Category: សង្គម និងសេដ្ឋកិច្ច

  • ក្រៅពីប្រព័ន្ធអប់រំ សុខភាពក៏ជាចំណុចសំខាន់មួយដែរក្នុងការអភិវឌ្ឍ​សមត្ថភាព​សិក្សារបស់សិស្ស

    ក្រៅពីប្រព័ន្ធអប់រំ សុខភាពក៏ជាចំណុចសំខាន់មួយដែរក្នុងការអភិវឌ្ឍ​សមត្ថភាព​សិក្សារបស់សិស្ស

    ការអភិវឌ្ឍសមត្ថភាពសិក្សារបស់សិស្ស និងការបណ្តុះភាពជាអ្នកដឹកនាំឱ្យបានល្អ ចាំបាច់ត្រូវតែគិតឱ្យបានគ្រប់ជ្រុងជ្រោយលើគ្រប់ផ្នែក​របស់សិស្ស ព្រោះ​ប្រសិនបើអ្នកអប់រំ​ខ្វះចន្លោះលើចំណុចណាមួយ​ វាអាចនឹងធ្វើឱ្យ​ពួកគេ​មានភាពលំបាក​ក្នុងការប្រកួតប្រជែង ឬ​ច្នៃខ្លួនឯងឱ្យក្លាយជាធនធាន​សំខាន់សម្រាប់សង្គមនៅថ្ងៃអនាគត។

    ក្រៅពីការសិក្សា​តាមប្រព័ន្ធអប់រំហើយ សុខភាព(ទាំងផ្លូវកាយ និងផ្លូវចិត្ត) ក៏ជារឿងសំខាន់បំផុតមួយដែលមិនអាចខ្វះបានដែរនៅក្នុងការអភិវឌ្ឍសមត្ថភាពមនុស្សជំនាន់ថ្មីរបស់កម្ពុជា។ ព្រោះសមត្ថភាពគ្រប់យ៉ាង​មិនអាចកើតមានលើមនុស្សដែលមានសុខភាពទន់ខ្សោយនោះទេ តែផ្ទុយទៅវិញ ការចងចាំ និង​ស្មារតី​វិជ្ជមាន​លើការអប់រំ​ តែងតែកើតឡើងចំពោះធនធានមនុស្សដែលមានសុខភាពរឹងមាំ។

    លោក តែ ឡាយ ប្រធាននាយកដ្ឋានអប់រំនៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថា ការគិតគូរពីសុខភាពកុមារ និងយុវវ័យ​ជាកត្តាចាំបាច់ដែលសាលារៀន និងមាតាបិតាត្រូវយកចិត្តទុកដាក់ដើម្បីជួយជំរុញ​ការអភិវឌ្ឍ​ផ្នែកកាយសម្បទា ស្មារតី និងលទ្ធផល​ការសិក្សារបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរ។ កុមារ និងយុវវ័យត្រូវការចាំបាច់នូវថាមពលទាំងផ្លូវកាយ និងផ្លូវចិត្តដើម្បី​ខិតខំប្រឹងប្រែង​អភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យក្លាយជា​មនុស្សពូកែនៅថ្ងៃអនាគត ហេតុនេះទើបសាលារៀន វ៉េស្ទឡាញន៍ បាន​​យកចិត្តទុកដាក់អនុវត្ត​កម្មវិធីអប់រំសុខភាពសិក្សាដែលជួយគាំទ្រ និង​ផ្តល់អត្ថប្រយោជន៍​ជាច្រើនដល់សុខភាពជាផ្លូវការ និង​កម្មវិធីប្រឹក្សាយោបល់ ដែលជាកម្មវិធីសំខាន់ក្នុងការផ្ដល់យោបល់ផ្នែកអប់រំ (learning to learn) សុខភាពផ្លូវចិត្ត (learning to live) និងមុខជំនាញការងារ (learning to work)។ កម្មវិធីទាំង2 នេះ​ត្រូវបានដំណើរការពេញលេញ​នៅឆ្នាំ 2018 ក្នុងគោលបំណង​លើកកម្ពស់​សុខភាព​ផ្លូវកាយ និងផ្លូវចិត្ត​របស់សិស្សានុសិស្ស​ដើម្បីទទួលបានលទ្ធផលការសិក្សាល្អ ជោគជ័យក្នុងការងារ និងទំនាក់ទំនងសង្គម ហើយកម្មវិធីនេះត្រូវបានបន្ថែមទៅក្នុងកម្មវិធីសិក្សា​ ឱ្យស្របតាមផែនការយុទ្ធសាស្រ្ត​របស់ក្រសួង អប់រំ យុវជន និងកីឡា។

    លោក តែ ឡាយ បានមានប្រសាសន៍ថា៖ «​សម្រាប់សាលារៀនវ៉េស្ទឡាញន៍ នាពេលបច្ចុប្បន្ន កម្មវិធីអប់រំសុខភាពនេះ យើង​បានធ្វើជាមួយសិស្សចាប់ពីថ្នាក់មត្តេយ្យ​ឡើងទៅ តែសម្រាប់កម្មវិធីប្រឹក្សាសុខភាពផ្លូវចិត្ត យើងអនុវត្ត​ច្រើនជាមួយសិស្ស​ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង ព្រោះបើតាមទិន្នន័យពីអង្គការការីតាស បានបង្ហាញថា ជាង 40% នៅកម្ពុជាជាយុវវ័យមានបញ្ហាផ្លូវចិត្ត»។

    លោក តែ ឡាយ បានបញ្ជាក់ផងដែរថា បើតាមទិន្នន័យនេះ យុវវ័យកម្ពុជាមានបញ្ហាសុខភាពផ្លូវចិត្តច្រើនព្រោះពួកគេរស់នៅក្នុងស្ថានភាព​ដែលសង្គមមានការរីកចម្រើនខ្លាំង ដែលប្រឈមជាមួយបញ្ហាផ្សេងៗជាច្រើន ដូចជាបញ្ហាសង្គម និងបច្ចេកវិទ្យាជាដើម។ ហេតុនេះហើយ​ទើបយើងព្យាយាមគ្រប់លទ្ធភាពដើម្បីធ្វើយ៉ាងណាឱ្យពួកគេទទួលបានសេវាប្រឹក្សាយោបល់​ពីអ្នកជំនាញ​ច្បាស់លាស់ ដើម្បីកាត់បន្ថយបញ្ហា ហើយជំរុញឱ្យ​ស្ថានភាពផ្លូវចិត្តកាន់តែរឹងមាំ និងវិជ្ជមានឡើង។ ដើម្បីពង្រឹងលើការអប់រំក្នុងកម្មវិធីសិក្សាសំខាន់ៗទាំង2 ខាងលើនេះ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បាន​ចុះអនុស្សរណយោគយល់គ្នាជាមួយ​អង្គការ រ៉ាក់ លើកម្មវិធីអប់រំសុខភាពបន្តពូជ និង​មន្ទីរសម្រាកព្យាបាល​រោគកុមារ ម៉ាកស៊ីឃែរ លើកម្មវិធីអប់រំសុខភាពកុមារ កាលពី​ចុងខែមករា ឆ្នាំ2019 នេះ។

    លោកស្រី ឆាយ គឹមសុទ្ធាវី ប្រធាន​នាយកដ្ឋានអប់រំសុខភាពសិក្សានៃក្រសួង អប់រំ យុវជន និងកីឡា បានលើកឡើងថា ការចូលរួមចំណែករបស់គ្រឹះស្ថានរដ្ឋ និងឯកជនលើកម្មវិធី​អប់រំសុខភាពសិក្សា និងគ្រប់ផ្នែកពាក់ព័ន្ធនឹងសុខភាពនេះ គឺជាការចូលរួមចំណែកយ៉ាងប្រសើរក្នុងដំណើរការនៃការអនុវត្តកម្មវិធីលើកកម្ពស់សុខភាពអប់រំ ព្រោះការយកចិត្តទុកដាក់លើបញ្ហាសុខភាពក្នុងវិស័យ​អប់រំ​ជាបញ្ហាចម្បងមួយដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់។

    លោកស្រី ឆាយ គឺមសុទ្ធាវី បានមានប្រសាសន៍ថា៖ «​នៅបណ្តាប្រទេសមួយចំនួនគេ​យកកំណត់ច្បាប់ពាក់ព័ន្ធនឹងសុខភាពរបស់សិស្សានុសិស្សនេះ ព្រោះគេគិតថាវាជារឿងសំខាន់ខ្លាំងណាស់សម្រាប់ការអប់រំ និងសម្រាប់សង្គមទាំងមូល។ ចំពោះនៅប្រទេសយើងវិញ យើងក៏បានរៀបចំជាគោលនយោបាយផងដែរ ដើម្បី​ជំរុញឱ្យ​សិស្សានុសិស្សមានសុខភាពល្អទាំងផ្លូវកាយ ផ្លូវចិត្ត ដែលជាបច្ច័យដ៏សំខាន់ក្នុងការ​អភវិវឌ្ឍសមត្ថភាពសិក្សា»។

    លោក ប៉ិច ប៉ូឡែន ប្រធាននាយកប្រតិបត្តិ​នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍ថា ការដាក់បញ្ចូលកម្មវិធីអប់រំសុខភាពសិក្សា និង​កម្មវិធីប្រឹក្សាយោបល់​ផ្នែកផ្លូវចិត្តនេះជាកម្មវិធីសំខាន់ដែលសាលារៀនវ៉េស្ទឡាញន៍ ​បានដាក់ចុះដើម្បីអនវុត្តឱ្យមានប្រសិទ្ធភាព និងដោះស្រាយបញ្ហាទាំងឡាយដែលកើតមានឡើង​ចំពោះសិស្ស ព្រោះវាជាផ្នែកសំខាន់ដែលមិនអាចខ្វះបាន មិនមែន​ដាក់ដើម្បីតែធ្វើទីផ្សារ​នោះទេ។ យើងព្យាយាមគ្រប់លទ្ធភាពដើម្បីអភិវឌ្ឍបន្ថែមឱ្យកាន់តែប្រសើរឡើង និងស្វែងរកអ្នកជំនាញកាន់តែល្អដើម្បី​ជួយ​​ ដើម្បីធានាថា ​ការជួយរបស់យើងអាចដោះស្រាយបញ្ហាបានយ៉ាងពិតប្រាកដ និងកាត់បន្ថយផលប៉ះពាល់។​

    លោក ប៉ិច ប៉ូឡែន បានមានប្រសាសន៍ថា៖ «ក្រៅពីការអប់រំសុខភាពផ្លូវកាយ ការអប់រំផ្លូវចិត្តក៏ជារឿងសំខាន់មួយដែលយើងកំពុងយកចិត្តទុកដាក់។ យើងព្យាយាមធ្វើយ៉ាងណាឱ្យ​ដំណោះស្រាយរបស់យើងមានប្រសិទ្ធភាព និងស្របតាម​ជំនាញច្បាស់លាស់ ចៀសវាង​ធ្វើហើយប៉ះពាល់ទៅវិញ ព្រោះប្រសិនបើមានការផ្សព្វផ្សាយមិនល្អ វាអាចជះផលអវិជ្ជមានដល់​សិស្ស និងយុវវ័យទៅវិញទេ»។

    លោក ប៉ិច ប៉ូឡែន ក៏បានជំរុញឱ្យបុគ្គលិករបស់ខ្លួនបង្កើនកិច្ចសហការល្អ ជាមួយ​ក្រសួង និងអ្នកជំនាញនានាដើម្បី​ជួយ​ឱ្យការដោះស្រាយបញ្ហាផ្នែកផ្លូវកាយ និងផ្លូវចិត្តកាន់តែប្រសើរឡើងសម្រាប់​យុវវ័យ លើគ្រប់រូបភាព ជាពិសេស​លើការផ្សព្វផ្សាយ​នានា៕

  • ដំណាក់កាលនេះ លោកពូ ក្ដឹប ត្រូវការប្រាក់ប្រមាណជិត2ម៉ឺនដុល្លារ ដើម្បីវះកាត់បន្ទាន់

    ដំណាក់កាលនេះ លោកពូ ក្ដឹប ត្រូវការប្រាក់ប្រមាណជិត2ម៉ឺនដុល្លារ ដើម្បីវះកាត់បន្ទាន់

    តាមរយៈការបង្ហោះរបស់អ្នកនាង ចន ច័ន្ទលក្ខិណា នៅលើបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា ស្ថានភាពជំងឺរបស់នាយក្ដឹប គឺកាន់តែមានសភាពធ្ងន់ធ្ងរ ហើយលោកកំពុងត្រូវការប្រាក់ជាង1ម៉ឺនដុល្លារជាបន្ទាន់ ដើម្បីវះកាត់។ ស្ថានភាពរបស់លោក ប្រសិនបើខ្វះការព្យាបាលបន្ទាន់ នោះនឹងធ្វើឱ្យលោកគ្រោះថ្នាក់។

    អ្នកនាងចន ច័ន្ទលក្ខិណា បានបន្ថែមពីការបង្ហោះថា តារាកំប្លែងនាយក្តឹម ស្ថិតក្នុងសភាពអស់លទ្ឋភាពក្នុងការព្យាបាលហើយ ដោយសារតែគ្រួសារលោកក៏ខ្វះខាត ហើយចំណូលដែលលោកធ្លាប់មានក៏រកលែងបាន។ អ្នកនាងប្រកាសអំពាវនាវឱ្យមានការបរិច្ចាគរួមគ្នាមួយ ដើម្បីជួយសង្រ្គោះនាយក្តឹប មានលទ្ធភាពបានវះកាត់ បានទាន់ពេលវេលា។ អ្នកនាងថា លោកត្រូវការថវិកាប្រមាណជិត2ម៉ឺនដុល្លារ ជាពិសេសនៅក្នុងដំណាក់កាលនេះ ដែលលោកត្រូវការបន្តការចាកចេញទៅព្យាបាលនៅខេត្តខេត្តអ៊ុប៊ុន ប្រទេសថៃនាពេលនេះ។

    អ្នកនាងបានបង្ហោះសារថា«លោកពូក្តិប ទើបតែមកពីព្យាបាលជំងឺទឹកដក់ក្នុងសួតនៅខេត្តអ៊ុប៊ុន ប្រទេសថៃ ហើយពេលនេះលោកពូត្រូវការប្រាក់ជាច្រើនទៀតសម្រាប់ធ្វើការវះកាត់កៀបសសៃឈាមបេះដូង និង កកសសៃឈាមខួរក្បាល ដែលជាហេតុធ្វើឱ្យលោកពូមិនអាចដើរបាន ឈរបាន។ ដូច្នេះសូមបងប្អូនសប្បុរសជននានាជួយលោកពូ ក្តឹប ផង 🙏🏻🙏🏻🙏🏻»៕

  • លោក Klopp ផ្ទុះ​កំហឹង ខណៈ Liverpool ខ្ជះខ្ជាយ​ឱកាស​ក្នុងការ​ដណ្តើមយក​ប្រៀប

    លោក Klopp ផ្ទុះ​កំហឹង ខណៈ Liverpool ខ្ជះខ្ជាយ​ឱកាស​ក្នុងការ​ដណ្តើមយក​ប្រៀប

    លោក Jurgen Klopp អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម Liverpool បាន​បញ្ជាក់ថា ក្រុម​របស់លោក​មិនត្រូវ​បានផ្តល់​បាល់​ប៉េ​ណា​ល់​ទី​យ៉ាង​ជាក់លាក់ 1គ្រាប់ ដែល​អាចធ្វើឱ្យ​ពួកគេ​ដណ្តើមបាន​ជ័យជម្នះ​លើ​ក្រុម Leicester កាលពី​ថ្ងៃ​ពុធ និង​នាំមុខ 7ពិន្ទុ​ដាច់​នៅលើ​តារាង​ក្របខ័ណ្ឌ Premier League។

    ប៉ុន្តែ ផ្ទុយទៅវិញ ក្រុម Liverpool បានបញ្ចប់​ក្នុង​លទ្ធផល 1-1 នៅ​កីឡដ្ឋាន Anfield ដែល​ធ្វើឱ្យ​ពួកគេ​បាន​នាំមុខ​ត្រឹមតែ 5ពិន្ទុ​លើ​ក្រុម​ឈរ​លេខ2 Manchester City ប៉ុណ្ណោះ ក្រោយពី​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក​មួយ​នេះ បាន​រង​បរាជ័យ​ក្នុង​លទ្ធផល 2-1 នៅលើ​ទឹកដី​ក្រុម Newcastle កាលពី​ថ្ងៃ​អង្គារ។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ Sadio Mane នៅ​នាទី​ទី3 ត្រូវបាន​តាម​ស្មើដោយ​ខ្សែការពារ Harry Maguire របស់​ក្រុម Harry Maguire នៅ​ជិត​បញ្ចប់​ការប្រកួត។

    ប៉ុន្តែ ទោះបីជា​យ៉ាងណា​បន្ទាប់មក ក្រុម Liverpool បានធ្វើ​ការតវ៉ា​សម្រាប់​បាល់​ពិន័យ 11ម៉ែត្រ​យ៉ាងច្បាស់ នៅពេលដែល​កីឡាករ Naby Keita ត្រូវបាន​ធ្វើឱ្យ​ដួល ក្រោម​ការ​ប្រជែង​ពី​សំណាក់​កីឡាករ Ricardo Pereira។

    លោក Klopp បាន​និយាយ​ទាំង​ខឹងសម្បា​ថា៖ «វា​គឺជា​ស្ថានភាព​បាល់​ពិន័យ 11ម៉ែត្រ​ដ៏​ច្បាស់​បំផុត​ដែល​យើង​ត្រូវបាន។ អ្នក​ត្រូវតែ​សួរ​អាជ្ញាកណ្តាល​ពី​មូល​ហេតុដែល​មិនបាន​ផ្តល់​បាល់​ពិន័យ 11ម៉ែត្រ​នោះ»។

    លោក Klopp ដែល​ទន្ទឹង​ថា​នឹង​បញ្ចប់​ការរង់ចាំ​អស់​រយៈពេល 29ឆ្នាំ​របស់​ក្រុម Liverpool ក្នុងការ​ក្លាយជា​ម្ចាស់​ជើងឯក​អង់គ្លេស​ម្តងទៀត​នោះ បាន​ប្រាប់​ទូរទស្សន៍ BT Sport ថា៖ «គូប្រកួត​មានការ​រៀបចំ​បានល្អ និង​បាន​ការពារ​ទី​យ៉ាងរឹងមាំ។ ទីលាន​នេះ​ពិតជា​ពិបាក ហើយ​យើង​ត្រូវតែ​បង្កើនល្បឿន​លេង​នៅ​រយៈពេល 15នាទី​លើក​ទី3»៕

  • ស្រាវសាច់ជំនួស !! រឿង«ទារុណកម្មខ្មោច» ធ្វើឱ្យអ្នកទស្សនាប្រហោងពោះ

    ស្រាវសាច់ជំនួស !! រឿង«ទារុណកម្មខ្មោច» ធ្វើឱ្យអ្នកទស្សនាប្រហោងពោះ

    ផលិតកម្មពីរបានស្រុះស្រួលសហការផលិតរឿងថ្មីមួយ ដែលរំពឹងថា កក្រើកនៅក្នុងទីផ្សារសិល្បៈ ក្រោយដាក់បញ្ចាំង ដែលក្នុងនោះលោក ហ៊ុយ យ៉ាឡេង ផលិតករផលិតកររឿង ខ្មោចដើ​ម​ចេ​កជ្វា រឿង អាកុកអាច្រវ៉ាក់ រឿង វិកលចរិក និងរឿងធ្មប់ ចូលរួមសហការ ជាមួយសមាគមសិល្បៈរបស់អ្នកនាង ចន ច័ន្ទលក្ខិណា។

    លោក ហ៊ុយ យ៉ាឡេង ជាម្ចាស់ផលិតកម្មមាតុចក្រ បានផលិតរឿងថ្មីមានឈ្មោះថា « ទារកម្មខ្មោច »( The Torment of Ghost) ក្នុងសាច់រឿងនោះមានការចូលរួមពីតារាមួយចំនួន ដូចជា ដួង ម៉ានិច្ច, សួង ស៊ីធឿន, លោក ភីម៉ៃ, លោក ឆឹម សក្កដា, លោក លឹម រដ្ឋា ព្រមទាំងតារាមួយចំនួនទៀត ។

    វណ្ណកម្មថ្មីរឿង«ទារុណកម្មខ្មោច» បានបើកទំព័រស្វាគមន៍​​ដើមឆ្នាំ2019 ដែលមានទុនផលិត​ខ្ពស់ ព្រមទាំងរំពឹងកក្រើកជាងរឿង « ធ្មប់ » ទៅទៀត។ ថ្មីៗ​នេះលើគណនីរបស់លោក ហ៊ុយ យ៉ាឡេង ក៏បានដាក់បង្ហាញនូវ Official Trailer និងថ្ងៃ​ចាក់​បញ្ចាំង​ហើយ។ គេមើលឃើញថា សាច់រឿងបង្ហាញខ្លីនេះ ពិតជាទាក់ទាញ ហាក់​មានភាពព្រឺព្រួច​ មានឈុតឆាតស្រាវសាច់ និងរន្ធត់គួរចង់ទស្សនា។ នេះមិនទាន់ដល់ថ្ងៃដាក់បញ្ចាំងផង អ្នកគាំទ្រលាន់មាត់ អន្ទះអន្ទែង ជ្រួលជ្រើម ចង់ទស្សនាបាត់ទៅហើយ។

    គួរបញ្ជាក់ផងដែរថា រឿង«ទារុណកម្មខ្មោច» គ្រោងចាក់បញ្ចាំងនៅថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2019 នេះហើយ។ សូមទស្សនាវីដេអូ Trailer ខាងក្រោមនេះ ៖

  • ការ​គេង​មិនគ្រប់គ្រាន់ប៉ះពាល់ដល់សុខភាពផ្លូវចិត្តដែលយុវជនភាគច្រើនកំពុងតែជួបប្រទះ

    ការ​គេង​មិនគ្រប់គ្រាន់ប៉ះពាល់ដល់សុខភាពផ្លូវចិត្តដែលយុវជនភាគច្រើនកំពុងតែជួបប្រទះ

    ការ​គេង​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សុខភាព ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត។ យោងតាម​ការបង្ហាញរ​បស់​ស្ថាប័ន​ចិត្តសាស្ត្រសំខាន់ៗជាច្រើន​រកឃើញថា មនុស្សម្នាក់ៗ ជាពិសេស​យុវវ័យ​គួរ​គេង​ឱ្យបាន​យ៉ាងតិច​បំផុត 6ម៉ោង ដល់ 9ម៉ោង ដើម្បី​សន្សំ​ថាមពល​សម្រាប់​បង្កើត​ភាពស្រស់​ស្រាយ​ដល់​ខួរក្បាល និង​ផ្នែក​ដទៃ​ផ្សេងទៀត​នៃ​រាងកាយ។

    ដោយសារ​ការមើលឃើញ​ពី​សារៈសំខាន់​នៃ​ការ​គេង​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​យុវវ័យ​នេះ បណ្តា​ប្រទេស​ជាច្រើន​បាន​ពន្យារ​ម៉ោង​ចូល​សិក្សា​នាពេល​ព្រឹក ដូចជា​សាលា Seattle នៅ​អាមេរិក​បាន​ពន្យារពេល​ម៉ោង​ចូលរៀន​ពី​ម៉ោង 7:50នាទី​ព្រឹក ទៅ​ម៉ោង8:45នាទី​ព្រឹក​វិញ​ម្តង ដើម្បី​ទុកពេល​ឱ្យ​យុវវ័យ​សម្រាកឱ្យបាន​កាន់តែច្រើន តែ​ជា​អកុសល​អ្វី​ដែលជា​បញ្ហា​ប្រឈម​សម្រាប់​យុវជន​បច្ចុប្បន្ន​នៅ​គ្រប់​ប្រទេស​ក្នុងពិភពលោក គឺ​ការប្រើប្រាស់​បច្ចេកវិទ្យា​ច្រើន​ជ្រុល​ហួសហេតុ​រហូត​ប៉ះពាល់​ខ្លាំង​ដល់​ដំណេក​របស់​ពួកគេ។

    យុវវ័យ​បច្ចុប្បន្ន​សុទ្ធ​តែមាន​ឧបករណ៍​អេឡិចត្រូនិក​ប្រើប្រាស់ និង​រស់នៅក្នុង​ពិភព​នៃ​ការស្រមើស្រមៃ (visual-life) ដែល​ធ្វើឱ្យ​ពួកគេ​ចំណាយពេលច្រើនឡើងៗជាមួយ​បណ្តាញ​ទំនាក់ទំនង​សង្គម ហើយកាត់បន្ថយ​ម៉ោង​សម្រាក​ឱ្យ​តិចទៅៗពីមួយថ្ងៃ​ទៅមួយថ្ងៃ។ ម្យ៉ាងវិញទៀត ពន្លឺ​ដែល​ចាំង​ចេញពី​ឧបករណ៍​ឆ្លាត​វៃ​ទាំងអស់នោះ​មាន​ឥទ្ធិពល​បណ្តាលឱ្យ​មនុស្ស​មិន​ងងុយហើយ​បន្ត​ប្រើប្រាស់​ច្រើន​ម៉ោង ដែលមាន​យុវវ័យ​ខ្លះ​មិនបាន​សម្រាក​ពេញ​មួយ​យប់​ក៏មានដែរ។ លើសពីនេះទៅទៀត ដោយសារតែ​យុវវ័យ​ជាម​នុស្ស​ចូលចិត្ត​ការស្វែងរក​នូវ​អ្វីដែល​ថ្មី និង​ចង់បាន​ជីវិត​ឯកជន ទើប​ពួកគេ​ហាក់​រីករាយ​ណាស់​នៅពេល​យប់​ដែល​គ្មាន​ការរំខាន​ពី​អាណាព្យាបាល។ កត្តា​នេះ​បានធ្វើឱ្យ​ពួកគេ​ស្រឡាញ់​ពេលយប់ ហើយ​បណ្តែតបណ្តោយ​ជីវិត​ឱ្យ​ធ្លាក់​ក្នុង​សភាព​អវិជ្ជមាន ទាំង​សុខភាព​ផ្លូវកាយ និង​សុខភាព​ផ្លូវចិត្ត។

    ការ​សម្រាក​មិនបាន​គ្រប់គ្រាន់ បូក​រួមទាំង​អារម្មណ៍​នឿយហត់​ពី​ការគិត​ច្រើន​រឿង​ក្នុងពេល​តែមួយ​នៅក្នុង​បណ្តាញ​សង្គម បានធ្វើឱ្យ​យុវវ័យ​សម្រាក​មិនបាន​ស្ងប់​នោះទេ ដែល​នេះ​ជាហេតុ​ធ្វើឱ្យ​ពេល​សម្រាក​មាន​កាន់តែ​តិច ហើយ​ពេល​សម្រាក​ដ៏​តិចតួច​នោះ​ទៀតសោត ក៏​ពួកគេ​មាន​អារម្មណ៍​មិន​ស្ងប់​ល្អ​ផងដែរ។ បញ្ហា​ទាំងអស់នេះ​បាន​បណ្តាលឱ្យ​យុវវ័យ​មានការ​ចងចាំ​មិនសូវ​ល្អ មាន​ស្ថានភាព​រាងកាយ​មិន​រឹងមាំ គ្មាន​អារម្មណ៍​ចង់​លេង​កីឡា និង​ឆាប់​ខឹង​មួម៉ៅ ជាដើម។

    យោងតាម​អ្នកជំនាញ​ចិត្តសាស្ត្រ​របស់ Psychology today បាន​បង្ហាញថា យុវវ័យ​ដែល​សម្រាក​មិនបាន​គ្រប់គ្រាន់​នៅពេល​យប់ មាន​ស្ថានភាព​ផ្លូច​ចិត្តមិន​នឹងនរ​នោះទេ។ ថាមពល​នៅក្នុង​ខ្លួន​របស់​ពួកគេ​ចាប់ផ្តើម​ចុះខ្សោយ ហើយ​មាន​អាការ​មួយចំនួន​ដែល​មិនអាច​ស្វែងរក​ប្រភព​ឃើញ និង​មាន​អារម្មណ៍​ថា ញ័រ​ខ្លួន ស្របពេល​ការ​រិះគិត​ក៏​ដំណើរការ​មិនល្អ​ដែរ។ បន្ថែម​ពីលើ​នេះ ពួកគេ​នឹង​អាច​ប្រឈម​ជាមួយ​បញ្ហា​ព្រួយចិត្ត​ដោយ​គ្មាន​មូលហេតុ រួមទាំង​មាន​អារម្មណ៍​ឆាប់​បាក់​ទឹកចិត្ត នៅពេល​ជួប​បញ្ហា​ប្រឈម​នានា រហូតដល់​អ្នកខ្លះ​អាច​សម្រេចចិត្ត​សម្លាប់ខ្លួន​ដោយសារតែ​ទប់ទល់​មិនបាន​នឹង​ស្ថានភាព​ចុះខ្សោយ​នៃ​ផ្លូវចិត្ត​នេះ​ទៀតផង។

    ជា​ដំណោះស្រាយ យុវវ័យ​គួរ​ចាប់ផ្តើម​គ្រប់គ្រង​ខ្លួនឯង​ឱ្យបាន​ល្អ ដោយ​ការ​រំឭក​ខ្លួនឯង​ជាប់​ជានិច្ច​ថា យើង​កំពុង​ប្រើប្រាស់​បណ្តាញ​សង្គម រួមទាំង​ឧបករណ៍​ឆ្លាត​វៃ​ទាំងអស់នោះ ហេតុនេះ​យើង​មិនអាច​អនុញ្ញាតឱ្យ​ខ្លួនឯង​ក្លាយជា​អ្នកបម្រើ​បណ្តាញ​បច្ចេកវិទ្យា​វិញ​នោះទេ។ ដើម្បី​ធានា​ដល់​ការគ្រប់គ្រង​ខ្លួនឯង​បែបនេះ​បានលុះត្រាតែ​យើងម្នាក់ៗដឹង​ឱ្យ​ច្បាស់​ពី​គោលដៅ​ក្នុងការ​ប្រើប្រាស់​បណ្តាញ​សង្គម និង​ឧបករណ៍​ទាំងអស់នោះហើយ​របស់​ទាំងឡាយណា​ដែល​ខុសពី​តម្រូវការ​របស់​យើង យើង​មិន​ធ្វើឱ្យ​វា​ក្លាយជា​មេរោគ​នៃ​ជីវិត​ឡើយ។ចំណុច​សំខាន់​មួយ​ផ្សេងទៀត គឺ​ការគ្រប់គ្រង​លើស​ញ្ញា (notification) ដែល​តែងតែ​ជំរុញ​យើង​គ្រប់ពេល​ឱ្យប្រើ​ប្រាស់​បណ្តាញ​សង្គម​កាន់តែច្រើន ហើយ​បើក​មើល​វា​នៅពេលដែល​យើង​ចង់​មើល​តែប៉ុណ្ណោះ កុំឱ្យ​វា​អូសទាញ​យើង​បាន​គ្រប់ពេល​រហូតដល់​បាត់បង់​ពេល​សម្រាក៕

  • កា​តា លត់ អេមី​រ៉ាត​អា​រ៉ាប់​រួមយ៉ាង​ដំណំ ដើម្បី​ទៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ Asian Cup

    កា​តា លត់ អេមី​រ៉ាត​អា​រ៉ាប់​រួមយ៉ាង​ដំណំ ដើម្បី​ទៅ​​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ Asian Cup

    ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​កាតា បាន​លត់ក្រុមម្ចាស់​ផ្ទះ​អេមី​រ៉ាត​អារ៉ាប់​រួម យ៉ាង​ដំណំ​ក្នុងលទ្ធផល 4-០ កាលពី​ថ្ងៃ​អង្គារ​ ដើម្បី​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍ AFC Asian Cup ឆ្នាំ​2019។

    ជ័យជម្នះ​នេះ ដែល​បាន​កើត​ឡើង​នៅមុខ​អ្នក​គាំទ្រម្ចាស់​ផ្ទះ​ដ៏ច្រើន​កុះ​ករ​ក្នុង​ទីក្រុង Abu Dhabi នោះ បាន​ជួយ​ឱ្យ​ក្រុម​ជម្រើស​ជាតិកា​តា ឈាន​ទៅ​ប្រកួត​ដណ្តើម​ពាន​ជា​លើក​ទី​1​របស់ពួកគេ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ជប៉ុន នៅថ្ងៃ​សុក្រខាង​មុខនេះ​។

    កាតា បាន​រក​គ្រាប់​បាល់​បើឆាក​​បានតាមរយៈ​កីឡាករ BoualemKhoukhi នៅ​នាទីទី​22 ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Almoez Ali បាន​បន្ថែម​​គ្រាប់បាល់​ទី​2 ​ក្នុង​រយៈ​ពេល​ 15​​នាទីក្រោយមក​។

    កីឡាករ Hassan al-Haydos បានបន្ថែម​គ្រាប់បាល់​ទី​3​ នៅនាទីទី​80 តាមរយៈ​ការ​​ឆ្កឹះ​បាល់​រំ​លង​ក្បាល​របស់​អ្នក​ចាំទី​​អេ​មី​រ៉ាត​អា​រ៉ាប់​រួម ហើយ​ Ismaeil បានបំពេញ​ការ​ឈាន​ទៅ​វគ្គ​បន្តជាស្ថាពរ​របស់​ក្រុម​ជម្រើស​ជាតិ​កា​តា ជាមួយ​នឹង​គ្រាប់​បាល់​ 1​គ្រាប់​នៅ​ជិត​​បញ្ចប់​ការ​ប្រកួត​។

    ការ​ប្រកួតនេះ ត្រូវ​បាន​បង្អាក់​ដំណើរ​​​ដោយ​សារ​តែ​អ្នក​គាំទ្រ ដែល​បាន​​ចោល​ស្បែក​ជើង និង​ដប​ទឹក​បរិ​សុទ្ធ ទៅកាន់​កីឡាករ​របស់​កាតា ក្នុង​ពេល​ដែលពួក​គេកំពុង​តែ​អប​អរ​នឹងការ​រកបានគ្រាប់​បាល់​។

    ស្រ​បពេល​ជាមួយ​គ្នា​នេះ អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​ក៏​បាន​​ស្រែក​ច្រៀង​បែប​ចំអក អំ​ឡុង​ពេល​នៃ​ការ​​ច្រៀង​ចម្រៀង​ជាតិ​របស់​កា​តា នៅមុនពេល​ការ​ប្រកួត​ផង​ដែរ​។

    លោក Felix Sanchez គ្រូបង្វឹក​នៃក្រុម​បាល់​ទាត់​ជម្រើស​ជាតិកាតា បាន​ឱ្យ​​​ដឹង​ថា៖ «ខ្ញុំ​គិត​ថា កីឡាករ​បាន​ដឹង​ថា វា​នឹងក្លាយ​ជា​ការ​ប្រកួត​ដ៏ស្វិត​ស្វាញមួយ​ជាមួយ​នឹង​អ្នក​គាំទ្រ​ដ៏ច្រើន ប៉ុន្តែខ្ញុំ​គិត​ថា ពួក​គេ​បាន​គ្រប់​គ្រង​ការ​រំជួល​ចិត្ត​បាន​យ៉ាង​ល្អ​»​៕

    ប្រភព​ពី៖ Sport24

  • Azarenka ត្រូវ​ជួប​ជាមួយ Kvitova​ ក្នុង​ទីក្រុង St Petersburg

    Azarenka ត្រូវ​ជួប​ជាមួយ Kvitova​ ក្នុង​ទីក្រុង St Petersburg

    អតីត​កីឡាការិនីមាន​ចំណាត់​ថ្នាក់​លេខ​1 ​ក្នុងពិភព​លោក Victoria Azarenka នឹង​ត្រូវ​ជួប​ជា​មួយ​នឹង​កីឡា​ការិនី Petra Kvitova ម្ចាស់​ជើង​​ឯក​រង​នៃ​ព្រឹត្តិ​ការណ៍ Australian Open ក្នុង​ការ​ប្រកួត​ជុំ​ទី​2 ​ក្នុង​ទីក្រុង St Petersburg  នៅថ្ងៃ​អង្គារ ក្រោយពី​​​កត់ត្រា​ជ័យជម្នះ​ 2សិត​ជាប់​ៗ​​គ្នា​លើ​កីឡា​ការិនី Margarita Gasparyan​។

    កីឡា​ការិនី​​វាយ​កូន​បាល់​សញ្ជាតិ​បេ​ឡា​រុស​រូបនេះ ដែលបាន​ធ្លាក់​ចេញ​​ក្នុង​ជុំ​ទី​1 ​នៅ​លើ​ទីលាន Melbourne Park ក្រោម​ស្នា​ដៃ​កីឡា​ការិនី​អាល្លឺ​ម៉ង់ Laura Siegemund បាន​កត់ត្រា​ជ័យជម្នះ​យ៉ាង​ងាយ​ក្នុងលទ្ធផល 6-4 និង​6-1 នៅ​ពេល​ប្រកួត​ជាមួយ​នឹង​កីឡា​ការិនី​របស់​រុស្ស៊ី​។

    គូ​ប្រកួត​បន្ទាប់​សម្រាប់ Azarenka គឺ​កីឡា​ការិនី Kvitova ដែល​បាន​រង​បរា​ជ័យ​ក្នុង​ការ​ប្រកួត Australian Open វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោមស្នា​ដៃ​កីឡា​ការិនី Naomi Osaka កាលពីថ្ងៃ​សៅរ៍​​។

    Azarenka បាន​ឱ្យ​ដឹង​ថា៖ «ខ្ញុំ​រំពឹង​ទុក​ពីការ​ប្រកួត​ដ៏ស្វិត​ស្វាញមួយ​ ខណៈ​ដែល Kvitova បច្ចុប្បន្ន​កំពុង​តែ​ស្ថិតក្នុង​ទម្រង់​លេង​​ដ៏ល្អ​។ សម្រាប់​ខ្ញុំ រាល់​ការ​ប្រកួត​ទាំង​អស់​ពិត​ជា​សំខាន់ មិន​ថា​ជួប​គូប្រកួត​បែប​ណា​ឡើយ​។ ខ្ញុំ​ចង់​លេង និង​ឈាន​ទៅ​វគ្គ​បន្ត​»​។

    កីឡា​ការិនី​​វ័យ​ 29​​ឆ្នាំ​រូបនេះ បាន​​ធ្លាក់ចុះ​ចំណាត់​ថ្នាក់​របស់​ខ្លួន ចាប់​តាំងពី​ផ្តល់​កំណើត​ឱ្យកូន​ប្រុស​របស់​នាង ហើយ​បច្ចុប្បន្ន នាង​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​51 ​​លើ​ពិភព​លោក​។

    Azarenka បាន​បន្ថែម​ទៀត​ថា៖ «វា​គ្រាន់​តែ​ជា​ការ​ចាប់​​ផ្តើម​ប៉ុណ្ណោះ​នៅ​រដូវ​កាលនេះ ហើយ​រាល់​ការ​ប្រកួត​ទាំង​អស់ គឺ​ពិត​ជា​លំបាកសម្រាប់ខ្ញុំ​»​៕

  • ​កម្ពុជា ជំរុញ​ឱ្យ​អាមេរិក វិនិយោគ​លើការ​កែច្នៃ​កសិផល

    ​កម្ពុជា ជំរុញ​ឱ្យ​អាមេរិក វិនិយោគ​លើការ​កែច្នៃ​កសិផល

    រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​បង្ហាញ​សក្តានុពល​វិនិយោគរបស់​កម្ពុជា និង​ជំរុញ​ប្រតិភូ​ធុរជនមកពីតំ​បន់​កំពង់ផែ​ឡូសអែនជឺលេស សហរដ្ឋ​អាមេរិកឱ្យធ្វើការ​វិនិយោគ​លើការកែច្នៃ និង​អភិវឌ្ឍ​ខ្សែ​ចង្វាក់​តម្លៃកសិ​ផល​ខ្មែរទៅជា​ផលិតផល​ម្ហូប​អាហារ និង​ទំនិញ​ប្រើប្រាស់​ផ្សេងៗ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក និង​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

    កិច្ចជំរុញការវិនិយោគ​លើការ​កែច្នៃ​កសិផល​នេះ ធ្វើឡើងកាលពីថ្ងៃទី​24 ខែ​មករា ឆ្នាំ​2019 នៅទីស្តីការក្រសួងពាណិជ្ជកម្ម ​ក្នុងជំនួបរវាង​ ឯកឧត្តម ប៉ាន សូរស័ក្តិ  និង​ប្រតិភូ​ធុរជន​អាមេរិក ដឹកនាំ​ដោយលោក ណ័រមេន អារីកាវ៉ា (Norman Arikawa) ជំនួយការ​នាយក​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ប្រចាំ​តំបន់​កំពង់ផែ​ឡូសអែនជឺលេស។

    ឯកឧត្តម ប៉ាន សូរស័ក្តិ  បាន​ពន្យល់​​ប្រតិភូ​ធុរជន​អាមេរិកថា ​សក្តានុពល​នៃ​វិស័យ​កសិកម្ម និង​កម្មន្តសាលរបស់ប្រទេសកម្ពុជាមានច្រើនមុខដែល​វិនិយោគិន​បរទេសអាចធ្វើការវិនិយោគទាញយក​ប្រាក់​ចំណេញ​ខ្ពស់តាមរយៈការ​កែច្នៃ​វត្ថុធាតុ​ដើមទៅជា​ទំនិញ​ប្រើប្រាស់ និង​នាំចេញ​ទៅកាន់​ប្រទេស​ទី3។

    ឯកឧត្តម បានបញ្ជាក់ថា៖«កម្ពុជាសម្បូរ​ទៅ​ដោយ​ភោគផល​ជាច្រើន​ដូចជា ស្រូវ និង​ដំឡូងមី ប៉ុន្តែ​យើង​ត្រូវការ​វិនិយោគិនជួយ​កែច្នៃ​កសិផល​ទាំងនេះឱ្យទៅជា​ទំនិញ​ប្រើប្រាស់ និង​ផលិតផល​សម្រេច ហើយ​លោក​អ្នក​ក៏​អាច​ដាក់​ទុន​ផលិត​សម្លៀក​បំពាក់ និង​កាបូប​ដាក់​សម្ភារ​ធ្វើ​ដំណើរ ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​ផងដែរ»។ នេះ​បើតាម​ការគូស​បញ្ជាក់​របស់​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​កម្ពុជា។

    ក្នុង​ឱកាសនោះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្មក៏បាន​លើកឡើង​ពីកិច្ចខិតខំប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាលក្នុងការ​ទាក់ទាញ​វិនិយោគិនតាមរយៈ​ការ​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់​ស៊ីជម្រៅ ការដាក់​ចេញ​នូវ​គោលនយោបាយ​វិនិយោគ និង​បើក​ចំហរល្អជាងគេ​នៅក្នុង​តំបន់ រួម​ជាមួយ​ការ​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ ដូចជាតំបន់​សេដ្ឋកិច្ច​ពិសេស ផ្លូវ​ល្បឿនលឿន ​ព្រលាន​យន្តហោះ កំពង់ផែ​អន្តរជាតិ និង​ផ្លូវដែក ដើម្បី​ជំរុញ​កិច្ចសម្រួល​ពាណិជ្ជកម្ម និង​លើក​កម្ពស់​វិស័យ​ទេសចរណ៍ ជាដើម។

    លោក ណ័រមេន អារីកាវ៉ា បាន​សម្តែង​ក្តី​រំភើប​ចំពោះ​វឌ្ឍនភាព និង​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា និងបាន​ថ្លែង​អំណរគុណ​ដល់ឯកឧត្តម ប៉ាន សូរស័ក្តិ ដែលបាន​ពន្យល់​ពីគោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ចែករំលែក​នូវ​ព័ត៌មាន​ល្អៗទាក់ទិន​នឹង​ឱកាស​វិនិយោគលើវិស័យ​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា។

    លោក​ប្រធាន​គណៈប្រតិភូ​ក៏បាន​សន្យា​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់​កម្ពុជាទៅកាន់​តំបន់​កំពង់ផែ​ឡូសអែនជឺលេស ដើម្បី​កៀរគរ​ធុរជន​អាមេរិកឱ្យចូល​មក​បណ្តាក់ទុន​កាន់តែ​ច្រើន​នៅ​កម្ពុជា សំដៅ​ចូលរួម​អភិវឌ្ឍកំណើន​សេដ្ឋកិច្ច និងកាត់​បន្ថយភាព​ក្រីក្រជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា៕

  • ការនាំចេញ​ជ័រកៅស៊ូឆ្នាំ2018 កម្ពុជាទទួលចំណូលជិត 300លានដុល្លារ

    ការនាំចេញ​ជ័រកៅស៊ូឆ្នាំ2018 កម្ពុជាទទួលចំណូលជិត 300លានដុល្លារ

    ប្រទេសកម្ពុជាបាននាំចេញជ័រកៅស៊ូជាង 21ម៉ឺនតោននៅក្នុងឆ្នាំ2018 កន្លងទៅនេះ ដោយទទួលបានចំណូលជិត 300លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ កាលពីថ្ងៃទី28 ខែមករា ឆ្នាំ2019។

    យោយតាមរបាយការណ៍បានបញ្ជាក់ថា ពេញមួយឆ្នាំ2018 បរិមាណជ័រកៅស៊ូដែលត្រូវបានបញ្ចេញលក់មានចំនួនសរុបប្រមាណ 217,500តោន ដែលចំនួននេះមានការកើនឡើងចំនួន 28,667តោន ស្មើនឹង15% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ2017។

    សម្រាប់តម្លៃជ័រកៅស៊ូជាមធ្យម ក្នុងរយៈពេលពេញមួយឆ្នាំ2018 កន្លងទៅនេះ មានតម្លៃ 1,319ដុល្លារក្នុង1តោន តម្លៃនេះបានធ្លាក់ចុះ 262ដុល្លារក្នុង1តោន ស្មើនឹង17%។

    ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការងារ លោក សេង សក្កា បាន​មាន​ប្រសាសន៍​ថា ដោយ​មាន​កិច្ច​សហការ​វិនិយោគ​រវាង​ប្រទេស​ទាំង2 ​កម្ពុជា-វៀតណាម ក្នុង​នោះ​សម្ព័ន្ធ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម​ប្រចាំ​កម្ពុជា មាន​ប្រមាណ​ជា​ 19​ក្រុមហ៊ុន ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​វិនិយោគ​លើ​ការ​ដាំដុះ​ដំណាំ​ កសិ-ឧស្សាហកម្ម កៅស៊ូ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា 10ម៉ឺន​ហិកតា នៅ​កម្ពុជា។

    លោក សេង សក្កា បាន​ឱ្យ​ដឹង​ដែរ​ថា ​ក្រុមហ៊ុន​វៀតណាម ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​វិនិយោគ​លើ​ការ​ដាំដុះ​ដំណាំ​កសិ-ឧស្សាហកម្ម កៅស៊ូ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា 10ម៉ឺន​ហិកតានេះ មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​7 រួមមាន​៖ ខេត្តកំពង់ធំ ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ក្រចេះ ​មណ្ឌលគិរី និង​ខេត្ត​រតនគីរី ដែល​បាន​ចំណាយ​ដើម​ទុន​ប្រមាណ​ជា ​800លាន​ដុល្លារ​អាមេរិក​។

    សូម​បញ្ជាក់​ថា បច្ចុប្បន្នបណ្តា​ក្រុមហ៊ុន​ឧស្សាហកម្ម​កៅស៊ូ​ទាំង​ 19ក្រុមហ៊ុន​​នោះ បាន​ប្រើប្រាស់​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​ប្រមាណ​ជា 1ម៉ឺន 5​ពាន់​នាក់ និង​បន្ត​ត្រូវការ​កម្មករ​រហូត​ជាង 4ម៉ឺន​នាក់​ទៀត​ក្នុង​ឆ្នាំ​2020​។​

    សូមជម្រាបថា កម្ពុជាមានផ្ទៃដីដាំកៅស៊ូសរុបចំនួន 436,682ហិកតា ដែលក្នុងនោះផ្ទៃដីចៀរជ័រមានចំនួនជាង 20ម៉ឺនហិកតា ដែលបានកើនឡើងចំនួន 4,812ហិកតា។

    នៅក្នុងឆ្នាំ2017 កម្ពុជាបាននាំចេញជ័រកៅស៊ូជិត 20ម៉ឺនតោន ដោយទទួលបានចំណូលប្រមាណជិត 300លានដុល្លារអាមេរិកដែលជ័រកៅស៊ូកម្ពុជាត្រូវបាន​នាំ​ចេញ​ទាំងស្រុងទៅកាន់​ប្រទេស​ចិន វៀតណាម ​ម៉ាឡេស៊ី និងសិង្ហ​បុរី​៕

  • « គ្មានអ្នកណាកែចិត្តបង » គីម ថាណា ទម្លុះចិត្តយុវវ័យតាមរយៈតសាច់រឿង

    « គ្មានអ្នកណាកែចិត្តបង » គីម ថាណា ទម្លុះចិត្តយុវវ័យតាមរយៈតសាច់រឿង

    ខណៈដែលបទចម្រៀង «អ្នកណាកែចិត្តបង»នៅតែបន្តចាក់ដោតក្នុងផ្នត់គំនិតមហាជន តារាចម្រៀងលោក គីម ថាណា ស្រាប់តែធ្វើឱ្យមានការចាប់អារម្មណ៍បន្ទាប់ពីបញ្ចេញបទចម្រៀងឆ្លើយតបក្រោមចំណងជើងថា «គ្មានអ្នកណាកែចិត្តបង» តែមានរសជាតិថ្មី សម្រាប់ខ្លឹមសារបទចម្រៀង។ បទចម្រៀងរបស់លោកគឺជា MV វគ្គ2 ដែលសូម្បីសាច់រឿងក៏ទាក់ចិត្តមិនធម្មតា។

    បទចម្រៀងដែលមានចំណងជើងថា«គ្មានអ្នកណាកែចិត្តបង»នេះ គឺបទចម្រៀងវគ្គពីរ ក្រោមការសហការរបស់ផលិតកម្ម Zone និងផលិតកម្ម BN ហើយត្រូវបាននិពន្ធអត្ថន័យឆ្លើយតបនឹងបទដើម តែមានខ្លឹមសារខុសពីបទ«គ្មានអ្នកណាកែចិត្តបង»របស់លោក ប៊ុត សីហា។

    លោក គីម ថាណា ដែលត្រូវបានជ្រើសឱ្យច្រៀងក្នុងបទចម្រៀងនេះ បានបង្ហាញពីការរំពឹងយ៉ាងខ្លាំង បន្ទាប់ពីផេករបស់ផលិតកម្មដាក់បង្ហោះ ហើយមានអ្នកចូលView ច្រើន។ MV របស់លោក ត្រូវបានគេកត់សម្គាល់ថាមានសាច់រឿងតភាគនឹងបទស្រី ដោយបទចម្រៀងលោកត្រូវបានផលិតឡើងក្រោមការជ្រោមជ្រែងរបស់ក្រុមហ៊ុនអាដេ។

    លោក សរ បូរ៉ា តំណាងផលិតផលអាដេ បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនរបស់លោក បានជួយផលិតបទចម្រៀងនៅក្នុងផលិតកម្ម BN បានចំនួន2បទហើយ ដោយបទទី1គឺបទ«អ្នកណាកែចិត្តបង» បទស្រី និងបទទី2 គឺបទ«គ្មានអ្នកណាកែចិត្តបង»ដែលច្រៀង ដោយលោក គីម ថាណា នេះ។ លោកថាក្រុមហ៊ុនអាដេ ចង់រួមចំណែកផលិតMV លើកស្ទួយក្នុងវិស័យចម្រៀង ទើបក្រុមហ៊ុនរបស់លោកសម្រេចចិត្តបោះទុន។ ម្យ៉ាងមកពីបទចម្រៀង«អ្នកណាកែចិត្តបង»ជាបទដែលមានមហាជនភាគច្រើនទទួលស្គាល់ផង ទើបក្រុមហ៊ុនរបស់លោកសប្បាយចិត្តក្នុងការជ្រោមជ្រែង។
    MV មួយបទនេះ ចូលរួមសម្ដែង ដោយ លោក ប្រាក់ ផាកន, កញ្ញា ទីទី និងកញ្ញា គីម សៀវឡាម។

    សូមទស្សនា MV បទចម្រៀង «គ្មានអ្នកណាកែចិត្តបង» វគ្គពីរ៖

    https://youtu.be/kC9PiIpBcHE