Category: សង្គម និងសេដ្ឋកិច្ច

  • អ្នកនិពន្ធនៅផលិតកម្មថោន យឹម តាស្រង់ ចាកចេញពីផលិតកម្មដោយសារមូលហេតុមួយ….

    អ្នកនិពន្ធនៅផលិតកម្មថោន យឹម តាស្រង់ ចាកចេញពីផលិតកម្មដោយសារមូលហេតុមួយ….

    អស់រយៈពេលជាង 10 ឆ្នាំមកហើយ ដែលអ្នកនិពន្ធបទចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មថោនគឺ លោក យឹម តាស្រង់ បានចាកចេញពីទ្រនំសិល្បៈរបស់ខ្លួនយ៉ាងស្ងាត់ៗ ដែលគ្មានអ្នកគាំទ្រណាបានដឹងច្បាស់ឡើយ។ ការចាកចេញរបស់លោក មិនមែនទៅកាន់ទ្រនំដែលធំហើយប្រសើជាមុននោះតែ តែលោកថា លោកនៅតែមានទំនាក់ទំនងនិងទ្រនំចាស់ដដែល ហើយនៅតែប្រាស្រ័យគ្នាយ៉ាងល្អប្រសើរដូចដើម។

    អ្នកនិពន្ធរូបនេះ បានងាកមកបើក្រុមហ៊ុនផលិតចម្រៀងដោយខ្លួនឯងមានឈ្មោះថា «Home Music » ដែលបានប្រមូលតារាចម្រៀងល្បីនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានដូចជា ​កុមារា ឃឿន បូ​រី ​អ្នក​នាង រ័ត្ន រចនា និងកញ្ញា Autumn Allen រួមទាំងតារាចម្រៀងកំប្លែងជាច្រើនរូបទៀត។ Home Music របស់លោក យឹម តាស្រង់ បានបញ្ចេញបទចម្រៀងបែបកំប្លែងៗ និងកន្ទ្រាក់អារម្មណ៍ជាច្រើនបទហើយនៅលើបណ្ដាញសង្គមយូធូប។

    លោកបន្ដថា នេះជាឆន្ទៈ​របស់​លោក ​គឺ​ធ្វើ​អ្វី​ដែល​ខ្លួន​ឯង​ចង់​ធ្វើ និង​បំពេញ​ក្ដី​ស្រលាញ់​ខ្លួន​ឯង ដែល​ប្រឡូក​ក្នុង​វិស័យ​នេះយូរ​ឆ្នាំ​ ​មិន​បាន​តាំង​ចិត្ត​ចង់​ប្រកួត​ប្រជែង​នឹង​ក្រុមហ៊ុន​ ឬ​ផលិត​កម្ម​ណា​នោះ​ឡើយ ​ដោយ​លោក​ធ្វើ​វា​ឡើង​ដោយ​ខ្លួន​ឯង តាម​ក្ដី​ស្រលាញ់​និង​ចំណង់ចំណូលចិត្ត​​ប៉ុណ្ណោះ៕

    https://youtu.be/BC-zgFea8rg

  • Nadal ឈាន​ទៅ​ប្រកួត​​ជុំ​ទី​3 ក្រោយពី​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ

    Nadal ឈាន​ទៅ​ប្រកួត​​ជុំ​ទី​3 ក្រោយពី​បង្ហាញពី​ទម្រង់​លេង​យ៉ាងល្អ

    កីឡាករ​វាយកូន​បាល់ Rafael Nadal បាន​​យកឈ្នះ​លើ​​​កីឡាករ Matthew Ebden ក្នុងលទ្ធផល 6-3 6-2 និង​6-2 ក្នុង​ការ​ប្រកួត​ជុំ​ទី​2​នៃព្រឹត្តិការណ៍ Australian Open កាលពីថ្ងៃពុធ ជា​មួយ​នឹង​ការ​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ​​។

    កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ​2 ​ប្រចាំ​ព្រឹត្តិការណ៍​មួយ​នេះ បាន​យកឈ្នះ​ក្នុង​ការ​ប្រកួត​សិត​ទី​1 ដែល​មាន​ការ​ប្រជែង​យ៉ាង​​ខ្លាំង​ពីកីឡាករ​អូស្ត្រាលី Ebden ដែល​គួរ​តែ​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​ពេល​ស្ថិតក្នុង​​​ពិន្ទុ​ស្មើ 3-3​​។ Ebden បាន​វាយ​កូន​បាល់​ខុសដោយ​ឥត​រំពឹង​ទុក ហើយ​ការ​ប្រព្រឹត្ត​កំហុស​នោះ​បាន​បង្កើត​ឱ្យ​មាន​ការ​កាត់​សេចក្តី​តែម្តង​។

    កីឡាករ​អូ​ស្ត្រាលី​រូបនេះ បាន​ឈាន​ទៅ​កាន់​ការប្រកួត​បន្ទាប់​ តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​កំហុស​ 2លើក​ទៀត ហើយ​កីឡាករ​ Nadal របស់​អេ​ស្ប៉ាញ បាន​បង្ហាញពី​ទម្រង់​លេង​ដ៏រឹងមាំ​​របស់​ខ្លួន ដើម្បីកត់​ត្រា​ជ័យជម្នះ​ដោយ​ងាយ​តែម្តង​។

    Nadal បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​មិន​បាន​​ចាប់​ផ្តើម​យ៉ាង​ល្អ​ឡើយ តែបន្ទាប់​មកខ្ញុំ​បាន​សង្គ្រោះ​ការ​ប្រកួត​​​នោះ​តាម​រយៈ​ការ​ដណ្តើម​បាន​ពិន្ទ​ដ៏សំខាន់ៗ​ 3​លើក។ បន្ទាប់​ពី​នោះ អ្វី​ៗ​បានផ្លាស់​ប្តូរ​។ ខ្ញុំ​គិត​ថា ខ្ញុំ​បាន​លេង​យ៉ាងល្អហើយ​»​។

    Nadal ដែល​មិន​បាន​បង្ហាញពី​​សញ្ញា​នៃការ​​មាន​បញ្ហា​ត្រង់​សាច់​ដុំ​ភ្លៅ​ដែល​រូប​គេ​បានប្រឈម​នៅមុន​ពេល​យុទ្ធនាការ​ធំ​ដំបូង​គេ​ប្រចាំ​ឆ្នាំ​នេះ នឹង​ត្រូវ​ជួប​ជា​​មួយ​នឹង​កីឡាករ Alex de Minaur ក្នុង​ការប្រកួត​ជុំ​ទី​3 ដើម្បី​ជួប​ជាមួយ​​នឹងកីឡាករ​អូស្ត្រាលី ក្នុង​ការប្រកួត​លើក​ទី​3​ ជាប់​ៗ​គ្នា​របស់​គេ​៕

  • Chelsea យល់​ព្រម​ខ្ចី​ជើង Higuain ពីក្លិប Juventus

    Chelsea យល់​ព្រម​ខ្ចី​ជើង Higuain ពីក្លិប Juventus

    ក្លិប​​តោ​ខៀវ Chelsea បាន​យល់​ព្រម​លើ​ការ​ផ្ទេរ​មួយ​ជាមួយ​នឹងក្លិប Juventus​ ដើម្បី​ចុះ​​ហត្ថ​លេខា​ជា​មួយ​នឹង​ខ្សែ​ប្រយុទ្ធ Gonzalo Higuain ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង រហូត​ដល់​​បញ្ចប់​រដូវ​កាល​នេះ​។ នេះបើយោង​​តាម​បណ្តាញ​សារ​ព័ត៌​មាន Sky ក្នុង​ប្រទេស​អ៊ី​តាលី​។

    វា​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ការ​ខ្ចី​ជើង​​នេះ អាចនឹង​ត្រូវ​បន្ត​សម្រាប់​រយៈពេល​ 12​ខែ​ទៀត ប្រសិន​បើ​មាន​​លក្ខខណ្ឌ​ជាក់​លាក់​ផ្សេង​ៗ​។ Higuain បាន​ស្ថិ​តក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​​ជាមួយ​នឹងក្លិប AC Milan ពីក្លិប Juventus ចាប់​តាំងពី​ដើម​រដូវកាល​នេះ ជា​មួយ​នឹង​ជម្រើស​ទិញ​យក​ដាច់​កាលពី​​ចុង​រដូវកាល​មុន​​។

    លោក Maurizio Sarri គ្រូ​បង្វឹក​របស់​ក្រុម Chelsea ត្រូវ​បាន​គេ​យល់​ឃើញ​ថា ចង់​នាំយក Higuain ទៅកាន់​កីឡដ្ឋាន Stamford Bridge បើ​ទោះ​បី​ជាមាន​កង្វល់​ផ្សេង​ៗ​ពី​ក្រុម​ប្រឹក្សា​ក្លិប​ក៏ដោយ​។ បើយោង​តាម​បណ្តាញ​សារ​ព័ត៌​មាន Sky ក្នុង​​ប្រទេស​អ៊ី​​តាលី លោក​ស្រី Marina Granovskaia នាយក​ប្រតិ​បត្តិ​ក្លិប Chelsea នៅ​តែមិន​ជឿជាក់​ថា Higuain គឺ​ជា​ដំណោះស្រាយ​ចំពោះ​បញ្ហា​តំបន់​​ប្រយុទ្ធ​របស់​ក្លិប​នេះ​។​

    Higuain បាន​ចូល​លេងក្នុងនាម​ជាកីឡាករ​បម្រុង​រយៈពេល​ 20​នាទី​ចុងក្រោយ​ក្នុង​ពេលក្រុម AC Milan ចាញ់​ក្រុម Juventus 1-០ ក្នុង​ការប្រកួត​ដណ្តើម​​ពាន Super Cup របស់​​អ៊ី​តាលី នៅ​អា​រ៉ាប៊ី​សា​អ៊ូឌីត​។

    កាលពី​ចុង​សប្តាហ៍មុន លោក GennaroGattuso ហាក់​បានប្រកាស​ថា Higuain ចង់​ចេញពីកីឡដ្ឋាន San Siro តាម​រយៈ​ការ​និយាយ​ថា៖ «នៅពេល​ដែល​កីឡាករម្នាក់​សម្រេច​ចិត្ត​របស់​គេហើយ វាពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​បញ្ចុះ​បញ្ចូល​​ឱ្យ​កីឡាករ​រូបនោះ​បន្តនៅ​ជាមួយយើងទៀត»​​៕

  • អ្នក​នាង ចន ច័ន្ទ​លក្ខិណា មិនមែនអស់ចិត្តស្រឡាញ់លោក ហេង ឡុង តែមិនរៀបការ

    អ្នក​នាង ចន ច័ន្ទ​លក្ខិណា មិនមែនអស់ចិត្តស្រឡាញ់លោក ហេង ឡុង តែមិនរៀបការ

    ដូចប្រិយមិត្តបានជ្រាបដឹងហើយថា ​​អ្នក​នាង ចន ច័ន្ទ​លក្ខិណា និង​លោក ហេង ឡុង មាន​ទំនាក់​ទំនង​ស្នេហ៍​ជា​មួយ​គ្នា​​ជាង​4​ឆ្នាំ​មក​ហើយ ​បន្ទាប់​ពី​អ្នក​នាង​ចែក​ផ្លូវ​ជា​មួយ​លោក យុត្ថារ៉ា ឆានី ។ បើទោះបីរស់នៅជាមួយគ្នាក្រោមដំបូលផ្ទះតែមួយរយៈពេលច្រើនឆ្នាំក្ដី តារាសម្ដែងស្រីប្រកបដោយពហុទេពកោសល្យរូបនេះ បានបង្ហើបថា អ្នកនាងនៅមិនគិតអំពីការរៀបមង្គលការលើកទីពីរនោះទេ ព្រោះដោយសារតែ ជីវិតគូសព្វថ្ងៃនេះមានក្ដីសុខទៅហើយ។

    អ្នកនាង ចន ច័ន្ទ​លក្ខិណា បានបង្ហើបឱ្យដឹងថា អ្នកទាំងពីរមិន​ចាំ​បាច់​ត្រូវ​រៀប​ចំ​មង្គលការ​នោះ​ទេ ព្រោះជីវិត​គូ​របស់​អ្នក​ទាំង​ពីរ​អាច​ដើរ​ជាមួយ​គ្នា​បាន ដោយសារ​តែ​ការ​រស់​នៅ​រាល់​ថ្ងៃ​ មាន​ភាព​ល្អ​ប្រសើរ និង​ចុះ​សម្រុង​គ្នា​ល្អ​ហើយ។ គួរបញ្ជាក់ផងដែរថា កាលដែលមិនបានគិតគូអំពីការរៀបអាពាហ៍ពិពាហ៍ជាមួយលោក ហេង ឡុង នោះក៏មិនបានមានន័យថា តារាស្រីរូបនេះអស់ក្ដីស្រឡាញ់ចំពោះលោកនោះទេ ក៏ប៉ុន្ដែបានស្គាល់ចិត្តថ្លើមគ្នារួចហើយ និងអាចរស់នៅយ៉ាងមានសេចក្ដីសុខនឹងគ្នាផងដែរ៕

  • រស់ឡើងវិញម្ដងទៀត !! ការសម្ដែងល្ខោនបុរាណខ្មែរល្ខោនអាប៉េ ក្នុងគោលបំណងអភិរក្សសិល្បៈបុរាណខ្មែរ

    រស់ឡើងវិញម្ដងទៀត !! ការសម្ដែងល្ខោនបុរាណខ្មែរល្ខោនអាប៉េ ក្នុងគោលបំណងអភិរក្សសិល្បៈបុរាណខ្មែរ

    ជាការពិតណាស់ មាន​មនុស្ស​ភាគតិច​ដែល​ស្គាល់​ល្ខោនអាប៉េនាពេលបច្ចុប្បន្ននេះ ព្រោះ​ថា ទម្រង់​សិល្បៈ​បុរាណ​មួយ​ប្រភេទ​នេះ ស្ទើរ​បាត់បង់​ទៅ​ហើយ ពោល​គឺ​នៅ​ត្រឹម​សល់​តែ​ឈ្មោះ​ប៉ុណ្ណោះ​។ សិល្បករ​បុរាណ​ខ្លះ ចាត់ទុកថា ល្ខោនអាប៉េ គឺជា​សែស្រឡាយ​នៃ​ល្ខោន​យី​កេ ដែល​ឈុត​ឆាក​សម្ដែង​ស្ដែង​នូវ​ភាព​ក្រ​មិច​ប្រមើមរបស់​តួអង្គ ឬ​យើង​អាច​ហៅថា តួ​ត្លុក​។ មកដល់​ពេល​ប​ច្ចុច​ប្បន្ន​នេះ​ក្ដី ក៏​គេ​ពុំ​សូវ​ឃើញ​មាន​ការសម្ដែង​ទម្រង់​សិល្បៈ​មួយ​ប្រភេទ​នេះដែរ​។

    តែដោយឡែក សភានិស្សិតនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានជីកគាស់កកាយឡើងវិញនូវការសម្តែងនូវល្ខោនអាប៉េ ជាល្ខោនបុរាណរបស់ខ្មែរ ដែលហាប់តែនឹងរលត់ទៅហើយ បានបង្កើតឡើងនូវកម្មវិធីមួយដែលមានឈ្មោះថា “ ទាំងអស់គ្នាដើម្បីសិល្បៈខ្មែរ ល្ខោនអាប៉េ ” នៅក្នុងរឿង អាសព្វជាតិ និងនាងពៅ ដែលកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងអភិរក្ស សិល្បៈបុរាណខ្មែរ ដើម្បីឱ្យកូនខ្មែរបានស្គាល់ និងរួបរួមជួយគ្នាដើម្បីការរស់រានឡើងវិញនៃល្ខោនអាប៉េ។

    តោះមកចូលរួមកម្មវិធីល្ខោនអាប៉េនេះទាំងអស់គ្នា ដើម្បីជួយផ្សព្វផ្សាយ និងអភិរក្សសិល្បៈបុណខ្មែរ និងដើម្បីឲ្យល្ខោនមួយនេះរស់ឡើងវិញ។ អញ្ជើញចូលរួមទាំងអស់គ្នាដើម្បីសិល្បៈបុរាណខ្មែរ ល្ខោនអាប៉េ រឿង «អាសព្វជាតិ និងនាងពៅ »។ កម្មវិធីនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃសៅរ៍ ទី16 ខែកុម្ភៈ ឆ្នាំ2019 នៅសាលស្រីឌីម ជាន់ទី4 សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ កុំភ្លេចចូលរួមគាំទ្រទាំងអស់គ្នាណា… ជួបគ្នាឆាប់ៗថ្ងៃទី16 កុម្ភះនេះ៕

     

  • ទេព បូព្រឹក្ស បរិច្ចាគថវិកា 3ពាន់ដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា

    ទេព បូព្រឹក្ស បរិច្ចាគថវិកា 3ពាន់ដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា

    ក្រោយផ្ទុះរឿងជះស្រាបៀរ នឹងគប់ កំប៉ុងស្រាបៀរទៅលើកញ្ញា ទេព បូព្រឹក្ស។ ហើយកាលពីថ្ងៃទី28 ខែធ្នូ ឆ្នាំ2018 កញ្ញា ក៏បាន ធ្វើសន្និសិទ្ធសារព័ត៌មានជុំវិញបញ្ហា ដោយព្រមទទួល សំណង់ 1ម៉ឺនដុល្លារ។​ ហើយថវិការដែលបានពីសំណងនេះយកទៅជួយសិល្បករកំពុងសម្រាកព្យាបាលជំងឺដូចជា លោកពូ សានម៉ៅ លោកពូ ក្ដឹប និងកីឡាករ អេ រដ្ឋា ។

    យ៉ាងណាមិញ កញ្ញាក៏បានយកថវិកាទៅជួយដល់អង្កការ អាហ្វេស៊ីបកម្ពុជា ដែលមូលហេតុដោយសារតែកញ្ញា ឃើញនិងដឹងព័ត៌មានថា កុមារកំព្រាដែលរស់នៅក្នុងអង្គការនេះ គឺជា ជនរងគ្រោះដោយសារតែត្រូវជនអគតិមួយចំនួនចាប់រំលោភនូវសេពសន្ឋវៈ ពីឪពុកនិងបុគ្គលដទៃ ព្រមទាំងអ្នកខ្លះទៀតត្រូវបានបៀតបៀនកេរ្តិ៍ខ្មាស់និងរំលោភសិទ្ឋកុមារផងដែរ ទើបធ្វើឱ្យកញ្ញាមានចិត្តអាណិតអាសូររហូតបានមកដល់អង្គការនេះតែម្តង។

    ហើយថ្មីៗនេះ គោរពតាមសន្សា បើទោះបីជាថវិកាបានពីសំណងមិនគ្រប់គ្រាន់ក្នុងការបរិច្ចាគសប្បុរសធម៌ក៏ដោយ កញ្ញាបានយកប្រាក់មួយចំនួនទៀត ប្រមាណជា 3 ពាន់ដុល្លារ បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា៕

  • ក្រសួង​ពាណិជ្ជ​កម្ម៖ មិន​ត្រូវការ​ទម្រង់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម សម្រាប់​ការនាំចេញ​ទេ

    ក្រសួង​ពាណិជ្ជ​កម្ម៖ មិន​ត្រូវការ​ទម្រង់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម សម្រាប់​ការនាំចេញ​ទេ

    អ្នក​នាំចេញ​ក្នុងស្រុក​មិនត្រូវ​បាន​តម្រូវឱ្យមាន​ទម្រង់​វិញ្ញាបនបត្រ​ប្រភពដើម(CO)នៅនាយកដ្ឋាន​គយ​កម្ពុជា​ទេ ប្រសិនបើ​ឯកសារ​នេះ​មិន​ត្រូវបាន​តម្រូវ​ដោយ​អាជ្ញាធរ​នៅក្នុង​ប្រទេស​គោលដៅ​ដែល​ត្រូវ​នាំ​ទំនិញ​ចូល ដែល​ការលើកលែង​នេះ​គឺជា​ផ្នែក​មួយ​នៃ​សេចក្តី​បង្គាប់​ដែល​ចេញ​ដោយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​សប្តាហ៍​មុន។

    យោងតាម​បទ​ប្បញ្ញត្តិ​របស់​សហភាព​អឺរ៉ុប​ដែល​បានធ្វើ​វិសោធនកម្ម​លើកចុងក្រោយ​នៅ​ខែមិថុនា ឆ្នាំ2017 និង​ដោយ​ផ្អែក​តាម​ប្រកាស​អន្តរក្រសួង​ចុះ​ថ្ងៃទី28 ខែធ្នូ ឆ្នាំ2018 ស្ដីពី​ការសម្រួល​នីតិវិធី​ក្នុងការ​បំពេញបែបបទ​នាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស។

    ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ​ដល់​ពាណិជ្ជករ​ដែលមាន​បំណង​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប(EU)ក្រោម​ការអនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​លើកលែងតែ​អាវុធ(EBA) ព្រមទាំង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ​GSP របស់​ប្រទេស​ន័​រវែស ស្វ៊ី​ស និង​ប្រទេស​តួ​ក​គី ឱ្យមក​ដាក់​ពាក្យសុំ​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ (Registered Exporter System REX) របស់​សហភាព​អឺរ៉ុប។

    សេចក្តីប្រកាស​រួម​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម​ដែល​ចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួងពាណិជ្ជកម្ម​បានឱ្យ​ដឹងថា ការនាំចេញ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប​ស្ថិតក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​ប្រទេស​ន័​រ​វែ​ស ស្វ៊ី​ស និង​តួ​ក​គី​ក៏ត្រូវ​បាន​លើកលែង​លក្ខខណ្ឌ​ឱ្យមាន​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​នេះ​ផងដែរ បើ​ក្រុមហ៊ុន​ទាំងនោះ បាន​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​REX នេះ។

    ឯកឧត្តម ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ថ្លែងថា ការលែង​តម្រូវឱ្យមាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​ប្រភពដើម​ដើម្បី​នាំចេញ​ទំនិញ​ទៅកាន់​សហភាព​អឺរ៉ុប​នេះ បាន​កើតមានឡើង​ដោយសារ​កម្ពុជា​បាន​ក្លាយជា​សមាជិក​នៃ​ប្រព័ន្ធ​REX ដែល​នឹង​អនុវត្ត​ចាប់ពី​ថៃ្ង​ទី1 ខែមករា​ឆ្នាំ2019នេះ​តទៅ។

    ឯកឧត្តម ​បាន​បន្ថែមថា៖“រដ្ឋាភិបាល​ចង់​សម្រួល​ដល់​ការរកស៊ី​របស់​ពាណិជ្ជករ និង​អ្នករកស៊ី​ទាំងអស់។ យើង​សុទ្ធចិត្ត​ថា មិនចាំបាច់​ឱ្យធ្វើ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទេ។ ក្រុមហ៊ុន​នឹង​នៅសល់​កម្រៃ​ដែល​ត្រូវ​បង់ និង​ចំណេញ​ពេលវេលា​ពី​ការធ្វើ​វា”។ នៅពេល​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​REX ក្រុមហ៊ុននាំចេញ​គ្រាន់តែ​ប្រកាស​ខ្លួនឯង​ពី​ប្រភេទ​ទំនិញ និង​បរិមាណ​ទំនិញ​ទៅកាន់​ក្រសួងពាណិជ្ជកម្ម​ដោយ​មិនចាំបាច់​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម ហើយ​សហភាព​អឺរ៉ុប​នឹង​ទទួលស្គាល់”។

    ទោះយ៉ាងណា​ក៏ដោយ ប្រសិនបើ​អ្នក​នាំចេញ​មានការ​នាំចេញ​ទំនិញ អ្នក​នាំចេញ​ត្រូវតែ​ផ្ញើលិខិត​ជូនដំណឹង​ជាមួយ​ព័ត៌មាន​លម្អិត​នៃ​ការដឹកជញ្ជូន​ទៅ​ក្រសួងពាណិជ្ជកម្ម​ឱ្យបាន 30ថ្ងៃ មុនពេល​ទំនិញ​ត្រូវបាន​នាំចេញ។

    តាមរយៈ​ការចូលរួម​ក្នុង​ប្រព័ន្ធ​REX ពាណិជ្ជករ​ទទួលបាន​នូវ​ការផ្តល់​វិញ្ញាបនបត្រ ដែលមាន​មូលដ្ឋាន​នៃ​គោលការណ៍​នាំចេញ។ ក្រុមហ៊ុន​នានា​បាន​ក្លាយជា​អ្នក​នាំចេញ​ដែល​បាន​ចុះបញ្ជី​ដែល​អនុញ្ញាតឱ្យ​ពួកគេ​មាន​សិទ្ធិ​ផ្ទាល់​របស់​ពួកគេ។

    ការចុះឈ្មោះ​ជាមួយ REX នឹង​កាត់បន្ថយ​ការចំណាយ និង​រក្សាទុក​ពេលវេលា​សម្រាប់​អ្នក​នាំចេញ។ ដូច្នេះ​ក្រសួង​ដែល​ពាក់ព័ន្ធ​បានធ្វើការ​អំពាវនាវ​ដ​ល់​ក្រុមហ៊ុននាំចេញ​ទាំងអស់​ដែល​នាំចេញ​ទំនិញ​ទៅ​សហភាព​អឺរ៉ុប​ក្រោម​គម្រោង EBA ឬ​ទៅ​ប្រទេស​​ន័​រ​វែ​ស ស្វ៊ី​ស និង​តួ​ក​គី​ក្រោម​គម្រោង GSP ឱ្យ​អញ្ជើញ​មក​ចុះឈ្មោះ​ជាមួយ​REX ។

    ក្រុមហ៊ុន​ដែលមាន​បំណង​ចង់​ចូលរួម REX ត្រូវតែ​បំពេញ​លក្ខខណ្ឌ​មួយចំនួន។ ពួកគេ​ត្រូវតែ​ចុះឈ្មោះ​ជា​ក្រុមហ៊ុន​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ពួកគេ​មិនត្រូវ​ដាក់​ពាក្យបណ្តឹង​ក្ស័យធន ឬដាក់បញ្ចូល​ក្នុង​បញ្ជីខ្មៅ​របស់​រដ្ឋាភិបាល​នៅពេលដែល​ដាក់ពាក្យ​សុំ។ ទំនិញ​នាំចេញ​ត្រូវតែ​បំពេញ​តាម​លក្ខខណ្ឌ និង​តម្រូវការ​ឱ្យបាន​ពេញលេញ។

    ការដាក់​ពាក្យសុំ​នេះ​ត្រូវធ្វើ​នៅ​នាយកដ្ឋាន​នាំចេញ-នាំចូល​នៃ​ក្រសួងពាណិជ្ជកម្ម​ចាប់ពី​ថ្ងៃទី1ខែមករា ឆ្នាំ2019តទៅ ក្នុង​វត្ថុបំណង​ដើម្បី​ឱ្យមាន​នីតិសម្បទា​ក្នុងការ​ប្រកាស​ប្រភពដើម (Statement on Origin) ជំនួស​ឱ្យការប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​A។ ការចុះបញ្ជី​ជាមួយនឹង REX នឹងមិន​គិតថ្លៃ​រហូតដល់​ថ្ងៃទី30 ខែមិថុនា ឆ្នាំ2020៕

  • រ័ត្ន រចនា ស្រាយចម្ងល់ថា ទៅរោងការណាក៏ឮតែបទ «មេម៉ាយសប្បាយចិត្ត» គ្មានបទថ្មីទេអី???

    រ័ត្ន រចនា ស្រាយចម្ងល់ថា ទៅរោងការណាក៏ឮតែបទ «មេម៉ាយសប្បាយចិត្ត» គ្មានបទថ្មីទេអី???

    ថ្មីៗនេះ ផ្ទុះការសង្ស័យពីបណ្ដាអ្នកគាំទ្រថា ហេតុអ្វីបានជានៅតាមរោងការឮតែតារាចម្រៀងស្រី រ័ត្ន រចនា ច្រៀងតែ​បទ​ «មេម៉ាយសប្បាយចិត្ត» ។ តារាចម្រៀងស្រីរូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅពេលថ្មីៗនេះ ចម្រៀងតែមួយបទទេ បានធ្វើឱ្យជីវិតរបស់អ្នកនាងផ្លាស់ប្ដូរសឹងតែ 360 ដឺក្រេតែម្ដង ពោលគឺឡើងកូដ មានកម្មវិធីអញ្ជើញពេញៗថ្ងៃ សឹងតែរកពេលសម្រាកមិនបាន រហូតដល់ត្រូវបានអញ្ជើញទៅសម្ដែងទៅប្រទេសក្រៅចំនួន 3 ប្រទេសបន្តបន្ទាប់គ្នាថែមទៀតផងដែរ។

    ជាការពិតណាស់ តារាចម្រៀងស្រី រ័ត្ន រចនា ត្រូវបានគេទទួល​ស្គាល់​ផងដែរ​ថា បច្ចប្បន្ននេះ​ជីវភាព​របស់​នាង​គ្រាន់បើ​ជាង​មុន​ច្រើន ដោយសារ​តែមាន​ការងា​រ​ធ្វើ​ច្រើន ។ តារាស្រីរូបនេះថែមទាំង​សារភាពថា ពីមុន​នាង​ច្រៀង​មួយខែ មិនឃើញ​សល់​លុយសោះ តែ​ពេលនេះ ច្រៀង​ត្រឹម​តែមួយ​សប្តាហ៍ អាចមានលទ្ធភាពសល់​លុយ និងអាច​ជួយដោះស្រាយជីវភាពបាន​យ៉ាង​ស្រួល ។​ ស្រប​ពេលដែល​ជីវភាព​ចាប់ផ្តើម​ធូរធារ រ័ត្ន រចនា ក៏មាន​សំណាង​បាន​ចេញទៅ​សម្តែង​នៅក្រៅ​ប្រទេស​ផងដែរ ជាក់ស្តែង​នៅ​បំណាច់​ឆ្នាំមុននេះ នាង​ត្រូវ​ចេញទៅ សម្តែង​នៅ​ប្រទេស កូរ៉េ រួមជាមួយ​តារាចម្រៀង​ជាច្រើនរូប​ទៀត ។

    អ្វីដែល​កាន់តែ​គួរឱ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ គឺ ម្ចាស់បទមេម៉ាយសប្បាយចិត្តជំនាន់ថ្មីនេះ ទើបតែ​ទិញ​រថយន្តប្រណិត ហាយ​ឡែ​ន​ឌឺ ពណ៌​ស​មួយគ្រឿង​ដែលមាន​តំលៃ​ជិត2 ម៉ឺន​ដុល្លារ ដែល​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ខ្លាំង​មិន​នឹកស្មាន​ដល់។ មុននេះបន្តិច ប្រភពគណនីរបស់ រ័ត្ន រចនា បានបង្ហោះសារឱ្យដឹងថា « បងប្អូនខ្លះគាត់ឆ្ងល់មិនត្រឹមតែឆ្ងល់ទេជេរខ្ញុំទៀតថា ច្រៀងជិតងាប់ទៅវិញចេះតែមួយបទហ្នឹងទេអី ទៅណាក៏ឮតែច្រៀងបទហ្នឹង ខ្ញុំបានបងប្អូនជាច្រើនស្គាល់និងឱ្យតំលៃតាមរយះបទមួយនេះខ្ញុំទៅដល់ទីណាក៏ពួកគាត់សំណូមពរឱ្យខ្ញុំច្រៀងដែរ កុំជេរខ្ញុំអី »។

    សូមជម្រាបថា អ្នកនាងមេម៉ាយសប្បាយចិត្តគ្រោងត្រៀម​ចេញ​ Original Song ផ្ទាល់​ខ្លួន​ ក្រោមទឹកដៃអ្នក​និពន្ធ​​​​ម្នាក់​ដែល​​ធ្លាប់​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​នៅ​ថោន​គឺ​លោក យឹម តាស្រង់ ។ អ្នកនាងថា ដោយ​សារ​តែ​មហាជន​មួយ​ចំនួន​ចង់​ឃើញ​នាង មាន​​ចម្រៀង​ផ្ទាល់​ខ្លួន​ច្រៀង​ទើបសម្រេច​ចិត្ត​​ធ្វើ​បទ​ Original song បំពេញចិត្តមហាជន​តែ​ម្ដង​ទៅ។ ការ​ចេញ​ចម្រៀង​ថ្មី​លើក​ដំបូង​នេះ​នាង សង្ឃឹម​ថា​​​នឹង​ទទួល​បាន​ការ​​គាំទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​​ផង​ដែរ៕

  • ថ្ងៃឡើងផ្ទះស្ថាបនិក « គ្រួសារតារាកម្ពុជា » តារាសិល្បៈជាច្រើនដួងបង្អួតគ្នាឈុតក្រហមព្រាត

    ថ្ងៃឡើងផ្ទះស្ថាបនិក « គ្រួសារតារាកម្ពុជា » តារាសិល្បៈជាច្រើនដួងបង្អួតគ្នាឈុតក្រហមព្រាត

    ក្នុងពិធីឡើងគេហដ្ឋានថ្មី និងពិធីខួបអាពាហ៍ពិពាហ៍គម្រប់6ឆ្នាំ របស់ស្ថាបនិក «គ្រួសារតារាកម្ពុជា» គេឃើញតារាសិល្បៈចាស់ថ្មីល្បីឈ្មោះ និងភ្ញៀវកិត្តិយសប្រមាណជាង400នាក់ រំលេចឈុតក្រហមយ៉ាងស្រស់ស្អាត ដែលធ្វើឱ្យពិធីទាំងមូលប្រៀបដូចជាជំនួបឈុតក្រហមដ៍អស្ចារ្យមួយ។ នៅក្នុងថ្ងៃនោះ តារាសិល្បៈកុះករ ក៏បានបង្អួតសំឡេង ស្នាមញញឹម និងសកម្មភាពរាំរែក បង្កើតជាអនុស្សាវរីយ៍ដ៏កម្រផង។

    ពិធីដែលបានធ្វើឡើងនៅថ្ងៃទី14 ខែមករា នោះ គេចាត់ទុកថាជាជំនួបសិល្បករទ្រង់ទ្រាយធំដែលគ្រងដោយឈុតក្រហម មិនខុសពីព្រឹត្តិការណ៍ធំមួយ ខណៈដែលតារា និងភ្ញៀវកិត្តិយស ក្រៅពីចំណាយពេលចូលរួមបង្ហាញខ្លួនធ្វើអោយពិធីទាំងផ្អើកកក្រើក ក៏បានរំលេចឈុតក្រហមរាងខ្លួន ដើម្បីទាញយកចំណាប់អារម្មណ៍។ មិនថាតារាចាស់ថ្មី សូម្បីតែភ្ញៀវកិត្តិយស នៅពេលប៉ះគ្នាជាទ្រង់ទ្រាយធំហើយរំលេចឈុតក្រហមព្រមៗគ្នាបែបនេះ គឺសុទ្ធតែមើលទៅស្រស់ស្អាត និងទាក់ភ្នែក។

    លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលតារាសិល្បៈ និងភ្ញៀវកិត្តិយសកុះករ រំលេចដោយឈុតក្រហមព្រមៗគ្នាយ៉ាងកម្រមិនខុសពីជំនួបក្រហមប្រចាំឆ្នាំ។ លោកថាថ្លែងជំនួបសិល្បករ និងភ្ញៀវកិត្តិយសក្នុងថ្ងៃនោះ បានបង្កើតនូវឈុតអនុស្សាវរីយ៍ដ៏កម្រ ដើម្បីបើកទំព័រទំដើមឆ្នាំ2019 ដែលគ្រាន់តែឃើញរូបភាពក៏មិនខុសពីព្រឹត្តិការណ៍ធំមួយ៕

  • បន្តិចទៀតប្រជាជនអាចឆែកទិន្នន័យនៃរបាយការណ៍កម្ចីរបស់ខ្លួនពី CBC នៅគ្រប់ទីកន្លែងក្នុងប្រទេសតាមរយៈធនាគារអេស៊ីលីដា

    បន្តិចទៀតប្រជាជនអាចឆែកទិន្នន័យនៃរបាយការណ៍កម្ចីរបស់ខ្លួនពី CBC នៅគ្រប់ទីកន្លែងក្នុងប្រទេសតាមរយៈធនាគារអេស៊ីលីដា

    ប្រជាជន​កម្ពុជា​អាច​នឹងមាន​ភាពងាយស្រួល​កាន់តែខ្លាំង​ក្នុងការ​ស្នើសុំ​មើល​ពី​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​ពី​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) នៅ​ទូទាំងប្រទេស​បន្ទាប់ពី​ស្ថាប័ន​ដ៏​សំខាន់​មួយ​នេះ​បាន​ចាប់ដៃគ្នា​ជាមួយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដើម្បី​ផ្តល់​សេវាកម្ម​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ឬ​ដែល​យើង​ស្គាល់​ជាទូទៅ​ថា ​ពិនិត្យមើល​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន។

    លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បាន​លើកឡើងថា ក្នុង​រយៈពេល​ជាង 6ឆ្នាំ​នៃ​ប្រតិបត្តិការ CBC បានចាប់ផ្តើម​ជាមួយ​របាយការណ៍​ឥណទាន​អតិថិជន​ដែល​អនុញ្ញាតឱ្យ​សមាជិក​របស់​យើង​អាច​ស្វែងយល់​ពី​អតិថិជន​របស់​ពួកគេ​កាន់តែច្បាស់ និង​ធ្វើការ​សម្រេចចិត្ត​លើ​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ។

    បន្ថែម​ពីលើ​នេះ ប្រព័ន្ធ​មួយ​នេះ​ក៏​អាចជួយ​ដល់​អតិថិជន​ទូទៅ​ក្នុងការ​ស្នើសុំ និង​ស្វែងយល់​ពី​ព័ត៌មាន​ឥណទាន​របស់​ពួកគេ​កាន់តែ​ប្រសើរឡើង ដែល​នឹង​ជួយ​ពួកគេ​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ការស្នើ​កម្ចី។ មិនតែប៉ុណ្ណោះ​ប្រព័ន្ធ​នេះ​ក៏​ចូលរួមចំណែក​ដល់​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ផងដែរ។

    លោក អឿ សុធា​រ័ត្ន បាន​និយាយថា៖ «ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​របា​យ​ការណ៍​ឥណទាន​ចំពោះ​ប្រជាជន​កម្ពុជា និង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​នៅតាម​បណ្តា​ខេត្ត ការិយាល័យ​ឥណទាន​កម្ពុជា បាន​បង្កើត​សេវា​កម្មនេះ​ឡើង​ដោយ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​អាជីវកម្ម​ជាមួយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក្នុង​ការផ្តល់សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​នេះ ដោយជំហានដំបូងយើងដាក់ឱ្យដំណើរការនៅតាមសាខារបស់ធនាគារអេស៊ីលីដាចំនួន 5ខេត្ត-ក្រុង ហើយគ្រោងនឹងពង្រីកឱ្យបានទូទាំងប្រទេសនៅចុងឆ្នាំ2019 នេះ»។

    លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានលើកឡើងថា ធនាគារអេស៊ីលីដា ភីអិលស៊ី មានក្តីសោមនស្សរីករាយ ដោយបានចាប់ដៃគូសហប្រតិបត្តិការជាមួយការិយាល័យឥណទានកម្ពុជា ក្នុងការបម្រើសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាឱ្យបានកាន់តែទូលំទូលាយតាមរយៈការស្នើសុំឆែករបាយការណ៍ឥណទានផ្ទាល់ខ្លួននៅតាមសាខានៃធនាគារអេស៊ីលីដា ភីអិលស៊ីទាំង 5សាខា។ លោកបណ្ឌិត អ៊ិន ចាន់នី បាននិយាយថា៖ «សេវានេះនឹងជួយដល់អតិថិជនក្នុងការស្វែងយល់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន ព្រោះនៅពេលប្រជាជនបានដឹងច្បាស់ពីស្ថានភាពផ្ទាល់ខ្លួនលើលទ្ធភាពនៃការខ្ចីពីស្ថាប័នហិរញ្ញវត្ថុហើយ គាត់នឹងអាចគ្រប់គ្រងស្ថានភាពរបស់គាត់បានល្អ ហើយចៀសវាងបាននូវការខ្ចីហើយមិនមានលទ្ធភាពបង់សងមកវិញដែលបង្កការលំបាកដល់ខ្លួនគាត់ផ្ទាល់ផង និងដល់គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់កម្ចីសម្រាប់គាត់ផង»។

    គួរបញ្ជាក់ផងដែរថា សេវាត្រួតពិនិត្យហិរញ្ញវត្ថុ គឺជាសេវាកម្មមួយរបស់ CBC ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋទូទៅអាចពិនិត្យមើលរបាយការណ៍ឥណទាន ឬលទ្ធភាពក្នុងការប្រើប្រាស់ឥណទានដោយខ្លួនឯងតាមរយៈភ្នាក់ងារដៃគូយុទ្ធសាស្រ្តរបស់ CBC។ ដើម្បីប្រើប្រាស់សេវាកម្មនេះ អតិថិជនគ្រាន់តែយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលនៅមានសុពលភាព ហើយអញ្ជើញទៅកាន់សាខាទាំង5 របស់ធនាគារអេស៊ីលីដា ភីអិលស៊ី ដូចជាទីស្នាក់ការកណ្តាល សាខាសៀមរាប សាខាកំពង់ស្ពឺ និងសាខាខេត្តកណ្តាល។

    សូមរំឭកថា ដោយចាប់ផ្តើមដំណើរការជាផ្លូវការនៅឆ្នាំ2012 CBCបានបម្រើដល់សមាជិក និងអតិថិជនជាមួយនឹងសេវាកម្មស្នូល គឺរបាយការណ៍ឥណទានអតិថិជន។ ប្រព័ន្ធនេះបានចូលរួមចំណែកជាប្រយោជន៍យ៉ាងច្រើនដល់ភាគីពាក់ព័ន្ធ រួមមានប្រជាជន ស្ថាប័នហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុ៕