Category: សង្គម និងសេដ្ឋកិច្ច

  • ដី​ក្នុង​ឃុំ​ចំនួន20​ ​ដែល​បាន​កាត់​ចូល​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ​កំពុង​ឡើង​ថ្លៃ​ក្រឺត​ៗ​

    ដី​ក្នុង​ឃុំ​ចំនួន20​ ​ដែល​បាន​កាត់​ចូល​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ​កំពុង​ឡើង​ថ្លៃ​ក្រឺត​ៗ​

    ដី​នៅក្នុង​ឃុំ​ចំនួន20​ ​ដែល​ស្ថិត​ក្នុង​ស្រុក​ចំនួន5​ ​របស់​រដ្ឋបាល​ខេត្តកណ្តាល​ ​ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ចូលក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ​កំពុង​មានតម្លៃ​កើនឡើង​គួរ​កត់សម្គាល់​ ​ខណៈ​ដែល​សំណង់​អគារ​ផ្ទះល្វែង​ ​និង​សកម្មភាព​ពុះ​ដី​ឡូត៍​លក់​កំពុងតែ​ហៀរ​ទៅកាន់​តំបន់​ទាំងនោះ​។​

    ​យោង​តាម​ទិន្នន័យ​របស់​សាលា​រាជធានី​ភ្នំពេញ​បាន​បង្ហាញថា​ ​ឃុំ​ទាំង20​ ​ក្នុង​ស្រុក​ទាំង5​ ​របស់​ខេត្តកណ្តាល​ដែល​ត្រូវ​កាត់​ចូល​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នោះ​រួមមាន​៖​ ​1​.​ឃុំ​ចំនួន3ដែល​ត្រូវ​កាត់ចេញ​ពី​ភូម​សាស្ត្រ​ស្រុក​ពញាឮ​ចូល​មក​ខណ្ឌ​សែនសុខ​ ​រួមមាន​ ​ឃុំ​ពញា​ពន់​ ​ឃុំ​ព្រែកព្នៅ​ ​និង​ឃុំ​សំរោង​។​ ​2​.​ ​ឃុំ​ចំនួន2​ ​កាត់ចេញ​ពី​ស្រុក​មុខកំពូល​ ​បញ្ចូល​មក​ក្នុង​ខណ្ឌ​ឬស្សី​កែវ​ ​រួមមាន​ ​ឃុំ​កោះដាច់​ ​និង​ឃុំ​បាក់ខែង​។​ ​3​.​ ​ឃុំ​ចំនួន4​ ​ដែល​ត្រូវ​កាត់ចេញ​ពី​ស្រុក​កៀនស្វាយ​ ​ត្រូវ​បាន​បញ្ចូល​មក​ក្នុង​ខណ្ឌមានជ័យ​ ​រួមមាន​ឃុំ​វាលស្បូវ​ ​ឃុំ​ព្រែកឯង​ ​ឃុំ​ក្បាលកោះ​ ​ឃុំ​ព្រែកថ្មី​។​ ​4​.​ ​ឃុំ​ចំនួន11​ ​ដែលកាត់​ចេញពី​ស្រុក​កណ្តាល​ស្ទឹង​ ​និង​ត្រូវ​បញ្ចូល​មករ​ដ្ឋ​បាល​ខណ្ឌដង្កោ​ ​រួមមាន​ឃុំ​ព្រែក​កំពឹស​ ​ឃុំ​ស្ពានថ្ម​ ​ឃុំ​ទៀន​ ​ឃុំ​រលួស​ ​ឃុំ​គង​នយ​ ​និង5​.​ ​ឃុំ​ចំនួន5​ ​ត្រូវ​កាត់ចេញ​ពី​ស្រុក​អង្គស្នួល​ ​ចូល​មក​ខណ្ឌ​ពោធិ​សែន​ជ័យ​ ​រួមមាន​ឃុំ​ពន្សាំង​ ​ឃុំ​ស្នោ​ ​ឃុំ​ឪឡឹក​ ​ឃុំ​បឹងធំ​ ​ឃុំ​កំបូល​ ​និង​ឃុំ​កន្ទោក​។​

    លោក​ ​ឌឹត​ ​ចណ្ណា​ ​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឡាក់​គី​ ​បាន​មានប្រសាសន៍​ថា​ ​ដី​នៅ​តំបន់​ជាយក្រុង​មានតម្លៃ​កើនឡើង​គ្រប់ទិស​ទាំងអស់​ ​មិនថា​ទិសខាងលិច​ ​ខាងកើត​ ​ឬ​ខាងត្បូង​ ​និង​ខាងជើង​នោះ​ទេ​ ​គ្រាន់តែ​ថា​ ​តំបន់​ខ្លះ​ឡើង​លឿន​ ​និង​តំបន់​ខ្លះ​ឡើង​យឺត​ប៉ុណ្ណោះ​។​ ​លោក​បន្ត​ថា​ ​តំបន់​ដែល​ឡើង​លឿន​ជាងគេ​ ​គឺជា​តំបន់​ដែល​មា​នប​ណ្តុំ​រោងចក្រ​ឧស្សាហកម្ម​ច្រើន​ ​ដូចជា​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ3​ ​និង​ផ្លូវជាតិ​លេខ4​ ​ចំណែក​ឯ​ដី​នៅ​តាមផ្លូវ​ជាតិ​លេខ6​ ​និង​ដី​នៅ​តាមផ្លូវ​ជាតិ​លេខ1​ ​និង​លេខ2​ ​វិញ​ក៏​តម្លៃ​មានការ​កើនឡើង​ខ្លាំង​ផង​ដែរ​ ​ខណៈ​ដែល​សំណង់​អគារ​ផ្ទះល្វែង​កំពុង​រីក​ដុះដាល​ខ្លាំង​ទៅ​ទីនោះ​។​

    ​លោក​បញ្ជាក់​ថា​ ​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ពិសេស​ដី​នៅ​តាមផ្លូវ​ក្រវាត់ក្រុង​ទី3​ ​តម្លៃ​ដី​កំពុង​មាន​សម្ទុះ​កើនឡើង​ ​ដោយសារតែ​អាជ្ញាធរ​រាជធានី​កំពុង​រៀបចំផែនការ​រំកិល​រោងចក្រ​ចេញពី​ក្នុង​ក្រុង​ទៅ​នៅ​តំបន់​ជាយក្រុង​វិញ​ ​ជាពិសេស​នៅ​តាមផ្លូវ​ក្រវាត់ក្រុង​ទី3​ ​ផ្លូវជាតិ​លេខ3​ ​និង​ផ្លូវជាតិ​លេខ4​ ​តែម្តង​ ​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​ទៅកាន់​កំពង់ផែ​ ​សមុទ្រ​ដើម្បី​នាំចេញ​ទៅក្រៅ​ប្រទេស​។​ ​ចំណែក​ផ្លូវជាតិ​លេខ6​ ​សំណង់​លំនៅឋាន​ខ្នាត​ធំៗ​ ​បាន​កើតឡើង​ព្រោងព្រាត​ចាប់ពី​គល់​ស្ពាន​ជ្រោយ​ចង្វា​រ​រហូតដល់​ផ្សារ​ព្រែកអញ្ចាញ​ក្បែរ​ស្ពាន​ព្រែកតាមាក់​ឯណោះ​។​

    ​បើ​ក្រឡេក​មើលផ្លូវ​ជាតិ​លេខ1វិញ​ ​សំណង់​លំនៅឋាន​បាន​កើតឡើង​ច្រើន​ចាប់តាំងពី​គល់​ស្ពាន​ច្បារអំពៅ​ ​រហូត​ជិតដល់​សាលាស្រុក​កៀនស្វាយ​ឯណោះ​ ​និង​ផ្លូវជាតិ​លេខ2​ ​ក៏​កើតមាន​សំណង់ផ្ទះ​ល្វែង​ច្រើន​ដូចគ្នា​ដែរ​ ​គឺ​ចាប់ពី​ផ្សារ​តាខ្មៅ​ចាស់​ ​រហូតដល់​ស្រុក​ស្អាង​ឯណោះ​។​

    ​កត្តា​ដែល​ធ្វើ​ឱ្យ​តម្លៃ​ដី​នៅ​ទីកន្លែង​ទាំងអស់​នោះ​កើនឡើង​ ​គឺ​ដោយសារ​អ្នក​វិនិយោគ​ជាច្រើន​ ​មិនថា​អ្នក​វិនិយោគ​ក្នុង​ ​ឬ​ក្រៅប្រទេស​នោះ​ទេ​ ​ពួកគេ​បាន​បោះទុន​វិនិយោគ​ក្នុងទឹក​ប្រាក់​ជាច្រើន​ដើម្បី​ទិញ​ដី​សង់ផ្ទះ​ល្វែង​ ​សង់​ខុន​ដូ​ ​ឬ​ទិញ​ដី​ពុះ​ជា​ឡូត៍​លក់​ដើម្បី​បាន​ប្រាក់​ត្រឡប់មកវិញ​លឿន​ ​ព្រោះ​ពួកគាត់​គិតថា​ ​សង់​សំណង់​លំនៅ​ដ្ឋាន​នៅ​ជាយក្រុង​មានតម្លៃ​ធូរ​ថ្លៃ​ ​ប្រជាពលរដ្ឋ​មានលទ្ធភាព​ទិញ​ច្រើន​ ​លក់​ឆាប់​ដាច់​ ​ហើយ​ចំណេញ​ប្រាក់​ត្រឡប់មកវិញ​បាន​លឿន​ទៀតផង​។

    ​ម្យ៉ាងទៀត​រដ្ឋាភិបាល​ ​បាន​កំពុង​យកចិត្ត​ទុកដាក់​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ ​កសាង​ជួសជុល​ឡើងវិញ​នូវ​ផ្លូវជាតិ​សំ​ខាន់​ៗ​ ​និង​រៀបចំផែនការ​ពង្រីក​ផ្លូវ​ចាក់​បេតុង​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​ ​លើស​ពីនេះ​ដោយសារតែ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​មានការ​កើនឡើង​កាន់តែ​ប្រសើរ​ ​ដែល​ធ្វើ​ឱ្យ​ពួកគាត់​មានលទ្ធភាព​ទិញ​ដី​នៅ​ជាយក្រុង​ដែល​មានតម្លៃ​សមរម្យ​ ​ឬ​ធូរ​ថ្លៃ​ ​មានលទ្ធភាព​ក្នុង​ការសាងសង់​ផ្ទះ​រស់នៅ​ផ្ទាល់ខ្លួន​ជា​ជាង​ជូល​ផ្ទះ​គេ​នៅ​។​ ​

    ​ចំពោះ​ទស្សនវិស័យ​ទៅ​ថ្ងៃ​អនាគត​ ​តម្លៃ​ដី​នៅតែ​មាន​កំណើន​ឡើងជា​និច្ច​ ​ប្រសិនបើ​សេដ្ឋកិច្ច​កម្ពុជា​នៅ​បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​បែបនេះ​។​ ​លោក​ ​ចណ្ណា​ ​បញ្ជាក់​ថា​ ​ការ​កើនឡើង​នូវ​តម្លៃ​ដី​ ​គឺ​អាស្រ័យ​ទៅលើ​ការប្រែប្រួល​នៃ​ស្ថានភាព​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ផង​ដែរ​ ​បើសិនជា​សេដ្ឋកិច្ច​កើនឡើង​ ​វា​នឹង​រុញច្រាន​ឱ្យ​វិស័យ​អចលនទ្រព្យ​កើនឡើង​ដែរ​ ​ប៉ុន្តែ​បើ​សេដ្ឋកិច្ច​នៅ​ទ្រឹង​តម្លៃ​អចលនទ្រព្យ​ក៏​នឹង​នៅ​ទ្រឹង​ទៅតាម​នោះ​ដែរ​៕​

  • គម្រោង​លើកស្ទួយ​វិស័យ​សូត្រ​ខ្មែរ​នឹង​ប្រើ​ម៉ា​សុីន​សម្រាយ​សរសៃសូត្រ​

    គម្រោង​លើកស្ទួយ​វិស័យ​សូត្រ​ខ្មែរ​នឹង​ប្រើ​ម៉ា​សុីន​សម្រាយ​សរសៃសូត្រ​

    ដើម្បី​កាត់បន្ថយ​ការនាំចូល​សរសៃសូត្រ​ពី​បរទេស​ចំនួន​ 400តោន​ក្នុង​ 1ឆ្នាំ​ កម្ពុជា​ត្រូវការ​ផ្ទៃដី​ដាំដុះ​ដើម​មន​ប្រមាណ​ជា2ម៉ឺន​ហិ​កតា​ដែល​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ចូលរួម​លើកស្ទួយ​វិស័យ​សូត្រ​ខ្មែរ​ឱ្យ​រស់​ឡើងវិញ​។ នេះ​បើ​យោង​តាម​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

    សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ គឺជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​របស់​រដ្ឋ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​បាន​ផ្តួចផ្តើម​គម្រោង​លើកស្ទួយ​វិស័យ​សូត្រ​ខ្មែរ​នេះ​ឡើងវិញ​ដោយ​សាកល​វិទ្យាល័យ​បាន​កសាង​មូលដ្ឋាន​គ្រឹះ​យ៉ាង​រឹងមាំ​ ចាប់តាំងពី​ដំណាក់កាល​សិក្សា​ស្រាវជ្រាវ​ បច្ចេកទេស​ ការ​ដាំដុះ​ ការ​ចិញ្ចឹម​ដង្កូវនាង​ ការ​សម្រាយ​សរសៃសូត្រ​ ការផលិត​សរសៃសូត្រ​ និង​ការ​បញ្ចេញ​សរសៃសូត្រ​លក់​លើ​ទីផ្សារ​។

    លោក​បណ្ឌិត​ ម៉ី​ កល្យាណ​ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​ កម្ពុជា​បាន​នាំចូល​សរសៃសូត្រ​ពីក្រៅ​ប្រទេស​ប្រមាណ​ជា​ 400តោន​ក្នុង​មួយ​ឆ្នាំ​ៗ ដែល​គិតជា​ទឹកប្រាក់​ប្រមាណ​ជាង​ 30លាន​ដុល្លារ​អាមេរិក​ ខណៈ​ដែល​ការផលិត​សរសៃសូត្រ​ក្នុង​ស្រុក​ មិនបាន​ 1ភាគរយ​នៃ​ការនាំចូល​ផង​នោះ​។

    លោក​បណ្ឌិត​បន្ត​ទៀត​ថា​ ដោយសារតែ​ការផលិត​សរសៃសូត្រ​នៅក្នុង​ស្រុក​ស្ទើរតែ​បាត់បង់​ទៅ​ហើយ​នោះ​ ទើប​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ផ្តួចផ្តើម​គំនិត​ជំរុញ​ឱ្យ​ផលិតកម្ម​សូត្រ​នេះ​រស់​ឡើងវិញ​។

    លោក​បណ្ឌិត​ កល្យាណ​ បាន​បន្ថែម​ទៀត​ថា​ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ចាប់ផ្តើម​ជំរុញ​វិស័យ​សូត្រ​បាន​ជាង​ 2ឆ្នាំ​មក​ហើយ​។ លោក​បន្ត​ថា​ ក្នុង​កិច្ចប្រឹងប្រែង​រយៈ​ 2ឆ្នាំ​មកនេះ​ជា​លទ្ធផល​ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​បង្កើត​និង​សាងសង់​រួចរាល់​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សូត្រ​ ដោយ​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណ​ 8ម៉ឺន​ដុល្លារ​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​។ ដោយឡែក​ដៃគូ​ពី​វិស័យ​ឯកជន​របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ទើបតែ​បាន​នាំ​យក​ម៉ាស៊ីន​ផលិត​សរសៃសូត្រ​ពី​ប្រទេស​ថៃ​ ដែល​ជា​ម៉ាស៊ីន​ផលិត​សរសៃសូត្រ​ពាក់​ណ្តាល​ស្វ័យប្រវត្តិ​ជាលើកដំបូង​នៅ​កម្ពុជា​ និង​មាន​ស្តង់ដារ​ជា​អន្តរជាតិ​ មិន​តែប៉ុណ្ណោះ​សរសៃសូត្រ​ដែល​ផលិត​បាន​នៅ​កម្ពុជា​នេះ​អាច​លក់​នៅ​លើ​ទីផ្សារ​បរទេស​បាន​។ បន្ថែម​លើ​នេះ​ លោក​ថា​ និស្សិត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក៏បាន​ផលិត​សាប៊ូ​ដុស​ខ្លួន​ចេញពី​សារធាតុ​សូត្រ​នេះ​ផង​ដែរ​។

    លោក​បណ្ឌិត​ កល្យាណ​ បាន​បន្ត​ទៀត​ថា​៖ “ការ​ផ្តួចផ្តើម​ផលិត​សរសៃសូត្រ​នេះ​ យើង​បាន​គិតជា​ 3ដំណាក់កាល​។ ទី1​ សាកល​វិទ្យាល័យ​ភូមិន្ទ​បាន​សាងសង់​នូវ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សូត្រ​ ឬកន្លែង​សិក្សា​ស្រាវជ្រាវ​សូត្រ​។ ដំណាក់កាល​ទី2​ ផ្គត់ផ្គង់​ដង្គូ​វនា​ងដែល​មាន​សុខភាព​ល្អ​ទៅ​ឱ្យ​វិស័យ​ឯកជន​ និង​ទៅ​បណ្តា​ខេ​ត្ត​ផ្សេង​ៗ ដែល​ឥឡូវ​មាន​ចំនួន​ 5ខេត្ត​ហើយ​ និង​ដំណាក់កាល​ទី3​ គឺ​សហការ​ជាមួយនឹង​វិស័យ​ឯកជន​ និង​ប្រជាជន​ក្នុង​តំបន់​ដើម្បី​ដាំដុះ​ដើម​មន​ និង​ចិញ្ចឹម​ដង្កូវនាង​។ ការងារ​នេះ​ត្រូវ​មានការ​រួបរួម​គ្នា​ទាំងសាកល​វិទ្យាល័យ​ វិស័យ​ឯកជន​ និង​ប្រជាជន​ ក្នុង​គោលបំណង​ស្តារ​ឡើងវិញ​នូវ​វិស័យ​សូត្រ​ខ្មែរ​”។

    លោក​បន្ត​ថា​៖ “នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ គឺ​យើង​ផ្តល់​នូវ​ការស្រាវជ្រាវ​ បច្ចេកទេស​ វិទ្យាសាស្ត្រ​ សិក្សា​ បណ្តុះបណ្តាល​ បន្ទាប់មក​ទៀត​វិស័យ​ឯកជន​ជា​អ្នក​វិនិយោគ​ មុន​ទៅដល់​ប្រជាជន​ជា​អ្នក​អនុវត្ត​ផ្ទាល់​។ សាកល​វិទ្យាល័យ​ត្រូវ​បង្កាត់ពូជ​ដង្កូវនាង​ដែល​មាន​សុខភាព​ល្អ​ ឥតមាន​ជំងឺ​ ព្រម​ជាមួយ​ដើម​មន​ដែល​មានគុណ​ភាពល្អ​ និង​បច្ចេកទេស​ខ្ពស់​”។

    បើ​តាម​លោក​បណ្ឌិត​ កល្យាណ​ បានឱ្យ​ដឹង​ទៀត​ថា​ “ថ្មី​ៗនេះ​ យើង​បាន​សហការ​ជាមួយ​វិស័យ​ឯកជន​នៅ​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ការ​នាំ​យក​ម៉ាស៊ីន​សម្រាយ​សូត្រ​ពាក់​កណ្តាល​ស្វ័យ​ប្រ​វតិ្តពី​ប្រទេស​ថៃ​ដើម្បី​ធ្វើសរសៃ​សូត្រ​នេះ​ ហើយ​នេះ​ជា​លើក​ទី1​ ហើយដែល​កម្ពុជា​មាន​ម៉ាស៊ីន​សម្រាយ​សូត្រ​”។

    លោក​បណ្ឌិត​បាន​រំឭក​កាលពី​អតីតកាល​ថា​ កាលពីដើម​ ខ្មែរយើង​ធ្វើការ​សម្រាយ​សរសៃសូត្រ​ដោយ​ប្រើប្រាស់​ឆ្នាំង​ ចង្ក្រាន​ និង​ប្រើប្រាស់​កម្លាំង​ពលកម្ម​មិន​តិច​ជាង​ 2នាក់​នោះ​ទេ​ ដើម្បី​ផលិត​បាន​សរសៃសូត្រ​មួយ​សរសៃ​ តែ​ដោយឡែក​ការប្រើ​ប្រាស់​ម៉ាស៊ីន​ គេ​ប្រើ​មនុស្ស​តែ​ 1នាក់​ផលិត​បាន​សរសៃសូត្រ​ 5សរសៃ​ ដូច្នេះ​ផលិតភាព​មាន​ភាព​ខុសគ្នា​ ហើយ​កម្រិត​ស្តង់ដារ​អន្តរជាតិ​ទៀតផង​។

    លោក​បន្ថែម​ទៀត​ថា​៖ “យើង​មាន​មូលដ្ឋាន​គ្រឹះ​ច្បាស់លាស់​ហើយ​ ហើយ​យើង​ចង់​ធ្វើ​ឱ្យ​វា​ខ្ពស់​ទៅៗ​ ដោយសារតែ​ក្នុង1ឆ្នាំ​ៗយើង​នាំចូល​សរសៃសូត្រ​ ប្រមាណ​ជា​ 400តោន​ ដូច្នេះ​ដើម្បី​ជំនួស​ឱ្យ​ការនាំចូល​ដើម្បី​ផ្គត់​ផ្តង់​ក្នុង​ប្រទេស​ យើង​ត្រូវការ​ផ្ទៃដី​ប្រមាណ​ 2ម៉ឺន​ហិ​កតា​ដើម្បី​ដាំ​ដើម​មន​ តែ​នា​ពេលនេះ​យើង​មានតែ​ 20ហិ​កតា​ប៉ុណ្ណោះ​។ រោងចក្រ​ដែល​យើង​ធ្វើការ​ជាមួយ​នៅ​ឯខេត្ត​កំពង់ស្ពឺ​ ដែល​មាន​ម៉ាស៊ីន​សម្រាយ​ យើង​ត្រូវការ​ផ្ទៃដី​ដាំ​ដើម​មន​ប្រមាណ​ជា​ 200ហិ​កតា​ យើង​ចង់ឱ្យ​ប្រជាជន​ធ្វើការ​ជាមួយ​យើង​ ដើម្បី​ពង្រីក​វិស័យ​នេះ​ យើង​មាន​មូលដ្ឋាន​គ្រឹះ​ ដូចជា​ដើម​មន​ ដង្កូវនាង​ យើង​ត្រូវ​ចាប់ផ្តើម​ពី​ខែឧសភា​ខាងមុខនេះ​តទៅ​”។

    លោក​ថា​៖ “ខ្ញុំ​គិតថា​ យើង​មិន​បារម្ភ​ពីទី​ផ្សារ​ទេ​ដោយសារតែ​តម្រូវការ​មាន​ច្រើន​ប្រមាណ​ជា​ 400តោន​ ដូច្នេះ​ដើម្បី​បាន​ 400តោន​ យើង​ត្រូវ​ពង្រីក​ផ្ទៃដី​ឱ្យ​បាន​ 2ម៉ឺន​ហិ​កតា​ ម៉្លោះហើយ​ការងារ​នេះ​យើង​ត្រូវ​ធ្វើ​ច្រើន​បន្ត​ទៀត​។ ការងារ​នេះ​ប្រទាក់ក្រឡា​គ្នា​ រាប់​ចាប់តាំងពី​សិស្ស​ គ្រូ​ អ្នកស្រាវជ្រាវ​ សហគ្រិន​ និង​ប្រជាជន​ផង​ដែរ​”។

    លោក​បណ្ឌិត​ ​កល្យាណ​ ​បាន​ទៀត​ថា​៖​ ​“​យើង​ទើប​ចាប់ផ្តើម​ ​យើង​អត់​ទាន់​មាន​ទិន្នន័យ​ថា​ ​តើ​កសិករ​នឹង​ចំណេញ​ប៉ុន្មាន​នោះ​ទេ​ ​ប៉ុន្តែ​យើង​អាច​ដឹង​បាន​ថា​ ​បើសិនជា​កសិករ​ដាំ​មន​ក្នុង​ ​1ហិ​ក​តា​ ​ឬ​ប្រមាណ​ជា​ ​7ពាន់​ដើម​ ​និង​ចិញ្ចឹម​ដង្កូវនាង​ដើម្បី​យក​សម្បុក​ដង្កូវនាង​មក​លក់​ឱ្យ​រោងចក្រ​សម្រាយ​នោះ​ ​បានន័យ​ថា​ ​ក្នុង​ ​1ខែ​ ​ឬ​ក្នុង​ ​1វដ្ត​រដូវ​របស់​ដង្កូវនាង​ ​កសិករ​អាច​លក់​សម្បុក​ដង្កូវនាង​ក្នុងរង្វង់​ ​500ទៅ​ ​600ដុល្លារ​ក្នុង​ ​1ដង​ ​ហើយ​បើសិនជា​គាត់​ធ្វើ​បាន​ ​6ដង​ ​គាត់​ទទួល​បាន​ប្រាក់​ ​3,000ដុល្លារ​ ​ដោយឡែក​បើ​យើង​ធ្វើ​ស្រូវ​គឺ​ទទួល​បានតែ​ ​700ដុល្លារ​ទេ​ក្នុង​ ​1ហិ​ក​តា​ ​1រដូវ​”​។​

    ​លោក​បន្ត​ថា​ ​ការងារ​នេះ​ ​គឺ​ធ្វើ​បាន​គ្រប់គ្នា​ ​ហើយ​វា​នឹង​ជួយ​ស្ត្រី​ខ្មែរ​នៅ​តាម​ជនបទ​ឱ្យ​មានការ​ងារ​ធ្វើ​ផង​ដែរ​ ​យើង​យក​ការងារ​ជូន​ដល់​ផ្ទះ​ ​កាត់បន្ថយ​ការ​-​ចំណាកស្រុក​ ​ព្រោះ​អ្នកណា​ក៏អាច​ចូលរួម​បាន​ដែរ​។​

    ​លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា​ ​កម្ពុជា​មាន​ដង្កូវនាង​ ​និង​ពូជ​មន​ដែល​មានគុណ​ភាពល្អ​ ​យើង​មាន​បច្ចេកទេស​ស្រដៀងនឹង​ប្រទេស​ថៃ​ដែរ​ ​ហើយ​អាកាសធាតុ​ក៏​ស្រដៀងគ្នា​ ​មួយវិញទៀត​យើង​ក៏​មាន​ ​ឧបករណ៍​ដូចគ្នា​ដែរ​ ​ដូច្នេះ​ហេតុអ្វី​យើង​ធ្វើ​អត់​បាន​?​ ​ចំពោះ​ទីផ្សារ​បញ្ជាទិញ​សម្បុក​ដង្កូវនាង​នៅ​កំពង់ស្ពឺ​ ​យើង​មានស្រាប់​ ​ហើយនឹង​ពង្រីក​ទៅ​ខេ​ត្ត​ផ្សេង​ៗ​ទៀត​ ​ឱ្យ​ទីផ្សារ​សរសៃសូត្រ​មាន​ទូទាំង​ប្រទេស​។​ ​ចង្វាក់​ផលិតកម្ម​របស់​យើង​ ​គឺ​មាន​តាំងពី​ដើម​ដល់​ចប់តែម្ដង​។​

    លោក​ ​អៀ​ ​ហុក​នីម​ ​ប្រធាន​សហគមន៍​ផលិត​សូត្រ​ឱរ៉ាល់​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ដែល​ជា​សហគមន៍​ទទួល​បានការ​គាំទ្រ​ពីសា​កល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ថ្លែង​ថា​ ​ម៉ាស៊ីន​សម្រាយ​សរសៃសូត្រ​ពាក់កណ្តាល​ស្វ័យប្រវត្តិ​របស់​លោក​ ​ដែល​ទើបតែ​នាំចូល​ពី​ប្រទេស​ថៃ​ ​អាច​ផលិត​សរសៃសូត្រ​បាន​ ​20គីឡូ​ក្នុង​ ​1ថ្ងៃ​។​

    លោក​ ​ហុក​ ​នីម​ ​បានឱ្យ​ដឹង​ថា​ ​លោក​កំពុង​ស្វះស្វែង​សហការ​ជាមួយ​សហគមន៍​ ​និង​ក្រុមហ៊ុន​ឯក​ជន​ផ្សេង​ៗ​ទៀត​ ​ដើម្បី​ពង្រីក​ផ្ទៃដី​ដាំដុះ​ដើម​មន​ ​និង​ចិញ្ចឹម​ដង្កូវនាង​ ​ដើម្បី​ផ្តត់​ផ្គង់​សម្បុក​ដង្កូវនាង​ ​និង​ស្លឹក​មន​មក​ឱ្យ​រោងចក្រ​ផលិត​សូត្រ​របស់​លោក​។​ ​លោក​បន្ត​ទៀត​ថា​ ​លោក​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ ​និង​សហគមន៍​នៅ​ខេត្តតាកែវ​ ​កំពង់ស្ពឺ​ ​កំពង់ធំ​ ​កំពង់ចាម​ ​និង​មណ្ឌលគិរី​ ​ហើយ​អាច​នឹង​ឈាន​ដល់​ការដំឡើង​រោងចក្រ​មួយទៀត​នៅ​តំបន់​នោះ​ផង​ដែរ​ ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ដឹកជញ្ជូន​ពី​ខេត្ត​ឆ្ងាយ​មក​រោងចក្រ​ផលិត​នៅ​ខេត្ត​កំពង់ស្ពឺ​របស់​លោក​។

    ​លោក​ ​ហុក​ ​នីម​ ​បន្ត​ថា​៖​“​ខ្ញុំ​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ប្រជាកសិករ​ដែល​ផ្គត់ផ្គង់​ស្លឹក​មន​ ​និង​សម្បុក​ដង្កូវនាង​មក​ឱ្យ​រោងចក្រ​។​ ​កសិករ​អាច​លក់​ស្លឹក​មន​ក្នុង​តម្លៃ​ ​500រៀល​ក្នុង​ ​1គីឡូក្រាម​ ​ដោយឡែក​កសិករ​ដែល​លក់​សម្បុក​ដង្កូវនាង​មក​ឱ្យ​រោងចក្រ​កែច្នៃ​ ​នឹង​ទទួល​បាន​តម្លៃ​ ​2ម៉ឺន​រៀល​សម្រាប់​សម្បុក​ដង្កូវនាង​ទម្ងន់​ ​1គីឡូក្រាម​”​។​

    ​លោក​ ​ហុក​ ​នីម​ ​បានឱ្យ​ដឹង​ទៀត​ថា​ ​ក្នុង​ដី​ ​1ហិ​ក​តា​កសិករ​អាច​ដាំដុះ​មន​បាន​ប្រមាណ​ពី​ ​7​ ​ទៅ8ពាន់​ដើម​ ​ហើយ​កសិករ​នឹង​ទទួលផល​ដំបូង​ក្នុងរយៈពេល​ ​1ឆ្នាំ​បន្ទាប់​ ​ដោយ​កសិករ​អាច​រក​ប្រាក់ចំណូល​ក្នុង​ ​1ថ្ងៃ​បាន​ប្រមាណ​ជា​ ​100,000រៀល​ពី​ស្លឹក​មន​ ​នៅពេល​ដើម​មន​ទាំងអស់​ផ្តល់​ផល​បាន​ទាំងស្រុង​។​

    ​លោក​ ​ហុក​នីម​ ​បន្ថែម​ថា​ ​ឥឡូវ​លោក​មានផ្ទៃ​ដី​ដាំដុះ​ប្រមាណ​ជា​ ​20ហិ​ក​តា​ ​ប៉ុន្តែ​ដើម្បី​ឱ្យ​ម៉ាស៊ីន​ដំណើរការ​បាន​ពេញសមត្ថភាព​ ​លោក​ត្រូវការ​ផ្ទៃដី​ដាំដុះ​ជាដំបូង​ ​គឺ​ ​70ហិ​ក​តា​ ​និង​ឈាន​ដល់​ ​200ហិ​ក​តា​។​

    លោក​ឱ្យ​ដឹង​ថា​៖​“​ដើម​មន​ក្នុង​ ​1ហិ​ក​តា​ ​ឬ​ក្នុង​ ​1វដ្ត​របស់​ដង្កូវនាង​ ​យើង​អាច​ផលិត​បាន​សម្បុក​ដង្កូវនាង​ ​25គីឡូក្រាម​ ​ដូច្នេះ​បើ​យើង​មាន​ ​70ហិ​ក​តា​យើង​អាច​ផលិត​បាន​ ​1,750គីឡូក្រាម​នៃ​សម្បុក​ដង្កូវនាង​ក្នុង1វដ្ត​ ​ដូច្នេះ​បើ​ ​200ហិ​ក​តា​ ​យើង​អាច​ផលិត​បាន​ ​5,000គីឡូ​នៃ​សម្បុក​ដង្កូវនាង​ក្នុង​ ​1វដ្ត​រដូវ​ ​តែ​យើង​អាច​ធ្វើ​បាន​ច្រើន​វដ្ដ​សម្រាប់​ដើម​មន​ ​1ហិ​ក​តា​”​។​

    ​លោក​ថា​ ​សរសៃសូត្រ​ដែល​លោក​បាន​ ​និង​កំពុង​ផលិត​ចេញ​នេះ​ ​មាន​ស្តង់​ដា​ ​និង​គុណភាព​ដូច​នៅ​ប្រទេស​ថៃ​ ​និង​ស្តង់ដារ​អន្តរជាតិ​។​ ​បានន័យ​ថា​ ​អ្វី​ដែល​ថៃ​កំពុង​ធ្វើ​ ​កំពុង​ផលិត​ ​កម្ពុជា​ក៏​មាន​ធ្វើ​ដែរ​ ​ដោយ​កម្ពុជា​មិនមែន​ចាប់ផ្តើម​កាលពី50ឆ្នាំមុន​នោះ​ឡើយ​។​

    ​អ្នកស្រី​ ​ភាណ​ ​សោភ័ណ​ ​អ្នក​ផលិត​សូត្រ​បង្គោល​នៅ​ឃុំ​ក្រង់​តេះ​ ​ស្រុក​ពេជ្រា​ដា​ ​ខេត្តមណ្ឌលគិរី​ ​ដែល​ទទួល​បានការ​គាំទ្រ​ពីសា​កល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ផង​ដែរ​នោះ​ ​ក៏បាន​ចាប់ផ្តើម​បណ្តុះ​ពូជ​ដើម​មន​ ​និង​ដាំដុះ​ដើម​មន​ជា​បណ្តើរ​ៗ​ហើយ​ដែរ​ ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ ​1ហិ​ក​តា​។​ ​អ្នកស្រី​និយាយ​ថា​ ​ដំបូង​អ្នកស្រី​បណ្តុះ​ដើម​មន​ក្នុង​ដី​ ​1ហិ​ក​តា​ ​ហើយ​អ្នកស្រី​នឹង​ពង្រីក​ការ​ដាំដុះ​រហូតដល់​ ​10ហិ​ក​តា​។​

    អ្នកស្រី​ ​សោភ័ណ​បានឱ្យ​ដឹង​ថា​ ​អ្នកស្រី​បាន​ចាប់ផ្តើម​ដាំ​ដើម​មន​តាំងពី​ខែមករា​មក​ម៉្លេះ​ ​ដោយឡែក​ការ​ផ្តល់​ផល​ពេញ​ ​គឺ​នៅ​ឆ្នាំក្រោយ​។​ ​អ្នកស្រី​បានឱ្យ​ដឹង​ទៀត​ថា​ ​ក្នុង1ហិ​ក​តា​ ​អ្នកស្រី​អាច​ដាំ​មន​បាន​ប្រមាណ​ជាង​ ​6ពាន់​ដើម​ ​ហើយ​ដំណាក់កាល​ដំបូង​នេះ​ ​អ្នកស្រី​មិនទាន់​ចិញ្ចឹម​ដង្កូវនាង​នៅឡើយ​ទេ​ ​ពីព្រោះ​អ្នកស្រី​កំពុងតែ​ដាំ​ដើម​មន​ ​និង​កំពុងតែ​រៀបចំ​រោង​ចិញ្ចឹម​ដង្កូវនាង​។​

    ​អ្នកស្រី​ ​សោភ័ណ​ ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖​ ​“​ក្នុង​ដំណាក់កាល​ដំបូង​នេះ​ ​ខ្ញុំ​នឹង​ចិញ្ចឹម​នាង​ ​និង​ដាំ​មន​ ​និង​លក់​សម្បុក​ដង្កូវនាង​ឱ្យទៅ​ខាង​រោងចក្រ​នៅ​កំ​ពង់​ស្ពី​ ​ប៉ុន្តែ​ជា​ផែនការវែង​ ​ខ្ញុំ​នឹង​ធ្វើការ​ផលិត​ ​និង​សម្រាយ​សូត្រ​ដោយខ្លួនឯង​ ​និង​ធ្វើការ​សហការ​ជាមួយ​ប្រជាជន​ក្នុង​ខេត្តមណ្ឌលគិរី​”​។​

    ដោយឡែក​ ​លោក​បណ្ឌិត​ ​ម៉ី​ ​កល្យាណ​ ​បាន​មានប្រសាសន៍​ទៀត​ដែរ​ថា​ ​លោក​បាន​ជួប​ជជែក​ជាមួយ​ស្ថាន​ទូ​ត​ផ្សេង​ៗ​នៅ​កម្ពុជា​ជាច្រើន​ ​រួមមាន​ស្ថានទូត​នៃ​ប្រទេស​ស្វ៊ី​ស​ ​អូស្ត្រាលី​ ​កូរ៉េ​ខាងត្បូង​ ​ជប៉ុន​ ​អាមេរិក​ ​អង្គការ​ ​UNDP​ ​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ផង​ដែរ​ ​សម្រាប់​ភាពជា​ដៃគូ​ក្នុង​ការ​លើកកម្ពស់​វិស័យ​សូត្រ​នៅ​កម្ពុជា​។​

    ​លោក​បន្ត​ថា​ ​គោលបំណង​គឺ​តែ​ ​1គត់​ ​ស្តារ​មុខមាត់​វិស័យ​សូត្រ​កម្ពុជា​ឡើងវិញ​ ​និង​ផ្តត់​ផ្គង់​សរសៃសូត្រ​នៅក្នុង​ស្រុក​ ​ជំនួស​ឱ្យ​ការនាំចូល​សរសៃសូត្រ​ពី​បរទេស​។​ ​លោក​បន្ត​ថា​ ​ផ្ទៃដី​ដាំ​មន​ ​ត្រូវ​ពង្រីក​ឱ្យ​បាន​ ​2ម៉ឺន​ហិ​ក​តា​ ​ដូចនេះ​យើង​អំពាវនាវ​ឱ្យ​វិស័យ​ឯកជន​ចូលរួម​ជាមួយ​យើង​ ​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ទាំង​ហិរញ្ញវត្ថុ​ ​និង​បច្ចេកទេស​ ​ហើយ​យើង​ត្រូវតែ​ធ្វើការងារ​នេះ​ទាំងអស់គ្នា​ ​ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​លូតលាស់​ប្រកប​ដោយ​បរិ​យា​បន្ន​។​

    ​របាយការណ៍​របស់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ​ ​(​ITC​)​ ​បាន​បង្ហាញថា​ ​ការផលិត​វត្ថុធាតុដើម​ចេញពី​សរសៃសូត្រ​ក្នុង​ ​1ឆ្នាំ​ៗ​នៅ​លើ​ពិភពលោក​ ​គឺជា​មធ្យម​មាន​ប្រមាណ​ ​8ម៉ឺន​តោន​ ​ក្នុង​នោះ​ការផលិត​នៅ​ប្រទេស​ចិន​បាន​រួមចំណែក​ជាង​ ​70​%​នៃ​ការផលិត​សរុប​ទូទាំង​ពិភពលោក​។​ ​ស្រប​ពេល​ជាមួយគ្នា​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​សូត្រ​ទូទាំង​សកលលោក​ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​ ​មានតម្លៃ​ជា​ទឹកប្រាក់​ដល់ទៅ​ជាង​ ​2ម៉ឺន​ ​5ពាន់​លាន​ដុល្លារ​៕​

  • ឪពុក​ម្តាយ​ជាច្រើន​ចែក​មិន​ដាច់​ពី​ការ​ធ្វើ​ឱ្យ​ខ្លាច​ ឬឱ្យ​គោរព​ក្នុង​ការអប់រំ​កូន​

    ឪពុក​ម្តាយ​ជាច្រើន​ចែក​មិន​ដាច់​ពី​ការ​ធ្វើ​ឱ្យ​ខ្លាច​ ឬឱ្យ​គោរព​ក្នុង​ការអប់រំ​កូន​

    អាណាព្យាបាល​ជាច្រើន​ ជាពិសេស​នៅ​កម្ពុជា​ច្រើនតែ​ចែក​មិន​ដាច់​ពី​ការ​បង្រៀន​កូន​ឱ្យ​ខ្លាច​ និង​គោរព​ ដែល​ចំណុច​នេះ​ធ្វើ​ឱ្យ​ពួកគាត់​ជួបនឹង​វិបត្តិ​ជាច្រើន​ក្នុង​ការអប់រំ​ ព្រោះ​មាន​អ្នកខ្លះ​បង្រៀន​កូន​ឱ្យ​ស្តាប់​បង្គាប់​បាន​ល្អ​ តែ​កូន​នោះ​បែរជា​ក្លាយជា​មនុស្ស​ទន់ខ្សោយ​ ខណៈ​អ្នកខ្លះ​ទៀត​កាន់តែ​តឹងតែង​ខ្លាំង​ កូន​កាន់តែ​ខូច​ខ្លាំង​ទៅវិញ​។

    ថ្វី​ដ្បិតតែ​មនុស្ស​ជំនាន់​មុន​បាន​បន្សល់ទុក​នូវ​តម្លៃ​អប់រំ​ជាច្រើន​តាមរយៈ​ពាក្យ​ទូន្មាន​ ឬរឿងនិទាន​ក៏ដោយ​ តែ​ជាទូទៅ​យើង​ក៏​មើលឃើញ​ពី​ចន្លោះប្រហោង​ខ្លះ​ក្នុង​ការអប់រំ​បែប​អវិជ្ជមាន​ ដែល​អាណាព្យាបាល​សម័យថ្មី​ត្រូវតែ​ធ្វើការ​កែប្រែ​ចេញ​ ប្រសិនបើ​មិន​ចង់ឱ្យ​កូន​តូច​ៗក្លាយជា​មនុស្ស​មិនល្អ​នៅ​ថ្ងៃ​អនាគត​។

    ចំណុច​អវិជ្ជ​មាន​ធំៗ​របស់​អាណាព្យាបាល​ដែល​មាន​ក្នុង​សង្គម​គឺ​ ការ​ធ្វើ​ឱ្យ​កូន​ខ្លាច​ តែ​មិន​ធ្វើ​ឱ្យ​កូន​គោរព​។ ដោយសារតែ​ប្រជាជន​ជាច្រើន​មិនទាន់​យកចិត្ត​ទុកដាក់​លើ​ជំនាញ​ភាពជា​អាណាព្យាបាល​ (parenting​ skills​) ទើប​ធ្វើ​ឱ្យ​យើង​អនុវត្ត​សកម្មភាព​បង្រៀន​កូន​បែ​បតៗ​គ្នា​ដោយធ្វើ​ឱ្យ​កូនក្មេង​ខ្លាច​មនុស្ស​ធំ​ តាមរយៈ​ការ​ដាក់ទណ្ឌកម្ម​ឱ្យធ្វើ​សកម្មភាព​តាម​គន្លង​របស់​មនុស្ស​ធំ​ដែល​បាន​កំណត់ទុក​រួចជាស្រេច​។ ម្យ៉ាងវិញទៀត​អាណាព្យាបាល​មួយចំនួន​ធំ​ក៏​ចូលចិត្ត​ប្រើ​សំ​ដី​ធ្ងន់​ៗ ជាជាង​ការ​បង្រៀន​កូន​ឱ្យ​គោរព​កាតព្វកិច្ច​ ឬយល់​ពី​ហេតុ​ និង​ផល​នៃ​សកម្មភាព​របស់​គេ​ ដែល​កត្តា​ទាំងអស់​នេះ​ធ្វើ​ឱ្យ​ក្មេង​ៗមិន​ហ៊ាន​ធ្វើការ​សម្រេចចិត្ត​ដោយខ្លួនឯង​ ឬតែ​ងតែ​ភ័យខ្លាច​នៅពេល​ឈានជើង​ទៅ​អភិវឌ្ឍ​អ្វីមួយ​ខុសពី​គន្លង​មនុស្សចាស់​។

    ចំណុច​អវិជ្ជមាន​មួយផ្សេងទៀត​ដែល​មាននៅ​ក្នុង​សង្គម​យើង​បច្ចុប្បន្ន​ គឺ​មនុស្ស​ធំ​ ឬឪពុក​ម្តាយ​ជា​មនុស្ស​មិន​ចេះ​ខុស​ មានន័យថា​ ការ​បង្រៀន​ក្មេង​ គឺ​ចូលចិត្ត​ប្រើប្រាស់​វិធីសាស្ត្រ​ដាច់ខាត​ដើម្បី​កាត់តម្រឹម​កូន​ហើយ​មិនសូវ​ស្តាប់​ហេតុផល​របស់​កូន​នោះ​ទេ​ ព្រោះ​យើង​មានទម្លាប់​មួយ​មិនល្អ​ គឺ​រាល់ពេល​ក្មេង​ឆ្លើយតប​ ត្រូវ​បាន​គេ​ប្រកាន់​ថា​ នេះ​ជា​ការ​តមាត់​ ឬសកម្មភាព​មិន​គប្បី​ជាដើម​។ ការអប់រំ​កូន​បែបនេះ​ ពេលខ្លះ​មិនមែន​មិន​ទទួល​បាន​ប្រសិទ្ធភាព​សោះ​នោះ​ទេ​ គ្រាន់តែ​ទទួល​បាន​មិន​ច្រើន​ ហើយ​ភាគច្រើន​ក្មេង​អាច​ក្លាយជា​មនុស្ស​បាក់ស្បាត​ជ្រុល​ ឬខូច​ជ្រុល​តែម្ដង​តែប៉ុណ្ណោះ​ ព្រោះ​មាន​កុមារ​ខ្លះ​រក្សា​គំនិត​មិនព្រម​ខ្លាច​ ហើយ​ព្យាយាម​ធ្វើអ្វី​ដែល​មនុស្ស​ធំ​ហាមឃាត់​ថែមទៀត​ដើម្បី​ឆ្លើយតប​ជាមួយនឹង​សម្ពាធ​ ដែលគេ​មិន​អាច​និយាយ​ដោ​យត្រង់ៗ​ទៅវិញ​នោះ​។

    ងាក​មកវិញ​ ចំណុច​ដែល​អាណាព្យាបាល​សម័យថ្មី​គួរ​ធ្វើ​ គឺ​បង្រៀន​កូន​ឱ្យ​ចេះ​គោរព​។ ចំណុច​នេះ​ខុសគ្នា​តែ​បន្តិច​ប៉ុណ្ណោះ​ ដែល​អាណាព្យាបាល​ជាច្រើន​មានការ​យល់​ច្រឡំ​ ព្រោះ​គោលបំណង​រួម​របស់​វា​ គឺ​ឱ្យ​កូន​ស្តាប់​បង្គាប់​ និង​ក្លាយជា​មនុស្ស​ល្អ​ គ្រាន់តែ​វិធី​អនុវត្ត​ខុសគ្នា​ប៉ុណ្ណោះ​។

    ការ​បង្រៀន​កូន​ឱ្យ​ក្លាយជា​មនុស្ស​ដែល​ចេះ​គោរព​ គឺជា​ការ​បង្រៀន​កូន​ដោយ​ប្រើប្រាស់​ហេតុផល​ និង​មាន​លក្ខខណ្ឌ​ច្បាស់លាស់​ជាមួយ​ហេតុផល​។ ការ​បង្រៀន​ក្មេង​បែបនេះ​ទាមទារ​ឱ្យ​មានការ​ទទួលខុសត្រូវ​ និង​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​អាណាព្យាបាល​ ព្រោះ​មិនមែន​មនុស្ស​ធំ​ចេះតែ​ថាឱ្យ​ក្មេង​ធ្វើល្អ​ ហើយ​ខ្លួន​បែរជា​រក្សា​ទម្លាប់​អាក្រក់​នោះ​ទេ​។ អាណាព្យាបាល​ចាំបាច់​ត្រូវ​ធ្វើជា​គំរូ​ល្អជា​មុន​សិន​ មុននឹង​អប់រំ​ក្មេង​ឱ្យ​គោរព​ ហើយ​ជាមួយគ្នា​នេះ​មនុស្ស​ធំ​ក៏​ត្រូវ​ហ៊ាន​ទទួលយក​ការ​ខ្វះខាត​របស់​ខ្លួន​ផង​ដែរ​ ដើម្បី​បង្ហាញ​ឱ្យ​ក្មេង​ឃើញថា​ ការគោរព​ គឺជា​ការអប់រំ​ដែល​ចេញពី​ខាងក្នុង​ ហើយ​មានតម្លៃ​សម្រាប់​ជីវិត​ មិនមែន​ខ្លាច​តែ​នឹង​មុខ​ ហើយ​លួច​ប្រព្រឹត្ត​ខុស​នៅ​ក្រោយខ្នង​នោះ​ទេ​៕

  • ចេញ​ហើយ​.​.​!​!​ ​«​ប៉ក់​!​កន្ទ្រឹម​អើយ​ ​»​ ​មាស​ ​សុខ​សោភា​ ​ចាក់ដោត​ពេញ​បេះដូង​កូនខ្មែរ​ ​

    ចេញ​ហើយ​.​.​!​!​ ​«​ប៉ក់​!​កន្ទ្រឹម​អើយ​ ​»​ ​មាស​ ​សុខ​សោភា​ ​ចាក់ដោត​ពេញ​បេះដូង​កូនខ្មែរ​ ​

    រាជ​នី​សំឡេង​ទឹកឃ្មុំ​ ​អ្នកនាង​ ​មាស​ ​សុខ​សោភា​ ​កន្លងទៅ​បាន​ទម្លាយ​វីដេអូ​ថត​ចម្រៀង​ក្រៅ​ឆាក​ប្រភេទ​បទ​កន្ត្រឹ​ម​ ​គ្រាន់តែ​បង្ហោះ​ភ្លាម​ ​ទទួល​បានការ​គាំទ្រ​ភ្លែត​តែម្ដង​។​ ​ហើយ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ ​ខាង​ផលិតកម្ម​ ​Town​ ​បាន​បញ្ចេញ​នូវ​បទ​ ​ចម្រៀង​ថ្មី​សម្រាប់​ចូលឆ្នាំ​ខ្មែរ​ពីរោះ​រណ្ដំ​ណាស់​ដែល​មាន​ចំណងជើង​ថា​ ​«​ប៉ក់​!​កន្ទ្រឹម​អើយ​ ​»​ ​ដែល​ជា​ការ​បកស្រាយ​ដោយ​អ្នកនាង​ ​មាស​ ​សុខ​សោភា​ ​ស្ដាប់​ហើយ​ពិតជា​នឹក​ចូលឆ្នាំ​ខ្មែរ​ជាពិសេស​បែប​អត្ត​ន័យ​បង្ហាញ​កូនខ្មែរ​ឱ្យ​ដឹងពី​បទ​កន្ត្រឹ​ម​ផង​ដែរ​។​

    ​ច្រៀង​ពិរោះ​ហើយ​ ​មិន​តែ​ប៉ុន​ណោះ​ ​អ្នកនាង​ ​ជាតា​រា​ចម្រៀង​ស្រី​ដែល​ទទួល​បានការ​ស្រលាញ់​រាប់អាន​ ​ពីសំណាក់​មហាជន​ទូទៅ​ ​ព្រោះតែ​អ្នកនាង​ ​មាន​អ​ត្ត​ចរិ​ក​សុភាព​ ​រស់​រាយ​ ​រាក់ទាក់​ ​និង​ធ្លាប់​ចូលរួម​ធ្វើការងារ​សង្គម​ជាច្រើន​ផង​ដែរ​។​ ​ចង់​ដឹង​ថា​ពិរោះ​ខ្លាំង​យ៉ាងណា​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖​

    https://youtu.be/cJQfPN52uWs

  • ស៊ឹម​ ​ថៃ​ណា​ ​ទៅ​បរិច្ចាគ​ឈាម​ដល់​ក្មេងប្រុស​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខេត្តកំពត​

    ស៊ឹម​ ​ថៃ​ណា​ ​ទៅ​បរិច្ចាគ​ឈាម​ដល់​ក្មេងប្រុស​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខេត្តកំពត​

    ​ដោយ​មើលឃើញ​ពី​ការ​អាណិត​ ​និង​ដើម្បី​ចូលរួម​សង្គ្រោះ​ជីវិត​ក្មេងប្រុស​ម្នាក់​ ​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​ធន់​ធំ​បុក​ ​បណ្តាល​ឱ្យ​រង​របួស​ ​និង​ត្រូវការ​ឈាម​ជា​ចំ​បាច់​ដើម្បី​សង្គ្រោះ​ជីវិត​នោះ​ ​តារា​សម្តែង​ស្រី​កញ្ញា​ ​ស៊ឹម​ ​ថៃ​ណា​ ​ភ្លាម​ៗ​នោះ​ក៏បាន​សម្រេចចិត្ត​ធ្វើដំណើរ​ពី​ភ្នំពេញ​ ​ទៅ​ចូលរួម​បរិច្ចាគ​ឈាម​ដល់​ក្មេងប្រុស​ខាងលើ​ដល់​ខេត្តកំពត​។​

    ​ការប្រកាស​ផ្តល់​ឈាម​ពីសំណាក់​តារា​ស្រី​កញ្ញា​ ​ស៊ឹម​ ​ថៃ​ណា​ ​នេះ​ដែរ​ ​បាន​ធ្វើឱ្យ​ទស្សនិកជន​ ​និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កជា​ច្រើន​ ​បង្ហាញ​ការ​គាំទ្រ​ ​និង​លើក​សរសើរ​ខ្លាំង​ ​ចំពោះ​ទឹកចិត្ត​ដ៏​ល្អ​ក្នុង​ការចែក​រំលែក​ក្តី​ស្រលាញ់​ ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​របស់​ក្មេងប្រុស​រងគ្រោះ​រូប​នេះ​។​ ​កញ្ញា​ ​ស៊ឹម​ ​ថៃ​ណា​ ​បញ្ជាក់​ថា​ ​«​ករណី​គ្រោះថ្នាក់​របស់​ក្មួយប្រុស​ដែល​ពួក​ខ្ញុំ​ជួយ​ ​មិនមែន​នៅ​ទីក្រុង​ភ្នំពេញ​ទេ​ ​គឺ​នៅ​ខេត្តកំពត​»​។​

    ​ភ្លាម​ៗ​នោះ​ក្រុម​គ្រួសារ​របស់​ក្មេងប្រុស​រងគ្រោះ​ ​ក៏បាន​បង្ហាញ​ការ​អរគុណ​ ​និង​លើក​សរសើរ​ខ្លាំង​លើទឹក​ចិត្ត​កញ្ញា​ ​ស៊ឹម​ ​ថៃ​ណា​ ​«​ពួក​យើងខ្ញុំ​ព្រមទាំង​ក្រុម​គ្រួសារ​ ​សូម​ថ្លៃ​អំណរគុណ​ដល់​តារាចម្រៀង​ ​និង​សម្តែង​កញ្ញា​ ​ស៊ឹម​ ​ថៃ​ណា​ ​ដែល​បាន​បរិច្ចាគ​ឈាម​ជួយ​ដល់​ក្មូ​នប្រុ​សរ​បស់​ខ្ញុំ​ ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​។​ ​សូម​ឱ្យ​កញ្ញា​ជួប​តែ​សំណាងល្អ​ ​និង​មាន​អ្នកគាំទ្រ​កាន់តែ​ច្រើនឡើង​»​៕​


  • ចាក់ដោត..! ឆឹម សក្កដា ចេញបទបង្ហាញពីក្ដីស្រឡាញ់បង្វែរការជ្រួលច្របល់នៅលើហ្វេសប៊ុក​

    ចាក់ដោត..! ឆឹម សក្កដា ចេញបទបង្ហាញពីក្ដីស្រឡាញ់បង្វែរការជ្រួលច្របល់នៅលើហ្វេសប៊ុក​

    ​ខណៈ​ដែលតា​រា​ចម្រៀង​ភាគច្រើន​បញ្ចេញ​បទ​ចង្វាក់​បែ​ក​ស្លុយ​ៗ​ ​និង​ខ្លះ​មាន​ទាំង​បទ​ចង្វាក់រាំ​វង់​ដើម្បី​ទាក់ទាញ​ក្នុង​ឱកាស​ចូលឆ្នាំ​ ​តារា​សម្ដែង​ដែល​បាន​វិវត្តន៍​ខ្លួន​ក្លាយជា​តា​រា​ចម្រៀ​ ​លោក​ ​ឆឹម​ ​សក្ក​ដា​ ​បែរជា​បញ្ចេញ​បទនិពន្ធ​ថ្មី​ចង្វាក់​ឡាំ​លាវ​ខុសគេ​ ​ដោយមាន​អត្ថន័យ​ស្នេហា​មនោសញ្ចេតនា​រួមផ្សំ​មុន​នេះ​ទៅវិញ​ ​ដោយ​លោក​រំពឹង​ថា​នឹង​ទទួល​បានការ​គាំទ្រ​។​ ​បទ​ថ្មីនេះ​មាន​ចំណង​ ​«​ក្ដី​ស្រឡាញ់​»​ ​ទទួល​បានការ​ចាប់អារម្មណ៍​មិន​អន់​ទេ​ ​ព្រោះថា​ ​បទ​ម្រៀ​ងរ​បស់​លោក​ ​បើ​ទោះជា​ចាក់​ចំ​បរិបទ​ដែល​អ្នកគាំទ្រ​ភាគច្រើន​មាន​ទំនោរ​ទៅលើ​បទ​បែប​បែក​ស្លុយ​បែប​សប្បាយ​ៗ​ ​តែ​គ្រាន់តែ​បានឮ​ភ្លេង​បទ​នេះ​ហើយ​ ​ក៏​ទប់​ជើង​មិន​ជាប់​ដូចគ្នា​។​

    បទចម្រៀង​ដែល​បាន​ចេញ​បង្ហោះ​ក្ដៅ​ៗ​មួយ​នេះ​ ​ម្ចាស់​បទ​លោក​ ​ឆឹម​ ​សក្ក​ដា​ ​បញ្ជាក់​ជា​បទ​ដែល​លោក​ប្រឹងប្រែង​ផលិត​ដោយ​ការ​តាំងចិត្ត​ ​ដោយ​សូម្បីតែ​អត្ថន័យ​ក៏​បង្កប់​នូវ​ក្ដី​ស្រឡាញ់​ដែល​មនុស្ស​ភាគច្រើន​សុទ្ធតែ​ត្រូវការ​នៅក្នុង​ជីវិត​ស្នេហា​ ​និង​ក្នុង​ការរស់នៅ​ផង​ដែរ​។​

    ​លោក​ថា​បទចម្រៀង​មួយ​បទ​នេះ​ ​លោក​សម្រេចចិត្ត​ដាក់​បង្ហោះ​នៅមុន​ចូលឆ្នាំ​ ​ដើម្បី​ឱ្យ​អ្នកគាំទ្រ​បាន​ប្លែក​អារម្មណ៍​ ​និង​បាន​រាំ​លេង​ក្នុង​ចង្វាក់​ឡាំ​លាវ​ ​ក្នុង​ពេល​ដែលតា​រា​ចម្រៀង​ភាគច្រើន​ក៏​ចេញ​បទ​បែ​បរាំ​ៗ​សប្បាយ​ៗ​ផង​ ​បើ​ទោះជា​ចង្វាក់​របស់​លោក​មិនសូវ​ត្រូវ​បាន​យុវវ័យ​ពេញនិយម​ដូច​ចង្វាក់​បែក​ស្លុយ​ដែល​នៅតែ​ពេញនិយម​។​ ​ម្យ៉ាង​មក​ពី​ក្នុង​សង្គម​ហ្វេ​សប៊ុ​ក​ក្នុងរយៈពេល​នេះ​ ​ពោរពេញ​ដោយ​រឿង​មិនល្អ​បណ្ដាក់គ្នា​ផង​ ​ទើប​លោក​សម្រេចចិត្ត​បញ្ចេញ​បទ​«​ក្ដី​ស្រឡាញ់​»​ ​ដើម្បី​បង្វែរ​ការ​បែកបាក់​ ​និង​ការជ្រួលច្របល់​នៅ​លើ​ហ្វេ​សប៊ុ​ក​ព្រោះតែ​គំនិត​ខ្វែងគ្នា​ ​អោយ​ងាក​មក​ស្ដាប់​បទចម្រៀង​«​ក្ដី​ស្រឡាញ់​»​ដែល​បង្ហាញ​ទឹកចិត្ត​ ​និង​ភាព​ស្មោះត្រង់​របស់​បុរស​ម្នាក់​ទៅវិញ​។​

    សូម​ទស្សនា​ចម្រៀង​ខាងក្រោម​៖​ ​


  • មិនមែន​មានតែ​មី​ល្ពៅ​ទេ​ ​នៅ​មាន​ផលិតផល​ជាច្រើន​ទៀត​ដែល​និស្សិត​ខ្មែរ​ធ្វើ​បាន​ ​ហើយ​ជាប់​ពាន​រង្វាន់​ល្បី​ៗ​ទៀតផង

    មិនមែន​មានតែ​មី​ល្ពៅ​ទេ​ ​នៅ​មាន​ផលិតផល​ជាច្រើន​ទៀត​ដែល​និស្សិត​ខ្មែរ​ធ្វើ​បាន​ ​ហើយ​ជាប់​ពាន​រង្វាន់​ល្បី​ៗ​ទៀតផង

    ​នវានុវត្តន៍​ ​ជា​ចំណុច​សំខាន់​ដែល​សង្គម​កម្ពុជា​ ​និង​ពិភពលោក​កំពុង​យកចិត្ត​ទុកដាក់​ ​ហើយ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​កូនខ្មែរ​ជាច្រើន​ដែល​កំពុង​សិក្សា​នៅ​មហាវិទ្យាល័យ​បានសម្រេច​បាន​ស្នាដៃ​ជាច្រើន​ដែល​សុទ្ធតែ​មានប្រយោជន៍​ដល់​សង្គម​ ​ដោយ​បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ពី​សុវត្ថិភាព​ ​បរិស្ថាន​ ​និង​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ​។​

    ​មិនមែន​មានតែ​មី​ល្ពៅ​មួយ​មុខ​នោះ​ទេ​ដែល​កូនខ្មែរ​បង្កើត​បាន​ ​តែ​ប្រសិនបើ​យើង​មើល​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្តិច​ ​យើង​នឹង​ឃើញថា​ ​កូនខ្មែរ​ជាច្រើន​ក្រុម​បាន​បង្កើត​ស្នា​ដៃ​ល្អ​ៗ​ ​និង​ទទួល​បាន​ពានរង្វាន់​សំ​ខាន់​ៗ​ថែមទៀត​ផង​។​ ​
    ​គម្រោង​មួយចំនួន​ដែល​កូនខ្មែរ​អាច​ធ្វើ​បាន​ដែរ​នោះ​មាន​ដូចជា​ ​អាហារ​ធម្មជាតិ​ ​(​organic​)​ ​ខ្មែរ​ស៊ី​រៀល​ ​ដែល​ផលិត​ដោយក្រុម​អ្នកជំនាញ​ខាង​គីមី​ចំណីអាហារ​មួយ​ក្រុម​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​ដែល​ទទួល​បាន​ពានរង្វាន់​ ​Techno​ ​Innovation​ ​Challenge​ ​ឆ្នាំ2019​។​ ​ប្រភេទ​អាហារ​នេះ​ផលិត​ឡើង​ដើម្បី​ជួយ​ប្រជាជន​ខ្មែរយើង​ដែល​កំពុង​មាន​បញ្ហា​ប្រឈម​រឿង​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការស្វែងរក​អាហារ​ពេលព្រឹក​បរិភោគ​ ​ព្រោះ​វា​ជា​ប្រភេទ​អាហារ​ដែល​ត្រូវ​បាន​សម្ងួត​ឡើង​ពី​បន្លែ​ ​និង​ផ្លែឈើ​ធម្មជាតិ​ ​និង​ថែមទាំង​អាច​រក្សាទុក​បាន​យូរ​ដោយ​មិន​បាត់បង់​សារធាតុ​ចិញ្ចឹម​ទៀតផង​។​ ​
    ​អាហារ​ប្រភេទ​នេះ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​លើកទឹកចិត្ត​ដល់​ប្រជាជន​ឱ្យ​ដាំ​បន្លែ​ ​Organic​ ​និង​កាត់បន្ថយ​ជាតិគីមី​ក្នុង​អាហារ​ ​ហើយ​ថែមទាំង​ជួយ​ពួកគាត់​ក្នុង​ការគ្រប់គ្រង​ផលិតផល​កុំឱ្យ​ខ្ជះខ្ជាយ​ ​និង​សល់ចោល​ក្នុង​ទីផ្សារ​។​ ​

    ​គម្រោង​សំខាន់​មួយទៀត​គឺ​ ​ផលិតផល​បបរ​«​កូន​ឆ្លាត​»​ ​ដែល​ផលិតផល​របស់​ក្រុម​និស្សិត​ខាង​ចំណីអាហារ​ដូចគ្នា​ ​និង​ឈ្នះ​ក្នុង​កម្មវិធី​ ​Techno​ ​Innovation​ ​Challenge​ ​រួម​ទាំង​កម្មវិធី​ ​Business​ ​Plan​ ​for​ ​better​ ​world​ ​young​ ​social​ ​entrepreneur​ ​របស់​មូលនិធិ​អន្តរជាតិ​សិង្ហបុរី​ទៀតផង​។​ ​ផលិតផល​នេះ​ផលិត​ឡើង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អាណាព្យាបាល​ក្នុង​ការ​ធ្វើ​អាហារ​សម្រាប់​កុមា​រតូចៗ​ដែល​មានតម្លៃ​ថ្លៃ​ ​ហើយ​ទិញ​តែ​ផលិតផល​ពី​បរទេស​។​ ​

    ផលិតផល​នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​ ​និង​សាកល្បង​ភ្លក្ស​ឱ្យ​ត្រូវ​នឹង​រសជាតិ​ដែល​កុមារ​កម្ពុជា​ចូលចិត្ត​ ​ហើយ​មាន​តុល្យភាព​ល្អ​ផ្នែក​សារធាតុ​ចិញ្ចឹម​ដើម្បី​ការ​រីក​ធំធាត់​របស់​កុមារ​កម្ពុជា​។​ ​ផលិតផល​ដ៏​សំខាន់​នេះ​មាន​លក់​នៅ​លើ​ទីផ្សារ​ក្នុង​តម្លៃ​ធូរ​ថ្លៃ​បំផុត​ ​តែ​គុណភាព​ល្អ​មិនចាញ់​អាហារ​បរទេស​ឡើយ​។​ ​ម្យ៉ាងវិញទៀត​វា​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ជួយ​ដល់​កសិករ​ម្ចាស់​ចម្ការ​ចេក​ ​ដែល​មាន​ទីផ្សារ​មិន​ទៀងទាត់​ ​ឱ្យ​មាន​ទីផ្សារ​ល្អ​ឡើងវិញ​ទៀតផង​។​ ​

    ​ក្រៅពី​នេះ​នៅ​មាន​យុវជន​ខ្មែរ​ជា​និស្សិត​ ​ដែល​ផលិត​បាន​គម្រោង​ដោះស្រាយ​បញ្ហា​ទឹក​ស្អាត​ក្នុង​សាកល​វិទ្យាល័យ​ដោយ​បច្ចេកវិទ្យា​ទំនើប​ ​ផលិតផលកម្ម​វិធី​កុំព្យូទ័រ​ស្គាល់ចិត្ត​មនុស្ស​ដោយ​ប្រើ​បញ្ញា​សិប្បនិម្មិត​ ​(​AI​)​ ​កង្ហារ​ឆ្លាតវៃ​អាច​ឱ្យ​ជន​ពិការ​ភ្នែក​ប្រើ​បាន​ ​ហើយ​សន្សំសំចៃ​អគ្គិសនី​ ​Robot​ ​ជួយ​ជន​ពិការ​ ​បរិស្ថាន​ ​និង​ផលិតផល​ជាច្រើន​ផ្សេងទៀត​លើ​គ្រប់​វិស័យ​ដោយរួមទាំង​វិស័យ​ទេសចរណ៍​ផង​ដែរ​៕​ ​

  • Arsenal​ ​និង​ ​Chelsea​ ​ដឹកដៃ​គ្នា​ទៅ​វគ្គ​ ​16ក្រុម​នៃ​ ​Europa​ ​League​ ​

    Arsenal​ ​និង​ ​Chelsea​ ​ដឹកដៃ​គ្នា​ទៅ​វគ្គ​ ​16ក្រុម​នៃ​ ​Europa​ ​League​ ​

    ​ក្រុម​ ​Arsenal​ ​បាន​ផ្តួល​ក្រុម​ ​BATE​ ​Borisov​ ​យ៉ាង​ចាស់ដៃ​ក្នុង​លទ្ធផល​ ​3​-​០​ ​ដើម្បី​ឈាន​ទៅ​វគ្គ​ ​16ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ​ ​Europa​ ​League​ ​ក្រោយពី​ចាញ់​ ​1​-​០​ ​ក្នុង​ការប្រកួត​ជើង​ទី1​ ​ក្រោម​ស្នាដៃ​ក្រុម​ម្ចាស់​ជើងឯក​របស់​បេឡា​រុ​សមួយ​នេះ​ ​ហើយ​ក្រុម​ ​Eintracht​ ​Frankfurt​ ​ក៏បាន​ឈាន​ទៅ​វគ្គ​បន្ត​ផង​ដែរ​ ​តាមរយៈ​ការ​យកឈ្នះ​ទាំង​ ​2ជើង​ ​6​-​3​ ​លើ​ក្រុម​ ​Shakhtar​ ​Donetsk​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

    ក្រុម​ ​Salzburg​ ​ក៏​ដណ្តើម​បាន​ជ័យជម្នះ​យ៉ាង​កក់ក្តៅ​ផង​ដែរ​ ​ខណៈ​ដែល​ជ័យជម្នះ​ ​4​-​០​ ​លើទឹក​ដី​ខ្លួនឯង​របស់​ពួកគេ​លើ​ក្រុម​ ​Club​ ​Bruges​ ​បាន​ជួយ​ឱ្យ​ក្រុម​របស់​អូស្ត្រាលី​ ​ឈ្នះ​ទាំង​ ​2ជើង​ក្នុង​លទ្ធផល​ ​5​-​2​ ​ខណៈ​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ ​2គ្រាប់​ពីសំណាក់​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ីរ៉ង់​ ​Sardar​ ​Azmoun​ ​បាន​ជួយ​ឱ្យ​ក្រុម​ ​Zenit​ ​St​ ​Petersburg​ ​យកឈ្នះ​លើ​ក្រុម​ ​Fenerbahce​ ​ទាំង​ ​2ជើង​ ​ក្នុង​លទ្ធផល​ ​3​-​2​។​

    ក្រុម​ ​Napoli​ ​ដែល​បាន​ឈ្នះ​ពាន​ ​UEFA​ ​Cup​ ​ក្នុង​ឆ្នាំ1989​ ​មិន​មាន​បញ្ហា​អ្វី​ឡើយ​ក្នុង​ការ​ផ្តួល​ក្រុម​ ​FC​ ​Zurich​ ​ក្នុង​លទ្ធផល​ ​2​-​០​ ​លើទឹក​ដី​ខ្លួនឯង​ ​ដើម្បី​ឈ្នះ​ទាំង​ ​2ជើង​ ​5​-​1​។​
    ​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ក្រុម​ធ្លាក់​ទម្រង់​លេងChelsea​ ​របស់​លោក​ ​Maurizio​ ​Sarri​ ​បាន​កាត់បន្ថយ​សម្ពាធ​មួយចំនួន​លើ​រូបលោក​ ​ជាមួយនឹង​ជ័យជម្នះ​ក្នុង​លទ្ធផល​ ​3​-​០នៅពេល​ប្រកួត​ជាមួយនឹង​ក្រុម​ ​Malmo​។​

    លោក​ ​Unai​ ​Emery​ ​គ្រូបង្វឹក​នៃ​ក្រុម​ ​Arsenal​ ​បាន​ប្រាប់​ទូរទស្សន៍​ ​BT​ ​Sport​ ​ថា​៖​ ​«​យើង​ចង់បាន​លទ្ធផល​នេះ​ ​ប៉ុន្តែ​យើង​ក៏​ចង់​លេង​ឱ្យ​អ្នកគាំទ្រ​របស់​យើង​នៅ​ទីនេះ​ផង​ដែរ​។​ ​យើង​បាន​ប្រឹង​អស់ពី​សមត្ថភាព​របស់​យើង​ដើម្បី​ស្រោចស្រង់​ក្នុង​ការប្រកួត​វគ្គ​នេះ​ ​ហើយ​ក្រុម​នេះ​បាន​ធ្វើការងារ​យ៉ាង​ល្អ​»​។​

    ​ក្រុម​ ​Chelsea​ ​ដែល​បាន​យកឈ្នះ​ ​2​-​1​ ​ក្នុង​ជើង​ទី1​ ​បាន​យកឈ្នះ​លើ​ក្រុម​ ​Malmo​ ​ដោយ​ងាយ​ក្នុង​លទ្ធផល​ ​3​-​០​ ​ដើម្បី​ទៅ​វគ្គ​បន្ត​ក្នុង​លទ្ធផល​ទាំង​ ​2ជើង​ ​5​-​1​ ​ដើម្បី​ដក​សម្ពាធ​ខ្លាំង​ចេញពី​លោកគ្រូ​បង្វឹក​ ​Sarri​៕

  • Bencic​ ​ផ្តួល​ ​Halep​ ​ដើម្បី​បង្កើត​ការ​ភ្ញាក់ផ្អើល​នៅ​ ​Dubai​ ​ជា​លើក​ទី2​ ​

    Bencic​ ​ផ្តួល​ ​Halep​ ​ដើម្បី​បង្កើត​ការ​ភ្ញាក់ផ្អើល​នៅ​ ​Dubai​ ​ជា​លើក​ទី2​ ​

    ​កីឡាការិនី​វាយ​កូន​បាល់​ ​Belinda​ ​Bencic​ ​បាន​ផ្តល់​ការ​ភ្ញាក់ផ្អើល​ដល់​អតីត​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ1​ ​ក្នុង​ពិភពលោក​ ​Simona​ ​Halep​ ​ក្នុង​លទ្ធផល​ ​4​-​6​ ​6​-​4​ ​និង6​-​2​ ​ដើម្បី​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍​ ​Dubai​ ​Championships​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ខណៈ​ដែល​នេះ​គឺជា​លទ្ធផល​ដ៏​មិន​នឹកស្មាន​ដល់​ជា​លើក​ទី2​ ​ជាប់​ៗ​គ្នា​របស់​នាង​នៅក្នុង​រដ្ឋ​ឈូងសមុទ្រ​មួយ​នេះ​។​

    ​Bencic​ ​ដែល​មាន​ចំណាត់ថ្នាក់​លេខ56​ ​លើ​ពិភពលោក​ ​ទើបតែ​បាន​យកឈ្នះ​លើ​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ8​ ​ក្នុង​ពិភពលោក​ ​ArynaSabalenka​ ​ក្នុង​ការប្រកួត​ជុំ​ទី3​ ​ក្រោយពី​នាង​បាន​សង្គ្រោះ​ពិន្ទុ​កាត់សេចក្តី​ ​6លើក​ ​មុននឹង​បន្ត​យកឈ្នះ​លើ​ម្ចាស់​ជើងឯក​ឆ្នាំ2015​ ​Halep​ ​ក្នុងរយៈពេល​ ​2ម៉ោង​ ​និង15នាទី​។​

    ​អតីត​កីឡាការិនី​មាន​ចំណាត់ថ្នាក់​លេខ7​ ​ក្នុង​ពិភពលោក​ ​Bencic​ ​នឹង​ត្រូវ​ជួប​ជាមួយនឹង​ម្ចាស់​ជើងឯក​ ​2សម័យកាល​ ​Elina​ ​Svitolina​ ​ដែល​បាន​ផ្តួល​កីឡាការិនី​ ​Carla​ ​Suarez​ ​Navarro​ ​ក្នុង​លទ្ធផល​ ​6​-​2​ ​និង6​-​3​ ​ដើម្បី​ប្រជែង​ទៅកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​

    ​តារា​ឆ្នើម​ស្វ៊ី​ស​ ​Bencic​ ​ដែល​អាជីព​របស់​គេ​ត្រូវ​បាន​រំខាន​ដោយសារតែ​បញ្ហា​របួស​ខ្នង​ ​និង​កដៃ​ជាបន្តបន្ទាប់​នោះ​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ខ្ញុំ​បាន​ប្រជែង​ ​និង​បាន​រក្សា​ការ​ស្ថិត​ក្នុង​ការប្រកួត​នេះ​។​ ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ខ្ញុំ​មិន​បា​បោះបង់​។​ ​ខ្ញុំ​មិនបាន​របូត​ពិន្ទុ​ដោយ​ងាយស្រួល​ឡើយ​។​ ​ខ្ញុំ​នៅតែ​ស្ថិត​ក្នុង​ការ​ប្រជែង​»​។​

    ​កីឡាការិនី​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ ​ដែល​ខ្ញុំ​បាន​វិលមកវិញ​។​ ​ខ្ញុំ​បានដឹង​ថា​ ​វា​នៅតែ​ស្ថិតនៅ​ជាមួយ​ខ្ញុំ​ ​សូម្បីតែ​បន្ទាប់ពី​របួស​ក៏ដោយ​។​ ​ខ្ញុំ​ត្រូវតែ​ធ្វើការ​វិល​ទៅ​រក​ភាព​ខ្លាំង​វិញ​ឱ្យ​បាន​។​ ​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ខ្ញុំ​អាច​បង្ហាញ​ពី​កម្រិត​ខ្លាំង​បែប​នោះ​»​៕​ ​

  • សហគ្រិន​វ័យក្មេង​មួយ​ក្រុម​បង្កើត​កម្មវិធី​ជួយ​អ្នកជួល​ម៉ូតូ​ជិះ​នៅ​តំបន់​ទេសចរណ៍​

    សហគ្រិន​វ័យក្មេង​មួយ​ក្រុម​បង្កើត​កម្មវិធី​ជួយ​អ្នកជួល​ម៉ូតូ​ជិះ​នៅ​តំបន់​ទេសចរណ៍​

    សហគ្រិន​មួយ​ក្រុម​ បាន​បង្កើត​គំនិត​ច្នៃប្រឌិត​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការជួល​ម៉ូតូ​ដល់​ភ្ញៀវ​ទេសចរ​ និង​ប្រតិបត្តិ​ករ​ទេសចរ​ ដើម្បី​ជំរុញ​ឱ្យ​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​ សុវត្ថិភាព​ និង​បង្កើត​សុចរិត​ភាព​។

    លោក​ លៀក​ ពេជ្រ​គី​មហ៊ាង​ សហ​ស្ថាបនិក​នៃ​គម្រោង​អាជីវកម្ម​ដែល​មានឈ្មោះ​ថា​ WeChoul​ បាន​លើកឡើង​ថា​ កម្មវិធី​ WeChoul​ នេះ​ជា​គេហទំព័រ​សម្រាប់​ជួល​ម៉ូតូ​ក្នុង​តំបន់​ទេសចរណ៍​នានា​ ដែល​យើង​ចាប់ផ្តើម​ដំបូង​នៅក្នុង​ខេត្តសៀមរាប​។ មូលហេតុ​ដែល​យើង​បង្កើត​កម្មវិធី​នេះ​ឡើង​ គឺ​ដោយសារតែ​យើង​មើលឃើញ​ថា​ ភ្ញៀវ​ទេសចរ​ជាច្រើន​កំពុង​ត្រូវការ​ជួល​ម៉ូតូ​ដើម្បី​ជិះ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នានា​ ដើម្បី​ងាយស្រួល​ដើរលេង​ និង​កាត់បន្ថយ​ចំណាយ​លើ​ការ​ធ្វើដំណើរ​ តែ​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​គឺ​មាន​អ្នកខ្លះ​មិន​ហ៊ាន​ជួល​ម៉ូតូ​ជិះ​នោះ​ទេ​ ព្រោះ​មិនសូវ​យល់​ពី​លក្ខខណ្ឌ​ខណៈ​អ្នកខ្លះ​ទៀត​ត្រូវ​ចំណាយពេល​វេលា​យូរ​ដើម្បី​ស្វែងរក​ប្រភព​ព័ត៌មាន​ ឬជ្រើសរើស​ម៉ូតូ​។

    លោក​ លៀក​ ពេជ្រ​គី​មហ៊ាង​ បាន​និយាយ​ថា​៖“មុននឹង​នឹកឃើញ​គំនិត​នេះ​ក្រុម​របស់ខ្ញុំ​បាន​ចំណាយពេល​គិត​រយៈពេល​ 3ខែ​ លើ​កម្មវិធី​សម្រួល​ដល់​ការជួល​ តែ​មិនទាន់​ច្បាស់​ថា​ ជួល​ផ្នែក​ណា​ដែល​សំខាន់​ជាងគេ​សម្រាប់​ភ្ញៀវ​ទេសចរ​។ ថ្ងៃមួយ​សមាជិក​របស់ខ្ញុំ​ 2នាក់​បាន​ទៅ​ខេត្តសៀមរាប​ ហើយ​គាត់​ត្រូវ​បាន​គេ​កោរ​លើ​តម្លៃ​ជួល​ម៉ូតូ​ ហើយ​តម្លៃ​នៃ​ការជួល​ប្រែប្រួល​មិន​ទៀងទាត់​ ធ្វើ​ឱ្យ​មានការ​លំបាក​ ហេតុនេះ​ហើយ​ទើប​យើង​គិតឃើញ​ថា​ នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ដោះស្រាយ​”។

    សហ​ស្ថាបនិក​មួយ​រូប​ទៀត​ លោក​ តាន់​ រតនា​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយពេល​ជជែក​ពិភាក្សា​គ្នា​ និង​ស្រាវជ្រាវ​បន្ថែម​ឱ្យ​បាន​ល្អិតល្អន់​ យើង​ក៏​បង្កើត​ជា​គេហទំព័រ​មួយ​ដែល​មាន​ផ្តល់​ព័ត៌មាន​លម្អិត​ដូចជា​ទីតាំង​របស់​អ្នកជួល​ម៉ូតូ​ រូបរាង​ម៉ូតូ​គ្រប់​ជ្រុង​ទាំងអស់​ តម្លៃ​ជួល​ លក្ខខណ្ឌ​ជួល​ និង​រៀបចំ​ប្រព័ន្ធ​ទូទាត់​លុយ​សម្រាប់​ភ្ញៀវ​ថែមទៀត​ផង​។ ក្រោយពេល​មាន​គេហទំព័រ​នេះ​ហើយ​ ភ្ញៀវ​ទេសចរ​មិន​ចាំបាច់​លំបាក​ដើរមើល​ហាង​ជួល​ម៉ូតូ​ម្តង​មួយ​ហាង​ៗ ដូច​កាលពីមុន​ទៀត​នោះ​ទេ​ គាត់​គ្រាន់តែ​ចូលក្នុង​គេហទំព័រ​របស់​យើង​ គាត់​អាច​រើស​បាន​គ្រប់​លក្ខខណ្ឌ​ ទាំង​រូបរាង​ និង​តម្លៃ​ច្បាស់លាស់​។

    លោក​ តាន់​ រតនា​ បាន​និយាយ​ថា​៖ “អ្វី​ដែល​ជា​លក្ខខណ្ឌ​ពិសេស​ និង​កាន់តែ​ងាយស្រួល​ថែមទៀត​នោះ​ គឺ​យើង​រៀបចំ​ឱ្យ​មានការ​ដឹកជញ្ជូន​ម៉ូតូ​ដល់​អ្នកជួល​ដល់ទី​កន្លែង​តែម្តង​ មិន​ចាំបាច់​លំបាក​ខាតពេល​ដូច​ពីមុន​នោះ​ទេ​។ ពេល​ភ្ញៀវ​កក់​ម៉ូតូ​ យើង​ឱ្យ​ភ្ញៀវ​បំពេញ​ព័ត៌មាន​លម្អិត​ពី​កន្លែង​ដែល​គាត់​ចង់ឱ្យ​យើង​យក​ម៉ូតូ​ទៅ​ឱ្យ​ ដូចជា​សណ្ឋាគារ​ដែល​គាត់​ស្នាក់នៅ​ជាដើម​ ដើម្បី​ដៃគូ​សហការ​របស់​យើង​នៅ​ខេត្តសៀមរាប​ងាយ​ទាក់ទង​ ហើយ​យក​ទៅ​ឱ្យ​ដល់កន្លែង​។ ការ​ធ្វើបែប​នេះ​នឹង​ធ្វើ​ឱ្យ​ភ្ញៀវ​អាច​រីករាយ​ក្នុង​ការ​ដើរកម្សាន្ត​បាន​ច្រើនថ្ងៃ​ដោយ​មិន​ចាំបាច់​ចំណាយពេល​មួយ​ព្រឹក​ ឬមួយ​ថ្ងៃ​ដើម្បី​ស្វែងរក​ម៉ូតូ​ដូច​ពីមុន​នោះ​ទេ​”។

    បង្ហាញ​ពី​ដំណើរការ​នៃ​ការជួល​ លោក​ ហុង​ សេង​ថៃ​ បាន​បញ្ជាក់​ថា​ ដើម្បី​ជួល​ម៉ូតូ​តាម​គេហទំព័រ​របស់​យើង​ ភ្ញៀវ​ចាំបាច់​ត្រូវ​បំពេញ​ឯកសារ​ ទូទាត់ប្រាក់​តាម​ ABA​ តាម​ Mastercard​ និងWing​ ជាដើម​។ នៅពេល​ពួកគាត់​ទៅដល់​ខេត្តសៀមរាប​ ដៃគូ​របស់​យើង​នៅ​ខេត្តសៀមរាប​នឹង​យក​ម៉ូតូ​ជូន​គាត់​ដល់កន្លែង​ស្នាក់នៅ​តែម្តង​ ហេតុនេះ​គាត់​គ្រាន់តែ​ចុះ​កិច្ចសន្យា​ដើម្បី​ធានា​លើ​ការខូចខាត​ និង​បញ្ហា​មួយចំនួន​ បន្ទាប់មក​ទុក​អត្តសញ្ញាណ​ប័ណ្ណ​ ឬលិខិតឆ្លងដែន​ជា​របស់​បញ្ចាំ​ដល់ដៃ​គូ​របស់​យើង​ជាការស្រេច​។ ចំពោះ​ម៉ូតូ​វិញ​ក៏​យើង​រក្សា​បាន​សុវត្ថិភាព​ខ្ពស់​ផង​ដែរ​ ព្រោះ​យើង​មាន​ភ្ជាប់​ប្រព័ន្ធ​ GPS​ ទាំងអស់​ដែល​អាច​ការពារ​ ឬងាយស្រួល​តាម​យក​មកវិញ​បាន​នៅពេល​ដែល​មាន​ចោរលួច​។ ហេតុនេះ​ភ្ញៀវ​អាច​មាន​ភាព​កក់ក្តៅ​នៅពេល​ជួល​ម៉ូតូ​តាម​គេហទំព័រ​របស់​យើង​ ដែល​ជា​ប្រព័ន្ធ​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​សម្រាប់​ពួកគាត់​។

    លោក​ ហុង​ សេង​ថៃ​ បាន​និយាយ​ថា​៖ “ក្រៅពី​លក្ខខណ្ឌ​ពិសេស​ទាំងអស់​នេះ​ យើង​ក៏​មាន​ប្រព័ន្ធ​ក្នុង​ការ​ទទួល​ព័ត៌មាន​ ឬការ​ឆ្លើយតប​ពីអ​តិថិ​ជន​ផង​ដែរ​ ដើម្បី​ធានា​ថា​ ដៃគូ​របស់​យើង​បាន​ផ្តល់​សេវាកម្ម​ដោយ​ត្រឹមត្រូវ​ និង​ផ្តល់​សេវា​ល្អ​ដល់​ភ្ញៀវ​។ យើង​មិន​អនុញ្ញាត​ឱ្យ​អ្នកណា​ម្នាក់​ យក​តម្លៃលើស​ពី​អ្វី​ដែល​បាន​កំណត់​ក្នុង​គេហទំព័រ​នោះ​ទេ​ ហេតុនេះ​ភ្ញៀវ​អាច​ដឹង​ច្បាស់​ និង​ទូទាត់​ជាក់លាក់​តាម​បច្ចេកវិទ្យា​ដែល​យើង​បាន​រក្សា​សុវត្ថិភាព​ខ្ពស់​។ ហេតុនេះ​ប្រសិនបើ​មាន​លក្ខខណ្ឌ​មិន​ប្រក្រតី​ ក្រុមការងារ​របស់​យើង​អាច​ទទួល​ព័ត៌មាន​បាន​ភ្លាម​ ហើយ​ដោះស្រាយ​ជូន​គាត់​បាន​លឿន​”។

    បន្ថែម​ពីលើ​នេះ​ លោក​ អ៊ុន​ មាស​សម្បត្តិ​ បាន​ថ្លែង​ថា​ គម្រោង​ WeChoul​ នេះ​ក៏​ជា​គម្រោង​មួយ​ដែល​យើង​មិន​ត្រឹមតែ​គិតគូរ​ពី​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះទេ​ តែ​យើង​ក៏​មានបំណង​ចង់​បង្កើន​សុចរិត​ភាព​ និង​បង្កើន​ទីផ្សារ​ដល់​អ្នក​ដែល​មាន​ម៉ូតូ​ជួល​ផង​ដែរ​។ យើង​បង្កើន​សុចរិត​ភាព​តាមរយៈ​ការ​ផ្តល់​តម្លៃ​ដែល​មាន​ស្តង់​ដា​ច្បាស់លាស់​ មិនមែន​ឡើងចុះ​តាមតែ​មាត់​ ឬកេងប្រវ័ញ្ច​លើ​ភ្ញៀវ​ដែល​មិនដឹង​នោះ​ទេ​។ យើង​សង្ឃឹមថា​ក្រោយពេល​យើង​ចាប់ផ្តើម​បង្កើត​សុចរិត​ភាព​ក្នុង​សង្គម​បែបនេះ​ ភ្ញៀវ​ទេសចរ​បរទេស​នឹង​កាន់តែ​មាន​ ចង់​មក​ទស្សនា​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ពី​ផ្សារ​នៃ​អ្នករក​ស៊ី​ផ្នែក​ទេសចរណ៍​កាន់តែ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ឡើង​។

    លោក​ អ៊ុន​ មាស​សម្បត្តិ​ បាន​និយាយ​ថា​៖ “គេហទំព័រ​នេះ​នឹង​ក្លាយជា​គេហទំព័រ​ដែល​ជួយ​ធ្វើ​ទីផ្សារ​ឱ្យ​អ្នកមាន​របរ​ជួល​ម៉ូតូ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ ព្រោះ​យើង​ជឿ​ថា​ អ្នក​ដែល​មិនធ្លាប់​ជួល​ម៉ូតូ​ជិះ​នៅពេល​ដើរកម្សាន្ត​អាច​នឹង​នឹកឃើញ​ជម្រើស​ល្អ​នេះ​ ហើយ​ចំពោះ​អ្នកជួល​ដែល​មិនសូវ​ពូកែ​ផ្នែក​ផ្សព្វផ្សាយ​ក៏​នឹងអាច​ដាក់​ជួល​ម៉ូតូ​ដាច់​ដូចគ្នា​ ហើយ​ថែមទាំង​អាច​ពង្រឹង​សេវា​របស់​ខ្លួន​ឱ្យ​កាន់តែ​ល្អ​ថែមទៀត​ផង​”។

    លោក​ មាស​សម្បត្តិ​ លើកឡើង​ផង​ដែរ​ថា​ ក្នុងនាម​ជា​យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា​ យើង​ចង់​ឃើញ​ការ​រកស៊ី​នៅក្នុង​សង្គម​របស់​យើង​មានការ​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​ស្រប​ទៅ​នឹង​រប​ត់​ថ្មី​ៗរបស់​ពិភពលោក​ ហើយ​ទន្ទឹម​នឹង​នេះ​យើង​ក៏​ចង់​ឃើញ​ពួកគាត់​ព្យាយាម​ពង្រឹង​សេវាកម្ម​ និង​ជំរុញ​ការ​ផ្តល់​ព័ត៌មាន​បាន​កាន់តែ​ប្រសើរ​ឡើង​។ ហេតុនេះ​ប្រសិនបើ​អប់រំ​ម្ចាស់​អាជីវកម្ម​ ឬលើកទឹកចិត្ត​គាត់​ឱ្យធ្វើ​គ្រប់គ្នា​ម្ដង​ម្នា​ក់ៗ​នោះ​ វា​មិនមែន​ងាយស្រួល​ទេ​ តែ​ប្រសិនបើ​យើង​ប្រមូល​ផ្តុំ​ពួកគាត់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​មួយ​ ហើយ​ជួយ​រៀបចំ​បច្ចេកវិទ្យា​ដល់​ពួកគាត់​ នោះ​យើង​នឹងអាច​ធ្វើ​បាន​ ទោះ​ក្នុងរយៈពេល​ខ្លី​ ឬវែង​ក៏ដោយ​។

    ទន្ទឹម​នឹង​នោះ​ផង​ដែរ​ សហ​ស្ថាបនិក​មួយ​រូប​ទៀត​លោក​ វីរៈ​ គន្ធី​ បាន​លើកទឹកចិត្ត​យុវជន​កម្ពុជា​ជំនាន់​ថ្មី​ថា​ យើង​គួរតែ​ព្យាយាម​ចេញ​មក​ក្នុង​សង្គម​ខាងក្រៅ​ឱ្យ​បាន​ច្រើន​ដើម្បី​មើល​ពី​បញ្ហា​ជាក់ស្តែង​ ហើយ​ប្រើប្រាស់​ចំណេះដឹង​របស់​យើង​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះ​។ ការសិក្សា​តែ​នៅក្នុង​សាលា​គឺ​គ្រាន់តែ​ជា​ការ​ទទួល​ព័ត៌មាន​ និង​គន្លឹះ​តិចតួច​ប៉ុណ្ណោះ​ដើម្បី​ក្លាយជា​អ្នកជំនាញ​ ឬសហគ្រិន​ម្នាក់​ តែ​វា​ជា​គ្រឹះ​យ៉ាង​សំខាន់​សម្រាប់​ការ​រីកចម្រើន​ ហេតុនេះ​ប្រសិនបើ​យើង​ចេះ​ច្នៃ​ចំណេះដឹង​ ឬយកចំណេះ​ដឹងពី​សាលា​មក​ដោះស្រាយ​បញ្ហា​ផ្ទាល់​ៗនោះ​យើង​នឹង​ទទួល​បាន​ចំណេះដឹង​ពិតប្រាកដ​។ ជាក់ស្តែង​គម្រោង​របស់​យើង​នេះ​ពីមុន​មក​គឺ​មិនមែន​ជា​អ្នកជំនាញ​ ឬអ្នក​ខ្លាំង​ផ្នែក​គម្រោង​អាជីវកម្ម​ទេ​ តែ​យើង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​យើង​កំពុង​ជួបប្រទះ​រហូត​ចេញ​ជា​ផ្លែផ្កា​ និង​ទទួល​បាន​ចំណាត់ថ្នាក់​លេខ3​ ក្នុង​ការប្រកួត​កម្មវិធី​ Techno​ Innovation​ Cambodia​ សម្រាប់​ឆ្នាំ​ 2019​ នេះ​៕