Category: សង្គម និងសេដ្ឋកិច្ច

  • កុំ​បាច់​ទៅណា​ឆ្ងាយ ទទួលយក​បទពិសោធ​ន៍​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅក្នុង​ទឹកដី​ខេត្តសៀមរាប​ម្ដង​មើល៍!

    កុំ​បាច់​ទៅណា​ឆ្ងាយ ទទួលយក​បទពិសោធ​ន៍​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅក្នុង​ទឹកដី​ខេត្តសៀមរាប​ម្ដង​មើល៍!

    ខេត្តសៀមរាប គឺជា​គោលដៅ​ទេសចរណ៍​ជា​លក្ខណៈ​គ្រួសារ​ល្អ​ដាច់​គេ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ខេត្ត​មួយ​នេះ​ក៏សម្បូរ​កន្លែង​រ៉ូ​មែន​ទិ​ក​សម្រាប់​គូ​ស្វាមីភរិយា​ថ្មោងថ្មី​ផងដែរ។ ឧទ្យាន​បុរាណ​អង្គរ គឺ​ជាទី​ពោរពេញ​ទៅដោយ​ពេលវេលា​រ៉ូ​មែន​ទិ​ក ប៉ុន្តែ​មិនមាន​ការ​រំពឹងថា អាច​នឹង​គេច​ផុតពី​ការរំខាន​របស់​ហ្វូង​មហាជន​នោះទេ នៅឯ​ប្រាសាទអង្គរវត្ត ឬក៏​នៅ​ប្រាសាទបាយ័ន និង​ប្រាសាទតាព្រហ្ម។ តែ​ទោះជា​យ៉ាងណា បើសិនជា​អ្នក​ពេញចិត្ត​ក្នុង​ការដើរ​ផ្សងព្រេង ឬ​លំហែកាយ​នៅក្នុង​ព្រៃ ស្វែងរក​ប្រាសាទ​បាក់បែក នោះ​អ្នកនឹង​រកឃើញ​ទីតាំង​ប្រភេទ​នេះ​រាប់រយ​កន្លែង​នៅ​ខាងក្រៅ​ឧទ្យាន​បុរាណ​អង្គរ​នេះ។ ជា​ជម្រើស​អ្នក​អាច​ជិះ​បា​ឡុង ឬ​ឧទ្ធម្ភាគចក្រ ដើម្បី​ទស្សនា​ទេសភាព​ដ៏​ស្រស់ត្រកាល​ពីលើ​ប្រាសាទ បើទោះជា​ការហោះហើរ​លើ​ប្រាសាទអង្គរវត្ត ត្រូវ​បានដាក់​កំហិត​ក៏ដោយ។ នៅក្នុង​លេខ​នេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​ណែនាំ​ទីឋាន​សួគ៌​រាត្រី​ទឹកឃ្មុំ​ទាំង5 នៅក្នុង​ទឹកដី​ខេត្តសៀមរាប​មានដូចជា៖

    1- អាហារ​ពេល​ល្ងាច​ប្រក​ដ​ដោយ​ភាព​រ៉ូ​មែនទិ​ក​ក្នុងផ្ទះ​បុរាណ​បែប​ប្រពៃណី​ខ្មែរ


    ទីក្រុង​អង្គរ​មាន​ជម្រើស​ជាច្រើន​សម្រាប់​ម្ហូប​ខ្មែរ និង​ម្ហូប​អន្តរជាតិ ចម្អិន​ដោយ​ចុងភៅជំនាញៗ ហើយ​បើ​អ្នក​ចង់បាន​ភាព​រ៉ូ​មែន​ទិ​ក អ្នក​អាច​កក់​ទុក​នូវ​សេវាកម្ម​អាហារ​ពេល​ល្ងាច​ប្រកបដោយ​ភាព​រ៉ូ​មែន​ទិ​ក ជា​លក្ខណៈ​ប្រពៃណី​ខ្មែរ គឺ​រឹតតែ​មាន​ភាព​អស្ចារ្យ​ឡើង ដោយ​កន្លែង​ទាំងនេះ មាន​ច្រើនណាស់​នៅក្នុង​ទឹកដី​ដ៏​អច្ឆរិយៈ​មួយ​នេះ។

    2- ការថតរូប​នៅឯ​ប្រាសាទអង្គរវត្ត​ជាមួយ​អ្នកឯកទេស​ថតរូប


    អ្នក​អាច​ថតរូប​អនុស្សាវរីយ៍​នៅក្នុង​ទីក្រុង​អង្គរ ជាមួយ​អ្នកឯកទេស​ថតរូប ដែលមាន​ជំនាញ​ខ្ពស់​ក្នុងការ​ផ្ដិត​យក​រូបភាព​បែប​រ៉ូ​មែន​ទិ​ក​ជា​លក្ខណៈ​គូ​ស្វាមី​គូ​ភរិយា ឬ​ជាមួយ​អ្នកជា​ទីស្រឡាញ់​របស់​អ្នក​យ៉ាង​ផ្អែមល្ហែម​បំផុត។

    3- ម្ហូប​ទេសចរណ៍​របស់​អ្នកស្រុក​សៀមរាប


    បើសិនជា​អ្នក​កំពុង​ស្វែងរក​ម្ហូប​បែប​ប្រចាំ​តំបន់​ដ៏​អស្ចារ្យ​នោះ ម្ហូបប្លែកៗនៅក្នុង​ខេត្តសៀមរាប​គឺ​ជម្រើស​ដ៏ល្អ​បំផុត ជា​ម្ហូប​បែប​ខ្មែរ និង​មានការ​ច្នៃប្រឌិត​ពីមួយ​ជំនាន់​តម​កមួយ​ជំនាន់​ប្រចាំ​គ្រួសារ ពិសេស​ជាងគេ​នោះ​គឺ “នំ​បញ្ចុក​ព្រះ​ដាក់”។ មិន​តែប៉ុណ្ណោះ​អ្នក​អាច​សិក្សា​ស្វែងយល់​ពី​សិល្បៈ​នៃ​ការ​ចម្អិនម្ហូប​ខ្មែរ​ថែម​ទៀតផង។

    4- សម្រាកកាយ​ជាមួយនឹង​ការ​ស្ប៉ា​បែប​ខ្មែរ


    ក្រោយពេល​ដើរលេង​កម្សាន្ដ​នៅក្នុង​ទីក្រុង​អង្គរ អ្នក​ប្រហែលជា​អស់កម្លាំង​ខ្លាំងណាស់។ ដូច្នេះ​អ្នក​អាចរ​កកន្លែង​ស្ប៉ា​ដ៏​ល្អ​បំផុត ដែលមាន​ជាច្រើន​ទីតាំងនៅ​ម្ដុំ​ផ្សារ​រាត្រី ដែល​សុទ្ធសឹងតែ​អ្នកមាន​ជំនាញ​ផ្នែក​ម៉ាស្សា និង​ចា​ប់សរ​សៃ​យ៉ាង​ល្អ​បំផុត។

    5- ការហាត់ Yoga ជាមួយ​គូស្នេហ៍​ក្រោម​បរិយាកាស​ដ៏​រ៉ូ​មែន​ទិ​ក


    អ្នក​អាច​ចំណាយពេល​ហាត់ Yoga ជាមួយ​គូស្នេហ៍​របស់​អ្នក ហើយ​នៅក្នុង​អំឡុងពេល​ក្រេបទឹក​ឃ្មុំ អ្នក​ថែមទាំង​អាច​ទទួលយក​នូវ​បទពិសោធន៍​ថ្មី​ដូចជា៖
    – ស្នាក់​នៅក្នុង​បន្ទប់​បែប​បុរាណ​ធំ​ទូលាយ និង​ទំនើប​ទាន់សម័យ
    – ស្ប៉ា​រយៈពេល60នាទី​សម្រាប់​មនុស្ស​ពីរ​នាក់
    – អាហារ​ពេលព្រឹក​ប្រចាំថ្ងៃ អាហារ​ពេល​ល្ងាច​ក្រោម​ពន្លឺ​ភ្លើងទៀន​សម្រាប់​មនុ​ស្ស2នាក់
    – ហាត់ Yoga ជា​លក្ខណៈ​ឯកជន​សម្រាប់​មនុស្ស2នាក់ នៅមុខ​ប្រាសាទអង្គរវត្ត​នាពេល​ព្រឹក​ព្រលឹម
    – ការប្រទាន​ពរជ័យ​ពី​ព្រះសង្ឃ
    – ទទួលទាន​អាហារ​សុខភាព
    – ការ​សម្មាធិ​កាត់បន្ថយ​ភាព​តានតឹង (Sound​ Healing Session)
    – ជិះ​ម៉ូតូ​កង​បី​ដើរលេង​កម្សាន្ត​នៅក្នុង​ទីក្រុង​សៀមរាប12ម៉ោង​ក្នុង​មួយថ្ងៃ៕

  • ហេតុផល​សំខាន់ ដែល​គូ​ស្វាមីភរិយា ត្រូវការ​ធ្វើដំណើ​រកម្សាន្ដ

    ហេតុផល​សំខាន់ ដែល​គូ​ស្វាមីភរិយា ត្រូវការ​ធ្វើដំណើ​រកម្សាន្ដ

    ការធ្វើដំណើរ​កម្សាន្ដ​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ស្រស់ថ្លា​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ​ទៀតផង។ ហើយ​បើ​ទើបតែ​រៀប​អាពាហ៍ពិពាហ៍​ហើយ​ថ្មីថ្មោង ការចំណាយ​ពេលវេលា​ដើរ​កម្សាន្ដ គឺជា​ការបង្កើត​នូវ​ភាព​ស្និទ​ស្នាល និង​ទំនាក់ទំនង​ល្អ​រវាង​អ្នក​ទាំងពីរ។ អ្នក​បានធ្វើ​ការងារ​ស​ន្សំ​ប្រាក់​ទុក​សម្រាប់​កសាង​គ្រួសារ​អស់​រយៈពេល​ជា​យូរ​មកហើយ ដូច្នេះ មាន​ហេតុផល​សំខាន់​ជាច្រើន​ដែល​លោកអ្នក​គួរ​ធ្វើដំណើរ​កម្សាន្ដ​ទៅកាន់​កន្លែង​ណាមួយ ទោះ​មិនបាន​ញឹកញាប់ ក៏យូរៗបាន​ដើរលេង​ម្ដង​ដែរ។ តើ​មាន​ហេតុផល​អ្វីខ្លះ ដែល​ការធ្វើដំណើរ​កម្សាន្ដ​រប​ស់​គូ​ស្វាមី​ល្អ​សម្រាប់​សុខភាព?

    1. បង្កើន​ទំនាក់ទំនង​ស្អិតរ​មួ​ត
    នៅពេលដែល​បានធ្វើ​ដំណើរ​កម្សាន្ដ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ នោះ​មានន័យថា​អ្នក​កំពុងតែ​បង្កើន​ភាព​ជិតស្និត ផ្អែម​ល្អែ​ម​ជាមួយ​ពួកគេ​ថែម​មួយកម្រិត​ទៀត។ ជា​ទូទៅ ក្រោយពេល​រៀបការ គូ​ស្វាមីភរិយា​តែង​ជ្រើសរើស​ទីតាំង​សម្រាប់​ក្រេប​ចន្ទ​ទឹកឃ្មុំ ក៏ប៉ុន្ដែ​ក៏មាន​អ្នក​ខ្លះទៀត ចង់​មានដំណើរ​កម្សាន្ដ​ទាំង​គ្រួសារ​តែម្ដង ព្រោះ​ដើម្បី​ឱ្យមាន​ភាព​ស្និទ​ស្នាល​នឹង​គ្នា​រវាង​គ្រួសារ​ទាំងពីរ​ខាង ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ខ្លាំង​ឡើង។

    2. រំសាយ​អារម្មណ៍​ស្មុគស្មាញ និង​ភាព​នឿយហត់
    អ្នក​ធ្លាប់តែ​រស់នៅ និង​ទទួល​សំពាធ​ពី​កន្លែង​ការងារ ពី​ការសិក្សា ឬ​ពី​ក្រុមគ្រួសារ រហូតដល់​មានគ្រួសារ​ថ្មី នឹងត្រូវ​ប្រឈម​ជាមួយ​ពេលវេលា​មើលថែទាំ​សមាជិក​ក្នុង​គ្រួសារ​ថែមទៀត សឹងតែ​ធ្វើឱ្យ​អ្នក​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ធ្វើដំណើរ​កម្សាន្ដ​ឡើយ។ ដំណើរ​កម្សាន្ដ​អាច​ជួ​យ​ឱ្យ​អ្នក​ស្រស់ស្រាយ និង​មានគំនិត​ក្នុងការ​ដោះស្រាយ​រឿងរ៉ាវ​ជាច្រើន។ នៅពេល​អារម្មណ៍​ស្រឡះ ភាព​នឿយហត់​ក៏បាន​រសាយ ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ល្អប្រសើរ​ឡើងវិញ។

    3. ទទួលបាន​គំនិតថ្មីៗ និង​គំនិត​ច្នៃប្រឌិតល្អៗ
    ដើរលេង​ច្រើន ឃើញ​អ្វីដែល​ប្លែក​ច្រើន អាចឱ្យ​អ្នកមាន​គំនិត​ច្នៃប្រឌិតថ្មីៗ តាមរយៈ​តំបន់ប្លែកៗ ព្រោះថា​ពេលដែល​អ្នកឃើញ​អ្វីដែល​ថ្មី​សន្លាង ដែល​អ្នក​មិន​ធ្លាប់​បានឃើញ​ពីមុនមក អាច​បណ្ដុះ​គំនិត​អ្នក​ឱ្យ​កាន់​តែមាន​ច្រើនឡើង​ថែមទៀត។ ជាពិសេស​គោល​គំនិត​នៃ​ការបង្កើត​មុខរបរ សម្រាប់​គូ​ស្វាមីភរិយា​នឹងត្រូវ​ចាប់ដៃគ្នា​រកប្រាក់​ចំណូល។

    4. សប្បាយចិត្ត​សុខភាព​ល្អ
    ពេលដែល​អ្នក​សប្បាយ​ចិ​ត្ដ អារម្មណ៍ល្អនោះ​មានន័យថា អ្នក​ក៏មាន​សុខភាព​ល្អ​ដែរ។ ដំណើរ​កម្សាន្ដ​ធ្វើឱ្យ​សុខភាព​ខួរក្បាល​របស់​អ្នក​បានល្អ និង​ធ្វើឱ្យ​រូបរាង​នៅ​ថេរ​ជានិច្ច។

    5. បង្កើត​ទំនាក់ទំនង​សង្គម​ល្អ
    ពេលដែល​អ្នក​ទៅ​ដើរលេង​កម្សាន្ដ​នៅ​តំបន់ផ្សេងៗ អាចជួយ​ឱ្យ​អ្នកមាន​ទំនាក់ទំនង​ល្អ​ជាមួយ​មនុស្ស​នៅក្នុង​សង្គម ពីព្រោះថា​នៅពេលដែល​អ្នក​ប្រាស្រ័យ​ទាក់ទង​មនុស្ស​នៅក្នុង​សង្គម​ច្រើនប្រាកដ​ណាស់​ថា អ្នកនឹង​ទទួលបានពី​បទ​សោធន៍​ជីវិតថ្មីៗ និង​ងាយស្រួល​ជំរុញ​ការបង្កើ់ត​មុខ​ជំនួញ។

    6. ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ
    ការកម្សាន្ដ​ជួយ​អ្នក​បំបាត់​ភាព​ខ្វល់ខ្វាយ ស្ដ្រេ​ស និង​តប់ប្រមល់​ជាដើម។ ដូច្នេះ​អ្នក​គួរតែ​ចំណាយពេល​របស់​អ្នកខ្លះ ធ្វើដំណើរ​កម្សាន្ដ​ឱ្យបាន​ច្រើន ដើម្បី​សុខភាព​របស់​អ្នក ក៏ដូចជា​មាន​ប្រយោជន៍​ចំពោះ​ខ្លួន​នាពេលខាងមុខ​ផងដែរ៕

  • ម៉ែក្មេក 5ប្រភេទ ដែលកូនប្រសារស្រីដូចយើង រាងចាល!!

    ម៉ែក្មេក 5ប្រភេទ ដែលកូនប្រសារស្រីដូចយើង រាងចាល!!

    នៅពេលដែលសង្គ្រាមរវាងម៉ែក្មេក និងកូនប្រសារស្រីមិនមែនជារឿងកំប្លុកកំប្លែង​ ដែលនិពន្ធលើកយកល្អមើល ហើយដាក់បញ្ចាំងនៅក្នុងរឿងភាគក្នុងទូរទស្សន៍នោះ អ្នកគ្រូឆវី សូមលើកយកអត្ថបទដ៏ល្អមួយ ដើម្បីមកស្រាយបញ្ហានេះជូនសម្ព័ន្ធភាពទាំង3 គឺម៉ែក្មេក កូនប្រសារស្រី និងកូនប្រុសអ្នកម៉ែ ដែលត្រូវបំពេញតួនាទីជាស្វាមីគំរូ និងជាកូនប្រុសដ៏សែនល្អ ឱ្យបានដឹងពីចិត្តគំនិតរបស់គ្នាទៅវិញទៅមក ដូចជាយើង (ម៉ែក្មេក) ស្អប់បែបនេះ! ឬនាង(រូបអ្នកផ្ទាល់)ចូលចិត្តបែបណា? ជាដើម នោះមកជម្រាបជូន ដែលអ្នកគ្រូឆវី ធានាថា អត្ថបទនេះ ម៉ែក្មេកទាំងឡាយក៏អាចអានបាន កូនប្រសារស្រីក៏អានបាន ហើយជាពិសេសបំផុត កូនប្រុសអ្នកម៉ែក៏គួរតែអានដែរ ហើយសូមឱ្យអានទាំងអស់គ្នា… គិតថា អ្នកគ្រូ ឆវី សុំអង្វរឱ្យអានទៅចុះ!

    1. មហាកំពូលការពារទ្រព្យ
    ម៉ែក្មេកមហាកំពូលការពារទ្រព្យ ចូលចិត្តធ្វើខ្លួនជាអ្នកត្រួតពិនិត្យជាប់ជានិច្ច ដែលបើសិន​ជាការពារតែទ្រព្យសម្បត្តិរបស់ខ្លួន​ឯង​នោះ វា​​​ប្រហែលជាមិនមែនជាបញ្ហាអីទេ តែនេះ​មាន​ក្ដីព្យាយាមយ៉ាងខ្លាំងក្លាក្នុង​​ការតាមដានត្រួតពិនិត្យទ្រព្យសម្បត្តិរបស់អ្នកផ្សេងទៀតផង ជាពិសេសបំផុតទ្រព្យសម្បត្តិរបស់កូនប្រុសសំណព្វចិត្តខ្លួនតែម្ដង។ អ្នកស្រីម្ដាយក្មេកតែងតែវិតក្កកង្វល់ថា កូនប្រសារស្រីនឹងធ្វើខ្លួនជាសត្វឈ្លើង មកជញ្ជក់បឺតយកប្រាក់ដែល កូនប្រុសខ្លួន​ខំរកបានមកដោយក្ដីលំបាកលំបិន ទាំងនៅចាំតាមដានស៊ើបមើលថា កូនប្រសារស្រីរបស់ខ្លួនចេះធ្វើការរកស៊ីអត់? ឬមានប្រាក់ចំណូលប៉ុន្មាន? ឬចាយវាយខ្ចះខ្ជាយឬអត់? ដែលប្រាកដណាស់ថា ទាំងអស់នេះពិតជាសាង​នូវភាពធុញថប់តានតឹង និងរំខានចិត្តកូនប្រ-សារស្រីមិនស្ទើរឡើយ ហើយម៉ែក្មេកខ្លះទៀត កើតអាការធ្ងន់ធ្ងរដល់ថ្នាក់សុំខ្លួនធ្វើជាអ្នកទុកដាក់លុយកាក់ឱ្យកូនប្រុសខ្លួនឯងក៏មានដែរ… អូយ ឈឺក្បាល!

    វិធីទប់ទល់ៈ បើសិនចង់ចាត់ការម៉ែក្មេក ប្រភេទនេះឱ្យរាបដូចកន្ទេលនោះ អ្នកគ្រូឆវី សូមណែនាំថា អ្នកនាងត្រូវតែធ្វើជាកូនប្រសារ ដែលរឹងប៉ឹង ឈរលើដៃជើង និងកម្លាំងរបស់ ខ្លួនឯង។ និយាយប្រកាសឱ្យឮដល់ត្រចៀកម៉ែក្មេកតែម្ដងទៅថា នាងខ្ញុំធ្វើការរកលុយចាយដោយខ្លួនឯងណា៎ ហើយនាងខ្ញុំនឹងកូនប្រុសរបស់អ្នកស្រី ក៏ចាយលុយដោយឡែកពីគ្នាដែរដែលរឿងនេះ​បើសិនជាតម្រូវឲលារបញ្ជីចំណាយចំណូលបង្ហាញប្រាប់ផង ក៏រឹតតែល្អទៅទៀត។ ធ្វើគ្រប់វិធី​ដើម្បី​បង្ហាញឱ្យឃើញថា អ្នកនាងមិនបានមក​តោងកូនប្រុស គាត់ស៊ីនោះទេ។ នៅពេលដឹងបែបនេះហើយ អ្នកស្រីម្ដាយក្មេកក៏នឹងលែងហ៊ានមកលូកលាន់ ឬចេះដឹងរឿងលុយរឿងកាក់របស់អ្នកនាងទៀតហើយ ឬនិយាយឱ្យស្រួលស្ដាប់គឺ ធ្វើឱ្យគាត់លែងខ្វល់បារម្ភពីរឿងហ្នឹងតែម្ដង ដើម្បីឱ្យលែងមានបញ្ហាសម្រាប់ជីវិតអាពាហ៍ពិពាហ៍របស់អ្នកនាង និងស្វាមីហ្នឹងឯង។

    2. ស៊ូស៊ីថៃហៅ មកចាប់កំណើត
    ពីដំបូងប្រុងហៅថា ហ៊ីទ្លែរមកចាប់កំណើតព្រោះភ្លេចគិតទៅថា ម៉ែក្មេកជាមនុស្សស្រីអីុចឹងមានតែ ស៊ូស៊ីថៃហៅ ទើបស័ក្តិសមជាង។ ចា៎ស ប្រហែលជាមិនពិបាកស្មានទេ មែនទេថាម៉ែក្មេកប្រភេទនេះជាមនុស្សបែបណា ខ្លីៗងាយៗត្រូវចំអត្ថន័យតែម្ដងនោះគឺ “ផ្ដាច់ការ” ដោយក្នុងពាក្យថា ផ្ដាច់ការនេះបានរួបរួមចរិតនិស្ស័យដ៏មហាសែនយ៉ាប់ជាច្រើននៅក្នុងនោះ មានតាំងពីអាត្មានិយម គ្មានហេតុផលចេះដឹង រឿងប្ដីប្រពន្ធគេ មិនទទួលយកគំនិត យោបល់ គេគិតថាខ្លួនឯងត្រូវរហូត ចូលចិត្តចង្អុលបញ្ជាសម្លុតគំរាមកំហែង។ល។ ចំណុចអាក្រក់ច្រើនបែបនេះ បើចង់ប្រាប់ថា គឺជាម៉ែក្មេកដែលគួរឱ្យភ័យខ្លាចជាទីបំផុតនោះ ក៏ប្រហែល មិនជាខុសប៉ុន្មានដែរ។ ជាពិសេសបំផុត បើចាប់ដៃគូគ្នាជាមួយកូនប្រុសទន់ជ្រាយផងនោះ រឿងនេះអាចប្រកាសបានតែម្ដងថា ជីវិត ជាកូនប្រសារស្រីមានតែខ្ទេចខ្ទី ហើយនិងខ្ទេចខ្ទី តែប៉ុណ្ណោះ។ ហ៊ឺ…។

    វិធីទប់ទល់ៈ វិធីដោះយករួចខ្លួនពីម៉ែក្មេកកំ- ពូលផ្ដាច់ការបែបនេះគឺ អ្នកនាងត្រូវធ្វើជាកូនប្រ-សារស្មារតីមាំមួន។ ភាពនឹងធឹង និងដាច់ខាតនឹងធ្វើឱ្យអ្នកនាងយកឈ្នះដោយមិនពិបាកឡើយ។ អាចនឹងត្រូវសុខចិត្ត ឬបង្ខំចិត្តធ្វើការតមាត់ ត-ក ដើម្បីជំទាស់ចិត្តគ្នាខ្លះទៅចុះ តែបើសិនជា ប្រាកដក្នុងចិត្តថា បានធ្វើនូវរឿងដែលត្រឹមត្រូវ និងគួរធ្វើហើយនោះ សូមកុំភិតភ័យញាប់ញ័រឱ្យ សោះ ព្រោះបើសិនជាអ្នកនាងភ្លេចខ្លួនបណ្ដោយតាម ឬឱនក្បាលចុះញ៉មសូម្បីតែបន្តិចនោះ វានឹងក្លាយជាចំណុចប្ដូរផ្លាស់ជីវិតរបស់អ្នកនាងភ្លាមតែម្ដង​។ ចូរចាំទុកថា កុំព្រមចុះចាញ់ ឬបន្ទន់ឥរិយាបថតាំងពីដំបូង ព្រោះវានឹងមានន័យថា បើសុខចិត្តធ្វើចាញ់តាំងពីដំបូងនោះ វាច្បាស់ជាមានលើកក្រោយៗទៀតជាមនិខាន…។ (សូមរង់ចាំតាមដានភាគបន្ត…)

  • ធនាគារជាតិ​ប្រកាស​បញ្ឈប់​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន 4 នៅ​ដើម​ឆ្នាំនេះ

    ធនាគារជាតិ​ប្រកាស​បញ្ឈប់​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន 4 នៅ​ដើម​ឆ្នាំនេះ

    ធនាគារជាតិ​នៅ​កម្ពុជា​ធ្លាប់បាន​ធ្វើការ​ប្រកាស​ព័ត៌មាន និង​ព្រមានធ្ងន់ៗរួចមកហើយ​ចំពោះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ណា​ដែល​បាន​បង្កើន​តម្លៃ​សេវា​របស់ខ្លួន​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​ខ្ចីប្រាក់ និង​លក្ខខណ្ឌ​មួយចំនួនទៀត​ដែល​ធនាគារជាតិ​បាន​កំណត់ថា អាច​ប្រឈម​នឹង​ការបញ្ឈប់​ប្រតិបត្តិការ ឬ​មាន​វិធានការ​ផ្លូវច្បាប់​នានា។

    បន្ទាប់ពី​ធនាគារជាតិ​នៃ​កម្ពុជា បាន​សម្រួល​ឱ្យ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​សម្រាប់​ប្រជាជន​នៅ​ទូទាំងប្រទេស​ដោយ​ការកំណត់​ពិតាន​ការប្រាក់​រួចមក ធនាគារជាតិ​នៃ​កម្ពុជា​បាន​មើលឃើញថា​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​បែរជា​បង្កើន​តម្លៃ​សេវាផ្សេងៗរបស់ខ្លួន​ដើម្បី​ទាញយក​ប្រយោជន៍​ពី​ប្រជាជន​ទៅវិញ។ ជា​វិធានការ​ទប់ស្កាត់ មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ធ្លាប់បាន​ព្រមាន​ហើយ​ថា អាច​នឹង​ចាត់វិធានការ​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​គ្រឹះស្ថាន​ណា​ដែល​កេង​យកចំណេញ​ច្រើន​ហួសហេតុ​ពេក​ពី​ប្រជាជន។

    នៅ​ដើមឆ្នាំ2019 នេះ​ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការបញ្ឈប់​ប្រតិបត្តិ​ករ​ដែលជា​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន 4 គឺ៖

    ទី1- គ្រឹះស្ថាន វីរៈជន កសិករ ម.ក
    ទី2- គ្រឹះស្ថាន វ​ឌ្ឍ​ក​រសិករ ម.ក
    ទី3- ឥណទាន​ខ្មែរ ដើម្បី​ការអភិវឌ្ឍន៍ ម.ក
    ទី4 ខេ ភី ភី ឌី ហ្វា​យ​នែ​ន ម.ក

    គួរ​បញ្ជាក់ថា ការបញ្ឈប់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ជនបទ​ទាំង4 នេះ ធនាគារជាតិ​នៃ​កម្ពុជា​មិនទាន់បាន​បញ្ជាក់​មូលហេតុ​នៅឡើយ​ទេ គ្រាន់តែ​បាន​ជូនដំណឹង​ដល់​សាធារណជន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យបាន​ជ្រាប​ជា​ព័ត៌មាន​តែប៉ុណ្ណោះ៕

  • សិស្សស្រីតែងខ្លួនឈុតបុរាណចូលប្រលង បង្កឱ្យភ្ញាក់ផ្អើលអស់ទាំងគ្រូនិងមិត្តរួមថ្នាក់

    សិស្សស្រីតែងខ្លួនឈុតបុរាណចូលប្រលង បង្កឱ្យភ្ញាក់ផ្អើលអស់ទាំងគ្រូនិងមិត្តរួមថ្នាក់

    ពិតជាមានរឿងប្លែកៗកើតនៅក្នុងសង្គម ដែលនៅថ្ងៃទី 9 ខែមករា​ ឆ្នាំ 2019 នេះសារព័ត៌មានថៃ kapook បានចេញផ្សាយឱ្យដឹងថា សិស្សស្រីម្នាក់តែងខ្លួនក្នុងឈុតបុរាណថៃ ចូលប្រលងនៅក្នុងថ្នាក់បង្កឱ្យមានភាពភ្ញាក់ផ្អើលអស់មណ្ឌុលប្រលង។

    តាមការបង្ហោះរបស់ហ្វេសប៊ុកមានឈ្មោះ Keem Phanthong បានឱ្យដឹងថា ខណៈដែលមិត្តភ័ក្តនៅក្នុងសាលារៀនស្លៀកសម្លៀកបំពាក់របស់សាលាតាមធម្មតាមកប្រលង ភ្លាមៗស្រាប់តែគ្រប់គ្នាភ្ញាក់ព្រឺត នៅពេលបានឃើញនាងមកប្រលងក្នុងសម្លៀកបំពាក់ឈុតបុរាណថៃ ព្រមទាំងមានបួងសក់ និងពាក់មកុដ ហាក់បីដូចជា គ្រូកំពុងចូលរូប។ សិស្សស្រីរូបនេះ ត្រូវបានមិត្តរួមថ្នាក់ថតរូបឱ្យបង្ហោះឱ្យដឹងថា « ទីនេះសាលារៀន Prakhonchai Pittayakhon តែងខ្លូនមកប្រលងមធម្យៗ តែសប្ដាហ៍ក្រោយគឺមិនធានាទេ»។

    សិស្សស្រីដែលបានរៀបរាប់ខាងលើ ត្រូវបានអ្នកសារព័ត៌មានទម្លាយអត្តសញ្ញាណឱ្យដឹងថា នាងមានឈ្មោះ ពិយៈធិតា ម៉ាលីគុន ឬហៅក្រៅ នាង ហ្វីមល៍ រៀនថ្នាក់ទី 10 នៃសាលារៀន Prakhonchai Pittayakhon ហើយនាងគឺជាអ្នករបាំ និងជាអ្នកចម្រៀងប្រចាំសាលា។ នាងថា នាងមិនបានប្ដូរឈុតដោយសារតែ នាងត្រូវប្រលងផ្នែកមុខវិជ្ជាតម្រង់ទិស និង ផ្នែករបាំក្នុងថ្ងៃតែមួយ៕

  • តួស្រីក្នុងរឿង« កំណត់ហេតុនាងនាថ »ជួបគ្រោះថ្នាកចរាចរណ៍ថរយន្ដបុកគ្នា របួសជើងឆ្វេង

    តួស្រីក្នុងរឿង« កំណត់ហេតុនាងនាថ »ជួបគ្រោះថ្នាកចរាចរណ៍ថរយន្ដបុកគ្នា របួសជើងឆ្វេង

    ដូចប្រិយមិត្តបានស្គាល់ហើយថា តារាឯកស្រីនៅក្នុងភាពយន្ដខ្នាតធំរឿង « កំណត់ហេតុនាងនាថ » ជាតារាសម្តែងកូនកាត់ខ្មែរ-ឥស្លាម នាងបានជួបគ្រោះជួបគ្រោះថ្នាកចរាចរណ៍ដោយសាររថយន្ដបុកគ្នា។

    តារាសម្តែងកូនកាត់ខ្មែរ-ឥស្លាម កញ្ញា ណា​ តាហ្សាបានជួបគ្រោះថ្នាកចរាចរណ៍កាលពីវេលាម៉ោង12រំលងអាធ្រាតជិតចូល1យប់ឈានចូលថ្ងៃទី9 ខែមករា ។ ហេតុការណ៍យប់មិញនេះ​ដែរ កើតឡើង​នៅម្តុំ ស្រុកកគរ ខេត្តពោធិ៍សាត់

    តារាសម្តែងកូនកាត់ខ្មែរ-ឥស្លាមបានប្រាប់អ្នកសារព័ត៌មានថា ខ្ញុំពិតជានៅភ័យមិនបាត់ចំពោះហេតុការណ៍គ្រោះថ្នាក់យប់មិញ។ វាហាក់នៅជាប់នៅនឹងភ្នែករបស់ខ្ញុំដោយឡាន 1បាំងកន្លះបានបែកកង់ជ្រុលចង្កូតបុកជាមួយឡានក្រុងរបស់ខ្ញុំដែលធ្វើដំណើរផ្ទុយទិសគ្នាពីភ្នំពេញទៅកាន់ប៉ោយប៉ែត ចាំទៅថៃបន្តក៏ជួបគ្រោះថ្នាក់នេះតែម្តង”។

    តារាសម្ដែងស្រីរូបនេះបានបន្ដថា ពេលនេះរូបនាងមានសុវត្ថិភាពល្អ មិនមាន​រងរបួសធ្ងន់ធ្ងរដល់អាយុជីវិតទេ គ្រាន់តែខកខានធ្វើដំណើរទៅប្រទេសថៃទៀតបានដោយបានបាត់ លិខិតឆ្លងដែន និងកំពុងស្នើរសុំដល់អ្នករើសបានសុំជួយទំនាក់ទំនងប្រគល់ឱ្យរូបនាងវិញផង។ នាងថា ទឹកដោះម្ដាយថ្លៃទើបរួចផុតពីគ្រោះថ្នាក់ដល់ជីវិត គ្រាន់តែរបួសត្រង់ជើងខាងឆ្វេងតិចតួចប៉ុណ្ណោះ តែរាងនៅភ័យព្រោះមិនធ្លាប់ជួបពីមុន ហើយនេះជាលើកទី1ក្នុងជីវិត។ ពេលនេះនាងកំពុងនៅក្នុង​ក្រុងប៉ោយប៉ែត រង់ចាំបន្តដំណើរទៅថៃព្រោះមិនអាចអាក់ខានការកុម្មង់ឥវ៉ាន់របស់នាងឡើយ៕

  • នៅទីបំផុតអ្នកនាង លី ច័ន្ទសីហា ទម្លាយរឿងលែងលះស្វាមី

    នៅទីបំផុតអ្នកនាង លី ច័ន្ទសីហា ទម្លាយរឿងលែងលះស្វាមី

    ក្នុងពិធីខួបមួយឆ្នាំរបស់កូនស្រីអ្នកនាងលី ច័ន្ទសីហា គេឃើញអ្នកនាងប្រារព្ធពិធីជាទ្រង់ទ្រាយធំ ដោយក្នុងពិធីទាំងមូលមានសុទ្ធតែវត្តមានតារាល្បីៗបង្ហាញខ្លួន។ តែអ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺ តារាសម្ដែងល្បីល្បាញអ្នកនាង លី ច័ន្ទសីហា បានប្រកាសជាចំហរហើយថា អ្នកនាងពិតជាលែងលះជាមួយស្វាមីប្រាកដមែន ដោយអ្នកនាងបានដើរតួជាម្ដាយផងឳពុកផងរបស់កូនស្រីតែម្នាក់ឯង តាំងពីកូនស្រីសម្រាលបានប៉ុន្មានខែ។ អ្នកនាងបានថ្លែងបែបនេះ ក្នុងពិធីខួបកំណើតកូនស្រី គម្រប់មួយឆ្នាំកាលពីថ្ងៃទី9 ខែមករា ឆ្នាំ2019នេះដែលមានវត្តមានតារាល្បីៗចូលរួម។

    អ្នកនាងលី ច័ន្ទសីហា និយាយថា ជីវិតប្ដីប្រពន្ធរបស់អ្នកនាងមានរឿងមិនចុះសម្រុងគ្នាជាយូរមកហើយ ដោយមានស្ថានភាពឈ្លោះបែកៗក៏ច្រើនលើកដែរ មុននឹងឈានដល់ការលះលែងគ្នា។ ប៉ុន្តែដោយសារតែអ្នកនាង ក៏មិនចង់អោយរឿងនេះខ្ចរខ្ចាយ ទើបអ្នកនាងព្យាយាមលាក់បាំង ហើតខំពង្រឹងជំហរក្នុងនាមជាម្ដាយម្នាក់សម្រាប់កូនស្រី។ យ៉ាងណាមិញអ្នកនាងថា មិនទន់ជ្រាយទេ ហើយផ្ទុយទៅវិញអ្នកនាងចិញ្ចឹមបីបាច់កូនស្រីអោយមានវាសនាល្អបំផុត បើទោះជាក្នុងពេលនេះ កូនស្រីរបស់អ្នកនាងគ្មានឳពុកឃុំគ្រង។

    សូមជម្រាបថា ក្នុងនោះអ្នកនាងក៏ប្រកាសថា នឹងបន្តអាជីពសម្ដែងឱ្យខ្លាំងដូចដើមផងដែរ នៅពេលអ្នកនាងធូរខ្លួនបន្តិចពីការមើលថែកូនស្រី៕

  • ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្សព្វផ្សាយ​ពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ សម្រាប់ SME

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្សព្វផ្សាយ​ពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ សម្រាប់ SME

    «ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម(SME)ក្នុង​វិស័យ​អាទិភាព» សម្រាប់​អាជីវកម្ម សហគ្រាស​ចំនួន 6ប្រភេទ​ត្រូវបាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រៀបចំឡើង​នូវ​សិក្ខាសាលា​មួយ​កាលពី​ថ្ងៃទី8 ខែមករា ឆ្នាំ2019 តាមរយៈ​ការផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ124 អនក្រ.បក ចុះ​ថ្ងៃទី2 ខែតុលា ឆ្នាំ2018 ដោយ​ក្នុងនោះ​រាជរដ្ឋាភិបាល​ក៏បាន​បង្កើត​មូលនិធិ​អភិវឌ្ឍន៍​ជំនាញ​ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព និង​មជ្ឈមណ្ឌល​លើកកម្ពស់​សហគ្រិនភាព​ផងដែរ។

    ការផ្សព្វផ្សាយ​នេះ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​គោលបំណង​ឱ្យ​សាធារណជន ជាពិសេស​ម្ចាស់​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ជ្រាប​ជា​ព័ត៌មាន និង​អាច​ចាប់យក​នូវ​អត្ថប្រយោជន៍​ពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នេះ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម (SME) ដែលជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​បង្កើត​ការងារ​បន្ថែម និង​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក។

    វិស័យ​អាទិភាព​សម្រាប់​ផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ចំពោះ​អាជីវកម្ម សហគ្រាស​ចំនួន 6ប្រភេទ រួមមាន៖1- ផលិតផល​កសិកម្ម ឬ​ក​សិ-ឧស្សាហកម្ម។ 2- ការផលិត និង​កែច្នៃ​ម្ហូបអាហារ។ 3-កម្មន្តសាល​ដែល​ផលិត​ទំនិញប្រើប្រាស់​ក្នុងស្រុក កែច្នៃ​កាកសំណល់ និង​ផលិត​ទំនិញ​សម្រាប់​វិស័យ​ទេសចរណ៍។ 4-កម្មន្តសាល​ផលិត​នូវ​ផលិតផល​សម្រេច ឬ​ផ្នែក ឬ​គ្រឿង​ផ្គុំ​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​កម្មន្តសាល​ដទៃទៀត។ 5-ស្រាវជ្រាវ និង អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន រួមទាំង​ការផ្គត់ផ្គង់​សេវា​គ្រប់គ្រង​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែលមាន​លក្ខណៈ​នវានុវត្តន៍។ 6-សហគ្រាស​ដែល​ស្ថិតក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សហគ្រាស​ដែល​អភិវឌ្ឍ​តំបន់​នេះ ។

    សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​ដូច​បាន​រៀបរាប់​ខាងលើ​អាច​ទទួលបាន​នូវ​ការលើកទឹកចិត្ត​ដូចជា៖

    1-លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន 3ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន។

    2- លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល 5ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ ចាប់ពី​ថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន ដែល​បាន​បំពេញ​លក្ខខណ្ឌ​ណាមួយ ដូចខាងក្រោម៖ ប្រើ​វត្ថុធាតុដើម​ក្នុងស្រុក ចាប់ពី 60%ឡើងទៅ ឬ​បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច20% ឬ​មាន​ទីតាំង​ក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម (SME Cluster)។

    3- លើកលែង​ការបង់ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណូល និង​ពន្ធ​អ​ប្បរមា ក្នុង​រយៈពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល។

    4-លើកទឹកចិត្ត​ចំណាយ​ដែល​អាច​កាត់កង​បាន ដូចខាងក្រោម៖ ក៖ អនុញ្ញាត​កាត់កង​ចំណាយ 200% ចំពោះ​ចំណាយ​លើ​ការប្រើប្រាស់​បញ្ជី​គណនេយ្យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន។ ខ៖ អនុញ្ញាត​កាត់កង​ចំណាយ 200% ចំពោះ​ចំណាយ​លើ​ការបណ្តុះបណ្តាល​ការ​កាន់​បញ្ជី​គណនេយ្យ ឬ​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដល់​និយោជិត និង​គ៖ អនុញ្ញាត​កាត់កង​ចំណាយ150% ចំពោះ​ចំណាយ​វិនិយោគ​លើ​ម៉ាស៊ីន ឬ​ឧបករណ៍​បច្ចេកវិទ្យា ដែលមាន​លក្ខណៈ​នវានុវត្តន៍ សម្រាប់​បម្រើ និង​លើកកម្ពស់​ផលិតភាព​ផលិតកម្ម។

    ក្នុង​ការទទួល​បានកា​រ​លើកទឹកចិត្ត​ដូច​បាន​រៀបរាប់​ខាងលើ សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវ​កាន់​បញ្ជី​គណនេយ្យ និង​ដាក់​លិខិត​ប្រកាស​ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ ទៅតាម​កាលកំណត់​ជូន​រដ្ឋបាល​សារពើពន្ធ ទោះបីជា​ត្រូវបាន​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល និង​ត្រូវដាក់​លិខិត​ប្រកាស​បង់ពន្ធ​អាករ​ដទៃ​ទៀត​តាមច្បាប់ និង​បទ​ប្ប​ញ្ញ​តិ្ត​ស្តីពី​ពន្ធដារ​ជា​ធរមាន។ ផ្ទុយទៅវិញ សហគ្រាស​ធុន​តូច និង​មធ្យម ដែល​មិនបាន​បំពេញ​លក្ខខណ្ឌ​ដូច​បានកំណត់ នៅក្នុង​អនុក្រឹត្យ​នេះ ឬ​ខកខាន​មិនបាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ​នានា ដូច​មានចែង​ក្នុង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ ការលើកទឹកចិត្ត​ដែល​បានផ្តល់​ជូន​នឹង​ត្រូវបាន​ដកហូត​វិញ ។

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងអំណរគុណ​ចំពោះ​ការផ្តល់​ធាតុ​ចូលល្អៗបន្ថែមទៀត​សម្រាប់​ជាការ​គិតគូរ​បន្ត ព្រមទាំង​បានស្នើ​ឱ្យ​វិស័យ​ឯកជន សមាគម​នានា​នៃ​សហគ្រាស​ធុន​តូច និង​មធ្យម និង​ភាគី​ពាក់ព័ន្ធ​ធ្វើការ​ស្វែងយល់ និង​ជួយ​ផ្សព្វផ្សាយ​បន្ត​អំពី​គោលនយោបាយ​លើកទឹកចិត្ត​នេះ ដើម្បីឱ្យ​សហគ្រាស​ប្រភេទ​តូច និង​មធ្យម​ទាំងអស់ មានឱកាស​ចាប់យក​អត្ថប្រយោជន៍​ដូច​មានចែង​នៅក្នុង​អនុក្រឹត្យ​ខាងលើ ឱ្យ​បានជា​អតិបរមា៕

  • Man City លត់​ក្រុម Burton ចាស់ដៃ ដើម្បី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ League Cup

    Man City លត់​ក្រុម Burton ចាស់ដៃ ដើម្បី​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ League Cup

    ខ្សែប្រយុទ្ធ Gabriel Jesus បាន​ស៊ុត​បាល់​បញ្ចូល​ទី 4គ្រាប់ ខណៈដែល​ក្រុម Manchester City បានធ្វើ​ដំណើរ​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពាន League Cup ឬ Carabao Cup តាមរយៈ​ការយក​ឈ្នះ​លើ​ក្រុម Burtonរបស់​ក្របខ័ណ្ឌ League Oneក្នុង​លទ្ធផល 9-០ នា​កីឡដ្ឋាន Etihad កាលពី​ថ្ងៃ​ពុធ។

    ការប្រកួត​ដែលមាន​ប្រៀប​តែ​លើ​ក្រុម​ម្ខាង​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ ជើង​ទី1 ត្រូវបាន​កាត់សេចក្តី ខណៈដែល​ខ្សែបម្រើ Kevin De Bruyne បា​នរក​គ្រាប់​បាល់​បើកឆាក ក្រោយពី​លេង​បានត្រឹមតែ 5នាទី ខណៈដែល Jesus បាន​បន្ថែម​គ្រាប់​បាល់ 2គ្រាប់​ទៀត ហើយ OleksandrZinchenko បាន​បន្ថែម 1គ្រាប់​ទៀត នៅ​មុនពេល​សម្រាក​តង់​ទី1។

    Jesus រកបាន​គ្រាប់​បាល់ 2គ្រាប់​ទៀត ក្នុង​ចន្លោះពេល 13នាទី​ក្នុង​តង់​ទី2 ខណៈដែល​កីឡាករ Phil Foden និង Kyle Walker ក៏បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​ផងដែរ នៅមុន​ពេល Riyad Mahrez បំពេញ​ជ័យជម្នះ​ដ៏​ធំ​សម្រាប់​ក្រុម​ខ្លួន។

    វា​ជាការ​ដណ្តើមបាន​ជ័យជម្នះ​ដ៏​ធំ​បំផុត​សម្រាប់​ក្រុម Man City បើ​គិត​ចាប់តាំងពី​ពួកគេ​បាន​ផ្តួល​ក្រុម Huddersfield 10-1 កាលពី​ឆ្នាំ1987 និង​បាន​ធានាថា ការប្រកួត​ជើង​ទី2 គ្រាន់តែ​ការប្រកួត​បង្គ្រប់កិច្ច​ប៉ុណ្ណោះ។

    លោក Guardiola គ្រូបង្វឹក​របស់​ក្រុម Man City បានឱ្យដឹងថា៖ «ពិតណាស់ យើង​ស្ថិតក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​រួចជាស្រេច។ យើង​ត្រូវតែ​លេង​ការប្រកួត​ជើង​ទី2 ហើយ​យើង​នឹង​លេង​ដោយ​ប្រុងប្រយ័ត្ន។ យើង​ពិតជា​រីករាយ​ណាស់​ក្នុងការ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ម្តងទៀត»។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «វា​មិន​ងាយស្រួល​នោះឡើយ​ក្នុង​ការលេង​ក្នុងការ​ប្រកួត​បែបនេះ។ យើង​បាន​និយាយ​ពីមុន​ពេល​ការប្រកួត​ឱ្យ​ចាត់ទុកជា​ការប្រកួត​សំខាន់ ហើយ​យើង​បានចាប់ផ្តើម​យ៉ាង​ល្អ»៕

    ប្រភពពី៖ Channel News Asia

  • ស្លៀកពាក់មិនសមរម្យ និងបង្ហាញក្បាច់រាំស្រើបស្រាលដាក់កុមារ ត្រូវប៉ូលីសថៃចាប់ខ្លូន និងបិទហាងបណ្ដោះអាសន្ន

    ស្លៀកពាក់មិនសមរម្យ និងបង្ហាញក្បាច់រាំស្រើបស្រាលដាក់កុមារ ត្រូវប៉ូលីសថៃចាប់ខ្លូន និងបិទហាងបណ្ដោះអាសន្ន

    តាមរយៈសារព័ត៌មានថៃ Mgronline បានចេញផ្សាយនៅពេលថ្មីៗនេះ បានឱ្យដឹងថា អាហារដ្ឋានល្បីឈ្មោះនៅក្នុងផ្សារ ហួនុម មានឈ្មោះថា « สถานีมีหอย » ( កន្លែងមានគ្រំ ) ដែលជាហាងលក់នូវប្រភេទអាហារតំបន់ភូមិភាគឦសាន គ្រឿងសមុទ្រគ្រប់ប្រភេទ និងជាពិសេសប្រភេទពួក គ្រំ ងាវ អយស្ទើ លៀស និងខ្យង ត្រូវបានមន្ត្រីប៉ូលីសថៃ ហាមឃាត់ និងប្រកាសបិទហាងបណ្ដោះអាសន្ន ក្រោយពីបុគ្គលិកហាងដែលជាភេទទី3 បានបង្ហាញក្បាច់រាំលើកអាហារយ៉ាងស្រើបស្រាលដាក់កុមារ រហូតដល់អតិថិជនមិនពេញចិត្តដាក់ពាក្យប្ដឹង។

    ជាទូទៅគេមើលឃើញថា នៅក្នុងហាងល្បីឈ្មោះខាងលើនេះ មានបុគ្កលិកជាបុរសភេទី 3 ស្លៀកពាក់មិនសមរម្យប៉ុន្មានទេ បានបញ្ចេញក្បាច់រាំតាមចង្វាក់ភ្លេងយ៉ាងស្រើបស្រាល លើកអាហារជូនភ្ញៀវដែលបានមកពិសានៅក្នុងហាង ។ ហាងនេះចាប់ផ្ដើមបើកដំណើរការណ៍នៅអំឡុងខែ មេសា ឆ្នាំ 2015 និងបានកែប្រែរបៀបនៃការលក់ឱ្យមានភាពទាក់ទាញតាមរយៈក្រុមបុរសភេទទី 3 នៅអំឡុង 1 ឆ្នាំចុងក្រោយនេះទេ។

    បើតាមប្រភេទព័ត៌មានបានបញ្ជាក់ទៀតថា បុរសភេទី 3 ចំនួន 5 នាក់ត្រូវបានប៉ូលីសថៃណែនាំខ្លួន និងមិនឱ្យប្រព្រឹត្តអំពើបែបនេះដាក់កុមារបន្ដទៀត៕