Category: សង្គម និងសេដ្ឋកិច្ច

  • អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ដំឡើង​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ជាង100ផ្ទាំង​ដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ

    អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ដំឡើង​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ជាង100ផ្ទាំង​ដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ

    ​តាមរយៈ​ទំព័រ​ផ្លូវការ​របស់ក្រ​សួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បានឱ្យ​ដឹង​ថា​ ​ដើម្បី​លើកកម្ពស់​តំបន់​រមណីយដ្ឋាន​អង្គរ​ ​និង​ស្របតាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិការ​ ​ICC​-​Angkor​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​កំពុង​ឆ្លាក់​ផ្ទាំង​ឈ្មោះ​ប្រាសាទ​ដែល​មាន​ទាំង​អក្សរខ្មែរ​ ​និង​អក្សរ​អង់គ្លេស​ ​ធ្វើ​ពី​ថ្មភក់​ប្រមាណ​ ​118ផ្ទាំង​ ​ហើយ​គ្រោង​នឹង​លើកដាក់​តាម​ប្រាសាទ​នានា​ក្នុង​រមណីយដ្ឋាន​អង្គរ​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​

    ​ផ្ទាំង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​ ​បង្ហាញ​ជូន​នូវ​ព័ត៌មាន​សំ​ខាន់​ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ប្រាសាទ​ដូចជា​ ​ឈ្មោះ​ប្រាសាទ​ ​អាយុកាល​សាងសង់​ប្រាសាទ​ ​ទិស​ច្រកចូល​ប្រាសាទ​ ​និង​អម​ដោយ​ស្លាក​សញ្ញា​ ​(​Logo​)​ ​ចំនួន4គឺ​ ​ស្លាក​សញ្ញា​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ចំ​កណ្តាល​ខាងលើ​ឈ្មោះ​ប្រាសាទ​ ​និង​ស្លាក​សញ្ញា៣ផ្សេងទៀត​ ​ដែល​នៅ​ខាងក្រោម​គឺ​ ​ស្លាក​សញ្ញា​យូ​ណេស្កូ​ ​ស្លាក​សញ្ញា​បេតិកភណ្ឌ​ពិភពលោក​ ​និង​ស្លាក​សញ្ញា​អនុសញ្ញា​ក្រុង​ឡា​អេ​ឆ្នាំ1954​ ​សម្រាប់​ការ​ការពារ​សម្បត្តិ​វប្បធម៌​ក្នុង​គ្រា​មាន​ជម្លោះ​ប្រដាប់​អាវុធ​។​

    ​ផ្ទាំង​ស្លាក​សញ្ញា​ឈ្មោះ​ប្រាសាទ​នេះ​មាន​បី​ទំហំ​ផ្សេងគ្នា​ ​ដោយ​គិតទៅ​តាម​ទីតាំង​ជាក់ស្តែង​នៃ​ច្រកចូល​ប្រាសាទ​ ​ដែល​ដំឡើង​បាន​ ​គឺ​ទំហំ​ធំ​ចំនួន​ ​16ផ្ទាំង​ ​កម្ពស់១.៥០០មមx​ ​បណ្ដោយ​ ​៩១៤មមxកម្រាស់៤៦៤មម​។​ ​ទំហំ​មធ្យម​ចំនួន​ ​៥២ផ្ទាំង​ ​កម្ពស់១,២០០មមxបណ្ដោយ៧៣១មមx​ ​កម្រាស់៣៧១មម​។​ ​ទំហំ​តូច​ចំនួន​ ​៥០ផ្ទាំង​ ​កម្ពស់១,០០០មមxបណ្ដោយ៦១៣មមxកម្រាស់៣១១មម​។​

    ​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​ការដ្ឋាន​ធ្វើ​ស្លាក​សញ្ញា​នៅ​ ​Artisans​ ​Angkor​ ​នា​រសៀល​ថ្ងៃទី14​ ​ខែកុម្ភៈ​ ​ឆ្នាំ2019​ ​ឯកឧត្តម​ ​សុខ​ ​សង្វារ​ ​អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​បញ្ជាក់​ថា​ ​មកដល់ពេលនេះ​ផ្ទាំង​ស្លាក​ឈ្មោះ​របស់​ប្រាសាទ​ដែល​បាន​ធ្វើរួចរាល់​ហើយ​មាន​ចំនួន​ប្រហែល25​%​នៃ​ចំនួន​ផ្ទាំង​សរុប​ ​ខណៈ​ដែល​ផ្ទាំង​ខ្លះទៀត​កំពុង​ស្ថិតនៅ​ក្នុង​ការ​ឆ្លាក់​អក្សរ​ ​លាប​ពណ៌​បេតិកភណ្ឌ​ ​(​ពណ៌ឈាមជ្រូក​)​ ​និង​ខ្លះទៀត​កំពុង​ឆ្លាក់ក្បាច់​លម្អ​។​

    ​ឯកឧត្តម​បន្ថែម​ថា​ ​ចំនួន​ផ្ទាំង​នេះ​គឺ​មិនបាន​ដំឡើង​គ្រប់​ប្រាសាទ​ទាំងអស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឡើយ​ ​ដោយហេតុថា​ ​ប្រាសាទ​ខ្លះ​នៅ​ជ្រៅ​ក្នុង​ព្រៃ​មិន​មាន​ទីតាំង​ដាក់​បាន​។​ ​ចំពោះ​ទីតាំង​ដែល​តម្លើង​ស្លាក​ឈ្មោះ​ប្រាសាទ​នេះ​ ​ក្រុមការងារ​បាន​គិតទៅ​ចំណុច3គឺ​ ​នៅ​ក្បែរ​ច្រកចូល​ទស្សនា​ប្រាសាទ​ ​ទីតាំង​ងាយ​មើលឃើញ​របស់​ភ្ញៀវ​ទេសចរ​ ​និង​ទីតាំង​ដែល​មិន​ប៉ះពាល់​ដល់​ទិដ្ឋភាព​ប្រាសាទ​ទាំងមូល​។​

    ​អាជ្ញាធរ​ជាតិ​អប្សរា​ ​សង្ឃឹមថា​ ​សមិទ្ធផល​នេះ​នឹង​ជួយ​ផ្ដល់​ភាព​ងាយស្រួល​ ​និង​បទពិសោធន៍​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​ ​ក្នុង​ការ​ទស្សនា​តំបន់​អង្គរ​ ​ឆ្លើយតប​តាម​តម្រូវការ​ចាំបាច់​របស់​ភ្ញៀវ​ទេសចរ​ ​លើក​តម្លៃ​ប្រាសាទ​និង​កិត្យានុភាព​ជាតិ​ ​និង​ទទួល​បាន​នូវ​ព័ត៌មាន​មួយចំនួន​ដែល​ធ្វើឲ្យ​ដំណើរ​កម្សាន្ត​ ​កាន់តែ​មាន​ភាព​ងាយស្រួល​ ​និង​ច្បាស់លាស់​បន្ថែម​ទៀត​៕​

  • Arsenal​ ​ចាញ់​ក្រោម​ស្នាដៃ​ ​BATE​ ​ខណៈ​ ​Chelsea​ ​ឈ្នះ​ទាំង​ប្រផិតប្រផើយ​

    Arsenal​ ​ចាញ់​ក្រោម​ស្នាដៃ​ ​BATE​ ​ខណៈ​ ​Chelsea​ ​ឈ្នះ​ទាំង​ប្រផិតប្រផើយ​

    ​ក្រុម​ ​Arsenal​ ​នឹង​ត្រូវ​ជួប​ការ​លំបាក​ដ៏​ធំ​មួយ​ក្នុង​ការ​ប្រជែង​យក​កៅអី​ទៅ​វគ្គ​បន្ត​នៃ​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​ក្រោយពី​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល​ ​1​-​០​ ​ក្រោម​ស្នាដៃ​ក្រុម​ ​BATE​ ​Borisov​ ​ក្នុង​ការប្រកួត​វគ្គ​ ​32ក្រុម​ចុងក្រោយ​ ​ជើង​ទី1​ ​ស្រប​ពេល​ដែល​ខ្សែប្រយុទ្ធ​ ​Alexandre​ ​Lacazette​ ​បាន​រង​ពិន័យ​កាត​ក្រហម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

    ​កីឡាករ​ ​Stanislav​ ​Dragun​ ​បាន​ជួយ​ឱ្យ​ក្រុម​ ​BATE​ ​រកបាន​គ្រាប់​បាល់​មុន​ ​នៅមុន​ពេល​បញ្ចប់​តង់​ទី1​ ​ក្នុង​ទីក្រុង​ ​Barysaw​ ​ហើយ​ក្រុម​ ​Arsenal​ ​មិនបាន​ដាក់​សម្ពាធ​ខ្លាំង​ក្នុង​ការ​វាយបក​វិញ​ឡើយ​ ​ខណៈ​ដែល​ការ​ពិន័យ​កាត​ក្រហម​ទៅលើ​ ​Lacazette​ ​នៅ​ជិត​បញ្ចប់​ការប្រកួត​ ​នឹង​ធ្វើ​ឱ្យ​រូបគេ​អវត្តមាន​ក្នុង​ការប្រកួត​ជើង​ទី2​ ​នៅ​សប្តាហ៍​ក្រោយ​នា​កីឡដ្ឋាន​ ​Emirates​។​

    ​បច្ចុប្បន្ន​ក្រុម​របស់​លោក​ ​Unai​ ​Emery​ ​ឈ្នះ​ត្រឹមតែ​ ​2ប្រកួត​គត់​ក្នុងចំណោម​ការប្រកួត​ក្រៅ​ទឹកដី​ ​89លើក​ចុងក្រោយ​របស់​ពួកគេ​ ​ហើយ​ការ​ឈ្នះ​ទាំង​ ​2លើក​នោះ​ ​បាន​កើតឡើង​លើទឹក​ដី​ក្រុម​ ​Huddersfield​ ​ក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​កាលពី​សប្តាហ៍​មុន​ ​និង​លើទឹក​ដី​ក្រុម​ ​Blackpool​ ​ក្នុង​ពាន​ ​FA​ ​Cup​។​

    ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​Chelsea​ ​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ ​2​-​1​ ​នៅ​លើទឹក​ដី​ក្រុម​ ​Malmo​ ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​វគ្គ​ ​32ក្រុម​ចុងក្រោយ​ ​ជើង​ទី1​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​ទៅលើ​គ្រូបង្វឹក​លោក​ ​Maurizio​ ​Sarri​។​

    ​ក្រុម​ភ្ញៀវ​ ​Chelsea​ ​ត្រូវតែ​ធ្វើការ​ស្តារ​មុខមាត់​វិញ​ ​ក្រោយពី​ការ​រង​បរាជ័យ​ក្រៅ​ទឹកដី​ដ៏​អាម៉ាស់​ចំនួន​ ​2លើ​ក​ជាប់​ៗ​គ្នា​ ​ខណៈ​ដែល​ការ​បរាជ័យ​ក្នុង​លទ្ធផល​ ​6​-​០​ ​ក្រោម​ស្នាដៃ​ក្រុម​ ​Manchester​ ​City​ ​កាលពី​ថ្ងៃអាទិត្យ​ ​បាន​កើតឡើង​ ​បន្ទាប់ពី​ការ​ចាញ់​ ​4​-​០​ ​នៅ​លើទឹក​ដី​ក្រុម​ ​Bournemouth​។​

    ​លោក​ ​Sarri​ ​បាន​ប្រាប់​បណ្តញ​សារព័ត៌មាន​ ​BT​ ​Sport​ ​ថា​៖​ ​«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ ​ពីព្រោះ​យើង​បាន​លេង​ជាមួយនឹង​ការ​ជឿជាក់​ ​ហើយ​វា​មិន​ងាយស្រួល​ឡើយ​ ​ក្រោយពី​ការ​ចាញ់​ក្នុង​ការប្រកួត​ចុងក្រោយ​ក្រោម​ស្នាដៃ​ក្រុម​ ​Man​ ​City​»​៕​ ​
    ​ប្រភព​ពី​៖​ ​worldsoccertalk​

  • ថាម៉េច??​ ស្រីស្អាត ​ផា​ ​ណា​ម៉ុច​ ​សុខចិត្ត​ផ្អាក​សម្ដែង​ ​តែ​មិន​ចោលលោក​ ​នៅ​ ​ស៊ីនឿ​ន​

    ថាម៉េច??​ ស្រីស្អាត ​ផា​ ​ណា​ម៉ុច​ ​សុខចិត្ត​ផ្អាក​សម្ដែង​ ​តែ​មិន​ចោលលោក​ ​នៅ​ ​ស៊ីនឿ​ន​

    ​មួយ​រយៈ​ចុងក្រោយ​នេះ​ ​កញ្ញា​ផា​ ​ណា​ម៉ុច​ ​ដែល​ជា​តួអង្គ​កាច​ឆ្នាស់​ឆ្នើម​នៅក្នុង​រឿង​ភាគ​ជាច្រើន​ ​ហាក់​ប្រលែង​ដៃ​ចោល​ក្នុង​អាជីព​សម្ដែង​ ​ខណៈ​តារា​ស្រករក្រោយ​ជាច្រើន​កំពុងតែ​ប្រកួតប្រជែង​គ្នា​ដណ្ដើម​ទីផ្សារ​។​ ​ជួប​ផា​ ​ណា​ម៉ុច​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​នាង​បញ្ជាក់​អ្នកសារព័ត៌មាន​ ​ឡា​រ៉ែ​ន​ ​ថា​ ​នាង​មិនបាន​បោះបង់ចោល​អាជីព​សម្ដែង​ទេ​ ​មូលហេតុ​នាង​សម្រាក​មួយ​រយៈ​ព្រោះ​នាង​ជាប់ដៃ​ជាមួយ​នៅ​ ​ស៊ីនឿ​ន​។​

    ​កញ្ញា​ផា​ ​ណា​ម៉ុច​ ​នាង​បាន​ទទួលស្គាល់​ថា​ ​នាង​ពិតជា​បាន​ប្រលែង​ដៃ​មួយ​ទំហឹង​ក្នុង​អាជីព​សម្ដែង​ពិតមែន​ ​ពោល​គឺ​ ​កាលពី​ពាក់កណ្ដាល​ឆ្នាំ2018​ ​កន្លងទៅ​នេះ​ ​ទោះបីជា​មាន​ផលិតករ​ជាច្រើន​ទាក់ទង​ឱ្យ​នាង​សម្ដែង​ក៏ដោយ​ ​ក៏​នាង​បដិសេធ​ដែរ​។​ ​តែ​យ៉ាងណា​នាង​មិន​បោះបង់ចោល​អាជីព​សិល្បៈ​ទេ​ ​ទោះបីជា​មានការ​ងារ​ច្រើន​ប៉ុណ្ណា​ក៏ដោយ​ ​ព្រោះតែ​អាជីព​មួយ​នេះ​បាន​លើកមុខ​មាត់​នាង​ក្នុង​សង្គម​យ៉ាង​ខ្លាំង​។​ ​

    ​តារា​សម្ដែង​រូប​នេះ​បញ្ជាក់​បន្ថែម​ថា​ ​មូលហេតុ​បដិសេធ​ការសម្ដែង​ព្រោះ​ ​នាង​រវល់​ទទួល​ច្រៀង​ជាមួយ​វង់​របស់​តារាចម្រៀង​នៅ​ ​ស៊ីនឿ​ន​ ​គ្រាដែល​នាង​ជាស​មា​ជិ​ក​ក្នុង​ក្រុម​ចម្រៀង​ជាមួយ​លោក​នៅ​ ​ស៊ីនឿ​ន​ ​អស់​រយៈពេល​ជាង3ឆ្នាំទៅ​ហើយ​។​ ​តារា​សម្ដែង​តួ​ឆ្នាស់​ម្នាក់​នេះ​បន្ថែម​ថា​ ​ចាប់តាំងពី​នាង​ចាប់​អាជីព​ចម្រៀង​ជាមួយ​វង់​តន្រ្ដី​របស់​លោក​នៅ​ ​ស៊ីនឿ​ន​ ​គឺ​នាង​កាក់កប​ណាស់​ពោល​គឺ​មានការ​ងារ​ធ្វើ​ច្រើន​ ​សឹងតែ​រក​ពេលសម្រាក​មិនបាន​ដូច្នេះហើយ​ទើប​នាងស​ម្រេច​ចិត្ដ​ផ្អាក​ការសម្ដែង​មួយ​រយៈ​សិន​ ​ទំ​រាំ​តែរ​យាល​ការងារ​ចម្រៀង​។​ ​

    ​ជាមួយគ្នា​នេះ​ដែរ​កញ្ញា​ផា​ ​ណា​ម៉ុច​ ​បាន​បញ្ជាក់​ទៀត​ថា​ ​«​ច្រៀង​ជា​មួយ​បង​នឿន​ ​រីកចម្រើន​ខ្លាំង​ណាស់​ ​គាត់​មាន​ប្រជាប្រិយ​ភាព​ក្នុង​សិល្បៈ​ស្រាប់​ដូច្នេះ​គាត់​មានការ​ងារ​ធ្វើ​ច្រើន​ ​ពិសេស​គាត់​ជា​មេក្រុម​ដែល​មាន​សណ្ដាន​ចិត្ដ​ល្អ​ ​យក​ធុរៈ​កូនចៅ​ក្នុង​ក្រុម​ ​ម្លោះ​ហើយ​ទើប​ពួក​យើង​អាច​រួមការ​ងារ​ជាមួយគ្នា​បាន​យូរ​ដូច្នេះ​»​។​ ​ក្រៅពី​អួត​សរសើរ​ពី​សណ្ដាន​ចិត្ដ​មេ​ហើយ​នោះ​តារាចម្រៀង​ ​និង​សម្ដែង​រូប​នេះ​បញ្ជាក់​ថា​ ​ដើរ​ជាមួយ​លោក​នៅ​ ​ស៊ីនឿ​ន​ ​មាន​រា​ស៊ី​ខ្លាំង​ ​ព្រោះ​មិន​ត្រឹមតែ​សម្បូរ​ការងារ​ធ្វើ​ក្នុង​សិល្បៈ​ទេ​ ​សូម្បីតែ​អាជីវកម្ម​ផ្ទាល់ខ្លួន​របស់​នាង​ក៏​រីកចម្រើន​ដែ​ឬ​។​

    ​ទោះ​យ៉ាងណា​ផា​ ​ណ​ម៉ុច​ ​បាន​អះអាង​ថា​ ​ការ​ផ្អាក​ពី​ការសម្ដែង​យូរ​មិនបាន​ធ្វើឲ្យ​នាង​ធ្លាក់​ប្រជាប្រិយ​ភាព​ទេ​ ​ព្រោះ​នៅពេល​នាង​ទៅ​ច្រៀង​ម្ដង​ៗ​តែងតែមាន​មហាជន​បាន​ស្គាល់​នាង​ជា​តួអង្គ​កាច​ឆ្នាស់​ ​សម្ដែង​នៅក្នុង​រឿង​ ​«​ហង្ស​បាក់​ស្លាប​»​ ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥​។​ ​ដូច្នេះ​ការ​វិល​ត្រលប់​មក​សម្ដែង​ជាថ្មី​នៅក្នុង​រឿង​«​រ៉ៃ​ប្ដូរ​ទ្រនំ​»​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុ​ស្ដិ៍​លេខ៥ក្នុង​តួអង្គ​ស្រី​មាន​ចរិត​ក្រ​ម៉ិ​ចក្រ​ម៉ើ​មទើ​បតែ​ក្រុងពាលី​កាលពី​ថ្ងៃ14​ ​កុម្ភៈ​ ​រិត​តែ​ធ្វើ​ឱ្យ​មហាជន​ស្គាល់​នាង​បន្ថែម​ទៀត​៕​

  • Nishikori​ ​ឈាន​ទៅ​វគ្គ​ ​1​/​4​ ​នៃ​ពាន​ ​Rotterdam​ ​Open​

    Nishikori​ ​ឈាន​ទៅ​វគ្គ​ ​1​/​4​ ​នៃ​ពាន​ ​Rotterdam​ ​Open​

    ​កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ជប៉ុន​ ​Kei​ ​Nishikori​ ​បាន​កត់ត្រា​ជ័យជម្នះ​ក្នុង​លទ្ធផល​ ​6​-​1​ ​និង6​-​4​ ​លើ​កីឡា​ក​រឡេ​តូ​នី​ ​ErnestsGulbis​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ដើម្បី​ឈាន​ទៅ​វគ្គ​ ​8នាក់​ចុងក្រោយ​នៃ​ព្រឹត្តិ​ការណ៍​ ​Rotterdam​ ​Open​។​

    ​ ​ក្នុងនាម​ជា​កីឡាករ​កំពូល​របស់​អាស៊ី​ ​កីឡាករ​មាន​ចំណាត់ថ្នាក់​លេខ៧ក្នុង​ពិភពលោក​រូប​នេះ​ ​បាន​ប្រើប្រាស់​ពេល​អស់​ ​1ម៉ោង​ ​និង​ ​15នាទី​ដើម្បី​ឈាន​ទៅ​វគ្គ​បន្ត​ ​ខណៈ​ដែល​រូបគេ​បាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី3​ ​នៅពេល​ប្រកួត​ជាមួយនឹង​កីឡាករ​ ​Gulbis​ ​ដែល​ធ្លាប់​បាន​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍​ ​French​ ​Open​ ​រួចមក​ហើយ​។​
    ​ ​Nishikori​ ​នឹង​ត្រូវ​ប៉ះ​ជាមួយនឹង​កីឡាករ​ ​Hungarian​ ​MartonFucsovics​ ​ដែល​បាន​ផ្តួល​កីឡាករ​ ​NikolozBasilashvili​ ​របស់​ហ្ស៊​ក​ហ្ស៊ី​ ​ក្នុង​លទ្ធផល​ ​7​-​6​ ​(​7​/​1​)​ ​និង6​-​1​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​ដើម្បី​ប្រជែង​យក​កៅអី​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

    ​ ​Nishikori​ ​ដែល​បាន​ឈ្នះ​ពាន​ក្នុង​កម្មវិធី​ ​ATP​ ​ជា​លើក​ទី​ ​12របស់​គេ​ក្នុង​ទីក្រុង​ ​Brisbane​ ​កាលពីដើម​ឆ្នាំនេះ​ ​បាន​កត់ត្រា​ជ័យជម្នះ​ជា​លើក​ទី10​ ​របស់​គេ​នៅ​រដូវ​កាល​នេះ​ ​ដោយ​ចាញ់​ត្រឹមតែ​ ​1លើក​គត់​ ​ខណៈ​ដែល​ការ​ចាញ់​តែ​ ​1លើក​នោះ​ ​បាន​កើតឡើង​ដោយសារតែ​រូបគេ​បាន​បោះបង់​ការប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ ​Australian​ ​Open​ ​វគ្គ​ ​8នាក់​ចុងក្រោយ​ជាមួយនឹង​កីឡាករ​ ​Novak​ ​Djokovic​។​

    ​ ​Nishikori​ ​បានឱ្យ​ដឹង​ថា​៖​ ​«​នេះ​គឺជា​ការប្រកួត​ល្អ​ប្រសើរ​ជាង​ការប្រកួត​ទី1​ ​ទៅទៀត​។​ ​ខ្ញុំ​បាន​វិល​ទៅ​ប្រកួត​វិញ​បាន​យ៉ាង​ល្អ​ ​និង​បាន​ធ្វើ​ឱ្យ​រូបគេ​ស្ថិត​ក្រោម​សម្ពាធ​។​ ​ការប្រកួត​សិត​ទី2​ ​ពិតជា​ស្វិតស្វាញ​ ​ប៉ុន្តែ​ ​ខ្ញុំ​មិន​បារម្ភ​ឡើយ​ ​ក្រោយពី​រូបគេ​បាន​វាយបក​វិញ​។​ ​ខ្ញុំ​អាច​លេង​កីឡា​វាយ​កូន​បាល់​ដ៏​ល្អ​នៅ​ថ្ងៃនេះ​។​ ​ខ្ញុំ​ពិតជា​រីករាយ​ជាមួយនឹង​កម្រិត​របស់ខ្ញុំ​ណាស់​»​៕​ ​

    ​ប្រភព​ពី​៖​ ​Channel​ ​News​ ​Asia​ ​

  • Son​ ​ជួយ​ឱ្យ​ ​Spurs​ ​ផ្តួល​ ​Dortmund​ ​ខណៈ​ ​Real​ ​ឈ្នះ​ ​Ajax​ ​ទាំង​ភិតភ័យ​ ​

    Son​ ​ជួយ​ឱ្យ​ ​Spurs​ ​ផ្តួល​ ​Dortmund​ ​ខណៈ​ ​Real​ ​ឈ្នះ​ ​Ajax​ ​ទាំង​ភិតភ័យ​ ​

    ​ក្រុម​ ​Tottenham​ ​បាន​បោះជំហាន​ដ៏​ធំ​មួយ​ឆ្ពោះទៅ​កាន់​វគ្គ​ ​8ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​ខណៈ​ដែល​ខ្សែប្រយុទ្ធ​ ​Son​ ​Heung​-​min​ ​បាន​ជួយ​ឱ្យ​ក្រុម​ខ្លួន​ដណ្តើម​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល​ ​3​-​០​ ​លើ​ក្រុម​ ​Borussia​ ​Dortmund​ ​ក្នុង​វគ្គ​ ​16ក្រុម​ចុងក្រោយ​ ​ជើង​ទី1​ ​កាលពី​ថ្ងៃពុធ​។​

    ​ ​ក្រុម​របស់​លោក​ ​Mauricio​ ​Pochettino​ ​បាន​ស្ថិត​ក្រោម​សម្ពាធ​ ​ខណៈ​ដែល​ក្រុម​ ​Dortmund​ ​បាន​គ្រប់គ្រង​បាល់​ស្ទើរតែ​ទាំងស្រុង​ក្នុង​តង់​ទី1​ ​នា​កីឡដ្ឋាន​ ​Wembley​ ​ខណៈ​ដែល​អ្នកចាំទី​ ​Hugo​ ​Lloris​ ​បាន​ជួយ​ឱ្យ​ពួកគេ​ស្ថិត​ក្នុង​លទ្ធផល​ស្មើ​ ​តាមរយៈ​ការសង្គ្រោះ​បាល់​ដ៏​ល្អជា​បន្តបន្ទាប់​។​

    ​ ​ក្រុម​ ​Tottenham​ ​បាន​វិល​ទៅ​រក​ភាព​ខ្លាំង​វិញ​ក្នុង​តង់​ទី2​ ​និង​បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​ ​ក្រោយពី​ខ្សែប្រយុទ្ធ​កូរ៉េ​ខាងត្បូង​ ​Son​ ​បាន​ជួយ​ឱ្យ​ពួកគេ​រកបាន​គ្រាប់​បាល់​នាំមុខ​មុន​។​ ​ខ្សែការពារ​ ​Jan​ ​Vertonghen​ ​និង​ខ្សែប្រយុទ្ធ​បម្រុង​ ​Fernando​ ​Llorente​ ​បាន​ជួយ​ឱ្យ​ក្រុម​របស់​លោក​ ​Mauricio​ ​Pochettino​ ​ស្ថិត​លើ​ផ្លូវ​ឆ្ពោះទៅ​កាន់​វគ្គ​ ​8ក្រុម​ចុងក្រោយ​ ​នៅ​រយៈពេល​ ​7នាទី​ចុងក្រោយ​។​

    ​Sonបានឱ្យ​ដឹង​ថា​៖​ ​«​Harry​ ​ឬ​ ​Dele​ ​ពិតជា​កីឡាករ​សំខាន់​សម្រាប់​យើង​ ​ប៉ុន្តែ​យើង​មាន​កីឡាករ​ដែល​ចូលលេង​ ​និង​ធ្វើ​បាន​យ៉ាង​ល្អ​។​ ​យើង​បាន​បង្ហាញ​បែប​នោះ​ ​ដោយ​ ​Fernando​ ​ក៏បាន​ចូលលេង​ផង​ដែរ​ ​និង​រកបាន​គ្រាប់​បាល់​ដ៏​សំខាន់​ ​1គ្រាប់​»​។​

    ​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ក្រុម​ ​Real​ ​Madrid​ ​ត្រូវការ​គ្រាប់​បាល់​ឈ្នះ​នៅ​ជិត​បញ្ចប់​ការប្រកួត​ពីសំណាក់​ខ្សែបម្រើ​ ​Marco​ ​Asensio​ ​និង​ប្រព័ន្ធ​វីដេអូ​ជំនួយការ​អាជ្ញា​កណ្តាល​ហៅ​កាត់​ថា​ ​VAR​ ​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​ដើម្បី​ផ្តួល​ក្រុម​ ​Ajax​ ​ក្នុង​លទ្ធផល​ ​2​-​1ក្នុង​ការប្រកួត​ជើង​ទី1​ ​នៃ​វគ្គ​ ​16ក្រុម​ចុងក្រោយ​ ​កាលពី​ថ្ងៃពុធ​៕​ ​

  • សូម​រំលែកទុក្ខ​ក្រៀមក្រំ​!​ ​ព្រឹទ្ធា​ចារ្យ​ចម្រៀង​អាយ៉ៃ​ ​ផ្លុង​ ​មឿក​ ​ផុតដង្ហើម​ពី​លោក​នេះ​ហើយ​

    សូម​រំលែកទុក្ខ​ក្រៀមក្រំ​!​ ​ព្រឹទ្ធា​ចារ្យ​ចម្រៀង​អាយ៉ៃ​ ​ផ្លុង​ ​មឿក​ ​ផុតដង្ហើម​ពី​លោក​នេះ​ហើយ​

    នៅ​យប់​ថ្ងៃទី14​ ​ខែកុម្ភៈ​ ​ឆ្នាំ2019នេះ​ ​លោកតា​ ​ផ្លុង​ ​មឿក​ ​ដែលគេ​ស្គាល់​ថា​ ​ជា​ព្រឹទ្ធា​ចារ្យ​ចម្រៀង​អាយ៉ៃ​ ​និង​តារា​សម្ដែង​មួយ​រូប​ដល់​ល្បីល្បាញ​នោះ​ ​បាន​មរណភាព​ក្នុង​វ័យ​ ​85​ ​ឆ្នាំ​ ​ដោយសារ​រោគាពាធ​ ​ព្រោះថា​វ័យចាស់​ជរា​សល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង​នឹង​មាន​រូបកាយ​ស្គមស្គាំង​ស្លេកស្លាំង​ ​ហើយ​សុខភាព​ក៏​ចេះតែ​ដុនដាប​កាន់តែ​ខ្លាំង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​។​ ​

    ​កូនស្រី​លោកតា​ ​ផ្លុង​ ​មឿក​ ​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ថា​«​លោកតា​បាន​ផុតរលត់​ដង្ហើម​នៅក្នុង​មន្ទីរពេទ្យ​ព្រះកេតុមាលា​ ​ហើយ​ពេលនេះ​ក្រុម​គ្រួសារ​កំពុង​រៀបចំ​ចាត់ចែង​សព​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​»​។​ ​សូមជម្រាប​ដែរ​ថា​ ​កន្លងមក​មាន​សប្បុរសជន​ជាច្រើន​តែងតែ​ជួយ​ជា​ថវិកា​រស​ម្រាប់​ព្យាបាល​លោកតា​ ​តែ​នៅតែ​មិន​អាច​សង្រ្គោះ​បាន​ព្រោះតែ​លោកតា​កាន់តែ​ចាស់ជរា​ ​និង​មិន​អា​ចប្រ​ឆំាង​ច្បាប់​ធម្មជាតិ​បាន​ ​គឺ​ការ​កើត​ ​ចាស់​ ​ឈឺ​ស្លាប់​ ​បាន​នោះ​ទេ​៕

  • ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ ​Joshua​ ​នឹង​បង្ហាញខ្លួន​លើទឹក​ដី​អាមេរិក​ ​ដើម្បី​ជួប​ជាមួយ​ ​Miller​

    ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ ​Joshua​ ​នឹង​បង្ហាញខ្លួន​លើទឹក​ដី​អាមេរិក​ ​ដើម្បី​ជួប​ជាមួយ​ ​Miller​

    ​កីឡាករ​ប្រដាល់​ ​Anthony​ ​Joshua​ ​នឹង​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​ ​ជា​លើក​ទី1​ ​នៅពេល​ដែល​រូបគេ​ត្រូវ​ឡើង​ធ្វើការ​ការពារ​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ពី​ស្ថាប័ន​ ​IBF​,​ ​WBA​ ​និង​ ​WBO​ ​ដោយ​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ ​Jarrell​ ​Miller​ ​នៅ​លើ​សង្វៀន​ ​Madison​ ​Square​ ​Garden​ ​នា​ថ្ងៃទី1​ ​ខែមិថុនា​។​ ​នេះ​បើ​យោង​តាម​ការប្រកាស​របស់​ស្ថាប័ន​រៀបចំ​ការប្រកួត​របស់​គេ​ ​កាលពី​ថ្ងៃពុធ​។​

    ​ ​ក្រោយពី​ការលុបចោល​ផែនការ​ការប្រកួត​នៅ​លើ​សង្វៀន​ ​Wembley​ ​នា​ថ្ងៃទី13​ ​ខែមេសា​ ​Joshua​ ​នឹង​ព្យាយាម​ចូលក្នុង​ទីផ្សារ​អាមេរិក​ជំនួស​វិញ​ ​ខណៈ​ដែល​គូប្រជែង​របស់​គេ​គឺ​ ​Tyson​ ​Fury​ ​និង​ ​DeontayWilder​ ​ដែល​ធ្វើ​ឱ្យ​មានការ​កើនឡើង​នូវ​ឥទ្ធិពល​ដ៏​គួរ​ឱ្យ​កត់សម្គាល់​។​

    ​ ​កីឡាករ​វ័យ​ ​29ឆ្នាំ​រូប​នេះ​ ​បាន​ប្រកួត​ជា​លើក​ចុងក្រោយ​កាល​ខែកញ្ញា​ ​នៅ​កីឡដ្ឋាន​ ​Wembley​ ​តាមរយៈ​ការ​យកឈ្នះ​លើ​កីឡាករ​រុស្ស៊ី​ ​Alexander​ ​Povetkin​ ​នៅ​ទឹក​ទី7​។​
    ​ ​Miller​ ​មិន​ត្រូវ​បាន​ចាត់ទុកថា​ ​ជា​បេក្ខភាព​ឈានមុខ​គេ​ក្នុង​ទម្ងន់​ធ្ងន់​ពិភពលោក​ឡើយ​ ​ប៉ុន្តែ​បាន​ប្រកាស​ថា​ ​នឹង​ត្រូវ​ប្រកួត​ជាមួយនឹង​ ​Joshua​ ​កាលពី​ឆ្នាំមុន​។​

    ​ ​Joshua​ ​បានឱ្យ​ដឹង​ថា​៖​ ​«​វា​គឺជា​កិត្តិយស​មួយ​ ​និង​ជា​រឿង​ដ៏​រំភើប​ខ្លាំង​ណាស់​ក្នុង​ការ​ធ្វើដំណើរ​ទៅកាន់​សង្វៀន​ដ៏​ល្អ​បំផុត​ក្នុង​ពិភពលោក​ ​ពោល​គឺ​មិនមែន​ត្រឹមតែ​កីឡដ្ឋាន​ ​Wembley​ ​ឡើយ​ ​ប៉ុន្តែ​ពេលវេលា​បាន​ឈាន​មកដល់​ហើយ​ ​ក្នុង​ការ​ធ្វើដំណើរ​ឆ្លងកាត់​មហាសមុទ្រ​អា​ត្លង់​ទិ​ក​ ​និង​ការពារ​ខ្សែក្រវាត់​របស់ខ្ញុំ​នៅ​សហរដ្ឋអាមេរិក​»​។​

    ​កីឡាករ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ខ្ញុំ​កំពុងតែ​សម្លឹង​ឆ្ពោះទៅ​កាន់ការ​ប្រកួត​មួយផ្សេងទៀត​ជាមួយនឹង​កីឡាករ​ប្រដាល់​ដ៏​ឆ្នើម​ម្នាក់​»​៕​ ​

    ​ប្រភព​ពី​៖​ ​Channel​ ​News​ ​Asia​ ​

  • ជ័យ​ ​សុ​វ៉ា​ត​ ​ដកប្រាក់​សន្សំ10លាន​រៀល​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​​គន្ធបុប្ផា​

    ជ័យ​ ​សុ​វ៉ា​ត​ ​ដកប្រាក់​សន្សំ10លាន​រៀល​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​​គន្ធបុប្ផា​

    នៅ​ថ្ងៃ14​ ​កុម្ភៈ​ ​តារាចម្រៀង​ប្រចាំ​ផលិត​កម្ម​សាន់​ដេ​ ​លោក​ ​ជ័យ​ ​សុ​វ៉ា​ត​ ​បាន​យក​ថ្ងៃ​ទិ​វារ​នៃ​ក្ដី​ស្រលាញ់​ចែករំលែក​ក្ដី​ស្រលាញ់​ ​និង​ទឹក​ចិ​ត្ត​សប្បុ​រ​ធម៌​ដល់​ក្រុ​មក្មេងៗ​ ​និង​អាណាព្យាបាល​អ្នកជំងឺ​ ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​ដោយ​នាំ​យក​ថវិកា​ផ្ទាល់ខ្លួន​ចំនួន10លាន​រៀល​ ​ប្រគល់​ជូន​ដល់​មន្ទីរពេទ្យ​ផង​ដែរ​។​ ​

    ​នេះ​មិនមែន​ជា​លើក​ទី​ ​១​ ​ទេ​ ​ដែលតា​រា​ចម្រៀង​រូប​នេះ​ ​បាន​ចែករំលែក​អំពើ​សប្បុរសធម៌​ជួយ​ដល់​សង្គម​។​ ​លោក​បាន​ដឹកនាំ​សកម្មភាព​ចុះ​ចែក​អំណោយ​នេះ​ ​និង​បាន​ប្រាប់​អ្នកសារព័ត៌មាន​ ​ឡា​រ៉ែ​ន​ ​ថា​ ​ថ្ងៃនេះ​ លោក​បាន​ធ្វើតាម​សន្យា​ផ្ដល់​ប្រាក់1ឆ្នាំ2លាន​រៀល​ ​ដែល​លោក​រកបាន​ប្រគល់​ជូន​គន្ធបុប្ផា​ ​ទើប​លោក​សម្រេចចិត្ត​ ​ប្រគល់​សរុប​ចំនួន10លាន​រៀល​ ​ក្នុង​ថ្ងៃ​នៃ​ក្ដី​ស្រលាញ់​ ​តែ​មិនមែន​ជា​ថវិកា​រ៉ៃ​អង្គាស​ ​ពី​ភាគី​ខាងណា​នោះ​ទេ​ ​វា​គឺជា​ថវិកា​ផ្ទាល់ខ្លួន​ ​ដែល​លោក​បាន​សន្សំ​ពី​ការ​ច្រៀងរាំ​អស់​រយៈពេល​ជាង​ ​5​ ​ឆ្នាំ​ ​។​ ​ដោយ​ថា​ ​ថ្ងៃទី​ ​14​ ​កុម្ភ​:​ ​ទិ​វារ​នៃ​ក្ដី​ស្រលាញ់​ផង​នោះ​ ​លោក​បានសម្រេច​ចិត្ត​យក​ថ្ងៃ​នោះ​ ​ចែករំលែក​ក្ដី​ស្រលាញ់​ដល់​កុមារ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​និង​ចែក​អំណោយ​បន្ដិច​បន្ទួច​ ​ដែល​មាន​ដូចជា​ ​ទឹក​ ​និង​អាហារ​ ​ជាដើម​។​ ​

    ​លោក​ ​ជ័យ​ ​សុ​វ៉ា​ត​ ​បាន​ប្រាប់​បន្ថែម​ថា​ ​លោក​ក៏​ជា​និស្សិតពេទ្យ​ ​និង​ស្រឡាញ់​ការ​ជួយសង្គ្រោះ​មនុស្ស​ ​ហើយ​កាលពី​អតីតកាល​លោក​ក៏​ជា​ក្មេងកំព្រា​ផង​ដែរ​ ​ទើប​លោក​សម្រេច​ដឹកនាំ​ក្រុ​មហ្វេនៗ​អ្នកគាំទ្រ​ ​មក​ចូលរួម​ចែករំលែក​ក្ដី​ស្រលាញ់​ដោយ​ផ្ទាល់​ ​ដើម្បី​ឱ្យ​មន្ទីរពេទ្យ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សប្បុរសជន​កាន់តែ​ច្រើន​ឱ្យ​យកចិត្ត​ទុកដាក់​ដល់​គន្ធបុប្ផា​៕​

  • ចង់ទៅ​ដើរលេង​ក្រៅប្រទេស​ជាមួយ​ក្រុម​គ្រួសារ​.​.​.​ ​តើ​ទៅណា​ល្អ​?​

    ចង់ទៅ​ដើរលេង​ក្រៅប្រទេស​ជាមួយ​ក្រុម​គ្រួសារ​.​.​.​ ​តើ​ទៅណា​ល្អ​?​

    Family​ ​Trip​ ​ជា​ចំណោទ​ពិបាក​មួយ​សម្រាប់​ឪពុកម្ដាយ​ដែល​ចង់​នាំ​កូន​ទៅ​ទស្សនា​ពិភពលោក​ ​ព្រោះ​មិនដឹង​ថា​នឹង​ចាប់ផ្ដើម​ទៅ​ទីណា​ល្អ​.​.​.​ ​ថ្ងៃនេះ​ ​ឡា​រ៉ែ​ន​ ​សូម​ណែនាំ​ប្រទេស​ ​3ដែល​ស័ក្តិសម​បំផុត​ក្នុង​ការ​ទៅដើរ​លេងកម្សាន្ត​ទាំង​គ្រួសារ​ ​ព្រោះ​មាន​ទាំង​សួន​កម្សាន្ត​ ​មាន​កិច្ចការ​ងារ​កម្សាន្ត​សប្បាយ​ៗ​ ​និង​ទីកន្លែង​ដែល​អាច​ឱ្យ​ក្មេង​ៗ​បាន​ជិតស្និទ្ធ​ជាមួយនឹង​ធម្មជាតិ​ ​ព្រោះ​នៅក្នុង​ប្រទេស​នី​មួយ​ៗ​មាន​ចំណុច​ល្អ​ផ្សេង​ៗ​ពីគ្នា​ ​ដូច្នេះ​សាកល្បង​ជ្រើសរើស​ប្រទេស​ដែល​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត​ក្រុម​គ្រួសារ​លោកអ្នក​ទៅ​មើល៍​ ​រួចហើយ​នាំគ្នា​រៀបចំ​វ៉ា​លី​សទៅ​តែម្ដង​.​.​.​។​

    ​1​.​ ​ប្រទេស​ម៉ាឡេស៊ី​

    ​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន​យើង​ដូចជា​ប្រទេស​ម៉ាឡេស៊ី​នេះ​ ​ងាយស្រួល​ទៅ​ ​ថ្លៃ​ចាយវាយ​ក៏​មិន​ច្រើន​ ​ថែមទាំង​មាន​សួន​កម្សាន្ត​ ​និង​អាង​លេង​ទឹក​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​ដូចជា​ ​Legoland​ ​Water​ ​Park​ ​នៅក្នុង​រដ្ឋ​ ​យ៉ះហូ​ ​ដែល​មាន​កន្លែង​លេង​ដល់ទៅ​ជាង​ ​20កន្លែង​ ​អាច​ឱ្យ​យើង​សប្បាយ​បាន​ទាំង​ក្រុម​គ្រួសារ​តែម្ដង​ ​ឬ​បើ​ចង់​ឱ្យ​កូន​ៗ​បាន​ជិតស្និទ្ធ​នឹង​ធម្មជាតិ​ ​ឡា​រ៉ែ​ន​ ​សូម​ណែនាំ​ ​កោះ​ឡាំង​កា​វី​ ​ដែល​មាន​ទាំង​ជ្រលង​ដងភ្នំ​ ​ព្រៃស្រោង​ ​និង​វាលស្រែ​ ​ឬក៏​ចង់​ផ្សងព្រេង​នៅក្នុង​ឧទ្យានជាតិ​ ​Taman​ ​Negara​ ​ទស្សនា​សត្វ​គ្រប់​ប្រភេទ​យ៉ាង​ជក់ចិត្ត​ក្នុង​ទី​ក្រុង​កួ​ឡា​ឡាំ​ពួ​ ​ក៏បាន​។​ ​ក្រៅពី​នេះ​នៅ​មាន​សួន​កម្សាន្ត​ ​និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​ធំៗ​ជាច្រើន​សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស​ដើរកម្សាន្ត​ទៀតផង​។​

    ​2​.​ ​ប្រទេស​នី​វហ្ស៊ី​លែ​នដ៍​

    ​លំដាប់​ទី2​ ​ដែល​ក្រុម​គ្រួសារ​ទាំងឡាយ​និយម​ទៅដើរ​លេងកម្សាន្ត​ជុំគ្នា​ដែរ​នោះ​គឺ​ ​ប្រទេស​នី​វហ្ស៊ី​លែ​នដ៍​ ​ព្រោះ​មាន​កិច្ចការ​ងា​រស​ប្បា​យៗ​ ​សម្រាប់​ឱ្យ​ក្មេង​ៗ​បាន​លេងកម្សាន្ត​សប្បាយ​ ​ដោយមាន​ទស្សនីយភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​ជា​ចំណុច​ទាក់ទាញ​អ្នកទេសចរ​។​ ​អ្នកណា​ដែល​ចូលចិត្ត​លេងកម្សាន្ត​ជាមួយនឹង​ធម្មជាតិ​ ​ដូច​-​ជា​ ​ដើរ​ទស្សនា​ព្រៃភ្នំ​ពណ៌បៃតង​ខ្ចី​ ​រហូតដល់​ការផ្សងព្រេង​ផង​នោះ​ ​នៅ​ទីនេះ​អាច​ឆ្លើយតប​នឹង​តម្រូវការ​នោះ​យ៉ាង​គ្រប់គ្រឿង​តែម្ដង​។​ ​មាន​ទាំង​ដំណើរ​កម្សាន្ត​តាមផ្លូវទឹក​ ​ជិះ​ក្បូន​ ​អុំទូក​ ​ខានូ​ ​រហូតដល់​ការ​ឡើងភ្នំ​ ​ឬ​ទម្លាក់​ខ្លួន​ចុះ​តាម​ខ្សែរ៉ក​ក៏​មាន​។​ ​បើ​ចង់​ទស្សនា​សត្វព្រៃ​ ​ក៏​ទៅ​ម្ដុំ​ៗ​អូក​លែ​នដ៍​ ​ដែល​មាន​ទាំង​ត្រី​បាឡែន​ ​និង​ត្រី​ឡូ​ម៉ាស​មុទ្រ​ឱ្យ​ក្មេង​ៗ​បាន​មើល​ជុំគ្នា​ទៀតផង​។​ ​បើ​ចូលចិត្ត​បន្ថែម​ចំណេះដឹង​ ​សូម​ណែនាំ​សារមន្ទីរ​ ​វែលលីងតុន​ ​ដើរ​ទស្សនា​ជក់ចិត្ត​ ​ហើយ​បាន​ចំណេះ​ទៀតផង​។​

    ​3​.​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

    ​ឥណ្ឌូ​នេ​ស៊ី​ ​ក៏​ជាគោល​ដៅ​មួយទៀត​ដែល​នៅ​ជិត​ប្រទេស​កម្ពុជា​យើង​ដែរ​ ​ស័ក្តិសម​ល្អជា​មួយ​ធ្រីប​ជា​ក្រុម​គ្រួសារ​ ​ដោយសារតែ​ក្នុងទឹក​ដី​ប្រទេស​ ​អុី​ណាវ​ ​នេះ​មាន​កោះ​តូច​ៗ​ដូចជា​កោះ​បាលី​ដែល​អាច​ឱ្យ​អ្នកម្ដាយ​បាន​គេង​សំដិល​កាយ​ជាមួយ​កម្ដៅថ្ងៃ​ដ៏​ស្រទន់​ ​ចំ​ណែ​ក​កូន​ៗ​ក៏​នាំគ្នា​លេង​ទឹក​យ៉ាង​សប្បាយរីករាយ​ ​ដូចជា​លេង​មុជទឹក​ស្ន​ក់ហ្គើល​ ​ជិះ​ចិត​ស្គី​ ​ជិះទូក​ក្ដោង​ ​ឬ​ដើរ​ក្រោម​បាត​សំពៅ​កញ្ចក់​ជាដើម​។​ ​បើ​ចូលចិត្ត​មើល​សត្វព្រៃ​វិញ​ ​ក៏​ចុះទៅ​ប៉ែក​ខាងត្បូង​នៃ​កោះ​ ​ដើម្បី​ដើរ​ទស្សនា​នៅក្នុង​ ​Bali​ ​Bird​ ​Park​ ​ទីកន្លែង​រៀបចំ​ការសម្ដែង​របស់​សត្វស្លាប​ជាង​ ​250ប្រភេទ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​។​ ​បើ​ចង់ទៅ​សួនសត្វ​តែម្ដង​ ​ក៏​មាន​ ​Safari​ ​and​ ​Marine​ ​ដែ​លក្មេងៗ​អាច​ឱ្យ​ចំណី​សត្វ​កង់​ហ្គូ​រូ​តូច​ៗ​បាន​ ​មាន​សត្វ​សំពោច​ ​កំប្រុក​ ​និង​អូដ្ឋ​ ​ឬ​ដើរមើល​ស្វា​ច្រើន​ប្រភេទ​នៅ​ឯ​ ​Monkey​ ​Forest​ ​នៅ​តំបន់​ ​អ៊ូ​ប៊ុត​ ​ក៏​ធានា​ថា​ ​ក្មេង​ៗ​ច្បាស់ជា​ចូលចិត្ត​មិនខាន​។​

    ​បើក​ពិភពលោក​ ​ដោយ​ការ​នាំ​ក្រុម​គ្រួសារ​ទៅដើរ​កម្សាន្ត​នៅ​តាម​ទីកន្លែង​ទេស​ចរ​ណ៍​ថ្មី​ៗ​នៅ​ក្រៅប្រទេស​យ៉ាង​សប្បាយរីករាយ​ទាំងអស់គ្នា​៕​

  • សំណេរ​បែប​ណា​ដែល​គួរ​ផ្ញើ​ទៅ​គូស្នេហ៍​ខណៈ​ពេល​កំពុង​ឈ្លោះ​គ្នា​?​

    សំណេរ​បែប​ណា​ដែល​គួរ​ផ្ញើ​ទៅ​គូស្នេហ៍​ខណៈ​ពេល​កំពុង​ឈ្លោះ​គ្នា​?​

    អ្នក​កំពុង​ខឹង​គូស្នេហ៍​ខ្លាំង​ណាស់​ ​និង​ចាប់ផ្ដើម​វាយ​អក្សរ​ជា​សំណេរ​ដើម្បី​ប្រាប់​ឱ្យ​គេ​ដឹង​ថា​អ្នក​កំពុង​មាន​អារម្មណ៍​បែប​ណា​ ​តែ​អ្នក​វាយ​រួច​លុប​ ​វាយ​រួច​លុប​ដដែល​ៗ​ ​ម្ដង​ហើយ​ម្ដងទៀត​ព្រោះ​មិន​អាច​ទម្លាយ​អារម្មណ៍​ខឹង​ដែល​កំពុង​ក្ដៅ​ងំ​នៅក្នុង​ចិត្តបាន​ ​តែ​ក៏​ខំព្យាយាម​។​ ​ទីបំផុត​អ្នក​ក៏​បន្ត​ឈ្លោះប្រកែក​គ្នា​តាមរយៈ​សំណេរ​ដែល​ផ្ញើ​ឱ្យ​គ្នា​ទៅវិញទៅមក​ ​ហើយ​ពេលនេះ​អ្នកមាន​អារម្មណ៍​យ៉ាប់យ៉ឺន​ជាង​មុន​ទៅទៀត​។​ ​ដឹង​ទេ​ថា​ ​អ្នក​មិន​គួរ​ផ្ញើ​សំណេរ​ដែល​សម្ដែង​ពី​ភាព​ឆេវឆាវ​ទៅ​ឱ្យ​គូស្នេហ៍​ខណៈ​ដែល​អ្នក​កំពុង​ខឹងមួម៉ៅ​ឡើយ​ ​ដូច្នេះតើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​?​ ​តើ​អ្នក​គួរ​ផ្ញើ​សំណេរ​បែប​ណា​ក្នុង​ពេល​ដែល​អ្នក​កំពុង​ខឹង​ក្រេវក្រោធ​ ​ដើម្បី​គ្រាន់តែ​ចង់ឱ្យ​អ្នក​ម្ខាងទៀត​នោះ​ដឹង​ ​តែ​មិន​ចង់ឱ្យ​វារី​ក​រាលដាល​ក្លាយជា​រឿង​ធំ​។​ ​មិនមែន​ជា​រឿង​ងាយ​ទេ​ ​មែនទេ​?​ ​តែ​ក៏អាច​ធ្វើ​បាន​តើ​!​ ​អូខេ​.​.​.​ ​ខាងក្រោម​នេះ​ ​គឺជា​វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​ទប់ទល់​ជាមួយ​ស្ថាន​កា​ណ៍​បែបនេះ​។​

    ​ទុក​ពេល​ឱ្យ​ខ្លួនឯង​ចិត្តត្រជាក់​វិញ​សិន​ ​មុននឹង​ផ្ញើ​សំណេរ​ទៅ​
    ​នេះ​អាច​ជា​វិធី​មួយ​ដែល​ពិបាក​បំផុត​ ​តែ​ក៏​សំខាន់​បំផុត​ដែរ​ ​ព្រោះ​វិធី​តែមួយគត់​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ ​ការ​មិនបាច់​ធ្វើអ្វី​ហ្នឹងឯង​។​ ​រឹតតែ​ខឹង​ខ្លាំង​ប៉ុនណា​ ​ក៏​រឹតតែ​រង់ចាំ​យូរ​ប៉ុន​នោះ​ដែរ​ ​ទោះជា​មាន​កម្លាំង​ជំរុញ​ឱ្យ​វាយ​តតាំង​ ​ដោះសា​ ​ឬ​ការពារ​ខ្លួន​ក្ដី​តែ​ពាក្យសម្ដី​របស់​អ្នកមាន​ភាព​សំខាន់​ខ្លាំង​បំផុត​ដូច្នេះ​ការ​រង់ចាំ​ដើម្បី​សាង​ពាក្យ​សម្តី​ដែល​ស័ក្តិ​-​សមគួរ​ប្រើ​ ​នឹង​ជួយ​ធ្វើ​ឱ្យ​គោលដៅ​ក្នុង​ការ​ស្ដាប់​ ​និង​យល់ដឹង​កាន់តែ​ល្អ​ឡើង​.​.​.​ ​ទោះជា​ពិបាក​មែន​ ​តែ​ក៏​ស័ក្តិសម​នឹង​តម្លៃ​នៃ​ការ​រង់ចាំ​ដែរ​។​

    ​ត្រូវ​ច្បាស់លាស់​នូវ​អ្វី​ដែល​អ្នក​ត្រូវការ​ចង់និយាយ​ ​និង​ពេល​ដែល​និយាយ​ចេញទៅ​
    ​ខណៈ​ដែល​អ្នក​កំពុងតែ​ទន្ទឹងរង់ចាំ​ពេលវេលា​ដើម្បី​ឱ្យ​ចិត្តត្រជាក់​ទៅវិញ​នោះ​ ​អ្នក​គួរ​គិត​ផង​ថា​តើ​អ្នក​ត្រូវការ​ប្រាប់​អ្វីទៅ​គូស្នេហ៍​ ​ព្យាយាម​តាំង​សតិ​ ​និង​គិតថា​ ​អ្វី​ដែល​សំខាន់​បំផុត​?​ ​នៅពេល​អ្នកដឹង​ចម្លើយ​ហើយ​ ​បន្ទាប់ពី​នោះ​ក៏​ ​“​រកនឹក​ពាក្យ​សម្ដី​ខ្លី​ៗ​ ​ចំ​-​ចំណុច​ ​និង​មានន័យ​”​។​

    ​កុំ​ឈ្លោះ​គ្នា​តាមរយៈ​សំណេរ​មិនថា​ជា​យ៉ាងណាក៏ដោយ​ ​អ្នក​គួរតែ​គ្រប់គ្រង​ខ្លួនឯង​ឱ្យ​បាន​
    ​កុំ​ទម្លាយ​អារម្មណ៍​ខឹងសម្បា​តាមរយៈ​សំណេរ​ជាដាច់ខាត​ ​ដោយសារតែ​ការ​ឈ្លោះ​គ្នា​តាមរយៈ​សំណេរ​មានតែ​នឹង​ធ្វើ​ឱ្យ​អ្វី​ៗ​គ្រប់យ៉ាង​ដួល​រលំ​ខ្ទេចខ្ទី​តែប៉ុណ្ណោះ​។​ ​បើ​អ្នក​ធ្លាប់​ឈ្លោះ​គ្នា​តាមរយៈ​សំណេរ​ ​នោះ​អ្នក​ច្បាស់ជា​ដឹង​មិនខាន​ថា​ ​វា​យ៉ាងម៉េច​?​ ​អា​រម្ម​ណ៍​ផ្សេង​ៗ​នឹង​ពុះកញ្ជ្រោល​បាញ់​ចេញទៅ​យ៉ាង​ឆាប់រហ័ស​ ​និង​អាច​ជាហេតុ​នាំ​ឱ្យ​ទាំងសងខាង​សរសេរ​នូវ​អ្វី​ដែល​នឹង​ធ្វើ​ឱ្យ​ខ្លួនឯង​សោកស្ដាយ​នៅពេល​ក្រោយ​បាន​។​

    ​នេះ​គឺជា​អ្វី​ដែល​គួរ​សរសេរ​ ​និង​ហេតុផល​ដែល​អាច​ប្រើការ​បាន​អូខេ​
    ​នៅទីបំផុត​អ្នក​ក៏​មាន​អារម្មណ៍ល្អ​ ​និង​មើលទៅ​(​ហាក់ដូចជា​)​ស្ងប់ចិត្ត​វិញ​ហើយ​។​ ​ម្ដងនេះ​អ្នក​ត្រូវ​ពិចារណា​ថា​ ​អ្វី​គឺជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​អ្នក​ខឹងមួម៉ៅ​ដល់​ថ្នាក់​ហ្នឹង​ ​ហើយ​សឹម​ផ្ញើ​សំណេរ​ទៅ​.​.​.​ ​តែ​ ​តើ​អ្នក​គួរ​សរសេរ​ថាម៉េច​?​

    ​អ្នកជំនាញ​ ​(​ដូច​អ្នកគ្រូ​ ​ឆវី​ ​ជាដើម​)​ ​ប្រាប់​ថា​ ​មានរឿង4យ៉ាងដែល​អ្នក​គួរ​ចាំ​ឱ្យ​ជាប់​ក្នុងចិត្ត​.​.​.​។​

    ​ដំបូង​គេ​គឺ​ ​អ្នក​ត្រូវ​គ្រប់គ្រង​បរិយាកាស​ជា​រួម​របស់​សំណេរ​ឱ្យ​បាន​ ​ដើម្បី​បង្ហាញថា​ ​អ្នក​យល់ព្រម​ក្នុង​ការចរចា​ ​(​បញ្ចប់​សង្គ្រាម​ ​ហ៊ី​ស​)​ ​ទោះជា​អ្នក​នៅ​ខឹង​ ​តែ​ក៏​មាន​អារម្មណ៍​នឹងនរ​ ​បើក​ចិត្តទូលាយ​ ​ព្រម​ក្នុង​ការ​និយាយ​គ្នា​ល្អ​ស្រួល​ៗ​ ​ជំនួស​ការ​និយាយ​ពាក្យ​អាក្រក់​ស្ដាប់​ ​និង​វាយប្រហារ​គ្នា​។​

    ​ទី2​ ​ទោះជា​គំនិត​ ​និង​អារម្មណ៍​របស់​អ្នក​នៅ​វិលវល់​ច្របូកច្របល់​ក៏ដោយ​ ​តែ​នេះ​មិនមែន​ជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ទម្លាយ​គ្រប់យ៉ាង​ចេញ​មក​នោះ​ទេ​។​ ​អ្នក​គួរ​ផ្ដោត​ទៅលើ​សំណេរ​ឱ្យ​ខ្លី​ៗ​ ​ព្រោះថា​ ​បើ​រឹតតែ​ខ្លី​ ​ក៏​នឹង​មើលទៅ​មាន​ភាព​រុករាន​បំពាន​គ្នា​តិច​ទៅតាម​នោះ​ដែរ​ ​ដោយ​ស្វ័យប្រវត្តិ​។​

    ​ទី3​ ​ព្យាយាម​តុបតែង​ឱ្យ​សំណេរ​របស់​អ្នកមាន​ហេតុផល​ ​និង​បង្កប់ន័យ​។​ ​បើ​អ្នក​ត្រូវការ​ត្រឹមតែ​ទម្លាយ​អារម្មណ៍​នោះ​ ​ក៏​មិនបាន​មានន័យថា​ ​បញ្ហា​ទាំងឡាយ​នឹង​ធូរស្រាល​ឡើងវិញ​បាន​លឿន​ដែរ​.​.​.​មិន​ប្រាកដ​ដែរ​ ​ជួនកាល​វា​អាច​នឹង​យ៉ាប់យ៉ឺន​ជាង​មុន​ទៅទៀត​ផង​ក៏​មិនដឹង​ ​ព្រោះ​អ្នកណា​ចង់​ឆ្លើយ​មកវិញ​ ​បើ​ដឹង​ថា​តែមួយ​ស្របក់​ទៀត​នឹង​ឈ្លោះ​គ្នា​ទៀត​នោះ​។​ ​ចម្លើយ​គឺ​ ​គ្មាន​ទេ​!​។​

    ​និង​ចុងក្រោយ​ ​ហាម​និយាយ​រៀបរាប់​ពី​កំហុស​គ្នា​តាមរយៈ​សំណេរ​ជាដាច់ខាត​!​។​ ​

    ​អូខេ​ ​ហើយ​តើ​យើង​គួរ​សរសេរ​ថា​យ៉ាងណា​?​ ​សូម​តាមដាន​បន្ត​.​.​.

    ​“​អូន​(​ឬបង​)​មាន​អារម្មណ៍​ឈឺចាប់​ ​និង​មួម៉ៅ​ចំពោះ​រឿង​ដែល​កើតឡើង​ ​អូន​(​ឬបង​)​ចង់​ស្ដាប់​យោបល់​ពី​បង​(​ឬ​អូន​)​ម្ដង​ ​ដើម្បី​ឱ្យ​យើង​បាន​កែ​បញ្ហា​នេះ​ទាំងអស់គ្នា​។​

    ​សំណេរ​នេះ​អាច​ប្រើការ​បាន​ ​ដោយសារតែ​អ្នក​ប្រាប់​ឱ្យ​គូស្នេហ៍​ដឹង​ថា​ ​អ្នកមាន​អារម្មណ៍​យ៉ាងណា​ដោយ​មិនបាន​ដាក់​សម្ពាធ​លើ​គេ​ឡើយ​។​ ​អ្នក​មិន​គួ​រកុ​ហក់​ ​និង​បិទបាំង​អារម្មណ៍​នោះ​ទេ​ ​ព្រោះ​នៅ​មាន​វិធី​ជាច្រើន​ទៀត​ក្នុង​ការ​និយាយ​គ្នា​ដោយ​មិន​សាង​បញ្ហា​បន្ថែម​។​ ​អ្នក​នឹងអាច​កែ​បញ្ហា​បាន​ ​និង​ធ្វើ​ឱ្យ​រូប​អ្នក​ ​ជាមួយ​គូស្នេហ៍​មាន​សេចក្ដីសុខ​ ​និង​ពេញចិត្ត​ពេញ​ថ្លើម​។​ ​ទាំងអស់​ក៏​មានតែ​ប៉ុណ្ណឹង​ឯង​ ​មែន​អត់​!​៕​ ​