Category: សង្គម និងសេដ្ឋកិច្ច

  • ទឹម​ ​រដ្ឋា​ ​ទិញ​វីឡា​ថ្មី​ ​20ម៉ឺន​ដុល្លារ​ ​ត្រៀមចូលរោងការ

    ទឹម​ ​រដ្ឋា​ ​ទិញ​វីឡា​ថ្មី​ ​20ម៉ឺន​ដុល្លារ​ ​ត្រៀមចូលរោងការ

    ​បើ​តាម​ដឹង​តារា​សម្ដែង​ ​និង​ម៉ូដែល​ស្រី​រាង​ស្ល៊ី​មក​ញ្ញា​ ​ទឹម​ ​រដ្ឋា​ ​មាន​ចំណង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​នឹង​បុរស​ជាតិ​អាមេរិក​ជា​អ្នកជំនួញ​អចលនទ្រព្យ​ល្បី​មួយ​រូប​នៅ​ស្រុកខ្មែរ​ដែល​បង្កាត់ភ្លើង​ស្នេហ៍​ប្រមាណ3​ ​ឆ្នាំ​មក​ហើយ។ ​ស្រាប់​តែ​ថ្មី​ៗ​នេះ​ធ្លាប់​ដំណឹង​ថា​ ​គូស្នេហ៍​បាន​ទិញ​វីឡា​ថ្មី​ប្រណីត​មួយ​កន្លែង​តម្លៃ​ជាង20ម៉ឺន​ដុល្លារ​ ​ដើម្បី​រឹតចំណង​ស្នេហ៍​ឱ្យ​រឺង​មាំ​។​

    ​កញ្ញា​ ​ទឹម​ ​រដ្ឋា​ ​តារា​ស្រី​ដែល​ហ៊ាន​សម្រេចចិត្ត​រួមរស់​នៅ​ក្រោម​ទ្រនំ​ថ្មី​តែមួយ​ ​ជាមួយនឹង​សង្សារ​ថ្មី​ទ្រព្យ​ស្តុក​ជាតិ​អាមេរិក​គឺ​លោក​ ​ចូ​វ៉ា​នី​ ​អេ​ន​តូ​នី​ញ៉ូ​ ​(​Jovany​ ​Antonio​)​ ​គឺជា​នាយក​ប្រតិបត្តិ​ ​និង​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ ​Capital​ ​Management​ ​Solutions​ ​(​CMS​)​ ​ដែល​ខណៈនេះ​ត្រូវ​បាន​គេ​ដឹង​ថា​ ​នាង​បានសម្រេច​បំណង​ធំ​ ​តាមរយៈ​ការ​ចូលលុយគ្នា​ជាមួយ​គូស្នេហ៍​ ​ទិញ​ផ្ទះ​វីឡា​ធំ​យ៉ាង​ប្រណីត​ ​តម្លៃ​ជាង20ម៉ឺន​ដុល្លារ​ ​នៅ​បុរី​មេគង្គ​ ​(​ព្រែកលៀប​)​ ​ហើយ​ធ្លាយ​ដំណឹង​ទៀត​ថា​ ​ពួកគេ​នឹង​ដឹកដៃ​គ្នា​ក្រាប​ផ្ទឹម​ ​នៅ​ចុងឆ្នាំ2019នេះ​ហើយ​ ​ព្រោះ​រដ្ឋា​ ​ខ្លាច​ចំណងស្នេហា​មានការ​ប្រែប្រួល​ដូ​ចមុនៗ​ទៀត​ ​នាំ​តែ​ដើរតាមដាន​ចាស់​ ​ដំបៅ​បេះដូង​សាជាថ្មី​ទៀត​៕​

  • អាជ្ញាធរ​ខេត្តកណ្តាល​ប្រកាស​ឱ្យ​ទប់ស្កាត់​ការ​ពុះ​ដី​ឡូត៍​ដែល​មិន​គោរពច្បាប់​

    អាជ្ញាធរ​ខេត្តកណ្តាល​ប្រកាស​ឱ្យ​ទប់ស្កាត់​ការ​ពុះ​ដី​ឡូត៍​ដែល​មិន​គោរពច្បាប់​

    ដើម្បី​កុំឱ្យ​អតិថិជន​ជួប​បញ្ហា​ផ្នែក​ផ្លូវច្បាប់​ទៅ​ថ្ងៃខាងមុខ​ ​អាជ្ញាធរ​ខេត្តកណ្តាល​បាន​ប្រកាស​ស្នើ​ឱ្យ​អ្នក​វិនិយោគ​ពុះ​ដី​ឡូត៍​លក់​ ​និង​សាងសង់​ផ្ទះ​លក់​ទាំងអស់​ត្រូវតែ​អនុវត្ត​តាម​គោលការណ៍​ច្បាប់​ ​ហើយ​ក្នុងករណី​មិន​គោរពច្បាប់​ ​អាជ្ញាធរ​នឹង​មិន​ធ្វើការ​ចុះហត្ថលេខា​ផ្ទេរ​កម្មសិទ្ធិ​ជូន​ឡើយ​។

    ​យោង​តាម​ឯកសារ​ដែល​ទើប​ចុះហត្ថលេខា​កាលពី​ពេល​ថ្មី​ៗ​ ​ដោយ​ឯកឧត្តម​បណ្ឌិត​ ​ម៉ៅ​ ​ភិរុណ​ ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កណ្តាល​ដែល​បាន​ជម្រាប​ទៅ​អាជ្ញាធរ​ស្រុក​ ​និង​ឃុំ​ដែល​មានខ្លឹមសារ​ថា​ ​បច្ចុប្បន្ន​នេះ​ខេត្តកណ្តាល​បាន​និង​កំពុង​មានការ​អភិវឌ្ឍ​ ​និង​រីកចម្រើន​យ៉ាង​ខ្លាំង​លើ​ផ្នែក​សេដ្ឋកិច្ច​ ​ជាពិសេស​លើ​វិស័យ​ដីធ្លី​ ​និង​សំណង់​ ​ជាមួយគ្នា​នៃ​ដំណើ​ការលូតលាស់​យ៉ាង​ប្រសើរ​នេះ​ ​វា​ក៏បាន​និង​កំពុង​មាន​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ដែរ​ ​ជុំវិញ​អាជីវកម្ម​លើ​ដីធ្លី​ដោយ​ការ​ពុះ​ជា​ឡូត៍​លក់​ ​ឬ​សាងសង់​សំណង់ផ្ទះ​សំបែង​ជាច្រើន​កន្លែង​ដែល​ពុំ​មានច្បាប់​ត្រឹមត្រូវ​។​

    ការ​ពុះ​ដី​ជា​ឡូត៍​ ​ឬ​សាងសង់​សំណង់ផ្ទះ​សំបែង​មិន​ត្រឹមត្រូវ​នេះ​មាន​ដូចជា​ ​ពុះ​ដី​ជា​ឡូត៍​លក់​ដោយ​មិន​កាត់ឈ្មោះ​ ​និង​មិន​ធ្វើ​ប្លង់​បំបែក​ក្បាលដី​ជូន​អ្នកទិញ​ឱ្យ​បាន​ស្របច្បាប់​ ​ដោយពេល​ខ្លះ​អ្នក​ពុះ​ដី​ឡូត៍​លក់​នោះ​ ​មិន​មាន​ប្លង់​កម្មសិទ្ធិ​ខ្លួនឯង​ត្រឹមត្រូវ​ ​និង​លក់​ដី​ឡូត៍​ដែល​មិន​ស្របច្បាប់​ទៅ​ឱ្យ​អ្នកទិញ​ ​ហើយ​អ្នក​ពុះ​ដី​ឡូត៍​លក់​ ​ឬ​សាងសង់​ផ្ទះ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ ​និង​អង្គភាព​ពាក់ព័ន្ធ​ត្រឹមត្រូវ​មួយចំនួន​បាន​បង្ក​ទៅជា​ការ​ពុះ​ដី​ឡូត៍​លក់​ ​និង​សាងសង់​ដោយ​អនាធិបតេយ្យ​ដោយ​មិនបាន​គោរព​តាម​ប្លង់​គោល​(​ប្លង​មេ​)​ ​នៃ​ផែនការ​ប្រើប្រាស់​ដី​ ​និង​បទប្បញ្ញត្តិ​នគរូបនីយកម្ម​ឱ្យ​បាន​ត្រឹមត្រូវ​ឡើយ​។​

    ដើម្បី​ពង្រឹងគុណភាព​នៃ​ការប្រើ​ប្រាស់​ដីធ្លី​ ​ការគ្រប់គ្រង​ដីធ្លី​ ​និង​សំណង់​ឱ្យ​ប្រកបដោយ​ប្រសិទ្ធភាព​ ​និង​សុវត្ថិភាព​ខ្ពស់​ ​សូម​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​មាន​វិធានការ​ទប់ស្កាត់​ឱ្យ​បាន​ល្អ​ ​និង​រាយការណ៍​ពី​ស្ថានភាព​បទល្មើស​ជាក់ស្តែង​ឱ្យ​បាន​ទាន់ពេល​វេលា​។​ ​ក្រៅពី​នេះ​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង​ ​និង​ណែនាំ​ឱ្យ​បាន​ច្បាស់លាស់​ដល់​អ្នក​ដែល​មានបំណង​ ​ឬ​អ្នក​កំពុង​ពុះ​ដី​ឡូត៍​ ​ឬ​សាងសង់​សំណង់ផ្ទះ​សំបែង​ដើម្បី​លក់​ ​ជួល​ ​ឬ​សម្រាប់​រស់នៅ​ដោយខ្លួនឯង​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ​ចាំបាច់​ត្រូវ​គោរព​តាម​គោលការណ៍​មួយចំនួន​ដូចជា​ ​1​.​ត្រូវ​សុំច្បាប់​អនុញ្ញាត​ជាមុន​សិន​ ​មុននឹង​សាងសង់​សំណង់​ ​ឬ​ធ្វើការ​ពុះ​ដី​ឡូត៍​របស់​ខ្លួន​ដើម្បី​លក់​ ​ឬ​ដោះដូរ​។​ ​ចំពោះ​នីតិវិធី​ ​ឬ​បែបបទ​នៃ​ការ​សុំច្បាប់​អនុញ្ញាត​ ​ម្ចាស់​សំណើ​ត្រូវ​មក​ទាក់ទង​ជាមួយ​ការិយាល័យ​ច្រកចេញ​ចូល​តែមួយ​ ​ចំណុះ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ ​សំណង់​ ​និង​សុរិយោដី​ខេត្ត​ ​ឬ​អង្គភាព​ចំណុះ​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុសត្រូវ​ ​ដោយ​យោង​តាម​លក្ខណៈ​នៃ​ករណី​ដីធ្លី​ជាក់ស្តែង​ ​ដើម្បី​រៀបចំ​សុំ​ការអនុញ្ញាត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​។​ ​2​.​ដាច់ខាត​ត្រូវ​បិទ​ស្លាក​ ​ឬ​ដាក់​តាំង​បង្ហាញ​ឱ្យ​បាន​ច្បាស់លាស់​អំពី​ទីតាំង​ដី​ឡូត៍​នៅ​លើ​ទីតាំង​ដី​-​ផ្ទះ​ជាក់ស្តែង​ ​និង​នៅ​ការិយាល័យ​លក់​ដី​ ​ឬ​ការដ្ឋាន​តែម្តង​នូវ​ឯកសារ​ស្របច្បាប់​ ​ដែល​បាន​ទទួលការ​អនុញ្ញាត​ឱ្យ​ពុះ​ដី​ឡូត៍​លក់​ ​ឬ​សាងសង់​។​ ​3​.​ ​ត្រូវ​ប្រគល់​ជូន​អតិថិជន​នូវ​ឯកសារ​បញ្ជាក់​ចម្លង​ពី​ច្បាប់ដើម​នៃ​លិខិតអនុញ្ញាត​ស្របច្បាប់​ពី​អង្គភាព​ទទួលខុសត្រូវ​ឱ្យ​ពុះ​ដី​ឡូត៍​លក់​ ​ឬ​ឱ្យ​សាងសង់​នៅ​លើ​ដី​ ​ឬ​ផ្ទះ​នោះ​ ​ដូចជា​អាជ្ញាប័ណ្ណ​ ​ឬ​លិខិតអនុញ្ញាត​ច្បាប់​ ​និង​បណ្ណ​-​កម្មសិទ្ធិ​ដីធ្លី​ ​ព្រមទាំង​លិខិតស្នាម​ ​ឬ​ឯកសារ​ពាក់ព័ន្ធ​ចាំ​បាច់​ផ្សេង​ៗ​ទៀត​។

    ​លោក​ ​នឹម​ ​នី​រ៉ា​ដេ​ត​ ​អភិបាលស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​ ​ជាទី​តាំង​ជាយក្រុង​ដែល​កំពុង​មាន​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​យ៉ាង​ផុលផុស​នោះ​បាន​មានប្រសាសន៍​ថា​ ​កន្លងមក​មិន​មាន​ករណី​ពុះ​ដី​ឡូត៍​លក់​ខុសច្បាប់​នោះ​ទេ​ ​គ្រាន់តែ​ថា​ ​ម្ចាស់ដី​ឡូត៍​មួយចំនួន​ ​គាត់​ពុះ​ដី​ខ្លួនឯង​ច្រៀក​ជា​ឡូត៍​ដោយ​វាស់​ម៉ែត្រ​ខ្លួនឯង​ ​ហើយ​យក​ឯកសារ​មក​ឱ្យ​សាលាស្រុក​ចុះហត្ថលេខា​ទទួលស្គាល់​ ​ដូច្នេះ​ស្រុក​មិន​ហ៊ាន​ចុះហត្ថលេខា​ទទួលស្គាល់​នោះ​ទេ​ ​ដែល​ការណ៍​នេះ​តម្រូវ​ឱ្យ​អ្នក​ពុះ​ដី​ឡូត៍​ត្រូវ​សុំច្បាប់​អនុញ្ញាត​ជាមុន​ ​ហើយ​ស្រុក​នឹង​បញ្ជូន​មន្ត្រី​សុរិយោដី​ឱ្យ​ចុះទៅ​ពិនិត្យ​និយាម​ការ​បាញ់​ប្លង់​ដោយ​បច្ចេកទេស​ប្រព័ន្ធGPS​ ​ដើម្បី​ឱ្យ​ការ​ពុះ​ដី​ជា​ឡូត៍​នោះ​មាន​ភាព​សុក្រឹត​តាម​ស្តង់ដារ​ច្បាប់​ច្បាស់លាស់​។​ ​លោក​បន្ត​ថា​ ​សម្រាប់​ការិយាល័យភូមិបាល​ស្រុក​មានសមត្ថកិច្ច​ផ្តល់​ច្បាប់​អនុញ្ញាត​ត្រឹម5,000ម៉ែត្រការ៉េ​ចុះក្រោម​ ​ចំណែក​ខេត្ត​មានសមត្ថកិច្ច​ផ្តល់​ច្បាប់​អនុញ្ញាត​ត្រឹម​ ​30,000​ ​ម៉ែត្រការ៉េ​ចុះក្រោម​ ​លើស​ពីនេះ​ត្រូវ​សុំច្បាប់​អនុញ្ញាត​ពី​ក្រសួង​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ស្នើសុំ​ឱ្យ​អ្នក​ពុះ​ដី​ឡូត៍​ ​ឬ​សាងសង់​សំណង់ផ្ទះ​លក់​ ​ត្រូវ​គោរព​អនុក្រឹត្យ​នៃ​ការ​អភិវឌ្ឍ​ដី​ ​ពិសេស​ដី​ឡូត៍​ទំហំ​ធំ​លើស​ពី5ហិ​ក​តា​ឡើង​ទៅ​ ​ត្រូវ​ធ្វើ​សួនច្បារ​ ​និង​មានផ្លូវ​ធំ​ទូលាយ​ ​ជាពិសេស​ត្រូវ​ទុក​ផ្លូវ​នៅ​ចំ​ច្រក​ឌឿងហែម​ឱ្យ​បាន​ធំ​ទូលាយ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ចរាចរ​ណ៍​ផ្សេង​ៗ​ផង​។

    ​រាល់​ករណី​ដែល​អ្នកប្រើ​ប្រាស់​ដី​ប្រព្រឹត្ត​ល្មើស​ខុសពី​ការណែនាំ​ខាងលើ​ ​ឬ​ធ្វើការ​ធ្វេសប្រហែស​ដោយ​មិន​យកចិត្ត​ទុកដាក់​ ​ឬ​ការ​ឱ្យដៃ​ពីសំណាក់​អាជ្ញាធរ​ ​ឬ​អង្គភាព​ពាក់ព័ន្ធ​ណាមួយ​ជាមួយនឹង​ម្ចាស់ដី​ ​ឬ​អ្នកទទួល​សិទ្ធិ​ប្រើប្រាស់​ដី​ក្នុង​ការ​ពុះ​ដី​ឡូត៍​លក់​ ​ឬ​សាងសង់​សំណង់​លំនៅឋាន​ដោយ​មិន​ស្របច្បាប់​នោះ​ ​នឹង​ត្រូវ​ចាត់វិធានការ​ពិន័យ​ ​ឬ​ទទួលទោស​តាមច្បាប់​ជាធរមាន​។​

    លោក​ ​ភឿង​ ​ប៊ន​ ​អ្នក​ពុះ​ដី​ឡូត៍​លក់​នៅ​ស្រុក​អង្គស្នួល​មានប្រសាសន៍​គាំទ្រ​ទៅ​នឹង​សេចក្តី​ប្រកាស​ណែនាំ​របស់​អាជ្ញាធរ​ខេត្ត​ក៏ដូចជា​ស្រុក​-​ខណ្ឌ​ដែរ​ដោយ​លោក​អះអាង​ថា​ ​ការប្រកាស​រឹត​បន្តឹង​ច្បាប់​នេះ​ធ្វើឡើង​ក្នុង​គោលការណ៍​ការពារ​ច្បាប់​ទាំងសងខាង​ ​ទាំង​អ្នកលក់​ ​និង​អ្នកទិញ​ ​ចៀសវាង​បង្ក​បញ្ហា​ទៅ​ថ្ងៃ​អនាគត​៕

  • ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ​ ​បង្ហាញ​អត្ថន័យ​លម្អិត​នៃ​ថ្ងៃ​មាឃបូជា​

    ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ​ ​បង្ហាញ​អត្ថន័យ​លម្អិត​នៃ​ថ្ងៃ​មាឃបូជា​

    ​មាឃបូជា​ ​ជាពិធី​មួយ​ដ៏​មាន​សារៈសំខាន់​នៅក្នុង​ព្រះពុទ្ធ​សាសនា​ក្នុងចំណោម​បុណ្យ​នានា​ ​រួមមាន​មាឃបូជា​ ​វិសាខបូជា​ ​និង​អាសាឡ្ហ​បូជា​ជាដើម​។​ ​មាឃបូជា​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​នក្ខត្ត​សម័យ​សំ​ខាន់​ៗ​ចំនួន2​ ​របស់​ព្រះសម្មាសម្ពុទ្ធ​ ​គឺ​៖​

    ​1​.​ ​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​ធម្មនុញ្ញ​បង្កើត​ព្រះពុទ្ធ​សាសនា​ឡើង​ក្នុង​លោក​ ​នា​ប្រទេស​ឥណ្ឌា​កាលពី​ ​588ឆ្នាំមុន​គ្រិស្តសករាជ​ ​ក្នុង​ថ្ងៃ​ ​15កើត​ ​ខែមាឃ​ ​ក្រោយពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ9ខែ​គត់​។​ ​ការបង្កើត​ព្រះពុទ្ធ​សាសនា​ក្នុងឋានៈជា​អង្គការ​សាសនា​មួយ​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្នុងចំណោម​ព្រះភិក្ខុ​សង្ឃ​ ​1,250រូប​ក្នុង​មហាសន្និបាត​មួយ​ប្រកបដោយ​អង្គ4​ ​ហៅ​ចតុរង្គ​មហាសន្និបាត​គឺ​ ​អង្គ​ទី1​ ​គឺ​ពេលនោះ​ជា​ថ្ងៃឧបោសថសីល​មាន​ព្រះចន្ទ​ពេញវង់​ថ្ងៃ​ ​15កើតជា​ថ្ងៃពេញបូណ៌​មី​ ​ខែមាឃ​។​ ​អង្គ​ទី2​ ​ព្រះភិក្ខុ​សង្ឃ​សាវក​ដែល​បាន​មក​ចូលរួម​ចតុរង្គ​សន្និបាត​ទាំង​ ​1,250អង្គ​នោះ​និមន្ត​មក​ពី​ទិស​ទាំង4​ ​ដោយ​មិនបាន​ណាត់គ្នា​ជាមុន​ ​ក៏​ស្រាប់តែ​ដល់​ថ្ងៃ​នោះ​បាន​និមន្ត​មក​ព្រម​ៗ​គ្នា​តែម្ដង​។​ ​អង្គ​ទី3​ ​ព្រះភិក្ខុ​សង្ឃ​ទាំងនោះ​សុទ្ធសឹងតែ​ជា​ព្រះអរហន្ត​ដែល​បានសម្រេច​អរហត្ត​ ​អ្នក​សម្រេច​នូវ​អភិញ្ញា6​។​ ​ចំណែក​អង្គ​ទី4​ ​គឺ​ព្រះភិក្ខុ​សង្ឃ​ ​1,250អង្គ​នោះ​ ​សុទ្ធតែ​ជា​ឯហិ​ភិក្ខុ​ ​(​បួស​ផ្ទាល់​ក្នុង​សំណាក់​ព្រះសម្ពុទ្ធ​)​ ​ដូចគ្នា​ទាំងអស់​។​

    ​ក្នុង​មហាសន្និបាត​នោះ​ ​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​នូវ​គោលការណ៍​ ​11ប្រការ​សម្រាប់​សមាជិក​មហាសន្និបាត​ទាំងអស់​កាន់​យក​ជា​វិថី​ជីវិត​ ​និង​សម្រាប់​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ជន​ដទៃទៀត​ឱ្យ​បាន​យល់​។​ ​គោលការណ៍​ទាំង​ ​11ប្រការ​នេះ​មានឈ្មោះ​ជា​ភាសាបាលី​ថា​ ​ឱវាទ​បាតិមោក្ខ​ ​ដែល​ពុទ្ធសាសនិក​ជន​ម្នា​ក់ៗ​ត្រូវ​យក​មក​សិក្សា​ឱ្យ​យល់ដឹង​ ​និង​អនុវត្ត​។​

    ​2​.​ ​ថ្ងៃ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​ព្រះជន្មាយុ​សង្ខារ​ចំពោះមុខ​ថា​ ​«​ម្នាល​មារ​មានចិត្ត​បាប​!​ ​ចូរ​អ្នកមាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ចុះ​ ​រាប់​ពីថ្ងៃនេះទៅ​ ​៣ខែ​ទៀត​ ​តថាគត​នឹង​បរិនិព្វាន​ហើយ​»​។​ ​ការ​ដាក់​ព្រះជន្មាយុ​សង្ខារ​នេះ​នៅ​ថ្ងៃអាទិត្យ​ ​15កើត​ ​ខែមាឃ​ ​កាលពី​ ​543ឆ្នាំមុន​គ.ស​។​ ​ការ​ដាក់​ព្រះជន្មាយុ​សង្ខារ​នេះ​ ​គឺជា​ការ​បង្ហាញ​នូវ​អនិច្ច​លក្ខណ​ភាព​ ​សភាព​មិន​ទៀង​នៃ​សង្ខារ​ទាំងឡាយ​ ​ដែល​កើតមក​ហើយ​រមែង​រលត់​ទៅវិញ​ជា​ធម្មតា​ ​ដើម្បី​ឱ្យ​យើង​ទាំងអស់គ្នា​បាន​ពិចារណា​ថា​ ​សត្វលោក​ទាំងអស់​ ​គឺ​ស្ថិត​ក្នុង​ភាព​មិន​ទៀងទាត់​ ​គ្មាន​នរណា​ម្នាក់​អមតៈ​ឡើយ​ ​សូម្បីតែ​ព្រះអង្គ​បាន​ត្រាស់​ជា​ព្រះសម្មាសម្ពុទ្ធ​ ​ហើយក៏​គង់​នឹង​ចូល​បរិនិព្វាន​ដែរ​។​ ​

    ​នេះ​ជា​ចំណុច​សំខាន់​ដែល​ព្រះអង្គ​បាន​ផ្តល់​ការ​គិត​មួយ​ដ៏​ធំ​ដល់​សត្វលោក​ ​គឺថា​មុន​ពេល​ដែល​យើង​ស្លាប់​ ​តើ​យើង​ត្រូវ​ធ្វើអ្វី​ខ្លះ​ ​យើង​បាន​កសាង​ស្នាដៃ​អ្វីខ្លះ​ ​កសាង​សេចក្តីល្អ​អ្វីខ្លះ​ ​បាន​ដុសខាត់​សម្អាតចិត្ត​ប្រព្រឹត្ត​ខ្លួន​ឱ្យ​មាំមួន​អ្វីខ្លះ​ ​បានផល​ប្រយោជន៍អ្វី​ខ្លះ​ដល់​ខ្លួនឯង​ ​និង​អ្នកដទៃ​ ​ហើយ​នេះ​ក៏​ជា​ការ​ពញ្ញាក់​ស្មារតី​ ​ដើម្បី​ឱ្យ​ជន​ទាំងឡាយ​យក​ដំណើរ​នេះ​មក​គិតពិចារណា​។​

    ​ដើម្បី​ ​«​ឈ្វេងយល់​ពីអ​ត្ថ​ន័យ​ ​និង​ខ្លឹមសារ​នៃ​បុណ្យមាឃបូជា​»​នេះ​ ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្កាឈូក​ ​នឹង​រៀបចំ​កម្មវិធី​ឈ្វេងយល់​ពី​បុណ្យមាឃបូជា​ ​នៅ​សាលសន្និសីទ​ចតុមុខ​ ​រាជធានី​ភ្នំពេញ​ ​នា​ថ្ងៃសៅរ៍​ ​12កើត​ ​ខែមាឃ​ ​ឆ្នាំច​ ​សំរិទ្ធ​ស័ក​ ​ព.ស​.​2562​ ​ត្រូវ​នឹង​ថ្ងៃទី16​ ​ខែកុម្ភៈ​ ​គ.ស2019​ ​វេលា​ម៉ោង​ ​13​:​០០នាទី​ ​ដល់ម៉ោង​ ​17​:​០០នាទី​រសៀល​ក្រោមព្រះអធិបតីភាពព្រះមហាវិមលធម្ម ពិន សែម ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាសង្ឃព្រះពុទ្ធសាសនាកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមដោយលោកជំទាវ ឯកឧត្តមតំណាង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងធម្មការនិងសាសនា ក្រសួងពាណិជ្ជកម្ម និង ក្រសួងបរិស្ថាន រួមទាំងសាកលវិទ្យាល័យមួយចំនួនក្នុងរាជធានីភ្នំពេញ​៕​ ​



  • Mertens​ ​ជម្នះ​លើ​បញ្ហា​ឈឺខ្នង​ ​ដើម្បី​ផ្តួល​ ​Halep​ ​ឈ្នះ​ពាន​ ​Qatar​ ​Open​

    Mertens​ ​ជម្នះ​លើ​បញ្ហា​ឈឺខ្នង​ ​ដើម្បី​ផ្តួល​ ​Halep​ ​ឈ្នះ​ពាន​ ​Qatar​ ​Open​

    កីឡាការិនី​វាយ​កូន​បាល់​ ​Elise​ ​Mertens​ ​របស់​បែលហ្ស៊ិក​បាន​កត់ត្រា​ជ័យជម្នះ​ដ៏​ធំ​បំផុត​នៃ​អាជីព​របស់​នាង​កាលពី​ថ្ងៃសៅរ៍​ដោយ​បាន​បង្កើត​ភាព​ភ្ញាក់ផ្អើល​ដ៏​គួរ​ឱ្យ​កត់សម្គាល់​ដោយ​ការ​ផ្តួល​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ3ក្នុង​ពិភពលោក​ ​Simona​ ​Halep​ ​និង​ឈ្នះ​ពាន​ ​Qatar​ ​Open​។​

    ​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ21​ ​ក្នុង​ពិភពលោក​រូប​នេះ​ ​បាន​ទទួល​ជ័យជម្នះ​ក្នុង​លទ្ធផល​ ​3​-​6​,​ ​6​-​4​ ​និង6​-​3​ ​និង​បើ​ទោះបី​ចាញ់​ក្នុង​សិត​ទី1ក៏ដោយ​ ​ប៉ុន្តែ​នាង​បាន​ជម្នះ​លើ​បញ្ហា​ឈឺ​សាច់ដុំ​ខ្នង​ ​និង​បាន​ទទួលការ​ព្យាបាល​រយៈពេល​តែ​ ​8នាទី​ ​ក្នុង​សិត​ទី2​ ​វាយ​ដណ្តើម​យកជ័យ​ជម្នះ​នេះ​តែម្តង​។​

    ​Mertens​ ​វ័យ​ ​23ឆ្នាំ​ ​បាន​និយាយ​បន្ទាប់ពី​ចប់​ការប្រកួត​ថា​៖​ ​«​វា​ជា​ពេលវេលា​ដ៏​ធំ​មួយ​សម្រាប់​ខ្ញុំ​ក្រោយពី​ដណ្តើម​បាន​ជ័យជម្នះ​នេះ​។​ ​ខ្ញុំ​គិតថា​ ​ជ័យជម្នះ​នេះ​នឹង​ក្លាយជា​ជ័យជម្នះ​ដ៏​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ជាពិសេស​ជាមួយនឹង​កីឡា​វាយ​កូន​បាល់​ដែល​ខ្ញុំ​បាន​លេង​»​។​

    ​ជ័យជម្នះ​របស់​នាង​ ​ដែល​បាន​ចំណាយពេល​អស់​ជាង​ ​2ម៉ោង​ ​គឺជា​ជ័យជម្នះ​ជា​លើក​ទី3របស់​នាង​ហើយដែល​បាន​ឈ្នះ​លើ​កីឡាការិនី​មាន​ចំណាត់ថ្នាក់​កំពូល​ទាំង10​ ​ក្នុង​ទីក្រុង​ដូហា​ ​នៅ​សប្តាហ៍​នេះ​ ​និង​ជា​ជ័យជម្នះ​ជា​លើក​ទី2​ ​លើ​ម្ចាស់​ជើងឯក​ពាន​ ​Grand​ ​Slam​ ​ម្នាក់​។​

    Mertens​ ​បាន​ផ្តួល​ ​Halep​ ​ដែល​ជា​ម្ចាស់ការ​ពារ​តំណែង​ជើងឯក​ ​French​ ​Open​ ​និងកីឡា​ការិនី​ ​Angelique​ ​Kerber​ ​ដែល​ចាញ់​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​និង​ជា​ម្ចាស់​ជើងឯក​ ​Wimbledon​៕​

  • ស្រប​ពេល​វិស័យ​សំណង់​កំពុង​រីក​ខ្លាំង​ ​ជប៉ុន​ផ្តល់​ឱកាស​បណ្តុះបណ្តាល​ដល់​ពលករ​កម្ពុជា​លើ​ផ្នែក​សំណង់​

    ស្រប​ពេល​វិស័យ​សំណង់​កំពុង​រីក​ខ្លាំង​ ​ជប៉ុន​ផ្តល់​ឱកាស​បណ្តុះបណ្តាល​ដល់​ពលករ​កម្ពុជា​លើ​ផ្នែក​សំណង់​

    កម្ពុជា​ជា​ប្រទេស​ដែល​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​លើ​ផ្នែក​សំណង់​ ​និង​អចលនវត្ថុ​ ​ដែល​ទាំងអស់​នេះ​បាន​បង្ហាញ​ឡើង​តាមរយៈ​ការ​រីក​ដុះដាល​យ៉ាង​ខ្លាំង​នូវ​សំណង់​អ​គារ​ខ្ពស់​ៗ​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​គម្រោង​លំនៅឋាន​ជាច្រើន​នៅក្នុង​ទីក្រុង​ ​និង​តាម​បណ្តា​ខេត្ត​ជាពិសេស​តំបន់​ប្រជុំជន​នានា​។

    ស្រប​ពេល​ដែល​វិស័យ​សំណង់​កំពុង​មានការ​រីក​ដុះដាល​ខ្លាំង​នេះ​ ​សមាគម​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​ (​Japan​ ​Cambodia​ ​Interactive​ ​Association​ ​ឬ JCIA​ ​)​ បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​នៅ​ប្រទេស​ជប៉ុន​ជួយ​បណ្តុះបណ្តាល​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ជប៉ុន​ឱ្យ​មាន​សមត្ថភាព​អនុវត្ត​ផ្ទាល់​តាមរយៈ​ការបម្រើ​ការងារ​ក្នុង​វិស័យ​សំណង់​នៅ​ជប៉ុន​។​

    ​លោក​ ​Fumio​ ​Yamada​ ​ប្រធាន​សមាគម​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន​(​JCIA​ ​)​ ​បាន​លើកឡើង​ថា​ ​លោក​បាន​នាំ​អ្នក​វិនិយោគ​ជប៉ុន​ផ្នែក​សំណង់​ជាច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​ ​ហើយ​ក្នុង​នោះ​ក្រុមហ៊ុន​មួយចំនួន​ក៏បាន​ទទួល​ពលករ​ខ្មែរ​ប្រមាណ​ជាជាង​ ​300នាក់​រួចមក​ហើយ​ដើម្បី​ធ្វើ​កម្មសិក្សា​ផ្នែក​សំណង់​នៅ​ប្រទេស​ជប៉ុន​។​ ​តាមរយៈ​សកម្មភាព​នេះ​លោក​សង្ឃឹមថា​ ​ពលករ​ខ្មែរ​ដែល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​ ​នឹង​បាន​សិក្សា​ស្វែងយល់​កាន់តែ​ច្បាស់​ ​និង​មាន​ជំនាញ​ពិតប្រាកដ​លើ​ផ្នែក​សំណង់​ ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​វិស័យ​ដ៏​មាន​សារៈសំខាន់​នេះ​នៅ​កម្ពុជា​។​

    ​លោក​ ​Fumio​ ​Yamada​ ​បាន​លើកឡើង​ផង​ដែរ​ថា​ ​លោក​នឹង​ព្យាយាម​ទាក់ទាញ​អ្នក​វិនិយោគ​ជ​ប៉ុន​ថ្មី​ៗ​បន្ថែម​ទៀត​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​សំណង់​ដែល​ជា​វិស័យ​សំខាន់​មួយ​ ​និង​មាន​តម្រូវការ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា​។​

    ​ឯកឧត្តម​ ​អុិ​ត​ ​សំ​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បង្ហាញថា​ ​បច្ចុប្បន្ន​នេះ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ ​កំពុង​មានការ​រីកចម្រើន​យ៉ាង​ខ្លាំង​ ​ដែល​ក្នុង​នោះ​ក្រុមហ៊ុន​សំណង់​របស់​ជប៉ុន​ក៏បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​មួយ​នេះ​ផង​ដែរ​។​ ​កម្ពុជា​កំពុង​ត្រូវការ​ការ​វិនិយោគ​ ​និង​ជំរុញ​ឱ្យ​មានការ​ពង្រឹងគុណភាព​កាន់តែ​ខ្លាំង​ ​ជាពិសេស​លើ​ស្តង់ដារ​បច្ចេកទេស​ឱ្យ​បាន​ហ្មត់ចត់​ ​ដើម្បី​ធានា​ដល់​សុវត្ថិភាព​ ​និង​ផ្នែក​សំ​ខាន់​ៗ​ជាច្រើន​ផ្សេងទៀត​។

    ​ឯកឧត្តម​ ​អុិ​ត​ ​សំ​ហេង​ ​បាន​មានប្រសាសន៍​ថា​៖​ ​“​សំណង់​មិន​អាច​ប្រហែស​បាន​នោះ​ទេ​ ​ព្រោះ​វា​ប៉ះពាល់​ដល់​ជីវិត​របស់​មនុស្ស​ ​ប្រសិនបើ​បច្ចេកទេស​មិនល្អ​ ​គឺ​មាន​ហានិភ័យ​ដល់​ជីវិត​របស់​មនុស្ស​ ​ដូច្នេះ​ត្រូវតែ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្ពស់​ក្នុង​ដំណើរការ​សាងសង់​ឱ្យ​ស្រប​ទៅតាម​ស្តង់ដារ​”​។​

    ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកឡើង​ផង​ដែរ​ថា​ ​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ​ជាង​ ​9ពាន់​នាក់​ ​ហើយ​យើង​សង្ឃឹមថា​ ​នឹង​មានការ​កើនឡើង​បន្ថែម​ទៀត​ទ្វេដង​នៅ​ឆ្នាំ​ថ្មីនេះ​ ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​ពលករ​មានឱកាស​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ឱ្យ​បាន​កាន់តែ​ច្បាស់លាស់​ក្នុង​ការ​បំពេញ​កិច្ចការ​ងារ​របស់​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើង​។​ ​ជាមួយគ្នា​នេះ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កំពុង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ជប៉ុន​ដើម្បី​ពិនិត្យ​ ​និង​រៀបចំ​កិច្ច​ព្រម​ព្រៀង​សហ​ប្រ​ត្តិ​បត្តិ​ការ​ជាមួយគ្នា​ក្នុង​គោលបំណង​បង្កើន​ទីផ្សារ​ការងារ​ ​និង​ឱកាស​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​ ​និង​ដើម្បី​ដោះស្រាយ​បញ្ហា​កង្វះ​ពលកម្ម​ជំនាញ​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ​៕​

  • ចង់ឱ្យ​មាឃបូជា​ល្បីល្បាញ​ដូច​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​លុះត្រាតែ​យើង​មាន​រូបភាព​ជា​អត្តសញ្ញាណ​ច្បាស់លាស់​

    ចង់ឱ្យ​មាឃបូជា​ល្បីល្បាញ​ដូច​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​លុះត្រាតែ​យើង​មាន​រូបភាព​ជា​អត្តសញ្ញាណ​ច្បាស់លាស់​

    បុណ្យមាឃបូជា​ជាពិធី​បុណ្យ​ប្រកបដោយ​អត្ថន័យ​សំខាន់​ក្នុង​ប្រទេស​ទាំងអស់​ដែល​កាន់​ព្រះពុទ្ធ​សាសនា​ ​ព្រោះ​បុណ្យ​នេះ​បាន​បង្ហាញ​ពីអ​ត្ថ​ន័យ​ ​និង​ការអប់រំ​យ៉ាង​ជ្រាលជ្រៅ​ដល់​មនុស្ស​គ្រប់​ៗ​រូប​ ​ដែល​នឹង​នាំ​ឱ្យ​មានការ​រស់នៅ​កាន់តែ​ល្អ​ប្រសើរ​ ​និង​មាន​សន្តិភាព​ក្នុង​ជីវិត​។​ ​

    ​នៅ​កម្ពុជា​ពិធីបុណ្យ​មាឃបូជា​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី15​ ​កើត​ ​ខែមាឃ​ ​ជា​រៀងរាល់​ឆ្នាំ​ ​ដែល​ជា​បុណ្យជាតិ​មួយទៀត​របស់​ប្រទេស​ផង​ដែរ​ ​តែ​ចរន្ត​នៃ​ការយល់​ដឹង​ ​និង​គាំទ្រ​ហាក់​មានតែ​សម្រាប់​មនុស្ស​វ័យ​កណ្តាល​ ​និង​មនុស្សចាស់​តែប៉ុណ្ណោះ​។​ ​សម្រាប់​យុវវ័យ​ ​គឺ​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ដោយ​ផ្នែក​ៗ​ ​មានន័យថា​ ​យុវជន​ដែល​នៅ​ស្និទ្ធ​ជាមួយនឹង​ការអប់រំ​ ​វប្បធម៌​ ​ឬសាស​នា​បាន​យកចិត្ត​ទុកដាក់​ខ្លាំង​ ​តែ​សម្រាប់​យុវជន​ជាទូទៅ​មួយចំនួន​ធំ​ ​មាន​អ្នកខ្លះ​មិនដែល​ទាំង​ចាំ​ថា​ ​ថ្ងៃណា​ជា​ថ្ងៃបុណ្យ​មាឃបូជា​ផង​។​ ​


    ​បង្ហាញ​ពី​ដំណោះស្រាយ​ ​និង​ការយល់ឃើញ​ជុំវិញ​ថ្ងៃបុណ្យ​មាឃបូជា​នេះ​ ​ឯកឧត្តម​ ​ប៉ែន​ ​វិបុល​ ​អនុរដ្ឋ​លេខាធិការ​ក្រសួងធម្មការ​ ​និងសាសនា​ ​បាន​លើកឡើង​ថា​ ​ប្រជាជន​ខ្មែរ​ជា​ពុទ្ធបរិស័ទ​ ​តាម​សាកល​វិទ្យាល័យ​ ​ក្រុមហ៊ុន​នានា​ ​និង​មនុស្ស​ទូទៅ​មិន​ច្រើន​ទេ​ដែល​ដឹង​ថា​ថ្ងៃទី19​ ​កុម្ភៈ​ ​ខាងមុខនេះ​ជា​ថ្ងៃ​មាឃបូជា​។​ ​បញ្ហា​ដែល​មិនសូវ​មាន​អ្នកដឹង​ ​និង​ស្គាល់​ពិធីបុណ្យ​ដ៏​សំខាន់​មួយ​នេះ​ ​ដោយសារតែ​យើង​គ្មាន​រូបភាព​បង្ហាញ​ច្បាស់លាស់​។​ ​ជាក់ស្តែង​ប្រសិនបើ​យើង​គិត​ពី​បុណ្យណូអែល​ ​មិន​ចាំបាច់​ផ្សព្វផ្សាយ​ទេ​ ​ក៏​គេ​ដឹង​ថា​បុណ្យណូអែល​ ​គឺ​គេ​ច្រើន​ធ្វើ​នៅ​ថ្ងៃទី25​ ​ខែធ្នូ​ដែរ​ ​ព្រោះ​គេ​មានការ​ជូន​កាដូ​ ​ឬ​រូបភាព​មួយចំនួន​ផ្សេងទៀត​ ​ឯ​បុណ្យចូលឆ្នាំ​ចិន​ ​គេ​ដឹង​ថា​មានការ​ជូន​អាំង​ប៉ាវ​ ​ជាដើម​។​ ​សម្រាប់​ថ្ងៃ14​ ​កុម្ភៈ​ ​ទិវា​នៃ​ក្តី​ស្រឡាញ់​ ​មិនទាន់​ដល់​ថ្ងៃ​ផង​ ​គេ​ដឹង​បាត់​ទៅ​ហើយ​ ​តាមរយៈ​រូបភាព​នៃ​ការ​លក់​ផ្កា​នៅ​ម្តុំ​វិមានឯករាជ្យ​ជាដើម​ ​ចុះ​មាឃបូជា​វិញ​ ​តើ​យើង​ត្រូវ​មាន​អ្វី​បង្ហាញ​ទៅ​?​។​

    ​ឯកឧត្តម​ ​ប៉ែន​ ​វិបុល​ ​បាន​និយាយ​ថា​៖​ ​«​ពុទ្ធបរិស័ទ​ទាំងអស់​ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​ ​គួរ​ធ្វើ​រូបសញ្ញា​មួយ​ផ្ទាំង​ ​ឬ​ធ្វើអ្វី​ដើម្បី​បង្ហាញ​ជា​រូបភាព​មាឃបូជា​ ​ឱ្យ​មើលទៅ​ដឹង​ថា​ជា​ថ្ងៃ​មាឃបូជា​ ​ដោយ​មិនបាច់​ផ្សព្វផ្សាយ​ច្រើន​ក៏​ដឹង​តែម្តង​ ​ហើយ​បន្ថែម​ការចែក​រំលែក​តាមរយៈ​ ​Message​ ​ឬ​ ​facebook​ ​ជាដើម​»​។​ ​
    ​ឯកឧត្តម​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រសិនបើ​មាន​ក្រុមហ៊ុន​ឯកជន​ ​ឬ​ស្ថាប័ន​ណា​ចង់​ធ្វើ​កម្មវិធី​ផ្សព្វផ្សាយ​ ​ឬ​អប់រំ​អំពី​ថ្ងៃ​មាឃបូជា​ ​សូម​ដាក់ពាក្យ​មក​ក្រសួងធម្មការ​ ​នោះ​ខាង​ក្រសួង​នឹង​ជួយ​សម្រួល​គ្រប់​លទ្ធភាព​ ​ដើម្បី​ជំរុញ​ឱ្យ​ការងារ​នេះ​កាន់តែ​ប្រសើរ​ឡើង​៕​ ​

  • Sister​ ​of​ ​Code​ ​ជំរុញ​ស្ត្រី​កម្ពុជា​ឱ្យ​មាន​មូលដ្ឋាន​គ្រឹះ​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​

    Sister​ ​of​ ​Code​ ​ជំរុញ​ស្ត្រី​កម្ពុជា​ឱ្យ​មាន​មូលដ្ឋាន​គ្រឹះ​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​

    កន្លងមក​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​មាន​មិន​ច្រើនពេក​ទេ​នៅ​កម្ពុជា​ ​ព្រោះ​ប្រជាជន​ខ្មែរ​នៅ​មាន​ផ្នត់គំនិត​មួយ​យល់ឃើញ​ថា​មុខវិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន​ ​(​ICT​)​ ​គឺជា​មុខវិជ្ជា​សម្រាប់​បុរស​។​ ​ជាក់ស្តែង​មុខវិជ្ជា​នេះ​ជាមុ​ខ​វិជ្ជា​ដែល​មាន​លក្ខណ​សម្បត្តិ​ល្អ​សម្រាប់​ស្ត្រី​ផង​ដែរ​ក្នុង​សង្គម​ដែល​កំពុងតែ​មានការ​វិវឌ្ឍ​យ៉ាង​លឿន​ផ្នែក​បច្ចេកវិទ្យា​ ​នៅ​គ្រប់​វិស័យ​ទាំងអស់​។​

    បច្ចុប្បន្ន​នេះ​ ​ស្ត្រី​លើ​ពិភពលោក​មិនមែន​តែ​កម្ពុជា​ ​នោះ​ទេ​ ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​ឱ្យ​បាន​សកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​ ​ការ​លើកទឹកចិត្ត​ទាំងអស់​នោះ​មាន​ដូចជា​ ​ការ​ផ្តល់​កូតា​អាហារូបករណ៍​ពិសេស​សម្រាប់​ស្ត្រី​ ​ការបង្កើត​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធ​ ​ការប្រកួត​ប្រជែង​សម្រាប់​ស្ត្រី​ ​និង​ការ​លើកទឹកចិត្ត​ចំពោះមុខ​តំណែង​មួយចំនួន​សម្រាប់​ស្ត្រី​តែម្តង​នៅក្នុង​ក្រុមហ៊ុន​សំ​ខាន់​ៗ​នានា​។​ ​ស្ត្រីជា​ចំណែក​យ៉ាង​សំខាន់​នៅក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​ ​ដែល​អាច​មានលទ្ធភាព​ខ្ពស់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដោយ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ ​ជាពិសេស​បញ្ហា​របស់​ស្ត្រី​ដូចគ្នា​ ​ព្រោះ​មានតែ​ស្ត្រី​ទេ​ដែល​យល់​ ​និង​ដឹងពី​អារម្មណ៍​ស្ថានភាព​ ​និង​បញ្ហា​ប្រឈម​នានា​របស់​ស្ត្រី​ដូចគ្នា​។​

    ​ដើម្បី​ជំរុញ​ស្ត្រី​ឱ្យ​ចូលរួម​កាន់តែ​សកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​សហការ​ជាមួយ​គ្រឹះស្ថាន​បណ្តុះបណ្តាល​ ​IT​ ​Academy​ ​STEP​ ​Cambodia​ ​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​មួយ​ឈ្មោះថា​ ​“​Sister​ ​of​ ​Code​”​ ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​សិស្ស​ស្រី​នៅ​កម្ពុជា​ព្យាយាម​សរសេរ​កូដកម្ម​វិធី​ ​និង​អភិវឌ្ឍ​ទំនុកចិត្ត​ក៏ដូចជា​ផ្តល់​ឱកាស​ជោគជ័យ​ផ្នែក​ឌីជីថល​ដល់​និស្សិត​ស្រី​នៅ​ផង​ដែរ​។​ ​

    ​កម្មវិធី​ ​នេះ​នឹង​ជួយ​ស្ត្រី​កម្ពុជា​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​ ​ជាពិសេស​គឺ​បង្កើត​ស្នាដៃ​ជា​នវានុវត្តន៍​ថ្មី​សម្រាប់​ដោះស្រាយ​បញ្ហា​នានា​ ​និង​ឈាន​ទៅ​ក្លាយជា​អ្នក​ជំ​នាញ​ខ្លាំង​ៗ​ដើម្បី​បម្រើ​ឱ្យ​វិស័យ​នានា​នា​ពេល​អនាគត​។​ ​ចំពោះ​សិស្ស​ដែល​អាច​ចូលរៀន​បាន​គឺ​មាន​អាយុ​ចន្លោះ​ពី​ ​10ឆ្នាំ​ ​ដល់​ ​18ឆ្នាំ​ ​ដែល​កម្មវិធី​នេះ​នឹង​បង្រៀន​ពី​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​សរសេរ​កូដ​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ​6ខែ​ ​ហើយ​ត្រូវ​សិក្សា​ក្នុង​មួយថ្ងៃ​-​មួយ​សប្តាហ៍​ ​រយៈពេល​ ​2ម៉ោង​កន្លះ​៕​

  • កម្ពុជា​ទទួល​បាន​ថវិកា​គម្រោង​មូលនិធិ​ពិសេស​ ​មេគង្គ​-​ឡាន​ឆាង​ចំនួន​ ​7.66លាន​ដុល្លារ​

    កម្ពុជា​ទទួល​បាន​ថវិកា​គម្រោង​មូលនិធិ​ពិសេស​ ​មេគង្គ​-​ឡាន​ឆាង​ចំនួន​ ​7.66លាន​ដុល្លារ​

    ​ថវិកា​ចំនួន​ ​7.66លាន​ដុល្លារ​ដែល​កម្ពុជា​ទទួល​បាន​ពី​កិច្ច​ព្រមព្រៀង​ស្តី​ពី​សហប្រតិបត្តិ​ការ​លើ​គម្រោង​មូលនិធិ​ពិសេស​ ​មេគង្គ​-​ឡាន​ឆាង​ ​ត្រូវ​បាន​ធ្វើឡើង​នៅ​ទី​ស្តី​ការក្រ​សួង​ការបរទេស​នៅក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី​ ​ប្រាក់​ ​សុ​ខុន​ ​រដ្ឋមន្ត្រី​ការបរទេស​ ​និង​សហប្រតិបត្តិ​ការអន្តរជាតិ​ ​និង​លោក​ ​វ៉ាង​ ​វិន​ធាន​ ​(​Wang​ ​Wentain​)​ ​ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​

    ​ឯកឧត្តម​ ​ប្រាក់​ ​សុ​ខុន​ ​បាន​ថ្លែង​ថា​ ​ថវិកា​ដែល​កម្ពុជា​ទទួល​បាន​ពី​កិច្ច​ព្រមព្រៀង​ ​គឺ​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​លើ​ផែនការ​ចំនួន​ ​19គម្រោង​ដែល​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អនុម័ត​ ​និង​គាំ​ទ្រ​ផែ្ន​ក​ហិរញ្ញវត្ថុ​ដល់​កម្ពុជា​។​ ​ថវិកា​នេះ​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​កិច្ច​សហប្រតិបត្តិ​ការ​ ​មេគង្គ​-​ឡាន​ឆាង2018​ ​ដែល​មាន​ថវិកា​សរុប​ចំនួន​ ​7.66​ ​លាន​(​ ​7,664,556.30​)​ដុល្លារ​អាមេរិក​។​

    ​ឯកឧត្តម​បាន​បន្ត​ថា​ ​ចាប់តាំងពី​ការបង្កើត​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-​ឡាន​ឆាង​មក​ ​ប្រទេស​កម្ពុជា​បាន​ទទួល​គម្រោង​សរុប​ចំនួន​ ​35​ ​ដែល​មាន​វិសាលភាព​គ្រប​ដណ្តប់​លើស​កម្ម​ភាព​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​កសិកម្ម​ ​ទេសចរណ៍​ ​បច្ចេកទេស​ព័ត៌មាន​វិទ្យា​ ​អប់រំ​ ​និង​ស្រាវជ្រាវ​ធនធានទឹក​ ​អភិវឌ្ឍន៍​ជនបទ​ ​និង​ការ​ផ្លាស់​ប្តូរ​ផ្នែក​វប្បធម៌​ ​និងសាសនា​។​ ​គម្រោង​មួយចំនួន​ត្រូវ​បាន​បញ្ចប់​ជាស្ថាពរ​ ​និង​គម្រោង​ដែល​នៅសល់​ផ្សេងទៀត​ជិត​ត្រូវ​បាន​បញ្ចប់​ ​ឬ​កំពុង​មាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​។​

    ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​បាន​បញ្ជាក់​ថា​ ​ការ​ចុះ​កិច្ច​ព្រមព្រៀង​នេះ​ ​ជា​តឹកតាង​យ៉ាង​ច្បាស់លាស់​ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​ ​មេគង្គ​-​ឡាន​ឆាង​ ​បាន​និង​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​មាំមួន​ជាមួយនឹង​ចំណង​នៃ​កិច្ច​សហប្រតិបត្តិ​ការ​ដ៏​រឹងមាំ​តាមរយៈ​គម្រោង​ទាំងនេះ​។​ ​ថ្វី​ដ្បិត​គម្រោង​ទាំងនេះ​ ​មិនមែន​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​ធំ​ ​ប៉ុន្តែ​វា​បាន​ផ្តល់​អត្ថ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​អនុ​តំបន់​មេគង្គ​នៅក្នុង​បរិបទ​នៃ​ការ​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៃ​ទិន្នន័យ​ ​និង​ការ​ច្នៃ​ប្រឌិត​ថ្មី​ៗ​របស់​ពិភពលោក​។​

    ​ឯកឧត្តម​ ​ប្រាក់​ ​សុ​ខុន​ ​បាន​លើកឡើង​ថា​៖​ ​«​សមត្ថភាព​នៃ​ការចែក​រំលែក​ចំណេះដឹង​ថ្មី​ ​ចំណេះធ្វើ​ ​និង​បទ​ពិសោធ​របស់​ប្រទេស​មេគង្គ​ ​និង​ចិន​នេះ​ ​ខ្ញុំ​អាច​ហៅថា​ ​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ទន់​បាន​ជួយ​បំពេញ​យ៉ាង​ល្អ​ទៅដល់​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​ដែល​ត្រូវ​បាន​អនុវត្ត​ក្រោម​គម្រោង​ទ្វេភាគី​ ​និង​ពហុភាគី​ដទៃទៀត​។​ ​សម្រាប់​ខ្ញុំ​តម្លៃពិត​ប្រាកដ​នៃ​គម្រោង​ខ្នាត​តូច​ទាំងនេះ​ ​គឺ​វា​អាចប​ង្កើត​លទ្ធផល​រូបី​ក្នុង​ការ​លើកកម្ពស់​ជីវភាពរស់នៅ​ ​និង​រួមចំណែក​ដល់​សុខុមាលភាព​របស់​ប្រជាជន​»​។​

    ​លោក​ ​វ៉ាង​ ​វិន​ធាន​ ​បាន​ថ្លែង​ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ​-​ឡាន​ឆាង​ ​គឺជា​យន្តការ​អនុ​តំបន់​ថ្មី​ដោយមាន​ការ​ប្រឹក្សា​យោបល់​ ​ការចូលរួម​ចំណែក​ ​និង​ផលប្រយោជន៍​រួមគ្នា​រវាង​បណ្តា​ប្រទេស​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​។​ ​វា​មាន​លក្ខណៈ​អំណោយផល​ក្នុង​ការកាត់បន្ថយ​គម្លាត​នៃ​ការ​អភិវឌ្ឍ​នៅ​អាស៊ាន​ ​និង​លើកកម្ពស់​សមាហរណកម្ម​អាស៊ាន​ជាទូទៅ​។​

    ​លោក​បន្ត​ថា​ ​លើស​ពីនេះ​វា​ជំរុញ​ឱ្យ​សកល​ភាវូបនីយកម្ម​សេដ្ឋកិច្ច​ដែល​បើកចំហ​រួមបញ្ចូល​មាន​តុល្យភាព​ ​និង​មាន​អត្ថ​ប្រយោជន៍​ដល់​មនុស្ស​ទាំងអស់​ ​«​ប្រទេស​ចំនួន6​ ​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​ ​គឺ​មាន​ភាព​ជិតស្និទ្ធ​ជាមួយគ្នា​មិន​ត្រឹមតែ​តាម​ទីតាំង​ភូមិសាស្ត្រ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​នៅក្នុង​ទំនាក់ទំនង​ពី​បុព្វបុរស​ ​និង​ប្រវត្តិ​វប្បធម៌​ផង​ដែរ​»​។​

    ​សូម​បញ្ជាក់​ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​ ​មេគង្គ​-​ឡាន​ឆាង​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ2015ដោយមាន​សមាជិក​សរុប​ ​6​ ​រួមមាន​ ​កម្ពុជា​ ​ចិន​ ​ឡាវ​ ​មីយ៉ាន់ម៉ា​ ​ថៃ​ ​និង​វៀតណាម​ ​និង​ផ្តោត​សំខាន់​លើស​សរ​ស្តម្ភ3​ ​និង​មាន​វិស័យ​អាទិភាព​ចំនួន​ ​5​៕​

  • តា​រា​ល្បី​ៗ​សម្ញែងសម្រស់​ឈុត​ក្រហម​ចាំ​ភ្នែក​ ​ក្នុង​កម្មវិធី​ហាង​តារា​សម្ដែង​ ​គង់​ ​ចាន់​ស្រីមុំ​

    តា​រា​ល្បី​ៗ​សម្ញែងសម្រស់​ឈុត​ក្រហម​ចាំ​ភ្នែក​ ​ក្នុង​កម្មវិធី​ហាង​តារា​សម្ដែង​ ​គង់​ ​ចាន់​ស្រីមុំ​

    ​ក្នុង​ពិធី​ខួប3ឆ្នាំ​អាជីវកម្ម​ហាងMomo​ ​របស់​តារា​សម្ដែង​ ​គង់​ ​ចាន់​ស្រីមុំ​ ​គេ​កត់សម្គាល់​ថា​មិន​ត្រឹមតែ​ម្ចាស់​កម្មវិធី​ប៉ុណ្ណោះទេ​ ​ដែល​តែងខ្លួន​ស្រស់​ស្អាត​ ​សូម្បីតែ​តា​រា​ល្បី​ៗ​ដែល​បាន​ទៅ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ ​ក៏​តែងខ្លួន​ស្រស់​ស្អាត​កប់​ស៊េរី​យ៉ាង​ទាក់​ ​ភ្នែក​ផង​ដែរ​។​ ​នៅក្នុង​ពិធី​នេះ​ ​តារា​ដែល​បាន​ចូលរួម​ភាគច្រើន​ ​ក៏បាន​ច្រៀងរាំ​ ​ធ្វើ​ឱ្យ​ពិធី​ចាប់ផ្ដើម​ជូន​ដល់​អតិថិជន​របស់​អ្នកនាង​ ​គង់​ ​ចាន់​ស្រីមុំ​ ​កាន់តែ​កក្រើក​ ​និង​មានការ​ចាប់អារម្មណ៍​ផង​ដែរ​។​

    ​តារា​ដែល​បាន​បង្ហាញ​ខ្លូន​ ​ហើយ​ធ្វើខ្លួន​ស្អាត​ឡើងក្រហម​ព្រាត​តែម្ដង​ ​ទាំងនោះ​រួមមាន​ ​កញ្ញា​ ​វី​ឌី​ណែ​ត​ ​តារាចម្រៀង​ហង្ស​មាស​ ​គឺ​នាង​លែង​មួយ​ឈុត​ក្រហម​ឃើញ​ហើយ​មិន​សរសើរ​មិនបាន​ ​ខណៈ​ដែល​ពេល​នាង​ឡើង​ច្រៀង​ ​និង​រាំ​លើ​ឆាក​ ​គឺ​ម្នា​ក់ៗ​កាន់តែ​កោតសរសើរ​ចំពោះ​នាង​ខ្លាំង​ឡើង​ ​ដោយសារតែ​នាង​ឈុត​ក្រហម​ ​ហើយ​ទាក់ភ្នែក​។​ ​

    ​អ្នកនាង​ ​សុគន្ធ​ ​និសា​ ​ក៏​លែង​ឈុត​ឈុត​ក្រហម​ធ្វើអោយ​រូប​សម្រស់​អណ្ដែត​ឡើង​ដូចគ្នា​ ​បើ​ទោះជា​មើលទៅ​មួយ​ឈុត​របស់​នាង​មើលទៅ​ស្រគត់ស្រគំ​បន្តិច​។​ ​មិន​ខុសគ្នា​ដែរ​ ​កញ្ញា​ ​ម៉ាក់​សែន​ ​សូ​នី​តា​ ​និង​កញ្ញា​រ៉ា​ប៊ី​ ​ម្ចាស់​បទ​មា​នន់​ស្រែ​ ​ក៏​លែងខ្លួន​បង្អួត​សម្រស់​មិន​អន់​នោះ​ដែរ​ ​ដើម្បី​កុំ​អោយ​បាក់មុខ​នៅក្នុង​ពិធី​របស់​អ្នកនាង​គង់​ ​ចាន់​ស្រីមុំ​។​ ​នោះ​មិនទាន់​សំដៅ​ដល់​ពិធី​ការិនី​កញ្ញា​ ​ហ៊ិ​ន​ ​ច័ន្ទ​និ​រ័ត្ន​ ​លោក​ ​ជា​ ​សុវណ្ណា​រិទ្ធិ​ ​និង​តារា​រាប់មិនអស់​ផ្សេងទៀត​ ​ដែល​លេងខ្លួន​ស្អាត​ឡើង​កប់​នោះ​ផង​៕​

  • Mbappe​ ​រកបាន​គ្រាប់​បាល់​ ​ខណៈ​ ​PSG​ ​រកបាន​ ​12ពិន្ទុ​ដាច់​ ​

    Mbappe​ ​រកបាន​គ្រាប់​បាល់​ ​ខណៈ​ ​PSG​ ​រកបាន​ ​12ពិន្ទុ​ដាច់​ ​

    ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អឥតខ្ចោះ​របស់​ខ្សែប្រយុទ្ធ​ ​Kylian​ ​Mbappe​ ​បាន​ជួយ​ឱ្យ​ក្រុម​ ​Paris​ ​Saint​-​Germain​ ​ដណ្តើម​បាន​ជ័យជម្នះ​ទាំង​ប្រផិតប្រផើយ​ក្នុង​លទ្ធផល​ ​1​-​០​ ​នៅ​លើទឹក​ដី​ក្រុម​ ​Saint​-​Etienne​ ​កាលពី​ថ្ងៃអាទិត្យ​ ​ខណៈ​ដែល​ក្រុម​កំពុងតែ​ឈរ​លើ​គេ​ក្នុង​តារាង​ក្របខ័ណ្ឌ​ ​Ligue​ ​1​ ​មួយ​នេះ​បាន​នាំមុខ​ ​12ពិន្ទុ​ដាច់​លើកំពូល​តារាង​។​

    ​ ​Mbappe​ ​វ័យ​ ​20ឆ្នាំ​បាន​រក​គ្រាប់​បាល់​ក្នុង​ការប្រកួត​លី​កជា​លើក​ទី​ ​19របស់​គេ​នៃ​យុទ្ធនាការ​នេះ​ ​ខណៈ​ដែល​នៅសល់​រយៈពេល​ ​17នាទី​។​ ​លោក​ ​Thomas​ ​Tuchel​ ​គ្រូបង្វឹក​របស់​ក្រុម​ ​PSG​ ​បានឱ្យ​ដឹង​ថា​៖​ ​«​Mbappe​ ​បង្ហាញ​ពី​គុណភាព​របស់​គេ​ជា​រៀងរាល់ថ្ងៃ​ក្នុង​ការ​ហ្វឹកហាត់​ ​ខណៈ​ដែល​រូបគេ​មានការ​ស្រេកឃ្លាន​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​។​ ​នោះ​គឺជា​គុណភាព​នៃ​ការ​រក​គ្រាប់​បាល់​របស់​គេ​។​ ​រូបគេ​ជា​កីឡាករ​ដ៏​ពិសេស​ម្នាក់​»​។​

    ​ ​បច្ចុប្បន្ន​ ​Mbappe​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ ​45គ្រាប់​ ​ចាប់តាំងពី​ផ្ទេរ​មក​ពី​ក្លិប​ ​Monaco​ ​កាលពីដើម​រដូវ​កាលមុន​។​ ​លោក​ ​Jean​-​Louis​ ​Gasset​ ​គ្រូបង្វឹក​របស់​ក្រុម​ ​Saint​-​Etienne​ ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​យើង​បាន​រង​បរាជ័យ​ដោយសារតែ​គ្រាប់​បាល់​ ​1គ្រាប់​ ​ពី​កីឡាករ​វ័យ​ ​20ឆ្នាំ​ម្នាក់​ដែល​នឹង​ក្លាយជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ក្នុង​ពិភពលោក​នា​ពេល​ឆាប់​ៗ​នេះ​»​។​

    ​ខណៈ​ដែល​ការ​ឈ្នះ​ពាន​ ​Ligue​ ​1​ ​ជា​លើក​ទី​ ​2ជាប់​ៗ​គ្នា​ ​ហាក់​មាន​សុវត្ថិភាព​រួចជាស្រេច​ ​ក្រុម​ ​PSG​ ​របស់​លោក​ ​Tuchel​ ​ដែល​ក៏​នៅសល់​ការប្រកួត​ ​2លើក​ទៀត​ក្នុង​ដៃ​បើ​ធៀប​ទៅ​នឹង​ក្រុម​ឈរ​លេខ2​ ​Lille​ ​បច្ចុប្បន្ន​អាច​សម្លឹង​ឆ្ពោះទៅ​កាន់ការ​បំបែក​កំណត់ត្រា​នៃ​ការ​រកបាន​ពិន្ទុសរុប96​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាលពី​រដូវ​កាល​ឆ្នាំ2015​-​2016​៕​ ​