Category: សង្គម និងសេដ្ឋកិច្ច

  • មាន​បញ្ហា​ក្លិន​មាត់​ អាច​បញ្ជាក់​ពី​សញ្ញា​នៃ​ជំងឺ​ទាំង6​ ដែល​អ្នក​មិនបាន​កត់សម្គាល់​

    មាន​បញ្ហា​ក្លិន​មាត់​ អាច​បញ្ជាក់​ពី​សញ្ញា​នៃ​ជំងឺ​ទាំង6​ ដែល​អ្នក​មិនបាន​កត់សម្គាល់​

    មនុស្ស​មួយចំនួន​ដែល​មាន​បញ្ហា​ក្លិន​មាត់​មិនល្អ​ ពួកគេ​តែងតែ​រក​វិធី​ដើម្បី​បំបាត់​វា​ដូចជា​ ការ​ដុស​សម្អាត​ធ្មេញ​ភ្លាម​ៗ ការប្រើ​ឧបករណ៍​បាញ់​បំបាត់​ក្លិន​ក្នុង​មាត់​ ការ​ខ្ពុរមាត់​ ឬការ​ទំពា​ស្ករកៅស៊ូ​ជាដើម​។ មាន​មនុស្ស​មិន​ច្រើន​នោះ​ទេ​ដែល​ជួបនឹង​បញ្ហា​នេះ​ ហើយ​ព្យាយាម​រក​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ក្លិន​មាត់​មិនល្អ​ និង​រក​ដំណោះស្រាយ​ ដើម្បី​បំបាត់​វា​ជា​រៀង​រហូត​។ តើ​អ្នក​ធ្លាប់​គិត​ទេ​ថា​ ក្លិន​មាត់​របស់​អ្នក​អាច​ប្រាប់​អំពី​សុខភាព​រាងកាយ​របស់​អ្នក​? ជំងឺ​ទូទៅ​មួយចំនួន​ ដែល​រោគសញ្ញា​អាច​ត្រូវ​បាន​បង្ហាញ​ដំបូង​តាមរយៈ​ក្លិន​មាត់​របស់​អ្នក​។ ទស្សនាវដ្តី​ ឡា​រ៉ែ​ន សូមជម្រាប​អំពី​ជំងឺ​ទាំង6​ ដែល​មាន​រោគសញ្ញា​ដំបូង​តាមរយៈ​ក្លិន​មាត់​ដូច​ខាងក្រោម​នេះ​។

    1. ជំងឺ​អញ្ចាញធ្មេញ​
    គឺជា​ជំងឺ​ដែល​បណ្ដាល​ឱ្យ​មានការ​រលាក​ហើម​ដល់​អញ្ចាញធ្មេញ​ ឆ្អឹង​ និង​សាច់​ជុំវិញ​ធ្មេញ​។ វា​បណ្តាល​មក​ពី​មេ​រោ​គតូច​ៗ ដែល​យើង​តែងតែ​ហៅថា​ បាក់តេរី​ ដែល​តោង​ជាប់​ធ្មេញ​ និង​អញ្ចាញធ្មេញ​។ បាក់តេរី​ទាំងនេះ​គឺជា​កំណកកំបោរ​ដែល​តោង​ជាប់នឹង​ធ្មេញ​របស់​អ្នក​។ វា​មិន​មាន​ពណ៌​ ស្អិត​ៗដែល​បង្កឡើង​ពីក​ត្តា​ចំណីអាហារ​។ បាក់តេរី​ដែល​តោង​ជាប់​ក្លាយជា​កំណកកំបោរ​បាន​មក​ពី​សារជាតិ​ស្ករ​ ដែ​លបំ​លែង​ពី​ចំណីអាហារ​ វាប​ង្កើត​ទៅជា​ជាតិពុល​ និង​សារធាតុ​គី​មី​ផ្សេង​ៗ។ ជាតិពុល​ទាំងនោះ​ ធ្វើ​ឱ្យ​រលាក​អញ្ចាញធ្មេញ​ដែល​បណ្តាល​ឱ្យ​ហើម​ សណ្ត​ក និង​ងាយ​ចេញឈាម​នៅពេល​ដុសធ្មេញ​។ យូរ​ៗទៅ​វា​នឹង​ធ្វើ​ឱ្យ​ធ្មេញ​របូត​ចេញពី​អញ្ចាញ​តែម្តង​។

    2. ជំងឺ​រលាក​ផ្លូវដង្ហើម​
    ក្លិន​មាត់​មាន​ភាព​មិន​ប្រក្រតី​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​រលាក​ផ្លូវដង្ហើម​ដូចជា​ ជំងឺ​ផ្តាសាយ​ និង​ជំងឺ​រលាក​ប្រហោង​ឆ្អឹង​មុខ​សងខាង​ច្រមុះ​ជាដើម​។ វា​បណ្តាល​មក​ពី​បាក់តេរី​ជាច្រើន​ ដែល​មាននៅ​ក្នុង​រន្ធច្រមុះ​ និង​ប្រហោង​ឆ្អឹង​មុខ​សងខាង​ច្រមុះ​ដែល​ធ្វើ​ឱ្យ​មាន​ក្លិន​មិនល្អ​។ ក្នុងករណី​ខ្លះ​ ក្លិន​មាត់​របស់​អ្នក​ក៏អាច​បង្ហាញ​អំពី​ជំងឺ​ដុះសាច់បំពង់ក​ផង​ដែរ​ ។

    3. ជំងឺ​ធាត់​
    ខ្យល់​ដង្ហើម​មិនល្អ​ ត្រូវ​បាន​អ្នកស្រាវជ្រាវ​អះអាង​ថា​ មាន​ភាគរយ​ពី​ជាតិ​ខ្លាញ់​ខ្ពស់​ ដែល​មាន​សារធាតុ​មេតាន​ និង​អុីដ្រូ​សែន​ច្រើនជាង​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មាន​សុខភាព​ល្អ​។ ឧស្ម័ន​ទាំងពីរ​នេះ​បណ្តាល​ឱ្យ​មាន​ក្លិនស្អុយ​ស្រដៀងនឹង​ក្លិន​បង្គន់​ដែរ​។ ហើយ​ឧស្ម័ន​ទាំងពីរ​នេះ​វា​ងាយ​នឹង​ធ្វើ​ឱ្យ​រាងកាយ​របស់​អ្នក​វិវឌ្ឍ​ទៅ​រក​ភាពធាត់​ដោយ​មិនដឹង​ខ្លួន​។

    4. ជំងឺ​ប្រេះ​មាត់​
    ជំងឺ​ប្រេះ​មាត់​ គឺជា​បញ្ហា​មួយ​ដែល​បណ្តាល​មក​ពី​បញ្ហា​នៅក្នុង​ក្រពេញ​ទឹកមាត់​ ឬការដកដង្ហើម​តាម​មាត់​។ ប្រសិនបើ​អ្នកមាន​ជំងឺ​ប្រេះ​មាត់​ ហើយ​ស្ងួត​មាត់​ ក្លិន​មាត់​របស់​អ្នក​នឹង​មាន​ក្លិន​មិនល្អ​ខ្លាំង​ រួម​ជាមួយនឹង​រោគសញ្ញា​ដទៃទៀត​។

    5. ខ្សោយ​ថ្លើម​
    ជំងឺថ្លើម​អាច​កត់សម្គាល់​បាន​យ៉ាង​ងាយស្រួល​ ដោយ​រោគសញ្ញា​ខ្យល់​ដង្ហើម​របស់​អ្នកមាន​ក្លិន​មិនល្អ​ខ្លាំង​។ នៅពេល​ដែល​ថ្លើម​ដំណើរការ​មិនល្អ​ ជាតិពុល​នៅក្នុង​រាងកាយ​បញ្ចេញ​មក​តាម​សួត​ ដែល​បណ្តាល​ឱ្យ​ក្លិន​មាន​មិនល្អ​។ បើ​អ្នក​សង្ស័យ​ខ្លាំង​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ដើម្បី​ធ្វើ​តេ​ស្ត៍​ឈាម​រក​មេរោគ​ថ្លើម​។

    6. ជំងឺ​ទឹកនោមផ្អែម​
    ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​អញ្ចាញធ្មេញ​អាច​កើតឡើង​ជាមួយគ្នា​ ហើយក៏​អាច​ធ្វើ​ឱ្យ​ជំងឺ​ស្ដែង​ចេញ​មក​តាមរយៈ​ក្លិន​មាត់​មិនល្អ​ផង​ដែរ​។ យ៉ាងណាមិញ​ សញ្ញា​ព្រមាន​របស់​ជំងឺ​អញ្ចាញធ្មេញ​ មាន​ដូចជា​៖
    – អញ្ចាញធ្មេញ​ដែល​ហូរឈាម​ ក្រោយពី​ប្រើ​អំបោះ​រូស​ធ្មេញ​ ឬដុស​សម្អាត​ធ្មេញ​រួច​។
    – អញ្ចាញធ្មេញ​ដែល​តឹង​ឈឺ​ ហើម​ ឬក្រហម​
    – សឹក​អញ្ចាញធ្មេញ​ ដែល​ធ្វើ​ឱ្យ​ធ្មេញ​មើលទៅ​វែង​ជាង​មុន​
    – ក្លិន​មាត់​មិនល្អ
    ​– មាន​ខ្ទុះ​ចេញ​មក​នៅពេល​សង្កត់​អញ្ចាញធ្មេញ​ប៉ះ​គ្នា​
    – បាត់បង់​ធ្មេញ​ ឬធ្មេញរង្គើ​។ល៕

  • ធ្វើ​ម៉េច​ដើម្បី​ទទួល​បាន​ត្រគាក​ស្រឡូន​ស្អាត​?

    ធ្វើ​ម៉េច​ដើម្បី​ទទួល​បាន​ត្រគាក​ស្រឡូន​ស្អាត​?

    ជាតិ​ជា​ស្ត្រី​យើង​ស្ទើរតែ​អាច​និយាយ​ថា​មិន​មាន​អ្នកណា​ម្នាក់​ដែល​ថា​មិន​ចង់បាន​ដៃជើង​ ភ្លៅ​ ចង្កេះ​ និង​ត្រគាក​ដ៏​ស្រស់​ស្អាត​ សិច​ស៊ី​គួរ​ជាទី​ទាក់ភ្នែក​នៃ​អ្នកផង​ទាំងពួង​នោះ​ទេ​។ ចង្កេះ​ និង​ត្រគាក​ស្រឡូន​ស្អាត​កាន់តែ​ជួយ​ឱ្យ​រាងកាយ​ទាំងមូល​របស់​អ្នកមើល​ទៅ​សមសួន​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​ទ្វេដង​។ ដើម្បី​ឱ្យ​មាន​ត្រគាក​ស្រស់​ស្អាត​ដូច​ប៉ងប្រាថ្នា​នោះ​អ្នក​គួរតែ​អនុវត្ត​តាម​ចំណុច​មួយចំនួន​ដូច​ខាងក្រោម​៖

    ម៉ាស្សា​ : ពេល​ដែល​អ្នក​ងូត​ទឹ​កម្តង​ៗអ្នក​គួរ​ចំណាយពេល​បន្តិច​ធ្វើការ​ម៉ាស្សា​ត្រង់​ចង្កេះ​ និង​ត្រគាក​ឱ្យ​បាន​ជាប្រចាំ​។ ប្រើ​ដៃ​របស់​អ្នក​ម៉ាស្សា​ពី​បរិវេណ​ចង្កេះ​ចុះ​មក​ត្រគាក​ទៅ​មកៗ​ ព្រោះ​ការ​ធ្វើបែប​នេះ​អាច​ជួយ​កាត់បន្ថយ​សារធាតុ​ខ្លាញ់​ដែល​ផ្ទុក​នៅ​ម្តុំ​នោះ​ចេញ​បាន​ខ្លះ​។

    ហាត់ប្រាណ​ : រាល់ពេល​ដែល​អ្នក​ហាត់ប្រាណ​ អ្នក​ត្រូវ​ចំណាយពេល​ប្រហែល5ទៅ10នាទី​ដើម្បី​ធ្វើ​ចលនា​ត្រគាក​ និង​ភ្លៅ​។ គេង​ផ្អៀង​ ហើយ​លើកជើង​ចុះ​ឡើង​ៗ (យ៉ាងហោចណាស់15ដង​នៃ​ជើងម្ខាង​)។ វិធី​នេះ​ជួយ​កាត់បន្ថយ​ខ្លាញ់​ និង​រឹត​បន្តឹង​សាច់ដុំ​ភ្លៅ​ និង​ត្រគាក​ឱ្យ​មាន​ភាព​តឹងណែន​ល្អ​។ លំហាត់​ប្រាណ​បែបនេះ​គួរតែ​ធ្វើឡើង​រៀងរាល់​ពេលព្រឹក​។ ក្រៅពី​ជួយ​ឱ្យ​អ្នកទទួល​បានការ​សម្រក​ខ្លាញ់​ក្នុង​រាងកាយ​ហើយ​នោះ​ ការហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់​ក៏អាច​ជួយ​ឱ្យ​អ្នក​បញ្ចេញចោល​រាល់​សារធាតុពុល​ទាំងឡាយ​ក្នុង​រាងកាយ​ចេញ​មក​ក្រៅ​បាន​យ៉ាង​ល្អ​ទៀតផង​ ហើយ​ការ​បញ្ចេញ​ជាតិពុល​អស់ទាំង​នេះ​គឺ​ពិតជា​ល្អ​ខ្លាំង​ណាស់​សម្រាប់​សុខភាព​ និង​សម្រស់​របស់​អ្នក​។ បន្ទាប់ពី​ការហាត់ប្រាណ​បញ្ចេញ​ញើស​រួច​នោះ​ អ្នកចាំ​បាច់​ត្រូវ​ទទួលទានទឹក​ឱ្យ​បាន​ច្រើន​ផង​ដែរ​។ បើ​ទោះជា​អ្នក​មិន​ចូលចិត្ត​ ឬមិន​ចង់​អនុវត្ត​វិធី​ហាត់ប្រាណ​តាម​បែប​ខាងលើ​ក៏​មិន​មាន​បញ្ហា​ដែរ​ ព្រោះ​ការពិត​ទៅ​ហាត់ប្រាណ​បែប​ណា​ក៏បាន​ប្រយោជន៍​ចំពោះ​សុខភាព​ និង​អាច​ជួយ​សម្រក​ទម្ងន់​បាន​ដែរ​ សុំ​តែ​ម្យ៉ាង​គឺ​កុំ​ខ្ចិល​ទៅ​បាន​ហើយ​។

    អាហារ​ : ការហាត់ប្រាណ​ជាផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​ភ្លៅ​របស់​អ្នកមាន​ភាព​ស្រឡូន​ស្អាត​ជាង​មុន​ ប៉ុន្តែ​សូម​ចងចាំ​ចំណុច​មួយទៀត​ គឺ​ ការហាត់ប្រាណ​អាច​នឹង​មិន​មានប្រសិទ្ធភាព​នោះ​ទេ​ ប្រសិនបើ​របប​អាហារ​ដែល​អ្នកទទួល​ទាន​ចូល​ទៅ​មាន​ភាព​មិន​សមស្រប​។ មាន​ប្រភេទ​អាហារ​ជាច្រើន​ដែល​អាច​កាត់បន្ថយ​សារធាតុ​ខ្លាញ់​តាម​បរិវេណ​ចង្កេះ​ ភ្លៅ​ និង​ត្រគាក​បាន​។ ប្រភេទ​អាហារ​ទាំងនោះ​មាន​ដូចជា​ អង្ករ​សំរូប​ ត្រាវ​ ខ្លាញ់ត្រី​ និង​សណ្កែ​កជា​ដើម​។ ក្រៅពី​ទទួលទាន​អាហារ​មានប្រយោជន៍​ហើយ​នោះ​ ឡា​រ៉ែ​ន ក៏​ចង់ឱ្យ​អ្នកពោល​ពាក្យ​លា​ចំពោះ​អាហារ​មួយចំនួន​ដូចជា​ ប្រភេទ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​ អាហារ​មាន​រសជាតិ​ផ្អែម​ ប៊័រ​ កា​ហ្វេ​អុីន​ និង​អាហារ​ខ្លាញ់​ ចៀន​បំពង​ជាដើម​ ព្រោះ​វា​ជា​មូលហេតុ​ធ្វើ​ឱ្យ​មាន​ខ្លាញ់​ផ្ទុក​នៅក្នុង​រាងកាយ​របស់​អ្នក​កាន់តែ​ច្រើន​៕

  • គុណប្រយោជន៍3យ៉ាងដែល​ស៊ុត​ផ្នែក​ព័​ណសជួយ​ដល់​សម្រស់​

    គុណប្រយោជន៍3យ៉ាងដែល​ស៊ុត​ផ្នែក​ព័​ណសជួយ​ដល់​សម្រស់​

    ស៊ុត​ ជា​អាហារ​ប្រចាំ​ផ្ទះ​ដែល​មាន​លក្ខណៈ​ធម្មតា​ និង​តម្លៃ​មិន​ថ្លៃ​ ដែល​ទិញ​បាន​ដោយ​ងាយស្រួល​។ មិន​តែប៉ុណ្ណោះ​ ស៊ុត​ មាន​សារធាតុ​ចិញ្ចឹម​ ព្រមទាំង​សមាសធាតុ​រ៉ែ​ជាច្រើន​ទៀត​ដែល​ល្អ​សម្រាប់​សុខភាព​។ ក្រៅពី​យក​ស៊ុត​ទៅ​ចម្អិន​ជា​អាហារ​ហើយ​នោះ​ ស៊ុត​ត្រូវ​បាន​គេ​មើលឃើញ​ថា​ មានគុណ​ប្រយោជន៍​ចំពោះ​ផ្នែក​រក្សា​សម្រស់​ រហូតដល់​អ្នកខ្លះ​ទទួលទាន​ស៊ុត​ឆៅ​ ដើម្បី​រក្សា​សម្រស់​ តែ​ផ្ទុយទៅវិញ​ ស៊ុត​ឆៅ​ បើ​ទទួលទាន​លើស​កំណត់​វា​ក៏​មិនល្អ​ចំពោះ​សម្រស់​ និង​សុខភាព​ដែរ​។ ស៊ុត​មានគុណ​សម្បត្តិ​ក្នុង​ការ​ថែរក្សា​សម្រស់​ជាច្រើន​ដូចជា​ ជួយ​កម្ចាត់​មុន​តូច​ៗ ជួយ​បន្តឹង​ស្បែក​មុខ​ ជួយ​បំបាត់ស្នាម​ជ្រួញ​លើ​ផ្ទៃមុខ​ ជួយ​ធ្វើ​ឱ្យ​មុខស្អាត​ផូរផង់​ និង​សភ្លឺរលោង​ជាដើម​។ តែ​ថ្ងៃនេះ​ ទស្សនាវដ្ដី​ ឡា​រ៉ែ​ន សូមជម្រាប​ជូន​នូវ​គុណប្រយោជន៍​សំខាន់3យ៉ាង​របស់​ស៊ុត​ផ្នែក​ព័​ណសក្នុង​ការ​ថែរក្សា​សម្ផស្ស​។

    1. កម្ចាត់​ជាតិពុល​ជួយ​ឱ្យ​ស្បែក​តឹងណែន​គ្រាន់តែ​ឧស្សាហ៍​បំពោក​មុខ​ដោយ​ស៊ុត​ផ្នែក​ពណ៌ស​ជាប្រចាំ​រាល់ថ្ងៃ​ប្រមាណ​មួយ​សប្តាហ៍​ នោះ​អ្នក​នឹង​សង្កេតឃើញ​ការប្រែប្រួល​នៃ​ស្បែក​មុខ​របស់​អ្នក​ គឺ​ស្បែក​មុខ​របស់​អ្នក​នឹង​តឹង​ហាប់​ណែន​ ស ភ្លឺ​ថ្លា​ ហើយ​ក្មេង​ជាង​វ័យ​។ អ្នក​អាច​ថែទាំ​ស្បែក​មុខ​របស់​អ្នក​ដោយ​ប្រើ​ស៊ុត​ផ្នែក​ពណ៌ស​ដើម្បី​ឱ្យ​ស៊ុត​សបឺ​តស្រូប​ និង​កម្ចាត់​សារធាតុពុល​ចេញពី​រន្ធ​រោម​ឱ្យ​អស់​។ គ្រាន់តែ​បំពោក​ផ្នែក​ពណ៌ស​នៃ​ស៊ុត​នៅ​លើ​ផ្ទៃមុខ​របស់​អ្នក​ទុកចោល​ប្រមាណ20នាទី​ ហើយ​លាង​សម្អាត​ចេញ​វិញ​ដោយ​ទឹក​ស្អាត​ ដើម្បី​ជួយ​កម្ចាត់​ជាតិពុល​ពី​ស្បែក​មុខ​ និង​ជួយ​សម្រួល​ដល់​តុល្យភាព​នៃ​ស្បែក​ធានា​ថា​នឹង​ផ្តល់​នូវ​ប្រសិទ្ធភាព​ជាទី​គាប់ចិត្ត​ដល់​ផ្ទៃមុខ​របស់​អ្នកជា​មិនខាន​។

    2. ជួយ​កម្ចាស់​មុនខ្សាច់​ការ​បក​មុនខ្សាច់​នៅ​លើ​ផ្ទៃមុខ​ ដោយ​មិន​ភ័យ​ព្រួយ​ចំពោះ​ការ​ប៉ះពាល់​ដល់​សុខភាព​ស្បែក​មុខ​ ដោយ​ប្រើ​ផ្នែក​ពណ៌ស​នៃ​ស៊ុត​ ដែល​មិន​ត្រឹមតែ​មិន​ប៉ះពាល់​ដល់​សុខភាព​ស្បែក​មុខ​នោះ​ទេ​ ថែមទាំង​ជួយ​បន្តឹង​រន្ធ​រោម​ ជម្រុ​ញដល់​ការផលិត​កោសិកា​ថ្មី​ កម្ចាត់​ជាតិពុល​ពី​ស្បែក​មុខ​ និង​ធ្វើ​ស្បែក​មុ​ខស​ ភ្លឺ​ថ្លា​ ហាប់​តឹងណែន​ ដោយ​អ្នក​គ្រាន់តែ​យក​ស៊ុត​ពណ៌ស​មក​អនុវត្ត​តាម​ការណែនាំ​ខាងក្រោម​នេះ​ជាការស្រេច​។
    – យក​ស៊ុតមាន់​ផ្នែក​ពណ៌ស​ មក​លាប​បំពោក​នៅ​លើ​ផ្ទៃមុខ​ដែល​មាន​មុន​ ឬត្រង់​បរិវេណ​ដែល​អ្នក​ចង់​បក​មុនខ្សាច់​។
    – យក​ក្រដាស​ស្អាត​បិត​ពីលើ​ស៊ុតមាន់​ ដែល​អ្នក​បាន​លាប​នៅ​លើ​ផ្ទៃមុខ​នោះ​។
    – អ្នក​អាច​បន្ថែម​ទឹកក្រូច​ឆ្មារ​ 2ទៅ3តំណក់​ ឬមិន​បាច់​ក៏បាន​។
    – ពេល​ស៊ុតមាន់​ផ្នែក​ពណ៌ស​ស្ងួត​ សូម​បក​បន្ទះ​ក្រដាស​ដែល​បិត​នៅ​លើ​ផ្ទៃមុខ​នោះ​ចេញ​ នោះ​មុនខ្សាច់​នឹង​មក​តាម​ស៊ុត​ពណ៌ស​នោះ​អស់​ជាមិនខាន​។

    3. ស៊ុត​ផ្នែក​ពណ៌ស​ ជួយ​បឺតស្រូប​គ្រាប់​មុន​ស៊ុត​ផ្នែក​ពណ៌ស​ មានប្រយោជន៍​ចំពោះ​ស្បែក​មុខ​ ជាពិសេស​ប្រសិនបើ​អ្នក​ត្រូវការ​កម្ចាត់​មុនខ្សាច់​ ឬមុន​ក្បាល​ខ្មៅ​ ដោយ​ពុំ​ចាំបាច់​ប្រើ​ដៃ​សង្កត់​ ឬច្របាច់​ឱ្យ​ស្បែក​ជាំ​ឡើយ​ គ្រាន់តែ​លាង​ស្បែក​ត្រង់កន្លែង​ដែល​មាន​មុន​ឱ្យ​ស្អាត​ ផ្ដិត​ឱ្យ​ស្ងួត​ទឹក​ ហើយ​ប្រើ​បន្ទះ​សំ​ឡី​ជ្រ​សក់​ស៊ុត​ផ្នែក​ពណ៌ស​រួចហើយ​បិទ​នៅ​លើ​ផ្ទៃមុខ​ (លើកលែង​បិ​រវេ​ណជុំវិញ​ភ្នែក​ និង​បបូរមាត់​) រួច​រង់ចាំ​ឱ្យ​ស្ងួត​។ ពេល​សំឡី​ដែល​ជ្រលក់​ស៊ុត​ពណ៌ស​នោះ​ស្ងួត​ហើយ​ សឹម​បក​វា​ចេញ​ នោះ​អ្នក​នឹង​ឃើញមុន​ក្បាល​ខ្មៅ​ជាប់​មក​ជាមួយនឹង​សំឡី​ និង​ក្បាល​មុន​ពណ៌ស​ លៀនចេញ​មក​។ បន្ទាប់មក​ទៀត​ សូម​ប្រើ​ទឹក​ក្ដៅ​ឧណ្ហ​ៗជូត​លើ​ផ្ទៃមុខ​របស់​អ្នក​ ហើយ​លាង​ដោយ​ទឹក​ត្រជាក់​ ដើម្បី​បិទ​រន្ធ​រោម​មកវិញ​ជាការស្រេច​៕

  • ឥឡូវនេះ​ អ្នក​ឈប់​រៀន​យូរឆ្នាំ​ក៏អាច​ត្រឡប់​មក​រៀន​ និង​បាន​សញ្ញាបត្រ​ដូច​សិស្ស​ក្នុង​សាលា​ដែរ​

    ឥឡូវនេះ​ អ្នក​ឈប់​រៀន​យូរឆ្នាំ​ក៏អាច​ត្រឡប់​មក​រៀន​ និង​បាន​សញ្ញាបត្រ​ដូច​សិស្ស​ក្នុង​សាលា​ដែរ​

    ការអប់រំ​ជា​មូលដ្ឋាន​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​ឱ្យ​មានការ​អភិវឌ្ឍ​ក្នុង​សង្គម​ និង​ជា​ចំណុច​ដែល​មិន​អាច​ខ្វះ​បាន​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​ពិភពលោក​។ ហេតុនេះ​ការជំរុញ​មនុស្ស​ទាំងឡាយ​ណា​ដែល​រៀន​មិនទាន់​ចប់​ថ្នាក់​មូលដ្ឋាន​ ឱ្យ​ទទួល​បានការ​អប់រំ​ឡើងវិញ​សម្រាប់​បន្ត​អាជីព​ជំនាញ​នៅ​ថ្ងៃ​អនាគត​ គឺជា​ផែនការ​សកម្មភាព​ប្រកបដោយ​ភាព​វិជ្ជមាន​មួយ​ដើម្បី​ជួយ​សង្គម​ផង​ និង​ដោះស្រាយ​បញ្ហា​ជាស​កល​ផង​។

    នៅ​កម្ពុជា​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​សហការ​ជាមួយ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ អង្គការ​ UNESCO​ ក្រុមហ៊ុន​ឯកជន​ និង​ដៃគូ​ពាក់ព័ន្ធ​ បង្កើត​កម្មវិធី​មួយ​ឈ្មោះថា​ កម្មវិធី​សមមូល​អប់រំ​កម្រិត​មូលដ្ឋាន​តាម​អុីន​ធើ​ណិ​ត (Basic​ Education​ Equivalency​ Program​ ឬ BEEP​) ដើម្បី​ជួយ​ដល់​សិស្ស​ដែល​បាន​បោះបង់ចោល​ការសិក្សា​ឱ្យ​បាន​ត្រឡប់​មក​សិក្សា​វិញ​តាមរយៈ​បច្ចេកវិទ្យា​។

    ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ ជួន​ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ កម្មវិធី​នេះ​មាន​គោលដៅ​សំខាន់​សម្រាប់​ជួយ​ដល់​សិស្ស​ដែល​មិន​មានលទ្ធភាព​គ្រប់គ្រាន់​សម្រាប់​ការសិក្សា​បន្ត​ឱ្យ​ចប់​ថ្នាក់​ទី9​ ឬអ្នក​ដែល​បាន​បោះបង់ចោល​ការសិក្សា​ឱ្យ​វិលត្រឡប់​មក​សិក្សា​ឡើងវិញ​។ មូលហេតុ​សំ​ខាន់​ៗដែល​សិស្ស​គួរតែ​ត្រឡប់​មក​សិក្សា​វិញ​នោះ​ គឺទី1​ យុវជន​ម្នា​ក់ៗ​នឹង​មិន​អាច​មានការ​ងារ​ល្អ​ធ្វើ​បានទេ​ ប្រសិនបើ​មិនបាន​ចប់​ថ្នាក់​សិក្សា​មូលដ្ឋាន​ហើយ​បើ​ទោះបីជា​មានការ​ងារ​ធ្វើ​ក៏បាន​ត្រឹមតែ​ការងារ​ និង​ជំ​នា​ញសាមញ្ញ​ៗតែប៉ុណ្ណោះ​។ ទី2​ គឺ​ក្នុង​ក្របខ័ណ្ឌ​អន្តរជាតិ​ យើង​មាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (SDG​) ដែល​ចង់ឱ្យ​ប្រជាជន​ទាំងអស់​រៀនចប់​យ៉ាងហោចណាស់​ត្រឹម​ថ្នាក់​ទី9​ ហេតុនេះ​ដើម្បី​សម្រេច​បាន​គោលដៅ​នេះ​ យើង​នឹង​ព្យាយាម​សម្រួល​គ្រប់​លទ្ធភាព​ឱ្យ​យុវជន​ជាច្រើន​ដែល​មិនបាន​ចូល​សាលា​ បាន​មក​សិក្សា​ឱ្យ​ចប់​ថ្នាក់​មូលដ្ឋាន​ ហើយ​គាត់​ក៏​នឹង​ទទួល​បាន​សញ្ញាបត្រ​សមមូល​មានតម្លៃ​ស្មើនឹង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ផង​ដែរ​។

    ឯកឧត្តម​ ហង់ ជួនណា​រ៉ុ​ន កំពុងសាកល្បងប្រើកម្មវិធី BEEP

    ឯកឧត្តម​ ហង់​ ជួន​ណា​រ៉ុន​ មានប្រសាសន៍​ថា​៖ “កម្មវិធី​ BEEP​ នេះ​យើង​មាន​បញ្ចូល​មុខវិជ្ជា​ជាច្រើន​ដូចជា​រូបវិទ្យា​ គីមីវិទ្យា​ ភាសាខ្មែរ​ គណិតវិទ្យា​ ភាសាអង់គ្លេស​ ព័ត៌មាន​វិទ្យា​ និង​ជំនាញ​មួយ​ចំ​នួន​ផ្សេង​ៗទៀត​ ដូចជា​សហគ្រិនភាព​ យេនឌ័រ​ និង​ទេសចរណ៍​ជាដើម​។ បន្ទាប់ពី​រៀនចប់​កម្មវិធី​ទាំងអស់​នេះ​ សិស្ស​អាច​បន្ត​ថ្នាក់​វិទ្យាល័យ​ ឬជំនាញ​វិជ្ជាជីវៈ​រយៈពេល​ 3ឆ្នាំ​បន្ថែម​ទៀត​បាន​ ដូចជា​នៅ​សៀមរាប​អាច​បន្ត​មុខវិជ្ជា​ទេសចរណ៍​ ហើយ​ទទួល​បាន​សញ្ញាបត្រ​សមមូល​ស្មើនឹង​សញ្ញាបត្រ​បាក់ឌុប​ដែរ​”។

    រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ផង​ដែរ​ថា​ យុវជន​យើង​បច្ចុប្បន្ន​ចូលចិត្ត​ប្រើប្រាស់​បណ្តាញ​អន​ឡាញ​ ហើយ​គ្រប់​ៗគ្នា​សុទ្ធតែ​មាន​ទូរស័ព្ទ​ដៃ​ទំនើប​ ហេតុនេះ​សូម​ប្រើប្រាស់​បណ្តាញ​អន​ឡាញ​ឱ្យ​មានប្រយោជន៍​។ ប្រសិនបើ​ចង់​សិក្សា​បន្ត​ សិស្ស​អាច​ចុះឈ្មោះ​រៀន​បាន​គ្រប់​ទីកន្លែង​ គ្រប់ពេលវេលា​ តាមរយៈ​ទូរស័ព្ទ​ដៃ​ ឬបើ​ខ្វះ​ឧបករណ៍​ ពួកគេ​អាចម​កសិក្សា​នៅ​មជ្ឈមណ្ឌល​នានា​បាន​ ព្រោះ​ក្នុង​កម្ម​វី​ធី​នេះ​សុទ្ធតែ​ផលិត​ និង​ថត​ដោយ​គ្រូ​ចំ​ណានៗ​ និង​ពូកែ​។

    លោក​ Santosh​ Khatri​ ប្រធាន​ផ្នែក​អប់រំ​នៃ​អង្គការ​យូ​ណេស្កូ​ បាន​លើកឡើង​ថា​ ការសម្រេច​គោលដៅ​ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ2030​ មាន​ឧបសគ្គ​ជាច្រើន​ តែ​យើង​សង្ឃឹមថា​ តាមរយៈ​ការ​ធ្វើការងារ​ជា​ដៃគូ​ជាមួយ​ក្រសួង​អប់រំ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​បន្ត​បណ្តុះបណ្តាល​ជំនាញ​ និង​វិជ្ជា​ជី​វៈ​ផ្សេង​ៗនៅពេល​នេះ​នឹងអាច​ធ្វើ​ឱ្យ​យើង​សម្រេច​បាន​នូវ​គោលដៅ​ដ៏​សំខាន់​នេះ​។

    លោក Santosh Khatri ប្រធាន​ផ្នែក​អប់រំ​នៃ​អង្គការយូណេស្កូ

    ឯកឧត្តម​ ចឹក​ លីម​ អគ្គ​លេខាធិ​កា​រង​ នៃ​អគ្គលេខាធិការ​ដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​អភិវឌ្ឍ​យុវជន​បាន​លើកឡើង​ថា​ កម្មវិធី​ BEEP​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មើលឃើញ​ថា​ សិស្ស​កម្ពុជា​កំពុង​សិក្សា​ជាមធ្យម​នៅ​ថ្នាក់​បឋមសិក្សា​មាន​ចំនួន​ 95​% តែ​សម្រាប់​អ្នក​បញ្ចប់​ការសិក្សា​នៅ​កម្រិតមធ្យម​សិក្សា​បឋមភូមិ​វិញ​មាន​ទាប​ជាង​ 45​% នេះ​បើ​យោង​តាម​សូចនាករ​សាធារណៈ​ឆ្នាំ2015​-2016​ និង​ឆ្នាំ2016​-2017​។ អត្រា​នេះ​ជា​ចំនួន​មួយ​ដែល​យើង​ត្រូវ​យកចិត្ត​ទុកដាក់​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​សិស្ស​ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​ទី6​ ហើយ​មិនបាន​បន្ត​ការសិក្សា​ ឬអ្នក​បោះបង់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​ 7 ទី8​ ឬទី9​ បាន​សិក្សា​ឡើងវិញ​ យ៉ាងហោចណាស់​ចប់​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ​ដែរ​ដើម្បី​ជា​ទុន​មូលដ្ឋាន​សម្រាប់​ឱ្យ​ពួកគាត់​បន្ត​ចាប់​យក​ជំនាញ​ដែល​ប្រសើរ​ជាង​មុន​ធ្វើជា​អាជីព​ចិញ្ចឹមជីវិត​។

    ឯកឧត្តម​ ចឹក​ លីម​ បាន​មានប្រសាសន៍​ថា​៖ “ដើម្បី​ជួយ​ដល់​សិស្ស​ដែល​បាន​បោះបង់ចោល​ការសិក្សា​នៅ​កម្រិតមធ្យម​សិក្សា​បឋមភូមិ​ឱ្យ​បាន​ចូលរៀន​វិញ​តាម​បច្ចេកវិទ្យា​ ឥឡូវនេះ​យើង​មាន​បង្កើត​មជ្ឈមណ្ឌល​សិក្សា​ចំនួន​ 10ទីតាំង​ ដែល​ 5ទីតាំងនៅ​រាជធានី​ភ្នំពេញ​ និង​ 5ទីតាំង​ផ្សេងទៀត​ស្ថិតនៅ​ខេត្តសៀមរាប​។ នៅក្នុង​មជ្ឈមណ្ឌល​ទាំងនោះ​មាន​បំពាក់​សម្ភារ​បរិក្ខារ​ និង​ឧបករណ៍​អេឡិចត្រូនិក​ (Tablets​) ដើម្បី​ឱ្យ​សិស្ស​បាន​ចូលរៀន​ដោយ​ឥតគិតថ្លៃ​”។

    សិស្សកំពុងរៀនតាមកុំព្យូទ័រ

    ឯកឧត្តម​អគ្គលេខាធិការ​រង​ បាន​លើកឡើង​ផង​ដែរ​ថា​មជ្ឈមណ្ឌល​ទាំង10​ នេះ​ មាន​មជ្ឈមណ្ឌល2​ នៅ​រាជធានី​ភ្នំពេញ​ និង​ 3នៅ​ខេត្តសៀមរាប​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ និង​មជ្ឈមណ្ឌល​ 2 នៅ​ភ្នំពេញ​ និង​ 3នៅ​សៀមរាប​ គ្រប់គ្រង​ដោយ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ បច្ចុប្បន្ន​នេះ​យើង​កំពុង​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​បង្កើត​គណៈកម្មការ​ទទួលស្គាល់​ និង​វាយតម្លៃ​ រួម​ទាំង​បណ្តុះបណ្តាល​បន្ថែម​ ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការ​ផ្តល់​សេវា​ BEEP​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ ហើយ​ជា​ទិសដៅ​បន្ទាប់​យើង​នឹង​បញ្ចប់​ការ​ថត​សកម្មភាព​បង្រៀន​លើ​មុខវិជ្ជា​ដែល​នៅ​សេសសល់​ដើម្បី​ដាក់បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​សម្រាប់​សិស្ស​សិក្សា​ បន្ត​បំពាក់​សម្ភារ​បន្ថែម​នៅ​មណ្ឌល​សិក្សា​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ និង​ផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​ដើម្បី​លើកទឹកចិត្ត​ដល់​យុវជន​ក្រៅ​សាលា​ឱ្យ​ចូលរួម​កម្មវិធី​ BEEP​ និង​និស្សិត​ស្ម័គ្រចិត្ត​ដើម្បី​ធ្វើជា​អ្នកសម្របសម្រួល​ ឬជួយ​បង្រៀន​ជាដើម​។ ក្រៅពី​នេះ​ក្រសួង​នឹង​មាន​ផែនការ​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​វាយតម្លៃ​ និង​ការ​ទទួល​សញ្ញាបត្រ​ ដើម្បី​ធានា​ថា​ សិស្ស​ដែល​បាន​ចេញពី​កម្មវិធី​នេះ​មាន​សមត្ថភាព​គ្រប់គ្រាន់​ជា​មូលដ្ឋាន​ រួម​ទាំង​សកម្មភាព​សំ​ខាន់​ៗមួយចំនួន​បន្ថែម​ទៀត​លើ​ការងារ​បង្រៀន​តាម​បច្ចេកវិទ្យា​ និង​ការជំរុញ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​៕

  • ស្ងាត់​ពី​សិល្បៈ​មែន​ ​វី​ជេ​ ​រតនា​ ​រីកមុខ​ជំនួញ​ក្នុង​ដៃ​កាក់កប​ដល់​ម្លឹង​ៗ​

    ស្ងាត់​ពី​សិល្បៈ​មែន​ ​វី​ជេ​ ​រតនា​ ​រីកមុខ​ជំនួញ​ក្នុង​ដៃ​កាក់កប​ដល់​ម្លឹង​ៗ​

    កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ពិធីករ​ ​និង​ជា​អ្នកជំនួញ​កូន​ពីរ​ ​វី​ជេ​ ​រតនា​ ​បាន​ទទួល​នូវ​សមាជិក​ទី2​ ​កូនប្រុស​ដ៏​គួរ​ឱ្យ​ស្រលាញ់​ថែម​ម្នាក់ទៀត​ ​ធ្វើ​ឱ្យ​គ្រួសារ​មួយ​នេះ​កាន់តែ​មាន​សុភមង្គល​ ​នឹងគ្នា​កាន់តែ​ខ្លាំង​ឡើង​ ​គួរ​ឱ្យ​សរសើរ​តែម្តង​។​ ​តែ​អ្វី​ដែល​ចាប់អារម្មណ៍​នោះ​គឺ​ ​មុខមាត់​កូនប្រុស​ទី2​ ​ដែល​ទើបនឹង​កើត​របស់​តារា​រូប​នេះ​ ​ទើបតែ​កើត​បាន​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ​ ​តែ​មុខមាត់​របស់​កូនលោក​ប្រែជា​ស្រស់​សង្ហា​ ​គួរ​ឱ្យ​ស្រលាញ់​តាំងតែពី​ក្មេង​ ​មិនចាញ់​កាល​កូនច្បង​ប៉ុន្មាន​នោះ​ទេ​។​

    ​ជីវិត​ឯកជន​របស់​ពិធីករ​និង​ជា​វី​ជេរូ​បនេះ​ ​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​និង​កត់សម្គាល់​ថា​ ​លោក​បាត់មុខ​ឈឹង​តែម្ដង​ពី​កញ្ចក់​ទូរទស្សន៍My​ ​TV​ ​ដែល​ធ្លាប់​កាន់​ក្បាល​មេក្រូ​ ​ហើយ​ងាក​មក​បង្ហោះ​តែ​រឿង​រកស៊ី​ ​និង​ធ្វើជំនួញ​ជា​ជំនួស​។​ ​ប៉ុន្ដែ​យ៉ាងណាមិញ​ ​លោក​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​លោក​មិនបាន​ផ្ដាច់ខ្លួន​ពី​សិល្បៈ​នោះ​ឡើយ​ ​គឺ​នៅតែ​បាន​បង្ហាញខ្លួន​ចូលរួម​ក្នុង​កម្មវិធី​របស់​តារា​សិល្បៈ​ ​ខណៈ​ដែល​ក្រៅពី​បង្អួត​សុភមង្គល​ជាមួយ​ប្រពន្ធ​កូន​ ​លោក​ក៏​សប្បាយ​លើស​ពី​ពេល​នៅ​ប្រឡូក​ជាពិធី​ករ​នោះ​ផង​ដែរ​។​

    ​វី​ជេ​ ​រតនា​ ​ក៏​ត្រូវ​គេ​សរសើរ​ថា​ ​ជា​អតីត​ពិធីករ​មួយ​រូប​ ​ដែល​ក្រៅពី​ឡើង​កា​លីប​ផ្នែក​ជីវភាព​ក្រោយ​រៀបការ​ ​ក៏​មាន​សុភមង្គល​ជាមួយ​ភរិយា​គួរ​ឱ្យ​សរសើរ​ផង​ដែរ​ ​ខណៈ​ដែល​លោក​ទើបតែ​ត្រូវ​បាន​គេ​សរសើរ​ថា​ ​ជា​ស្វាមី​ល្អ​ដែល​ចេះ​ឱ្យ​តម្លៃ​ភរិយា​ ​ដែល​ខុសពី​បុរស​មួយចំនួន​ដែល​ក្រោយពេល​បើក​ជំនួញ​ហើយ​កាន់​ប្រាក់​ម៉ឺន​ដុល្លារ​ក្នុង​ដៃ​ ​ក៏​មានការ​ប្រែប្រួល​ចំពោះ​នារី​ដែល​ខ្លួន​រៀបការ​ជាមួយ​នោះ​។​ ​សារ​ដែល​លោក​ត្រូវ​បាន​មហាជន​កោតសរសើរ​មិន​ដាច់​ពី​មាត់​នោះ​ ​គឺ​«​មាន​គេ​សួរ​ខ្ញុំ​ថា​ ​រតនា​ ​ហេតុ​អី​បាន​ខ្លាច​ប្រពន្ធ​ម៉េ​ស​?​ ​ខ្ញុំ​ឆ្លើយ​ថា​ខ្ញុំ​មិន​ដែរ​ខ្លាច​ប្រពន្ធ​ទេ​ ​ខ្ញុំ​មានតែ​គោរព​ប្រពន្ធ​ ​(​លើ​លោក​នេះ​គ្មាន​មនុស្ស​ប្រុស​ណា​ខ្លាច​ប្រពន្ធ​ទេ​ ​មានតែ​គោរព​ប្រពន្ធ​)​ ​គេ​សួរ​បន្ត​ទៀត​ថា​ ​ហេតុ​អី​រតនា​ ​ឯង​ឃើញ​ចាញ់​ប្រពន្ធ​គ្រប់​រឿង​ចឹង​?​ ​ខ្ញុំ​ឆ្លើយ​ថា​ ​បើ​តាំងខ្លួនជា​ប្ដី​គេ​ហើយ​ ​បើ​ចង់​យកចាញ់យកឈ្នះ​ជាមួយ​ ​ប្រពន្ធ​តើ​វា​បានផល​ប្រយោជន៍​អី​?​ ​លើ​លោក​នេះ​ខ្ញុំ​មិន​ដែរ​ចាញ់​អ្នកណា​ទេ​ ​តែ​ខ្ញុំ​សុំ​ចាញ់​ប្រពន្ធ​ខ្ញុំ​មួយ​»​ ​ដែល​សារ​បែបនេះ​ ​បង្ហាញ​យ៉ាង​ច្បាស់​ថា​លោក​ ​និង​ភរិយា​ ​ស្ថិត​ក្នុង​ភាព​ល្អូកល្អិន​គ្នា​ខ្លាំង​។​

    ​ប្រភព​ពី​អ្នក​សិល្ប:ក៏បាន​បង្ហើប​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​លោក​វី​ជេ​ ​រតនា​ ​នឹង​មិន​ត្រលប់​មកកាន់​អាជីព​ពិធីករ​វិញ​ទេ​ ​ដោយសារតែ​ក្រោយពី​ ​លោកមា​នភ​រិយា​ ​ហើយ​មានមុខ​ជំនួញ​ក្នុង​ដៃ​ ​គឺ​លោក​មិន​ខុសពី​អ្នកជំនួញ​ធំដុំ​មួយ​រូប​ ​ក្នុង​ពេល​ដែល​លោក​ ​ក៏​រក​ពេល​គ្រប់គ្រង​មុខ​ជំនួញ​មិនបាន​ផង​ ​ដែល​មិន​អាចម​ក​ហែរ​ហៃ​ជាមួយ​អាជីព​ពិធីករ​បាន​ដូចមុន​។​ ​លោក​ត្រូវ​គេ​ឃើញ​ ​បើក​ជំនួញ​បើក​កា​រ៉ា​ស់​ចាក់សាំង​ធំ​មួយ​ ​នៅ​មាត់ច្រក​ផ្សារ​ចាក់​អង្រែ​ ​ដោយ​ប្រភព​ផ្លូវការ​ថា​ ​ក្រៅពី​បើក​កា​រ៉ា​ស់​សាំង​ខ្លួនឯង​ ​លោក​ក៏​ជា​អ្នក​ចាយ​ចាយ​សាំង​ ​ទៅកាន់​ដៃគូ​ផង​ដែរ​ ​ទើប​ធ្វើ​ឱ្យ​លោក​ ​និង​ភរិយា​កាក់កប​ដល់​ម្លឹង​។​ ​លោក​ ​វី​ជេរ​ត​នា​ ​ត្រូវ​គេ​បញ្ជាក់​ថា​ ​លោក​ក៏​មានមុខ​ជំនួញ​នាំចូល​រថយន្ត​ ​មក​ពី​ប្រទេស​មក​លក់​ឱ្យ​តាម​កា​រ៉ា​សល​ក់​ឡាន​ ​និង​លក់​ផ្ទាល់ខ្លួន​ផង​ដែរ​ ​ខណ:ដែល​មុខរបរ​នាំចូល​រថយន្ត​ ​របស់​លោក​ត្រូវ​គេ​ដឹង​ថា​ ​មាន​ដើមទុន​ដល់​សែន​ដុល្លារ​។​



    ​ភរិយា​របស់​លោក​ក៏​ត្រូវ​គេ​ដឹង​ថា​ ​គឺជា​អ្នកនាំ​ចូល​ផលិតផល​ថែរក្សា​សម្រស់​មក​ពីក្រៅ​ប្រទេស​ ​ដែល​រកចំណូល​បាន​ច្រើន​ពាន់​ដុល្លារ​ ​ក្នុង​មួយ​ខែ​ផង​ដែរ​។​ ​អ្នក​សិល្ប:ភាគច្រើន​និយាយ​ថា​ ​លោក​ ​វី​ជេរ​ត​នា​ ​ជោគជ័យ​មុខ​ជំនួញ​ខ្លាំង​ណាស់​ ​ដោយ​លោក​មិន​ខុសពី​សេដ្ឋី​ ​វ័យក្មេង​នោះ​ទេ​ ​ដោយ​ល្បី​ថា​គ្រួសារ​របស់​លោក​ ​នឹង​ទិញ​ងារ​ឧកញ៉ា​ឱ្យលោក​ ​ដើម្បី​ឱ្យ​លោក​កាន់តែ​ងាយស្រួល​ធ្វើជំនួញ​៕​

  • កំពូល​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ប្រាប់​ពី​គម្រោង​អស្ចារ្យ​ឋាន​ព្រះឥន្ទ​

    កំពូល​តារាចម្រៀង​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ប្រាប់​ពី​គម្រោង​អស្ចារ្យ​ឋាន​ព្រះឥន្ទ​

    ​ខណៈ​ដែល​ដំណឹង​រៀបការ​កាន់តែ​ខិត​ជិតដល់​ ​តារាចម្រៀង​ល្បីល្បាញ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​នៅតែ​ត្រូវ​បាន​គេ​កត់សម្គាល់​ថា​ស្រស់​ស្អាត​ ​និង​មាន​ភាព​ទាក់ទាញ​ទ្វេរ​ដង​គ្រប់ពេល​ដែល​នាង​បង្ហាញខ្លួន​។​ ​ជាក់ស្ដែង​នាង​បាន​ធ្វើ​ឱ្យ​កញ្ជ្រោល​យ៉ាង​ខ្លាំង​នៅក្នុង​កម្មវិធី​បើក​សម្ពោធ​ដីចម្ការ​ប្រភេទ​ពុះ​ជា​ហិកតារ​កាលពី​ថ្ងៃទី27​ ​កុម្ភៈ​ ​ដោយ​កញ្ញា​បកស្រាយ​បទចម្រៀង​តែ​ប៉ុន្មាន​បទ​ ​អម​ដោយ​ក្បាច់​រាំ​ប៉ុណ្ណោះ​ ​តែ​អាច​ធ្វើ​ឱ្យ​ភ្ញៀវ​ក​ត្តិ​យស​ផ្ដោត​ការចាប់អារម្មណ៍​នឹង​ការ​បង្ហាញខ្លួន​មិនធម្មតា​។​

    អ្វី​ដែលគេ​កាន់តែ​កត់សម្គាល់​ខ្លាំង​ជាង​ការ​បង្អួត​រូប​សម្រស់​ ​និង​ភាព​រស់រវើក​នៃ​ក្បាច់​រាំ​ទៀត​នោះ​ ​គឺ​កញ្ញា​បាន​ប្រកាស​គម្រោង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​របស់​គម្រោង​ឋាន​ព្រះឥន្ទ​ដែល​បាន​ប្រកាស​ឡើង​នា​យប់​នោះ​។​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​ប្រាប់​អ្នកសារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​នាង​មិនធ្លាប់​បានឮ​គម្រោង​ពុះ​ដី​ឡូ​តិ៍​ណា​ដែល​លក់​ជា​ចម្ការ​មួយ​ហិ​ក​តារ​ៗ​ ​ហើយ​ក្រុមហ៊ុន​មាន​ទាំង​សេវា​បង់​រំលោះ​ ​និង​សេវា​ថែ​ទាំង​ដំណាំ​ឱ្យ​រហូតដល់​បានផល​ ​ហើយ​ជា​ប្រភេទ​ដីចម្ការ​ដែល​មាន​ប្លង់​កម្មសិទ្ធិ​បែបនេះ​នោះ​ទេ​ ​ទើប​កញ្ញា​យល់ថា​ ​នាងខ្ញុំ​នឹង​សិក្សា​ទិញ​ចម្ការ​ធុរ៉េ​នពី​ក្រុមហ៊ុន​នេះ​ឱ្យ​បាន​មួយចំនួន​ ​អាស្រ័យ​ទៅតាម​ការ​ចង់បាន​ជាក់ស្ដែង​។​

    ​កញ្ញា​បាន​បន្ដ​ទៀត​ថា​ខ្លួន​ចង់បាន​ដី​ចម្ការ​ធុរ៉េ​បែបនេះ​ជាយូរមកហើយ​ ​ប៉ុន្តែ​បណ្ដាលមកពី​ខ្វះ​អ្នកមើល​ថែទាំ​ដំណាំ​ ​និង​មិន​ចង់​ចំណាយ​ថវិកា​ទាំងដុល​តែម្ដង​ ​ទើប​កញ្ញា​ចេះ​តែ​ឃ្វាង​ៗ​រឿង​ទិញ​ចម្ការ​នេះ​។​ ​កញ្ញា​បញ្ជាក់​ថា​ក្រោយពេល​បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​លក់​ចម្ការ​របស់​គម្រោង​«​ឋាន​ព្រះឥន្ទ​ជាតិ​ធី​»​បាន​ធ្វើ​ឱ្យ​នាង​ចាប់អារម្មណ៍​តែម្ដង​ ​ដោយ​ក្នុងចំណោម​ប្រភេទ​ចម្ការ​ទាំងអស់​គឺ​នាង​ពេញចិត្ត​គម្រោង​ចម្ការ​ធុរ៉េ​ន​ ​និង​ខេត្តកំពត​។​ ​នៅក្នុង​ពិធី​នោះ​ ​នាង​ថា​ខ្លួន​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ ​ទើប​នាង​នៅ​កំដរ​ពិធី​តាំងពី​ព្រលប់​រហូតដល់​ចាប់​រង្វាន់​ធំ​ហើយ​ ​ហើយ​ថែមទាំង​បកស្រាយ​បទចម្រៀង​ច្រើន​បទ​ ​ធ្វើ​ឱ្យ​ពិធី​ទាំងមូល​កញ្ជ្រោល​ខ្លាំង​។​

    ​យ៉ាងណាមិញ​លោក​ ​ហង្ស​ ​ព្រីន្ស​យ៉ា​ ​ម្ចាស់​គម្រោង​ ​និង​ជា​ប្រធាន​គម្រោង​ឈ្មោះ​ឋាន​ព្រះឥន្ទ​ ​បាន​បញ្ជាក់​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​ ​ដែល​ក្រុមហ៊ុន​របស់​លោក​សម្ងំ​ទិញ​បាន​ចម្ការ​អ្នកស្រី​រហូតដល់​រាប់ពាន់​ហិកតារ​ ​នៅ​ខេត្តមណ្ឌលគីរី​ ​រតនៈ​គីរី​ ​កំពត​ ​និង​ ​ពោធិ​សាត់​ជាដើម​ ​ហើយ​បាន​វិនិយោគ​ដាំ​ជាដំណាំ​ផ្សេង​អាស្រ័យ​ទៅតាម​សណ្ឋានដី​។​ ​ប៉ុន្តែ​ដោយសារ​ក្រុមហ៊ុន​យល់ថា​បើ​ក្រុមហ៊ុន​បន្ត​វិនិយោគ​ដំ​ណាំ​ធុរ៉េ​ន​ ​ដូងក្រអូប​ ​និង​ប័រ​ ​តែម្នាក់ឯង​របៀប​នេះ​ ​គឺ​នៅ​ថ្ងៃណាមួយ​ពិតជា​មាន​ហានិភ័យ​ ​អ៊ីចឹង​ហើយ​ទើប​ក្រុមហ៊ុន​សម្រេច​ពុះ​ដីចម្ការ​ដែល​ខ្លួន​ទិញ​បាន​រហូតដល់​រាប់ពាន់​ហិកតារ​នោះ​ ​ជា​ឡូ​តិ៍​តូច​ៗ​វិញ​ ​ដោយ​ក្នុង​ឡូ​តិ៍​មាន​ទំ​ហ៊ំ1ហិ​ក​តារ​ៗ​ ​ហើយ​លក់​បង់​រំលោះ​។​ ​ប៉ុន្តែ​ក្រុមហ៊ុន​នៅតែ​បន្ត​ផ្ដល់​ជូន​នូវ​ពូជ​ដំណាំ​ ​និង​ការថែទាំ​ដោយ​បុគ្គលិក​ជំនាញ​រហូតដល់4ឆ្នាំ​ ​ឬ6ឆ្នាំ​ ​ដែល​ជា​រយៈពេល​ឱ្យ​បង់​រំលោះ​នោះ​ ​ដើម្បី​ឱ្យ​ចម្ការ​ទាំងឡាយ​នៅតែ​មាន​ដំណាំ​ចេញ​ផ្លែ​ចេញផ្កា​ ​ងាយស្រួល​អោយ​ក្រុមហ៊ុន​ទទួល​ទិញ​ផល​។​ ​លោក​ថា​គម្រោង​ដីចម្ការ​ពុះ​ឡូ​តិ៍​របស់​ខ្លួន​ ​មានតម្លៃ​ពី14,000​ ​រហូតដល់​ជាង4ម៉ឺន​ក្នុង​មួយ​ហិកតារ​ ​ដោយ​នៅ​ទឹកដី​ខេត្តមណ្ឌលគីរី​ ​គឺជា​ចម្កា​រប័រ​ ​នៅ​កំពត​ជា​ចម្ការ​ធុរ៉េ​ន​ ​និង​នៅ​ខេត្តពោធិ៍សាត់​គឺជា​ចម្ការ​ដូងក្រអូប​។​ ​ក្នុង​នោះ​ក្រុមហ៊ុន​ក៏​នឹង​ពុះ​លក​ក់​ចម្ការ​ក្រូច​ ​និង​ចម្ការ​ឬស្សី​ ​ជា​ហិ​ក​តារ​ៗ​អោយ​បង់​រំលោះ​បែបនេះ​ ​ក្នុង​ពេល​ខាងមុខ​ផង​ដែរ​៕​

  • Chelsea​ ​ផ្តួល​ ​Spurs​ ​ធ្វើ​ឱ្យ​លោក​ ​Sarri​ ​ធូរស្រាល​ ​ខណៈ​ ​Liverpool​ ​លត់​ ​Watford​ ​

    Chelsea​ ​ផ្តួល​ ​Spurs​ ​ធ្វើ​ឱ្យ​លោក​ ​Sarri​ ​ធូរស្រាល​ ​ខណៈ​ ​Liverpool​ ​លត់​ ​Watford​ ​

    ​ក្រុម​ ​Chelsea​ ​បាន​នាំ​យក​ស្នាមញញឹម​វិល​ទៅកាន់​ផ្ទៃមុខ​របស់​លោក​ ​Maurizio​ ​Sarri​ ​វិញ​ ​តាមរយៈ​ការ​យកឈ្នះ​ក្នុង​លទ្ធផល​ ​2​-​០​ ​លើ​ក្រុម​ ​Tottenham​ ​ដើម្បី​កាត់បន្ថយ​សម្ពាធ​ផ្សេង​ៗ​ពីលើ​អ្នកចាត់ការ​ទូទៅ​របស់​ពួកគេ​ ​ក្រោយពី​អ្នកចាំទី​ ​KepaArrizabalaga​ ​មិន​ត្រូវ​បាន​ដាក់​ឱ្យ​ចូលលេង​ ​បន្ទាប់ពី​ភាព​ចម្រូង​ចម្រាស់​នៅ​កីឡដ្ឋាន​ ​Wembley​។​

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទីនៅ​តង់​ទី2​ ​របស់​ខ្សែប្រយុទ្ធ​ ​Pedro​ ​និង​ការ​ធ្វើ​ឱ្យ​បាល់​ចូល​ទី​ខ្លួនឯង​ពីសំណាក់​ខ្សែការពារ​ ​Kieran​ ​Trippier​ ​បាន​បង្កើត​ការ​ជឿជាក់​ឡើងវិញ​សម្រាប់​លោក​ ​Sarri​ ​ខណៈ​ដែល​អ្នកចាត់ការ​ទូទៅ​រូប​នេះ​ ​កំពុងតែ​ប្រយុទ្ធ​ដើម្បី​គេច​ឱ្យ​ផុត​ពី​ការ​បណ្តេញ​ចេញ​ ​ក្រោយពី​ជួប​ភាព​ជ្រួលច្របល់​ក្នុង​រដូវ​កាល​ទី1​ ​របស់​លោក​ក្នុងនាម​ជា​គ្រូបង្វឹក​។​

    ​ជំហរ​របស់​លោក​ ​Sarri​ ​ត្រូវ​បាន​កម្ទេច​ដោយ​អ្នកចាំទី​ ​Kepa​ ​ក្រោយពី​អ្នកចាំទី​រូប​នេះ​បាន​បង្កើត​ឱ្យ​មានការ​ផ្ទុះ​កំហឹង​ពី​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូប​នេះ​ ​នៅពេល​ដែល​រូបគេ​បាន​បដិសេធ​ក្នុង​ការ​ប្តូរ​ចេញ​ ​ក្នុង​ពេល​ប្រកួត​ពាន​ ​League​ ​Cup​ ​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃអាទិត្យ​។​ ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ខ្សែប្រយុទ្ធ​ ​Sadio​ ​Mane​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ ​2គ្រាប់​ ​ខណៈ​ដែល​ក្រុម​ ​Liverpool​ ​បាន​រក្សា​ការ​នាំមុខ​របស់​ខ្លួន​ពីលើ​ក្រុម​ ​Manchester​ ​City​ ​នៅ​លើកំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​ក្រោយពី​កម្មវិធី​ប្រកួត​ដ៏​មមាញឹក​កាលពី​ថ្ងៃពុធ​ ​ដែល​មាន​ក្រុម​កំពូល​ទាំង7​ ​ចូលរួម​។​

    ​ក្រុម​របស់​លោក​ ​Jurgen​ ​Klopp​ ​បាន​យកឈ្នះ​លើ​ក្រុម​ឡើង​ទម្រង់​លេង​ ​Watford​ ​យ៉ាង​ងាយ​ក្នុង​លទ្ធផល​ ​5​-​០​ ​នៅ​កីឡដ្ឋាន​ ​Anfield​ ​ដើម្បី​លុបចោល​ការ​បា​រម្ភ​ផ្សេង​ៗ​ជុំវិញ​ការ​រក្សា​ភាព​ខ្លាំង​របស់​ពួកគេ​ ​ខណៈ​ដែល​ពួកគេ​កំពុងតែ​ប្រជែង​យក​ពាន​ក្របខ័ណ្ឌ​កំពូល​ជា​លើក​ទី1​ ​បើ​គិត​ចាប់តាំងពី​ឆ្នាំ1990​។​

    ​ដោយឡែក​ ​ក្រុម​ ​Man​ ​City​ ​បាន​បំបែក​តំបន់​ការពារ​ដ៏​រឹងមាំ​របស់​ក្រុម​ ​West​ ​Ham​ ​នា​កីឡដ្ឋាន​ ​Etihad​ ​ក្នុង​ការប្រកួត​តង់​ទី2​ ​ដើម្បី​រក្សា​ការ​ដេញ​តាម​ពីក្រោយ​ក្រុម​ ​Liverpool​ ​ចំនួន​ ​1ពិន្ទុ​ឱ្យ​នៅ​ដដែល​៕​ ​


  • Fury​ ​ប្រកាស​ពី​ការ​ឡើង​សង្វៀន​ប្រកួត​ ​1លើក​ ​មុន​ប្រកួត​សងសឹក​ ​Wilder​ ​

    Fury​ ​ប្រកាស​ពី​ការ​ឡើង​សង្វៀន​ប្រកួត​ ​1លើក​ ​មុន​ប្រកួត​សងសឹក​ ​Wilder​ ​

    ស្ថាប័ន​ ​WBCបាន​បញ្ជាក់​ថា​ ​កីឡាករ​ប្រដាល់​ ​Tyson​ ​Fury​ ​បាន​បញ្ជាក់​ប្រាប់​ក្រុមប្រឹក្សា​កីឡាប្រដាល់​ពិភពលោក​ ​(​WBC​)​ ​ថា​ ​រូបគេ​មាន​គម្រោង​ក្នុង​ការប្រកួត​ជាមួយនឹង​ដៃគូ​មិនទាន់​ស្គាល់ឈ្មោះ​ម្នាក់​ជាមុន​សិន​ ​មុននឹង​ធ្វើការ​ប្រកួត​សងសឹក​ជាមួយនឹង​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់​ ​Deontay​ ​Wilder​។​

    ​WBC​ ​បានឱ្យ​ដឹង​នៅ​លើ​បណ្តាញ​សង្គម​ ​Twitter​ ​ថា​ ​WBC​ ​ទទួល​បានការ​បញ្ជាក់​ប្រាប់​ពី​ក្រុមការងារ​របស់​ ​Furyថា​ ​រូបគេ​កំពុងតែ​មាន​គម្រោង​ឡើង​ប្រកួត​ ​1លើក​ទៀត​ ​មុន​ពេល​វិល​ទៅកាន់​សង្វៀន​ប្រកួត​សងសឹក​ជាមួយនឹងWilder​។​
    ​កីឡាករ​ ​Wilder​ ​និង​ ​Fury​ ​បាន​ទទួល​ត្រឹម​លទ្ធផល​ស្មើ​ ​ក្នុង​ការប្រកួត​នៅ​ទីក្រុង​ ​Los​ ​Angeles​ ​កាលពី​ខែធ្នូ​ ​កន្លងទៅ​ ​ក្រោយពី​បាន​តស៊ូ​គ្នា​ចំនួន​ ​12ទឹក​នៅ​លើ​សង្វៀន​ ​Staples​ ​Center​។​

    ការប្រកួត​សងសឹក​របស់​ពួកគេ​អាច​នឹង​ក្លាយជា​ការប្រកួត​មួយ​ក្នុងចំណោម​ការប្រកួត​ដ៏​រំភើប​បំផុត​ប្រចាំឆ្នាំ​ ​ក្រោយពី​ការ​ជួប​ប្រកួត​ជា​លើក​ទី1​ ​បាន​បង្កើត​ឱ្យ​មានការ​ចាប់អារម្មណ៍​ឡើងវិញ​ទៅលើ​កកី​ឡា​ប្រដាល់​ទម្ងន់​ធ្ងន់​។​ ប៉ុន្តែ​ ​ទោះបីជា​យ៉ាងណា​ ​ភាព​មិន​ច្បាស់​ការ​ផ្សេង​ៗ​ទៅលើ​ការប្រកួត​សងសឹក​ដែល​អាច​ទៅរួច​មួយ​នេះ​ ​បាន​ផ្ទុះឡើង​កាលពី​សប្តាហ៍​មុន​ ​នៅពេល​ដែល​ ​Fury​ ​បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ​ជាមួយនឹង​ក្រុមហ៊ុន​រៀបចំ​ការប្រកួត​របស់​អាមេរិក​ ​Top​ ​Rank​ ​និង​ទូរទស្សន៍​ ​ESPN​ ​ដែល​បង្កើត​ឱ្យ​មាន​ភាព​ស្មុគស្មាញ​ខ្លាំង​លើ​ការ​ចរ​ចា​ផ្សេង​ៗ​ជាមួយនឹង​ ​Wilder​។​

    ​កាលពី​ថ្ងៃអង្គារ​កន្លងទៅ​ ​ស្ថាប័ន​ ​WBC​ ​បាន​ប្រកាស​ថា​ ​ក្រុមការងារ​របស់​កីឡាករ​ ​Fury​ ​បាន​បញ្ជាក់​ប្រាប់​ដល់​អង្គភាព​នេះ​ថា​ ​ពួកគេ​មាន​គម្រោង​ឱ្យ​ ​Fury​ ​ឡើង​ប្រកួត​យ៉ាងហោចណាស់​ ​1លើក​ទៀត​ ​មុន​ពេល​រៀបចំ​ការប្រកួត​សងសឹក​ជាមួយ​ ​Wilder​ ​។​

    Wilder​ ​សញ្ជាតិ​អាមេរិក​ ​វ័យ​ ​33ឆ្នាំ​រូប​នេះ​ ​មានកំណត់​ត្រា​ឈ្នះ​ ​40លើក​ ​មិនដែល​ចាញ់​ ​និង​ស្មើ​ ​1លើក​ ​ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ដល់ទៅ​ ​39លើក​។​ ​កីឡាករ​ ​Fury​ ​វ័យ​ ​30ឆ្នាំ​ ​មានកំណត់​ត្រា​មិន​ស្គាល់​ចាញ់​ដូចគ្នា​ ​ដោយ​ឈ្នះ​ ​27លើក​ ​ស្មើ​ ​1លើក​ ​ក្នុង​នោះ​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ចំនួន​ ​19លើក​៕​ ​

  • ឱកាស​ស្វែងយល់​ពីអ​ចលនទ្រព្យ​នៅ​អូស្ត្រាលី​

    ឱកាស​ស្វែងយល់​ពីអ​ចលនទ្រព្យ​នៅ​អូស្ត្រាលី​

    យោង​តាម​តួលេខ​គណនេយ្យ​ជាតិ​ចុងក្រោយ​បង្អស់​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​ស្ថិតិ​ អូស្ត្រាលី ​(The​ Australian​ Bureau​ of​ Statistics​ ឬ ABS​) បាន​បង្ហាញថា​ បន្ទាប់ពី​កំណើន​ 2.1​%ក្នុង​ឆ្នាំ2016​-17​ ផលិតផល​ក្នុង​ស្រុក​សរុប​ពិតប្រាកដ​របស់​ប្រទេស​អូស្ត្រាលី​បាន​កើនឡើង​ 2.9​% ក្នុង​ឆ្នាំ2017​-18​។

    បច្ចុប្បន្ន​អូស្ត្រាលី​កំពុង​ឈាន​ដល់​ឆ្នាំទី28​ នៃ​កំណើន​សេដ្ឋ​កិ​ច្ច​ជាប់​ៗគ្នា​ ហើយ​ក្នុង​ចន្លោះ​ឆ្នាំ2019​ និង​ឆ្នាំ2023​ សេដ្ឋកិច្ច​របស់​ប្រទេស​អូស្ត្រាលី​ត្រូវ​បាន​ព្យាករ​ថា​ នឹង​មាន​ភាព​ប្រសើរ​ជាង​សេដ្ឋកិច្ច​របស់​ប្រទេស​ជឿន​លឿន​ធំៗ​ដទៃទៀត​។ នេះ​បើ​យោង​តាម​របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​ពិភពលោក​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF​) កាលពី​ខែមេសា​ ឆ្នាំ2018​។

    ដោយឡែក​តំបន់​ ហ្គោល​ខូ​ស្ត​ (Gold​ Coast​) ឬឆ្នេរសមុទ្រ​មាស​ គឺជា​ទិសដៅ​របស់​អ្នកទេសចរ​អូស្ត្រាលី​ដែល​មាន​ចំនួន​ប្រហែល​ 11លាន​នាក់​ក្នុង​មួយឆ្នាំ​។ គួរ​ឱ្យ​ភ្ញាក់ផ្អើល​ណាស់​ ទីក្រុង​នេះ​មាន​សមត្ថភាព​ផលិត​ទ្វេដង​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ខ្លួន​ប្រហែល18,9ដុល្លារ​អូស្ត្រាលី​ក្នុងរយៈពេល10ឆ្នាំ​។ វា​ក៏​ចង្អុលបង្ហាញ​ផង​ដែរ​នូវ​ការ​អភិវឌ្ឍ​ GDP​ 5% យ៉ាង​ជាប់លាប់​។ ខាងក្រោម​នេះ​គឺជា​កិច្ច​សម្ភាសន៍​រវាង​លោក​ Duke​ Vaughan​ នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ Crown​ Realty​ International​ អំពី​អចលនទ្រព្យ​នៅ​តំបន់​ ហ្គោល​ខូ​ស្ត​ (Gold​ Coast​ City​)។

    1- តើ​បច្ចុប្បន្ន​អចលនទ្រព្យ​នៅ​ប្រទេស​អូស្ត្រាលី​មានការ​រីកចម្រើន​កម្រិត​ណា​ដែរ​?
    ប្រទេស​អូស្ត្រាលី​ ជា​ប្រទេស​អភិវឌ្ឍន៍​ហើយក៏​ពិតមែន​ តែ​វិនិយោគិន​ក៏​នៅតែ​មានឱកាស​វិនិយោគ​ដែរ​ ព្រោះ​មនុស្ស​តែង​មាន​កំណើន​រហូត​ជាមួយនឹង​ការ​រីកចម្រើន​។ បើ​មនុស្ស​មានការ​កើនឡើង​ ដូច្នេះ​តែងតែ​ត្រូវការ​ឧបករណ៍​ប្រើប្រាស់​ និង​អចលនទ្រព្យ​ ដូច្នេះ​ធ្វើ​ឱ្យ​វិស័យ​នេះ​មានការ​រីកចម្រើន​ខ្ពស់​មែនទែន​នៅ​អូស្ត្រាលី​ ដែលគេ​អាច​បាន​ហៅថា​ អចលនទ្រព្យ​បែប​ឡាយ​ហ្វ៍​ស្តាយ​ល៍​។

    2- តើ​ការ​រីកចម្រើន​អចលនទ្រព្យ​នោះ​មាន​កំណើន​ប៉ុន្មាន​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង GDP​?
    វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​អូស្ត្រាលី​ បើ​និយាយ​ពី​ការប្រៀបធៀប​ ផ.ស.ស​ (GDP​) វា​មាន​ទី​ផ្សារ​ខុស​ៗគ្នា​ទាំងអស់​ពី​តំបន់1​ ទៅ​តំបន់1​ ដូចជា​ ហ្គោល​ខូ​ស្ត​ គឺជា​តំបន់​មួយ​ដែល​មានការ​រីកចម្រើន​ GDP លើសច្រើន​ដែល​យើង​អាច​បញ្ជាក់​បាន​ថា​ មានការ​កើនឡើង​ចំនួន​ភាគរយ​ គឺ​លើស​ពី GDP នៃ​ប្រទេស​អូស្ត្រាលី​ទាំងមូល​។ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​អូស្ត្រាលី​បាន​កើនឡើង​ 2.8​% ក្នុង​ឆ្នាំ2017​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​។ អត្រា​នេះ​គឺ​ 5/10នៃ​ចំនួន​មួយ​ខ្ពស់​ជាង​តួលេខ​នៃ​ការ​កើនឡើង​ 2.3​% នៅ​ឆ្នាំ2016​។ តួលេខ​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ2017​ មាន​ចំនួន​ 1,323,421លាន​ដុល្លារ​អូស្ត្រាលី​ជាប់​ចំណាត់ថ្នាក់​លេខ13​ នៅក្នុង​ចំណាត់ថ្នាក់​ GDP​ នៃ​ប្រទេស​ចំនួន196​។ ចំណែក​តំបន់​ ហ្គោល​ខូ​ស្ត​ (Gold​ Coast​) បាន​បង្ហាញ​នូវ​កំណើន​ការ​អភិវឌ្ឍ​ GDP​ 5%យ៉ាង​ជាប់លាប់​។

    3- តើ​ហេតុផល​អ្វី​ដែល​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ត្រូវ​វិនិយោគ​អចលនទ្រព្យ​នៅ​ប្រទេស​អូស្ត្រាលី​?
    ហេតុផល​ដែល​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ត្រូវ​វិនិយោគ​អចលនទ្រព្យ​នៅ​ប្រទេស​អូស្ត្រាលី​ គឺ​ទាក់ទិន​នឹង​ការសិក្សា​រៀនសូត្រ​តែមួយគត់​ ដែល​បច្ចុប្បន្ន​មាននៅ​អូស្ត្រាលី​ តែ​ពុំ​ទាន់​មានការ​វិនិយោគ​ជា​ទ្រង់ទ្រាយ​ធំ​ ឬជា​ការ​បណ្តាក់​ទុន​នៅឡើយ​ទេ​ ដោយ​គ្រាន់តែ​មានការ​ទិញ​ រួច​ដាក់​ជួល​ គឺ​មាន​ជនជាតិ​ខ្មែរ​ច្រើន​ដែរ​ ព្រោះ​ការ​ដាក់​ជួល​វា​បាន​ចំណេញ​ (ក្នុង1សប្តាហ៍​ 500​ x 4(1ខែ​)=2,000ដុល្លារ​អូស្ត្រាលី​។ ពោល​គ្រាន់តែ​ជា​ការទិញ​ផ្ទះ​ដាក់​ជួល​ ពុំ​ទាន់​ថា​ជា​ការ​បណ្តាក់​ទុន​នៅឡើយ​។ ជា​រួមមាន​អ្នក​វិនិយោគ​មក​ពី​ប្រទេស​ចិន​ វៀតណាម​ សិង្ហបុរី​ ញូ​វហ្ស៊ី​លែន​។ល។

    ក្នុង​ហេតុផល​មួយទៀត​ គឺ​គាត់​ទិញ​ដើម្បី​ចង់បាន​សញ្ជាតិ​(តែ​មិនមែន​បានន័យ​ថា​ ទិញ​ផ្ទះ​បាន​សញ្ជាតិ​ទេ​ ទាល់តែ​មាន​លិខិត​បទដ្ឋាន​ និង​ការរស់នៅ​រយៈពេល​ 5ឆ្នាំ​)។

    4- ទាក់ទង​នឹង​ការទិញ​ផ្ទះនៅ​ប្រទេស​អូស្ត្រាលី​ តើ​រដ្ឋាភិបាល​របស់​ប្រទេស​អូស្ត្រាលី​មាន​ផ្តល់​ការ​លើកទឹកចិត្ត​ និង​លក្ខខណ្ឌ​អ្វីខ្លះ​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​ចង់ទៅ​រស់នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​?
    ក្នុង​ច្បាប់​ប្រទេស​អូស្ត្រាលី​ ពុំ​មានការ​ចែង​ច្បាស់​ពី​ការ​លើកទឹកចិត្ត​យ៉ាងម៉េច​ទេ​ តែបើ​ការអនុវត្ត​ផ្ទាល់​វិញ​ មានការ​លើកទឹកចិត្ត​រួចជាស្រេច​ គឺ​រដ្ឋាភិបាល​អូស្ត្រាលី​មាន​គោលនយោបាយ​លើកទឹកចិត្ត​ដល់​វិនិយោគិន​ដូច​នៅ​ស្រុកខ្មែរ​ដែរ​។

    ពោល​គឺ​ ជនបរទេស​មាន​សិទ្ធិ​ទិញ​ដី​ ទិញ​ផ្ទះ​ ជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​បាន​ ដោយ​រដ្ឋាភិបាល​នឹង​ផ្តល់​ប្លង់​រឹង​ដល់​អ្នកទិញ​អចលនទ្រព្យ​ គាត់​ក៏អាច​ចេញចូល​ប្រទេស​អូស្ត្រាលី​ដោយ​ការ​ផ្តល់​វី​សា​ និង​អ្នក​ដែល​មានបំណង​ចង់​ទិញ​ ដី​ ផ្ទះ​ ឬខុន​ដូ​គាត់​អាច​រក​អ្នកណា​ដែល​ផ្តល់​ដំបូន្មាន​ពីទី​តាំង​ កន្លែង​ ឬតំបន់​អភិវឌ្ឍន៍​ថ្មី​បាន​ ដែល​កន្លែង​ទាំងនោះ​ធ្វើ​ឱ្យ​គាត់​ចូលចិត្ត​ និង​មាន​ភាព​ងាយស្រួល​ក្នុង​ការរស់នៅ​ ឬសម្រាប់​ការសិក្សា​រៀនសូត្រ​របស់​កូន​ៗរបស់​គាត់​។

    5- រវាង​ផ្ទះ​ និង​ខុន​ដូ​នៅ​ប្រទេស​អូស្ត្រាលី​ តើ​មួយ​ណា​ដែល​ប្រជាជន​កម្ពុជា​ចាប់អារម្មណ៍​ទិញ​ច្រើនជាង​គេ​?
    រវាង​ផ្ទះ​ និង​ខុន​ដូ​នៅ​ប្រទេស​អូស្ត្រាលី​ ប្រជាជន​កម្ពុជា​ចាប់អារម្មណ៍​ទិញ​ច្រើនជាង​គេ​ គឺ​ផ្ទះ​(គេហដ្ឋាន​)ប៉ុន្តែ​គេ​មើលឃើញ​ភាព​ខុសគ្នា​រវាង​អាយុ​ បើ​អាយុ​ចាប់ពី​ 40ឆ្នាំ​ឡើង​គេ​បាន​ទិញ​ផ្ទះ​ទុក​សម្រាប់​ឱ្យ​កូន​ស្នាក់នៅ​ ងាយស្រួល​ក្នុង​ការរៀនសូត្រ​។ តែបើ​អ្នកទិញ​នោះ​អាយុ​ត្រឹម30ឆ្នាំ​ឡើង​ គាត់​តែង​ទិញ​ខុន​ដូ​។ ប៉ុន្តែ​ការទិញ​ផ្ទះ​ និង​ខុន​ដូ​ពុំ​មានតម្លៃ​ខុសគ្នា​ប៉ុន្មាន​ទេ​។

    6- ប្រសិនបើ​ចង់​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​អូស្ត្រាលី​ តើ​យើង​គួរតែ​ទិញ​ផ្ទះ​ ឬទិញ​ដី​ ឬទិញ​ខុន​ដូ​? និង​តើ​មួយ​ណា​អាច​មានឱកាស​ចំណេញ​លុយ​បាន​ច្រើនជាង​?
    តាមពិត​ទៅ​ វា​មាន​លក្ខណៈ​ផ្សេងគ្នា​បន្តិច​ នៅ​ស្រុក​គេៗ​ចង់​រស់នៅ​ខុន​ដូ​ជាង​ ព្រោះ​បើ​យើង​ចង់​ដាក់​ជួល​ វា​លឿន​ជាង​ តែបើ​យើង​លក់​ខុន​ដូ​ វា​មិន​ចំណេញ​ច្រើន​ដូច​លក់​ផ្ទះ​ទេ​។ តែ​ប្រសិនបើ​ឱ្យ​គេ​ទិញ​ផ្ទះ​ គេ​មិន​ចង់​ទិញ​ទេ​ ព្រោះ​បើ​ដាក់​ជួល​ វា​រាង​តឹងតែង​បន្តិច​(តែ​នៅតែ​អាច​ជួល​បាន​) ហើយ​បើ​យើង​ទុក​ផ្ទះ​នោះ​ឱ្យ​យូរ​ វា​នឹង​បាន​ថ្លៃជាង​ខុន​ដូ​ ហើយ​នៅពេល​យើង​ចង់​លក់​ ក៏​វា​ចំណេញ​ច្រើនជាង​លក់​ខុន​ដូ​ដែរ​។

    7- តើ​ការទិញ​ផ្ទះ​ ឬទិញ​ខុន​ដូ​នៅ​ទីក្រុង​ និង​ជនបទ​ខុសគ្នា​ដូចម្តេច​ខ្លះ​?
    ដោយសារ​នៅ​ ហ្គោល​ខូស​ (Gold​ Coast​) ជារ​ដ្ឋ​មួយ​នៅ​ប្រទេស​អូស្ត្រាលី​ ដែល​បើ​ប្រៀបធៀប​មក​ស្រុកខ្មែរ​ ដូចជា​តំបន់​អភិវឌ្ឍន៍​ថ្មី​ ដូ​ចនេះហ្គោល​ខូ​ស្ត​ជា​តំបន់​ទើប​អភិវឌ្ឍន៍​ មិន​ដូច​នៅ​ទីក្រុង​មែ​លប៊ន​ ឬស៊ីដនី​នៃ​ប្រទេស​អូស្ត្រាលី​ដែល​បាន​ក្លាយជា​តំបន់​អភិវឌ្ឍន៍​ជឿនលឿន​យូរហើយ​នោះ​ទេ​។

    ដូច្នេះ​មានការ​កើនឡើង​នៃ​ចំនួន​មនុស្ស​ដែល​ចង់ទៅ​រស់នៅ​ ហើយ​សេចក្តី​ត្រូវការ​ក៏​កើនឡើង​ដែរ​ព្រោះ​វា​នៅ​មាន​សល់​ចន្លោះ​នៃ​ការ​អភិវឌ្ឍ​ច្រើន​ ខុសពី​ទីតាំង​នៃ​តំបន់​ជឿនលឿន​មួយចំនួន​ បានន័យ​ថា​ នៅ Gold​ Coast​ នៅ​មាន​សល់​ចន្លោះ​នៃ​ការ​អភិវឌ្ឍ​ច្រើន​ វា​ទូលាយ​ និង​ជា​តំបន់​សមុទ្រ​ ជា​តំបន់​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ដែល​បាន​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នក​ចង់​ទិញ​ខុន​ដូ​ ផ្ទះ​ ឬចង់​វិនិយោគ​។ នៅ​ទីក្រុង​ Gold​ Coast​ City​ សេវាកម្ម​ជួល​ និង​អចលនទ្រព្យ​មានការ​លក់​ក្នុង​ស្រុក​ខ្ពស់​បំផុត​ ដោយ​បង្កើត​បាន​ 12,637លាន​ដុល្លារ​ក្នុង​ឆ្នាំ2017​/18​។

    8- ប្រសិនបើ​យើង​មិន​មាន​លុយ​គ្រប់​ក្នុង​ការទិញ​អចលនទ្រព្យ​នៅ​ប្រទេស​អូស្ត្រាលី​ តើ​ធនាគារ​នៅ​ប្រទេស​អូស្ត្រាលី​អាច​ឱ្យ​យើង​ខ្ចី​បង់​រំលស់​លើ​អចលនទ្រព្យ​នោះ​ទេ​? ហើយ​ត្រូវ​មាន​លក្ខខណ្ឌ​អ្វីខ្លះ​?
    ក្នុង​ការទិញ​អចលនទ្រព្យ​នៅ​ប្រទេស​អូស្ត្រាលី​បើ​យើង​មិន​មាន​លុយ​គ្រប់​ យើង​អាច​ដាក់​ការ​ស្នើសុំ​បាន​ តែ​សម្រាប់​ជនបរទេស​ ឬជនជាតិ​ខ្មែរ​ជា​ការ​លំបាក​ ព្រោះ​ជា​ការ​ឆ្លង​ប្រទេស​ និង​ដោយសារតែ​គេ​មិន​ស្គាល់​ប្រវត្តិ​របស់​យើង​។ ប៉ុន្តែ​គេ​មាន​ 2កម្រិត​ គឺ​ធនាគារ​ និង​របៀប​ជា​មីក្រូហិរញ្ញវត្ថុ​ដូច​នៅ​ស្រុក​យើង​ដែរ​ ដែលគេ​អាច​ពិចារណា​លើ​សំណើ​ដែល​យើង​បាន​ស្នើសុំ​។

    តែ​យើង​ត្រូវ​ឱ្យ​យល់​ពីរ​បៀ​បទិ​ញរ​បស់​គេ​ គឺ​នៅ​អូស្ត្រាលី​វា​ខុសពី​ស្រុក​យើង​ ការទិញ​ដីធ្លី​ ផ្ទះសំបែង​មិន​មានការ​បង់​រំលស់​ទេ​។ បើ​យើង​មាន​ប្រាក់​ត្រឹម​ 20​% (ដែល​ជា​ប្រាក់ Diposit​ គេដាក់​ក្នុង​ធនាគារ​)យើង​អាច​កក់​ប្រាក់​ទិញ​ផ្ទះ​បាន​។ រហូតដល់​កាលបរិច្ឆេទ​ចុងក្រោយ​ (ក្នុង​ពេល​បញ្ចប់​គម្រោង​)យើង​នៅ​មាន​ពេលវេលា​ ដូចជា​ការ​បង់​រំលស់​ដែរ​ ទើប​យើង​បង់​ផ្តាច់​ 80​% ដោយ​ទទួលលិខិត​ផ្ទេរ​-ប្រគល់​ និង​បាន​គេហដ្ឋាន​ដែល​យើង​បាន​ទិញ​នោះ​។

    9- ប្រសិនបើ​ឪពុក​ម្តាយ​ដែល​ចង់ឱ្យ​កូន​ចូលរៀន​នៅ​ប្រទេស​អូស្ត្រាលី​ តើ​ការទិញ​ផ្ទះនៅ​ទីនោះ​ដើម្បី​ទុក​ឱ្យ​កូន​ស្នាក់នៅ​ និង​ជួលផ្ទះ​ឱ្យ​កូន​ស្នាក់នៅ​ដើម្បី​រៀន​ តើ​មួយ​ណា​ចំណេញ​ជាង​?
    តាមពិត​ ការទិញ​ផ្ទះ​វា​តែងតែ​ល្អ​ជាង​ការជួល​ផ្ទះ​ តែ​សួរ​ថា​ តើ​គាត់​មាន​លុយ​ដែរ​ទេ​? ប្រសិនបើ​យើង​មាន​លុយ​គ្រប់​សម្រាប់​ទិញ​ផ្ទះ​។ ឧទាហរណ៍​យើង​ទិញ​ផ្ទះ​មាន​ 3បន្ទប់​។ យើង​រស់នៅ​មិន​អស់​ទេ​ ដូច្នេះ​យើង​អាច​ជួល​ 2បន្ទប់​ដើម្បី​យក​ប្រាក់​នោះ​មក​បង្គ្រប់​ការ​បង់ថ្លៃ​ការសិក្សា​ និង​ថ្លៃ​ការរស់នៅ​របស់​កូន​បាន​ ពីព្រោះ​ផ្ទះ​អាច​ជួល​បាន​ថ្លៃ​ ទម្រាំ​កូន​រៀនចប់​។ លុះដល់​ពេល​រៀនចប់​ បើ​យើង​ចង់​លក់​ក៏បាន​ចំណេញ​លើ​ការរៀនសូត្រ​របស់​កូន​ដែរ​។ ដូច្នេះ​ទិញ​ផ្ទះ​ល្អ​ជាង​ និង​ចំណេញ​ជាង​។

    ចំពោះ​ខុន​ដូ​វិញ​ក៏​ល្អ​ម្យ៉ាងដែរ​ តែ​សួរ​ថា​ តើ​យើង​មាន​លុយ​សម្រាប់​ទិញ​ដែរ​ឬទេ​? ព្រោះ​បើ​គាត់​មិន​មាន​លុយ​សម្រាប់​ទិញ​ផ្ទះ​ គាត់​អាច​ជួល​ខុន​ដូ​រស់នៅ​បាន​(1បន្ទប់​)គាត់​អាច​រស់នៅ​បាន​ដោយ​សុខ​ស្រួល​ក្នុង​បរិយាកាស​នៅ​ទីនោះ​ ឬដើម្បី​ការរៀនសូត្រ​៕

  • តារាចម្រៀងមិន​ភ្លេច​អតីតកាល​ពលករ​ជូរ​ជ​ត់​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ប្រកាស​សាងសង់​អគារសិក្សា​ភាសា​កូរ៉េ​

    តារាចម្រៀងមិន​ភ្លេច​អតីតកាល​ពលករ​ជូរ​ជ​ត់​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ប្រកាស​សាងសង់​អគារសិក្សា​ភាសា​កូរ៉េ​

    ​ប្រិយមិត្ត​អ្នកអាន​ប្រាកដជា​បាន​ជ្រាប​យ៉ាង​ច្បាស់​មក​ហើយ​ថា​ ​តារាចម្រៀង​ ​និង​ជា​ផលិតករ​ភាពយន្ដ​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​បាន​ឡើងជា​ឧកញ៉ា​វ័យក្មេង​លោក​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​ធ្លាប់​មាន​ប្រវត្តិ​ជូរចត់​ខ្លាំង​ណាស់​ទម្រាំ​បាន​ក្លាយទៅជា​មនុស្ស​ជោគជ័យ​ដូចសព្វថ្ងៃ​នេះ​ ​សឹងតែ​គ្មាន​អ្នកណា​នឹកស្មាន​ដល់​ឡើយ​។​ ​ជាង​នេះ​ទៅទៀត​ក្រៅពី​ ​ជំនួញ​ដ៏​ធំ​លោក​ក៏​លះបង់​មក​ធ្វើការងារ​ជារ​មនុស្សធម៌​ជា​ញឹកញាប់​ផង​ដែរ​។​

    គ្មាន​អ្នកណា​មិនដឹង​នោះ​ទេ​ថា​ ​តារាចម្រៀង​រូប​នេះ​ ​ល្បី​ខាង​ផ្នែក​សប្បុរសធម៌​រហូតដល់​ថ្នាក់​បំភ្លេច​ការ​បញ្ចេញស្នាដៃ​សិល្បៈ​ ​ដែល​ធ្លាប់​ជួយ​ឱ្យ​លោក​ទទួល​បាន​ប្រជាប្រិយ​ភាព​មុន​ក្លាយជា​អ្នកជំនួញ​។​ ​យ៉ាងណាមិញ​នៅមុន​នេះ​បន្តិច​ ​លោក​បាន​បញ្ជាក់​ប្រាប់​ពី​គម្រោង​ធំ2ដែលគេ​នឹកស្មាន​មិនដល់​ ​គឺ​ប្រកាស​ដំណើរការ​ផលិតកម្ម​ ​Galaxy​ ​ឡើងវិញ​ ​និង​ ​ប្រកាស​សង់សាលា​បណ្ដុះបណ្ដាល​ភាសា​កូរ៉េ​ដល់ទៅ3កន្លែង​ផ្សេងគ្នា​ក្នុង​ពេល​ខាងមុខ​ ​ដើម្បីអោយ​កូនខ្មែរ​ដែល​ចង់​ចេះ​ភាសា​កូរ៉េ​ ​និង​ចង់​ប្រលង​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​ ​មានលទ្ធភាព​គ្រប់គ្រាន់​ ​ដោយ​មិន​ចំណាយ​ប្រាក់​។​

    លោក​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​ក្នុង​ពេល​ដ៍​ខ្លី​នេះ​ ​ក្រៅពី​ធ្វើ​ឱ្យ​ផលិតកម្ម​ ​Galaxy​ ​ដំណើរការ​ឡើងវិញ​លោក​នឹង​សម្រេច​បោះទុន​ក្នុង​គម្រោង​សាងសង់​អគារសិក្សា​ភាសា​កូរ៉េ​ចំនួន1​ ​ក្នុងចំណោម3កន្លែង​ដែល​គ្រោង​សាងសង់​ ​ឬ​ ​អាច​សង់​ទាំង3កន្លែង​តែម្ដង​ ​ជូន​ដល់​អ្នក​ចង់​សិក្សា​កូរ៉េ​ ​ដែល​ចង់​ស្វែងរក​ការងារ​នៅក្នុង​ប្រទេស​កូរ៉េ​ ​និង​នៅក្នុង​ស្រុក​ថែមទៀត​ ​ដើម្បី​ឱ្យ​លោក​បាន​រួមចំណែក​លើកស្ទួយ​ទាំង​ក្នុង​វិស័យ​សិល្បៈ​ ​និង​លើកស្ទួយ​ធនធានមនុស្ស​ឱ្យ​បាន​ទន្ទឹមគ្នា​។​ ​លោក​នឹង​កំណត់​យក​ទីតាំង3ក្នុង​ការសាងសង់​សាលា​ភាសា​កូរ៉េ​នោះ​ ​ដោយ​ទី1នឹង​សង់​នៅ​ខេត្ត​ព្រះសីហនុ​ ​ទី2នៅ​ជាយ​រាជធានី​ភ្នំពេញ​ ​និង​ទី3នៅក្នុង​តំបន់​ប៉ោយប៉ែត​ ​ព្រំប្រទល់​ខ្មែរ​ថៃ​ ​ដោយ​គ្រោង​ប្រើ​ថវិកា​ប្រហាក់​ប្រហែល1លាន​ដុល្លារ​ ​និង​គ្រោង​សាង​សង់​ឆាប់​ៗ​។​​

    ​លោក​បន្ដ​ថា​ ​ហេតុផល​ដែល​លោក​សម្រេចចិត្ត​ចំណាយ​ទុន​ ​លើ​គម្រោង​បង្កើត​សាលា​កូរ៉េ​ ​គឺ​ដោយសារតែ​លោក​យល់ថា​តម្រូវការ​ភាសា​កូរ៉េ​មាន​ភាព​ចាំបាច់​ចំពោះ​ពលរដ្ឋ​ ​ហើយ​តម្រូវការ​ពលករ​ពី​កម្ពុជា​ទៅ​ធ្វើការ​នៅក្នុង​ប្រទេស​កូរ៉េ​ក៏​នៅ​មាន​ច្រើន​ ​ដែល​ចាំបាច់​ឱ្យ​លោក​ដែល​ជា​អតីត​ពលករ​នៅក្នុង​ប្រទេស​កូរ៉េ​ ​ដែល​បាន​មានឱកាស​បាន​ទទួលការ​សិក្សា​នា​ពេលនោះ​ទាំង​លំបាក​ ​គួរតែ​ងាក​មក​យកចិត្ត​ទុកដាក់​ដល់​ចំណុច​នេះ​ ​ក្រោយពេល​ជោគជ័យ​។​

    លោក​ថា​ ​សាលា​ដែល​គ្រោង​បង្កើត​នោះ​ ​មិន​ត្រឹមតែ​បង្កើត​តែ​អាគារ​ ​និង​បំពាក់​គ្រឿង​បរិ​ក្ខា​ពេញលក្ខណៈ​ជា​សាលា​ប៉ុណ្ណោះទេ​ ​សូម្បីតែ​គ្រូ​ដែល​មក​សិក្សា​ក៏​លោក​នឹង​រ៉ាប់រង​លើ​ការ​ចំណាយ​ទាំងស្រុង​ ​ដែល​មានន័យថា​ ​កូនសិស្ស​ដែល​ចុះឈ្មោះ​សិក្សា​នឹង​មិន​ខ្វល់​លើ​ការ​ចំណាយ​សូម្បី​មួយ​សេន​តាំងពី​ដើម​រហូតដល់​ចប់​។​ ​លោក​ក៏​នឹង​សង់​អគារ​សម្រាប់​អ្នក​ខេត្ត​ស្នាក់នៅ​ ​រហូតដល់​សិស្ស​ទាំងនោះ​ទទួល​បាន​ជំនាញ​អាច​ធ្វើការ​បាន​ផង​ដែរ​៕​