Category: សង្គម និងសេដ្ឋកិច្ច

  • ជំនឿ និងតំណមថ្ងៃចូលឆ្នាំចិន…បើធ្វើបានតាមហ្នឹង ច្បាស់ជារកស៊ីកាន់តែមានឡើងមិនខាន

    ជំនឿ និងតំណមថ្ងៃចូលឆ្នាំចិន…បើធ្វើបានតាមហ្នឹង ច្បាស់ជារកស៊ីកាន់តែមានឡើងមិនខាន

    តាមប្រវត្តិសាស្រ្តចិន មានជំនឿពីបុរាណលើការគោរពបូជាពិធីបុណ្យចូលឆ្នាំថ្មី ឬហៅថា បុណ្យនិទាឃរដូវ យ៉ាងកប់ជ្រៅ និងមានតំណមជាច្រើននៅក្នុងអំឡុងពេលចូលឆ្នាំ 3ថ្ងៃ ជាពិសេសនៅថ្ងៃទី1 ឫហៅថា ឈឺអ៊ិច។ ក្នុងរយៈពេល 3ថ្ងៃនេះ គេចាត់ទុក ជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីឱ្យល្អក់កករ​​​​​​​​​ប៉ះពាល់ដល់សិរីមង្គល ឫដល់ឆ្នាំថ្មីឡើយ។ គេត្រួវសាងបរិយាកាសឱ្យសប្បាយរីករាយដើម្បីនាំសិរីសួស្តីចូលក្នុងគ្រួសារ និងសមាជិកទាំងអស់។

    តំណមទាំងអស់នោះមានដូចជា ៖

    1-តំណមមិនយំស្រែក

    ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនេះ ជនជាតិចិនមានតំណមមិនឱ្យកើតរឿងសោកសៅ យំស្រែកឡើយ ពីព្រោះវាអាចនាំមក នូវរឿងអពមង្គលដល់ឆ្នាំថ្មី និងរហូតពេញមួយឆ្នាំ។ តំណមនេះសូម្បីតែកូនចៅដែលតែងតែទទឹងរឹងរូស ក៏ឳពុកម្តាយ ឫមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន។

    2-តែងខ្លួនឱ្យស្អាត ប៉ុន្តែមិនឱ្យកក់សក់ទេ

    ការស្លៀកពាក់ខោអាវថ្មី និងតុបតែងខ្លួនស្អាតបាត គឺជារឿងសំខាន់បំផុតសម្រាប់ជនជាតិចិនគ្រប់រូបក្នុងការទទួលឆ្នាំថ្មី។ តែទោះបីយ៉ាងណា ក្នុងអំឡុងពេលនេះ គេមានតំណមមួយ គឺហាមកក់សក់ក្បាល ប៉ុន្តែកន្លែងដទៃៗទៀតអាចធ្វើការសម្អាតបានធម្មតា ពីព្រោះថា ការកក់សក់គេមានជំនឿថា ហាក់បីដូចជាការលាងជម្រះជោគសំណាងចេញពីខ្លួនដូច្នោះដែរ។ ចំពោះសម្លៀកបំពាក់ពណ៌ក្រហម គឺជាទីពេញនិយមបំផុត សម្រាប់ស្លៀកពាក់ក្នុងអំឡុងថ្ងៃចូលឆ្នាំចិន។ ពណ៌នេះគេចាត់ទុកជាពណ៌ងូវហេង នាំជោគលាភ សំណាង បណ្ដេញសភាវអាក្រក់ និងនាំយកមកនូវសិរីសួស្តី។ សម្រាប់ក្មេងៗ ឫមនុស្សនៅលីវវិញ គេតែងឱ្យអាំងប៉ាវដែលជាកញ្ចប់លុយពណ៌ក្រហម ព្រមទាំងក្រដាសប្រាក់ថ្មីៗ ដើម្បីទទួលជោគលាភ។

    3-ហាមចូលបន្ទប់អ្នកដទៃ

    ការចូលទៅរកនរណាម្នាក់នៅក្នុងបន្ទប់ដេករបស់គេក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ចាត់ទុកជារឿងអាក្រក់។ ដូច្នេះទោះបីជាមានអ្នកជំងឺ ដែលយើងត្រូវចូលទៅសួរសុខទុក្ខក៏ដោយ ក៏ចាំបាច់ត្រូវតែអង្គុយចាំនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គេដែរ និង មិនគួរលេងកាំបិត ឬកន្រ្តៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីទេ ព្រោះគេមានជំនឿថា នេះជាការកាត់ជោគលាភ ហើយបើមានមុតដៃមុតជើងផងនោះ គឺកាន់តែជួបរឿងអាក្រក់ថែមទៀត។

    4-មិនឱ្យបែកចាន ឬកែវ

    ក្នុងថ្ងៃនេះគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវខ្លាំងណាស់ ព្រោះបើមានការបង្កឱ្យមានប្រេះស្រាំ ឬធ្លាក់បែកបាក់ នោះអាចជាប្រផ្នូលនៃការនាំឱ្យបាត់បង់ជោគលាភសំណាង ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តីសុខឡើយ៕

  • គម្រោង GOLD TOWER 42 បានបញ្ចប់​ការសាងសង់​គ្រោង​អគារ​របស់ខ្លួន​ហើយ

    គម្រោង GOLD TOWER 42 បានបញ្ចប់​ការសាងសង់​គ្រោង​អគារ​របស់ខ្លួន​ហើយ

    គ្រោង​អគារ Gold Tower 42 ជាន់​បានបញ្ចប់​ការសាងសង់​ហើយ​កាលពី​ថ្ងៃ​ចន្ទ (ទី២៨ មករា) បន្ទាប់ពី​សំណង់​អគារ​មួយ​នេះ​ត្រូវបាន​ពន្យារពេល​សាងសង់​បន្ត​អស់​ជាច្រើន​ឆ្នាំកន្លងមក។

    ក្រុមហ៊ុន Yon Woo Cambodia ដែលជា​ក្រុមហ៊ុន​កាន់កាប់​អគារ Gold Tower 42 ជាន់​នេះ បាន​ចុះ​កិច្ចព្រមព្រៀង​កាលពី​ខែវិច្ឆិកា ឆ្នាំ2017 កន្លងទៅ​ជាមួយ​ក្រុមហ៊ុន Shenzhen Hongtao Co.,Ltd និង​ក្រុមហ៊ុន​វិស្វកម្ម​សំណង់ Hongtao Weimin ក្នុងការ​ទទួលខុសត្រូវ​បញ្ចប់​គម្រោង​នេះ។

    សំណង់​អគារ 42ជាន់ ស្ថិតនៅ​ចំ​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ត្រង់ចំណុច​ប្រសព្វ​រវាង​មហាវិថី​ព្រះមុនីវង្ស និង​មហាវិថី​ព្រះសីហនុ។ គម្រោង​នេះ​បានចាប់ផ្តើម​នៅ​ឆ្នាំ2008 ហើយ​បាន​ពន្យារពេល 3ដង​មកហើយ ពោលគឺ ម្តង​នៅក្នុង​ឆ្នាំ 2009 ដោយសារតែ​វិបត្តិ​ហិរញ្ញវត្ថុ​សកល និង​ម្តងទៀត​នៅ​ឆ្នាំ2012។ បន្ទាប់មក​សំណង់​នេះ​បាន​សាងសង់​ឡើងវិញ​នៅ​ឆ្នាំ 2013 ក្រោយមក​បាន​បញ្ឈប់​ទៅវិញ​ម្តងទៀត​នៅ​ឆ្នាំ2017។

    ក្រុមហ៊ុន Yon Woo Cambodia ធ្លាប់បាន​ប្រកាស​កាលពី​ឆ្នាំ2018 ថា សំណង់​អគារ 42 ជាន់​នេះ​បាន​ចំណាយ​ទុនវិនិយោគ​អស់​ប្រមាណ​ជា 100លាន​ដុល្លារ​អាមេរិក​រួចមកហើយ ហើយ​ទឹកប្រាក់​ជាង 140លាន​ដុល្លារ​អាមេរិក​ទៀត​នឹងត្រូវ​វិនិយោគ​បន្ថែម​ដើម្បី​បញ្ចប់​គម្រោង​ទាំងមូល។

    ដោយឡែក​កាលពី​ថ្ងៃទី28 ខែមករា​ម្សិលមិញ​នេះ គម្រោង​សាងសង់ Gold Tower 42 ជាន់​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​ចុះហត្ថលេខា​សាងសង់​បញ្ចប់​ដោយ​ក្រុមហ៊ុន​វិស្វកម្ម​សំណង់ Hongtao Weimin (ខេ​ម​បូ​ឌា) បានធ្វើការ​បញ្ចប់​គ្រោង​អគារ​នេះ​ផ្នែក​ខាងក្រៅ​ជា​ផ្លូវការ​ហើយ៕

  • អ្នកគាំទ្រសម្រែកទ្រហ៊ោយំ ពេលបានស្ដាប់ប្រវត្តិកម្សត់របស់ ខេមរៈ ស្រីពៅ

    អ្នកគាំទ្រសម្រែកទ្រហ៊ោយំ ពេលបានស្ដាប់ប្រវត្តិកម្សត់របស់ ខេមរៈ ស្រីពៅ

    កាលពីរសៀលថ្ងៃទី28 មករា សពរបស់តារាចម្រៀង ខេមរៈ ស្រីពៅ ត្រូវបានដង្ហែដោយក្បួនរថយន្ត និងក្បួនអ្នកថ្មើរជើង យ៉ាងច្រើនកុះករបានចូលរួមដង្ហែសពរបស់នាងដែលទើបដឹកមកពីមន្ទីរពេទ្យនៅប្រទេសឥណ្ឌា យកទៅបូជាក្នុងវត្តសំរោងអណ្ដែត។ ពិធីដង្ហែក្បួនសពរបស់នាង ក្រៅពីសាច់ញាតិបងប្អូន នៅមានការចូលរួមពីអ្នកដំណើរដែលធ្វើចរាចរណ៍តាមដងផ្លូវផងដែរ។

    មិនត្រឹមតែសាច់ញាតិបងប្អូន ក្រុមគ្រួសារ និងអ្នកសិល្បៈប៉ុណ្ណោះទេដែលបានសម្តែងនូវក្តីអាណិតអាសូរ និងសោកស្តាយ ស្រណោះចំពោះការបាត់បង់តារាចម្រៀងសំនៀងមានទឹកដម ខេមរៈ ស្រីពៅនោះ អ្នកគាំទ្រទាំងអស់ក៏បានសម្ដែងនូវក្ដីរំជួលចិត្តគ្រប់គ្នាផងដែរក្នុងអំឡុងពេលនៃពិធីបូជាសពតារាស្រីរូបនេះ។ នៅក្នុងនោះ មហាជនសង្កេតឃើញថា បន្ទាប់ពីសាកសពបានដង្ហែទៅដល់វត្តសំរោងអណ្តែតហើយ ខណៈពេលរៀបចំពិធីការដើម្បីបូជាសព និងស្ដាប់អំពីប្រវត្តិដ៏កម្សត់របស់ស្រីពៅនោះ សម្រែកទ្រហោយំទួញសោកសង្រេងរបស់មហាជនអ្នកគាំទ្រ និងតារាសិល្បៈ ព្រមទាំងក្រុមគ្រួសារនៃសពជាច្រើននាក់ផងនោះបានបន្លឺឡើងយ៉ាងទ្រហឹង បង្ហាញពីការអាឡោះអាល័យចំពោះតារាស្រីរូបនេះជាខ្លាំង ប្រៀបបាននឹងការជូនដំណើរនាងជាលើកចុងក្រោយដែរ៕

    សូមជម្រាបផងដែរថា ពិធីបុណ្យប្រាំពីរថ្ងៃរបស់តារាស្រី​ ខេមរៈ ស្រីពៅ នឹងធ្វើឡើងនៅថ្ងៃទី 30 ខែមករា ឆ្នាំ 2019 នេះ៕

    សូមស្ដាប់ប្រវត្តិកម្សត់របស់ ខេមរៈ ស្រីពៅ ខាងក្រោមនេះ៖

  • ខំ​ដាំ​ដើម​ផ្កាអង្គារសិល្ប៍​ឱ្យ​ហើយ​ទៅ បន្តិចទៀត​នឹង​លែងមាន​ច្រើន​ហើយ

    ខំ​ដាំ​ដើម​ផ្កាអង្គារសិល្ប៍​ឱ្យ​ហើយ​ទៅ បន្តិចទៀត​នឹង​លែងមាន​ច្រើន​ហើយ

    ផ្កាអង្គារសិល្ប៍ ជា​ផ្កា​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅក្នុង​ឱកាស​រដូវ​កាល​បុណ្យចូលឆ្នាំ​ចិន-វៀតណាម ព្រោះ​ផ្កា​នេះ​ត្រូវបាន​គេ​ជឿថា ជា​ផ្កា​ដែលមាន​ឥទ្ធិពល​ល្អ​សម្រាប់​នាំមក​នូវ​សេចក្តីសុខ ហើយ​បញ្ចៀស​រឿងរ៉ាវ​អាក្រក់​ដែល​អ្នកដទៃ​ប៉ង​មកលើ​យើង​ឱ្យ​ក្លាយជា​លាភ។

    នៅ​ប៉ុន្មាន​ថ្ងៃនេះ អាជីវករ​រកស៊ី​លក់​មែក​ដើម​ផ្កា​មួយ​នេះ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន-វៀតណាម បាន​សម្រុក​ប្រមូល​ទិញ​ដើម​ផ្កាអង្គារសិល្ប៍​ពី​ខេត្តឆ្ងាយៗ ជាពិសេស​ខេត្តពោធិ៍សាត់ ដែលជា​តំបន់​សម្បូរ​ព្រៃភ្នំ និង​ជា​កន្លែង​ល្អ​សម្រាប់​ការ​ដុះ​លូតលាស់​របស់​ដើម​ផ្កាអង្គារសិល្ប៍។

    ស្រប​ពេលដែល​អាជីវករ​កំពុង​មមាញឹក​ក្នុងការ​ដឹកជញ្ជូន លោក តុលា ដែលជា​អា​ជីករ​ម្នាក់​ក្នុងចំណោម​អាជីវករ​ជាច្រើន​នាក់​ផ្សេងទៀត​នៅក្នុង​ទីក្រុង​ភ្នំពេញ បាន​ត្អូញត្អែរថា អាជីវកម្ម​លក់​មែក​ដើម​ផ្កាអង្គារសិល្ប៍​បច្ចុប្បន្ននេះ​មិន​ដូច​ពីមុន​នោះទេ ព្រោះ​មាន​ឧបសគ្គ​ជាច្រើន​ដែល​ធ្វើឱ្យ​ពិបាក​លក់។

    លោក តុលា បាន​និយាយថា ដោយសារតែ​បច្ចុប្បន្ននេះ ដីភ្នំ និង​ដី​ដែល​ប្រជាពលរដ្ឋ​តែងតែ​ទៅ​កាប់​ផ្កាអង្គារសិល្ប៍​បានក្លាយ​ទៅជា​ចម្ការ និង​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន​អស់​ទៅហើយ ធ្វើឱ្យ​ពួកគាត់​មានការ​លំបាក​ក្នុងការ​ចូលទៅ​កាប់ ឬ​កន្លែង​ខ្លះ​ត្រូវគេ​ឈូសឆាយ​អស់​ទៀតផង។

    អាជីវករ​ដដែល​បានលើកឡើង​ផងដែរ​ថា ដោយ​ចំនួន​ដើម​ផ្កាអង្គារសិល្ប៍​ចេះតែហោចទៅៗ ធ្វើឱ្យ​អ្នកស្វែងរក​មែក​ដើម​ផ្កា​មួយ​នេះ​ត្រូវ​ចំណាយ​សោហ៊ុយ​កាន់តែ​ច្រើនឡើង​ដើម្បី​ធ្វើដំណើរ​ទៅក្នុង​តំបន់ជ្រៅៗ និង​ឆ្ងាយទៅៗដើម្បី​កាប់យ​កមែ​កណា​ដែលមាន​ផ្កាល្អៗមក​លក់​ដែល​ធ្វើឱ្យ​តម្លៃ​ដើម​កើនឡើង និង​ការប្រកួតប្រជែង​កាន់តែខ្លាំង​ធ្វើឱ្យ​យើង​លក់​នៅលើ​ទីផ្សារ​មិនសូវ​បាន​ថ្លៃ។

    របរ​លក់​មែក​ដើម​ផ្កាអង្គារសិល្ប៍​នេះ ថ្វីដ្បិតតែ​មើលទៅ​ឃើញ​រាង​កាក់កប​ខ្លាំង​មែន តែ​ទន្ទឹមនឹង​ការមើលឃើញ​របស់​មនុស្ស​ទូទៅ វា​ក៏មាន​ផលវិបាក​មិនតិច​ដែរ ព្រោះ​ក្រៅពី​ពិបាក​ស្វែងរក​ដើម​ផ្កា​នេះ​មក​លក់​ហើយ​នោះ គេ​អាច​លក់​វា​បានតែ​មួយ​រដូវ​កាល​នេះ​តែប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ប្រសិនបើ​លក់​មិន​អស់​ត្រូវ​ទុកដាក់​ថែទាំ​រហូតដល់​ឆ្នាំ​ថ្មី​ទើប​អាច​លក់​ទៀត​បាន៕

  • ក្រុម ស៊ាន ពិសិដ្ឋ គ្រង​ជើងឯក ខណៈ​ក្រុម PCO FC ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​បាន​ត្រឹម​លេខ4

    ក្រុម ស៊ាន ពិសិដ្ឋ គ្រង​ជើងឯក ខណៈ​ក្រុម PCO FC ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​បាន​ត្រឹម​លេខ4

    បាត់ដំបង ៖ក្រុម ស៊ាន ពិសិដ្ឋ បាន​គ្រង​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​នៃ​ក្របខណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 មណ្ឌល​ខេត្តបាត់ដំបង ក្រោយពី​យកឈ្នះ​លើ​ក្រុម Tiger Night ក្នុង​លទ្ធផល 3ទល់0 នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នាយ​ប់​ថ្ងៃទី27 ខែមករា ឆ្នាំ2019នេះ នៅ​ពហុ​កីឡដ្ឋាន​ស្តា​ត​ចាស់​វាល​បែក​ចាន ទី​រួម​ខេត្តបាត់ដំបង។   ចំណែក​ក្រុម PCO FC ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​បានត្រឹមតែ​លេខ4 ក្រោយពី​ចាញ់​ក្រុម Fox Zone FC ជា​លទ្ធផល1ទល់2 នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដូចគ្នា។

    សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តបាត់ដំបង គឺ​ក្រុម​ស៊ាន ពិសិដ្ឋ ទទួលបាន​ប្រាក់រង្វាន់ 15០០ដុល្លារ ក្រុម Tiger Night ជើងឯក​រង​បាន​ទៅលើ​ក្រុម ប្រាក់រង្វាន់ 1០០០ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ3បាន​ទៅលើ​ក្រុម Fox Zone FC “A” ប្រាក់រង្វាន់5០០ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ4 បាន​ទៅលើ​ក្រុម PCO FC ប្រាក់រង្វាន់2០០ ដុល្លារ ។

    ដោយឡែក​សម្រាប់​ខេត្តបាត់ដំបង​ដែលជា​មណ្ឌល​ទី4នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត​យកតែ9ក្រុម រួមមាន​ក្រុម Norea Team ក្រុម Ochar FC ក្រុម Tiger Night ក្រុម PCO FC ក្រុម ខ្លា​ចាស់ “A” ក្រុម Fox Zone FC “A” ក្រុម ឌី ស៊ី ស៊ី ក្រុម យុវជន​ទួល​តា​ឯក “B” និង​ក្រុម​ស៊ាន ពិសិដ្ឋ  ដើម្បី​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ទូទាំងប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី16 និង​ទី17 មីនា 2019 ខាងមុខនេះ ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ គឺ​កីឡាករ​បាល់ទាត់ Ronaldinho។

    សម្រាប់​ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2019 នឹងធ្វើ​ឡើង​នៅ​មណ្ឌល​បន្ទាប់​ទៀត​គឺ​ក្រុង​ប៉ោយប៉ែត នៅ​ថ្ងៃទី2-3 ខែកុម្ភៈ ឆ្នាំ2019 នៅ​បរិវេណ​ផ្សារ​រាត្រី  ជិត​កាស៊ីណូ​ផ្កាយ5 គណៈកម្មាធិការ​រៀបចំ​ការប្រកួត​យកតែ6ក្រុម ។

    បន្ទាប់ពី​ការប្រកួត​ជ្រើសរើស​ជើងឯក Tiger street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្តបាត់ដំបង​បាន​បញ្ចា​ប់​មក យើង​ក៏មាន​កម្មវិធី​ប្រគំ​តន្ត្រី​កាន់តែ​ធំ​ជាង​មុន​ឆាក​តន្ត្រី​កាន់តែ ទំនើប និង​មាន​ក្លឹប​ទឹកកក​ថៃ​ហ្គ័​រ​គ្រី​ស្តា​ល់ ភ្លើងពណ៌​ចម្រុះ នឹងមាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី សំណាក់​តារា​ល្បី​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុ​ជារួម លោក ព្រាប សុវត្ថិ កញ្ញា ឱក សុគន្ធ​កញ្ញា  កញ្ញា សួស វី​ហ្សា លោក សូ​ណូ  លោក វង្ស តារា​រតនា Khmeng Khmer និង​ឌី​ជេ Maily។

    ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​ដើមកំណើត​តាំងពី​ឆ្នាំ1932នៅ​ប្រ​ទស​សិង្ហ​បុរី​និង​មាន​លក់​នៅ​ច្រើនជាង70ប្រទេស​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់ អន្តរជាតិ​ច្រើនជាង40មេដាយ​ផ្នែក​រសជាតិ និង​គុណភាព។

    សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ៖  www.facebook.com/TigerBeerKH

    ពិសា​ដោយ​ការទទួលខុសត្រូវ៕

  • លោកពូ ក្ដឹប ត្រូវបានដឹកចេញពីមន្ទីរពេទ្យថៃ កំពុងធ្វើដំណើរមកកម្ពុជាវិញហើយ

    លោកពូ ក្ដឹប ត្រូវបានដឹកចេញពីមន្ទីរពេទ្យថៃ កំពុងធ្វើដំណើរមកកម្ពុជាវិញហើយ

    ដូចប្រិយមិត្តអ្នកទាំងអស់គ្នាបានដឹងរួចមកហើយអំពីស្ថានភាពជំងឺរបស់នាយក្ដឹប ដែលកន្លងមកមានសភាពស្គមស្គាំង ដេកនឹងកន្ទេល ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯប្រទេសថៃ។

    គេកត់សម្គាល់ឃើញថា លោកធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរត្រឹមរយៈពេលតែ 1ខែជាងសោះ តែជំងឺប្រចាំកាយរបស់លោកដែលមានដូចជា ទឹកក្នុងសួត ជំងឺ​បេះដូង ​ដាច់សរសៃ​ឈាម និងស្លាប់​មួយ​ចំហៀង​ខ្លួនទៀតនោះ​ បានរុករានរាងកាយរបស់លោកយ៉ាងខ្លាំង ដោយកូនស្រីរបស់តារាកំប្លែងរូបនេះបានបញ្ជាក់ថា ឪពុករបស់នាងត្រូវបានដឹកចេញពីមន្ទីរពេទ្យនៅក្នុងប្រទេសថៃ និងកំពុងធ្វើដំណើរមកកម្ពុជាវិញហើយ។ ស្ថានភាពជំងឺលោក ពិតជាធ្វើឱ្យមហាជន និងសប្បុរសជនទាំងឡាយមានក្ដីព្រួយបារម្ភណាស់។

    នៅក្នុងនោះ កូនស្រីរបស់លោកពូក្ដឹប បានសរសេរសារបញ្ជាក់ពីស្ថានភាពជំងឺរបស់ឪពុកនាងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «29.01.2019សូមឱ្យការវិលត្រឡប់របស់ឳ ប្រកបដោយសុវត្ថិភាពផងចុះ ឳក្ដឹបត្រឡប់មកផ្ទះវិញហើយ សូមឱ្យឳឆាប់ជាពីជំងឺណា៎ឳ។ ម៉ែគាត់នឹងព្យាយាម ទោះពេទ្យថៃនិយាយថាយ៉ាងម៉េចក៏ដោយ ក៏ម៉ែនៅតែព្យាយាមមើលថែឳដែរ ឳត្រូវតែតស៊ូណា៎ ដើម្បីកូនៗ និងម៉ែ ឳមិនត្រូវទៅណាទេ ឮទេឳ!  នាយ(ក្ដឹប)តារាកំប្លែងជើងចាស់ ទោះល្បីខ្លាំងតែមិនសុសសាយ»៕

  • នោះ!! តារាសម្ដែង បញ្ញាសិទ្ធ ត្រូវនារីម្នាក់ពន្លះរឿងខ្ចីលុយមិនសង និងយកលុយចិញ្ចឹមតែប្រុសៗ

    នោះ!! តារាសម្ដែង បញ្ញាសិទ្ធ ត្រូវនារីម្នាក់ពន្លះរឿងខ្ចីលុយមិនសង និងយកលុយចិញ្ចឹមតែប្រុសៗ

    ពិតជារឿងដែលភ្ញាក់ផ្អើលមួយទៀតហើយ ដែលតារាសម្ដែងប្រុស និងច្រៀង លោក បញ្ញាសិទ្ធ ត្រូវបាននារីអ្នកលេងបណ្ដាញសង្គមម្នាក់ បកអាក្រាតរឿងខ្ចីលុយមិនសង ដែលសំណេររបស់នាងអះអាងពីអត្តចរឹតពិតរបស់តារាប្រុសរូបនេះ និងឱ្យលោក សិទ្ធ ចេញមុខដោះស្រាយចំពោះបញ្ហានេះ។

    នារីដែលបង្កភាពភ្ញាក់ផ្អើលនេះ មានគណនីហ្វេសប៊ុកឈ្មោះថា កញ្ញា តែងអន បានបង្ហោះរូបភាពលោក បញ្ញាសិទ្ធ និងបានរៀបរាប់ថា « ពេលត្រូវសងលុយមិច មិនធ្វើចរឹតដូចពេលខ្ចីលុយគេ កុំស្មានតែ Block FB Block លេខទូរស័ព្ទខ្ញុំ ខលមិនលើកអត់មានរឿងអីកើតឡើងនោះ។ ពេលមកពឹងលន់តួម៉េស អះអាងចេះអះអាងចុះ ឥឡូវម្ដេចធ្វើចរឹតធូរថ្លៃម៉េស បើមិនចេញមុខមកដោះស្រាយរឿងលុយនេះទេ និងមានអីលើសពីនេះទៀត ទុកមុខឱ្យច្រើនហើយ ហើយក៏អត់ធ្មត់ច្រើនដែល កុំឱ្យមានលើសពីនេះទេអា …មានលុយអត់សងគេទេ យកចិញ្ចឹមតែប្រុសនឹងហើយ ..មានលុយទើបបានបង់ឡានផ្ដាច់ហ្នឹងហើយ កាលសងលុយគេ»។

    គ្រាន់តែបង្ហោះភ្លាម ស្រាប់តែមហាជនជាច្រើន បានខម្មិន្តចោទសួរពីបញ្ហាពិតរបស់តារាសម្ដែងប្រុសរូបនេះ ។ នារីខាងលើនេះ បានបញ្ជាក់ទៀតថា នាងមិនខ្លាចប្រឈមមុខចំពោះមុខច្បាប់នោះទេ ទទូចឱ្យតារាប្រុសរូបនេះទៅជួបនាងនូវសាលាឃុំ កោះខែលទាំងអស់គ្នាទៀតផង។

    យ៉ាងណាមិញ លោក បញ្ញាសិទ្ធ បានប្រកាសនៅលើបណ្ដាញសង្គមថា ខ្ញុំសូមអោយ acc ( គណនីហ្វេសប៊ុក )មានឈ្មោះ កញ្ញា តែង អន ចេញមុខបកស្រាយ នឹង សូមទោសខ្ញុំជាសារធាណៈ ជាបន្ទាន់ បើមិនចឹងទេ ខ្ញុំនឹងធ្វើតាមផ្លូវច្បាប់។ សូមជម្រាប ខណៈនេះសារព័ត៌មានឡារ៉ែន កំពុងព្យាយាមសុំការបកស្រាយពីសំណាក់តារាសម្ដែង បញ្ញាសិទ្ធ នាព្រឹកនេះ៕

  • បន្តិចទៀត​ប្រជាជន​អាច​ឆែក​ទិន្នន័យ​ពី CBC នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​តាមរយៈ​ធនាគារ​អេស៊ីលីដា

    បន្តិចទៀត​ប្រជាជន​អាច​ឆែក​ទិន្នន័យ​ពី CBC នៅ​គ្រប់​ទីកន្លែង​ក្នុងប្រទេស​តាមរយៈ​ធនាគារ​អេស៊ីលីដា

    ប្រជាជន​កម្ពុជា​អាច​នឹងមាន​ភាពងាយស្រួល​កាន់តែខ្លាំង​ក្នុងការ​ស្នើសុំ​មើល​ពី​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​ពី​ការិយាល័យ​ឥណទាន​កម្ពុជា(CBC) នៅ​ទូទាំងប្រទេស​បន្ទាប់ពី​ស្ថាប័ន​ដ៏​សំខាន់​មួយ​នេះ​បាន​ចាប់ដៃគ្នា​ជាមួយ​ធនាគារ​អេស៊ីលីដាភីអិលស៊ី ដើម្បី​ផ្តល់​សេវាកម្ម​ពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ ឬ​ដែល​យើង​ស្គាល់​ជាទូទៅ​ថា ពិនិត្យមើល​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន។

    លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បាន​លើកឡើងថា ក្នុង​រយៈពេល​ជាង 6ឆ្នាំ​នៃ​ប្រតិបត្តិការ CBC បានចាប់ផ្តើម​ជាមួយ​របាយការណ៍​ឥណទាន​អតិថិជន​ដែល​អនុញ្ញាតឱ្យ​សមាជិក​របស់​យើង​អាច​ស្វែង-យល់​ពី​អតិថិជន​របស់​ពួកគេ​កាន់តែច្បាស់ និង​ធ្វើការ​សម្រេចចិត្ត​លើ​ឥណទាន​ប្រកបដោយ​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ។ បន្ថែម​ពីលើ​នេះ ប្រព័ន្ធ​មួយ​នេះ​ក៏​អាចជួយ​ដល់​អតិថិជន​ទូទៅ​ក្នុងការ​ស្នើសុំ និង​ស្វែងយល់​ពី​ព័ត៌មាន​ឥណទាន​របស់​ពួកគេ​កាន់តែ​ប្រសើរឡើង ដែល​នឹង​ជួយ​ពួកគេ​ក្នុងការ​ត្រៀមខ្លួន​សម្រាប់​ការស្នើ​កម្ចី។ មិនតែប៉ុណ្ណោះ​ប្រព័ន្ធ​នេះ​ក៏​ចូលរួមចំណែក​ដល់​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ និង​សេដ្ឋកិច្ច​ផងដែរ។

    លោក អឿ សុធា​រ័ត្ន បាន​និយាយថា៖ “ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​របាយការណ៍​ឥណទាន​ចំពោះ​ប្រជាជន​កម្ពុជា និង​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​នៅតាម​បណ្តា​ខេត្ត ការិយាល័យ​ឥណទាន​កម្ពុជា បាន​បង្កើត​សេវា​កម្មនេះ​ឡើង​ដោយ​ធ្វើ​កិច្ចសហប្រតិបត្តិការ​អា​ជីវ​កម្ម​ជាមួយ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ក្នុង​ការផ្តល់សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​នេះ ដោយ​ជំហាន​ដំបូង​យើង​ដាក់ឱ្យ​ដំណើរការ​នៅតាម​សាខា​របស់​ធនាគារ​អេស៊ីលីដា​ចំនួន 5ខេត្ត-ក្រុង ហើយ​គ្រោង​នឹង​ពង្រីក​ឱ្យបាន​ទូទាំងប្រទេស​នៅ​ចុងឆ្នាំ2019 នេះ”។

    លោក​បណ្ឌិត អុិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​លើកឡើងថាធនាគារ​អេស៊ីលីដា ភីអិលស៊ី មាន​ក្តី​សោមនស្ស​រីករាយ ដោយបាន​ចាប់​ដៃគូ​សហប្រតិបត្តិកា​រ​ជាមួយ​ការិយាល័យ​ឥណទាន​កម្ពុជា ក្នុងការ​បម្រើសេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​ឱ្យបាន​កាន់តែ​ទូលំទូលាយ​តាមរយៈ​ការស្នើសុំ​ឆែក​របាយការណ៍​ឥណទាន​ផ្ទាល់ខ្លួន​នៅតាម​សាខា​នៃ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី​ទាំង 5សាខា។

    លោក​បណ្ឌិត អុិន ចាន់នី បាន​និយាយថា៖“សេវា​នេះ​នឹង​ជួយ​ដល់​អតិថិជន​ក្នុងការ​ស្វែងយល់​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ខ្លួន ព្រោះ​នៅពេល​ប្រជាជន​បានដឹង​ច្បាស់​ពី​ស្ថានភាព​ផ្ទាល់ខ្លួន​លើ​លទ្ធភាព​នៃ​ការខ្ចី​ពី​ស្ថាប័នហិរញ្ញវត្ថុ​ហើយ គាត់​នឹង​អាច​គ្រប់គ្រង​ស្ថានភាព​របស់គាត់​បានល្អ ហើយ​ចៀសវាង​បាន​នូវ​ការខ្ចី​ហើយ​មិនមាន​លទ្ធភាព​បង់​សង​មកវិញ​ដែល​បង្ក​ការលំបាក​ដល់​ខ្លួន​គាត់​ផ្ទាល់​ផង និង​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​ផ្តល់​កម្ចី​សម្រាប់​គាត់​ផង”។

    គួរបញ្ជាក់​ផងដែរ​ថា សេវា​ត្រួតពិនិត្យ​ហិរញ្ញវត្ថុគឺជា​សេវាកម្ម​មួយ​របស់ CBC ដែល​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ពិនិត្យមើល​របាយការណ៍​ឥណទាន ឬ​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ឥណទាន​ដោយ​ខ្លួនឯង​តាមរយៈ​ភ្នាក់ងារ​ដៃគូ​យុទ្ធសាស្ត្រ​របស់ CBC។ ដើម្បី​ប្រើប្រាស់​សេវា​កម្មនេះ អតិថិជន​គ្រាន់តែ​យក​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​ច្បាប់ដើម​ដែល​នៅមាន​សុពលភាព ហើយ​អញ្ជើញ​ទៅកាន់​សាខា​ទាំង5 របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដូចជា​ទីស្នាក់ការ​កណ្តា​ល សាខា​សៀមរាប សាខា​កំពង់ស្ពឺ និង​សាខា​ខេត្តកណ្តាល។

    សូម​រំឭកថា ដោយ​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នៅ​ឆ្នាំ2012 CBCបាន​បម្រើ​ដល់​សមាជិក និង​អតិថិជន​ជាមួយនឹង​សេវាកម្ម​ស្នូល គឺ​របាយការណ៍​ឥណទាន​អតិថិជន។ ប្រព័ន្ធ​នេះ​បាន​ចូលរួមចំណែក​ជា​ប្រយោជន៍​យ៉ាងច្រើន​ដល់​ភាគី​ពាក់ព័ន្ធ រួមមាន​ប្រជាជន ស្ថាប័នហិរញ្ញវត្ថុ និង​វិស័យ​ហិរញ្ញវត្ថុ៕

  • ឆ្នាំ2019នេះ ប្រជាជន​កម្ពុជា​អាចនឹងទទួល​បាន​អត្រា​ការប្រាក់​ទាប សម្រាប់​កម្ចី​ឥណទាន​អាជីវកម្ម

    ឆ្នាំ2019នេះ ប្រជាជន​កម្ពុជា​អាចនឹងទទួល​បាន​អត្រា​ការប្រាក់​ទាប សម្រាប់​កម្ចី​ឥណទាន​អាជីវកម្ម

    ដោយសារ​កម្ចី​ឥណទាន​របស់​កម្ពុ​ជានា​ពេល​កន្លងទៅ គឺមាន​គោលដៅ​សំខាន់បំផុត​ក្នុងការ-​អភិវឌ្ឍ​សេដ្ឋកិច្ច​នោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើឱ្យ​ធនាគារ​ចិន​យកការប្រាក់​ឱ្យទាប​ទៅលើ​កម្ចី​ឥណទាន​សម្រាប់​ប្រទេស​កម្ពុជា។នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ស្តីពី​ជំនួប​ជាមួយ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ចិន​នៅ​ទីក្រុង​ប៉េកាំង។

    សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ​ចិន លោក​Chen Siqing នៅ​ប្រទេស​ចិន ដោយបាន​លើកឡើង​អំពី​តម្រូវការ​នៃ​ទុន​ជាច្រើន ហើយ​សព្វថ្ងៃនេះ​អ្នកវិនិយោគ​ចិន​មាន​ទុន​ច្រើន និង​មាន​សាខា​ច្រើន​លើ​ពិភពលោក​ដូច្នេះ​ធនាគារ​ចិន​អាចជួយ​សម្រេច​នូវ​តម្រូវការ​មួយ​នេះ​បាន។ សម្តេចនាយក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ផងដែរ​ថា កម្ចី​របស់​កម្ពុជា​នាពេល​កន្លងទៅ គឺមាន​គោលដៅ​សំខាន់បំផុត​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដូច្នេះ​សម្តេច​ស្នើ​ធនាគារ​ចិន​ផ្តល់​ការប្រាក់​ឱ្យបាន​ទាប​ទៅលើ​កម្ចី​នោះ។ សម្តេចនាយក​រដ្ឋមន្ត្រី​បានបង្ហាញ​ការគាំទ្រ​ឱ្យមាន​ការចុះហត្ថលេខារ​វាង​ធនាគារ​ចិន​ជាមួយ​ស្ថាប័ន​របស់​កម្ពុជា​នូវ​រាល់​គម្រោង​ទាំងឡាយ ណា​ដែល​ស្ថិតក្រោម​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ ក៏ដូចជា​ស្ថិតនៅក្នុង​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ឆ្នាំនេះ​ប្រទេស​ចិន​រៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​គោលនយោបាយ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​នៅ​ខែមេសា​ខាងមុខនេះ ដោយ​ធនាគារ​ចិន​នឹងមាន​ការចុះ​កិច្ចព្រមព្រៀង​មួយចំនួន​ដើម្បី​ផ្តល់​ឥណទាន​ដល់​ក្រុមហ៊ុន​នានា​ដែល​ស្ថិតនៅក្នុង​គម្រោង​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ​នេះ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អញ្ជើញ​ប្រធាន​ធនាគារ​ចិន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពិនិត្យ​គម្រោង​វិនិយោគ​នានា​ដែល​គាំទ្រ​ដោយ​ធនាគារ​ចិន។

    នៅក្នុង​ជំនួប​សម្តែង​ការគួរ​សមលោក ឆេន ស៊ី​ឈី​ង(Chen Siqing)បាន​អះអាង​ប្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន ថា លោក​នឹង​បន្ត​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ជាពិសេស គឺ​ផ្តល់ទុន​សម្រាប់​ក្រុមហ៊ុន​នានា​របស់​ចិន​ដែល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា។ សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ដែរ​ថា សម្តេច​ចង់ឃើញ​ឱ្យមាន​ការចុះ​កិច្ចព្រមព្រៀង​នៃ​គម្រោង​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​គម្រោង​នយោបាយ​ខ្សែក្រវាត់ និង​ផ្លូវ។ ជាពិសេស​សម្តេច​បាន​ចាត់តាំង​ឱ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែលជា​ស្ថាប័ន​របស់​រដ្ឋ​ធ្វើការ​ជាមួយ​ធនាគារ​ចិន។

    សម្តេច​តេ​ជោ​ក៏បាន​មានប្រសាសន៍​ដែរ​ថាសម្តេច​ចាប់អារម្មណ៍​ចំពោះ​ការប្រកាស​របស់លោក​ប្រធានាធិបតី ស៊ី ជិន​ភីង ក្នុងការ​បង្កើត​វិថី​សូត្រ​សតវត្សរ៍​ទី21នេះ​ឡើង ដែលជា​ចំណុច​ដ៏​សំខាន់​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​ជា​សមាជិក។ សម្រាប់​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា អាទិភាព​របស់​កម្ពុជា​ទាំងអស់​ទាំង​រដ្ឋ និង​ឯកជន​គឺ​ផ្តោត​សំខាន់​ទៅលើ​វិស័យធំៗចំនួន4 គឺ​ការអភិវឌ្ឍ​ធនធានមនុស្ស ទឹក ផ្លូវ និង​ភ្លើង​ដែលជា​វិស័យ​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល។

    សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ផងដែរ​ឱ្យ​ធនាគារ​ចិន​ផ្តល់ទុន​សម្រាប់​ក្រុមហ៊ុន​ទាំងឡាយណា​ដែល​វិនិយោគ​ទៅលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស និង​វិស័យ​កសិកម្ម ជាដើម ដើម្បី​ជំរុញ​ការកែច្នៃ​កសិផល​របស់​កម្ពុជា។ ចំណែក​ថាមពល​អគ្គិសនី​ក៏​ជា​រឿង​សំខាន់​ផងដែរ​សម្រាប់​កម្ពុជា សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ធនាគារ​ចិន​បន្ត​គាំទ្រ​ដល់​ការកសាង​ខ្សែបណ្តាញ​ចែកចាយ​អគ្គិសនី​នេះ ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ មាន​ផ្លូវ ស្ពាន ព្រលានយន្តហោះ និង​កំពង់ផែ​ជាដើម គឺ​ត្រូវការ​ទុន​ជាច្រើន​ពី​មហាមិត្ត​ចិន។

    លោក យុន សុ​វណ្ណា នាយក​ប្រតិបត្តិ​សមាគម​គ្រឹ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​យល់ថា ជាការ​លំបាក​ដែល​ប្រតិបត្តិ​ករ​ធនាគារ​អាច​បន្ទាប​តម្លៃ​ការប្រាក់​សម្រាប់​កម្ចី​ឥណទាន ព្រោះ​ធនាគារ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឯកជន តែបើ​គេច​ង់ គេ​អាច​បន្ទាប​បាន តែ​វា​អាស្រ័យ​លើ​គោលនយោបាយ​ដែរ។

    លោក​បន្តថា ប្រសិនបើ​សំណើ​រាជរដ្ឋាភិបាល​នោះ​ត្រូវបាន​អនុវត្ត គឺ​ការ​បន្ទាប​តម្លៃ​ការប្រាក់​នឹង​អាច​ធ្វើបាន​តាមរយៈ​មីក្រូហិរញ្ញវត្ថុ តែបើ​ធនាគា​នោះ​ជា​ធនាគារពាណិជ្ជ ឬ​ជា​សាខា​ធនាគារ​ចិន​នៅ​ស្រុក​យើង អាចអនុវត្ត​ទៅបាន​អាស្រ័យ​ថ្លៃដើមរបស់​ធនាគារ​នោះ ទាល់តែ​គាត់​ទូទាត់​ថ្លៃដើម​រួចរាល់ទើប​ធនាគារ​នោះ​ឱ្យ​ខ្ចី​ក្នុង​រូបភាព​ការយក​ចំណេញ​តិចតួច។ តែ​ទឹកប្រាក់​ជា​ទុនវិនិយោគ​បរទេស វា​ថ្លៃ​ស្រាប់ ដូច្នេះ​នៅពេលដែល​ផ្តល់​កម្ចី វា​នៅតែ​ថ្លៃ​ដដែល។

    លោកនាយក​ប្រតិបត្តិ​ក៏បាន​បញ្ជាក់ដែរថា៖“ដូច្នេះ​វា​សំខាន់​លើ​ថ្លៃដើម ព្រោះ​គ្រឹះស្ថាន​ឯកជនធនាគារ​ចិន ឬ​ធនាគារ​បរទេស​ណា​ក៏​ជា​គ្រឹះស្ថានហិរញ្ញវត្ថុ​ឯកជន​ដែរ គាត់​រកស៊ី​តែងតែ​រក​ផលចំណេញ បើ​គាត់​មិន​ចង់​ចំណេញ ក៏​គាត់​ត្រូវការ​ថ្លៃដើម​ដែរ។ បើ​ថ្លៃដើម​គាត់​ខ្ពស់​ទៅហើយ គាត់​ធ្វើ​ម៉េច​ឱ្យ​យើង​ខ្ចីក្នុងតម្លៃ​ទាប​ជាង​ថ្លៃដើម​គាត់​បាន? នេះ​ជា​ទ្រឹស្តី​អ្នកសេដ្ឋកិច្ច‟។

    លោក​បញ្ជាក់ដែរថា ខ្ញុំ​ជឿថា មិនមែន​រាជរដ្ឋាភិបាល​គ្មាន​លទ្ធភាព​ក្នុង​ការធ្វើ​រឿងនេះ​ទេ គឺ​រដ្ឋាភិបាល​អាចធ្វើ​កា​រ​បន្ទាប​តម្លៃ​ការប្រាក់​នៃ​កម្ចី​ឥណទាន​សម្រាប់​ពលរដ្ឋ​បាន​តាមរយៈ​ការពិភាក្សា ឬ​ការផ្តល់​គោលនយោបាយ​លើកទឹកចិត្ត នោះគេ​នឹង​ផ្តល់​កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប​មកឱ្យ ហើយ​ខាង​ស្ថាប័នហិរញ្ញវត្ថុ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ នឹង​បន្ត​ឱ្យទៅ​ប្រជាជន​ខ្ចី​ក្នុង​កម្រិត​អត្រា​ការប្រាក់​ទាប​បាន។

    លោក យុន សុ​វណ្ណា បាន​បន្ថែមថា៖“វា​មាន​រូបភាព​ច្រើន​ដែល​យើង​អាច​នឹង​ធ្វើបាន ហើយ​រាជរដ្ឋាភិបាល​នឹង​ពិចារណា ហើយ​យើង​ជា​ឯកជន បើ​បាន​ថ្លៃដើម​ទាប​យើង​គាំទ្រ ពិសេស​វិស័យ​អាទិភាព​ដូចជា​កសិកម្ម សហគ្រាស​ធុន​តូច និង​មធ្យម ឬ​ការវិនិយោគ​លើ​តិច​ណូ​ឡូ​ជី ដែលជា​ទិសដៅ​នៃ​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជាយើងៗគាំទ្រ​នូវ​គម្រោង​នេះ”។

    សូមបញ្ជាក់ថា បច្ចុប្បន្ន​ទំហំ​វិនិយោគ​បាន​ស្ទុះ​ឡើង​រហូតដល់​ប្រមាណ 6.7ប៊ី​លាន​ដុល្លារ កើន​ប្រមាណ7% បៀ​ប​នឹង​ឆ្នាំ2017 ក្នុងនោះ​ប្រទេស​ចិនបន្ត​ស្ថិតនៅ​ជា​ប្រទេស​នាំមុខគេ ដែល​បាន​បណ្តាក់​ទុនវិនិយោគ​ធំជាងគេ​បង្អស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ2018ដែលមាន​ទំហំ​ទុនវិនិយោគ​សរុប​ប្រមាណ 3.7ប៊ីលាន​ដុល្លារ ស្មើនឹង53% នៃ​ទំហំ​វិនិយោគ​សរុបពោលគឺ​កើនឡើង​ប្រមាណ54% ធៀប​នឹង​ឆ្នាំ2017 ហើយ​ប្រទេស​ទាំង2 ក៏បាន​ដាក់ចេញ​ផងដែរ​នូវ​គោលដៅថ្មីៗទៀត​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​ឈានដល់ 10ប៊ី​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ2023៕

  • កុំឱ្យរំលងភាពយន្ដល្អមើលរឿង «ម៉ាដាមអាប» ផ្ទុះសំណើចពីដើមដល់ចប់

    កុំឱ្យរំលងភាពយន្ដល្អមើលរឿង «ម៉ាដាមអាប» ផ្ទុះសំណើចពីដើមដល់ចប់

    ផលិតកម្មក្លាស៊ិកបានទម្លាយភាពយន្តខ្នាតធំថ្មីរបស់ខ្លួនមួយរឿងទៀត មានចំណងជើងថា «ម៉ាដាមអាប» ដែលជារឿងបែបភ័យរន្ធត់ ព្រឺព្រួច និងកំប្លែងសើចតាំងពីដើមរហូតដល់ចប់ ខណៈដែលទើបតែដាក់សម្ផោធនៅថ្ងៃទី 28 ខែមករា នេះ គេមើលឃើញថា ទាំងសាច់រឿងល្អ ហើយឈុតឆាកសុទ្ធតែបង្កប់ពាក្យពេចន៍ផ្ទុះសម្ដីគ្រប់ប្លង់ រហូតដល់អ្នកទស្សនាលាន់មាត់ថា រឿងមួយនេះល្អមើលមិនចាញ់រឿងប្រទេសជិតខាងឡើយ។ គេរំពឹងថា នឹងទទួលបានជោគជ័យខ្ពស់ ហើយទាក់ទាញហ្វេនៗឱ្យទស្សនារហូតដល់កក់សំបុត្រមិនទាន់។

    ចាងហ្វាងផលិតកម្មក្លាស៊ិកលោក ហួរ សុផល បានប្រាប់ថា ផលិតកម្មក្លាស៊ិកផលិតរឿងបាន 8 មកហើយ ព្រមទាំងមិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ ពោលគឺ សុទ្ធសឹងជារឿងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ហើយលោកក៏គ្រោងផលិតរឿងធំទី9 បន្ដទៀត ដែលសម្រិតសម្រាំងតួសម្ដែងល្បីៗ និងប្រកបដោយទេពកោសល្យសិល្បៈ។ លោក​ថា រឿង«ម៉ាដាមអាប»ចំណាយពេលថត1ឆ្នាំ ព្រោះត្រូវចំណាយពេលចុះទៅរើសទីតាំងថតដល់ទៅ 5កន្លែងដូចនៅប្រាសាទទន្លេបាទី នៅអមលាំងក្នុងបាតជ្រោះ ថតនៅផ្ទះបុរាណខ្មែរ និងថតនៅព្រែកចាកខេត្តកំពត។ យ៉ាងណាមិញ លោក សុផល បានធ្វើការបកស្រាយថា មកទល់សម័យ2019 ហើយ ហេតុអ្វីបានជាងាកទៅផលិតរឿងអាបបែបបុរាណហើយស្រែៗបែបនេះទៅវិញ?។ លោកថា ការពិតអ្វីដែលលោកខំធ្វើដើម្បីបង្ហាញអបិជំនឿរបស់ខ្មែរ និងច្នៃច្របាច់គ្នាដូចជាប្រភេទជាអាប ខ្មោចនាងនាថ ខ្មោចដើមចេកជ្វា និងព្រះម៉ែនាគ ព្រោះចង់ឲ្យ​ខុសគេ ដោយសារផលិតករផ្សេង គេច្រើនផលិតរឿងខ្មោចតាមច្នៃរៀងៗខ្លួន។

    គួរបញ្ជាក់ផងដែរថា ភាពយន្ដល្អមើលមួយនេះ មានវត្តមានសម្ដែងដោយតារាល្បីៗដូចជា អ្នកនាង កាតុ ញឹម ចាន់ថន ឌីជេម៉ៃ កញ្ញាស៊ីស៊ី​ រំដួលលិចទឹក នាយព្រែក តារាហ្វេសប៊ុក ចៅខ្មែរ លោក ឈួន ពន្លឺ និងតារាល្បីៗជាច្រើនរូបទៀត។ សូមជម្រាបដែរថា រឿង «ម៉ាដាមអាប» នឹងចាក់បញ្ចាំងចាប់ពីថ្ងៃ31 មករា ឆ្នាំ2019 គ្រប់រោងភាពយន្តនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបផងដែរ។ តាមរយៈការទស្សនារួចហើយ ក្រោយកម្មវិធីបញ្ចប់ និងគិតថា រឿងនេះក្រោយចាក់បញ្ចាំងហើយ ពិតជាទាក់ទាញមិត្តអ្នកទស្សនា ជាពិសេសយុវវ័យនាំគ្នាមកទស្សនាកម្សាន្តពេលសម្រាកពីការងារការសិក្សា៕