Category: សង្គម និងសេដ្ឋកិច្ច

  • Murray ធ្លាក់​ចេញពី Australian Open ក្រោយពី​ការ​វាយបក​ដ៏​រំភើប

    Murray ធ្លាក់​ចេញពី Australian Open ក្រោយពី​ការ​វាយបក​ដ៏​រំភើប

    កីឡាករ​វាយ​កូន​បាល់ Andy Murray បាន​ចាកចេញ​ទាំង​ការបើកចំហ​ទ្វារ​ឲ្យ​មានការ​វិលត្រឡប់​មួយ​ទៅកាន់​ទីលាន Melbourne Park ក្រោយពី​បាន​រង​បរាជ័យ​ក្រោម​ស្នាដៃ​របស់​កីឡាករ Roberto Bautista Agut ក្នុងការ​ប្រកួត​ដ៏​ស្វិតស្វាញ​ចំនួន 5សិត ក្នុង​ជុំ​ទី1 នៃ​ព្រឹត្តិការណ៍ Australian Open កាលពី​ថ្ងៃ​ចន្ទ។

    ក្រោយពី​បាន​បញ្ជាក់ថា យុទ្ធនាការ​នេះ​អាច​នឹង​ក្លាយជា​យុទ្ធនាការ​ចុងក្រោយ​ក្នុងនាម​ជា​កីឡាករ​អាជីព ដោយសារ​តែមាន​បញ្ហា​ឈឺចាប់​ត្រង់​ចង្កេះ Murray បាន​លេង​ជាមួយនឹង​ការខិតខំ​ព្យាយាម​អស់ពី​សមត្ថភាព​របស់​គេ តាមរយៈ​ការ​វាយបក​ពី​ការ​តាម​ក្រោយ 2សិត មុនពេល​ចាញ់​ទៅវិញ​ក្នុង​លទ្ធផល 6-4, 6-4, 6-7 (5) 6-7 (4) និង6-2 នៅក្រោម​ពន្លឺភ្លើង នៅលើ​ទីលាន Melbourne Arena។

    អតីត​កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ1 លើ​ពិភពលោក​រូបនេះ បានធ្វើ​ឲ្យ​ការប្រកួត​របស់គេ​ស្ថិតក្នុង​ភាពស្វិតស្វាញ ខណៈដែល​រូបគេ​បាន​បង្ខំ​ឲ្យ​ការប្រកួត​ឈានដល់​សិត​កាត់សេចក្តី និង​បន្ទាប់មក​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​សង្ឃឹមថា រូបគេ​អាច​នឹង​បង្កើត​ឲ្យ​មានការ​រំភើប​ម្តងទៀត​នៅ​អូស្ត្រាលី។

    ម្ចាស់​ជើងឯក Grand Slam 3 សម័យកាល​រូបនេះ បាន​និយាយ​នៅលើ​ទីលាន​ប្រកួត​ថា៖ «ខ្ញុំ​ប្រហែលជា​នឹង​ជួប​អ្នក​ទាំងអស់គ្នា​ម្តងទៀត ខ្ញុំ​នឹងធ្វើ​រាល់អ្វីៗទាំងអស់​តាម​ដែល​អាច​ធ្វើបាន។ ប្រសិនបើ​ខ្ញុំ​ចង់​ធ្វើ​ម្តងទៀត ខ្ញុំ​នឹងត្រូវ​តែមាន​ការវះកាត់​ដ៏​ធំ​មួយ ដែល​មិន​មានការ​ធានាថា ខ្ញុំ​អាច​វិល​ទៅ​ប្រកួត​បាន​វិញ​ឡើយ ប៉ុន្តែ ខ្ញុំ​នឹង​ខំប្រឹង​ឲ្យ​អស់ពី​សមត្ថភាព» ៕

  • ហេតុផលសំខាន់3យ៉ាង ដែលអ្នកត្រូវដឹងពាក់ព័ន្ធនឹងកម្រិតសម្ពាធឈាម

    ហេតុផលសំខាន់3យ៉ាង ដែលអ្នកត្រូវដឹងពាក់ព័ន្ធនឹងកម្រិតសម្ពាធឈាម

    អ្នកត្រូវវាស់សម្ពាធឈាមគ្រប់ពេលដែលទៅជួបគ្រូពេទ្យ តែថ្មីៗនេះគោលការណ៍ក្នុងការវិនិច្ឆ័យរោគសម្ពាធឈាមមានការប្រែប្រួលជាលើកដំបូងក្នុងជុំ14ឆ្នាំ។ តាមរយៈគោលការណ៍ថ្មីនេះបានចង្អុលបញ្ជាក់ថា អ្នកណាក៏ដោយដែលមានកម្រិតសម្ពាធឈាមច្រើនជាង130/80 នឹងត្រូវពិចារណាថា កើតជំងឺលើសឈាម តែកម្រិតសម្ពាធឈាមធម្មតា មិនប្រែប្រួលទេគឺ 120/80ដដែល ដែលតួលេខខាងលើបញ្ជាក់ពីសម្ពាធឈាម ស៊ីស្តូលិក (នៅពេលបេះដូងបាញ់ឈាមចូលទៅក្នុងសរសៃឈាម) និងតួលេខខាងក្រោម គឺកម្រិតសម្ពាធឈាម ដៃអេស្តូលិក (នៅពេលបេះដូងបន្ធូរខ្លួនមកវិញ)។

    កាលពីពេលមុននេះ កម្រិតសម្ពាធឈាមស៊ីស្តូលិក ស្ថិតក្នុងចន្លោះ 120 – 139 នឹងមិនត្រូវបានវិនិច្ឆ័យថា កើតជំងឺលើសឈាមទេ រហូតទាល់តែខ្ពស់ជាង 140/90…តែសម្រាប់គោលការណ៍ថ្មីវិញ អ្នកដែលមានកម្រិតសម្ពាធឈាមស៊ីស្តូលិកក្នុងចន្លោះ 130 – 139 ឬកម្រិតសម្ពាធឈាមដៃអេស្តូលិកស្ថិតក្នុងចន្លោះ 80 – 89 នឹងត្រូវពិចារណាថា កើតជំងឺលើសឈាមរយៈទី1 ខណៈដែលកម្រិតសម្ពាធឈាម 140/90 នឹងឈានចូលជំងឺលើសឈាមរយៈទី2 និងកម្រិតសម្ពាធឈាម 180/120 នឹងក្លាយជាជំងឺលើសឈាមកម្រិតគ្រោះថ្នាក់។

    កម្រិតសម្ពាធឈាម គឺជាអ្នកបញ្ជាក់ប្រាប់ពីសុខភាពដែលសំខាន់ខ្លាំងសម្រាប់ខ្លួនអ្នក និងគ្រូពេទ្យទាំងឡាយ។ ទោះជាការប្រែប្រួលនេះនឹងសាងនូវភាពច្របូកច្របល់បន្តិចមែន តែក៏មានតម្លៃសម្រាប់ការរៀនយល់ដឹងអំពីកម្រិតសម្ពាធឈាមរបស់ខ្លួនឯងដែរ។

    1. ជំងឺលើសឈាមគ្មានអាការបង្ហាញឡើងឱ្យឃើញច្បាស់លាស់ជានិច្ចនោះទេ : ក្នុងករណីដែលកម្រិត ជំងឺលើសឈាមអាចហុចផលឱ្យមានអាការតឹងណែនក្នុងទ្រូង ពិបាកដកដង្ហើមឈឺក្បាល ឬមានហូរឈាមច្រមុះ ប៉ុន្តែក្នុងករណីភាគច្រើនបែរជាមិនបង្ហាញអាការណាមួយសោះទៅវិញ ដែលនេះហើយគឺជាឃាតករលាក់មុខដ៏ពិតប្រាកដនោះ។ យ៉ាងណាក៏ដោយ វិធីដែលល្អបំផុតនោះ លោកអ្នកគួរពិនិត្យកម្រិតសម្ពាធឈាមនៅពេលយប់ ដើម្បីឱ្យឃើញច្បាស់ពិតប្រាកដ មុននឹងចូលទៅទទួលការព្យាបាល។

    2. ជំងឺលើសឈាម គឺជាដើមហេតុរបស់ជំងឺបេះដូង : និងបើសិនបណ្ដោយទុកចោលមិន ព្យាបាល វានឹងធ្វើឱ្យអវយវៈផ្សេងទៀតខូចខាតទៅតាមដែរ។ ជំងឺលើសឈាម គឺជាបច្ច័យប្រថុយប្រថានសម្រាប់ជំងឺជាច្រើន ដូចជា ជំងឺបេះដូង ជំងឺសរសៃឈាមខួរក្បាល សភាវគាំងបេះដូង អាការចេញឈាមនៅក្នុងខួរក្បាល និងគាំងក្រលៀន អាចនឹងត្រូវចូលទៅទទួលការលាងក្រលៀននៅទីបំផុត។ សួរថា ហេតុអ្វីបាន​ហុចផលប៉ះពាល់​​ធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹង?​​ ព្រោះថាគ្រប់ពេលដែលបេះដូងធ្វើការបឺតបាញ់ឈាម​ក៏នឹងបឺតបាញ់ដោយកម្លាំងរុញច្រានខ្លាំង ដែលមានន័យថា បេះដូងត្រូវធ្វើការខ្លាំងធ្វើឱ្យសាច់ដុំបេះដូងក្រាស់ៗ និងបឺតបាញ់ឈាមបានយ៉ាងមានប្រសិទ្ធភាពកាន់តែពិបាកជាងមុនហ្នឹងឯង។

    3. អ្នកអាចព្យាបាលជំងឺលើសឈាមបានតាមរយៈការផ្លាស់ប្ដូររបៀបរបបរស់នៅរបស់ខ្លួនឯងតាំងពីដំបូងៗ : នៅពេលកម្រិតសម្ពាធឈាមរបស់អ្នកស្ថិតក្នុងកម្រិត 120-129/80 លោកអ្នកមិនទាន់ចាំបាច់ប្រញាប់ប្រញាល់ចូលទៅទទួលការព្យាបាលទេ តែគ្រូពេទ្យរបស់អ្នកអាចនឹងណែនាំឱ្យអ្នកផ្លាស់ប្ដូរឡាយហ្វ៍ស្តាយល៍មួយចំនួនដូចជា ការទទួលទានអាហារ ការតមភេសជ្ជៈអាល់កុល ឬបន្ថែមលំដាប់ការហាត់ប្រាណជាដើម។ ពេលតួលេខចាប់ផ្ដើមខ្ពស់ឡើង ការផ្លាស់ប្ដូររបៀបរបររស់នៅក៏ក្លាយជារឿងចាំបាច់ រួមទាំងលោកអ្នកអាចញ៉ាំថ្នាំរួមជាមួយផង តែគោលបំណងរបស់គោលការណ៍ថ្មីនេះ គឺដើម្បីការពារភាពធ្ងន់ធ្ងរដែលអាចកើតឡើងដោយការសង្កត់ធ្ងន់លើការព្យាបាលតាំងពីដំបូងៗ។

    អ្នកជំងឺអាចគ្រប់គ្រងកម្រិតសម្ពាធឈាមរបស់ខ្លួនបានដោយការជ្រើសរើសទទួលទានអាហារដែលមានប្រយោជន៍ និងឧស្សាហ៍ហាត់ប្រាណជាប់ជាប្រចាំ។ ក្រៅពីនេះលោកអ្នកនៅគួរហាត់រៀនវាស់កម្រិតសម្ពាធឈាមដោយខ្លួនឯងនៅផ្ទះផងដែរ។ យ៉ាងណាក៏ដោយ បើលោកអ្នកមានចំណុចងឿងឆ្ងល់ ឬសង្ស័យពាក់ព័ន្ធនឹងសម្ពាធឈាម ឬវិធីវាស់នោះ ក៏គួរតែប្រឹក្សាជាមួយគ្រូពេទ្យ៕

  • ការរៀប​ផែនការ​មើលថែទាំ​សុខភាព​សមាជិក​ក្នុង​គ្រួសារ

    ការរៀប​ផែនការ​មើលថែទាំ​សុខភាព​សមាជិក​ក្នុង​គ្រួសារ

    ការរៀបចំ​ផែនការ​មើលថែទាំ​សុខភាព​ខ្លួនឯង និង​សមាជិកគ្រួសារ​គឺជា​រឿង​ដែល​មានគុណតម្លៃ​ជាទីបំផុត ព្រោះ​ក្រៅពី​ជា​រឿង​ដែល​ជួយ​ជំរុញ​ឱ្យ​យើង​ខ្លួនឯង និង​សមាជិក​ក្នុង​គ្រួសារ​កើតភាព​ក្លៀវក្លា​ស្វាហាប់​ក្នុងការ​មើលថែទាំ​សុខភាព​ហើយ​នោះ វា​ថែមទាំង​ជា​រឿង​ដែល​ជួយ​ឱ្យ​កើតមាន​សម្ពន្ធភាព​ដ៏​ល្អ​រវាង​សមាជិក​គ្រប់គ្នា​ក្នុង​ក្រុមគ្រួសារ កើត​សេចក្តីស្រឡាញ់​ក្នុង​ក្រុមគ្រួសារ ដែល​នឹង​ជួយ​ដោះស្រាយ​បញ្ហាផ្សេងៗបាន​យ៉ាង​ល្អ និង​នាំ​ឆ្ពោះទៅរក​ការ​មាន​គុណភាព​ជីវិត​ដែល​ល្អ​នាពេល​អនាគត​បាន​ថែម​ទៀតផង។

    គុណ​តម្លៃ​របស់​ការរៀប​ផែនការ​មើលថែទាំ​សុខភាព​របស់​សមាជិក​ក្នុង​គ្រួសារពាក្យ​ថា “សុខភាព​ល្អ” នៅលើ​មនុស្ស​ម្នាក់​នោះ​អាច​នឹង​ខុសប្លែក​ពីគ្នា​តាមតែ​សភាវ​សង្គម ឬ​រូប​បែប​របស់​ជីវិត​ដែល​ខុសប្លែក​ពីគ្នា តែ​ជារួម​ទៅ​សុខភាពល្អ​យ៉ាងហោចណាស់​ក៏ត្រូវ​តែមាន​ន័យ​ពី​ភាព​ឥតខ្ចោះ​របស់​ទាំង​រាងកាយ និង​ផ្លូវចិត្ត ដោយ​រឿង​ដែល​កើតឡើង​នេះ​នឹង​កើត​បានដោយសារ​ការមើល​ថែទាំ​យកចិត្តទុកដាក់​លើប្រព័ន្ធផ្សេងៗដែលជា​ផ្នែក​ដ៏​សំខាន់​របស់​រាងកាយ។

    ការដែល​នឹងមាន​សុខភាព​ល្អ​បាន​នោះ មិនថាតែ​ជា​សុខភាព​របស់​ខ្លួនឯង ឬ​សមាជិក​ក្នុង​គ្រួសារ​នោះឡើយ មិនមែនជា​រឿង​ដែល​កើតឡើង​បាន​ដោយ​ភាព​ចៃដន្យ​នោះទេ តែ​ចាំបាច់​ត្រូវមាន​ការរៀប​ផែនការ​ក្នុងការ​មើលថែទាំ​សុខភាព​ជាមុន​ដែល​នឹង​ជួយ​ឱ្យ​កើត​ផល​ល្អ​ដូចតទៅ​នេះ ៖
    – អាច​នឹង​កំណត់​វិធី​ការ ឬ​ជ្រើសរើស​រូប​បែប​ដែល​ស័ក្តិសម​ជាមួយ​ដំណើរការ​នៃ​ជីវិត​របស់​យើង​ខ្លួនឯង ឬ​សមាជិក​ក្នុង​ក្រុមគ្រួសារ​បាន​យ៉ាង​ស័ក្តិសម។

    – អាច​នឹង​កំណត់​អំឡុងពេល​ក្នុងការ​មើលថែទាំ​សុខភាព​បាន​យ៉ាង​ស័ក្តិសម អាច​នឹងមានកិច្ចការងារ​ហាត់ប្រាណ​នៅពេល​ព្រឹក ឬ​ចំពោះ​គ្រួសារ​ខ្លះ​អាច​នឹងមាន​ពេលទំនេរ​នៅពេល​ល្ងាចក៏​អាច​នឹង​កំណត់​កិច្ចការងារ​បង្កើន​សុខភាព​នៅពេល​ល្ងាច​ក៏បាន ឬ​អាច​នឹង​កំណត់​អំឡុងពេល​ក្នុងការ​ពិនិត្យ​សុខភាព​របស់​សមាជិក​ក្នុង​គ្រួសារ​ប្រចាំឆ្នាំ​បាន​យ៉ាង​ស័ក្តិសម។

    – ជាការ​ប្រុងប្រយ័ត្ន​សុខភាព​ទាំង​របស់​ខ្លួនឯង និង​សមាជិកគ្រួសារ មិនឱ្យ​ឈឺ​ថ្កាត់​ដោយ​ជំងឺផ្សេងៗ ជាការ​សាង​សុខភាព ដែល​នឹង​ល្អ​ជាង​ត្រូវ​មក​ជួសជុល​សុខភាព ឬ​ព្យាបាល​នៅពេល​ក្រោយ។

    – ជួយ​ក្នុង​ការរៀប​ផែនការ​រឿង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្នុង​គ្រួ​សារបាន​យ៉ាង​ល្អប្រសើរ ដោយសារតែ​មិនចាំបាច់​ត្រូវ​ចាយវាយ​ប្រាក់​ទៅលើ​ការព្យាបាល​ខ្លួន។

    – ធ្វើឱ្យ​គុណភាព​ជីវិត​ទាំង​របស់​ខ្លួនឯង និង​សមាជិក​ក្នុង​ក្រុមគ្រួសារ​ល្អប្រសើរ​ឡើង។

    គោលការណ៍​ក្នុង​ការរៀប​ផែនការ​ថែទាំ​សុខភាព​របស់​សមាជិក​ក្នុង​ក្រុមគ្រួសារ
    – ពិនិត្យ​មើលរូប​បែប​ការរស់នៅ​របស់​ស​មា​ជិ​ក​ក្នុង​ក្រុមគ្រួសារ​ថា តើ​យ៉ាងណាដែរ? ដោយសារតែ​ការមើល​ថែទាំ​សុខភាព​របស់​សមាជិក​គ្រួសារ​នេះ មិនមែន​ជាការ​ធ្វើឡើង​ដោយ​សមាជិក​ណា​ម្នាក់​តែ​ម្នាក់​នឹង​ទទួលបាន​ជោគជ័យ​នោះទេ ប៉ុន្តែ​ត្រូវ​អាស្រ័យ​លើ​ការសហការ​រួម​ដៃ​ពី​សមាជិក​ក្នុង​គ្រួសារ​ទាំងមូល​ជាសំខាន់។

    – តាមរយៈ​ព័ត៌មាន​ដែល​ទទួលបាន នាំមក​កំណត់​ជា​ផែនការ​ក្នុងការ​មើលថែទាំ​សុខភាព​របស់​សមាជិក​ក្នុង​គ្រួសារ ដែល​អាច​ធ្វើឡើង​ចំពោះ​សមាជិក​ណា​ម្នាក់ ឬ​អាច​នឹងធ្វើ​ឡើងជា​រួមទាំង​អស់។

    – នៅពេល​កំណត់​ផែនការ​ក្នុងការ​មើលថែទាំ​សុខភាព​របស់​សមាជិក​គ្រួសារ​បាន​ហើយ ត្រូវ​ដំណើរការ​ទៅតាម​នោះ និង​វាយតម្លៃ​ជាដំណាក់ៗថា តើ​សមាជិក​ទាំងអស់​ក្នុង​គ្រួសារ​អាច​ប្រតិបត្តិការ​តាម​ផែនការ​នោះបាន​ដែរឬទេ ឬក៏​យ៉ាងណា?

    សូម​រៀបចំ​ផែនការ​ក្នុងការ​មើលថែ​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ឱ្យបាន​ល្អ​ទាំង​ខ្លួន​អ្នក​ផ្ទាល់ និង​សមាជិក​ជាទី​ស្រឡាញ់​នៅក្នុង​គ្រួសារ​របស់​អ្នក​ឱ្យបាន​ល្អ និង​ស័ក្តិសម​ជាមួយនឹង​ស្ថានភាព​ជាក់ស្តែង​នៃ​គ្រួសារ​របស់​អ្នក ដើម្បី​ទទួលបាន​នូវ​ជីវិត ដែល​ប្រកបដោយ​គុណ​ភាពល្អ​នាពេល​បច្ចុប្បន្ន និង​នាពេល​អនាគត​ខាងមុខ៕

  • 5ឆ្នាំទៅ 10ឆ្នាំ​ទៀត បច្ចេកវិទ្យា​មិនទាន់​ប៉ះពាល់​ខ្លាំង​ដល់​ធនធានមនុស្ស​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ទេ

    5ឆ្នាំទៅ 10ឆ្នាំ​ទៀត បច្ចេកវិទ្យា​មិនទាន់​ប៉ះពាល់​ខ្លាំង​ដល់​ធនធានមនុស្ស​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ទេ

    វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​កំពុងមាន​ស្ថានភាព​ល្អប្រសើរ ស្រប​ពេលដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​បាន​ពង្រីក​ខ្លួន​កាន់តែ​ធំឡើងៗជាមួយ​សាខា​ស្ទើរ​គ្រប់​ទីកន្លែង​ទាំង​តំបន់​ជនបទ និង​ទីក្រុង។ ជាមួយនឹង​ការពង្រីក​ទីផ្សារ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នេះធនធាន​ជាច្រើន​បាន​ក្លាយជា​តម្រូវការ​ចាំបាច់​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​ដំណើរការ​របស់​ស្ថាប័នធំៗ ដែល​ក្នុងនោះ​ធនធានមនុស្ស​ក៏​ជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បាន​ផងដែរ​សម្រាប់​សម័យ​បច្ចេកវិទ្យា។

    ទន្ទឹមនឹង​ភាព​វិជ្ជមាន​នៃ​ការអភិវឌ្ឍ​នេះ ធនធានមនុស្ស​ផ្នែក​ធនាគារ​ក៏ត្រូវ​បាន​គេ​មើលឃើញថា​អាច​នឹង​ប្រឈម​បញ្ហា​ជាច្រើន​ផងដែរ​នៅពេលដែល​ប​ដិ​វត្ដ​ន៍​ឧស្សាហកម្ម​ថ្មី​ចូលមក​ដល់ ដែល​ម៉ាស៊ីន​ចាប់ផ្តើម​ចូល​ជំនួស​ផ្នែកខ្លះៗនៃ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដែលជាចរន្ត​មួយ​ប៉ះពាល់​ដល់​ធនធានមនុស្ស​ដែល​កំពុង​សិក្សា​នេះ។ បើទោះបីជា​យ៉ាងនេះ​ក្តី អ្នកជំនាញ​នៅតែ​មើលឃើញថា​កម្ពុជា​នៅ​ត្រូវការ​អ្នកជំនាញ​ហិរញ្ញវត្ថុ​ជាច្រើន​ផ្សេងទៀត​ដើម្បី​បំពេញតម្រូវការ​នៅក្នុង​ស្រុក​បើទោះបីជា​បច្ចេកវិទ្យា​ត្រូវបាន​គេ​ដាក់ឱ្យ​ប្រើប្រាស់​នៅតាម​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាច្រើន​នៅ​កម្ពុជា​ក៏ដោយ។

    បណ្ឌិត ផុន ណារិន នាយក​វិទ្យាស្ថាន ពាណិជ្ជ​សាស្ត្រ អេស៊ីលីដា បានឱ្យដឹងថា បច្ចុប្បន្ននេះ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ត្រូវការ​បុគ្គលិក​ច្រើន​គួរសម​ដែរ​ដើម្បី​បម្រើ​ការងារ​លើ​វិស័យនេះ បើទោះបី​ជាមាន​វត្តមាន​បច្ចេកវិទ្យា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ (FINTECH)ក៏ដោយ។ ជាក់ស្តែង​បើ​គិត​ត្រឹមតែ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី តែមួយ កាលពី​មិនទាន់​រៀបចំ​ប្រព័ន្ធ Fintechធនាគារ​ត្រូវការ​ជ្រើសរើស​បុគ្គលិក​បន្ថែម​ចន្លោះ​ពី20ភាគរយ ទៅ30ភាគរយ​ជា​រៀងរាល់ឆ្នាំ។ ប្រសិនបើ​គិតពី​ចំនួន​មធ្យម​សម្រាប់​បុគ្គលិក 1ម៉ឺន​នាក់ ហើយ​យើង​ត្រូវការ​ជា​មធ្យម​ប្រហែល 25ភាគរយ​នោះ​យើង​ត្រូវការ​បុគ្គលិក​ប្រមាណ 2,500នាក់​បន្ថែម។ ក្រោយពេល​មាន​វត្តមាន Fintech យើង​នៅតែ​បន្ត​ជ្រើសរើស​បុគ្គលិក​ច្រើន​ដដែល គ្រាន់តែ​មានការ​ថយចុះ​បន្តិច​ប៉ុណ្ណោះ។

    លោក​បណ្ឌិត ផុន ណារិន បាន​និយាយថា៖ “បើ​គិតពី​ធនាគារ​នៅ​ទូទាំងប្រទេស ប្រសិនបើ​តម្រូវការ​ធនធានមនុស្ស​កើនឡើង​ត្រឹមតែ 5ភាគរយ​នោះ មានន័យថា តម្រូវការ​ទីផ្សារ​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ត្រូវការ​បុគ្គលិក​ថ្មី​ពី​ចន្លោះ 4,000នាក់ ទៅ 5,000នាក់”។

    អ្នកគ្រប់គ្រង​ស្ថាប័ន​អប់រំ​ទាក់ទង​នឹង​វិស័យ​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​ខាងលើ​បានលើកឡើង​ផងដែរ​ថា បើតាម​ទស្សនៈ​របស់លោក​ផ្ទាល់​រយៈពេល5ឆ្នាំ ទៅ10ឆ្នាំ​ទៀត Fintechមិនអាច​វាយលុក​ខ្លាំង​លើ​ទីផ្សារការងារ​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​នៅ​កម្ពុជា​នោះទេ ព្រោះ​បច្ចុប្បន្ននេះ​មាន​ហេតុផលសំខាន់ៗមួយចំនួន​ដែល​ធ្វើឱ្យ​យើង​នៅតែ​ប្រតិបត្តិការ​ធនាគារ​បែប​ប្រពៃណី​នៅ​កម្ពុជា។ ចំណុច​សំខាន់​ទី1 គឺ​បច្ចុប្បន្ននេះ​មានតែ​ធនាគារធំៗចំនួន 2-3ប៉ុណ្ណោះ​ដែល​ប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ក្នុង​វិស័យ​ធនាគារ​នេះ​សម្រាប់​ប្រតិបត្តិការ​ធនាគារ​រប​ស់​ខ្លួន ហេតុនេះ​យើង​ត្រូវ​ចំណាយ​ពេលវេលា​យូរ​បន្ថែមទៀត​ដើម្បីឱ្យ​ធនាគារ​កាន់តែ​ច្រើនឡើង​ប្រើប្រាស់ Fintech។ ចំណុច​ទី2 គឺ​ប្រជាជន ឬ​អតិថិជន​បច្ចុប្បន្ន​ភាគ​ច្រើន​មិនទាន់​ទុកចិត្ត​ទាំងស្រុង 100ភាគរយ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​នោះទេហេតុនេះ​ទើប​ប្រជាជន​នៅ​ចូលចិត្ត​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​បែប​ប្រពៃណី​នៅឡើយ។ ចំណុច​សំខាន់​ម្យ៉ាង-ទៀត​នោះ​គឺ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ដែល​កំពុង​ប្រែខ្លួន​ទៅជា​ធនាគារ​ក៏​ស្ថិតក្នុង​កម្រិត​មួយ​នៅឡើយ​ចំពោះ​បញ្ហា​បច្ចេកវិទ្យា​នេះ ហេតុនេះ​ទើប​មិនទាន់​អាច​ទៅ​លឿន​បានទេ។ ជារួម​បើ​មើល​តាម​ទំនោរ​របស់​ស្រុក​យើង​សព្វថ្ងៃនេះ​ឃើញថា 10ឆ្នាំ​ទៀត ផលប៉ះពាល់​របស់ Fintechមកលើ​ធនធានមនុស្ស​ផ្នែកធនាគារ​មាន​ប្រមាណ​ត្រឹមតែ 10ភាគរយ ទៅ20ភាគរយ​តែប៉ុណ្ណោះ។

    លោក​សាស្ត្រាចារ្យ ជី គឹមអុី ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នៃ​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ បាន​បញ្ជាក់ថា តាម​ប្រវត្តិ​នៃ​ការធ្វើ​ប​ដិ​វត្តន៍​ឧស្សាហកម្ម គេ​ត្រូវ​ចំណាយពេល​មួយ​សតវត្សរ៍​ដើម្បី​ធ្វើឱ្យបាន​ពេញលេញ ហេតុនេះ​សម្រាប់​កម្ពុជា​យើង​ក៏​ត្រូវការ​ពេលវេលា​ផងដែរ។ លើ​វិស័យណាក៏ដោយ យើង​ចាំបាច់​ត្រូវ​ដើរ​បន្តិចម្តងៗតាមរយៈ​ការជំរុញ​ការបណ្តុះបណ្តាល​លើ​ផ្នែក​បច្ចេកវិទ្យា និង​បណ្តុះបណ្តាល​ឱ្យ​យល់ច្បាស់​ពី​ការផ្លាស់ប្តូរ​របៀប​ធ្វើការ​ងារ​ដោយ​បញ្ចូល​បច្ចេកវិទ្យា​បន្តិច​ម្តង។ ក្រោយ​ពេលដែល​យើង​បណ្តុះបណ្តាល​បាន​នូវ​ធនធានមនុស្ស​ខ្លាំង​ហើយ​ទើប​យើង​អាចអនុវត្ត​ការងារ​បាន​ដោយ​រលូន ព្រោះ​បើទោះបីជា​យើង​ប្រើប្រាស់​បច្ចេកវិទ្យា​ក៏ដោយ​ក៏ត្រូវ​ការ​មនុស្ស​ជា​អ្នកគ្រប់គ្រង​ដែរ។

    លោក ជី គឹមអុី បាន​និយាយថា៖ “ពិភពលោក​ចាប់​ផ្តើមធ្វើ​ស្វ័យប្រវត្តិកម្ម (automation) លើ​ផ្នែក​ផលិតកម្ម និង​សេវាក​កម្ម តែ​ចរន្ត​នេះ​អាច​ធ្វើទៅ​មិនសូវ​ជា​បាន​ស្រុះគ្នា​នោះទេ វា​ទាមទារ​ឱ្យមាន​ការចំណាយ​ពេលវេលា​ដើម្បី​ត្រៀម​ទាំង​ធនធាន និង​ការអប់រំ​ឱ្យ​បានល្អ​ជាមុនសិន”។

    អ្នកជំនាញ​ខាងលើ​បានបញ្ជាក់​ផងដែរ​ថា បន្តិចម្តងៗកម្ពុជា​អាច​នឹង​អនុវត្ត​បានល្អ​លើ​ការប្រើប្រាស់​បណ្តាញ​បច្ចេកវិទ្យា​ទាំង​ផ្នែក​ផលិតកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ តែ​មិនមែន​ក្នុងពេល​ត្រឹមតែ 4-5ឆ្នាំ​ទៀត​ទេ តែ​វា​អាច​ត្រូវការ​ពេលវេលា​ច្រើន​ឆ្នាំ​ទៀត​ដែរ​ដើម្បី​បញ្ជ្រាប​ប្រព័ន្ធថ្មីៗទាំងអស់នេះ​ឱ្យបាន​គ្រប់​ទីកន្លែង។ ម្យ៉ាងវិញទៀត បើទោះបីជា​ការធ្វើ​ស្វ័យប្រវត្តិកម្ម​ប៉ះពាល់​ដល់​ការងារ​មនុស្ស​ក៏ដោយ តែ​មនុស្ស​ក៏​នៅតែមាន​ឱកាស​ធ្វើ​ការងារ​បានល្អ​ដដែល គ្រាន់តែ​ផ្លាស់ប្តូរ​ពី​ការងារ​ចាស់​ទៅ​ការងារថ្មីៗតែប៉ុណ្ណោះ៕

  • រិទ្ធ អូមេហ្គា អ្នកដឹកនាំសម្ដែងនៅផលិតកម្មថោនត្រូវគេគំរាមបាញ់សម្លាប់

    រិទ្ធ អូមេហ្គា អ្នកដឹកនាំសម្ដែងនៅផលិតកម្មថោនត្រូវគេគំរាមបាញ់សម្លាប់

    ជារឿងភ្ញាក់ផ្អើល ខណៈដែលអ្នកដឹកនាំសម្ដែងនៅផលិតកម្មថោន រិទ្ធ អូមេហ្គា បានLive វីដេអូកាលពីយប់មិញថា ក្មេងពាលមួយក្រុមបានកាប់បុគ្គលិកលោកបែកមួកសុវត្ថិភាពជាពីរ ក្រោយចេញពីធ្វើការនៅកោះពេជ្រ វេលាម៉ោង3ទៀបភ្លឺនាថ្ងៃទី12 ខែមករា ឆ្នាំ2019កន្លងទៅថ្មីៗនេះ។ លោកថា បើសិនជាគាត់គ្មានមួកសុវត្ថិភាពការពារទេនោះប្រហែលជាស្លាប់ហើយពេលនេះ។

    លោក រិទ្ធ អូមេហ្គា ថាជនបង្កហេតុខាងលើបានគំរាមបាញ់សម្លាប់លោកថែមទៀតផង ដោយពួកគេបានបោះពាក្យសម្ដីមកលើកូនចៅថា«ពួកហែងត្រៀមធាតុត្រៀមកោដ្ឋឲ្យហើយទៅ»។ លោកថា រឿងកើតឡើងចំពោះលោកនិងកូនចៅកើតឡើងដោយសារតែការប្រជែងរឿងរកស៊ី។ អ្នកដឹកនាំសម្ដែងមួយនេះ បញ្ជាក់ថា « មួយទៀត​ ឮអ្នកឯងថាចង់បាញ់ខ្ញុំបំបាក់ជើងមែន? អាងអី? អ្នកឯងកំពុងមើលងាយសមត្ថកិច្ចមើលងាយរាជជរដ្ធាភិបាល​ នឹង​ ច្បាប់ក្នុងប្រទេសកម្ពុជាហើយ​ នឹងថ្នាក់ដឹកនាំហើយ។ ប្រយ័ត្នពាក្យសម្តីអ្នកឯង​ នឹងទង្វើអ្នកឯង​ សូមកុំបំពានមកខ្ញុំនឹងហាងខ្ញុំទៀត​ ខ្ញុំរកស៊ីសុំតែម៉ាសុខ​ នឹងរកស៊ីដោយសុច្ចរឹត​ ប្រឹងបង្កើតអ្វីដែលជាគំនិតខ្លួនឯង​។ ខ្ញុំបានដាក់ពាក្យបណ្តឹងបង្កក់ហើយៗ​ បើខ្ញុំ​ នឹងគ្រួសារខ្ញុំមានបញ្ហាអីកើតឡើងគឺខាងអ្នកឯងជាអ្នកបង្ក។ ព្រោះខ្ញុំជាប្រជាពលរដ្ធស្លូតត្រង់​ តែងតែជួយការងារសង្គម​ នឹងសប្បុរសធម៌ មិនដែលដើរបង្ករជំលោះអ្នកណា​ រឺចារឹកពាលចង់សំលាប់អ្នកណាដូចអ្នកឯងទេ។ សំខាន់ប្រទេសមានច្បាប់​ !!! »។

    គួរបញ្ជាក់ផងដែរថា បន្ទាប់ពីជួបហេតុការណ៍ដូច្នេះ រិទ្ធ អូមេហ្គា និងកូនចៅបានទៅដាក់ពាក្យប្ដឹងជនល្មើសរួចរាល់ហើយដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ដោយខាងលោក បានថតរថយន្ត និងសកម្មភាពជនបង្ករហេតុទុកជាភ័ស្ដតាងផងដែរ។ រិទ្ធ អូមេហ្គា បានរៀបរាប់ថា ចំពោះអត្តសញ្ញាណមេធំនៅពីក្រោយការគំរាមបាញ់សម្លាប់នេះលោក សុំលាក់សិនគ្រប់យ៉ាងនឹងបង្ហាញក្នុងពេលឆាប់ព្រោះរឿងនេះបានទៅដល់ដៃសមត្ថកិច្ចហើយ៕

  • ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ​មានទីផ្សារ​ខ្លាំង បន្ទាប់ពី​ទទួលបាន​ឈ្មោះជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ

    ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ​មានទីផ្សារ​ខ្លាំង បន្ទាប់ពី​ទទួលបាន​ឈ្មោះជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ

    ក្រោយពី​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ផលិតផល​សម្គាល់​ភូមិសាស្ត្រ(GI)កាលពី​ខែមិថុនា​ឆ្នាំមុន ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទាំង​ក្នុង​តំបន់ និង​នៅតាម​បណ្តា​ខេត្ត​នានា។

    ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ទី3 បន្ទាប់ពី​ម្រេច​ខេត្តកំពត និង​ស្ករត្នោត​កំពង់ស្ពឺ។ ក្រូចថ្លុង​កោះ​ទ្រង់ ខេត្តក្រចេះ គឺជា​ផលិតផល​ដំណាំ​ហូប​ផ្លែ​ប្រពៃណី ហើយ​វា​មាន​សក្តានុពល​ខ្ពស់​ក្នុងការ​លើកកម្ពស់​ប្រាក់ចំណូល​ប្រជាជន​ក្នុង​តំបន់ និង​ជួយ​បង្កើន​ចំនួន​ភ្ញៀវទេសចរ​ទៅកាន់​រមណីយដ្ឋាន​កោះ​ទ្រង់ ខេត្តក្រចេះ​ទៀតផង។

    ចាប់តាំងពី​ក្រូចថ្លុង​កោះ​ទ្រង់ ត្រូវបាន​ទទួលស្គាល់​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មក ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​កោះ​ទ្រង់ ខេត្តក្រចេះ​ចាប់ផ្តើម​ពង្រីក​ការដាំដុះ​បន្ថែមទៀត​ដើម្បី​ផ្គត់ផ្គង់ និង​បំពេញតម្រូវការ​ទីផ្សារ។ នេះ​បើ​យោងតាម​លោកស្រី គាន រី​ណា ប្រធាន​សមាគម​អ្នក​ដាំ​ក្រូចថ្លុង​កោះ-​ទ្រង់​ក្រចេះ។

    លោកស្រី រី​ណា មានប្រសាសន៍ថា សព្វថ្ងៃ​សមាគម​របស់​លោកស្រី​មាន​សមាជិក​ចំនួន 226គ្រួសារ ដែលមាន​ក្រូចថ្លុង​ប្រមាណ​ជាង 1ម៉ឺន​ដើម ដោយឡែក​ក្រូចថ្លុង​ដែល​កំពុងផ្តល់​ផល​មាន​ប្រមាណ​តែ​ជាង 2ពាន់​ដើម​ប៉ុណ្ណោះ។

    លោកស្រី រី​ណា​​ បន្ថែមទៀតថា ទ​និ្ន​ផលរបស់​ក្រូចថ្លុង​កោះ​ទ្រង់ អាស្រ័យ​លើ​អាយុកាល​របស់​ដើម​ក្រូច​ដោយ​លោកស្រី​ពន្យល់ថា ដើម​ក្រូចថ្លុង​ដែល​លូតលាស់ថ្មីៗ ផ្តល់​ផល​ឆ្នាំ​ដំបូង​បាន​ប្រមាណ​តែ4 ទៅ10ផ្លែ​តែប៉ុណ្ណោះ ដោយឡែក​ដើម​ក្រូចថ្លុង​ដែលមាន​អាយុកាល​ចាប់ពី2 ទៅ3ឆ្នាំ ទិន្នផល​នឹង​ទទួលបាន​ប្រមាណ​ពី50 ទៅ50ផ្លែ​ក្នុង​មួយ​ដើម ហើយ​ចាប់ពី 3ឆ្នាំ​ឡើងទៅ ទ​ន្និ​ផល​នឹង​ទទួលបាន​កាន់តែ​ច្រើនឡើង​ដែរ។

    លោកស្រី​បាន​បន្តថា៖“ឥឡូវនេះ​មានការ​ទទួលស្គាល់​ច្រើន​លើ​រសជាតិ​របស់​ក្រូចថ្លុង​កោះ​ទ្រង់ហើយ​ក្រោយពី​ទទួលបាន​ផលិតផល​សម្គាល់​ភូមិសាស្ត្រ កាន់តែ​មានការ​ទទួល​ស្គាល់​ថែមទៀត​ពី​សំណាក់​អ្នក​និយម​ទទួលទាន​ក្រូចថ្លុង​កោះ​ទ្រង់ ឯ​តម្លៃ​វិញ ក្រូចថ្លុង​មួយ​ផ្លែ​មានតម្លៃ​ប្រមាណ​ជា 14,000រៀល ឬ3.5ដុល្លារ​អាមេរិក”។

    លោកស្រី រី​ណា បាន​បញ្ជាក់ថា ក្រូចថ្លុង​កោះ​ទ្រង់​ភាគច្រើន​គេ​យកមក​លក់​នៅ​ភ្នំពេញ ហើយ​ឥឡូវ​ការផ្គត់ផ្គង់​នៅមានកម្រិត​នៅឡើយ ដោយសារ​ក្រូចថ្លុង​កោះ​ទ្រង់​ផ្លែ​តាម​រដូវ ដោយ​រដូវ​ប្រមូល​ផល​ក្រូចថ្លុង​កោះ​ទ្រង់ គឺ​ចាប់ពី​ខែតុលា ដល់​ខែធ្នូ ហើយ​បើ​ផុតពី​រដូវ​ប្រមូល​ផល រសជាតិ​ក៏​មិនសូវ​ឆ្ងាញ់​ដូច​រដូវ​ប្រមូល​ផល​ដែរ។

    លោកស្រី​មានប្រសាសន៍ថា នៅពេលនេះ​យើង​កំពុងធ្វើការ​ពង្រីក​ការដាំដុះ​បន្ថែមទៀត ដោយសារតែ​ឃើញ​ក្រូចថ្លុង​របស់​យើង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​មហាជន។ កាលពីមុន កសិករ​មានការ​ពិបាក​លក់​បន្តិច ប៉ុន្តែ​ឥឡូវនេះ​មាន​ការបញ្ជាទិញ​ច្រើន ដែល​សឹងតែ​គ្មាន​ក្រូចថ្លុង​លក់​ឱ្យគេ​ទៀតផង។ ជាទូទៅ ការទិញ​ក្រូចថ្លុង​កោះ​ទ្រង់​ភាគច្រើនគឺ​គេ​យកទៅ​បរិភោគ​ជា​លក្ខណៈ​គ្រួសារ ដោយឡែក​ក៏មាន​អាជីវករ​មួយចំនួន​ចាប់ផ្តើម​ទាក់ទង​មក​ទំនាក់ទំនង​សមាគម​ដើម្បី​ម៉ៅ​ទិញ​យកទៅលក់​បន្ត​ផងដែរ។

    លោក ប៊ុន បាន ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ទ្រង់ បាន​ថ្លែងថា រមណីយដ្ឋាន​កោះ​ទ្រង់​មិន​ត្រឹមតែ​ជា​តំបន់​ក​សិ-ទេសចរណ៍​ប៉ុណ្ណោះ​ទេប៉ុន្តែ​វា​ថែមទាំង​មាន​ឆ្នេរ​ខ្សាច់​វែង លាតសន្ធឹង​ប្រមាណ​ជាង 4គីឡូម៉ែត្រ​ទៀតផង។

    លោក​បាន​បន្ថែមថា៖“យើង​ថែមទាំង​មាន​សមាគម​ផលិត​បន្លែ​សម្រាប់​ផ្គត់ផ្គង់​សហគមន៍​ផ្ទះសំណាក់ ដើម្បី​ទទួលភ្ញៀវ​ទេសចរ លើកលែងតែ​បន្លែ​មួយចំនួន​ដែល​ពិបាក​រក។ យើង​មាន​ដំណាំ​ហូប​ផ្លែ​តាម​រដូវ​កាល​ដូចជា ក្រូចថ្លុង ខ្នុរ ផ្លែ​ទឹកដោះគោ​ជាដើម”។

    លោក​ថា៖“យើង​បាន​ចងក្រង​ជា​សហគមន៍សមាគម និង​ជា​ក្រុមតូចៗដើម្បី​បម្រើ​សេវាកម្ម​ទេសចរណ៍ ដូចជា​រទេះសេះ រទេះគោ រ៉ឺម៉ក​កង់​បី កង់ ទូក​ជិះ​កម្សាន្ត និង​ផ្ទះ​ស្នាក់នៅ ជាដើម យើង​បង្កើត​មុខរបរ​បានជា​ច្រើន និង​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទៀតផង។

    លោក បាន​ បានបន្តថា ទេសចរ​ជាច្រើន​បាន​ទៅលេង​រមណីយដ្ឋាន​កោះ​ទ្រង់ ដោយនៅ​ឆ្នាំ2018 ទេសចរ​ជាតិ​ដែល​បាន​ទៅ​ទស្សនា​រមណីយដ្ឋាន​កោះ​ទ្រង់មាន​ជាង 17,000នាក់ និង​ភ្ញៀវ​បរទេស​មាន​ជាង 300នាក់​បានមក​កម្សាន្ត​ឆ្នេរ​ខ្សាច់។

    ដោយឡែក​លោក អប់ រ៉ា​ឌី ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម បាន​ថ្លែងថាបច្ចុប្បន្នកម្ពុ​ជាមាន​ផលិតផល​កសិកម្ម​ជាង 20មុខ​ទៀត​ដែល​អាចនឹងទទួល​បាន​វិញ្ញាបនបត្រ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នាពេល​អនាគត ដូចជា អំបិល​កំពត ទុរេន​កំពត សូត្រ​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ស្រូវ​សែន​ក្រអូប​ខេត្តបាត់ដំបង និង​ប្រហុក​ខេត្តសៀមរាបជាដើម៕

  • តារាសម្ដែងលីលី ចេញវីដេអូប្រកាសស្វែងរកស្ត្រីដែលខ្លួនជួយសម្រាលកូនកណ្តាលផ្លូវ​

    តារាសម្ដែងលីលី ចេញវីដេអូប្រកាសស្វែងរកស្ត្រីដែលខ្លួនជួយសម្រាលកូនកណ្តាលផ្លូវ​

    នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅរាត្រីថ្ងៃទី 12 ខែមករា នេះ មានការសរសើរមិនដាច់ពីមាត់ ក្រោយពេលបានឃើញស្រីស្អាតម្នាក់ជួយបង្កើតកូនឱ្យស្ត្រីអនាថាម្នាក់ នៅតាមដងផ្លូវត្រូវប្រជាពលរដ្ឋធ្វើដំណើរ នៅតាមដងផ្លូវ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥កែង និងផ្លូវ៥១៦ ជាប់និងផ្សារធីខេ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ឃើញហេតុការនេះភ្លាមៗ ម្នាក់ៗបាននាំគ្នា ជួយសង្គ្រោះបឋម រហូតជួយបង្កើតបានសម្រេច។ ក្រោយពីផ្ទុះរឿងដ៏ប្រពៃនេះ ពេលនេះបានដឹងច្បាស់ហើយថា កញ្ញាស្រស់ស្អាតម្នាក់នោះគឺជាតារាសម្ដែង លីលី ជាតួសំខាន់នៅក្នុងរឿង «កាំបិតមុខ2» របស់ផលិតកម្មមហាហង្ស ដែលត្រៀមដាក់បញ្ចាំងឆាប់ៗនេះ។

    ហើយថ្មីៗតារាស្រីខាងលើនេះ ក៏បានចេញវីដេអូប្រកាសស្វែងរក ស្ត្រីអនាថាខាងលើ ដោយរៀបរាប់ថា »នាងខ្ញុំ លីលី សូមប្រកាសស្វែងរកដំណឹងបងស្រីដែលនាងខ្ញុំបានជួយសម្រាលកូនយប់មិញនៅតាមចញ្ចើមផ្លូវផង ដោយសារតែអាណិតនិងឃើញបងស្រីខ្វះខាតផងនោះ។ នាងខ្ញុំ លីលី និងម្ចាស់ផលិតកម្ម​ មហាហង្ស​ លោក​ អ៊ិន​ សុភិន និងតួសំដែងក្នុង រឿង “កាំបិតមុខ2” បានមានបំណងធ្វើមូលនិធិសប្បុរសធម៌ ដើម្បីយកទៅជួយបងស្រីនិងកូនស្រី។ បើពុកម៉ែបងប្អូនណាមាន បំណងចង់ជួយចូលមូនិធិទៅកាន់បងស្រី អាចទំនាកទំនងមកកាន់ហ្វេសប៊ុកនាងខ្ញុំផ្ទាល់Lyly Yaka Il ឬក៏អាចទំនាក់ទំនង តាមរយៈផលិតកម្ម មហាហង្ស ក៏បាន។ នេះគឺលេខទូរស័ព្ទ នាងខ្ញុំផ្ទាល់ 086223355 060223355 ហើយសូមឱ្យបងប្អូនជួយធ្វើការ share បន្តផង»៕

  • ឆ្នាំ2018 ផ្សា​រមូល​ប​ត្រ​កម្ពុជា CSX បានបង្ហាញ​ភាព​រីកចម្រើន និង​រឹងមាំ

    ឆ្នាំ2018 ផ្សា​រមូល​ប​ត្រ​កម្ពុជា CSX បានបង្ហាញ​ភាព​រីកចម្រើន និង​រឹងមាំ

    ដោយសារ​ការជួញដូរ​ដ៏​រឹងមាំ​នៅ​ចុងបញ្ចប់​ឆ្នាំ2018 ​ផ្សារ​មូល​ប​ត្រ​កម្ពុជា CSX (The Cambodia Securities Exchange) ទទួលបាន​ក្នុង​កម្រិត​ខ្ពស់បំផុត​គឺ 48,098ពិន្ទុ កើនឡើង40% បើ​ធៀប​នឹង​ឆ្នាំ2017 សម្រាប់​មូលធនូបនីយកម្ម​ទីផ្សារ (Market capitalization) ចំនួន 44,292លាន​ដុល្លារ​អាមេរិក (1.77ពាន់​ពាន់​លាន​រៀល)។ក្នុងនោះ​កំណើន​ភាគច្រើន​បាន​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ Sihanoukville Autonomous Port (PAS)។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CSX។

    នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ ​CSX បានឱ្យដឹងថា ស​ន្ទ​ស្សន៍​នេះ​បាន​កើនឡើង 9.81ពិន្ទុ ឬ 2.08% ជាមួយនឹង​ភាគហ៊ុន​ចំនួន19,602ភាគហ៊ុន​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ​សរុប 26,553.98 ដុល្លារ។ តម្លៃ​ជួញដូរ​ប្រចាំ​ថ្ងៃជា​មធ្យម​បាន​កើនឡើង101% ដល់26,701ដុល្លារ ពី10,660លាន​រៀល។

    ផ្សារ​ហ៊ុន​ដែលមាន​ក្រុមហ៊ុនចុះបញ្ជី​ចំនួន5 និង​មូល​ប​ត្រ​បំណុល​សាជីវកម្ម​មួយ​បាន​កើនឡើង 4ភាគហ៊ុន​ក្នុងចំណោម​ភាគហ៊ុន5 នៅ​ចុងឆ្នាំ​ធៀប​នឹង​ឆ្នាំមុន​ជាពិសេស​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ ឬ​PAS ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ដែល​កើនឡើង98.04% ដល់​ចំនួន 10,100រៀល ពី5,100រៀល​សម្រាប់​មូល​ប​ត្រ​ទីផ្សារ​ចំនួន 11,029.62ដុល្លារ​អាមេរិក និង​ភាគហ៊ុន​សរុប​ចំនួន 4,386ត្រូវបានធ្វើ​ចរាចរណ៍។

    កាលពី​សប្តាហ៍​មុន​ ​CSX បាន​មើលឃើញ​បរិមាណ​ជួញដូរ​ធំជាងគេ​ជាមួយ​ភាគហ៊ុន​PAS ចំនួន​ជាង 2លាន​ដុល្លារ​ដែល​ផ្លាស់ប្តូរ​ដៃ​តាមរយៈ​វិធីសាស្ត្រ​ជួញដូរ​ដែល​បាន​ចរចា។ ភាគហ៊ុន PAS ចំនួន 2.14លាន​ហ៊ុន ឬ​ភាគហ៊ុន2.5% ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន Kobe-Osaka International Port Corp (KOI) ដែលជា​ប្រតិបត្តិ​ករ​កំពង់ផែ Hanshin មកពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA)។

    ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​អង្គភាព​នៃ​អាជីវកម្ម​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋា​ភិ​បាល គឺ​កំពង់ផែ ស្វយ័ត​ភ្នំពេញ (PPAP) បាន​កើនឡើង​ជិត 50% ស្មើនឹង 7,680រៀល​ក្នុង​មួយ​ហ៊ុន​គិត​ចាប់ពី 5,140 រៀល ហើយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ (PWSA) បាន​កើនឡើង 8.81% ខ្ពស់ជាង 4,200រៀល។ កំណើន​នេះ​បានធ្វើឱ្យ PPAP និង​PWSA មូលធន​កម្ម​ទីផ្សារ​មាន​ចំនួន 279ដុល្លារ និង12,090.71 ដុល្លារ។

    តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ដែលជា​តំបន់​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​ភ្នំពេញ​បានឃើញ​ថា​ភាគហ៊ុន​បាន​ជួញដូរ​ក្នុងតម្លៃ​ខ្ពស់ជាង 2.84% ដល់​ជិត 2,900រៀល​ធៀប​នឹង​ឆ្នាំមុន​សម្រាប់​មូលធន​កម្ម​ទីផ្សារ 1,135.36ដុល្លារ។

    ផ្ទុយទៅវិញ​ក្រុមហ៊ុនកាត់ដេរ Grand Twins International (កម្ពុជា) ភីអិលស៊ី​បាន​ធ្លាក់ចុះ 8.09% ស្មើនឹង 4,320រៀល ពី 4,700 រៀល​កាលពី​ឆ្នាំមុន​ដោយមាន​ទុនវិនិយោគ 2,019.30ដុល្លារ។

    ផ្សា​រមូល​ប​ត្រ​កម្ពុជា​បានឱ្យដឹងថា ចំនួន​នៃ​គណនី​ជួញដូរ​បាន​កើនឡើង​ដល់ 20,525គណនី ពី8,973នៅ​ដើមឆ្នាំ ដោយ84% ជា​របស់​វិនិយោគិន​ក្នុងស្រុក។ 17% នៃ​ម្ចាស់​គណនី​ជួញដូរ​បាន​ចុះបញ្ជី​ប្រព័ន្ធ​ពាណិជ្ជកម្ម​ចល័ត (MTS) ដែល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​នៅ​ពាក់កណ្តាល​ឆ្នាំ2018 ដើម្បីឱ្យ​វិនិយោគិន​អាចដាក់​ការបញ្ជាទិញ និង​ពិនិត្យមើល​តុល្យភាព​របស់​ពួកគេ​ពី​គ្រប់​ទីកន្លែង​ដោយបាន​ឱ្យដឹង​បន្ថែមថា 59%នៃ​ការបញ្ជាទិញ​ភាគហ៊ុន​ត្រូវបាន​ដាក់​តាម MTS។

    កាលពីមុន CSXបានឱ្យដឹងថា ការកើនឡើង​នៃ​ការចូលរួម​ពី​ការ​លក់រាយ​ត្រូវបាន​ជំរុញ​ដោយ​ការកើនឡើង​នៃ​ការអប់រំ​របស់​វិនិយោគិន​កំណើនសេដ្ឋកិច្ច​កម្ពុជា និង​ទិន្នផល​ភាគលាភ​ជា​មធ្យម​ពី4 ទៅ5% ក្នុង​ឆ្នាំ2017។

    អ្នកជំនាញ​ទីផ្សារ​មូល​ប​ត្រ​នៃ​គណៈកម្មការ​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ឱ្យដឹងថា មូលធនូបនីយកម្ម​ទីផ្សារ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​កើនឡើង​ខ្លាំង​នៅ​ឆ្នាំ2018 កន្លងមកនេះ មកពី​ចំណុចធំ2 គឺ​ទី1-ដោយសារ​ទំនុកចិត្ត​របស់​វិនិយោគិន​នាំឱ្យមាន​ការជួញដូរ​លើ​ទីផ្សារ​កើនឡើង​ដូច្នេះ​ធ្វើឱ្យមាន​ការកើនឡើង​តម្លៃ​ភាគហ៊ុន​ដែល​ធ្វើឱ្យ​សកម្មភាព​ជួញដូរ​ប្រចាំថ្ងៃ និង​មួយ​រយៈពេល​ចុង​ឆ្នាំមាន​ភាពប្រសើរឡើង។ ទី2-ការបោះ​ផ្សាយ​ភាគហ៊ុន​បន្ថែម​របស់​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP)បាន​លក់​ភាគហ៊ុន​បន្ថែមចំនួន 14លាន​ហ៊ុន(Shares)ទៅឱ្យ​វិនិយោគិន​ជា​ស្ថាប័ន​ចំនួន2 គឺ​ក្រុមហ៊ុន JWD Infologistics Plc ដែលជា​ក្រុមហ៊ុន​ឡូ​ជី​ស្ទិ​ករ​បស់​ប្រទេស​ថៃ និង​ក្រុមហ៊ុន Bok Seng Group ដែលជា​ក្រុមហ៊ុន​ឡូ​ជី​ស្ទិ​ករ​បស់​ប្រទេស​សិង្ហ​បុរី ក៏​ជា​ហេតុផល​ដែល​ជំរុញ​ឱ្យ​មូលធនូបនីយកម្ម​ទីផ្សារ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​កើនឡើង​ខ្លាំង​ដែរ។ អ្នកជំនាញ​ដដែល​បាន​បន្ថែមថា “ដូច្នេះ​ការកើនឡើង​របស់ CSX ឆ្នាំ2018 បានបង្ហាញ​ពី​ភាព​រីកចម្រើន និង​រឹងមាំ​របស់​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា”។

    អ្នកជំនាញ​ទីផ្សារ​មូល​ប​ត្រ​ក៏បាន​ឱ្យដឹង​ទៀត​ដែរ​ថា៖ ដើម្បី​ជំរុញ​ឱ្យ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​កាន់តែ​មាន​ភាព​រីកចម្រើន​សម្រាប់​ឆ្នាំ2019នេះ យើង​រំពឹងទុក​ថា​នឹងមាន​ការកើនឡើង​ថែមទៀត ដោយ​យើង​នឹងមាន​ក្រុមហ៊ុន​បោះផ្សាយ​ភាគហ៊ុន​បន្ថែម។ ជាមួយគ្នានេះ​យើង​នឹង​ខិតខំ​ធ្វើ​ការងារ​មួយចំនួន​ដូចជា​បង្កើន​ភាព​ទាក់ទាញ ជំរុញ​ការយល់ដឹង និង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ដើម្បីឱ្យ​ក្រុមហ៊ុន​កាន់តែច្រើន​មក​ចុះឈ្មោះ​ក្នុង​ផ្សារ​ហ៊ុន​ដើម្បី​ធ្វើឱ្យមាន​ការទាក់ទាញ​ទីផ្សារ​បន្ថែម។

    ម្យ៉ាងទៀត​ទាំង​គណៈកម្មការ​មូល​ប​ត្រ ទាំង​ទីផ្សារ​ភាគហ៊ុន​បាន​យកចិត្តទុកដាក់​ទៅលើ​ការបង្កើន​រយៈពេល​ប្រតិបត្តិការ​ទីផ្សារ ដោយ​ពង្រីក​ម៉ោង​ជួញដូរ​ពី3-5ម៉ោង ដល់7ម៉ោង​តែម្ដង​ក្នុង1ថ្ងៃយើង​ក៏បាន​កសាង​មូលដ្ឋាន​បទដ្ឋាន​គតិយុត្ត ការលើកទឹកចិត្ត​ផ្នែក​ពន្ធ​សម្រាប់​វិនិយោគិន​ក្នុង​វិស័យ​មូល​ប​ត្រ និង​បង្កើន​ភាព​ទាក់ទាញ​ដល់​វិនិយោគិន​ជាតិ និង​អន្តរជាតិ​ជាដើម។

    អ្នកជំនាញ​ទីផ្សារ​មូល​ប​ត្រ​ដដែល​បានឱ្យដឹង​ទៀតថា បច្ចុប្បន្ន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ទទួលបាន​ការ​ចាប់អារម្មណ៍​កាន់តែច្រើន​ពី​សាធារណជន​ក្នុងស្រុក និង​បរទេស​ដែល​ជំរុញ​ឱ្យ​ទំហំ​នៃ​ការជួញដូរ និង​តម្លៃ​របស់​មូល​ប​ត្រ​កើន​ឡើងជា​បន្តបន្ទាប់ជាពិសេស​ចាប់ពី​អំឡុង​ត្រីមាស​ទី3 នៃ​ឆ្នាំ2018មក។ កំណើន​មូលធនូបនីយកម្ម​ទីផ្សារ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ពេលនេះ​ក៏​អាច​បញ្ជាក់​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​ចំពោះ​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ផងដែរ។

    “សម្រាប់​ឆ្នាំ2019នេះ សកម្មភាព​នៃ​ការទិញ​លក់​នៅក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នឹង​រឹតតែ​បង្ហាញ​សញ្ញា​វិជ្ជមាន​បន្ថែមទៀត។ ប៉ុន្តែ​សម្រាប់​តម្លៃ​វិញ​អាច​និយាយថា​អាច​នឹងមាន​ការប្រែប្រួល​ព្រោះ​វា​អាស្រ័យទៅលើ​ស្ថានភាព​របស់​ក្រុមហ៊ុននីមួយៗ តែ​យើង​រំពឹងថា ឆ្នាំ2019នេះ គឺជា​ឆ្នាំ​ដ៏​ជោគជ័យ​សម្រាប់​ទីផ្សារ​មូល​ប​ត្រ​បន្តទៀត”៕

  • ប្រទេសជប៉ុនត្រូវការកម្លាំងពលកម្មបន្ថែមទៀតពីកម្ពុជា ក្នុងឆ្នាំ2019

    ប្រទេសជប៉ុនត្រូវការកម្លាំងពលកម្មបន្ថែមទៀតពីកម្ពុជា ក្នុងឆ្នាំ2019

    ឧស្សាហកម្មជប៉ុននឹងមានតម្រូវការកម្លាំងពលកម្មបន្ថែមទៀតពីប្រទេសជាដៃគូក្នុងការបញ្ជូនពលករទៅកាន់ប្រទេសជប៉ុន ក្នុងនោះកម្ពុជាក៏ជាដៃគូមួយដែរ ដែលគ្រោងនឹងបញ្ជូនពលករ-ពលការិនីបន្ថែមទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។ នេះបើតាមព័ត៌មានឱ្យដឹងក្នុងជំនួបកិច្ចពិភាក្សាការងារជាមួយនឹងមន្រ្តីតំណាងពីប្រទេសជប៉ុន និងរដ្ឋមន្រ្តីក្រសួងការងារ។

    ក្នុងជំនួបពិភាក្សាការងាររវាងលោក មីគី វ៉ាតាណាបេ (Miki Watanabe) ប្រធានគណៈកម្មាធិការអចិន្រៃ្តយ៍សភាកិច្ចការបរទេស និងការពារជាតិនៃ​រដ្ឋ​សភា​ជប៉ុននៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា នៅពេលខាងមុខនឹងមានក្រុមហ៊ុនជប៉ុនមកបើកជាបន្តបន្ទាប់ដើម្បីបណ្តុះបណ្តាល និងងាយស្រួលបញ្ជូនកម្មសិក្សាការីពីកម្ពុជាទៅប្រទេសជប៉ុន ខណៈដែលរដ្ឋាភិបាលជប៉ុនបានកែប្រែច្បាប់ថ្មី។ 

    ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រុមហ៊ុនខាងលើ គឺជាក្រុមហ៊ុនចម្រុះខាងផ្នែកឧស្សាហកម្ម និងផ្នែកសេវាកម្ម ដែលបច្ចុប្បន្ន ក្រុមហ៊ុននេះបានគ្រប់គ្រងបុគ្គលិកប្រមាណ 2ម៉ឺននាក់នៅប្រទេសជប៉ុន កំពុងត្រូវការកម្លាំងបន្ថែមទៀត។ ប្រទេសជប៉ុនបានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មីសម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្តនៅអំឡុងខែមេសា ឆ្នាំ2019ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញនៅប្រទេសជប៉ុន។

    ឯកឧត្តម អ៊ិត សំហេង បានបញ្ជាក់បន្ថែមថា៖ ដើម្បីអនុវត្តគម្រោងថ្មីនេះបាន នាពេលខាងមុខរដ្ឋាភិបាលប្រទេសទាំង2 (កម្ពុជា-ជប៉ុន) ពិសេសក្រសួងការងារកំពុងរៀបចំឱ្យមានការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងពាក់ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីអនុវត្តនូវប្រព័ន្ធថ្មី និងច្បាប់ថ្មីរបស់ភាគីជប៉ុន។ គិតមកដល់ពេលនេះ កម្ពុជាមានកម្មសិក្សាការីចេញទៅធ្វើការនៅប្រទេសជប៉ុនចំនួន ប្រមាណ​ជាង 9ពាន់នាក់។

    ឯកឧត្តមបន្តថា ជាមួយគ្នានេះ ប្រទេសជប៉ុនបាននិងកំពុងរៀបចំឱ្យមានសេចក្តីព្រាង និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលបញ្ជូនពលករទាំងអស់ និងបានអនុញ្ញាតឱ្យបញ្ជូនទាំងកម្មសិ​ក្សា​ការីបច្ចេកទេស និងអ្នកធ្វើការជំនាញបច្ចេកទេសទៅកាន់ប្រទេសជប៉ុនផងដែរ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសហការជាមួយមន្ត្រីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការ​ងារដល់ប្រជាជនកម្ពុជា។

    សូមបញ្ជាក់ថា នៅក្នុងចំណោមប្រទេសជាដៃគូរបស់ប្រទេសជប៉ុនដែលបានបញ្ជូនពលករទៅធ្វើ​ការនៅទីនោះមានចំនួន 15ប្រទេសហើយ។ ក្នុងចំណោមប្រទេសដែលបានបញ្ជូនពលករទៅប្រទេស​​ជប៉ុនពីលេខ1 រហូតដល់15 ប្រទេសកម្ពុជាឈរនៅលេខរៀងទី7៕

  • ដូច​ការគ្រោងទុក ឆ្នាំ2019 ក្រុមហ៊ុន​ Air China ចាប់ផ្តើម​ហោះហើរ​ត្រង់​មក​កម្ពុជា​

    ដូច​ការគ្រោងទុក ឆ្នាំ2019 ក្រុមហ៊ុន​ Air China ចាប់ផ្តើម​ហោះហើរ​ត្រង់​មក​កម្ពុជា​

    ក្រុមហ៊ុន​អាកាសចរណ៍ Air China បានចាប់ផ្តើម​ហោះហើរ​ត្រង់​ពី​ទីក្រុង​ប៉េកាំង​របស់​ប្រទេស​ចិនមកកាន់​ទីក្រុង​ភ្នំពេញ ដូច​ការគ្រោងទុកនៅ​ខែមករា ឆ្នាំ2019 នេះហើយ បន្ទាប់ពី​មានការ​ពន្យា​រ​ពេល​កាលពីពេល​កន្លងមក។ ជើងហោះហើរ​ត្រង់​​នេះ គឺជាការចាប់ផ្តើមនៃការហោះហើរដោយផ្ទាល់ដំបូងនៃការតភ្ជាប់ទីក្រុង​ប៉េកាំង​មកកាន់​ទីក្រុង​ភ្នំពេញ ដែលមាន​ការហោះហើរ 3ជើង​ក្នុង1សប្តាហ៍ (ថ្ងៃ​ច័ន្ទ ថ្ងៃ​ពុធ និង​ថ្ងៃ​សៅរ៍)

    យោងតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ Cambodia Airports បាន​ចុះផ្សាយ​នៅ​ថ្ងៃទី8 ខែមករា ឆ្នាំ2019កន្លងមកនេះ​បាន​លើកឡើងថា [ក្រុមហ៊ុន​អាកាសចរណ៍​ថ្មី] សូម​ស្វាគមន៍​មកកាន់​ជើងហោះហើរ​ដំបូង​របស់ Air China ដែល​បាន​មកដល់​កាលពី​ម្សិលមិញ​នៅក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

    លោក ខែ​ក នរិន្ទ​ដា ប្រធាន​ទំនាក់ទំនង​សាធារណៈ​នៃ​អាកាសចរណ៍​កម្ពុជា ធ្លាប់បាន​បញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុន​អាកាស​ចរ​ណ៍ Air China នឹង​ប្រតិបត្តិការ​យន្តហោះ​ចំនួន3 ដែលមាន​បំពាក់​ទង់ជាតិ​ចិន ដោយ​ហោះហើរ​ត្រង់​ពី​ទីក្រុង​ប៉េកាំង មក​ទីក្រុង​ភ្នំពេញ​ចំនួន 3លើកក្នុង 1​សប្តាហ៍​ចាប់ពី​ថ្ងៃទី7 ខែមករា​ ឆ្នាំ2019 នេះ។ នៅពេល​ក្រុមហ៊ុន​ដាក់ឱ្យ​ដំណើរការ​ហើយ​នោះ ចំនួន​យន្តហោះ​នឹង​កើនឡើង​អាស្រ័យ​លើ​តម្រូវការ។

    មន្ត្រីអាកាសចរណ៍ស៊ីវីលបានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុបច្ចុប្បន្នគ្រប់គ្រងជើងហោះហើរពី15 ទៅ 20ដងក្នុងមួយសប្ដាហ៍។ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាបមានជើងហោះហើរពី60 ទៅ70លើក និងរាជធានីភ្នំពេញមានជើងហោះហើរលើសពី 80លើក។ លោកបានប៉ាន់ប្រមាណថា ប្រហែលពាក់កណ្តាលនៃជើងហោះហើរនៅក្នុងអាកាសយានដ្ឋានសំខាន់ៗចំនួន3 របស់ប្រទេសកម្ពុជាកំពុងតែមានជើងហោះហើរមកពីប្រទេសចិន ឬហោះទៅកាន់ប្រទេសចិន។

    ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ​លោក​ ហូ វណ្ឌី​ បាន​ឱ្យ​ដឹង​ថា ទោះបី​សព្វថ្ងៃ​មានការ​ហោះហើរ​ត្រង់​ពី​ប្រទេស​ចិនម​កម្ពុ​ជាជាង 10ក្រុមហ៊ុន​រួចហើយ​ក្ដី តែ​ជើងហោះហើរ​ត្រង់​ថ្មី​នេះ នឹង​ស្រូបយក​ភ្ញៀវទេសចរ​ចិន​កាន់តែច្រើន​មក​កម្ពុជា  ព្រោះថា ​ខេត្តនីមួយៗរបស់​ប្រទេស​ចិន មាន​មនុស្ស​រស់នៅ​រាប់លាន​នាក់។ លោកមានប្រសាសន៍ថា «វា​ក៏​ផ្ដល់​ភាពងាយស្រួល សម្រាប់​ប្រជាជន​កម្ពុជា​ផងដែរ ស្របពេល​ដែលសព្វថ្ងៃ ​ប្រជាជន​កម្ពុជាបាន​ចេញទៅ​កម្សាន្ត​នៅ​ប្រទេស​ចិនកាន់តែ​​ច្រើនឡើង​»

    លោក​បញ្ជាក់ដែរថា ក្រៅពី​ផ្ដល់​ភាពងាយស្រួលហើយ សម្រាប់​ភ្ញៀវទេសចរ​ចិន​មកកាន់​កម្ពុជា វា​ជាការ​បង្ហាញ​ពី​ទំនាក់ទំនងដ៏​ល្អ​រវាង​ប្រទេស​ទាំង2 ក៏ដូចជាទាក់ទាញ​អ្នកវិនិយោគ​ចិន​មក​កម្ពុជា​បន្ថែម​ «ការតភ្ជាប់​ត្រង់​នាពេល​ខាងមុខនេះ មិន​ត្រឹមតែ​ជំរុញឱ្យមាន​ភ្ញៀវទេសចរ​ចិន​មក​កម្ពុជា​មានការ​កើនឡើង​នោះទេ តែវា​ថែមទាំង​នាំពាណិជ្ជ​ករ និង​ការវិនិយោគ​បន្ថែម​មក​កម្ពុជា​ផងដែរ ដែលជា​កត្តា​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជាឱ្យ​កាន់តែ​ប្រសើរ​ផងដែរ។

    លោក ​ហូ វណ្ឌី​ បាន​បញ្ជាក់ដែរថា រាល់​ការតភ្ជាប់​ត្រង់​ពី​ទីក្រុងធំៗមកកាន់​កម្ពុជា សុទ្ធតែជា​ចំណុច​វិជ្ជមាន ​យើង​ស្វាគមន៍​ទាំងអស់​ឱ្យ​តែមាន​ការហោះហើរ​ត្រង់​មក​កម្ពុជា មក​កាន់តែច្រើន​ កាន់តែ​ល្អ។ លោកបន្ថែមថា «ការហោះហើរ​ត្រង់​ពី​ទីក្រុង​ប៉េកាំងក៏ដូចជា​ទីក្រុងធំៗដទៃទៀតដែរ សុទ្ធតែផ្ដល់​ផលចំណេញ​ជាច្រើន​ដល់​កម្ពុជា ជាពិសេស​ការចំណាយរ​បស់​ភ្ញៀវទេសចរ ដោយ​ពួកគេ​មិនបាន​ចំណាយ​ថវិកា​នៅ​ប្រទេស​ណាមួយ​នៅពេល​មានការ​ឈប់សំ​ចត​នោះទេ ដោយ​ថវិកា​ទាំងអស់​នឹងត្រូវ​ចំណាយនៅ​ប្រទេស​កម្ពុជា​»

    យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍បានឱ្យដឹងថា ជនជាតិចិនជាង1,44លាននាក់បានមកធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងរយៈពេល 9ខែនៃឆ្នាំ2018។ ចំនួនអ្នកដំណើរឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិទាំង3 នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានកើនឡើងដល់10,4 លាននាក់កាលពីឆ្នាំ2018៕