Category: សង្គម និងសេដ្ឋកិច្ច

  • ដឹងទេថា ក្បាលរថភ្លើងល្បឿនលឿនដ៏ទំនើប ដែលត្រៀមរត់នៅកម្ពុជា មានលក្ខណៈពិសេសអ្វីខ្លះ ?

    ដឹងទេថា ក្បាលរថភ្លើងល្បឿនលឿនដ៏ទំនើប ដែលត្រៀមរត់នៅកម្ពុជា មានលក្ខណៈពិសេសអ្វីខ្លះ ?

    ក្បាលរថភ្លើង​ធុន​ស្រាល​ស៊េរី​ទំនើប​ចំនួន ​៣​គ្រឿង របស់​ក្រុម​ហ៊ុន Royal Railway Cambodia របស់​អ្នក​ឧកញ៉ា គិត ម៉េង ដែលបានតម្លើង និងនាំយកពី​ប្រទេស​ម៉ិកស៊ីកូ កាលពីពេលកន្លងទៅ បានត្រៀមខ្លួនរួចរាល់ជាស្រេចក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូនអ្នកដំណើរ ក៏ដូចជាទំនិញធនស្រាលនៅកម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ។ ជាមួយនឹងការបង្ហាញវត្តមានដ៏ថ្មីសន្លាងនាពេលនេះ មានមនុស្សជាច្រើនបានសម្ដែងនូវការចង់ដឹងថា តើក្បាលរថភ្លើងល្បឿនលឿន និងទំនើបទាំងនេះ មានលក្ខណៈពិសេសយ៉ាងណាខ្លះ ? តោះ… បើចង់ដឹង សូមស្វែងយល់ទាំងអស់គ្នាដូចខាងក្រោមនេះ ៖

    ជាមួយនឹងតួដ៏ស្រស់ស្អាត មាំ ធំទូលាយ ក្បាលរថភ្លើងល្បឿនលឿន Tramway មានបំពាក់ទៅដោយសម្ភារៈ និងឧបករណ៍ទំនើបៗ ដែលក្នុងនោះត្រូវបានបន្ថែមនូវមានលក្ខណៈពិសេសជាច្រើនទៀត រួមជាមួយនឹងការបែងចែកដូចជា៖

    • អាចផ្ទុកមនុស្សបាន​ ៥៦នាក់​
    • មានម៉ាស៊ីនត្រជាក់
    • កៅអីអង្គុយធំទូលាយ
    • មានបំពាក់ប្រព័ន្ធ Wi-Fi
    • ប្រព័ន្ធហ្វ្រាំងចាប់បានលឿន រហ័ស
    • បង្កើនល្បឿនបានលឿន​ ដល់​ ៨០-៩០គម/ម៉ោង
    • មានទ្វារ និងជណ្តើរចុះដោយស្វ័យប្រវត្តិ
    • មានបំពាក់ប្រព័ន្ធគ្រប់គ្រងរំយោល មិនរលាក់
    • ប្រតិបត្តិការអាចបញ្ជាបានទាំងសងខាង
    • មានទូរទស្សន៍ ១២គ្រឿងក្នុងមួយទូរថភ្លើង
    • បង្គន់អនាម័យ

    យ៉ាងណាក៏ដោយ ពេលនេះ ក្បាលរថភ្លើង ល្បឿលឿន Tramway កំពុងតែស្ថិតនៅក្នុងការត្រួតពិនិត្យបច្ចេកទេស ដើម្បីត្រៀមដំណើរការក្នុងពេលដ៏ខ្លីខាងមុខនេះ ៕

  • ការសម្របសម្រួល​ជា​ចំណុច​សំខាន់​ក្នុងការ​សម្រួច​សកម្មភាព​ឱ្យ​សម្រេច​គោលដៅ​ក្នុង​អាជីវកម្ម

    ការសម្របសម្រួល​ជា​ចំណុច​សំខាន់​ក្នុងការ​សម្រួច​សកម្មភាព​ឱ្យ​សម្រេច​គោលដៅ​ក្នុង​អាជីវកម្ម

    មិន​ថា​ការរស់នៅ ការធ្វើការងារ ឬ​ការធ្វើ​អាជីវកម្ម​នោះទេ មនុស្ស​គ្រប់គ្នា​ចាំបាច់​ត្រូវធ្វើ​ការប្រាស្រ័យទាក់ទង​ដើម្បី​ប្រើប្រាស់​មនុស្ស​ឱ្យ​អស់ពី​សក្តានុពលឆ្ពោះទៅ​សម្រេច​គោលដៅ​ណាមួយ​ដែល​បានកំណត់​ទុក។ មនុស្សម្នាក់ៗ ជាពិសេស​សហគ្រិន​ដែលជា​អ្នកមើល​ឃើញ​ពី​ឱកាសច្រើនជាង​អ្នកដទៃ​ផ្សេងទៀត តែងតែ​ជា​អ្នក​ដែលមាន​សមត្ថភាព​ក្នុងការ​ប្រមូល​មនុស្សខ្លាំងៗឱ្យធ្វើ​ការងារ​ជាមួយ​ខ្លួន តែ​ពេលខ្លះ​ម្ចាស់​អាជីវកម្ម​អាច​នឹង​ប្រឈម​ជាមួយ​ហានិភ័យ​ខ្ពស់​ក្នុង​អាជីវកម្ម​ទៅវិញ បើទោះបីជា​ពួកគាត់​មាន​មនុស្ស​ខ្លាំង​នៅក្បែរ​ខ្លួន​ក៏ដោយ។

    លោក គង់ វិ​ចិ​ត្រា ស្ថាបនិក​ស្ថាប័ន Asia Leading Academy បាន​លើកឡើងថា អ្នក​ដែល​ពូកែ​ប្រមូល​មនុស្ស​មក​ធ្វើ​ការងារ​រួមគ្នា ឬ​ចូលរួម​ដើម្បី​ជួយ​ដល់​អាជីវកម្ម មិន​ប្រាកដថា សុទ្ធតែ​អាច​ជោគជ័យ​នោះទេ ព្រោះ​មនុស្សម្នាក់ៗមាន​ចំណុច​ខុសគ្នា​ច្រើន​ដែល​អាចធ្វើ​ឱ្យមាន​ការខ្វែង​គំនិត​គ្នា​គ្រប់ពេល។ ពេលខ្លះមាន​មនុស្ស​ពូកែ​ច្រើន បញ្ហា​ក្នុង​ក្រុមការងារ​ក៏​កាន់តែច្រើន​ដូចគ្នា ដែល​ស្ថានភាព​នេះ​ជា​ចំណុច​ប្រឈម​សំខាន់​មួយ​អាចធ្វើឱ្យ​អា​ជី​កម្មថ្មីៗត្រូវ​បិទទ្វារ​ទៅវិញប្រសិនបើ​អ្នកគ្រប់គ្រង​មិនចេះ​សម្របសម្រួល​ឱ្យបាន​ល្អ ទោះបី​ជាមាន​ម្ចាស់​ភាគហ៊ុន​ជា​មនុស្ស​ពូកែ​ធ្វើ​ការងារ​ក៏ដោយ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក-គ្រប់គ្រង​ចាំបាច់​ត្រូវតែមាន​សមត្ថភាព​គ្រប់គ្រង​បុគ្គលិក ឬ​ដៃគូ​ឱ្យបាន​ល្អ ដើម្បី​ធានាថា យើង​អាច​កាត់បន្ថយ​គុណវិបត្តិ ហើយ​ប្រើប្រាស់​សមត្ថភាព​របស់​សមាជិក​ទាំងអស់​ក្នុង​ក្រុមហ៊ុន​ដើម្បី​នាំ​ស្ថាប័ន​ឱ្យ​កាន់តែខ្លាំង និង​លេចធ្លោ​ឡើង។

    លោក គង់ វិ​ចិ​ត្រា បាន​និយាយថា៖ “សម្រាប់​ខ្ញុំ​ការគ្រប់គ្រង​មនុស្ស​ចាំបាច់​ត្រូវមាន​ចំណុចសំខាន់ៗមួយចំនួន​គឺ​វិធីសាស្ត្រ ចិត្តសាស្ត្រ និង​ការកំណត់​គោលដៅ​ឱ្យបាន​ច្បាស់លាស់”។

    សហគ្រិន​ខាងលើ​បានលើកឡើង​ផងដែរ​ថាចំពោះ​វិធីសាស្ត្រ អ្នកគ្រប់គ្រង​ចាំបាច់​ត្រូវ​ព្យាយាម​ស្វែងយល់​ឱ្យបាន​កាន់តែច្បាស់ និង​លម្អិត​ពី​បុគ្គលភាព​របស់​សមាជិកម្នាក់ៗថា តើ​គាត់​ជា​មនុស្ស​បែបណា មាន​ប្រភព​មកពីណា ហើយ​មាន​បទពិសោធ​អ្វីខ្លះហើយ​គាត់​មាន​លក្ខណៈ​ប្លែក​អ្វីខ្លះ​ខុសពី​សមាជិក​ដទៃទៀត។ ចំពោះ​ចិត្តសាស្ត្រ គឺជា​ដំណាក់កាល​សំខាន់​មួយ​ផ្សេងទៀត​ដែល​ត្រូវ​យកចិត្តទុកដាក់ ព្រោះ​ក្រោយពេល​យើង​ដឹង​ច្បាស់​ពី​បុគ្គលភាព​របស់​បុគ្គលិក​ហើយ អ្នកគ្រប់គ្រង​ចាំបាច់​ត្រូវ​ចេះ​ប្រើប្រាស់​ភាពឆ្លាត​វៃ​របស់ខ្លួន​ក្នុងការ​ប្រាស្រ័យ​ទាក់ទង ឬ​ជំរុញ​សកម្មភាព​ការងារ​បែបណា​ដើម្បី​ធ្វើឱ្យ​ត្រូវ​នឹង​អ្វីដែល​មនុស្សម្នាក់ៗត្រូវការ។ ប្រសិនបើ​យើង​អនុវត្ត​សកម្មភាព​តែមួយ​ជាមួយ​សមាជិក​គ្រប់គ្នា​នោះ យើង​នឹង​បង្កើត​ចំណុច​ជំទាស់​កាន់តែច្រើន ព្រោះ​មនុស្សម្នាក់ៗត្រូវការ​ការយកចិត្ត​ទុកដាក់​តាម​វិធីសាស្ត្រ​ផ្សេងគ្នា និង​មានវី​ធី​សាស្រ្ត​ធ្វើ​ការងារផ្សេងៗគ្នា​ដែល​ទាមទា​ឱ្យ​អ្នកគ្រប់គ្រង​យល់​ពី​កាលៈទេសៈ ហើយ​ជំរុញ​លើកទឹកចិត្ត​ឱ្យធ្វើ​ការងារ​បានល្អ​ដោយ​មិនប៉ះពាល់​ដល់​ទឹកចិត្ត។ ចំណុច​ចុងក្រោយ​គឺ​ព្យាយាម​កំណត់​គោលដៅ​ឱ្យបាន​ច្បាស់លាស់​ថា សកម្មភាព​ការងារ​របស់​យើង​ត្រូវការ​មនុស្ស​ប្រភេទ​ណា​ផ្សេងទៀត ហើយ​មនុស្ស​ណាខ្លះ​ដែល​គួរតែ​បន្ថែម​សម្រាប់​ក្រុមការងារ​ទាំងមូល​បន្ទា​ប់​ពី​អាច​សហការគ្នា​បានល្អ​ហើយ ដើម្បីឱ្យ​សកម្មភាព​អាជីវកម្ម​កាន់តែ​មានកា​រ​អភិវឌ្ឍ​លឿន​ឡើង។

    លោក ឃួន សុខា​ន់​ឌី អគ្គនាយក​ក្រុមហ៊ុន ECC Reality បាន​លើកឡើងថា សម្រាប់​អាជីវកម្ម​របស់លោក និង​ក្រុមការងារ​របស់លោក ដែលជា​វិស្វករ​ផង​នោះ ពេលខ្លះ​មានការ​លំបាក​ក្នុងការ​សម្របសម្រួល​ជាមួយ​ក្រុមការងារ ព្រោះ​ក្រុម​អ្នកជំនាញ​ខុសពី​អ្នករកស៊ី។ អ្នកជំនាញ​ជា​អ្នក​ដែល​សិក្សា​ល្អិតល្អន់ ត្រូវការ​ប្រើប្រាស់​ពេលវេលា​យូរ​ក្នុង​ការចេញ​គម្រោងមួយៗ ហើយ​ពេលខ្លះទៀត​ត្រូវការ​ភាពល្អិតល្អន់​បំផុត ទើប​អាចនិយាយបាន ដើម្បី​ចៀសវាងការខាតបង់ ហើយ​មិន​ចូលចិត្ត​ស្មាន​នោះទេ តែ​សម្រាប់អ្នករកស៊ី​វិញ​ត្រូវការ​ភាព​រហ័ស និង​និយាយ​ចេញភ្លាមៗជាការ​ប៉ាន់ស្មាន។ ភាពខុសគ្នា​នេះ​ធ្វើឱ្យមាន​ភាពលំបាក​ក្នុងការ​គ្រប់គ្រង ឬ​សម្របសម្រួល​ឱ្យ​ម្ចាស់​អាជីវកម្ម និង​អ្នកជំនាញ​ដើរ​ស្របគ្នា​ណាស់ តែ​សម្រាប់​អ្នករកស៊ី​លើ​វិស័យ​អចលនទ្រព្យ ឬ​សំណង់​ចាំបាច់​ត្រូវតែ​ប្រឈម​បញ្ហា​នេះ។ ហេតុនេះហើយ​ទើប​ទាមទារ​ឱ្យមាន​ការយកចិត្តទុកដាក់​ខ្លាំង​ដើម្បី​ធ្វើយ៉ាងណា​ឱ្យអាជីវកម្ម​អាច​ដំណើរការ​ទៅបាន​ដោយ​រលូន ហើយ​ប្រកួតប្រជែង​ជាមួយ​ដៃគូ​ប្រកួតប្រជែង​បាន។

    លោក ឃួន សុខា​ន់​ឌី និយាយថា៖ “សកម្មភាព​សំខាន់​ក្នុងការ​សម្របសម្រួលរ​វាង​អ្នកជំនាញ និង​ម្ចាស់​អាជីវកម្ម គឺ​បណ្តុះបណ្តាល និង​ព្យាយាម​ជំ​រុញឱ្យ​អ្នកជំនាញ​ក្លាយជា​អ្នករកស៊ី។ នៅពេលដែល​អ្នកជំនាញ​ចាប់ផ្តើម​គិតថា ខ្លួនឯង​ជា​ផ្នែក​មួយ​នៃអាជីវកម្ម​នោះ ពេលនោះ​គាត់​នឹង​ចាប់ផ្តើម​យល់​ពី​តម្រូវការ​របស់​អតិថិជន​កាន់តែច្បាស់​ដែល​ធ្វើឱ្យ​គាត់​អាច​នឹង​ចាប់ផ្តើម​ច្នៃ​ស្ថានការណ៍​ឱ្យ​កាន់តែ​ប្រសើរឡើង”។

    លោក សុខា​ន់​ឌី បានលើកឡើង​ផងដែរ​ថា អ្នករកស៊ី​ជាមួយ​អ្នកជំនាញ​ចាំបាច់​ត្រូវតែ​អត់ធ្មត់ ហើយ​ព្យាយាម​នាំ​ពួកគាត់​បន្តិចម្តងៗឱ្យ​យល់​ពី​តម្រូវការ​ជាក់ស្តែង​ដែល​យើង​ចង់បាន ហើយ​កាត់បន្ថយ​ការស្តីបន្ទោស ព្រោះម្នាក់ៗសុទ្ធ​តែមាន​ចំណុច​សំខាន់រៀងៗខ្លួន។ នៅពេលដែល​អ្នកជំនាញ​គាត់​ដឹង​ពី​គោលដៅ និង​ចំណុច​សំខាន់​ក្នុងការ​ប្រកួតប្រជែង ឬ​មាន​ជំនាញ​សហគ្រិនភាព​ហើយ គាត់​នឹង​ប្រើប្រាស់​ភាពច្នៃប្រឌិត​របស់គាត់​ដើម្បី​ធ្វើយ៉ាងណា​បង្កើត​ក្បួន​ងាយស្រួលផ្សេងៗទៀត​ដើម្បី​ធ្វើឱ្យ​លឿន ឱ្យ​ល្អ ហើយ​ធ្វើឱ្យ​ម្ចាស់​ស្ថាប័ន​យល់​ពី​តម្លៃ​របស់គាត់​កាន់តែខ្លាំង៕

  • ភ្ញាក់ផ្អើលគណនីក្លែងក្លាយដាក់រូបពិធីការិនី ណាក់ ស្រីណា បោកប្រាស់ដើរខ្ចីលុយពេញពាសបណ្ដាញសង្គម

    ភ្ញាក់ផ្អើលគណនីក្លែងក្លាយដាក់រូបពិធីការិនី ណាក់ ស្រីណា បោកប្រាស់ដើរខ្ចីលុយពេញពាសបណ្ដាញសង្គម

    មុននេះបន្ដិចនៅលើបណ្ដាញសង្គម គេមើលឃើញថា ពិធីការិនី ណាក់ ស្រីណា ត្រូវ​បានជន​ខិលខូច ប្រើ​ឈ្មោះ បង្កើត​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ ដើរខ្ចី​លុយ​គេឯង។ សូមជម្រាបថា គណនីហ្វេសប៊ុកនោះមិនបានដាក់ឈ្មោះ ណាក់ ស្រីណា ចំៗក្តី តែបានប្រើរូបភាពរបស់តារា ស្រីរូបនេះ ដែលធ្វើឱ្យទស្សនិកជន និងអ្នកធ្លាប់ស្គាល់មានការយល់ច្រឡំ ថាស្មានតែគណនីផ្សេងមួយទៀតរបស់ នាងមួយទៀតពិតៗ។

    ដើម្បីកុំឱ្យមានការយល់ច្រឡំ និងក្លាយអ្នកសិល្បៈ ឬអ្នកដែលស្គាល់ខ្លួន ចាញ់បោកជនខិលខូច កញ្ញា ណាក់ ស្រីណា ដែលមានគណនីផ្លូវការឈ្មោះ «Nak Sreyna» បានបង្ហោះសារជាព័ត៌មានថា «សូមបងប្អូនទាំងអស់ គ្នាជួយ shear ផង ដើម្បីកុំឱ្យមានការយល់ច្រលំ និងត្រូវចាញ់បោកជនខិលខូចនេះមិនមែនជាគណនេយ្យ Facebook របស់ខ្ញុំទេ ដូច្នេះប្រសិនបើបងប្អូនឃើញ Facebook ឈ្មោះ អ៊ីសា អ៊ីសា (រ័ត្នមុន្នីពេជ្រ) មួយនេះ chart ទៅខ្ចីលុយរឺក៏មានការប្រើប្រាស់ខុសឆ្គង ដោយប្រការណាមួយ នាងខ្ញុំសូមមិនទទួលខុសត្រូវឡើយ។ សូមបញ្ជាក់ថា Facebook ពិតរបស់ខ្ញុំមានតែមួយគត់គឺ Nak Sreyna ដែលខ្ញុំកំពុងប្រើរាល់ថ្ងៃនេះអរគុណបងប្អូន និងមិត្តភ័ក្ដិទាំងអស់គ្នា ដែលបានផ្តល់ដំណឹងមកឱ្យខ្ញុំ»។

    គួរបញ្ជាក់ដែរថា ការបង្ហោះសាររបស់នាងខាងលើនេះ ប្រៀបបាននឹងសារមួយ ឱ្យមហាជនមានការប្រុងប្រយ័ត្ន កុំឱ្យចាញ់បោកបុគ្គលខិលខូច៕

  • តារាសម្ដែង លីលី នាំយកថវិកាខ្លួនឯងនិងសប្បុរសជន ជូនបងស្រីសម្រាលកូននៅតាមចិញ្ចើមផ្លូវ

    តារាសម្ដែង លីលី នាំយកថវិកាខ្លួនឯងនិងសប្បុរសជន ជូនបងស្រីសម្រាលកូននៅតាមចិញ្ចើមផ្លូវ

    មិនត្រឹមតែបានជួយស្ត្រីបង្កើតកូនឱ្យស្ត្រីអនាថានោះទេ កញ្ញាលីលី ថែមទាំងប្រកាសស្វែងរកមន្ទីរពេទ្យ ដែលស្ត្រីខាងលើស្នាក់នៅ ដើម្បីបានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួន និងពីសប្បុរជនផ្សេងទៀត ដែលកញ្ញាផ្ទាល់ជាអ្នកផ្តួចផ្តើមគំនិតក្នុងការបង្កើតមូនិធិនេះឡើងដើម្បីជួយស្ត្រីខាងលើផ្ទាល់។

    ដោយឡែកនៅថ្ងៃនេះវិញ កញ្ញារូបស្រស់ លីលី បានជួបស្ត្រីខាងលើហើយ នៅមន្ទីរពេទ្យកាល់ម៉ែត ថែមទាំងធ្វើការសំណេះសំណាល ក៏ដូចជានាំយកថវិកាខ្លួនឯង និងសប្បុរសជននានា មកធ្វើការឧបត្ថម្ភស្ត្រីខាងលើផងដែរ។

    នេះបើតាមអ្វីដែលកញ្ញាបានបង្ហោះក្នុងគណនីហ្វេសបុកផ្ទាល់ខ្លួន យ៉ាងដូច្នេះថា ពេលនេះនាងខ្ញុំបានមករកបងស្រីឃើញហើយ គឺគាត់កំពុងតែស្នាក់នៅក្នុងមន្ទីពេទ្យ បងស្រីនឹងកូនមានសុវត្ថិ​ភាពល្អ តែបងស្រីមានសាកភាពទន់ខ្សោយខ្លាំង ហើយនឹងខ្វះ​ខាត សម្ភារៈប្រើប្រាស់ជាច្រើនផងដែរ។ តែពេលនេះនាងខ្ញុំ លីលី យកជាថវិកា តិចតួច និងសម្ភារៈប្រើប្រាស់ចាំបាច់តិចតួច យកទៅជូនបងស្រីសិន ដើម្បីដោះស្រាយបញ្ហាខ្វះខាត (ពេលមកដល់ភ្លាចខ្ញុំឃើញបងស្រីគេងក្នុងសាកភាពទនន្សោយខ្លាំង ហើយគ្មានភួយខ្នើយ នឹងខោរអាវសូម្បីតែមួយកសម្រាប់ អ្វីដែលធ្វើអោយនាងខ្ញុំក្ដុកក្ដួលទប់ទឹកភ្នែកមិនបាននោះ គឺសូម្បីតែទឹកដោះគោ ក៏គ្មានឲ្យកូនបៅដែរ) នេះទើបជាមនុស្សខ្សោយនឹងខ្វះ​ខាតប្រាក់ពិត​ នាងខ្ញុំសូមអោយបងប្អូនទាំងអស់ ដែលមានចិត្ដសប្បុរធម៌ជួយគ្នាម្នាក់តិចតួចក្ដី ឬក៏ជាសម្ភារៈប្រើប្រាស់ក្ដី អោយបងស្រីបានដោះស្រាយបញ្ហាខ្វះខាតផង…. បើសិនបងប្អូនណាមានចិត្ដសប្បុរធម៌ចង់ជួយបងស្រីអាចទំនាកទំនង តាមលេខទូរសព្ធនាងខ្ញុំផ្ទាល់ (086 22 33 55 / 060 22 33 55) ឬតាមរយៈ FB នាងខ្ញុំផ្ទាល់ Lyly Yaka Il៕

  • អបអរសាទរ! តម្លៃ​អំពៅ​ឆ្នាំនេះ​កើនឡើង​ខ្លាំង​លើស​ឆ្នាំមុន100%

    អបអរសាទរ! តម្លៃ​អំពៅ​ឆ្នាំនេះ​កើនឡើង​ខ្លាំង​លើស​ឆ្នាំមុន100%

    កសិករ​ដាំ​អំពៅ​នៅតាម​ជនបទ​បាន​សម្តែង​ក្តី​រីករាយ​យ៉ាងខ្លាំង ដោយសារ​តម្លៃ​អំពៅ​នៅ​ឆ្នាំនេះ​កើន​លើស​ឆ្នាំមុន100% ដោយ​អំពៅ​លេខ1 ក្នុង1បាច់​មានតម្លៃ 20,000រៀល ខុសពី​ឆ្នាំមុន​ដែល​លក់បាន​ត្រឹមតែ​តម្លៃ 10.000រៀល​ប៉ុណ្ណោះ។

    លោក យឿន សំអាង កសិករ​ដាំ​អំពៅ​ភូមិ​ព្រែក​ស្នាយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​ក ណ្តា​ល​បានឱ្យដឹងថា គ្រួសារ​លោក​បាន​ប្រកប​របរ​ដាំ​អំពៅ​ម្រេច​នេះ​យូរ​ឆ្នាំ​មកហើយ ពោល​គឺជា​ដំណាំ​ដែល​បន្សល់​ជា​កេរដំណែល​មក​តាំងពី​ដូនតា ត​ពី​ឪពុកម្តាយ​ជាង 20ឆ្នាំ​មកហើយ។ លោក​ប្រាប់ថា កាលពី​ឆ្នាំ​កន្លងទៅ អ្នក​ដាំ​អំពៅ​បាន​ខាត​ឡុងចុង ចូល​ដើម និង​ស្ទើរតែ​លែង​ហ៊ាន​ដាំ ដោយសារ​អំពៅ​ប្រភេទ​លេខ1 ក្នុង1បាច់​លក់​បានតែ 6,000 ទៅ7,000រៀល ហើយ​បើ​ឡើង​ខ្ពស់បំផុត ក៏​លក់​តម្លៃ​ត្រឹមតែ 10,000រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​បាច់។

    ចំណែក​ដើមរដូវ​នេះ​វិញ អំពៅ​បាន​ឡើងថ្លៃ​ល្អ1ជា3 គឺអាច​ស្រង់ដើម​ដែល​ខាត​កាលពី​ឆ្នាំមុន និង​បាន​ចំណេញ​មកវិញ​ខ្លះ ដោយ​អា​លេខ1 លក់​នៅ​ចម្ការ​តែម្ដង បាន​ក្នុង 1បាច់​មិន​ក្រោម 18,000រៀល​ទេហើយ​បើ​ដឹក​យកទៅលក់​ដល់​ផ្សារ​តាខ្មៅ​ផង គឺអាច​លក់បាន​ថ្លៃ​ដល់​ទៅ 22,000រៀល​ឯណោះ ហើយ​បើ​អំពៅ​ដើមតូចៗ ប្រភេទ​លេខ3 វិញ ក៏​អាច​លក់បាន​ពី6,000 ទៅ7,000រៀល​ដែរ។ ខណៈដែល​អំពៅ​លេខ2 លក់បាន​ក្នុង 1បាច់​តម្លៃ​ពី10,000 ទៅ12,000រៀល។ លោក​បាន​បន្តថា ឆ្នាំ​កន្លងទៅ អំពៅ​ថោក​ដោយសារ​មាន​អ្នក​ដាំ​ច្រើន ឆ្នាំនេះ​កសិករ​មួយចំនួន​ប្តូរ​ទៅ​ដាំ​ដំណាំផ្សេងៗ ហើយ​ទឹកជំនន់​ឆ្នាំនេះ​ក៏​ឡើង​ធំ លិច​ខូច​អស់​មួយចំនួនទៀត​នោះទើប​ធ្វើឱ្យ​អំពៅ​ឡើងថ្លៃ និង​រក​អំពៅ​លក់​ស្ទើរ​មិនបាន​ទៀតផង។

    លោក​ក៏បាន​ប្រាប់​ផងដែរ​អំពី​បច្ចេកទេស​ដាំ​ដំណាំ​អំពៅ​នេះ​ថា ជាដំបូង​គេ​ត្រូវ​កាត់​ដើម​អំពៅ​ជា​កំណាត់ខ្លីៗ យក​ត្រង់​ថ្នាំងនីមួយៗ រួចហើយ​យក​កង់​ថ្នាំងអំពៅ​ទាំងនោះ​ទៅ​ដាក់​តម្រៀប​គ្នា​បណ្ដុះ​នៅក្នុង​ថ្នាល​មួយ​ក្បែរ​ប្រភពទឹក ដើម្បី​ងាយស្រួល​ក្នុងការ​ស្រោចស្រព​វា។ កំណាត់​ថ្នាំង​ដើម​អំពៅ​ទាំងនោះ គេ​មិនត្រូវ​លុប​ដី​លើ​វា​ឱ្យ​ជិត​ទេ ត្រូវដាក់​តម្រៀប​ឱ្យ​ភ្នែក​ថ្នាំងអំពៅ​បញ្ឈរ​ឡើងលើ​ដើម្បីឱ្យ​ឆាប់​ដុះ​ពន្លក​ឡើង បន្ទាប់មក​ត្រូវ​គ្រប​ចំបើង​ស្ងួត​ពីលើ​ថ្នាំងអំពៅ​ទាំងនោះ ហើយ​ស្រោច​ទឹក​មួយថ្ងៃ​ម្ដង​ដើម្បីឱ្យ​កូន​អំពៅ​ឆាប់​ដុះ​ឡើង​ល្អ។

    ពេលដែល​កូន​អំពៅ​ដុះ​ឡើង​បាន​ទំហំ​ប៉ុន​ម្រាមដៃ គឺ​ក្រោយ​បណ្ដុះ​ប្រមាណ​ជា 1ខែ ទើប​គេ​យក​វា​ទៅ​ដាក់​ដាំ​នៅក្នុង​ដីចម្ការ។ ការដាំដុះ​តាម​វិធី​នេះ គេ​អាច​អនុវត្តបាន​ចំ​ពេលដែល​ដីចម្ការ​នៅ​សើម ហើយ​វិធី​នេះ​អាច​ចំណាយ​ដើមទុន​តិច និង​ឆាប់​បាន​ទទួលផល​ទៀតផង​ប៉ុន្តែ​វា​មានគុណ​វិបត្តិ​ម្យ៉ាង គឺ​ដើម​អំពៅ​ដុះ​ឡើង​មិនសូវ​បានល្អ​ទេ នៅពេល​ពុំមាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់។

    ចំណែកឯ​ការត្រៀម​ដី​សម្រាប់​ដាំ​ដុះ​វិញ មុនពេល​ដាក់​ដាំ គេ​ត្រូវ​ភ្ជួរ​ដី​ឱ្យបាន 3សា និង​ត្រូវ​ភ្ជួរ​ឱ្យបាន​ជម្រៅ​ជ្រៅ រាស់​បំបែក​ដី​ឱ្យ​ម៉ដ្ឋ រួច​ឆូត​ជា​គន្លង​ដើម្បី​ឱ្យមាន​ចង្អូរ​សងខាង ប៉ុន្តែ​មិនត្រូវ​លើក​ជា​រង​ទេ។ ការកាយ​ជា​គន្លង​នោះ ត្រូវឱ្យ​មាត់​រណ្ដៅ​មាន​ទំហំ8តឹក(0.80ម៉ែត្រ) រួច​យក​កូន​អំពៅ​ដែល​បណ្ដុះ​បាន​ហើយ 1ដើម​ដែលមាន​ដុះ​ដើម​ប៉ុន​មេដៃ កម្ពស់​ប្រមាណ 2តឹក(0.20ម៉ែត្រ)មក​កប់​ក្នុង​រណ្ដៅ​ដែលមាន​ល្បាយ​ផេះ ដីដំបូក លាមក​សត្វ​ក្រៀម ដាក់​នៅ​បាត​រណ្ដៅ​នោះ​ជាស្រេច ដោយ​ត្រូវ​កប់​កូន​អំពៅ​ដោយ​ដី​ពីលើល្មមៗ រួចហើយ​ស្រោច​ទឹក​ទៅតាម​អាកាសធាតុ តែ​មិនត្រូវ​ស្រោច​ទឹក​តិចពេក​ដែលនាំឱ្យ​ដើម​អំពៅ​លូតលាស់​មិនបាន​ល្អ និង​ក៏​មិនត្រូវ​ស្រោច​ច្រើន​ជ្រុល​នាំឱ្យ​ជាំ​ទឹក​ខូចខាត​ដំណាំ​អស់​ដែរ។ ការដាំ​អំពៅ​សំខាន់​គឺ ត្រូវធ្វើ​ការ​សក​ស្លឹក​វា​ចេញ​ទៅតាម​ដំណាក់កាល ហើយ​ដាក់​ជី​ភ្ជួរ​កប់​លើ​គុម្ព ទើប​ដើម​អំពៅ​លូតលាស់​ល្អ។

    រយៈពេល​ជិត​មួយឆ្នាំ​ក្រោយ​នឹង​ទទួលបាន​ផល ដោយពេល​កាប់​ដើម​អំពៅ​ចាស់​អស់ ដើម​អំពៅ​ថ្មី​អាច​លូតលាស់​ឡើង​បន្តពេល​មាន​ភ្លៀង​ធ្លាក់ ដែល​ធ្វើ​ឱ្យគេ​អាច​ប្រមូល​ផល​បាន​ពី2 ទៅ3ឆ្នាំ​បន្តទៀត។

    អ្នកស្រី សៀក ឃី ឈ្មួញកណ្តាល​ម្នាក់​បាន​ប្រាប់​ផងដែរ​ថា កាលពី​ឆ្នាំមុន​អំពៅ​ពិតជា​ថោក​និយាយ​លែងចេញ​មែន រហូត​មាន​អ្នកខ្លះ​ទុក​ដើម​អំពៅ​ឱ្យ​ចាស់​ចោល​ទៀតផង ព្រោះ​គ្មាន​ម៉ូយ​ទទួល​ទិញ បើ​កាប់​ត្រូវ​ជួល​កម្មករ និង​ត្រូវ​ដឹក​ដើរ​លក់​ខ្លួនឯង​ទៀត។ ប៉ុន្តែ​ឆ្នាំនេះ រក​អំពៅ​លក់​មិន​បានទេហើយ​ឡើងថ្លៃ​មួយ​ទ្វេ​ជា2 ជា3 ឯណោះ។ ហើយ​ពេលនេះ​គ្រាន់តែ​ជា​ពេល​ប្រមូល​ផល​ដើមដៃ អំពៅ​ឡើងថ្លៃ​ប៉ុណ្ណេះ​ហើយ ទម្រាំ​ដល់​កណ្តាល​ដៃ និង​ចុងដៃ​ដែលជា​រដូវក្តៅ​ទៀត​នោះ តម្លៃ​អំពៅ​នឹង​ឡើង​ខ្ពស់ជាង​ពេលនេះ​ទៅទៀត។ ក្រៅពី​ដើរ​ម៉ៅ​ចម្ការ​ពី​កសិករ​ហើយ អ្នកស្រី​ក៏​ប្រមូល​ទិញ​គិត​ជា​បាច់​តាម​ចម្ការ​ផងដែរ ដោយ​ក្នុង1បាច់​ផាត់​សា​ហ៊ុយ និង​ចំណាយផ្សេងៗរួចហើយ អ្នកស្រី​អាច​ចំណេញ​បាន​ពី1,000 ទៅ1,500រៀល​ដែរ​ក្នុង 1បាច់។ ពាក់ព័ន្ធ​នឹង​ដំណាំ​អំពៅ​នេះ លោក កាង ម៉ាំងអនុប្រធាន​ការិយាល័យ​ផែនការ​នៃ​មន្ទីរ​កសិកម្មរុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល បាន​មានប្រសាសន៍ថា ក្នុង​ឆ្នាំ2018 នេះ ទូទាំង​ខេត្ត​មាន​ដំណាំ​អំពៅ​ចំនួន 401ហិកតា ខណៈ​កាលពី​ឆ្នាំ2017 មាន​ចំនួន​ជិត 1ពាន់​ហិកតា​ឯណោះ ក្នុងនោះ​ស្រុក​ស្អាង​ដាំ​អំពៅ​ច្រើនជាងគេ គឺ​ចំនួន 350ហិតា​ និង​ទើបនឹង​ចាប់ផ្តើម​ប្រមូល​ផល​បានជាបណ្តើរៗប៉ុណ្ណោះ។

    លោក​ក៏បាន​បន្ត​ដែរ​ថា កសិករ​ត្រូវ​ចេះ​ពិនិត្យមើល​អំពី​តម្រូវការ​លើ​ទីផ្សារ និង​ចៀសវាង​ដាំ​ដំណាំតាមៗគ្នា ដែលនាំឱ្យ​ជន់​ច្រើន​នៅលើ​ទីផ្សារ ជា​កត្តា​ធ្វើឱ្យ​ផលដំណាំ​ចុះថោក​នាំឱ្យ​ខាត់​បង់ ហើយ​លោក​អនុប្រធាន​ការិយាល័យ​ក៏បាន​ឱ្យដឹង​ដែរ​ថា នៅ​ទូទាំង​ខេត្តកណ្ដាល​នេះ ក្រៅ​អំពី​ផ្ទៃដី​សម្រាប់ធ្វើ​ស្រូវ​ហើយ នៅមាន​ដី​សម្រាប់​ដាំ​ដំណាំ​ចម្រុះ​ចំនួន 36,500ហិកតា​ទៀត៕

  • រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា ស្នើ​ជប៉ុន​ជួយ​ក្នុង​វិស័យ​វារីវប្បកម្ម និង​គាំទ្រ​ការចិញ្ចឹម​ត្រី

    រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា ស្នើ​ជប៉ុន​ជួយ​ក្នុង​វិស័យ​វារីវប្បកម្ម និង​គាំទ្រ​ការចិញ្ចឹម​ត្រី

    រដ្ឋមន្ត្រី​កសិកម្ម​កម្ពុជា​បានស្នើ​សុំ​ជប៉ុន​ឱ្យ​គាំទ្រ​ការអភិវឌ្ឍ​ត្រី ដោយបាន​លើកឡើង​ពី​លទ្ធភាព​ដែល​ប្រទេស​ជប៉ុន​បានផ្តល់​ជំនាញ​របស់ខ្លួន​ដល់​វិស័យ​វារីវប្បកម្ម​ក្នុងស្រុក​នៅ​កម្ពុជា ដើម្បី​បង្កើន​ផលិតកម្ម និង​ទប់ស្កាត់​ការពឹង​ផ្អែកលើ​ការនាំ​ចូល​ត្រី និង​ស្នើឱ្យ​រដ្ឋាភិបាល​ជប៉ុន​ជួយ​គាំទ្រ​ដល់​ការ​អភិវ​ឌ្ឍ​សហគមន៍​កសិកម្ម និង​គាំទ្រ​ការអភិវឌ្ឍ​ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា​ដោយ​ប្រើ​ទឹក​ស្ពែ​ម​សិប្ប​និ​មិ្ម​ត ស្របតាម​បរិបទ​ថ្មី​នៃ​ដំណើរ​ការវិវឌ្ឍ​នៃ​បដិវត្តន៍​ឧស្សាហកម្ម 4.0 និង​សម័យ​ឌីជីថល។

    នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈប្រតិភូ​សមាជិក​សភា​ជប៉ុន​ដែល​ដឹកនាំ​ដោយ​លោក Jun Tsushima និងឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា៖ “យើង​បានស្នើ​សុំឱ្យ​រដ្ឋាភិបាល​ជ​ប៉ុន​ជួយ​យើង​ក្នុងការ​កែលម្អ​ប្រតិ​ប​ត្ដិការនេសាទ​ត្រី​នៅ​ខេត្ត​ព្រះសីហនុ និង​បង្កើត​កន្លែង​ស្ទូចត្រី​ទឹកសាប ដើម្បី​កែលម្អ​ជីវភាព​រស់នៅ​របស់​ក​សិ​ករ​របស់​យើង និង​បង្កើន​ការផលិត​ត្រី”។

    ជាមួយនឹង​សំណើ​ខាងលើនេះ​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​សុំឱ្យ​ជប៉ុន​ជួយ​គាំទ្រ​ដល់​កិច្ចដំណើរការ​មជ្ឈមណ្ឌល​ភ្ញាស់​ពូជ​ត្រី​នៅ​ខេត្ត​ព្រះសីហនុ និង​ស្នើ​គាំទ្រ​ដល់​ការបង្កើត​មជ្ឈមណ្ឌល​ភ្ញាស់​កូន​ត្រី​ទឹកសាប​ផងដែរ ដើម្បី​ជួយ​ដល់​ការលើកកម្ពស់​ជីវភាព​ប្រជាកសិករ​ខ្មែរ។

    ឯកឧត្តម វេ​ង សាខុន ក៏បាន​​ស្នើ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន​ឱ្យជួយ​រៀបចំ​ដំណើរ​ទស្សនកិច្ច​គ្រ​ប់ក​ម្រិ​ត​ក្នុង​ការសិក្សា​ផ្លាស់ប្តូរ​បទពិសោធ ដើម្បី​ស្វែងយល់​បន្ថែម​ពី​ការវិវឌ្ឍ​ផ្នែក​កសិកម្ម​នៅ​ប្រទេស​ជប៉ុន និង​ស្នើ​ដល់​ប្រទេស​ជប៉ុន​ជួយ​ពិនិត្យពិចារណា​ពី​លទ្ធភាព​ក្នុងការ​កៀរគរ​អ្នកវិនិយោគទុន​មក​ធ្វើការ​វិនិយោគ​លើ​ការកែច្នៃ​ផលិតផល​កសិកម្ម​នៅ​កម្ពុជា ក៏ដូចជា​ការទទួល​ទិញ​នូវ​ផលិតផល​កសិកម្ម​បន្ថែម​ពី​កម្ពុជា​នាពេលខាងមុខ​ផងដែរ។

    លោក Jun TSUSHIMA បាន​មានប្រសាសន៍ថា ឆ្នាំនេះ​ជា​ខួប​លើក​ទី65 នៃ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ជប៉ុន ហើយ​រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង2ឱ្យ​កាន់តែ​ប្រសើរឡើង។ ឆ្លើយតប​នឹង​សំណើ​នេះ លោក Tsushima បាន​បញ្ជាក់ថា លោក​នឹង​នាំយក​សំណើ​នេះ​ត្រឡប់​ទៅ​ប្រទេស​វិញ ហើយ​ស្វែងរក​មធ្យោបាយ​ទាក់ទាញ​វិនិយោគិន​ជប៉ុន​កាន់តែច្រើន​ឱ្យមក​វិនិយោគ​លើ​វិស័យ​ជលផល​របស់​កម្ពុជា។

    លោក Shetty Seetharama Thombathu ប្រធាន​ទីប្រឹក្សាបច្ចេកទេស​នៃ​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម នៃ​អង្គការសហប្រជាជាតិ (UNIDO) បាន​និយាយថា ជំនួយ​របស់​ជប៉ុន​នៅក្នុង​វិស័យនេះ​នឹង​បង្ហាញ​ពី​ការជួយ​យ៉ាង​ធំធេង ដោយសារតែ​ការផលិត​ត្រី​នៅ​កម្ពុជា​មិន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាម​តម្រូវការ​ក្នុងស្រុក។ លោក​បញ្ជាក់ថា៖“មាន​សក្តានុពល​ដ៏​ធំធេង​សម្រាប់​ការវិនិយោគ​ទៅលើ​ពូជ​ត្រី​សមុទ្រ ជាពិសេស គឺ​អាហារ​សមុទ្រ​ដែលមាន​តម្រូវការ​ខ្ពស់​ដូចជា​បង្គា និង​ក្តាម​ជាដើម។ តម្រូវការ​ក្នុងស្រុក​សម្រាប់​ពូជ​មាន​កម្រិត​ខ្ពស់ សម្រាប់​ត្រី​ដែលមាន​តម្រូវការ​ខ្ពស់ ដូចជា​ត្រី​ធូ​ឡា​ស៊ី ត្រី​គល់រាំង ត្រី​ឆ្មា ត្រី​ចិនជាដើម”។

    លោក Thombathu បាន​ថ្លែងថា វិស័យ​ជលផល​ក្នុង​តំបន់​ត្រូវការ​តម្រូវការ​រឿង​គុណភាព កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​មិនមាន​លទ្ធភាព​ផលិត​ពូជ​ត្រី​គ្រប់គ្រាន់​ដើម្បី​បំពេញតម្រូវការ​នោះទេ។ ដូច្នេះ​យើង​ត្រូវការ​ការវិនិយោគ​បន្ថែមទៀត ទាំង​នៅ​តំបន់​ទឹកសាប និង​សមុទ្រ។

    លោក​បាន​ពន្យល់ថា តម្រូវការ​ត្រី​នៅ​កម្ពុជា​កំពុង​កើនឡើង ហើយនឹង​បន្ត​កើនឡើង​ដោយសារតែ​ប្រជាពលរដ្ឋ​មាន​ចំណូល​កើនឡើង និង​ចំនួន​ភ្ញៀវទេសចរ​ដែល​កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ការផលិត​ត្រី​នៅក្នុង​ប្រទេស​មិន​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាម​ការទាមទារ​ឡើយ ដូច្នេះ​យើង​ត្រូវ​នាំចូល​ត្រី។ ការពឹងផ្អែក​ខ្លាំង​លើ​ការនេសាទ គឺ​មិនមាន​និរន្តរភាព​ទេ ហើយ​បរិ​មាណនៃ​ការចាប់​ត្រី គឺ​ស្ទើរតែ​នៅ​ទ្រឹង​មួយកន្លែង។ ដើម្បី​ជម្នះ​ស្ថានភាព​នេះ មធ្យោបាយ​តែមួយគត់​ដើម្បី​បំពេញ​ឱ្យ​គ្រប់​តម្រូវការ គឺ​តាមរយៈ​ការចិញ្ចឹម​ត្រី​ដែលមាន​និរន្តរភាព។

    លោក Thombathu បានចង្អុលបង្ហាញ​ថាសហភាព​អឺរ៉ុប​កំពុង​រៀបចំ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ជលផល​ថ្មី CAPFish ដែល​នឹង​ដំណើរការ​ពី​ឆ្នាំ2019នេះ ដល់​ឆ្នាំ2023 ក្នុង​ថវិកា​ចំនួន 135លាន​អឺរ៉ូ(153,7 លាន​ដុល្លារ)។ កម្មវិធី​នេះ​នឹង​គាំទ្រ​ដល់​រដ្ឋាភិបាល និង​វិស័យ​ឯកជន​ក្នុង​ការកសាង​ប្រព័ន្ធគ្រប់គ្រង និង​គ្រប់គ្រង​ជលផល​ប្រកបដោយ​និរន្តរភាព រួមទាំង​ការចិញ្ចឹម​សត្វ ការនេសាទ​ក្រោយ​ការប្រមូល​ផល និង​ការគាំទ្រ​វិស័យ​ឯកជន។ តាមរយៈ​ការវិនិយោគ​របស់​ជប៉ុន និង​ជំនួយ​អភិវឌ្ឍន៍​របស់​សហភាព​អឺរ៉ុប កម្ពុជា​អាច​នឹង​ក្លាយជា​ប្រទេស​នាំចេញ​ត្រី​យ៉ាងពិត​ប្រាកដ​ត្រឹម​ឆ្នាំ2023 ។

    កាលពី​ខែមេសា​ក្រុមហ៊ុន ជីន ហ៊ាង អាប់​វ័រ​ជីវ​កម្ម​របស់​ចិន បានប្រកាស​គម្រោង​វិនិយោគ​ទឹកប្រាក់100លាន​ដុល្លារ​លើ​គម្រោង​វារីវប្បកម្ម​ទឹកសាប និង​ទឹកប្រៃ​នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​អន្តរជាតិ។

    យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា ត្រី​ចំនួន 16,625តោន​ត្រូវបាន​គេ​ចាប់បាន​នៅ​ទន្លេ​កម្ពុជា​ក្នុង​ឆ្នាំ2017 ខណៈពេលដែល​ត្រី​ចំនួន 121,025តោន​ត្រូវបាន​គេ​នេសាទ​បាន​ពី​ក្នុង​សមុទ្រ៕

  • កម្ពុជា​នឹងដាក់​ឱ្យប្រើ​ប្រាស់​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ នៅក្នុង​ឆ្នាំនេះ

    កម្ពុជា​នឹងដាក់​ឱ្យប្រើ​ប្រាស់​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ នៅក្នុង​ឆ្នាំនេះ

    កម្ពុជា​គ្រោង​នឹង​ដាក់ចេញ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ ឬ​ហៅថា E-Commerce សម្រាប់​ប្រទេស​ឱ្យចេញ​ជា​រូបរាង​នៅក្នុង​ឆ្នាំ2019 នេះ។ ការដាក់ចេញ​នូវ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​ធ្វើឡើង​ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​សុវត្ថិភាព​ដល់​អ្នកទិញ និង​អ្នកលក់​លើ​ការប្រកប​អាជីវកម្ម ខណៈ​បច្ចុប្បន្ន​គណៈរដ្ឋមន្ត្រី​កំពុង​ពិនិត្យ​លើ​សំណុំ​ឯកសារ​មួយចំនួន​ដែល​ក្រសួងពាណិជ្ជកម្ម​បានដាក់​ជូន ហើយ​ប្រសិនបើ​ច្បាប់​នេះ​ចេញ​ជា​រូបរាង វា​នឹង​ជួយ​ការពារ​ប្រយោជន៍​ដល់​អ្នកលក់ និង​អ្នកទិញ​ក្នុង​វិស័យ​អន​ឡាញ​នេះ។

    លោក ថៅ សុខ​មុនី អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ​ក្រសួងពាណិជ្ជកម្ម​បាន​ចងក្រង​ឡើង​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ ខណៈពេល​នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល ពិនិត្យ​កម្រិត​ជំនាញ​នៅ​គណៈរដ្ឋមន្ត្រី។ លោក​បញ្ជាក់ថា៖ «ប្រសិនបើ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ ត្រូវបាន​ពិភាក្សា​ពី​គណៈរដ្ឋមន្ដ្រី​អំពី​កម្រិត​បច្ចេកទេស​រួចហើយ​ឃើញថា​គ្រប់គ្រាន់​នោះ វា​នឹង​អាច​ចេញ​លឿន និយាយ​រួម​ច្បាប់​នេះ​នឹង​ចេញ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ2019 នេះ​តែម្ដង»។

    លោក​បន្ដថា «ការដាក់ចេញ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ គឺ​ដើម្បី​ជំរុញ​ផលិតផល​ក្នុងស្រុក​ឱ្យមាន​ទីផ្សារ​កាន់តែ​ទូលំទូលាយ​ឡើង មានន័យថា ប្រជាជន​នៅ​កម្ពុ​ជាមាន​ប្រមាណ 16លាន​នាក់ តែ​ប្រសិនបើ​យើង​លក់ទំនិញ​តាម​ធម្មតា យើង​លក់បាន​ត្រឹមតែ 16លាន​នាក់​ហ្នឹង​ទេ ប៉ុន្ដែ​បើ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ យើង​នឹង​លក់បាន​ច្រើនជាង​នេះ ព្រោះ​មិន​ត្រឹមតែ​លក់​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ តែ​លក់​ដល់​បរទេស​ថែម​ទៀតផង»។

    លោក​បន្ថែមថា ការដាក់ចេញ​ច្បាប់ពាណិជ្ជកម្ម​អន​ឡាញ​នេះ គឺ​ល្អប្រសើរ​បំផុត​សម្រាប់​កម្ពុជា ព្រោះ​វា​ផ្ដល់​ប្រយោជន៍​ដល់​អ្នកលក់ និង​អ្នកទិញ។ មានន័យថា នៅពេល​ច្បាប់​នេះ​ចេញ​ជា​ផ្លូវការ អ្នកលក់​មិនអាច​បោកប្រាស់​អ្នកទិញ​ដោយ​ប្រការផ្សេងៗបាន​នោះទេ ដូចជា៖ ទំនិញ​មិន​ដូច​រូបភាព​បង្ហាញ ទំនិញ​គ្មាន​គុណភាព គ្មាន​ភាព​ទទួលខុសត្រូវ​លើ​ការដឹកជញ្ជូន ឱ្យ​អតិថិជន​ផ្ញើ​លុយ តែ​មិន​ផ្ញើ​ទំនិញ​ឱ្យ​ជាដើម។ ដោយឡែក​សម្រាប់​អ្នកទិញ​ក៏​ដូចគ្នា​ដែរ គឺ​មិនអាច​បោកប្រាស់​អ្នកលក់​ដោយ​ប្រការផ្សេងៗទាំងឡាយ​ដូចគ្នា។

    លោក​បាន​ឱ្យដឹងទៀតថា ប្រសិនបើ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​ទេនោះ វិស័យនេះ​នឹងមិន​រីកលូតលាស់​លឿន​ដូច​បណ្ដា​ប្រទេសជិតខាង​ឡើយ មួយវិញទៀត​កាលណា​អត់​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ អាច​បណ្ដាលឱ្យមាន​ជម្លោះ ហើយ​បើ​មាន​ជម្លោះ គឺ​មិនអាច​ដោះស្រាយ​បានឡើយ ព្រោះតែ​គ្មាន​ច្បាប់​គ្រប់គ្រង។

    លោក​ឧកញ៉ា ងួន ម៉េង​តិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា តាំងពីដើម​រហូតដល់​បច្ចុប្បន្ន ការធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ត្រូវ​ពឹង​ផ្អែកលើ​ការទូទាត់​ប្រាក់សុទ្ធ និង​ត្រូវ​ទៅដល់​ទីតាំង​ទំនិញ​ផ្ទាល់​តែម្ដង កត្តា​ទាំងនេះ​ធ្វើឱ្យ​ខាត​ពេលវេលា ខាតបង់​ប្រាក់កាស និង​ហានិភ័យ​សម្រាប់​អ្នកលក់ និង​អ្នកទិញ។

    លោក​ឧកញ៉ា​បន្ដថា «ប៉ុន្ដែ​បើសិន​បើ​មាន​ការធ្វើ​ពាណិជ្ជកម្ម​អន​ឡាញ និង​ការទូទាត់​ទំនិញ​តាម​បច្ចេកវិទ្យា Fintech កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា​នោះ មិន​ត្រឹមតែ​ផ្ដល់​ផលចំណេញ​ទាំង​ប្រាក់កាស ពេលវេលា និង​សុវត្ថិភាព​ដល់​អតិថិជន និង​អ្នកលក់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​ជួយ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ផុសផុល​ឡើង ពិសេស​ការជំរុញ​ទំនិញ​ក្នុងស្រុក​ឱ្យ​កាន់​តែមាន​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស​ទៀតផង» ៕

  • បវរកញ្ញាចក្រវាឡប្រចាំឆ្នាំ 2017 ត្រូវកំពូលកីឡាករបាល់ទាត់សុំរៀបការយ៉ាងរំភើប

    បវរកញ្ញាចក្រវាឡប្រចាំឆ្នាំ 2017 ត្រូវកំពូលកីឡាករបាល់ទាត់សុំរៀបការយ៉ាងរំភើប

    តាមរយៈសារព័ត៌មាន Teenee ចេញផ្សាយនៅថ្ងៃទី 15 ខែមករា ឆ្នាំ 2019 បានឱ្យដឹងថា បវកញ្ញា Demi Leigh Nel Peters ជាបវរកញ្ញាចក្រវាឡប្រចាំឆ្នាំ 2017 ត្រូវបានកំពូលកីឡាករបាល់ទាត់ Tim Tebow មានរូបរាងស្រស់សង្ហាវ័យ 30 ឆ្នាំ សុំនាងរៀបការយ៉ាងភ្ញាក់ផ្អើល និងផ្អែមល្ហែមរ៉ូមែនទិក។

    បវរកញ្ញារូបនេះ បានបង្ហោះរូបភាពនៅលើអ៊ីនស្ដាក្រាមរបស់ខ្លូន ហើយគេមើលឃើញថា សង្សាររបស់នាង បានលុតជង្គង់សុំនាងរៀបការ ដោយបំពាក់ចិញ្ចៀនដែលមានតម្លៃរាប់សែនដុល្លារឯណោះ។ បវរកញ្ញាវ័យ 23​ឆ្នាំរូបនេះនិយាយថា នាងមានអារម្មណ៍រំភើប រកនឹកនិយាយអ្វី មិនចេញឡើយ ។ នាងថា បានទាក់ទងគ្នាអស់រយៈពេលជិតមួយឆ្នាំហើយ ខណៈនេះនាងក៏ព្រមរៀបការជាមួយគូស្នេហ៍។ បើតាមសម្ដីរបស់ Demi ប្រាប់អ្នកសារព័ត៌មាន People​ ថា ៖ “ខ្ញុំពិតជារំភើបខ្លាំងណាស់សម្រាប់អាពាហ៍ពិពាហ៍នៅពេលខាងមុខ ហើយខ្ញុំមិនអាចរង់ចាំចំណាយពេលជាមួយ Tim ទេគឺត្រូវប្រញាប់រៀបការ​”។

  • លោក Guardiola៖ Man City ត្រៀម​រួចរាល់​ក្នុងការ​ដណ្តើមយក​ប្រៀប​លើ​ការ​ភ្នា​ត់​ស្នៀត​របស់ Liverpool

    លោក Guardiola៖ Man City ត្រៀម​រួចរាល់​ក្នុងការ​ដណ្តើមយក​ប្រៀប​លើ​ការ​ភ្នា​ត់​ស្នៀត​របស់ Liverpool

    លោក Pep Guardiola បាន​បញ្ជាក់ថា ក្រុម Manchester City របស់លោក នឹង​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​ដណ្តើមយក​ប្រៀប ប្រសិនបើ​ក្រុម​កំពុងតែ​នាំមុខ​លើ​តារាង Premier League គឺ Liverpool មានការ​ភ្លាត់ស្នៀត ក្រោយពី​ការ​ដណ្តើមបាន​ជ័យជម្នះ​ក្នុង​លទ្ធផល 3-០ លើ​ក្រុម Wolves កាលពី​ថ្ងៃ​ចន្ទ ដែល​បានធ្វើ​ឲ្យ​ក្រុម Man City ដេញតាម​ពីក្រោយ​ក្រុម​របស់លោក Jurgen Klopp ត្រឹមតែ 4ពិន្ទុ។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី 2គ្រាប់​ក្នុង​តង់​ទី2 ពី​សំណាក់​កីឡាករ​ខ្សែប្រយុទ្ធ Gabriel Jesus នៅ​ចន្លោះពេល​នៃ​ការពិន័យ​កាត​ក្រហម​សម្រាប់​ខ្សែការពារ​បារាំង Willy Boly របស់ Wolves បានអនុញ្ញាត​ឲ្យ​ក្រុម Man City បង្ហាញថា ពួកគេ​បាន​លុបចោល​ការធ្លាក់ចុះ​ទម្រង់​លេង​របស់​ពួកគេ​កាលពី​ខែធ្នូ​ហើយ។

    អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Man City រូបនេះ មិនមាន​អារម្មណ៍​ក្នុងការ​ធ្វើការ​វិភាគ​ទៅលើ​តារាង​ឡើយ និង​បាន​បញ្ជាក់ថា លោក​ចាប់អារម្មណ៍​តែ​ទៅលើ​ការបង្ហាញ​ពី​ទម្រង់​លេង​របស់​ក្រុម​លោក​ប៉ុណ្ណោះ។

    លោក Guardiola បាន​ឲ្យ​ដឹងថា៖ «យើង​មិនអាច​លេង​ការប្រកួត​ជាច្រើន​ជាមួយនឹង​ក្រុម Liverpool ទេ ហើយ​យើង​មិនអាច​ធ្វើ​អ្វី​ទៅលើ​ពួកគេ​បានឡើយ»។

    គ្រូបង្វឹក​រូបនេះ​បាន​ប្រាប់​បន្តថា៖ «អ្វីដែល​យើង​អាចធ្វើ​បាន គឺ​ការ​ដណ្តើមបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​របស់​យើង និង​រក្សា​ការដេញ​តាម​ពីក្រោយ។ យើង​មិនបាន​និយាយ​ទៅកាន់​កីឡាករ​របស់​យើង​ពី​បញ្ហា​នោះទេ ហើយ​យើង​មិនអាច​គ្រប់គ្រង​អ្វីដែល​យើង​អាចធ្វើ​បានឡើយ។ អ្វីដែល​យើង​អាចធ្វើ​បាន គឺ​ការបង្ហាញ​ពី​ភាពខ្លាំង ហើយ​នៅ​ថ្ងៃ​ណាមួយ ពួកគេ​ប្រហែលជា​ចាញ់។ ប៉ុន្តែ ប្រសិនបើ​ពួកគេ​មិន​ចាញ់​ទេនោះ ពួកគេ​នឹង​ក្លាយជា​ម្ចាស់​ជើងឯក»។

    លោក Guardiola បាន​បន្ថែមទៀតថា៖ «យើង​បានធ្វើ​រឿង​ដ៏​អស្ចារ្យ​ជាច្រើន​បន្ទាប់ពី​រដូវ​កាល​មុន ប៉ុន្តែ ក្រុម​មួយ​ធ្វើបាន​ល្អប្រសើរ​ជាង​យើង​មកទល់ពេលនេះ។ អ្វីដែល​យើង​អាចធ្វើ​បាន គឺ​ការរក្សា​ភាពខ្លាំង​រហូតដល់​បញ្ច​ប់​រដូវ​កាល ហើយ​លទ្ធផល​នឹង​បង្ហាញថា ក្រុម​ណា​នឹង​ឈ្នះ»៕

  • ទីបំផុត!! តារាស្រី Lisa BLACPINK គ្រងតំណែងអ្នកតាមដានច្រើនជាងគេនៅលើអ៊ីនស្ដាក្រាម

    ទីបំផុត!! តារាស្រី Lisa BLACPINK គ្រងតំណែងអ្នកតាមដានច្រើនជាងគេនៅលើអ៊ីនស្ដាក្រាម

    ថ្មីនេះមានការភ្ញាក់ផ្អើលបំផុត ខណៈដែលបានឃើញអ៊ីនស្ដាក្រាមរបស់តារាចម្រៀងស្រីវ័យក្មេងនៅក្នុងក្រុម BLACPINK គឺ Lisa BLACPINK ដែលនាងគឺជា ជនជាតិថៃប្រលូកសិល្បៈKPOP។ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រចម្រៀង KPOP ចំហមាត់ថ្លុងនោះគឺ តារាស្រីរូបនេះ មានអ្នកតាមដាននៅលើអ៊ីនស្ដាក្រាមដល់ទៅ 13.2 លាននាក់ ដែលយកឈ្នះកំពូលតារាស្រីកូរ៉េ Taeyeon មានអ្នកតាមដានត្រឹមតែ 12.9 លាននាក់ប៉ុណ្ណោះ។

    តារាសម្រៀងកូរ៉េជនជាតិថៃរូបនេះ មានឈ្មោះពិត ลลิสา มโนบาล ( លីហ្សា មៈណូបាន ) ហើយត្រូវបានមហាជន​ជា​ច្រើន​​និយាយ​ថា ជាតារា​ចម្រៀងប្រជាប្រិយ និងទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ជាង​គេ​ប្រចាំ​ក្រុម ហើយរឿងរ៉ាវ​​របស់​នាង តែង​តែ​នៅ​ជា​ចំណុច​ដ៏​ចាប់​អារម្មណ៍​ខ្លាំង​របស់​អ្នក​គាំទ្រ។ នាងធ្លាប់រងសម្ពាធពីអ្នកគាំទ្រូកូរ៉េ ដែលទទូចចង់ឱ្យបាងចាកចេញពីក្រុម។

    គួររំឭកផងដែរថា ក្រុម​ចម្រៀង​កូរ៉េ​ដ៏​ល្បី Black Pink បានមក​ប្រគំ​តន្ត្រី​ដ៏​ធំ​រយៈពេល​បី​ថ្ងៃ​នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី 11 ដល់​ថ្ងៃទី13 ខែមករា ឆ្នាំ 2019 នេះ ។ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​របស់​ក្រុម​ចម្រៀង​ស្រី​ខាងលើ បាន​ប្រារព្ធ​ឡើង​ដោយ​ជោគជ័យ​ក្រោម​ការចូលរួម​ពី​ទស្សនិកជន​យ៉ាងច្រើន​ផុសផុល មិនតែប៉ុណ្ណោះ សូម្បីតែ​សិល្បករ​ល្បីៗ​លំដាប់​ជួរមុខ​ប្រចាំ​ប្រទេស​ថៃ ក៏បាន​នាំគ្នា​ចូលរួម​ដែរ ។​ ក្នុងនោះដែរ ដើម្បីលើកទឹកចិត្តដល់តារាចម្រៀង Lisa កូនស្រីពៅក្នុងក្រុម BLACPINK មានតារាសិល្បករថៃជាច្រើន​​ដួង​មានដូចជា ប៊េ​ឡា រ៉ានី តារា​សម្ដែង Taew Natapohn នាង Mew Nittha តារា​ស្រី Mint Chalida តារា​ប្រុស Boy Pakorn ព្រមទាំង​តារា​ល្បីៗ​ជាច្រើន​ដួង​ទៀត បាននាំគ្នា​សម្ដែង​នូវ​អារម្មណ៍​រំភើប​យ៉ាងខ្លាំង​ក្នុងការ​ចូលរួម​ប្រគំ​តន្ត្រី​នេះ ជាពិសេស​ពួកគេ​ក៏បាន​ជួប និង ផ្ដិត​យក​រូបភាព​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​តារាចម្រៀង Lisa ទៀតផង ។​ តារាសិល្បថៃថា នាងគឺសិល្បករកម្លាំងចិត្តមួយរូប ដែលហ៊ានពង្រឹងជំហ៊ាននៅលើវិថីសិល្បៈបរទេស និងជាគំរូបមួយសម្រាប់តារាសិល្បករថៃ៕