Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុម​បាល់​ទាត់​បុរស U-22 កម្ពុជា ប្រកាស​បញ្ជីឈ្មោះ​កីឡាករ​ 20 រូប​នៅ​ស៊ីហ្គេម​

    ក្រុម​បាល់​ទាត់​បុរស U-22 កម្ពុជា ប្រកាស​បញ្ជីឈ្មោះ​កីឡាករ​ 20 រូប​នៅ​ស៊ីហ្គេម​

    ក្រុមបាល់ទាត់​ជម្រើសជាតិ U-22 កម្ពុជា ទើបតែ​បានប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ 20 រូប​របស់ខ្លួន​ដែល​នឹងត្រូវ​ចូល​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ជាមួយនឹង​គោលដៅ​ដណ្ដើម​ឱ្យបាន​មេដាយ។

    នៅ​ព្រលប់​ថ្ងៃទី 29 មេសា ក្រុម U-22 របស់​​ម្ចាស់ផ្ទះ​កម្ពុជា​នឹង​ប្រកួត​បើកឆាក​នៅ​ពូ​ល A នៃ​​វិញ្ញាសា​បាល់ទាត់​បុរស​របស់​​ស៊ី​ហ្គេម​លើក​ទី 32 ជាមួយនឹង​ទី​ម័​រ​ខាងកើត។ គោលដៅ​របស់​ក្រុម​កម្ពុជា​គឺ​មេដាយ​ប្រវត្តិសាស្ត្រ​របស់ខ្លួន នៅពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​លើកដំបូង។

    នៅមុន​ស៊ី​ហ្គេម​លើក​ទី 32 មកដល់ U-22 កម្ពុជា​បាន​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ។ កូនសិស្ស និង​គ្រូបង្វឹក​ជនជាតិ​ជប៉ុន Keisuke Honda របស់​ U-22 កម្ពុជា កំពុង​តែមាន​ភាពជឿជាក់​លើ​សមត្ថភាព​របស់ខ្លួន​នៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​ឆ្នាំ 2023 នេះ។

    លឹម ពិសុទ្ធ (ស្ដាំ) និង សៀង ចន្ធា

    ថ្មីៗនេះ U-22 កម្ពុជា​បានប្រកាស​បញ្ជី​ឈ្មោះ​ផ្លូវការ​ស្ដីពី​កីឡាករ 20 រូប​ដែល​នឹងត្រូវ​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​នេះ។ ទាំងនេះ​គឺជា​កីឡាករ​ល្អ​បំផុត​ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​គ្រូបង្វឹក​ជនជាតិ​ជប៉ុន។ ក្នុងចំណោម​នេះ ក៏មាន សៀង ច​ន្ធា និង លឹម ពិសុទ្ធ ដែល​ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 31។ កីឡាករ​ទាំងនេះ​ត្រូវបាន​ចាត់ទុកថា​ជា​ក្ដីសង្ឃឹម​របស់ U-22 កម្ពុជា។

    ដូច​ទៅនឹង​ពានរង្វាន់មុនៗ ក្រុម​គ្រូបង្វឹក​របស់ U-22 កម្ពុជា​នៅ​ស៊ី​ហ្គេម​លើក​នេះ ត្រូវបាន​បញ្ជា​ផ្ទាល់​ដោយ​លោក Honda ខណៈ​​ប្រធាន​ក្រុម​គ្រូបង្វឹក​គឺ​លោក​ Ryu Hirose។

    នៅក្នុង​វគ្គ​ចែក​ពូ​ល U-22 កម្ពុជា​ស្ថិតក្នុង​ពូ​ល​ជាមួយ​ឥណ្ឌូណេស៊ី មី​យ៉ាន់​ម៉ា ហ្វ៊ី​លី​ពី​ន និង​ទី​ម័​រ​ខាងកើត។ ចំណែក​ក្នុង​ពូ​ល B វិញ រួមមាន ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ។

  • ថៃ​ទាក់ទាញ​បាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយទៀត​ពី​ប្រទេស​ចិន

    ថៃ​ទាក់ទាញ​បាន​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​មួយទៀត​ពី​ប្រទេស​ចិន

    ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន Changan Automobile បានជ្រើសរើស​ប្រទេស​ថៃ​ជា​កន្លែង​សម្រាប់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ដំបូង​របស់ខ្លួន​នៅ​ខាងក្រៅ​ប្រទេស​ចិន។

    Changan នឹង​វិនិយោគ 9.8 ពាន់​លាន​បាត (285 លាន​ដុល្លារ​អាម៉េរិក) ដើម្បី​សាងសង់​រោងចក្រ​ដែល​អាច​ផលិត​រថយន្ត​អគ្គិសនី​បាន 100,000 គ្រឿងក្នុង​ដំណាក់កាល​ដំបូង។ រថយន្ត​អគ្គិសនី​ដែល​ផលិត​ក្នុង​រោងចក្រ​នេះ​នឹងត្រូវ​បាន​លក់​ក្នុងប្រទេស​ថៃ និង​នាំចេញ​ទៅកាន់​ប្រទេស​ដទៃ​នៅ​អាស៊ីអាគ្នេយ៍ អាស៊ី​ខាងត្បូង អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ អង់គ្លេស និង​អាហ្វ្រិក​ខាងត្បូង។

    រោងចក្រ​របស់ Changan នៅ​ប្រទេស​ថៃ នឹង​ផលិត​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី រថយន្ត​កូនកាត់​សាំង-អគ្គិសនី រួម​នឹង​ប្រភេទ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​ប្រភេទ​រថយន្ត​ទាំងនេះ។

    ខ្ទង់​វិនិយោគ​ខាងលើនេះ​គឺជា​ផ្នែក​មួយ​នៅក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ប្រែក្លាយ​ប្រទេស​ថៃ​ទៅជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ធំ​មួយ​របស់​ពិភពលោក។ កន្លងមក អាជ្ញាធរ​ថៃ​បានអនុម័ត​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ចំនួន 26 គម្រោង​រួចហើយ​នៅ​ទូទាំងប្រទេស ខណៈ​ការវិនិយោគ​បន្ទាប់​គ្រោង​នឹងត្រូវ​បានប្រកាសឆាប់ៗនេះ។

    រថយន្ត​អគ្គិសនី​របស់​ Changan

    Changan គឺជា​អ្នក​ផលិត​រថយន្ត​ធំជាងគេ​លំដាប់​ទី​បួន​នៅ​ប្រទេស​ចិន។ ក្នុង​ឆ្នាំ 2022 ក្រុមហ៊ុន​នេះ​លក់​រថយន្ត​បាន​ពីរលាន​គ្រឿង។ ទាំង Ford និង Mazda សុទ្ធតែ​បាន និង​កំពុង​សហការ​ជាមួយ Changan ដើម្បី​ផលិត​រថយន្ត​សម្រាប់​ទីផ្សារ​ចិន។

  • អ្នក​គាំទ្រ​កម្ពុជា បន្ត​បង្ហាញ​​ភាព​រំជើប​រំជួល​​​ចំពោះ​បាល់​ទាត់​នៅ​ស៊ីហ្គេម​លើក​ទី 32

    អ្នក​គាំទ្រ​កម្ពុជា បន្ត​បង្ហាញ​​ភាព​រំជើប​រំជួល​​​ចំពោះ​បាល់​ទាត់​នៅ​ស៊ីហ្គេម​លើក​ទី 32

    ក្រោយ​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​ថ្ងៃ​ដំបូង​នៅ​ពូល​ B នៃ​វិញ្ញាសា​បាល់​ទាត់​បុរស​របស់​​ស៊ីហ្គេម​លើក​ទី 32 ត្រូវ​បាន​ចែក​ចាយអស់​គ្មាន​សល់​។

    វិញ្ញាសា​បាល់​ទាត់​បុរស​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ (ស៊ីហ្គេម) លើក​​នេះ​ នឹង​​ផ្ដើម​ការ​ប្រកួត​ចាប់​ពី​ថ្ងៃទី 29 មេសា ក្នុង​នោះមាន​បួន​ក្រុម​ត្រូវ​ប្រកួត​បើក​ឆាក រួម​មាន U-22 ឥណ្ឌូណេស៊ី​ vs U-22 ហ្វ៊ីលីពីន (ម៉ោង 16) និង U-22 កម្ពុជា vs U-22 ទីម័រខាងកើត​ (ម៉ោង 19)។ មុន​នោះ សំបុត្រ​សម្រាប់​ចូលទស្សនា​ការ​ប្រកួត​បើក​ឆាក​រវាង​កម្ពុជា និង​ទីម័រខាងកើត ត្រូវ​បាន​ «លក់​» អស់ ក្នុង​តម្លៃ​សូន្យ​រៀល​​។

    ថ្មី​ៗ​នេះ គណៈកម្មការ​បាល់​ទាត់​បុរស​បាន​ធ្វើ​ការ​ចែក​ចាយ​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួតចំនួន​ពីរ​​នៅ​ថ្ងៃប្រកួត​ទី​ពីរ​រវាង ថៃ និង សិង្ហបុរី , វៀតណាម និងឡាវ​។ ក្រោយ​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​ថ្ងៃ​ដំបូង​នៅ​ពូល​ B នេះ ត្រូវ​បាន​ចែក​ចាយអស់​គ្មាន​សល់​។

    តាម​រយៈ​ការ​ទិញ​សំបុត្រ​ខាងលើ អ្នក​គាំទ្រ​កម្ពុជាបាន​បង្ហាញ​នូវ​ភាព​រំជើប​រំជួល​នៅ​ក្នុង​ការ​ទស្សនា​បាល់​ទាត់​។ ដូច​ទៅ​នឹង​និន្នាការ​នៅ​បរទេស ប្រជាជន​កម្ពុជាក៏​​ចូល​ចិត្ត​មើល​ការ​ប្រកួត​បាល់​ទាត់​ជាង​​កីឡា​ដទៃ​។ យោង​តាម​ការ​កំណត់ អ្នកគាំទ្រ​ម្នាក់​នឹង​ទទួល​បាន​សំបុត្រ​ចូល​ទស្សនា​យ៉ាង​ច្រើន​ត្រឹម​ពីរសំបុត្រ​។

  • កប៉ាល់​ដឹក​ឧស្ម័ន​រាវ​ធំជាងគេ​បង្អស់​លើ​លោក ត្រូវបាន​ប្រគល់​ដល់​អ​តិ​ថិ​ជន

    កប៉ាល់​ដឹក​ឧស្ម័ន​រាវ​ធំជាងគេ​បង្អស់​លើ​លោក ត្រូវបាន​ប្រគល់​ដល់​អ​តិ​ថិ​ជន

    កប៉ាល់ Harzand មាន​បណ្ដោយ 230 ម៉ែត្រ អាច​ផ្ទុក​ឧស្ម័ន​រាវ​បាន 93,000 ម៉ែត្រគូប ត្រូវបាន​ប្រគល់ជូន​ក្រុមហ៊ុន​មួយ​របស់​សិង្ហ​បុរី​កាលពី​ថ្ងៃ​ពុធ​កន្លង។

    កប៉ាល់​ដឹក​ឧស្ម័ន​រាវ​ធំជាងគេ​បង្អស់​លើ​ពិភពលោក ដែល​អាច​ដឹក​ឧស្ម័ន​រាវ​បាន​រហូតដល់ 93,000 ម៉ែត្រគូប ត្រូវបាន​ប្រគល់ជូន​ក្រុមហ៊ុន Singapore Petredec នៅ​សៀង​ហៃ ភាគខាងត្បូង​ប្រទេស​ចិន កាលពី​ថ្ងៃទី 26 មេសា 2023 នេះ​បើតាម CCTV ។

    កប៉ាល់ Harzand ដែលមាន​បណ្ដោយ 230 ម៉ែត្រ ទទឹង 36.6 ម៉ែត្រ ត្រូវបាន​អភិវឌ្ឍ និង​ផលិត​ដោយ​ក្រុមហ៊ុន​សាងសង់​កប៉ាល់ Jiangnan Shipyard នៅ​ប្រទេស​ចិន។

    កប៉ាល់​នេះ​អាច​បើកបរ​ក្នុង​ល្បឿន 30.5 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើ​ឧស្ម័ន​ធម្មជាតិ​រាវ និង​ប្រេងឥន្ធនៈ​ធម្មតា។ Harzard អាចធ្វើ​ដំណើរ​បាន​ចម្ងាយ 42,600 គីឡូម៉ែត្រ មុននឹង​អស់​ប្រេងឥន្ធនៈ។

    «ដើម្បី​សាងសង់​កប៉ាល់​នេះ យើង​បាន​ប្រើប្រាស់​ដែកថែប​សម្រាប់​សីតុណ្ហភាព​ទាប ចំនួន​ជាង 10,000 តោន ដែល​ស្មើនឹង 1/3 នៃ​កប៉ាល់​ទាំងមូល» លោក Hu Keyi ប្រធាន​ក្រុមប្រឹក្សា​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​របស់​ក្រុមហ៊ុន​សាងសង់​កប៉ាល់ Jiangnan ឱ្យដឹង​ដូច្នេះ។

    យោងតាម​លោក Hu ការប្រើប្រាស់​ដែកថែប​ប្រភេទ​នេះ​ជួយ​កាត់បន្ថយ​ការចំណាយ​សម្រាប់​ការផលិត និង​ងាយស្រួល​ក្នង​ការរក​ទិញ ព្រោះ​វា​ត្រូវបាន​ផលិត​ក្នុងស្រុក។

    កប៉ាល់ Harzand មាន​បណ្ដោយ 230 ម៉ែត្រ ទទឹង 36.6 ម៉ែត្រ អាច​ដឹក​ឧស្ម័ន​រាវ​បាន​ 93,000 ម៉ែត្រគូប

    លោក Wei Xiaoyong ប្រធាន​ផ្នែក​ផលិតកម្ម​បញ្ជាក់ថា ដើម្បី​អាចឱ្យ​កប៉ាល់ Harzand ដំណើរការបាន​ភ្លាម​បន្ទាប់ពី​បានប្រគល់ ក្រុមហ៊ុន​ផលិត​បានធ្វើ​ការសាកល្បង​ដំណើរការ​គ្រប់យ៉ាង​នៅលើ​កប៉ាល់ ក៏ដូចជា​ការបើកបរ​លើ​សមុទ្រ​នៅក្នុងពេល​តែមួយ។

    បច្ចុប្បន្ន ក្រុមហ៊ុន​សាងសង់​កប៉ាល់ Jiangnan កាន់កាប់​ចំណែក​ទីផ្សារ​សកល​ជិត 25% នៅក្នុង​វិស័យ​សាងសង់​កប៉ាល់​ដឹក​ឧស្ម័ន​រាវ​ខ្នាត​ធំ៕

     

  • ក្រុមបាល់ទាត់ U-22 ថៃ ត្អូញត្អែរ​ថា ​អាកាសធាតុ​នៅ​កម្ពុជា​បង្ក​ការ​លំបាក​ខ្លាំង

    ក្រុមបាល់ទាត់ U-22 ថៃ ត្អូញត្អែរ​ថា ​អាកាសធាតុ​នៅ​កម្ពុជា​បង្ក​ការ​លំបាក​ខ្លាំង

    បន្ទាប់ពី​​​ឥណ្ឌូណេស៊ី ក្រុមបាល់ទាត់​ជម្រើសជាតិ U-22 របស់​ប្រទេស​ថៃ ក៏បាន​ត្អូញត្អែរ​អំពី​អាកាសធាតុ ក៏ដូចជា​ការរៀបចំរ​បស់​ម្ចាស់ផ្ទះនៅ​​ស៊ី​ហ្គេម​លើក​ទី 32។

    យោងតាម​សហព័ន្ធ​បាល់ទាត់​ថៃ (FAT) ក្រុមបាល់ទាត់ U-22 ថៃ បានបង្ហាញ​វត្ត​មាននៅ​កម្ពុជា​តាំងពី​ថ្ងៃទី 27 មេសា ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​នៅ​ស៊ី​ហ្គេម។

    ក្នុងការ​ចែករំលែក​ថ្មី​បំផុត​ជាមួយនឹង​អ្នកយកព័ត៌មាន​ថៃ គ្រូបង្វឹក Issara Sritaro របស់​ក្រុម U-22 ថៃ បាន​ត្អូញត្អែរ​អំពី​បញ្ហា​អាកាសធាតុ និង​ការត្រៀម​របស់​ម្ចាស់ផ្ទះ​កម្ពុជា។ លោក Sritaro យល់ថា អាកាសធាតុ​ក្ដៅ​ខ្លាំង​នៅ​កម្ពុជា ធ្វើឱ្យ​កីឡាករ​វ័យក្មេង​របស់​ថៃ ពិបាក​សម្រប​ខ្លួន ពិសេស​​នៅពេលដែល​កាលវិភាគ​នៃ​ការប្រកួត​វគ្គ​ចែក​ពូ​ល​របស់ U-22 ថៃ ភាគច្រើន​ត្រូវធ្វើឡើង​នៅ​ម៉ោង 16 ដែលមាន​សីតុណ្ហភាព​ចន្លោះ​ពី 30 ទៅ 35 អង្សា​សេ។

    «គណៈកម្មការ​រៀបចំ​ស៊ី​ហ្គេម​លើក​ទី 32 រៀបចំ​ពេលវេលា​បែប​នោះ​គឺ​មិន​សមស្រប​ជាមួយនឹង​ការប្រកួត​នៅ​ប្រទេស​ថៃ។ បើ​ទោះ​កីឡាករ​តែងតែ​ហ្វឹកហាត់​នៅ​ម៉ោង​បួន​រសៀល ប៉ុន្តែ​ការហ្វឹកហាត់ និង​ការប្រកួត​ជាក់ស្ដែង​មិន​ដូចគ្នា។ ជាង​នេះ ក្នុងអំឡុង​ពេលនោះ អាកាសធាតុ​នៅ​កម្ពុជា​ក៏​ក្ដៅ​ខ្លាំង​ជាង​ធម្មតា» មេដឹកនាំ U-22 ថៃ ត្អូញ​ដូច្នេះ។

    ក្រុមបាល់ទាត់ U-22 ថៃ ត្រូវទាត់នៅម៉ោងក្ដៅច្រើនជាងគេបង្អស់ក្នុងវគ្គចែកពូលនៅស៊ីហ្គេមលើកទី 32

    មុន​នោះ ក្រុម U-22 ឥណ្ឌូណេស៊ី​ក៏​ធ្លាប់បាន​ត្អូញត្អែរ​អំពី​អាកាសធាតុ​នៅ​កម្ពុជា​ថា «ក្ដៅ​ដូច​គេ​ដុត»។ ប៉ុន្តែ ភ្លាមៗនោះ ប្រធាន​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក Arya Sinulingga បាន​ចេញមក​កែតម្រូវ និង​ស្នើឱ្យ​កីឡាករ​របស់​ប្រទេស​នេះ​ពិនិត្យមើល​ឥរិយាបថ ដោយ​ការ​ប្រកាសថា «យើង​ដូច​គេ គេ​ក៏​ដូច​យើង»។

    នៅក្នុង​កាលវិភាគ​នៃ​ការប្រកួត​វគ្គ​ចែក​ពូ​ល U-22 ថៃ ត្រូវបាន​កំណត់ឱ្យ​ទាត់​បី​ប្រកួត​នៅក្នុង​ម៉ោង 16 ល្ងាច និង​មួយ​ប្រកួត​ចុងក្រោយ​នៅ​ម៉ោង 19 ព្រលប់។ វៀតណាម​ត្រូវ​ប្រកួត​នៅ​ម៉ោង 16 មួយ​ប្រកួត និង​បី​ប្រកួត​ទៀត​នៅ​ម៉ោង 19។ ម៉ាឡេស៊ី ហ្វ៊ី​លី​ពី​ន និង​ឡាវ មាន​ពីរ​ប្រកួត​នៅវេលា​ម៉ោង 16 និង​ពីរ​ប្រកួត​នៅ​ម៉ោង 19។ ចំណែក​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជា យ៉ាងណា​ក៏ត្រូវ​តែ​បាន​ប្រកួត​នៅ​ម៉ោង «ល្អ»។

    ថ្វីបើ​មិន​ពេញ​ចិត្តនឹង​កាលវិភាគ​នៃ​ការប្រកួត​នៅ​វគ្គ​ចែក​ពូ​ល ប៉ុន្តែ គ្រូបង្វឹក​របស់​ក្រុម​ថៃ​នៅតែ​អះអាងថា កូនសិស្ស​របស់លោក​នឹង​អាច​សម្រប​ខ្លួន​បាន ហើយ​ថ្នាក់ដឹកនាំ​នឹង​ប្រឹងប្រែង​ជួយ​ដល់​កីឡាករ​ដោយ​យកចិត្តទុកដាក់​បំផុត៕

  • បណ្ដាញស្ថានីយ​ប្រេង​ក្នុង​ទី​​អវកាស​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​អនាគត

    បណ្ដាញស្ថានីយ​ប្រេង​ក្នុង​ទី​​អវកាស​នឹង​បង្ហាញ​ខ្លួន​ក្នុង​ពេល​អនាគត

    ក្រុមហ៊ុន Orbit Fab កំណត់​គោលដៅ​សាងសង់​ស្ថានីយ​ឥន្ធនៈ​អវកាស​ជាច្រើន​កន្លែង ដោយ​សង្ឃឹមថា បច្ចេកវិទ្យា​ចាក់​សាំង​ក្នុង​ទី​អវកាស​នឹង​ជួយ​ជំរុញ​​វិស័យ​ផ្កាយរណប​​ឱ្យ​រីកចម្រើន​ជាង​មុន។

    ផ្ទាំង​សូ​ឡា​ដែល​បំពាក់​លើ​ផ្កាយរណប​អាចបង្កើត​អគ្គិសនី​សម្រាប់​កាមេរ៉ា ឬ​វិទ្យុ ប៉ុន្តែ​មិនអាច​ជួយ​ផ្កាយរណប​ ​កែប្រែ​គន្លង​គោចរ នេះ​បើតាម Daniel Faber សហ​ស្ថាបនិក​ដែល​បាន​បង្កើត​ក្រុមហ៊ុន Orbit Fab កាលពី​ឆ្នាំ 2018។ ដើម្បីឱ្យ​ផ្កាយរណប​ហោះហើរ​ចំ​គន្លង​គោចរ ក្រុម​អ្នកជំនាញ​ត្រូវ​ប្រើប្រាស់​ឥន្ធនៈ​ដើម្បី​កែប្រែ​ទីតាំង​របស់​ពួកវា។ ដូច្នេះ អាយុកាល​របស់​ផ្កាយរណប​ក៏ត្រូវ​បានកំណត់​ដោយ​បរិមាណ​ឥន្ធនៈ​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​បំពាក់​ឱ្យ​ពួកវា​នៅមុន​ពេល​បាញ់​បង្ហោះ​។

    យោងតាម AFP ចុះផ្សាយ​កាលពី​ថ្ងៃទី 27 មេសា ក្រុមហ៊ុន Orbit Fab មាន​ផែន​ការបាញ់​បង្ហោះ​អាងធំៗឡើងទៅ​កាន់​គន្លង​តារាវិថី ក្នុងនោះ អាងនីមួយៗមាន​ឥន្ធនៈ​រាប់​តោន។ ក្រោយមក យានតូចៗ និង​ងាយស្រួល​បញ្ជា​នឹង​ផ្លាស់​ទី​ទៅមក​រវាង​អាង​ផ្ទុក​ឥន្ធនៈ និង​ផ្កាយរណប​ដើម្បី​ចាក់​ប្រេង។

    ដូច​ទៅនឹង​រថយន្ត ផ្កាយរណប​ដែល​ចង់​ចាក់​ប្រេង​បន្ថែម​ពី Orbit Fab គឺ​ត្រូវតែមាន​ប្រព័ន្ធ​ចាក់​ប្រេង​សមស្រប។ Faber បានឱ្យដឹងថា ផ្កាយរណប​ប្រហែល​ពី 200 ទៅ 250 គ្រឿង ត្រូវបាន​រចនា​ដើម្បី​អាច​ប្រើប្រាស់​បណ្ដាញ​ស្ថានីយ​ប្រេងអវកាស​​របស់ Orbit Fab ។ នេះ​គឺជា​ទីផ្សារ​ដ៏​មាន​សក្ដានុពល ព្រោះថា​ មាន​ផ្កាយរណប​រហូតដល់ 24,500 គ្រឿង​គ្រោង​នឹងត្រូវ​បាញ់​បង្ហោះ​ចន្លោះ​ពី​ឆ្នាំ 2022 ដល់ 2030។

    Orbit Fab បាន​បាញ់​បង្ហោះ​អាង​ផ្ទុក​ឥន្ធនៈ​មួយ​ឡើងទៅ​កាន់​គន្លង​គោចរ ហើយ​គ្រោង​នឹងធ្វើ​តេស្ត​លើ​ការចាក់​ប្រេង​នាពេលខាងមុខ។

    ផលប្រយោជន៍​នៃ​ការចាក់​ប្រេង​ក្នុង​ទី​អវកាស​គឺ​ការកាត់បន្ថយ​ទម្ងន់​របស់​ផ្កាយរណប​នៅពេល​បាញ់​បង្ហោះ​ដោយសារតែ​ការ​កាត់បន្ថយ​ឥន្ធនៈ និង​ជួយ​បង្កើន​អាយុកាល​របស់​ផ្កាយរណប់។

    ក្រៅពី​ផ្កាយរណប Orbit Fab ក៏​ឆ្ពោះទៅរក​ការផ្ដល់សេវា​កម្មដ​ល់ប​ណ្ដា​ស្ថានីយ​អវកាស​ឯកជន​ផងដែរ។ ក្រុមហ៊ុន​ក៏​យកចិត្តទុកដាក់​លើ​ទីផ្សារ​នៅលើ​ផ្ទៃ និង​នៅលើ​គន្លង​តារាវិថី​របស់​ព្រះ​ចន្ទ​ ដោយ​ការ​​ផ្ដោតលើ​ការកែច្នៃ​វត្ថុធាតុដើម​ឱ្យទៅជា​ឥន្ធនៈ ហើយ​ផ្គត់ផ្គង់​ដល់​អតិថិជន៕

  • ក្រោយ​ពី​រៀន​ចប់​​នៅ​​វៀតណាម «នារី​​គុននិយម» ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​ នឹងដណ្ដើម​មេដាយ​​នៅស៊ីហ្គេម​

    ក្រោយ​ពី​រៀន​ចប់​​នៅ​​វៀតណាម «នារី​​គុននិយម» ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​ នឹងដណ្ដើម​មេដាយ​​នៅស៊ីហ្គេម​

    ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​រយៈ​ពេល​ប្រាំ​ឆ្នាំ​នៅ​​ប្រទេស​វៀតណាម កីឡាការិនី​កម្ពុជា ឈឿង លីណា ក៏​បាន​ត្រលប់​មក​ស្រុក​កំណើត​​ដើម្បី​ចូលរួម​ប្រកួត​ដណ្ដើម​មេដាយ​​​ផ្នែក​ក្បាច់គុន​​តៃក្វាន់ដូ​នៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍​ (ស៊ីហ្គេម) លើក​ទី 32​។

    ឈឿង លីណា អាយុ​ 28 ឆ្នាំ​ ធ្លាប់​បាន​ចូលរួម​ប្រកួត​នៅ​ស៊ីហ្គេម​លើក​ទី 27 នៅ​មីយ៉ាន់ម៉ា កាល​ពី​ឆ្នាំ 2013 និង​ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​មួយ​គ្រឿង​។ ក្រោយ​ពី​បាន​ចូល​រួម​ប្រកួត​នៅ​ស៊ីហ្គេម​លើក​ទី 29 ឈឿង លីណា

    ​ក៏​បាន​ឈប់​ប្រកួត​ដើម្បី​ផ្ដោត​លើ​ការ​សិក្សា​។ ក្រៅ​ពី​ស៊ីហ្គេម ស្រីស្អាត​ ឈឿង លីណា ​ក៏​ធ្លាប់ចូលរួមការប្រកួតកម្រិតពិភពលោក នៅប្រទេសកូរ៉េផងដែរ។

    នៅលើ​ទំព័រ​បណ្ដាញ​សង្គម កាល​ពី​ម្សិលមិញ ឈឿង លីណា បាន​សរសេរ​ថា «ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សំរាប់​ការ​ប្រកួត​ប្រជែង​ សង្ឃឹម​ថា ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ​សំរាប់​ប្រទេស​ជាតិ​របស់​ខ្ញុំ»។

    ឈឿង លីណា បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ប្រទេស​វៀតណាម​។ នាង​បាន​រស់​នៅ​ និង​សិក្សា​នៅ​ទីក្រុង​ព្រៃនគរ (ហូជីមិញ) រយៈ​ពេល​ប្រាំ​ឆ្នាំ​។ នាង​បាន​ត្រលប់​មក​ហ្វឹក​ហាត់​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ និង​ចូល​រួម​ប្រកួត​នៅ​ស៊ីហ្គេម​លើក​ទី 32 ដែល​នៅ​ទី​នេះ​ ឈឿង លីណា បាន​ចាត់​ទុក​ថា ជា​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្លួន​សម្រាប់​កម្ពុជា​។

  • ព្រះ​អគ្គិ​ជ័យ​កីឡា នៃ​ស៊ី​ហ្គេម​លើក​ទី 32 បានធ្វើ​ដំណើរ​មកដល់​កម្ពុជា​វិញ​ហើយ

    ព្រះ​អគ្គិ​ជ័យ​កីឡា នៃ​ស៊ី​ហ្គេម​លើក​ទី 32 បានធ្វើ​ដំណើរ​មកដល់​កម្ពុជា​វិញ​ហើយ

    ព្រះ​អគ្គិ​ជ័យ​កីឡា នៃ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ 2023 បានធ្វើ​ដំណើរ​មកដល់​កម្ពុជា នា​ព្រឹក​ថ្ងៃទី 27 ខែមេសា ឆ្នាំ2023។

    បន្ទាប់ពី​បាន​ដង្ហែ​នៅតាម​បណ្តា​ប្រទេស​អាស៊ាន ប្រកបដោយ​ជោគជ័យ ព្រះ​អគ្គិ​ជ័យ​កីឡា នៃ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ 2023 បានធ្វើ​ដំណើរ​មកដល់​កម្ពុជា​តាម​ច្រកព្រំដែន​អន្ដរជាតិ​ត្រពាំង​គ្រៀល-ណង​ណុ​ក​ឃៀន នៃ​ខេត្តស្ទឹងត្រែង និង​ខេត្ត​ចំប៉ា​សាក់ នា​ព្រឹក​ថ្ងៃទី 27 ខែមេសា ឆ្នាំ2023។ នេះ​បើតាម​ទំព័រ​បណ្ដាញ​សង្គម​ផ្លូវការ​របស់ គណៈកម្មការ​ធិ​ការ​ជាតិ CAMSOC។

    ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អនុប្រធាន​គណៈកម្មការ​ធិ​ការ​ជាតិ CAMSOC រួមជាមួយ​អាជ្ញាធរខេត្ត​ស្ទឹងត្រែង និង​ប្រជាពលរដ្ឋ​ជាច្រើន បាន​អញ្ជើញ​ទទួល​ស្វាគមន៍​ការមកដល់​ព្រះ​អគ្គិ​ជ័យ​កីឡា​ដោយ​ភាពសប្បាយ​រីករាយ។

  • ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​ថា ​ម្ចាស់​ផ្ទះ​កម្ពុជា​ធ្វើឱ្យ​ការប្រកួត​បើកឆាក​របស់ U-22 វៀតណាម ច្របូកច្របល់

    ប្រព័ន្ធ​ផ្សព្វផ្សាយ​វៀតណាម​ថា ​ម្ចាស់​ផ្ទះ​កម្ពុជា​ធ្វើឱ្យ​ការប្រកួត​បើកឆាក​របស់ U-22 វៀតណាម ច្របូកច្របល់

    អ្នកគាំទ្រ​ជាច្រើន​របស់​ក្រុមបាល់ទាត់​វៀតណាម​ជួប​ការលំបាក​ក្នុងការ​មក​លើកទឹកចិត្ត​ដល់​កូនសិស្ស និង​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​វៀតណាម​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ នេះ​បើតាម​ការចុះផ្សាយ​របស់​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​របស់​វៀតណាម។

    គេហទំព័រ​កីឡា​មួយ​របស់​វៀតណាម បានសរសេរថា ការលក់​សំបុត្រ​ដោយ​មិន​យក​ថ្លៃ​របស់​ម្ចាស់ផ្ទះ​កម្ពុជា​សម្រាប់​ស៊ី​ហ្គេម​លើក​នេះ ធ្វើឱ្យ​ការងារ​បោះពុម្ព និង​ការបែងចែក​សំបុត្រ​ចូល​ទស្សនា​មានការ​យឺត​យ៉ាវ។

    «U-22 វៀតណាម និង U-22 ឡាវ នឹង​ត្រូវ​ប្រកួត​បើកឆាក​របស់ខ្លួន​នៅវេលា​ម៉ោង 19 ថ្ងៃទី 30 មេសា​ខាងមុខ ប៉ុន្តែមកដល់​បច្ចុប្បន្ន គម្រោង​ចែក​សំបុត្រ​ចូល​ទស្សនា​នៅតែ​មិនទាន់​ត្រូវបាន​ម្ចាស់ផ្ទះ​កម្ពុជា​ប្រកាស​ជា​ផ្លូវការ» សារព័ត៌មាន​វៀតណាម​សរសេរ​ដូច្នេះ។

    ក្រុម​ U-22 វៀតណាម​នៅ​កម្ពុជា

    តំណាង​គណៈកម្មការ​អូឡាំពិក​វៀតណាម ឱ្យដឹងថា បាន​សាកសួរ​ភាគី​កម្ពុជា​អំពី​ផែនការ​បែងចែក​សំបុត្រ​អញ្ជើញ ពិសេស​សម្រាប់​អ្នក​គាំទ្រ​​បាល់ទាត់។ ចំណែក​សហព័ន្ធ​បាល់ទាត់​វៀតណាម (VFF) វិញ និយាយថា មិនទាន់​ទទួលបាន​សេចក្ដីជូនដំណឹង​ជាក់លាក់​ណាមួយ​ស្ដីពី​រឿង​​សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​​នៅ​ថ្ងៃទី 29 មេសា រវាង​វៀតណាម និង​ឡាវ​នៅ​ឡើយ​។

    កម្មវិធី​ទូរស័ព្ទ​បែងចែក​សំបុត្រ​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32 ទើបតែ​បង្ហាញ​សំបុត្រ​សម្រាប់​ការប្រកួត​នៅ​ពូ​ល A របស់ U-22 ឥណ្ឌូណេស៊ី vs U-22 ហ្វ៊ី​លី​ពី​ន និង U-22 កម្ពុជា vs U-22 ទី​ម័​រ​ខាងកើត

    យោងតាម​សារព័ត៌មាន​វៀតណាម ប្រការនេះ​ធ្វើឱ្យ​អ្នកគាំទ្រ​វៀតណាម​ដែលមាន​ផែនការ​មក​កម្ពុជា​លើកទឹកចិត្ត​ដល់​កីឡាករ​របស់​ពួកគេ ត្រូវ​ជួប​ការលំបាក។ កម្មវិធី​ទូរស័ព្ទ​បែងចែក​សំបុត្រ​សម្រាប់​ស៊ី​ហ្គេម​លើក​ទី 32 ក៏​ទើបតែ​បង្ហាញ​សំបុត្រ​សម្រាប់​ការប្រកួត​ចំនួន​ពីរ​នៅ​ពូ​ល A គឺ U-22 ឥណ្ឌូណេស៊ី vs U-22 ហ្វ៊ី​លី​ពី​ន និង U-22 កម្ពុជា vs U-22 ទី​ម័​រ​ខាងកើត។

  • ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅ​កោះនរា សម្រេចការ​សាងសង់​បាន 70%

    ស្ពាន​ត​ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅ​កោះនរា សម្រេចការ​សាងសង់​បាន 70%

    ស្ពាន​កោះនរា ដែលមាន​តម្លៃ 37 លាន​ដុល្លារ​អាម៉េរិក បច្ចុប្បន្ន​សម្រេចការ​សាងសង់​បាន 70% ហើយ​គ្រោង​នឹង​សាងសង់​រួចរាល់​នៅ​ចុងខែ​វិច្ឆិកា 2023។

    ស្ពាន​កោះនរា ដែល​ត​ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅកាន់​កោះនរា ស្ថិត​ក្នុងភូមិ​កោះនរា សង្កាត់​និរោធ ខណៈ​ច្បារអំពៅ រាជធានី​ភ្នំពេញ សម្រេចការ​សាងសង់​បាន 70% ហើយ នេះ​បើ​យោងតាម លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ។

    ស្ពានបេតុង​ខ្សែកាប់​ដែលមាន​ប្រវែង 824 ម៉ែត្រ និង​ទទឹង 24.50 ម៉ែត្រ​នេះ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃ​តី 26 តុលា 2020។ ស្ពាន​នេះ​នឹងមាន​តួនាទី​យ៉ាងសំខាន់​សម្រាប់​ការធ្វើដំណើរ​រវាង​តំបន់​កោះនរា និង​តំបន់​កោះ​ពេជ្រ ដោយ​វា​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​តំបន់​ផ្សារ​ច្បារអំពៅ​បាន​មួយកម្រិត។