Category: សង្គម និងសេដ្ឋកិច្ច

  • កសិករ​នៅ​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ ​ចាប់ផ្តើម​ប្រើ​សត្វ​ទា​ដោះស្រាយ​បញ្ហា​ជំនួស​ថ្នាំពុល​

    កសិករ​នៅ​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​ ​ចាប់ផ្តើម​ប្រើ​សត្វ​ទា​ដោះស្រាយ​បញ្ហា​ជំនួស​ថ្នាំពុល​

    ​ដោយសារតែ​ការ​អភិវឌ្ឍ​ខ្លាំង​ជ្រុល​ផ្នែក​វិទ្យាសាស្រ្ត​ ​បាន​ធ្វើ​ឱ្យ​កសិករ​កាន់តែ​ច្រើន​ឡើង​ៗ​ក្នុង​ពិភពលោក​ចាប់ផ្តើម​ប្រើប្រាស់​សារធាតុគីមី​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទាំង​សុខភាព​របស់​អ្នកប្រើ​ប្រាស់​ ​និង​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។​ ​ដើម្បី​ដោះស្រាយ​លើ​ក្តី​កង្វល់​ទាំងអស់​នេះ​ ​ប្រទេស​ធំៗ​ផ្នែក​កសិកម្ម​ដូចជា​ ​ប្រទេស​ចិន​ ​ប្រទេស​ជប៉ុន​ ​ប្រទេស​អ៊ីរ៉ង់​ ​និង​បារាំង​ចាប់ផ្តើម​ប្រើប្រាស់​សត្វ​ទា​ដើម្បី​កម្ចាត់​សត្វល្អិត​ជំនួស​ឱ្យ​ថ្នាំពុល​កសិកម្ម​។​ ​

    ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ ​National​ ​Geographic​ ​បានឱ្យ​ដឹង​ថា​ ​បច្ចុប្បន្ន​នេះ​វិធី​សាស្រ្ត​បែប​បុរាណ​ទាំងអស់​នោះ​បាន​ក្លាយជា​វិធី​ដ៏​មាន​ប្រជាប្រិយ​ភាពជា​ថ្មី​ម្តង​ទៀត​នៅក្នុង​ការ​ធ្វើ​កសិកម្ម​ដែល​ស្ទើរតែ​មិន​គួរ​ឱ្យ​ជឿ​ ​តែ​វា​បាន​ផ្តល់​ប្រយោជន៍​ច្រើនណាស់​សម្រាប់​កសិករ​ ​និង​ពិភពលោក​។​ ​

    ​ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​គីមី​ក្នុង​វិស័យ​កសិកម្ម​ ​សត្វ​ទា​ត្រូវ​បាន​គេ​លែងឱ្យ​ចូល​ទៅ​ក្នុង​ស្រែ​ដើម្បី​ចាប់​សត្វល្អិត​ ​និង​ស៊ី​ស្មៅ​ដែល​រំខាន​ដល់​ការ​រីក​លូតលាស់​របស់​ស្រូវ​ ​ឬ​ដំណាំ​។​ ​សត្វ​ទា​ទាំងអស់​នោះ​ក៏អាច​ក្លាយជា​ភ្នាក់ងារ​កម្ចាត់​គ្រាប់​ស្មៅ​បាន​ផង​ដែរ​នៅក្នុង​វាលស្រែ​ ​ហើយ​លាមក​របស់​វា​វិញ​បាន​ក្លាយជា​ជី​ដ៏​មានប្រសិទ្ធភាព​ដែល​អាច​ជួយ​ដល់​គុណភាព​ដី​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទៀតផង​។​ ​ការ​ធ្វើបែប​នេះ​ត្រូវ​បាន​គេ​រក​ឃើញថា​ ​ធ្វើ​ឱ្យ​កសិករ​ចំណេញ​ច្រើន​ទាំង​ការ​ចំណាយ​លើ​ការទិញ​ថ្នាំពុល​កសិកម្ម​ ​និង​ការទិញ​ជី​កសិកម្ម​៕​ ​

  • កម្ពុជា​៖ អាស៊ាន​-ឥណ្ឌា​ រួមគ្នា​ធ្វើ​កំណែទម្រង់​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​

    កម្ពុជា​៖ អាស៊ាន​-ឥណ្ឌា​ រួមគ្នា​ធ្វើ​កំណែទម្រង់​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​

    រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ក្នុង​វេទិកា​ពិភាក្សា​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-ឥណ្ឌា​ លើក​ទី4​ ថា​ ការកាត់បន្ថយ​របាំង​ពន្ធគយ​ ការកាត់បន្ថយ​អត្រាពន្ធ​ និង​ការកាត់បន្ថយ​របាំង​ផ្សេង​ៗដែល​មិនមែន​ពន្ធគយ​ចំពោះ​ពាណិជ្ជកម្ម​ គឺជា​ធាតុ​សំខាន់​ក្នុង​ការ​ធ្វើ​សេរី​ភាវូបនីយកម្ម​ពាណិជ្ជ​ទំនិញ​ក្រោម​កិច្ច​ព្រមព្រៀង​ Trade​ liberalization​ under​ the​ Agreement​ ATIGA​ នឹងជា​ការ​បង្កើន​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើង​ពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ និង​លំហូរ​វិនិយោគ​ដោយ​ផ្ទាល់​ Direct​ Investment​ Flows​ (FDI​) ពី​ឥណ្ឌា​ចូល​មក​អាស៊ាន​ មានការ​កើនឡើង​ 3ដង​ ចាប់តាំងពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-ឥណ្ឌា​ The​ ASEAN​-India​ Free​ Trade​ Agreement​ (AIFTA​)បាន​ចូលជាធរមាន​នៅ​ថ្ងៃទី1​ ខែមករា​ ឆ្នាំ2010​។

    ជាក់ស្តែង​ក្នុងអំឡុងពេល​ដូចគ្នា​នេះ​ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI​)ទឹកប្រាក់​វិនិយោគ​ផ្ទាល់​ពី​ឥណ្ឌា​មកកាន់​អាស៊ាន​បាន​កើនឡើង​ពី​ 1.47ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2015​ ដល់​ 1.73ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ2017​។ ទន្ទឹមគ្នា​នេះ​ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាស៊ាន​ និង​ឥណ្ឌា​ សម្រេច​បាន​ទឹកប្រាក់​ 73.59ពាន់​លាន​ដុល្លារ​ គឺ​កើនឡើង​ 25.5​%ធៀប​នឹង​ឆ្នាំ2016​ ដែល​មានត្រឹមតែ​ 58.6​ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។

    ទន្ទឹម​នឹង​មានការ​វិវឌ្ឍ​ទៅមុខ​ជានិច្ច​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​សមាជិក​អាស៊ាន​ និង​ឥណ្ឌា​ លោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​អំពី​គន្លឹះ​សំ​ខាន់​ៗសម្រាប់​ធ្វើ​ឱ្យ​អាស៊ាន​ក្លាយជា​ទីផ្សារ​តែមួយ​ និង​ជា​មូលដ្ឋាន​ផលិតកម្ម​តាមរយៈ​ការ​ធ្វើ​សេរី​ភាវូបនីយកម្ម​លើ​ទំនិញ​ សេវាកម្ម​ និង​ការ​វិនិយោគ​។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា​ បើ​ទោះបីជា​មានការ​កាត់បន្ថយ​នូវ​របាំង​មិនមែន​ពន្ធគយ​ យ៉ាងណាក៏ដោយ​ ក៏​នៅតែ​មាន​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​ បាន​និង​កំពុង​បន្ត​ដាក់​របាំង​មិនមែន​ពន្ធគយ​ដែល​មាន​ដូចជា​ SPS​ និង​ TBT​ ដែល​ទាំងនេះ​ជា​ឧបសគ្គ​រារាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​ ជាពិសេស​សម្រាប់​ប្រទេស​ដែល​មានការ​អភិវឌ្ឍ​តិចតួច​ ដូចជា​ប្រទេស​កម្ពុជា​ ឡាវ​ និង​មីយ៉ាន់ម៉ា​។

    ឯកឧត្តម​បាន​លើកឡើង​ថា​ ដើម្បី​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​មានការ​-រីកចម្រើន​ទាំង​ក្នុង​តំបន់​ និង​សកលលោក​ គ្រប់​បណ្តា​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ាន​ និង​បណ្តា​ប្រទេស​ដៃគូ​ផ្សេងទៀត​ គួរ​យកចិត្ត​ទុកដាក់​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការកាត់បន្ថយ​ ឬលុបបំបាត់​នូវ​របាំង​មិនមែន​ពន្ធគយ​ ក៏ដូចជា​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ លំហូរ​នៃ​ព័ត៌មាន​ សុខដុម​នី​យក​ម្ម​ និង​ការ​ទទួលស្គាល់​កម្រិត​ស្តង់​ដា​គ្នា​ទៅវិញទៅមក​ ដើម្បី​ឈាន​ឆ្ពោះទៅ​រក​ការកាត់បន្ថយ​របាំង​ពាណិជ្ជកម្ម​ ជាពិសេស​របាំង​មិនមែន​ពន្ធគយ​។

    ឯកឧត្តម​ ស៊ាង​ ថៃ​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ឡា​រ៉ែ​ន ពាណិជ្ជ​ តាម​ទូរស័ព្ទ​ថា​ នៅក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​ វា​មិនមែន​ត្រឹមតែ​ជា​ការដោះដូរ​ទូទាត់​ទំនិញ​ដូច​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​ធម្មតា​នោះ​ទេ​។

    ជា​លក្ខណៈ​អន្តរជាតិ​ ការ​ដោះ​ពាណិជ្ជកម្ម​ មហាជន​តែង​មានការ​ផ្តោត​លើ​ពន្ធ​នាំចូល​ដែលគេ​បាន​ចរចា​គ្នា​រួចហើយ​ដែរ​ នៅក្នុង​តំបន់​អាស៊ាន​ គឺ​ពន្ធ​នាំចូល​ 0%ទាំងអស់​ ដែល​បច្ចុប្បន្ន​យើង​មាន​ទំនិញ​រាប់​លាន​មុខ​ តែ​គេ​បាន​រៀប​ជាលំដាប់​ថ្នាក់​ និង​បែងចែក​ជា​ប្រភេទ​របស់​វា​ ដោយ​គេ​ធ្វើជា​តារាង​ពន្ធ​ទៅតាម​លំដាប់​ថ្ងៃ​ ខែ​ ដែល​បាន​កំណត់​ តែ​វា​មិន​មាន​បញ្ហា​ធំ​ទៀត​ទេ​។ ប្រទេស​សមាជិក​អាស៊ាន​បាន​ធ្វើ​កិច្វកា​រនេះ​រួចស្រេច​ហើយ​ ដូចជា​នៅ​ប្រទេស​សិង្ហបុរី​ជាដើម​ ការនាំចូល​ ពន្ធគយ​គឺ​សូន្យ​ តែ​គេ​នៅ​យក​លើ​មុខទំនិញ​ខ្លះ​ ដូចជា​រថយន្ត​ ប្រេងឥន្ធនៈ​ និង​ស្រា​ ជាដើម​ ដូច​ប្រទេស​យើង​ដែរ​។

    ឯកឧត្តម​អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​៖ “ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ វា​នៅ​មាន​របាំង​មិនមែន​ពន្ធ​ផ្សេងទៀត​ដែលគេ​ហៅថា​ វិធានការ​មិនមែន​ពន្ធ​ Non​-tariff​ measures​ NTM​ និងNon​-tariff​ barriers​ NTB​ ដែល​ក្នុង​នោះ​មាន​ផ្នែក​តូច​ៗទៀត​ ដូចជា​ SPS​ ដែល​និយាយ​ពី​រឿង​អនាម័យ​ ជាដើម​ ឧទាហរណ៍​ ដូចជា​ការនាំចូល​ផ្លែស្វាយ​ ដល់ពេល​នាំចូល​ទៅ​ គេ​ថា​មិន​ឱ្យ​ចូល​ ព្រោះ​ខុស​បច្ចេកទេស​ ដោយសារ​ដាក់ជី​គីមី​ច្រើន​ ជាដើម​”។

    ចំណែក​ TBT​ Technical​ Barrier​ toTrade​ របាំង​ពន្ធ​បច្ចេកទេស​(ពាក់ព័ន្ធ​នឹង​បញ្ហា​បច្ចេកទេស​)ឬឧទាហរណ៍​ទំនិញ​មួយ​ដែល​យើង​នាំចូល​ ការ​ដាំ​មិនមែន​បញ្ហា​ទេ​ តែ​គេ​មិន​ចង់ឱ្យ​នាំចូល​ គេ​បាន​ឃាត់​ថា​ វា​មាន​បញ្ហា​នេះ​ បញ្ហា​នោះ​-ល- ត្រូវការ​ត្រួតពិនិត្យ​បន្ថែម​ បង្ក​ធ្វើ​ឱ្យ​មានការ​លំបាក​ជា​ឧបសគ្គ​ ទោះ​មាន​ពន្ធ0​%ក៏​មិន​អាច​នាំចូល​កើត​ដែរ​ដែល​របាំង​មិនមែន​ពន្ធ​ទាំងនេះ​ ត្រូវតែ​មាន​វិធានការ​បន្ថែម​ទៀត​ ព្រោះ​ជា​រឿង​ពិបាក​”។

    ឯកឧត្តម​ ស៊ាង​ ថៃ​ បានឱ្យ​ដឹង​ដែរ​ថា​ ដូច្នេះហើយ​ទើប​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​នៅ​ក្ន​ងវេទិកា​អាស៊ាន​-ឥណ្ឌា​ដោយ​ស្នើសុំ​ឱ្យ​ដក​របាំង​មិនមែន​ពន្ធ​នេះ​ ដោយ​ឱ្យ​លុបចេញ​ពី​ក្នុង​តារាង​ពន្ធ​ដែល​មាន​ក្រុម​អ្នកសម្របសម្រួល​ការងារ​អាស៊ាន​បាន​ធ្វើរួចហើយ​ តែ​នៅ​មានការ​យឺតយ៉ាវ​ ទើប​គាត់​បាន​ជំរុញ​បន្ថែម​។

    ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន​ កម្ពុជា​បាន​ធ្វើ​កំណែទម្រង់​លើ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​សំ​ខាន់​ៗជាច្រើន​ ដើម្បី​ពង្រឹង​ និង​ពង្រីក​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​នៅ​កម្ពុជា​ក៏ដូចជា​នៅក្នុង​តំបន់​ ដែល​កំណែទម្រង់​ទាំងនោះ​រួមមាន​៖ 1-យន្តការ​ច្រកចេញ​ចូល​តែមួយ​។ 2-ព័ត៌មាន​ពាណិជ្ជកម្ម​។ 3-ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​(C/O online​)។ 4-ការចុះបញ្ជី​ពាណិជ្ជកម្ម​ និង​ម៉ាក​សញ្ញា​តាម​ប្រព័ន្ធ​ online​។ 5-ការសម្រប​សម្រួល​នីតិវិធី​បញ្ចេញ​ទំនិញ​ និង​កាត់បន្ថយ​ថ្លៃ​ចំ​ណាយ​ផ្សេង​ៗនៅ​តាម​ព្រំដែន​ និង6​-កំណែ​ទម្រង់​ផ្សេង​ៗទៀត​នៅ​តាម​បណ្តា​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​លើ​វិស័យ​ពាណិជ្ជកម្ម​ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​នៅ​កម្ពុជា​។

    ដោយឡែក​ តំណាង​វិស័យ​ឯកជន​នៃ​ប្រទេស​ឥណ្ឌា​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​វិនិយោគ​លើ​វិស័យ​សំ​ខាន់​ៗចំនួន4​ នៅក្នុង​ប្រទេស​កម្ពុជា​ រួមមាន​៖ វិទ្យាសាស្ត្រ​ និង​បចេ្ច​កវិទ្យា​ ទេសចរណ៍​ ហេដ្ឋារចនាសម្ព័ន្ធ​ (ផ្លូវថ្នល់​ ផ្លូវដែក​ និង​ស្ពាន​) និង​កសិ​-ឧស្សាហកម្ម​ ដើម្បី​ពង្រឹង​ និង​ពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ រវាង​ប្រទេស​ទាំង2​ ឱ្យ​បាន​ខ្លាំងក្លា​ថែមទៀត​។

    នៅក្នុង​ឱកាស​នោះ​លោក​ សាន់​ឌិប​ សូ​ម៉ា​នី​ បាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​វិនិយោគ​រវាង​ប្រទេស​ឥណ្ឌា​ និង​រដ្ឋ​ជាស​មា​ជិ​កអាស៊ាន​ ព្រមទាំង​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ក្នុង​ការពង្រីក​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​ ដែល​បច្ចុប្បន្ន​នៅ​មាន​ទំហំ​តិចតួច​នៅឡើយ​ បើ​ធៀប​ជាមួយ​ប្រទេស​ផ្សេង​ៗនៅក្នុង​តំបន់​។

    ឯកឧត្តម​ ប៉ាន​ សូរ​ស័ក្តិ​ បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ​ និង​បាន​ជម្រាប​ជូន​លោក​ សាន់​ឌិប​ សូ​ម៉ា​នី​ អំពី​លក្ខណៈ​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា​ គោលនយោបាយ​បើកចំហ​ និង​គោលការណ៍​លើកទឹកចិត្ត​វិ​និ​យោ​គផ្សេង​ៗរបស់​រាជរដ្ឋាភិបាល​ ព្រមទាំង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ Industrial​ Development​ Strategy​(IDP​)ឆ្នាំ2015​-2025​ ដែល​មាន​គោលដៅ​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការប្រើ​ប្រាស់​កម្លាំង​ ទៅជា​ប្រើប្រាស់​ជំនាញ​នៅ​ឆ្នាំ2030​។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​សំណូមពរ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌា​មក​កម្ពុជា​ ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ វប្បធម៌​ និង​កិច្ច​សហប្រតិបត្តិ​ការ​ធុរកិច្ច​រវាង​ប្រទេស​ទាំង2ថែមទៀត​៕

  • ភ្ជាប់​ជាមួយ​រឿង​កែ​ច្រមុះ​ ​ម៉ៃ​ ​សុគន្ធ​ ​បង្ហោះ​សារ​ដាស់តឿន​ ​

    ភ្ជាប់​ជាមួយ​រឿង​កែ​ច្រមុះ​ ​ម៉ៃ​ ​សុគន្ធ​ ​បង្ហោះ​សារ​ដាស់តឿន​ ​

    ដូច​បាន​ជ្រាប​ថា​ ​អ្នកនាង​ ​ស្រេង​ ​សុ​កាន់​ដា​ ​ហៅ​នាង​ខ្ញុង​ ​តារា​កំប្លែង​ដ៏​ល្បីឈ្មោះ​ ​ប្រចាំ​ក្រុម​នាយ​ពាក់​មី​ ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កក្រើក​ដល់​ទស្សនិកជន​យ៉ាង​ខ្លាំង​ ​កាលពី​ម្សិលមិញ​នេះ​ ​នៅពេល​ដែលគេ​ឃើញ​នាង​ ​Live​ ​វីដេអូ​ចេញ​ពី​ផេ​ក​ផ្លូវការ​របស់​ខ្លួន​ ​បង្ហាញមុខ​មាត់​ដែល​មានស្នាម​ជាំ​ ​ដែល​ទស្សនិកជន​ខ្លះ​សង្ស័យ​ថា​នាង​ត្រូវ​ប្ដី​វាយ​ទៀតផង​។​ ​តែ​តារា​កំប្លែង​ ​នាង​ ​ខ្ញុង​ ​អះអាង​ថា​មុខមាត់​ដែល​មានស្នាម​ជាំ​ជាច្រើន​ដុំ​ ​គឺ​ក្រោយពី​វះកាត់​កែ​ច្រមុះ​ ​ធ្វើរួចរាល់​រយៈពេល7ថ្ងៃហើយ​ ​ក៏ប៉ុន្តែ​គ្រាន់តែ​មិនទាន់​កាត់​ចេស​តែប៉ុណ្ណោះ​។​ ​ក្នុង​នោះ​ក្រៅពី​បង្ហាញ​ការ​ព្រួយបារម្ភ​ ​មហាជន​ក៏​ជូនពរ​ឱ្យ​អ្នកនាង​ឆាប់​ជា​ជា​ ​ជាពិសេស​ក៏​ចង់​ឃើញ​មុខមាត់​ថ្មី​ក្រោយពេល​ដែល​អ្នកនាង​ ​ខ្ញុង​ ​កែ​ហើយ​ ​ថា​តើ​វា​ស្រស់​ស្អាត​ ​និង​ប្លែក​យ៉ាងណា​?​។​

    ​រឿងរ៉ាវ​ខាងលើ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​នេះ​ ​បាន​ធ្វើ​ឱ្យ​ ​លោក​ ​ម៉ៃ​ ​សុគន្ធ​ ​ដែល​មហាជន​ជាច្រើន​បាន​ស្គាល់​ថា​ជា​ ​តារា​មហា​ទើស​ ​បង្ហោះ​រូបភាព​ ​និង​សារ​ដាស់តឿន​ដល់​មហាជន​ ​ចំពោះ​រឿង​ចាក់​ច្រមុះ​ឱ្យ​ស្អាត​ ​និង​ស្រួច​ដោយ​បាន​រៀបរាប់​ថា​៖​ ​«​វា​ជា​ការឈឺចាប់​មួយ​ ​សូមកុំ​ជឿ​លើ​ការ​ចាក់​ច្រមុះ​ឱ្យ​ស្អាត​និង​ស្រួច​ឱ្យ​សោះ​វា​គ្រោះថ្នាក់​ណាស់​។​ ​ខ្ញុំ​ឆ្លងកាត់​ហើយ​ ​ថ្ងៃនេះ​សូម​បង្ហាញ​ការពិត​មួយ​នេះ​ទុកជា​បទពិសោធន៍​ចុះ​ ​បងប្អូន​បើ​ចង់​កែច្នៃ​ភាព​ខ្វះខាត​ពី​ធម្មជាតិ​ ​សូម​ជៀស​ពី​ការ​ចាក់​បំពេញ​។​ ​បើ​ចង់​មែន​ធ្វើ​តែម្តង​ទៅ​ ​ខុស​ខ្ទង់​ ​រឺ​មិន​ស្រឡាញ់​ ​ដកចេញ​ភ្លាម​។​ ​តែបើ​ចាក់​វិញ​ ​ខុស​ហើយ​ ​ត្រូវ​ខាតពេល​វេលា​ ​ខាត​ទាំង​លុយ​ច្រើន​ ​ព្រោះ​ពិបាក​ណាស់​ក្នុង​ការវះកាត់​បូម​យកចេញ​»​៕​



  • ច្រឡំដៃផ្ញើសារទៅគេក្នុង Messenger បើចង់លុបវិញ អាចធ្វើតាមវិធីនេះបាន…

    ច្រឡំដៃផ្ញើសារទៅគេក្នុង Messenger បើចង់លុបវិញ អាចធ្វើតាមវិធីនេះបាន…

    ក្រុមហ៊ុន Facebook បាន​បញ្ចូល​មុខងារ​ដ៏​ពិសេស​មួយដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​លុប​សារ​ចាស់ៗ​ ឬ​សារ​ដែលខ្លួន​គិត​ថា ​ខុស​ឆ្គង និង​មិន​ចង់ឱ្យ​បុគ្គល​ម្ខាង​ទៀត​ឃើញ​ក្នុង​កម្មវិធី​ផ្ញើ​សារ Messenger របស់ខ្លួន។

    ​​មុខងារ​ថ្មី​នេះ​បានដាក់បញ្ចេញ​​ប្រើ​ប្រាស់​ទូទាំង​ពិភពលោក​ចាប់​ពី​ពេល​នេះ ដោយ​តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​អាប់ដេត​កម្មវិធី Messenger ទៅ​កាន់​ជំនាន់​ចុង​ក្រោយ។ អ្នក​ប្រើប្រាស់​អាច​សិក្សា​ទុក​ជា​ចំណេះដឹងនៅពេលក្រោយតាម​រយៈ​ការ​អនុវត្ត​ដ៏​សាមញ្ញ​ដូច​ខាង​ក្រោម។

    ​- បើក​ដំណើរការ Facebook Messenger លើ​ទូរស័ព្ទ​ ឬ​ Desktop

    • ចូល​ទៅ​កាន់​ការ​សន្ទនា​ដែល​អ្នក​ចង់​លុប
    • ចុច​សង្កត់​ឱ្យ​ជាប់លើ​សារ​ណា​មួយដែលចង់លុប
    • រើស​យក​ពាក្យ Delete > ជ្រើស​ត្រង់​ពាក្យ Remove for everyone
    • (សារ​នោះ​នឹង​បាត់​ចេញ​ពី​ប្រអប់​សារ​របស់​អ្នក ​និង​បុគ្គល​ម្ខាង​ទៀត ប៉ុន្តែ​ត្រូវ​រង់ចាំ​ពេល​ប្រហែល 10នាទី)៕
  • មិនគួរឱ្យជឿថា មានទូរស័ព្ទដែលមានថ្មធំខ្លាំងជាងគេលើលោកដល់ទៅ 18,000mAh សោះ…

    មិនគួរឱ្យជឿថា មានទូរស័ព្ទដែលមានថ្មធំខ្លាំងជាងគេលើលោកដល់ទៅ 18,000mAh សោះ…

    Energizer ដែលជាក្រុមហ៊ុនល្បីឈ្មោះលើការផលិតថ្មទូរស័ព្ទនោះ កាលពីពេលថ្មីៗនេះបានប្រកាសចេញស្មាតហ្វូនថ្មីមួយដែលមានថ្មទំហំធំមហាសាលដល់ទៅ 1,8000mAh ឯណោះ។ ស្មាតហ្វូនមួយនេះបានលេចមុខឡើងនៅក្នុងកម្មវិធី MWC ហើយរូបរាងរបស់វាត្រូវបានគេចែកចាយឱ្យឃើញជាលើកដំបូង។

    ស្មាតហ្វូននេះមានឈ្មោះថា Energizer Power Max P18K Pop ដែលមានរូបរាងប្រៀបដូចជាដុំឥដ្ឋមួយដុំអ៊ីចឹង។ ជាមួយនឹងថ្មទំហំ 18,000mAh នឹងធ្វើឱ្យ Power Max P18K Pop មានទំហំថ្មធំជាង iPhone XS Max ដល់ទៅជាង 5ដងឯណោះ។

    Energizer អះអាងថា ស្មាតហ្វូននេះអាចទស្សនាវីដេអូបាន 2ថ្ងៃ ស្ដាប់ចម្រៀងបាន 100ម៉ោង និងអាចនិយាយបាន 90ម៉ោង។ បន្ថែមពីនេះអាច Standby (ទុកចោល) បានរហូតដល់ 50ថ្ងៃឯណោះ (អាចនិយាយបានថា ប្រើរហូតភ្លេចសាកថ្មតែម្ដង)។

    ដោយផ្ដោតសំខាន់លើថាមពលថ្ម ហេតុនេះហើយទើប Power Max P18K Pop មានគ្រឿងក្នុងមិនសូវជាខ្លាំងក្លាប៉ុន្មានឡើយ។ វាមានបំពាក់បន្ទះឈីប MediaTek ដែលមានល្បឿនរត់ 2GHz និងមិនអាចធន់នឹងទឹកបានទេ។ RAM បំពាក់លើស្មាតហ្វូននេះមានទំហំ 6GB មានអេក្រង់ 6.2អ៊ីញ មានកាមេរ៉ាខាងក្រោយចំនួន 3គ្រាប់ និងកាមេរ៉ា Selfieភ្លោះ បង្កប់ក្នុងតួខ្លួន។

    Energizer គ្រោងនឹងបញ្ចេញលក់ Power Max P18K Pop នៅខែមិថុនាខាងមុខនេះជាមួយតម្លៃប្រមាណជា 680ដុល្លារ៕

  • កុំឱ្យ​ខកខាន​!​!​ ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ត្រឡប់មកវិញ​ហើយ​

    កុំឱ្យ​ខកខាន​!​!​ ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ត្រឡប់មកវិញ​ហើយ​

    ព្រឹត្តិ​ការណ៍​វប្បធម៌​ជា​លក្ខណៈ​អន្តរជាតិ​ធំជាង​គេ​បង្អស់​នៅ​កម្ពុជា​បាន​ត្រឡប់​មក​ជាថ្មី​ម្ដងទៀត​ហើយ​!​ ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​លើក​ទី៩​ ​នឹង​ធ្វើការ​បង្ហាញ​ជូន​នូវ​ខ្សែភាពយន្ត​រហូតដល់​ទៅ​ជាង​ ​130​ ​ចំណងជើង​ ​មក​ពី​ ​37​ ​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ ​ក្នុង​នោះ​រួមមាន​ទាំង​ភាពយន្ត​ខ្នាត​ខ្លី​ ​ភាពយន្ត​ខ្នាត​ធំ​ ​ភាពយន្តឯកសារ​ ​ព្រមទាំង​គំនូរជីវចល​។​

    ​លោក​ ​ស៊ុន​ ​ខេម​រ៉ា​ ​ជា​អ្នកសម្របសម្រួល​កម្មវិធី​ក្នុង​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា​ ​បាន​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ឱ្យ​ដឹង​ថា​ ​ជា​រៀងរាល់​ឆ្នាំ​ ​មហោស្រព​របស់​យើង​តែងតែ​បង្ហាញ​ជូន​នូវ​ខ្សែភាពយន្ត​ដែល​ផលិត​ ​និង​និយាយ​អំពី​ប្រទេស​កម្ពុជា​ ​រួមមាន​ខ្សែភាពយន្ត​ប្រតិដ្ឋ​ដែល​និយាយ​អំពី​កម្ពុជា​។​ ​ក្នុង​នោះ​ក៏​មាន​ខ្សែភាពយន្ត​មួយចំនួន​នឹង​ត្រូវ​ចាក់​បញ្ចាំង​ជាលើកដំបូង​បង្អស់​លើទឹក​ដី​ប្រទេស​កម្ពុជា​ផង​ដែរ​ ​ដូចជា​ខ្សែភាពយន្ត​រឿង​ ​«​ហ៊្វូ​ណន​»​ ​(​ភាពយន្ត​ជាប់​ពានរង្វាន់​ក្នុង​មហោស្រព​ភាពយន្ត​គំនូរជីវចល​ទីក្រុង​អាន​ស៊ី​ ​ឆ្នាំ​ ​2018​)​ ​រឿង​ ​«​ផ្នូរ​គ្មាន​ឈ្មោះ​»​ ​(​មហោស្រព​ភាពយន្ត​ទីក្រុង​វេ​នីស​,​ ​បេក្ខភាព​ពានរង្វាន់​អូ​ស្ការ​ ​ឆ្នាំ​ ​2019​ ​តំណាង​ឲ្យ​កម្ពុជា​)​ ​រឿង​ ​«​តន្ត្រី​ជីវិត​»​ ​(​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទីក្រុង​តូក្យូ​)​ ​រឿង​ ​«​The​ ​Prey​»​ ​(​មហោស្រព​ភាពយន្ត​អន្តរជាតិ​ទី​ក្រុង​ប៊ូ​សាន​ ​ឆ្នាំ​ ​2018​)​ ​។

    ​លោក​ថា​ ​កម្មវិធី​ភាពយន្ត​ពិសេស​ក្នុង​មហោស្រព​ឆ្នាំនេះ​ ​គឺ​កម្មវិធី​ ​ប្រឈមមុខនឹង​ការ​ប្រល័យ​ពូជសាសន៍​។​ ​៤ទសវត្សរ៍​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​ ​ដែល​នឹង​បង្ហាញ​ជូន​នូវ​ខ្សែភាពយន្ត​ខ្នាត​ធំ​ ​ក៏ដូចជា​ខ្សែភាពយន្ត​ឯក​សា​រល្បីៗ​ ​ដែល​និយាយ​អំពី​របប​ប្រល័យ​ពូជសាសន៍​នៅ​កម្ពុជា​។​ ​កម្មវិធី​ដ៏​ពិសេស​នេះ​ក៏​រួមបញ្ចូល​ផង​ដែរ​នូវ​ការ​តាំងពិព័រណ៍​ស្នាដៃ​សិល្បៈ​ ​ព្រមទាំង​កិច្ចពិភាក្សា​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ឯ​មជ្ឈមណ្ឌល​បុប្ផា​ណា​។​

    ​លោក​បញ្ជាក់​ថា​ ​កម្ពុជា​មានរឿង​ដល់ទៅ​ ​26​ ​ចំណងជើង​ ​ដែល​គិតជា​ភាគរយ​គឺ​មាន​ចំនួន​ច្រើន​បំផុត​ធៀប​ទៅ​នឹង​មហោស្រព​ភាពយន្ត​អន្តរជាតិ​នៅ​បរទេស​។​ ​ចាប់ពី​ថ្ងៃទី​ ​9​ ​ដល់​ថ្ងៃទី​ ​14​ ​ខែមីនា​នេះ​ ​មហោស្រព​ភាពយន្ត​របស់​យើង​នឹង​ធ្វើការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ចំនួន​ ​150​ ​លើក​ ​នៅ​តាម​រោង​ភាព​យន្ត​ធំៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ​ក្នុង​នោះ​រួមមាន​ ​រោងភាពយន្ត​លេ​ជេន​,​ ​រោងភាពយន្ត​ម៉េ​ជ័រ​ស៊ី​ណេ​ផ្លិច​,​ ​រោង​ភាព​យន្ត​ប្រែ​ម​ស៊ី​ណេ​ផ្លិច​,​ ​មជ្ឈមណ្ឌល​បុប្ផា​ណា​,​ ​សាល​មហោស្រព​ចតុម្មុខ​,​ ​និង​សណ្ឋាគារ​រ៉ូ​សវូដ​៕​


    រូបភាព៖ Neth Udom Princess Little

  • Woods ដកខ្លួនចេញពីការប្រកួត Arnold Palmer ជុំវិញបញ្ហា-ក

    Woods ដកខ្លួនចេញពីការប្រកួត Arnold Palmer ជុំវិញបញ្ហា-ក

    អតីត​កីឡាករ​វាយកូន​គោល​ចំណាត់ថ្នាក់​លេខ​១ក្នុង​ពិភព​លោក Tiger Woods បាន​ដក​ខ្លួន​ចេញ​ពី​ព្រឹត្តិការណ៍ Arnold Palmer Invitational នៅ​សប្តាហ៍នេះកាលពីថ្ងៃ​ចន្ទ ក្រោយពី​​មិន​អាច​ជម្នះ​លើ​បញ្ហា​-ក​បាន​។

    នៅលើ​បណ្តាញ​សង្គម Twitter កីឡាករ Woods បាននិយាយ​ថា បញ្ហា​នេះមិន​ទាក់​ទង​នឹង​​កញ្ចឹង​ក​ផ្នែក​ខាង​​ក្រោម​​ ដែល​ធ្លាប់​បាន​ធ្វើ​ឱ្យ​រូប​គេ​អវត្ត​មាន​ជិត​ 2​ឆ្នាំនោះ​ឡើយ និង​បាន​បន្ថែម​ថា រូប​គេមិនមាន​ការ​ខ្វល់​ខ្វាយ​លើ​ការ​សម្រាក​ព្យា​បាល​រយៈ​​ពេល​វែង​​ឡើយ​។

    Woods បាន​​ឱ្យ​ដឹង​ថា៖ «ជា​អកុ​សល ដោយ​សារ​តែ​បញ្ហា​ក​ ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​​អស់​រយៈ​ពេល​2 ទៅ​ 3​សប្តាហ៍ថ្មីៗនេះ ខ្ញុំ​ត្រូវ​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញពីការ​ប្រកួត API (Arnold Palmer Invitational)​»​។

    កីឡាករ​រូបនេះ​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​កំពុង​តែ​ទទួល​បាន​ការ​ព្យា​បាល ប៉ុន្តែវា​មិន​មាន​ភាពល្អ​ប្រសើរ​​ក្នុង​ការ​អាច​លេង​បាន​ឡើយ​។ ផ្នែក​ខាង​ក្រោម​នៃ​ក​របស់​ខ្ញុំ ​មិនមាន​បញ្ហា​ឡើយ ហើយខ្ញុំក៏​មិនមាន​ការ​ខ្វល់​ខ្វាយលើ​ការ​សម្រាក​រយៈ​​ពេល​វែង​ដែរ​»​។

    កីឡាករ Woods បាន​បន្ថែម​ថា រូប​គេ​សង្ឃឹម​ថា អាការរបស់គេនេះនឹង​ជា​សះស្បើយ​សម្រាប់​យុទ្ធនាការ The Players Championship នៅ​លើ​ទីលាន TPC Sawgrass ដែល​​នឹង​ចាប់​ផ្តើម​ប្រកួតនៅថ្ងៃ​ទី​14 ដល់​ទី​17 ខែមីនា ស្រប​ពេល​រូប​គេ​ក៏​ត្រៀម​ខ្លួនសម្រាប់​ការ​ប្រកួត Masters នៅ​ខែក្រោយ​ផងដែរ​។

    Arnold Palmer គឺ​ជា​យុទ្ធនាការ​មួយ​ដែល Woods ចូល​ចិត្ត​ប្រកួត​ជាង​គេ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខណៈ​ដែល​កីឡាករ​វ័យ​ 43​ឆ្នាំ​រូបនេះ បាន​ឈ្នះពាន​នៅលើ​ទីលាន Bay Hill ដល់​ទៅ​ 6​លើក​។

    ការ​បង្ហាញខ្លួន​នៅ​សប្តាហ៍​នេះ នឹង​ក្លាយ​ជា​ការ​បង្ហាញខ្លួន​ជាលើក​ទី​ 19​របស់​គេក្នុងព្រឹត្តិការណ៍នេះ​។ កីឡាករ Woods បាន​ឱ្យ​ដឹងថា៖​ «ខ្ញុំ​ចង់​ផ្ញើ​ការ​សោក​ស្តាយ​របស់​ខ្ញុំ​ទៅកាន់​ក្រុម​គ្រួ​សារ​នៃការ​ប្រកួត Palmer និង​​អ្នក​គាំទ្រនៅ Orlando​»​៕

    ប្រភព​ពី៖ Channel News Asia

  • Kane ត្រៀមបង្ហាញថ្វីជើង ពេល Spurs ជួប Dortmund នៅរាត្រីនេះ

    Kane ត្រៀមបង្ហាញថ្វីជើង ពេល Spurs ជួប Dortmund នៅរាត្រីនេះ

    ខ្សែ​ប្រយុទ្ធ Harry Kane បាន​បញ្ជាក់​ថា ក្រុម Tottenham នឹង​បញ្ចប់​ការ​ធ្លាក់​ចុះ​ទម្រង់​លេង​ក្នុង​ក្រប​ខ័ណ្ឌ Premier League របស់​ពួកគេ ខណៈ​ដែល​តារាឆ្នើម​អន្តរ​ជាតិអង់​គ្លេស​រូបនេះ សម្លឹង​រក​ការ​ជួយ​ឱ្យ​ក្រុម​របស់​គេ​ឈានទៅដល់​វគ្គ​ 8​ក្រុម​ចុង​ក្រោយ​នៃក្រប​ខ័ណ្ឌ Champions League ពេល​ជួបក្រុម Borussia Dortmund នៅ​រាត្រីនេះ​។

    ក្នុង​ចន្លោះ​ពេល​ត្រឹម​តែ​ 7​ថ្ងៃ ក្តីសង្ឃឹម​របស់​ក្រុម Tottenham ​នៃ​ការ​ឈ្នះពាន​ក្របខ័ណ្ឌ Premier League បាន​​ស្ថិត​ក្នុង​ភាពស្តួច​ស្តើង ដោយ​សារ​តែ​ការ​​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Burnley និង Chelsea និង​ការ​បញ្ចប់​ត្រឹម​លទ្ធផល​ស្មើ​នៅ​ពេល​ជួបក្រុម Arsenal ក្នុង​ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​តែមួយ​កាលពីថ្ងៃ​សៅរ៍​​។

    វា​បានក្លាយ​ជា​រ​បាររារាំង​ជ័យជម្នះ​ចុងក្រោយ​បំផុត​របស់​ក្រុម Tottenham ក្នុង​ពេល​ស្ថិតក្នុង​ដំណាក់​កាល​ដ៏សំខាន់​របស់​ពួក​គេ​។

    ការ​សង្គ្រោះ​បាល់​​ប៉េណាល់​ទី​យ៉ាងល្អ​​នៅ​រយៈពេល​ 1​នាទី​ចុងក្រោយ​របស់​អ្នក​ចាំទី Hugo Lloris ពី​ការ​ស៊ុត​របស់​ខ្សែ​ប្រយុទ្ធ Pierre-EmerickAubameyang បាន​​​ការ​ពារ​មិន​ឱ្យ​ក្រុម Tottenham រង​បរា​ជ័យ​ជាលើក​ទី​3 ​ជាប់​ៗ​គ្នា​។

    ប៉ុន្តែ Kane ជឿជាក់​ថា ក្រុម Tottenham មាន​សមត្ថ​ភាព​ក្នុង​​ការ​ស្រោច​ស្រង់​ពី​សប្តាហ៍​ដ៏​ឈឺ​ចាប់​មួយ ហើយ​រូប​គេ​បាន​លើក​ទឹក​ចិត្ត​ឱ្យក្រុម​របស់​គេ​ប្រើ​ប្រាស់​​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ 16​ក្រុម​ចុង​ក្រោយ ជើង​ទី​2 ​របស់​ពួកគេ លើ​ទឹក​ដីក្រុម Dortmund នេះធ្វើជា​ប្រេងសាំង​ដើម្បី​បន្ថែម​ល្បឿន​នៃ​​ការ​វិល​ទៅ​រក​ភាពខ្លាំង​វិញ​​របស់​ពួក​គេ​។

    Kane បាន​ឱ្យដឹង​ថា៖ «យើង​ត្រៀម​រួច​រាល់​ហើយ​ក្នុង​ការ​ប្រយុទ្ធ​រហូត​ដល់​ដំណាក់​កាល​ចុងក្រោយនៃ​រដូវកាល​នេះ​»​។

    Spurs នឹង​ត្រូវ​ប្រកួត​ជាមួយ​នឹងក្រុម Dortmund នៅ​លើ​ទឹកដី​អាល្លឺ​ម៉ង់ នៅ​រាត្រីនេះ ក្នុង​វគ្គ​ 16​ក្រុម​ចុ​ង​ក្រោយ ជើង​ទី​2 ក្រោយពី​បាន​យកឈ្នះ​​លើ​ក្រុម​អាល្លឺ​ម៉ង់​មួយ​នេះ ក្នុងលទ្ធផល 3-០ ក្នុង​ការ​ប្រកួត​ជើង​ទី​1 នា​កីឡដ្ឋាន Wembley​​។

    កាលពីមុនជួបគ្នាជើងទី1 ក្រុម Spurs បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 1-1 លើ​ទឹកដីខ្លួន​ឯង​ពេល​ប្រកួត​ជាមួយ​នឹងក្រុម Arsenal ក្នុង​​ជំនួប​រវាង​ក្រុម​ស្ថិតក្នុង​ទីក្រុង​ឡុងដ៍​តែ​មួយ​កាល​ពីថ្ងៃ​សៅរ៍ ស្រប​ពេល​ដែល​ក្រុម​ Dortmund បាន​រង​បរា​ជ័យ​ 2-1 នៅ​លើ​ទឹក​ដីក្រុម Augsburg កាលពី​រាត្រីថ្ងៃសុក្រ ​ក្នុង​ក្រប​ខ័ណ្ឌ Bundesliga​​៕

  • ណាំ​ ​ប៊ុណ្ណា​រ័ត្ន​ ​បោះសម្ដី​ទៅកាន់​ ​លោក​ ​ផែន​ ​បូ​ទី​ ​រឿង​ធ្វើ​បទភ្លេង​ចម្លង​គេ​

    ណាំ​ ​ប៊ុណ្ណា​រ័ត្ន​ ​បោះសម្ដី​ទៅកាន់​ ​លោក​ ​ផែន​ ​បូ​ទី​ ​រឿង​ធ្វើ​បទភ្លេង​ចម្លង​គេ​

    ​ថ្មី​ៗ​នេះ​តារាចម្រៀង​ ​និង​និពន្ធ​បទភ្លេង​លោក​ ​ណាំ​ ​ប៊ុណ្ណា​រ័ត្ន​ ​ជាមួយ​លោក​ ​ផែន​ ​បូ​ទី​ ​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​។​ ​ក្នុង​នោះ​ដែរ​ក៏​មានការ​ឌឺ​ឌង​គ្នា​ទៅវិញទៅមក​ ​ក្រោយ​ផ្ទុះ​ការរិះគន់​បទ​ថ្មី​របស់​ ​នាយ​ ​ចឺម​ ​ចំណងជើង​ថា​ ​«​អូន​ជា​អ្នកមាន​ ​សមនឹង​អ្នកមាន​ដូចគ្នា​»​ ​ដែល​ជា​បទ​យក​តាម​លំនាំ​បទ​របស់​កវី​ម្ចាស់​ស្ទឹង​សង្កែ​លោក​ ​គង្គ​ ​ប៊ុ​ន​ឈឿន​ ​ចំណងជើង​ថា​ ​«​ថ្ងៃ​ដែល​អូន​ចុកឈាម​ ​ឬ​ ​នឹក​ភូមិ​ភ្នំ​ធំ​»​ ​មក​កែ​ទំនុក​ថែមទាំង​មិនបាន​ដាក់​ប្រភព​ដើម​ ​និង​ដាក់​ថា​ខ្លួន​ជា​និពន្ធ​បទភ្លេង​ទៀត​ថែមទៀត​ផង​។​

    ណាំ​ ​ប៊ុណ្ណា​រ័ត្ន​ ​ត្រូវ​បាន​អ្នកនិពន្ធ​ភ្លេង​ ​បូ​ទី​ ​ប្រមាថ​ថា​ ​ខ្លួន​គ្មាន​បទ​ថ្មី​ច្រៀង​ ​ច្រៀង​តែ​បទ​ចម្លងពីបរទេស ​ដែល​ការប្រមាថ​នេះ​ ​ធ្វើ​ឱ្យ​លោក​ក្ដី​ស្លឹកត្រចៀក​ខ្លាំង​ណាស់​។​ ​ដោយសារ​រង​ការប្រមាថ​ពី​សិស្ស​ប្អូន​ជំនាន់​ក្រោយ​លោក​ ​ណាំ​ ​ប៊ុណ្ណា​រ័ត្ន​ ​បាន​បង្ហោះ​វីដេអូ​និយាយ​បកស្រាយ​ដែល​លោក​ ​បូ​ទី​ ​ដៀល​ ​ថា​រៀបរាប់​ថា​៖​ ​«​លោក​មិនបាន​លួច​យក​នោះ​ទេ​ ​ដោយ​លោក​ធ្វើតាម​តែ​មេ​ប្រាប់​ប៉ុណ្ណោះ​ ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា​ខាង​ផលិតកម្ម​ ​អឹម​ ​ក៏​មិនមែន​មិន​មាន​បទ​ថ្មី​ ​ចាំតែ​ចម្លង​ពី​បរទេស​ដែរ​ ​បទ​ល្បី​ៗ​ជាច្រើន​សុទ្ធតែ​ជា​ទំនុក​ថ្មី​ ​ភ្លេង​ថ្មី​ ​ជាក់ស្តែង​ដូចជា​បទ​ ​មួយ​នាទី​ ​ហត់នឿយ​ ​របស់​កញ្ញា​ ​មាស​ ​សុខ​សោភា​ ​ជាដើម​។​ ​តែ​អ្វី​ដែល​លោក​ធ្វើ​គឺ​តម្រូវ​តាម​ទី​ផ្សា​ ​ដោយសារ​សម័យកាល​នោះ​គេ​មិនបាន​ចាប់អារម្មណ៍​ចង្វាក់ភ្លេង​ថ្មី​នោះ​ទេ​ ​ដូច្នេះហើយ​ទើប​បទនិពន្ធ​ថ្មី​មិនសូវ​ល្បីល្បាញ​ ​និង​មិនសូវ​មាន​លើ​ទីផ្សារ​»​៕​

    ជាក់ច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

  • មិនចង់ឱ្យក្មេងៗជួបគ្រោះថ្នាក់ដោយសារអ៊ីនធើណិត​”momo chellenge” ឪពុកម្ដាយគួរឱ្យកូនប្រើរបស់នេះវិញ

    មិនចង់ឱ្យក្មេងៗជួបគ្រោះថ្នាក់ដោយសារអ៊ីនធើណិត​”momo chellenge” ឪពុកម្ដាយគួរឱ្យកូនប្រើរបស់នេះវិញ

    Kiddle ជា​​ Search Engine សម្រាប់​កុមារ​ដែល​ជា​កន្លែង​សុវត្ថិភាព​សម្រាប់​ពួក​គេក្នុងការចៀស​ផុត​ពី​គ្រោះ​ថ្នាក់ពី​អ៊ីនធើណិត​នានា រួម​ទាំង​មេរោគ​ថ្មី​ដែល​រាត​ត្បាត​ពេញ​បណ្ដាញ​សង្គម​គឺ “momo chellenge”។

    ​Kiddle ​ជា​ប្រភេទ​ម៉ាស៊ីន​រុក​រក​ដែល​ផលិត​ដោយ​ក្រុមការងារ​របស់ Google។ វា​មាន​សមត្ថភាព​អាច​ស្វែង​រក​បាន​ព័ត៌មាន​ច្រើន​យ៉ាង ​ទាក់ទង​ជាមួយ​កុមារ​មានទាំង​វីដេអូ រូបភាព ​និង​អក្សរ​មក​ជាមួយ​ដែរ។

    ​ដូច្នេះកុំ​បណ្ដោយ​ឱ្យ​កូនៗ​របស់អ្នក​ចាប់ផ្ដើម​ប្រើប្រាស់​អ៊ីនធើណិត​ដោយ​មិន​បាន​មើលការខុសត្រូវ ឬ​ចេះ​តែ​បណ្ដោយ​ឱ្យលេងឱ្យសោះ តែគួរ​​ឱ្យ​ពួក​គេ​ប្រើ Kiddle ជា​ជាង Google ឬ​ជាមួយ​បណ្ដាញ​សង្គម ឬ​មាតិកា​វីដេអូ​នានា​សម្រាប់​យុវវ័យវិញ​ប្រសើរជាង៕