Category: សង្គម និងសេដ្ឋកិច្ច

  • ស្រស់​ស្អាត​រាល់ថ្ងៃ​ បើ​ធ្វើតាម​អត្ថបទ​នេះ​

    ស្រស់​ស្អាត​រាល់ថ្ងៃ​ បើ​ធ្វើតាម​អត្ថបទ​នេះ​

    ពេញមួយថ្ងៃ​រាងកាយ​ដូចជា​មិន​អាច​គេច​ផុត​ពី​ការបំផ្លាញ​នៃ​អាកាសធាតុ​ និង​ពេលវេលា​នោះ​ទេ​ បើដូច្នេះមែន​នោះ​តើ​ធ្វើ​ម៉េច​នឹងអាច​បង្អួត​អ្នកជិតខាង​ឱ្យ​ឃើញថា​ អ្នក​នៅតែ​ស្អាត​តាំងពី​ព្រលឹម​ទល់​ប្រ​លប់​បាន​ទៅ​? ស្អាត​រាល់ថ្ងៃ​ អ្នកណា​មិន​ប្រាថ្នា​ចង់បាន​ តែ​វា​ទាស់​ត្រង់ថា​មិនដឹង​ធ្វើ​យ៉ាងម៉េច​ទើប​អាច​នាំក្តី​ស្រមៃ​នេះ​ទៅកាន់​ពិភព​ពិត​បានតែ​ប៉ុណ្ណោះ​។ មិន​ស្រួល​ ហើយក៏​មិន​ពិបាក​ដែរ​ ប៉ុន្តែ​វា​តម្រូវ​ឱ្យ​អ្នក​យកចិត្ត​ទុកដាក់​ក្នុង​ការអនុវត្ត​ មិនមែន​ធ្វើ​តែមួយ​ ឬពីរ​ថ្ងៃ​នៅ​មិនទាន់​ឃើញ​ពី​ប្រសិទ្ធភាព​ ក៏​បោះបង់ចោល​នោះ​ទេ​។ រក្សា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​ទង្វើ​មួយចំនួន​ដូច​ខាងក្រោម​ នោះ​ភាព​ស្រស់​ស្អាត​នឹង​ស្ថិតនៅ​ជាមួយ​អ្នក​រាល់ថ្ងៃ​ជាមិនខាន​។

    ព្រឹកព្រលឹម​ : បន្ទាប់ពី​ក្រោកពីដំណេក​នា​ពេលព្រឹក​ សូមកុំ​ទាន់​លុបលាង​ជាតិ​ខ្លាញ់​ដែល​នៅ​ជាប់​លើ​ផ្ទៃមុខ​ ជាពិសេស​នៅ​ជុំវិញ​ច្រមុះ​ និង​ចង្កា​ចេញ​ភ្លាម​ៗអី​ សូម​ប្រើ​ដៃ​របស់​អ្នក​ញី​វា​ឱ្យ​ពេញ​ផ្ទៃមុខ​ រួច​ទុក​មួយសន្ទុះ​សិន​សឹម​ចាប់ផ្តើម​ធ្វើអ្វី​ដែល​អ្នក​ចង់​ធ្វើជា​បន្ត​ចុះ​។ ការ​រក្សាទុក​នូវ​ជាតិ​ខ្លាញ់​នៅ​លើ​ផ្ទៃមុខ​បែបនេះ​គឺជា​ការ​ជួយ​រក្សា​ស្បែក​ឱ្យ​មាន​សំណើម​(សម្រាប់​អ្នក​ដែល​មាន​ស្បែក​ស្ងួត​) និង​ក្មេង​ជាង​វ័យ​ព្រោះ​វា​ជា​ខ្លាញ់​ធម្មជាតិ​ដែល​រាងកាយ​បាន​បញ្ចេញ​មក​ក្រៅ​។

    មុន​អាហារ​ពេលព្រឹក​ : មុន​ទទួលទាន​អាហារ​ពេលព្រឹក​ ត្រូវ​ទទួលទានទឹក​ក្ដៅ​ឧណ្ហ2កែវ​ (លាយ​ជាមួយ​ទឹកឃ្មុំ​ 1ស្លាបព្រា​កាហ្វេ​ និង​ទឹកក្រូច​ឆ្មារ​បន្ដិច​កាន់តែ​ល្អ​)។ ការ​ធ្វើបែប​នេះ​អាច​ជួយ​សម្អាត​ក្រពះ​ ហើយ​អាច​ជួយ​ដល់​ការ​រក្សា​រាង​បាន​ទៀតផង​ (ពេលខ្លះ​វា​អាច​នឹង​មានការ​ពិបាក​បន្តិច​សម្រាប់​អ្នក​ក្នុង​ការ​ទទួលទាន​ពី​ដំបូង​ ហេតុនេះ​អ្នក​គួរ​បង្រៀន​ខ្លួនឯង​ឱ្យ​ចាប់ផ្តើម​ធ្វើ​វា​ម្តង​បន្តិច​ៗក៏បាន​)។

    មិន​ត្រូវ​បោះបង់​បន្លែ​បៃតង​ : រាល់ពេល​ទទួល​ទាន​អាហារ​អ្នក​គួរ​ទទួលទាន​អាហារ​ដែល​មានប្រយោជន៍​ចំពោះ​សុខភាព​ និង​សម្រស់​ ដូចជា​ ផ្លែឈើ​ ត្រី​ ស៊ុត​ និង​គ្រប់​ធញ្ញជាតិ​ជាដើម​។

    សម្អាត​ស្បែក​ : បន្ទាប់ពី​ត្រឡប់​មក​ពី​ធ្វើការងារ​ ឬការ​ចេញទៅ​ខាងក្រៅ​ផ្ទះ​អ្នក​ត្រូវ​លាង​ជម្រះ​ ឬប្រើ​កន្សែង​សើម​ ដើម្បី​សម្អាត​សារជាតិ​កខ្វក់​ផ្សេង​ៗដែល​នៅ​ជាប់​លើ​ផ្ទៃមុខ​ចេញ​ឱ្យ​បាន​ស្អាត​។

    បន្ថែម​ពីលើ​សកម្មភាព​អស់ទាំង​នោះ​អ្នក​ត្រូវ​គិតទៅ​ដល់​ទង្វើ​មួយចំនួន​ទៀត​ដូចជា​ ការ​ទទួលទានទឹក​ឱ្យ​បាន​គ្រប់គ្រាន់​ ហើយ​ត្រូវ​កាត់បន្ថយ​ការ​បរិភោគ​អាហារ​ដែល​ផ្ទុក​ ឬប្រើ​សារជាតិ​ ឬមាន​ខ្លាញ់​ច្រើន​ ដូចជា​ អាហារ​ចៀន​ និង​បំពង​ជាដើម​។ ហាត់ប្រាណ​តាមដែល​អាច​ធ្វើ​ទៅ​បាន​ (បើ​ទោះជា​ពេលខ្លះ​អ្នក​រវល់​នឹង​ការងារ​ច្រើន​ រហូត​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ទៅ​ហាត់ប្រាណ​នៅ​តាម​ក្លឹប​ ឬទី​កន្លែង​ផ្សេង​ៗក៏ដោយ​ អ្នក​គួរតែ​ឆ្លៀតពេល​ដើរ​ក្នុង​កំឡុង​ពេលធ្វើការ​) ព្រមទាំង​ធ្វើការ​ផ្លាស់​ប្តូរ​ឥរិយាបទ​នៃ​ការ​អង្គុយ​ ឈរ​ គេង​ និង​ដកដង្ហើម​ត្រូវ​ធ្វើ​ឱ្យ​បាន​ត្រឹមត្រូវ​៕

  • គ្រាន់តែ​និយាយ​ជាមួយ​កូនតូច​ ក៏អាច​ជួយ​ឱ្យ​គេ​ក្លាយជា​មនុស្ស​ពូកែ​បាន​ដែរ​

    គ្រាន់តែ​និយាយ​ជាមួយ​កូនតូច​ ក៏អាច​ជួយ​ឱ្យ​គេ​ក្លាយជា​មនុស្ស​ពូកែ​បាន​ដែរ​

    វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ បាន​បង្ហាញ​ការស្រាវជ្រាវ​មួយ​ស្តី​ពី​ការអប់រំ​កុមារ​តូច​ថា​ គ្រាន់តែ​អាណាព្យាបាល​ឧស្សាហ៍​និយាយ​ ឬសន្ទនា​ជាមួយ​កូនតូច​ឱ្យ​បាន​ច្រើន​ក៏អាច​ជំរុញ​ការ​អភិវឌ្ឍ​ខួរក្បាល​របស់​ក្មេង​បាន​យ៉ាង​លឿន​ផង​ដែរ​។

    អ្នក​វិទ្យាសាស្ត្រ​នៃ​ស្ថាប័ន​ចិត្តសាស្ត្រ​ MIT​, Psychological​ Science​ បាន​បង្ហាញថា​ការ​និយាយ​ជាមួយ​ក្មេង​ជា​រឿយ​ៗនឹង​ធ្វើ​ឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ពូកែ​សន្ទនា​ ហើយក៏​ជួយ​អភិវឌ្ឍ​សមត្ថភាព​ជាច្រើន​ផ្សេងទៀត​ផង​ដែរ​ ជាពិសេស​ផ្នែក​ភាសា​។ កុមារ​ដែល​ឧស្សាហ៍​សន្ទនា​ជាមួយនឹង​មនុស្ស​ធំ​មាន​សមត្ថភាព​ចងចាំ​ និង​យល់​ពី​ការប្រើ​ប្រាស់​ពាក្យ​សំ​ខាន់​ៗបាន​ល្អ​ជាង​កុមារ​ដែល​មិនសូវ​និយាយ​ស្តី​ព្រោះ​តាមរយៈ​ការស្រាវជ្រាវ​បាន​បង្ហាញថា​ កុមារ​ចន្លោះ​ពី​ 4ឆ្នាំ​ ដល់6ឆ្នាំ​ដែល​បាន​និយាយ​ និង​ស្និទ្ធស្នាល​ជាមួយ​គ្រួសារ​ច្រើន​មាន​សមត្ថភាព​យល់​ពី​ពាក្យ​ វេយ្យាករណ៍​ និង​ផ្នែក​ផ្សេង​ៗនៃ​ភាសា​។

    ការ​បកស្រាយ​របស់​អ្នក​ចិត្តសាស្ត្រ​កុមារ​បាន​បង្ហាញ​ផង​ដែរ​ថា​ អាណាព្យាបាល​ក៏អាច​បង្រៀន​កូន​ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ​បើ​ទោះបីជា​កូន​នោះ​មិនទាន់​ដល់​វ័យ​អាច​និយាយ​បាន​ក៏ដោយ​ ព្រោះ​ក្មេង​អាច​ព្យាយាម​ស្វែងយល់​បាន​តាមរយៈ​សំ​ឡេង​ដដែល​ៗ និង​ការ​ធ្វើមុខធ្វើមាត់​របស់​មនុស្ស​ធំ​ជាដើម​។

    ផ្ទុយ​មកវិញ​ អាណាព្យាបាល​នា​ពេល​បច្ចុប្បន្ន​នេះ​បែរជា​មិនសូវ​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការសន្ទនា​ជាមួយ​កូន​ទៅវិញ​ ព្រោះ​មនុស្ស​ម្នា​ក់ៗ​មានការ​ងារ​ច្រើន​ត្រូវ​ធ្វើ​ប្រចាំថ្ងៃ​ ហើយ​មាន​អ្នកខ្លះ​ទៀត​បណ្តែតបណ្តោយ​ឱ្យ​កូន​រស់នៅ​ជាមួយ​បច្ចេកវិទ្យា​ច្រើនជ្រុល​ រហូត​ធ្វើ​ឱ្យ​ពួកគេ​ឃ្លាតឆ្ងាយ​ពីគ្នា​។ បញ្ហា​នេះ​ធ្វើ​ឱ្យ​កុមារ​អាច​ក្លាយជា​មនុស្ស​ធំ​ដែល​មាន​សមត្ថភាព​ភាសា​មិនល្អ​ សរសេរខុស​ច្រើន​ មានការ​លំបាក​ក្នុង​ការ​អាន​ និង​ស្តាប់​ចំណុច​សំ​ខាន់​ៗនានា​។ កត្តា​នេះ​អាច​ជា​គ្រោះថ្នាក់​មួយ​ដែល​ធ្វើ​ឱ្យ​កើតមាន​ជា​ក្តី​បារម្ភ​សម្រាប់​អនាគត​ធនធានមនុស្ស​ដែល​កំពុង​ត្រូវការ​ភាព​ប៉ិនប្រសប់​កាន់តែ​ខ្លាំង​។

    ឪពុក​ម្តាយ​គួរ​នៅ​ក្បែរ​កូន​ឱ្យ​បាន​ច្រើន​បន្ទាប់ពី​ការងារ​ ឬយ៉ាង​ហោច​មាន​ពេលវេលា​ជជែក​ជាមួយ​កូន​ឱ្យ​បាន​ទៀងទាត់​រាល់ពេល​ល្ងាច​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​ បង្រៀន​កូន​ឱ្យ​ស្វែងយល់​ពី​ការរស់នៅ​តាមរយៈ​សកម្ម​ភា​ពស​ប្បា​យៗ​ និង​និយាយ​ជាមួយ​ពួកគេ​ឱ្យ​បាន​ច្រើន​ ប្រសិនបើ​ចង់​ឱ្យ​កូន​ៗក្លាយជា​មនុស្ស​ខ្លាំង​ម្នាក់​នៅ​ថ្ងៃ​អនាគត​។ សកម្មភាព​ទាំងអស់​នេះ​មិនមែន​ជា​រឿង​លំបាក​នោះ​ទេ​ តែ​វា​ជា​រឿង​សំខាន់​ដែល​មិន​គួរ​មើល​រំលង​៕

  • «​សង្សារ​គេ​ ​»​ ​បទ​ថ្មី​ពី​ ​ថេ​ណា​ ​មក​ស្អំ​បេះដូង​អ្នកគាំទ្រ​សាជាថ្មី​ ​

    «​សង្សារ​គេ​ ​»​ ​បទ​ថ្មី​ពី​ ​ថេ​ណា​ ​មក​ស្អំ​បេះដូង​អ្នកគាំទ្រ​សាជាថ្មី​ ​

    ​លោក​ ​ថេ​ណា​ ​(​Tena​)​ ​ត្រូវ​បាន​មហាជន​ទទួលស្គាល់​ថា​ ​ជាតា​រា​ចម្រៀង​ ​Original​ ​song​ ​ប្រុស​ដែល​និយម​ច្រៀង​ស្ទា​យ​ ​RnB​ ​មួយ​រូប​ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត​នៅ​លើ​បណ្ដាញ​សង្គម​យូ​ធូប​។​ ​តាមរយៈ​បទចម្រៀង​របស់​លោក​ផ្ទាល់​ ​មិន​ត្រឹម​និពន្ធ​ភ្លេង​ ​និង​ទំនុកច្រៀង​ថ្មី​ទេ​ ​តែ​សំនៀង​ក៏​ផ្អែម​ពិរោះ​ថែម​ ​ដែល​អត្ថន័យ​ក្នុង​បទចម្រៀង​និមួយ​កន្លងមក​ ​សុទ្ធតែ​ចាក់​ដោយ​អារម្មណ៍​យុវវ័យ​ឱ្យ​ស្លុង​ទៅតាម​ន័យ​។​ ​មួយរយៈពេល​មុន​នេះ​ ​លោក​បាន​ចេញ​បទ​«​អេម​»​ ​តែ​ជា​អ​កុស​លត្រូវទ​ទូល​កា​រិះគន់​ពីសំណាក់​អ្ន​ក​សិស្​បៈ​មួយចំនួន​ ​ដែល​រហូត​ធ្វើ​ឱ្យ​សម្រេចចិត្ត​លុប​ចម្រៀង​នោះ​ចេញ​ ​ហើយ​ងាក​សុំទោស​ជា​សាធារណៈ​ផង​ដែរ​។​

    ​ដោយឡែក​មុន​នេះ​បន្តិច​ ​ដើម្បី​ស្អំ​បេះដូង​អ្នកគាំទ្រ​មិន​ឱ្យ​ឃ្លាតឆ្ងាយ​ពី​លោក​ ​តារាចម្រៀង​ ​ថេ​ណា​ ​បាន​បញ្ចេញ​នូវ​បទចម្រៀង​ថ្មី​របស់​លោក​មួយ​បទ​ថែមទៀត​ ​មាន​ចំណងជើង​ថា​ ​«​សង្សារ​គេ​ ​»​ ​បាន​ស្ដាប់​ហើយ​ពិតជា​ចាក់ដោត​អារម្មណ៍​ខ្លាំង​ណាស់​ ​។​ ​ក្នុង​មួយ​បទចម្រៀង​នេះ​ ​បាន​រៀបរាប់​អំពី​ពី​ស្នេហា​ ​ខ្លួនឯង​ដែល​ស្រឡាញ់​នារី​ម្នាក់​ដែល​ជា​សង្សារ​បស់​គេ​ ​ដឹង​ទាំង​ដឹង​ថា​សង្សារ​ហើយ​ ​តើ​អារម្មណ៍​អត់ធ្មត់​ ​និង​ការ​រង​ចាំ​វា​លំបាក​វេទនា​ប៉ុនណា​?​ ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​៖​ ​


  • កម្ពុជា​-ជប៉ុន​ ឈាន​ដល់​ការ​ទទួលយក​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ជប៉ុន​ហើយ​

    កម្ពុជា​-ជប៉ុន​ ឈាន​ដល់​ការ​ទទួលយក​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ជប៉ុន​ហើយ​

    កន្លងមក​ប្រទេស​កម្ពុជា​ និង​ជប៉ុន​ បាន​សហការ​គ្នា​យ៉ាង​ល្អ​លើ​វិស័យ​ការងារ​ ដែល​កិច្ចសហការ​នេះ​បាន​ផ្តល់​ផល​ចំណេញ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការសិក្សា​យកចំណេះ​ និង​ជំនាញ​មក​អភិវឌ្ឍ​ប្រទេស​។ តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ កិច្ចសហការ​កន្លងមក​ប្រទេស​ជប៉ុន​បើក​ទទួល​ត្រឹមតែ​កម្មសិក្សា​ការី​របស់​កម្ពុជា​តែប៉ុណ្ណោះ​ មិនទាន់​បាន​ទទួលយក​ពលករ​កម្ពុជា​ឱ្យធ្វើ​ការងារ​ពេញ​សិទ្ធិ​នៅ​ប្រទេស​ជប៉ុន​នៅឡើយ​ទេ​។ ហេតុនេះ​ហើយ​ទើប​ភាគី​ទាំង2​ ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​កិច្ចសហការ​នេះ​ឱ្យ​កាន់តែ​មានការ​អភិវឌ្ឍ​ទៅមុខ​ រួម​ទាំង​គុណភាព​នៃ​ការ​បណ្តុះបណ្តាល​ និង​ការ​ផ្លាស់​ប្តូរ​កម្លាំង​ពលកម្ម​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ឡើង​។

    នា​ពេល​ថ្មី​ៗនេះ​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​កម្ពុជា​ ឯកឧត្តម​ អុិ​ត សំ​ហេង​ និង​ឯកឧត្តម​ Hidehisa​ Horinouchi​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​ជួបពិភាក្សា​គ្នា​ដើម្បី​ឈាន​ទៅដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​កម្ពុជា​-ជប៉ុន​ ស្តី​ពី​ពលកម្ម​ជំនាញ​។

    នៅក្នុង​ជំនួប​នោះ​ ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ជប៉ុន​នឹង​កែសម្រួល​ច្បាប់​ថ្មី​ ដើម្បី​អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា​អាច​ដាក់ពាក្យ​ស្នើសុំ​ទិដ្ឋាការ​ការងារ​ (working​ visa​) ដើម្បី​ទទួល​បាន​សិទ្ធ​ពេញលេញ​ក្នុង​ការ​ធ្វើការងារ​នៅ​ប្រទេស​ជប៉ុន​ ខណៈ​ដែល​កន្លងមក​ជប៉ុន​ទទួលយក​ត្រឹមតែ​កម្មសិក្សា​ការី​របស់​កម្ពុជា​ទៅ​ដកពិសោធ​ការងារ​នៅ​ប្រទេស​ជប៉ុន​តែប៉ុណ្ណោះ​។ ច្បាប់​ថ្មីនេះ​នឹង​ផ្តល់​ឱកាសល្អ​ដល់​ពលករ​ជំនាញ​របស់​កម្ពុជា​ និង​ពលករ​បច្ចេកទេស​ អាច​ចូល​ទៅ​បម្រើការ​ងារ​ពេញច្បាប់​ ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​នូវ​កម្លាំង​ពលកម្ម​ដែល​ជប៉ុន​កំពុង​ត្រូវការ​។ ក្នុង​នោះ​ដែរ​ឯកឧត្តម​ក៏បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន​ដែល​កន្លងមក​បាន​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ តាមរយៈ​ការ​ផ្តល់​ឱកាស​ឱ្យ​កម្មសិក្សា​ការី​កម្ពុជា​បាន​ទៅ​ហាត់​ការ​នៅ​ប្រទេស​ជប៉ុន​ ដែល​មកដល់​បច្ចុប្បន្ន​មាន​ចំនួន​ 9ពាន់​នាក់​ហើយ​។

    ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​មានប្រសាសន៍​ថា​៖ “គម្រោង​ដែល​ជប៉ុន​ នឹង​ដាក់​ឱ្យ​ដំណើរការ​នូវ​ច្បាប់​ការងារ​ថ្មី​ ដើម្បី​ទទួលយក​ពលករ​ពី​ប្រទេស​នានា​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ជប៉ុន​នៅក្នុង​ខែមេសា​ឆ្នាំ2019​ ខាងមុខនេះ​ កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រោះ​វា​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ប្រទេស​ទាំង2​ នឹង​ទទួល​បានផល​ប្រយោជន៍​ទៅវិញទៅមក​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងការងារ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ផលប្រយោជន៍​ដែល​ជប៉ុន​នឹង​ទទួល​បាន​ គឺ​ពលករ​កម្ពុជា​នឹង​ទៅ​បំពេញ​កង្វះខាត​កម្លាំង​ពលកម្ម​ដែល​ជប៉ុន​កំពុង​ត្រូវការ​លើ​វិស័យ​ជាច្រើន​ ចំណែក​ឯកម្ពុជា​វិញ​នឹង​មានលទ្ធភាព​ក្នុង​ការ​ផ្តល់​ឱកាស​បន្ថែម​ដល់​ប្រជាជន​ក្នុង​ការ​ជ្រើសរើស​ការងារ​របស់​ខ្លួន​តាមចំណង់​ចំណូលចិត្ត​ ដើម្បី​ទទួល​បានការ​ងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ ហើយ​ថែមទាំង​ទទួល​បាន​ចំណេះដឹង​ និង​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​ត្រឡប់​មក​ចូលរួម​អភិវឌ្ឍ​ប្រទេស​វិញទៀត​ផង​។

    បើ​តាម​គម្រោង​ កម្ពុជា​ និង​ជប៉ុន​នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិ​ការ​នៅ​ទីក្រុង​តូក្យូ​ក្នុង​អំឡុង​សប្តាហ៍​ទី3​ នៃ​ខែមីនា​ ឆ្នាំ2019​ ខាងមុខ​ ព្រោះ​ភាគី​ទាំង2​ បាន​ឯកភាព​គ្នា​រួចជាស្រេច​ហើយដោយ​បាន​ជំរុញ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ពិនិត្យ​កែសម្រួល​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ឱ្យ​បាន​រួច​ឆាប់​៕

  • កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ឯកសារ​ស្ដីពី​តម្បាញ​សូត្រ​ខ្មែរ​ ​ល្ខោន​យីកេ​ ​និង​គ្រឿង​ចម្លាក់​ប្រាក់​ ​ស្នើរ​ចូល​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

    កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ឯកសារ​ស្ដីពី​តម្បាញ​សូត្រ​ខ្មែរ​ ​ល្ខោន​យីកេ​ ​និង​គ្រឿង​ចម្លាក់​ប្រាក់​ ​ស្នើរ​ចូល​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​

    តាមរយៈ​ទំព័រ​ហ្វេ​សប៊ុ​ក​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​បានឱ្យ​ដឹង​ថា​ ​កម្ពុជា​ ​បាន​រៀបចំ​ដាក់​ ​ទម្រង់​ល្ខោន​យីកេ​ ​តម្បាញ​សូត្រ​ខ្មែរ​ ​និង​គ្រឿង​ចម្លាក់​ប្រាក់​ ​ក្នុង​បញ្ជី​ត្រៀម​របស់​ខ្លួន​សម្រាប់​ស្នើសុំ​ទៅ​អង្គការ​យូ​ណេស្កូ​ ​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​ ​។

    ​ថ្លែងប្រាប់​ក្រុម​អ្ន​ក​សារ​ព​ត័មា​នក្នុង​ស្រុក​ ​លោកស្រី​ ​ភឿង​ ​សកុណា​ ​រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ ​និង​ ​វិចិត្រ​សិល្បៈ​ ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ​ក្រសួង​ ​បាន​ដាក់​ឯកសារ​ល្បុក្កតោ​ ​ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ​រួចហើយ​ ​ដែល​កំពុង​រង់ចាំ​ការសម្រេច​ពី​គណៈកម្មការ​យូ​ណេស្កូ​នៅ​ឆ្នាំ​ ​2020​ ​។​ ​ទន្ទឹម​នឹង​នេះ​ដែរ​ ​ក្រសួងវប្បធម៌​ ​ក៏​កំពុង​ត្រៀម​រៀបចំ​ឯកសារ​ស្ដីពី​តម្បាញ​សូត្រ​ខ្មែរ​ ​ល្ខោន​យីកេ​ ​និង​គ្រឿង​ចម្លាក់​ប្រាក់​ ​ចូល​ទៅ​ក្នុង​បញ្ជី​ត្រៀម​ ​សម្រាប់​ស្នើសុំ​ទៅ​គណៈកម្មការ​យូ​ណេស្កូ​ ​ដាក់បញ្ចូល​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ​។​

    ​បើ​តាម​មន្រ្តី​ជំនាញ​ ​បាន​បញ្ជាក់​ដែរ​ថា​ ​សម្បត្តិ​វប្បធម៌​អរូបី​ ​នៃ​មនុស្សជាតិ​ ​មាន​ច្រើន​ទម្រង់​ ​ក្នុង​នោះ​ ​រួមមាន​ ​ល្ខោន​របាំ​ ​កីឡា​ ​ឧបករណ៍​ភ្លេង​ ​ម្ហូបអាហារ​ ​តម្បាញ​សូត្រ​ ​និង​គ្រឿង​ចម្លាក់​ប្រាក់​ ​គឺ​សុទ្ធតែ​ត្រូវ​បាន​ចាត់​ចូល​ជា​សម្បត្តិ​វប្បធម៌​អរូបី​ ​។​ ​ក្នុងចំណោម​ទម្រង់​នៃ​សិល្បៈ​ទាំងនេះ​ ​ក្រសួង​ ​បាន​រៀបចំ​ចងក្រង​ឯកសារ​ ​និង​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​ជាតិ​ ​ជាបន្តបន្ទាប់​ ​ដែល​រួមបញ្ចូល​ទាំង​តម្បាញ​សូត្រ​ ​ល្ងោ​នយី​កេ​ ​គ្រឿង​ចម្លាក់​ប្រាក់​ ​និង​ទម្រង់​សិល្បៈ​មួយចំនួន​ទៀត​ ​។​ ​សូមជម្រាប​ថា​ ​គិត​ត្រឹម​ឆ្នាំ​ ​2018​ ​កម្ពុជា​ ​បាន​ចុះបញ្ជី​សម្បត្ដិ​វប្បធម៌​ទាំង​រូបី​ ​និង​អរូបី​ ​ទៅ​ក្នុង​បញ្ជី​សម្បត្ដិ​បេតិកភណ្ឌ​ពិភពលោក​ ​បាន​ចំនួន​ ​8​ ​រួមមាន​៖​ ​ប្រាសាទ​អង្គរ​វត្ដ​,​របាំ​ព្រះរាជទ្រព្យ​,​ ​ល្ខោន​ស្រមោល​ស្បែក​ ​ឬ​ល្ខោនស្បែក​ធំ​,​ ​ប្រាសាទព្រះវិហារ​,​ ​ល្បែង​ទាញព្រ័ត្រ​,​ ​ចាប៉ី​ដង​វែង​,​ ​ប្រាសាទសំបូរព្រៃគុក​ ​និង​ ​ល្ខោនខោល​ ​៕​

  • ​Joshua​ ​គំរាម​ដក​ព្រលឹង​ ​Miller​ ​ចេញ​ខ្លួន​ ​ពេល​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់​ធ្ងន់​ ​

    ​Joshua​ ​គំរាម​ដក​ព្រលឹង​ ​Miller​ ​ចេញ​ខ្លួន​ ​ពេល​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់​ធ្ងន់​ ​

    កីឡាករ​ប្រដាល់​ ​Anthony​ ​Joshua​ ​បាន​គំរាម​ចំពោះ​ ​Jarrell​ ​Miller​ ​ថា​ ​រូបគេ​នឹង​ ​«​ដក​យក​ព្រលឹង​ចេញពី​ខ្លួន​របស់​ ​Miller​ ​»​ ​នៅពេល​ដែល​កីឡាករ​រូប​នេះ​នឹង​ត្រូវ​ឡើង​ការពារ​ខ្សែក្រវាត់​ពិភពលោក​ក្នុង​ទម្ងន់​ធ្ងន់​ ​របស់​ខ្លួន​ ​ខណៈ​ពេល​រូបគេ​បាន​ឆ្លើយតបទៅនឹង​ការ​ចំ​អ​ក​ផ្សេង​ៗ​ពី​ដៃគូ​ប្រកួត​សញ្ជាតិ​អាមេរិក​របស់​ខ្លួន​ថា​ ​រូបគេ​គឺជា​ម្ចាស់​ខ្សែក្រវាត់​ដ៏​អស្ចារ្យ​ម្នាក់​។​

    កីឡាករ​ប្រដាល់​ចក្រភព​អង់គ្លេស​ ​Joshua​ ​នឹង​ទៅ​ប្រកួត​នៅ​លើទឹក​ដីស​ហរ​ដ្ឋ​អាមេរិក​ជា​លើក​ទី1​ ​នៅពេល​ដែល​រូបគេ​ឡើង​ត្រូវការ​ពារ​ខ្សែក្រវាត់​របស់​ស្ថាប័ន​ ​IBF​,​ ​WBA​ ​និង​ ​WBO​ ​របស់​គេ​ ​នៅ​លើ​សង្វៀន​ ​Madison​ ​Square​ ​Garden​ ​នៅ​ទីក្រុង​ញូ​វយ៉​ក​ ​ដែល​ជា​ទឹកដី​កំណើត​របស់​ ​Miller​ ​នៅ​ថ្ងៃទី1​ ​ខែមិថុនា​ ​ខាងមុខនេះ​។​
    ​ ​វា​នឹង​ក្លាយជា​ការប្រកួត​រវាង​កីឡាករ​ប្រដាល់​មិន​ស្គាល់​ចាញ់​ ​2នាក់​ ​ខណៈ​ដែល​ ​Joshua​ ​មានកំណត់​ត្រា​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ចំនួន​ ​21លើក​ ​ក្នុងចំណោម​ការ​ឈ្នះ​ទាំង​ ​22លើក​របស់​គេ​ ​ហើយ​ ​Miller​ ​មានកំណត់​ត្រា​ឈ្នះ​ ​23លើក​ ​ស្មើ​ ​1លើក​ ​ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ ​20លើក​។​

    កីឡាករ​ទាំង2​ ​បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​រួចជាស្រេច​ក្នុង​ទីក្រុង​ញូ​វយ៉​ក​ ​កាលពី​សប្តាហ៍​មុន​ ​ខណៈ​ដែល​ ​Miller​ ​បាន​ចាត់ទុក​ ​Joshua​ ​ថា​ ​«​ជា​មនុស្ស​បន្លំ​ ​និង​កំសាកញី​»​។​
    ​ ​ព្រឹត្តិ​ការណ៍​កាលពី​ថ្ងៃ​ចន្ទ​ ​មិនបាន​ស្ថិត​ក្នុង​ការចាប់អារម្មណ៍​ខ្លាំង​ឡើយ​ ​នៅមុន​ពេល​ ​Miller​ ​បាន​លើកឡើង​ថា​ ​Joshua​ ​បាន​ធ្វើ​ឱ្យ​អ្វី​ៗ​កាន់តែ​មាន​ភាព​ងាយស្រួល​ឡើង​។

    Joshua​ ​បាន​ឆ្លើយតប​ទៅវិញ​ថា​៖​ ​«​ខ្ញុំ​នៅ​មាន​រយៈពេល​ ​10ឆ្នាំ​ទៀត​ក្នុង​កីឡា​នេះ​។​ ​ខ្ញុំ​មិនដឹង​ថា​វា​យ៉ាងណា​ឡើយ​ ​តែ​ខ្ញុំ​ចង់​ផ្តួល​កីឡាករ​ជាច្រើន​ទៀត​ឱ្យ​សន្លប់​ ​និង​សុំ​ចុះចាញ់​»​៕​


    ​ប្រភព​ពី​៖​ ​Channel​ ​News​ ​Asia​ ​

  • លោក​ ​Puel​ ​ថា​ ​លោក​មាន​កិត្តិយស​ណាស់​ក្នុង​ការដឹកនាំ​ ​Leicester​

    លោក​ ​Puel​ ​ថា​ ​លោក​មាន​កិត្តិយស​ណាស់​ក្នុង​ការដឹកនាំ​ ​Leicester​

    ​លោក​ ​Claude​ ​Puel​ ​បាន​និយាយ​ថា​ ​លោក​ពិតជា​មាន​កិត្តិយស​ណាស់​ក្នុង​ការ​ទទួល​បាន​ឱកាស​ដឹកនាំ​ក្រុម​ ​Leicester​ ​ក្រោយពី​លោក​ត្រូវ​បាន​បណ្តេញ​ចេញ​កាលពី​ចុង​សប្តាហ៍​មុន​។​

    អាណត្តិ​ដឹកនាំ​រយៈពេល​ ​16ខែ​របស់​គ្រូបង្វឹក​សញ្ជាតិ​បារាំង​វ័យ​ ​57ឆ្នាំ​រូប​នេះ​ ​បាន​ឈាន​ដល់ទី​បញ្ចប់​ ​ក្រោយពី​ក្រុម​របស់​លោក​បាន​រង​បរាជ័យ​ក្នុង​លទ្ធផល​ ​4​-​1​ ​លើទឹក​ដី​ខ្លួនឯង​ក្រោម​ស្នាដៃ​ក្រុម​ ​Crystal​ ​Palace​ ​ដែល​ជា​ការ​រង​បរាជ័យ​លើក​ទី6​ ​របស់​ក្រុម​ ​Leicester​ ​ក្នុងចំណោម​ការប្រកួត​ ​7លើក​។​

    ​អំឡុង​ពេល​នៃ​ការ​បរាជ័យ​នោះ​ ​ក្រុម​ ​Leicester​ ​បាន​ធ្លាក់​ចេញពី​ពាន​ ​FA​ ​Cup​ ​ក្រោម​ស្នាដៃ​ក្រុម​ ​Newport​ ​និង​បាន​ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ12​ ​ក្នុង​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ដោយ​នាំមុខ​ ​8ពិន្ទុ​ពីលើ​ក្រុម​ស្ថិត​ក្នុង​តំបន់​កាត់ចោល​។​

    ​ លោក​ ​Puel​ ​បានឱ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញផ្សាយ​តាមរយៈ​សហជីព​អ្នកចាត់ការ​ទូទៅ​ក្នុង​ក្របខ័ណ្ឌ​លី​ក​ ​កាលពី​ថ្ងៃ​ចន្ទ​ថា​៖​ ​«​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​គ្រប់គ្នា​ដែល​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​នៅ​ឯ​ក្លិប​បាល់ទាត់​ ​Leicester​ ​City​»​។​

    ​គ្រូបង្វឹក​រូប​នេះ​បាន​បន្ថែម​ទៀត​ថា​៖​ ​«​វា​គឺជា​សិទ្ធិ​ពិសេស​មួយ​ក្នុង​ការ​ធ្វើការ​ជាមួយនឹង​កីឡាករ​ ​បុគ្គលិក​ ​និង​ក្រុម​អ្នកចាត់ការ​ទូទៅ​។​ ​វា​ជា​កិត្តិយស​របស់ខ្ញុំ​ក្នុង​ការបាន​ធ្វើការ​ឱ្យ​លោក​ ​KhunVichai​ ​ដែល​បាន​ផ្តល់​ឱកាស​ដ៏​អស្ចារ្យ​ដល់​ខ្ញុំ​ក្នុង​ការដឹកនាំ​ក្លិប​នេះ​ ​និង​ចែករំលែក​ពេលវេលា​ដ៏​អស្ចារ្យ​ជាមួយនឹង​គាត់​»​។​

    លោក​ ​Puel​ ​គឺជា​អ្នកចាត់ការ​ទូទៅ​ក្នុង​ក្របខ័ណ្ឌ​កំពូល​ទី5​ ​ដែល​បាន​ចាកចេញ​ពី​តំណែង​របស់​លោក​ ​ក្រោយពី​លោក​ ​Slavisa​ ​Jokanovic​ ​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្លិប​ ​Fulham​ ​លោក​ ​Mark​ ​Hughes​ ​ពី​ក្លិប​ ​Southampton​ ​លោក​ ​Jose​ ​Mourinho​ ​ពី​ក្លិប​ ​Manchester​ ​United​ ​និង​លោក​ ​David​ ​Wagner​ ​ពី​ក្លិប​ ​Huddersfield​៕​ ​

  • គម្រោង​អភិវឌ្ឍន៍​សំខាន់2​ ត្រូវ​បាន​ជប៉ុន​ផ្តល់​ជំនួយ​ជា​ថវិកា​ជាង​ 43លាន​ដុល្លារ​

    គម្រោង​អភិវឌ្ឍន៍​សំខាន់2​ ត្រូវ​បាន​ជប៉ុន​ផ្តល់​ជំនួយ​ជា​ថវិកា​ជាង​ 43លាន​ដុល្លារ​

    រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក​ Hidehisa​ Horinouchi​ បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​បន្ត​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ជប៉ុន​ សម្រាប់​អនុវត្ត​លើ​គម្រោង​ចំនួន2​ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ 43.36លាន​ដុល្លារ​។

    ពិធី​ចុះហត្ថលេខា​លើ​ជំនួយឥតសំណង​របស់​ជប៉ុន​ក្នុងទឹក​ប្រាក់​សរុប​ប្រមាណ​ជាង​ 43.36លាន​ដុល្លារ​នេះ​ សម្រាប់​ការអនុវត្ត​គម្រោង​ចំនួន2​ រួមមាន​៖
    *ទី1​- ឥណទាន​សម្បទាន​ ដែល​មាន​ទឹកប្រាក់​សរុប​ 3,599លាន​យ៉េន​ (ប្រមាណ​ 31.56លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​ “គម្រោង​កែ​លម្អ​ និង​ស្តារ​ប្រព័ន្ធ​ស្រោចស្រព​ និង​ប្រព័ន្ធ​រំដោះ​ទឹក​ភាគ​ខាងលិច​បឹងទន្លេសាប​ជំហាន​ទី2​”។

    *ទី2​- ហិរញ្ញប្បទាន​ឥត​សំណង​ ដែល​មាន​ទឹកប្រាក់​សរុប​ 1,340លាន​យ៉េន​ (ប្រមាណ​ 11.8លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​ “គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អគ្គិសនី​ នៅ​កំពង់ផែ​ ដើម្បី​ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​”។

    ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​បាន​មានប្រសាសន៍​ថា​ ជំនួយឥតសំណង​ និង​ឥណទាន​សម្បទាន​នេះ​ ត្រូវ​បាន​ពង្រីក​ ដោយ​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ជំរុញ​ថែមទៀត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ក្នុង​ប្រទេស​កម្ពុជា​ នឹង​បន្ត​អនុវត្ត​គោលនយោបាយ​ “យុទ្ធសាស្ត្រ​ចតុកោណ​ជំហាន​ទី​ 4” របស់​រដ្ឋាភិបាល​។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​ ជំនួយ​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បន្ត​អនុវត្ត​ “យុទ្ធសាស្ត្រ​ចតុកោណ​” ដំណាក់កាល​ទី4​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ស្រប​ទៅ​នឹង​មុំ​ទី2​ និង​ទី4​ ដែល​បាន​សង្កត់ធ្ងន់​លើ​ “ការ​កែ​លម្អ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក ការ​លើកកម្ពស់​ការ​តភ្ជាប់​ផ្នែក​ដឹកជញ្ជូន​ថាមពល​ និង​ឌីជីថល​” និង​“ការ​លើកស្ទួយ​វិស័យ​កសិកម្ម​ និង​ការ​អភិវឌ្ឍ​ជនបទ​ការគ្រប់គ្រង​ធម្មជាតិ​ និង​វប្បធម៌​ប្រកបដោយ​ចីរភាព​”។ ទាំងអស់​នេះ​ជា​ចលករ​ជួយ​ជំរុញ​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​ឋានៈ​ ជា​ប្រទេស​ចំណូល​មធ្យម​ កម្រិតខ្ពស់​នៅ​ឆ្នាំ2030​។

    ប្រមុខ​ការទូត​កម្ពុជា​បាន​រំឭក​ថា​ ក្នុង​ឆ្នាំ​សារពើពន្ធ​ជប៉ុន2018​ (ដែល​គិត​ចាប់ពី​ខែមេសា​ 2018​ ដល់​ មីនា​ 2019​) សរុប​មក​កម្ពុជា​ និង​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​ឯក​សា​រសី្តពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន​ដែល​បាន​ផ្តល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​សរុប​ចំនួន​ 134.38លាន​ដុល្លារ​ ក្នុង​នោះ​ជំនួយឥតសំណង​ប្រមាណ​ 19.42លាន​ដុល្លារ​ ឥណទាន​សម្បទាន​ប្រមាណ​ 114.96លាន​ដុល្លារ​។

    ជប៉ុន​ គឺជា​ប្រទេស​ផ្តល់​ជំនួយ​ដ៏​ធំ​បំផុត​មួយ​ ដែល​បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ1990​ ជាពិសេស​ការ​កែ​លម្អ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក សុខាភិបាល​ អប់រំ​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ កសិកម្ម​ និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជន​។

    ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ បានឱ្យ​ដឹង​ថា​ ឆ្នាំ2018​ កម្ពុជា​ និង​ជប៉ុន​បា​នប្រារ​ព្វ​ខួប​អនុស្សាវរីយ៍​លើក​ទី6​ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង2​។ លោក​បាន​កត់សម្គាល់​ថា​ ទំនាក់ទំនង​មិត្តភាព​ និង​សហប្រតិបត្តិ​ការ​ក្នុងរយៈពេល​ 65ឆ្នាំនេះ​ ទោះជា​បាន​ឆ្លងកាត់​ពេលវេលា​ និង​ការប្រែប្រួល​ស្ថានភាព​ក្នុង​តំបន់​ និង​អន្តរជាតិ​យ៉ាងណាក៏ដោយ​ វា​មិន​ត្រឹមតែ​នៅ​រក្សា​បាន​ភាពល្អ​ប្រសើរ​ប៉ុណ្ណោះទេ​ តែ​ថែមទាំង​បន្ត​មាន​និន្នាការ​រីក​ចម្រើន​ថ្មី​ៗ និង​ស៊ីជម្រៅ​ទៀតផង​។ ដោយ​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់​ កំណើន​ពាណិជ្ជកម្ម​ និង​វិនិយោគ​ ការ​ប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន​ និង​ប្រជាជន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​ បាន​ពង្រឹង​ថែមទៀត​នូវ​ទំនាក់ទំនង​យូរអង្វែង​ រវាង​ប្រជាជាតិ​ទាំង2​។

    ជាមួយគ្នា​នេះ​ដែរ​ លោក​ Hidehisa​ HORINOUCHI​ បាន​ថ្លែង​ថា​ តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​ ប្រព័ន្ធ​ចាំបាច់​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទិន្នន័យ​ Digital​ នៃ​ការ​ស្នើសុំ​ និង​ការ​ជូនដំណឹង​ទៅកាន់​អ្នកគ្រប់គ្រង​កំពង់ផែ​ នឹង​ត្រូវ​បាន​ធ្វើឡើង​សម្រាប់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ និង​កំពង់ផែ​រាជធានី​ភ្នំពេញ​។ តាមរយៈ​កិច្ចការ​នេះ​ នីតិវិធី​សម្រាប់​ការ​ចេញ​-ចូល​កំពង់ផែ​ របស់​នាវា​នឹង​ត្រូវ​ប្តូរ​មក​ប្រើប្រាស់​តាម​ទិន្នន័យ​ Digital​ ហើយ​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ Logistic​ និង​ទំនើបកម្ម​នៃ​រដ្ឋបាល​កំពង់ផែ​នឹង​ត្រូវ​បាន​អនុវត្ត​។

    លោក​ Hidehisa​ HORINOUCHI​ បាន​បន្ត​ទៀត​ថា​៖“ដោយមាន​ប្រាក់កម្ចី​សម្បទាន​បន្ថែមចំនួន​ប្រមាណ​ 33.6លាន​ដុល្លារ​អាមេរិក​ យើង​បាន​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​បង្ហូរទឹក​ស្រោចស្រព​ តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​ និង​ការ​រៀប​ចំ​ផ្សេង​ៗ ហើយ​បង្កើត​ និង​ពង្រឹង​សហគមន៍​កសិករ​ប្រើ​ ប្រាស់​ទឹក​ ​; និង​ណែនាំ​ស្តី​ពី​ការគ្រប់គ្រង​កសិកម្ម​នៅ​តាម​តំបន់ជនបទ​ចំនួន6​ នៃ​ខេត្ត​ចំនួន3​ នៅ​ភាគ​ខាងលិច​បឹងទន្លេសាប​”។

    លោក​ឯកអគ្គ​រាជទូត​បន្ថែម​ថា​ សកម្មភាព​ទាំងនេះ​នឹង​រួមចំណែក​បង្កើន​ផលិតកម្ម​កសិកម្ម​ យ៉ាង​ខ្លាំង​នៅក្នុង​តំបន់​គោលដៅ​ និង​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​រស់នៅ​តាម​ជនបទ​កាន់តែ​ខ្លាំង​ឡើង​។ វិស័យ​កំពង់ផែ​ និង​វិស័យ​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​របស់​កម្ពុជា​ គឺជា​កិច្ចការ​អាទិភាព​មួយ​ដើម្បី​គាំទ្រ​កំណើន​សេដ្ឋកិច្ច​។ លោក​មានប្រសាសន៍​ថា​ “ខ្ញុំ​រំពឹង​ទុក​ថា​ គម្រោង​ទាំង2​ ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃនេះ​ នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​បន្ថែម​ទៀត​នៃ​សេដ្ឋកិច្ច​កម្ពុជា​”។

    គួរ​កត់សម្គាល់​ដែរ​ថា​ ក្នុង​ក្របខណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពីជ​ប៉ុន​រហូតមកដល់​បច្ចុប្បន្ន​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន​ចំនួន​ 137គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​មាន​ចំនួន​ប្រមាណ​ 2.5ប៊ី​លាន​ដុល្លារ​អាមេរិក​ ដែល​ក្នុង​នោះ​មាន​គម្រោង​វិនិយោគ​ចំនួន66​ ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​៕

  • គ្រាន់តែ​ថ្ងៃ​ដាក់​សម្ពោធ​ភ្លាម​ ​រឿង​ ​«​ទារុណកម្ម​ខ្មោច​»​ ​មហាជន​ដាក់​ពិន្ទុ​ឱ្យ​ ​7​/​10​

    គ្រាន់តែ​ថ្ងៃ​ដាក់​សម្ពោធ​ភ្លាម​ ​រឿង​ ​«​ទារុណកម្ម​ខ្មោច​»​ ​មហាជន​ដាក់​ពិន្ទុ​ឱ្យ​ ​7​/​10​

    ​ស្នាដៃ​ថ្មី​រឿង​ ​«​ទារុណកម្ម​ខ្មោច​»​ ​ដែល​សម្រិតសម្រាំង​យ៉ាង​យកចិត្ត​ទុកដាក់​របស់​ផលិតកម្ម​សិល្បៈ​ភាពយន្ត​សហការ​ជាមួយ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ផលិតករ​ ​និង​អ្នកដឹកនាំ​ដ៏​ពូកែ​ ​ត្រូវ​បាន​អ្នកគាំទ្រ​រំពឹង​ថា​ ​ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​ម្តង​ទៀតហើយ​ ​សម្រាប់​សង្គមភាព​យន្ត​ខ្មែរ​។​ ​ការ​មាន​ជំនឿ​ចិត្ត​បែបនេះ​ ​ព្រោះ​គេ​ទទួលស្គាល់​យ៉ាង​ពេញទំហឹង​លើ​ស្នាដៃ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ពូកែ​ផលិត​កុន​ ​ប្រកបដោយ​ការ​លាក់​ផ្ទៃរឿង​។​

    ​នា​យប់មិញ​នេះ​ ​ស្ថិត​ក្នុង​បរិ​វេន​រោងកុន​ទំនើប​នៅ​ផ្សារ​ទំនើប​អ៊ី​អន១​ ​រាជធានី​ភ្នំពេញ​ ​ផលិតកម្ម​សិល្បៈ​ភាពយន្ត​ខ្មែរ​ ​សហការ​ជាមួយ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​អ្នក​សម្តែង​ ​និង​ផលិតករ​ ​រួម​ទាំង​ជា​អ្នកដឹកនាំ​រឿង​ ​បាន​សហការ​គ្នា​ជាមួយ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​បាន​ប្រារព្ធ​ពិធី​ដាក់​សម្ពោធ​ខ្សែភាពយន្ត​រឿង​ ​«​ទារុណកម្ម​ខ្មោច​»​ ​ដោយមាន​វត្តមាន​តារា​សិល្បៈ​ចូលរួម​ជាច្រើន​កុះករ​ ​រួម​ទាំង​មហាជន​ជា​អ្នកគាំទ្រ​ស្នាដៃ​កន្លងមក​របស់​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ផង​ដែរ​។​ ​ការចូលរួម​នេះ​ ​មិន​ត្រឹមតែ​ដើម្បី​សិក្សា​ឈ្វេងយល់​ពី​វិស័យ​កុន​ខ្មែរ​ ​ជាពិសេស​ចូលរួម​លើកទឹកចិត្ត​ដល់​ផលិតករ​ខ្មែរ​ ​និង​កាន់តែ​ជំរុញ​ឱ្យ​កុន​ខ្មែរ​កាន់តែ​មានគុណ​ភាព​ថែម​មួយ​កម្រិត​ទៀត​។​

    ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​អ្នកដឹកនាំ​រឿង​ ​និង​ជា​អ្នកនិពន្ធ​ ​បាន​អះអាង​ថា​ ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ​ដែល​ក្នុង​ពិធីសម្ពោធ​រឿង​«​ទារុណកម្ម​ខ្មោច​»​ ​មានការ​ចូលរួម​ពី​តារា​សិល្បៈ​យ៉ាងច្រើន​កុះករ​ ​ដោយ​ក្នុង​ពិធី​នោះ​ ​លោក​ ​និង​ក្រុមការងារ​ក៏បាន​អញ្ជើញ​វិរៈ​សិល្បករ​ផ្នែក​ចាប៉ី​ដង​វែង​គឺ​លោកតា​ ​គង់​ ​ណៃ​ ​ឱ្យមក​ចូលរួម​ផង​ដែរ​ ​ដោយ​លោក​ប្រកាស​ថា​ដើម្បី​ឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ចំពោះ​វិរៈ​សិល្បករ​ជើងចាស់​រូប​នេះ​ឱ្យ​បាន​ច្រើន​។​ ​លោក​ថា​ភាពយន្ត​មួយ​នេះ​ ​លោក​មិនទាន់​រំពឹង​ពី​ជោគជ័យ​ខ្លាំង​នោះ​ទេ​ ​ប៉ុន្តែ​ផ្អែក​តាម​ការ​គាំទ្រ​ពី​តារា​សិល្បៈ​យ៉ាងច្រើន​កុះករ​ ​លើស​ពី​ភាព​យន្ត​មុន​ៗ​ដែល​លោក​បាន​ផលិត​ ​លោក​ជឿជាក់​ថា​ស្នាដៃ​មួយ​នេះ​ ​នឹង​ជោគជ័យ​ខ្លាំង​។​ នៅក្នុងការចូលរួមនោះ ​អ្នកនាង ចន ច័ន្ទលក្ខិណា ដែលមាន​នាទី​ជាប្រធាន​សមាគម​សិល្បករ​ខ្មែរ បានចូលរួមឧបត្ថមថវិការចំនួន ១ លាន រៀលជូនព្រឹទ្ធាចារ្យ​ចាប៉ី​ដងវែង គង់ ណៃ ទៀតផង ដែលនេះជាទឹកចិត្តដ៏សែនល្អពេកក្រៃមួយ។

    ​បើ​ទោះបីជា​ខាង​ផលិតករ​ពោល​ពាក្យ​ដូច​ខាងលើ​ក្ដី​ ​តែ​ក្រោយពី​បញ្ចប់​ការ​ទស្សនា​ភាពយន្ដ​«​ទារុណកម្ម​ខ្មោច​»​ដាក់​សម្ពោធ​នា​យប់មិញ​នេះ​ ​អ្នកគាំទ្រ​ជាច្រើន​បាន​លាន់មាត់​សសើរ​ ​និយាយ​មិន​ដាច់​ពី​សាច់រឿង​ ​ចាប់តាំងពី​ក្នុង​រោង​ភាពយន្ដ​ ​រហូតដល់​បរិវេណ​ក្រៅ​រោង​។​ ​ភាគច្រើន​មហាជន​បាន​ដាក់​ពិន្ទុ​ឱ្យ​រឿង​ដល់​ ​7​/​10​ ​បាន​សេចក្ដី​ថា​ ​ជា​ភាពយន្ដ​មួយ​ដែល​មានគុណ​ភាពល្អ​មើល​ ​និង​សម្រិតសម្រាំង​ខ្លាំង​ ​ដែល​ធ្វើ​ឱ្យ​អ្នកទស្សនា​ហើយ​ ​មិន​ខកបំណង​៕​


  • ផលទុនជាតិ​សរុប​ (GDP​) របស់​កម្ពុជា​នឹង​កើនឡើង​ក្នុង​ឆ្នាំ2019​ នេះ​

    ផលទុនជាតិ​សរុប​ (GDP​) របស់​កម្ពុជា​នឹង​កើនឡើង​ក្នុង​ឆ្នាំ2019​ នេះ​

    ផលទុនជាតិ​សរុប​ (GDP​) របស់​កម្ពុជា​នៅក្នុង​ឆ្នាំ2019​ នេះ​នឹង​កើនឡើង​ដល់​ជាង​ 27ពាន់​លាន​ដុល្លារ​អាមេរិក​ ខណៈ​ចំណូល​សម្រាប់​មនុស្សម្នាក់​ៗត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ 1,706ដុល្លារ​ ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន​ចំនួន​ 1,563ដុល្លារ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹងពី​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​។

    ឯកឧត្តម​ ឱក​ ប៊ុ​ង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​នៅក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​មជ្ឈត្ត​ការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ថា​៖“នៅក្នុង​ឆ្នាំ2019​ នេះ​ ផលិតផល​ក្នុង​ស្រុក​សរុប​(ផ.ស.ស​ ឬ GDP​)របស់​កម្ពុជា​ នឹង​កើនឡើង​ដល់​ជាង​ 27,22ពាន់​លាន​ដុល្លារ​ ខណៈ​ដែល​ចំណូល​ក្នុង​មនុស្សម្នាក់​ៗត្រូវ​បាន​រំពឹង​ថា​ នឹង​កើនឡើង​ដល់1,706ដុល្លារ​ ធៀប​នឹង1,563ដុល្លារ​ក្នុង​ឆ្នាំ2018​”។ ឯកឧត្តម​បាន​មានប្រសាសន៍​ថា​៖ “ទាក់ទិន​នឹង​កំណើន​ដែល​ត្រូវ​បាន​រំពឹង​ទុក​នេះ​ គឺ​ផ្តោត​សំខាន់​លើ​វិស័យ​សំខាន់​ៗចំនួន​3 គឺ​រួមមាន​ វិស័យ​ឧស្សាហកម្ម​ វិស័យ​សេវាកម្ម​ និង​វិស័យ​កសិកម្ម​។

    1- កំណើន​នៃ​វិស័យ​ឧស្សាហកម្ម​នឹង​នៅ​បន្ត​រក្សា​ភាពរឹងមាំ​ក្នុង​អត្រាកំណើន​ប្រចាំឆ្នាំ​ក្នុងរង្វង់10​% ដែល​គាំទ្រ​ដោយ​ភាពរឹងមាំ​នៃ​វិស័យ​សំណង់​។ 2-វិស័យ​សេវាកម្ម​នឹង​នៅ​បន្ត​កំណើន​ប្រមាណ​ 7% ដែល​គាំទ្រ​ដោយ​កំណើន​នៃ​អនុ​វិស័យ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​ និង​ទី3​-គឺ​ វិស័យ​កសិកម្ម​អាច​សម្រេច​បាន​កំណើន​ក្នុងរង្វង់​ 1.8​% ដែល​ទ្រទ្រង់​ដោយ​អនុ​វិស័យ​ដំណាំ​ និង​ជលផល​”។

    ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បន្ត​លើកឡើង​ថា​៖ “ទន្ទឹម​នឹង​មានការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ​ដូច​បាន​រៀបរាប់​ខាងលើ​ វិវាទ​ពាណិជ្ជកម្ម​ក៏បាន​កើនឡើង​ដែរ​។ ដូច្នេះ​ការរៀបចំ​ឱ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ខាងលើ​ ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការប្រើ​ប្រាស់​យន្តការ​មជ្ឈត្ត​ការ​ពាណិជ្ជកម្ម​ ដើម្បី​ដោះស្រាយ​វិវាទ​ពាណិជ្ជកម្ម​ដែល​បាន​ និង​កំពុង​កើនឡើង​”។

    ឯកឧត្តម​បាន​បន្ថែម​ថា​ មិន​ត្រឹមតែ​ជា​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ផ្តល់​នូវ​គុណ​សម្បតិ្ត​ដល់​ប្រពន្ធ័​យុត្តិធម៌​នៅ​កម្ពុជា​ ដើម្បី​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​ភាគី​វិវាទ​ឱ្យ​បាន​ត្រឹមត្រូវ​ទៀតផង​។ សូម​បញ្ជាក់​ដែរ​ថា​ ផលទុនជាតិ​សរុប​ក្នុង​ស្រុក​សំដៅ​ដល់​ផល​ចំណូល​របស់​ប្រជាជន​ដែល​រកបាន​ប្រចាំឆ្នាំ​នៅ​ទូទាំង​ប្រទេស​ បូក​នឹង​ប្រាក់ចំណូល​របស់​រដ្ឋាភិបាល​ដែល​យកពន្ធ​បាន​ពី​វិស័យ​ផ្សេង​ៗនៅ​កម្ពុជា​។ ផលទុនជាតិ​សរុប​កាលពី​ឆ្នាំ2018​ កន្លងមក​នេះ​ មាន​ប្រមាណ​ 23ពាន់​លាន​ដុល្លារ​អាមេរិក​។

    ជាមួយគ្នា​នេះ​ដែរ​ ខណៈ​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ពី​កំណើន​ខុស​ៗគ្នា​កន្លងមក​ ពេលនេះ​ការវាយតម្លៃ​ចុងក្រោយ​ដោយ​ស្ថាប័ន​អន្តរជាតិ​បាន​បង្ហាញថា​ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន7.5​% កាលពី​ឆ្នាំ2018​។ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និបាត​ការងារ​ក្រសួងមហាផ្ទៃ​កាលពី​ថ្ងៃទី14​ កុម្ភៈ​ថា​ មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ IMF​ សហការ​ជាមួយ​ស្ថាប័ន​ជំនាញ​របស់​កម្ពុជា​បាន​វាយតម្លៃ​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ក្នុង​ឆ្នាំ2018​ មាន​កំណើន​រហូតដល់7.5​%។ ជាមួយនឹង​លទ្ធផល​ដ៏​ប្រសើរ​នេះ​ សម្តេច​ក៏បាន​ស្នើ​ឱ្យ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ រៀបចំ​វេទិកា​រវាង​រាជរដ្ឋាភិបាល​ និង​វិស័យ​ឯកជន​នៅ​ខែមីនា​ខាងមុខនេះ​ ដើម្បី​ពិភាក្សា​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​កម្ពុជា​បន្ថែម​ទៀត​។

    លោក​បណ្ឌិត​ម៉ី​ កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​ថា​ សេដ្ឋកិច្ច​កម្ពុជា​ និង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​បាន​និង​កំពុង​កើនឡើង​ ហើយ​ការ​ព្យាករ​របស់​សេដ្ឋវិទូ​នៅ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ គឺ​លោក​យល់ស្រប​ ដោយសារ​ពួកគេ​មាន​សមត្ថភាព​ ហើយ​ការវិភាគ​របស់​ពួកគេ​ប្រកបដោយ​លក្ខណៈ​វិទ្យាសាស្រ្ត​៕