Category: សង្គម និងសេដ្ឋកិច្ច

  • តារាសិល្បៈទប់ទឹកភ្នែកមិនជាប់ ខណៈជូនដំណើរអ្នកគ្រូ គង់ ណារី ជាលើកចុងក្រោយ

    តារាសិល្បៈទប់ទឹកភ្នែកមិនជាប់ ខណៈជូនដំណើរអ្នកគ្រូ គង់ ណារី ជាលើកចុងក្រោយ

    សិល្បការនី អ្នកស្រី គង់ ណារី បានទទួលមរណភាពកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក៏មានមហាជនជាច្រើ នឹងអ្នកសិល្បៈមួយចំនួនបានចូលរួមសោកស្ដាយរំលែកទុកដ៏ក្រៀមក្រំនេះ។ ជាងនេះទៅទៀតមានការចែករំលែកអំពីស្នាដៃរបស់អ្នកគ្រូនិងសកម្មភាពនានាផងដែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។

    នាវិនាទីចុងក្រោយនៃថ្ងៃដម្កល់សព គេមើលឃើញមានអ្នកអ្នកសិល្បៈប៉ុន្មានដួងយំសោក នៅក្នុងពិធីដង្ហែរនិងជូនដំណើរអ្នកគ្រូជាលើកចុងក្រោយ។ មិនមែនត្រឹមតែសិល្បករទេ សូម្បីតែកូនសិស្ស និងមហាជនមួយចំនួនបានចូលរួម និងឃើញទិដ្ឋភាពអាល័យនោះហើយ ក៏មានអារម្មណ៍ក្តុកក្ដួលក្នុងចិត្ត ស្រណោះស្រណោកនឹកឃើញកាលគ្រាដែលអ្នកគ្រូនៅមានជីវិតណាស់។

    គួរកត់សម្គាល់ដែរថា អ្នកគាំទ្រក៏ជាអ្នកស្រលាញ់ចូលចិត្តដល់អ្នកគ្រូ គង់ ណារី ក៏បាននាំគ្នាគោរពវិញ្ញាក្ខន្ធជាលើកចុងក្រោយ និងលើកទឹកចិត្តដល់ក្រុមគ្រួសារអ្នកគ្រូខណៈបានបាត់បង់មនុស្សជាទីស្រលាញ់ ក៏ដូចជាបាត់បង់ធនធានមនុស្សផ្នែកសិល្បៈមួយនេះ៕

     

  • ត្រជាក់​ចុងដៃ​ចុងជើង​មិន​ប្រក្រតី ប្រយ័ត្ន​ប្រឈមមុខ​នឹង​ជំងឺ​គាំងបេះដូង

    ត្រជាក់​ចុងដៃ​ចុងជើង​មិន​ប្រក្រតី ប្រយ័ត្ន​ប្រឈមមុខ​នឹង​ជំងឺ​គាំងបេះដូង

    អ្នកវិទ្យាសាស្ត្រ​បានធ្វើ​បទ​បង្ហាញថា ទារក កុមារ និង​មនុ​ស្សមាន​វ័យ​ចំណាស់ ងាយ​នឹងមាន​ជំងឺ​ដែលបណ្ដាលមកពី​អាកាសធាតុ​ត្រជាក់ ហើយ​ទារក​នឹង​បាត់បង់​កម្ដៅ​រាងកាយ​រហ័ស​ជាង​មនុស្ស​ធំ។ ទន្ទឹមនឹងនោះ បើ​អាកាសធាតុ​កាន់តែ​ចុះ​ត្រជាក់ ប្រហែលជា​កាន់តែ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​កាន់តែខ្លាំង​ដែរ។ អ្នកស្រាវជ្រាវ​ក៏បាន​រកឃើញថា នៅក្នុង​រដូវ​ចុះ​ត្រជាក់ អត្រា​នៃ​ការកើត​ជំងឺ​គាំងបេះដូង​មានការ​ឡើងចុះៗមិន​ទៀង​ទៀតឡើយ ហើយ​នៅពេល​សីតុណ្ហភាព​ចុះមក​ទាប​ជាង15អង្សារ ជំងឺ​គាំងបេះដូង​បាន​កើនឡើង​យ៉ាង​គួរឱ្យកត់សម្គាល់​ផងដែរ។ ប្រសិនបើ​អ្នកមាន​អាការ​ត្រជាក់​ចុងដៃចុងជើង នៅពេលដែល​អាកាសធាតុ​ចុះ​ត្រជាក់ នោះ​មិនមែនជា​រឿង​ធម្មតា​ទេ វា​គឺជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​គិត​គួរ​ពី​បញ្ហា​សុខភាព​របស់​អ្នក។ ហើយ​បើ​មាន​អាការ​មិន​ប្រក្រតី​នៅក្នុង​ខ្លួន ដូចជា ត្រជាក់​ដៃជើង​ ឡើង​ស្លេកស្លាំង សម្ពាធ​ឈាម​ទាប បេះដូង​ធ្វើ​ទុក​បណ្ដាលឱ្យ​ពិបាក​ដកដង្ហើម សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជាបន្ទាន់។ តែ​យ៉ាងណាមិញ ទស្សនាវដ្ដី ឡា​រ៉ែ​ន សូម​ណែនាំ​ពី​ការសង្កេត​ទាំង5ចំណុច ដែល​ធ្វើឱ្យ​អ្នក​ត្រជាក់​ចុងដៃចុងជើង​មិន​ប្រក្រតីឱ្យបាន​ជ្រាប​ជា​ព័ត៌មាន​បន្ថែម​ដូចខាងក្រោម​នេះ៖

    1. ពិនិត្យ​លើ​ស្បែក ៖ កាលបើ​ស្បែក​មាន​បញ្ហាក៏​អាច​បណ្តាលឱ្យ​អ្នកមាន​អាការ​ត្រជាក់​ចុងដៃចុងជើង ព្រោះ​សរសៃឈាមតូចៗ ដែល​នៅក្រោម​ស្បែក​បាន​ឆ្លង​មេរោគ ហើយ​ធ្វើឱ្យ​ឈាម​មិនអាច​រត់​ទៅដល់​ចុងដៃចុងជើង​របស់​អ្នក ទើប​បណ្តាលឱ្យ​អ្នកមាន​អាការ​ត្រជាក់​ចុងដៃចុងជើង។

    2. បញ្ហា​បេះដូង ៖ នៅពេលដែល​អ្នកមាន​ប​ញ្ហាបេះដូង ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​អាច​នឹង​កំពុងវាយលុក​ប្រព័ន្ធ​ឈាម​ក្នុង​ខ្លួន​របស់​អ្នក ហើយ​អាចបណ្តាលឱ្យ​អ្នកមាន​អាការ​ត្រជាក់​ចុងដៃចុងជើង និង​ប្រឈម​ជាមួយ​អាការ​គាំងបេះដូង។

    3. សម្ពាធ​ឈាម​ទាប ៖ បញ្ហា​សម្ពាធ​ឈាម​ទាបក៏​ជា​កត្តា​មួយ​ដែល​ធ្វើឱ្យ​អ្នកជំងឺ មាន​អាការ​ត្រជាក់​ចុងដៃចុងជើង​ផងដែរ ហើយ​ប្រឈមមុខ​នឹង​ជំងឺ​គាំងបេះដូង។ បញ្ហា​នេះ​កើតឡើង​ព្រោះ​អ្នកជំងឺ​ខ្វះ​ជាតិ​ទឹក បាត់បង់​គ្រាប់់​ឈាម និង​ក្រពេញ​មួយចំនួន​មានដំណើរ​ការមិន​ប្រក្រតី។

    4. អ្នកជំងឺ​សេ្ល​ក​ស្លាំង ៖ ការ​កង្វះ​គ្រាប់​ឈាម និង​អុកស៊ីហ៊ែ្សនក្នុង​ខ្លួន​ជា​មូលហេតុ​ចម្បង​ដែល​ធ្វើ​អ្នកជំងឺ​មាន​អាការ​សេ្ល​ក​ស្លាំង។ អ្នកជំងឺ​ប្រភេទ​នេះ ភាគច្រើន​មាន​រោគសញ្ញា ពិបាក​ដកដង្ហើមសន្លប់ ឈឺក្បាល អស់កម្លាំង និង​ជាពិសេស​មានគ្រោះថ្នាក់​សុខភាព​នា​អំឡុងពេល​រដូវ​ចុះ​ត្រជាក់។

    5. ភាព​តានតឹង​ក្នុង​ខួរក្បាល ៖ អាកាសធាតុ​ចុះ​ត្រជាក់​អាច​បណ្ដាលឱ្យ​ខួរក្បាល​ដំណើរ​ការ​មិនសូវ​ពេញកម្លាំង និង​បណ្ដាល​ចរន្ដឈាម​រត់​មិនសូវ​បាន​ប្រសើ​រក្នុង​សរសៃឈាម ជាហេតុ​នាំឱ្យ​រាងកាយមាន​សភាព​ស្លេកស្លាំង។ ខណៈដែល​ខួរក្បាល​មាន​បញ្ហា​គិត​ច្រើន នោះ​អាការ​ត្រជាក់​ចុងដៃចុងជើង​ស្លេកស្លាំង ​បាន​ស្ដែង​ឱ្យឃើញភ្លាមៗ ព្រោះថា ប្រព័ន្ធ​ឈាមមាន​ទំនាក់ទំនង​ទៅកាន់​ខួរក្បាល។ ដូច្នេះ​ហើយ ប្រសិនបើ​អ្នកមាន​អា​ការមិន​ប្រក្រតី​នៅក្នុង​រាងកាយ​នា​អំឡុងពេល​រដូវ​ចុះ​ត្រជាក់ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ពិនិត្យ​សុខភាព ចៀសវាង​ការប្រើប្រាស់​ថ្នាំ​ដោយ​ខ្លួនឯង៕

  • ញ៉ាំថ្នាំយ៉ាងណា​ឱ្យត្រឹមត្រូវ និងមានសុវត្ថិភាព?

    ញ៉ាំថ្នាំយ៉ាងណា​ឱ្យត្រឹមត្រូវ និងមានសុវត្ថិភាព?

    ការប្រើ​ថ្នាំ​ឱ្យ​ត្រូវ​នឹង​រោគ​ដែល​លោកអ្នក​កំពុង​ឈឺ​ថ្កាត់​នោះ​គឺជា​រឿង​ត្រឹមត្រូវ តែ​រឿង​សំខាន់បំផុត​គឺ “ការប្រើ​ថ្នាំ​ឱ្យ​ត្រូវ​វិធី” ដោយសារ​ថ្នាំ​ដែល​វេជ្ជបណ្ឌិត​បញ្ជា​ឱ្យប្រើ​នោះ មាន​ទាំង​ថ្នាំ​មុន​ញ៉ាំ​បាយ ក្រោយ​ញ៉ាំ​បាយ និង​មាន​ចំណុច​ហាមឃាត់​ផ្សេងទៀត​ក្នុងការ​ញ៉ាំ​ថ្នាំ​ប្រភេទ​ខ្លះ ហើយ​ត្រូវ​ញ៉ាំ​ថ្នាំ​យ៉ាងណា​ឱ្យ​ត្រឹមត្រូវ​តាម​ស្លាក​បង្ហាញ។ ថ្ងៃនេះ ឡា​រ៉ែ​ន មាន​ចម្លើយ​មក​ជម្រាបជូន…។

    វិធី​ការប្រើ​ថ្នាំ​តាម​ស្លាក​ណែនាំ​ឱ្យបាន​ត្រឹមត្រូវ សម្រាប់​ថ្នាំ​ញ៉ាំ​មុន​ពេលបាយ
    នៅពេល​ឃើញ​ពាក្យ​ថា “ថ្នាំ​ញ៉ាំ​មុនពេល​បាយ” នៅលើ​ស្លាក​ណែនាំ មនុស្ស​ជាច្រើន​អាច​យល់ថា ចាំ​នៅសល់4-5នាទី មុន​ក្រោក​ទៅ​ញ៉ាំ​បាយ សឹម​យក​ថ្នាំ​នោះមក​លេប​ក៏បាន តែ​នេះ​គឺជា​ការយល់​ខុស​ហើយ ព្រោះថ្នាំ​ញ៉ាំ​មុនពេល​បាយ ការពិតទៅ​គឺជា​ថ្នាំ​ដែល​លោកអ្នក​ត្រូវ​ញ៉ាំ​មុន​ពេលបាយ​ប្រមាណ​ជា30-60នាទី និង​គួរ​ញ៉ាំ​ខណៈដែល​ពោះ​ទំនេរ(មិនមាន​អាហារ​នៅក្នុង​ពោះ)។

    ថ្នាំ​ញ៉ាំ​ក្រោយ​ពេលបាយ
    ក្រោយពេល​ញ៉ាំ​បាយ​រួច លោកអ្នក​មិនទាន់​ចាំបាច់​ត្រូវយក​កញ្ចប់​ថ្នាំ​មក​បើក​ដើម្បី​លេប​នោះទេ ចូរ​អង្គុយលេង​ឱ្យ​បាយ​ធ្លាក់ចូល​ក្នុង​ក្រពះ​ឱ្យ​រួចរាល់​ប្រមាណ​ជា15-30នាទី​សិន សឹម​ក្រោក​ទៅ​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា​ក៏បាន។

    ថ្នាំ​ញ៉ាំ​ដំណាល​ពេលបាយ
    បើសិនជា​ស្លាក​ណែនាំ​ប្រាប់ថា “ថ្នាំ​ញ៉ាំ​ដំណាល​ពេលបាយ” នោះ​មានន័យថា បន្ទាប់ពី​អ្នក​ញ៉ាំ​បាយ​មួយ​ម៉ាត់​ដំបូង​ហើយ អ្នក​ត្រូវ​ញ៉ាំ​ថ្នាំ​នោះ​ចូលទៅ​ភ្លាម ឬ​អ្នក​អាច​ញ៉ាំ​ថ្នាំ​នោះ​បន្ទាប់ពី​ញ៉ាំ​បាយ​អស់​ពាក់កណ្ដាល​ហើយក៏​បាន។

    ថ្នាំ​សម្លាប់​មេរោគ
    ពេល​ឈឺ​ថ្កាត់ មនុស្ស​ជាច្រើន​ដើរ​ទ្រេតទ្រោត​ទៅរក​ពេទ្យ ពេល​បាន​ថ្នាំ​មក​ទទួលទាន​ឱ្យ​អាការ​ធូរស្រាល​ហើយ ក៏មាន​អារម្មណ៍​ថា អា​ការឈឺ​ថ្កាត់​របស់​យើង​បានជា​សះស្បើយ​ហើយ មិនចាំបាច់​ត្រូវ​ញ៉ាំ​ថ្នាំ​ទៀត​ទេ… នេះ​គឺជា​រឿង​ដែល​ខុស ព្រោះថ្នាំ​សម្លាប់​មេរោគ ដូចជា​ថ្នាំ​ព្យាបាល​ការ​រលាក​ក្លាយ ជា​ថ្នាំ​ដែល​អ្នកជំងឺ​ត្រូវតែ​ទទួលទាន​បន្តទៀត​តាម​វេជ្ជបញ្ជា ដើម្បី​ការពារ​ការ​ឌឺ​ថ្នាំ​របស់​មេរោគ ព្រោះ​បើ​កើតមាន​អាការ​ឌឺ​ថ្នាំ​ហើយ វា​នឹង​ហុច​ផល​នៅ​លើកក្រោយៗទៀត​ដែល​មិនអាច​ប្រើ​ថ្នាំ​ដដែល កម្រិត​ដដែល​ក្នុងការ​ព្យាបាល​បាន​ទៀត​ទេ។

    ថ្នាំ​ញ៉ាំ​មុនពេល​គេង
    សម្រាប់​ថ្នាំ​ញ៉ាំ​មុនពេល​ចូល​គេង​វិញ បើ​លោកអ្នក​ដឹងខ្លួន​ថា កំពុង​ប្រុង​បិទ​ទូរទស្សន៍ បិទ​ភ្លើង​គេង​ហើយ​នោះ ក៏​គួរតែ​ក្រោក​ឡើងមក​ទទួលទាន​ថ្នាំ​មុនពេល​ចូល​គេង​ប្រមាណ​ជា 15-30នាទី។

    ថ្នាំ​ដែល​ត្រូវ​ញ៉ាំ​មួយ​សប្ដាហ៍ 1ដង
    បើ​គ្រូពេទ្យ ឬ​ឱសថការី​មិនបាន​បញ្ជាក់​ថ្ងៃទី​ឱ្យបាន​ច្បាស់​នោះ លោកអ្នក​អាច​ជ្រើសរើស​ដោយ​ខ្លួនឯង​ថា ត្រូវការ​ញ៉ាំ​ថ្នាំ​នោះ​នៅ​ថ្ងៃ​ណា ដូចជា ចាប់ផ្ដើម​ញ៉ាំ​ថ្នាំ​នៅ​ថ្ងៃ​ពុធ ក៏​សុំឱ្យ​ញ៉ាំ​ថ្នាំ​នោះ​រៀងរាល់ថ្ងៃ​ពុធ​ជាដើម។

    ថ្នាំ​ព្យាបាល​តាម​អាការ
    ដូចជា ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ដែល​ប្រើ​សម្រាប់​បំបាត់​អាការ​គ្រុនក្ដៅ និង​អា​ការឈឺ​ចុកចាប់​ជាដើម ភាគច្រើន​ត្រូវបាន​កំណត់ទុក​ថា មនុស្ស​ធំ បើ​មាន​អា​ការឈឺ​ថ្កាត់ ចូរ​លេប​ម្ដង2គ្រាប់ រៀងរាល់ 4ម៉ោង​ម្ដង ដូច្នេះ​បើ​លេបថ្នាំ​ហើយ កន្លងទៅ​ប្រមាណ​ជា2-3ម៉ោង​នៅតែមាន​អា-​ការឈឺ​ថ្កាត់​ដដែល ក៏​យើង​នៅ​មិនទាន់​អាច​លេបថ្នាំ​បន្ថែមទៀត​បានដែរ ព្រោះ​បើ​លេប​ថែមទៀតភ្លាមៗ អាចធ្វើ​ឱ្យមាន​បញ្ហា​ពុល​ថ្នាំ​ដោយសារ​ការ​លេបថ្នាំ​លើស​កម្រិត​បាន។

    បើ​ភ្លេច​លេបថ្នាំ…
    ជឿថា មនុស្ស​ជាច្រើន​ប្រហែលជា​ធ្លាប់​ភ្លេច​លេបថ្នាំ​ជា​ញឹកញាប់ លុះ​ពេល​នឹកឃើញ ក៏​ប្រញាប់​ស្ទុះ​ទៅយក​ថ្នាំ​មក​លេប​ភ្លាម​តែម្ដង តែបើ​សិន​អំឡុង​ពេលដែល​អ្នក​ភ្លេច​លេបថ្នាំ​នោះ​ជិត​ដល់​ពេលដែល​ត្រូវ​លេប​ម្ដងទៀត​នោះ ក៏​សុំឱ្យ​លេប​រំលង​ពេលដែល​ភ្លេច​នោះ​ចោល​ទៅ កុំ​គិត​ប្រុង​លេប​ថែម​ជំនួស​ពេលដែល​ភ្លេច​ដោយ​ការបន្ថែម​ចំនួន​ថ្នាំ​ជា 2ដង​នៅពេលដែល​នឹកឃើញ​នោះ​អី៕

  • នារដូវរងា តើការងូតក្តៅមានផលប្រយោជន៍ដល់សុខភាពដូចម្តេចខ្លះ?

    នារដូវរងា តើការងូតក្តៅមានផលប្រយោជន៍ដល់សុខភាពដូចម្តេចខ្លះ?

    អ្នកដឹងទេថា ការងូតទឹកក្ដៅឧណ្ហៗមានប្រយោជន៍អ្វីខ្លះចំពោះសុខភាពនៅរដូវរងា? ​ដោយនៅរដូវរងាអ្នកតែងចាញ់អាកាសធាតុត្រជាក់ ដូច្នេះហើយមានមនុស្សជាច្រើនបានយល់ថា ងូតទឹកក្ដៅឧណ្ហៗពិតជាធ្វើឱ្យអ្នកស្រួលខ្លួនជាងមុនមិនខានហើយអាចបំបាត់ភាពរងាបានទៀតផង។ ថ្ងៃនេះទស្សនាវដ្តី ឡារ៉ែន សូមជម្រាបជូនអំពីអត្ថប្រយោជន៍នៃការងូតទឹកក្ដៅឧណ្ហៗចំពោះសុខភាព ៖

    1. បង្កើនថាមពល
    ទឹកក្កៅជួយបង្កើនថាមពលនៅពេលអ្នកងូតទឹកក្ដៅឧណ្ហៗ វាជួយបង្កើនអត្រាចង្វាក់បេះដូងដែលជួយដល់ការបញ្ចូនឈាមទៅកាន់សិរីរាង្គដទៃទៀតនៃរាងកាយរបស់អ្នក។

    2. បង្កើនប្រព័ន្ធភាពស៊ាំដល់រាងកាយ
    ការស្រាវជ្រាវមួយនៅសហរដ្ឋអាមេរិក បានរកឃើញថា ការងូតទឹកក្ដៅឧណ្ហៗបាន បង្កើតប្រព័ន្ធភាពសុំារបស់អ្នកនឹងមានកម្រិតខ្ពស់ជាងមុន។

    3. ជួយបន្ថយទម្ងន់របស់អ្នក
    តាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្រសុខភាពបានរកឃើញថា ការងូតទឹកក្ដៅឧណ្ហៗជួយបន្ថយទម្ងន់ ព្រោះដោយសារតែទឹកក្ដៅវាទៅជួយរំលាយជាតិខ្លាញ់ដែលមាននៅក្នុងខ្លូនរបស់អ្នកជាយូរណាស់មកហើយ។

    4. បំបាត់ការឈឺចាប់តាមសាច់ដុំ
    តាមការស្រាវជ្រាវនៅសាកលវិទ្យាល័យមួយប្រទេសអៀវឡង់ខាងជើងបានបង្ហាញថាការងូតទឹកក្ដៅនៅពេលអ្នករងា បានជួយធ្វើឱ្យអ្នកបំបាត់កាឈឺចាប់នៅតាមសាច់ដុំ ជួយសម្រួលដល់សំពោធឈាម ធ្វើឱ្យចរន្ដឈាមហូរដំណើរការបានល្អ។

    5. សម្រួលប្រព័ន្ធឈាមរត់
    ការងូតទឹកក្ដៅឧណ្ហជួយឱ្យអារម្មណ៍កក់ក្ដៅស្រួលខ្លួន ក្រោយពេលងូតទឹកហើយអ្នកមានអារម្មណ៍ប្រសើរច្រើនជាងមុន ព្រោះថា ចរន្ដឈាមអ្នករត់បានស្រួលដោយមិនមានការរាំងស្ទះ។

    6. បំបាត់ភាពនឿយហត់
    ក្រោយពេលបំពេញការងារក្នុងមួយថ្ងៃហើយអ្នកមានអារម្មណ៍ថា អស់កម្លាំងពីខ្លួនរលីង បើអ្នកបានងូតទឹកក្ដៅឧណ្ហៗ នឹងធ្វើឱ្យអ្នកបំបាត់ភាពនឿយហត់ខ្លាំងបាន អ្នកក៏អាចដាក់ក្លិនផ្កា-ក្រអូបខ្លះៗនៅក្នុងទឹក ដើម្បីបង្កើនភាពស្រស់-ស្រាយដល់អ្នក។ ក្រោយពេលអ្នកងូតទឹករួចអ្នកអាចគេងបានលក់ស្រួលខ្លួនទៀតផង។

    7. ជួយបើករន្ធញើស
    ការងូតទឹកក្ដៅមិនត្រឹមតែមានប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ តែវាក៏ជួយបើករន្ធញើសរបស់អ្នកផង ដែលធ្វើឱ្យរាងកាយរបស់អ្នកកក់ក្ដៅ ហើយនៅជួយសម្អាតស្បែកអ្នកពីស្រទាប់ជ្រៅជាងមុន ហើយថែមទាំងជួយជម្រុះកោសិកាចាស់ បណ្ដុះកោសិកាថ្មីបានទៀតផង៕

  • សម្រាប់​យុវជន ទំនុក​ចិត្តជា​រឿង​សំខាន់​ក្នុងការចាប់ផ្តើម​បង្កើន​ភាពស្វាហាប់​នៅ​ដើមឆ្នាំ​ថ្មី

    សម្រាប់​យុវជន ទំនុក​ចិត្តជា​រឿង​សំខាន់​ក្នុងការចាប់ផ្តើម​បង្កើន​ភាពស្វាហាប់​នៅ​ដើមឆ្នាំ​ថ្មី

    ពេញ​មួយឆ្នាំ ​ពេលវេលា​សំខាន់​ដែល​មនុស្សម្នាក់ៗតែងតែ​យកចិត្តទុកដាក់​សម្រាប់​រៀបចំ​គម្រោងអភិវឌ្ឍន៍​ជីវិត​រស់នៅ ស្ថាប័ន ឬ​ការងារ​ជាដើម គឺ​ពេលចុងឆ្នាំ និង​ដើមឆ្នាំ។ ពេលវេលា​នេះ​ជា​ពេល​ល្អ​មួយ​ដើម្បី​ពិចារណា​លើ​ការរៀបចំ​ផ្នត់គំនិត និង​សកម្មភាពដើម្បី​ពង្រឹងសមត្ថភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​សម្រាប់បង្កើត​ទំនុកចិត្ត​លើ​ការសម្រេចចិត្ត​ធ្វើ​ការងារសំខាន់ៗឆ្ពោះទៅកាន់​ភាព​រីកចម្រើន។

    អ្នកដោះស្រាយវិបត្តិ និងធ្វើការងារច្រើនជាមួយយុវជន កញ្ញានាង សុ​វាត​នា ដែល​អ្នក​គ្រប់គ្នា​ស្គាល់​ថា​ជា DJ Nana បាន​លើកឡើងថា មនុស្ស​គ្រប់គ្នា ជាពិសេស​ស្ត្រី​ត្រូវ​ចាប់ផ្តើម​ហ៊ាន​បង្កើត​ការសម្រេច​ចិត្តជា​វិជ្ជមាន​សម្រាប់​ដំណើរ​ជីវិត​ខ្លួនឯង ហើយ​លុបបំបាត់​ឱ្យអស់​នូវ​គំនិត​អវិជ្ជមាន​ដែល​បង្អាក់​ដល់​ភាព​ថ្កុំថ្កើង​របស់​យើង។ មនុស្ស​មិនតិច​ទេ​ដែល​បណ្តោយឱ្យ​ភាពភ័យខ្លាច​រារាំង​មិន​ឱ្យធ្វើ​សកម្មភាពធំៗ និងសំខាន់ៗ បើទោះបីជា​គាត់​មានសមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វា​ហើយ​ក៏ដោយ។ មាន​មនុស្ស​ខ្លះ​ចង់​ធ្វើ​ដូចអ្នកដទៃ ចង់​ក្លាយជា​មនុស្ស​មានឈ្មោះ​ល្អ ចង់​ក្លាយជា​អ្នក​និយាយសាធារណៈ​ជាដើម តែ​ពួកគេ​មិន​ព្រមចាប់ផ្តើម​សកម្មភាព​នោះ​សោះ ព្រោះ​តែងតែ​ខ្លា​ចនេះ​ខ្លាច​នោះ​ជានិច្ច។

    កញ្ញា នាង សុ​វាត​នា បាន​និយាយថា៖“មាន​អ្នកខ្លះ​ចង់​ឡើង​និយាយ​លើ​ឆាកហើយ​គិតថា រីករាយ​ខ្លាំងណាស់​ប្រសិនបើ​បាន​និយាយ​ឱ្យគេ​ស្តាប់​នៅ​ពីមុខ​មនុស្សច្រើនៗ តែ​ចិត្ត​ខ្លួនឯង​ចេះតែ​ឃាត់​មិន​ព្រមឱ្យ​ខ្លួនឯង​សាកល្បង​សោះ ព្រោះ​ពេលខ្លះ​ខ្លាច​និយាយមិនល្អ ពេលខ្លះ​និយាយ​ទៅ​អ្នកដ​ទៃ​ស្តាប់​មិន​យល់ ខ្លាច​សំឡេង​មិន​ពីរោះ ខ្លាច​ញ័រ​ដៃ​ញ័រ​ជើង​ជាដើម។ ស្ថានភាព​បែបនេះ​លំបាក​ខ្លាំងណាស់​សម្រាប់​យើងម្នាក់ៗនៅពេល​បេះដូង​ប្រាប់ថា យើង​ចង់​ឡើង​ទៅលើ​ឆាក តែ​រាងកាយ​វា​មិន​ព្រមទៅ”។

    អ្នក​លើកទឹកចិត្ត​ខាងលើ​បានលើកឡើង​ផងដែរ​ថា ល្មម​ដល់ពេល​ហើយ​ដែល​យើង​គ្រប់គ្នា​ត្រូវ​បញ្ឈប់​ភាពភ័យខ្លាច​ដែល​នៅក្នុង​ខ្លួន​របស់​យើង ព្រោះ​តាមពិតទៅ​ប្រសិនបើ​យើង​មាន​ទំនុកចិត្ត​លើ​ខ្លួនឯង ហើយ​ហ៊ាន​ធ្វើ​សកម្មភាព​ដែល​យើង​ចង់​ធ្វើ ឬ​ធ្លាប់​ស្រមៃ​ចង់​ធ្វើ ប្រហែលជា​យើង​អាចធ្វើ​បាន​លើសពី​ការ​ស្មាន​ទុក​របស់​យើង​ទៅទៀត​ផង។ កញ្ញា​បន្ថែមថា តាម​ការកត់-សម្គាល់រ​បស់​ខ្លួន គឺ​មនុស្សម្នាក់ៗមាន​សមត្ថភាព​លើសពី​ការគិត​របស់​យើង 10ដង មានន័យថា យើង​អាចធ្វើ​រឿង​ជាច្រើន​បាន​ដែល​យើង​នឹកស្មាន​មិន​ដល់ ហេតុ-នេះ​ចូរ​កុំ​ខ្លាច ហើយ​កុំ​បារម្ភ នៅពេល​ជាក់ស្តែងអ្វីៗអាច​ល្អ​ខ្លាំង​ជាង​ការព្រួយបារម្ភ​របស់​យើង​ទៅទៀត។

    កញ្ញា នាង សុ​វាត​នា បាន​និយាយថា៖ “ពីមុន​ខ្ញុំ​គ្រាន់តែ​ដឹងខ្លួន​ឯង​ថា ធ្វើ​កម្មវិធី​វិទ្យុ ឱ្យតែ​និយាយ​ទៅ គេ​ស្តាប់​បាន មិន​ភ័យ​រឿង​គេ​ដេញចេញ​ទេ តែ​ពេល​ចេញមក​ខាងក្រៅ​មាន​មិត្តភក្តិ និង​មនុស្ស​ជាច្រើន​ផ្សេងទៀត​គាត់​សរសើរ ហើយ​មើលឃើញ​លើសពី​អ្វីដែល​ខ្ញុំ​គិត​ទៅទៀត។ ក្រោយៗមកទៀត​ខ្ញុំ​បន្តធ្វើ​វីដេអូ ហើយ​ពេលនោះ​ក៏​មិន​ខុសពី​លើកមុនៗដែរ។ ដំបូង​ខ្ញុំ​គិតថាត្រឹមតែ​គេ​ទទួលយកបាន​គឺ​គ្រប់គ្រាន់​ហើយ តែអ្វីៗវា​ហួស​ពី​ការ​ស្មាន​ទៅទៀត នៅពេលដែល​ប្រិយមិត្ត​ជាច្រើន និង​អ្នក​គ្រប់គ្នា​មើលឃើញថា វា​មាន​សារៈសំខាន់។ ចាប់ផ្តើម​ពី​ចំណុច​នោះ​ខ្ញុំ​បន្ត​ពិសោធ និង​សង្កេតឃើញថា ខ្លួន​យើងម្នាក់ៗមាន​សមត្ថភាព​ខ្លាំងជាង​អ្វីដែល​យើង​គិត​ទៅទៀត​នៅក្នុង​ក្រសែភ្នែក​អ្នកដទៃ ហើយ​វា​ពិតជា​បែប​ហ្នឹង​មែន។ ហេតុនេះ​សូមបង្វែរ​ការភ័យខ្លាច មក​ចាប់ផ្តើម​គិតថា យើង​អាចធ្វើ​បានល្អ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ខ្លួនឯង​ដើម្បី​បន្តសកម្មភាពសំខាន់ៗជាច្រើន​ទៀត”។

    នាយករង​ផ្នែក​បណ្តុះបណ្តាល​នៃ​ក្រុមហ៊ុន​ធានារ៉ាប់រង AIA លោក សោម សុធា បាន​លើកឡើងថា ក្នុង​ខ្លួន​មនុស្ស​យើងម្នាក់ៗមាន​សមត្ថភាព​ច្រើនណាស់​ដែល​យើង​ប្រើ​វា​មិនទាន់​អស់ ហេតុនេះ​ត្រូវ​ប្រឹងប្រែង​ឱ្យបាន​ខ្លាំង​ដើម្បី​ប្រើប្រាស់​សមត្ថភាព​ដែល​យើង​មាន​សម្រាប់​ជា​ប្រយោជន៍។ ប្រសិនបើ​យើង​ហ៊ាន​ស្រមើស្រមៃ ហ៊ាន​រីករាយ​ជាមួយនឹង​ចំណង់​វិជ្ជមាន​នានានោះ​យើង​នឹង​អាចមាន​កម្លាំង​ជំរុញ​ជាច្រើន​ដើម្បី​ធ្វើឱ្យ​យើង​កាន់តែ​ក្លាហានឡើងៗដើម្បី​សម្រេច​វា​ឱ្យបាន។ លោក​សុធា​បានបញ្ជាក់​ផងដែរ​ថា ទោះបីជា​ក្នុង​ខ្លួន​មនុស្ស​យើងម្នាក់ៗមាន​សមត្ថភាព​វិជ្ជមាន​ច្រើន​ក៏ដោយ តែ​យើង​ក៏មាន​សមត្ថភាព​អវិជ្ជមាន​មិនតិចដែរ។ ហេតុនេះ​ដើម្បី​ភាព​រីកចម្រើន យើង​ត្រូវ​ចេះ​បង្កើន​សមត្ថភាព​វិជ្ជមាន ហើយ​កាត់បន្ថយ​សមត្ថភាព​អវិជ្ជមាន។

    លោក សោម សុធា និយាយថា៖ “យើងម្នាក់ៗមាន​សមត្ថភាព​ច្រើនណាស់ តែ​ពេលខ្លះ​យើងម្នាក់ៗក៏​ច្បាស់​ផងដែរ​រឿង​សុំ​លុយ​ម្តាយ​ឪពុក​ចាយ រឿង​កុហក​ខ្លួនឯង និង​រឿង​ជាច្រើន​ផ្សេងទៀត ទន្ទឹមនឹង​យើង​មាន​សមត្ថភាព​ធ្វើ​ការងារសំខាន់ៗដើម្បី​ភាពរុងរឿង”។

    លោក សុធា បញ្ជាក់ថា ប្រការ​ល្អ គឺ​យើង​គួរតែ​ចាប់ផ្តើម​ស្វែងរក​ចំណុច​ខ្វះខាត​របស់ខ្លួន​ឱ្យឃើញបន្ទាប់មក​ព្យាយាម​កែសម្រួល​វា​ដោយ​បង្កើន​ចំណុចខ្លាំង​ដើម្បី​រក្សាបាន​នូវ​ភាព​វិជ្ជមាន​សម្រាប់​ការរស់នៅ។ ប្រសិនបើ​យុវជន​យើងម្នាក់ៗ ចេះ​កែប្រែ​ចំណុច​អវិជ្ជមាន និង​ជំនួស​វិញ​ដោយ​ចំណុច​វិជ្ជមាន​នោះ យើង​នឹង​អាច​កាត់បន្ថយ​បញ្ហា​ក្នុងការ​សិក្សា និង​ការរស់នៅ​បន្តិចម្តងៗ ហើយ​កែប្រែ​ខ្លួន​យើង​ពី​មនុស្ស​មិនល្អ មក​ក្លាយជា​អ្នកមាន​សមត្ថភាព​យ៉ាង​លឿន​បាន​យ៉ាង​ងាយស្រួល៕

  • Chelsea ចុះ​ហត្ថលេខា​ជាមួយ Higuain ក្នុង​លក្ខខណ្ឌ​​ខ្ចី​ជើង​រហូត​​ដល់​បញ្ចប់​រដូវ​កាល​នេះ

    Chelsea ចុះ​ហត្ថលេខា​ជាមួយ Higuain ក្នុង​លក្ខខណ្ឌ​​ខ្ចី​ជើង​រហូត​​ដល់​បញ្ចប់​រដូវ​កាល​នេះ

    កាលពីថ្ងៃពុធ ក្លិប​តោ​ខៀវ Chelsea បាន​ចុះហត្ថ​លេខា​ជាមួយ​នឹង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អា​ហ្សង់ទីនក្នុងលក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ ខណៈ​ដែល​លោក Maurizio Sarri សម្លឹង​រក​ការ​បន្ថែម​​ភាព​មុត​ស្រួច​លើ​តំបន់​ប្រយុទ្ធ​រប​ស់​លោក​។

    Higuain នឹង​ចូល​រួម​​ម្តង​ទៀត​ជាមួយ​នឹង​លោក Sarri ដែលធ្លាប់បាន​ធ្វើ​ជា​គ្រូបង្វឹក​របស់​កីឡាករ​វ័យ​31​ឆ្នាំ​រូបនេះនៅ​​​ឯ​ក្លិប Napoli និង​បាន​​ជ្រើស​រើស​យក​រូប​គេ​ជា​គោល​ដៅទី1ក្នុងការ​​ទិញ​ចូល​​នៅលើទី​​ផ្សារ​ដោះ​ដូរកីឡាករ​នា​ខែមក​រា​នេះ​។

    ក្រោយ​ពី​បាន​ចំណាយ​ពេល​ពាក់​កណ្តាល​រដូវកាល​នេះ ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​​នៅ​ឯ​ក្លិប AC Milan តារាឆ្នើម Higuain បាន​ទទួល​ស្គាល់​ថា រូប​គេ​ចង់​ផ្ទេរ​​ទៅកាន់​កីឡដ្ឋាន Stamford Bridge​។

    ក្រោយពី​បំពេញការ​ផ្ទេរ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្លិប Juventus ខ្សែ​ប្រយុទ្ធ Higuain ដែល​នឹង​ពាក់​អាវ​លេខ​9នៅ​កីឡដ្ឋាន Stamford Bridge បាន​ឱ្យ​ដឹង​ថា៖ «នៅ​ពេល​ដែល​ឱកាស​ក្នុង​ការ​ចូល​រួម​ជាមួយ​នឹង Chelsea បាន​បង្ហាញឡើង​ដោយ​ខ្លួន​ឯង ខ្ញុំ​ត្រូវ​តែ​ទទួល​យកវា​​។ វា​ជា​ក្រុម​មួយ​ដែល​ខ្ញុំ​តែង​​តែ​ចូល​​ចិត្ត និងមាន​ប្រវត្តិ​សាស្ត្រ​ជាច្រើន មានកីឡដ្ឋាន​ដ៏​អស្ចារ្យ ហើយ​ពួកគេ​លេង​ក្នុង​ក្រប​ខ័ណ្ឌ Premier League ជា​លីក​មួយ​ដែល​ខ្ញុំ​តែង​តែ​ចង់​លេង​​»​។

    កីឡាករ​រូបនេះបាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​ផ្តល់​ការ​ជឿជាក់​ដែល Chelsea បាន​បង្ហាញ​ដល់​ខ្ញុំនៅលើ​ទីលាន​វិញ​។ ខ្ញុំ​ពិត​ជា​ចង់​ចាប់​ផ្តើម ហើយ​ខ្ញុំ​សង្ឃឹម​ថានឹង​សម្រប​ខ្លួន​បាន​យ៉ាង​ឆាប់​រហ័ស​តាម​ដែលអាចធ្វើបាន​»​។

    លោក​ស្រី Marina Granovskaia ប្រធាន​ក្លិប Chelsea បាន​ឱ្យ​ដឹង​ថា៖ « Higuain គឺ​ជា​​គោល​ដៅ​ទី​1​របស់​យើងក្នុង​ការ​ដោះដូរ​កីឡាករហើយ​​រូប​គេ​មក​ដល់​រួម​ជាមួយ​នឹង​កំណត់ត្រា​យ៉ាង​ច្បាស់​មួយ​ក្នុងកម្រិត​ដ៏ខ្ពស់​បំផុត​»​៕

  • Nadal ប៉ះ Tsitsipas ថ្ងៃ​នេះ ខណៈ Kvitova សម្លឹង​រក​ការ​បន្ត​​ឈ្នះ​ជាប់​ៗ​គ្នា

    Nadal ប៉ះ Tsitsipas ថ្ងៃ​នេះ ខណៈ Kvitova សម្លឹង​រក​ការ​បន្ត​​ឈ្នះ​ជាប់​ៗ​គ្នា

    កីឡាករ​វាយកូន​បាល់ Rafael Nadal នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹង​កីឡាករ​វ័យ​ក្មេង StefanosTsitsipas នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​ដែល​​រូបគេ​សម្លឹង​រក​ការ​ឈាន​ទៅ​កាន់​​ព្រឹត្តិការណ៍ Australian Open​វគ្គ​ផ្តាច់ព្រ័ត្រ​ជាលើក​ទី​5 ខណៈ​ដែល​កីឡា​ការិនី​ឡើង​ទម្រង់លេង Petra Kvitova សម្លឹង​រក​ការ​បន្ថែម​ជ័យជម្នះ10​លើក​ជាប់​ៗ​គ្នា​។

    ​ថ្ងៃ​ទី​11 ​នៃ​ការ​ប្រកួត​​ក្នុងព្រឹត្តិការណ៍ Grand Slam បើកឆាក​ក្នុង​ឆ្នាំនេះបេក្ខ​ភាព​ដែល​ត្រូវ​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​វិញ្ញា​សា​បុរស នឹង​ត្រូវ​កាត់​សេចក្តីខណៈ​ដែល​បេក្ខ​​ភាព​​ផ្នែក​នារី​ទាំង​ 2​នាក់ ក៏​នឹង​ត្រូវ​បាន​រក​ឃើញ​ផងដែរ​។

    Nadal បាន​ឈាន​ទៅកាន់​វគ្គ​ពាក់កណ្តាលផ្តាច់​ព្រ័ត្រ​នេះ ដោយ​មិន​ចាញ់សោះ​សូម្បី​តែ​ 1​សិត ប៉ុន្តែ Tsitsipas អាច​​នឹងក្លាយ​ជា​គូ​ប្រកួត​ដ៏ខ្លាំង​ម្នាក់ ក្រោយពី​រូប​គេ​បាន​បង្កើត​ការ​ភ្ញាក់​ផ្អើល​តាម​រយៈ​ការ​ផ្តួល​កីឡាករ Roger Federer ក្នុង​ការប្រកួត​​ 4​សិត​ ក្នុង​វគ្គ​ 16​នាក់​ចុងក្រោយ​។

    កីឡាករ​សញ្ជាតិ​អេ​ស្ប៉ាញ​មាន​ចំណាត់​ថ្នាក់​លេខ​2 ​ប្រចាំ​ព្រឹត្តិ​ការណ៍ដែលនឹង​ត្រូវប្រកួតនៅ​​ពេល​រាត្រីថ្ងៃនេះកំពុង​តែ​ព្រួយ​បារម្ភ​អំពីតារា​ឆ្នើម​របស់ក្រិក​វ័យក្មេងម្នាក់នោះ(StefanosTsitsipas) ដែល​រូប​គេ​បាន​ចាត់​ទុក​ថាជាកីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏ឆ្នើមបំផុត​ក្នុង​ពិភព​លោក​ ប៉ុន្តែ Nadal ក៏​បាន​ប្រកាស​ផងដែរ​ថាពេល​វេលា​របស់​គេ​នៅមិន​ទាន់​បញ្ចប់​ទេ ខណៈ​ដែល​រូប​គេកំពុង​សម្លឹង​រក​ការ​ឈ្នះពាន Grand Slam លើកនេះជាលើក​ទី​18​។

    ទាក់​ទង​នឹង​តា​រាឆ្នើម​វ័យ​ក្មេង​ជាច្រើនដែល​ទើប​តែ​រះនោះ កីឡាករ Nadal បាន​ឱ្យ​ដឹង​ថា៖«ពួក​គេ​​អាច​នឹងត្រូវរង់​ចាំ​បន្តិចសិន​ ប៉ុន្តែ ពួក​គេ​ហាក់​ដូច​ជា​មិន​ចង់​​រង់​ចាំ​ឡើយ​»​។

    ស្ថិតក្នុង​ចំណាត់​ថ្នាក់​​ទី14 ប្រចាំ​ព្រឹត្តិ​ការណ៍ Tsitsipas មិន​ត្រូវ​បានមើល​​ស្រាល​ដោយ Nadal ឡើយ ប៉ុន្តែកីឡាករ​មានចំណាត់​ថ្នាក់​លេខ2​ក្នុង​ពិភព​លោក Nadal ​ ក៏មាន​ការ​ជឿជាក់​​លើ​សមត្ថ​ភាព​ខ្លួន​ឯងផងដែរ​៕

  • បន្លែ​ផ្កា​ខាត់ណា-បន្លែ​គ្រប់​ប្រភេទ និង​តម្រូវការ​ប្រចាំថ្ងៃ​នៅ​កម្ពុជា

    បន្លែ​ផ្កា​ខាត់ណា-បន្លែ​គ្រប់​ប្រភេទ និង​តម្រូវការ​ប្រចាំថ្ងៃ​នៅ​កម្ពុជា

    បន្លែ​ផ្កា​ខាត់ណា​ត្រូវបាន​ទទួលស្គាល់ថា ជា​ប្រភេទ​បន្លែ​មួយ​ដែលមាន​តម្រូវការ​នៅលើ​ទីផ្សារ​ច្រើន ទើប​មាន​កសិករ​ជាច្រើន​បាននាំគ្នា​សង្វាត​ដាំ​បន្លែ​នេះ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ព្រោះ​បន្លែ​នេះ​កំពុងមាន​តម្រូវការ​ខ្ពស់​នៅក្នុង​ទីផ្សារ​ទំនើប​ផង និង​ក៏មាន​តម្រូវការ​ដោយ​ខានមិនបាន​នៅតាម​បណ្តា​អាហារ​ដ្ឋា​ន និង​ភោជនីយដ្ឋាន​ជាច្រើន​ផងដែរ ហើយតម្លៃ​វា​ក៏​ខ្ពស់​គួរសម​ដែរ។

    ជា​មធ្យម​ក្នុង 1ឆ្នាំ ពលរដ្ឋ​កម្ពុជា1នាក់​បរិភោគ​បន្លែ​អស់​ប្រមាណ 100គីឡូក្រាម។ ក្នុងមួយឆ្នាំៗកម្ពុ​ជាមាន​តម្រូវការ​ប្រើប្រាស់​បន្លែ​ជាង 93ម៉ឺន​តោន ក្នុងនោះ​កម្ពុ​ជាមាន​សមត្ថភាព​ផលិត​បន្លែ​ដោយ​ខ្លួនឯងបាន​ប្រមាណ​តែ 42ម៉ឺន​តោន​ប៉ុណ្ណោះ ដែល​ចំនួន​នេះ​មិនអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ទៅនឹង​តម្រូវ​ការចាំបាច់ និង​ការកើនឡើង​ក្នុងការ​ប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​កម្ពុជា​បានទេ ដូច្នេះ​កម្ពុជា​ត្រូវ​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង​ជាង50ម៉ឺន​តោន​ទៀត​ក្នុងមួយឆ្នាំ។

    លោកស្រី ចាន់ ផល​លឿន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា៖“ប្រទេស​កម្ពុជា​បាន​ចំណាយ​ប្រាក់​សរុប​អស់​ចំនួន​ជាង 200លាន​ដុល្លារ​អាមេរិក​ក្នុងមួយឆ្នាំៗទៅលើ​ការ​នាំចូល​បន្លែ​យ៉ាងច្រើន​ពី​ប្រទេស​វៀតណាម ថៃ និង​ចិន​ដើម្បី​យកមក​ផ្គត់ផ្គង់​ដល់​តម្រូវការ​នៅក្នុង​ស្រុក ក្នុងនោះ​រួមមាន​ដូចជា ផ្កា​ខាត់ណា មើម​ការ៉ុត ដំឡូងបារាំង ខ្ទឹមស ខ្ទឹមក្រហម និង​ផ្កា​ស្ពៃធំៗជាដើម”។

    លោកស្រី ចាន់ ផល​លឿន បានឱ្យដឹង​បន្តទៀតថា​ការ​នាំចូល​បន្លែ​ដែលមាន​តម្លៃ​ដ៏​ច្រើនសន្ធឹកសន្ធាប់​នេះ គឺ​ដោយសារ​តែមាន​បញ្ហា​កត្តា​អាកាសធាតុ និង​បញ្ហា​នៃ​ការ​កង្វះ​ចំណេះដឹង​ផ្នែក​បច្ចេកទេស​របស់​ប្រជាកសិករ​កម្ពុជា។ លោកស្រី​បន្ថែមថា “ក្រសួងកសិកម្ម​កំពុង​ទទួលបាន​គម្រោង​មួយ គឺ​គម្រោង​ជំរុញ​ផលិតកម្ម​ស្បៀង​ដែល​នឹង​អនុវត្ត​នៅតាម​ខេត្ត​គោលដៅ​ចំនួន8 ក្នុង​ការធ្វើ​ផលិតកម្ម​បន្លែ និង​ខេត្ត​គោលដៅ​ចំនួន 11ទៀត សម្រាប់​ការធ្វើ​ផលិតកម្ម​ស្រូវ​ក្រអូប​ដើម្បី​ធ្វើការ​នាំចេញ”។

    ដោយឡែក​អ្នកជំនាញ​ខាង​ទីផ្សារ​បន្លែ​នៅ​កម្ពុជាលោក ទួត សេង​ហ័ង អ្នកជំនាញ​ទីផ្សារ​សមាគម​ត្រសក់ផ្អែម​សៀមរាប​មានជ័យ​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា ក្រៅពី​បន្លែ​ជាច្រើន​មុខ ផ្កា​ខាត់ណា​ជា​បន្លែ​ដែល​ទទួលបាន​ផល​ប្រភេទ​ទី 4របស់​សមាគម​យើង​បាន​ដែល​បាន​ដាំ​នៅលើ​ផ្ទៃដី​ប្រមាណ​ជាង 20ហិកតា។

    លោក​បានឱ្យដឹងថា ផ្កា​ខាត់ណា ជា​ប្រភេទ​រុក្ខជាតិ​បន្លែ​ផ្តល់​ផ្កា ដែលមាន​រដូវ​កាល​សម្រាប់​ដាំ​របស់​វា។ យោងទៅតាម​ប្រទេស​កម្ពុជា​យើង​មាន​រដូវ​ត្រជាក់​រយៈពេល​ខ្លី​ចន្លោះ​ពី​ខែតុលា ដល់ខែកុម្ភៈ ជា​ការដាំដុះ​បានល្អ​ពី​ខែវិច្ឆិកា​ដល់​ខែធ្នូហើយ​ពេល​ខាត់ណា​ឈានចូល​រដូវក្តៅ មិន​អំណោយផល​ដល់​ប្រភេទ​ពូជធ្ងន់​ឡើយ វា​សមស្រប​តែ​ពូជ​ស្រាល និង​ពូជ​កណ្តាល ដែលមាន​អាយុកាល55-75ថ្ងៃ​ប៉ុណ្ណោះ។ វា​អាច​ដុះ​លូតលាស់​បាន​ចាប់ពី​វាលរាប​ដល់​ខ្ពង់រាប ប៉ុន្តែ​ផ្ទៃដីរយៈកម្ពស់​សមស្រប​មាន​ពី800-1200ម៉ នឹងធ្វើឱ្យ​មានទិន្នផល​ខ្ពស់ ។ ផ្កាខាត់ណាគេ​ចាត់បញ្ចូល​ទៅក្នុង​ដំណាំ​ដែល​ត្រូវការ​សីតុណ្ហភាព​ទាប ព្រោះ​តម្រូវការ​មធ្យម​ប្រចាំថ្ងៃ​របស់​វាគឺពី15-20អង្សា​សេ ។

    ដោយសារ​តែមាន​ការទទួល​ទាន​ច្រើន និង​តម្រូវការ​ក៏​ច្រើន​ដែរនោះ ទើប​ធ្វើឱ្យ​បន្លែ​នេះ​មិនមាន​ស្ថិរភាព​តម្លៃ​ទៀងទាត់​នោះទេ ដោយ​វា​នឹង​ប្រែប្រួល​ទៅតាម​ពេលវេលាមមាញឹកដែលមាន​តម្រូវការ​ខ្ពស់ ដូចជា​រដូវ​បុណ្យទានផ្សេងៗ ពិសេស​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌម្តងៗ ចូលឆ្នាំ​ចិន និង​ចូលឆ្នាំ​ខ្មែរ ផ្កា​ខាត់ណា​នឹង​លក់បាន​ថ្លៃ ក្នុង1គីឡូក្រាម​ស្មើនឹង 6,000រៀល ទៅ12,000រៀល តែ​លោក សេង​ហ័ង ក៏បាន​បញ្ជាក់ដែរថា ក្នុង​រដូវ​ដែល​សម្បូរ​បន្លែ​ផ្កា​ខាត់ណា តម្លៃ​ដែល​លក់​ចេញ​បាន 1គីឡូ​ថ្លៃ​ត្រឹមតែ3,500-4,000រៀល​ប៉ុណ្ណោះ​ក៏​គាត់​ទទួលបាន​ចំណូល​សរុប ស្មើនឹង 32000000រៀល​ដែរ ដែល​បច្ចុប្បន្ន​បន្លែ​ផ្កា​ខាត់ណា របស់​សមាគម​លោក បាន​ត្រូវ​យកមក​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ទំនើប​ឡាក់​គី ផ្សារ​អង្គរ និង​ផ្សារ​កសិករ​នៅ​ខេត្តសៀមរាប និង​នៅ​ភ្នំពេញ​300Kgក្នុង1ថ្ងៃ​ផងដែរ។

    លោក​ក៏បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ដែរ​ថា នា​ថ្ងៃ​ខាងមុខ​នឹងមាន​ការសាងសង់​ផ្សារ​ទំនើប​បន្ថែមទៀត​នៅ​ខេត្តសៀមរាប រួមទាំង​ផ្សារ​ម៉ាក្រូ​នៅ​ខេត្តសៀមរាបផង សមាគម​នឹង​បន្ថែម​នូវ​តម្រូវ​ការដែល​ទីផ្សារ​ទំនើប​ទាំងនោះ​ចង់បាន។ លោកបាន​បន្ថែមថា​លោក​ក៏មាន​មហិច្ឆតា ក្នុង​ការពង្រីក​ការដាំដុះ​ដំណាំ​បន្លែ​ផ្កា​ខាត់ណា ដើម្បីបំពេញ​សេចក្តីត្រូវការ​របស់​ប្រជាព​ល​រដ្ឋ និង​អាហារ​ដ្ឋា​ន​ដែល​កំពុង​កើនឡើង​ផង ដោយ​ការផ្គត់​ផ្គង់​នេះ​ត្រូវតម្រូវឱ្យ​សមាគម​លោក​នឹង​ពង្រីក​គម្រោង​ការដាំដុះ​ឱ្យបាន​ដល់100ហិកតា៕

  • អាទិភាព​សម្រាប់​កម្ពុជា គម្រោង​ផ្លូវ​ល្បឿន​លឿន​នឹង​បើក​ការដ្ឋាន​សាងសង់ឆាប់ៗ

    អាទិភាព​សម្រាប់​កម្ពុជា គម្រោង​ផ្លូវ​ល្បឿន​លឿន​នឹង​បើក​ការដ្ឋាន​សាងសង់ឆាប់ៗ

    គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុបានបង្ហាញ​នូវ​ក្តី​រំពឹងថា នឹង​អាច​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​អំឡុង​ខែកុម្ភៈ ឬ​យូរ​បំផុត​នៅ​ដើមខែ​មីនា​ខាងមុខ។ នេះ​បើ​យោងតាម​ព័ត៌មាន​ពី​សន្និបាត​បូកសរុប​ការងារ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានបញ្ជាក់​ឱ្យដឹងថា ការ​រំពឹងថា ការសាងសង់​ផ្លូវ​ល្បឿន​លឿនភ្នំពេញ-ព្រះសីហនុ​អាច​បើក​ការដ្ឋាន​នៅ​ខែកុម្ភៈ​ខាងមុខនេះ គឺ​ដោយសារ​គ្រឿងចក្រ​ដែលមាន​តម្លៃ​ប្រមាណ 100លាន​ដុល្លារ​នោះ​នឹងត្រូវ​បញ្ជូនមក​ដល់ក​ម្ពុ​ជា​នៅ​ដំណាច់​ខែមករា​នេះ ចំណែកឯ​អ្នកបច្ចេកទេស និង​វិស្វករ​ចិន​ប្រហែល 200នាក់ បាន​មកដល់​រួចរាល់​ហើយ ដើម្បី​ត្រៀម​បើក​ការដ្ឋាន​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​នេះ។

    តែ​ទោះជា​យ៉ាងណា លោក​ទេសរដ្ឋមន្ត្រី​បាន​បញ្ជាក់ថា ចំពោះ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ រាជរដ្ឋាភិបាល​មិនទាន់បាន​ដោះស្រាយ​ផលប៉ះពាល់​បញ្ហាដីធ្លី​រួចរាល់​នៅឡើយ ដោយ​ក្រសួងសាធារណការ​កំពុងតែ​រៀបចំ​ជំរុញ​ការងារ​នេះ​ជាមួយក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បីឱ្យ​អាច​បើក​ការដ្ឋាន​បាន។

    សូមជម្រាបថា ផ្លូវ​ល្បឿន​លឿន​នេះ​គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ​ជាង 1,900លាន​ដុល្លារ អាមេរិក​ដែល​នឹង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ក្រោមរូបភាព​វិនិយោគ​ត្រូវ​អនុវត្តតាម​ទម្រង់​សាងសង់-ប្រតិបត្តិ-ផ្ទេរ (BOT)។ ការវិនិយោគ​លើ​គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ​ជា 48ខែ។ ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ-ខេត្ត​ព្រះសីហនុ​នេះ ជា​ខ្សែ​ផ្លូវ​ថ្មី​ទាំងស្រុង​ដែលមាន​ប្រវែង​សរុប​ប្រហែល 193គីឡូម៉ែត្រ។ ផ្លូវ​នេះ​នឹងត្រូវ​សាងសង់​ជា 4គន្លង មាន​សួនច្បារ​ខណ្ឌ​កណ្តាល ដោយ​ចេញពី​ភ្នំពេញ​នៅត្រង់ចំណុចផ្លូវ​ក្រវាត់ក្រុង​ទី3 មាន​ផ្លូវបំបែក​ប្តូរ​ទិស (InterChange) ភ្ជាប់​មក​ផ្លូវជាតិ​លេខ4 ចំនួន 7កន្លែងមាន​ស្ពាន​វែង-មធ្យម​ចំនួន 56កន្លែង(ប្រវែង4,417ម៉ែត្រ)ស្ពាន​ខ្លី 33កន្លែង(ប្រវែង750ម៉ែត្រ)ដែល​គិត​ជា​សរុប​មាន​ស្ពាន​ចំនួន 89កន្លែង ស្ពាន​រំលង 321កន្លែង កន្លែង​ឈប់សម្រាក 4កន្លែង និង​ហេដ្ឋារចនាសម្ព័ន្ធ​សំណង់​សេវា​គាំទ្រ​ជាច្រើន​ទៀត។

    សូម​បញ្ជក់​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ-ខេត្ត​ព្រះសីហនុ(Phnom Penh-Sihanoukville Expressway)នេះ ឆ្លងកាត់ 4រាជធានី-ខេត្ត រួមមានរាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​កំពង់​ស្ពី ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ ក្នុងនោះ​មាន​ឆ្លងកាត់ 6ស្រុក 1ខណ្ឌ 2ក្រុង 31ឃុំ/សង្កាត់ និង110ភូមិ។

    បើតាម​គម្រោង ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ក្រាល​បេតុង​កៅស៊ូ AC មាន​ប្រវែង​សរុប​ជាង 190គីឡូម៉ែត្រ(គិត​រួមទាំង​ស្ពាន និង​លូ​ទាំងអស់) ហើយ​មាន​ទទឹង​សរុប 24.5ម៉ែត្រ ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត(2×3.75ម៉ែត្រ) សងខាង ជាយ​ផ្លូវ​កៅស៊ូ 2 (2×2.5ម៉ែត្រ)សម្រាប់​ម៉ូតូ ជាយ​ផ្លូវ​ដីក្រហម 2(2×0.75) សម្រាប់​ថ្មើរជើង និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ​ប្រវែង 3ម៉ែត្រ។

    ផ្លូវ​នេះ​មាន​កន្លែង​សម្រាប់​ឈប់សម្រាក​ចំនួន 4កន្លែង និង​ស្ថានីយប្រេងឥន្ធនៈ​ចំនួន 3កន្លែង។ ផ្លូវ​នេះ​ក៏មាន​របង​អម​តាម​សងខាង​ផ្លូវ ដើម្បី​ការពារ​សត្វពាហនៈ​ឆ្លងកាត់ និង​របាំង​ការពារ​សំឡេង​រំខាន សរុប​ប្រវែង​ប្រហែល 57.19គីឡូម៉ែត្រ ព្រមទាំង​មាន​កន្លែង​សម្រាប់​មនុស្ស និង​សត្វព្រៃ​ឆ្លងកាត់​ចំនូ​ន 352កន្លែង​ផងដែរ។

    គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ-ខេត្ត​ព្រះសីហនុ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​កាលពី​ថ្ងៃទី11 ខែមករា ឆ្នាំ2018 ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម លី ខឺ​ឈាង​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

    បច្ចុប្បន្ន​គម្រោង​នេះ​ឈានដល់​ដំណាក់កាល​បង្កើត​គណៈកម្មកា​រ​សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់​ដែលមាន​សមាសភាព​ចូលរួម​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន៕

  • លោក សាន្ត ចន្ទ​កុម្ភៈ៖ គណនេយ្យ​ជំនាញ​ត្រូវការ​ជា​ចាំបាច់​នូវ​វិន័យ​ផ្ទាល់ខ្លួន និង​ភាពស្មោះត្រង់

    លោក សាន្ត ចន្ទ​កុម្ភៈ៖ គណនេយ្យ​ជំនាញ​ត្រូវការ​ជា​ចាំបាច់​នូវ​វិន័យ​ផ្ទាល់ខ្លួន និង​ភាពស្មោះត្រង់

    បើ​និយាយ​ពី​រឿង​គណនេយ្យមនុស្ស​គ្រប់គ្នា​ប្រហែលជា​គិតថាវា​ជា​មុខវិជ្ជា​ស្មុគស្មាញ ត្រូវ​ការគិត​លេខច្រើន ឯកសារ​ច្រើន​ជុំ​ទិស និង​ត្រូវ​ប្រុងប្រយ័ត្ន​បំផុត។តែ​សម្រាប់​គណនេយ្យករ​ជំនាញ​វិញ ពួកគេ​មើលឃើញថា គណនេយ្យ​ជា​មុខវិជ្ជា​ដ៏​សំខាន់​ដែល​ទាមទារ​នូវ​ការអត់ធ្មត់ហើយ​មានតម្លៃ​បំផុត​សម្រាប់​ជីវិត​ផ្ទាល់ខ្លួន និង​សង្គម។

    ក្នុងចំណោម​គណនេយ្យក​រ​ជំនាញ (Certified Public Accountant) នៅ​កម្ពុជា លោក សាន្ត ចន្ទ​កុម្ភៈ គឺជា​អ្នកជំនាញ​មួយរូប​ដែល​បាន​ឆ្លងកាត់​ដំណាក់កាល​លំបាក​ជាច្រើន​ពី​ជីវិត​កុមារភាព​ដែល​ទើប​ឆ្លង​ផុតពី​សង្គ្រាម​មក​ក្លាយជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ជំនាញ​គណនេយ្យ ដោយ​កាលៈទេសៈ​នោះ​វា​មិនមែនជា​រឿង​ងាយ​នោះទេ​សម្រាប់​សាមញ្ញ​ជន​ម្នាក់​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ក្នុង​អាជីព​នេះ។

    នៅថ្ងៃនេះ កាសែត​ឡា​រ៉ែ​ន​ពាណិជ្ជ​បានធ្វើ​បទសម្ភាស​មួយ​ជាមួយ​លោក​ សាន្ត ចន្ទ​កុម្ភៈ ពី​ដំណើរ​ជីវិត​ជាក់ស្តែង និង​ការវិវឌ្ឍ​ខ្លួន​ក្នុង​ពិភព​ការងារ មុន​ក្លាយជា​គណនេយ្យករ​ជំនាញ និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​សេវាកម្ម​គណនេយ្យ សវនកម្ម និង​ពន្ធដារមួយរូប​នៅ​កម្ពុជា ដែលមាន​អត្ថន័យ​ដូចខាងក្រោម។

    1. តើ​លោក​អាច​បញ្ជាក់បាន​ទេពី​ដំណើរ​ជីវិត​ពី​កុមារភាព និង​ការសិក្សា​មុនពេល​លោក​ឈាន​ជើង​ចូលអាជីព​គណនេយ្យ​នេះ?​
    បើ​និយាយ​ពី​ប្រវត្តិ​រៀនសូត្រ និង​ការរស់នៅ គឺមាន​ភាពលំបាក​បន្តិច ព្រោះ​ខ្ញុំ​កើត​នៅឆ្នាំ1988 ដែល​ពេលនោះ​គ្រួសារ​ខ្ញុំ​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន​សាយធូ ដែលជា​តំបន់​ដ៏​លំបាក​មួយ​សម្រាប់​កា​ររ​ស់​នៅ។ ខ្ញុំ​មិន​ស្គាល់​គោ ក្របី ឬ​ស្រូវ​ទេ​នៅពេលនោះ។ ក្រោយមក​នៅ​ឆ្នាំ1991 ក្រោយពី​មាន​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ទើប​ក្រុមគ្រួសារ​របស់ខ្ញុំ​ចាប់ផ្តើម​ផ្លាស់​ទី​មក​រស់នៅ​ខេត្តបាត់ដំបងជាទី​ដែល​ខ្ញុំ​ធំធាត់ និង​សិក្សា​មូលដ្ឋានគ្រឹះ​នៅ​ទីនោះ។

    សម្រាប់​ជីវិត​ជាក់ស្តែង​នៅពេលនោះ ក្រោយពេល​មក​រស់នៅ​ខេត្តបាត់ដំបង ជីវិត​ខ្ញុំ​មិន​កំសត់​ដូច​អ្នកដទៃ​ដែល​បាត់បង់​ឪពុកម្តាយ​សាច់ញាតិ​នោះទេ តែ​ក៏​មិន​ស្រួល​ប៉ុន្មាន​ដែរ​ក្នុង​គ្រួសារ​ដែលមាន​ឪពុក​ជា​គ្រូបង្រៀន ហើយ​ម្តាយ​ជា​មេផ្ទះ និង​ជា​កសិករ​ជាមួយ​កូន 5នាក់។ យើង​រស់នៅ​ដូច​គ្រួសារ​កសិករ​ដទៃ-ទៀត​ដែរ​គឺ ចិញ្ចឹម​ជ្រូក មាន់ ទា ដាំ​បន្លែ​ផ្លែឈើ និង​រកត្រី​ដើម្បី​ចិញ្ចឹមជិវិត តែ​ពេលខ្លះ​រឿង​លំបាក​ពេល​នោះបាន​ក្លាយជា​មេរៀន​ជាច្រើន​ដល់​ខ្ញុំ ឱ្យ​ចេះ​តស៊ូ​ធ្វើ​ការងារ​ជាច្រើន​ក្នុងពេល​តែមួយ​នៅ​ជនបទ។

    នៅពេលនោះ ដោយសារតែ​ឆ្ងាយ​ពី​ការអប់រំ​ដ៏​ត្រឹមត្រូវ និង​មិនទាន់មាន​ការផ្សព្វផ្សាយ​ទូលំទូលាយ​ពី​អាជីព​ការងារ ខ្ញុំ​មិនដែល​ស្គាល់​ទាល់តែសោះ​ពី​ពាក្យ​ថា គណនេយ្យ ព្រោះ​ពី​តូច​មក​ខ្ញុំ​ដឹង​តែ​ម្យ៉ាង​គត់គឺ​ខ្ញុំ​ចង់​ក្លាយជា​ទាហាន ព្រោះ​ដោយសារ​ខ្ញុំ​រស់នៅក្នុង​បរិស្ថាន​មួយ​ដែល​មើល​ឃើញតែ​រូបភាព​ទាហាននិង​ប្រជាជន​ចំណាកស្រុក។ សំណាង​ដែរ​នៅពេលនោះ ក្រោយពេល​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​វិទ្យាល័យខ្ញុំ​រៀន​ពូកែ​គួរសម​ដែល​អាចធ្វើឱ្យ​ខ្ញុំ​ប្រឡង​ជាប់​សាកលវិទ្យាល័យ​មួយចំនួន ដូចជា​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា និង​ទទួលបាន​អាហារូបករណ៍​ផ្នែក​សេដ្ឋកិច្ច និង​គ្រប់គ្រង​ពាណិជ្ជកម្ម​ជា​ភាសា​បារាំង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ជាដើម។ ពេលនោះ​ឪពុកម្តាយ​ខ្ញុំ​បដិសេធ​ដាច់ខាត​មិនឱ្យ​ធ្វើ​ទាហាន​ទេ ហេតុនេះ​ខ្ញុំ​មានតែ​ជម្រើស​ចូលរៀន​សាលាផ្សេងៗប៉ុណ្ណោះ។

    ពេល​បញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ឆ្នាំ2004 ខ្ញុំ​ក៏​សម្រេចចិត្ត​ជ្រើសរើស​រៀន​នៅ​សាកល-វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ចព្រោះ​ខ្ញុំ​អាច​រៀន​បាន​ដោយ​មិនបាច់​បង់ប្រាក់​តាមរយៈ​អាហារូបករណ៍​រាជរដ្ឋាភិបាល​កម្ពុជា ណាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​បានផ្តល់​អាហារូបករណ៍100% ដល់​សិស្ស​តែ​ប្រហែល 15នាក់​ប៉ុណ្ណោះ។

    ចំពោះ​ជីវិត​នៅ​សាកលវិទ្យាល័យ​វិញ​គឺមាន​ការតស៊ូ​ច្រើន។ ការផ្គត់ផ្គង់​ថវិកា​ពី​គ្រួសារ​ខ្ញុំ​មាន​កម្រិត​ដោយសារ​ជីវភាព​ពួកគាត់​លំបាក​ខ្លាំង ហើយ​ពួកគាត់​លះបង់​ច្រើនណាស់​សម្រាប់​ឱ្យកូនៗបាន​រៀនសូត្រ​នៅ​សាកលវិទ្យាល័យគ្រប់ៗគ្នា។ ដោយសារតែ​ហេតុ-នេះហើយ ទើប​ខ្ញុំ​ត្រូវ​ចាប់ផ្តើម​ប្រើប្រាស់​ទម្លាប់​ចាស់​របស់ខ្ញុំ​វិញ គឺ​ធ្វើ​ការងារ​ជាច្រើន​ក្នុងពេល​តែមួយ​ដើម្បី​ផ្គត់ផ្គង់​ផ្នែក​ខ្លះ​នៃ​ការសិក្សា ដោយ​ធ្វើជា​អ្នកបកប្រែ​ក្រៅ​ម៉ោង​ផង ជា​មគ្គុទេសក៍​ទេសចរណ៍​ឯកជន​ផង ធ្វើការ​ងារ​នៅ​បណ្ណាល័យ​ផង និង​ផ្នែកផ្សេងៗទៀត​ដែល​អាចធ្វើឱ្យ​ខ្ញុំ​ចាប់ផ្តើម​មានឱកាស​រៀនភាសា​អង់គ្លេស​បាន​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​បាន​លុយ​ទៀតផង។ មួយទៀត​ខ្ញុំ​ត្រូវ​រៀន​នៅ​មហាវិទ្យាល័យ​ជា​ភាសា​អង់គ្លេស និង​បារាំង​ដែល​ខ្ញុំ​សូម្បីតែ​អាន​ឱ្យ​ត្រូវ​សូរ ក៏​មិនចេះ​ផង​ពេល​ចប់​វិទ្យាល័យ។ គ្រូ​មួយចំនួន​ជា​ជនជាតិ​បារាំង និង​អាមេរិកដូច្នេះ​បញ្ហា​ភាសា​ក៏​ធ្វើឱ្យ​ខ្ញុំ​លំបាក​ខ្លាំង​ទាល់តែ​មែនទែន​ក្នុង​ការយល់​ពី​មេរៀន។ បើ​មើ​លពី​ជីវិត​ជាទូទៅ​ឃើញថា មិនសូវ​ជា​ស្រួល​ប៉ុន្មាន​ឡើយ។ ខ្ញុំ​មិនដែល​អង្គុយ​រៀន​ដោយ​មិន​បារម្ភ​អំពី​ក្រពះ​ទេ តែ​កាលៈទេសៈ​នោះ​មិនមែន​មានតែ​ខ្ញុំ​ទេ​ដែល​ជួប​ស្ថានភាព​បែបនេះ មាន​មនុស្ស និង​សិស្ស​និស្សិត​ជាច្រើន​នាក់​ទៀត​លំបាក​ជាង​នេះ​ផង តែ​គេ​អាច​តស៊ូ​រហូត​ក្លាយជា​អ្នកជំនាញសំខាន់ៗ និង​អ្នក​ខ្លះទៀត​ក៏​ក្លាយជា​អ្នកគ្រប់គ្រងធំៗនាពេល​បច្ចុប្បន្ននេះ។

    2. ក្រោយពេល​បញ្ចប់​ការសិក្សា​ភ្លាម លោក​ចាប់ផ្តើម​ធ្វើការ​ងារ​ក្នុង​ជំនាញ​គណនេយ្យ​ភ្លាម ឬ​យ៉ាងណា?
    តាមពិត​ដោយសារតែ​មុខវិជ្ជា​សេដ្ឋកិច្ច និង​គ្រប់គ្រង​មាន​ភាពទូលំទូលាយ​ពេក ខ្ញុំ​ក៏បាន​ចូលធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​កូកាកូឡា ផ្នែក​អ្នក​ហាត់​ការគ្រប់គ្រងចង្វាក់​ផលិតកម្ម និង​ផ្គត់ផ្គង់ ហើយ​មិន​បានដឹង​លម្អិតពី​គណនេយ្យ​ទេ តែ​ខ្ញុំ​ចាប់ផ្តើម​យល់​កាន់តែ​ស៊ីជម្រៅ​អំពី​គណនេយ្យ​ថ្លៃដើម និង​គណនេយ្យ​គ្រប់គ្រង​បន្ទាប់ពី​ធ្វើការ​នៅ​ទី​នោះបាន​មួយរយៈ។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក​ទើប​ខ្ញុំ​ចាប់ផ្តើម​ចេញមក​ធ្វើ​ការងារ​ផ្នែក​គណនេយ្យនិង​សវនកម្ម ព្រោះ​ខ្ញុំ​យល់ថា យើង​ចាំបាច់​ត្រូវតែមាន​ជំនាញ​ជាក់លាក់​មួយ​ដើម្បី​ចិញ្ចឹមជីវិត ហើយ​យើង​មិនអាច​ស្ថិតក្នុង​ស្ថានភាព​ជំនាញ​ដែល​ទូលំទូលាយ​ខ្លាំងបែបនេះ​បានទេ និង​ត្រូវតែ​សម្រួច​អាជីព​ឱ្យ​ខ្លាំង ហើយ​ម្យ៉ាងទៀត​គ្មានអ្វី​អាង​ទាល់តែសោះ។

    ក្រោយពេល​ចេញពី​ក្រុមហ៊ុន​កូកាកូឡា ទើប​ខ្ញុំ​ចាប់ផ្តើម​ចូលមក​ក្រុមហ៊ុន Morison Kak & Associés ដែល​ពេលនោះ​ហើយ​ជា​ពេលដែល​ខ្ញុំ​ចាប់ផ្តើមមើលឃើញ​ពី​អាជីព​គណនេយ្យ​នេះ​កាន់តែច្រើនឡើង។ ពេលនោះ​ខ្ញុំ​ក៏បាន​ប្រឡង​ជាប់​អាហារូបករណ៍​ដែល​ផ្តល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុ​ជាតា​មរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ហើយក៏​បានចាប់ផ្តើម​រៀន​កម្មវិធី ACCA។ កាលៈទេសៈ​នៃ​ការរៀន​នេះ​បើ​គិតពី​ជីវ-ភាព មិន​លំបាក​​ដូច​រៀន​មហាវិទ្យាល័យពេក​ទេ តែបើ​គិតពី​ពេលវេលា​ចាំបាច់​ត្រូវមាន​ការគ្រប់គ្រង​ឱ្យបាន​ហ្មត់ចត់ ព្រោះ​ត្រូវធ្វើ​ការងារ​ពេញ​ម៉ោង និង​ជា​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ ហើយ​រៀន​ពេលយប់ និង​ចុង​សប្តាហ៍។ពេលវេលា​ស្ទើរតែ​គ្មាន​សោះ​សម្រាប់​ការ​សម្រាក បើទោះបីជា​ខ្ញុំ​ទៅ​ស្រុកកំណើត​ក៏​ទៅ​ឱ្យតែ​ឃើញ​មុខ​ឪពុកម្តាយ​ទេ ពេលវេលា​ទាំង​ប៉ុន្មាន​ដែល​នៅផ្ទះ​ក៏ត្រូវ​ចំណាយ​សម្រាប់​ការមើល​សៀវភៅ និង​ធ្វើ​លំ​ហាត់​ដែរ បើ​មិន​ដូច្នោះ​ទេ ប្រាកដជា​មិនអាច​រៀន​ទាន់​គេ និង​ប្រឡង​ជាប់​ឡើយ។ ស្ថានភាព​នេះ​ខុសគ្នា​ឆ្ងាយ​ណាស់​ពី​យុវវ័យ​បច្ចុប្បន្ន ដែល​ភាគច្រើន​មាន​ពេលវេលា និង​ធនធាន​គ្រប់គ្រាន់ តែ​ប្រហែលជា​ដោយសារតែ​ពេល​ច្រើនពេក ទើប​អ្នកខ្លះ​គាត់​មិនសូវ​ចេះ​សន្សំ​ពេលវេលា ហើយ​បណ្តែតបណ្តោយ​ច្រើន​ដែល​ធ្វើឱ្យ​គុណភាព​នៃ​ចំណេះដឹង និង​សមត្ថភាព​ការងារ​ខ្សោយ។

    រយៈពេល3 ទៅ5ឆ្នាំ នៃ​ការរៀន​ជំនាញ​គណនេយ្យខ្ញុំ​បានកំណត់​ខ្លួនឯង​យ៉ាងខ្លាំង​ថា ត្រូវតែមាន​វិន័យព្រោះ​វិន័យ​សំខាន់​ខ្លាំងណាស់​សម្រាប់​ជំនាញ​នេះ។គណនេយ្យករ​ត្រូវការ​ភាពច្បាស់លាស់ 1គឺ1 2គឺ2មិនអាច​បន្លំ​បានទេ ហេតុនេះ​ការរៀនសូត្រ​ក៏ត្រូវ​ដាក់​កំហិត​ខ្លួនឯង​ដែរ បើ​កំណត់ថា ត្រូវធ្វើ​ឱ្យអស់ 10លំ​ហាត់ទោះ​ហត់​ពី​ការងារ​យ៉ាងណា ក៏​ចាំបាច់​ត្រូវ​ធ្វើឱ្យ​បាន-ដែរ។ បញ្ហា​ភាសា​អង់គ្លេស​លែង​ជា​ចំណុច​លំបាក​ដែល​ត្រូវ​យកចិត្តទុកដាក់​ហើយ ព្រោះ​ខ្ញុំ​បាន​ខំ​ប្រឹងរៀន​យ៉ាងខ្លាំង​ដែល​អាច​ប្រើ​ការកើត​សម្រាប់​ជា​លក្ខណៈ​អាជីព​តាំងពី​ចប់​បរិញ្ញាបត្រ​ម៉្លេះ។ រៀន​គណនេយ្យ​ត្រូវការ​ភាសា​ខ្លាំង ជាពិសេស​អង់គ្លេស ព្រោះ​បើ​ភាសា​មិន​ខ្លាំង​ទេ​យើង​នឹង​ប្រឈម​នឹង​បញ្ហា​ជាច្រើន។

    3. ក្នុងនាម​ជា​គណនេយ្យករ​ជំនាញ​មួយរូប​លោក​មើលឃើញថា តើ​និស្សិត​ខ្មែរ​បច្ចុប្បន្ន​នៅ​ខ្វះចន្លោះ​ត្រង់​កន្លែង​ណាខ្លះ?
    សិស្ស​ខ្មែរ​យើង​ភាគច្រើន​ចូលចិត្ត​រៀន​មុខវិជ្ជា​សង្គម ប្រើ​ភាសា​ច្រើន មិន​ចូលចិត្ត​រៀន​លេខ​ស្មុគស្មាញ​ទេ ហើយ​ចំណុច​នេះ​ផ្ទុយ​ពីមុខ​វិជ្ជា​គណនេយ្យ​ដែល​ទាមទារ​ឱ្យមាន​ភាព​លម្អិត​បំផុត និង​ច្បាស់លាស់។ គណនេយ្យ​មិន​ខុសពី​បច្ចេកវិទ្យា​ព័ត៌មាន (ICT) ប៉ុន្មាន​ទេ វា​ទាមទារ​ឱ្យមាន​ការ​គណនា​ប្រទាក់ក្រឡា​គ្នាហើយ​វា​ទាមទារ​ឱ្យមាន​ភាព​ឆ្លាត​វៃ​ខ្លាំង ហេតុនេះ​ប្រសិនបើ​យើង​បណ្តែតបណ្តោយ ប្រាកដជា​មិនអាចមាន​ជំនាញ​ច្បាស់លាស់​បានទេ។

    ដូច​ខ្ញុំ​បញ្ជាក់​ខាងលើ​ផងដែរ​ថា បញ្ហា​វិន័យ​នេះ ក៏​ជា​បញ្ហា​ចម្បង​មួយ​ដែល​យើង​មើលឃើញថា និស្សិត​បច្ចុប្បន្ន​ខ្លះ​ដោយសារតែ​គាត់​រស់នៅក្នុង​បរិស្ថានស្រួលៗពេក ហេតុនេះ​គាត់​មិនសូវ​ស្តាយ​ពេលវេលា​នោះទេ។ ចំពោះ​វិន័យ​ផ្ទាល់ខ្លួន​ក៏​មិនសូវ​យកចិត្តទុកដាក់​ដែរ ដែលជា​ហេតុ​ធ្វើឱ្យ​គាត់​ងាយ​បោះបង់ចោលទៅវិញ ហើយ​អ្នកខ្លះ​រហូត​សម្រេចចិត្ត​ចាកចេញ​ពីមុខ​វិជ្ជា​នេះ​ទៀតផង។

    ចំពោះ​វិន័យ​នេះ​គឺ​កើតចេញពី​កត្តាសំខាន់ៗចំនួន2 គឺ​កត្តា​ក្នុង​ខ្លួន និង​កត្តា​ខាងក្រៅ។ កត្តា​ក្នុង​ខ្លួន​គឺ កើតចេញពី​ការតាំង​ចិត្ត និង​ទម្លាប់​នៃ​ការរស់នៅ​ផ្ទាល់ខ្លួន​របស់​មនុស្សម្នាក់ៗ ហើយ​កត្តា​ក្រៅ​ខ្លួន​គឺ​កត្តា​គ្រួសារ និង​បរិស្ថាន​ជុំវិញខ្លួន។ និស្សិត​ដែលមាន​វិន័យ​ល្អ និង​មិនល្អ​ក៏​កើតចេញពី​កត្តា​គ្រួសារ​ដែរ។និស្សិត​ខ្លះ​គាត់​រស់នៅក្នុង​គ្រួសារ​ដែល​ឪពុកម្តាយ​មិនសូវ​យកចិត្តទុកដាក់ ហើយ​រស់​នៅតាម​ទម្លាប់​មិនសូវ​ផ្តល់​តម្លៃ​ចំពោះ​ពេលវេលា នោះ​គាត់​អាច​នឹង​ពិបាក​បន្តិច​ក្នុងការ​ទម្លាប់ខ្លួន ឬ​បង្គាប់​ខ្លួន​ឱ្យ​គោរព​វិន័យ​លើ​ខ្លួនឯង។

    មកដល់​ចំណុច​វិន័យ​នេះ​ខ្ញុំ​ចង់​បញ្ជាក់​ផងដែរ​ថាគ្រាន់​តែមាន​វិន័យ​មួយ​មុខ​មិនទាន់​គ្រប់គ្រាន់​ទេ​សម្រាប់​គណនេយ្យករ​ជំនាញ(CPA) វា​ទាមទារ​ឱ្យមាន​ចំណង់ (passion) ខ្លាំង​ដើម្បី​បង្កើតបានជា​ថាមពល​សម្រាប់​បន្តដំណើ​រ​ឱ្យបាន​យូរអង្វែង។ ប្រសិនបើ​យើង​មានតែ​វិន័យ ហើយ​កំណត់​ខ្លួនឯង​ខ្លាំងពេក ថ្ងៃ​ណា-មួយ​យើង​នឹង​ហត់ ហើយ​បោះបង់​វា​ចោល តែ​ប្រសិនបើ​យើង​មាន​ចំណង់ ហើយ​ស្រឡាញ់​មុខវិជ្ជា​នេះយើង​នឹង​អាច​ធ្វើបាន​កាន់តែប្រសើរឡើង។ នៅពេលនោះ​ការងារ​ស្មុគស្មាញ នឹង​លែងមានទៀតហើយព្រោះ​យើង​យល់ច្បាស់​ពី​មូលដ្ឋានគ្រឹះ ហើយ​ភាព​លម្អិតតូចៗទាំងឡាយ​ក៏​យើង​អាចបែងចែក​វា​យ៉ាង​មាន​របៀបរៀបរយ​ក្នុង​ការងារ​ជា​គណនេយ្យករ​ផងដែរ។

    4. តើ​ការងារ​គណនេយ្យ​បាន​ផ្លាស់​ប្តូរជីវិត​លោក​យ៉ាងណាខ្លះ?
    ចាប់ផ្តើម​ពី​ចូលធ្វើ​ការងារ​ផ្នែក​គណនេយ្យ និងក្លាយជា​គណនេយ្យករ​ជំនាញ​មក ចំណុច​ទី1 គឺ​ប្រាក់ចំណូល​ច្រើនជាង​មុន និង​ទទួលបាន​ការទទួលស្គាល់​ច្រើនជាង​មុន​ពី​សង្គម តែ​ចំណុច​នេះ​មិនមែនជា​ចំណុច​ចម្បង​ទេ។ ចំណុច​សំខាន់​ដែល​គណនេយ្យ​បានធ្វើឱ្យ​ជីវិត​ខ្ញុំ​ផ្លាស់ប្តូរ​នោះ​គឺ ការធ្វើការងារ​ក្នុង​អាជីព​នេះ​ជា​ច្រក​យ៉ាងសំខាន់​ដែល​អាចធ្វើឱ្យ​យើង​អភិវឌ្ឍ​ខ្លួន​ក្លាយជា​សហគ្រិន​ដ៏​ហ្មត់ចត់​ម្នាក់។

    គណនេយ្យ​អាច​បង្រៀន​យើង​ឱ្យ​យល់​ពី​ភាពច្បាស់លាស់ ហ្មត់ចត់ ស្មោះត្រង់ និង​ទំនាក់ទំនង​ល្អ។នៅពេល​យើង​ធ្វើការ​ងារ​នេះ​មានន័យថា យើង​ជា​អ្នកទទួលខុសត្រូវ​ខ្ពស់​ចំពោះ​វាសនា​ក្រុមហ៊ុនធំៗដែលជា​អតិថិជន​របស់​យើង ព្រោះ​ប្រសិនបើ​យើង​មិន-មាន​ភាពច្បាស់លាស់ ហើយ​ធ្វេសប្រហែស មនុស្ស​ជាច្រើន​នឹង​ជួប​បញ្ហា ដែល​កត្តា​នេះ​ធ្វើឱ្យ​យើង​មាន​ទម្លាប់​កាន់តែ​ប្រសើរឡើង​មុនពេល​ក្លាយជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់ខ្លួន។ ក្រៅពីនេះ​ការងារ​នេះ​ធ្វើឱ្យ​យើង​មាន​ចំណង់​កាន់តែខ្លាំង​ក្នុងការ​ពង្រីក​ចំណេះដឹង និង​មានគំនិត​ច្រើន​ដើម្បី​ចូលរួម​ក្នុង​សកម្មភាពសំខាន់ៗក្នុង​អាជីព។ ជាក់ស្តែង​រហូតមកដល់​ថ្ងៃនេះ ខ្ញុំ​នៅតែ​រៀន​មិនទាន់​ឈប់​នៅឡើយ បើទោះបីជា​ខ្ញុំ​ជា​គ្រូបង្រៀន​ថ្នាក់អនុបណ្ឌិត​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ​ថ្នាក់​ភាសា​បារាំង​នៅ​សាកលវិទ្យាល័យ RULEក៏ដោយ ហើយ​ខ្ញុំ​ក៏​ជា​តួអង្គ​មួយរូប​ដែល​កំពុង​ចូលរួមចំណែក​ក្នុងការ​បង្កើត​កម្មវិធី​គណនេយ្យករ និង​សវន​ករជំនាញ​ថ្នាក់ជាតិ (Cambodia CPA)ផងដែរ។

    ចាប់ផ្តើម​ពី​ការងារ​នេះ វា​ធ្វើឱ្យ​យើង​មើលឃើញ​ឱកាស​ជាច្រើន ហើយ​បន្ត​រៀន​ដើម្បី​ពង្រឹងសមត្ថភាព​ការងារ។ ក្រោយពេល​ធ្វើការ​ងារ​បា​ន​មួយរយៈ ខ្ញុំ​ក៏មាន​ឱកាស​ក្នុងការ​បញ្ចប់​ថ្នាក់អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ University of London នៃ​ប្រទេស​អង់​គ្លស និង​កំពុង​ឈោង​ចាប់​ថ្នាក់បណ្ឌិត​សេដ្ឋកិច្ច​បន្ថែមទៀត​នៅ​ប្រទេស​លោកខាងលិច​មួយ​នេះ​ក្នុងពេល-វេលា​ដ៏​សមស្រប​មួយ ដែល​ពីមុនមក​ខ្ញុំ​មិនដែល​ហ៊ាន​នឹក​ស្រមៃ​សោះ​ថា ខ្ញុំ​អាចធ្វើ​វា​បាន។

    5. ងាក​មក​បញ្ហា​ទីផ្សារការងារ​វិញ តើ​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា បច្ចុប្បន្ន​មាន​និន្នាការ​គាំទ្រ​ក្រុមហ៊ុន​គណនេយ្យ​បរទេស​ជាង ឬ​ក្រុមហ៊ុន​ក្នុងស្រុក​ច្រើនជាង?
    បច្ចុប្បន្ននេះ ដោយសារតែ​ធនធានមនុស្ស​យើង​កាន់​តែមាន​ច្រើន ក្រុមហ៊ុន​នានា​ចាប់ផ្តើម​ងាក​មកប្រើប្រាស់​សេវាកម្ម​គណនេយ្យ​ក្នុងស្រុក​វិញ ព្រោះ​មាន​ភាពងាយស្រួល​ក្នុងការ​ទំនាក់ទំនងហើយ​គាត់​ក៏មាន​ទំនុកចិត្តខ្ពស់​លើ​គណនេយ្យករខ្មែរ​ដែរ។ ទោះបីជា​យ៉ាងនេះ​ក្តីក៏​ក្រុមហ៊ុន​គណនេយ្យ​ក្នុងស្រុក​នៅតែមាន​កត្តា​ប្រឈម​មួយចំនួន​ដែរ។ បញ្ហាសំខាន់ គឺ​បញ្ហា​ធនធានមនុស្ស ព្រោះ​បើទោះបីជា​យើង​មាន​ធនធានមនុស្ស​ច្រើន​គួរសម​ក៏ដោយ ក៏​គុណភាព​របស់​បុគ្គលិក​ខ្លះ​ត្រូវការ​បណ្តុះបណ្តាល​ច្រើន​បន្ថែមទៀត។ ក្រុមហ៊ុនតូចៗមួយចំនួន​គាត់​មិនទាន់មានលទ្ធភាព​ក្នុង​ការ-ជួល​គណនេយ្យក​រ​ជំនាញខ្លាំងៗនោះទេ ព្រោះ​គាត់​ត្រូវ​ចំណាយ​ច្រើន ហេតុនេះ​អ្វីដែល​គាត់​អាច​ធ្វើបាន​គឺ​បណ្តុះបណ្តាល​បុគ្គលិក​ខាងក្នុង​ឱ្យក្លាយ​ជា​បុគ្គលិក​ខ្លាំង​វិញ​ម្តង។ ដំណាក់កាល​នេះ​មិន​ងាយស្រួល​ពេក​ទេ​សម្រាប់​ក្រុមហ៊ុននីមួយៗ ព្រោះ​វា​ទាមទារ​ពេលវេលា​យូរ។

    6. តើ​លោក​មាន​យោបល់ ឬ​មានមតិ​ផ្តាំផ្ញើ​អ្វីខ្លះ​ដល់​សិស្ស-និស្សិត និង​ប្រជាជន​ខ្មែរ​ដែល​ចង់ក្លាយជា​គណនេយ្យករ​ជំនាញ (Certified Public>Accountant)?
    ជា​សំណូមពរ​របស់ខ្ញុំ គឺ​ចង់ឱ្យ​និស្សិត​ខ្មែរ​ចាប់ផ្តើម​ហ៊ាន​ធ្វើ​ការងារលំបាកៗ ព្រោះ​បច្ចុប្បន្ននេះ​មាន​និស្សិត​មិនតិច​ទេ​ដែល​ចូលចិត្ត​តែ​ការងារ​ងាយស្រួល ហើយ​ចង់បាន​ផលប្រយោជន៍​ច្រើន។ ភាពជោគជ័យ​មិនមែន​កើតឡើង​សម្រាប់​អ្នក​ផ្តេកផ្តួល​ជាមួយ​ភាពងាយស្រួល​នោះទេ តែ​វា​ទាមទារ​ឱ្យមាន​ការអភិវឌ្ឍ​ជាប់​ជានិច្ច ហើយ​ប្រឈម​ជាមួយ​ឧបសគ្គ​ម្តងមួយៗរហូត​យើង​អាច​ប្រើប្រាស់​កំហុស​ឱ្យ​ក្លាយជា​បទពិសោធ​សម្រាប់​បន្តដំណើរ​ដ៏​រឹងមាំ​ក្នុងនាម​ជា​គណនេយ្យករ​ជំនាញ ដើម្បី​ខ្លួនឯង​ផ្ទាល់​ផង ការអភិវឌ្ឍ​ក្រុមហ៊ុន​នៅក្នុង​ស្រុក និង​សង្គម​របស់​យើង​ទាំងមូល​ផង៕