Category: សង្គម និងសេដ្ឋកិច្ច

  • បញ្ញា សិដ្ឋ ដាក់ពាក្យប្ដឹងនារីដែលបង្ហោះថា លោកជំពាក់លុយ និងចិញ្ចឹមប្រុស

    បញ្ញា សិដ្ឋ ដាក់ពាក្យប្ដឹងនារីដែលបង្ហោះថា លោកជំពាក់លុយ និងចិញ្ចឹមប្រុស

    នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀង និងតារាសម្ដែងលោក បញ្ញា សិដ្ឋ ក្នុងប៉ុន្មានថ្ងៃនេះ គេបានមើលឃើញថាឡើងកំដៅយ៉ាងខ្លាំង បន្ទាប់ពីមានម្ចាស់គណនីមួយ ដែលមានឈ្មោះថា កញ្ញា តែនអន បានបង្ហោះសំណេរជាច្រើនបង្ខូចឈ្មោះថាលោកជំពាក់លុយមិនសង ហើយបានយកលុយនោះចិញ្ចឹមប្រុសទើបគ្មានលុយសង ក្នុងពេលដែលលោកប្រកាសថាមិនដែលស្គាល់នារីនោះទាល់តែសោះ។

    លោក បញ្ញា សិដ្ឋ ថាខ្លួនពិតជាមានជំពាក់វាក់វិននឹងបំណុលធនាគារខ្លះ ប៉ុន្តែមិនដែលមានបញ្ហាក្នុងការសងត្រលប់នោះទេ អ៊ីចឹងហើយទើបលោកយល់ថា នារីដែលបានបង្ហោះពីលោកដើម្បីឱ្យមានអ្នក Like និងអ្នក Share ច្រើននេះ គឺលោកនឹងដាក់បណ្ដឹងទាមទារជំងឺចិត្ត និងតម្រូវឱ្យទទួលខុសត្រូវជាសាធារណៈ។ លោកបញ្ញា សិដ្ឋ និយាយថា សម័យនេះមានមនុស្សតិចណាស់ដែលមិនមានបំណុលធនាគារ ប៉ុន្តែសម្រាប់ការជំពាក់លុយបុគ្គលរាប់ម៉ឺនដល់ថ្នាក់មិនមានលុយសង ហើយត្រូវម្ចាស់បំណុលគេបង្ហោះដូចករណីឈ្មោះម្ចាស់គណនីហ្វេសប៊ុក កញ្ញា តែងអន គឺមិនមាននោះទេ ទើបលោកប្រកាសថាទទួលយកមិនបាន។

    លោកថាជារឿងក្ដៅចិត្តយ៉ាងខ្លាំង ដែលម្ចាស់គណនីនោះ និងលោកមិនដែលស្គាល់គ្នាទាល់តែសោះ ហើយសំខាន់លោកមិនដែលបានជំពាក់លុយបុគ្គលណាម្នាក់ក្រៅពីបំណុលធនាគារមួយចំនួនតូចក្នុងរឿងមុខជំនួញទាល់តែសោះ ស្រាប់តែមានអ្នកមកបង្ហោះបង្ខូចឈ្មោះបែបនេះ។ លោកថាបុគ្គលនេះ លោកបានដាក់បណ្ដឹងទៅកាន់មន្ត្រីមានសមត្ថកិច្ច ហើយកំណត់អត្តសញ្ញាណបានហើយ ទើបលោកសម្រេចចិត្តដាក់បណ្ដឹងទៅក្រសួងមហាផ្ទៃនៅក្រោយថ្ងៃសែនចូលឆ្នាំចិននេះ ដោយលោកប្រកាសថានឹងយកម្ចាស់អាក់ខោនដែលបង្ហោះពីលោកអោយចេញមុខមកបំភ្លឺពីករណីបង្ហោះរបស់ខ្លួន និងត្រូវតែបង់ជំងឺចិត្តឱ្យលោកដាច់ខាត ដើម្បីឱ្យសមនឹងអ្វីដែលម្ចាស់គណនីហ្វេសប៊ុកនេះ បានធ្វើឱ្យលោកប៉ះពាល់កិត្តិយស។

    តារាសម្ដែងប្រុសរូបនេះ បានបញ្ជាក់ថា ខ្លួនមានការភ្ញាក់ផ្អើល ដែលលោកមិនមានបំណុលជាមួយបុគ្គលឯកជនទាល់តែសោះ ស្រាប់តែមានការបង្ហោះនេះឡើង ដោយលោកប្រកាសថា ថវិកាដែលខ្លួនប្ដឹងទារបាន គឺនឹងយកមួយចំណែកទៅប្រើក្នុងកម្មវិធីសប្បុរសធម៌៕

  • Aguero រក​បាន​ 3គ្រាប់​ដើម្បី​ជួយ​ឱ្យ Man City កាត់​បន្ថយពិន្ទុ​តាម​ពី​ក្រោយ Liverpool

    Aguero រក​បាន​ 3គ្រាប់​ដើម្បី​ជួយ​ឱ្យ Man City កាត់​បន្ថយពិន្ទុ​តាម​ពី​ក្រោយ Liverpool

    លោក Pep Guardiola បាន​បង្កើត​ឱ្យ​មានការ​លេង​ស៊ី​ចង្វាក់គ្នាយ៉ាង​ល្អ​បំផុត​មួយ​ក្នុង​តំបន់​បម្រើក្នុង​​កីឡា​បាល់​ទាត់​អឺ​រ៉ុប ជា​មួយ​នឹងក្រុម Manchester City ប៉ុន្តែខ្សែ​​ប្រយុទ្ធ Sergio Aguero បាន​បង្កើត​ឱ្យមាន​ការ​ចង​ចាំមួយ​​កាលពីថ្ងៃ​អាទិត្យ ជាមួយនឹង​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​គេ​។

    ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អា​ហ្សង់ទីន​រូប​​នេះ រក​បាន​គ្រាប់​បាល់​ទាំង​ 3​គ្រាប់ ក្នុង​ពេល​ក្រុម Man City ដណ្តើម​បាន​ជ័យជម្នះ​ក្នុងលទ្ធផល 3-1 លើ​ក្រុម Arsenal ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Premier League ដើម្បី​ធ្វើ​ឱ្យ​គ្រាប់​បាល់​សរុប​របស់​គេ​ក្នុង​រាល់​យុទ្ធនាការ​ទាំង​អស់នៅ​រដូវកាល​នេះ ​កើន​ដល់​ 20​គ្រាប់​។

    ​គ្រាប់​បាល់​របស់​កីឡាករ​វ័យ​​ 30​ឆ្នាំ​រូបនេះ សុទ្ធ​សឹង​បាន​កើត​ឡើង​នៅ​ជិត​​​មុខ​ទីទាំងអស់​ដែលនេះជាការ​បង្ហាញ​ថា រូប​គេគឺ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​។

    ​ជ័យជម្នះ​​នេះបាន​ជួយ​ឱ្យក្រុម​ឈរ​លេខ​2 Man City ដេញ​តាម​ពីក្រោយ​ក្រុម Liverpool តែ 2ពិន្ទុប៉ុណ្ណោះ។ លោក Guardiola បាន​ឱ្យ​ដឹង​ថា៖ «រូប​គេ​បាន​កើត​មក​ជាមួយ​នឹង​ទេពកោ​សល្យ​ដ៏អ​ស្ចារ្យហើយ​រូប​គេ​នឹង​​ស្លាប់​​ជាមួយ​នឹង​ទេព​កោសល្យ​នោះ​»​។

    គ្រាប់បាល់​​របស់ Aguero បាន​កើត​ឡើង​តាម​រយៈ​ការ​តែត​បាល់​បញ្ចូល​ទី ការ​ស៊ុត​បាល់​ស្រាល​ៗ​ចូល​ទី​យ៉ាងល្អហើយ​គ្រាប់​បាល់​ទី​3 របស់​គេ បាន​​កើត​ឡើង​តាម​រយៈ​ការ​ទទួល​ដោយ​ទ្រូង និង​រមៀល​តាម​ដៃ​របស់​គេ​។

    លោក Guardiola បាន​ឱ្យ​ដឹង​ថា៖ «តាំង​ពី​ចាប់​ផ្តើម​ប្រកួត ខ្ញុំ​ពិត​ជា​រីក​រាយណាស់​។ ក្នុង​រដូវកាល​ទី​1មនុស្ស​ជាច្រើន​បាន​និយាយ​ថា ខ្ញុំ​មិន​ចូល​​ចិត្ត​រូ​ប​គេ​ឡើយ ប៉ុន្តែខ្ញុំ​តែង​តែ​រីក​រាយ​»​៕

  • Ali រក​បាន​គ្រាប់​បាល់ដើម្បី​ឱ្យកាតា ផ្តួល​ជប៉ុន និងលើក​ពាន Asian Cup ជាលើក​ទី​1

    Ali រក​បាន​គ្រាប់​បាល់ដើម្បី​ឱ្យកាតា ផ្តួល​ជប៉ុន និងលើក​ពាន Asian Cup ជាលើក​ទី​1

    ខ្សែ​ប្រយុទ្ធ Almoez Ali បាន​ស៊ុត​បាល់​បក​ថយ​ក្រោយ​បញ្ចូល​ទី​យ៉ាងល្អ​ដើម្បី​រក​គ្រាប់​បាល់​ទី​9របស់​គេ​​ក្នុង​យុទ្ធ​នាការ Asian Cup ឆ្នាំ​2019 ដើម្បី​ជួយ​ឱ្យក្រុម​ជម្រើស​ជាតិ​កាតារបស់គេឈ្នះ​ពាន​ប្រចាំ​ទ្វីប​ជាលើក​ទី​1 ​​តាម​រយៈ​ការ​យកឈ្នះ​លើ​ក្រុមម្ចាស់​ជើង​ឯក​ 4​សម័យ​កាល​ជប៉ុន ក្នុងលទ្ធផល 3-1កាលពីថ្ងៃ​សុក្រ​។

    គ្រាប់​បាល់​បញ្ចូល​ទី​នៅ​ដើម​តង់​របស់ Ali បាន​ធ្វើ​ឱ្យ​​រូប​គេ​បំ​បែក​កំណត់ត្រា​នៃ​ការរ​កគ្រាប់​បាល់​សរុប​របស់​ខ្សែ​ប្រយុទ្ធ Ali Daei កាលពីឆ្នាំ​1996 ហើយ​​ក្រោម​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​បន្ថែម​ទៀត​នៅនាទី ទី​27 ​ពី​សំណាក់​កីឡាករ Abdulaziz Hatem និង​គ្រាប់​​បាល់​ប៉េ​ណាល់​​ទី​1​គ្រាប់​ទៀតរបស់ AkramAfif នៃក្រុម​ជម្រើស​ជាតិ​កា​តាបាន​បង្ហាញ​ពី​ភាពខ្លាំង​របស់​ខ្លួន នៅមុន​ពេល​ធ្វើ​ជាម្ចាស់​ផ្ទះ World Cup ឆ្នាំ​2022​។

    គ្រាប់​បាល់​ជា​កំណត់ត្រា​របស់​ខ្សែ​ប្រយុទ្ធ​ដើម​កំណើត​ស៊ូ​ដង់ Ali បាន​កើត​ឡើងក្រោយពី​​ការ​តវ៉ា​មួយ​ពីសំណាក់​ប្រទេស​ម្ចាស់​ផ្ទះ​អេ​មី​រ៉ាត​អា​រ៉ាប់​រួមទៅលើ​សិទ្ធិ​នៃ​ការ​ចូល​លេងរបស់​គេ​ក្នុង​ការ​ធ្វើ​ជា​តំណាង​ឱ្យក្រុម​ជម្រើស​ជាតិ​​កា​តា ត្រូវ​បាន​​ច្រាន​ចោលដោយ​សហ​ព័ន្ធកីឡា​បាល់​ទាត់​ទ្វីប​អាស៊ី ត្រឹម​តែ​រយៈពេល​ប៉ុន្មាន​ម៉ោងមុន​ពេល​ចាប់​ផ្តើម​ប្រកួត​។

    ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​ទម្លុះ​តំបន់​ការ​ពារ​របស់​កា​តា ដែល​មិន​​បាន​របូត​គ្រាប់​បាល់​សូម្បី​តែ​​1​គ្រាប់​ក្នុង​ការ​ប្រកួត​ 6​លើក​ចុងក្រោយ​របស់​ខ្លួន ហើយ Takumi Minamino​ បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​នាទីទី​69ប៉ុន្តែគ្រាប់​បាល់​ប៉េ​ណាល់​ទី​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​បាន​ធ្វើ​ឱ្យក្រុម​ជម្រើស​ជាតិ​ជប៉ុន រង​បរា​ជ័យ​ជាលើក​ទី​1​ក្នុង​ការ​ប្រកួត Asian Cup វគ្គ​ផ្តាច់​ព្រ័ត្រនេះ​តែម្តង​៕

  • គោលការណ៍​ក្នុងការ​មើលថែ​ទំនាក់ទំនង​គ្រួសារឱ្យ​ស្ថិតស្ថេរ និង​រឹងមាំ

    គោលការណ៍​ក្នុងការ​មើលថែ​ទំនាក់ទំនង​គ្រួសារឱ្យ​ស្ថិតស្ថេរ និង​រឹងមាំ

    ក្នុងពេល​បច្ចុប្បន្ននេះ ស្ថិតិ​ការលែង​លះ​កើនឡើង​យ៉ាងខ្លាំង ព្រោះថា​ការរស់នៅ និង​ដំណើរ​ជីវិត​របស់​មនុស្សម្នាក់ៗខុសប្លែក​ពីគ្នា និង​មិន​នឹកគិត​ក្នុងការ​សម្របសម្រួល​ចូល​រកគ្នា​ហ្នឹងឯង ដូច្នេះ​ថ្ងៃនេះ​យើង​សាកល្បង​នាំគ្នា​មក​មើល​ពី​គោលការណ៍​សំខាន់​ដែល​អ្នក​គួរតែ​ប្រតិបត្តិ​ជាមួយ​មនុស្ស​ក្នុង​ក្រុមគ្រួសារ ដើម្បី​ក្រុមគ្រួសារ​មាន​សេចក្តីសុខ​សុភមង្គល ស្ថិតស្ថេរ និង​រឹងមាំ​យ៉ាងពិត​ប្រាកដ។

    – មើលថែទាំ​គ្នា​ទៅវិញទៅមក : គឺជា​រឿង​ដែល​យើង​ហ្នឹង​មិនអាច​ព្រងើយកន្តើយ​បានឡើយ ព្រោះ​ដោយសារតែ​ការ​មើលថែ ទាំ​យកចិត្តទុកដាក់​មនុស្ស​ដែល​យើង​ស្រឡាញ់ និង​គ្រប់គ្នា​ក្នុង​ក្រុមគ្រួសារ ជា​កត្តា​មូលដ្ឋាន​ដែល​ធ្វើ​ក្រុមគ្រួសារ​របស់​អ្នកមាន​អារម្មណ៍​កក់ក្តៅ​ខ្លាំង​ឡើងហើយ​លទ្ធផល​ពី​ការមើល​ថែទាំ​មនុស្ស​ក្នុង​ក្រុមគ្រួសារ​យ៉ាង​ល្អល្អះ​នេះ នឹងធ្វើ​ឱ្យ​ជីវិត​ស្នេហា​របស់​អ្នក​ល្អ រលូន និង​គ្មាន​បញ្ហា​យ៉ាងពិត​ប្រាកដ។

    – ជួយ​គ្នា​រកស៊ី : ក្នុង​សភាវ​សេដ្ឋកិច្ច​តឹងតែង​បែបនេះ រឿង​ដែល​អ្នក​គួរ​ធ្វើ​នោះ​គឺ ជួយ​គ្នា​សន្សំសំចៃ និង​រកប្រាក់​ចំណូល​ប​ន្ថែ​ម ដើម្បី​សាង​គ្រោង​គ្រឹះ​ខាង​ផ្នែក​ឋានៈ​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​របស់​អ្នក ព្រោះ​យ៉ាងណា​ក៏​ប្រាក់​គឺជា​បច្ច័យ​សំខាន់​ក្នុងការ​រស់នៅ និង​ដំណើរការ​ជីវិត​របស់​មនុស្ស​គ្រប់រូប​ដែរ បើ​អ្នក​នៅតែ​ចាយវាយ​បែប​ខ្ជះខ្ជាយ​នោះ ប្រាកដ​ណាស់​ថា វា​មិនមាន​ផល​ល្អ​ចំពោះ​ខ្លួន​អ្នក​យ៉ាងពិត​ប្រាកដ។

    – យកចិត្ត​គេ​មក​ដាក់​ចិ​ត្ក​យើង : បើកឱកាស​ឱ្យ​មនុស្ស​គ្រប់រូប​ក្នុង​គ្រួសារ​របស់​អ្នក​បាន​រិះគិត និង​បញ្ចេញ​គំនិត​យោបល់ ព្រមទាំង​ដោះដូរ​គំនិត​គ្នា​ទៅវិញទៅមក​ជាប់​ជានិច្ច។ អ្នក​មិនគួរ​ធ្វើជា​អ្នកបញ្ជា​ការ​លើ​គ្រប់​ជីវិត​របស់​សមាជិក​គ្រប់រូប​ក្នុង​ក្រុមគ្រួសារ​នោះទេ តែ​ប្តូរ​មក​បើកឱកាស​ដល់​គ្នា​ទៅវិញទៅមក​វិញ ត្រឹមតែ​ប៉ុណ្ណឹង​មនុស្ស​គ្រប់រូប​នៅក្នុង​ផ្ទះ​ក៏មាន​សេចក្តីសុខ​ណាស់​ទៅហើយ។

    – ជន​ទី​បី : បើ​អ្នក​ធ្វើបាន​តាម​ចំណុច​ទាំង3ចំណុច​ខាងលើ​ដូចដែល​បាន​រៀបរាប់​មកហើយ​នោះ បញ្ហា​រឿង​ជន​ទី​បី​ក៏​ពិបាក​នឹង​កើតឡើង​ណាស់ តែ​ក៏​នៅតែ​មិនអាច​ជឿទុកចិត្ត​បាន​ដដែលវិធី​ដែល​ល្អ​អ្នក​គួរ​ធ្វើខ្លួន​ឱ្យ​គួរឱ្យ​ស្រឡាញ់​ជានិច្ចព្យាយាម​មើលថែទាំ​ខ្លួន​ឱ្យមើល​មក​ស្អាត​គ្រប់ពេលវេលា ដើម្បី​កុំឱ្យ​ស្វាមី ឬ​ភរិយា​របស់​អ្នកមាន​នៅសល់​បេះដូង​ទៅ​សម្លឹងមើល​នារី ឬ​បុរស​ណា​ផ្សេង។

    ដូច្នេះ​មិន​ថា ចង់​គិត និង​ចង់​ធ្វើ​អ្វីមួយ​ក៏ដោយក៏​សូមឱ្យ​នឹក​ដល់​ដួងចិត្ត​របស់​មនុស្ស​ក្នុង​ក្រុមគ្រួសារ​របស់​អ្នកជា​រឿង​សំខាន់​ជាប់​ជានិច្ច និង​នៅចាំ​មើលថែទាំ​គ្នា ព្រមទាំង​រកកិច្ចការងារ​ពេលទំនេរ​ធ្វើ​រួមគ្នា​ឱ្យបាន​ញឹកញាប់ ព្រោះ​វា​នឹង​ធ្វើឱ្យ​សម្ព័ន្ធភាព​ក្នុង​ក្រុមគ្រួសារ​ស្ថិតស្ថេរ រឹងមាំ​ឡើង​ហ្នឹងឯង៕

  • ក្រុមហ៊ុន​ RMA អញ្ជើញគ្រូធំពី Harvard មកចែករំលែកដល់ម្ចាស់អាជីវកម្ម​នៅកម្ពុជា​

    ក្រុមហ៊ុន​ RMA អញ្ជើញគ្រូធំពី Harvard មកចែករំលែកដល់ម្ចាស់អាជីវកម្ម​នៅកម្ពុជា​

    ស្ថិតក្នុងបរិបទពិភពលោក​​កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ការធ្វើអាជីវកម្មកាន់តែមានលក្ខណៈប្រកួតប្រជែងកាន់តែខ្លាំង ដែលទាមទារឱ្យ​អ្នកដឹកនាំធុរកិច្ច​ទាំងអស់ចាំបាច់ត្រូវតែអភិវឌ្ឍខ្លួនឱ្យទាន់សម័យបច្ចេកវិទ្យានេះ។ ស្របជាមួយគ្នានេះដែរ វត្តមាននៃបច្ចេកវិទ្យាបានធ្វើឱ្យ​ក្រុមហ៊ុន​នានាត្រូវតែ​ប្រើប្រាស់ប្រព័ន្ធ​ឆ្លាតវៃ ដើម្បីរក្សាទីផ្សារឱ្យបានមុននឹងធ្វើការឈានជើងទៅប្រកួតប្រជែងជាមួយដៃគូដទៃទៀតជាសកល។

    ដោយមើលឃើញពីភាពចាំបាច់ក្នុងការអភិវឌ្ឍលើអាជីវកម្ម​នានានៅកម្ពុជា ក្រុមហ៊ុន RMACambodia ដែលជាក្រុមហ៊ុនធំមួយក្នុងប្រទេសកម្ពុជា បាន​អញ្ជើញ​លោក Sunil Gupta សាស្រ្តាចារ្យ និង​ជាប្រធាននាយកកម្មវិធីគ្រប់គ្រងទូទៅនៃ Harvard Business School ដើម្បីធ្វើការចែករំលែក​បទពិសោធសំខាន់ៗដល់ម្ចាស់អាជីវកម្មធំៗនៅកម្ពុជា។

    លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានលើកឡើងថា កម្មវិធីនេះជាកម្មវិធីពិសេស​ ហើយជាលើកទី1 នៅក្នុងប្រទេសកម្ពុជា​ដែលបានរៀបចំ​កម្មវិធីចែករំលែកគំនិតអាជីវកម្ម​ឱ្យទាន់សម័យកាល ពី​អ្នកជំនាញ​មកពីសាកលវិទ្យាល័យ Harvard។ លោកថា ​ដោយសារតែលោកធ្លាប់សិក្សានៅសាកលវិទ្យាល័យ Harvard លោកសង្កេតឃើញថា សាស្រ្តាចារ្យស្ទើរតែទាំងអស់នៅទីនោះសុទ្ធតែមានសមត្ថភាពខ្ពស់ និងល្បីល្បាញដែលមានគំនិតស៊ីជម្រៅសម្រាប់ការអភិវឌ្ឍ ហេតុនេះហើយ​ទើបថ្ងៃនេះលោក​បានអញ្ជើញអ្នកដឹកនាំទាំងក្នុងក្រុមហ៊ុន អង្គការ​ក្រៅរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាលដើម្បីចូលរួម​ទាំងអស់គ្នានៅថ្ងៃនេះ។

    លោក ងន សាំង បានមានប្រសាសន៍ថា៖ «​ប្រធានបទសំខាន់នៅថ្ងៃនេះ គឺ​ចង់បង្ហាញឱ្យ​យើងទាំងអស់គ្នាឃើញថា ​បច្ចេកវិទ្យា​កំពុងតែមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហេតុនេះយើងត្រូវធ្វើរឿងសំខាន់ៗជាច្រើន​ដើម្បីដើរឱ្យទាន់»។

    ជាការរំពឹងទុក លោក ងន សាំង សង្ឃឹមថា ​ប្រធានស្ថាប័នសំខាន់ៗទាំងអស់នឹង​យក​ចំណេះដឹងដែលបានសិក្សាទៅ​អភិវឌ្ឍ​ស្ថាប័ន​របស់ខ្លួន​ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។

    លោក Sunil Gupta សាស្រ្តាចារ្យ និង​ជាប្រធាននាយកកម្មវិធីគ្រប់គ្រងទូទៅនៃ Harvard Business School បានលើកឡើងថា ​បច្ចុប្បន្ននេះ​ក្រុមហ៊ុនធំៗទាំងអស់លើពិភពលោក​កំពុងធ្វើការផ្លាស់ប្តូរ​វិធីសាស្រ្ត​ និងយុទ្ធសាស្រ្ត​របស់ខ្លួន​ដើម្បីធ្វើការប្រកួតប្រជែងដោយប្រើប្រាស់​បច្ចេកវិទ្យា។ ចំណែកឯការធ្វើអាជីវកម្ម​ក៏ទាមទារឱ្យ​មាន​ការខិតខំប្រឹងប្រែងកាន់តែខ្លាំង​ដើម្បីប្រកួតប្រជែង​ ព្រោះអតិថិជន​កាន់តែមានលក្ខណៈងាយស្រួលក្នុងការ​ទំនាក់ទំនង​ទិញដោយផ្ទាល់ និងអាចទទួលបានព័ត៌មានជាច្រើន​លើពិភលោក​ ហេតុនេះការប្រកួតប្រជែងគឺមានលក្ខណៈជាសកលតែម្តង។ លោកបានបន្ថែមផងដែរថា មិនមែនត្រឹមតែក្រុមហ៊ុនបច្ចេកវិទ្យានោះទេដែលត្រូវការប្រើប្រាស់ និងអភិវឌ្ឍបច្ចេកវិទ្យា តែស្ទើរគ្រប់ទម្រង់នៃអាជីវកម្មទាំងអស់នាពេលបច្ចុប្បន្ននេះត្រូវតែដើរឱ្យ​ទាន់សភាពការណ៍ និងប្រើប្រាស់បច្ចេកវិទ្យាឱ្យកាន់តែប្រសើរឡើង៕

  • ឆ្នាំមុន ទិន្នផល​ម្រេច​កំពត និង​តម្រូវការ​ទីផ្សារ​ធ្លាក់ចុះ សង្ឃឹម​ឆ្នាំនេះ​នឹង​ល្អប្រសើរ

    ឆ្នាំមុន ទិន្នផល​ម្រេច​កំពត និង​តម្រូវការ​ទីផ្សារ​ធ្លាក់ចុះ សង្ឃឹម​ឆ្នាំនេះ​នឹង​ល្អប្រសើរ

    ផលិតផល​សម្គាល់​ភូមិសាស្ត្រ (Geographical Indications ឬ​GI) ម្រេច​កំពត កាលពី​ឆ្នាំ2018 សម្រេចបាន 69តោន និង​បាន​ផ្គត់ផ្គង់​ទៅឱ្យ​ក្រុមហ៊ុន​ដៃគូ​ចែកចាយ​ប្រមាណ 50តោន បើ​ធៀប​នឹង​ឆ្នាំ​ឆ្នាំ2017 ដែល​ផលិត​បាន 102តោន និង​ចែកចាយ​ទៅកាន់​ទីផ្សារ​បាន 70តោន​នោះ គឺ​បរិមាណ​មានការ​ធ្លាក់ចុះ​ប្រមាណ 32% និង28%តាម​លំដាប់។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ2018 របស់​សមាគម​ម្រេច​កំពត។

    លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត​បញ្ជាក់ថា៖“ការធ្លាក់ចុះ​ទិន្នផល​នេះ ដោយសារតែ​យើង​អត់​ប្រើ​ថ្នាំ គឺ​ធ្វើ​តាមបែប​ធម្មជាតិ​សុទ្ធសាធ អុីចឹង​វា​ក៏​ប្រែប្រួល​ទៅតាម​ធម្មជាតិ​ដែរ ហើយ​ដំណាំ​ម្រេច វា​ផ្លែ​មួយឆ្នាំ​អត់​មួយឆ្នាំ។ ឧទាហរណ៍​ឆ្នាំ2017 យើង​ទទួលបាន​ទិន្នផល​ច្រើន ដល់​ឆ្នាំ2018 វា​ធ្លាក់ចុះ​មកវិញ។ ដោយឡែក ការធ្លាក់ចុះ​នៃ​តម្រូវការ​វិញដោយសារតែ​ទីផ្សារ​ឥឡូវ​មាន​លក្ខណៈ​ចង្អៀត ធ្វើឱ្យ​ក្រុមហ៊ុន​ជា​ដៃគូ​មាន​តម្រូវ​ការថយចុះ ព្រោះ​ក្រុមហ៊ុន​ខ្លះ​លក់​ម្រេច​ចាស់​មិនទាន់​អស់ពី​ស្តុក​ផង”។

    លោក​បាន​លើកឡើងថា ចាប់តាំងពី​ម្រេច​កំពត​បាន​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ(GI) និង​ទទួលស្គាល់​ពី​សហភាព​អឺរ៉ុប​មក ធ្វើឱ្យ​ផលិតផល​នេះ​មាន​ទីផ្សារ​ខ្លាំង ហើយ​កសិករ​បាន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ជា​បន្តបន្ទាប់ ដែល​គិត​មកដល់​ឆ្នាំ2018សមាគម​មាន​ផ្ទៃដី​ផលិត​ម្រេច​សរុប​ប្រមាណ250ហិកតា។

    គួរ​បញ្ជាក់ថា រហូតមកដល់​បច្ចុប្បន្ន​នេះ សមាជិក​របស់​សមាគម​បាន​កើនឡើង​រហូតដល់ 440គ្រួសារ ចំណែកឯ​អ្នក​ចែកចាយ​ក៏បាន​កើនឡើង​រហូតដល់ 29ក្រុមហ៊ុន​ផងដែរ​ក្នុងឆ្នាំនេះ រីឯ​ផ្ទៃដី​ដាំ​ម្រេច​ក៏បាន​កើនឡើង​រហូតដល់ 250ហិកតា​ដែលមាន​ទីតាំង​នៅក្នុង​ខេត្តកំពត និង​ខេត្ត​កែប។ លោក​បន្ថែមថា ៖“បន្ទាប់ពី​យើង​បង្កើត​សមាគម​ម្រេច​កំពត​មក តម្លៃ​ម្រេច​បាន​ឡើងថ្លៃ​ជា​បន្តបន្ទាប់។ ជាក់ស្ដែង ពីមុន​ម្រេចខ្មៅ​តម្លៃ 5ដុល្លារ​ក្នុង 1គីឡូក្រាមបាន​ឡើងដល់ 15ដុល្លារ ម្រេច​ក្រហម 20ដុល្លារ​ឡើងដល់ 25ដុល្លារ ម្រេចស 18ដុល្លារ ឡើងដល់ 28ដុល្លារ​ក្នុង1គីឡូក្រាម​កាលពី​ឆ្នាំ2018 ហើយ​តម្លៃ​នេះ​មិនទាន់​ប្រែប្រួល​ឡើង​ចុះ​នៅឡើយ​ទេ បើទោះបី​តម្រូវការ​ពី​ដៃគូ​បញ្ជា​ទិញ​បាន​ធ្លាក់ចុះ​ក៏ដោយ”។

    យ៉ាងណាក៏ដោយ លោក​រំពឹងថា ទីផ្សារ​នឹង​ល្អ​ឡើងវិញ​នៅ​ឆ្នាំ2019នេះ ដោយសារតែ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មួយចំនួន​បាន​ទាក់ទង​មក​សមាគម​ដើម្បី​នាំចេញ ខណៈ​បច្ចុប្បន្ន ម្រេច​កំពត​មាន​ទីផ្សារ​នៅ​បណ្តា​ប្រទេស​សមាជិក​សហគមន៍​អឺរ៉ុប និង​អាមេរិក ដូចជា អាល្លឺម៉ង់ អូស្ត្រាលី កូរ៉េ ហុងកុង តៃវ៉ាន់​និង​ជប៉ុន​ជាដើម។

    បើតាម​ពាណិជ្ជករ​អ្នក​នាំ​ផលិតផល​នេះ​ទៅកាន់​សហគមន៍​អឺរ៉ុប​បានឱ្យដឹង​កាលពីពេល​កន្លងមក​ថា ម្រេច​កំពត​លក់រាយ​នៅ​ទីផ្សារ​អឺរ៉ុប​មានតម្លៃ​ចាប់ពី150 ដល់200ដុល្លារ​ក្នុង1គីឡូក្រាម  ហើយ​ផលិតផល​នេះ​នៅមាន​វិសាលភាព​ទូលំទូលាយ និង​មាន​សក្ដានុពល​ខ្ពស់​សម្រាប់​ពង្រីក​ទីផ្សារ​ច្រើន​ទៀត ក៏ប៉ុន្តែ​បើសិនជា​មិនមាន​វិធានការ​ពង្រីក​ឱ្យបាន​ទូលាយ​ទេនោះ វា​នឹង​ដួល​ទៅវិញ។ ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​ត្រូវការ​ពង្រីក​ទីផ្សារ​ម្រេច​កំពត​បន្ថែមទៀត យើង​ត្រូវ​អប់រំ​ពលរដ្ឋ​ដែលជា​អ្នក​ផលិត​ម្រេច​ផ្ទាល់​ឱ្យ​ស្គាល់​ពី​សារៈសំខាន់​នៃ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ(GI) បើ​ពុំ​នោះទេ​យើង​មិនអាច​រក្សា​ទីផ្សារ​ម្រេច​កំពត​បាន​ស្ថិតស្ថេរ​នោះទេ ហើយ​ទីផ្សារ​នេះ​នឹង​បាត់បង់​បន្តិចម្ដងៗដោយសារ​ការ​ក្លែងបន្លំ​ម៉ាក និង​មិនបាន​គោរព​ទៅតាម​លក្ខខណ្ឌ​របស់​អ្នកទិញ។

    ក្រុម​អ្នក​ផលិត​ម្រេច​ក្នុង​ខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្ននេះ​លោក​ត្រូវ​រក​ឈ្មួញ​មក​ទិញ​ម្រេច​ដោយ​ខ្លួនឯង ព្រោះ​សហគមន៍​ដែល​ធ្លាប់តែ​ទិញ​ម្រេច​ពី​កសិករ មិនបាន​បញ្ជា​ទិញ​ច្រើន​នោះទេ គឺ​ទិញ​តែមួយ​ចំនួន ហើយ​ដោយសារតែ​កសិក​រ​ដាំ​ម្រេច​ក៏​ច្រើន អុីចឹង​ហើយ​ត្រូវ​ចែកគ្នា​ម្នាក់បន្តិចៗ ដើម្បី​លក់​ទៅតាម​ការបញ្ជាទិញ​តាមរយៈ​សមាគម ដោយ​ការលក់​ម្រេច​តាមរយៈ​សមាគម កសិករ​នឹង​ទទួលបាន​តម្លៃ​ស្តង់ដា តែបើ​លក់​ទៅឱ្យ​ឈ្មួញ​ខាងក្រៅ​វិញ តម្លៃ​ត្រូវ​ទាប​ជាង​នេះ តែ​យ៉ាងណា​ក៏ត្រូវ​តែ​លក់​ដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ។

    យោងតាម​សៀវភៅ​បន្ទុក ម្រេច​កំពត​បាន​កត់ត្រា​ថា តំបន់​ដែល​អាច​ផលិត​ម្រេច​កំពត​បាន លុះត្រាតែ​ស្ថិតនៅ​ក្នុងស្រុក ឬ​ក្រុង​មួយចំនួន​នៃ​ខេត្តកំពត និង​ខេត្ត​កែប។ តំបន់​ទាំងនោះ​រួមមាន ស្រុក​កំពង់ត្រាច ស្រុក​ដងទង់ ស្រុក​ទឹកឈូ ស្រុក​ឈូក និង​ក្រុង​កំពត​នៃ​ខេត្តកំពត ព្រមទាំង​នៅ​ស្រុក​ដំណាក់​ចង្អើរ និង​ក្រុងកែប ខេត្ត​កែប ផងដែរ។

    លោក​ប្រធាន​សមាគម​បានឱ្យដឹងថា បច្ចុប្បន្ន​ដំណាំ​ម្រេច​មិន​ត្រឹមតែ​កសិករ​ជា​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទេ​ដែល​ចាប់អារម្មណ៍​ពង្រីក​ការដាំដុះ​ម្រេច​នោះ នៅមាន​ក្រុមហ៊ុនធំៗដែល​ធ្លាប់​ទិញ​ម្រេច​ពី​កសិករ ក៏បាន​ងាក​មក​វិនិយោគ​លើ​ការដាំ​ដំណាំ​នេះ​ដោយ​ខ្លួនឯង​ដែរ។ ពោលគឺ សូម្បីតែ​វិនិយោគិន​មួយចំនួន​ដែលមាន​ដើមទុន​ច្រើន​ក៏បាន​មករក​ទិញ​ដី និង​ជួល​កម្មករ​ដាំ​ម្រេច​ច្រើន​ផងដែរ អុីចឹង​ហើយ​ទើប​ធ្វើឱ្យមាន​ការកាត់បន្ថយ​ការបញ្ជាទិញ​ពី​កសិករ​តាមរយៈ​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត​នេះ ”។

    លោក​ឧកញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​បាន​មានប្រសាសន៍ថា​មកដល់​បច្ចុប្បន្ននេះ​កម្ពុជា​អាច​ផលិត​ម្រេច​មានគុណ​ល្អ រសជាតិ​ឆ្ងាញ់ និង​មានការ​គាំទ្រ​ពី​អ្នក​បរិ​ភាគ​បាន​ហើយ ប៉ុន្តែ​គួរឱ្យ​ស្តាយ​ដែល​ការនាំចេញ​នៅ​មិនទាន់បាន​ច្រើន​នៅឡើយ។ លោក​ឧកញ៉ា​មានប្រសាសន៍ថា “យើង​នឹង​ដោះស្រាយបញ្ហាសំខាន់ៗដែល​កើតឡើង​នៅពេលនេះ និង​មាន​វិធានការ​បន្ថែមទៀត​ដើម្បី​អភិវឌ្ឍ​វិស័យនេះ​ឱ្យ​ល្អប្រសើរ​ឡើង”។

    សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​បាន​ដាក់បញ្ចូល​ផលិតផល​ម្រេច​ទៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម​ដើម្បី​អភិវឌ្ឍ​ចង្វាក់​តម្លៃ និង​ធ្វើ​ពិ​ធិ​ធ​កម្ម​ការនាំចេញ។ បច្ចុប្បន្ននេះ​ផលិតផល​កសិកម្ម​មួយ​នេះ​បាន និង​កំពុង​ដាំ​ដុះ​នៅក្នុង​ខេត្ត​ចំនួន19 លើ​ផ្ទៃដី​ប្រមាណ​ជាង 6ពាន់​ហិកតា​ដែល​បានផ្ដល់​ទិន្នផល​ជាង 2ម៉ឺន​តោន​ក្នុង​ឆ្នាំ។

    លោក​ឧកញ៉ា សុង សារ៉ន បានឱ្យដឹងថា នៅ​កម្ពុជា​ក្នុង​ឆ្នាំ2017 និង2018 កសិករ​អាច​ផលិត​ម្រេចបាន​ប្រមាណ 2ម៉ឺន​តោន ដែល​ជាង95% គឺ​សម្រាប់​នាំចេញ តែដោយសារ​ទីផ្សារ​មិន​ទូលំទូលាយ​ធ្វើឱ្យ​ផលិតផល​មួយ​នេះ​បន្ដ​ជួប​ការលំបាក និង​ខ្វះ​ទីផ្សារ​សម្រាប់​ផ្គត់ផ្គង់។ លោក​ឧកញ៉ា​បន្តថា៖ “បើសិនជា​យើង​អាច​នាំចេញ​ម្រេច 2ម៉ឺន​តោន​ទៅ​ទីផ្សារ​អន្តរជាតិ វា​ស្មើនឹង​តម្លៃ​នាំចេញ​ស្រូវ​អង្ករ​ប្រមាណ​ជា20 ទៅ30ម៉ឺន​តោនឯណោះ‟។

    សូម​រំឭកថា ម្រេច​កំពត​ត្រូវបាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI) នៅ​ឆ្នាំ2010 ហើយ​នៅ​ឆ្នាំ2016ក៏បាន​ចុះបញ្ជី​នៅ​សហភាព​អឺរ៉ុប និង​ប្រទេស​វៀតណាម​ផងដែរ៕

  • កតញ្ញូ និងគុណធម៌!! ដួង វីរៈសិទ្ធ ជូនថវិកាភរិយារបស់ អធិរាជសំឡេងមាសលោកតា ស៊ីន ស៊ីសាមុត ដូចក្តីបំណង

    កតញ្ញូ និងគុណធម៌!! ដួង វីរៈសិទ្ធ ជូនថវិកាភរិយារបស់ អធិរាជសំឡេងមាសលោកតា ស៊ីន ស៊ីសាមុត ដូចក្តីបំណង

    តារាចម្រៀង លោកដួង វីរៈសិទ្ធ ដែលជាតារាចម្រៀងដែលមានសម្លេងស្រទន់ ដោយគ្រប់បទចម្រៀងដែលលោកច្រៀងតែងបំពេរអារម្មណ៍ប្រិយមិត្តឱ្យស្តាប់ និងបណ្តែតអារម្មណ៍ទៅតាមសំនៀងរបស់លោក។ គេតែងសង្កេតឃើញលោក ដួង វីរៈសិទ្ធ គឺតែងច្រៀង Cover បទមរតកដើម ជាពិសេសគឺបទរបស់លោកតា ស៊ីន ស៊ីសាមុត ស្រាប់តែលោកបានធ្វើឱ្យប្រិយមិត្តជាច្រើនភ្ញាក់ផ្អើល ដោយលោកបានចូលជួបលោកយាយមួយរូប ដែលត្រូវជាឧត្តមភរិយារបស់អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត ព្រមជាមួយថវិកាមួយចំនួន។

    ជាក់ស្តែងដួងវិរៈ សិទ្ធ នាំយកមកថវិការមួយចំនួនជួនទៅលោកយាយដែលជាប្រពន្ធលោកតាអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត ហើយបានសរសេរថា «ខ្ញុំពិតជាមានក្តីរំភើបរីករាយខ្លាំងណាស់ដែលបានជួបលោកយាយដែលជាឧត្ដមភរិយារបស់(អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត )ដូចក្តីបំណង ទោះភ្នំពេញដីឆ្ងាយពីខេត្តស្ទឹងត្រែងតែទឹកចិត្ត និងការដឹងគុណរបស់ចៅគឺនៅជិតបង្កើយ។ ខ្ញុំបានពាំនាំយកកាដូបន្តិចបន្តួចទៅតាមលទ្ធភាព ចំនួនទឹកប្រាក់ 2,០០០,០០០៛ ដែលជាសណ្ដានចិត្តរបស់ចៅ ដោយក្ដីស្រលាញ់ និងគោរពចំពោះលោកយាយ និងក្រុមគ្រួសារ និងជាការដឹងគុណសម្រាប់រាល់បទចម្រៀងដែលចៅបានច្រៀង….ហើយចៅ និងព្យាយាមជួយលោកយាយបន្ថែមទៀតទៅថ្ងៃមុខទៅតាមលទ្ធភាពដែលចៅមាន… ហើយចៅនឹងប្រឹងប្រែងនិពន្ធ នឹងថែររក្សារចម្រៀងបែបខ្មែរយើងអោយបានល្អនឹងដើម្បីបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀតសូមអរគុណ…..#រូបភាពកាលពីថ្ងៃទី​២៦​ខែមករា​ឆ្នាំ២០១៩ ដួង វីរៈសិទ្ធ»៕

  • អ្នកនាង ចោម ច័ន្ទ មានចិត្តសប្បុរសជួយសង់ផ្ទះឱ្យបងស្រីកម្សត់ម្នាក់

    អ្នកនាង ចោម ច័ន្ទ មានចិត្តសប្បុរសជួយសង់ផ្ទះឱ្យបងស្រីកម្សត់ម្នាក់

    ដូចប្រិមិត្តជាច្រើនបានជ្រាបដឹងហើយថា អ្នកនាង ចោមច័ន្ទ គឺជាងបងស្រីរបស់តារាសម្ដែងស្រីសិចស៊ីកញ្ញា ដេនី ក្វាន់ ហើយអ្នកនាងក៏មានប្រជាប្រិយមិនធម្មតាដែរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ គេកត់សម្គាល់ឃើញថា អ្នកនាង ចោមច័ន្ទ ពិតជាចូលចិត្តលេងខ្លួនស៊ីចស៊ីណាស់ ថែមទាំងចូលចិត្តបង្ហាញសំភារៈប្រើប្រាស់ថ្លៃៗដូចជាផ្ទះ ឡាន គ្រឿងអលង្ការជាដើម ជាពិសេសនៅពេលបង្ហាញរបស់ប្រើប្រាស់ទាំងនោះម្តង មហាជនតែងតែស្ងើចចិត្តជាខ្លាំង ព្រោះសុទ្ធតែរបស់មានតម្លៃខ្ពស់កប់ពពក។

    ទន្ទឹមនឹងការបង្ហាញភាពសិចស៊ីនៅលើបណ្ដាញសង្គម ក្នុងនោះ អ្នកនាង ចោម ច័ន្ទ និងគ្រួសារក៏ជាអ្នកដែលមានសណ្ដានចិត្តល្អជួយការងារង្គមជាច្រើន ជាពិសេសសកម្មភាពសប្បុរសធម៌ជួយដល់ចាស់ជរា និងជនក្រីក្រ។ ជាក់ស្តែង នៅថ្ងៃម្សិលមិញនេះ អ្នកនាងបាន ឧបថម្ភថវិកាមួយចំនួន ដល់អ្នកមីងកម្សត់ម្នាក់ ដែលនៅភូមិស្វាយម្សៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

    បងស្រី ដេននី ក្វាន់ បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកខ្លួនថា «ថ្ងៃនេះបានមកដល់ ទីកន្លែងរបស់អ្នកមីងកំសត់ នៅភូមិស្វាយម្សៅ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ព្រមទាំងមកតាមការសន្យា ..!! ជាមួយការនិងការធ្វើផ្ទះថ្មីជូនអ្នកមីង ដែលសមល្មមដែរអាចរស់នៅបាន នេះជាថវិការបស់នាងខ្ញុំផ្ទាល់ ខ្ញុំពិតជាសប្បាយចិត្តជាមួយស្នាមញញឹម របស់គាត់ព្រមទាំងប្អូនៗទោះផ្ទះនេះមិនធំទូលាយតែ ទឹកចិត្តនិងបេះដូងរបស់ខ្ញុំគឺធំទូលាយ 2ថ្ងៃទៀតផ្ទះគាត់និងចេញរូបរាង អរគុណអ្នកទាំងអស់គ្នាសំរាប់ការចូលរួម ក្នុងការធ្វើអំពើសប្បុរសធម៌ រួមគ្នាសាងអំពើល្អ និងការចែករំលែក»៕

  • មកដឹងពីហុងស៊ុយ និងម៉ោងពេលសែនហេងៗនៅថ្ងៃចូលឆ្នាំចិន

    មកដឹងពីហុងស៊ុយ និងម៉ោងពេលសែនហេងៗនៅថ្ងៃចូលឆ្នាំចិន

    បើតាមការបកស្រាយរបស់ Master Naly Fengshui អ្នកគ្រូចិនសែបែបវិទ្យាសាស្រ្ត ដែលបានបង្ហោះក្នុងកាលពីពេលថ្មីៗនេះថា៖

    * ថ្ងៃល្អ ម៉ោងល្អសម្រាប់សែន គឺថ្ងៃទី4 ខែកុម្ភៈ ឆ្នាំ2019 ម៉ោងល្អសម្រាប់សែនចាប់ពីម៉ោង7:30 -11:00ព្រឹក នឹងហេងៗសម្រាប់ផ្ទះបែរមុខទៅទិសខាងជើង និងពេលរសៀលចាប់ពីម៉ោង15:00 -17:00។ ចំណែកផ្ទះបែរមុខទៅទិសផ្សេងៗអាចសែនម៉ោងនេះបានដោយមិនភ័យព្រួយខ្លាចឆុងឡើយ។

    * ថ្ងៃទី5 គួរសែននៅម៉ោង9:30 -11:00 (ហេងខ្លាំងសម្រាប់ផ្ទះបែរមុខទៅទិសខាងត្បូង) ចំណែកផ្ទះបែរមុខទៅទិសផ្សេងក៏ល្អដែរ តែផ្ទះដែលបែរមុខទៅខាងត្បូង គឺល្អជាងគេ។

    * ថ្ងៃទី6 គួរសែននៅម៉ោង9:30 -11:00 (ហេងខ្លាំងសម្រាប់ផ្ទះបែរមុខទៅទិសខាងត្បូង)

    ថ្ងៃសែនល្អខាងលើ ក៏អាចសែនបានគ្រប់ផ្ទះដែលបែរទៅទិសឆុងដោយមិនខ្លាចឆុងបានដែរ ទោះឮសំឡេងដុតផាវក៏មិនឆុងដែរ។

    ឆ្នាំនេះធាតុទឹក ឆុងធាតុភ្លើង។ ថ្ងៃសែនក៏ធាតុទឹក មកព្រមជាមួយធាតុមាស ដូច្នេះកម្រាលក្រាលសំរាប់សែន ហាមយកព័ណ៌ក្រហមមកក្រាល។

    កម្រាលតុ ឬកម្រាលផ្សេងៗសម្រាប់សែន ត្រូវយកពណ៌ធាតុទឹក (ពណ៌ខៀវ  ទឹកប៊ិច ឬផ្ទៃមេឃ) ឬក៏ពណ៌ធាតុដីក៏បាន (ពណ៌លឿង ពណ៌ស្ករ ពណ៌ឥដ្ឋ ឬពណ៌កាហ្វេ) ព្រោះឆ្នាំនេះ ឆ្នាំកុរធាតុទឹក មកព្រមជាមួយធាតុដី(យិន)។

    ផ្កាសែន ប្រើផ្កាពណ៌លឿង និងអ័រគីដេពណ៌ស្វាយ ថូផ្កាពណ៌ធាតុទឹក ឬធាតុដី (ខៀវ ទឹកប៊ិច ផ្ទៃមេឃ លឿង  ពណ៌ស្ករ ពណ៌ឥដ្ឋ ពណ៌ពងមាន់….)៕