Category: សង្គម និងសេដ្ឋកិច្ច

  • បង្កើតទម្លាប់ល្អដើម្បីភាពស្រស់ស្អាតគ្រប់សមាជិកក្នុងគ្រួសារ

    បង្កើតទម្លាប់ល្អដើម្បីភាពស្រស់ស្អាតគ្រប់សមាជិកក្នុងគ្រួសារ

    មិនចាំបាច់ទាល់តែទៅស្វែងរកសេវាកម្មថែរក្សាសម្រស់ ក៏លោកអ្នកអាចទទួលបានភាពស្រស់ស្អាតដែរ ព្រោះថាការដែលលោកអ្នកមានទម្លាប់ល្អៗសម្រាប់អនុវត្តហើយនោះ ភាពស្រស់ស្អាតក៏ពិតជាមិនរត់ទៅណាដែរ។ កាន់តែពិសេសជាងនេះទៅទៀតនោះគឺ ប្រសិនបើអ្នកអាចធ្វើជាអ្នកដឹកនាំគ្រប់គ្នានៅក្នុងគ្រួសារ ឱ្យមានទម្លាប់ថែរក្សាភាពស្អាតឱ្យបានត្រឹមត្រូវដូចអ្នកដែរនោះ ធានាថាគ្រប់គ្នាពិតជាបានស្រស់ជាមិនខាន។ សូមចាំថាការអនុវត្តវិធីងាយៗនៅផ្ទះដោយខ្លួនឯងឱ្យបានញឹកញាប់ វានឹងក្លាយជាទម្លាប់ ហើយនៅពេលដែលគ្រប់គ្នានៅក្នុងគ្រួសារមានទម្លាប់ល្អហើយនោះសូមធានាថា ក្តីបារម្ភដែលទាក់ទងនឹងការថែរក្សាសម្រស់ក៏ពិតជាមិនអាចមករំខានអ្នកណាម្នាក់នៅក្នុងផ្ទះរបស់អ្នកបានទៀតឡើយ។

    ស្បែកស្អាតត្រូវចាប់ផ្តើមពីការសម្អាត : ការ សម្អាតស្បែកជាប្រចាំនាពេលព្រឹក និងពេលយប់ជាអ្វីដែលអ្នកត្រូវតែធ្វើឱ្យបានជាប់ជាប្រចាំ។ ក្នុងករណីដែលអ្នកចង់ឱ្យការសម្អាតផ្ទៃមុខរបស់អ្នក កាន់តែមានលក្ខណៈពិសេស និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងផ្តល់នូវគុណប្រយោជន៍ជាច្រើនដល់សម្រស់ស្បែករបស់អ្នកទៀតនោះ អ្នកអាចយកទឹកឃ្មុំបន្តិចលាយជាមួយទឹកដោះគោឆៅមួយស្លាបព្រា រួចយកវាទៅកំដៅ3-4វិនាទីក្នុងម៉ាស៊ីនមៃក្រូវេវ ហើយយកមកលាបឱ្យសព្វលើផ្ទៃមុខ និងក រួចលាងសម្អាតចេញជាមួយទឹកក្ដៅតិចៗជាការស្រេច។

    ចំហុយជាកូនសោបើកទ្វារនៃភាពស្រស់ស្រាយ : ចំហុយមុខរបស់អ្នកឱ្យបានម្ដងក្នុងមួយសប្ដាហ៍ដើម្បីសម្អាតជាតិពុល មុនក្បាលខ្មៅ និងស្នាមតូចៗចេញពីស្បែកមុខ។ ការបន្ថែមប្រេងផ្សេងៗឱ្យត្រូវទៅតាមប្រភេទស្បែករបស់អ្នក គឺជាការជួយឱ្យការចំហុយស្បែកមុខកាន់តែមានប្រសិទ្ធភាពខ្ពស់ឡើង។ សូមចាំថា ការចំហុយស្បែកគឺជាវិធីដែលជួយឱ្យស្បែកមានភាពស្រស់ស្រាយ និងសុខភាពល្អជាប់ជានិច្ច។

    គ្រឿងម៉ាស្សានៅផ្ទះ : ការម៉ាស្សាសម្អាតស្បែកដោយប្រើផលិតផលដែលមានស្រាប់នៅក្នុងផ្ទះម្តង ឬពីរដងក្នុងមួយសប្តាហ៍គឺជាទម្លាប់ដ៏ប្រសើរមួយ ដែលអ្នកគួរតែនាំគ្នាអនុវត្ត។ គ្រាន់តែយកប្រេងអូលីវបន្តិចលាយជាមួយនឹងស្ករត្នោតបន្តិច ហើយយកមកត្រដុសថ្នមៗលើស្បែក រួចសម្អាតចេញដោយទឹកក្តៅឧណ្ហៗ ក្រោយមកបន្តិចកុំភ្លេចបិទរន្ធញើសរបស់អ្នកដោយការសាចទឹកត្រជាក់លើផ្ទៃមុខផង។ វិធីនេះនឹងចូលរួមចំណែកធ្វើការកម្ចាត់ និងសម្អាតស្បែកចាស់ៗចេញ ដើម្បីផ្តល់ឱកាសឱ្យស្បែកថ្មីបានបង្ហាញវត្តមាននៅលើផ្ទៃមុខរបស់អ្នក វិញជាមិនខាន។

    ចងចាំជានិច្ចថាស្បែកត្រូវមានសំណើម : ប្រេងបន្លែ ដូចជា ប្រេងអាល់ម៉ុនជាដើម ត្រូវបានគេទុកថាជាជំនួយការដ៏ល្អបំផុតក្នុងការនាំមកនូវសំណើមដល់ស្បែក និងកាត់បន្ថយស្នាមជ្រួញ។

    កុំបំភ្លេចម៉ាសជំនួយផ្ទៃមុខ : ការប្រើម៉ាសបិទមុខដែលអ្នកទិញមកស្រាប់ៗអាចនឹងធ្វើឱ្យស្បែករបស់អ្នកប្រឈមនឹងបញ្ហាផ្សេងៗ ហើយអ្នកក៏អាចនឹងត្រូវចំណាយប្រាក់ច្រើនបន្តិច ដូច្នេះប្រសិនបើអ្នកចង់ឱ្យមានភាពចំណេញ និងមិនមានក្តីបារម្ភទៀតនោះ សូមសាកល្បងនាំសមាជិកក្នុងគ្រួសារបិទម៉ាសដែលអ្នកធ្វើឡើងដោយខ្លួនឯង ដែលបានមកពីការផ្សំចូលគ្នានៃគ្រីមមួយស្លាបព្រា ចេកទុំកិនម៉ដ្ឋមួយផ្លែ និងវីតាមីនEមួយគ្រាប់។ លាបលើផ្ទៃមុខទុកចោលប្រហែលជា15នាទីសឹម សម្អាតចេញជាការស្រេច។

    ទាំងនេះសុទ្ធតែជាវិធីដែលអាចនាំអ្នក និងសមាជិកក្នុងគ្រួសាររបស់អ្នកទៅរកភាពស្រស់ស្អាត ប៉ុន្តែសូមចងចាំផងថា ក្រៅពីការធ្វើតាមវិធីទាំងនេះហើយនោះ លោកអ្នកក៏ត្រូវថែរក្សាស្បែក ដោយការលាបឡេការពារកម្តៅថ្ងៃឱ្យបានជាប្រចាំ កុំជក់បារី ត្រូវទទួលទានទឹកឱ្យបានគ្រប់គ្រាន់ មិនថាជាទឹកធម្មតា ឬទឹកបន្លែ ផ្លែឈើដែលចម្រាញ់ចេញពីផ្លែឈើស្រស់ៗនោះទេ៕

  • រដូវរងា ប្រេះ​បបូរមាត់ ស្ងួត​ចេញឈាម គួរ​អាន​អត្ថបទ​នេះ

    រដូវរងា ប្រេះ​បបូរមាត់ ស្ងួត​ចេញឈាម គួរ​អាន​អត្ថបទ​នេះ

    ស្នាមញញឹម​ស្រស់​អាស្រ័យ​លើ​បបូរមាត់​ដ៏​មាន​មន្ដ​ស្នេហ៍​របស់លោកអ្នក ជាពិសេស​សម្រាប់​សុភាពនារី។ បបូរមាត់​ស្រស់ មាន​សុខ​ភាពល្អ បង្កើន​នូវ​ភាព​ទាក់ទាញ​បាន​មួយកម្រិត។ កម្រ​មាន​អ្នក​ដែលមាន​បបូរមាត់​ស្អាត​ឥតខ្ចោះ ​ដោយ​ប្រាសចាក​ពី​ការថែរក្សាណាស់។ ជាពិសេស​នៅក្នុង​រដូវរងា​បែបនេះ បបូរមាត់ មនុស្ស​ភាគច្រើន​ជួប​តែ​បញ្ហា​ប្រេះ និង​មាន​អ្នក​ខ្លះទៀត​អាលែកហ្ស៊ី​ក៏មាន​ដែរ។ ការថែរក្សា​មាន​វិធី​ជាច្រើន​ផ្សេងទៀត ដែល​ទាមទារ​ឱ្យ​លោកអ្នក​អនុវត្ដ។ ថ្ងៃនេះ​ទស្សនា​វ​ដ្តី ឡា​រ៉ែ​ន សូម​លើកយក​នូ​វគ​ន្លឹះខ្លះៗក្នុងការ​ថែរក្សា​បបូរ​មាត់​មិនឱ្យ​ប្រេះ​ក្នុង​រដូវរងា​នេះ។

    1. វិធី​ថែទាំ​បបូរមាត់​ឱ្យ​ស្រស់ស្អាត
    ស្រទាប់​បបូរមាត់ គឺជា​ច្រក​ខាងក្រៅ​របស់​មាត់។ បបូរមាត់ និង​មាត់​ផ្សារភ្ជាប់​គ្នា ផ្អែក​ទៅខាង​ក្នុង​ជាប់​នឹង​ធ្មេញ។ នៅលើ​បបូរមាត់​មាន​ស្រទាប់​ស្បែក​ស្ដើង​ដែល​ងាយ​រង​នូវ​ប្រតិកម្មផ្សេងៗ តាមរយៈ​ចំណីអាហារ​ដែល​បរិភោគ​ប្រចាំថ្ងៃ និង​ការប្រើប្រាស់ក្រែ​ម​សម្រាប់​លាប​បបូរមាត់។ ដើម្បី​ថែរក្សា​បបូរមាត់​ឱ្យមាន​សុខភាព​ល្អ អ្នកនាង​កញ្ញា​គួរ​ជ្រើសរើស​ការទទួល​ទាន​ទឹក បន្លែ និង​ផ្លែឈើ​ឱ្យបាន​ច្រើន​ជាប្រចាំ។ សូម​ចៀសវាង​នូវ​ប្រការ​មួយចំនួន។

    ដើម្បី​ថែរក្សា​បបូរមាត់​ឱ្យ​ស្អាត កុំ​ឧស្សាហ៍​លិទ្ធ​បបូរមាត់​ញឹកញាប់​ពេក ព្រោះ​ជាតិ​អាស៊ីត​នៅក្នុង​ទឹកមាត់​អាចធ្វើឱ្យ​បបូរមាត់​ស្ងួត និង​ប្រេះបាន។ មុននឹង​សម្រេច​ចិ​ត្ដ​ប្រើប្រាស់​ក្រែ​ម​សម្រាប់​លាប​បបូរមាត់​ប្រភេទណាមួយ ត្រូវ​ពិនិត្យ​ឱ្យបាន​ដិតដល់ ព្រោះ​បើ​ការជ្រើសរើស​ក្រែ​ម​មិន​បានល្អ អាចធ្វើឱ្យ​បបូរមាត់​ខូច​បាន ដូចជា ​ធ្វើឱ្យ​បបូរមាត់​ប្រេះ ខ្មៅ ស្រអាប់​ជាដើម។ សុភាពនារី​ទាំងអស់​មិនគួរ​ប្រើ​ក្រែ​ម​ដែល​ស្ងួត​ពេក​ទេ ព្រោះ​មើលទៅ​ដូចជា​បបូរមាត់​ដែលមាន​ជំងឺក្រៀម​ខ្សោះ​ខ្វះ​ជីវជាតិ​ដូច្នេះដែរ។ ទម្លាប់​ផ្លាស់ប្ដូរ​ពណ៌​ក្រែ​ម​លាប​បបូរមាត់​ញឹកញាប់ និង​ការ​លាប​ហើយ​ជូត​ចេញ រួច​លាប​ទៀត​ច្រើនដង​ក្នុង​មួយថ្ងៃ ក៏​អាចធ្វើឱ្យ​បបូរមាត់​មាន​បញ្ហា​ដែរ។

    2. ការព្យាបាល​បបូរមាត់​ប្រេះ ឬ​ប្រេះ​មាន​ឈាម
    រដូវ​ធ្លាក់​ខ្យល់​ចូលមក​ដល់​ភ្លាម​បបូរមាត់​អាច​ប្រែ​សភាព​ទៅជា​ស្ងួត ប្រេះមានការ​ឈឺចាប់ ឬ​ហូរឈាមតិចៗ។ តើ​មាន​វិធី​អ្វី​អាច​ការពារ ឬ​ព្យាបាល​បបូរមាត់​ស្ងួត​ប្រេះ​បាន​ទៅ? អស់​ក្ដីកង្វល់​ទៀតហើយ យើង​សូម​បង្ហាញ​ប​រូបមន្ត​ធម្មជាតិ3យ៉ាង ដែលមាន​សុវត្ថិភាព​ក្នុងការ​ព្យាបាល​បញ្ហា​បបូរមាត់​ឱ្យ​ជា​សះ​ស្បើ​យឆាប់រហ័ស​បំផុត។

    *ប្រេងដូង៖ ប្រេងដូង គឺជា​អាហារ​ដែលមាន​សុវត្ថិភាព និង​មាន​សមត្ថភាព​បំផុត​ក្នុងការ​ព្យាបាល​បបូរមាត់​ដែល​ប្រេះ​ចេញឈាម។ ផលិតផល​ធម្មជាតិ​មួយ​ប្រភេទ​នេះ​អាចជួយ​ផ្តល់​សំណើម​ដល់​បបូរមាត់ និង​ឱ្យ​បបូរមាត់​ទន់​រលោង។

    របៀប​ប្រើ៖ អ្នក​គ្រាន់តែ​យក​ប្រេងដូង​បន្តិច​មក​លាប​នៅលើ​បបូរមាត់​ជា​រៀងរាល់​ព្រឹក និង​ល្ងាច (មិនចាំបាច់​លាង​ចេញ​ទេ)។

    **ទឹកឃ្មុំ៖ ទឹកឃ្មុំ ត្រូវបានគេទទួលស្គាល់​ថា គឺជា​ឱសថ​ដ៏​ពូកែ​សម្រាប់​ដោះស្រាយ​បញ្ហា​បបូរមាត់​ប្រេះ។ ទឹកឃ្មុំ អាចជួយ​បង្កើនល្បឿន​នៃ​ការព្យាបាល និង​ជួយផ្តល់​សំណើម​ឱ្យ​បបូរមាត់​របស់​អ្នក​ផងដែរ។ មិនតែប៉ុណ្ណោះ​បបូរមាត់​នឹងមាន​ពណ៌​ផ្កា​ឈូក ប្រសិនបើ​ប្រើប្រាស់​រាល់ថ្ងៃ។

    របៀប​ប្រើ៖ យក​ទឹកឃ្មុំបន្តិច​លាប​ដោយផ្ទាល់​ទៅលើ​បបូរមាត់ ហើយ​ទុក​យ៉ាងហោចណាស់​រយ:ពេល15នាទី ទើប​លាង​សម្អាត​ដោយ​ទឹក​ធម្មតា។ អ្នក​ត្រូវអនុវត្ត​ជា​រៀងរាល់ថ្ងៃ ទើប​បញ្ហា​បបូរមាត់​ប្រេះ​ចេញឈាម​ឆាប់​បាត់​ទៅវិញ។

    ***ទឹកដោះគោ​យ៉ា​អួ៖ ទឹកដោះគោ​ជូរ គឺជា​ឱសថ​ផ្តល់​សំណើម​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​បបូរមាត់​ស្ងួត។ ម្យ៉ាងវិញទៀត​អ្នក​អាច​ប្រើ​ផ្តា​កុលាប​ពីរ​បី​ស្រទាប់​ទៅ​ត្រាំ​នៅក្នុង​ទឹកដោះគោ​ឱ្យបាន​ពីរ​ទៅ​បី​ម៉ោង គឺ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល។

    របៀប​ប្រើ៖ លាប​ទឹកដោះគោ​យ៉ាង​អួសុទ្ធ ឬ​ទឹកដោះគោ​ដែល​ត្រាំ​ផ្តា​កុលាប​នៅលើ​បបូរមាត់ ហើយ​ទុក​ឱ្យស្ងួត​រយៈពេល15នាទី។ បន្ទាប់មក​ត្រូវ​លាង​សម្អាត​ដោយ​ប្រើ​ទឹក​ធម្មតា ប៉ុន្តែ​អ្នក​ត្រូវអនុវត្ត​ជា​រៀងរាល់ថ្ងៃ​ទើប​បបូរ​មាត់ស្ងួត​ឆាប់​ជាសះស្បើយ។

    ក្រៅពី​អនុវត្ត​រូ​បមន្ត​ខាងលើ​នេះហើយ អ្នក​កុំ​ភ្លេច​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន រួមទាំង​ផ្លែឈើ​ដែល​សម្បូរ​វីតាមីន C ដូចជា​ផ្លែក្រូច​ពោធិ៍សាត់ជាដើម។ មិនតែប៉ុណ្ណោះ​កុំ​ព្យាយាម​លិទ្ធ​បបូរមាត់​ខ្លួនឯង កុំ​ប្រើ​ក្រែ​ម​ពណ៌ពេល​ប្រេះបបូរមាត់ និង​ហាម​ជក់បារី​ផងដែរ៕

  • នាំសមាជិកក្នុងគ្រួសារហាត់ប្រាណដើម្បីរាងស្អាត

    នាំសមាជិកក្នុងគ្រួសារហាត់ប្រាណដើម្បីរាងស្អាត

    ចង់ឱ្យគ្រប់គ្នានៅក្នុងគ្រួសារមានសុខភាពល្អរាងស្អាតស្រស់សង្ហាទាំងអស់មែនទេ? ដូច្នេះហើយបានជាម្នាក់ៗ ជាពិសេស ស្ត្រីយើងតែម្តងតែងតែខិតខំចម្រាញ់យកតែអាហារណាដែល មានរសជាតិឆ្ងាញ់ មានប្រយោជន៍ចំពោះសុខភាព តែទន្ទឹមនឹងការហូបចុកល្អ មានអនាម័យហើយនោះលោកអ្នកក៏មិនត្រូវភ្លេចបបួលគ្នាធ្វើលំហាត់ប្រាណ ដើម្បីសុខភាពដែរ ជាពិសេសគឺដើម្បីសម្រកខ្លាញ់ដែលលើសកំណត់នៅក្នុង រាងកាយចេញឱ្យអស់។ មានលំហាត់ប្រាណច្រើនយ៉ាងណាស់ដែលអាចឱ្យអ្នកធ្វើជុំគ្នាដើម្បីសម្រកខ្លាញ់ ហើយវិធីទាំងនោះមានដូចជា៖

    ជិះ​កង់ : មិន​ពិបាក​នោះទេ ឱ្យតែ​មាន​កង់ ចង់​ជិះ​ពេលណា​ក៏បាន ឌុប​គ្នា​ម្តងម្នាក់​ក៏​ចាត់ទុកថា​ជាការ​ហាត់ប្រាណ​ម្នាក់​ម្តង​ដែរ។ ជិះ​កង់​បណ្តើរ​ជជែក​គ្នា​លេង​បណ្តើរ លេងៗរយៈពេល​កន្លះ​ម៉ោង​ក៏​កន្លងផុតទៅ​បាត់ទៅហើយ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​ពេលវេលា​នៃ​ការហាត់​ប្រាណ​ក៏​អាច​ចាត់ទុកថា​គ្រប់គ្រាន់​ទៅហើយ​សម្រាប់​ថ្ងៃនេះ។

    ហែល​ទឹក : ចាត់ទុកថា​ជា​កីឡា​ដែលមាន​ភាពទាន់សម័យ និង​ពេញនិយម​បំផុត​សម្រាប់ មនុស្ស​សម័យនេះ ហើយ​អ្វីដែល​សំខាន់​ជាង នេះទៀត​នោះ​គឺ កីឡា​ប្រភេទ​នេះ មិន​ធ្វើឱ្យ​អ្នក​បារម្ភ​ខ្លាច​ថា​មាន​ញើស​ដែលនាំឱ្យ​មាន​ក្លិន​មិនល្អ​ភាយ​ដាក់​អ្នកផ្សេង​នោះទេ ព្រោះ​នៅក្នុង​ទឹក​ត្រជាក់​ស្រួល​បំផុត​ហើយ។

    ដើរ : មិនចាំបាច់​ត្រូវ​ស្វែងរក​ឧបករណ៍​អី​នោះ ទេ ប្រើតែ​ជើង​ទាំងពីរ​របស់​អ្នក​ក៏​អាចធ្វើឱ្យ​អ្នក និង​សមាជិក​នៅក្នុង​ក្រុមគ្រួសារ​ កម្ចាត់​ជាតិ​ខ្លាញ់​មិនល្អ​ចេញពី​រាងកាយ​បានដែរ។ នាំ​សមាជិក​នៅក្នុង​គ្រួសារ​របស់​អ្នក​ដើរទៅ​ជាមួយគ្នា​អ្នកនឹង​ទទួលបាន​ទាំង​ការសម្រក​ទម្ងន់ និង​ចំណង​សុភមង្គល ​នៅក្នុង​គ្រួសារ​ថែមទៀត​ផង។

    រត់ : វា​ខុសពី​ការដើរ​ត្រង់​ថា អ្នក​ត្រូវ​ចំណាយ​កម្លាំង​ច្រើនជាង ត្រូវ​មានការ​តាំងចិត្ត​ច្រើនជាង​ខុសពី​ការដើរ​ដែល​អ្នក​អាចធ្វើ​វាលេងៗក៏បាន ប៉ុន្តែ​យ៉ាងណា​លទ្ធផល​ដែល​អ្នកទទួលបាន​ក៏​វា​រហ័ស​ជាង​ការដើរលេងៗដែរ។

    ម៉ាស៊ីន​រត់​ហាត់ប្រាណ : អាច​សម្រក​ទម្ងន់ ដោយ​មិនចាំបាច់​ទៅណា​ឆ្ងាយ រត់​តែមួយ​កន្លែង​ក៏​អាច​ចេញ​ញើស មិនត្រូវ​ការ​រើស​ទីតាំង ឬ​ចំងាយ​ដែល​ត្រូវ​រត់​នោះទេ ទាំងអស់នេះ​គឺជា​ភាពងាយស្រួល​នៃ​ការ​សម្រក​ទម្ងន់​ដោយ​ការ រត់​លើ​ម៉ាស៊ីន។ ក្រៅពី​សកម្មភាព​ហាត់ប្រាណ​ទាំងនេះអ្នក​ក៏​អាច​ជ្រើសរើស​លេង​កីឡាផ្សេងៗដូចជា វាយ​សី លោតអន្ទាក់ និង​ធ្វើ​ការងារ​ក្នុង​សួន​ជាដើម សុទ្ធសឹងតែ​ជា​កីឡា និង​ការងារ​ដែល​អ្នក​អាច​លេង​ជាមួយ​សមាជិក​ក្នុង​គ្រួសារ ដើម្បី​ទទួល បាន​នូវ​ប្រយោជន៍​មួយ​ផ្សេងទៀត​គឺ ការ​សម្រក​ទម្ងន់៕

  • កំពូល​តារា​សម្ដែង​ថៃ នាង Vicki បង្ហាញខ្លួន​នៅ​កម្ពុជា

    កំពូល​តារា​សម្ដែង​ថៃ នាង Vicki បង្ហាញខ្លួន​នៅ​កម្ពុជា

    គួរឱ្យ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដែល​កំពូល​តារា​សម្ដែង​ថៃ​ល្បីល្បាញ​អ្នកនាង Vicki Sunisa Jett ដែល​គេ​បាន​ស្គាល់​ច្រើន​ក្នុង​ភាពយន្ត​ភាគ​ថៃ ជាពិសេស​ក្នុង​រឿង «យ៉ា​នី​កំពូល​ស្នេហ៍» បានប្រកាស​ជំហរ​គួរអោយភ្ញាក់ផ្អើល ដើម្បី​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងពេលដែល​អ្នកនាង​បង្ហាញមុខ​ក្នុង​ពិធី​ប្រកាស​ដំណើរការ​គ្លីនិក​វះកាត់​សម្ផស្ស​អ៊ី​វ៉ូ​ល ដែលជា​គ្លីនិក​ធំ​មួយ​នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី11 មករា នៅ​ណាហ្គា​វើ​ល។

    អ្នកនាង​ត្រូវគេ​ឃើញ​ចុះហត្ថលេខា ព្រមជាមួយ​ពិធី​ចុះ​ផ្ដល់​សិទ្ធិ​ចែកចាយ​ផលិតផល​ល្បីល្បាញ​របស់​អ្នកនាង​ជាមួយនឹង​តំណាង​នៅ​កម្ពុជា អមដោយ​ការតាំង​ចិត្ត​ថា នឹង​លុកលុយ​ក្នុងការ​ពង្រីក​មុខ​ជំនួញ​អោយបាន​ខ្លាំងក្លា​នៅ​កម្ពុជា បន្ថែម​ពីលើ​អាជីព​សម្ដែង ដែល​ជោគជ័យ។

    តារា​សម្ដែង​ថៃ អ្នកនាង Vicki Sunisa Jett បាន​ថ្លែង​ក្នុង​វេទិកា​សិ​ន្និ​សីទ​នា​ថ្ងៃនោះ​ថា អ្នកនាង​បង្ហាញខ្លួន​នាពេលនោះ មិន​មែ​ជា​លើក​ទី1នោះទេ ហើយក៍​មិនមែន​គ្រាន់តែ​បង្ហាញខ្លួន​ក្នុងនាម​ជា​តំណាង​ផ្សព្វផ្សាយ​របស់​គ្លីនិក​អ៊ី​វ៉ូ​ល​នោះដែរ ពោល​គឺជា​លើក​ទី2នៅ​កម្ពុជា ហើយ​អ្នកនាង​មកកាន់​វេទ​កា​ទាំងមូល ក៍​ព្រោះ​អ្នកនាង​សម្រេចចិត្ត​ចាប់ដៃ​វិនិយោគ​នៅ​កម្ពុជា។

    នៅក្នុង​ប្រទេស​ថៃ អ្នកនាង​ថា​ខ្លួន​គឺជា​អ្នកបង្កើត​ផលិតផល​ថែរក្សា​សម្រស់​ម៉ាក Liv White Diamond ដែល​រួមមាន ផលិតផល​ឡេ និង​ផលិតផល​ថែរក្សា​ស្បែក​ល្បីល្បាញ​ប្រចាំ​ប្រទេស​ថៃ ហើយ​មាន​ទីផ្សារ​ពេញនិយម​ប្រមាណ​ជាង3ឆ្នាំ​មកហើយ ទើប​ក្រោយពី​មានការ​សហការ អ្នកនាង​ក៍​សម្រេចចិត្ត​ប្រគល់​សិទ្ធិ​ចែកចាយ​ផលិតផល​របស់ខ្លួន​ទៅអោយ​កញ្ញា គង់ កែវ​មរកត ហៅ​ហ្វា​ង​កែវ នាយក​ប្រតិបត្តិ​គ្លីនិក​អ៊ី​វ៉ូ​ល មាន​សិទ្ធិ​ចែកចាយ​ផលិត​ម៉ាក​ល្បី​នេះ។

    អ្នកនាង​ថា​ខ្លួន​ប្រឡូក​ការសម្ដែង​ភាពយន្ត​នៅក្នុង​ប្រទេស​ថៃ​ជាង20ឆ្នាំ​មកហើយ ដោយ​ភាពយន្ត​ដែល​អ្នកនាង​សម្ដែង​ជា​តួឯក​រាប់​ក៍មាន​មិន​អស់​ផងដែរ ដែល​ត្រូវបាន​ជនជាតិខ្មែរ ដែល​និយម​ភាពយន្ត​ថៃ​ទទួលស្គាល់។ អ្នកនាង​រំពឹង​យ៉ាងខ្លាំង​ថា កញ្ញា ហ្វា​ង​កែវ ដែល​បាន​សិទ្ធ​ចែកចាយ​ផ្ដាច់មុខ​នឹងធ្វើ​អោយ​ផលិតផល​របស់​អ្នកនាង​ជោគជ័យ​មិន​ចាញ់​នៅ​ទីផ្សារ​ប្រទេស​ថៃ ជាពិសេស​នៅក្នុង​កាលៈទេសៈ​ដែល​ជនជាតិខ្មែរ​កាន់តែ​ចាប់អារម្មណ៍​ផលិតផល​ម៉ាកល្បីៗដើម្បី​សម្រស់​នាពេលនេះ។

    អ្នកនាង​ព្រលយ​ថា​ស្ថិតក្នុង​វ័យ37ឆ្នាំ អ្នកនាង​នៅតែមាន​ទីផ្សារ​សម្ដែង​តួឯក ប៉ុន្តែ​បណ្ដាលមកពី​អ្នកនាង​ទើបតែ​សម្រាលកូន​ប្រុស​បាន​ជាង2ខែ ស្របគ្នា​ដែល​អ្នកនាង​មិនទាន់រួច​ដៃ​រឿង​មុខ​ជំនួញ​ផង ទើប​អ្នកនាង​ផ្អាក​ទទួល​មួយរយៈ។

    គួរ​កត់​ស​ម្កាល់​ផងដែរ​ថា ជាមួយនឹង​វត្តមាន​របស់​កំពូល​តា​រា​សម្ដែង​ថៃ​ល្បីឈ្មោះ​ជា20ឆ្នាំ ខាងលើនេះ កញ្ញា គង់ កែវ​មរកត ដែលជា​នារី​មាន​សម្រស់​ស្រស់ស្អាត និង​មាន​ឥទ្ធិពល​ក្នុងការ​ទាក់ទាញ​អតិថិជន​នោះបាន​ក្លាយជា​នាយិកា​ប្រតិបត្តិ​គ្លីនិក ក្នុងនាម​ជា​ដៃគូ​ភាគហ៊ុន​ជាមួយ​អ្នកនាង Vicki Sunisa Jett រួមជាមួយ​លោក​វេជ្ជបណ្ឌិត ធឿ​ង សុំ​ពិសិដ្ឋ ដែលជា​ម្ចាស់​គ្លីនិក​ផ្ទាល់ ទើប​នាំឱ្យ​កើតមាន​ពិធី​កាត់​ខ្សែបូរ​ណ៌​ទាំង3ភាគី  និង​ប្រកាស​បើក​ដំណើរ​ជា​ផ្លូវការ​តែម្ដង ៕

  • អ្នកនាង យក់ ថិតរដ្ឋា បន្ថែមជំនួញថ្មីមួយទៀត ក្រៅពីមុខ​ជំនួញ​រកស៊ីធំៗ

    អ្នកនាង យក់ ថិតរដ្ឋា បន្ថែមជំនួញថ្មីមួយទៀត ក្រៅពីមុខ​ជំនួញ​រកស៊ីធំៗ

    តារាសចម្រៀងស្រី អ្នកនាង យក់ ថិតរដ្ឋា ក្រៅពីអាជីពសិល្បៈ សព្វថ្ងៃ​នេះអ្នកនាង​មាន​ភាព​មមាញឹក​ច្រើន​ជាមួយមុខ​ជំនួញ​រកស៊ី​​ផ្ទាល់ ដោយ​បច្ចុប្បន្ន​កំពុង​ពង្រីក​បន្ថែម។ បើទោះបីជាមមាញឹកយ៉ាងណាក៏ដោយ អ្នកនាងក៏មិនបានដកឃ្លាពីសិល្បៈដែរ អ្នកនាង បានធ្វើ​ចម្រៀង​ថ្មីជាមួយខាងផលិតកម្មថោន ដែលត្រៀមចេញក្នុងពេលឆ្នាំថ្មីនេះ។

    ជាការពិតណាស់ គេមើលឃើញថាជា​ច្រើន​ឆ្នាំ​មក​ហើយ ដែលគ្រួសាររបស់អ្នកនាង យក់ ថិតរដ្ឋា គឺលោក ឃុំ ប៉ុណ្ណាដែត បាន​ទម្លាក់​ចោល​អាជីព​ជា​តារា​ចម្រៀង ទៅ​រក​ស៊ី​ជំនួញ​ដី​ធ្លី​ និង​សំណង់​ផ្ទះ​ល្វែង ដែល​ជា​មុខ​ជំនួញ​មួយ​ធ្វើ​ឱ្យសេដ្ឋកិច្ច​គ្រួសារ​​អ្នក​សិល្បៈមួយ​គូ​នេះ​​កាន់​តែ​មាន​ទ្រព្យ​​ច្រើន​ជាង​កាល​ប្រឡូក​សិល្បៈ​។ ទោះបីជា ស្វាមីអ្នកនាងទៅ​រក​ស៊ី​ជំនួញ​ដី​ធ្លី​ និង​សំណង់​ផ្ទះ​ល្វែង​ក៏​ពិត​មែន​ ប៉ុន្តែតារា​ចម្រៀង​រូប​នេះ​មិន​​ដែល​ធ្លាប់​ប្រាប់​ថា ក្រុមហ៊ុនរបស់ខ្លូន​មាន​ឈ្មោះ​​​អ្វី​នោះ​ឡើយ ហើយ​មាន​ភាគ​ហ៊ុន​បែប​ណា​ឡើយ។ ក្រៅពីជំនួញដីធ្លី តារាសិល្បៈស្រីរូបនេះ និងស្វាមី បាន​​​បើក​​​​ហាង​​បែប​ Pub ​មួយកន្លែងមានឈ្មោះ​ថា “វិចធើរីផាប” នៅ​ខាង​​កើត​​​​ស្ថានទូត​​រុស្សី ដោយ​គិត​មក​ដល់​ពេល​នេះ បាន​ដំណើរ​ការ​2ឆ្នាំជាងហើយ។

    ជំនួញ​ទាំង​ពីរនេះ​លោក ឃុំ ប៉ុណ្ណាដែត គឺ​ជា​អ្នក​មើល​ការ​ខុសត្រូវ​ទាំង​អស់ ចំណែក​ឯ ភរិយា អ្នក​នាង យក់ ថិតរដ្ឋា​វិញ ក៏​មិន​បណ្ដោយ​ឱ្យខ្លួន​ទំនេរ​ឡើយ ក្រៅ​ពី​ការងារ​សិល្បៈ​ដែល​នាង​មិន​ព្រម​ទម្លាក់​ចោល​នោះ គឺ​អ្នក​នាង​មាន​បើក​ហាង​​លក់​ផលិតផល​កែ​សម្ផស្ស​មួយ​ទៀត​ផង។ ហាង​លក់​ផលិតផល​កែសម្ផស្ស​មាន Brand ទទួល​បន្ត​ផ្ដាច់​មុខ​ពី​ប្រទេស​កូរ៉េ និង​ថៃ​ ចំណែក​ដើមទុន​ក្នុង​ការ​បើក ​អ្នកនាង​ថា​មិន​ច្បាស់ ព្រោះ​អ្វី​ៗ​ភាគច្រើន​សុទ្ធតែ​ស្វាមី​ជា​អ្នក​រ៉ាប់រង​ទាំងអស់។ រហូតមកដល់ពេលថ្មីៗនេះ ស្រាប់តែគេឃើញថា អ្នកនាង យក់ ថិតរដ្ឋា​ បន្ថែមអាជីពមួយផ្សេងទៀត គឺ «យក់ ថិតរដ្ឋា លក់ក្រណាត់ប៉ាក់ » អ្នកនាងថា បាននាំចូលក្រណាត់ប៉ាក់ស្អាតជាច្រើនដោយផ្ទាល់ពីរោងចក្រតែម្តង។

    ចុងក្រោយមហាជនបានកត់សម្គាល់ថា តារាចម្រៀងស្រីល្បីឈ្មោះមួយរូបនេះ មានជំនួញក្ដោបនៅក្នុងដៃ ជាមួយនិងស្វាមីច្រើន មិនចាញ់សិល្បករមួយចំនួនឡើយ បើទោះបីជាស្វាមីបានផ្អាកពីសិល្បៈក្ដី តែអ្នកនាងនៅតែបន្ដបោះជំហ៊ានលើវិថីកម្សាន្ដមួយនេះដដែរ៕

  • អាការបាក់ទឹកចិត្ត យើងគួរគ្រប់គ្រងអាការបានដោយយ៉ាងណា?

    អាការបាក់ទឹកចិត្ត យើងគួរគ្រប់គ្រងអាការបានដោយយ៉ាងណា?

    យើង​ទាំងអស់​គ្នា​ពិតជា​មាន​អារម្មណ៍​ក្រៀមក្រំ​ និង​ទន់ខ្សោយ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ តែនោះ​គឺជា​រឿង​ធម្មតា​ទេ​។​ តាមថ្ងៃ​ធម្មតា​មនុស្ស​មាន​ម្នាក់ៗ​ឆ្លងកាត់​អារម្មណ៍​ជា​ច្រើន​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ការ​មាន​អារម្មណ៍​ទន់ខ្សោយ​ និង​បាក់ទឹកចិត្ត​គឺ​ពិតជា​មាន​លក្ខណៈ​ខុសៗ​គ្នា​។​ ការ​ចាប់ផ្ដើម​មាន​អារម្មណ៍​បាក់ទឹកចិត្ត​គឺ​មិន​ត្រឹមតែ​ដោយសារ​តែ​មាន​អ្វី​ខុសឆ្គង​នៅ​ក្នុ​ជីវិត​នោះ​ទេ​ ប៉ុន្ដែវា​គឺ​លើស​ពី​អារម្មណ៍​សោកសៅ​ទៅ​ទៀត​។​ មនុស្ស​ផ្សេង​គ្នា​ ពិពណ៌នា​ពី​ជម្ងឺ​បាក់ទឹកចិត្ត​ផ្សេងៗ​គ្នា​ ហើយ​មនុស្ស​ពីរ​នាក់​ពិតប្រាកដ​ណាស់​ មាន​អារម្មណ៍​មិន​ដូច​គ្នា​ទេ​។​

    តើ​អ្នក​ត្រូវ​គ្រប់គ្រងអា​ការ​បាក់ទឹកចិត្ត​ដោយ​ដូច​ម្ដេច​?​ តើធ្វើយ៉ាងណា កុំឱ្យជំងឺបាក់ទឹកចិត្តមកបៀតបៀនជីវិតរបស់អ្នក? យើងជឿថា អ្នកពិតជាលំបាក ហើយឯកាបំផុត តែសូមព្យាយាមចាប់អារម្មណ៍នូវប៉ុន្មានចំនុចខាងក្រោមនេះ។​

    1-ជជែក​ជាមួយ​មិត្ត​ភ័​ក្រ​ ឬ​មនុស្ស​ដែល​អ្នក​ទុកចិត្ត​បំផុត​
    2-​ការពិគ្រោះ​យោបល់​អាច​ជួយ​ឱ្យ​អ្នក​យល់​ដឹង​ពី​ជំងឺ​បាក់ទឹកចិត្ត​ និង​ដំណោះស្រាយ​ដែល​អ្នក​ត្រូវ​តែ​អនុវត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​។​
    3-​ការ​សិក្សា​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​អាហារ​ដែល​អ្នក​បរិភោគ​អាច​ ប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នក​។​
    4-​លំ​ហាត់ប្រាណ​ ការ​សិក្សា​បាន​បង្ហាញ​ឱ្យដឹង​ថា​បន្ទាប់​ពី​ការ​ហាត់ប្រាណ​រយៈពេល​30នាទី​ មនុស្ស​តែងតែ​ទទួល​បាន​អារម្មណ៍ល្អ​កើនឡើង​។​
    5-​ព្យាយាម​សម្រាកបាន​ច្រើន​ ព្រោះការសម្រាកគ្រប់គ្រាន់បន្ទាប់ពី​​ធ្វើ​លំ​ហាត់ប្រាណ ​គឺជា​វិធី​ល្អ​មួយ​សម្រាប់​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​អារម្មណ៍​។​
    6-ថ្នាំ​ប្រឆាំង​នឹង​ការ​បាក់ទឹកចិត្ត​ ថ្នាំ​ខ្លះ​មាន​ប្រសិទ្ធិ​ភាព​ តែមិន​ធ្វើ​ឱ្យ​អ្នក​ងងុយគេង​នោះ​ទេ​ ប៉ុន្តែ​ការទទួលទានថ្នាំ គឺត្រូវការ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ផ្លូវចិត្ត។​ គ្រូពេទ្យ​ភាគច្រើន​នឹង​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចេញ​វេ​ជ្ជា​បញ្ជា​ទិញ​ថ្នាំ​ចំពោះ​មនុស្ស​ដែល​មាន​អាយុ​ក្រោម​ 18​ឆ្នាំ​។​
    7-ទៅព្រះវិហារទទួលការលើកទឹកចិត្តពីសំណាក់មនុស្សជំវិញខ្លួន និងបង្ហាញអារម្មណ៍របស់ខ្លួនទៅអ្នកដែលយើងទុកចិត្ត ហើយគេនឹងផ្ដល់កម្លាំងចិត្តឱ្យយើងវិញ ដើម្បីទទួលបានអារម្មណ៍កក់ក្ដៅ៕

  • 7 អៃ​ឌៀ​ក្នុងការ​តុបតែង​បន្ទប់​អា​ផាត​មិន

    7 អៃ​ឌៀ​ក្នុងការ​តុបតែង​បន្ទប់​អា​ផាត​មិន

    1. សិល្បៈ​ក្នុង​ស្ទីល​អា​ផាត​មិន


    អៃ​ឌៀ​ការតុបតែង​បន្ទប់​អា​ផាត​មិន​ទំហំ​តូច​អាច​ស្ថិត​លើ​មូលដ្ឋានគ្រឹះ​នៃ​ចំនួន​ប្រាក់​ដែលមាន​កំណត់ តែ​យើង​អាច​បញ្ចូល​គំនិត​ច្នៃប្រឌិត​បាន ដូចជា​ ការប្រើ​រូបភាព​ខ្មៅ-សបិទ​ដោយ​ស្កុ​ត​មុខ​ពីរ​ដែល​អាច​បក​វិញ​បាន​ដោយ​មិន​បន្សល់​ស្លាកស្នាម​មក​តុបតែង​លម្អ​ជញ្ជាំង​បន្ទប់ ក៏​ជា​អៃ​ឌៀ​ដ៏​ល្អ​មួយ​ដែរ។

    2. ធ្នើ​ដាក់​សម្ភារ​បែប​វៃឆ្លាត

    Processed with VSCO with f1 preset

    ដោយសារតែ​បន្ទប់​ជួល ឬ​អា​ផាត​មិន​អាចមាន​ទីធ្លា​កំណត់ និង​មិនមាន​គ្រឿងសង្ហារិម​ត្រៀម​ទុក​សម្រាប់​ឱ្យ​យើង​ទុកដាក់​ឥ​វ៉ាន់​តាម​ដែល​យើង​ត្រូវការ​ឡើយ ដូច្នេះ​ការជ្រើសរើស​ប្រើប្រាស់​ធ្នើរ​ដាក់​សម្ភារ​បែប​វៃឆ្លាត​ក៏​ជា​អៃ​ឌៀ​មួយ​ដែល​ ឡា​រ៉ែ​ន​ ចង់​ណែនាំ​ដែរ។

    3. តុបតែង​បង្អួច


    កុំ​ទុកឱ្យ​បង្អួច​បន្ទប់​ទំនេរ​ចោល អាច​ជ្រើសរើស​ក្រណាត់​វាំងននស្អាតៗមក​បំពាក់​តុបតែង​បន្ទប់ ឬ DIY វាំងនន​មក​តុបតែង​បន្ថែម​ភាពស្រស់ស្អាត និង​បរិយាកាស​ក្នុង​បន្ទប់​ឱ្យ​កាន់តែ​គួរឱ្យ​ចង់​ស្នាក់នៅ​ខ្លាំង​ឡើង។

    4. លាប​ពណ៌​លម្អ​ដោយ​ខ្លួនឯង


    ការ​លាប​ពណ៌​ជញ្ជាំង​បន្ទប់​ជា​ចំណុច​ហាមឃាត់ និង​ជា​ច្បាប់​ទូទៅ​មួយ​ដែល​អ្នក​ជួល​ត្រូវ​ប្រតិបត្តិ​តាម ដូច្នេះ​នៅពេល​លាប​ពណ៌​ជញ្ជាំង​បន្ទប់​មិនបាន ក៏​ប្ដូរ​មក​លាប​ពណ៌​គ្រឿងសង្ហារិម​របស់​យើង​ឱ្យ​ស៊ីគ្នា​នឹង​ពណ៌​ជញ្ជាំង​បន្ទប់​វិញ​ក៏បាន។

    5. ប្រើ​ផ្ទាំង​កញ្ចក់​តុ​ប​តែង​លម្អ


    នៅក្នុង​ទីកន្លែង​ដែលមាន​ទំហំ​តូច កញ្ចក់​គឺជា​តិច​និក​សំខាន់​មួយ​ដែល​នឹង​ជួយ​ធ្វើឱ្យ​បន្ទប់​មើលទៅ​រាង​ស្រឡះ​ទូលាយ​ឡើង​បាន ដោយ​អ្នក​គួរ​ជ្រើសរើស​ព្យួរ​ផ្ទាំង​កញ្ចក់​ធំ​មួយ​នៅក្នុង​បន្ទប់​ក្នុង​ទីតាំង​ដែល​ស័ក្តិសម​បំផុត​ ដើម្បីឱ្យ​រូបភាព​ដែល​ឆ្លុះ​ឃើញ​នៅក្នុង​កញ្ចក់​ជួយ​ធ្វើឱ្យ​បន្ទប់​មើលទៅ​រាង​ធំ​ទូលាយ​ឡើង។

    6. សម្រួល​ឱ្យ​ទូរទស្សន៍​ទៅ​នៅជាប់​នឹង​ជញ្ជាំង


    ជា​ប្រក្រតី អ្នក​អាចដាក់​ទូរទស្សន៍​នៅលើ​តុ ឬ​ក្នុង​ទូ​ថ្នាក់​ទូទៅ​បាន ដែល​ធ្វើឱ្យ​ស៊ី​ទីកន្លែង​អស់​មួយផ្នែក ដូច្នេះ​ការយក​ទូរទស្ស​ន៍​មក​បំពាក់​ជាប់​នៅលើ​ជញ្ជាំង នឹង​ជួយ​សន្សំសំចៃ​ទីកន្លែងហើយ​យើង​ថែមទាំង​អាចដាក់​វត្ថុ​តុបតែង​លម្អផ្សេងៗនៅ​ពីក្រោម​ទូរទស្សន៍​បាន​ទៀតផង។

    7. នាំ​ធម្មជាតិ​ចូលមកក្នុង​បន្ទប់


    នៅតែ​ជា​វិធី​ការ​មួយ​ដែល​ចង់​ណែនាំ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​តុបតែង​ផ្ទះ ព្រោះ​ការនាំយក​ធម្មជាតិ ឬ​ពណ៌​បៃតង​ចូលមក​តុបតែង​ខាងក្នុង​បន្ទប់ ដែល​យើង​អាច​ប្រើ​បាន​ទាំង​វត្ថុ​តុបតែងល្អៗ ដើម​ផ្កា ស្រោមពូក ស្រោមខ្នើយ​ដែលមាន​រូប​ធម្មជាតិ​នៅតែ​ធ្វើឱ្យ​បន្ទប់​ដ៏​តូច​មួយ​នោះ​គួរឱ្យ​ចង់​ស្នាក់នៅ​ជានិច្ច៕

  • ចត់បាយ !! អ្នកគាំទ្រផ្ទុះកំហឹងពេលបានឃើញរូបភាព ទេព បូព្រឹក្ស ត្រូវកាត់តជាតារាសិចជប៉ុន

    ចត់បាយ !! អ្នកគាំទ្រផ្ទុះកំហឹងពេលបានឃើញរូបភាព ទេព បូព្រឹក្ស ត្រូវកាត់តជាតារាសិចជប៉ុន

    ពិតជាភ្ញាក់ផ្អើលម្ដងទៀត ខណៈដែលតារាចម្រៀងស្រី ទេព បូព្រឹក្ស ត្រូវបានអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកផេចមួយ កាត់តរូបភាពរបស់កញ្ញាជាតារាសិចរបស់ជប៉ុន ថែមទាំងបានសរសេរសារបង្ហោះថា « កញ្ញា ទេព បូព្រឹក្យ បានមកថតកុន Sex ហើយ ហាហា មីតារាថោកទាប Share ឱ្យពួក Fan មីហ្នឹងបានឃើញផង » ។ អូហូ! ការបង្ហោះរូបភាពនិងសារបែបនេះ បានធ្វើឱ្យអ្នកគាំទ្រតារាចម្រៀងស្រី ទេព បូព្រឹក្ស និងអ្នកលេងបណ្ដាញសង្គមជាច្រើននាក់ទៀត ក្ដៅស្លឹកត្រចៀកជំនួសនាងខ្លាំងណាស់ ។

    ហ្វេសប៊ុកផេចនោះត្រូវបានគេមើលឃើញឈ្មោះថា Mey Tøch ហើយភ្លាមៗស្រាប់តែផ្ទុះខម្មិន្តជេរម្ចាស់ហ្វេសប៊ុកផេចនោះយ៉ាងធ្ងន់ៗថា «កាត់ តpostអីចឹងអត់អាណិតម៉ែទេអីហាស សប្បាយចិត្តណាស់មែនធ្វើចឹង..?សប្បាយចិត្តមែនពេលគេជេរ…?តែខ្ញុំជឿថាម៉ែអ្នកឯងគាត់មិនសប្បាយចិត្តទេដែលមានកូនចរឹតថោកដូចអ្នកឯង បើមិនគិតពីកិតិ្តយសខ្លួនឯងគួរអាសូទ្រូងម៉ែខ្លួនឯងនៅផ្ទះអត់ដឹងខ្យល់អីត្រូវគេជេរដែលនោះ…គិតទៅមនុស្សដូចអ្នកឯងរស់នាំធ្ងន់ផែនដីទេ ដើម្បីល្បីទោះគេជេម៉ែក៏មិនខ្វល់..សូមសរសើរចេះរកកន្លែងថោកឃើញ..។ បើខ្ញុំមានកូនដូចអ្នកឯងវិញខ្ញុំផ្តាច់ខ្សែអង្រឹងឱ្យងាប់កុំឱ្យរស់នាំចង្អៀតផែនដី ម៉ាមនុស្សស្អីចឹង…»។

    នៅមិនទាន់អស់ទេ ខ្លះទៀតបានតបតថា « គិតទៅខ្មែរពូកែលាបពណ៍គេម៉េស តិចទៀតខ្មែរមួយចំនួននិងឡប់ដោយសារភាពច្រណែនគេហើយ មានតែមនុស្សច្រណែនគេទេដែលអាចធ្វើចឹងទៅរួច …..ហើយរៀនកាត់តរូបឱ្យសមសិនទៅចាំហ៊ានយករូបគេមកផុស ។ ទោះគេបានថតរឿងសិចឬមិនបាន វាក៏ជារឿងរបស់គេ តិចច្រណែនគេយូរៗទៅតិចទៅលួចថតរឿងសិចបាត់ទៅ »។

    ទាំងនោះសុទ្ធតែជាសម្ដីផ្ទុះកំហឹងពីបណ្ដាអ្នកលេងបណ្ដាញសង្គម និងអ្នកគាំទ្រតារាចម្រៀងស្រី ទេព បូព្រឹក្ស ដែលមានការមិនពេញចិត្តចំពោះទង្វើអសីលធម៌ក្នុងសង្គម ដែលបានបង្កឱ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះរបស់តារាចម្រៀងស្រីមួយនេះ៕

  • ផ្ទះសំណាក់ទេចរណ៍ 5កន្លែងស្ទាយល៍ជប៉ុន កំពុងពេញនិយមក្នុងប្រទេសថៃ

    ផ្ទះសំណាក់ទេចរណ៍ 5កន្លែងស្ទាយល៍ជប៉ុន កំពុងពេញនិយមក្នុងប្រទេសថៃ

    ចង់សម្រាក និងកម្សាន្ដអារម្មណ៍បែបបរិយាកាសដូចនៅប្រទេសជប៉ុនដែរទេ? មិនចាំបាច់ហោះហើរទៅឆ្ងាយទៀតឡើយ នៅក្នុងប្រទេសថៃ មានផ្ទះសំណាក់ដែលបានរៀបចំស្ទាយល៍ដូចនៅប្រទេសជប៉ុនតែម្តង ហើយជាពិសេសគឺស្ថិតនៅក្នុងតំបន់ទេសចរណ៍ល្បីៗនៅក្នុងប្រទេសថៃទៀតផង។ យ៉ាងណាមិញ សម្រាប់គូស្នេហ៍ដែលទើបតែរៀបការហើយថ្មោងថ្មី មានបំណងប្រាថ្នាចង់ទៅក្រេបចន្ទទឹកឃ្មុំនៅប្រទេសថៃ និងចង់ទទួលបាននូវបរិយាកាសប្លែកភ្នែកនោះ សូមកុំរំលេងផ្ទះសំណាក់ស្ទាយល៍ជប៉ុនទាំង5ទីតាំងនេះ។

    1. Archita Hostel ស្ថិតនៅក្នុងខេត្តឈៀងម៉ៃ


    Archita Hostel ជាផ្ទះសំណាក់បែបទាន់សម័យ តាមស្ទាយល៍ទំនើបរបស់ប្រទេសជប៉ុន។ កន្លែងនេះមានទីតាំងស្ថិតនៅតំបន់ប្រៈស៊ីង ក្រុងឈៀងម៉ៃ ខេត្តឈៀងម៉ៃ ប្រទេសថៃ។ នៅពេលដែលអ្នកបានចូលទៅដល់ក្លោងទ្វារចូលដំបូង អ្នកនឹងបានឃើញសួរផ្កាចម្រុះពណ៌ ផ្លូវដើរមានដុំថ្មតូចៗ និងគ្រឿងលម្អ គ្រឿងសង្ហារិមបែបជនជាតិជប៉ុនតែម្ដង។ លើសពីនេះទៅទៀតនៅក្នុងបរិវេណផ្ទះសំណាក់នេះ ក៏មានការដេគ័របែបផ្ទះបុរាណល្បីល្បាញបំផុតនៅប្រទេសជប៉ុនដែលមានឈ្មោះថា Machiya។ ចំពោះតម្លៃស្នាក់នៅវិញ គឺមានតម្លៃសមរម្យបំផុត។

    2. Chiang Rai Ryokan ស្ថិតនៅក្នុងតំបន់ទេសចរណ៍នៃខេត្តឈៀងរ៉ាយ


    ផ្ទះសំណាក់មួយនេះ មិនមែនជាបន្ទប់ទេ តែហាក់ដូចជាបណ្ដុំកូនផ្ទះតូចៗរបស់ជនជាតិជប៉ុនទៅវិញ។ នៅពេលដែលអ្នកបានមកស្នាក់នៅផ្ទះសំណាក់នេះ អ្នកនឹងទទួលបានអារម្មណ៍ថា ដូចកំពុងតែស្នាក់នៅក្នុងភូមិមួយនៃប្រទេសជប៉ុនអីុចឹងដែរ។ នៅក្នុងផ្ទះមួយ មាន4បន្ទប់ មានកន្លែងត្រាំទឹកក្ដៅ កន្លែងទទួលទានអាហារកន្លែងប្រជុំ និងបន្ទប់គេង។ នៅក្នុងផ្ទះសំណាក់នេះ ប្រដាប់ដោយផលិតផល និងគ្រឿងប្រើប្រាស់មកពីប្រទេសជប៉ុនតែម្ដង។ ហើយមានហាងកាហ្វេ និងហាងតែ ដែលមានរសជាតិដើមរបស់ជនជាតិជប៉ុនផងដែរ។

    3. Vartika Resovilla Kuiburi ស្ថិតនៅក្នុងក្រុងគុយប៊ុរី


    ផ្ទះសំណាក់នេះរៀងទំនើប និងទាន់សម័យបន្ដិច ព្រោះការរចនាត្រូវបានធ្វើឡើងតាមបែបលក្ខណៈស្ដង់ដារសណ្ឋាគារលំដាប់ផ្កាយទៅហើយ គ្រាន់តែខុសប្លែកត្រង់ថា នៅទីនោះជាផ្ទះសំណាក់វីឡា ដែលមានសាខានៅបណ្ដាប្រទេសមួយចំនួនដូចជា នៅប្រទេសជប៉ុន ចិន ឥណ្ឌា និងប្រទេសឥណ្ឌូនេស៊ី (កោះប៉ាលី) ជាដើម។ ការរៀបចំបន្ទប់ គឺដេគ័រឡើងតាមស្ទាយល៍របស់ប្រទេសជប៉ុន។ នៅវីឡានេះ មានសភាពស្ងប់ស្ងាត់ និងស្រស់ស្រាយតាមបែបធម្មជាតិតែម្ដង។ វាមានទីតាំងស្ថិតនៅភូមិទី5 ស្រុកបរណក ក្រុងគុយប៊ុរី។

    4. ផ្ទះសំណាក់ Haiku Guesthouse


    ផ្ទះសំណាក់នេះ បែ្លកភ្នែកខ្លាំងមែនទែន ព្រោះមានការបូកបញ្ចូលរចនាបទបែបជនបទទាំងពីរប្រទេសបញ្ចូលគ្នា ថៃ-ជប៉ុន ដែលធ្វើឱ្យភ្ញៀវទេចរទទួលបាននូវអារម្មណ៍ប្លែកខុសពីធម្មតា និងមិនធ្លាប់បានឃើញពីមុនមក។ នៅក្នុងមួយល្វែងមាន4បន្ទប់ ដែលបានតាំងឈ្មោះបែបជប៉ុនដូចជា បន្ទប់អីុតៈសៈ, បន្ទប់បៈសុ, បន្ទប់ស៊ិគិ និងបន្ទប់ប៊ុឈុនជាដើម។ បន្ទប់នីមួយៗធ្វើអំពីឫស្សីទាំងអស់ និងមានដំបូលប្រក់ដោយស្បូវ។ វាមានទីតាំងស្ថិតនៅក្នុងស្រុកណងលូ ស្រុកស័ងខឡៈប៊ុរី ខេត្តកានចៈណៈប៊ុរី។

    5. Baanmek hostel ស្ទាយល៍ជប៉ុន


    ផ្ទះសំណាក់នេះ មានទីតាំងស្ថិតនៅជាប់តំបន់ទេសចរណ៍ខេត្តឈៀងម៉ៃ ទាំងអាហារដ្ឋាន ហាងកាហ្វេ និងបន្ទប់ស្នាក់នៅ គឺស្រស់ស្អាត និងគួរឱ្យចង់ស្នាក់នៅខ្លាំងបំផុត។ មិនត្រឹមតែមានរចនាបទបែបជនជាតិជប៉ុននោះទេ សូម្បីតែបុគ្គលិក ក៏មានការរាក់ទាក់ស្វាគមន៍ភ្ញៀវ និងយកចិត្តទុកចំពោះភ្ញៀវតាមបែបសុជីវធម៌របស់ជនជាតិជប៉ុនផងដែរ។

    នៅចាំអីទៀត កុំភ្លេចណ៎ាធ្វើការកក់សំបុត្រយន្តហោះឱ្យហើយ និងរីករាយជាមួយនឹងដំណើរក្រេបចន្ទទឹកឃ្មុំដ៏សែនរ៉ូមែនទិកនៅក្នុងមួយជីវិតរបស់អ្នក បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចនៅតំបន់ទេសចរណ៍ដ៏សម្បូរបែបទាំងនេះ។ សូមឱ្យដំណើរកម្សាន្ដរបស់អ្នកប្រកបដោយសុវត្ថិភាព និងភាពរីករាយ៕

  • Djokovic និង Halep ទទួល​ចំណាត់ថ្នាក់​លេខ1 ប្រចាំ Australian Open

    Djokovic និង Halep ទទួល​ចំណាត់ថ្នាក់​លេខ1 ប្រចាំ Australian Open

    កីឡាករ និង​កីឡាការិនី​វាយ​កូន​បាល់​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​ចំនួន 2នាក់ គឺ Novak Djokovic និង Simona Halep កាលពី​ថ្ងៃ​ព្រហស្បតិ៍ សុទ្ធសឹង​ត្រូវបាន​ផ្តល់​ចំណាត់ថ្នាក់​លេខ1 ប្រចាំ​ព្រឹត្តិការណ៍ Australian Open នៅ​សប្តាហ៍​ក្រោយ ខណៈដែល​ម្ចាស់​ជើងឯក​ពានរង្វាន់ធំៗ 23សម័យកាល Serena Williams ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ16 ក្នុង​វិញ្ញាសា​ផ្នែក​នារី។

    Djokovic នឹង​ឈរ​ពីលើ​គូប្រជែង​ដ៏​ខ្លាំង​របស់ខ្លួន Rafael Nadal និង​ម្ចាស់​ការពារ​តំណែង​ជើងឯក Roger Federer ស្រប​ពេលដែល​កីឡាករ​វ័យក្មេង Alexander Zverev ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ4 ប្រចាំ​ព្រឹត្តិការណ៍ ខណៈ​រូបគេ​សម្លឹង​រក​ការ​ឈ្នះ​ពាន​កម្មវិធី Grand Slam ជា​លើក​ទី1។

    កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី Djokovic កំពុងតែ​សម្លឹង​រក​ការបង្កើត​ប្រវត្តិសាស្ត្រ​តាមរយៈ​ការ​ឈ្នះ​ពាន Australian Open ជា​លើក​ទី7 នៅពេលដែល​យុទ្ធនាការ​នេះ​ចាប់ផ្តើម​នៅ​ទីលាន Melbourne Park នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ខណៈ​កីឡាករ​ជើងចាស់​សញ្ជាតិ​ស្វ៊ី​ស Federer ក៏​សម្លឹង​រក​ការ​ឈ្នះ​ពាន​ជា​លើក​ទី7 ដូចគ្នា​ដែរ។

    ជើង​ខ្លាំង​ទាំង2 នឹងត្រូវ​ប៉ះ​ការ​ប្រជែង​ដ៏​ខ្លាំងក្លា​មួយ​ពី Zverev ដែលជា​ជើង​ខ្លាំង​ជំនាន់​ក្រោយ ប៉ុន្តែ​មកទល់ពេលនេះ មិនទាន់​ឆ្លង​ផុត​វគ្គ 8នាក់​ចុងក្រោយ​នៅឡើយ​ទេ​ក្នុង​យុទ្ធនាការ​ដ៏​ធំ​មួយ។

    កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ5 ក្នុង​ពិភពលោក Juan Martin del Potro នឹងត្រូវ​អវត្តមាន​ដោយសារតែ​របួស ខណៈ​កីឡាករ​អាហ្វ្រិក​ខាងត្បូង Kevin Anderson ត្រូវ​បានផ្តល់​ចំណាត់ថ្នាក់​លេខ5 ប្រចាំ​ព្រឹត្តិការណ៍ ស្របពេល​ម្ចាស់​ជើងឯក​រង​កាលពី​ឆ្នាំមុន Marin Cilic ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ6។

    Halep ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ1 ប្រចាំ​ព្រឹត្តិការណ៍​ក្នុង​វិញ្ញាសា​នារី ដោយ​ផ្អែកទៅលើ​ចំណាត់ថ្នាក់​លេខ1 ក្នុង​ពិភពលោក​របស់​នាង៕

    ប្រភពពី៖ Channel News Asia