Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមបាល់ទាត់​ជម្រើសជាតិ U-22 ថៃ ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​នឹងប្រកួត​ក្នុង​​ស៊ី​ហ្គេម​នៅ​កម្ពុជា

    ក្រុមបាល់ទាត់​ជម្រើសជាតិ U-22 ថៃ ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​នឹងប្រកួត​ក្នុង​​ស៊ី​ហ្គេម​នៅ​កម្ពុជា

    នៅក្នុង​បញ្ជី​ឈ្មោះ​ស្ដីពី​កីឡាករ 20 រូប​របស់​ក្រុម U-22 ថៃ ដែល​នឹងចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ក៏មាន​កីឡាករ​សំខាន់​បី​រួប រួមមាន Jonathan Khemdee, Teerasak Poeiphimai និង Airafan Doloh ។

    សហព័ន្ធ​បាល់ទាត់​ថៃ បានប្រកាស​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​កីឡាករ 20 រូប​ដែល​នឹងត្រូវ​ចូលរួម​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ​លើក​ទី 32 នៅ​កម្ពុជា។ នៅក្នុង​បញ្ជី​ឈ្មោះ​នេះ ខ្សែការពារ Jonathan Khemdee, ខ្សែប្រយុទ្ធ Teerasak Poeiphimai និង​ខ្សែបម្រើ Airafan Doloh សុទ្ធ​តែមាន​វត្តមាន។

    ក្រៅពីនេះ កីឡាករ​ពីររូប​ដែល​ទាត់​នៅ​អឺរ៉ុប គឺ Chayapipat និង Achitpol Keereerom ក៏មាន​ឈ្មោះ​នៅក្នុង​បញ្ជី U-22 ថៃ​ផងដែរ។ គ្រូបង្វឹក Issataro របស់​ថៃ នាំយក​អ្នកចាំទី​មកកាន់​ស៊ី​ហ្គេម​តែ​ពីររូប​ប៉ុណ្ណោះ រួមមាន Thirawoot Sraunson និង Soponwit Rakyart ។

    ខ្សែការពារ​របស់ U-22 ថៃ នៅ​ស៊ី​ហ្គេម​លើក​នេះ​មាន 7 នាក់ រួមមាន Khemdee, Apisit Saenseekammuan, Chatmongkol Rueangthanarot, Songchai Thongcham, Bukkoree Lemdee, Jakkapong Sanmahung និង Pongsakorn Trisat។ ខ្សែបម្រើ​រួមមាន Airfan Doloh, Chayapipat Supunpasuch, Purachet Thodsanit, Settasit Suvannaseat, Channarong Promsrikaew, Thirasak Prueangna, Anan Yodsangwal និង Leon James ។ ចំណែក​ខ្សែប្រយុទ្ធ​មាន​បីនាក់ គឺ Teerasak Poeiphimai, Yotsakorn Burapha និង Achitpol Keereerom ។

    Teerasak Poeiphimai ក៏​មាន​ឈ្មោះ​ក្នុង​បញ្ជី​ផ្លូវ​ការ​ស្ដី​ពី​កីឡាករ​ដែល​ត្រូវ​ចូល​រួម​ប្រកួត​នៅ​ស៊ីហ្គេម​កម្ពុជា

    យោងតាម​ផែនការ ថ្ងៃទី 27 មេសា​នេះ ក្រុម U-22 ថៃ នឹងធ្វើ​ដំណើរ​មក​កម្ពុ​ជា ដើម្បី​ត្រៀមខ្លួន​ចូល​ប្រកួត​នៅ​ស៊ី​ហ្គេម។ គោលដៅ​របស់​ពួកគេ​គឺ​មេដាយមាស​កីឡាបាល់ទាត់ ដែល​បច្ចុប្បន្ន​ក្រុម​វៀតណាម​គឺជា​អ្នកការពារ។

    កាលវិភាគ​នៃ​ការប្រកួត​បង្ហាញថា U-22 ថៃ នឹង​ចាប់ផ្ដើម​ដំណើរការ​ឆ្ពោះទៅរក​មេដាយ​ដោយ​ការ​ប៉ះ​នឹង​ក្រុម U-22 សិង្ហ​បុរី នៅ​ថ្ងៃទី 30 មេសា​ខាងមុខ។ បន្ទាប់មក U-22 ថៃ ​នឹងត្រូវ​ប្រកួត​ជាមួយ U-22 ម៉ាឡេស៊ី​នៅ​ថ្ងៃទី 06 ឧសភា និង ឡាវ​នៅ​ថ្ងៃទី 08 ឧសភា។ ចំណែក​ការប្រកួត​ចុងក្រោយ​របស់​ថៃ​នៅ​វគ្គ​ចែក​ពូ​ល​ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី 11 ឧសភា ដោយ​ត្រូវ​ប៉ះ​ក្រុម​វៀតណាម៕

  • វត្ថុ​ធាតុ​​ចម្លង​កម្រិត​ខ្ពស់​​ជួយ​រុញ​ច្រាន​​រថយន្ត​​ឱ្យ​បរ​​ក្នុង​ល្បឿន​ជាង 600 គីឡូម៉ែត្រ/ម៉ោង

    វត្ថុ​ធាតុ​​ចម្លង​កម្រិត​ខ្ពស់​​ជួយ​រុញ​ច្រាន​​រថយន្ត​​ឱ្យ​បរ​​ក្នុង​ល្បឿន​ជាង 600 គីឡូម៉ែត្រ/ម៉ោង

    ក្រុម​អ្នកវិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ Houston សហរដ្ឋ​អាម៉េរិក ស្នើឱ្យ​ប្រើប្រាស់​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់​ដើម្បី​រុញច្រាន​រថយន្ត​ដឹក​អ្នកដំណើរ និង​ទំនិញ ឱ្យ​រត់​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​បំពាក់​ក្នុង​​ផ្លូវ​ល្បឿន​លឿន​នាបច្ចុប្បន្ន។

    គំនិត​ដែល​លើកឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ មិន​ត្រឹម​តែមាន​សក្ដានុពល​ក្នុងការ​កាត់បន្ថយ​ការចំណាយ​លើ​ដំណើរ​ការ​​របស់​ប្រព័ន្ធនីមួយៗនោះ​តែ តែ​ថែមទាំង​ផ្លាស់ប្ដូរ​វិធី​រក្សាទុក និង​ការ​​ដឹកជញ្ជូន​អ៊ីដ្រូសែន​រាវ​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ប្រភព​ថាមពល​ស្អាត​សំខាន់​មួយ​ក្នុង​អនាគត។ អ៊ីដ្រូសែន​នឹងត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បញ្ចុះ​កម្ដៅ​បណ្ដាញ​ដែល​ស្ថាបនា​ពី​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់ កាត់បន្ថយ​តម្រូវការ​ស្ថាបនា​បណ្ដាញ​លូ​ពិសេស​សម្រាប់​បញ្ចុះ​កម្ដៅ​វត្ថុ​ធាតុ​ចម្លង​បាន​រហូតដល់ -253.3 អង្សា​សេ។ សំណើ​ខាងលើនេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី APL Energy និង​ត្រូវបាន​ទំព័រ Interesting Engineering ផ្សាយ​បន្ត​កាលពី​ថ្ងៃទី 25 មេសា 2023។

    ការភ្ជាប់​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់​ (superconductor) ​ទៅក្នុង​ផ្លូវ​ល្បឿន​លឿន​នាបច្ចុប្បន្ន និង​ការ​បន្ថែម​មេដែក​ទៅក្នុង​រថយន្ត​ នឹង​ជួយ​លុបបំបាត់​តម្រូវការ​បញ្ចុះ​កម្ដៅ​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់​នៅលើ​រថយន្ត។ រូបមន្ត​នេះ​គឺ​យោងទៅលើ​អ៊ីដ្រូសែន​ដើម្បី​បញ្ចុះ​កម្ដៅ​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់ ​នៅពេល​រថយន្ត​ផ្លាស់​ទី​តាម​បណ្ដោយ​ប្រព័ន្ធ​នេះ។

    បច្ចេកវិទ្យា​វត្ថុធាតុ​ចម្លង​កម្រិត​ខ្ពស់ (Superconductivity​) កំពុង​ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​ ព្រោះ​វា​ជួយ​ឱ្យ​វត្ថុ​មួយ​អាច​អណ្ដែត​ខ្លួន​ក្នុង​បរិយាកាស

    យោងតាម​ក្រុម​អ្នកស្រាវជ្រាវ នៅ​ពេល​មធ្យោបាយ​ដឹកជញ្ជូន​ដែលមាន​គ្រោងឆ្អឹង​បំពាក់​​ម៉ាញ៉េ​ទិច​ ចូល​ដល់​​​បណ្ដាញ​ផ្លូវ​ទំនើប​នេះ វា​​នឹង​អណ្ដែត និង​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន​ ឆ្ពោះ​ទៅកាន់​គោលដៅ។ បន្ទាប់ពី​មធ្យោបាយ​ដឹកជញ្ជូន​បាន​ចាក​ចេញពី​ផ្លូវ​ទំនើប​នេះ វា​នឹងធ្វើ​ដំណើរ​តាមបែប​ធម្មតា ដូច​ទៅ​នឹង​រថយន្ត​បច្ចុប្បន្ន​។

    ប្រព័ន្ធ​បែបនេះ​អាចធ្វើឱ្យ​ចរាចរណ៍​ផ្លូវអាកាស និង​ការដឹកជញ្ជូន​ទំនិញ​ដូច​សព្វថ្ងៃ​ ក្លាយជា​រឿង​ហួស​សម័យ ព្រោះថា វា​អនុញ្ញាតឱ្យ​មធ្យោបាយ​ធ្វើដំណើរ​ផ្ទាល់ខ្លួន និង​ពាណិជ្ជកម្ម ផ្លាស់​ទី​ក្នុង​ល្បឿន 645 គីឡូម៉ែត្រ/ម៉ោង ហើយ​អាច​លឿន​ជាង​នេះ​ទ្វេដង។ នេះ​បើតាម Zhifeng Ren ប្រធាន​មជ្ឈមណ្ឌល​វត្ថុ​ធាតុ​ចម្លង​កម្រិត​ខ្ពស់​នៅ​រដ្ឋ Texas សហរដ្ឋ​អាម៉េរិក។

    រថភ្លើងល្បឿនលឿនទំនើបដែលបំពាក់បច្ចេកវិទ្យា Maglev នេះ ក៏ប្រើបច្ចេកវិទ្យា Superconductivity

    ប្រព័ន្ធ​ខាងលើ​ក៏នឹង​ចូល​រួម​​កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ ឬ​អគ្គិសនី​បាន​យ៉ាងច្រើន​ផងដែរ។ ទន្ទឹមនឹងនេះ រថយន្ត​ដែល​បរ​លើ​ប្រព័ន្ធ​នេះ​ក៏​ជួយ​កាត់បន្ថយ​ការចំណាយ និង​ការ​បំ​ភាយ​ឧស្ម័ន​ពុល​ទៅក្នុង​បរិស្ថាន៕

  • អាជ្ញាធរ​ភ្នំ​ពេញ​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​កន្លែង​​​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​ទាត់​របស់​ក្រុម​​​កម្ពុជា​នៅ​ស៊ីហ្គេម​

    អាជ្ញាធរ​ភ្នំ​ពេញ​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​កន្លែង​​​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​ទាត់​របស់​ក្រុម​​​កម្ពុជា​នៅ​ស៊ីហ្គេម​

    សួនច្បារ​មុខ​វត្ត​បទុមវតី បុរី​ប៉េងហួត​បឹង​ស្នោរ​ និង​ទីលាន​ប្រជាធិបតេយ្យ​ជា​ដើម​ នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​​សម្រាប់​ការ​​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​ទាត់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួតកីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី 32​។

    ខាង​ក្រោម​នេះ​គឺជា​សេចក្ដី​ជូន​ដំណឹង​​របស់​អាជ្ញាធរ​រាជធានី​ភ្នំ​ពេញ ស្ដី​ពី​កន្លែង​​​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​ទាត់​របស់​ក្រុម​​​កម្ពុជា​នៅ​ស៊ីហ្គេម​​លើក​ទី 32 ៖

  • ​ម្ចាស់​ជើង​ឯក​បាល់​ទាត់​​​ស៊ីហ្គេម​បាន​មក​ដល់​កម្ពុជា​ ត្រៀមខ្លួន​​​ដើម្បី​ការពារ​​មេដាយ​មាស

    ​ម្ចាស់​ជើង​ឯក​បាល់​ទាត់​​​ស៊ីហ្គេម​បាន​មក​ដល់​កម្ពុជា​ ត្រៀមខ្លួន​​​ដើម្បី​ការពារ​​មេដាយ​មាស

    ក្រុមបាល់ទាត់​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​វៀតណាម បាន​មកដល់​រាជធានី​ភ្នំពេញ​ហើយ ក្រោយពី​ធ្វើដំណើរ​មិន​ដល់​មួយ​ម៉ោង តាម​យន្តហោះ​ពី​ទីក្រុង​ហូជីមិញ (ព្រៃនគរ)។

    ការមកដល់​របស់​ក្រុម U-22 វៀតណាម បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​ក្រុម​បុគ្គលិក​ការិយាល័យ​ជួរមុខ​របស់​សហព័ន្ធ​បាល់ទាត់​វៀតណាម (VFF) បានមក​កាន់​ភ្នំ​ពេញ​​ដើម្បី​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា​ទាក់ទង​នឹង​​កន្លែង​ស្នាក់នៅ​ហូបចុក និង​រៀបចំ​កាលវិភាគ​សម្រាប់​ការហ្វឹកហាត់។

    សណ្ឋាគារ​ដែល​ក្រុម​ជម្រើសជាតិ U-22 វៀតណាម​ត្រូវ​ស្នាក់នៅ​ក៏​ជា​កន្លែង «បោះទ័ព» របស់​ក្រុមបាល់ទាត់​បុរស នារី​ទាំង 17 ក្រុម​ ដែល​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    ល្ងាច​ថ្ងៃនេះ កូនសិស្ស និង​គ្រូបង្វឹក Philippe Trousier នឹង​ចាប់ផ្ដើម​ការហ្វឹកហាត់​ដំបូង​នៅលើ​ទឹកដី​កម្ពុជា ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​បើកឆាក​នៅ​ពូ​ល B ដែល U-22 វៀតណាម​​ត្រូវ​ប៉ះ U-22 ឡាវ ​នៅ​ថ្ងៃទី 30 មេសា។ ទីលាន​ហ្វឹកហាត់​របស់ U-22 វៀតណាម មាន​ចម្ងាយ​ប្រហែល​ជាង 20 នាទី​ពី​សណ្ឋាគារដែល​ពួក​គេ​ស្នាក់​នៅ បើសិន​ជិះ​តាម​រថយន្តក្រុង៕

    គ្រូបង្វឹក​របស់​ក្រុម​បាល់​ទាត់​វៀតណាម លោក Philippe Troussier (ស្ដាំ)

     

  • Toyota វិនិយោគ 746 លាន​ដុល្លារ​ដើម្បី​ផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី

    Toyota វិនិយោគ 746 លាន​ដុល្លារ​ដើម្បី​ផលិត​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី

    ក្រុម​​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Toyota Motor នឹង​វិនិយោគ 100 ពាន់​លាន​យេន (ប្រហែល 746 លាន​ដុល្លារ​អាម៉េរិក) ដើម្បី​បង្កើន​ការផលិត​ឱ្យបាន 40% បន្ថែមទៀត ទៅតាម​ផែនការ​ដែល​បានកំណត់។

    ថ្ម​ផ្ទុក​ថាមពល​គឺជា​គន្លឹះ​ដើម្បី​សម្រេចបាន​គោលដៅ​នៅក្នុង​ការផលិត​រថយន្ត​អគ្គិសនី​ថ្មី​របស់ Toyota។ ក្រុមហ៊ុន​នេះ​មាន​គម្រោង​លក់​រថយន្ត​អគ្គិសនី​ឱ្យបាន 1.5 លាន​គ្រឿង​នៅ​ឆ្នាំ 2026 កើន 62 ដង​ធៀប​នឹង 24,000 គ្រឿង​ដែល​បាន​លក់​ចេញ​កាលពី​ឆ្នាំ 2022។

    ដោយមាន​ខ្ទង់​វិនិយោគ​ខាងលើ Prime Planet Energy & Solutions ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Toyota នឹង​បង្កើន​ការផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី​នៅ​ជប៉ុន។ យោងតាម Nikkei Asia ក្រុមហ៊ុន​នេះ​មាន​គម្រោង​ជ្រើសរើស​បុគ្គលិក​បន្ថែម​រាប់ពាន់នាក់​ទៀត។ ដំណើរការ​ផលិត​រប​ស់​ក្រុមហ៊ុន Prime Planet Energy & Solutions នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ 2026។

    Toyota មាន​ភាគហ៊ុន 51% នៅក្នុង​ក្រុមហ៊ុន Prime Planet Energy & Solutions គ្រា​ដែល Tesla និង Panasonic Holdings ក្ដោប​ក្ដាប់​ភាគហ៊ុន 49%។

    យោងតាម​ក្រុមហ៊ុន Techno Systems Research កាលពី​ឆ្នាំ 2022 Toyota របស់​ជប៉ុន រួមចំណែក​តែ 1% ប៉ុណ្ណោះ​នៅក្នុង​ទីផ្សារ​ថ្ម​ផ្ទុក​ថាមពល​របស់​ពិភពលោក ខណៈ​ដែល​​ក្រុមហ៊ុន​ចិន CATL ក្ដោប​ក្ដាប់​ទីផ្សារ​ថ្ម 47.5%, BYD របស់​ចិន មាន 15.8%, LG Energy Solution របស់​កូរ៉េខាងត្បូង​ឈរ​លំដាប់​ទី​បី និង Panasonic របស់​ជប៉ុន ជាប់​ចំណាត់ថ្នាក់​លេខ​បួន៕

    ថ្មផ្ទុក​ថាមពល​ដែល​បំពាក់​លើ​រថយន្ត​អគ្គិសនី
    រថយន្តអគ្គិសនី​របស់​ក្រុម​ហ៊ុន​ Toyota
  • រថភ្លើង «អណ្ដែត» ល្បឿន​មហា​លឿន​ដំណើរការ​សាកល្បង​ដោយ​ជោគជ័យ

    រថភ្លើង «អណ្ដែត» ល្បឿន​មហា​លឿន​ដំណើរការ​សាកល្បង​ដោយ​ជោគជ័យ

    ក្រុមហ៊ុន​ឧស្សាហកម្ម និង​វិទ្យាសាស្ត្រ​អាកាសចរណ៍​អវកាស​ចិន បានធ្វើ​តេស្ត​ជោគជ័យ​នូវ​រថភ្លើង​អណ្ដែត (Maglev Train) ដែល​ដំណើរការ​ដោយ​ថាមពល​ម៉ាញ៉េ​ទិច និង​អគ្គិសនី​ ដែល​អាច​បរ​ក្នុង​ល្បឿន​មហា​លឿន​។

    នេះ​គឺជា​ការសាកល្បង​ដំបូង​ចំពោះ​រថភ្លើង​អណ្ដែត​ល្បឿន​មហា​លឿន​គំរូ​ពេញលេញ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន។ នៅពេល​សម្រេច​ជា​ស្ថាពរ រថភ្លើង​ប្រភេទ Maglev នេះ​អាចធ្វើ​ដំណើរ​បាន​ក្នុង​ល្បឿន 1,000 គីឡូម៉ែត្រ/ម៉ោង​នៅក្នុង​លក្ខខណ្ឌ​ល្អ។

    ​ត្រូវបាន​អភិវឌ្ឍ​ដោយ​សាជីវកម្ម​ឧស្សាហកម្ម និង​វិទ្យាសាស្ត្រ​អាកាសចរណ៍​អវកាស​ចិន (CASIC) គម្រោង​រថភ្លើងអណ្ដែត​ T-Flight កំពុង​ឆ្ពោះទៅកាន់​គោល​ដៅ​​ដឹក​អ្នកដំណើរ និង​ទំនិញ​ក្នុង​ល្បឿន 1,000 គីឡូម៉ែត្រ ឬ​លឿន​ជាង​នេះ​ នៅក្នុង​លំហ​កម្រិត​ទាប​នៃ​ផ្លូវដែក​រាង​បំពង់។ បើសិនជា​ជោគជ័យ នេះ​នឹង​ក្លាយជា​បច្ចេកវិទ្យា​ដឹកជញ្ជូន​លើដី​ដែល​លឿន​បំផុត​លើ​ពិភពលោក។

    រថភ្លើង​ប្រភេទ​នេះ នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ដឹកជញ្ជូន​រវាង​ទីក្រុង​ទំនើប​ៗ​នាពេល​អនាគត។ ប៉ុន្តែ ក្រុម​អ្នកជំនាញ​បានឱ្យដឹងថា បច្ចេកវិទ្យា​នេះ​ត្រូវការ​ធ្វើតេស្ត​ជាច្រើន​ទៀត​ដើម្បី​សម្រេចបាន​ល្បឿន 1,000 គីឡូម៉ែត្រ/ម៉ោង។ កន្លងមក ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​ធ្លាប់បាន​ធ្វើតេស្ត​ល្បឿន 623 គីឡូម៉ែត្រ/ម៉ោង នៅក្នុង​លក្ខខណ្ឌ​ធម្មតា។

    ក្រុម​អ្នក​វិទ្យាសាស្ត្រ​ចិន​ ធ្វើ​តេស្ត​រថភ្លើង​ប្រភេទ​អណ្ដែត ល្បឿនមហា​លឿន

    «បន្ទាប់មក យើង​នឹង​ធ្វើ​តេស្ត​​​ច្រើនជាង​នេះ​នៅលើ​ផ្លូវ​សាកល្បង​ដំណាក់កាល​ទីមួយ​នៅ​ខេត្ត Shanxi ដើម្បី​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​ប្រព័ន្ធ​ទាំងមូល។ យើង​នឹង​ពង្រីក​បណ្ដាញ​ផ្លូវ និង​ធ្វើការ​វាយតម្លៃ​លើផ្លូវ​ឆ្ងាយ និង​ល្បឿន​លឿន​ជាង​មុន» Li Ping ដែលជា​សមាជិក​របស់​គម្រោង​រថភ្លើង T-Flight បញ្ជាក់​ដូច្នេះ​។

    ប្រទេស​ចិន បច្ចុប្បន្ន​កំពុងដំណើរកា​រ​រថភ្លើង​ល្បឿន​លឿន​រាង​គ្រាប់កាំភ្លើង​ដែល​អាចធ្វើ​ដំណើរ​បាន 350 គីឡូម៉ែត្រ/ម៉ោង។

  • កម្ដៅ​របស់​បាល់​ទាត់កម្ពុជា និង​មហិច្ឆតា​​​ក្លាយ​ជា​ម្ចាស់​​​មេដាយ​​នៅ​ស៊ីហ្គេម​​​លើក​ទី 32

    កម្ដៅ​របស់​បាល់​ទាត់កម្ពុជា និង​មហិច្ឆតា​​​ក្លាយ​ជា​ម្ចាស់​​​មេដាយ​​នៅ​ស៊ីហ្គេម​​​លើក​ទី 32

    សំបុត្រ​ជាង 14,000 សម្លឹក​ត្រូវ​បាន​បែង​ចែក​អស់​នៅក្នុង​រង្វង់​មួយ​ម៉ោង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ ខណៈ​អ្នក​គាំទ្រ​ជា​ច្រើន​នៅតែ​ស្វែង​រក​សំបុត្រ​ចូល​ទស្សនាពិធី​សម្ពោធ​បើក​ការ​ប្រកួត​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើកទី 32 ​ដែល​មាន​ការ​ប្រកួត​រវាង​ U-22 កម្ពុជា និង​ U-22 ទីម័រខាងកើត​ ធ្វើ​ឱ្យ​បាល់​ទាត់​នៅ​កម្ពុជា​ឡើង​កម្ដៅ​ខ្ពស់មិន​ធ្លាប់​មាន​ពីមុន​មក​។

    កម្ពុជា​បាន​ចំណាយ​ពេល​ដប់ឆ្នាំ​នៅ​ក្នុង​ការ​វិនិយោគ​សម្រាប់​ក្រុម​ U-22 បច្ចុប្បន្ន ដោយ​សង្ឃឹម​ថា អាច​ដណ្ដើម​បាន​មេដាយ​នៅ​ស៊ីហ្គេម​លើក​នេះ​។ កាល​ពីបួន​ឆ្នាំ​មុន​ ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេម​លើក​ទី 30 នៅ​ហ្វ៊ីលីពីន ក្រុម​បាល់​ទាត់​កម្ពុជា​បាន​ចូល​ទៅ​ក្បែរ​ពាន​រង្វាន់​មេដាយ​សំរឹទ្ធ​បំផុត​ ពេល​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ប៉ុន្តែ​ត្រូវ​ចាញ់ U-23 វៀតណាម 0-4​ ហើយ​ក្រោយ​មក​ក៏​បាន​បរាជ័យ​ក្នុង​ការ​ប្រជែង​ដណ្ដើម​មេដាយ​សំរឹទ្ធ​ជាមួយ​នឹង​ U-23 មីយ៉ាន់ម៉ា​។

    បច្ចុប្បន្ន U-22 កម្ពុជា​កំពុង​តែ​មាន​ប្រៀប​ជាង​ក្រុម​មួយ​ចំនួន​ទៀត​ ដោយ​សារ​តែ​បាន​ទាត់​នៅ​លើ​ទីលាន​ផ្ទាល់​ខ្លួន​ និង​ស្ថិត​ក្នុង​ពូល​ដែល​មើល​ទៅ​មិន​សូវ​គ្រោះ​ថ្នាក់​ ក៏​ដូច​ជា​​ការ​​ទទួល​បាន​ការ​គាំទ្រ​​លើក​ទឹក​ចិត្ត​ច្រើន​លើស​លុប​​ពី​ពលរដ្ឋ​ក្នុង​ស្រុក​ នៅ​ពេល​សំបុត្រ​ចូល​ទស្សនា​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ 0 រៀល​។ ក៏ប៉ុន្តែ គ្រាប់​បាល់​មូល​នៅ​លើ​ទីលាន​ប្រកួត អាច​កែ​ប្រែ​ស្ថានភាព​គ្រប់​យ៉ាង​។

    អ្នកគាំទ្រ​កម្ពុជា

    នៅ​សល់​តែ​បី​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ក្រុម​បាល់​ទាត់​ម្ចាស់​ផ្ទះ​កម្ពុជា​ ​នឹង​ត្រូវ​ចូល​ប្រកួត​បើក​ឆាក​ជាមួយ​នឹង​​ក្រុម​ U-22 ទីម័រខាងកើត​​។ ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី 29 មេសា 2023​៕

  • ថ្ម​ផ្ទុក​ថាមពល​ទំនើប​ជួយ​ឱ្យ​រថយន្ត​អគ្គិសនី​បើកបរ​បាន​រហូតដល់ 1.5 លាន​គីឡូម៉ែត្រ

    ថ្ម​ផ្ទុក​ថាមពល​ទំនើប​ជួយ​ឱ្យ​រថយន្ត​អគ្គិសនី​បើកបរ​បាន​រហូតដល់ 1.5 លាន​គីឡូម៉ែត្រ

    (ស៊ុយអែត) – ក្រុមហ៊ុន​បច្ចេកវិទ្យា​បៃតង​ចំនួន​ពីរ​រួមគ្នា​អភិវឌ្ឍ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​រថ​យន្ត​អគ្គិសនី​ធុន​ធ្ងន់ ដែលថ្ម​នេះ​មាន​អាយុកាល​វែង អាច​ផ្ដល់​អគ្គិសនី​ឱ្យ​រថយន្ត​បរបាន​ជាង 1.5 លាន​គីឡូម៉ែត្រ។

    ថ្មផ្ទុក​ថាមពល​ប្រភេទ​លី​ចូ​ម (lithium-ion) ថ្មី​នេះ​ត្រូវបាន​ផលិត​​ឡើង​ដោយ​ប្រើ​​អគ្គិសនី​មិនមាន​ប្រភពពី​ផូស៊ីល នៅឯ​ភាគ​ខាងជើង​ប្រទេស​ស៊ុយអែត។ ការផលិត​ថ្ម​នេះ​បំ​ភាយ​ឧស្ម័ន​កាបូន​ស្មើនឹង 1/3 ធៀប​នឹង​ផលិតផល​ប្រភេទ​ដូចគ្នានេះ​របស់​ក្រុមហ៊ុន​ដទៃ។

    ចំណុច​ពិសេស​របស់​ថ្ម​​នេះ​គឺ​ស្ដើង ផ្ទុក​អគ្គិសនី​បាន 157 អំ​ពែរ​ម៉ោង និង​កម្លាំង 3.6 វ៉ុល។ អាយុកាល​របស់​ថ្ម​ទំនើប​ចុង​ក្រោយនេះ​គឺ​ជាង 1.5 លាន​គីឡូម៉ែត្រ​ចំពោះ​រថយន្ត​ធុន​ធ្ងន់។ នេះ​បើតាម​ទំព័រ Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 24 មេសា។ ជាធម្មតា អាយុកាល​របស់​ថ្ម​រថយន្ត​អគ្គិសនី​គឺ​ប្រហែល​ 8 ឆ្នាំ/160,000 គីឡូម៉ែត្រ។

    ថ្ម​ផ្ទុក​អគ្គិសនី​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​កិច្ចសហការ​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​បៃតង​ចំនួន​ពីរ​ស្ថាប័ន​គឺ Scania និង Northvolt។ ពួកគេ​កំពុង​ផលិត​​ថ្ម​នេះ​នៅឯ​រោងចក្រ Ett របស់ Northvolt ក្នុង​​ប្រទេស​ស៊ុយអែត ចំណែក​ Scania វិញ​ក៏​នឹង​សម្ពោធ​រោងចក្រ​​ផលិត​ថ្ម​ថ្មី​​នេះ​មួយ​​ដែរ​នៅ Sodertalje នៅ​ចុង​ឆ្នាំនេះ។ នៅ​ទីនោះ ថ្ម​ផ្ទុក​អគ្គិសនី​នឹងត្រូវ​បាន​ដំឡើង​ពេញលេញ​ដើម្បី​ចាប់ផ្ដើម​ការផលិត​រថ​យន្ត​អគ្គិសនី​ដឹកទំនិញ​ធុន​ធ្ងន់។

  • ក្នុង​ប្រវត្តិ​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម តើ​ប្រទេស​ណា​ដណ្ដើមបាន​មេដាយមាស​ច្រើន​លើក​ជាងគេ?

    ក្នុង​ប្រវត្តិ​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម តើ​ប្រទេស​ណា​ដណ្ដើមបាន​មេដាយមាស​ច្រើន​លើក​ជាងគេ?

    បាល់ទាត់​ប្រទេស​ថៃ​កំពុងតែ​គ្រប់គ្រង​តំណែង​កំពូល​នៅក្នុង​បញ្ជី​ចំណាត់​ស្ដីពី​បណ្ដា​ប្រទេស​ដែល​ដណ្ដើមបាន​មេដាយមាស​របស់​វិញ្ញាសា​បាល់ទាត់​បុរស​ច្រើន​លើក​ជាងគេ​នៅ​ស៊ី​ហ្គេម។

    ឆ្លងកាត់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (ស៊ី​ហ្គេម) ចំនួន 31 លើក មាន​ប្រាំ​ប្រទេស​ដែល​ធ្លាប់​ដណ្ដើមបាន​មេដាយមាស​ក្នុង​វិញ្ញាសា​បាល់ទាត់​បុរស រួមមាន ប្រទេស​ថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា និង​វៀតណាម។

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ថៃ កំពុង​នាំមុខគេ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​ខាងលើ ដោយ​ដណ្ដើមបាន​មេដាយមាស​ចំនួន 16 លើក។ ក្រុម​ជម្រើសជាតិ​នេះ​ថែមទាំង​ដណ្ដើមបាន​មេដាយប្រាក់​ចំនួន​ប្រាំ​លើក និង​មេដាយ​សំរឹទ្ធ​ចំនួន​ប្រាំ​លើក​ផងដែរ។

    ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ​គឺ ប្រទេស​ម៉ាឡេស៊ី ដោយ​ដណ្ដើមបាន​មេដាយមាស 6 លើក។ ក្រៅពីនេះ ពួកគេ​ក៏​ដណ្ដើមបាន​មេដាយប្រាក់ 6 លើក និង​មេដាយ​សំរឹទ្ធ 7 លើក។

    បាល់ទាត់​មី​យ៉ាន់​ម៉ា​ធ្លាប់​គ្រប់គ្រង​តំបន់​អាស៊ីអាគ្នេយ៍ ដោយ​ដណ្ដើម​​បាន​មេដាយមាស​​​ប្រាំ​លើក ត្រូវ​ជាប់​ចំណាត់​ថ្នាក់​លេខ​បី​។ មី​យ៉ាន់​ម៉ា​ក៏​ដណ្ដើមបាន​មេដាយប្រាក់​ចំនួន​បួន​លើក និង​សំរឹទ្ធ​បួន​លើក​នៅ​ស៊ី​ហ្គេម។

    ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូណេស៊ី​ ​រកបាន​មេដាយមាស​ពីរលើក មេដាយប្រាក់​ពីរលើក និង​សំរឹទ្ធ​ប្រាំ​លើក នៅ​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គម​។

    វៀតណាម​ដែល​បច្ចុប្បន្ន​ត្រូវបាន​ចាត់ទុកថា​ជា «ខ្លា​កំណាច​បាល់ទាត់» មួយ​នៅ​អាស៊ីអាគ្នេយ៍។ ក៏ប៉ុន្តែ ពួកគេ ទើបតែ​ដណ្ដើមបាន​មេដាយមាស​ចំនួន​ពីរលើក​ប៉ុណ្ណោះ​នៅ​ស៊ី​ហ្គេម ដែល​ស្មើ​នឹង​ក្រុម​ឥណ្ឌូណេស៊ី​។ វៀតណាម​ដណ្ដើមបាន​មេដាយមាស​ពីរលើក​ចុងក្រោយ​នេះ។ ប្រទេស​នេះ​​ក៏​ធ្លាប់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ U-23 អាស៊ី 2023 និង AFF Cup ផងដែរ។

  • ស្រឡាង​អគ្គិសនី​ដឹក​អ្នកដំណើរដោយ​​ស្វ័យប្រវត្ត​ដំបូង​គេ​លើ​ពិភពលោក

    ស្រឡាង​អគ្គិសនី​ដឹក​អ្នកដំណើរដោយ​​ស្វ័យប្រវត្ត​ដំបូង​គេ​លើ​ពិភពលោក

    (ស៊ុយអែត) – ស្តុក​ខុល​បានក្លាយ​ជាទី​ក្រុង​ដំបូង​គេ​លើ​ពិភពលោក​ដែល​ដាក់ឱ្យ​ប្រើប្រាស់​ស្រឡាង​ដឹក​អ្នកដំណើរ​បែប​ពាណិជ្ជកម្ម​ស្វ័យប្រវត្ត​ដំណើរការ​ទាំងស្រុង​ដោយ​ថាមពល​អគ្គិសនី។

    ម៉ូ​ដែល​ស្រឡាង​មាន​ដងខ្លួន​ពីរ​ដែល​អាចដាក់​មនុស្ស​បាន 25 នាក់​នេះ​នឹងធ្វើ​សកម្មភាព​រវាង​បណ្ដា​កោះ Kungsholmen និង Soder Mellarstrand នៅ​រដ្ឋធានី​ស្តុក​ខុល ​ក្នុង​រយៈពេល 15 ម៉ោងជាប់ៗគ្នា​ជា​រៀងរាល់ថ្ងៃ ចាប់ពី​ខែមិថុនា 2023។ នេះ​បើតាម​គេហទំព័រ Zeam។

    ស្រឡាង​ទំនើប​នេះ​ស្ថិតក្នុង​គម្រោង​បង្កើតឱ្យមាន​មធ្យោបាយ​ធ្វើដំណើរ​ដែលមាន​ស្ថិរភាព​ក្នុង​ទីក្រុង និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សាធារណជន​ជាង​មុន​។ គម្រោង​ដែល​បានចាប់ផ្ដើម​នៅឯ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ន័​រ​វែ​ស (NTNU) នៅ Trondheim នេះ បាន​នាំឱ្យមាន​វត្តមាន​ក្រុមហ៊ុន​បច្ចេកវិទ្យា Zeabuz។ Zeabuz ផ្គត់ផ្គង់​ប្រព័ន្ធ​ស្វ័យប្រវត្ត​សម្រាប់​ស្រឡាង​ដឹក​អ្នកដំណើរ។

    ដំណើរការ​របស់​ស្រឡាង​ប្រវែង 12 ម៉ែត្រនេះ ​នឹង​ត្រូវបាន​តាមដាន​ពី​បន្ទប់​គ្រប់​គ្រង​នៅលើ​ដីគោក។ ស្រឡាង​នេះ​មាន​ដំបូល និង​ច្រក​ឡើង​ចុះ​នៅខាងមុខ និង​ខាងក្រោយ។ មធ្យោបាយ​ធ្វើដំណើរ​នេះ​ត្រូវបាន​ផលិត​ដោយ​ក្រុមហ៊ុន​សាងសង់​កប៉ាល់ Brodrene Aa ដែលមាន​វត្តមាន​តាំងពី​ឆ្នាំ 1947។

    គម្រោង​ស្រឡាង​អគ្គិសនី​ស្វ័យប្រវត្ត​របស់​ស៊ុយអែត នឹង​ជួយ​ជំរុញ​ការធ្វើដំណើរ​តាមផ្លូវ​ទឹក កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ផ្លូវគោក និង​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពុល៕