Category: សង្គម និងសេដ្ឋកិច្ច

  • មហាសេដ្ឋី​ ​Jack​ ​Ma​ ​មក​ទស្សនា​ប្រាសាទ​អង្គរ​នៅ​ខេត្តសៀមរាប​

    មហាសេដ្ឋី​ ​Jack​ ​Ma​ ​មក​ទស្សនា​ប្រាសាទ​អង្គរ​នៅ​ខេត្តសៀមរាប​

    លោក​ ​Jack​ ​Ma​ ​មហាសេដ្ឋី​លំដាប់​ពិភពលោក​របស់​ចិន​ ​និង​ជា​ប្រធាន​ក្រុមហ៊ុន​ ​Alibaba​ ​បាន​មក​ធ្វើទស្សនកិច្ច​នៅ​ខេត្តសៀមរាប​ ​ដើម្បី​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ​កាលពី​យប់​ថ្ងៃទី11​ ​ខែមីនា​ ​ឆ្នាំ2019​ ​យប់មិញ​នេះ​។​

    ​តាម​ប្រភព​ព៌​ត​មាន​ពី​មន្រ្តី​ ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យដឹង​ថា នា​ព្រឹក​ថ្ងៃទី12​ ​ខែមីនា​នេះ​​ ​លោក​ ​Jack​ ​Ma​ ​ក្រៅពី​មក​ទស្សនកិច្ច​កម្ពុជា​ក្នុងនាម​ជា​ភ្ញៀវ​ទេសចរណ៍​ ​លោក​ក៏​នឹង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ​។​ ​ប្រភព​ដដែល​បាន​បន្ត​ថា​ ​លោក​ ​Jack​ ​Ma​ ​មក​ទស្សនា​កម្ពុជា​ ​តាមរយៈ​ក្រុម​ហ៊ុន​ប៊ុ​ន​ ​ម៉ា​ដែល​ជា​ក្រុមហ៊ុន​ធំ​មួយ​កំពុង​វិនិយោគ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ក្រុង​ប៉ោយប៉ែត​។ ​ការ​អញ្ជើញ​មក​កម្ពុជា​ ​របស់​លោក​ ​Jack​ ​Ma​ ​នា​ពេលនេះ​ ​គឺ​ដើម្បី​មក​ទស្សនកិច្ច​នៅ​ខេត្តសៀមរាប​ ​តាមរយៈ​ក្រុមហ៊ុន​ឯកជន​មួយ​ ​ប៉ុន្តែ​មិនដឹង​ថា​ ​លោក​នឹង​ស្នាក់នៅ​កម្ពុជា​ ​ប៉ុន្មាន​ថ្ងៃ​ ​និង​គ្រោង​ជួប​មន្រ្តី​ណា​ ​នៅឡើយ​ទេ​ ​ហើយ​លោក​នឹង​ធ្វើដំណើរ​កំសាន្ត​នៅ​ក្រុង​ប៉ោយប៉ែត​ ​ខេត្ត​បន្ទាយមានជ័យ​៕​

  • Ronaldo​ ​ត្រៀម​រួចរាល់​ក្នុង​ការ​ស្រង់​ក្តី​សង្ឃឹម​របស់​ ​Juventus​ ​ពេល​ជួប​ ​Atletico​ ​រាត្រី​នេះ​ ​

    Ronaldo​ ​ត្រៀម​រួចរាល់​ក្នុង​ការ​ស្រង់​ក្តី​សង្ឃឹម​របស់​ ​Juventus​ ​ពេល​ជួប​ ​Atletico​ ​រាត្រី​នេះ​ ​

    ​ក្តី​សង្ឃឹម​ក្នុង​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​របស់​ក្រុម​ ​Juventus​ ​កំពុងតែ​ស្ថិត​ក្នុង​ដៃ​របស់​ខ្សែប្រយុទ្ធ​ ​Cristiano​ ​Ronaldo​ ​ហើយ​ដើម្បី​បំពេញ​ការ​វាយបក​ដ៏​មិន​នឹកស្មាន​ដល់​មួយផ្សេងទៀត​ ​ខណៈ​ដែល​ក្រុម​របស់​អ៊ីតាលី​មួយ​នេះ​កំពុង​ដេញ​តាម​ ​2​-​០ពីក្រោយ​ក្រុម​ខ្លាំង​ក្នុង​តំបន់​ការពារ​ ​Atletico​ ​Madrid​ ​មុននឹង​ឈាន​ទៅកាន់​ការប្រកួត​ជើង​ទី2​ ​វគ្គ​ ​16ក្រុម​ចុងក្រោយ​ ​ក្នុង​ទីក្រុង​ ​Turin​ ​នៅ​រាត្រី​នេះ​។​

    ​ ​នៅមុន​ពេល​ការប្រកួត​នា​កីឡដ្ឋាន​ ​Allianz​ ​តារា​ឆ្នើម​ ​Ronaldo​ ​បាន​ប្រាប់​ទូរទស្សន៍​របស់​ ​Juventus​ ​ថា​៖​ ​«​យើង​មិនបាន​រំពឹង​ទុក​ពី​ការ​ចាញ់​កាលពី​ជើង​ទី1​ ​ដល់ទៅ​ ​2​-​០​ ​នោះ​ឡើយ​ ​ប៉ុន្តែ​អ្វី​ៗ​ក៏អាច​កើតឡើង​បាន​ដែរ​ ​ហើយ​យើង​ចង់​ផ្តល់​ការ​ឆ្លើយតប​ដ៏​អស្ចារ្យ​មួយ​នៅ​លើទឹក​ដី​របស់​យើង​ ​ពីមុខ​អ្នកគាំទ្រ​របស់​យើង​»​។​

    ​ ​ខ្សែប្រយុទ្ធ​រូប​នេះ​បាន​បន្ត​ថា​៖​ ​«​នេះ​គឺជា​រាត្រី​ដ៏​អស្ចារ្យ​ ​ការប្រកួត​ដ៏​រំភើប​ ​ក្នុង​រាត្រី​នៃ​ក្របខ័ណ្ឌ​ ​Champions​ ​League​។​ ​ក្រុម​នេះ​ ​មានការ​ជឿជាក់​ក្នុង​ការប្រកួត​ដ៏​អស្ចារ្យ​មួយ​ ​ហើយ​ខ្ញុំ​ក៏​អ៊ីចឹង​ដែរ​។​ ​ចំពោះ​អ្នកគាំទ្រ​ ​ខ្ញុំ​អាច​និយាយ​បាន​ថា​ ​ចូរ​គិត​បែប​វិជ្ជមាន​ ​និង​ជឿជាក់​ទាំងអស់គ្នា​។​ ​ខ្ញុំ​ត្រៀម​រួចរាល់​ហើយ​ក្នុង​ការ​វិលត្រឡប់​មកវិញ​»​។​

    ​ ​ក្រុម​ម្ចាស់​ជើងឯក​ ​Juventus​ ​បាន​ទិញ​យក​ ​Ronaldo​ ​កាលពី​រដូវ​ក្តៅ​មុន​ ​ពី​ក្លិប​ ​Real​ ​Madrid​ ​ក្នុង​តម្លៃ​ខ្លួន100លាន​អឺ​រ៉ូ​ ​(​ស្មើនឹង​ ​117លាន​ដុល្លារ​អាមេរិក​)​ ​ដើម្បី​បញ្ចប់​ការ​ខកចិត្ត​របស់​ពួកគេ​ក្នុង​ ​Champions​ ​League​ ​ក្នុងរយៈពេល​ ​23ឆ្នាំ​ចុងក្រោយ​នេះ​។​

    ​ ​ជាមួយគ្នា​នេះ​ ​លោក​ ​Diego​ ​Simeone​ ​គ្រូបង្វឹក​របស់​ក្រុម​ ​Atletico​ ​Madrid​ ​បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា​ ​ក្រុម​ ​Juventus​ ​មិនមែន​មានតែ​ខ្សែប្រយុទ្ធ​ ​Ronaldo​ ​ម្នាក់​នោះ​ឡើយ​ ​ប៉ុន្តែ​ក្រុម​អេស្ប៉ាញ​របស់​លោក​នឹង​សម្លឹង​រក​ការ​ដណ្តើម​យក​ឱកាស​របស់​ខ្លួន​ ​ក្នុង​ទីក្រុង​ ​Turin​ ​នៅ​រាត្រី​នេះ​។​

    ​ ​លោក​ ​Simeone​ ​បានឱ្យ​ដឹង​ថា​៖​ ​«​អ្នក​មិន​អាច​និយាយ​តែ​ពី​ ​Ronaldo​ ​បាន​ឡើយ​ ​ព្រោះ​ ​Juventus​ ​ជា​ក្រុម​ដ៏​អស្ចារ្យ​មួយ​ ​មាន​កីឡា​ករ​ឆ្នើម​ៗ​ជាច្រើន​ ​ដែល​ស៊ាំ​ទៅ​នឹង​ការ​ប្រជែង​ក្នុង​ដំណាក់កាល​ដ៏​សំ​ខាន់​ៗ​ ​ប៉ុន្តែ​ ​យើង​នឹង​ត្រូវតែ​ដណ្តើម​យក​ឱ​កាស​ផ្សេង​ៗ​ ​និង​ប្រឹង​ឱ្យ​អស់ពី​សមត្ថភាព​របស់​យើង​»​៕​





  • Zidane​ ​វិល​ទៅ​ ​Real​ ​វិញ​ ​ក្រោយ​លោក​ ​Solari​ ​ត្រូវ​បាន​បណ្តេញ​ចេញ​ ​

    Zidane​ ​វិល​ទៅ​ ​Real​ ​វិញ​ ​ក្រោយ​លោក​ ​Solari​ ​ត្រូវ​បាន​បណ្តេញ​ចេញ​ ​

    ​លោក​ ​Zinedine​ ​Zidane​ ​បាន​បញ្ជាក់​ថា​ ​លោក​មិនដែល​មានការ​នឹកសង្ស័យ​ណាមួយ​អំពី​ការ​វិល​ទៅកាន់​ក្លិប​ ​Real​ ​Madrid​ ​វិញ​ឡើយ​ ​ក្រោយពី​លោក​បាន​ចូល​ជំនួស​កន្លែង​របស់​លោក​ ​Santiago​ ​Solari​ ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ ​ក្នុងនាម​ជា​គ្រូបង្វឹក​ ​កាលពី​ថ្ងៃ​ចន្ទ​។​

    ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ឯ​កីឡដ្ឋាន​ ​Santiago​ ​Bernabeu​ ​លោក​ ​Zidane​ ​បានឱ្យ​ដឹង​ថា​៖​ ​«​នៅពេល​ដែល​ប្រធាន​ក្លិប​បាន​ទូរស័ព្ទ​មក​ខ្ញុំ​ ​រឿង​ដំបូង​គេ​ដែល​ខ្ញុំ​គិត​ ​គឺ​ខ្ញុំ​នឹង​វិល​ទៅវិញ​។​ ​ខ្ញុំ​មិន​អាច​និយាយ​ថា​ ​ទេ​បាន​ឡើយ​ ​ខ្ញុំ​មិនដែល​មិន​ច្បាស់​អំពី​ការ​វិល​ទៅវិញ​នោះ​ឡើយ​»​។​

    ​ ​លោក​ ​Zidane​ ​ត្រូវ​បាន​ធ្វើ​កុងត្រា​រហូតដល់​ខែមិថុនា​ ​ឆ្នាំ2022​ ​ពោល​គឺ​ត្រឹមតែ​រយៈពេល​ ​9ខែ​ ​ក្រោយពី​លោក​បាន​លាលែង​ពី​តំណែង​កាលពី​ចុងរដូវ​កាលមុន​ ​ក្រោយពី​បាន​ដឹកនាំ​ឱ្យ​ក្រុម​ ​Real​ ​Madrid​ ​ឈ្នះ​ពាន​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​ជា​លើក​ទី3​ ​ជាប់​ៗ​គ្នា​ជា​ប្រវត្តិសាស្ត្រ​។​

    ​ ​ការ​បណ្តេញ​លោក​ ​Solari​ ​ចេញ​ ​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​នឹង​កើតឡើង​ ​ក្រោយពី​ ​Real​ ​Madrid​ ​បាន​ចាញ់​នៅ​លើទឹក​ដី​ខ្លួនឯង​ ​3លើ​ក​ជាប់​ៗ​គ្នា​ ​ពោល​គឺ​ក្រោម​ស្នាដៃ​ក្រុម​ ​Barcelona​ ​2លើក​ ​និង​ ​Ajax​ ​1លើក​ ​និង​បាន​បញ្ចប់​រដូវ​កាល​របស់​ ​Real​ ​តែម្តង​នៅមុន​ពាក់កណ្តាល​ខែមីនា​។​

    ​ ​ប៉ុន្តែ​ ​លោក​ ​Zidane​ ​នឹង​វិលត្រឡប់​មកវិញ​ ​ដោយ​នៅសល់​ការប្រកួត​ចំនួន​ ​11លើក​ទៀត​ក្នុង​ក្របខ័ណ្ឌ​ ​La​ ​Liga​ ​ហើយ​បើ​ទោះជា​ស្ទើរតែ​គ្មានអ្វី​ដែល​ត្រូវ​ប្រជែង​យក​សោះ​ក៏ដោយ​ ​ប៉ុន្តែ​ក៏​លោក​ត្រូវ​បាន​តែងតាំង​យ៉ាង​មិន​នឹកស្មាន​ដល់​ ​ក្រោយពី​លោក​បាន​ចាកចេញ​បន្ទាប់ពី​ក្រុម​ ​Real​ ​Madrid​ ​ឈ្នះ​ពាន​អឺរ៉ុប​មួយទៀត​។​

    ​ ​លោក​ ​Zidane​ ​បាន​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​បាន​ចាកចេញ​ពីព្រោះ​ការ​ផ្លាស់​ប្តូរ​ចាំបាច់​ត្រូវតែ​ធ្វើឡើង​នៅ​ចុងរដូវ​កាលមុន​ ​ដែល​ល្អ​សម្រាប់​គ្រប់គ្នា​ ​ក្រោយពី​ឈ្នះ​ពាន​ជាច្រើន​»​៕​ ​

    ​ប្រភព​ពី​៖​ ​Channel​ ​News​ ​Asia​ ​

  • ​តើ​នាឡិកា​ឆ្លាតវៃ​ ​អាច​ឆ្លង​មេរោគ​ដែរ​ឬទេ​?​

    ​តើ​នាឡិកា​ឆ្លាតវៃ​ ​អាច​ឆ្លង​មេរោគ​ដែរ​ឬទេ​?​

    ឧបករណ៍​ប្រើប្រាស់​ ​ដូចជា​ស្មា​ត​ហ្វូ​ន​ ​កុំព្យូទ័រ​ ​រួម​ទាំង​នាឡិកា​ឆ្លាតវៃ​ផង​នោះ​ ​សុទ្ធសឹងតែ​មាន​ហានិភ័យ​ពីសំណាក់​ហេ​ក​ឃ័រ​ចូល​សម្ងំ​លួច​យក​ទិន្នន័យ​សំ​ខាន់​ៗ​របស់​អ្នក​ដែល​បាន​រក្សាទុក​ក្នុង​នោះ​ទាំងអស់​។​

    ​ក្រុមហ៊ុន​បង្កើត​កម្មវិធី​កម្ចាត់​មេរោគ​ ​បាន​ណែនាំ​កុំឱ្យ​រក្សាទុក​ទិន្នន័យ​សំ​ខាន់​ៗ​របស់​អ្នក​នៅក្នុង​នាឡិកា​ឆ្លាតវៃ​ ​ដែល​មានន័យថា​ ​បើ​អ្នក​អាច​ដំឡើង​កម្មវិធី​ក្នុង​នោះ​បាន​ ​ក៏អាច​មាន​មេរោគ​ភ្ជាប់​មក​ជាមួយ​បាន​ដូចគ្នា​ដែរ​។

    ​នាឡិកា​ឆ្លាតវៃ​ ​ភ្ជាប់​ទៅកាន់​ទូរស័ព្ទ​តាមរយៈ​ ​Bluetooth​ ​ឬ​ ​Wi​-​Fi​ ​បណ្ដាញ​ទាំងនោះ​បាន​បើកផ្លូវ​បន្ថែម​ដល់​ក្រុម​ជន​ដែល​មានបំណង​មិនល្អ​។​ ​តាម​ការស្ទង់មតិ​មួយ​ពី​ ​HP​ ​បាន​រក​ឃើញថា​ ​នាឡិកា​ដែល​មាន​ដាក់​លក់​លើ​ទីផ្សារ​ក្នុង​ឆ្នាំ2015​ ​មាន​បញ្ហា​រឿង​សុវត្ថិភាព​ខ្លាំង​។​ ​តែ​សម្រាប់​ ​Apple​ ​Watch​ ​ត្រូវ​បាន​គេ​រក​ឃើញថា​ ​រាល់​ទិន្នន័យ​ផ្លាស់ប្ដូរ​ជាមួយ​ទូរស័ព្ទ​ត្រូវ​បានការ​ពារ​ ​(​Encrypt​)​ ​ជាពិសេស​៕​


  • តើ​ ​Galaxy​ ​S10e​,​ ​S10​ ​និង​ ​S10​+​ ​មាន​ពណ៌​អ្វីខ្លះ​?​ ​

    តើ​ ​Galaxy​ ​S10e​,​ ​S10​ ​និង​ ​S10​+​ ​មាន​ពណ៌​អ្វីខ្លះ​?​ ​

    ​Samsung​ ​បាន​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​ ​3ស៊េរី​ ​គឺ​ ​Galaxy​ ​S10e​,​ ​S10​ ​និង​ ​S10​+​។​ ​បើ​អ្នក​ខកខាន​មិនបាន​ទស្សនាការ​ប្រកាស​ជា​ផ្លូវការ​ទេ​នោះ​ ​ពេលនេះ​អ្នក​អាចម​ក​ដឹងពី​ចំនួន​ពណ៌​នៃ​ស្មា​ត​ហ្វូ​ន​ទាំង3​ ​នេះ​បាន​នៅពេល​នេះ​។​

    ​ស្មា​ត​ហ្វូ​ន​ ​Galaxy​ ​S10e​ ​ដែលគេ​ឱ្យឈ្មោះ​ថា​ ​”​ប្អូនពៅ​”​ ​នោះ​មាន​ពណ៌លឿង​ ​ពណ៌ស​ ​ពណ៌ខ្មៅ​ ​និង​ពណ៌បៃតង​ចាស់​ ​ជាពិសេស​គឺ​គ្រប់គ្នា​តែង​ប្រដូច​ទៅ​នឹង​ ​iPhone​ ​XR​ ​របស់​ ​Apple​ ​ដែល​មាន​ពណ៌​ចម្រុះ​ដូចគ្នា​ដូច្នេះ​ដែរ​។​ ចំណែក​ឯ​ស្មា​ត​ហ្វូ​នកា​មេ​រ៉ា​ ​៣​ ​Galaxy​ ​S10​ ​និង​ ​S10​+​ ​មាន​ពណ៌​ ​3​ ​ដូចជា​ ​ពណ៌ស​ ​ពណ៌ខ្មៅ​ ​និង​ពណ៌បៃតង​ចាស់​៕​


  • បើ​មិន​ចង់ឱ្យ​ឆ្លង​មេរោគ​កុំព្យូទ័រ​ ​ឆាប់​អាប់​ឌេ​ត​ ​Chrome​ ​ជាបន្ទាន់​

    បើ​មិន​ចង់ឱ្យ​ឆ្លង​មេរោគ​កុំព្យូទ័រ​ ​ឆាប់​អាប់​ឌេ​ត​ ​Chrome​ ​ជាបន្ទាន់​

    ​ប្រសិនបើ​អ្នក​កំពុង​លេង​ ​Google​ ​Chrome​ ​Browser​ ​អ្នក​គួរតែ​អាប់​ឌេ​ត​ឡើង​ទៅ​ជំនាន់​ចុងក្រោយ​បង្អស់​ ​ដើម្បី​ធានា​សុវត្ថិភាព​លើ​ឯកសារ​ទាំងអស់​របស់​អ្នក​ឱ្យ​គេច​ផុត​ពី​មេរោគ​កុំព្យូទ័រ​ថ្មី​មួយ​។​

    ​មេ​រោ​គ​ថ្មី​ៗ​ដែល​មាន​លេខ​កូដ​លើ​វេប​ ​Browser​ ​(​CVE​-​2019​-​5786​)​ ​ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​កុំព្យូទ័រ​ឱ្យ​ដឹង​ថា​ ​វា​មាន​សមត្ថភាព​អាច​ដំឡើង​មេរោគ​ដោយ​ផ្ទាល់​ ​និង​ចូល​ទៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នកប្រើ​ប្រាស់​បាន​។​

    ​ជាង​នេះ​ទៀត​ ​វា​អាច​ចាប់​ ​ឬ​បំផ្លាញ​ឯកសារ​របស់​អ្នក​បាន​ក្នុងរយៈពេល​ដ៏​មួយ​ខ្លី​ប៉ុណ្ណោះ​ ​ក្នុងករណី​អ្ន​ក​ដោន​ឡូ​ត​អ្វីមួយ​ដែល​មាន​សណ្ឋាន​មិន​គួរ​ឱ្យ​ទុកចិត្ត​៕​

  • Instagram​ ​នឹង​ចេញមុខ​ងារ​មួយ​ថ្មីទៀត​ ​អាច​មើល​វីដេអូ​បាន​ដូច​ ​Facebook​ ​ដែរ​

    Instagram​ ​នឹង​ចេញមុខ​ងារ​មួយ​ថ្មីទៀត​ ​អាច​មើល​វីដេអូ​បាន​ដូច​ ​Facebook​ ​ដែរ​

    ​បន្ទាប់ពី​ ​Facebook​ ​ប្រកាស​ចេញមុខ​ងារ​មើល​វីដេអូ​ជា​ក្រុម​ដែល​ឱ្យឈ្មោះ​ថា​ ​Watch​ ​Party​ ​សម្រាប់​ ​Facebook​ ​Group​ ​កាលពី​ខែកក្កដា​ ​ឆ្នាំទៅ​រួចមក​ ​ក្រុមហ៊ុន​ ​Facebook​ ​ក៏បាន​សាកល្បង​មុខងារ​នេះ​នៅ​លើ​ ​Messnger​ ​ដូចគ្នា​ ​ហើយ​ឥឡូវនេះ​មុខងារ​ដ៏​ពេញនិយម​នេះ​អាច​នឹង​មាននៅ​លើ​ ​Instagram​ ​ដែរ​នៅ​ពេល​ឆាប់​ៗ​នេះ​។​

    ទោះជា​មិនទាន់​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ​មែន​ ​តែ​ ​Instagram​ ​បាន​បញ្ចេញ​ខ្សែវីដេអូ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​ដែល​ផលិត​ដោយ​វិស្វករ​កម្មវិធី​ម្នាក់​គឺ​កញ្ញា​ ​Jane​ ​Manchun​ ​Wong​។​

    ​កញ្ញា​ ​Wong​ ​បាន​និយាយ​ថា​ ​វីដេអូ​នេះ​នឹង​មាននៅ​លើ​ ​Instagram​ ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ​ដែល​មាន​ទាំង​វីដេអូ​ខល​ទៀតផង​។​ ​ការ​ធ្វើ​ដូច្នេះ​ ​ក៏​ព្រោះតែ​ ​Instagram​ ​ចង់ឱ្យ​អ្នកប្រើ​ប្រាស់​ចំណាយពេល​លេង​ជាមួយ​កម្មវិធី​នេះ​ឱ្យ​បាន​ច្រើន​ម៉ោង​ហ្នឹងឯង​៕​


  • គ្រាន់តែ​បណ្តុះ​កូន​ស្វាយ​លក់​ ក៏អាច​រកបាន​ប្រាក់​ជាង​ 20លាន​រៀល​ដែរ​ក្នុង​ 1ឆ្នាំ​

    គ្រាន់តែ​បណ្តុះ​កូន​ស្វាយ​លក់​ ក៏អាច​រកបាន​ប្រាក់​ជាង​ 20លាន​រៀល​ដែរ​ក្នុង​ 1ឆ្នាំ​

    ថ្វី​ដ្បិតតែ​កម្ពុជា​បាន​អភិវឌ្ឍ​ និង​ជំរុញ​ឱ្យ​មាន​វិស័យ​ឧស្សាហកម្ម​ច្រើន​នៅ​ទូទាំង​ប្រទេស​ក៏ដោយ​ ក៏​វិស័យ​កសិកម្ម​នៅតែ​ដើរតួ​នាទី​យ៉ាង​សំខាន់​មិន​អាច​ខ្វះ​បាន​សម្រាប់​ប្រជាជន​ខ្មែរ​។ ដី​ដាំដំណាំ​នៅសល់​យ៉ាងច្រើន​តាម​តំបន់ជនបទ​ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​យើង​មានលទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ទាញ​យក​ផលប្រយោជន៍​តាមរយៈ​ការ​ដាំដុះ​ដំណាំ​កសិកម្ម​ទៅតាម​លក្ខណៈ​ និង​សណ្ឋានដី​។

    នៅក្នុងចំណោម​ដំណាំ​ហូប​ផ្លែ​ទាំងអស់​ ស្វាយ​ ជា​ប្រភេទ​ដើមឈើ​ហូប​ផ្លែ​ដែលគេ​សង្កេតឃើញ​មាន​ច្រើនជាង​គេ​នៅក្នុង​ប្រទេស​យើង​ មិនថា​នៅ​តំបន់ជនបទ​ ឬនៅ​តាម​លំនៅឋាន​ក្នុង​បុរី​ ឬនៅ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​នោះ​ទេ​ ប្រជាជន​ខ្មែរយើង​តែង​និយម​ដាំ​ដើម​ស្វាយ​នៅក្នុង​ផ្នែក​ណាមួយ​ក្នុង​របង​ផ្ទះ​ ព្រោះ​វា​ងាយ​ថែទាំ​ ទទួល​បានផល​ច្រើន​ មាន​សោភណភាព​ល្អ​ មាន​ម្លប់ត្រជាក់​ និង​ជា​ប្រភេទ​ផ្លែឈើ​ដែល​អាច​ទទួលទាន​បាន​ទាំង​ខ្ចី​ និង​ទុំ​ ហើយ​បើសិន​សម្បូរ​ច្រើន​ហូប​មិន​អស់នោះ​ គេ​ថែមទាំង​អាច​កែច្នៃ​វា​ធ្វើជា​ដំណាប់​សម្រាប់​រក្សាទុក​ហូប​បាន​យូរ​ទៀតផង​។

    លោក​ សុធា​ កសិករ​រស់នៅ​ឃុំ​ព្រែករៃ​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ ក៏​ប្រកបរបរ​រកស៊ី​ពាក់ព័ន្ធ​នឹង​ដំណាំ​ហូប​ផ្លែ​ដ៏​មាន​ប្រជាប្រិយ​នេះ​ដែរ​ ដោយ​លោក​បានឱ្យ​ដឹង​ថា​ ក្រុម​គ្រួសារ​របស់​លោក​បាន​ចាប់​យក​អាជីព​បណ្តុះ​កូន​ស្វាយ​លក់​ជាមុ​ខរ​បរ​បន្ថែម​អស់​រយៈពេល​ជាង​ 5ឆ្នាំ​មក​ហើយ​ ព្រោះ​មុខរបរ​នេះ​បាន​ជួយ​គ្រួសារ​លោក​ឱ្យ​រកបាន​ចំណូល​បន្ថែម​ច្រើន​គួរសម​ដែរ​សម្រាប់​ចិញ្ចឹមជីវិត​ក្នុង​ជីវភាព​មធ្យម​ ពោល​គឺ​មិន​មាន​ខ្លាំងពេក​ តែ​ក៏​មិន​លំបាក​ណាស់​ដែរ​ ព្រោះ​ស្វាយ​ជា​ផ្លែឈើ​ដែល​ពេញនិយម​សម្រាប់​ប្រជាជន​ខ្មែរ​ ហេតុនេះ​ជាមធ្យម​ប្រសិនបើ​មាន​ទីផ្សារ​ថេរ​ល្អ​រហូត​ លោក​អាច​រកចំណូល​បាន​ប្រមាណ​ជាង​ 20លាន​រៀល​ដែរ​ក្នុង​ 1ឆ្នាំ​។

    កសិករ​អ្នកចាប់​យក​អាជីព​បណ្ដុះ​កូន​ស្វាយ​លក់​ខាងលើ​បានឱ្យ​ដឹងផង​ដែរ​ថា​ មុននឹង​បណ្តុះ​កូន​ស្វាយ​ យើង​ត្រូវ​ជ្រើសរើស​យក​ពូជ​ស្វាយ​ណា​ដែល​មាន​ផ្លែ​ធំៗ​ល្អ​ ដោយ​យក​គ្រាប់​របស់​វា​មក​ត្រាំ​ក្នុងទឹក​រយៈពេល​ 1យប់​។ បន្ទាប់មក​ទើប​យើង​យក​គ្រាប់ស្វាយ​នោះ​ទៅ​ដាក់​បណ្តុះ​នៅក្នុង​ដី​ដែល​យើង​បាន​រៀបចំ​ទុកជា​ស្រេច​ និង​មាន​ជីវជាតិ​គ្រប់គ្រាន់​។ ក្រោយពេល​កូន​ស្វាយ​ដុះឡើង​បាន​កម្ពស់​ប្រមាណ​ជា​ 20សង់ទីម៉ែត្រ​ យើង​អាចយ​កវា​ច្រកចូល​ក្នុង​កន្ទោង​ដែល​មាន​ដី​នៅ​ខាងក្នុង​ ដោយ​ដាក់​ឱ្យ​កូន​ស្វាយ​ដែល​ទើប​បណ្ដុះ​បាន​នោះ​នៅ​ផុត​ពី​ដី​ក្នុង​កន្ទោង​(គ្រាប់​នៅក្នុង​ដី​ក្នុង​កន្ទោង​) ហើយ​ត្រូវ​យក​ទៅ​ទុក​នៅក្នុង​កន្លែង​ដែល​កុំឱ្យ​ត្រូវ​ពន្លឺថ្ងៃ​ខ្លាំងពេក​។ ការ​រក្សាទុក​កូន​ស្វាយ​នៅក្នុង​កន្ទោង​នេះ​ គឺ​មាន​រយៈពេល​ 15ថ្ងៃ​ ដោយ​នៅក្នុង​ទីតាំង​នោះ​គួរ​ដាក់​ស្បៃ​នីឡុង​ខៀវ​បាំង​គ្រប​ពីលើ​ ហើយ​ត្រូវ​ស្រោចទឹក​ព្រឹក​-ល្ងាច​ឱ្យ​ជោក​ល្អ​ផង​។ ក្រោយពេល​វា​ដុះ​លូតលាស់​ធំ​ល្អ​ហើយ​ រយៈពេល​ 3ខែក្រោយ​យើង​អាច​លក់​ចេញ​បាន​ក្នុង1ដើម​តម្លៃ​ប្រមាណ​ 5,000រៀល​ ទៅ​ 6,000រៀល​។

    ចំពោះ​ថ្លៃ​ទូទាត់​លើ​ការ​ចំណាយ​វិញ​ ក្នុង​មួយ​ដើម​ៗចាប់តាំងពី​ពេល​ដាក់​បណ្ដុះ​រហូតដល់​ពេល​លក់​ចេញ​បាន​ យើង​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​ជា​ 3,000រៀល​ ដូច្នេះ​យើង​បាន​ចំណេញ​ប្រហែលជា​ 2,000រៀល​ដែរ​ក្នុង​មួយ​ដើម​។ ហើយ​ការ​ចំណេញ​បាន​តិច​ ឬបាន​ច្រើន​ គឺ​អាស្រ័យ​លើ​ចំនួន​កូន​ស្វាយ​ដែល​យើង​បណ្តុះ​បាន​ ព្រោះ​បើ​យើង​បណ្តុះ​កាន់តែ​ច្រើន​ ការ​ចំ​ណាយ​ផ្សេង​ៗនឹង​កាន់តែ​អាច​សន្សំសំចៃ​បាន​ច្រើន​(ចំណាយ​កាន់តែ​តិច​) ព្រោះ​បើ​យើង​ទិញ​ច្រើន​ តម្លៃនឹង​ធូរ​ជាង​ទិញ​តិចតួច​។

    ចំពោះ​ទីផ្សារ​វិញ​ លោក​ សុធា​ ប្រាប់​ថា​ មិន​លំបាក​ពេក​នោះ​ទេ​ ព្រោះ​ឥឡូវនេះ​អតិថិជន​បាន​ស្គាល់​ទីតាំង​របស់​លោក​ និង​មាន​អ្នកខ្លះ​បាន​ប្រាប់​តៗ​គ្នា​ ដែល​ធ្វើ​ឱ្យ​មាន​អ្នក​មក​ទិញ​ដល់​ផ្ទះ​អស់​ៗតែម្តង​ មិន​លំបាក​ដឹក​ដើរ​លក់​នោះ​ទេ​។

    យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ខេត្តកណ្តាល​ បានឱ្យ​ដឹង​ថា​នៅ​ទូទាំង​ខេត្ត​ មាន​ដំណាំ​ស្វាយ​ប្រមាណ​ជាង​ 6,000ហិ​កតា​ហើយ​នៅ​ឆ្នាំនេះ​ការ​ដាំ​ដើម​ស្វាយ​មានការ​កើនឡើង​ប្រមាណ​ជា​ 1ពាន់​ហិ​កតា​ហើយ​។ ចំពោះ​ប្រភេទ​ស្វាយ​ដែល​ប្រជាជន​ចូលចិត្ត​ដាំ​ច្រើនជាង​គេ​ គឺ​ស្វាយកែវ​រមៀត​ ដោយ​ក្នុង​មួយ​ដើម​ ស្វាយ​ប្រភេទ​នេះ​អាច​ផ្តល់​ផល​ជាមធ្យម​បាន​ប្រមាណ​ជា​ 80គីឡូក្រាម​៕

  • តារា​សិល្បៈ​ចេញមុខ​ឈឺឆ្អាល​សុំ​ឱ្យ​មាន​អន្តរាគមន៍​ជួយ​ដល់​តារាចម្រៀង​ ​អាន​ ​វិសាល​

    តារា​សិល្បៈ​ចេញមុខ​ឈឺឆ្អាល​សុំ​ឱ្យ​មាន​អន្តរាគមន៍​ជួយ​ដល់​តារាចម្រៀង​ ​អាន​ ​វិសាល​

    ​ក្រោយពី​អតីត​តារាចម្រៀង​ ​ប្រចាំ​ផលិតកម្ម​ ​M​ ​លោក​ ​អាន​ ​វិសាល​មានដំណឹង​ត្រូវ​គេ​វាយបែក​ក្បាល​នឹង​ញញួរ​ ​តារា​ជាច្រើន​ ​ត្រូវ​គេ​ឃើញ​ចេញមុខ​ឈឺឆ្អាល​។​ ​លោក​ ​ម៉ានុ​ត​ ​រាជ​ ​តារា​សម្ដែង​និង​ជា​មិត្ត​ភ័ក្ត្រ​ ​និង​តារា​ច្រើន​ទៀត​ ​សុទ្ធតែ​បាន​ចេញមុខ​សុំ​ឱ្យ​មាន​អន្តរាគមន៍​ជួយ​ដល់​តារាចម្រៀង​រូប​នេះ​។​

    ​លោក​ ​អាន​ ​វិសាល​ ​ត្រូវ​បាន​ក្រុម​ក្មេង​ស្ទាវ​មួយ​ក្រុម​ ​វាយ​មួយ​ញញួរ​ចំក្បាល​ ​បណ្ដាលឲ្យ​រង​របួសធ្ងន់​ ​កាលពី​ម៉ោង​ប្រហែល11​ ​និង30នាទី​យប់​ ​ថ្ងៃទី7​ ​ខែមីនា​ ​ឆ្នាំ2019​ ​តាម​បណ្ដោយ​នៅ​ផ្លូវ​លេខ113​ ​ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង​ទី២​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​។​ ​ស្រ្ដី​ម្នាក់​ ​ដែល​មិនទាន់​ច្បាស់​ថា​ជា​ប្រពន្ធ​ ​ឬ​ជា​បងស្រី​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៍​មាន​ក្នុង​ស្រុក​ថា​ ​លោក​ ​អាន​ ​វិសាល​ ​បាន​ចេញពី​ហាង​មួយ​កន្លែង​ ​ដែល​ជា​កន្លែង​ច្រៀង​រាល់​រាត្រី​ ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ ​CD​ ​ដល់​ផ្លូវ​លេខ113​ ​ក៏​ឈប់​ទិញ​ឥវ៉ាន់​ចាប់ហួយ​ហូប​ ​បន្ទាប់មក​ក៏​មាន​ក្រុម​ក្មេង​ស្ទាវ​ ​ជិះ​ម៉ូតូ​មកដល់​ជិត​បើក​រេ​ពេញ​ផ្លូវ​។​ ​ប្រភព​នោះ​បន្ត​ថា​ ​ក្រោយពេល​ ​លោក​ ​អាន​ ​វិសាល​ ​ប្រាប់​ថា​ ​អូន​បើក​ម៉ូតូ​ប្រុងប្រយ័ត្ន​ ​កុំ​បើ​ក​រេចឹ​ង​ ​ប្រយត្ន័​ប៉ះ​គេ​ ​ស្រាប់តែ​ក្មេង​ស្ទាវ​នោះ​ ​ក៏​ឈប់​មុខ​តូប​លក់​ ​ឥវ៉ាន់​ដែលគេ​ស្គាល់​ថា​ ​ជា​កន្លែង​លក់​របស់​ម្ដាយ​ក្មេង​ស្ទាវ​ ​ហើយ​វាយ​នឹង​ញញួរ​ ​បណ្ដាលឲ្យ​បែកក្បាល​របួសធ្ងន់​។​

    លោក​ ​អាន​ ​វិសាល​ ​បាន​បង្ហោះ​លើ​គណនេយ្យ​ផ្ទាល់ខ្លួន​ថា​ ​“​បងៗ​អ្នកកាសែត​អើយ​ ​បើ​ខ្ញុំ​ចេះ​ផុស​ខ្ញុំ​ផុស​ហើយ​ ​ព្រោះ​វា​ខ្មាសគេ​ ​ណាមួយ​ខ្ញុំ​មិន​ចង់​ឱ្យ​មា្តយ​ខ្ញុំ​ដឹងផង​ ​គាត់​ចាស់​ ​ហើយ​ ​ហើយ​គាត់​មាន​ជំងឺ​ទៀត​ ​ពេល​មាន​រឿង​ភា្លមៗ​ខ្ញុំ​អង្វរ​ ​ម្តង​ហើយ​ម្តង​ទៀត​ ​មិច​បាន​ធ្វើបែប​ហ្នឹង​ ​(​ ​បាទ​ជួយ​ ​like​ ​&​ ​share​ ​បាទ​អគុណ​)​”​។​

    ​លោក​ ​ម៉ានុ​ត​ ​រាជ​ ​បាន​ថ្លែង​បញ្ជាក់​ថា​ ​មានតែ​មហាជន​ ​និង​កម្លាំង​សមត្ថកិច្ច​ប៉ុណ្ណោះ​ ​ដែល​អាច​ជួយ​រក​យុត្តិ​ធ​ម៍​ដល់​លោក​ ​អាន​ ​វិសាល​ ​បាន​ ​ដោយសារតែ​តារាចម្រៀង​មួយ​នេះ​ ​លោក​ ​មិន​មាន​ខ្នងបង្អែក​ ​និង​មិន​មាន​លទ្ធផល​ប្ដឹងផ្ដល់​ដល់​ជន​បង្កហេតុ​នោះ​ទេ​។​

    ​លោក​ ​ចាន់​ ​មករា​ ​អ្នក​ផ​លិ​ត​ស្ព​ត​ ​និង​ជាគូ​ស្នេហ៍​កញ្ញា​ ​ដេ​នី​ ​ក្វាន់​ ​បាន​បង្ហោះ​ថា​ ​លោក​ ​អាន​ ​វិសាល​ ​បែកក្បាល​ដោយសារ​ត្រូវ​គេ​វាយក្បាល​ ​នឹង​ញញួរ​។​ ​លោក​បាន​បង្ហោះ​ថា​ ​“​តារាចម្រៀង​ ​អាន​ ​វិសាល​ ​ត្រូវ​គេ​វាយក្បាល​នឹង​ញញួរ​ ​ម្ចាស់ខ្លួន​ ​(​អាន​ ​វិសាល​)​ ​បែរជា​សុខចិត្ត​ ​សំងំ​ស្ងៀម​ ​ព្យាយាម​លាក់​ ​ព័ត៏​មាន​ទៅវិញ​។​ ​តោះ​ជួយ​ ​share​ ​និង​ ​ជួយ​ឈឺឆ្អាល​ ​ដេីម្បី​ជួយ​គាត់​ផង​។​ ​ទោះបី​គាត់​មិន​ចង់​ ​Ann​ ​Visal​ ​II​”​។​ ​ការ​បង្ហោះ​របស់​សាមីខ្លួន​ ​និង​លោក​ ​ចាន់​ ​មករា​ ​ធ្វើឲ្យ​ម្នា​ក់ៗ​ ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ខណ:ដែល​ម្ចាស់​បទ​”​ ​ទឹកភ្នែក​ខ្ទើយ​”​រូប​នេះ​ ​នៅ​មិនទាន់​ចេញមុខ​បកស្រាយ​នៅឡើយ​ ​ក្រៅពី​ឆ្លើយតប​អ្នក​ ​Comment​ ​ថា​ ​លោក​ឈឺក្បាល​យ៉ាង​ខ្លាំង​ ​ក្រោយ​ត្រូវ​វាយបែក​ក្បាល​ហូរឈាម​។​ ​លោក​ ​ចាន់​ ​មករា​ ​បាន​ទទូច​ឱ្យមានការ​អន្តរាគមន៍​ ​ជួយ​ដល់​លោក​ ​អាន​ ​វិសាល​ ​ដោយ​លោក​អះអាង​ថា​ ​លោក​ ​អាន​ ​វិសាល​ ​ពិតជា​គួរឲ្យ​សង្វេគ​ក្រោយ​ធ្លាក់​ប្រជាប្រិយ​ភាព​។​

    លោក​ ​អាន​ ​វិសាល​ ​ទៅ​បាន​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ភ្លាម​ៗ​ ​តែ​នៅ​មិនទាន់​ដឹង​ថា​ ​នឹង​មាន​សភាព​បែប​ណា​ឡើយ​ ​ក្នុង​ពេលនេះ​៕​

  • កសិករ​ខេត្ត​កំពង់ចាម​នាំគ្នា​ដាំ​បន្លែ​ស្ពៃក្ដោប​បំពេញ​តម្រូវការ​ទីផ្សារ​

    កសិករ​ខេត្ត​កំពង់ចាម​នាំគ្នា​ដាំ​បន្លែ​ស្ពៃក្ដោប​បំពេញ​តម្រូវការ​ទីផ្សារ​

    កសិករ​ដាំ​បន្លែ​សរីរាង្គ​នៅ​ខេត្ត​កំពង់ចាម​នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុងតែ​នាំគ្នា​ងាក​មក​ដាំ​បន្លែ​ស្ពៃក្ដោប​ច្រើនជាង​បន្លែ​ដទៃទៀត​ នៅពេល​ដែល​ស្ពៃក្ដោប​ដែលគេ​ដាំដុះ​នៅ​ខេត្ត​កំពង់ចាម​ត្រូវ​បាន​អ្នក​បរិភោគ​ទូទៅ​វាយតម្លៃ​ថា​ មានគុណ​ភាពល្អ​ ស្រួយ​ឆ្ងាញ់​ជាង​ស្ពៃក្ដោប​ដែល​ដាំ​នៅ​តំបន់​ផ្សេង​ ដោយសារ​កត្តា​នេះ​ហើយ​ទើប​ជំរុញ​ឱ្យ​កសិករ​នៅ​ទីនោះ​ពង្រីក​ការ​ដាំដុះ​បន្លែ​ស្ពៃក្ដោប​ទ្វេដង​ឡើង​ ដើម្បី​បង្កើនផលិតផល​បន្លែ​កសិកម្ម​ប្រភេទ​នេះ​ឱ្យ​គ្រប់​តាម​តម្រូវការ​ និង​ធ្វើការ​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​ឱ្យ​បាន​ច្រើន​ផង​ដែរ​។

    លោក​ គឹម​ សា​រឿន​ ជា​កសិករ​ដាំ​បន្លែ​នៅ​ភូមិ​ទី3​ ឃុំ​ល្វា​ ស្រុកចំការ​លើ​ ខេត្ត​កំពង់ចាម​ ដែល​ជា​អ្នក​ទីផ្សារ​ និង​ផ្សព្វផ្សាយ​សហគមន៍​បន្លែ​ បាន​រៀបរាប់​ឱ្យ​កាសែត​ ឡា​រ៉ែ​នពា​ណិ​ជ្ជ​បានដឹង​ថា​ សព្វថ្ងៃ​នេះ​សហគមន៍​របស់​លោក​បាន​ដាំ​បន្លែ​គ្រប់​ប្រភេទ​លើ​ផ្ទៃដី​ប្រហែលជា​ជាង​ 3ហិ​កតា​ ដោយ​នៅក្នុង​ចម្ការ​ដំណាំ​បន្លែ​នោះ​លោក​បាន​ដាំ​ស្ពៃក្ដោប​ ប្រមាណ​ពី​ 3ម៉ឺន​ ទៅ​ 3ម៉ឺន​ 5ពាន់​គុម្ព​ ច្រើនជាង​បន្លែ​ដទៃ​ ព្រោះស្ពៃ​ក្ដោប​អាច​លក់​បាន​ក្នុង​តម្លៃ​ថ្លៃ​ និង​មាន​ទីផ្សារ​ល្អ​ជាង​បន្លែ​ផ្សេង​។

    ក្រៅពី​ប្រភេទ​បន្លែ​ស្ពៃក្ដោប​នោះ​ លោក​ គឹម​ សា​រឿន ​បាន​បញ្ជាក់​ថា​ សហគមន៍​របស់​លោក​នៅ​មាន​ដំណាំ​ស្ពៃ​ជាច្រើន​មុខ​ទៀត​ ដែល​ក៏អាច​លក់​បាន​ និង​មាន​តម្រូវការ​ទីផ្សារ​ច្រើន​ដូចគ្នា​ដែរ​ ប៉ុន្តែ​គ្រាន់តែ​មិន​ច្រើន​ដូច​បន្លែ​ស្ពៃក្ដោប​ទេ​ ដូច្នេះហើយ​ទើប​លោក​សម្រេចចិត្ត​ដាំ​បន្លែ​ស្ពៃក្ដោប​ច្រើនជាង​គេ​ ព្រោះ​វា​ត្រូវ​នឹង​រដូវ​ដាំដុះ​ បន្ទាប់មក​គឺ​ បន្លែ​ស្ពៃចង្កឹះ​ ស្ពៃ​ក្រ​ញ៉ាញ់​ និង​ស្ពៃបូកគោ​ ហើយ​ក្រៅពីនោះ​គឺ​ នៅ​មាន​ដំណាំ​បន្លែ​រួមផ្សំ​បន្តិចបន្តួច​ទៀត​ ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ខេត្ត​ទាំងមូល​។

    លោក​ សា​រឿន​ បានឱ្យ​ដឹង​ថា​ សហគមន៍​របស់​លោក​មាន​សមាជិក​តែ​ 10គ្រួសារ​ប៉ុណ្ណោះ​ដោយ​បាន​ធ្វើចម្ការ​បន្លែ​ប្រភេទ​ស្ពៃ​គ្រប់​ប្រភេទ​ជិត​ 10ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​សហគមន៍​របស់​លោក​ពុំ​ទាន់​មាន​ទីផ្សារ​ល្អ​នៅឡើយ​ទេ​។

    លោក​បន្ត​ថា​ ស្ពៃក្ដោប​របស់​សហគមន៍​លោក​អាច​លក់​បាន​ក្នុង​តម្លៃ​ 1,300​-1,500រៀល​ប៉ុណ្ណោះ​ក្នុង1គីឡូក្រាម​ ហើយ​មាន​ប៉ុន្មាន​ ក៏​លក់​អស់​ដែរ​ទោះជា​បច្ចុប្បន្ន​ពុំ​ទាន់​មានការ​បញ្ជាទិញ​ពីទី​ផ្សារ​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ​ក៏ដោយ​។ ដោយ​សព្វថ្ងៃ​នេះ​ មានតែ​ការចែកចាយ​តាម​ទីផ្សារ​ក្នុង​ស្រុក​ និង​តាម​ទីផ្សារ​ក្នុង​ខេត្ត​កំពង់ចាម​ប៉ុណ្ណោះ​ ហើយ​តម្រូវការ​ទីផ្សារ​ក្នុង​ខេត្ត​វិញ​ គឺ​មួយថ្ងៃ​មិន​លើស​ពី​ 80​ ទៅ100គីឡូក្រាម​ឡើយ​។

    លោក​ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​ តម្លៃ​លក់​ដែល​បាន​បញ្ជាក់​ខាងលើ​នោះ​ គឺ​ស្ថិតនៅ​ក្នុង​រដូវ​ផលិត​រយៈពេល​(3ខែ​)ដែល​ក្នុងរយៈពេល​នោះ​ ការ​ប្រមូល​ផល​ គឺ​ទទួល​បាន​ច្រើន​ ប្រមាណ​ជាជាង​ 5តោន​ ហើយ​តម្លៃ​ដែល​បាន​បញ្ជាក់​ខាងលើ​នោះ​ គឺជា​តម្លៃ​ដែល​លក់​បាន​នៅក្នុង​រដូវ​ប្រមូល​ផល​របស់​បន្លែ​ស្ពៃ​ក្តោប​ ដែល​មានន័យថា​ ពេល​ដែល​វា​សម្បូរ​ វា​ពុំសូវ​បាន​ថ្លៃ​ខ្ពស់​ទេ​ តែបើ​រដូវ​មិន​សម្បូរ​វិញ​ វា​បាន​តម្លៃ​ខ្ពស់​ខ្លាំង​ គឺ​ 5,000រៀល​ឯណោះ​ក្នុង1គីឡូក្រាម​។ លោក​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា​ សម្រាប់​ដំណាំ​ស្ពៃក្ដោប​នេះ​ វា​ផ្តល់​ផល​លឿន​ ទោះជា​រដូវ​ប្រមូល​ផល​វា​មិនសូវ​ផ្ដល់​កម្រៃ​ច្រើន​ដល់​សហគមន៍​លោក​ក្ដី​ តែ​សមាជិក​សហគមន៍​របស់​លោក​នៅតែ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ដាំ​បន្លែ​ស្ពៃ​ក្តោប​នេះ​ជាបន្តបន្ទាប់​ ដើម្បី​ផ្គត់ផ្គង់​ទី​ផ្សា​មិន​ឱ្យ​ខ្វះ​ និង​មាន​បន្លែ​ស្ពៃក្ដោប​រសជាតិ​ឆ្ងាញ់​នេះ​លក់​ជាប់​រហូត​ ព្រោះ​ការ​ដាំដំណាំ​បន្លែ​ធម្មជាតិ​ ជាពិសេស​បន្លែ​ស្ពៃក្ដោប​នេះ​ គឺជា​មុខរបរ​ចម្បង​របស់​សមាជិក​សហគមន៍​របស់​លោក​ដែល​បាន​បង្កើន​ប្រាក់ចំណូល​ដល់​ក្រុម​គ្រួសារ​។

    សម្រាប់​មហិច្ឆតា​នៃ​ការ​ធ្វើចម្ការ​ដំណាំ​បន្លែ​ស្ពៃ​ក្តោប​នេះ​ លោក​សា​រឿន​ក៏បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​ សហគមន៍​របស់​លោក​នឹង​ធ្វើ​ពង្រីក​ការ​ដាំដុះ​បន្លែ​ស្ពៃ​ក្តោប​នេះ​បន្ថែម​ទៀត​ ដោយ​នឹង​ពង្រីក​ផ្ទៃដី​ដាំដុះ​ឱ្យ​បាន​រហូតដល់​ប្រមាណ​ 10ហិ​កតា​ ហើយ​សហគមន៍​របស់​លោក​មានពូជ​ស្ពៃ​ក្ដោប​ល្អ​ៗមួយចំនួន​ទៀត​ដែល​ទីផ្សារ​ និង​អ្នក​បរិភោគ​ប្រាកដជា​នឹង​ទទួលស្គាល់​នូវ​រសជាតិ​របស់​វា​ដែល​បច្ចុប្បន្ន​សហគមន៍​របស់​លោក​កំពុង​ដាំដុះ​ និង​ប្រមូល​ផល​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខ​៕