Category: សង្គម និងសេដ្ឋកិច្ច

  • កម្ពុជា​ និង​ឥណ្ឌា​ ចុះ​កិច្ច​ព្រមព្រៀង​លើកកម្ពស់​វិស័យ​ទូរគមនាគមន៍​ និង​ព័ត៌មាន​

    កម្ពុជា​ និង​ឥណ្ឌា​ ចុះ​កិច្ច​ព្រមព្រៀង​លើកកម្ពស់​វិស័យ​ទូរគមនាគមន៍​ និង​ព័ត៌មាន​

    ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្រសួង​គមនាគមន៍​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ “កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​គមនាគមន៍​” ព្រម​ជាមួយនឹង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ទូរគមនាគមន៍​កម្ពុជា​ ជាមួយនឹង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ទូរគមនាគមន៍​ (C-DOT​)ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​ល្បីល្បាញ​មួយ​នៅ​ឥណ្ឌា​។

    អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាមួយ​ក្រសួង​គមនាគមន៍​ នៃ​សាធារណរដ្ឋ​ឥណ្ឌា​ មិន​ត្រឹមតែ​ផ្តោត​លើ​ “កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​គមនាគមន៍​” ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏​នឹង​ចូលរួម​បង្កើត​នូវ​ភូមិ​ឆ្លាតវៃ​ ឬ“ភូមិ​ឌីជីថល​”នៅក្នុង​ប្រទេស​កម្ពុជា​ទៀតផង​។

    ដោយឡែក​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ទូរគមនាគមន៍​កម្ពុជា​ ជាមួយនឹង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ទូរគមនាគមន៍​ (C-DOT​) ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​ល្បី​មួយ​នៅ​ឥណ្ឌា​ នឹង​ផ្តោត​ទៅលើ​ការ​ពង្រាយ​នូវ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ទំនើប​ និង​ការ​បំពាក់​ប្រព័ន្ធ​អុីន​ធើ​ណិ​តគ្មាន​ខ្សែ​នៅ​តាម​ជនបទ​។

    ពិធី​ចុះហត្ថលេខា​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​ឯកឧត្តម​រដ្ឋលេខាធិការ​ សុខ​ ពុទ្ធិ​វុធ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ ត្រាំ​ អុី​វតឹ​ក រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​លោក​ V. Raghunandan​ អគ្គនាយក​ នៃ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​របស់​សាធារណរដ្ឋ​ឥណ្ឌា​ លោក​ សាន្ត​ វី​ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​ ព្រម​ជាមួយ​លោក​ Shri​ Vipin​ Tyagi​ នាយក​ប្រតិបត្តិ​ C-DOT​។

    ឯកឧត្តម​ សុខ​ ពុទ្ធិ​វុធ​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​វាយតម្លៃ​ខ្ពស់​អំពី​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​សាធារណរដ្ឋ​ឥណ្ឌា​នា​ពេល​កន្លងមក​លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ មជ្ឈ​មណ្ឌល​ឧត្តមា​នុ​វត្តន៍​ និង​ការសិក្សា​លើ​ “ភូមិ​ឌីជីថល​។

    ឯកឧត្តម​រដ្ឋលេខាធិការ​បាន​លើកឡើង​ថា​ អនុស្សរណៈ​យោគយល់​គ្នា​ដែល​យើង​បាន​ចុះហត្ថលេខា​នៅពេល​នេះ​ គឺជា​ការ​បោះជំហាន​ថ្មី​មួយទៀត​លើ​កិច្ច​សហប្រតិបត្តិ​ការ​របស់​ប្រទេស​យើង​ទាំង2​ លើ​វិស័យ​ទូរគមនាគមន៍​ បន្ថែម​លើ​កិច្ច​សហប្រតិបត្តិ​ការដែល​យើង​មានស្រាប់​នា​ពេល​កន្លងមក​ដើម្បី​ទាញ​យក​នូវ​សក្តា​នុ​ពល​នៃ​ការ​រីកចម្រើន​ឈានមុខ​គេ​មួយ​លើ​វិស័យ​នេះ​របស់​សាធារណរដ្ឋ​ឥណ្ឌា​ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទូរគមនាគមន៍​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

    ឯកឧត្តម​ សុខ​ ពុទ្ធិ​វុធ​ បាន​មានប្រសាសន៍​ថា​៖“ខ្ញុំ​មាន​សុ​ទិដ្ឋ​និយម​ថា​ កិច្ចសហការ​នេះ​ និង​ជំរុញ​ឱ្យ​មាន​គម្រោង​ជាច្រើន​ទៀត​ក្នុង​ពេល​អនាគត​រវាង​កម្ពុជា​ និង​ឥណ្ឌា​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ព័ត៌មាន​វិទ្យា​ និង​ទូរគមនាគមន៍​នៅ​កម្ពុជា​ និង​ឥណ្ឌា​ដើម្បី​លើកកម្ពស់​ឱ្យ​កាន់តែ​ខ្ពស់​ និង​ពង្រឹង​នូវ​សាមគ្គីភាព​រវាង​ប្រជាជាតិ​ទាំង2​”។

    ឯកឧត្តម​ សុខ​ ពុទ្ធិ​វុធ​ បន្ត​ថា​ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​ រួម​ទាំង​ការបាន​ចូល​រួម​ក្នូ​ងពិព័រណ៍​ទូរគមនាគមន៍​ឥណ្ឌា​ ព្រមទាំង​បាន​ធ្វើទស្សនកិច្ច​នៅ​ភូមិ​ឌីជីថល​នៅ​រដ្ឋ​ Karenda​ និង​តំបន់​ប្រវត្តិសាស្ត្រ​ Mewat​ ក្នុង​តំបន់​ Haryana​ នៃ​រដ្ឋ​ Rajasthan​ រួចមក​ យើង​រៀនសូត្រ​បាន​ច្រើន​ពី​ប្រជាជាតិ​អាស៊ី​ខាងត្បូង​មួយ​នេះ​ទាក់ទង​នឹង​វិស័យ​ទូរគមនាគមន៍​។

    ឯកឧត្តម​ សុខ​ ពុទ្ធិ​វុធ​ ថ្លែង​ថា​៖“យើង​ពិតជា​ស្ញប់ស្ញែង​ជាមួយនឹង​វិស័យ​ទូរគមនាគមន៍​ឥណ្ឌា​ ហើយ​ជឿ​ថា​ វា​នឹង​ជួយ​យើង​ឱ្យ​ទទួល​បាន​បន្ថែម​ទៀត​នូវ​សក្តា​នុ​ពល​ និង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ក្នុង​វិស័យ​នេះ​ ហ្នឹង​ គឺជា​ហេតុផល​ដែល​យើង​ត្រូវ​ចុះហត្ថលេខា​ជាមួយ​ឥណ្ឌា​”។

    ឯកឧត្ដម​បន្ត​ថា​៖“រដ្ឋាភិបាល​ឥណ្ឌា​តាមរយៈ​ក្រសួង​ទូរគមនាគមន៍​របស់​គេ​ នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ប្រមាណ​ជា​ 10លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​គាំទ្រ​កម្មវិធី​បង្កើត​ភូមិ​ឌីជីថល​នៅ​កម្ពុជា​”។ ឯកឧត្ដម​បន្ត​ថា​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​គម្រោង​នេះ​ ដែល​ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​តភ្ចាប់​ឌីជីថល​ដែល​ខ្វះខាត​នៅ​ទី​ជនបទ​ ដូច​ជា​អុីន​ធើ​ណិ​ត សុខាភិបាល​ឌីជីថល​ ការអប់រំ​តាម​អន​ឡាញ​ ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​អន​ឡាញ​ រដ្ឋាភិបាល​អេឡិចត្រូនិក​ និង​កសិកម្ម​អេឡិចត្រូនិក​”។

    ឯកឧត្ដម​បន្ត​ទៀត​ថា​ ការ​ជ្រើសរើស​ខេត្តតាកែវ​ដែល​ជាទី​ក្រុង​ប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​សាកល្បង​នេះ​ គឺ​ដើម្បី​រំឭក​ដល់​ទំនាក់ទំនង​មិត្តភាព​ដ៏​យូរអង្វែង​រវាង​ប្រទេស​ទាំង2​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ គណៈប្រតិភូ​សាធារណរដ្ឋ​ឥណ្ឌា​បាន​ទៅ​ទស្សនកិច្ច​អំពី​គម្រោង​អភិវឌ្ឍន៍​មួយចំនួន​របស់​ឥណ្ឌា​នៅ​ខេត្តសៀមរាប​ គឺ​វិទ្យាស្ថាន​ជាតិ​ NIPTICT​ និង​បាន​ទៅ​ទស្សនកិច្ច​ទីតាំង​សម្រាប់​សិក្សា​លើ​គម្រោង​សាកល្បង​សម្រាប់​អភិវឌ្ឍន៍​ភូមិ​ឌីជីថល​នៅ​ស្រុក​ទ្រាំង​ ខេត្តតាកែវ​ ផង​ដែរ​៕

  • UNDP​ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា​ តាមរយៈ​សេវា​ភ័ស្តុភារ​ឆ្លងដែន​ និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (e-commerce​)

    UNDP​ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ប្រទេស​កម្ពុជា​ តាមរយៈ​សេវា​ភ័ស្តុភារ​ឆ្លងដែន​ និង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (e-commerce​)

    ប្រទេស​កម្ពុជា​មាន​សក្តា​នុ​ពល​ក្នុង​ការ​ទាញ​ប្រយោជន៍​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (e-commerce​) ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ និង​បង្កើន​ប្រសិទ្ធភាព​ដល់​អតិថិជន​ អ្នកលក់​រាយ​ ទីផ្សារ​ និង​ការ​ទទួល​បាន​ព័ត៌មាន​ពាណិជ្ជកម្ម​។

    ដើម្បី​ជួយ​ឱ្យ​កម្ពុជា​បើកឱកាស​បន្ថែម​ទៀត​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ដើម្បី​ការ​រីកចម្រើន​ និង​ការ​ទទួលស្គាល់​នៅក្នុង​ទីផ្សារ​សកល​ កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ​ (UNDP​) និង​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ ដែល​ជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ Alibaba​ Cainiao​ Group​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ នឹង​កិច្ច​ព្រមព្រៀង​ចែករំលែក​តម្លៃ​ដើម្បី​ចាប់ផ្តើម​ដំណើរការ​គម្រោង​ភាពជា​ដៃគូ​ នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ឆ្លងដែន​កាលពី​ពេល​ថ្មី​ៗនេះ​។

    ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ មាន​អត្ថ​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​ ព្រមទាំង​មាន​សក្តា​នុ​ពល​ក្នុង​ការ​ជួយ​លើកកម្ពស់​ទីផ្សារ​ក្នុង​ស្រុក​ផង​ដែរ​។

    សក្តា​នុ​ពល​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅក្នុង​ប្រទេស​កម្ពុជា​ គឺ​មាន​សារៈសំខាន់​ និង​មានជោគ​ជ័យ​ព្រោះថា​ អត្ថ​ប្រយោជន៍​របស់​វា​មិន​ត្រឹមតែ​មានកម្រិត​ចំពោះ​ពាណិជ្ជកម្ម​អន្ដរ​ជាតិ​នោះ​ទេ​ ប៉ុន្តែ​វា​ក៏​សំខាន់​សម្រាប់​ការជំរុញ​ទីផ្សារ​ក្នុង​ស្រុក​ផង​ដែរ​។

    លោក​ Yue​ (KEVIN​) Li​ ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ 4PX​ Express​ មានប្រសាសន៍​ថា​ “សេវា​ភ័ស្តុភារ​ឆ្លងដែន​នឹង​បង្កើត​នូវ​មធ្យោបាយ​សម្រាប់​ឱ្យ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​ពី​ចរន្ត​ដ៏​រស់រវើក​នៃ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​តំបន់​ ដោយមាន​ការជំរុញ​បន្ថែម​ពី​សមាហរណកម្ម​អាស៊ាន​។ វា​ក៏​នឹង​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ប្រយោជន៍​តាមរយៈ​ការ​វិនិយោគ​កាន់តែ​ច្រើន​ពីសំណាក់​ក្រុមហ៊ុន​អន្តរ​ជា​តិ​ធំៗ​ដែល​កំពុង​ផ្តល់​សេវា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ និង​ភ័ស្តុភារ​នៅក្នុង​ប្រទេស​នេះ​”។

    លោក​ Yue​ បាន​ថ្លែង​ថា​៖ “ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពិតជា​មាន​សក្តា​នុ​ពល​យ៉ាង​ធំធេង​នៅក្នុង​ប្រទេស​កម្ពុជា​។ គេ​គួរ​ចាត់ទុក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​ថា​ ជា​ឧបករណ៍​កសាង​ឱកាស​ដើម្បី​បើកទ្វារ​បន្ថែម​ទៀត​ឱ្យ​ទីផ្សារ​ក្នុង​ស្រុក​ទទួល​បាន​ឱកាស​រីកចម្រើន​ និង​ទទួល​បានការ​ទទួលស្គាល់​នៅ​លើ​ទីផ្សារ​សកល​”។

    លោក​ Nick​ Beresford​ អ្នកតំណាង​ UNDP​ ប្រចាំ​ប្រទេស​កម្ពុជា​មានប្រសាសន៍​ថា​ សេដ្ឋកិច្ច​ឌីជីថល​ បាន​ និង​កំពុង​ប្រែក្លាយ​កម្ពុជា​តាមរយៈ​ការ​ផ្លាស់​ប្តូរ​ទម្លាប់​បញ្ជាទិញ​អាហារ​ ទូទាត់​ថ្លៃ​ទំនិញ​ ហៅ​រ៉ឺម៉កម៉ូតូ​កង់3​ កក់​សណ្ឋាគារ​ ឬទិញ​សម្លៀកបំពាក់​ពី​តាម​ហាង​ជាដើម​។

    លោក​បន្ត​ថា​ សេវា​ទាំងនេះ​បាន​ជួយ​សម្រួល​ដល់​ទំនាក់ទំនង​រវាង​អតិថិជន​ និង​ការ​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អន​ឡាញ​។ ប្រការ​នេះ​នាំ​ឱ្យ​មានការ​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ដែល​អាច​រក្សា​បាន​នូវ​ផលិតភាព​សេដ្ឋកិច្ច​ក្នុង​កម្រិត​មួយ​ខ្ពស់​។ ប្រព័ន្ធ​អេកូ​-ស៊ី​ស្ទឹម​ (Eco​-System​) សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​គោលបំណង​លើក​កម្ពស់​បរិ​យា​ប័ន្ន និង​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​បាន​សេវាកម្ម​ ក្រោម​ការចូលរួម​ពី​តួអង្គ​ពាក់ព័ន្ធ​សំ​ខាន់​ៗចំនួន3​ គឺ​ រាជរដ្ឋាភិបាល​ ធុរកិច្ច​ និង​ឯកត្តជន​ ឬអ្នកប្រើ​ប្រាស់​។

    ប្រព័ន្ធ​នេះ​នឹង​ផ្តល់​ឱកាស​ការងារ​តាមរយៈ​ការពង្រីក​ការ​ធ្វើ​ពិពិធ​កម្ម​ និង​នវានុវត្តន៍​ និង​បើកចំហ​ឱ្យ​មានការ​ជួល​បុគ្គលិក​តាមរបៀប​ថ្មី​សម្រាប់​ក្រុមហ៊ុន​ចាប់ផ្តើម​អាជីវកម្ម​ដំបូង​ (startups​) សហគ្រាស​ខ្នាត​តូចបំផុត​ ខ្នាត​តូច​ និង​ខ្នាត​មធ្យម​ និង​សហគ្រាស​ប្រភេទ​ផ្សេងទៀត​ និង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ជំនាញ​ និង​បច្ចេកទេស​។

    លោក​ Nick​ Beresford​ បាន​ថ្លែង​ថា​ “ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ពង្រឹង​សហគ្រាស​ខ្នាត​តូចបំផុត​ ខ្នាត​តូច​ និង​ខ្នាត​មធ្យម​ (MSME​) របស់​ខ្លួន​ ការ​ងាក​ទៅ​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ នឹង​ជួយ​ឱ្យ​ព្រះរាជាណាចក្រ​នេះ​កាន់តែ​អាច​ច្បាម​យក​សក្តា​នុ​ពល​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​បន្ថែម​ទៀត​”។

    ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រី​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​ជាតិ​ភ័ស្តុភារ​កម្ពុជា​មានប្រសាសន៍​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ និង​ជា​ក្រុមប្រឹក្សា​ភ័ស្ដុភារ​ជាតិ​បាន​ប្តេជ្ញា​ចិត្ត​ជំរុញ​ប្រព័ន្ធ​អេកូ​ដែល​មាន​លក្ខណៈ​រួសរាយ​រាក់ទាក់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​ការ​ដឹកជញ្ជូន​ និង​ប្រសិទ្ធភាព​នៃ​លំហូរ​ទំនិញ​ និង​សេវាកម្ម​ និង​សម្រួល​ដល់​ក្រុមហ៊ុន​ Shenzhen​ 4PX​ Express​ បន្ត​ការ​បន្ត​ឆ្ពោះទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​តាមរយៈ​ការ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​មណ្ឌល​បង្រួបបង្រួម​ក្នុង​តំបន់​ដើម្បី​បម្រើ​តំបន់​មេគង្គ​ឡាន​ឆាង​។

    ឯកឧត្ដម​បាន​បន្ត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ចង់​ឃើញ​ទំនាក់ទំនង​ដ៏​រឹងមាំ​មួយ​រវាង​ការ​វិនិយោគ​ និង​គម្រោង​ដឹកជញ្ជូន​ជាតិ​ជាពិសេស​ការ​ដឹកជញ្ជូន​តាម​ទីប្រជុំជន​ និង​ការ​ដឹកជញ្ជូន​ចម្ងាយ​ឆ្ងាយ​។ លោក​ក៏​សង្ឃឹម​ផង​ដែរ​ថា​ គម្រោង​ភាពជា​ដៃគូ​រដ្ឋ​ និង​ឯកជន​ PPPនេះ​អាច​ដោះស្រាយ​ប្រព័ន្ធ​អេកូ​ពាណិជ្ជកម្ម​កាន់តែ​ទូលំទូលាយ​ ហើយ​ការ​ដឹកជញ្ជូន​បៃតង​ គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ដែល​ត្រូវ​បាន​ពិចារណា​រួម​ទាំង​ការ​គាំទ្រ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លងកាត់​ព្រំដែន​ និង​ពាណិជ្ជកម្ម​ឆ្លងដែន​ដោយ​មិនបាច់​ប្រើ​ក្រដាស​។

    ឯកឧត្ដម​បន្ត​ទៀត​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​រំពឹង​ថា​ នឹង​បានឃើញ​ក្រុមហ៊ុន​ Alibaba​ ក្នុង​ការ​ជួយ​បណ្តុះបណ្តាល​សហគ្រិន​ឱ្យ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​អេឡិចត្រូនិក​ឌីជីថល​ និង​បង្កើត​ឡើង​នូវ​គំរូ​អាជីវ​កម្ម​ថ្មី​ៗសម្រាប់​ការ​ធ្វើ​ភ័ស្តុភារ​កម្ម​អេឡិចត្រូនិក​។

    ឯកឧត្ដម​រដ្ឋមន្ត្រី​មានប្រសាសន៍​ថា​៖ “ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​ក៏​មាន​សេចក្តី​សោមនស្ស​រីករាយ​ផង​ដែរ​តាមរយៈ​គម្រោង​ភាពជា​ដៃគូ​ឯកជន​សាធារណៈ​នេះ​ មានការ​ឧបត្ថម្ភ​គាំទ្រ​មួយចំនួន​ក្នុង​ការ​ជួយ​យើង​កសាង​សមត្ថភាព​សម្រាប់​មជ្ឈមណ្ឌល​ភ័ស្តុភារ​ស្រាវជ្រាវ​ និង​បណ្តុះបណ្តាល​របស់​យើង​ដែល​បាន​បង្កើត​ឡើង​នា​ពេល​ថ្មី​ៗនេះ​”៕

  • រដ្ឋមន្ត្រី​ឧស្សាហកម្ម​កោះ​ប្រជុំ​សហគមន៍​ផលិត​អំបិល​កំពត​-កែប​នៅ​ថ្ងៃនេះ​ទាក់ទង​នឹង​ការ​ស្នើសុំ​រំលាយ​សហគមន៍​

    រដ្ឋមន្ត្រី​ឧស្សាហកម្ម​កោះ​ប្រជុំ​សហគមន៍​ផលិត​អំបិល​កំពត​-កែប​នៅ​ថ្ងៃនេះ​ទាក់ទង​នឹង​ការ​ស្នើសុំ​រំលាយ​សហគមន៍​

    មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​នឹង​ប្រជុំ​ជាមួយនឹង​សហគមន៍​ផលិត​អំបិល​ខេត្តកំពត​-កែប​ ដែល​ជា​អ្នក​ផលិត​ និង​ផ្គត់ផ្គង់​អំបិល​តែមួយគត់​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ចន្ទ​(ទី25​)នេះ​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បន្ទាប់ពី​សហគមន៍​អ្នក​ផលិត​អំបិល​មួយ​នេះ​បាន​ដាក់​លិខិតស្នើ​សុំ​រំលាយ​សហគមន៍​បន្ទាប់ពី​មិន​មាន​សមាជិក​គ្រប់គ្រាន់​ក្នុង​ការ​ដំណើរការ​ផលិតកម្ម​របស់​សហគមន៍​។

    អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ លោក​ អ៊ុំ​ សុ​ថា​ បានឱ្យ​ដឹង​ថា​ ក្រសួង​បាន​ទទួលលិខិត​ របស់​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-កែប​ហើយ​ ដោយឡែក​ក្រសួង​ឧស្សាហកម្ម​នឹង​ធ្វើ​កា​រកោះប្រ​ ជុំ​ជាមួយនឹង​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-កែប​ និង​អភិបាលខេត្ត​កំពត​ និង​កែប​ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​។ លោក​បញ្ជាក់​ថា​ កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃ​ចន្ទ​ ទី25​ នេះ​។

    លោក​សុ​ថា​ បាន​ថ្លែង​ថា​៖“រឿង​នេះ​មិនទាន់​អាច​អត្ថា​ធិប្បាយ​បានទេ​ ដោយ​រង់ចាំ​ការប្រជុំ​នៅ​ថ្ងៃទី25​ នេះ​សិន​ ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​នឹង​ដឹកនាំ​កិច្ចប្រជុំ​នេះ​ ដើម្បី​ត្រួតពិនិត្យ​ដោះស្រាយ​ឡើងវិញ​ថា​ តើ​ត្រូវ​រក​មធ្យោបាយ​ណាមួយ​ ប៉ុន្តែ​យើង​ទទួល​បាន​ព័ត៌មាន​នេះ​ហើយ​”។

    លោក​បន្ត​ថា​ ក្រសួង​នឹង​ស្វែងរក​ជម្រើស​ដែល​សមស្រប​មួយ​។ ជាគោល​គំនិត​ ក្រសួង​គាំទ្រ​ ប៉ុន្តែ​ត្រូវ​រកម​តិ​សមូហភាព​នៅ​ថ្នាក់​មូលដ្ឋាន​ជាមុន​សិន​។ កិច្ចប្រជុំ​នឹង​ស្វែងរក​ជម្រើស​មួយ​ដែល​សមស្រប​ និង​ត្រូវ​នឹង​ ស្ថានភាព​ជាក់ស្តែង​ដែល​សហគមន៍​កំពុង​ជួបប្រទះ​។

    លោក​ ប៊ុ​ន បារាំង​ ​សហប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-កែប​ បាន​លើកឡើង​ពី​បញ្ហា​មួយចំនួន​ដែល​ឈាន​ដល់​ការ​ដាក់​លិខិត​សុំ​រំលាយ​សហគមន៍​ផលិត​អំបិល​នេះ​ថា​ គឺ​ដោយសារ​ឆ្នាំនេះ​ក្រុម​អ្នក​ផលិត​អំបិល​មិន​អាច​ផលិត​អំបិល​បាន​ ខណៈ​ដែល​អ្នក​ផលិត​មួយចំនួន​មិនបាន​ចុះ​កុងត្រា​ជាថ្មី​ដើម្បី​បន្ត​សមាជិកភាព​របស់​សហគមន៍​ ដែល​មាន​ចំនួន​ប្រមាណ​ជាង​ 30ភាគរយ​។

    លោក​ បារាំង​ បាន​បន្ត​ថា​ ក្នុងចំណោម​អ្នក​ផលិត​អំបិល​ទាំង​ 200ក្រុម​ មាន​ប្រមាណ​ជាង​ 70ភាគរយ​បាន​ព្រមព្រៀង​ចូល​ជាស​មា​ជិ​កក្នុង​អាណត្តិ​ថ្មីនេះ​ប៉ុន្តែ​ 30ភាគរយ​ទៀត​មិនបាន​ចុះឈ្មោះ​ចូល​ជាស​មា​ជិ​កនៅឡើយ​ ដូចនេះ​សហគមន៍​ពិបាក​ក្នុង​ការ​ដំណើរការ​។ លោក​បញ្ជាក់​ថា​ ការផលិត​អំបិល​ត្រូវការ​ចូលរួម​ពី​សមាជិក​ទាំងអស់​ ដោយ​សព្វថ្ងៃ​នេះ​ផ្ទៃដី​ផលិត​អំបិល​មាន​ប្រមាណ​ជា​ 4,800ហិ​កតា​ និង​មាន​សមាជិក​ចំនួន​ 200ក្រុម​។ លោក​បន្ត​ថា​ បើ2ទៅ​ 3ក្រុមក្នុង​ចំណោម​ 200ក្រុម​នោះ​មិនបាន​ចូលរួម​ ការ​ដំណើរការ​នៅក្នុង​សហគមន៍​ក៏​ពិបាក​ដែរ​។

    លោក​ បារាំង​ បាន​បន្ថែម​ថា​ ដោយសារតែ​បញ្ហា​ បាន​ធ្វើ​ឱ្យ​តម្លៃ​អំបិល​ឥឡូវ​មានការ​ធ្លាក់ចុះ​រហូតដល់​ 12,000រៀល​ក្នុង​ 1បាវ​ (50គីឡូក្រាម​) ដោយ​កាលពី​ពេល​មុន​ៗ មានតម្លៃ​ជាង​ 20,000រៀល​ឯណោះ​។ លោក​បញ្ជាក់​ថា​ តម្លៃ​នេះ​នឹង​បន្ត​ធ្លាក់​ទៀត​ ដោយសារតែ​មាន​អ្នក​ផលិត​អំបិលដែល​ស្ថិតនៅ​ក្រៅ​សហគមន៍​ធ្វើ​ឱ្យ​ឈ្មួញ​ទម្លាក់​តម្លៃ​តាមអំពើចិត្ត​។

    លោក​ បារាំង​ បាន​បន្ថែម​ទៀត​ថា​៖“មកទល់​ពេលនេះ​ មិន​មាននៅ​សល់​អំបិល​នៅក្នុង​ឃ្លាំង​នោះ​ទេ​ ដោយសារតែ​អ្នក​ផលិត​អំបិល​មួយចំនួន​ផលិត​បាន​ ហើយ​លក់​ចេញ​តែម្តង​ ដោយ​ពួកគាត់​មិនបាន​ស្តុក​ទុក​នោះ​ទេ​។ យើង​មិនទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​នៅឡើយ​ ដោយសារតែ​អ្នក​ផលិត​ទាំងនោះ​មិនទាន់​បាន​ចុះបញ្ជី​ចូល​ជាស​មា​ជិ​កក្នុង​សហគមន៍​ជាថ្មី​ ដូច្នេះ​សហគមន៍​មិន​មាន​ទិន្នន័យ​នោះ​ទេ​ ពីមុន​សហគមន៍​ធ្វើការ​ប្រមូល​ទិន្នន័យ​ក្នុងរយៈពេល​ 10ថ្ងៃ​ម្តង​”។

    លោក​បន្ត​ថា​ នៅ​ថ្ងៃទី25​ នេះ​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ នឹង​ដឹកនាំ​កិច្ចប្រជុំ​រួម​ជាមួយ​អភិបាលខេត្ត​កំពត​ និង​កែប​ដើម្បី​ពិនិត្យមើល​ស្ថានការណ៍​អំបិល​នេះ​។ លោក​ថ្លែង​ថា​ បើសិនជា​មិន​មាន​សហគមន៍​ក្នុង​ការ​ជួយ​ទ្រទ្រង់​ទេ​នោះ​ អ្នក​ផលិត​អំបិល​នឹង​ពិបាក​ ដូច្នេះ​នឹង​មាន​បញ្ហា​ប្រឈម​ច្រើន​ ខណៈ​ដែល​ក្រុ​មតូចៗ​បាន​លក់​ដីស្រែ​អំបិល​អស់​មួយចំនួន​ទៅ​ហើយ​។

    លោក​ បារាំង​ បាន​អះអាង​ថា​ ការបង្កើត​សហគមន៍​អ្នក​ផលិត​អំបិល​ គឺ​ដើម្បី​ទ្រទ្រង់​ដល់​អ្នក​ផលិត​ទាំងអស់គ្នា​ តែបើ​កាលណា​ម្នា​ក់ៗ​មិន​ចូលរួម​ វា​នឹង​ធ្វើការ​ឱ្យ​ប្រមូល​ និង​ផលិត​អំបិល​មានការ​លំបាក​ នឹង​បែកបាក់​ រួច​នឹង​ដួល​រលំ​ទាំងអស់គ្នា​។

    លោក​ បារាំង​ និយាយ​ថា​៖“យើង​រង់ចាំ​មើល​កិច្ចប្រជុំ​នេះ​ថា​ តើ​នឹង​មាន​ដំណោះស្រាយ​យ៉ាងណា​ យើង​មិនទាន់​ដឹង​នៅឡើយ​ យើង​ក៏​មាន​សំណូមពរ​ផង​ដែរ​ ដោយសារ​តម្លៃ​ប្រកួតប្រជែង​ខ្លាំង​ កម្លាំង​ពលកម្ម​ឡើងថ្លៃ​ តម្លៃ​អំបិល​ចុះថោក​ និង​បើ​គ្មាន​សហគមន៍​ទៀត​នោះ​ នឹង​ធ្វើ​ឱ្យ​មានការ​បោះបង់​”៕

  • រដ្ឋាភិបាល​សម្រេច​លុប​ថ្ងៃឈប់​ចំនួន​ ​7ថ្ងៃ​ចោល​ដើម្បី​សម្រួល​ដល់ការធ្វើ​ពាណិជ្ជកម្ម​

    រដ្ឋាភិបាល​សម្រេច​លុប​ថ្ងៃឈប់​ចំនួន​ ​7ថ្ងៃ​ចោល​ដើម្បី​សម្រួល​ដល់ការធ្វើ​ពាណិជ្ជកម្ម​

    ​ដោយសារតែ​មើលឃើញ​ថា​នៅ​កម្ពុជា​មាន​ថ្ងៃឈប់​សម្រាក​ច្រើនពេក​ ​ដែល​ធ្វើ​ឱ្យ​ក្លាយជា​ឧបសគ្គ​សម្រាប់​អ្នក​វិនិយោគ​ ​និង​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បានសម្រេច​ប្រកាស​លុប​ចោល​ថ្ង​ស​ឈប់សម្រាក​ចំនួន​ ​7ថ្ងៃ​ក្នុង​មួយឆ្នាំ​។​ ​

    ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​ថា​ ​ការកាត់បន្ថយ​ថ្ងៃឈប់​សម្រាក​បុណ្យ​ ​និង​ទិ​វា​ផ្សេង​ៗ​ ​ដោយសារ​យើង​ពិនិត្យ​ឃើញថា​ ​ថ្ងៃឈប់​សម្រាក​ប្រចាំឆ្នាំ​នៅ​កម្ពុជា​ ​មាន​ចំនួន​ច្រើនជាង​ប្រទេសជិតខាង​។​ ​សម្រាប់​កម្ពុជា​ ​នា​ពេល​កន្លងមក​ ​យើង​មាន​ថ្ងៃឈប់​សម្រាក​ ​ពី28ថ្ងៃ​ ​ទៅ30ថ្ងៃ​ ​ក្នុង​មួយឆ្នាំ​ ​ខណៈ​ប្រទេសជិតខាង​ ​ដូចជា​វៀតណាម​មានតែ13ថ្ងៃ​ ​ប្រទេស​ឡាវ​មានតែ12ថ្ងៃ​ ​ប្រទេស​ថៃ​មាន16ថ្ងៃ​ ​និង​ប្រទេស​សិង្ហបុរី​ ​មាន12ថ្ងៃ​ប៉ុណ្ណោះ​។​ ​សម្តេច​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​សម្តេច​បាន​ណែនាំ​ដល់​ក្រុម​អន្ដ​ក្រសួង​ស្ថាប័ន​ដែល​នៅ​ក្រោម​ការសម្រប​សម្រួល​របស់​គ​ណៈ​កម្មា​ការ​គោលនយោបាយ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ឱ្យ​ពិនិត្យ​ ​និង​លើក​សំណើ​កាត់បន្ថយ​ចំនួន​ថ្ងៃឈប់​សម្រាក​ ​ហើយ​បានសម្រេច​លុប​ថ្ងៃឈប់​សម្រាក​ ​សរុប​ចំនួន7ថ្ងៃ​ ​ដែល​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ដ​ ​ចាប់ពី​ឆ្នាំ2020ទៅ​។​

    ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​មាន​ប្រសា​សា​ន៍​ថា​៖​ ​«​ខ្ញុំ​សូម​គូសបញ្ជាក់​បន្ថែម​ថា​ ​ការកាត់បន្ថយ​ចំនួន​ថ្ងៃឈប់​សម្រាក​ការងារ​នេះ​ ​គឺ​មិនមែន​មានន័យថា​ ​ជា​ការ​លុបបំបាត់​ចោល​ ​ពិធីបុណ្យ​ ​ព្រះរាជ​ពិធី​ ​និង​ទិវា​ជាតិ​អន្ដរ​ជាតិ​ ​ដែល​រាជរដ្ឋាភិបាល​ ​និង​ប្រជាជន​កម្ពុជា​ ​តែងតែ​ប្រារព្ធ​ធ្វើ​យ៉ាង​ខ្ជាប់ខ្ជួន​កន្លងមក​នោះ​ទេ​ ​ក៏ប៉ុន្ដែ​ចំ​ថ្ងៃ​ប្រារព្ធ​ពិធី​នោះ​ ​មន្ដ្​រីរា​ជ​ការ​ ​ក្នុង​វិស័យ​សាធារណៈ​ ​និង​និយោជិក​ ​កម្មករ​ក្នុង​វិស័យ​ឯកជន​ទាំងអស់​ ​ត្រូវ​បំពេញការងារ​ជា​ធម្មតា​»​។​

    ​ទោះជា​យ៉ាងនេះ​ក្តី​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​ស្នើរ​ឱ្យ​ពិចារណា​ក្នុង​ការ​លើក​ថ្ងៃឈប់​សម្រាក​នានា​ទៅ​បូក​ជាមួយ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ ​និង​ថ្ងៃបុណ្យ​ភ្ជុំ​ឱ្យ​មាន​រយៈពេល​យូរ​។​ ​ចំណែក​ឯ​ថ្ងៃមួយ​ចំនួន​ដែល​មិនសូវ​ចាំបាច់​អាច​កាត់បន្ថយ​ថ្ងៃ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​ការ​ធ្វើអាជីវកម្ម​របស់​អ្នក​វិនិយោគ​៕​ ​

  • ​ ​តម្លៃ​ស្មាតហ្វូន​ខ្លាំង​ខាង​ហ្គេម Xiaomi ​Black Shark 2 ​

    ​ ​តម្លៃ​ស្មាតហ្វូន​ខ្លាំង​ខាង​ហ្គេម Xiaomi ​Black Shark 2 ​

    ស្មាតហ្វូន Gaming ​របស់ Xiaomi ម៉ូឌែល Black Shark 2 ​នឹង​ត្រូវ​ដាក់​នៅ​ទីផ្សារ​អឺរ៉ុប ក្នុង​ចក្រអង់គ្លេស​មុន​គេ ​ដែល​មាន​តម្លៃ​ទៅតាមជម្រើសដូចជា៖

    ជម្រើស RAM 6GB មេម៉ូរី 128GB តម្លៃ 549ដុល្លារ​ ជម្រើស RAM 8GB មេម៉ូរី 128GB តម្លៃ 599​ដុល្លារ ជម្រើស RAM 8GB មេម៉ូរី 256GB ​តម្លៃ 649​ដុល្លារ​ ជម្រើស RAM 12GB ​មេម៉ូរី ​256GB ​តម្លៃ ​848ដុល្លារ។

    មុន​ការ​ប្រកាស​ប៉ុន្មាន​ថ្ងៃ ក៏​ស្រាប់​តែ​មាន​ការ​បញ្ជាក់​ជា​មុន​ពី​លក្ខណៈ​សម្បត្តិ​មួយ​ផ្នែក​តូច​ និង​វីដេអូ​បង្ហាញ​ឈុត​ខ្លីៗ​នៅ​លើ​បណ្តាញ​សង្គម។

    https://www.youtube.com/watch?v=WxfP24j1o1o

    Black Shark ដែល​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​របស់ Xiaomi ​បាន​ប្រកាស​ចេញ​ផ្សាយ​ Gaming Smartphone ម៉ូឌែល​ថ្មី Black Shark 2 កាល​ពី​ថ្ងៃ​ទី18 ខែ​មីនា ឆ្នាំ2019

  • Apple​ ​Watch​ ​Series​ ​5​ ​លេចចេញ​មុ​ខ​បណ្តើរ​ៗ​ហើយ​ ​ក្នុង​តម្លៃ​ដ៏​ខ្ពស់​គួរសម​

    Apple​ ​Watch​ ​Series​ ​5​ ​លេចចេញ​មុ​ខ​បណ្តើរ​ៗ​ហើយ​ ​ក្នុង​តម្លៃ​ដ៏​ខ្ពស់​គួរសម​

    ​បន្ទាប់ពី​ប្រកាស​ចេញ​លក់​ ​Apple​ ​Watch​ ​Series​ ​4​ ​រួចមក​ ​ឥឡូវនេះ​ដល់វេន​ ​Apple​ ​Watch​ ​Series​ ​5​ ​ឬ​ជំនាន់​ ​5របស់​ក្រុមហ៊ុន​ ​Apple​ ​ត្រូវ​បាន​លេចចេញ​ព័ត៌មាន​បណ្តើរ​ៗ​ហើយ​ ​ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​មុន​ ​ឯ​តម្លៃ​ក៏​ខ្ពស់​ផង​ដែរ​។​ ​

    ​តាម​ប្រភព​បានឱ្យ​ដឹង​ថា​ ​Series​ ​5​ ​នៅ​មិនទាន់​ជា​នាឡិកាដៃ​ឥត​ខ្ចោះ​នោះ​ទេ​ ​តែ​វា​នឹង​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី​ ​មានប្រយោជន៍​ជួយ​តាមដាន​សុខភាព​អ្នកប្រើ​ប្រាស់​។​ ​បំពាក់​ដោយ​អេក្រង់​ ​1.7​ ​អ៊ីញ​បែប​ថ្មី​ ​មាន​បច្ចេកវិទ្យា​ការពារ​ការ​ជ្រាប​ទឹក​ ​ជាមួយនឹង​ការ​បច្ចេកវិទ្យា​អាច​ភ្ជាប់​អ៊ី​ន​ធើ​ណិ​ត​ ​Wi​-​Fi​ ​ឬ​ ​Cellular​ ​បាន​ ​និង​មុខងារ​ ​SOS​ ​ដ៏​ពេញនិយម​អាច​ជួយសង្គ្រោះ​ជីវិត​បាន​ច្រើន​ ​នៅ​សហរដ្ឋអាមេរិក​។​ ​

    ​បើ​ធៀប​តម្លៃ​ ​Series​ ​4​ ​(​40mm​)​ ​គឺ​ ​$​399​ ​ខណៈ​ទំហំ​ ​44mm​ ​គឺ​ ​$​429​ ​រី​ឯ​ប្រភេទWi​-​Fi​ ​+​ ​cellular​ ​គឺ​ ​$​499​ ​ចំណែក​ទំហំ​ ​40mm​ ​និង44mm​ ​តម្លៃ​ ​$​529​។​ ​ដូចនេះ​ ​Series​ ​5​ ​អាច​នឹង​ថ្លៃ​លើស​នេះ​បន្តិច​៕​

  • លោក​ ​Solskjaer​ ​សន្យា​ជួយ​ឱ្យ​ ​Man​ ​Utd​ ​ឈ្នះ​ពាន​ ​ក្រោយ​ក្លាយជា​គ្រូបង្វឹក​ពេញ​សិទ្ធិ​

    លោក​ ​Solskjaer​ ​សន្យា​ជួយ​ឱ្យ​ ​Man​ ​Utd​ ​ឈ្នះ​ពាន​ ​ក្រោយ​ក្លាយជា​គ្រូបង្វឹក​ពេញ​សិទ្ធិ​

    លោក​ ​Ole​ ​Gunnar​ ​Solskjaer​ ​បាន​សន្យា​ថា​ ​នឹង​ជួយ​ឱ្យ​ក្រុម​ ​Manchester​ ​United​ ​ឱ្យ​ក្លាយជា​ម្ចាស់​ជើងឯក​ម្តង​ទៀត​ ​ក្រោយពី​បាន​ផ្តល់​ការ​ជឿជាក់​ដល់​ម្ចាស់​ក្លិប​ថា​ ​រូបលោក​គឺជា​អ្នក​ដែល​អាច​នាំ​ថ្ងៃ​នៃ​ភាព​ជ័យ​ទៅ​ឱ្យ​ក្លិប​នេះ​វិញ​។​ ​

    ​ក្រោយពី​ត្រូវ​បាន​ប្រកាស​តែងតាំង​ថា​ ​ជា​អ្នកចាត់ការ​ទូទៅ​អចិន្ត្រៃយ៍​ក្នុង​កិច្ចសន្យា​រយៈពេល៣ឆ្នាំ​ ​ដែល​នឹង​ផ្តល់​ចំណូល​ប្រចាំឆ្នាំ​ចំនួន7លាន​ផោន​ ​(​ស្មើនឹង9.14លាន​ដុល្លារ​អាមេរិក​)​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ​Solskjaer​ ​មិនបាន​ព្យាយាម​លាក់បាំង​ពី​បញ្ហា​ប្រឈម​នៅចំពោះមុខ​របស់​លោក​ឡើយ​ ​ខណៈ​ដែល​លោក​បាន​រំឭក​ឱ្យ​កីឡាករ​ចាប់ផ្តើម​ខិតខំ​ព្យាយាម​បន្ថែម​ទៀត​ចាប់ពី​ពេលនេះ​ទៅ​។​ ​

    ​លោក​ ​Solskjaer​ ​បានឱ្យ​ដឹង​ថា​៖​ ​«​យើង​កំពុងតែ​សម្លឹង​ឆ្ពោះទៅ​មុខ​ ​យើង​ត្រូវតែ​ធ្វើការងារ​ឱ្យ​កាន់តែ​ខ្លាំង​។​ ​ខ្ញុំ​ចង់ឱ្យ​ ​Man​ ​United​ ​ក្លាយជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដែល​ខិតខំ​ធ្វើការងារ​បំផុត​ ​និង​ក្លាយជា​ក្រុម​ខ្លាំង​បំផុត​ ​ដែល​អាច​ដណ្តើម​យក​លទ្ធ​ផល​ផ្សេង​ៗ​។​ ​ពេលនេះ​កីឡាករ​ដឹង​ថា​ ​ខ្ញុំ​ស្ថិតនៅ​ទីនេះ​ជាង​ការ​រំពឹង​ទុក​។​ ​កីឡាករ​ដែល​មាន​មោទនភាព​លើ​ខ្លួនឯង​ពេក​ ​នឹង​មិន​រក្សា​កៅអី​ក្នុង​ក្លិប​នេះ​បាន​ឡើយ​»​។​ ​

    ​គ្រូបង្វឹក​រូប​នេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ ​Old​ ​Trafford​ ​ថា​៖​ ​«​ការ​ឈ្នះ​ពាន​ ​Premier​ ​League​ ​ម្តង​ទៀត​គឺជា​គោលដៅ​ដែល​យើង​រំពឹង​ទុក​ ​ព្រោះ​វា​ជាគោល​ដៅ​ដែល​យើង​ស៊ាំ​ ​និង​ជាគោល​ដៅ​ដែល​យើង​ធ្វើ​បានសម្រេច​ជាច្រើនលើក​»​។​ ​

    ​ក្នុង​ការដឹកនាំ​ក្នុងរយៈពេល​ដ៏​ខ្លី​របស់​លោក​ ​លោក​ ​Solskjaer​ ​បាន​ជួយ​ឱ្យ​ក្រុម​បិសាច​ក្រហម​ ​វិល​ទៅកាន់​ការ​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​ទាំង4របស់​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​និង​កំពុង​ត្រៀម​លក្ខ​ខណៈ​សម្រាប់​ការប្រកួត​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​វគ្គ8ក្រុម​ចុងក្រោយ​ ​ជាមួយនឹង​ក្រុម​ ​Barcelona​ ​នៅ​ខែក្រោយ​។​ ​បើ​ទោះបី​វិល​ទៅ​រក​ទម្រង់​លេង​យ៉ាង​ល្អ​ក៏ដោយ​ ​ប៉ុន្តែ​ ​Man​ ​Utd​ ​បាន​រក្សា​ការ​ដេញ​តាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ​ ​Liverpool​ ​ចំនួន18ពិន្ទុ​ ​និង​តាម​ពីក្រោយ​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែមួយ​ ​Manchester​ ​City​ ​ចំនួន16ពិន្ទុ​៕​ ​

  • ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​របស់​ ​Samsung​ ​ធន់​នឹង​ការ​បត់​ចុះឡើង​ដល់​ ​5ឆ្នាំ​

    ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​របស់​ ​Samsung​ ​ធន់​នឹង​ការ​បត់​ចុះឡើង​ដល់​ ​5ឆ្នាំ​

    ​ថ្មី​ៗ​នេះ​មានការ​សាកល្បង​ធ្វើតេស្ត​មួយ​ដោយ​យក​ស្មា​ត​ហ្វូ​នប​ត់​បាន​របស់​ ​Samsung​ ​ដើម្បី​ធ្វើការ​សាកល្បង​ដើម្បី​ដឹងពី​គុណភាព​។​ ​ការ​ធ្វើតេស្ត​នេះ​មានឈ្មោះ​ថា​ ​”​Folding​ ​Test​”​ ​ដែល​ប្រើប្រាស់​ម៉ាស៊ីន​ពិសេស​ដើម្បី​បត់​ ​Galaxy​ ​Fold​ ​ចុះឡើង​ ​ដោយ​មិនឈប់​សម្រាក​ឡើយ​។​ ​តាម​ការ​ធ្វើតេស្ត​នេះ​ ​Samsung​ ​អាច​ប្រាកដ​បាន​ថា​ ​Galaxy​ ​Fold​ ​អាច​បត់​ចុះឡើង​បាន​ ​200,000​ ​ដង​ ​ដោយ​គ្មាន​បញ្ហា​។​ ​ការ​ធ្វើតេស្ត​លើ​គុណភាព​អេក្រង់​បត់​បាន​នេះ​ត្រូវ​ប្រើ​ពេល​រហូតដល់​ ​7ជាប់គ្នា​។​

    ​តាម​ការ​សន្និដ្ឋាន​របស់​អ្នកជំនាញ​បាន​បញ្ជាក់​ថា​ជាមធ្យម​ប្រសិនបើ​អ្នកប្រើ​បត់​ ​Galaxy​ ​Fold​ ​100​ ​ដង​ក្នុង​មួយថ្ងៃ​ ​នោះ​មានន័យថា​ ​Galaxy​ ​Fold​ ​នេះ​អាច​ប្រើប្រាស់​បាន​រហូតដល់​ ​5ឆ្នាំ​។​

    ​Galaxy​ ​Fold​ ​នឹង​ចេញ​លក់​លើ​ទីផ្សារ​ដំបូង​នៅ​ថ្ងៃទី​ ​26ខែមេសា​ ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ​ក្នុង​តម្លៃ​ ​1,980ដុល្លារ​៕​

    ​ទស្សនា​វីដេអូ​ការ​ធ្វើតេស្ត​បត់​ខាងក្រោម​៖​
    ​https://www.gadgetmatch.com/samsung-galaxy-fold-endurance-test-video/

  • TOYOTA​ ​ប្រកាស​ចេញ​តម្លៃ​ ​PRIUS​ ​ឆ្នាំ​ ​2019​ ​

    TOYOTA​ ​ប្រកាស​ចេញ​តម្លៃ​ ​PRIUS​ ​ឆ្នាំ​ ​2019​ ​

    ​ក្រុមហ៊ុន​ ​Toyota​ ​បាន​ប្រកាស​បញ្ចេញ​ម៉ូ​ឌែល​ ​Prius​ ​C​ ​ឆ្នាំ​ ​2019​ ​មក​លើ​ទីផ្សារ​ជា​ផ្លូវការ​ ​ដោយ​បាន​បន្ថែម​ប្រព័ន្ធ​សុវត្ថិភាព​និង​បច្ចេក​វិទ្យា​ទំនើប​ៗ​ ​និង​ការរចនា​រូបរាង​ស្អាត​ប្លែក​ច្រើនជាង​មុន​។​ ​

    ​ប្រព័ន្ធ​បច្ចេកវិទ្យា​បំពាក់​លើ​ ​Prius​ ​2019​ ​នេះ​មាន​ដូចជា​ ​បំពាក់​អេក្រង់​ទំហំ​ ​7អ៊ីញ​ ​អាច​ភ្ជាប់​ជាមួយ​ទូរសព្ទ​បាន​ ​អាច​ប្រើ​ភ្ជាប់​ជាមួយ​អ៊ីនធឺណិត​ ​Siri​ ​ឬ​ ​Google​ ​Assistant​ ​អាច​ចុច​លើ​អេក្រង់​ផ្ញើ​សារ​ ​មាន​បាស​ ​JBL​ ​Premium​ ​និង​ពិនិត្យមើល​អាកាសធាតុ​ ​ឬ​កំណត់​ ​reminder​ ​ក៏បាន​។​ ​

    ​ផ្នែក​ខាងមុខ​មាន​បំពាក់​អំពូល​ ​LED​ ​headlights​ ​វា​ក៏​មាន​បំពាក់​ហ្វ្រាំងAMB​ ​(​ប្រព័ន្ធ​ហ្វ្រាំង​ជំនួយ​ពេល​ជួប​បញ្ហា​បន្ទាន់​)​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ ​និង​ប្រព័ន្ធ​សុវត្ថិភាព​ផ្តល់​ដំណឹង​ពី​ល្បឿន​រថយន្ត​ខាងមុខ​ ​(​active​ ​cruise​ ​control​)​។​

    ​ចំពោះ​លក្ខណៈ​បច្ចេកទេស​ ​Prius​ ​2019​ ​កម្លាំង​ម៉ាស៊ីន​ ​1.8​-​លីត្រ​ ​រត់​ល្បឿន​ ​100​ ​គីឡូម៉ែត្រ​ស៊ីសាំង​ត្រឹមតែ​ ​3.4លីត្រ​តែប៉ុណ្ណោះ​។​ ​រថយន្ត​ប្រភេទ​នេះ​មាន​ពោង​សុវត្ថិភាព​ ​7​ ​និង​កាមេរ៉ា​មើល​ក្រោយ​ច្បាស់​ល្អ​។​ ​

    ​ចំពោះ​តម្លៃ​ដាក់​លក់​ផ្លូវការ​មាន2​ ​ប្រភេទ​លើ​ទីផ្សារ​អឺរ៉ុប​គឺ​ ​ប្រភេទ​ធម្មតា​ ​តម្លៃ​ ​$​36,590ដុល្លារ​និង​ប្រភេទ​ ​Prius​ ​i​-​Tech​ ​តម្លៃ​$​44,050ដុល្លារ​។​ ​ក្នុង​នោះ​ក្រុមហ៊ុន​ក៏​នឹង​មាន​សេវាកម្ម​ជា​កញ្ចប់​លើ​ការថែទាំ​ ​ការធានា​រយៈពេល​ ​3ឆ្នាំ​ ​ឬ​ ​100,000​ ​គីឡូម៉ែត្រ​៕​

  • វិស័យ​អចលនទ្រព្យ​នៅតែ​មាន​តម្រូវការ​ទីផ្សារ​ធម្មតា​ និង​កំពុង​ផ្ដោត​ការ​ពង្រឹង​លើ​ផ្លូវច្បាប់​

    វិស័យ​អចលនទ្រព្យ​នៅតែ​មាន​តម្រូវការ​ទីផ្សារ​ធម្មតា​ និង​កំពុង​ផ្ដោត​ការ​ពង្រឹង​លើ​ផ្លូវច្បាប់​

    ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ នៅតែ​មាន​ភាព​ទាក់ទាញ​ ហើយ​ស្ថិតនៅ​ក្នុង​តម្រូវការ​ខ្ពស់​ដដែល​ ដោយ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​កំពុងតែ​មមាញឹក​ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​ទាំង​នៅ​បណ្តា​ខេត្ត​មួយចំនួន​ដែល​កំពុងធ្វើការ​អភិវឌ្ឍ​លើ​វិស័យ​អចលនទ្រព្យ​ជាច្រើន​ប្រភេទ​ រួម​មានៈ​ ការ​អភិវឌ្ឍ​ចម្រុះ​ បុរី​លំនៅឋាន​ អា​ផា​តមិន​ សេវាកម្ម​ខុន​ដូ​ ការិយាល័យ​ សណ្ឋាគារ​ និង​នៅ​រមណីយដ្ឋាន​ដែល​មាននៅ​កម្ពុជា​។ នេះ​បើ​តាម​ការ​ដឹងពី​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​។

    លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ (KFA​) បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ រាជធានី​ភ្នំពេញ​នៅតែ​ជា​តំបន់​អភិវឌ្ឍន៍​ដ៏​ធំ​បំផុត​។ គ្រប់​ខណ្ឌភាគ​កណ្តាល​នៃ​រដ្ឋធានី​បច្ចុប្បន្ន​មានការ​អភិវឌ្ឍ​ដែល​យ៉ាងហោចណាស់​ក៏​កំពុង​ត្រូវ​បាន​សាងសង់​ខុន​ដូ​ អា​ផា​តមិន​(Apartment​) និង​អគារ​ខ្ពស់​ធំៗ​ពិសេស​តំបន់​ក្រវាត់ក្រុង​ ដែល​មាន​គម្រោង​ជាច្រើន​កំពុង​ប្រជែង​គ្នា​ ខណៈ​តំបន់​ខាងក្រៅ​ក្រុង​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​សហគមន៍​ដែល​មាន​ជា​បុរី​ផ្ទះល្វែង​ និង​គម្រោង​សាងសង់​លំនៅឋាន​សមរម្យ​ជាដើម​។

    លោក​ឧកញ៉ា​បាន​បង្ហើប​ឱ្យ​ដឹងពី​សម្ទុះ​ក្នុង​វិស័យ​នេះ​ថា​ គម្រោង​អចលនទ្រព្យ​នៅ​តាម​តំបន់​ក្រវាត់ក្រុង​ដែល​បាន​សម្ពោធ​ដោយ​រដ្ឋា​ភិ​បាល​ថ្មី​ៗនេះ​ មិន​បង្ហាញ​នូវ​ការ​កើនឡើង​នៃ​វិស័យ​អចលនទ្រព្យ​បែប​ពុះកញ្ជ្រោល​ខ្លាំង​នោះ​ទេ​ តែ​វា​នៅតែ​អភិវឌ្ឍ​ទៅមុខ​ជា​ធម្មតា​ក្នុង​អំឡុង​ 2ខែ​កន្លងមក​នេះ​។ តែ​ការជួល​ខុន​ដូ​ អា​ផា​តមិន​ដោយ​ជនបរទេស​នៅ​ស្ទើរគ្រប់​ប៉ូល​សេដ្ឋកិច្ច​នៅតែ​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ដោយ​មើលទៅ​លើ​ចំនួន​ប្រជាជន​ចំនួន​ជនបរទេស​ និន្នាការ​រស់នៅ​ ចំនួន​អ្នកទិញ​ផ្គត់ផ្គង់​ និង​តម្រូវការ​ទិញ​-ជួល​ពីមុន​ និង​បច្ចុប្បន្ន​។

    លោក​ឧកញ៉ា​បាន​បន្ត​ថា​ ពាក់ព័ន្ធ​នឹង​តំបន់​ក្រវាត់ក្រុង​ គេ​ឃើញ​មាន​សកម្មភាព​ផុលផុស​ចាប់ពី​រង្វង់​មូល​កួរស្រូវ​ និង​តំបន់​កំពង់កន្ទួត​ និង​មានការ​-ផ្គត់​ផ្គង់​ថ្មី​ៗនៅ​តំបន់​ស្រុក​មុខកំពូល​ក្នុង​គម្រោង​លំនៅឋាន​សមរម្យ​ ដែល​នៅ​កម្ពុជា​គម្រោង​បែបនេះ​កំពុង​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ ហេតុដូច្នេះ​ហើយ​ទើប​អ្នក​វិនិយោគ​ក្នុង​ស្រុក​បាន​សម្លឹងឃើញ​ថា​ ទីផ្សារ​លំនៅឋាន​សមរម្យ​ គឺជា​គោលដៅ​ទាក់ទាញ​បំផុត​ និង​ងាយស្រួល​លក់​ ទើប​អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ​ ជាពិសេស​អ្នក​អភិវឌ្ឍន៍​តែម្ដង​ បាន​បោះទុន​វិនិយោគ​ទៅលើ​វិស័យ​មួយ​នេះ​ច្រើន​ដែរ​។

    លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ធ្លាប់​មានប្រសាសន៍​ឱ្យ​ដឹង​នា​ពេល​កន្លងមក​ថា​ អ្នក​វិនិយោគ​តែងតែ​សម្លឹង​មើល​ពី​ឱកាស​ដែល​ទទួល​បាន​ប្រាក់ចំណេញ​ ដូច្នេះ​នៅពេល​តម្រូវការ​មានការ​កើនឡើង​ខ្លាំង​នូវ​ប្រភេទ​សំណង់​ណាមួយ​ គេ​ត្រូវតែ​ពង្រីក​ការ​ផ្គត់ផ្គង់​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​ទីផ្សារ​។ ជាក់ស្តែង​កម្រិតជីវភាព​របស់​ប្រជាជន​កម្ពុជា​ភាគច្រើន​ មិនទាន់​មានលទ្ធភាព​អាច​ទិញ​លំនៅឋាន​ប្រណីត​ដែល​មានតម្លៃ​ខ្ពស់​នៅឡើយ​ទេ​ ដូច្នេះ​តម្រូវការ​ទីផ្សារ​សំណង់​ប្រភេទ​ខ្លះ​ ឬលំនៅឋាន​សមរម្យ​ គឺ​នៅតែ​មាន​ ហើយនឹង​យូរអង្វែង​ទៅមុខ​ទៀត​ ព្រោះ​វា​មិន​បង្ក​ហានិភ័យ​ដល់​អ្នក​វិនិយោគ​វិស័យ​សំណង់​បែប​នោះ​ទេ​។ ​

    ប៉ុន្តែ​លោក​ឧកញ៉ា​ នួន​ រិទ្ធី​ ក៏បាន​ប្រាប់​ឱ្យ​ដឹង​បន្ថែម​ដែរ​ថា​ ពាក់ព័ន្ធ​នឹង​បញ្ហា​ជួញដូរ​វិស័យ​អចលនទ្រព្យ​នេះ​ យើង​ឃើញថា​ ហាក់ដូចជា​នៅ​ទ្រឹង​បន្តិច​ដោយសារតែ​មានការ​រឹត​បន្តឹង​ប្រព័ន្ធ​ច្បាប់​ក្នុង​វិស័យ​អចលនទ្រព្យ​។ លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖ “ពោល​គឺ​មាន​ឧបសគ្គ​អ្វីខ្លះ​ក្នុង​ទីផ្សារ​? បច្ចុប្បន្ន​អចលនទ្រព្យ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​លំ​បា​កខ្លះ​ៗក្នុង​គោលនយោបាយ​គ្រប់គ្រង​ដីធ្លី​ និង​ច្បាប់​សំណង់​។ បញ្ហា​ប្រឈម​ធំៗ​នៅ​ទូទាំង​ក្រុមប្រឹក្សា​ភិបាល​ គឺ​ហេដ្ឋារចនាសម្ព័ន្ធ​ ដូចជា​ផ្លូវថ្នល់​ស្ពាន​អគ្គិសនី​ ការគ្រប់គ្រង​កាកសំណល់​ និង​ទឹក​។ ទោះជាយ៉ាងណា​ក៏ដោយ​ ក៏​រដ្ឋាភិបាល​មានការ​លើកទឹកចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​ និង​លើកកម្ពស់​បរិយាកាស​វិនិយោគ​”។

    លោកស្រី​ តាំង​ ហួរ​ អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ និង​ជា​នាយិកា​ក្រុមហ៊ុន​ Amatak​ Prorperty​ service​ បាន​មានប្រសាសន៍​ប្រាប់​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ ក្នុងរយៈពេល​ 2ខែ​កន្លងមក​នេះ​ វិស័យ​អចលនទ្រព្យ​ ថ្វី​ដ្បិតតែ​ពុំ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្ដី​ តែ​វិស័យ​នេះ​ក៏​នៅតែ​មាន​សកម្មភាព​ផុលផុស​ដដែល​ ឯដីធ្លី​ និង​ដី​ឡូត៍​ក៏​នៅ​មាន​សម្ទុះ​ល្អ​ នៅតែ​បន្តសកម្មភាព​ទៅមុខ​ជា​ធម្មតា​ មាន​សមត្ថភាព​ និង​ជំនាញ​គ្រប់គ្រាន់​ដើម្បី​កសាង​ទំនុកចិត្ត​ជាមួយ​អ្នកទិញ​-អ្នកលក់​ និង​ក្នុង​ទីផ្សារ​អចលនទ្រព្យ​ទាំងមូល​។លោកស្រី​អនុប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​៖ “អ្នក​វិនិយោគ​ គេ​ធ្វើឡើង​តម្រូវ​ទៅតាម​ទីផ្សារ​ និង​អតិថិជន​គោលដៅ​។ ចំពោះ​ទីផ្សារ​សំណង់​ ពិសេស​ការ​ពុះ​ឡូត៍​លក់​ គឺ​នៅ​មាន​ភាព​ទូលាយ​នៅឡើយ​ ដោយសារតែ​ពាក់ព័ន្ធ​ទៅ​នឹង​កម្រិតជីវភាព​របស់​អតិថិជន​”។

    បច្ចុប្បន្ន​សម្ទុះ​នៃ​ការ​វិនិយោគ​លើ​ការ​ពុះ​ឡូត៍​លក់​ ភាគច្រើន​តាម​តំបន់​ជាយក្រុង​នៅតែ​មាននៅ​ឡើយ​ ព្រោះ​តំបន់​ទាំងនោះ​ទើបតែ​ចាប់ផ្តើម​រីកចម្រើន​ និង​ចាប់ផ្ដើម​អភិវឌ្ឍ​បន្ត​ចេញពី​ទីក្រុង​ ដូច្នេះ​តម្លៃ​ដី​នៅ​មានកម្រិត​ ដែល​អាច​ផ្តល់​ឱកាស​ចំណេញ​ដល់​អ្នក​វិនិយោគ​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។ អ្នក​វិនិយោគ​មានឱកាស​ច្រើន​ក្នុង​ការ​ទទួល​បាន​ប្រាក់ចំណេញ​ ហើយ​អ្នកទិញ​អាច​មានលទ្ធភាព​ទទួល​បាន​ដី​ដែល​មាន​សុវត្ថិភាព​ពុំ​មាន​បញ្ហា​។

    លោកស្រី​ តាំង​ ហួរ​ បាន​មាន​មតិ​ក្នុង​បញ្ហា​នេះ​ថា​៖“ដូចនេះ​ អ្នករក​ស៊ី​ពុះ​ដី​ឡូត៍​លក់​ត្រូវតែ​សិក្សា​គម្រោង​មេ​ ក្នុង​តំបន់​ដែល​យើង​ធ្វើការ​ជួញដូរ​ ព្រោះ​និន្នាការ​នៃ​ការ​ជួញដូរ​អចលនទ្រព្យ​នេះ​ បើ​យើង​សិក្សា​ទិដ្ឋភាព​ផ្នែក​ច្បាប់​មិនដល់​ វា​នឹង​នាំ​ឱ្យ​មាន​បញ្ហា​ដល់​អ្នកទិញ​ ដែល​ជា​ធម្មតា​នៅពេល​ទិញ​-លក់​តែង​មាន​ប្លង់​រឹង​ ឬមាន​លិខិត​បទដ្ឋាន​សម្រាប់​ជា​សំអាង​ក្នុង​ការ​ជួញដូរ​ ដើម្បី​ជា​ភាព​ស្របច្បាប់​”។

    លោកស្រី​បាន​សង្កត់ធ្ងន់​ថា​៖“យើង​ចង់​មិន​ឱ្យ​មាន​បញ្ហា​ជាមួយនឹង​ព័ត៌មាន​ដែល​ថា​ ការ​ពុះ​ឡូត៍​លក់​មិន​មាន​ភាព​ស្របច្បាប់​ អនាធិបតេយ្យ​នោះ​ទេ​ ព្រោះ​អ្នកទិញ​ភាគច្រើន​ជា​អ្នកក្រ​ អ្នក​មធ្យម​ មិនជា​មាន​ប្រាក់​ប៉ុន្មាន​ទេ​ ប្រសិនបើ​គាត់​ទិញ​ទៅកាត់​ប្លង់​រឹង​ជូន​គាត់​មិនបាន​ នាំ​ឱ្យ​មាន​បញ្ហា​ប៉ះពាល់​ដល់​គម្រោង​ទាំងមូល​”។

    លោកស្រី​បាន​បន្ថែម​ទៀត​ថា​៖“អ្វី​ដែល​យើង​ចង់បាន​នោះ​ គឺទី1​- កុំឱ្យ​ប៉ះពាល់​ដល់​គម្រោង​ដី​។ ទី2​-ពេល​លក់​ដី​ជូន​អតិថិជន​ យើង​មាន​ ឬអាច​កាត់​ប្លង់​រឹង​បាន​ស្របច្បាប់​ ទី3​-បើ​កាត់​ប្លង់​រឹង​ជូន​អតិថិជន​បាន​ នោះ​ជា​ការអនុវត្ត​ទៅតាមច្បាប់​ដីធ្លី​។ ទាំងនេះ​គឺ​ដើម្បី​សុ​វត្តិភាព​នៃ​ការ​ជួញដូរ​ដីធ្លី​ ឬការ​ពុះ​ឡូត៍​លក់​ ពោល​ការអនុវត្ត​ស្រប​ទៅតាមច្បាប់​ដីធ្លី​ដែល​ក្រសួង​បាន​ដាក់​ឱ្យ​អនុវត្ត​ និង​មិន​មាន​ហានិភ័យ​”។

    លោក​ឧកញ៉ា​ នួន​ រិទ្ធី​ បាន​បញ្ជាក់​បន្ថែម​ថា​ ដូច្នេះហើយ​ទើប​យើង​ឃើញថា​ វិស័យ​អចលនទ្រព្យ​សព្វថ្ងៃ​កំពុងតែ​ពង្រឹង​ខ្លួន​ ដោយ​ផ្តោត​ទៅលើ​ការអនុវត្ត​ប្រព័ន្ធ​ច្បាប់​ក្នុង​វិស័យ​អចលនទ្រព្យ​ ដើម្បី​ឱ្យ​វិស័យ​នេះ​អាច​រីកចម្រើន​ក្នុង​ការជំរុញ​ដល់​វិស័យ​សេដ្ឋកិច្ច​របស់​ជាតិ​មាន​លក្ខណៈ​ស្របគ្នា​។ ពោល​គឺ​ សេដ្ឋកិច្ច​មាន​កំណើន​ដោយ​ការ​ទទួល​បាន​ពី​កំណើន​នៃ​វិស័យ​អចលនទ្រព្យ​ដោយ​ស្រប​ទៅ​នឹង​ប្រព័ន្ធ​ច្បាប់​វិនិយោគ​ ដែល​ចំណុច​នេះ​ហើយ​ទើប​វិនិយោគិន​បរទេស​មាន​ជំនឿ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ និង​ចូលរួម​អភិវឌ្ឍ​កាន់តែ​ច្រើនឡើង​៕