អ្នកជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាបានអះអាងថា ទីផ្សារនេះនឹងនៅតែបន្តមានភាពរឹងមាំសម្រាប់រយៈពេល 10ឆ្នាំទៅមុខទៀត ស្របពេលដែលទីផ្សារអចលនទ្រព្យកម្ពុជាកំពុងរីកចម្រើន និងប្រឈមបញ្ហាមួយចំនួនផងដែរ។ នេះបើតាមការឱ្យដឹងពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ឬហៅថា CVEA។
លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃ CVEA និងជាអគ្គនាយកក្រុមហ៊ុន Hutton CPL បានមានប្រសាសន៍ឱ្យដឹងថា៖ “វិស័យសំណង់ និងអចលនទ្រព្យជាវិស័យមួយដ៏ល្អនៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះប្រទេសយើងជាប្រទេសរីកលូតលាស់លឿន ចាត់ជាប្រទេសដែលមានការរីកចម្រើនខ្លាំងទី6 លើសកលលោក និងត្រូវបានទទួលការចាប់អារម្មណ៍ពីគ្រប់វិស័យ”។
លោកឧកញ៉ាបានឱ្យដឹងថា៖“វិស័យដែលអាចជំរុញកំណើនសេដ្ឋកិច្ចយើង គឺវិស័យសំណង់ និងដីធ្លី ដែលមាន20% រួមចំណែកក្នុងសេដ្ឋកិច្ចជាតិនៃផលិតផលក្នុងស្រុកសរុប(ផសស)។ វាជាមោទនភាពរបស់ប្រទេសជាតិទាំងមូល និងជាមោទនភាពសម្រាប់វិស័យសំណង់ និងអចលនទ្រព្យដែលបានក្លាយជាវិស័យសំខាន់ និងជាសសរស្តម្ភមួយ រួមនឹងសសរស្តម្ភដ៏សំខាន់ៗដទៃទៀតដែលជួយឱ្យមានកំណើនសេដ្ឋកិច្ចរបស់ប្រទេស”។
នៅលើពិភពលោក បើវិស័យសំណង់ និងអចលនទ្រព្យមានបញ្ហា នោះវិស័យផ្សេងៗនឹងមានបញ្ហាដែរ។ ដូច្នេះហើយទើបការពង្រឹងសមត្ថភាពរបស់ភ្នាក់ងារអចលនវត្ថុជាផ្នែកមួយដ៏ចាំបាច់ ដោយលោកបានបញ្ជាក់ថា សមត្ថភាពរបស់ភ្នាក់ងារយើងនៅមានកម្រិតនៅឡើយ។ ដូច្នេះសមាគមត្រូវតែជួយបំពេញបន្ថែមនៅចំណុចខ្វះខាតទាំងនេះតាមរយៈការផ្តល់ជូននូវវគ្គបណ្តុះបណ្តាលអំពីគន្លឹះថ្មីៗសម្រាប់ភ្នាក់ងារ និងសមាជិកនីមួយៗជាបន្តបន្ទាប់។
លោកឧកញ៉ាបានឱ្យដឹងថា បច្ចុប្បន្ន វិស័យសំណង់ និងអចលនទ្រព្យ មានគម្រោងចំនួន 43,136 ដែលបានអនុវត្តនៅទូទាំងប្រទេស និងទុនវិនិយោគចំនួន 43,370លានដុល្លារ ដែលចំនួននេះជាចំនួនដ៏ធំ ដែលធ្វើឱ្យវិស័យនេះទទួលបានការចាប់អារម្មណ៍ខ្លាំង។
លោកឧកញ៉ាបន្តថា បើយើងមើលទៅឆ្នាំ2018យើងឃើញថា មានការថយចុះបន្តិចដែរ គឺទុនវិនិយោគមានចំនួន 5ពាន់លានដុល្លារអាមេរិក មានការថយចុះ18% តែបើប្រៀបធៀបនឹងឆ្នាំ2017 ដែលមានរហូតដល់ 6ពាន់លានដុល្លារ តែការធ្លាក់ចុះនេះ មិនមែនដោយសារបញ្ហាដីធ្លីទេ គឺដោយសារសំណង់អគារធំៗដែលយើងមើលឃើញ បានបញ្ចប់នៅឆ្នាំ2018 និង2019នេះ។
ហើយនៅឆ្នាំ2019 នេះដែរ តាមការព្យាករដោយស្ថាប័នធំៗ 3 មានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងធនាគារពិភពលោក (WB) បានឱ្យដឹងថា នៅឆ្នាំ2019នេះ GDP ផ.ស.សរបស់កម្ពុជានឹងនៅតែរក្សាបានក្នុងកម្រិត7%ដដែល បានន័យថា បើផ.ស.សយើងនៅរក្សាបាននូវកំណើនដូចឆ្នាំ2018 នោះគឺវិស័យដីធ្លីយើងនឹងស្ថិតនៅល្អដដែល មិនមានសញ្ញាណាថា វានឹងធ្លាក់ចុះនៅឆ្នាំ2019នេះទេ គឺនៅតែដំណើរការល្អដដែល។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានមានប្រសាសន៍ឱ្យដឹងថា នៅពេលនិយាយពីការកើនឡើង ឬថយចុះវិស័យនេះ គេត្រូវនិយាយពីតម្រូវការ និងការផ្គត់ផ្គង់ តែបើនិយាយពីតម្លៃដីវិញ បើឡើងថ្លៃខ្ពស់ មិនអាចវិនិយោគទៅបានចំណេញទេ វានឹងជាប់គាំង ព្រោះអ្នកទិញ គឺទិញដើម្បីវិនិយោគយកចំណេញ តែបើទិញហើយមិន
ចំណេញ គេមិនទិញទេ។
លោកបន្តថា ទាក់ទងនឹងការចេញផ្សាយរបស់ធនាគារពិភពលោក ស្តីពីបញ្ហាប្រឈមក្នុងវិស័យនេះកាលពីពេលថ្មីៗនោះ វាជាការត្រឹមត្រូវ គឺមានរយៈពេល 10ឆ្នាំដែលវាជាពេលវេលាដែលយើងត្រូវតែគិតគូរពីបញ្ហាប្រឈម។ ព្រោះថា5 ទៅ10ឆ្នាំខាងមុខ វិស័យនេះនៅតែរឹងមាំ តែសម្រាប់រយៈពេល20ឆ្នាំទៅមុខ វានឹងមានបញ្ហាប្រឈម។
តែលោក សុខ នីម បានបញ្ជាក់ថា វាអាស្រ័យលើគោលនយោបាយរបស់ប្រទេស ព្រោះបើប្រទេសមួយមានលុយបម្រុងច្រើន វាអាចជួយស្រោចស្រង់ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនោះបាន។ តែបើប្រទេសមួយមានទុនបម្រុងតិច វាងាយមានហានិភ័យ ព្រោះបើបញ្ហាជាសកលកើតមានឡើង ប្រទេសនោះងាយនឹងរងគ្រោះ។
លោក ច្រឹក សុខនីម បានបន្តថា បើពិនិត្យមើលស្ថានភាពបំណុល ប្រទេសកម្ពុជាមានភាពប្រសើរជាងប្រទេសមួយចំនួននៅលើពិភពលោក ប៉ុន្តែដោយសារផលទុនជាតិសរុបសម្រាប់មនុស្សម្នាក់នៅមានកម្រិតទាប កម្ពុជាក៏មានហានិភ័យដែរ។ ដូច្នេះបើរដ្ឋាភិបាលជំរុញឱ្យផលទុន ឬប្រាក់ចំណូលប្រចាំឆ្នាំរបស់មនុស្សម្នាក់កើនខ្ពស់ ហានិភ័យក្នុងវិស័យនេះក៏មានកម្រិតទាបដែរ។
លោកឧកញ៉ា ចេង ខេង បានបន្ថែមថា ចំពោះបញ្ហាដែលកើតមាន យើងត្រូវតែខិតខំទាំងអស់គ្នាដោយខំធ្វើម៉េចឱ្យចំណេះរបស់យើងក្លាយជាជំនាញនោះម្នាក់ៗនឹងមានជីវភាពកាន់តែល្អ និងរួមចំណែកក្នុងការកសាងប្រទេសជាតិយើងផងដែរ។ ជាមួយគ្នានេះឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ក៏បានចេញសេចក្ដីប្រកាសលើវិស័យអចលនទ្រព្យថា នឹងពង្រឹងលើវិស័យសំណង់ និងការប្រើប្រាស់ដីធ្លីឱ្យបានត្រឹមត្រូវ និងមាននិរន្តរភាពយូរអង្វែង៕
Category: សង្គម និងសេដ្ឋកិច្ច

CVEA៖ វិស័យអចលនទ្រព្យនៅកម្ពុជានៅតែបន្តរឹងមាំសម្រាប់រយៈពេល 10ឆ្នាំទៀត

មួយឆ្នាំហើយ អ្នកគាំទ្រនៅតែរំឭកនិងចងចាំអតីតអ្នកអានព័ត៌មានអន្ដរជាតិល្បីឈ្មោះរបស់ ទ.ទ.ក
នៅពេលថ្មីនេះៗប្រជាពលរដ្ឋខ្មែរមួយចំនួនបានសម្ដែងអារម្មណ៍នឹករឭកដល់អតីតអ្នកអានព័ត៌មានអន្ដរជាតិល្បីឈ្មោះរបស់ ទ.ទ.កលោកយាយ រស់ សោភនី ដែលធ្លាប់តែឃើញគាត់អានពត៌មានជាមួយសំឡេងដ៏សែនពិរោះ និងប្រកបដោយតិចនិចល្អ។ បើគិតហូតមកដល់ថ្ងៃទី12 ខែកុម្ភៈ ឆ្នាំ 2019 នេះមរណភាពរបស់លោកយាយ រស់ សោភនី មានគម្រប់1ឆ្នាំ និង 7ថ្ងៃហើយ។ ការបាត់បង់ធនធានមនុស្សដែលមានចំណេះដឹងពេញខ្លួននេះពិតជាមានការសោកស្ដាយខ្លាំងណាស់។
សូមរំឭកដែរថា មូលហេតុនៃការស្លាប់របស់លោកយាយ រស់ សោភនី ដោយសារតែគាត់មានជម្ងឺប្រចាំកាយដូចជាជំងឺរលាកថ្លើម និងក្រលៀនឈប់ដំណើរការជាដើមក្នុងវ័យ 63ឆ្នាំ។ អតីតអ្នកអានពត៌មានអន្តរជាតិដ៏ឆ្នើមប្រចាំស្ថានីយន៍ទូរទស្សន៍ទទករូបនេះ បានមរណបាត់បង់ជីវិតកាលពីវេលាម៉ោង5និង20នាទីថ្ងៃទី 04 ខែកុម្ភៈ ឆ្នាំ 2018 នៅឯមន្ទីរពេទ្យអុបពីតាល់ឌឺហ្សឺដង់ ទីក្រុងហ្សឺដង់ ប្រទេសបារាំង៕


G-Devith ប្រកាសឈប់ Diss Track ពេញចិត្តអ្នកគាំទ្រតែម្ដង
តារាចម្រៀងរ៉េបដែលមានល្បឿនលឿនលោក G-Devith បានចេញបទចំរៀងមួយបទថ្មីដែលមានចំណងជើងថា ” ជឿជាក់លើខ្លួនឯង ” [ BELIEVE IN YOURSELF ] ក្នុងបទចម្រៀងនេះគឺលោកចង់សំដៅទៅកាន់អ្នកដែលបាក់ទឹកចិត្ត ទាំងរឿងស្នេហា រឿងការងារ ជាដើម ដើម្បីឱ្យតម្លៃខ្លួនឯងមានភាពជឿជាក់ថាខ្លួនឯង ។
បន្ទាប់ពីមានរឿងរ៉ាវជាច្រើនកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈនេះតារាចម្រៀង G-Devith បានសម្រេចចិត្តបញ្ចប់ជម្លោះ ដោយឈប់ធ្វើការតបតទៅ ឬឈ្លោះគ្នា ប្រើប្រាស់សម្ដីឌឺដងតាមចម្រៀងរ៉េបទៀត ហើយនៅមុននេះបន្តិច លោកបានរៀបរាប់ថា ៖ “ដំណឹងចែកជូនបងប្អូនអ្នកគាំទ្រ : ខ្ញុំមិនបានតបទៅអ្នកមកថ្មីទេបងប្អូន ហេតុផលព្រោះខ្ញុំខ្លាច ហើយខ្ញុំបាទឱ្យគាត់ទាំងពីរលេខ១ អរគុណ!”៕
ដើម្បីឱ្យជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖



Mickelson យកឈ្នះលើ Casey ដើម្បីលើកពាន Pebble Beach Pro-Am
កីឡាករវាយកូនគោល Phil Mickelson បានឈ្នះពានជាលើកទី50 ក្នុងអាជីពរបស់គេ ក្រោយពីបានវាយកូនគោលយ៉ាងល្អលើរន្ធ2 ចុងក្រោយនៃការប្រកួតក្នុងជុំចុងក្រោយដែលត្រូវបានពន្យារពេលរបស់គេ ដើម្បីឈ្នះពាន US PGA Pebble Beach Pro-Am។ កីឡាករសញ្ជាតិអាមេរិកវ័យ 48ឆ្នាំរូបនេះ បានវាយកូនគោលបញ្ចូលរន្ធយ៉ាងល្អក្នុងការប្រកួតលើរន្ធទី18 ដើម្បីបំពេញការប្រកួតជុំចុងក្រោយជាមួយនឹងពិន្ទុ65 និងបំពេញការប្រកួតលើរន្ធទាំង 72ជាមួយនឹងពិន្ទុសរុប 268ពិន្ទុ ដើម្បីផ្តួលកីឡាករអង់គ្លេស Paul Casey តាមរយៈការនាំមុខ 3ឈើ។
Casey ដែលក៏បានវាយកូនគោលបញ្ចូលឡូយ៉ាងល្អលើរន្ធទី18 ដើម្បីបំពេញការប្រកួតជុំចុងក្រោយដើម្បីរកបាន 71ពិន្ទុ និង Mickelson គឺជាកីឡាករទាំង 2នាក់ដែលត្រូវបានរំខានដោយសារតែភាពងងឹតក្នុងការប្រកួតជុំចុងក្រោយ កាលពីថ្ងៃអាទិត្យ ខណៈដែល Mickelson ត្រូវប្រកួតលើរន្ធ 2ទៀត និងបានយកឈ្នះតាមរយៈការនាំមុខ 3ឈើលើ Casey ដែលបានចាប់ផ្តើមប្រកួតម្តងទៀតលើរន្ធទី16។
វាជាការឈ្នះពានក្នុងកម្មវិធី PGA ជាលើកទី5 នៅលើទីលានPebble Beach សម្រាប់ Mickelson ដែលបានតាមស្មើកំណត់ត្រារបស់កីឡាករអាមេរិកដូចគ្នាគឺ Mark O’Meara។
រូបគេក៏បានក្លាយជាកីឡាករវ័យចំណាស់ជាងគេបំផុតក្នុងការឈ្នះពាន PGA ក្នុងព្រឹត្តិការណ៍នៅលើកោះនៃរដ្ឋ California នេះផងដែរ។
កីឡាករ Mickelson បានឱ្យដឹងថា៖ «វាបានក្លាយជាសប្តាហ៍ដ៏ពិសេសមួយសម្រាប់ខ្ញុំ។ នេះគឺជាកន្លែងដ៏ពិសេសសម្រាប់ខ្ញុំ។ គ្រប់ពេលដែលខ្ញុំមកទីនេះ ខ្ញុំមានអារម្មណ៍ដ៏ពិសេស»៕ 
ប្រភពពី៖ Channel News Asia 
លោក Di Francesco៖ Roma ត្រូវតែបង្ហាញមហិច្ឆតា ពេលប៉ះ Porto រាត្រីនេះ
លោក Eusebio Di Francesco គ្រូបង្វឹករបស់ក្រុម Roma បានអំពាវនាវឱ្យក្រុមរបស់លោកបង្ហាញពីមហិច្ឆតា នៅពេលប្រកួតជាមួយនឹងក្រុម Porto ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 16ក្រុមចុងក្រោយ ជើងទី1 របស់ពួកគេ នាកីឡដ្ឋាន StadioOlimpico ដើម្បីបង្ហាញពីភាពខ្លាំងរបស់ខ្លួនដែលត្រឡប់មកវិញ ក្រោយការធ្លាក់ចេញនាពេលថ្មីៗនេះ។
ក្រុម Roma បានធ្លាក់ចេញពីពាន Coppa Italia ក្រោយពីចាញ់ក្រុម Fiorentina ក្នុងលទ្ធផល 7-1 ប៉ុន្តែ បច្ចុប្បន្ន មិនស្គាល់ចាញ់សោះពីការប្រកួតក្របខ័ណ្ឌ Serie A 6លើកចុងក្រោយរបស់ពួកគេ ដើម្បីឈរនៅក្រៅចំណាត់ថ្នាក់ដែលត្រូវឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League។
លោក Di Francesco បានឱ្យដឹងថា៖ «ការប្រកួតនេះ គឺជាឱកាសដ៏ល្អក្នុងការបង្ហាញពីទម្រង់លេងដ៏ល្អមួយ និងការវិលទៅរកភាពរំភើបឡើងវិញ។ មានក្រុមអ៊ីតាលីដែលនៅសល់ត្រឹមតែ 2គត់ក្នុងយុទ្ធនាការនេះ យើងពិតជាមានមោទនភាពក្នុងការក្លាយជាក្រុមមួយក្នុងចំណោមនោះ។ យើងត្រូវតែមានគោលដៅឱ្យខ្ពស់»។ Roma បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន នៅមុនពេលធ្លាក់ចេញក្រោមស្នាដៃក្រុម Liverpool ប៉ុន្តែមិនធ្លាប់បានផ្តួលក្រុម Porto ដែលបានឈ្នះពាន Champions League 2លើកនោះទេ ហើយការឈ្នះពានលើកចុងក្រោយរបស់ពួកគេ បានកើតឡើងកាលពីឆ្នាំ2004 ក្រោមការដឹកនាំរបស់លោក Jose Mourinho។
ក្រុមរបស់លោក Sergio Conceicao បានឈានទៅវគ្គ 8ក្រុមចុងក្រោយ កាលពីឆ្នាំ2015 និងបានផ្តួលក្រុម Roma ក្នុងលទ្ធផលទាំង 2ជើង 4-1 ក្នុងការប្រកួតវគ្គ Playoff កាលពីរដូវកាលឆ្នាំ2016-2017។ Roma នឹងអវត្តមានខ្សែប្រយុទ្ធ Patrik Schick ដែលបានរងរបួសសាច់ដុំ ប៉ុន្តែខ្សែការពារ Kostas Manolas បានវិលទៅហ្វឹកហាត់វិញហើយ បើទោះបីអ្នកចាំទី Robin Olsen នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ៕ 
ប្រភពពី៖ Sport24
ភ្ញាក់ផ្អើលរូបភាព នៅ សូនីតា មានផ្ទៃពោះមិនទាន់រៀបការ
ពីមួយថ្ងៃទៅមួយថ្ងៃ នៅ សូនីតា អ្នកគាំទ្រសង្កេតឃើញថា នាងនិងគូស្នេហ៍ កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាកាន់តែខ្លាំង ។ យ៉ាងណាមិញកាលពីម្សិលមិញនេះ អ្នកនាង នៅ សូនីតា បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍របស់ខ្លួនទៀតហើយ ដោយរូបនាងបានរៀបចំ Surprise ខួបកំណើតឱ្យគូស្នេហ៍។
ផ្អែកលើសារដែលអ្នកនាង នៅ សូនីតា បានបង្ហោះអមជាមួយរូបថតជាច្រើនសន្លឹក បានរៀបរាប់ឱ្យដឹងថា «អរគុណបងប្អូនមិត្តភក្តិដែលបានសហការណ៍ថាsurprise តែម្ចាស់ដឹងមុនហើយ អត់ភ្ញាក់ផ្អើលដដែល។ ចង់ប្រាប់ថាស្រលាញ់បងប្អូនដែលទទួលការរាប់អាន យ៉ាងស្និទ្ធស្នាល និងរីករាយបំផុត អរគុណដល់ចុងភៅដ៏ចំណាន និងបងជ្រូក សម្រាប់ម្ហូបបែបបស្ចឹមប្រទេសដ៏ឈ្ងុយឆ្ងាញ់ hbd to u ពូ”។
ទោះជាយ៉ាងណាក្តី រូបភាពទាំងនេះបានបង្ហាញឱ្យឃើញថា អ្នកនាង នៅ សូនីតា បានរៀបចំ Surprise ខួបកំណើតឱ្យគូស្នេហ៍របស់ខ្លួនយ៉ាងរៀបរយ ក៏ប៉ុន្តែបែរជា Surprise មិនបានសម្រេចទៅវិញ។ ម៉្យាងវិញទៀត ភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ បានធ្វើឱ្យគ្រប់គ្នា ដែលជាអ្នកគាំទ្រឃើញហើយ លួចច្រណែនមិនតិចនាក់នោះទេ។ នៅពេលគេបានឃើញរូបភាពនៅក្នុងថ្ងៃកម្មវិធីនោះខួបកំណើត គេមើលឃើញរូបភាព និងរូបរាងរបស់តារាស្រីរូបនេះ ជាស្ដ្រីកំពុងមានទំងន់ 4 ខែក្នុងផ្ទៃ។
ក្រោយពេលបានឃើញរូបភាពនោះហើយ គេកត់សម្គាល់ឃើញថា បណ្ដាសារព័ត៌មានក្នុងស្រុកជាច្រើនបានចេញផ្សាយ ផ្ដោតសំខាន់ថា នៅ សូនីតា មានផ្ទៃពោះរយៈពេល 4 ខែ ទាំងមិនទាន់មានដំណឹងរៀបការជាមួយគូស្នេហ៍នៅឡើយទេ។ បើទោះបីជាមានការចេញផ្សាយច្រើនពិតមែន តែតារាស្រីមួយដួងនេះ នៅមិនទាន់មានប្រតិកម្ម ឬចេញការបកស្រាយបដិសេធនៅឡើយផងដែរ៕


ក្រុមអភិរក្សអក្សរសាស្រ្តខ្មែរបង្ហាញទង្វើដឹងគុណនិងថ្វាយបង្គំមាតាបិតា
កាលពីថ្ងៃទី10 កុម្ភៈ ក្រុមអភិរក្សអក្សរសាស្រ្តខ្មែរ និងក្រុមអង្គការខ្ញុំខ្មែរ បានរួមគ្នាធ្វើកម្មវិធីមួយគួរឱ្យសរសើរដោយអោយក្មេងៗដែលជាសមាជិកក្នុងក្រុមទាំងពីរខាងលើមកធ្វើពិធីសុំទោសឪពុកម្ដាយ និងថ្វាយបង្គំអ្នកមានគុណ ដោយក្នុងពិធីនោះគេឃើញអ្នកមានគុណច្រើនគ្រួសារមកចូលរួម ខណៈដែលក្មេងៗ និងឪពុកម្ដាយដែលបានចូលរួមសុទ្ធតែបានបង្ហូរទឹកភ្នែក នៅពេលព្រះសង្ឃមានសង្ឃដីកាពីគុណរបស់ឪពុកម្ដាយ និងពីភាពមើលរំលងរបស់កូនៗអ្នកមានគុណ។
លោក ខេមរៈ ប៊ុណ្ណា ប្រធានក្រុមអភិរក្សអក្សរសាស្រ្តខ្មែរ បានប្រាប់សារព័ត៌មានឡារ៉ែនថា ដោយសារតែលោកបានបង្កើតក្រុមអភិរក្សអក្សរសាស្រ្ត ហើយប្រមូលបានយុវវ័យជាក្មេងៗជាច្រើនឱ្យទទួលចំណេះដឹងផ្នែកអក្សរសាស្ត្រ និងធ្វើសកម្មភាពសប្បុរសធម៌ដូចជារ៉ៃអង្គាសថវិកា និងប្រមូលថវិកាយកទៅជួយដល់ស្រ្តីសម្រាលកូនខ្វះខាត បានកាន់តែចំនួនច្រើននាក់ ទើបលោកសម្រេចចិត្តធ្វើកម្មវិធីជួបជុំធំមួយកាលពីថ្ងៃអាទិត្យទី10 កុម្ភៈ ដោយបានអញ្ជើញឪពុកម្ដាយរបស់កូនសិស្ស និងសមាជិកមកជួបជុំគ្នា ហើយធ្វើពិធីឱ្យក្មេងៗសំពះសុំទោស និងលើកជើងអ្នកមានគុណដាក់ទូលលើក្បាល ដើម្បីបង្រៀនអោយក្មេងៗដឹងថាការសំពះឪពុកម្ដាយ និងហ៊ានលើកជើងរបស់អ្នកមានគុណដាក់ទូលលើក្បាល គឺជារឿងដែលប្រសើរជាងថ្វាយបង្គំព្រះពុទ្ធទៅទៀត ដោយសារតែអ្នកមានគុណគឺមានតម្លៃជាងព្រះនៅក្នុងវិហារទៅទៀត។
លោកថា វាលើកទីដំបូងហើយដែលក្រុមសប្បុរសធម៌របស់លោកសម្រេចចិត្តរៀបចំពិធីនេះឡើង ដោយគោលបំណងសំខាន់គឺក្រៅពីឱ្យយុវវ័យជាកូនសិស្សយល់ដឹងពីការងារសង្គមហើយ ក៏ត្រូវតែចេះកត្តញូចំពោះឪពុកម្ដាយ ដោយត្រូវពលីចំពោះអ្នកមានគុណក្រោយពេលខ្លួនកាន់តែចំរើនវ័យនោះផងដែរ។ លោកថាក្មេងៗភាគច្រើនមិនហ៊ានទាំងលើកដៃសំពះឪពុកម្ដាយផង តែហ៊ានថ្វាយបង្គំព្រះ និងចេះអោនលំទោនចំពោះអ្នកដទៃ ទើបលោកសម្រេចចិត្តរៀបចំពិធីនេះឡើង ដោយបានសហការជាមួយព្រះសង្ឃ ដើម្បីអោយព្រះសង្ឃមកជួយផ្ដល់ឱវាទ និងបាសហការជាមួយអង្គការខ្ញុំខ្មែរ បន្ទាប់ពីបានចូលរួមជាមួយអង្គការខ្ញុំខ្មែរក្នុងសកម្មភាពសប្បុរសធម៌ជាច្រើន៕


ថេណា ប្រកាសមិនទទួលខុសត្រូវករណីវីដេអូរបស់លោកត្រូវបានយកទៅបង្ហោះបន្ដ
មុននេះតារាចម្រៀងជំនាន់ថ្មី លោក ថេណា បានចេញសារសុំទោសចំពោះមហាជនទាំងអស់ និងធ្វើការលុបវីដេអូបទចម្រៀងថ្មីរបស់ខ្លួនចេញពីបណ្ដាញសង្គមយូធូប ដែលមានចំណងជើងថា « អេម » ។
មុននេះបន្ដិច សារព័ត៌មានឡារ៉ែន បានទទួលដំណឹងថា លោក ថេណា បានធ្វើការបញ្ជាក់ថា លោកធ្វើការសំទោសទៅដល់អ្នកទាំងអស់គ្នាដែលមិនពេញចិត្តនៅចម្រៀងមួយបទនេះ។ លោកថា ខ្ញុំដឹងថាប៉ារ៉ូលវាខ្លាំងតែចម្រៀងបែបនេះមិនមែនមានតែខ្ញុំទេដែលធ្វើបងប្អូនមានចម្រៀងបរទេសចម្រៀងខ្មែរថៃនឹងប្រទេសច្រើនណាស់ដែល rap បារូលបែបនេះខ្លាំងជាងខ្ញុំផងសិល្បន័យការ rap វាតែងតែមានពាក្យធ្ងន់ខ្លះហើយបងប្អូនហើយខ្ញុំក៏បានដាក់ logo ដែលខ្ញុំគូរង្វង់សនឹងហើយដាក់ថា 18+ ទៀតហើយខ្ញុំគ្រាន់តែជាអ្នកធ្វើភ្លេងតាម internet តែប៉ុណ្ណោះមិនមែនអ្នកចម្រៀងផ្លូវការឯណាហើយបទនេះពួកខ្ញុំធ្វើលែងទុកស្ដាប់ជាមួយមិត្តភ័ក្ដិខ្ញុំតែប៉ុណ្ណោះតែក៏ឃើញ fans របស់ខ្ញុំគាត់ចូលចិត្តក៏បង្ហោះទៅមិនបានលក់លើកទីផ្សានោះទេខ្ញុំដឹងថាទោះនិយាយយ៉ាងមិចក៏នៅតែមានកំហុសព្រោះមនុស្សមានការគិតខុសគ្នាតែចង់បកស្រាយប្រាប់អ្នកទាំងអស់គ្នា។
លោកបានបញ្ជាក់បន្ថែមថា ពួកយើងនឹងធ្វើការ remove បទចម្រៀងមួយបទនេះចេញសំទោសអ្នកទាំងអស់គ្នាផងបាទអរគុណបាទសំរាប់អ្នកដែលយកvideoទៅ post បន្តយើងមិនទទួលខុសត្រូវនោះទេ៕



14 កុម្ភៈ គួរបរិច្ចាគឈាមជួយជីវិតមនុស្ស កុំបរិច្ចាគខ្លួនដល់មនុស្សមិនឱ្យតម្លៃលើក្តីស្រឡាញ់
ទិវានៃក្តីស្រឡាញ់ ថ្វីដ្បិតតែមិនមែនជាថ្ងៃប្រពៃណីសាសនារបស់កម្ពុជា តែអត្ថន័យរបស់ថ្ងៃនេះក៏មិនប៉ះពាល់ធ្ងន់ធ្ងរពេកនោះទេដល់ការរស់នៅក្នុងសង្គម ប្រសិនបើប្រជាជនយល់ច្បាស់ពីតម្លៃអប់រំ និងជួយជំរុញឱ្យមានក្តីស្រឡាញ់កាន់តែច្រើនឡើងក្នុងការរស់នៅ។
ជារៀងរាល់ឆ្នាំ ប្រជាជនកម្ពុជាបានចូលរួមប្រារព្ធពិធីជាច្រើនទាំងបែបខ្មែរ បែបអ៊ិស្លាម បែបចិន និងបែបអឺរ៉ុប។ ក្នុងនោះទិវា ឬតម្លៃអប់រំនៃកម្មវិធីនីមួយៗសុទ្ធតែអប់រំមនុស្សឱ្យធ្វើល្អ ចេះចែករំលែក មានចិត្តកត្តញ្ញូ និងស្រឡាញ់គ្នា។ កន្លងមកផលប៉ះពាល់ដែលកើតចេញពីពិធីទាំងអស់នោះភាគច្រើនមកពីការអនុវត្តខុស ដោយមិនយល់ ឬដោយបំពានពីបុគ្គលដែលចង់ឆ្លៀតឱកាសកេងចំណេញពីពិធីទាំងអស់នោះ។
ជាក់ស្តែង ទិវានៃក្តីស្រឡាញ់ មានអត្ថន័យអប់រំឱ្យមនុស្សចេះគោរពស្រឡាញ់គ្នា ចេះដឹងគុណគ្នា មិនខុសប៉ុន្មានពីបុណ្យ និងតម្លៃអប់រំរបស់ខ្មែរនោះទេ តែយុវវ័យមួយចំនួនបែរជាឆ្លៀតឱកាសបង្វែរទិវាដ៏មានអត្ថន័យល្អនេះទៅជារឿងទិវាបុណ្យសង្សារ ឬអ្នកខ្លះចាត់ទុកថា ជាទិវាបរិច្ចាគខ្លួនទៅវិញ។ ការយល់ខុសបែបនេះបានជះផលអវិជ្ជមាន និងបង្កក្តីព្រួយបារម្ភជាច្រើនសម្រាប់ប្រជាជនខ្មែរទូទៅ ជាពិសេសអាណាព្យាបាលដែលមានកូនស្រី។
ទន្ទឹមនឹងមានក្តីបារម្ភខ្លាចក្រែងយុវជនឆ្លៀតឱកាសប្រើប្រាស់បាច់ផ្កាមួយបាច់ប្តូរបានខ្លួនប្រាណយុវនារីវ័យក្មេងនៅថ្ងៃទី14កុម្ភៈនេះ ក្រសួងពាក់ព័ន្ធ និងក្រសួងវប្បធម៌ក៏បានចេញសេចក្តីណែនាំឱ្យយុវជនយល់ឱ្យបានច្បាស់ថា ទិវានេះមិនមែនជាថ្ងៃបុណ្យសង្សារដូចដែលយុវវ័យគិតនោះទេ និងក៏មិនមែនជាឱកាសដើម្បីប្រព្រឹត្តសកម្មភាពមិនគប្បីនោះដែរ តែជាថ្ងៃល្អសម្រាប់ចែករំលែកក្តីស្រឡាញ់ដល់មនុស្សគ្រប់គ្នា ជាពិសេសជនដែលកំពុងត្រូវការជំនួយ។ ស្របជាមួយគ្នានេះដែរ មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏ចាប់ផ្តើមធ្វើសកម្មភាពដើម្បីបង្វែរចំណាប់អារម្មណ៍របស់យុវជន និងប្រជាជនខ្មែរឱ្យកាត់បន្ថយសកម្មភាពអវិជ្ជមានដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ មកចូលរួមបរិច្ចាគឈាមដើម្បីជួយដល់ជនរងគ្រោះដែលកំពុងត្រូវការការជួយជីវិតជារៀងរាល់ថ្ងៃនៅក្នុងមន្ទីរពេទ្យវិញប្រសើរជាង។
ការឱ្យតម្លៃលើក្តីស្រឡាញ់ពិតប្រាកដ គឺការផ្តល់ក្តីស្រឡាញ់ដោយមិនចង់បានផលតបស្នង ឬមានគំនិតអាត្មានិយមដែលបង្កប់ដោយភាពបោកប្រាស់នោះឡើយ ហេតុនេះការផ្តល់ឈាមដើម្បីសង្គ្រោះជីវិតមនុស្សទូទៅ ជាការផ្តល់ក្តីស្រឡាញ់ប្រកបដោយអត្ថន័យជ្រាលជ្រៅ និងប្រសើរជាងការបរិច្ចាគខ្លួនប្រាណដែលនឹងទទួលបានមកវិញនូវវិបត្តិ៕

ថេណា ចេញសារសុំទោស និងលុបវីដេអូចម្រៀងចេញពីយូធូប
មុននេះបន្ដិច មានការរិះគន់យ៉ាងចាស់ដៃចំពោះបទចម្រៀងរបស់លោក ថេណា ដែលមានចំណងជើងថា « អេម » នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ជាការពិតណាស់ ទាំងអ្នកសិល្បៈ និងមហាជន សុទ្ធតែយល់ឃើញថា បទចម្រៀងថ្មីរបស់លោក ថេណា មួយនេះ បានបង្កប់អត្ថន័យស្រើបស្រាវ និងស្ដាប់ហើយមានអារម្មណ៍ក្ដៅសាច់ហូរឈាមតាមច្រមុះ ដែលជាហេតុផលទាក់ទាញឱ្យយុវវ័យមានភាពភ្លើតភ្លើន ស្លុងអារម្មណ៍ ហើយអាចជ្រុលនិងប្រព្រឹត្តទង្វើមិនសមសីលធម៌ ប្រពៃណីខ្មែរ នាថ្ងៃបុណ្យក្ដីស្រឡាញ់ 14 កុម្ភៈខាងមុខ។
យ៉ាងណាមិញ ក្រោយផ្ទុះមតិប្រតិកម្មច្រើននៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ថេណា បានសម្រេចចិត្តចេញសារសុំទោសថា « ពួកយើងនឹងធ្វើការ Remove ( លុប ) បទចម្រៀងមួយបទនេះចេញ សុំទោសអ្នកទាំងអស់គ្នាផងបាទ អរគុណបាទ »៕
