Category: សង្គម និងសេដ្ឋកិច្ច

  • អាហារ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការ​ច្រាល​អាស៊ីត​ពី​ក្រពះ​ទៅ​បំពង់ក​

    អាហារ​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​ការ​ច្រាល​អាស៊ីត​ពី​ក្រពះ​ទៅ​បំពង់ក​

    តើ​អ្វី​ជា​មូលហេតុ​បណ្តាល​ឱ្យ​មាន​ជំងឺ​ច្រាល​ទឹក​ក្រពះ​? មូលហេតុ​ចម្បង​ និង​កើតឡើង​ញឹកញាប់​នោះ​គឺជា​ភាព​មិន​ប្រក្រតី​នៃ​ក្រពះ​។ បញ្ហា​នេះ​កើតឡើង​នៅពេល​ដែល​ ផ្នែក​ខាងលើ​នៃ​ក្រពះ​ និង​សន្ទះ​បិទ​បើក​របស់ក្រ​ពះ​លយ​ទៅលើ​សាច់​ដុំ​ឌី​យ៉ា​ហ្វ្រាម​ (សាច់​ដុំ​ឌី​យ៉ា​ហ្វ្រាម​ ជា​សាច់ដុំ​ដែល​បែងចែក​ក្រពះ​ របស់​អ្នក​ពី​ទ្រូង​)។ ជា​ធម្មតា​សាច់ដុំ​នោះ​វា​បាន​ជួយ​ទប់​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​។ ប៉ុន្តែ​ប្រសិនបើ​ អ្នកមាន​បញ្ហា​ជំងឺ​ច្រាល​ទឹកអាស៊ីត​ក្រពះ​ ទឹកអាស៊ីត​អាច​នឹង​រត់​ ឬច្រាល​ទៅកាន់​បំពង់អាហារ​ ហើយ​វា​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​ក្រពះ​។

    តើ​យើង​អាច​ដោះស្រាយ​បញ្ហា​ច្រាល​ទឹកអាស៊ីត​ក្រពះ​តាម​បែប​ធម្មជាតិ​ ងាយ​ៗបាន​ដែរ​ឬទេ​ ?
    វិធី​ព្យាបាល​ជំងឺ​ច្រាល​ទឹកអាស៊ីត​ក្រពះ​គឺ​អាច​ធ្វើ​បាន​តាមរយៈ​ការ​ទទួលទាន​អាហារ​មួយចំនួន​ដូច​ខាងក្រោម​ ៖
    1. ម្រះព្រៅ​
    គឺជា​ឱសថ​បែប​ធម្មជាតិ​ដ៏​ល្អ​សម្រាប់​ព្យាបាល​ជំងឺ​ច្រាល​ទឹកអាស៊ីត​ក្រពះ​។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​នោះ​ គឺ​គ្រាន់តែ​ទំពា​ស្លឹក​ម្រះ​ព្រៅ​ស្រស់​ចំនួន5ស្លឹក​ជាការស្រេច​។ អ្នក​ក៏អាច​យក​ស្លឹក​ម្រះព្រៅ​ទៅ​ឆុង​ជា​តែ​ រួច​សឹម​ទទួល​ទាន​ក៏បាន​។

    2. ទឹក​ក្ដៅ​ឧណ្ហ​ៗ
    ការ​ពិសា​ទឹក​ក្ដៅ​ឧណ្ហ​ៗ ដែល​មា​នប្រ​សិទ្ធ​ភាព​ធ្វើ​ឱ្យ​ទឹកអាស៊ីត​ក្រពះ​ស្រាល​ ឬខ្សោយ​ គឺ​ទទួលទាន​នា​ពេលព្រឹក​ ហើយ​ដើម្បី​ឱ្យ​កាន់តែ​ប្រសើរ​នោះ​ ចូរ​ទទួលទាន1ទៅ2កែវ​ ខណៈ​ពេល​ពោះទទេ​។

    3. ទឹក​ប្រទាល​កន្ទុយក្រពើ​
    ទឹក​ប្រទាល​កន្ទុយក្រពើ​ គឺជា​ឱសថ​ធម្មជាតិ​ ដែល​ជួយ​ព្យាបាល​ជំងឺ​ក្រពះ​រ៉ាំរ៉ៃ​ និង​ជួយ​បន្ថយ​ជាតិ​អាស៊ីត​នៅក្នុង​ក្រពះ​បាន​ផង​ដែរ​។ វា​ពិតជា​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​ណាស់​។ ដើម្បី​ជួយ​គ្រប​បាំង​ស្រទាប់​បំពង់អាហារ​ និង​ក្រពះ​ ទប់ស្កាត់​ការ​រលាក​ លោក​អ្នក​អាចយ​កទឹក​ប្រទាល​កន្ទុយក្រពើ​យក​មក​ទទួលទាន​ គឺ​ទទួលទាន​សុទ្ធ100​%កាន់តែ​ល្អ​។

    4. ផ្លែ​ចេក​
    ដូច​ប្រិយមិត្ត​អ្នកអាន​បាន​ជ្រាប​រួចមក​ហើយ​ថា​ ផ្លែ​ចេក​មានគុណ​សម្បត្តិ​ច្រើន​យ៉ាងណា​សម្រាប់​អ្នក​ជួបប្រទះ​បញ្ហា​ច្រាល​ទឹក​-អាស៊ីត​ក្រពះ​។ ជាតិម្សៅ​ដែល​មាននៅ​ក្នុង​ផ្លែ​ចេក​នឹង​ធ្វើ​ឱ្យ​អ្នក​ធូរស្រាល​ពី​អាការ​នៃ​ជំងឺ​នេះ​បាន​យ៉ាង​ឆាប់រហ័ស​ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ ចេក​ដែល​អ្នក​យក​មក​ទទួលទាន​ គឺជា​ចេកទុំ​ល្អ​។

    5. ផ្លែ​ប៉ោម​
    អ្នក​និយម​តម​អាហារ​សម្រក​ទម្ងន់​ មុន​ចូលគេង​ត្រូវ​ទទួលទាន​ផ្លែ​ប៉ោម​ 1ផ្លែ​សម្រាប់​ចម្អែត​ក្រពះ​ គឺ​ដើម្បី​កាត់បន្ថយ​ការ​ឡើង​ទឹកអាស៊ីត​ក្រពះ​ បើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ ឬធាត់​ពេក​ អ្នក​ត្រូវ​ទទួលទាន​ផ្លែ​ប៉ោម​ពណ៌​បៃតង​ទើប​ល្អ​។

    វិធីការ​ពារ​ជំងឺ​ រលាក​ក្រពះ​រ៉ាំរ៉ៃ​ ដំបៅ​ក្រពះ​ មហារីក​ក្រពះ​ និង​ជំងឺ​ច្រាល​ទឹកអាស៊ីត​ក្រពះ​
    1. ត្រូវ​ពិនិត្យ​ និង​ព្យាបាល​ឱ្យ​ជា​ដាច់​នូវ​មេរោគ​ ដែល​ជាដើម​ហេតុ​ដ៏​ធំ​ក្នុង​ការ​បង្ក​ជំងឺមហារីក​ ដំបៅ​ក្រពះ​ ឈាម​ក្រពះ​ ឬរលាក​ក្រពះ​រ៉ាំរ៉ៃ​។
    2. ត្រូវ​ទំពា​អាហារ​ឱ្យ​ម៉ដ្ឋ​ល្អ​ ហើយ​ត្រូវ​ទទួលទានទឹក​ឱ្យ​បាន​មួយ​កែវ​ផង​ ដើម្បី​ឱ្យ​អាហារ​រំលាយ​បាន​ល្អ​ និង​បន្សាប​ទឹកអាស៊ីត​បាន​ល្អ​។
    3. ត្រូវ​ទទួលទាន​ឱ្យ​យឺត​ៗ ដោយ​ក្នុង​មួយ​ពេល​ត្រូវ​ចំណាយពេល​ប្រមាណ15នាទី​។
    4. ត្រូវ​ទទួលទាន​អា​ហា​រតិ​ចៗ​ តែ​ច្រើនដង​ កុំឱ្យ​ទំនេរ​ក្រពះ​លើស​ពី3ម៉ោង​។
    5. ចៀសវាង​ការ​ទទួលទាន​អាហារ​ចៀន​ បំពង​ និង​ឆា​ កុំ​បំពង​ខ្ទឹម​ ដាក់​ខ្ទឹម​ពេល​ឆា​ឆ្អិន​ ហើយ​កុំ​ប្រើ​ខ្ទឹម​លីង​ដាក់​ក្នុង​គុយទាវ​ បបរ​ និង​សម្លម្ជូរ​ ឬអាហារ​ជូរ​ផ្អាប់​។
    6. កុំ​ផឹកស្រា​ ឬគ្រឿង​ស្រា​វឹង​ផ្សេង​ៗច្រើន​ ឬញឹកញាប់​ពេក​។
    7. កុំ​ជក់បារី​ និង​នៅ​ក្បែរ​អ្នក​ដែល​ជក់បារី​ ឬកុំឱ្យ​អ្នក​ជក់បារី​នៅ​ក្បែរ​។
    8. កាត់បន្ថយ​ការ​បន្ថែម​ស្ករត្នោត​ ស្ករស​ ស្ករ​ពោត​ ឬស្ករអំពៅ​ក្នុង​ម្ហូបអាហារ​ និង​កាត់បន្ថយ​ការ​ទទួលទាន​បង្អែម​។
    9. ចៀសវាង​ការ​ទទួលទាន​ត្រីខ​ សាច់​ខ អាហារ​កំប៉ុង​ និង​អាហារ​កញ្ចប់​។
    10​. មុន​ចូលគេង​ត្រូវ​ចាំ​ឱ្យ​ស្រក​ពោះ​សិន​ ប្រមាណ​ជា1ម៉ោង​ក្រោយ​ទទួលទាន​អាហារ​ពេលល្ងាច​។
    11​. មុន​ចូលគេង​ ត្រូវ​លោ​តតិច​ៗ ហើយ​លើកដៃ​ឡើងលើ​ប្រមាណ1ទៅ2នាទី​សិន​ ដើម្បី​ឱ្យ​ក្រពះ​ដំណើរការ​បាន​ល្អ​៕

  • 10យ៉ាង​របស់​ “ជី​វ៉ាន់ស៊ុយ​” អុីចឹង​បាន​ជា​ជនជាតិ​ជប៉ុន​ចូល​ចិ​ត្ត​ញ៉ាំេ​ម្ល៉ះ​!

    10យ៉ាង​របស់​ “ជី​វ៉ាន់ស៊ុយ​” អុីចឹង​បាន​ជា​ជនជាតិ​ជប៉ុន​ចូល​ចិ​ត្ត​ញ៉ាំេ​ម្ល៉ះ​!

    បច្ចុប្បន្ន​នេះ​នៅ​ឯប្រទេស​ជប៉ុន​ “ជី​វ៉ាន់ស៊ុយ​” បាន​ក្លាយជា​បន្លែ​ដែល​មនុស្សជា​ច្រើន​នាំគ្នា​និយម​ចូលចិត្ត​ទទួលទាន​យ៉ាង​ខ្លាំង​ នាំគ្នា​ញ៉ាំ​ទាំង​ក្ដាប់​ៗ (ទាំង​តម្លៃ​ជី​វ៉ាន់ស៊ុយ​នៅ​ប្រទេស​គេ​មិនមែន​ថោ​កៗ​ដូច​ស្រុក​យើង​ផង​) ដល់​ថ្នាក់​មាន​អ្នក​ចម្រៀង​ប៊​យប៊ែ​នដ៍​របស់​ជប៉ុន​តែង​បទចម្រៀង​ច្រៀង​ដែល​មានឈ្មោះ​ថា​ “ជី​វ៉ាន់ស៊ុយ​ ហេ​វិន​” (ជី​វ៉ាន់ស៊ុយ​ស្ថានសួគ៌​) ដែល​បង្ហាញ​អំពី​ការ​និយម​ចូលចិត្ត​ញ៉ាំ​ជី​វ៉ាន់ស៊ុយ​ដ៏​ខ្លាំងក្លា​របស់​ជនជាតិ​ជប៉ុន​ទៀតផង​។

    តាមរយៈ​ការ​ចូលចិត្ត​ញ៉ាំ​ជី​វ៉ាន់ស៊ុយ​ដ៏​ខ្លាំងក្លា​នេះ​ ទើប​ធ្វើ​ឱ្យ​នៅ​ប្រទេស​ជប៉ុន​មាន​ភោជនីយដ្ឋាន​ដែល​ល្បីល្បាញ​រឿង​មុខម្ហូប​ដែល​មាន​បន្លែ​ជី​វ៉ាន់ស៊ុយ​ជា​ចំណែក​ផ្សំ​ចម្បង​ មិនមែន​គ្រាន់តែ​ហាន់​តូច​ៗរោយ​ពីលើ​ម្ហូបអាហារ​ដូច​នៅ​ស្រុក​យើង​នោះ​ទេ​។ ពួកគេ​នាំគ្នា​ញ៉ាំ​ជី​វ៉ាន់ស៊ុយ​ទាំង​បាច់​ៗតែម្ដង​ហើយ​ថែមទាំង​មាន​ភោជនីយដ្ឋាន​ដែល​លក់​តែ​មុខម្ហូប​ដែល​ផ្សំ​តែ​ពី​បន្លែ​ជី​វ៉ាន់ស៊ុយ​សុទ្ធ​ទៀតផង​។ ក្រៅពី​នេះ​ មុខម្ហូប​ជី​វ៉ាន់ស៊ុយ​ ថែមទាំង​ជាមុ​ខម្ហូប​ប្រចាំឆ្នាំ​របស់​ប្រទេស​ជប៉ុន​(ឆ្នាំ2016​) ដែល​បញ្ជាក់​ច្បាស់​ពី​ការ​និយម​ចូលចិត្ត​ញ៉ាំ​ជី​វ៉ាន់ស៊ុយ​របស់​ជនជាតិ​ជប៉ុន​យ៉ាង​ច្បាស់​ទៀតផង​។បើ​និយាយ​អំពី​រសជាតិ​ ប្រហែលជា​រឿង​ពិសេស​ដោយឡែក​ពិ​តៗ​មិនខាន​ ព្រោះ​អ្នកខ្លះ​អាច​នឹង​ចូលចិត្ត​ អ្នកខ្លះ​ទៀត​អាច​នឹង​មិន​ចូលចិត្ត​ ដូចគ្នានឹង​ផ្លែ​ទុរេន​នៅ​ប្រទេស​យើង​ដែរ​ ដែល​អ្នកណា​ចូលចិត្ត​ ក៏​ចូលចិត្ត​ខ្លាំង​ តែ​អ្នក​ដែល​មិន​ចូលចិត្ត​ ក៏​ស្អប់​តែម្ដង​ ព្រោះ​រសជាតិ​ និង​ក្លិន​របស់​វា​ដែល​ខ្លាំងក្លា​ និង​ជាឯក​លក្ខណៈ​ពិសេស​ដោយឡែក​ពិ​តៗ​ហ្នឹងឯង​។ តែបើ​និយាយ​អំពី​ប្រយោជន៍​របស់​ជី​វ៉ាន់ស៊ុយ​វិញ​នោះ​ សូមជម្រាប​ថា​មាន​ច្រើនណាស់​ រហូតដល់​មិត្ត​អ្នកអាន​អាច​នឹង​ត្រូវ​ងាក​មក​និយម​ចូលចិត្ត​ញ៉ាំ​ជី​វ៉ាន់ស៊ុយ​ខ្លាំង​ដូច​ជនជាតិ​ជប៉ុន​ដែរ​មិនខាន​។

    សារធាតុ​អាហារ​នៅក្នុង​បន្លែ​ជី​វ៉ាន់ស៊ុយ
    ​- ​វីតាមីន​ A
    – វីតាមីន​ B
    – ​វីតាមីន​ C
    – ​សារធាតុ​ដែក
    ​- បេ​តា​ឃែ​រ៉ូ​ធីន
    ​- កាល់ស្យូម​ និង​ផ្សេង​ៗទៀត​ជាច្រើន​។

    ប្រយោជន៍​ល្អ​ៗរបស់​ “ជី​វ៉ាន់ស៊ុយ​”
    1. ជួយ​បញ្ចុះ​ជាតិ​ស្ករ​នៅក្នុង​ឈាម​ ត្រូវ​នឹង​អ្នកជំងឺ​ទឹកនោមផ្អែម​ និង​អ្នក​ដែល​កំពុង​សម្រក​ទម្ងន់​
    2. ការពារ​ជំងឺ​ផ្ដាសាយ​3. បំបាត់​អាការ​ស្រេកទឹក
    ​4. តតាំង​ ប្រឆាំង​មេ​រោ​គផ្សេង​ៗនៅក្នុង​ពោះវៀន​
    5. ជួយ​បណ្ដេញ​ខ្យល់​នៅក្នុង​ក្រពះ​អាហារ​
    6. មាន​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី​ ជួយ​កាត់បន្ថយ​ភាព​ប្រថុយប្រថាន​ក្នុង​ការ​កើតជំងឺ​មហារីក​
    7. ជា​ឱសថ​បន្ទន់​លាមក​ ជួយ​ឱ្យ​បន្ទោបង់​ស្រួល​
    8. បំបាត់​អាការ​វិលមុខ​
    9. ថែបំប៉ន​ភ្នែក​
    10​. ជួយ​ជំរុញ​ការ​ធ្វើការងារ​របស់​ឈាម​ និង​សាច់ដុំ

    ​ទោះជា​បន្លែ​ជី​វ៉ាន់ស៊ុយ​មាន​ក្លិន​ហាក់ដូចជា​ឈួល​ខ្លាំង​ តែ​ក៏​មិន​ចាំបាច់​ទៅ​កង្វល់​អ្វី​ដែរ​ ព្រោះ​ក្លិន​របស់​បន្លែ​ជី​វ៉ាន់ស៊ុយ​នេះ​នឹង​ត្រូវ​បញ្ចេញចោល​មក​តាម​ទឹកមូត្រ​ហើយ​បើ​មិន​ទទួលទាន​ក្នុង​បរិមាណ​ច្រើនជ្រុល​ពេក​ទេ​នោះ​វា​នឹង​មិន​ធ្វើ​ឱ្យ​ធុំក្លិន​ខ្លួន​ដូចដែល​មនុស្សជា​ច្រើន​អាច​ធ្លាប់​បានឮ​នោះ​ទេ​តែ​ទោះជាយ៉ាងណា​ក៏ដោយ​ ការដែល​នាំគ្នា​ងាក​មក​ទទួលទាន​បន្លែ​ជី​វ៉ាន់ស៊ុយ​ដើម្បី​ឱ្យ​ទទួល​បាន​ប្រយោជន៍​ល្អ​ៗដល់​រាងកាយ​នោះ​ ក៏​មិន​គួរ​ទទួលទាន​ច្រើនជ្រុល​ពេក​ដែរ​ ព្រោះ​មិនថា​អាហារ​ប្រភេទ​ណា​ដែល​ថា​ល្អ​ៗនោះ​ទេ​ បើ​យើង​ទទួលទាន​ច្រើនជ្រុល​ពេក​ ក៏​វា​ហុច​គុណវិបត្តិ​ដល់​យើង​ដែរ​៕

  • កាស​របស់​ ​Apple​ ​AirPods​ ​អាច​ប្រើ​លួច​ស្តាប់​ការសន្ទនា​បាន​

    កាស​របស់​ ​Apple​ ​AirPods​ ​អាច​ប្រើ​លួច​ស្តាប់​ការសន្ទនា​បាន​

    ​នៅក្នុង​កំណែទម្រង់​ ​iOS​ ​12​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​បន្ថែម​មុខងារ​ ​Live​ ​Listen​ ​ទៅ​ក្នុង​កាស​ ​AirPods​ ​ដែល​មុខងារ​នេះ​អាច​ធ្វើ​ឱ្យ​ ​iPhone​ ​ក្លាយជា​ឧបករណ៍​ស្រូប​សំឡេង​ ​និង​ប្រើ​កាស​ស្តាប់​។​

    ​ក្នុង​ការ​បើក​ដំណើរការ​មុខងារ​នេះ​ ​អ្នកប្រើ​ប្រាស់​ត្រូវ​ចូល​ទៅកាន់​ ​Settings​ ​>​ ​Control​ ​Center​ ​>​ ​ចុច​យក​ ​Customize​ ​Controls​ ​ហើយ​ចុច​យក​សញ្ញា​បូក​នៅ​ក្បែរ​នឹង​ ​icon​ ​រូប​ត្រចៀក​ដើម្បី​បន្ថែម​មុខងារ​ទៅកាន់​ ​Control​ ​Center​។​

    ​គណនី​ ​Twitter​ ​មួយ​ ​បាន​បង្ហោះ​ពី​ការប្រើ​ប្រាស់​កាស​ ​AirPods​ ​ជា​ឧបករណ៍​លួច​ស្តាប់​បាន​ ​ដោយ​អ្នកប្រើ​ប្រាស់​គ្រាន់តែ​បើក​ដំណើរការ​មុខងារ​ ​Live​ ​Listen​ ​ហើយ​ទុក​ ​iPhone​ ​នៅ​ក្បែរ​នឹងនរ​ណា​ម្នាក់​ ​នោះ​រាល់​ការសន្ទនា​របស់​គេ​ ​យើង​នឹងអាច​ស្តាប់​ឮ​បាន​។​ ​នេះ​ជា​ការ​ព្រួយបារម្ភ​មួយ​ទាក់ទង​នឹង​ព័ត៌មាន​ឯកជន​៕​

  • Real ធ្លាក់ចេញទាំងអាម៉ាស់ ខណៈ Spurs ទៅវគ្គ 8ក្រុមចុងក្រោយ

    Real ធ្លាក់ចេញទាំងអាម៉ាស់ ខណៈ Spurs ទៅវគ្គ 8ក្រុមចុងក្រោយ

    ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ក្រោយពីបានចាញ់យ៉ាងអាម៉ាស់ក្នុងលទ្ធផល 4-1 នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Ajax Amsterdam ដែលបានលុបចោលការចាញ់ក្នុងជើងទី1 ដើម្បីឈានទៅវគ្គ 8ក្រុមចុងក្រោយ ជាមួយនឹងលទ្ធផលឈ្នះទាំង 2ជើង 5-3។

    ការរងបរាជ័យដ៏ខកចិត្តនេះ បានបំពេញសប្តាហ៍ដ៏សោកសៅសម្រាប់ក្រុម Real ដែលបានគ្រប់គ្រងយុទ្ធនាការនេះតាំងពីឆ្នាំ2016 ហើយបច្ចុប្បន្ន ពួកគេមិនមាននៅសល់ពានអ្វីដែលត្រូវដណ្តើមយកឡើយនៅរដូវកាលនេះ ក្រោយពីការចាញ់ 2លើកជាប់ៗគ្នាក្រោមស្នាដៃក្រុម Barcelona ដែលបានធ្វើឱ្យពួកគេធ្លាក់ចេញពីពាន Copa del Rey និងបញ្ចប់ក្តីសង្ឃឹមក្នុងការប្រជែងពាន La Liga។

    ស្របពេលជាមួយគ្នានេះ លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham បានសាទរដល់ក្រុមរបស់លោកសម្រាប់ការនៅតែរក្សាភាពរឹងមាំទល់នឹងការវាយសម្រុករបស់ក្រុម Borussia Dortmund និងបានផ្តួលក្រុមស្ថិតក្នុងក្របខ័ណ្ឌ Bundesliga មួយនេះ ក្នុងលទ្ធផល 1-០ កាលពីថ្ងៃអង្គារ និងទទួលជ័យជម្នះទាំង 2ជើង 4-០ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ 16ក្រុមចុងក្រោយ។

    គ្រាប់បាល់ស៊ុតបញ្ចូលទីនៅដើមតង់ទី2 របស់ខ្សែប្រយុទ្ធ Harry Kane បានជួយឱ្យក្រុម Spurs ឈ្នះកៅអីទៅលេងក្នុងវគ្គ 8ក្រុមចុងក្រោយជាលើកទី1 ក្នុងចំណោមការដឹកនាំរយៈពេល 5ឆ្នាំរបស់លោក Pochettino ប៉ុន្តែគ្រាប់បាល់នោះបានកើតឡើង ក្រោយពីការសង្គ្រោះបាល់យ៉ាងល្អរបស់អ្នកចាំទី Hugo Lloris ជាបន្តបន្ទាប់ មុនពេលសម្រាកតង់ទី1 ដើម្បីរារាំងមិនឱ្យក្រុម Dortmund បំពេញការវាយបកវិញ។

    លោក Pochettino បានឱ្យដឹងថា៖ «វាពិតជាអស្ចារ្យខ្លាំងណាស់ ការងារបានបំពេញបញ្ចប់ហើយ។ យើងកំពុងតែស្ថិតក្នុងវគ្គ 8ក្រុមចុងក្រោយហើយ។ ខ្ញុំគិតថា វាពិតជាការទទួលបានជ័យជម្នះដ៏សំខាន់មែនទែននៅរាត្រីនេះ»៕

  • លោក​ ប៉ិច​ ប៉ូ​ឡែន​៖ ចង់​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ខ្លាំងក្លា​ លុះត្រា​ប្រជាជន​មាន​ចរិតល្អ​ និង​ប្រសិទ្ធភាព​ការងារ​ខ្ពស់​

    លោក​ ប៉ិច​ ប៉ូ​ឡែន​៖ ចង់​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ខ្លាំងក្លា​ លុះត្រា​ប្រជាជន​មាន​ចរិតល្អ​ និង​ប្រសិទ្ធភាព​ការងារ​ខ្ពស់​

    អត្តចរិត​ និង​ការ​គិតជា​ឫសគល់​សំខាន់​នៃ​សកម្មភាព​ និង​លទ្ធផល​របស់​មនុស្ស​ម្នា​ក់ៗ​ដែល​ជា​កោសិកា​របស់​សង្គម​។ ប្រសិនបើ​មនុស្ស​ម្នា​ក់ៗ​មាន​អត្តចរិត​ល្អ​ ជា​មនុស្ស​ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់​ មាន​ភាព​ហ្មត់ចត់​ ស្មោះត្រង់​ និង​ប្រសិទ្ធភាព​ នោះ​សង្គម​នឹង​ទទួល​បានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ តែ​ប្រសិនបើ​ប្រជាជន​មិន​គោរព​ពេលវេលា​ មិន​ចេះ​ធ្វើការ​ជា​ក្រុម​ ឬនិយាយ​ដោយ​ខ្លី​ថា​ អត្តចរិត​មិនទាន់​ល្អ​ នោះ​ការ​អភិវឌ្ឍ​ទៅ​រក​គោលដៅ​សំខាន់​ណាមួយ​ក៏​មានការ​លំបាកទៅ​តាម​នោះ​ដែរ​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ អគ្គនាយក​នៃ​ក្រុមហ៊ុន​វេស​ឡាញ​ អេ​ឌ្យូ​ខេ​សិន​ គ្រុប​ បាន​លើកឡើង​ថា​ វិស័យ​ធនធានមនុស្ស​ គឺជា​ចំណុច​សំខាន់​មួយ​ក្នុង​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​ឱ្យ​ក្លាយជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ2030​ និង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ2050​ ព្រោះ​នៅពេល​ដែល​ប្រជាជន​មានកម្រិត​នៃ​ការយល់​ដឹង​ល្អ​ មាន​ផលិតភាព​ការងារ​ខ្ពស់​ នៅពេល​នោះ​យើង​អាច​មាន​ភាពជា​ម្ចាស់ការ​ និង​មានឱកាស​ទាញ​យក​ការងារ​សំ​ខាន់​ៗបាន​ជាច្រើន​ទៀត​។ ក្រោយពេល​យើង​ទាញ​បាន​ឱកាស​ការងារ​ និង​ឱកាស​អាជីវកម្ម​របស់​យើង​ ធ្វើ​ឱ្យ​ចំណូល​របស់​យើង​ម្នា​ក់ៗ​កើនឡើង​ ដែល​រុញច្រាន​ GDP​ ឱ្យ​កើនឡើង​ពី​ជាង1,000ដុល្លារ​ក្នុង​ 1ឆ្នាំ​ ទៅ​ជាង3,000ដុល្លារ​ និង​កើនឡើង​ខ្ពស់​ជាង​នេះ​ជាដើម​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​និយាយ​ថា​៖ “បច្ចុប្បន្ន​នេះ​យើង​ឃើញថា​ មាន​បងប្អូន​យើង​ខ្លះទៅ​បរទេស​ដើម្បី​ទិញទំនិញ​មក​លក់​បន្ត​ ហើយ​នៅ​ថ្ងៃ​អនាគត​ការ​រីកចម្រើន​កាន់តែ​ខ្លាំង​ ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ ដែល​ធ្វើ​ឱ្យ​ទំនិញ​ខ្លះ​យើង​លែង​នាំចូល​មក​បាន​ទៀត​ គឺ​គេ​យក​មក​លក់​ដល់ទី​ផ្សារ​របស់​យើង​ផ្ទាល់​តែម្តង​ ហេតុនេះ​យើង​ត្រូវ​អភិវឌ្ឍ​សមត្ថភាព​ និង​បង្កើន​ភាព​ម្ចាស់ការ​លើ​ទីផ្សារ​របស់​យើង​”។

    អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ដើម្បី​ទទួល​បាន​ភាពជា​ម្ចាស់ការ​នេះ​ លុះត្រាតែ​យើង​ម្នា​ក់ៗ​មាន​អត្តចរិត​ និង​ផ្នត់គំនិត​ល្អជា​មុន​សិន​។ មូលហេតុ​សំខាន់​ដែល​យើង​គួរ​រៀបចំ​អត្តចរិត​ និង​បន្ត​បណ្តុះ​ក្មេង​ៗជំនាន់​ក្រោយ​ឱ្យ​មាន​អត្តចរិត​ និង​ផ្នត់គំនិត​ល្អ​នោះ​ ព្រោះ​វា​ជាផ្នែក​សំខាន់​មួយ​ដែល​ភាគី​សំ​ខាន់​ៗទាំងអស់​បាន​លើកឡើង​។ យើង​អាច​មើលឃើញ​បាន​តាមរយៈ​របាយការណ៍​របស់​ធនាគារពិភពលោក​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​របាយការណ៍​ក្នុង​ប្រទេស​យើង​ យើង​ឃើញថា​ ភាព​រួមគ្នា​មួយ​ដែល​ជា​កត្តា​ប្រឈម​សម្រាប់​ប្រជាជន​កម្ពុជា​ គឺ​នៅ​ខ្វះ​ភាពជា​អ្នកដឹកនាំ​ ការ​ធ្វើការងារ​ជា​ក្រុម​ ការ​ទំនាក់ទំនង​ និង​ការ​ដោះស្រាយ​បញ្ហា​ជាដើម​។ ចំណុច​ទាំងអស់​នេះ​បើ​ស្ដាប់​មួយភ្លែត​គឺ​ មិនសូវ​អាក្រក់​ស្តាប់​ពេក​ទេ​ តែបើ​យើង​យក​មក​ពិចារណា​តែ​បន្តិច​យើង​នឹង​ដឹង​ថា​ គេ​ចង់ថា​ឱ្យ​យើង​នៅ​មិនទាន់​មាន​ចរិតល្អ​នៅឡើយ​ហ្នឹងឯង​។ ហេតុនេះ​យើង​ត្រូវតែ​ធ្វើការ​ផ្លាស់​ប្តូរ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ដើម្បី​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ កុំឱ្យ​គេ​បន្ត​វាយតម្លៃ​មិនល្អ​មក​លើ​យើង​តទៅទៀត​។

    លោក​ ប៉ូ​ឡែន​ បាន​លើកឡើង​ផង​ដែរ​ថា​ មូលហេតុ​នេះ​ហើយ​ទើប​យើង​នាំចូល​កម្មវិធី​ទម្លាប់​ទាំង7​ ដ៏​មានប្រសិទ្ធភាព​ (7 habits​ for​ highly​ effective​ people​) និង​កម្មវិធី​ Leader​ in​ me​ មក​កម្ពុជា​ដើម្បី​ព្យាយាម​ផ្លាស់​ប្តូរ​គ្រប់​លទ្ធភាព​ដល់​ប្រជាជន​កម្ពុជា​ឱ្យ​លុបបំបាត់​ទម្លាប់​អវិជ្ជ​មាន​ចាស់​ៗចោល​ ហើយ​បង្កើត​ទម្លាប់​ថ្មី​ដើម្បី​លើក​តម្លៃ​របស់​យើង​ឡើងវិញ​។ កន្លងមក​បញ្ហា​ដែល​យើង​គ្រប់គ្នា​សុទ្ធតែ​បានដឹង​គឺ​ ប្រជាជន​យើង​ខ្លះ​មិនទាន់​មានទម្លាប់​នៃ​ការទទួលខុសត្រូវ​ល្អ​ និយាយ​មិន​ច្បាស់លាស់​ គ្មាន​ផែនការ​ក្នុង​ការ​ធ្វើការ​ ព្រោះ​មាន​អ្នកខ្លះ​ដល់ពេល​ចូល​ធ្វើការ​ហើយ​ទើប​រកនឹក​ថា​ ថ្ងៃនេះ​ត្រូវ​ធ្វើអ្វី​ ហើ​យស​ម្បី​តែ​ផែនការ​ជីវិត​ក៏​គ្មាន​ដែរ​ដែល​ធ្វើ​ឱ្យ​ពួកគេ​លំបាក​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​។ ដោយសារតែ​មូលហេតុ​នេះ​ហើយ​ទើប​យុវជន​យើង​មួយចំនួន​មានតែ​បំណង​ តែ​ប៉ង​អ្វី​បរាជ័យ​នោះ​ និង​មិន​ចេះ​បែងចែក​ចំណុច​អាទិភាព​សម្រាប់​ការងារ​ គ្រួសារ​ និង​ការរស់នៅ​ជាដើម​។ លើស​ពីនេះ​ទៅទៀត​មាន​មនុស្ស​ខ្លះ​ឆ្នើម​តែ​បុគ្គល​ តែ​មិន​ចេះ​ធ្វើការងារ​ជា​ក្រុម​ ដាក់​ចូល​ក្រុម​ណា​ ឈ្លោះ​គ្នា​ក្រុម​នោះ​ ជាដើម​។

    លោក​ ប៉ិច​ ប៉ូ​ឡែន​ បាន​និយាយ​ថា​៖ “បញ្ហា​ប្រឈម​មួយផ្សេងទៀត​ដែល​ជា​ចំណុច​អវិជ្ជមាន​ គឺ​ប្រជាជន​យើង​ខ្លះ​ទទួល​ផ្នត់គំនិត​ចង់​ចាញ់​ចង់​ឈ្នះ​តាំងពី​តូច​មិន​ចេះ​ស្តាប់​គ្នា​ ហេតុនេះ​ហើយ​ទើប​ធំឡើង​ពេលធ្វើការ​ងារ​ចង់​មានបាន​តែឯង​ បំបាក់​គ្នា​យក​តែ​ឈ្នះ​ ដែល​ជាហេតុ​ធ្វើ​ឱ្យ​យើង​មិន​អាច​រីកចម្រើន​ជាមួយគ្នា​បាន​។ ដោយ​មើលឃើញ​ពីក​ត្តា​ទាំងនេះ​ហើយ​ ទើប​សាលា​យើង​មិន​បង្រៀន​ឱ្យ​មាន​លេខ1​ លេខ2​ នោះ​ទេ​ គឺ​យើង​ចង់​បណ្តុះ​គំនិត​ពួកគេ​ឱ្យ​ខំប្រឹង​តែ​មិនមែន​ចង់​ចាញ់​ចង់​ឈ្នះ​នោះ​ទេ​”។

    ពាក់ព័ន្ធ​នឹង​អ្នកធ្វើការ​ងារ​វិញ​ លោក​ ប៉ិច​ ប៉ូ​ឡែ​នបាន​លើកឡើង​ផង​ដែរ​ថា​ ដោយសារតែ​យើង​មានទម្លាប់​មិនសូវ​ល្អ​ និង​ស្ថានភាព​អសកម្ម​ទាំងនេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ពេលខ្លះ​ទាំង​បុគ្គលិក​រដ្ឋ​ និង​ឯកជន​ នៅ​មាន​បញ្ហា​ប្រសិទ្ធភាព​ការងារ​ ព្រោះ​ធ្វើការ​ច្រើនតែ​ម៉ោង​ តែ​លទ្ធផល​ទទួល​បាន​នៅ​ទាប​នៅឡើយ​ ដែល​ជា​ចំណុច​លំបាក​ក្នុង​ការជំរុញ​ឱ្យ​មានការ​កើន​ប្រាក់ចំណូល​ ដែល​ឈាន​ទៅដល់​ស្ថានភាព​លំបាក​ក្នុង​ការសម្រេច​គោលដៅ​អភិវឌ្ឍន៍​។ ហេតុនេះ​ដល់ពេលហើយ​ ដែល​យើង​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ និង​បណ្តុះ​ទម្លាប់​ល្អ​ឡើងវិញ​ឱ្យ​បាន​ទូទាំង​ប្រទេស​ ដោយ​សហការ​គ្រប់​លទ្ធភាព​ ដើម្បី​សម្រួល​ដល់​គ្រឹះស្ថាន​អប់រំ​ និង​ស្ថាប័ន​នានា​ទទួល​បាន​កម្ម​វិ​ធី​ល្អ​ៗជាច្រើន​សម្រាប់​ជា​ប្រយោជន៍​សម្រាប់​បុគ្គលិក​ផង​ សម្រាប់​ស្ថាប័ន​ផង​ និង​សម្រាប់​សង្គម​ផង​ ព្រោះ​ក្រោយពេល​បុគ្គលិក​មានទម្លាប់​ល្អ​ គាត់​នឹង​មាន​ភាព​ទទួលខុសត្រូវ​ច្រើនជាង​មុន​ ការងារ​ល្អ​ជាង​មុន​ ការ​ចំណាយ​របស់​ស្ថាប័ន​លើ​ភាព​ខ្ជះខ្ជាយ​ក៏​តិច​ជាង​មុន​ដែរ​ ដែល​ធ្វើ​ឱ្យ​យើង​ម្នា​ក់ៗ​អាច​ពង្រីក​ខ្លួន​ និង​ចូលរួម​អភិវឌ្ឍ​បាន​យ៉ាង​ល្អ​៕

  • គូស្នេហ៍​សិល្បៈ​ច្រើន​គូ​ ​ធ្លាយ​រឿង​អាថ៌កំបាំង​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​«​លោក​ប្តី​»​

    គូស្នេហ៍​សិល្បៈ​ច្រើន​គូ​ ​ធ្លាយ​រឿង​អាថ៌កំបាំង​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​«​លោក​ប្តី​»​

    ​ផលិត​កម្ម​អិល​ឌី​ភាពយន្ត​បាន​ដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ​វណ្ណកម្ម​ថ្មី​រឿង​ ​«​លោក​ប្តី​»​ក្រោម​វត្តមាន​តារា​ចូលរួម​ ​អ្នកនាង​ ​ចន​ ​ចន្ទ័​លក្ខិ​ណា​ ​និង​ស្វាមី​ ​លោក​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​និង​ភរិយា​ ​លោកតា​ ​វ៉ិច​ ​ទ័រ​ ​និង​ភរិយា​ ​កញ្ញា​ ​ដេ​នី​ ​ក្វាន់​ ​និង​គូស្នេហ៍​ ​លោក​ ​មួន​ ​ម៉ា​រ៉ា​ ​និង​ភរិយា​ ​លោក​ ​រ៉ូ​ណាន​ ​លោក​ ​ទ្រី​ ​តារា​វុធ​ ​កញ្ញា​ ​សម​ ​សុ​ជា​តារ៍​ ​លោក​ ​ឈុន​ ​សុវណ្ណ​ភក្តី​ ​និង​ ​សុវណ្ណ​ ​រ៉ា​ផា​ ​កញ្ញា​ ​នី​ឡា​ ​កញ្ញា​ ​ចាន់​ថា​ ​នាយ​គ្រឿន​ ​លោក​ ​សឿន​ ​វិ​តា​ ​សុខ​ ​ស្រី​លក្ខណ៍​ ​និង​ស្វាមី​ ​ព្រមទាំង​តួ​ជាច្រើន​ទៀត​ ​នា​បរិវេណ​រោងភាពយន្ត​ទំនើប​ ​ស្ថិតនៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន១​។​

    យប់មិញ​នេះ​ ​អ្នកនាង​ខ្ញុង​បាន​បង្ហាញ​វត្តមាន​ ​ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ចំពោះ​អ្នកនាង​យ៉ាង​ខ្លាំង​ ​ដោយសារតែ​អ្នកនាង​តួអង្គ​សំខាន់​នៅក្នុង​រឿង​នេះ​ផង​ ​និង​ទើបតែ​បង្ហាញមុខ​មាត់​ថ្មី​ ​ក្រោយពី​កែ​ច្រមុះ​។​ ​នាង​បាន​ប្រាប់​ឡា​រ៉ែ​ន​ថា​ ​នាងស​ម្រេច​ចិត្ត​សម្តែង​រឿង​«​លោក​ប្តី​»​ ​គឺ​ព្រោះតែ​ចង់​បង្ហាញ​ឱ្យ​បុរស​ទាំងឡាយ​ ​គួរ​ពិចារណា​គិតដល់​ចិត្ត​ប្រពន្ធ​ផង​ ​ធ្វើអ្វី​ត្រូវ​យល់គ្នា​។​ ​ក្នុង​សាច់រឿង​នោះ​ ​នាង​ដើរតួ​ឆាល់​ដែរ​ ​តែ​ទប់​អត់​ជាប់​ជាមួយ​ប្តី​ ​ដែល​ខូច​ពោរពេញ​ដោយ​ល្បិច​ច្រើន​បំផុត​។​ ​ខ្ញុង​បន្ត​ថា​ ​មនុស្ស​ស្រី​ជា​មេផ្ទះ​ ​ទោះ​បែប​ណា​ ​គឺ​ទ្រាំ​ ​ហើយ​ចុងបញ្ចប់​ប្តី​ដឹងខ្លួន​កែ​ ​តែ​នៅ​ឆ្លៀត​ខិល​ខ្លះ​ៗ​ ​យ៉ាងណា​ក៏​គិត​ពី​ប្រពន្ធ​ ​និង​កូន​ឱ្យ​ច្រើន​។​

    មុន​ពេល​សរ​សំនួរ​ចាក់ដោត​ក៏​មានការ​សម្ដែង​ចម្រៀង​ពាក់ព័ន្ធ​នឹង​ ​លោក​ប្ដី​ ​ដោយ​អ្នកនាង​ ​ទូច​ ​ស្រី​លក្ខណ៍​ ​ជា​ច្រៀង​ជា​កិត្តិយស​ ​និង​បង្ហាញ​ពី​ការ​ពេញ​អំពី​សារ​និយាយទៅ​កាន់​ស្ត្រី​ ​និង​ស្វាមី​។​ ​ក្រៅពីនោះ​ ​លោក​ ​ពែក​ ​មី​ ​ដែល​សម្ដែង​ជា​តួឯក​ប្រុស​នៅក្នុង​រឿង​ ​ក៏បាន​អញ្ជើញ​គូស្នេហ៍​សិល្បៈ​ ​ស្វាមីភរិយា​មាន​ដូចជា​ ​អ្នកនាង​ ​ដេ​ននី​ ​ក្វាន់​និង​ ​ស្វាមី​ ​លោក​ ​ឡេង​ ​ណា​វ៉ា​ត្រា​ ​និង​ភរិយា​ ​លោកតា​ ​វ៉ិច​ ​ទ័រ​ ​និង​ភរិយា​ ​លោក​ ​មួន​ ​ម៉ា​រ៉ា​ ​និង​ភរិយា​ ​និង​ជាច្រើន​គូ​ទៀត​ ​ឡើងលើ​ឆាក​សម្ដែង​ ​ដើម្បី​ឆ្លើយ​នូវ​សំនួរ​ចាក់ដោត​ពី​ជីវិត​គូ​ស្វាមីភរិយា​ ​ខណៈ​ដែល​ស្វាមី​ដើរលេង​ក្រៅ​ផ្ទះ​ ​និង​លួចលាក់​មាន​ស្រី​ ​ជាដើម​។​ ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ឃើញថា​ ​គ្រាន់តែ​បានឮ​សំនួរ​ភ្លាម​ ​ស្វាមី​ម្នា​ក់ៗ​ចំហមាត់​ថ្លុង​តែម្ដង​ ​ហើយ​មើល​មុខ​ភរិយា​របស់​ខ្លួន​ ​ព្រោះថា​ ​គ្រប់​សំនួរ​សុទ្ធតែ​ត្រូវ​នឹង​សាច់រឿង​ពិ​តៗ​ ​(​ ​ស្វាមី​កំហូច​នោះ​អី​ ​.​.​.​.​ហិ​ហិ​ ​)​។​

    សូមជម្រាប​ ​រឿង​«​លោក​ប្តី​»​ ​និង​ធ្វើការ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃទី7​ ​មីនា​ ​ឆ្នាំ2019​ ​ស្អែកនេះ​តទៅ​ដោយ​អ្នក​ស្នេហា​ជឿ​ទុកចិត្ត​លើ​ផលិត​កម្ម​អិល​ឌី​ ​អាច​ទិញ​ ​និង​កក់​សំបុត្រ​ឲ្យហើយ​ ​ព្រោះ​ការ​បញ្ចាំង​នេះ​ ​ក៏​ដើម្បី​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​ ​៨​ ​មិនា​ផង​ដែរ​។​ ​រឿង​«​លោក​ប្តី​»​ជា​ភាពយន្ត​ដែល​និយាយ​ពី​ស្វាមី​ខិល​ខួច​ ​មាន​ល្បិច​ដាក់​ប្រពន្ធ​ ​មិនបាន​ប្រើ​ហឹង្​សា​អ្វី​នោះ​ទេ​ ​តែ​ចិត្ត​ស្ត្រីជា​ប្រពន្ធ​ ​គឺ​គ្រាំចិត្ត​ស្ទើរតែ​ក្អួតឈាម​ ​ព្រោះ​ទង្វើ​ប្តី​កំហូច​។


    រូបភាព៖ Neth Udom Princess Little

  • ការអនុវត្ត​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​គោក​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ ត្រូវការ​ពេល2ឆ្នាំ​ទៀត​

    ការអនុវត្ត​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​គោក​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ ត្រូវការ​ពេល2ឆ្នាំ​ទៀត​

    បើ​ទោះបីជា​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ (GMS​-CBTA​) ត្រូវ​បាន​ចុះហត្ថលេខា​ និង​ចូលជាធរមាន​តាំងពី​ឆ្នាំ2015​ រួចរាល់​ក៏​ពិតមែន​ តែ​ការអនុវត្ត​ពេញលេញ​លើ​កិច្ច​ព្រមព្រៀង​នេះ​ហាក់​ត្រូវ​បាន​អូស​បន្លាយពេល​ជាង​ 2ឆ្នាំ​ទៀត​។

    កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ក្រោម​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ (GMS​-CBTA​) មាន​ប្រទេស6​ ជាស​មា​ជិ​ក ក្នុង​នោះ​រួមមាន​ វៀតណាម​កម្ពុជា​ ឡាវ​ មីយ៉ាន់ម៉ា​ ថៃ​ និង​ចិន​។ កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​លុបបំបាត់​ឈ្មួញ​កណ្តាល​ បង្កើន​ និង​លើកកម្ពស់​សកម្មភាព​ពាណិជ្ជកម្ម​ដោយ​កាត់បន្ថយ​ចំនួន​ពេលវេលា​ដែល​ចំណាយ​ក្នុង​ការ​ឆ្លងកាត់​ព្រំដែន​។ កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ក្នុង​ក្របខ័ណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ (GMS​-CBTA​) នឹង​អនុ​ញាត​ឱ្យ​ប្រទេស​ជាស​មា​ជិ​កនី​មួយ​ៗ អាច​ប្រើប្រាស់​រថយន្ត​បាន​ចំនួន​ 500គ្រឿង​ សម្រាប់​ការ​ដឹកជញ្ជូន​ឆ្លងកាត់​គ្នា​ទៅវិញទៅមក​តាម​ច្រកព្រំដែន​ដែល​បាន​កំណត់​។

    លោក​ វ៉ា​ ស៊ី​មសូរិ​យា​ ​អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​ថា​ ការអនុវត្ត​កិច្ច​ព្រមព្រៀង​ GMS​-CBTA​ នេះ​មិនទាន់​អាច​ធ្វើ​បាន​ទាំងស្រុង​នៅឡើយ​ទេ​ ពោល​គឺ​ប្រទេស​មួយចំនួន​ក្នុង​មហា​អនុ​តំបន់​មេគង្គ​ ដូចជា​ ឡាវ​ និង​មីយ៉ាន់ម៉ា​ មិនទាន់​បើក​ច្រកព្រំដែន​របស់​ខ្លួន​ចំពោះ​ការ​ដឹកជញ្ជូន​ឆ្លងកាត់​នៅឡើយ​ ដោយ​ប្រទេស​ទាំង2​ នេះ​ស្នើសុំ​រយៈពេល​ 2ឆ្នាំ​ទៀត​។

    យ៉ាងណាមិញ​ ប្រទេស​កម្ពុជា​ដែល​ប្រកាស​ថា​ ខ្លួន​បាន​ត្រៀម​រួចរាល់​អស់ហើយ​ក្នុង​ការ​បើក​ច្រកព្រំដែន​ ដើម្បី​ឱ្យ​មានការ​ដឹកជញ្ជូន​ឆ្លងកាត់​ពី​បណ្តា​ប្រទេស​នៅក្នុង​មហា​អនុ​តំបន់​មេគង្គ​នោះ​ ក៏​មិនទាន់​មាន​រថយន្ត​គ្រប់គ្រាន់​ចំនួន​ 500គ្រឿង​ដើម្បី​ដឹកជញ្ជូន​ទំនិញ​ និង​អ្នកដំណើរ​ទៅកាន់​ប្រទេស​ក្នុង​មហា​តំបន់​មេគង្គ​នោះ​ដែរ​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​ក្រសួងសាធារណការ​។

    លោក​ សូ​រិយា​ បាន​ថ្លែង​ថា​៖ “ឥឡូវ​ប្រទេស​ថៃ​វៀតណាម​ និង​ប្រទេស​ចិន​ អាច​អនុវត្ត​កិច្ច​ព្រមព្រៀង​បាន​ដោយ​គេ​មាន​រថយន្ត​គ្រប់​ចំនួន​ 500គ្រឿង​ ប៉ុន្តែ​កម្ពុជា​ បើ​ទោះបីជា​បាន​ត្រៀម​រួចរាល់​ហើយ​ក្ដី​ តែ​មិន​មាន​រថយន្ត​គ្រប់​ចំនួន​ 500គ្រឿង​នោះ​ក្នុង​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​ទាំងនោះ​ទេ​ ខណៈ​ពេល​ដែល​ប្រទេស​មីយ៉ាន់ម៉ា​សុំ​ពិចារណា​ 2ឆ្នាំ​ទៀត​ដើម្បី​អនុ​ញាត​ឱ្យ​មាន​កា​រដឹក​ញ្ជូន​ឆ្លងកាត់​ប្រទេស​របស់​ខ្លួន​ ខណៈ​ប្រទេស​ឡាវ​ក៏​សុំ​ពេល​ពិចារណា​ 2ឆ្នាំ​ទៀត​ដែរ​ ដោយ​លើក​ហេតុផល​ថា​ ផ្លូវ​ខូច​ ត្រូវការ​ថវិ​កា​ជុស​ជុល​ផ្លូវ​ខូច​ និង​គិត​សេវា​ដឹកជញ្ជូន​ឆ្លងកាត់​ប្រទេស​ឡាវ​”។

    លោក​ សូ​រិយា​ បន្ត​ថា​ កម្ពុជា​បាន​ត្រៀម​រួចរាល់​អស់ហើយ​ និង​កំពុងតែ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ដោយ​អនុញ្ញាត​ឱ្យ​រថយន្ត​របស់​ថៃ​ចំនួន​ 500គ្រឿង​ និង​វៀតណាម​ 500គ្រឿង​ដឹក​ញ្ជូន​ទំនិញ​ និង​អ្នកដំណើរ​ចូល​មក​ និង​ឆ្លងកាត់​កម្ពុជា​ជា​រៀងរាល់ថ្ងៃ​។

    លោក​បាន​បន្ត​ទៀត​ថា​ ប្រទេស​កម្ពុជា​ស្ថិតនៅ​ចំ​កណ្តាល​នៃ​មហា​អនុ​តំបន់​មេគង្គ​ ដូច្នេះ​កម្ពុជា​ជា​ប្រទេស​ ដែល​មានការ​ដឹកជញ្ជូន​ឆ្លងកាត់​ច្រើន​ពី​ប្រទេសជិតខាង​ ដូចជា​វៀតណាម​ និង​ថៃ​ជាដើម​។ លោក​បន្ថែម​ថា​ ក្រៅពី​កិច្ច​ព្រមព្រៀង​ GMS​-CBTA​ នេះ​ កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ដោយឡែក​មួយទៀត​ជា​លក្ខណៈ​ទ្វេភាគី​ ជាមួយ​ប្រទេស​វៀតណាម​ និង​ថៃ​។

    លោក​បន្ថែម​ទៀត​ថា​ អនុស្សរណៈ​យោគយល់​គ្នា​មួយទៀត​ជា​លក្ខណៈ​ទ្វេភាគី​រវាង​ថៃ​ និង​កម្ពុជា​ គឺ​មាន​រថយន្ត​ចំនួន​តែ​ 150គ្រឿង​ប៉ុណ្ណោះ​ដែល​អាច​ឆ្លងកាត់​ទៅវិញទៅមក​រវាង​កម្ពុជា​ និង​ថៃ​ ដោយ​ប្រើប្រាស់​ច្រកព្រំដែន​ដែន​តែមួយ​ប៉ុណ្ណោះ​ គឺ​ច្រកព្រំដែន​អន្តរជាតិ​ ប៉ោយប៉ែត​។ ដោយឡែក​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​ជាមួយ​ប្រទេស​វៀតណាម​ ដោយ​បើកចំហ​ឱ្យ​មាន​រថយន្ត​ 500គ្រឿង​ទៅវិញទៅមក​ ហើយ​ប្រើប្រាស់​ និង​បើក​ច្រកព្រំដែន​ 6កន្លែង​។

    លោក​ ស៊ីន​ ចន្ធី​ ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​មានប្រសាសន៍​ថា​ បណ្តា​ប្រទេស​នៅក្នុង​ មហា​អនុ​តំបន់​មេគង្គ​បាន​ចុះ​កិច្ច​ព្រមព្រៀង​រួចរាល់​អស់ហើយ​ស្តី​ពី​ការ​ដឹកជញ្ជូន​ឆ្លងកាត់​តាម​បណ្តា​ប្រទេស​នៅក្នុង​ GMS​ នេះ​ តែ​ដោយឡែក​ប្រទេស​នី​មួយ​ៗមិនទាន់​បាន​អនុវត្ត​ពេញលេញ​នូវ​កិច្ច​ព្រមព្រៀង​នេះ​នៅឡើយ​ ហើយ​ប្រទេស​ខ្លះ​មិន​ចង់​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ទៀតផង​។

    លោក​ថា​ ប្រទេស​វៀតណាម​ និង​ ប្រទេស​ថៃ​មាន​ច្បាប់​រៀង​ៗខ្លួន​ ដែល​ធ្វើជា​រនាំង​ឧបសគ្គ​ ពីព្រោះ​ប្រទេស​នី​មួយ​ៗមិន​ចង់​ឲ្យ​រថយន្ត​ ឆ្លងកាត់​ប្រទេស​របស់​ខ្លួន​ ដោយសារ​គេ​គិតថា​ ខួច​ផ្លូវ​ ខាត​នេះ​ ខាត​នោះ​ ប៉ុន្តែ​ជា​រួម​រដ្ឋាភិបាល​នៃ​ប្រទេស​ ជាស​មា​ជិ​ក GMSបាន​ចុះ​កិច្ច​ព្រមព្រៀង​រួចរាល់​ហើយ​។

    លោក​ ចន្ធី​ បាន​បន្ត​ថា​៖ “ខ្ញុំ​គិតថា​ បើសិនជា​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ក្នុង​បណ្តា​ប្រទេស​ GMS​ បាន​ វា​ជា​រឿង​ល្អ​ណាស់​ ដូចជា​នៅ​សហគមន៍​អឺរ៉ុប​ដែល​អាច​ធ្វើ​ឱ្យ​មានការ​ដឹកជញ្ជូន​ឆ្លងកាត់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​បាន​ ជាពិសេស​វា​ល្អ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​”។

    លោក​ ចន្ធី​ បញ្ជាក់​ថា​៖ “ប្រទេស​នី​មួយ​ៗនៅតែ​បង្ក​នូវ​ឧប​សគ្គ​រៀង​ៗខ្លួន​ ដោយ​លើក​ពី​បញ្ហា​លើច្បាប់​ទម្លាប់​អ្នកបើកបរ​ជាដើម​ តែ​ជាគោល​ការណ៍​រួម​ បើ​អាច​ធ្វើ​ទៅ​បាន​ ចំពោះ​សេដ្ឋកិច្ច​គឺ​ ពិតជា​ល្អ​ ប៉ុន្តែ​ប្រទេស​មួយចំនួន​មិន​មាន​ឆន្ទៈ​ធ្វើ​នោះ​ទេ​ ដូច្នេះ​វា​នឹង​មិន​អាច​ទៅរួច​ទេ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ​”។

    គួរ​បញ្ជាក់​ថា​ កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ និង​ធ្វើជា​ប្រធាន​បន្តវេន​តាមលំដាប់​តួអក្សរ​ឡាតាំង​នូវ​កិច្ចប្រជុំ​លើក​ទី7​ នៃ​គណៈកម្មាធិការ​រួម​សម្រាប់​អនុវត្ត​កិច្ច​ព្រមព្រៀង​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ ក្រោម​ក្របខណ្ឌ​មហា​អនុ​តំបន់​មេគង្គ​ និង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​សម្រួលការ​ដឹកជញ្ជូន​ឆ្លងដែន​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី12​-13​ ខែមីនា​ ឆ្នាំ2019​ ខាងមុខ​ នៅ​ទីក្រុង​សៀមរាប​ ខេត្តសៀមរាប​។

    កិច្ចប្រជុំ​នៅ​ខែក្រោយ​នេះ​នៅ​សៀមរាប​ យើង​នឹង​ជជែក​ពី​កិច្ច​ព្រមព្រៀង​ GMS​ ដែល​បាន​ធ្វើ​តាំងពី​ឆ្នាំ2015​ ប្រទេស​ទាំងអស់​ផ្តល់​សច្ចាប័ន​ហើយ​ តែ​ប្រទេស​មួយចំនួន​ត្រូវ​បង្ហើយ​ ជាពិសេស​នៅ​លើ​ច្រករបៀង​ឆ្លងកាត់​ និង​ច្រក​ទ្វារ​ព្រំដែន​ និង​និ​តិ​វិធី​ផ្សេង​ និង​ធ្វើពិធី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយទៀត​ ដើម្បី​បន្ថែម​ច្រករបៀង​ ច្រក​ទ្វារ​ថែមទៀត​៕

  • អតីត​តារា​កីឡាកាស​អាជីព​ ​King​ ​Kong​ ​ស្លាប់​ក្នុង​វ័យ​ ​61ឆ្នាំ​ ​

    អតីត​តារា​កីឡាកាស​អាជីព​ ​King​ ​Kong​ ​ស្លាប់​ក្នុង​វ័យ​ ​61ឆ្នាំ​ ​

    លោក​ ​Christopher​ ​Pallies​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ​មានឈ្មោះ​ ​King​ ​Kong​ ​Bundy​ ​ក្នុង​កីឡាកាស​អាជីព​នោះ​ ​បាន​ស្លាប់​កាលពី​ថ្ងៃ​ចន្ទ​ ​ក្នុង​វ័យ​ ​61ឆ្នាំ​។​ ​នេះ​បើ​យោង​តាម​ការប្រកាស​របស់​អង្គភាព​រៀបចំ​កីឡាកាស​ពិភពលោក​បែប​កម្សាន្ត​ហៅ​កាត់​ថា​ ​WWE​។​

    មូលហេតុ​នេះ​នៃ​ការ​ស្លាប់​នេះ​នៅ​មិនទាន់​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ភ្លាម​ៗ​ឡើយ​។​ ​លោក​ ​Bundy​ ​ដែល​ក៏​ទទួល​បាន​រហស្សនាម​ថា​ ​«​ខុន​ដូ​ដើរ​បាន​»​ ​ដោយសារតែ​ការ​មាន​កម្ពស់​ដល់ទៅ​ ​1.9ម៉ែត្រ​ ​និង​ទម្ងន់​ ​207គីឡូក្រាម​របស់​គេ​នោះ​។​
    ​ ​«​ខុន​ដូ​ដើរ​បាន​»​បាន​បង្ហាញខ្លួន​ក្នុង​ការប្រកួត​អាជីព​របស់​គេ​ក្នុង​ឆ្នាំ1981​ ​ដោយ​ការប្រើ​ប្រាស់​ឈ្មោះថា​ ​Chris​ ​Canyon​។​ Chris​ ​Canyon​ ​ឬ​ ​King​ ​Kong​ ​Bundy​ ​មាន​ភាព​ល្បីល្បាញ​ក្នុង​ការប្រកួត​វាយ​ដាក់​ទ្រុង​ដែក​ជាមួយនឹង​កីឡាករ​ ​Hulk​ ​Hogan​ ​ក្នុង​កម្មវិធី​ ​WrestleMania​ ​2​ ​កាលពី​ឆ្នាំ1986​ ​ខណៈ​ដែល​ការប្រកួត​នោះ​ត្រូវ​បាន​ឈ្នះ​ដោយ​កីឡាករ​ ​Hogan​។ ​រូបគេ​ក៏​ធ្លាប់​បាន​ប្រឆាំង​នឹង​ការរាប់​ត្រឹមតែ​ ​3លើក​ផង​ដែរ​ ​ដោយ​ធ្លាប់​បាន​ទាមទារ​ឱ្យ​អាជ្ញា​កណ្តាល​រាប់​ដល់ទៅ​ ​5លើក​ ​ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​គេ​ទៅលើ​គូប្រកួត​។​

    ​លោក​ ​Hogan​ ​រួម​ជាមួយនឹង​តារា​កីឡាកាស​ផ្សេងទៀត​ ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ ​Twitter​ ​កាលពី​ថ្ងៃអង្គារ​ ​ដើម្បី​សម្តែង​នូវ​ការរំលែក​ទុក្ខ​របស់​លោក​។​ ​លោក​បានឱ្យ​ដឹង​ថា​៖​ ​«​King​ ​Kong​ ​Bundy​ ​គឺជា​តារា​ឆ្នើម​ដ៏​អស្ចារ្យ​កាលពីមុន​ ​និង​បាន​បង្កើត​ការ​ចងចាំ​ដ៏​អស្ចារ្យ​ជាច្រើន​។​ ​សូម​ទៅ​ឱ្យ​បាន​សុខ​ណា៎​ ​បុរស​មាឌធំ​»​។​​ ​Bundy​ ​បាន​បង្ហាញខ្លួន​ជា​លើក​ទី1​ ​ក្នុង​កម្មវិធី​ប្រកួត​ ​WWF​ ​និង​បាន​ចូលរួម​ប្រកួត​ក្នុង​កម្មវិធី​ ​WrestleMani​ ​ជា​លើក​ទី1​ ​នៅ​លើ​សង្វៀន​ ​Madison​ ​Square​ ​Garden​ ​ក្នុង​ឆ្នាំ1985​។​ Bundy​ ​ធ្លាប់​បាន​ប្រកួត​ជាមួយនឹង​តា​រា​ឆ្នើម​ៗ​ជាច្រើន​ ​ក្នុង​នោះ​រាប់បញ្ចូល​ទាំង​កីឡាករ​ ​Andre​ ​The​ ​Giant​,​ ​The​ ​Undertaker​,​ ​“​Million​ ​Dollar​ ​Man​”​ ​Ted​ ​DiBiaseនិង​ ​Bobby​ ​“​The​ ​Brain​”​ ​Heenan​ ​ផង​ដែរ​៕

  • ចូល​សិល្បៈ​រយៈពេល​ខ្លី​ ​អ៊ុ​ក​ ​ចំប៉ា​រ័ត្ន​ ​ឡើង​កា​លី​បថ​ត​ថ្វាយព្រះ​ករុណា​ ​

    ចូល​សិល្បៈ​រយៈពេល​ខ្លី​ ​អ៊ុ​ក​ ​ចំប៉ា​រ័ត្ន​ ​ឡើង​កា​លី​បថ​ត​ថ្វាយព្រះ​ករុណា​ ​

    ​ទើបតែ​លេចមុខ​មាត់​ក្នុង​ពិភព​សិល្បៈ​តែមួយ​រយៈពេល​ខ្លី​ ​តារា​សម្ដែង​ ​និង​ជាតា​រា​បង្ហាញ​ម៉ូដ​ ​លោក​ ​អ៊ុ​ក​ ​ចំប៉ា​រ័ត្ន​ ​ហៅ​ ​Da​ ​Make​ ​ត្រូវ​គេ​កត់សម្គាល់​ថា​ឈានឡើង​កេរ្តិ៍ឈ្មោះ​យ៉ាង​ខ្លាំង​ ​ដោយ​បាន​តំណែង​តួឯក​ក្នុង​ភាពយន្ត​នៅ​ប៉ុស្តិ៍​លេខ៥គួរ​ឱ្យ​កត់សម្គាល់​នោះ​ផង​។​ ​អ្វី​ដែល​កាន់តែ​សរសើរ​ទៅទៀត​ ​គឺ​លោក​ត្រូវ​បាន​ផលិតករ​ជ្រើស​ឱ្យ​សម្ដែង​បទ​ថ្វាយ​ករុណា​ ​ដែល​ជា​ទឹកដម​សំលេង​របស់​តារាចម្រៀង​ ​កញ្ញា​ ​ទៀង​ ​មុំ​សុធា​វី​ ​ក្ដៅ​ៗ​នោះ​ផង​។​ ​

    លោក​ ​អ៊ុ​ក​ ​ចំប៉ា​រ័ត្ន​ ​និយាយ​ថា​ ​ក្នុងចំណោម​ការសម្ដែង​ទាំងអស់​ដែល​លោក​បាន​ប្រឡូក​ ​លោក​ហាក់​មាន​អារម្មណ៍​ចំពោះ​ការសម្ដែង​ជាមួយ​តារាចម្រៀង​ ​កញ្ញា​ ​ទៀង​ ​មុំ​សុធា​វី​ ​ជាង​ការសម្ដែង​កន្លងមក​ ​ដោយសារតែ​ការសម្ដែង​របស់​លោក​ជាមួយ​នាង​ ​គឺជា​កា​សម្ដែង​ក្នុង​បទចម្រៀង​ថ្វាយ​ដល់​ព្រះករុណា​ ​ដែល​លោក​បាន​ចាត់ទុកថា​នោះ​ជា​ស្នាដៃ​មួយ​ ​ដែល​លោក​មិនធ្លាប់​ថត​។​ ​លោក​បដិសេធ​បង្ហើប​ឱ្យ​ដឹងពី​ចំណងជើង​បទចម្រៀង​ ​ដោយ​គ្រាន់តែ​អះអាង​ថា​ ​នេះ​ជា​បទ​របស់​ព្រះករុណា​ ​និង​ជា​កា​រស​ម្ដែងដ៍​ផ្លួវ​ការ​មួយ​ ​បើ​ធៀប​នឹង​ការ​សម្ដែង​ផ្សេង​ៗ​។​ ​ក្នុង​នោះ​សម្រាប់​ការសម្ដែង​ទាំងស្រុង​ ​ក៏​ត្រូវ​ប្រិត​ព្រៀង​ពី​ក្រុម​ផលិតករ​ ​ដែល​ធ្វើ​ឱ្យ​លោក​ប្រយ័ត្ន​ប្រយែង​ចំពោះ​ការសម្ដែង​របស់​ខ្លួន​នោះ​ផង​ដែរ​។​ ​អ្វី​ដែល​កាន់តែ​សប្បាយចិត្ត​ទៅទៀត​ ​គឺ​លោក​បាន​សម្ដែង​ជាមួយ​កញ្ញា​ ​ទៀង​ ​មុំ​សុធា​វី​ ​ដែល​ជាតា​រា​ចម្រៀង​សំនៀង​ផ្អែម​ ​និង​ស្រទន់​ម្នាក់​ ​ដែល​លោក​គឺ​ជា​ហ្វេ​ន​ជាយូរមកហើយ​។​

    ​តារា​សម្ដែង​ប្រុស​រូប​នេះ​បាន​អះអាង​ថា​ ​ការងារ​សម្ដែង​ ​នៅក្នុង​រយៈពេល​ចុងក្រោយ​ ​បាន​ជួយ​ឱ្យ​លោក​កាន់តែ​មាន​កេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ជាង​មុន​ ​ដោយ​តាំងពី​លោក​ឈានឡើង​តួឯក​មក​ ​គឺ​មិន​មាន​ផលិតករ​ណា​ម្នាក់​ឱ្យ​លោក​សម្ដែង​ជា​តួរាយរង​ទៀត​ទេ​។​ ​លោក​ថា​ ​មិនមែន​រើសអើង​មិន​ថត​ជា​តួ​កំប៉ុក​កំប៉ុក​នោះ​ទេ​ ​តែបើ​មាន​ផលិតករ​ទាក់ទង​ ​ក៏​លោក​អាច​នឹង​មិន​ថត​នោះ​ដែរ​ ​បើ​ការសម្ដែង​នោះ​ចេញមុខ​ត្រឹម​មួយ​ប្លង់​ឬ​ ​២ប្លង់​ ​ហើយ​បាន​ត្រឹម​តម្លៃ​ខ្លួន​ដូច​ការ​ថត​កន្លងមក​។​ ​ម្យ៉ាង​មក​ពី​លោក​កាក់កប​ ​និង​មមាញឹក​នឹង​ជំនួញ​លក់​ឡាន​នោះ​ផង​ ​ទើប​លោក​ប្រកាស​ថា​ ​បើ​ការសម្ដែង​ដែល​ទាក់ទង​មក​មិន​ឱ្យ​តម្លៃ​ដល់​ខ្លួន​ ​គឺ​សុខចិត្ត​ទំនេរ​គួ​ក​ជេរ​ឡាន​ល្អ​ជាង​។​ ​លោក​ចំប៉ា​រ័ត្ន​ ​បន្ថែម​ថា​ ​នៅក្នុង​ភាពយន្ត​លោក​បាន​សម្ដែង​ច្រើន​រឿង​មក​ហើយ​ ​ដូចជា​រឿង​”​ឈាម​ស្នេហ៍​ក្បត់​បេះដូង​”​ ​រឿង​ ​”​ឋាន​សួ​គ៍​វណ្ណៈ​”​ ​រឿង​”​គំនុំ​ស្នេហ៍​ភ្លើង​អាឃាត​”​ ​រឿង​”​លោហិត​រនាំង​ស្នេហ៍​”​ ​រឿង​”​ភរិយា​ឈ្លើយ​ស្នេហ៍​”​ ​រឿង​”​បន្តោង​ខ្សែក​ពេជ្រ​”​ ​និង​រឿង​”​ស្នេហ៍​បញ្ច្រាសទិស​”​ជាដើម​ ​ដោយ​ការងារ​បង្ហាញ​ម៉ូដ​ក៍​មាន​ទីផ្សារ​មិន​អន់​ដែរ​៕​

  • តើ​យុវជន​យល់​យ៉ាងណា​អំពី​ទិវា​អំណាន​ជាតិ​នៅ​ឆ្នាំ2019នេះ​?

    តើ​យុវជន​យល់​យ៉ាងណា​អំពី​ទិវា​អំណាន​ជាតិ​នៅ​ឆ្នាំ2019នេះ​?

    ទិវា​អំណាន​ ជា​ទិវា​ដ៏​មាន​សារៈសំខាន់​សម្រាប់​សង្គម​កម្ពុជា​ ព្រោះ​បច្ចុប្បន្ន​កំពុង​ត្រូវការ​ធនធានមនុស្ស​លើ​គ្រប់​ផ្នែក​ទាំងអស់​។ ហេតុនេះ​ការ​បំផុស​ឱ្យ​ប្រជាជន​ចាប់ផ្តើម​អាន​ គឺជា​យន្តការ​ដ៏​សំខាន់​មួយ​ដែល​កំពុង​ស្ថិត​ក្នុង​ការ​យកចិត្ត​ទុកដាក់​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។

    នៅ​ថ្ងៃទី18​ ខែមីនា​ ឆ្នាំ2019​ ខាងមុខនេះ​កម្ពុជា​នឹង​ប្រារព្ធ​ទិវា​អំណាន​ធំ​ប្រចាំឆ្នាំ​ ស្រប​ទៅតាម​អនុក្រឹត្យ​បង្កើត​ទិវា​អំណាន​ជាតិ​ឆ្នាំ2015​ ដែល​កំណត់​យក​ថ្ងៃទី18​ ​ខែមីនា​ រៀងរាល់​ឆ្នាំ​ជា​ទិវា​អំណាន​ ដែល​ថ្ងៃនេះ​គឺ​ត្រូវ​ចំ​នឹង​ថ្ងៃកំណើត​របស់​សម្តេច​ព្រះ​មហាសង្ឃរាជ​ ជួន​ ណាត​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ស្ថាបនិក​ដ៏​សំខាន់​លើ​វិស័យ​អក្សរសាស្ត្រ​ជាតិ​។

    ស្ថាបនិក​ My​ BOOKSHOPCambodia​ ​លោក​ ប៊ួយ​ សុធន​ យល់ឃើញ​ថា​ ទិវា​អំណាន​ជាតិ​ គឺជា​ព្រឹត្តិ​ការណ៍​ជា​វិជ្ជមាន​មួយ​ដែល​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន​ចូលចិត្ត​អាន​។ ដើម្បី​លើកស្ទួយ​ការ​អាន​ នៅ​កម្ពុជា​យើង​ត្រូវការ​ធាតុផ្សំ​ជាច្រើន​ ក្នុង​នោះ​ការរៀបចំ​ព្រឹត្តិ​ការណ៍​ថ្នាក់​ជាតិ​ គឺជា​យន្តការ​មួយ​សំខាន់​ក្នុងចំណោម​កត្តា​គន្លឹះ​សម្រាប់​អភិវឌ្ឍ​ការ​អាន​នៅ​កម្ពុជា​។ បច្ចុប្បន្ន​នេះ​ថ្វី​ដ្បិតតែ​ចំនួន​នាក់​អាន​នៅ​កម្ពុជា​នៅ​មានកម្រិត​ក៏​ពិតមែន​ តែ​ចំនួន​អ្នកចាប់​អារម្មណ៍​ពី​ការ​អាន​មានការ​កើនឡើង​ ហេតុនេះ​ទិវា​អំណាន​ជាតិ​ឆ្នាំនេះ​អាច​នឹង​មាន​កំណើន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំ​មុន​ៗ តែ​ទន្ទឹម​នឹង​នេះ​ក៏​សូម​ឱ្យ​មានការ​រៀបចំ​ និង​ច្នៃប្រឌិត​ឱ្យ​បាន​កាន់តែ​ទាក់ទាញ​ឡើង​ បើ​ទោះបីជា​មាន​មនុស្ស​ចូលរួម​ច្រើន​ហើយក៏​ដោយ​។

    លោក​ ប៊ួយ​ សុធន​ បាន​និយាយ​ថា​៖ “ការចែក​សៀវភៅ​ និង​សកម្មភាព​ច្នៃប្រឌិត​នៅក្នុង​ព្រឹត្តិ​កា​រណ៍​ធំៗ​ពាក់ព័ន្ធ​នឹង​អំណាន​ គឺជា​រឿង​ល្អ​មួយ​ដែល​អាច​ទាក់ទាញ​មនុស្ស​ឱ្យ​បាន​ចូលរួម​កាន់តែ​ច្រើន​។ សកម្មភាព​បែបនេះ​ គឺជា​រឿង​វិជ្ជមាន​ ព្រោះ​ពេលខ្លះ​គោលបំណង​សំខាន់​ មិនមែន​គ្រាន់តែ​ទៅ​ចូលរួម​កម្មវិធី​នោះ​ទេ​ តែ​គាត់​អាច​ទៅ​ដើម្បី​កម្សាន្ត​ ឬចង់បាន​សៀវភៅ​ ហើយ​អ្វី​ដែល​សំខាន់​នោះ​ យ៉ាងហោចណាស់​ក៏​យើង​អាច​ទាក់ទាញ​មនុស្ស​ថ្មី​ៗដែល​មិនទាន់​ចាប់អារម្មណ៍​លើ​ការ​អាន​ឱ្យ​ចូល​ទៅ​ក្នុង​បរិស្ថាន​ល្អ​មួយ​ ​និង​កាន់តែ​យល់​ច្បាស់​ពី​ផលប្រយោជន៍​នៃ​អំណាន​ដែរ​”។

    លោក​ សុធន​ ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ព្រឹត្តិ​ការណ៍​ដ៏​មាន​សារៈសំខាន់​នេះ​ក៏​ជាផ្នែក​យ៉ាង​សំខាន់​មួយ​សម្រាប់​ជួយ​ដល់​អ្នកនិពន្ធ​ផង​ដែរ​ ព្រោះ​វា​ជា​ឱកាស​ក្នុង​ការ​តាំង​បង្ហាញ​សៀវភៅ​ល្អ​ៗ និង​ជាទី​ផ្សារ​ដ៏​សំខាន់​មួយ​ផង​ដែរ​សម្រាប់​ឱ្យ​ប្រជាជន​បាន​ស្គាល់​ស្នាដៃ​របស់​អ្នកនិពន្ធ​ថ្មី​។

    សហ​ស្ថាបនិក​បណ្ណាគារ​មួយ​រូប​ លោក​ ហម​ សុខ​នី​ បាន​បង្ហាញ​ការយល់ឃើញ​ថា​ លោក​គាំទ្រ​ឱ្យ​មានការ​ប្រារព្ធ​ទិវា​អំណាន​នេះ​ ហើយ​វា​ក៏​ជា​ព្រឹត្តិ​ការណ៍​នៃ​ការ​ចងចាំ​មួយ​ដែល​បាន​ដាស់​ស្មារតី​ប្រជាជន​ថា​ ប្រទេស​កម្ពុជា​យើង​មាន​ទិវា​ដ៏​ពិសេស​មួយ​ជា​រៀងរាល់​ឆ្នាំ​ គឺ​ទិវា​អំណាន​ជាតិ​។ ទិវា​នេះ​ក៏​ជា​ឱកាស​មួយ​ល្អ​ផង​ដែរ​សម្រាប់​អាណាព្យាបាល​ដែល​ចង់ឱ្យ​កូន​ក្លាយជា​មនុស្ស​ពូកែ​ និង​មានទម្លាប់​ល្អ​នៅ​ថ្ងៃ​អនាគត​ ព្រោះ​គាត់​អាច​នាំ​កូន​ឱ្យ​ឃើញ​ពី​ពិភព​ដ៏​ធំ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​មនុស្ស​ស្រឡាញ់​ការអប់រំ​។ ការ​នាំ​កូន​តូច​ៗទៅកាន់​ទិវា​អំណាន​ ជា​ការអប់រំ​ដោយ​ផ្ទាល់​ដើម្បី​ឱ្យ​ក្មេង​រីករាយ​ជាមួយនឹង​ការ​អាន​ ហើយ​ជំរុញ​ឱ្យ​ប្រជាជន​ខ្មែរ​ជំនាន់​ថ្មី​កាន់តែ​ច្រើន​ចូលចិត្ត​អាន​ និង​ក្លាយជា​ធនធានមនុស្ស​ដែល​មានចំណេះ​ដឹង​ ទាំង​ផ្នែក​រឹង​ និង​ទន់​។

    លោក​ ហម​ សុខ​នី​ និយាយ​ថា​៖ “នៅពេល​ក្មេង​តូច​ៗចូលចិត្ត​អាន​នោះ​ ពួកគេ​នឹងអាច​ទទួល​បាន​ចំណេះដឹង​ពី​ផ្នត់គំនិត​អប់រំ​ជាច្រើន​ដែល​បង្កប់​នៅក្នុង​ស្នាដៃ​និពន្ធ​ទាំង​ប្រលោមលោក​ សៀវភៅ​កុមារ​ សៀវភៅ​អប់រំ​ ឬសៀវភៅ​ស្តី​ពី​ជំនាញ​ក៏ដោយ​”។

    កញ្ញា​ ប៉ា​ សុ​ខេង​ ជា​អ្នក​ស្រឡាញ់​ការ​អាន​មួយ​រូប​បាន​លើកឡើង​ថា​ ការរៀបចំ​ទិវា​អំណាន​ជាតិ​លើក​ទី4​ នេះ​នឹង​មាន​ភាព​ផុសផុល​ និង​ប្រសិទ្ធភាព​ជាង​មុន​ ព្រោះ​មួយរយៈពេល​ចុងក្រោយ​នេះ​មានការ​ពេញនិយម​ការ​អាន​សៀវភៅ​ច្រើន​ដែល​យើង​ទាំងអស់គ្នា​សុទ្ធតែ​បាន​មើលឃើញ​ថា​ កម្ម​វិ​ធី​ធំៗ​នានា​មាន​កំណើន​ល្អ​។ ចំណុច​ដែល​នាំ​ឱ្យ​មាន​កំណើន​អ្នកចូលរួម​នេះ​ព្រោះ​មាន​សារព័ត៌មាន​ចុះ​ផ្សព្វផ្សាយ​យ៉ាង​ផុសផុល​ ហើយ​សម្រាប់​ឆ្នាំនេះ​ក៏​មាន​សារាចរណែនាំ​ពី​រាជរដ្ឋាភិបាល​ឱ្យ​មានការ​ផ្សព្វផ្សាយ​កាន់តែ​ទូលំទូលាយ​ឡើង​ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​ដល់​យុវជន​លើ​អំណាន​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ផង​ដែរ​។ ក្នុង​សារាចរ​ក៏បាន​កំណត់​ពី​ផែនការ​សកម្មភាព​មួយចំនួន​ដែល​ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ មាន​ដូចជា​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ​ រួម​ទាំង​ក្រសួងព័ត៌មាន​គួរ​ធ្វើ​ដើម្បី​ជំរុញ​វិស័យ​អំណាន​៕