Category: សង្គម និងសេដ្ឋកិច្ច

  • ប្ដី​ចាញ់កូន​ជំនួស​ប្រពន្ធ… ជា​រឿង​ពិត ឬ​គ្រាន់តែ​ជា​អារម្មណ៍?

    ប្ដី​ចាញ់កូន​ជំនួស​ប្រពន្ធ… ជា​រឿង​ពិត ឬ​គ្រាន់តែ​ជា​អារម្មណ៍?

    បើសិន​អនាគត​អ្នក​ម្ដាយ​ណា​ម្នាក់​ជិត​មាន​បេ​ប៊ី តែ​មើលឃើញថា លោក​ប្ដី​បែរ​ជាមាន​អាការ​នឿយ​ល្វើយ​ទុរន់ទុរា ក្អួតចង្អោរ ចង់​ញ៉ាំ​របស់ជូរៗ វិលមុខ​ដូច​មនុ​ស្សមាន​ផ្ទៃពោះ​នោះ សាកល្បង​អាន​អត្ថបទ​នេះលេងៗទៅ​មើលថា តើ​មាន​ប្ដី​ប្រពន្ធ​ណា​កើតរឿង​បែប​ហ្នឹង​ខ្លះ? ហើយ​អាការ​ហ្នឹង​ជា​រឿង​ពិត ឬ​គ្រាន់តែ​ជា​អារម្មណ៍?

    ការដែល​លោក​ប្ដី​កើតមាន​អាការ​ស្រដៀង​ស្ត្រី​មាន​ផ្ទៃពោះ​កំពុង​ចាញ់កូន ដូចជា មាន​អាការ​អារម្មណ៍​ប្រែប្រួល ក្អួតចង្អោរ វិតក្ក​កង្វល់ ឃ្លាន និង​ចង់​ញ៉ាំ​អាហារ​ច្រើនឡើង​ជាដើម​នោះ ខាង​វេជ្ជសាស្ត្រ​ហៅថា Couvade Syndrome ដែល​ប្រែ​ថា ការ​ភ្ញាស់​កូន ។

    ការពិតទៅ មិនទាន់មាន​ការសិក្សា​ដែល​បង្ហាញ​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​អាការ​ចាញ់កូន​របស់​អនាគត​លោកឪពុក​ទាំងឡាយ​នេះ​នៅឡើយ ទើប​មិនអាច​ប្រាប់​បាន​ថា មាន​ចំនួន​អ្នក​ដែល​កើត​អាការ​បែបនេះ​ប៉ុន្មាន​នាក់ តែ​ធ្លាប់មាន​អ្នកស្រាវជ្រាវ​បាន​អះអាង​ប្រាប់ថា ជាង60%នៃ​បណ្ដា​លោក​ស្វាមី​ទាំងឡាយ​បាន​សារភាពថា ពួកគេ​ធ្លាប់​កើត​អាការ​ចាញ់កូន​ជំនួស​ភរិយា។ ថាៗទៅ រឿង​បែបនេះ​ពិតជា​អាច​កើតឡើង​បាន​មែន បើ​យើង​នៅ​ជិត​នរណាម្នាក់ និង​មើលឃើញ​ទង្វើ​ដែល​ម្នាក់​នោះ​ធ្វើ​ញឹកញាប់​ក្នុងអំឡុង​ពេលនោះ ក៏​អាចធ្វើឱ្យ​ធ្លាក់ទឹក​ចិត្ត​គិត​ទៅតាម​គ្នា​បានដែរ តែ​ក៏​ចង់​ប្រាប់​អនាគត​ឪពុក​គេ​ទុកជាមុន​ដែរ​ថា បើសិនជា​កើតមាន​អាការ​បែប​ហ្នឹង​នោះ អនាគត​លោកឪពុក​គួរតែ​ងាក​មក​ថែទាំ​សុខភាព​ខ្លួនឯង​ឱ្យបាន​ខ្លាំង​ឡើង គួរ​ប្រយ័ត្ន-ប្រយែង​រឿង​ទម្ងន់​ខ្លួន​ដែល​អាច​នឹង​កើនឡើង​តាម​ភរិយា​ដែល​កំពុង​តាំង​គភ៌​នោះដែរ។

    ហើយសុខៗ ម៉េច​បានប្រុសៗចាញ់កូន​ទៅ​កើត?
    ព្រោះ​បើ​គិត​តាម​ការពិត វា​សឹងតែ​មិនអាច​ទៅរួច​ឡើយ​ដែល​មនុស្ស​ខុសគ្នា​សោះ តែម​កមាន​អាការ​អ័រម៉ូន​ប្រែប្រួល​ដូចគ្នា​ក្នុង​លក្ខណៈ​នេះ តែ​ក៏​ធ្លាប់មាន​អ្នកវិទ្យាសាស្ត្រ​បាន​អធិប្បាយ​អំពី​រឿង​ការប្រែប្រួល​របស់​អ័រម៉ូន​ភេទ​នៅពេលដែល​មនុស្ស​យើង​មានការ​នឹក​គិតពី​រឿង​ស្នេហា សេចក្ដីស្រឡាញ់ និង​ភាព​ពាក់ព័ន្ធ​គ្នា អ័រម៉ូន​លែ​ក​ទិ​ក​ក្នុង​រាងកាយ​ក៏​នឹង​កើនឡើង និង​ជាហេតុ​បណ្ដាលឱ្យ​អ័រម៉ូន ថេ​ស​ថូ​ស្ទើ​រ៉ូ​ន​ ថយចុះ តែ​អ័រម៉ូន​ខូ​ទិ​សូល​កើនឡើង ទើប​មាន​ផលប៉ះពាល់​ដល់​ទម្ងន់​ខ្លួន​ដែល​កើនឡើង​ដែរ គ្រាន់តែ​លោក​ប្ដី​នឹង​គ្មាន​អាការ​ឈឺពោះ​ខ្លាំងក្លា​ពេល​ជិត​ប្រសូត​ដូច​ភរិយា​តែ​ប៉ុណ្ណឹង​ឯង(វា​ត្រូវ​ហើយ មនុស្ស​ភេទ​ខុសគ្នា​តើ!)។

    បើ​កើត​អាការ​ចាញ់កូន​ជំនួស​ភរិយា តើ​ស្វាមី​ត្រូវធ្វើ​យ៉ាងណា?
    ដូចដែល​ប្រាប់​ពី​ខាងដើម​ហើយ​ថា រឿងនេះ​មិនមែនជា​រឿង​ធំដុំ​អ្វី​ទេ តែបើ​កើតមាន​អាការ​ខ្លាំងក្លា​ដល់​ថ្នាក់​ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំ​ថ្ងៃនោះ គួរតែ​ទៅ​ជួប​គ្រូពេទ្យ ​ដើម្បី​ទទួលបាន​ថ្នាំ​សម្រាល​អាការ​ទាំងនោះ ដែល​មើលទៅ​វា​ដូចជា​អាការ​ខាង​ផ្លូវ​ចិត្តខ្លាំង​ជាង (ព្រោះ​គ្រូពេទ្យ​អាច​គិតថា វា​បណ្ដាលមកពី​ក្ដី​វិតក្ក​កង្វល់ និង​បារម្ភ​ពី​ភរិយា​ជ្រុល​ហួសហេតុ​ពេក​ក៏​អាច​ថា​បាន) ដូច្នេះ​ទើប​ចង់​ណែនាំ​ដល់​អនាគត​ឪពុក​គេ​ឱ្យធ្វើ​ចិត្តសប្បាយៗ ទទួលយក​រឿងល្អៗដែល​នឹង​កើតឡើង​ចំពោះ​ក្រុមគ្រួសារ​របស់​អ្នក។ បណ្ដោយឱ្យ​គ្រប់យ៉ាង​ដំណើរការ​ទៅតាម​ច្បាប់ធម្មជាតិ​វា​ប្រសើរ​ជាង ឬ​បើ​មើលឃើញថា​ភរិយា​ចាញ់កូន​ខ្លាំងពេក លោក​ប្ដី​ក៏​មិនចាំបាច់​ទៅ​ពិបាកចិត្ត​តាម​នោះទេ គ្រាន់តែ​ជួយផ្ដល់​ជា​កម្លាំងចិត្ត និង​រក​កិច្ចការងារល្អៗមក​ធ្វើ​ក្នុងអំឡុងពេល​ភរិយា​តាំង​គភ៌​ដើម្បី​ឱ្យមាន​សម្ព័ន្ធភាពល្អៗចំពោះ​គ្នា រួមទាំង​ជាការ​បាន​កសាង​អនុស្សាវរីយ៍​ដែល​គួរឱ្យ​ពេញចិត្ត​វិញ​ប្រសើរ​ជាង៕

  • យុវជន​ដែល​បោះបង់​ការសិក្សា កុំអាល​អស់សង្ឃឹម កម្មវិធី BEEP អាចជួយ​ត្រួស​ត្រាយផ្លូវ​ទៅកាន់​អនាគត​ល្អ​បាន

    យុវជន​ដែល​បោះបង់​ការសិក្សា កុំអាល​អស់សង្ឃឹម កម្មវិធី BEEP អាចជួយ​ត្រួស​ត្រាយផ្លូវ​ទៅកាន់​អនាគត​ល្អ​បាន

    យុវជន​ដែល​បាន​បោះបង់​ការសិក្សា​នៅ​ថ្នាក់មធ្យមសិក្សា​សូមកុំ​បោះបង់ចោល​ឱកាស​សម្រាប់ការអភិវឌ្ឍ​ខ្លួនព្រោះ​មិនទាន់​អស់​ផ្លូវ​ទៅឡើយទេ​សម្រាប់​ការកសាង​អនាគត​សម្រាប់​ចំណេះដឹង។ កម្មវិធី BEEP ជា​កម្មវិធី​មួយ​ដែល​ក្រសួង​អប់រំ សហការ​ជាមួយ​ស្ថាប័ន​ដៃគូ​នានា​ដើម្បី​បណ្តុះបណ្តាលយុវជន​ដែល​បាន​បោះបង់​ការសិក្សា​ចាប់ពី​ថ្នាក់​ទី7 ទៅ ឱ្យទទួលបាន​ចំណេះដឹង និង​ជំនាញល្អៗសម្រាប់​ការរស់នៅ។
    កម្ម​វី​ធី BEEP (Basic Education Equivalency Program) ជា​កម្មវិធី​មួយដែលជា​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និង​អង្គការ UNESCO ដើម្បី​ផ្តល់ឱកាស​ដល់​សិស្ស​ដែល​បានបញ្ចប់​ការ-សិក្សា​ថ្នាក់ទី6 ហើយ​មិនបាន​រៀន​បន្ត ឬ​អ្នក​ដែល​បោះបង់ចោល​ការសិក្សា​ពី​ថ្នាក់​ទី7 ដល់​ថ្នាក់​ទី9 ដើម្បី​បញ្ចប់​ការសិក្សា​ថ្នាក់មូលដ្ឋាន និង​បន្ត​រៀន​ក្នុង​ប្រព័ន្ធ TVET។

    ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា យុវជន​ដែល​បោះបង់ចោល​ការសិក្សា​ត្រឹម​ថ្នាក់​ទី7 នៅពេលនេះ​អាច​ចាប់ផ្តើម​បន្ត​ការសិក្សាដើម្បី​ឈានទៅ​ចាប់​ថ្នាក់​បណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ​ដើម្បី​ពង្រឹងសមត្ថភាព និង​ចំណេះដឹង​ដែលមាន​ស្រាប់​ឱ្យ​កាន់តែ​ប្រសើរឡើង​តាមរយៈ​កម្មវិធី BEEP នេះ។ ចំណុច​សំខាន់​ទាំងអស់នេះ​នឹងធ្វើ​ឱ្យ​ពួកគាត់​អាច​សម្រេច​គោលដៅ និង​ក្តី​ស្រមៃ​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​អ្នកជំនាញ ឬ​អ្នកមាន​អាជីព​ច្បាស់លាស់​មួយ​សម្រាប់​បង្កើន​ចំណូល​ក្នុង​គ្រួសារ ហើយ​កាត់បន្ថយ​ភាពក្រីក្រ។

    កម្ម​វី​ធី​នេះ​យុវជន​អាច​សិក្សា​បាន​តាមរយៈ​បណ្តាញ​អន​ឡាញ នៅ​គ្រប់​ទីកន្លែង​បាន​យ៉ាង​ងាយ​តាមរយៈ​ទូរស័ព្ទដៃ ឬ​កុំព្យូទ័រ។ ក្នុងករណី​មិន​យល់ច្បាស់ ឬ​មិនមាន​ឧបករណ៍​អ​ឡិច​ត្រូ​និក​សម្រាប់​ប្រើប្រាស់​ពួកគេ​អាច​ជួប​អ្នកជំនាញ និង​ប្រើប្រាស់​សម្ភារ​សិក្សា​បាន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ដែល​គ្រប់គ្នា​ស្គាល់​ថា ជា​សាលា​តិច​ណូ។ ចំពោះមុខ​វិជ្ជា​ដែល​សិស្ស​អាច​ជ្រើសរើស​សិក្សា​បាន​មាន​ចំនួន 11មុខសំខាន់ៗ គឺ​មុខវិជ្ជា​សហគ្រិនភាព ភាសា​អង់គ្លេសប​ច្ចក​វិទ្យា​ព័ត៌មាន គណិតវិទ្យា ភាសា​ខ្មែរ រូបវិទ្យា និង​មុខវិជ្ជា​មួយចំនួន​ផ្សេងទៀត​ដែលជា​ជំនាញ​ផ្នែក​ទន់​ដើម្បី​ធ្វើឱ្យ​សិស្ស​កាន់​តែមាន​សមត្ថភាព​ប្រសើរ​ក្នុងពេល​បម្រើ​ការងារ។

    យោងតាម​អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម រស់ សុ​វាចា បាន​លើកឡើងថា អត្រាសិស្ស​បោះបង់​ការសិក្សា​ត្រឹម​កម្រិត​មធ្យមសិក្សា​នៅមានកម្រិត​ខ្ពស់​នៅឡើយ ដែល​បញ្ហា​ទាំងអស់នេះ​បណ្តាលមកពី​កត្តា​គ្រួសារ កត្តា​សង្គម កត្តា​សាលារៀន និង​កត្តា​សិស្ស​ផ្ទាល់​តែម្តង។ ទិន្នន័យ​របស់​ក្រសួង​អប់រំ​នៅ​ឆ្នាំ​សិក្សា 2017-2018 បាន​បញ្ជាក់ថា អត្រា​សិស្ស​បោះបង់ចោល​ការសិក្សា​ត្រឹម​កម្រិត​បឋមសិក្សា​មាន​ចំនួន​ត្រឹមតែ 4.7%តែប៉ុណ្ណោះ តែ​សម្រាប់​ថ្នាក់មធ្យមសិក្សា​បឋមភូមិ​មាន​ចំនួន 16.6%។

    លោក ជំទាវ គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំយុវជន និង​កីឡា បាន​លើកឡើងថា កម្មវិធី BEEP នេះ​គឺជា​កូនសោ​គន្លឹះ​យ៉ាងសំខាន់​ក្នុងការ​ទាក់ទាញ​យុវជន​ទាំងអស់​ដែល​បាន​បោះបង់ចោល​ការសិក្សា​ឱ្យមាន​ឱកាស​ក្នុងការ​ចាប់ផ្តើម​ការសិក្សា​ឡើងវិញ​ដើម្បី​ក្លាយជា​កម្លាំង​ពលកម្ម​សកម្ម និង​មាន​សមត្ថភាព​សម្រាប់​ស​ង្គ​ម។ ក្រោយពេល​យុវជន​វ័យក្មេង​មាន​សមត្ថភាព​វិជ្ជាជីវៈ នោះ​វា​នឹងធ្វើ​ឱ្យ​យើង​មាន​ធនធានមនុស្ស​សម្បូរបែប​សម្រាប់​បម្រើ​ការងារ​ក្នុង​វិស័យ​នានា​ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់​ទាំង​ឧស្សាហកម្មសំណង់ និង​ទេសចរណ៍​ជាដើម។

    បច្ចុប្បន្ននេះ​ជា​សម័យ​បច្ចេកវិទ្យា ដែល​របៀប​នៃ​ការធ្វើការងារ និង​ការរស់នៅ​មាន​ភាពប្រែប្រួល​យ៉ាង​ឆាប់រហ័ស។ បច្ចេកវិទ្យា​បានធ្វើឱ្យ​ការអប់រំ​កាន់តែ​ប្រសើរឡើង តែ​វា​ក៏​អាចធ្វើ​ឱ្យមាន​ផលប៉ះពាល់ខ្លះៗផងដែរ​ចំពោះ​វិស័យ​ការងារ ហេតុនេះ​យុវជន​ដែល​កំពុងធ្វើការ​ងារ​នៅ​គ្រប់​ទីកន្លែង​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​ចាំបាច់​ត្រូវ​ព្យាយាម​ក្នុងការ​ពង្រឹងសមត្ថភាព​បន្ថែម​ដើម្បី​រក្សា​ឱ្យបាន​នូវ​ជំនាញ​ដែលជា​តម្រូវការ​ជាក់ស្តែង​របស់​ស្ថាប័ន​នានា មិនអាច​បន្តធ្វើ​ការងា​រដដែលៗ និង​ប្រើប្រាស់​កម្លាំងកាយ​ទាំងស្រុង​បាន​នោះទេ។ ការចាប់ផ្តើម​ទទួលយក​ឱកាស​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ដោយ​ចំណាយ​ថវិកា​តិច​របស់​ស្ថាប័ន​ អប់រំ និង​ការងារ នេះ​ជាស​ញ្ញា​វិជ្ជមាន​ដើម្បី​ចាក​ចេញពី​ភាពក្រីក្រ និង​ទទួលយក​ភាព​ថ្កុំថ្កើង​សម្រាប់​ជីវិត​ឯកជន គ្រួសារ និង​សង្គម៕

  • តើ​ធ្វើយ៉ាងណា​ឱ្យ “មនុស្ស​ដែល​យើង​ស្រឡាញ់​នៅ​ជាមួយ​យើង​រហូត​តទៅ?”

    តើ​ធ្វើយ៉ាងណា​ឱ្យ “មនុស្ស​ដែល​យើង​ស្រឡាញ់​នៅ​ជាមួយ​យើង​រហូត​តទៅ?”

    តើ​ធ្វើយ៉ាងណា​ឱ្យ “មនុស្ស​ដែល​យើង​ស្រឡាញ់​នៅ​ជាមួយ​យើង​រហូត​តទៅ?”  អា​ចរក​ចម្លើយ​បាន​ពី​រឿង​ខ្លី​ខាងក្រោម​នេះ…

    នៅ​ជាមួយគ្នា​រហូត​តទៅ” នៅពេល​និយាយ​អំពី​រឿង​នេះហើយ យើង​ត្រូវ​បែរមក​គិតថា តើ​នឹងត្រូវ​ធ្វើយ៉ាងណា​ទើប​អាច​រស់នៅ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់​បាន​រហូត​តទៅ?

    នៅក្នុង​រឿង​ខ្លី​នេះ យើង​ឃើញថា សង្ឃ​តូច​កំពុងតែ​ពោល​ពាក្យ​លា​សិស្ស​ច្បង​ដែល​ឈ្មោះ សៀវ​ស៊ូ បន្ទាប់ពីនោះ​ក៏​ងាក​មុខមក​សួរ​ព្រះគ្រូ​ថា “ព្រះគ្រូ​គិតថា តើ​អាត្មា និង​សិស្ស​ច្បង សៀវ​ស៊ូ នឹង​បាន​នៅ​លេង​ជាមួយគ្នា​រហូត​តទៅ​ឬទេ?”

    ព្រះគ្រូ​សម្លឹងមើល​សង្ឃ​តូច ហើយ​ឆ្លើយថា “ជីវិត គឺជា​អ្វីដែល​មិន​ទៀងទាត់ គ្មាន​អ្វីដែល​ពិតប្រាកដ​នោះទេ…3ឆ្នាំ 5ឆ្នាំ​ក៏ត្រូវ​តែ​ព្យាយាម​ដំណើរ​ទៅមុខ​ឱ្យបាន​ល្អ​បំផុត តែ​ពេល​និយាយ​ដល់​ពាក្យ​ថា “រហូត​តទៅ” វិញ​នោះ មើលទៅ​វា​ដូចជា​បង្ខំចិត្ត​បន្តិច​ហើយ​ណា៎…”

    គ្រាន់តែ​សង្ឃ​តូច​បានឮ​ដូច្នោះ​ភ្លាម ក៏​ចាប់​ផ្ដើមធ្វើ​មុខស្រងូត ព្រមទាំង​ឆ្លើយ​ទៅវិញ​ថា “ចុះបើ​អាត្មា​ចង់​បង្ខំចិត្ត?”

    នៅពេល​ព្រះគ្រូ​មើលឃើញថា សង្ឃ​តូច​ភ្នែក​ឡើង​ក្រហម រកកល​ចង់​ស្រក់​ទឹកភ្នែក​ហើយ​នោះ ក៏​ឆ្លើយ​ទៅ​សង្ឃ​តូច​វិញ​ក្នុង​ទំនង​មិន​ចង់​បំបាក់​ផ្លូវចិត្ត​ថា “អ៊ីចឹង​ត្រូវធ្វើ​ល្អជា​មួយ​គេ​ម្នាក់​នោះ​ឱ្យ​ច្រើនឡើង ឱ្យ​ច្រើនឡើង​ទៀត ធ្វើបាន​បែប​ហ្នឹងហើយ អាច​នឹង​ធ្វើឱ្យ​រស់នៅ​ក្បែ​រ​គ្នា​រហូត​តទៅ​បាន…”

    សង្ឃ​តូច​ឆ្លើយ​ឡើង​ភ្លាម​ថា “កូ​ណា!”

    ពាក្យ​ថា “រហូត​តទៅ” នេះ ការពិតទៅ វា​នឹង​វែងឆ្ងាយ​ប៉ុនណា​ទៅ?  តែ មិន​ថា​នឹង​វែងឆ្ងាយ​ប៉ុនណា​ក៏ដោយ ក៏ត្រូវ​តែ​ធ្វើ​ល្អជា​មួយ​គេ​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាចធ្វើ​បានដែរ មិន​ថា​អ៊ីចឹង​ហ្អេ៎?

    នៅក្នុង​ជីវិត​ពិត ក៏​ដូចគ្នា​ដែរ ការធ្វើ​ល្អជា​មួយ​អ្នកដទៃ គឺជា​រឿង​ដែល​ល្អ ទោះជា​គេ​ម្នាក់​នោះបាន​ដឹង ឬ​មិន​បានដឹង​ក៏ដោយ តែ​ថ្ងៃ​ណាមួយ រឿងល្អៗក៏​នឹង​ឆ្លុះបញ្ចាំង​មកដល់​ខ្លួន​យើង​វិញ​បែប​មិនដឹង​ខ្លួន​មិន​ខាន…គិតថា ជាការ​ធ្វើ​ល្អ​ដើម្បី​សេចក្ដីសុខ​របស់ខ្លួន​ឯង​ទៅ​ចុះ!!។

    ទិ​ទី​តំ​តា​តូ

  • បានទស្សនាហើយ រឿងខ្លី «រឹងមាំ» សម្ដែងបវរកញ្ញា​ រឿន​ ណាត ជារឿងពេញ

    បានទស្សនាហើយ រឿងខ្លី «រឹងមាំ» សម្ដែងបវរកញ្ញា​ រឿន​ ណាត ជារឿងពេញ

    មើលពីចំណងជើងភាពយន្តជីវិតខ្លីរបស់ផលិតកម្មសាស្ត្រា «រឹងមាំ» ដែលសម្ដែងដោយតារាស្រីរូបស្អាត​ កញ្ញា​ រឿន​ ណាត​ ជាការទទួលសម្តែងលើកដំបូងនេះ​ គឺបានធ្វើឱ្យទស្សនិកជនជាច្រើនចាប់អារម្មណ៍​ និងគិតថាសាច់រឿងនេះល្អ​ សាកសមនិងឱ្យនាងសម្តែង​ ព្រោះមើលលទៅនាងគឺជានារីម្នាក់​ ដែលរឹងមាំ​ ។

    តាមរយៈការបង្ហាញសាររូបភាព Poster និងព័ត៌មានកន្លងមក​ ហ្វេនៗជាច្រើនទន្ទឹងចាំទស្សនាសាច់រឿងទាំងមូល និងមានការពោលសរសើរមុនថា​ រឿន ណាត មានបុគ្គលិកលក្ខណៈអង់អាច​ មិនខ្លាចអ្វីហើយហ៊ានតស៊ូទៅមុខ​ ដោយមិនរុញរានោះទេ។ ចង់ដឹងថារឿងនេះ​ មានសាច់រឿង​ មានអត្ថន័យដូចមិចខ្លះ​ តើតួស្រីក្នុងរឿងនេះ​ មានឧបសគ្គអ្វីខ្លះ​នោះ សូមទស្សនារឿងខ្លីនិយាយអំពីជីវិត « រឹងមាំ» ខាងក្រោមនេះ៖

  • រដ្ឋាភិបាល​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច

    រដ្ឋាភិបាល​លើកទឹកចិត្ត​ដល់​វិនិយោគិន​ក្នុងស្រុក​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច

    មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​និយាយថា រាជរដ្ឋាភិបាល​កំពុង​មាន​ផែនការ​ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការវិនិយោគ​កាន់តែច្រើន​ពី​អ្នក​ធុរកិច្ច និង​វិនិយោគិន​ក្នុង​ស្រុកលើ​គ្រប់វិស័យ​ដើម្បី​ជួយ​ដល់​កំណើនសេដ្ឋកិច្ច ខណៈដែល​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ភាគច្រើន​ជា​អ្នកវិនិយោគ​បរទេស។

    ថ្លែង​នៅក្នុង​វេទិកាសាធារណៈ​ស្តីពី​ម៉ាក្រូសេដ្ឋកិច្ច និង​ការគ្រប់គ្រងថវិកា​ឆ្នាំ2019 ឯកឧត្តម វ​ង្សី​ វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍ថា នីតិកាល​ទី6នេះ រាជរដ្ឋាភិបាល​នឹង​បង្កើន​ការគ្រប់គ្រង​លើ​វិស័យសេដ្ឋកិច្ច​ឱ្យ​កាន់​តែមាន​តម្លាភាព និង​ប្រសិទ្ធភាព​ឡើង។

    ទោះជា​កម្ពុជា​សម្បូរ​កម្លាំង​ពលកម្ម​បម្រើ​ក្នុង​វិស័យ​ការងារ​ច្រើន​មែន តែ​ក៏​មិន​គ្រប់គ្រាន់​ក្នុងការ​ឆ្លើយតប​នឹង​ការរីកចម្រើន​នោះដែរ ដូច្នេះ​យើង​ត្រូវ​ជំរុញ និង​ធ្វើការ​លើកទឹកចិត្ត​ឱ្យមាន​អ្នកវិនិយោគទុន​ក្នុងស្រុក​ចូលរួម​វិនិយោគ​កាន់តែច្រើន ព្រោះ​បច្ចុប្បន្ន​ការវិនិយោគ​ក្នុងស្រុក​ភាគច្រើន​ជា​ជនបរទេស។

    ឯកឧត្តម​បាន​បន្ថែមថា ធនធានមនុស្ស និង​កម្លាំង​ការងារ គឺ​មិន​គ្រប់គ្រាន់​ទេ។ ដូច្នេះ​ក្នុង​រយៈពេល 5ឆ្នាំ​ក្នុង​អាណត្តិ​នេះ រាជរដ្ឋាភិបាល​នឹង​ជំរុញ​បង្កើន​អ្នកវិនិយោគ​ជា​ជនជាតិខ្មែរ​នៅក្នុង​ស្រុក​ឱ្យ​កាន់តែច្រើន ដោយ​រដ្ឋាភិបាល​បាន​ត្រៀម​នូវ​កញ្ចប់​ថវិកា​ជាច្រើន​ដើម្បី​គាំទ្រ​ដល់​វិស័យ​ឯកជន។ ឯកឧត្ដម​មានប្រសាសន៍​ថា៖ “នៅក្នុង​អាណត្តិ​នេះ​រដ្ឋាភិបាល​នឹង​ជួយ និង​លើកទឹកចិត្ត​ដល់​វិនិយោគិន​កម្ពុជា​បន្ថែមទៀត និង​រៀបចំ​ថវិកា​ដើម្បី​គាំទ្រ​ដល់​វិស័យ​ឯកជន​ដោយមាន​ផែនការ​ច្បាស់លាស់ និង​គោលនយោបាយ​ត្រឹមត្រូវ‟។

    ឯកឧត្តម វ​ង្សី វិស្សុត ​មានប្រសាសន៍​ទៀតថា ក្នុង​រយៈពេល 10ឆ្នាំ​ចុង​ក្រោយនេះ ស្រប​ពេលដែល​បដិវត្ត​ន៍​ឧស្សាហកម្ម​ទី4 កំពុងដំណើរការ រដ្ឋាភិបាល​កម្ពុជា​កំពុងធ្វើការ​ងារ​លើ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​រយៈពេល 15ឆ្នាំ​របស់ខ្លួន​ជាមួយនឹង​គោលនយោបាយ​ត្រឹមត្រូវ ដើម្បីឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​យ៉ាង​ឆាប់រហ័ស។

    នៅក្នុង​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច និង​ការគ្រប់គ្រង​ថវិកា​ឆ្នាំ2019 រដ្ឋាភិបាល​នៅតែ​បន្ត​ផ្តោតលើ​វិស័យ​អាទិភាព​ចំនួន4 ដូចជា៖ ប្រជាជន ផ្លូវថ្នល់ អគ្គីសនី និង​ទឹក និង​ការងារ​ផ្សេងទៀត​ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវការ​របស់​ប្រទេស។ ឯកឧត្តម​បាន​មានប្រសាសន៍ថា៖“ផ្អែកលើ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលការណ៍​ពង្រីក​ការគ្រប់គ្រង​ហិរញ្ញវត្ថុ កិច្ចការ​ទាំងនោះ​កំពុង​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី4 របស់​រដ្ឋាភិបាល‟។

    ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី11មករា​កន្លងមកនេះ បានប្រកាស​ដាក់ចេញ​នូវ​យុទ្ធនា​ការពង្រឹង​ឯករាជភាព​របស់​កម្ពុ​ជាតា​មរយៈ​ការកែទម្រង់​លើ​វិស័យសំខាន់ៗជាច្រើន ពិសេស​សម្តេច​បានប្រកាស​ពី​ផែន​ការជួយ​សម្រួល​ដល់ Camcontrol ពី​ភារកិច្ច​ធ្វើ​អធិការកិច្ច​នៅតាម​ច្រកព្រំដែន​ដើម្បី​កាត់បន្ថយ​បន្ទុក​ដល់​អាជីវករ។

    សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញ​យុទ្ធនាការ​ថ្មី​មួយ​ដើម្បី​ជំរុញ​ឯករាជភាព​សេដ្ឋកិច្ច​និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ពាណិជ្ជកម្ម​អនុគ្រោះ​ដែល​ផ្តល់​ដោយ​បណ្តា​ប្រទេស​ជឿនលឿន ដោយ​

    សម្ដេច​បាន​មានប្រសាសន៍ថា រដ្ឋាភិបាល​នឹង​ផ្តល់​ការសម្របសម្រួល​ពាណិជ្ជកម្ម​ប្រសើរ​ជាង​មុន និង​លុបបំបាត់​នីតិវិធី​មិនចាំបាច់។ សម្តេច​នឹង​ចុះហត្ថលេខា​ដើម្បី​ដក​មន្ត្រី​មួយចំនួន​ចេញពី​ព្រំដែន​ទាំងអស់​ដោយ​ទុក​តែម​ន្ត្រី​គយ និង​អន្តោប្រវេសន៍​ប៉ុណ្ណោះ ដើម្បី​កាត់បន្ថយ​តម្លៃ​នៃ​ការនាំចេញ និង​ជួយ​ជំរុញ និង​លើកកម្ពស់​ការធ្វើ​ធុរកិច្ច ធ្វើយ៉ាងណា​ឱ្យ​អ្នក​ធុរកិច្ច​ក្នុងស្រុក​បាន​ចំណេញ​ច្រើន។

    សម្តេច​បន្តថា៖“ការដាក់​មន្ត្រី​ច្រើន​នៅតាម​ព្រំដែន​មិនមែនជា​ដំណោះស្រាយ​ទេ តែ​វា​ធ្វើឱ្យមាន​ការបង្កើន​ការចំណាយ​ក្នុងការ​នាំចេញ-នាំចូល។ សេដ្ឋកិច្ចកម្ពុជា​មិនអាច​ពឹង​លើ​វិស័យ​តែមួយ​ទេ យើង​មិនអាច​ឱ្យគេ​ខ្ទប់​រន្ធ​ច្រមុះ​មួយ​ហើយ​យើង​ស្លាប់​នោះទេ យើង​មាន​វិស័យ​ជាច្រើន​ទៀត​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​យើង‟។

    សេចក្តីថ្លែងការណ៍​រប​ស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បានឱ្យដឹងថា “យើង​តែងតែ​បង់ថ្លៃ​សេវា​សម្រាប់​ការត្រួតពិនិត្យ​ទំនិញ​តាម​គយ និង​កាំកុងត្រូល ដូច្នេះ​ការសម្រេច​ដកយក​ Camcontrol ចេញពី​នីតិវិធី​ត្រួតពិនិត្យ​ទំនិញ​នឹង​ជួយ​កាត់បន្ថយ​ការចំណាយ។ ថ្លៃឈ្នួល​សម្រាប់​ការត្រួតពិនិត្យ​កាំកុងត្រូល គឺជា​ផ្នែក​មួយ​នៃ​បន្ទុក​ចំណាយ​របស់​យើង ហើយ​វា​ធ្វើឱ្យ​តម្លៃ​នៃ​ឯកសារ​នៅក្នុង​ប្រទេស​របស់​យើង​ខ្ពស់ជាង​ប្រទេស​ដទៃទៀត‟។

    លោក ច័ន្ទ សុផល នាយក​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​បាន​ថ្លែង​ទាក់ទង​នឹង​បញ្ហា​នេះ​ថា​នេះ​គឺជា​ផ្នែក​មួយ​នៃ​កំណែទម្រង់​ដើម្បី​កែលម្អ​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​សម្បទាន​ពាណិជ្ជកម្ម​ដែល​ផ្តល់​ដោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ កម្ពុជា​អាចមាន​ការងារ​ច្រើន​ថែមទៀត​ដែល​ត្រូវធ្វើ ដើម្បី​ជំរុញ​ឱ្យក្លាយ​ទៅជា​ប្រទេសមួយ​មាន​សមត្ថភាព​ប្រកួតប្រជែង​ដោយ​ពេញលេញ​នៅលើ​ទីផ្សារ​ពិភពលោក៕

  • ប្រធាន​ថ្មី​របស់ CVEA រៀបចំយុទ្ធសាស្រ្តថ្មី ដោយចាប់ផ្តើមពីការកៀងគរសមាជិកបន្ថែម

    ប្រធាន​ថ្មី​របស់ CVEA រៀបចំយុទ្ធសាស្រ្តថ្មី ដោយចាប់ផ្តើមពីការកៀងគរសមាជិកបន្ថែម

    សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (Cambodian Valuers and Estate Agents Association ឬ CVEA) បាន​បើក​កិច្ចប្រជុំ​លើក​ទី1 ក្រោម​អធិបតីភាព​លោក​ប្រធាន​ថ្មី ច្រឹ​ក សុខ​នី​ម ដោយបាន​នាំយក​ផែនការ និង​ទិសដៅ​ដ៏​ទាក់ទាញ​ក្នុងការ​កៀងគរ​សមាជិក​បន្ថែម។

    ថ្លែង​ឱ្យដឹង​នាឱកាស​នេះ លោក សុខ​នី​ម បានបង្ហាញ​ពី​ជំហរ និង​ស្មារតី​ដ៏​មុតមាំ​ក្នុងការ​ដឹកនាំ សមាគម​អចលនទ្រព្យ​មួយ​នេះ​ឱ្យ​បោះជំហាន​ទៅមុខ​ដើម្បី​ជា​ប្រយោជន៍​ស្មើគ្នា​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ និង​ប្រយោជន៍​ដល់​វិស័យនេះ ព្រមទាំង​សេដ្ឋកិច្ចកម្ពុជា​ទាំងមូល​ផងដែរ។ អ្វីដែល​ត្រូវធ្វើ​ដំបូង​បំផុត​គឺ​ការរៀបចំ​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​ដឹកនាំ​ថ្មី​មួយ​ដែលមាន​លក្ខណៈ​ពេញលេញ និង​រឹងមាំ​សម្រាប់​ការគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព។

    ទាក់ទង​នឹង​កិច្ចការ​ដឹកនាំ​វិញ លោក សុខ​នី​ម បានបញ្ជាក់​ពី​ភារកិច្ច​អាទិភាព​ចំនួន2 ដែល​ត្រូវធ្វើ​នៅក្នុង​អាណត្តិ​របស់លោក ក្នុងនោះ​ទី1 គឺ​ការប្រឹក្សា​ផ្នែក​ច្បាប់​ដើម្បី​ធានា​ការពារ​ដល់​ផលប្រយោជន៍​របស់​សមា​ជិ​ក​ទាំងអស់ និង​ទី2 គឺ​ជំនួយ​បច្ចេកទេស​លើ​ការប្រឹក្សា​ផ្នែក​អាជីវកម្ម​ដើម្បី​ធ្វើឱ្យ​ក្រុមហ៊ុន ដែលជា​សមាជិក​កាន់តែ​មានការ​សហការ​គ្នា និង​ការពង្រឹង​ភាពជា​ដៃគូ​ជាមួយគ្នា​ក្នុងទិសដៅ​តែមួយ។

    លោក​ឧកញ៉ា ចេង ខេង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Hutton CPL បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ “ការពង្រឹង​សមត្ថភាព​ជា​ផ្នែក​ដ៏​ចាំបាច់​មួយដោយ​លោក​បាន​បញ្ជាក់ថា សមត្ថភាព​អ្នកបច្ចេកទេស​ខាង​អចលនទ្រព្យ​នៅមានកម្រិត​នៅឡើយ។ ដូច្នេះ​សមាគម​ត្រូវតែ​ជួយ​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​ទាំងនេះ​តាមរយៈ​ការផ្តល់ជូន​វគ្គ​បណ្តុះបណ្តាល​គន្លឹះថ្មីៗសម្រាប់​សមាជិកម្នាក់។ ក្រៅពីនេះ​ការប្រើប្រាស់​ធនធានមនុស្ស​ឱ្យ​ត្រូវ​សមត្ថភាព និង​ការ​ផ្តល់ឱកាស​ឱ្យ​បុគ្គល​ជំនាញ​អាច​ចូល​ជា​សមាជិកសមាគម​បាន គឺជា​ចំណុច​ត្រូវ​យកចិត្តទុកដាក់​មុនគេ‟។

    លោក ច្រឹ​ក សុខ​នី​ម បានបញ្ជាក់​ឱ្យដឹង​អំពី​ទិសដៅ​បញ្ចុះតម្លៃ50% ក្នុងការ​ទាក់ទាញ​បណ្តា​ក្រុមហ៊ុន និង​ភ្នាក់ងារ​អចលនវត្ថុ​ឱ្យចូល​ជា​សមាជិក​ CVEA បន្ថែមទៀត។ លោក​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖“ខ្ញុំ​នឹង​បន្ត​កៀងគរ​សមាជិក​ឱ្យបាន​ច្រើនជាង 100ក្រុមហ៊ុន ព្រោះ​ឥឡូវ​តាម​កំណត់ត្រា​ចំនួន​តែ 100ជាង​បន្តិច គឺ​យើង​អាច​កៀងគរ​បាន ព្រោះ​ឥឡូវ​ក្រសួង​ថា មាន​ដល់​ទៅ 250ក្រុមហ៊ុន​ឯណោះ​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ ដូចនេះ​ខ្ញុំ​កៀងគរ​ឱ្យ​គាត់​ចូល​តាមរយៈ​គោលនយោបាយ​បញ្ចុះតម្លៃ‟។

    សម្រាប់​ទិសដៅ​កៀងគរ​នេះ​ទៀតសោត លោក ច្រឹ​ក សុខ​នី​ម បាន​ប្តេជ្ញា​ក្នុងការ​បង្កើន​ចំនួន​សមាជិក​ឱ្យ​កាន់តែច្រើន​ដោយ​លោក​បាន​បញ្ជាក់ថា លោក​នឹងធ្វើ​ការកៀងគរ​បន្ថែម​ដើម្បីឱ្យ​សមាគម ​CVEA កើនឡើ់ង​យ៉ាង​ទាប​បំផុត 120ក្រុមហ៊ុន។

    នៅមាន​កិច្ចការ​មួយចំនួនទៀត​ដែរ ដែល​បាន​លើក​យកមក​ពិភាក្សា គឺ​ការខ្វះខាត​ក្នុង​ប្រើប្រាស់​ព័ត៌មាន​ទិន្នន័យ​ក្បាលដី និង​យន្តការ​ក្នុងការ​ស្នើសុំ​ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រួមទាំង​មតិយោបល់​ពី​សមាជិកសមាគម។

    លោក ច្រឹ​ក សុខ​នី​ម បាន​ថ្លែងថា ស្រប​ពេលដែល​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​កំពុង​រីកចម្រើន និង​ប្រឈម​បញ្ហា​មួយចំនួន អ្នកជំនាញ​ក្នុង​វិស័យនេះ​បាន​អះអាងថា ទីផ្សារ​នេះ​នៅតែ​បន្ត​មាន​ភាពរឹងមាំ​សម្រាប់​រយៈពេល 10ឆ្នាំ​ទៅមុខទៀត។

    លោក​បន្តថា៖ “5 ទៅ10ឆ្នាំ​ខាងមុខ វិស័យនេះ​នៅតែ​រឹងមាំ តែ20ឆ្នាំ​ទៅមុខ​នោះ វា​អាច​នឹងមាន​បញ្ហា​ប្រឈម តែ​បញ្ហា​កើតឡើង ឬ​អត់ វា​អាស្រ័យ​លើ​គោលនយោបាយ​របស់​ប្រទេស​នោះ ព្រោះ​បើ​ប្រទេស​ហ្នឹង​មាន​លុយ​បម្រុង​ច្រើន វា​អាចជួយ​ស្រោចស្រង់​ស្ថានភាព​សេដ្ឋកិច្ច​ប្រទេស​នោះបាន‟។ លោក​បន្តថា៖“បើ​ប្រទេសមួយ​មាន​ទុនបម្រុង​តិច វា​ងាយ​មាន​ហានិភ័យ​ណាស់ ព្រោះ​បើ​បញ្ហា​សកល​កើតមានឡើង ប្រទេស​នោះ​នឹង​ងាយ​រងគ្រោះ‟។

    សូមបញ្ជាក់ថា លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​របស់​ក្រុមហ៊ុន Century 21 Mekong ត្រូវបាន​ជ្រើសរើស​ឱ្យធ្វើជា​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ (CVEA) អាណត្តិ​ថ្មី ដែលមាន​រយៈពេល 2ឆ្នាំ​បន្តទៀត​គិតពី​ឆ្នាំ2019 ដល់​ឆ្នាំ2020៕

  • ម្ចាស់បទ «បឹងហ្គាវ៉ាន់សូឡូ » មរណភាពហើយ

    ម្ចាស់បទ «បឹងហ្គាវ៉ាន់សូឡូ » មរណភាពហើយ

    ប្រិយមិត្តពិតជាស្គាល់មិនខាន បទ «បឹងហ្គាវ៉ាន់សូឡូ» ដែលជាបទទទួលបានការពេញនិយមជាច្រើន ហើយក៏មានតារាចម្រៀងជាច្រើបានយកបទនេះមកច្រៀងឡើងវិញដែរ។

    ដោយឡែក ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកទទួលបានដំណឹងក្តុក្តួលថា ម្ចាស់បទនេះ បានទទួលមរណភាពហើយ ដោយរាគាពាធ នៅវេលាម៉ោង6ល្ងាច តាំងពីថ្ងៃទី17ខែមករា ឆ្នាំ2019 ក្នុងជន្មាយុ 80ឆ្នាំ នៅឯសហរដ្ឋអាមេរិក។ ។ សូមជម្រាបថា លោកយាយ ឈុន វណ្ណា ជាតារាចម្រៀងជើងចាស់ដ៏ល្បីមួយរូបនៅអំឡុងទសវត្ស​​ទី 60 ​-70 ហើយអ្នកចំរៀងក្រុមសិល្បៈយោធាភិរម្យ ជាមួយលោកតា ជិន សាខន ដែលជាស្វាមី។ បើតាមប្រភបបានឱ្យដឹងថា សពរបស់លោកយាយទើបនឹងត្រូវបានបូជាកាលពីថ្ងៃសុក្រទី 25 ខែមករានេះ។ យ៉ាងណាក្តី ដំណឹងនេះពិតជាធ្វើឱ្យអ្នកគាំទ្ររបស់លោកយាយនៅស្រុកខ្មែរ មានការសោកស្តាយជាពន់ពេកចំពើការបាត់បង់រូបលោកយាយ៕

    https://youtu.be/YoxC6ifItCQ

  • លោក ព្រាប សុវត្តិ ព្រមទាំងកូនៗទាំង 3 នាក់ ចូលរួមរំលែកទុក្ខ លោក ខេមរៈ សេរីមន្ត ទំាងទឹកមុខក្រៀមក្រំ

    លោក ព្រាប សុវត្តិ ព្រមទាំងកូនៗទាំង 3 នាក់ ចូលរួមរំលែកទុក្ខ លោក ខេមរៈ សេរីមន្ត ទំាងទឹកមុខក្រៀមក្រំ

    គេមើលឃើញថា បន្ទាប់ពីសពប្អូនស្រី លោក ខេមរៈ សិរីមន្ដ បានមកដល់គេហដ្ឋាន នៅមុខសួនសុបិន្តចំការព្រីង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយនោះ គេឃើញថា ហ្វេនៗអ្នកគាំទ្រនិងសិល្បៈជាច្រើន ទៅដល់ទីនោះភ្លាម មានវត្តមានដូចជា លោក ហេង ឡុង អ្នកនាង ចន ច័ន្ទលក្ខណា កញ្ញា សុខ ពីសី អ្នកនាង ពេជ្រ សោភា ព្រមទាំងតារាប្រុសស្រីជាច្រើនទៀត ដែលម្នាក់សុទ្ធតែរន្ធត់ចិត្ត និងបង្ហាញពីការស្តាយស្រណោះ ខេមរៈ ស្រីពៅ គ្រប់គ្នា។

    នៅព្រឹកថ្ងៃទី 28 ខែមករា នេះ គេបានឃើញមានវត្តមានរបស់ លោក ព្រាប សុវត្តិ ព្រមទាំងកូនៗទាំង 3 នាក់ បានឆ្លៀតពេលមកចូលរួមពិធីបុណ្យសពរបស់ប្អូនលោក ខេមរៈ សេរីមន្ត ផងដែរ ដោយក្នុងទឹកមុខក្រៀមក្រំជាទីបំផុត និងអារម្មណ៍សោកសៅស្ទើតែស្រក់ទឹកភ្នែកតាមលោក ខេមរៈ សេរីមន្ត ទៅហើយ។

    ក្រឡែកមកមើលលោក ខេមរៈ សិរីមន្ដ វិញហាក់បីដូចជាទន់អស់ទាំងខ្លួនប្រាណ ដោយមានអ្នកចាំឈរទប់ពីក្រោយជាប់រហូត ព្រោះមើលទៅលោកក្តុកក្តួលអួលដើមក ខ្ទប់មុខយំមិនចេញ។ ពេលនេះក្រុមគ្រួសាររបស់លោក ខេមរៈ សិរីមន្ត កំពុងធ្វើបុណ្យតាមប្រពៃណី ហើយបើតាមការបញ្ជាក់ពីលោក ខេមរៈ សិរីមន្ត លើវីដេអូ បានឱ្យដឹងថា សពរបស់ប្អូនស្រីលោក នឹងដង្ហែរទៅបូជានៅវត្តសំរោងអណ្តែត នៅរសៀលម៉ោង 1 ថ្ងៃទី 28 ខែមករា ឆ្នាំ2019 នេះ ៕

  • Djokovic ផ្តួល Nadal ដើម្បីឈ្នះពាន​ Australian Open ជាលើក​ទី​7

    Djokovic ផ្តួល Nadal ដើម្បីឈ្នះពាន​ Australian Open ជាលើក​ទី​7

    កីឡាករ​វាយកូន​បាល់ Novak Djokovic បាន​ឈ្នះពាន​ព្រឹត្តិការណ៍ Australian Open ជាលើក​ទី​7 និង​​កម្ម​វិធី Grand Slam ជាលើក​ទី​3 ​ជាប់​ៗ​គ្នា​កាលពីថ្ងៃអាទិត្យ ខណៈ​ដែល​​​រូប​គេ​បានផ្តួល​កីឡាករ Rafael Nadal យ៉ាង​ងាយ​​ក្នុង​​ទីក្រុង Melbourne​។

    កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​រូបនេះ បាន​កត់ត្រា​ជ័យជម្នះ​ក្នុងលទ្ធផល 6-3 6-2 និង​6-3 ដែល​ជា​ជ័យ​ជម្នះ​ដ៏ធំបំផុត​ក្នុង​វគ្គ​​ផ្តាច់​ព្រ័ត្រ​​នៃ​ពាន​ដ៏ធំមួយ លើ​គូ​ប្រជែង​​ដ៏ខ្លាំង​​របស់​គេ​។

    កីឡាករ​អេ​ស្ប៉ាញ Nadal វ័យ​ 32​ឆ្នាំ ហាក់​ដូច​ជាមិន​អាច​ទប់​ទល់​នឹង​ភាពខ្លាំង​​របស់​កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ​1 ក្នុងពិភព​លោក​រូបនេះ​បាន​ឡើយ និង​បាន​បង្កើត​ឱ្យ​មាន​កំហុស​ដល់​ទៅ​ 28​លើក​ឯណោះ។

    Djokovic វ័យ​ 31​ឆ្នាំ បាន​កត់ត្រា​ជ័យជម្នះ​​ដោយ​ប្រើ​ពេល​អស់​ 2​ម៉ោង និង​4​នាទី ដើម្បី​ឡើង​ឈរ​ពីលើ​ម្ចាស់​ជើងឯក​ 6​សម័យ​កាល Roy Emerson និង Roger Federer​។

    ក្រោយ​ពី​ឈ្នះ​ពាន Grand Slam ជាលើក​ទី​15 ​របស់​គេ Djokovic បាន​ឱ្យ​ដឹង​ថា៖ «វា​ជា​ការប្រកួតមួយ​ក្នុង​ចំណោម​ការ​ប្រកួត​​ដ៏​ល្អ​បំផុត​។ វា​ហាក់​មិន​​​ពិត​សោះ​ដែលយើង​នៅ​តែ​លេង​ក្នុង​កម្រិត​នេះ​ និង​នៅ​តែ​ប្រជែង​ពាន​ដ៏ធំបំផុត​ក្នុង​កីឡា​នេះ ហើយ​វា​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​»​។

    ស្រប​ពេល​ជាមួយ​គ្នានេះ កីឡា​ការិនី​វាយ​កូន​បាល់ Naomi Osaka របស់​ជប៉ុន បាន​បញ្ជាក់​ថា នាង​ពិត​​​ជា«ស្ថិត​ក្នុង​ភាព​​ភ្ញាក់​ផ្អើល» ក្រោយពី​​បាន​គ្រប់គ្រង​ការ​ភិត​ភ័យ​របស់​ខ្លួន​ដើម្បី​យកឈ្នះ​​លើ​កីឡា​ការិនី Petra Kvitova និង​ឈ្នះពាន Australian Open ក្នុង​ការប្រកួត​ 3​សិត​ដ៏រំ​ភើប​មួយ ខណៈ​ជ័យជម្នះនេះ​ក៏​បាន​ធ្វើ​ឱ្យ​នាង​ឡើង​ទៅ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​1​ លើ​តារាង​ពិភព​លោក​ផងដែរ​។

    កីឡា​ការិនី​មាន​ចំណាត់​ថ្នាក់​លេខ​4 ​ប្រចាំ​ព្រឹត្តិការណ៍ និង​ជាម្ចាស់​ជើង​ឯក US Open រូប​នេះ​បាន​កត់​ត្រា​ជ័យជម្នះ​ក្នុងលទ្ធផល 7-6 (7/2) 5-7 និង​6-2 ក្នុង​ការ​ប្រកួត​ 2​ម៉ោង និង​27​នាទីលើ​កីឡា​ការិនី​របស់​ឆែក ដើម្បី​ឈ្នះពាន​ក្នុង​កម្មវិធី Grand Slam 2​លើក​ជាប់​ៗ​​​គ្នា​៕

    ប្រភព​ពី៖​ Channel News Asia

  • រដ្ឋាភិបាលដក​ការិយាល័យស្រុកដែលមិនចាំបាច់ ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើន​ប្រសិទ្ធភាពការងារ

    រដ្ឋាភិបាលដក​ការិយាល័យស្រុកដែលមិនចាំបាច់ ដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើន​ប្រសិទ្ធភាពការងារ

    នាពេលបច្ចុប្បន្ននេះ នៅតាមបណ្តាស្រុក​-ក្រុងនានា មានការិយាល័យ​ចំណុះមន្ទីរជាច្រើន​ដែលកំពុងបើកដំណើរការ តែមិនសូវមានការងារប្រតិបត្តិការ​ ហើយ​មានការិយាល័យ​ដែលចាំបាច់ត្រឹមតែ 2-3ប៉ុណ្ណោះដែលដំណើរការជាប់ជាប្រចាំ។ ស្ថានភាពបែបនេះត្រូវបានរាជរដ្ឋាភិបាល​មើលឃើញថា​ អាចជាចំណុចមួយ​ក្នុងការខ្ជះខ្ជាយលើថវិកាជាតិ​។

    នៅថ្ងៃទី25 ខែមករា ឆ្នាំ2019 នេះសម្តេចតេជោហ៊ុន សែន បាន​មានប្រសាសន៍​នៅក្នុងជំនួបជាមួយ​កម្មករ-កម្មការិនីនៅខេត្តកំពតថា នាពេលខាងមុខនេះ​នឹងមានការកែសម្រួល​រចនាសម្ព័ន្ធថ្នាក់ស្រុក-ក្រុង ដោយមិនឱ្យមានការិយាល័យរបស់មន្ទីរ​នៃក្រសួងនីមួយៗធ្លាក់ទៅដល់ក្រោមទៀតទេ។

    សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «​សម្លឹងមើលទៅ ទុកតែ 3ផ្នែកទេ អប់រំត្រូវតែមានហើយ សុខាភិបាលត្រូវតែមាន​ការិយាល័យ ​ព្រោះទាក់ទងនឹងសេវាព្យាបាលជូនប្រជាជន ហើយ​រៀបចំដែនដីក៏ត្រូវតែមានដែរ ព្រោះ​មានការងារពាក់ព័ន្ធនឹង​ការគ្រប់គ្រងដីធ្លី ក្រៅពីនោះការិយាល័យស្រដៀងៗគ្នាមានមុខងារប្រហែលៗគ្នាត្រូវដាក់មួយកញ្ចប់»។

    សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងផងដែរថា ការរៀបចំ​បែបនេះ​អាចនឹងប្រើប្រាស់ទឹក-ភ្លើងតិចជាងមុន មនុស្សធ្វើការតិចជាងមុន មធ្យោបាយ​ក៏តិចជាងមុនដែរ ហេតុនេះគួរតែ​ធ្វើការកែទម្រង់ដាក់ជាចង្កោមតែម្តង។ ការកែទម្រង់នេះ​មានលទ្ធភាពក្នុងការ​ជួយឱ្យសេដ្ឋកិច្ចស្ទុះឡើង ហើយប្រសិទ្ធភាពក៏កាន់តែខ្ពស់ផងដែរ៕