Category: សង្គម និងសេដ្ឋកិច្ច

  • ការយល់ឃើញផ្សេងៗ រឿង​សហភាព​អឺរ៉ុប​កំណត់​ពន្ធ​លើ​អង្ករ​ពី​កម្ពុជា

    ការយល់ឃើញផ្សេងៗ រឿង​សហភាព​អឺរ៉ុប​កំណត់​ពន្ធ​លើ​អង្ករ​ពី​កម្ពុជា

    គណៈកម្មការ​អឺរ៉ុប​Europe Committee (EC) បានដាក់​ពន្ធ​លើ​អង្ករ​មកពី​ប្រទេស​កម្ពុជា និង​មី​-យ៉ាន់​ម៉ា​ដោយ​អនុវត្ត​វិធានការ​ការពារ​ប្លុក​អឺរ៉ុប​របស់ខ្លួន ព្រោះថា ការ​នាំចូល​អង្ករ Indica ទៅកាន់​សហភាព​អឺរ៉ុប​បណ្ដាលឱ្យ​ខូចខាត​ដល់​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ផលិត​អង្ករ​នៅ​ប្លុក​អឺរ៉ុប។

    EC បានឱ្យដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ16 ខែមករា​ថា ការកើនឡើង​គួរឱ្យកត់សម្គាល់​នៃ​ការ​នាំចូល​អង្ករ Indica ពី​ប្រទេស​កម្ពុជា និង​មី​យ៉ាន់​ម៉ា​ទៅកាន់​សហភាព​អឺរ៉ុប​បណ្ដាលឱ្យ​ខូចខាត​សេដ្ឋកិច្ច​ដល់​ផលិតករ​សហភាព​អឺរ៉ុប។

    យោងតាម​សេចក្ដីសម្រេច​របស់​គណៈ​កម្ម​ការ​អឺរ៉ុប បានឱ្យដឹងថា ក្នុងអំឡុងពេល​នៃ​ការស៊ើបអង្កេត​កាលពី​ខែមីនា គណៈកម្មការ​បាន​រក​ឃើញថាការ​នាំចូល​អង្ករ Indica ពី​ប្រទេស​ទាំង2បាន​កើនឡើង 89%ក្នុង​រយៈពេល 5ឆ្នាំ​កន្លងមកនេះ។ ការ-ស៊ើបអង្កេត​បានរ​ក​ឃើញថា តម្លៃ​ត្រូវបាន​ថយចុះ​ខ្លាំង​ជាង​ទីផ្សារ​នៅ​សហភាព​អឺរ៉ុប ហើយ​បាន​ថយចុះ​ក្នុង​រយៈពេល​ដូចគ្នា។ ការកើនឡើង​នៃ​ការ​នាំចូល​តម្លៃ​ទាប​បណ្តាលឱ្យមាន​ការលំបាក​យ៉ាងខ្លាំង​សម្រាប់​អ្នក​ផលិត​អង្ករ​នៅ​សហភាព​អឺរ៉ុប​ក្នុង​កម្រិត​ដែល​ចំណែក​ទីផ្សារ​របស់ខ្លួន​នៅ​សហភាព​អឺរ៉ុប​បាន​ធ្លាក់ចុះ​ពី61% មក​នៅ29%។

    សេចក្តីថ្លែងការណ៍​បានឱ្យដឹងថា “ដូច្នេះ​គណៈកម្មការ​សហភាព​អឺរ៉ុប​បានសម្រេច​ចិត្ត​ធ្វើការ​ណែនាំ​ឡើងវិញ​នូវ​ពន្ធ​នាំចូល​ដែល​នឹងត្រូវ​កាត់បន្ថយ​ជា​លំដាប់​ក្នុង​រយៈពេល 3ឆ្នាំ”។

    ចំពោះ​ការគិត​ពន្ធ​នាំចូល​អង្ករ​របស់​ប្រទេស​ទាំង2 (កម្ពុជា និង​មី​យ៉ាន់​ម៉ា) ដែល​នាំចូល​ទៅកាន់​ប្រទេស​ជា​សមាជិក EU 28ប្រទេស​នឹងត្រូវ​ធ្វើឡើង​សម្រាប់​រយៈពេល3ឆ្នាំ គិត​ចាប់ពី​ឆ្នាំ2019 ដល់​ឆ្នាំ2021 ដែល​នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ពីថ្ងៃ​ទី18 ខែមករា ឆ្នាំ2019តទៅ ដោយ​ឆ្នាំ​ដំបូង តម្លៃ​ពន្ធ​នាំចូល​នឹង​គិត​ក្នុងតម្លៃ 175អឺរ៉ូ (199,5ដុល្លារ​អាមេរិក)ក្នុង1តោន។ ឆ្នាំ​ទី2 តម្លៃ 150អឺរ៉ូ(171ដុល្លារ)ក្នុង1តោន និង​ឆ្នាំ​ទី3 តម្លៃ 125អឺរ៉ូ(142,5 ដុល្លារ)ក្នុង1តោន។

    ទិន្នន័យ​ពី​លេខាធិការដ្ឋាន​នៃ​ច្រកចេញចូល​តែមួយ​សម្រាប់​ការនាំចេញ​អង្ករ​បានបង្ហាញ​ថា​នៅ​ចន្លោះ​ខែមករា និង​ខែវិច្ឆិកា ឆ្នាំ2018 ប្រទេស​កម្ពុជា​បាន​នាំចេញ​ចំនួន 497,420តោន ធ្លាក់ចុះ13% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ2017 ដោយ​ការនាំចេញ​អង្ករ​នៅ​ឆ្នាំ​នោះ(2017)បាន​កើនឡើង 17.21% ស្មើនឹង635,325តោន ក្នុងតម្លៃ 333.1 លាន​ដុល្លារ។ ក្រុមហ៊ុន​ក្នុងស្រុក​បាន​នាំចេញ​អង្ករ 3ប្រភេទ គឺ​អង្ករ​ក្រអូប (493,597 តោន ឬ78.82% នៃ​ការនាំ​អង្ករ​ចេញ​សរុប) អង្ករសម្រូប (105,990តោន ឬ16.93%) និង​​អង្ក​រគ្រាប់វែង 26,638 តោន ឬ4.25 %)។

    ការនាំចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ2017 មាន​ចំនួន1.6% នៃ​ការនាំចេញ​អង្ករ​សរុប​ពិភពលោក។ នៅ​ឆ្នាំ​នោះ​កម្ពុជា គឺជា​ប្រទេស​នាំចេញ​ធំជាងគេ​ទី9 នៅលើ​ពិភពលោក ខណៈ​មី​យ៉ាន់​ម៉ា​ជាប់​ចំណាត់-ថ្នាក់​លេខ10 បន្ទាប់ពី​កម្ពុជា។

    គួរ​ជម្រាប​ដែរ​ថា សំណើ​ឱ្យមាន​ការកំណត់​ពន្ធ​នេះ​បានធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​អុីតាលី កាលពី​ខែកុម្ភៈ ឆ្នាំ2018 ដោយមាន​ការគាំទ្រ​ពី​ប្រទេស​អឺរ៉ុប​ដែល​ផលិត​អង្ករ​ចំនួន 7ផ្សេងទៀត រួមមានអេ​ស្ប៉ា​ញ បារាំង ព័រ​ទុយ​ហ្គា​ល់ ក្រិ​ក ហុង​គ្រី រ៉ូ​ម៉ា​នី និង​ប៊ុលហ្គារី។

    រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី18 ខែមករា​កន្លងទៅ​ថា រឿង​ការកំណត់​ពន្ធ​របស់​ស​ហគ​មន៍​អឺរ៉ុប​នេះ​មិនមាន​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​ឡើយ ហើយ​សូម្បីតែ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធអ្វីៗគ្រប់យ៉ាង​លើកលែងតែ​អាវុធ(Everything But Arms ឬ​EBA)ក៏​មិន​ជាប់​ពាក់ព័ន្ធ​ដែរ។ ព្រោះ​ប្រទេស​មួយចំនួនធំ​នៅក្នុង​ពិភពលោក​ដែលជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក(WTO)ក៏​អឺរ៉ុប​ធ្លាប់ប្រើ​ការកំណត់​ពន្ធ​នេះ​ស្របតាម​កិច្ចព្រមព្រៀង និង​ច្បាប់​ជាតិ​របស់​ពួកគេ​ផងដែរ ដើម្បី​ការពារ​នូវ​ផលប្រយោជន៍​នៃ​ឧស្សាហកម្ម​ក្នុងស្រុក”។

    ឯកឧត្តម បាន​ថ្លែង​ទៀតថា៖“វិធានការ​នេះ គេ​ដំឡើង​ពន្ធ​ពីលើ​ពន្ធ​ដែល​យើង​កំពុងតែ​ចូល​ជា​ធរមាន​ស្រាប់​ហើយ។ ឧទាហរណ៍​ថា បើ​យើង​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប ហើយ​ពន្ធ​យើង​នាំចេញ​ទៅក្នុង100ដុល្លារ ក្នុង1តោន គេ​ដាក់​វិធានការ​ការពារ​នេះ គឺ​បូ​កលើ​ពន្ធ​ដែលមាន​ស្រាប់ តែបើ​នៅក្រោម​ប្រព័ន្ធ​EBA ពន្ធ​របស់​យើង​គឺ​ស្មើ​សូន្យ អុីចឹង​គេ​បូក​ថែម​លើ​ពន្ធ​សូន្យ​នេះ”។

    ឯកឧត្ដម​បានចាត់ទុក​ថា ការដាក់​ពន្ធ​នេះ គឺ​អឺរ៉ុប​បាន​បង្កើន​ពន្ធគយ​នាំចូល​របស់គេ​រហូតដល់12ខ្ទង់ ដើម្បី​ទាញ​អង្ករ​កម្ពុជា​ចូលទៅក្នុង​ប្រភេទ​ដែល​ដូច​ទៅនឹង​ប្រភេទ​អង្ករ​របស់​អុីតាលី​ដែរ ដូច្នេះ​អឺរ៉ុប​បាន​យក​បច្ចេកទេស​ទៅ​បំភ័ន្ត​តាមរយៈ​បញ្ញត្តិ​ក្នុងស្រុក​របស់​ពួកគេ។

    ឯកឧត្តម ចាត់ទុកថា ការដាក់​ពន្ធ​លើ​ការនាំចេញ​អង្ករ​កម្ពុជា​នេះ មាន​បច្ច័យ​ល្អ​ផង និង​បច្ច័យ​មិនល្អ​ផងដែរ។ បច្ច័យ​មិនល្អ​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​រូបនេះ​លើកឡើងថា ការដាក់​ពន្ធ​នេះ​អាច​នឹង​ធ្វើឱ្យ​កម្ពុជា​ខាតបង់​ប្រាក់​ប្រហែលជា 50លាន​ដុល្លារ ធ្វើឱ្យ​តម្លៃ​ស្រូវ​អង្ករ​របស់​កសិករ​អា​ច​ធ្លាក់ចុះ​ជាង​មុន​នៅពេល​អ្នក​នាំចេញ​ត្រូវ​ដំឡើងថ្លៃ​ទប់​ទល់នឹង​បញ្ហា​ពន្ធ​នេះ។

    លោក ច័ន្ទ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បានបង្ហាញ​ទស្សនៈ​លើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​លើ​រឿង​អឺរ៉ុប​ដាក់​ពន្ធ​លើ​អង្ករ​កម្ពុជា​នេះ​ថា បើ​យោងតាម​ព័ត៌មានផ្សេងៗទាក់ទង​នឹង​រឿង​ការដាក់​ពន្ធ​លើ​អង្ករ​កម្ពុជា​ដោយ​គណៈ​គណៈកម្មការ​អឺរ៉ុប​នេះ​អាចធ្វើ​ឱ្យដល់​អ្នកតាមដាន​វិលវល់។

    លោក សុផល បាន​បញ្ជាក់ថា៖“ខ្ញុំ​យល់ឃើញថា​ដូចជា​មិន​ធ្ងន់ធ្ងរ​ពេក​ទេ អឺរ៉ុប​មិនអាច​សម្លាប់​កសិករ​ខ្មែរ​តាមរបៀប​នេះ​ទេ បើ​គេ​ឆ្ងាញ់​នឹង​អង្ករ​ខ្មែរ គេ​ក៏​ទំនងជា​នៅតែ​ទិញ​ដដែល បើទោះបីជា​ថ្លៃ​ជាង​មុន​បន្តិច​ក៏ដោយ ដូច្នេះ​ប៉ុន្មាន​ខែ​ទៀត​នឹង​ដឹង​រឿង​ច្រើនជាង​នេះហើយ”។

    លោក សុផល យល់ថា កម្ពុជា​អាច​ដោះស្រាយបាន ប្រសិនបើ​រដ្ឋ​ជួយ​បន្ថែម​ដល់​វិស័យ​ស្រូវ​អង្ករ ដូចជា​ជួយ​បន្ថយថ្លៃ​អគ្គិសនី​ដល់​រោង​ម៉ាស៊ីន​ស្រូវ បន្ថយថ្លៃ​កំពង់ផែ កសាង​ផ្លូវ​រឹងមាំ​នៅតាម​ជនបទ និង​មិន​យកពន្ធ​កាត់​ទុក​ប្រចាំខែ។ ការកាត់បន្ថយ​ថ្លៃដើម​នឹង​ជំរុញ​ឱ្យ​អង្ករ​កម្ពុជា​កាន់តែ​មាន​ភាព​ប្រជែង​ឈ្នះ​នៅលើ​ទីផ្សារផ្សេងៗក្រៅពី​អឺរ៉ុប​ផងដែរ។ លោក​បាន​បន្ថែមទៀតថា កសិករ​អាច​លក់​ស្រូវ IR ឱ្យ​វៀតណាម​ដូច​សព្វដង ឬក៏​ជួយ​កសិករ​ឱ្យ​ផលិត​ស្រូវ​ក្រអូប​វិញ។

    ចំណែក​ឯកឧត្ដម ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងឱ្យដឹងថា កម្ពុជា​ពុំមាន​អ្វី​ទើសទាល់​ទេ​ចំពោះ​ការយកពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា​របស់​សហភាព​អឺរ៉ុប​នេះ។ លោក​ថា កម្ពុជា​ក៏​អាចមាន​លទ្ធភាព​ក្នុងការ​ចាត់ចែង​បង់ពន្ធ​បានដែរ។

    យោងតាម​ប្រទេសនីមួយៗ អ្នកទិញ​អង្ករ​ធំ​បំផុត​ពី​កម្ពុជា គឺ​ប្រទេស​ចិន (170,000តោន) បន្ទាប់មក​ប្រទេស​បារាំង (90,000តោន) ម៉ាឡេស៊ី(40,000តោន) ហ្គា​បុ​ង (30,000តោន) និង​ហូ​ឡង់ (26,000តោន)។ សហគមន៍​អឺរ៉ុប គឺជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​អង្ករ​កម្ពុជា​នៅ​ឆ្នាំ2018 ដោយ​កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​អឺរ៉ុប​ជិត 30ម៉ឺន​តោន(270,000តោន)ស្មើនឹង42,98% នៃ​ការនាំចេញ​សរុប​ទាំងអស់​ចំនួន 62ម៉ឺន​តោន៕

  • នៅ​ដើម​ឆ្នាំនេះ ក្រសួងទេសចរណ៍​ជំរុញ​ការបណ្តុះបណ្តាល​កាន់តែខ្លាំង ដើម្បី​សម្រេច​គោលដៅ (SDG) 2030

    នៅ​ដើម​ឆ្នាំនេះ ក្រសួងទេសចរណ៍​ជំរុញ​ការបណ្តុះបណ្តាល​កាន់តែខ្លាំង ដើម្បី​សម្រេច​គោលដៅ (SDG) 2030

    គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDG) សម្រាប់​ឆ្នាំ2030 ជាគោលដៅ​សកលមួយ​ដែល​ពិភពលោកបានដាក់​ចេញ​ដើម្បីឱ្យ​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ព្យាយាមគ្រប់​លទ្ធភាពដើម្បី​សម្រេចបាន​នូវ​សកម្មភាពសំខាន់ៗ ដូចជា ការបញ្ចប់​ភាពអត់ឃ្លាន ធ្វើឱ្យ​សេដ្ឋកិច្ច​កាន់តែ​ប្រសើរឡើង និងសកម្មភាពសំខាន់ៗជាច្រើន​ទៀតដែល​ក្នុងនោះ​ក៏មាន​វិស័យ​ទេសចរណ៍​មួយ​ផងដែរ។

    ឆ្លើយតប​នឹង​បញ្ហា​ទាំងអស់នេះ ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន​ផ្សេង ទៀត​បាន​បើក​កិច្ចប្រជុំ​មួយ​កាលពីដើម​ខែមករា​នេះ​ដើម្បី​បង្កើត“បណ្តាញ​អ្នកជំនាញនិង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍” នៅ​កម្ពុជា។គោលដៅ​សំខាន់​ក្នុងការ​បង្កើត​បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍​នេះ ដោយ ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញឱ្យមាន​កិច្ចសហការ​ល្អ​រវាង​គ្រប់ភាគី​ទាំងអស់​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជាដើម្បី​រួមគ្នា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ និរន្តរភាព​ឆ្នាំ2030 និង​ឆ្លើយតប​ជាមួយ​តម្រូវការ​ជាក់ស្តែង​រប​ស់​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​អនាគត។

    រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បាន​លើកឡើងថា កម្ពុជា​កំពុងមាន​ស្ថានភាព​វិជ្ជមាន​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ តែ​បញ្ហា​ប្រឈម​ដែល​យើង​កំពុង​ជួបប្រទះ គឺ​ធនធានមនុស្ស​ក្នុង​វិស័យនេះ ដែល​ទាមទារ​ឱ្យ​យើង​ត្រូវ​ពង្រឹង​ការអប់រំ​ឱ្យបាន​ច្រើន​បន្ថែមទៀត។ កម្ពុជា​ត្រូវការ​អ្នកជំនាញ​អប់រំ សាលា​បណ្តុះបណ្តាល​វិស័យ​ទេសចរណ៍ និង​ការចូលរួម​របស់​ប្រតិបត្តិការ​ទេសចរណ៍​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​បុគ្គលិក​ដែលមាន​ស្រាប់​ឱ្យ​កាន់​តែមាន​សមត្ថភាព​ខ្ពស់​ដើម្បី​បំពេញតម្រូវការ​ការងា​រ​នៅក្នុង​ប្រទេស និង​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់។

    ជា​ផែនការ​សកម្មភាព​ដើម្បី​សម្រេច​គោលដៅ​ពង្រឹង​ការអភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​ទេសចរណ៍​នៅ​កម្ពុជា អ្នកជំនាញ​ទាំងអស់​បានកំណត់​ថា ឆ្នាំ2020ចាំបាច់​ត្រូវ​ព្យាយាម​បង្កើត​ការងារ​ផ្ទាល់​ផ្នែក​ទេសចរណ៍​ឱ្យបាន 1លាន​នាក់ ហើយ​ត្រូវ​ជំរុញឱ្យមាន​អ្នកជំនាញ​បន្ថែម​យ៉ាងតិច50% ដែលមាន​សញ្ញាបត្រ ឬ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព​ស្តង់ដា​ជាតិ និង​អាស៊ាន ដោយមាន​ការបណ្តុះបណ្តាល និង​វាយតម្លៃ​ត្រឹមត្រូវ ព្រោះ​បច្ចុប្បន្ននេះ​អ្នក​កំពុងធ្វើការ​ងារ​ផ្នែក​ទេសចរណ៍​មួយចំនួន​មាន​សញ្ញាបត្រ និង​ទទួលបាន​ការអប់រំ​ពី​ផ្នែកផ្សេងៗទៀត​ដែល​មិនមែនជា​ជំនាញ​ទេសចរណ៍។

    ជា​គោលដៅ​បន្ត សម្រាប់​ឆ្នាំ2025 កម្ពុជា​បានកំណត់​ផែនការ​បង្កើត​ការងារ​ផ្ទាល់​លើ​វិស័យ​ទេសចរណ៍​ឱ្យបាន 1.2លាន​នាក់ និង​ត្រូវ​សម្រេច​ឱ្យបាន​នូវ​យុទ្ធនាការ “បុគ្គលិក​ម្នាក់ ជំនាញ​មួយ” ដើម្បី​ជំរុញ​ឱ្យ​អ្នកជំនាញ​ទេសចរណ៍​ទាំងអស់​មាន​សមត្ថភាព និង​សញ្ញាបត្រ​ត្រឹមត្រូវ​ដើម្បី​ប្រើប្រាស់​ក្នុង​វិជ្ជាជីវៈ​របស់ខ្លួន។ ចំណែកឯ​គោលដៅ​ចម្បង​ចុងក្រោយ​នៅ​ឆ្នាំ2030 គឺ​ត្រូវ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDG) ផ្នែក​ទី4 ដែល​ធានា​ឱ្យទទួល​បាន​នូវ​ការបណ្តុះបណ្តាល​ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យាប​ន្ន ព្រមទាំង​លើក​កម្ពស់​ឱកាស​សិក្សា​ពេញ​មួយជីវិត និង​គោលដៅ SDG ទី8 ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការងារ​សមរម្យ​ដល់​ជន​គ្រប់រូប​ក្នុង​វិស័យ​ទេសចរណ៍​តាមរយៈ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ឱ្យមាន​កម្រិតស្តង់ដា​រទាំ​ង​ជាតិ និង​អន្តរជាតិ។

    បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍ ជា​បុគ្គល​ដែលមាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញឱ្យ​គោលដៅ​សំខាន់​នានា​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ។ ជា​ផែនការ​សកម្មភាព​រប​ស់​ស្ថាប័ន​នេះ គឺ​តម្រូវឱ្យមាន​កិច្ចប្រជុំ​ជាប្រចាំ​តាម​ពេលវេលា​កំណត់​ជាក់លាក់ និង​រៀបចំ​កម្មវិធីសំខាន់ៗជាច្រើន​ផ្សេងទៀត​ដើម្បី​ផ្តល់ឱកាស​ឱ្យ​ស្ថាប័ន​អប់រំ​ផ្នែក​ទេសចរណ៍ សិស្ស-និស្សិត និង​ប្រតិបត្តិ​ករ​ទេសចរណ៍​មានឱកាស​ចែករំលែក និង​ទទួលបាន​ចំណេះដឹង​យ៉ាង​ទូលំទូលាយ។

    សម្រាប់​គម្រោង​ក្នុង​ឆ្នាំ2019 នេះ បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍​គ្រោង​នឹង​រៀបចំ​ឱ្យមាន​អ្នកផ្តល់​ការបណ្តុះបណ្តាល​គំរូពិព័រណ៍​ម្ហូបអាហារ និង​ការប្រឡងប្រណាំង​អាហារ​ស្អាត​តាម​ដងផ្លូវ រួមទាំង​ការប្រឡងប្រណាំង​សរសេរ​អត្ថបទ​ស្រាវជ្រាវ​ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំឆ្នាំ ដើម្បី​ចូលរួម​លើកកម្ពស់​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ថែម​ទៀតផង។ លើសពីនេះទៅទៀត​ក៏បាន​គ្រោង​នឹង​ដាក់ឱ្យ​ផ្សព្វផ្សាយ​សៀវភៅ​តម្រង់ទិស​ការសិក្សា និង​អាជីព​ក្នុង​វិស័យ​ទេសចរណ៍ ព្រមទាំង​បានប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​ចលនា​ប្រឡងប្រណាំង​អ្នកជំនាញ​ទេសចរណ៍​គំរូ ប្រចាំឆ្នាំ2019 លើ​ផ្នែក​ការិយាល័យ​ជួរមុខ ផ្នែក​ម្ហូបអាហារ និង​ភេសជ្ជៈ ដែល​លទ្ធផល​ជយលាភី​នៃ​ការប្រឡងប្រណាំង​នេះ​គ្រោង​នឹង​ប្រកាស​ផ្សព្វផ្សាយ​នៅពេល​ចុងឆ្នាំ៕

  • រាជរដ្ឋាភិបាល​ផ្តល់​ការលើកទឹកចិត្ត​ពន្ធ​ក្នុង​វិស័យ​មូល​ប​ត្រ

    រាជរដ្ឋាភិបាល​ផ្តល់​ការលើកទឹកចិត្ត​ពន្ធ​ក្នុង​វិស័យ​មូល​ប​ត្រ

    ដើម្បី​អភិវឌ្ឍ​វិស័យ​មូល​ប​ត្រ​កម្ពុជា និង​ជំរុញឱ្យមាន​ការចុះបញ្ជី​ក្នុង​ផ្សារ​មូល​ប​ត្រ​កម្ពុជា​ពី​សំណាក់​ក្រុមហ៊ុន​នានា ថ្មីៗនេះ​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តីពី​ការលើកទឹកចិត្ត​ពន្ធ​ក្នុង​វិស័យ​មូល​ប​ត្រ។

    យោងតាម​អនុក្រឹត្យ​លេខ០១ អនក្រ.បក ចុះហត្ថលេខា​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ4 ខែមករា ឆ្នាំ2019 ស្តីពី​ការលើកទឹកចិត្ត​ពន្ធដារ​ក្នុង​វិស័យ​មូល​ប​ត្រ និង​បើកផ្លូវ​ឱ្យមាន​ក្រុមហ៊ុន​ជាច្រើន​មក​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ឱ្យមាន​ភាព-​រីកចម្រើន​ទៅមុខ។

    អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ក្រុមហ៊ុន ឬ​សហគ្រាស​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​ជា​សាធារណៈ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ ហៅថា គ.ម.ក និង​បាន​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត។

    ការលើកទឹកចិត្ត​ពន្ធដារ​ក្នុង​វិស័យ​មូល​ប​ត្រ​បាន​ផ្តល់ជូន​អ្នកវិនិយោគ​សាធារណៈ​ដែល​កាន់កាប់ និង​ឬ ទិញ-លក់​មូល​ប​ត្រ​រដ្ឋ មូល​ប​ត្រ​កម្មសិទ្ធិ និង​ឬមូល​ប​ត្រ​បំណុល​ដែល​បាន​បោះផ្សាយ​លក់​ជា​សាធារណៈ និង​បាន​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត។ សម្រាប់​គោលដៅ​នៃ​អនុក្រឹត្យ​នេះ គឺ​អ្នក​វិនិយោគសាធារណៈ រួមទាំង​អ្នកវិនិយោគ​និវាស​ន​ជន និង​អ​និវាស​ន​ជន។

    ក្រុមហ៊ុន ឬ​សហគ្រាស បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ និង​ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​ជា​សាធារណៈ ដែល​ទទួលបាន​ការអនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ ហៅថា គ.ម.ក និង​បាន​ចុះបញ្ជី​ជួញដូរ​មូលប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត គិត​ចាប់​ពីថ្ងៃ​ដែល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន ត្រូវបំពេញ​បែបបទ​ជូន​អគ្គនាយកដ្ឋាន​ពន្ធដារ​តាមរយៈ គ.ម.ក នៅ​រាល់​មុន​ការិយបរិច្ឆេទ​បង់ពន្ធ​សម្រាប់​ឆ្នាំសារពើពន្ធនីមួយៗដើម្បី​ទទួលបាន​ការលើកទឹកចិត្ត​ដោយ​បន្ថយពន្ធ​លើ​ប្រាក់ចំណូល​ចំនួន 50ភាគរយ​នៃ​ពន្ធ​លើ​ប្រាក់ចំណូល ត្រូវ​បង់​ក្នុង​រយៈពេល​នៃ​ការទទួលបាន​ការលើក​ទឹកចិត្ត​ពន្ធដារ។

    ការលើកទឹកចិត្ត​ពន្ធដារ​មាន​រយៈពេល 3ឆ្នាំ និង​ត្រូវ​គិត​ចាប់ផ្តើម​ពី​ដើមឆ្នាំ​ជាប់ពន្ធ​ដែល​មូល​ប​ត្រ​នោះ​ត្រូវបាន​បោះផ្សាយ​លក់​ជា​សាធារណៈ​ក្នុងករណី​ដែល​ការបោះ​ផ្សាយ​លក់​នោះ​ធ្វើឡើង​ក្នុងអំឡុងពេល 6ខែ ដើមឆ្នាំ​ជាប់ពន្ធ​នោះ ឬក៏​ដើមឆ្នាំ​ជាប់ពន្ធ​បន្ទាប់ពី​ឆ្នាំ​ជាប់ពន្ធ​ដែល​មូល​ប​ត្រ​នោះ​ត្រូវ​បោះផ្សាយ​លក់​ជា​សាធារណៈ​ក្នុងករណី​ដែល​ការបោះ​ផ្សាយ​លក់​នោះ​ធ្វើឡើង​ក្នុងអំឡុងពេល 6ខែ​ចុងឆ្នាំ​ជាប់ពន្ធ និង​អំឡុងពេល​ណាមួយ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

    ចំពោះ “ក្រុមហ៊ុន ឬ​សហគ្រាស​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ និង​ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​ជា​សាធារណៈ​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​គណៈកម្មការ​មូល​ប​ត្រ ហៅថា គ.ម.ក និង​បាន​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត ក្នុង​រយៈពេល 3ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ដែល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន ត្រូវ​ទទួលបាន​ការអនុគ្រោះ​បំណុល​ពន្ធ​ដែល​រួម​ប​ញ្ជូ​ល​ពន្ធ​លើ​ប្រាក់ចំណូល​ទាំងស្រុង ពន្ធ​កាត់​ទុក អាករ​លើ​តម្លៃបន្ថែម អាករ​ពិសេស​លើ​ទំនិញ និង​សេវា​មួយចំនួន អាករ​ស្នាក់នៅ អាករ​បំភ្លឺ​សាធារណៈ”។

    ការអនុគ្រោះ​បំណុល​ពន្ធ​ទាំងស្រុង គឺ​បំណុល​ពន្ធ​ចាប់ពី​កាលបរិច្ឆេទ N-2 ដល់ N-10 សម្រាប់​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ក្នុងការ​ចុះបញ្ជី​នៅ​ទីផ្សារ​គោល។ បំណុល​ពន្ធ​ចាប់ពី​កាលបរិច្ឆេទ N-2 ដល់ N-10 សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​បាន​បំពេញ​លក្ខខណ្ឌ​ក្នុងការ​ចុះបញ្ជី​នៅ​ទីផ្សារ​កំណើន។ (ឆ្នាំ N គឺជា​ឆ្នាំ​ដែល​ក្រុមហ៊ុន ឬ​សហគ្រាស​ធ្វើការ​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ និង​ឬ​មូល​ប​ត្រ​បំណុល​ជា​សាធារណៈ​ជា​លើកដំបូង)។

    អនុក្រឹត្យ​ក៏បាន​លើកទឹកចិត្ត​ពន្ធ​កាត់​ទុក​ដល់​អ្នកវិនិយោគ​មូល​ប​ត្រ​ផងដែរ ដោយ​អ្នក​វិនិយោគសាធារណៈ ត្រូវ​ទទួលបាន​ការបន្ថយ​ពន្ធ​កាត់​ទុក50ភាគរយ​លើ​ប្រាក់ និង​ឬ​ភាគលាភ​ដែល​បានមកពី​ការកាន់កាប់ និង​ឬ​ទិញ​មូល​ប​ត្រ​រដ្ឋ មូល​ប​ត្រ​កម្មសិទ្ធិ និង​មូល​ប​ត្រ​បំណុល​សម្រាប់​រយៈពេល3ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ដែល អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន។

    ដោយឡែក​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​មិនត្រូវ​បានទទួល​ការលើកទឹកចិត្ត​ពន្ធ​លើ​ប្រាក់ចំណូល​ក្នុងករណី​ក្រុមហ៊ុន​នោះ​ជា​សហគ្រាស​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ដែល​កំពុងស្ថិត​នៅក្នុងរ​យៈ​ពេល​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល ដូច​មានចែង​ក្នុង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តីពី​ការវិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

    អគ្គនាយកដ្ឋាន​ពន្ធដា​រ​អាច​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​តាមរយៈ គ.ម.ក ដើម្បី​បញ្ឈប់​ការលើកទឹកចិត្ត​ពន្ធដារ និង​ការអនុគ្រោះ​បំណុល​ពន្ធ ក្នុងករណី​ក្រុមហ៊ុន ឬ​សហគ្រាស​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​ជា​សាធារណៈ​មិនបាន​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​ប្រចាំខែ តាម​កាលកំណត់​របស់​រដ្ឋបាល​សារពើពន្ធ។ មិនបាន​ដាក់​លិខិត​ប្រកាស​សារពើពន្ធ​ប្រចាំឆ្នាំ​សម្រាប់​ឆ្នាំសារពើពន្ធ និង​បង់ប្រាក់​ពន្ធ​តាម​កាលកំណត់ នឹងមិន​អនុញ្ញាតឱ្យ​រដ្ឋបាល​សារពើពន្ធ​ធ្វើ​សវនកម្ម​លើ​បញ្ជី​កា​គណនេយ្យ ឬ​ឯកសារផ្សេងៗនិង​មិនបាន​បង់ពន្ធ​អាករ​ទាំង​អស់ ពន្ធ​បន្ថែម និង​ការប្រាក់​ដែល​បានកំណត់​សម្រាប់​រយៈពេល​ជាប់ពន្ធ ដែល​បានធ្វើ​សវនកម្ម​រួច​ដោយ​រដ្ឋបាល​សារពើពន្ធ។

    ដោយឡែក​ក្រុមហ៊ុន ឬ​សហគ្រាស​ដែល​ទទួលបាន​ការលើក​ទឹកចិត្ត​ពន្ធ​លើ​ប្រាក់ចំណូល​មិនបាន​អនុវត្ត​តាមច្បាប់​ស្តីពី​ការបោះ​ផ្សាយ និង​ការជួញដូរ​មូល​ប​ត្រ​មហាជន និង​បទ​ប្បញ្ញត្តិ​នានា​ពាក់ព័ន្ធ​នឹង​វិស័យ មូល​ប​ត្រ គ.ម.ក អាច​ស្នើសុំ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ ដើម្បី​បញ្ឈប់​ការលើកទឹកចិត្ត​ពន្ធ​បាន។

    ចំពោះ​ក្រុមហ៊ុន​ដែល​បាន​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ ឬ​មូល​ប​ត្រ​បំណុល​លើកដំបូង​សាធារណៈ និង​ដែល​បាន​ចុះបញ្ជី​ជួញដូរ​មូល​ប​ត្រ​នៅ​ទីផ្សារ​មូល​ប​ត្រ​ប្រតិ​ស្រុត​រួចហើយ តែ​មិនទាន់​ទទួលបាន​ការលើកទឹកចិត្ត​ពន្ធដារ​នោះ ក៏ត្រូវ​បានផ្តល់​ការលើកទឹកចិត្ត​ពន្ធដារ​ផងដែរ។

    លោក​ឧកញ៉ា ហួត អៀង​តុង ប្រធាន​អគ្គនាយក​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហត្ថា​កសិករ លីមីត​ធី​តដែលជា​ស្ថាប័នហិរញ្ញវត្ថុ​ដំបូង​គេ​ដែល​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​បំណុល​នៅក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​ថ្លែងថា វា​ជា​រឿង​ល្អ ដែល​អាចជួយ​ជំរុញ​ផ្សារ​ហ៊ុន​នៅ​កម្ពុជា​កាន់តែ​ល្អប្រសើរ​ឡើង។

    លោក​ឧកញ៉ា​បន្ថែមថា ការអនុគ្រោះ​ពន្ធ​នេះ គឺជា​ការចាប់ផ្តើម​ដ៏​ត្រឹមត្រូវ ដោយសារតែ​ក្រុមហ៊ុន​មួយចំនួនធំ​បានចាប់ផ្តើម​អនុវត្ត​តាមច្បាប់ តាម​ទម្លាប់ គោលការណ៍​បាន​ត្រឹមត្រូវ​ច្រើន​ហើយ ដូចជា​ទៅលើ​ប្រព័ន្ធ​គណនេយ្យ ប្រព័ន្ធគ្រប់គ្រង និង​អភិបាលកិច្ច​ល្អ។ លោក​ឧកញ៉ា​បន្តថា ក្រុមហ៊ុន​ទាំងអស់​នោះបាន​បំពេញ​បានល្អ​ច្រើន​ទៅលើ​គុណវុឌ្ឍិ ជាពិសេស​ទៅលើ​ប្រព័ន្ធគ្រប់គ្រង ហិរញ្ញវត្ថុ និង​អភិបាលកិច្ច​ល្អ។

    លោក​ឧកញ៉ា​បន្តទៀតថា៖“វា​ជាការ​លើកទឹកចិត្ត​មួយ​ដ៏​ល្អ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ការលើកទឹកចិត្ត​នេះ​អាច​នឹង​ជំរុញឱ្យមាន​ក្រុមហ៊ុន​ច្រើនឡើង​ក្នុង​ទីផ្សារ​ហ៊ុន ហើយ​ខ្ញុំ​ជឿថា ប្រជាជន​ចាប់ផ្តើម​យល់ និង​មាន​ទំនុកចិត្ត​លើ​ផ្សារ​ហ៊ុន ដូចនេះ​វា​ជាការ​ចាប់ផ្តើម​ដ៏​ល្អ​មួយ”៕

  • ដឹងអត់ ?? នាយ ចឺម សល់មួយខែដល់ទៅម៉ឺនៗដុល្លារ

    ដឹងអត់ ?? នាយ ចឺម សល់មួយខែដល់ទៅម៉ឺនៗដុល្លារ

    នាយ ចឺម អតីតអ្នកកំប្លែងក្រុមនាយ ពែកមី និងជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ត្រូវបានគេដឹងថា ថ្មីៗនេះវីឡាថ្មីសន្លាង ដែលមានទីតាំងស្ថិតនៅឃុំមហាឫស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណាយទឹកប្រាក់បុកគ្រិះអស់ជាង 14 ម៉ឺនដុល្លារសហរដ្ឋអាមេរិក របស់នាយ ចឹម នោះ មានសភាពជិតរួចរាល់ហើយ ។ ថ្វីបើនៅមានវ័យក្មេងខ្ចីក៏ពិតមែន ប៉ុន្តែតារាចម្រៀងនាយ ចឺម ដែលជាអតីតតារាកំប្លែង ទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជន ហើយសម្រាប់ការគាំទ្រដ៏លើសលប់នេះ បានធ្វើឱ្យនាយ ចឺម គេចចេញពីភាពក្រ រហូតក្លាយជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម ជួយទំនុកបម្រុងក្រុមគ្រួសារសព្វបែបយ៉ាង។

    មួយរយៈចុងក្រោយនេះ គឺនាយរវល់ខ្លំាងមែនទែន ទៅលើការថតចំរៀង សំរាប់ចូលឆ្នំាខ្មែរ នាយ ចឺម បញ្ចាក់ឱ្យសារព័តមានក្នុងស្រុកមួយដឹងថា នាយ អាចរកបានលុយច្រើនដែរមួយខែៗ តែត្រូវចំនាយក៏ច្រើនដែលលើអ្នករំា ទៅ លើការធ្វើដំនើរ ទៅលើឡាន និងថ្លៃចំនាយផ្សេងៗទៀត ។ រហូតដល់ចុងក្រោយនាយទម្លាយការពិតថា ក្នងមួយខែអាចសល់បាន 2ម៉ឺនដុល្លារ ឬ លើសនេះផងដែរ ។ ហើយបច្ចុប្បន្ននេះដែរនាយ កំពុងមមាញឹកចំពោះផ្នែកចំរៀង ដោយឡែកចំពោះអាជីពកំប្លែងគឺសំរាកមួយរយះសិន ៕

  • វិស័យ​ឧស្សាហកម្ម​ក្នុង​ឆ្នាំ2018 រួមចំណែក​ក្នុង​កំណើន ផ.ស.ស 32.4%

    វិស័យ​ឧស្សាហកម្ម​ក្នុង​ឆ្នាំ2018 រួមចំណែក​ក្នុង​កំណើន ផ.ស.ស 32.4%

    ឆ្នាំ2018 កន្លងទៅ វិស័យ​ឧស្សាហ​កម្មបាន​ចូលរួម​ក្នុង​កំណើន​នៃ​ផលិតផល​ក្នុងស្រុក​សរុប(ផ.ស.ស)មាន​ប្រមាណ 32.4% ដែល​សម្ទុះ​នៃ​ការរីកចម្រើន​ក្នុង​វិស័យ​ឧស្សាហ​កម្មនេះ​បានរួម​ចំណែក​មួយផ្នែក​ធំ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ និង​រួមចំណែក​ដល់​ការផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ពី​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ទៅជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម។

    ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បានលើកឡើងនៅក្នុង​សន្និបាត​ក្រសួង​ស្ដីពី​សមិទ្ធផលសំខាន់ៗជាច្រើន​ដែល​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សម្រេចបាន​ក្នុងការ​ជំរុញ និង​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ឆ្នាំ2018 និង​ក្នុង​រយៈពេល​មួយ​អាណត្តិ​កន្លងទៅ ដែល​កាលពី​ឆ្នាំមុន(2017)មាន​ត្រឹម 30.9% តែ​កំណើន​នៃ​ផ.ស.ស​ក្នុង​ឆ្នាំ2018 កន្លងទៅ​មាន 32.4% ហើយ​បាន​បង្កើន​អនុ​បាត​វិស័យ​ឧស្សាហកម្ម ប្រមាណ​ជា 10.9% (ឆ្នាំ2017 មានតែ 9.5%)។

    ឯកឧត្តម​បណ្ឌិត បាន​បន្តថា ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក៏មាន​ឆន្ទៈ​សិក្សា​ស្រាវជ្រាវ​ និង​ចាប់យក​ឱកាស​ពី​ការរីកចម្រើន នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី4 ដែល​ស្តែង​ឱ្យឃើញ​ពី​ការវិវឌ្ឍ​នៃ​ភាព​រីកចម្រើន​បច្ចេកវិទ្យា​នៃ​ពិភពលោកហើយ​ដែល​អាច​ជះឥទ្ធិពល​ដល់​ការធ្វើឱ្យមាន​ការផ្លាស់ប្តូ​រ​យ៉ាង​លឿន ដល់​វិស័យ​ផលិតកម្ម ឧស្សាហកម្ម សំដៅ​ជំរុញឱ្យមាន​ការកែលម្អ​ខ្សែចង្វាក់​ផលិតកម្ម ការបង្កើន​ផលិតភាព និង​ប្រសិទ្ធភាព​ការងារ នៅក្នុង​វិស័យ​ឧស្សាហកម្ម សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។

    នៅក្នុង​របាយការណ៍​បាន​បង្ហាញថា ចំនួន​រោងចក្រ​សរុប​នៅក្នុង​ឆ្នាំ2018 កន្លងទៅ​មាន​ចំនួន1,528ដោយ​ចំនួន​នេះ​បាន​កើន​លើស​ឆ្នាំ2017 ចំនួន 28រោងចក្រ។ ចំណែកឯ​កម្លាំង​ពលកម្ម​សរុប​ក្នុង​ឆ្នាំ2018 មាន​ចំនួន 973,129នាក់ ដែល​កាលពី​ឆ្នាំ1998 មាន​ត្រឹមតែ 98,153នាក់​ប៉ុណ្ណោះ។

    ចំពោះ​តម្លៃ​សរុប​បរិមាណ​ផលិតផល​ក្នុង​ឆ្នាំ2018កន្លងទៅ មាន​ចំនួន​ប្រមាណ 13,538លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ26% បើ​ធៀប​នឹង​ឆ្នាំ2017 ដែល​បរិមាណ​ផលិតផល​នាំចេញ​មាន​ប្រមាណ​តែ 10,137លាន​ដុល្លារ​អាមេរិក និង​តម្លៃ​សរុប​បរិមាណ​ផលិតផល​លក់​ក្នុងស្រុក​មាន​ប្រមាណ3,401លាន​ដុល្លារ​អាមេរិក។

    នៅក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ផ្នែក​កម្មន្តសាល SMEs វិញ​ក្នុង​ឆ្នាំ2018 មាន​ចំនួន​សរុប 156,853មូលដ្ឋាន(ទីតាំង​អាជីវកម្ម) និង​ផ្តល់​ការងារ​បាន​ចំនួន1,123,333កន្លែង ធៀប​នឹង​ឆ្នាំ2017 មាន​ចំនួន 155,640មូលដ្ឋាន ដែល​ក្នុងនោះ​មាន​កំណើន​ចំនួន 1,213មូលដ្ឋាន ស្មើនឹង0.78%។

    ឯកឧត្តម ចម ប្រសិទ្ធ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា នៅក្នុង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម និង​សិប្បកម្ម​ផ្នែក​កម្មន្តសាល​នេះ រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ដោយបាន​លើកទឹកចិត្ត​ក្នុងការ​អនុគ្រោះ​ពន្ធ ដែល SMEs អាច​ចាប់យក​នូវ​អត្ថប្រយោជន៍​ពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នេះ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ SMEs ដែលជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច បង្កើត​ការងារ​បន្ថែម និង​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុងស្រុក។

    សម្រាប់​ការផ្តល់​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ចំពោះ​អាជីវកម្ម សហគ្រាស​អាច​ទទួលបាន​នូវ​ការលើកទឹកចិត្ត​ដូចជា៖

    1- លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន 3ឆ្នាំ​ដោយ​គិត​ចាប់​ពីថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន។

    2-​ លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​រយៈពេល5ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ដែល​ចុះបញ្ជី​ពន្ធដារ​សម្រាប់​សហគ្រាស​ចុះបញ្ជី​ថ្មី ឬ​ចាប់​ពីថ្ងៃ​ដែល​សហគ្រាស​មក​ធ្វើ​បច្ចុប្បន្ន​កម្ម​សម្រាប់​សហ​គ្រាស​ដែល​បាន​ចុះបញ្ជី​ពន្ធដារ​រួចហើយ ចាប់ពី​ពេល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន និង​បាន​បំពេញ​លក្ខខណ្ឌ​ណាមួយ​ដូចខាងក្រោម ដូចជា​ការប្រើ​វត្ថុធាតុដើម​ក្នុងស្រុក​ចាប់ពី 60%ឡើងទៅ ឬ​បង្កើន​ចំនួន​និយោជិត​បន្ថែម​យ៉ាងតិច 20% ឬ​មាន​ទីតាំង​ក្នុង​តំបន់​ប្រមូលផ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម (SME Cluster)។

    ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បានផ្តល់​ការកោតសរសើរ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការគ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្នុងការ​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដែល​បាន​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល នៅក្នុង​នីតិកាល​ទី5 កន្លងទៅ រួមទាំង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី3 គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ2015-2025។

    ឯកឧត្តម​អគ្គបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា កិច្ចខិតខំ​ទាំងអស់នោះ បាន​នាំមក​នូវ​សមិទ្ធផល​នានា​គួរ​ជាទី​មោទនៈ និង​បានធ្វើឱ្យ​វិស័យ​ឧស្សាហកម្ម​កម្ពុជា មានការ​អភិវឌ្ឍរីកចម្រើន​ពី​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយ ដែល​បាន​ចូលរួម​វិភាគទាន​យ៉ាងសំខាន់ ដល់​ការរក្សា​កំណើន​សេដ្ឋកិច្ចជាតិ៕

  • ដឹងហើយ!! នី រតនា ដឹកដៃភរិយាទៅក្រេបច័ន្ទទឹកឃ្មុំ​​នៅ​កោះ​ម៉ា​ឌីវ

    ដឹងហើយ!! នី រតនា ដឹកដៃភរិយាទៅក្រេបច័ន្ទទឹកឃ្មុំ​​នៅ​កោះ​ម៉ា​ឌីវ

    ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស លោកនី រតនា បានរៀបចំពិធីមង្គលការរបស់ខ្លួនយ៉ាងអធិកអធម កាលពីថ្ងៃទី18 ខែមករា កន្លងទៅនេះ ដែលមានការចូលរួមពីសំណាក់មិត្តរួមសិល្បៈជាច្រើនដួង បានចូលរួមអបអរដល់គូភរិយាថ្មីមួយគូនេះ។ យ៉ាងណាមិញនៅពេលថ្មីនេះ លោកនី រតនា បានបង្ហោះរូបភាពជាមួយនិងភរិយារបស់លោក និងបានសរសេរថា “ទាយមើលថាពួកខ្ញុំកំពុងទៅណា?” ។ អ្នកគាំទ្រទ្រាំមិនបានក៏បានធ្វើការខម្មិន្តថា៖ “Honey moon, ទៅក្រេបទឹកឃ្មុំ” ។

    មានអ្នកខ្លះទស្សទាយថា ទៅក្រេបទឹកឃ្មុំ នៅឯប្រទេសថៃ ហើយបានសរសេរសារជូនពរអ្នកទាំងពីរប្រកបដោយសុខសុវត្តិភាពនឹងរីករាយក្នុងការធ្វើដំណើរកម្សាន្ដនេះផងដែរ ។ ជាការពិតណាស់ លោក នី រតនា បាន​ Live វីដេអូ ​ ដោយ​បញ្ជាក់​ថា ​លោកបានធ្វើដំណើរមកកាន់កោះ​ ម៉ាឌីវ ប្រហែល​ម៉ោង​2​រសៀល។ ​គ្រាន់​តែ​មក​​ដល់​ទី​នេះ​ភ្លាម ​អ្នក​ទាំង​ពីរ​ពិត​ជា​ភ្ញាក់​ផ្អើល​នឹង​ទេសភាព​ស្អាត​មិន​ធម្មតា ​ទឹក​ថ្លា​ឆ្លុះ​ដល់​បាត ​រួម​ទាំង​អាកាស​ធាតុ​ត្រជាក់​ បរិសុទ្ធ​ ថែម​ទៀត ​កាន់​តែ​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​មួយ​នេះ ​​រ៉ូ​មែន​ទិក។ លើស​ពី​នេះ ​លោក​សន្យា​ជាមួយ​អ្នក​គាំ​ទ្រ​ថា នឹង​បង្ហោះ​រូប​ស្អាត​ៗ​នៅ​កោះ​ម៉ា​ឌីវ ឱ្យបាន​ទស្សនា។

    ទស្សនា​រូប​ភាពទៅក្រេបច័ន្ទទឹកឃ្មុំ​​នៅ​កោះ​ម៉ា​ឌីវ ​របស់​តារា​ចម្រៀង នី រតនា និងភរិយា៖

  • ស្ករត្នោត​កំពង់ស្ពឺ​រំពឹងថា នឹង​ទទួលបាន​ការចុះបញ្ជី​ក្នុង​សហគមន៍​អឺរ៉ុប​នៅ​ដើមឆ្នាំ2019នេះ

    ស្ករត្នោត​កំពង់ស្ពឺ​រំពឹងថា នឹង​ទទួលបាន​ការចុះបញ្ជី​ក្នុង​សហគមន៍​អឺរ៉ុប​នៅ​ដើមឆ្នាំ2019នេះ

    រហូតមកទល់​ពេលនេះ សហគមន៍​អឺរ៉ុប​មិនទាន់បាន​ចុះបញ្ជី​ស្ករត្នោត​កំពង់ស្ពឺ ដែលជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​កម្ពុជា​នៅក្នុង​ទីផ្សារ​សហគមន៍​អឺរ៉ុប​នៅឡើយ​ទេ បើទោះបីជា​វិវាទ និង​ការប្តឹង​ជំទាស់​ពី​សំណាក់​ក្រុមហ៊ុន​មួយចំនួន​នៅ​អឺរ៉ុប​ត្រូវបាន​ដោះស្រាយ​រួចហើយ​ក្តី។ នេះ​បើ​យោងតាម​មន្ត្រី​នៃ​ក្រសួងពាណិជ្ជកម្ម។

    ស្ករត្នោត​កំពង់ស្ពឺ ដែលជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI)នៅ​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា នឹង​ទទួលបាន​ការចុះបញ្ជី​ទទួលស្គាល់​ជា​ផលិតផល​ប្រចាំ​ភូមិសាស្ត្រ​នៅ​សហគមន៍​អឺរ៉ុប​នៅ​ដើម​ឆ្នាំនេះ ប៉ុន្តែ​កម្ពុជា​មិនទាន់​ទទួលបាន​ដំណឹង​ល្អ​ណាមួយ​នៅឡើយ​ទេ​អំពី​ការចុះបញ្ជី​នេះ។ នេះ​បើ​យោងតាម​សម្តី​លោក អប់ រ៉ា​ឌី​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិបញ្ញា​នៃ​ក្រសួងពាណិជ្ជកម្ម។

    លោក​បាន​ថ្លែងថា ស្ករត្នោត​កំពង់ស្ពឺ​ដែល​ត្រូវបាន​ទទួលស្គាល់ និង​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រួចហើយនោះ នឹង​ក្លាយជា​ផលិតផល​ទី2 ដែល​នឹង​ត្រូវបាន​សហគមន៍​អឺរ៉ុប​ទទួល​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នៅ​សហគមន៍​អឺរ៉ុប​បន្ទាប់ពី​ផលិតផល​ម្រេច​ខេត្តកំពត​ដោយ​ការចុះបញ្ជី​នេះ​អាច​នឹង​ធ្វើឡើង​នៅក្នុង​ឆ្នាំនេះ។

    លោក រ៉ា​ឌី បានរៀបរានប់៖“ស្ករត្នោត​កំពង់ស្ពឺ​ត្រូវបាន​គេ​រំពឹងថា នឹង​ទទួលបាន​ការចុះបញ្ជី​កាលពី​ខែមេសា ឆ្នាំ2018កន្លងទៅ ប៉ុន្តែ​ដោយសារ​មាន​បញ្ហា​មួយចំនួន​ទាក់ទង​នឹង​និយមន័យ​នៃ​ពាក្យ​ថា “ស្ករត្នោត” នៅក្នុង​ច្បាប់ GI របស់​សហគមន៍​អឺរ៉ុប ទើប​ធ្វើឱ្យ​ដំណើរការ​ចុះបញ្ជី​មានការ​ពន្យារពេល”។

    លោក រ៉ា​ឌី បាន​បន្តថា៖“អ្វីៗទាំងអស់​យើង​បាន​ដោះស្រាយ​រួច​អស់ហើយ ហើយ​យើង​ក៏បាន​កែ​សៀវភៅ​បន្ទុក​នៃ​ស្ករត្នោត​របស់​យើង​ដែរ ដើម្បីឱ្យ​ស្របទៅនឹង​ច្បាប់​របស់​សហគមន៍​អឺរ៉ុប”។ លោក​បន្ថែមថា៖“ការទទួលស្គាល់​របស់​សហគមន៍​អឺរ៉ុប និង​ជួយ​ការពារ​ផលិតផល​ស្ករត្នោត​កម្ពុជា​ពី​ការបន្លំ​ម៉ាក​នៅលើ​ទីផ្សារ​សហគមន៍​អឺរ៉ុប និង​ម្យ៉ាងវិញទៀត វា​នឹង​ជួយ​ឱ្យ​តម្លៃ​ស្ករត្នោត​កំពង់ស្ពឺ​ទទួលបាន​តម្លៃ​ខ្ពស់​ផងដែរ”។

    គួរ​បញ្ជាក់ថា កាលពី​ខែកុម្ភៈ ឆ្នាំ2017 ម្រេច​កំពត​បាន​ក្លាយជា​ផលិតផល​ទី1 របស់​កម្ពុជា​ដែល​ទទួលបាន​វិញ្ញាបនបត្រ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ(GI) ពី​សហគមន៍​អឺរ៉ុប។ ក្នុងន័យ​ថា រាល់​ផលិតផល​ដែល​បាន​លក់​នៅ​អឺរ៉ុប គឺមាន​ឈ្មោះថា ម្រេច​កំពត ដែលមាន​ប្រភពដើម​នៅ​ខេត្តកំពត និង​ខេត្ត​ជាប់​គ្នា គឺ​ខេត្ត​កែប។

    លោក សំ សារឿន ប្រធាន​សមាគម​អភិវឌ្ឍន៍​ស្ករត្នោត​ខេត្តកំពង់ស្ពឺ (KSPSPA)បានឱ្យដឹងថាចំពោះ​ស្ករត្នោត​កំពង់ស្ពឺ​ដែល​ស្នើ​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នៅ​អឺរ៉ុប​នោះ គឺ​មិនមាន​បញ្ហា​អ្វី​នោះទេ​នៅពេលនេះ។

    លោក សារឿន មានប្រសាសន៍ថា៖“គេ​ទទួលយក​ហើយ គ្មាន​ការប្តឹង​ជំទាស់​ទៀត​ទេ ពីមុន​មាន​ក្រុមហ៊ុន​នៅ​ស្វ៊ី​ស និង​ក្រុមហ៊ុន​នៅ​បែលហ្ស៊ិក គេ​ប្តឹង​ជំទាស់​ពី​ការចុះបញ្ជី​នេះ តែ​ឥឡូវ​គេ​ដក​ពាក្យបណ្តឹង​ហើយ យើង​អាច​ចុះ​បាន​ហើយ។ យើង​សង្ឃឹម100ភាគរយ​ថា អាច​ចុះ​បាន តែ​បាន ឬ​មិនបាន​ទាល់តែ​យើង​ទទួលបាន​វិញ្ញាបនបត្រ​សិន ទើប​យើង​អាច​និយាយបានថា ជោគជ័យ ឥឡូវ​គ្រាន់តែ​ទទួលបាន​ការចុះបញ្ជី ប៉ុន្តែ​មិនទាន់​ដល់ដៃ​យើង​ទេ ទាល់តែ​ដល់ដៃ​យើង​សិន ទើប​ជោគជ័យ”។

    លោក​បាន​បញ្ជាក់ទៀតថា៖“នៅពេល​យើង​ទទួលបាន​វិញ្ញាបនបត្រ​ការទទួលស្គាល់​របស់​ស​ហគ​មន៍​អឺរ៉ុប​ហើយ យើង​នឹង​ស្នើ​ទៅ​ក្រសួង​ដើម្បី​ឆែកមើល​សណ្ឋាន​ដី​ក្នុងស្រុក​ផ្សេងទៀត​នៅក្នុង​ខេត្តកំពង់ស្ពឺ ព្រោះ​យើង​មាន​សក្តានុពល​ផលិត​ច្រើន​ដោយ​ពង្រីក​តំបន់​ផលិត យើង​ត្រូវ​ពិនិត្យ​ដី ស្ថានភាព​ដី ដែល​បច្ចុប្បន្ន​យើង​មាន​ឧដុង្គ សំរោង​ទង អង្គស្នួល តែ​យើង​នៅ​ខ្វះ 6ស្រុក​ទៀត​ដែល​យើង​កំពុង​សិក្សា​បន្ត”។

    លោក​ប្រធាន​សមាគម​អភិវឌ្ឍន៍​ស្ករត្នោត​ខេត្តកំពង់ស្ពឺ​បាន​បន្តថា នៅ​ឆ្នាំ2018 សមាគម​របស់លោក ដែលមាន​សមាជិក​ប្រមាណ​ជា 250នាក់​បាន​ផលិត​ស្ករត្នោត​បាន​ចំនួន 300តោន។ ក្នុងនោះ​ស្ករ​សាច់មាន​ចំនួន 55តោន និង​ស្ករ​ម្សៅ​ចំនួន 245តោន។

    លោក​បន្តថា ក្រុមហ៊ុន ខន​ហ្វី​រែ​ល បាន​បញ្ជា​ទិញ​ប្រមាណ​ជា 145តោន និង​ក្រុមហ៊ុន Signatures of Aisa បាន​បញ្ជា​ទិញ​ចំនួន 58តោន ហើយ​ក្រៅពីនោះ គឺ​ទិញ​ដោយ​ក្រុមហ៊ុនតូចៗនៅក្នុង​ស្រុក។

    លោក​សារឿន បាន​បន្តថា បច្ចុប្បន្ននេះ​តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​នានា ធ្វើឱ្យ​តម្លៃ​ស្ករត្នោត​កំពង់ស្ពឺ​មាន​ទីផ្សារ​ល្អ ដោយ​លោក​បញ្ជាក់ថា ក្នុង1គីឡូក្រាម​ស្ករត្នោត កសិករ​អាច​លក់ បាន​ចាប់ពី 5,200រៀល ដល់6,០០០រៀល​តាម​តំបន់ និង​តាម​ក្រុមហ៊ុន​បញ្ជា​ទិញ។

    បើតាម​លោក សារឿន ក្នុង1គីឡូ​ស្ករត្នោតកសិករ​ត្រូវ​ចំណាយ​ថ្លៃដើម​ប្រមាណ​ជា 5,050រៀល។ លោក​មានប្រសាសន៍ថា នៅពេលនេះ​តម្រូវការ​ស្ករត្នោត​សរីរាង្គ​មាន​ជាង 75ភាគរយ ដោយហេតុថា ការនាំចេញ​ភាគច្រើន​ទៅ​បរទេស ដូច្នេះ​អ្នកបញ្ជា​ទិញ​អត់​ស្គាល់​ស្ករ GI ដែលជា​ផលិតផល​ស្ករត្នោត​សម្គាល់​ភូមិសាស្ត្រ​ទេ។ លោក​បញ្ជាក់ថា ដើម្បី​បំពេញតម្រូវការ​ទីផ្សារ លោក​បាន​បែងចែក​ប្រភេទ​ដើមត្នោត​ដែល​ចាត់ទុកជា​ត្នោត​សរីរាង្គ និង​GI។

    លោក​បាន​ពន្យល់ថា៖“បរទេស​ស្គាល់ GI តិចតួច តែ​គេ​ស្គាល់​សិរីរាង្គ អត់​មាន​ជាតិពុល អត់​មានប្រើ​ប្រាស់​សារធាតុ​គីមី​នៅពេល​កែច្នៃ ចេញពី​ដើម​យកមក​រម្ងាស់​អត់​គីមី គេ​ខ្លាច​កន្លែង​ហ្នឹង អុីចឹង​នៅ​បរទេស ស្ករស​រិ​រា​ង្គ គឺ​នៅ​ក្នុងព្រៃ ចេញពី​ព្រៃ បើ​មាន​ស្រែ​អត់​ទេ ហើយ​បើ​នៅក្នុង​ស្រែ តែ​នៅ​ឆ្ងាយ​ពី​ភ្លឺស្រែ 3ម៉ែត្រ ឬ1ម៉ែត្រ យើង​ប្រើ​ឈ្មោះ​សរីរាង្គ​បាន“។

    លោក​សារឿន​បាន​ពន្យល់ថា៖“សំខាន់​កសិករ​ដឹង​តែ​ផលិត​ទេ ពេល​យើង​ចុះទៅ​ជួប​ពួកគាត់ យើង​ពន្យល់​គាត់ ប្រាប់​គាត់​ពី​ហេតុផល​នៃ​ដើមត្នោត​ដែល​អាច​ធ្វើជា​សរីរាង្គ​បាន ដោយឡែក​រម្ងាស់​ស្ករ​ដូចគ្នា អ្វីៗដូចគ្នា​ទាំងអស់ ដូច្នេះ​យើង​និយាយ​ពី​ដើមត្នោត និង​រុក្ខជាតិ​ពពេល ជា​រុក្ខជាតិ​ដែល​យកមក​កូរ​លាយ គ្មាន​សារធាតុ​គីមី​ទេ”។

    លោក​បន្តថា៖“បើ​កសិករ​ណាមួយ​ចង់​ផលិត​ស្ករ​សរីរាង្គ សមាគម​នឹង​ពិនិត្យមើល​ដើមត្នោត​ក្នុង​ចម្ការ ក្នុងព្រៃ បើ​ដើមត្នោត​អត់​ជាប់​នឹង​ស្រែ​ដែល​កសិករ​ធ្វើការ​បាច​ជី​ដាក់​ស្រែ​ទេ អុីចឹង​គេ​ត្រូវ​ធ្វើតាម​សៀវភៅ​បន្ទុក សរីរាង្គ ដោយឡែក​ដើមត្នោត GI វិញ បានន័យថា ឱ្យតែ​នៅក្នុង​ស្រែ ហើយ​ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺ គឺជា GI យើង​ពិនិត្យ​តែ​តំបន់​ដែល​ដើមត្នោត​ដុះ​នៅលើ​ដី​នោះទេ។

    លោក ចាន់ ពេជ្រ អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Signatures of Asia បាន​ថ្លែងថា ឆ្នាំនេះ​យើង​នឹង​បញ្ជា​ទិញ 130តោន ក្នុងនោះ​ស្ករ​ម្សៅ​យើង​នឹង​បញ្ជា​ទិញ 100តោន និង​ស្ករ​សាច់​ចំនួន 30តោន។ លោក​ពេជ្រ និយាយថា ការចុះបញ្ជី​ស្ករត្នោត​នៅ​សហគមន៍​អឺរ៉ុប​អាច​នឹង​ជួយ​ដល់​អាជីវកម្ម​របស់​យើង ដរាបណា​យើង​មាន​កញ្ចប់​ថវិកា​ក្នុងការ​ផ្សព្វផ្សាយ។

    លោក​បន្តថា GI គឺជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ ដែល​ធ្វើឱ្យ​ផលិតផល​នេះ​មាន​គុណភាព​ពិសេស​ជាងគេ តែ​បើសិនជា​យើង​ខ្វះ​ការផ្សព្វផ្សាយអតិថិជន​នៅ​សហគមន៍​អឺរ៉ុប​មិនបាន​យល់​ពី​ផលិតផល​របស់​កម្ពុជា​ទេ ជាពិសេស​ផលិតផល​សម្គាល់​ភូមិសាស្ត្រ។

    លោក​ពេជ្រ​បាន​បន្ថែមទៀតថា៖“វា​មាន​ផលប្រយោជន៍ គ្រាន់តែ​ថា ភ្លាមៗវា​មាន​ភាពលំបាក​តិចតួច វា​ផ្តល់នូវ​អត្ថប្រយោជន៍​តិច ប៉ុន្តែ​អនាគត​វា​នឹង​ល្អ”។ លោក​ថា ក្រុមហ៊ុន​យើង​មាន​ដៃគូ​ចំនួន3ទៅ4ប្រទេស​ដែរ ដូចជា អុីតាលី ហូ​ឡង់ អាមេរិក”។ លោក​បញ្ជាក់ថា តម្រូវការ​មាន​ច្រើនជាង​នេះ តែ​ក្រុមហ៊ុន​យើង​មានការ​ពិបាក​ក្នុងការ​ប្រមូល ដោយសារ​កសិករ​ផ្គត់ផ្គង់​មិន​គ្រប់។

    យ៉ាងណាក៏ដោយ​លោក សារឿន បាន​បន្តថា ក្នុង​ឆ្នាំ2009 ពេលដែល​សមាគម​បង្កើតឡើង ដើមត្នោតមាន​ជាង 1លាន​ដើម​នៅ​ស្រុក​ឧដុង្គ ស្រុក​សំរោង​ទង និង​ស្រុក​អង្គស្នួល ដោយឡែក​នៅ2010 ដើមត្នោត​បាន​ថយចុះ ព្រោះ​នៅពេលដែល​គេ​ទិញ​ដី​ធ្វើការ​អភិវឌ្ឍ អុីចឹង​គេ​កាប់​ដើមត្នោត​ជា​អត្តសញ្ញាណ​នោះ​ចោល ព្រោះ​វា​មិនមែនជា​សម្បត្តិ​រដ្ឋ​ទេ ដូច្នេះ​យើង​មានតែ​ការអប់រំ។

    លោក​ថា ដើម្បី​បាន​ស្ករ 300តោន​យើង​ត្រូវមាន​សមាជិក​ជាង 200គ្រួសារ ទៅ 250គ្រួសារ តែ​យើង​មាន​រួចហើយ។ យើង​គ្រោង​ពង្រីក​បន្ថែមទៀត ព្រោះ​សមត្ថភាព​របស់​ខេត្តកំពង់ស្ពឺ​អាច​ផលិត​បាន​លើស 500តោន នេះ​បើ​រាប់បញ្ចូល​ទាំង​ការផលិត​តាម​ស្តង់ដារ និង​មិន​តាម​ស្តង់ដារ ប៉ុន្តែ​សមាគម​ផ្តោត​តែ​តួលេខ​ផលិត​របស់​កសិករ​ដែ​ល​ស្ថិតក្នុង​សមាគម​ប៉ុណ្ណោះ។ លោក​ប្រាប់ថា ស្ករ​ម្សៅ​ពិបាក​ផលិត​ជាង​ស្ករ​ធម្មតា ព្រោះ​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន​ដើម្បី​ហាល និង​ស​ម្ងួ​ត។

    លោក​សារឿន​ក៏បាន​លើក​ពី​ហានិភ័យ​ផងដែរ​ទាក់ទង​នឹង​ការធ្វើ​ចំណាកស្រុក ការបញ្ឈប់​របរ​ឡើងត្នោត​របស់​កសិករ ខណៈពេល​ឧស្សាហកម្ម​កើនឡើង ដែល​នេះ​ជា​ហានិភ័យ​មួយ​ក្នុងការ​ផ្គត់ផ្គង់​ស្ករ ដោយសារតែ​ការបោះបង់ចោល។

    ដោយឡែក​លោក​បាន​ប្រាប់​ដែរ​ថា បើ​តម្លៃ​ស្ករត្នោត​ខ្ពស់​រហូតដល់ 2ដុល្លារ​ក្នុង1គីឡូ អាច​នឹងមាន​ការធ្វើ​ត្នោត​ច្រើន ព្រោះ​ពួកគេ​នឹង​ត្រឡប់មក​ធ្វើ​វិញ តែ​នៅពេលនេះ​កន្លែង​ខ្លះ​លក់បាន 1ដុល្លារ 25សេន និង​ខ្លះ​លក់បាន 1ដុល្លារ​កន្លះ៕

  • អ្នកនាង ចាន់ តារាទី បង្ហើបពីទំនាក់ទំនងជាមួយអ្នកគ្រូ គង់ ណារី និងនិយាយរឿងហួសចិត្តមួយ

    អ្នកនាង ចាន់ តារាទី បង្ហើបពីទំនាក់ទំនងជាមួយអ្នកគ្រូ គង់ ណារី និងនិយាយរឿងហួសចិត្តមួយ

    ក្រោយពីទទួលបាន ដំណឹងយ៉ាងរន្ធត់មួយ របស់អ្នកគ្រូ គង់ ណារី ដែលរូបគាត់ គឺជាវិរៈសិល្បការនី ដែលបានទទួល មរណៈភាពទៅហើយនោះ កាលពីថ្ងៃទី20 ខែមករា ឆ្នាំ2019 សពរបស់អ្នកគ្រូ គង់ ណារី ក៏ត្រូវបានយកទៅតម្កល់ និងបូជានៅឯវត្ដស្រះចក រាជធានី ភ្នំពេញ នាថ្ងៃពុធនេះ។

    ប៉ុន្តែអ្វីដែលធ្វើឱ្យកាន់តែរន្ធត់ចិត្តជាងនេះ ទៅទៀតនោះ ដោយក្នុងពិធីបុណ្យសព របស់អ្នកគ្រូ គង់ ណារី ហាក់មានភាព ស្ងាត់ជ្រងំយ៉ាងខ្លាំង ដោយពុំសូវឃើញវត្តមាន អ្នកសិល្បៈករ និងកូនសិស្សចំនួន ដែលអ្នកគ្រូ ធ្លាប់បានបង្ហាត់បង្រៀននោះឡើយ ដោយមានត្រឹមវត្តមាន ប្រធានសមាគមសិល្បករ ខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា ព្រមទាំងសមាជិក សិល្បៈករប៉ុន្មាននាក់តែប៉ុណ្ណោះ។​ដោយឃើញ ពីភាពមិនអើពើ និងសុខទុក្ខរបស់តារាខ្មែរជើងចាស់ ដូចតារាបរទេសនោះ ក្នុងឱកាស ដ៏សែនក្រៀមក្រំ មួយនេះ តារាសម្ដែងជើងចាស់ អ្នកនាង ចាន់ តារាទី អតីតតារាទឹកភ្នែកនិងជាតារាស្រីដែលទទួលបានចំណាត់ថ្នាក់លេខ1 ខាងផ្នែកសិល្បះការនីឆ្នើមនៅឆ្នាំ 1990 នៅក្នុងឱកាសមហោស្រពភាពយន្តជាតិ នៅសាលមហោស្រព ព្រះសុរាម្រិត ក៏បានបង្ហាញអារម្មណ៍ ហួសចិត្តឱ្យមហាជនដឹងថា៖

    «ខ្ញុំ ពិតជាសឹងមិនជឿថា កម្មវិធីបុណ្យសាស្រ្តាចារ្យអក្សរសាស្រ្តខ្មែរ និងបណ្តុះបណ្តាលកូនស្រីច្រើនរាប់មិនអស់ បែរជាគ្មានអ្នកចូលរួមយ៉ាងនេះឡើយ តើពិតជាលំបាក ណាស់ទៅគ្រាន់តែ មកចូលរួមជូនដំណើរអ្នកគ្រូ គង់ ណារី លើកចុងក្រោយ។ ផ្តាំផ្ញើទៅកាន់មហាជនទូទៅទាំងកូនសិស្សអ្នកគ្រូ គង់ ណារី និងមិនមែនក្តី សូមមេត្តាចូលរួមជូនដំណើរ លើកចុងក្រោយ នៅ ថ្ងៃពុធ ទី23 វេលាម៉ោង3រសៀល ដើម្បីបង្ហាញពីភាពសាមគ្គីក្នុងវិស័យសិល្បៈ និងឱ្យសក្តិសម នឹង កេរ្តិ៍ឈ្មោះ និងស្នាដៃច្រើនរាប់មិនអស់របស់អ្នកគ្រូ គង់ ណារី»។

    គួរបញ្ជាក់ផងដែរថា អ្នកនាង ចាន់ តារាទី បានថ្លែងបញ្ជាក់ក្នុងពេលចូលរួមគោរពសព និងទទួលភ្ញៀវក្នុងពិធីបុណ្យសពអ្នកគ្រូ គង់ ណារី ថា អ្នកគ្រូ គង់ ណារី និងអ្នកនាងគឺជាបងប្អូនជីទួតមួយនឹងគ្នា ដោយមិនមែនជាអ្នកឆ្ងាយពីគ្នានោះទេ ប៉ុន្តែបណ្ដាលមកពីអ្នកនាងក៏រវល់ ហើយអ្នកគ្រូគង់ ណារី ក្នុងពេលនៅមានជីវិតក៏រវល់មិនសូវបានជួបគ្នា ទើបរវាងអ្នកនាង និងអ្នកគ្រូ មិនសូវស្និទ្ធគ្នា។ អ្នកនាងថា ម្ដាយរបស់អ្នកនាង និងម្ដាយរបស់អ្នកគ្រូ គង់ ណារី គឺជាបងប្អូនជីដូនមួយនឹងគ្នា ហើយសម្រាប់ទំនាក់ទំនងគឺមិនខុសពីបងប្អូនបង្កើតនោះទេ ប៉ុន្តែដល់ជំនាន់កូនៗគឺទាល់តែបានជួបគ្នា ទើបរាក់ទាក់គ្នា។ អ្នកនាងថាក្នុងពេលអ្នកគ្រូគង់ ណារី នៅរស់ អ្នកនាងកម្របានជួបអ្នកគ្រូខ្លាំងណាស់ ដោយទាល់តែក្នុងគ្រួសារមានកម្មវិធីធំៗ ទើបរវាអ្នកនាង និងអ្នកគ្រូ បានជួបមុខគ្នា ហើយសំណេះសំណាលក្នុងនាមជាអ្នកសិល្បៈដូចគ្នាបន្ថែម។ អ្នកនាងនិយាយថា«ខ្ញុំ និងបងណារី ជាបងប្អូនគ្នាតើ ប៉ុន្តែបើម៉ាក់ខ្ញុំ និងម៉ាក់គាត់បានជិតស្និទ្ធគ្នា តែមកដល់កូនៗមិនសូវស្និទ្ធគ្នា គឺបានជួបតែមុខគ្នាក្នុងពេលបុណ្យទានហ្នឹងឯង!»។ អ្នកនាង ចាន់ តារាទីថា អ្នកគ្រូគង់ ណារី គឺជាបងស្រីជីទួតមួយ ដែលស្រឡាញ់រាប់អានបងប្អូនគ្រប់គ្នា ប៉ុន្តែបណ្ដាលមកពីអ្នកនាងក៏រវល់ ហើយអ្នកគ្រូក៏រវល់ ទើបយូរៗបានជួបគ្នាម្ដង ហើយមិនសូវបានជួបក្នុងនាមការងារសិល្បៈនោះដែរគឺទាល់តែក្នុងកម្មវិធីគ្រួសារ៕

  • ក្រុម Pitou FC លើក​ពាន Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​កំពង់ស្ពឺ

    ក្រុម Pitou FC លើក​ពាន Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​កំពង់ស្ពឺ

    ខេត្តកំពង់ស្ពឺ៖ក្រុម Pitou FC បាន​គ្រង​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​នៃ​ក្របខ័ណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ ក្រោយពី​យកឈ្នះ​លើ​ក្រុម AVATA ក្នុង​លទ្ធផល២ទល់១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នាយ​ប់​ថ្ងៃទី ២0 ខែមករា ឆ្នាំ២០១៩នេះ​នៅ​ដីឡូត៍ ឧកញ៉ា ឈួន គឹម​សាន្ត ទី​រួម​ខេត្តកំពង់ស្ពឺ។

    មុន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម Pitou FC បាន​យកឈ្នះ​លើ​ក្រុម Black Lion A ដោយ​លទ្ធផល៣ទល់២  ចំណែក​ក្រុម AVATA បាន​យកឈ្នះ​លើ​ក្រុម  ត្រពាំង​លើក លទ្ធផល៥ទល់២ មិនបាន​ទទួល​ជ័យជម្នះ​របស់​ក្រុម​ទាំង២ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ដើម្បី​ដណ្តើម​លេខ៣ និង លេខ៤ ។ ជា​លទ្ធផល ក្រុម Black Lion A ដណ្តើមបាន​លេខ៣ ក្រោយ​ឈ្នះ​ក្រុម​ត្រពាំង​លើក ១ទល់២ ។

    សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ គឺ​ក្រុម Pitou FC ទទួលបាន​ប្រាក់រង្វាន់១០០០ដុល្លារ ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម AVATA ប្រាក់រង្វាន់៧០០ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ៣បាន​ទៅលើ​ក្រុម Black Lion A ប្រាក់រង្វាន់៣៥០ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ៤ បាន​ទៅលើ​ក្រុម ត្រពាំង​លើក ប្រាក់រង្វាន់ ១៥០ ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ ។

    ដោយឡែក​សម្រាប់​ខេត្តកំពង់ស្ពឺ​ដែលជា​មណ្ឌល​ទី៣នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត យកតែ៤ក្រុម​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១៦ និង​ទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ​លោក Ronaldinho។

    ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2019 នឹងធ្វើ​ឡើង​នៅ​មណ្ឌល បន្ទាប់​គឺ ខេត្តបាត់ដំបង​នៅ​ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០១៩ នៅ​ពហុ​កីឡដ្ឋាន​ស្តា​ត​ចាស់ វាល​បែក​ចានទី​រួម​ខេត្តបាត់ដំបង ។

    ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ១៩៣២នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើនជាង៧០ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង៤០មេដាយ​ផ្នែក​រសជាតិ និង​គុណភាព។

    សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖ www.facebook.com/TigerBeerKH

    ពិសា​ដោយ​ការទទួលខុសត្រូវ…

  • គ្រូបង្វឹក​អារ៉ាប៊ីសាអ៊ូឌីត លាលែង​ពី​តំណែង ខណៈ​ជប៉ុន អូស្ត្រាលី និង​អេ​មី​រ៉ា​ត អារ៉ាប់​រួម ទៅ​វគ្គ​បន្ត

    គ្រូបង្វឹក​អារ៉ាប៊ីសាអ៊ូឌីត លាលែង​ពី​តំណែង ខណៈ​ជប៉ុន អូស្ត្រាលី និង​អេ​មី​រ៉ា​ត អារ៉ាប់​រួម ទៅ​វគ្គ​បន្ត

    ក្រោយពី​ការធ្លាក់​ចេញ​យ៉ាង​ខកចិត្ត​ពី​យុទ្ធនាការ AFC Asian Cup ឆ្នាំ2019 លោក Juan Antonio Pizzi គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អារ៉ាប៊ីសាអ៊ូឌីត បាន​លាលែង​ពី​តំណែង​របស់លោក​កាលពី​ថ្ងៃ​ចន្ទ។

    ក្រុម​ជម្រើសជាតិ​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី បាន​ចាញ់​ក្នុង​លទ្ធផល 1-0 ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​ជប៉ុន ក្នុង​វគ្គ16ក្រុម​ចុងក្រោយ ហើយ​លោក Pizzi បានបង្ហាញ​ពី​ការសម្រេចចិត្ត​របស់លោក​ក្នុងការ​ចាកចេញភ្លាមៗ ដែរ​បន្ទាប់ពី​ការប្រកួត​នោះ។

    លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា៖ «ខ្ញុំ​ពិតជា​រីករាយ និង​ដឹងគុណ​ដល់​កីឡាករ​របស់ខ្ញុំ ពួកគេ​បានធ្វើ​អ្វីដែល​ខ្ញុំ​បានស្នើ​សុំឱ្យ​ធ្វើ។ ពិតណាស់ យើង​បាន​ប្រព្រឹត្ត​កំហុស​មួយចំនួន ប៉ុន្តែ​យើង​នឹង​រៀន​ពី​កំហុស​ទាំងនោះ»។

    គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀតថា៖ «ការងារ​របស់ខ្ញុំ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ គឺ​បញ្ចប់​ហើយ គ្មាន​នរណាម្នាក់​បាន​និយាយ​ជាមួយនឹង​ខ្ញុំ​ពី​ការបន្ត​កុងត្រា​ថ្មី​ឡើយ។ ខ្ញុំ​នៅតែ​មិនដឹង​ពី​ការ​ប្រជែង​បន្ទាប់​នោះឡើយ»។

    ក្រុម​ជម្រើសជាតិ​ជប៉ុន ដែល​ម្ចាស់​ជើងឯក Asian Cup 4សម័យកាល នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​វគ្គ 8ក្រុម​ចុងក្រោយ ដើម្បី​ជួប​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​អាស៊ីអាគ្នេយ៍ វៀតណាម បើទោះបី​មិនបាន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ល្អ​របស់ខ្លួន​ក្នុង​យុទ្ធនាការ​នេះ​ក៏ដោយ។

    ក្រុម​ម្ចាស់ផ្ទះ​អេ​មី​រ៉ា​ត អារ៉ាប់​រួម បានបញ្ចប់​ដំណើរ​ផ្សងព្រេង​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​គៀ​ហ្ស៊ី​គី​ស្ថាន ជាមួយនឹង​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចម្រូងចម្រាស​នៅ​នាទី​បន្ថែម 15នាទី 2ដង ដើម្បី​ឈានទៅ​វគ្គ 8ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ Asian Cup កាលពី​ថ្ងៃ​ចន្ទ។

    ជាមួយគ្នានេះ អ្នកចាំទី Mathew Ryan បាន​សង្គ្រោះ​បាល់​ប៉េ​ណា​ល់​ទី 2គ្រាប់ ខណៈដែល​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អ៊ូ​ស​បេ​គី​ស្ថាន ក្នុងការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី។ ក្រុម​ម្ចាស់ផ្ទះ អេ​មី​រ៉ា​ត អារ៉ាប់​រួម ដែល​បាន​ផ្តួល​គៀ​ហ្ស៊ី​គី​ស្ថាន 3-2 នៅ​នាទី​បន្ថែម 15នាទី 2ដង នឹងត្រូវ​ប៉ះ​ជាមួយ​អូស្ត្រាលី ក្នុង​វគ្គ 8ក្រុម​ចុងក្រោយ៕