាហារ​ប្រភេទ​ខ្លះ​ច្រើន​ជ្រុល​ពេក ហុច​ផល​ឱ្យ​ក្មេង​កើតរោគ​ធាត់​បាន។

    គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​កុមារ​បាន​រៀបរាប់ថា បច្ចុប្បន្ន​មាន​សញ្ញា​ក្នុងការ​រកឃើញថា មាន​សភាវ​ធាត់​កើត​នៅលើ​កុមារ​កើនឡើង ដោយសារ​បច្ច័យ​ខាង​ផ្នែក​ពូជ​អំបូរ អ័រម៉ូន ទង្វើ​ក្នុង​ការរស់នៅការ​ញ៉ាំ​អាហារ​ដែល​មិន​ត្រឹមត្រូវ និង​ខ្វះ​ការហាត់​ប្រាណ ដែល​អាណាព្យាបាល​អាច​សង្កេត​បា​ន​ថាកូនៗមាន​សភាវ​ធាត់​ឬទេ​តាមរយៈ​ការសាកល្បង​ប្រៀបធៀប​ជាមួយ​ក្មេង​ក្នុង​វ័យ​ដូចគ្នា។

    បើ​រកឃើញថា កូន​ស្ថិតក្នុង​សភាវ​ប្រថុយ​នឹង​ការកើត​រោគ​ធាត់ យើង​ណែនាំ​ឱ្យ​កូន​នាំទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ពិនិត្យ​វាយតម្លៃថា តើ​មាន​សភាវ​ជ្រៀតជ្រែក​ពី​រោគ​ធាត់​ហើយ​ឬ​នៅ? ដូចជា វាស់​សម្ពាធ​ឈាម ពិនិត្យ​ឈាម​ដើម្បី​មើល​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម ឬ​វាយតម្លៃថា មាន​អាកា​រគេង​ស្រមុក និង​ឈប់​ដកដង្ហើម​ខណៈ​គេង​លក់​ដែរឬទេ?

    ផល​អាក្រក់​ពី​ការ​ធាត់​តាំងពី​វ័យក្មេង​ខាង​ផ្នែក​រាងកាយ គឺ​ការបង្ក​ឱ្យ​កើតរោគ ដូចជា​រោគ​លើសឈាម រោគ​បេះដូង រោគ​ឆ្អឹង និង​សន្លាក់ និង​ផល​អាក្រក់​មួយផ្នែក​ទៀត​គឺ បាត់បង់​ភាព​ស្អាត​សង្ហា និង​ការ​ត្រូវ​សើចចំអក​ពី​សំណាក់​មិត្តភក្តិអាចធ្វើឱ្យ​ក្មេង​មាន​អារម្មណ៍​ថា​ ជា​ចំណុច​អាក្រក់​របស់ខ្លួន។ ទាំងអស់នេះ បើ​នៅ​មិនទាន់​រកឃើញ​សភាវ​ជ្រៀតជ្រែក​ពី​រោគផ្សេងៗទេនោះ រោគ​ធាត់​អាច​ការពារ​បាន​ដោយ​ការ​សាង​ទម្លាប់​និស្ស័យ​ស្រឡាញ់​សុខភាព​ក្នុងការ​ញ៉ាំ​ដែល​ល្អ​តាំងពីតូច។ ឪពុកម្ដាយ​អាចជួយ​សម្រក​ទម្ងន់​ដល់​កូន​បាន ដោយ​ការលើកទឹកចិត្ត​កូន កែសម្រួល​ទង្វើ​ការ​ញ៉ាំ​អាហារ មិន​ញ៉ាំ​អាហារ​ផ្អែម​ខ្លាំង ប្រៃ​ខ្លាំង ឬ​អាហារ​ដែលមាន​ខ្លាញ់​ច្រើន​ជ្រុល​ជាដើម។

    ក្រៅពីនេះ​នៅ​អាច​រួមគ្នា​ធ្វើ​កិច្ចការងារ​ក្នុង​ក្រុមគ្រួសារ​ ដើម្បីឱ្យ​កូន​បាន​ហាត់ប្រាណ ដូចជា​ការ​បោស​ជូត​សម្អាតផ្ទះ ការលេង​កីឡា ជាដើម។​ ទាំងអស់នេះ បើ​មនុស្ស​នៅក្នុង​គ្រួសារ​រួមចិត្ត​រួម​កាយ​គ្នា​កែសម្រួល​ទង្វើ​ក្នុង​រឿង​នៃ​ការ​ញ៉ាំ​អាហារ និង​ហាត់ប្រាណ​យ៉ាង​ជាប់លាប់ លើកទឹកចិត្ត​គ្នា​ទៅវិញទៅមក នោះកូនៗដែល​អ្នក​ស្រឡាញ់​នឹង​ឃ្លាតឆ្ងាយ​ពី​រោគ​ធាត់ មាន​សុខ-​ភាពល្អ និង​រឹងប៉ឹង​បានជា​រៀងរហូត៕

  • ភ្ញាក់ផ្អើល!! សូ ដានីតា ប្ដឹងគណនីហ្វេសប៊ុកបុរសម្នាក់និយាយថានាងក្រឡាប់រយន្ដ

    ភ្ញាក់ផ្អើល!! សូ ដានីតា ប្ដឹងគណនីហ្វេសប៊ុកបុរសម្នាក់និយាយថានាងក្រឡាប់រយន្ដ

    មុននេះបន្ដិច នៅលើបណ្ដាញសង្គមហ្វេសប៊ុក​គេមើលឃើញថា អ្នកនាង សូ ដានីតា បានបង្ហោះសារយ៉ាងក្ដៅស្លឹកត្រចៀក ខណៈបានឃើញគណនីហ្វេសប៊ុកបុរសម្នាក់មានឈ្មោះថា « ជំនោរ និស្សយ » បានសរសេរសារថា « ពិតជារន្ធត់មែន ទើបតែផុតរូបបានមួយម៉ោងសោះ ឥឡូវក្រឡាប់ឡានពេលធ្វើដំណើរឆ្លងឆ្នាំងយ៉ាងតក់ស្លុតបែបនេះ..» ពីលើព័ត៌មានដែលមានផ្សាយពីអ្នកនាង សូ ដានីតា ខណៈកំពុងធ្វើខួបកំណើតយ៉ាងភ្ញាក់ផ្អើល។

    អ្នកនាង សូ​ ដានីតា បានសរសេរសារថា «ខ្ញុំសុំឱ្យ ម្ចាស់អាខោន ឈ្មោះ (ជំនោរ និស្សយ) ចេញមុខមកដោះស្រាយពីការផុសប្រមាថមើលងាយ អាយុជីវិតរបស់នាងខ្ញុំ នឹង ដូចដាក់ទំនាយអាយុជីវិត នឹងរាល់ការធ្វើដំណើររបស់នាងខ្ញុំដោយ ចេតនា ដោយសរសេរថា ( គួរអោយរន្ធត់មែន ទើបតែផុសរូបបានមួយសោះ ឥឡូវក្រឡាប់ឡានពេលធ្វើដំណើរឆ្លងឆ្នាំយ៉ាងតក់ស្លុតបែបនេះ ) »។

    អ្នកនាងបន្ដថា « ទី១ នេះជាការបំពុលពត៍មាន ប៉ះពាល់ដល់កិត្តយសរបស់នាងខ្ញុំ ។ ទី២ គឺប្រមាថអាយុជីវិតនាងខ្ញុំ។ បើម្ចាសអាខោនខាងលើ មិនចេញមុខដោះស្រាយទេ នាងខ្ញុំ សូ ដានីតា សុំដាក់ពាក្យប្តឹង ម្ចាស់អាខោន ( ជំនោរ និស្សយ័ ) ពីបទប្រមាថមើលអាយុជីវិតនាងខ្ញុំដោយប្រយោល ( ហើយមិនបាច់និយាយលឺថា គេនិយាយទេ ព្រោះមានតែលោកម្នាក់ទេ ដែរសរសេរបែបនេះ អត់មានបងប្អូនណាគេនិយាយទេ គឺមានតែលោកម្នាក់គត់សរសេរបែបនេះ )សូមជួយស៊ែរផងបងប្អូន »។

    តែយ៉ាងណាមិញ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលទៅខម្មិន្តប្រាប់តារាស្រីរូបនេះថា នោះជាការយល់ច្រឡំ ដោយសារ Caption (ចំណងជើងព័ត៌មាន) ខុសអត្ថបទ ។ គណនីមានឈ្មោះ ជំនោរ សុវណ្ណ ដែលមានរូបដូចគណនី ជំនោរ និស្សយ បានធ្វើការសុំទោសអ្នកនាង សូ ដានីតាថា «សុំទោសបងដោយសារខ្ញុំផុស caption ច្រឡំចំណងជើងទេ មិនមែនបំណងនោះទេ ។ ទើបបានឃើញ បងបង្ហោះបានឃើញ សុំទោសផងចំណងរឿងនេះ ខ្ញុំcopyចំណងជើងខុសព័ត៌មានតែប៉ុណ្ណោះ ។ ការពិតអត្ថបទ គឺ បងស្រីចនច័ន្ទ supprise ខួបបង មិនមែនអីទេ ចាំខ្ញុំកែcaption ខ្ញុំផុសខុសcaption »៕