Category: សង្គម និងសេដ្ឋកិច្ច

  • ម្ចាស់ក្លិបបឹងកេតសង្ឃឹមតិចតួចថា កូនប្រុសរបស់ខ្លួនអាចនឹងជាប់ជាកីឡាកររបស់ Bacelona

    ម្ចាស់ក្លិបបឹងកេតសង្ឃឹមតិចតួចថា កូនប្រុសរបស់ខ្លួនអាចនឹងជាប់ជាកីឡាកររបស់ Bacelona

    លោកស្រី ពុធ ធីតា ជាម្ចាស់ក្លិបបាល់ទាត់នៃលីកកំពូលកម្ពុជា បឹងកេត អេហ្វស៊ី បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនជុំវិញការបញ្ជូនកូនប្រុសម្នាក់ទៅចូលរួមធ្វើតេស្តសមត្ថភាពជាមួយក្លិបយក្សរបស់អេស្ប៉ាញ FC Bacelona នោះថា នៅទីនោះមានកុមារពូកែៗច្រើនណាស់មកពីជុំវិញពិភពលោក ដូច្នេះហើយទើបធ្វើឱ្យលោកស្រីមិនសូវជាមានសង្ឃឹមប៉ុន្មានឡើយ។

    កុមារា DOME ដែលជាកូនប្រុសបង្កើតរបស់លោកស្រីកំពុងតែធ្វើតេស្តសមត្ថភាពរបស់គេលើកចុងក្រោយនៅក្នុងសាលាបាល់ទាត់ FC BESCOLA នៅលើទឹកដីប្រទេសអេស្ប៉ាញ ដែលជាសាលាបាល់ទាត់របស់ក្លិប Bacelona ក្នុងកម្មវិធីជ្រើសរើសយកកុមារដែលមានសមត្ថភាពខ្លាំងមកពីជុំវិញពិភពលោកដើម្បីបានហ្វឹកហាត់នៅក្នុងក្លិបមួយនេះ។

    លោកស្រីបានបន្ថែមថា ក្នុងការធ្វើតេស្តសមត្ថភាពលើកនេះ គឺជាលើកទី3ហើយ ដែលលើកទី1 ធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី លើកទី2 នៅទឹកដីអេស្ប៉ាញ ហើយលើកនេះគឺជាលើកចុងក្រោយហើយ ប្រសិនបើជាប់ Dome នឹងបានចូលរួមជាមួយក្រុមយុវជនរបស់ក្លិប Bacelona តែម្តង៕

  • ថៃ ជួបវិបត្តិពិបាករកគ្រូបង្វឹកបរទេសមកដឹកនាំ (ខុសដាច់ពីកម្ពុជា)

    ថៃ ជួបវិបត្តិពិបាករកគ្រូបង្វឹកបរទេសមកដឹកនាំ (ខុសដាច់ពីកម្ពុជា)

    ក្រុមបាល់ទាត់ជម្រើសជាតិថៃនៅពេលនេះ មិនទាន់រកបានគ្រូបង្វឹកដែលល្អសម្រាប់ដឹកនាំក្រុមដំរីសឹករបស់ខ្លួនបាននៅឡើយទេ ខណៈដែលគ្រូបង្វឹកបណ្តោះអាសន្ន គឺជាជនជាតិថៃ និងជាអតីតអ្នកចាត់ការក្រុមជម្រើសជាតិថៃ។

    សហព័ន្ធកីឡាបាល់ទាត់ថៃបានទាក់ទងគ្រូបង្វឹកសញ្ជាតិផ្សេងៗគ្នាចំនួន 4នាក់ហើយ មានដូចជា ក្រូអាត អាល្លីម៉ង់ អេស្ប៉ាញ និងអង់គ្លេស ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមានឡើយ តែទោះជាយ៉ាងណា សហព័ន្ធកីឡាបាល់ទាត់ថៃបានប្តេជ្ញាចិត្តថា នឹងស្វែងរកគ្រូបង្វឹកដែលល្បីល្បាញ និងខ្លាំងពូកែមកដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិរបស់គេឱ្យបាន។

    គួររំឭកផងដែរថា សហព័ន្ធកីឡាបាល់ទាត់ថៃបានដកគ្រូបង្វឹករបស់ខ្លួនចេញពីតំណែងភ្លាមៗក្នុងព្រឹត្តិការណ៍បាល់ទាត់អាស៊ី AFC ASIAN CUP ក្រោយចាញ់ក្រុមឥណ្ឌាយ៉ាងទក់សាច់ 4ទល់នឹង1៕

  • សហគមន៍​អឺរ៉ុប​ចុះបញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ស្ករត្នោត​កំពង់ស្ពឺ​ជា​ផ្លូវការ​

    សហគមន៍​អឺរ៉ុប​ចុះបញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ស្ករត្នោត​កំពង់ស្ពឺ​ជា​ផ្លូវការ​

    សហគមន៍​អឺរ៉ុប​បាន​ចុះបញ្ជី​ការពារ​ និង​ទទួលស្គាល់​ស្ករត្នោត​កំពង់ស្ពឺ​ ជា​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ នៅក្នុង​ទីផ្សារ​សហគមន៍​អឺរ៉ុប​ជា​ផ្លូវការ​ហើយ​ បន្ទាប់ពី​ប្រើ​រយៈពេល​ជាច្រើន​ឆ្នាំ​ក្នុង​ការ​ត្រួតពិនិត្យ​ពាក្យ​ស្នើសុំ​ និង​ដោះស្រាយ​វិវាទ​នានា​។

    ស្ករត្នោត​កំពង់ស្ពឺ​ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្នុង​បញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ (PGI​) របស់​សហគមន៍​អឺរ៉ុប​នៅ​ថ្ងៃទី2​ ខែមេសា​ ឆ្នាំ2019​។ វា​មានន័យថា​ គ្រប់​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ដែល​មាន​លក់​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ គឺ​មាន​ប្រភព​ កែច្នៃ​ និង​ផលិត​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​ ក្នុង​ស្រុក​ចំនួន3​ រួមមាន​ស្រុក​ សំរោងទង​ ស្រុក​ឧដុង្គ​ និង​ស្រុក​អង្គស្នួល​។

    លោក​ អប់​ រ៉ា​ឌី​ ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​ នៃ​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ដែល​បាន​ចុះបញ្ជី​ការពារ​នៅ​សហគមន៍​អឺរ៉ុប​នេះ​ គឺជា​ផលិតផល​សម្គាល់​ភូមិ​សាស្រ្ត​ទី2ហើយ​ បន្ទាប់ពី​ម្រេច​ខេត្តកំពត​ដែល​ត្រូវ​បាន​ចុះបញ្ជី​ទទួលស្គាល់​ និង​ការពារ​ជា​ផលិតផល​សម្គាល់​ភូមិ​សាស្រ្ត​កាលពី​ខែកុម្ភៈ​ ឆ្នាំ2016​ កន្លងមក​។

    លោក​បាន​បន្ត​ថា​ ការចុះបញ្ជី​ទទួលស្គាល់​ស្ករត្នោត​កំពង់ស្ពឺ​ចូល​ទៅ​ក្នុង​បញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​(PGI​) របស់​សហគមន៍​អឺរ៉ុប​នេះ​ នឹង​ជួយ​ឱ្យ​ស្ករត្នោត​របស់​ខ្មែរ​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ និង​បង្កើន​តម្លៃបន្ថែម​ដល់​ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ ហើយនឹង​ជួយ​ទប់ស្កាត់​ពី​ការ​ក្លែងបន្លំ​បំពាន​ទៅលើ​ ផលិតផល​ស្ករត្នោត​កំពង់ស្ពឺ​ផង​ដែរ​។

    លោក​ រ៉ា​ឌី​ ថ្លែង​ថា​៖“សហគមន៍​អឺរ៉ុប​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ណាមួយ​ បើសិនជា​មានការ​ក្លែងបន្លំ​ម៉ាក​ស្ករត្នោត​កំពង់ស្ពឺ​នៅ​សហគមន៍​អឺរ៉ុប​ មួយ​វិញទៀត​វា​ក៏​នឹង​ជួយ​ឱ្យ​ផលិតផល​ស្ករត្នោត​មាន​កេរ្តិ៍ឈ្មោះ​ល្បី​នៅ​លើ​ទីផ្សារ​សហគមន៍​អឺរ៉ុប​ផង​ដែរ​”។

    លោក​បន្ត​ថា​ វា​ក៏​នឹង​ជួយ​ឱ្យ​តម្លៃ​ស្ករត្នោត​កំពង់ស្ពឺ​មាន​លំនឹង​ល្អ​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ ហើយ​បន្ថែម​លើ​នេះ​ វា​នឹង​ជួយ​លើកកម្ពស់​ជីវភាព​របស់​ប្រជាកសិករ​អ្នក​ឡើងត្នោត​នៅ​ខេត្ត​កំពង់ស្ពឺ​ផង​ដែរ​។ លោក​បន្ត​ថា​ ការចុះបញ្ជី​ទទួលស្គាល់​ស្ករត្នោត​កំពង់ស្ពឺ​ចូល​ទៅ​ក្នុង​បញ្ជី​ការពារ​ម៉ាក​សម្គាល់​ភូមិ​សាស្រ្ត​ (PGI​) របស់​សហគមន៍​អឺរ៉ុប​នេះ​ ក៏​ជា​មធ្យោបាយ​មួយ​ជួយ​ឱ្យ​មានតម្លៃ​បន្ថែម​ខ្ពស់​ដល់​កសិករ​ដែរ​។

    លោក​បាន​បន្ត​ទៀត​ថា​ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ៗ កម្ពុជា​ទើបតែ​មាន​ផលិតផល2ទេ​ ដែល​បាន​ចុះបញ្ជី​នៅ​សហគមន៍​អឺរ៉ុប​។ លោក​បន្ថែម​ថា​ វា​ក៏​ជា​ការជំរុញ​ឱ្យ​កសិករ​ពង្រីក​ និង​ពង្រឹង​ផលិតកម្ម​ស្ករត្នោត​ផង​ដែរ​។ លោក​ រ៉ា​ឌី​ បញ្ជាក់​ថា​៖“ការចុះបញ្ជី​នេះ​នឹង​មាន​សុពលភាព​ 20ថ្ងៃក្រោយ​ បន្ទាប់ពី​ការ​ទទួលស្គាល់​របស់​សហគមន៍​អឺរ៉ុប​”។

    លោក​ ​សំ​ សា​រឿន​ ប្រធាន​សមាគម​អភិវឌ្ឍន៍​ស្ករត្នោត​ខេត្ត​កំពង់ស្ពឺ​ ​(KSPSPA​) បានឱ្យ​ដឹង​ថា​ តម្រូវការ​ស្ករត្នោត​កំពង់ស្ពឺ​នៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​មាន​រហូតដល់​ជាង​ 350តោន​ក្នុង​ 1ឆ្នាំ​ៗ ប៉ុន្តែ​លោក​មានការ​បារម្ភ​អំពី​ទិន្នផល​ និង​បរិមាណ​ស្ករត្នោត​ដែល​ផលិត​បាន​នៅក្នុង​ឆ្នាំនេះ​ ស្រប​ពេល​ដែល​ អាកាសធាតុ​ក្តៅ​ខ្លាំង​ដែល​ធ្វើ​ឱ្យ​ទិន្នផល​ និង​បរិមាណ​ស្ករត្នោត​ធ្លាក់ចុះ​។

    លោក​បន្ត​ថា​ រហូត​មកទល់​ពេលនេះ​ កសិករ​ផលិត​ស្ករត្នោត​នៅ​ខេត្ត​កំពង់ស្ពឺ​ដែល​ជាស​មា​ជិ​ករបស់​សមាគម​កំពុង​ផលិត​ស្ករត្នោត​បាន​ប្រមាណ​ជាង​ 60តោន​ហើយ​ ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំងពេក​ បរិមាណ​ទឹកត្នោត​ថយ​ចុះ​ និង​ធ្វើ​ឱ្យ​ទឹកត្នោត​ឆាប់​ជូរ​។ លោក​បន្ថែម​ទៀត​ថា​ បើ​អាកាសធាតុ​ក្រោម​ 30អង្សា​នោះ​ ទិន្នផល​នឹង​ទទួល​បាន​ខ្ពស់​។ លោក​រំពឹង​ថា​ ឆ្នាំនេះ​យើង​នឹង​ផលិត​បាន​ប្រមាណ​ជា​ 100តោន​។

    លោក​សា​រឿន​បាន​ថ្លែង​ទៀត​ថា​៖“ការ​ទទួល​បានការ​ចុះបញ្ជី​នៅ​អឺរ៉ុប​នេះ​ គឺ​យើង​ទទួល​បាន​ភាព​ជោគជ័យ​មួយ​កម្រិត​ទៀត​ ដោយ​យើង​នឹង​មាន​ទីផ្សារ​ធំ​សម្រាប់​ប្រជាកសិករ​អ្នក​ឡើងត្នោត​ ហើយ​ពេលនេះ​តម្លៃ​ស្ករត្នោត​កំពង់ស្ពឺ​នៅ​មានតម្លៃ​ថេរ​នៅឡើយ​ ប៉ុន្តែ​ឆ្នាំក្រោយ​តម្លៃ​អាច​នឹង​ឡើង​បន្តិច​”។

    លោក​សា​រឿន​បាន​ថ្លែង​បន្ត​ថា​ បច្ចុប្បន្ន​នេះ​តាមរយៈ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​នានា​ ធ្វើ​ឱ្យ​តម្លៃ​ស្ករត្នោត​កំពង់ស្ពឺ​មាន​ទីផ្សារ​ល្អ​ដោយ​ក្នុង​ 1គីឡូក្រាម​ស្ករត្នោត​ កសិករ​អាច​លក់​បាន​ក្នុង​តម្លៃ​ចាប់ពី​ 5,200រៀល​ ដល់​ 6,000រៀល​តាម​តំបន់​ និង​តាម​ក្រុមហ៊ុន​បញ្ជាទិញ​។

    បើ​តាម​លោក​ សា​រឿន​ ក្នុង​ 1គីឡូ​ស្ករត្នោត​ កសិករ​ត្រូវ​ចំណាយ​ថ្លៃដើម​ប្រមាណ​ជា​ 5,050រៀល​ ហើយ​នៅពេល​នេះ​ តម្រូវការ​ស្ករត្នោត​សរីរាង្គ​មាន​ជាង75ភាគរយ​ ដោយហេតុថា​ ការនាំចេញ​ភាគច្រើន​ទៅបរទេស​ ដូច្នេះ​អ្នកបញ្ជា​ទិញ​អត់​ស្គាល់​ស្ករ​ GI​ ដែល​ជា​ផលិតផល​ស្ករត្នោត​សម្គាល់​ភូមិ​សាស្រ្ត​នោះ​ទេ​។ លោក​បន្ត​ថា​ ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ លោក​ក៏បាន​បែងចែក​ប្រភេទ​ដើមត្នោត​ដើម្បី​ចាត់ទុកជា​ ត្នោត​សរីរាង្គ​ និង​ GI​។

    លោក​ សា​រឿន​ បន្ត​ថា​ ក្នុង​ឆ្នាំ2009​ ដើមត្នោត​មាន​ជាង​ 1លាន​ដើម​នៅ​ស្រុក​ឧដុង្គ​ សំរោងទង​អង្គស្នួល​ ដោយឡែក​នៅ​ឆ្នាំ2010​ ដើមត្នោត​មានការ​ថយ​ចុះ​ នៅពេល​មាន​សកម្មភាព​ទិញ​ដី​ធ្វើការ​អភិវឌ្ឍ​។

    លោក​ សា​រឿន​ បាន​បន្ត​ទៀត​ថា​៖ “ដើម្បី​ផលិត​បាន​ស្ករ​ 300តោន​យើង​ត្រូវ​មាន​សមាជិក​ជាង​ 200គ្រួសារ​ ទៅ​ 250គ្រួសារ​។ យើង​គ្រោង​ពង្រីក​ថែមទៀត​ ព្រោះ​សមត្ថភាព​របស់​ខេត្ត​កំពង់ស្ពឺ​អាច​ផលិត​បាន​លើស​ 500តោន​ នេះ​បើ​រាប់បញ្ចូល​ទាំង​ការផលិត​តាម​ស្តង់​ដា​ និង​មិន​តាម​ស្តង់​ដា​ ប៉ុន្តែ​សមាគម​ ផ្តោត​តែ​តួលេខ​ផលិត​របស់​កសិករ​ដែល​ស្ថិត​ក្នុង​សមាគម​ប៉ុណ្ណោះ​។គួរ​បញ្ជាក់​ថា​ កាលពី​ខែកុម្ភៈ​ ឆ្នាំ2016​ ម្រេច​កំពត​ក្លាយជា​ផលិតផល​ទី1​ របស់​កម្ពុជា​ដែល​ទទួល​បាន​ វិញ្ញាបនបត្រ​ផលិតផល​សម្គាល់​ភូមិ​សាស្រ្ត​ (GI​) ពី​សហគមន៍​អឺរ៉ុប​។ ក្នុង​ន័យ​ថា​ រាល់​ផលិតផល​ដែល​បាន​ដាក់​លក់​នៅ​អឺរ៉ុប​ គឺ​មានឈ្មោះ​ថា​ ម្រេច​កំពត​ ដែល​មាន​ប្រភព​ដើម​នៅ​ខេត្តកំពត​ និង​ខេត្ត​ជាប់គ្នា​ គឺ​ខេត្ត​កែប​៕

  • ​​វៀត​ណាម យករថយន្តទំនើបផលិតក្នុងស្រុកឱ្យប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុបធ្វើ​តេស្ត​ដោយផ្ទាល់

    ​​វៀត​ណាម យករថយន្តទំនើបផលិតក្នុងស្រុកឱ្យប្រទេសក្នុងតំបន់អាស៊ាន និងអឺរ៉ុបធ្វើ​តេស្ត​ដោយផ្ទាល់

    ​រថយន្ត​ផលិត​ក្នុង​ស្រុក​លើកដំបូង​របស់​​វៀតណាមបាន​លេច​ចេញ​ជារូបរាង ​និង​បាន​យក​ទៅ​ដាក់​តាំង​បង្ហាញ​នៅក្នុង​ពិព័រណ៍​រថយន្ត​អន្តរជាតិ​ជា​ច្រើន​ប្រទេស​ ដូចជា បារាំង និង​ស្វ៊ីស​ជាដើម។

    ​ថ្មីៗ​នេះ ក្រុមហ៊ុន VinFast ដែល​ជា​សម្ព័ន្ធ VinGroup ​និង​ម៉ាក​សញ្ញា​រថយន្ត​ទំនើប​របស់​វៀតណាម ​បាន​យក​រថយន្ត​ចំនួន 155គ្រឿង​ទៅ​ដល់​ 14ប្រទេស​ ក្នុងនោះមាន​ប្រទេស​​ក្នុងតំបន់​អាស៊ាន​ តំបន់​អាស៊ី រាប់​បញ្ចូល​ទាំង​ប្រទេសអូស្រ្តាលី អូទ្រីស និង​កូរ៉េ​ខាងត្បូង និង​ប្រទេស​អឺរ៉ុប​មួយចំនួនទៀត​ដើម្បី​បើក​សាកល្បង​លើ​គុណភាព។

    ​បន្ទាប់​ពី​បើក​សាកល្បងរួច ក្រុមហ៊ុន ​VinFast ​ក៏​នឹង​បើកឱ្យ​អតិថិន​កុម្ម៉ង់​ទិញ​ទុក​មុន​។ ​ចំពោះ​ថ្ងៃ​ប្រកាស​ចេញ​លក់​ផ្លូវការត្រូវបានរំពឹងថា ប្រហែល​ជាក្នុងអំឡុង​ត្រីមាស​ទី3 ឆ្នាំ2019 នេះ។

    ​VinFast បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​នៅ​អឺរ៉ុប និង​អាមេរិកដែល​មាន​ជំនាញ​ខាង​វិស័យ​យានយន្ត​នេះ​ ដូចជាក្រុមហ៊ុន BMW, Bosch, Magna Steyr និង Pininfarina ដើម្បី​បង្កើត​ជា​រថយន្ត​ទាំង 2​ម៉ូដែល​របស់​ខ្លួន​ឡើង​៕

    សូមទស្សនាវីដេអូបើកសាកល្បងខាងក្រោម៖

  • ​OnePlus 7 Pro ​នឹង​មាន​ប្រើ​ប្រព័ន្ធ 5G ចេញនៅពាក់កណ្ដាលឆ្នាំនេះ

    ​OnePlus 7 Pro ​នឹង​មាន​ប្រើ​ប្រព័ន្ធ 5G ចេញនៅពាក់កណ្ដាលឆ្នាំនេះ

    ​​ក្រុមហ៊ុនOnePlus ​បាន​​ចូលប្រឡូក​ទីផ្សារ​ស្មាតហ្វូន​ប្រើ​ប្រព័ន្ធ 5G ដែរហើយ។ នេះ​បើ​យោងតាម​ប្រភព​គួរ​ឱ្យ​ទុក​ចិត្ត​មួយ គឺ Gsmarena។

    OnePlus ​7 Pro ​នឹង​បំពាក់​ដោយ​បន្ទះ​ឈីប Snapdragon 855 ​SoC និង​មួយ​ប្រភេទ​ទៀត​ជា​ឈីប 5G (X50) អាច​នឹង​មាន​ឈ្មោះ​ថ្មី​ថា OnePlus 7 Pro 5G។

    រូបភាព​ 2​សន្លឹក​ដែល​បែកធ្លាយចេញមក​ថ្មីៗ​នេះនៅ​លើ​បណ្តាញ​សង្គម​ចិន Weibo ​គឺជា​សញ្ញាមួយ​យ៉ាង​ច្បាស់​បង្ហាញ​ថា ​OnePlus 7 Pro នឹង​បំពាក់​អេក្រង់កោង ​លាត​ពេញ​មួយ​តួ​ខ្លួន ​Super optic display ដែល​ជា​​ប្រភេទ​អេក្រង់ OLED ដំណើរការ​ដោយ​ Android 9 Pie មាន RAM 8GB ជម្រើស​មេម៉ូរី 256GB។

    ​ប្រភព​ដដែល​បាន​បន្ថែម​ថា ​OnePlus 7 Pro ​អាច​នឹង​បំពាក់​កាមេរ៉ា 3នៅ​ខាង​ក្រោយ(4MP+16MP+8MP) ចំណែក​ឯ​កាមេរ៉ា​មុខវិញ ​ប្រភព​ដដែលមិន​បាន​បញ្ជាក់​នៅ​ឡើយ​ទេ តែ​ជា​ប្រភេទ pop-up កាមេរ៉ា។ យ៉ាង​ណាមិញ សូមរង់ចាំដល់ការប្រកាសជាផ្លូវការនៅអំឡុងខែឧសភាខាងមុខនេះ៕

  • ត្រីមាស​ទី1​ ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​បាន​ធ្លាក់ចុះ​ប្រមាណ​ 9.3ភាគរយ​

    ត្រីមាស​ទី1​ ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​បាន​ធ្លាក់ចុះ​ប្រមាណ​ 9.3ភាគរយ​

    ចំណូល​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​បាន​ធ្លាក់ចុះ​ប្រមាណ​ 9.3ភាគរយ​ក្នុងអំឡុងពេល​ត្រីមាស​ទី1​ ឆ្នាំ2019នេះ​ ដែល​គិតជា​ទឹកប្រាក់​ប្រមាណ​ជា​ជិត​ 36លាន​ដុល្លារ​អាមេរិក​។ តួលេខ​នេះ​បាន​បង្ហាញថា​ នេះ​គឺជា​ការ​ធ្លាក់ចុះ​លើកដំបូង​ចាប់តាំងពី​រដ្ឋាភិបាល​គ្រប់គ្រង​លើ​តម្លៃ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីដ្ឋាន​អង្គរវត្ត​កាលពី​ឆ្នាំ2016​។

    បើ​យោង​តាម​របាយការណ៍​ពី​គ្រឹះស្ថាន​អង្គរ​ ក្នុង​ត្រីមាស​ទី1​ (មករា​-មីនា​)ឆ្នាំនេះ​ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​មានការ​ធ្លាក់ចុះ​ប្រមាណ​ 8.2ភាគរយ​ ដែល​មាន​ចំនួន​ត្រឹមតែ​ 787.900នាក់​។ ដោយឡែក​នៅ​ខែមីនា​កន្លងទៅ​ ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​មានត្រឹមតែ​ 10.8លាន​ដុល្លារ​អាមេរិក​ ថយ​ចុះ​ 10.64ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែមីនា​ ឆ្នាំមុន​ ហើយ​ ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​នៅ​ខែមីនា​ មាន​ចំនួន​ជាង​ 24ម៉ឺន​នាក់​ ថយ​ចុះ​ 9.24ភាគរយ​។

    ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ (CATA​) លោកស្រី​ ​ឆាយ​ ស៊ី​វលី​ន បានឱ្យ​ដឹង​ថា​ ការ​ធ្លាក់ចុះ​នៃ​ចំណូល​តំបន់​ទេសចរណ៍​ប្រាសាទអង្គរវត្ត​ គឺ​ដោយសារតែ​ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​អង្គរវត្ត​មានការ​ធ្លាក់ចុះ​ បើ​ធៀប​ជាមួយ​រយៈ​ពេល​មុន​ៗ មួយវិញទៀត​ទេសចរ​មួយចំនួន​បាន​កាត់បន្ថយ​ចូល​ការ​ទស្សនា​អង្គរវត្ត​ពី​ 2 ទៅ​ 3ថ្ងៃ​មក​នៅ​ត្រឹម​ 1ថ្ងៃ​វិញ​។

    លោកស្រី​ ស៊ី​វលី​ន បាន​មានប្រសាសន៍​ទៀត​ថា​ ដោយសារ​កម្ពុជា​បាន​ធ្វើការ​ផ្សព្វផ្សាយ​ទិសដៅ​ទេស​ចរ​ណ៍​ផ្សេង​ៗទៀត​ ទើប​ធ្វើ​ឱ្យ​ទេសចរ​បរទេស​មួយចំនួន​ងាក​ទៅ​ទស្សនា​ទី​តាំង​ផ្សេង​ៗក្រៅពី​ប្រាសាទ​អង្គរ​ ដូចជា​ទៅ​ក្បាលស្ពាន​ និង​ភ្នំ​គូលែន​ ជាដើម​។

    លោកស្រី​បន្ត​ថា​៖“យើង​គួរតែ​ពង្រឹងគុណភាព​សេវាកម្ម​ ស្ថាប័ន​សាធារណៈ​ត្រូវ​ចូលរួម​ពង្រឹង​សេវាកម្ម​ និង​ផ្តល់​ការ​សហការ​ជាមួយ​ដៃគូ​ជាឯក​ជន​ បង្កើត​សោភណភាព​តាម​រមណីយដ្ឋាន​វប្បធម៌​មួយចំនួន​ទៅលើ​សម្រស់​បេតិកភណ្ឌ​ យើង​ចង់បាន​ភាព​ស្រស់​ស្អាត​ សួន​បៃតង​ និង​បន្ថែម​រមណីយដ្ឋាន​កែច្នៃ​បន្ថែម​ទៀត​ ក៏ដូចជា​រមណីយដ្ឋាន​ត្រូវ​បង្កើន​ឱ្យ​អស់​សក្តា​នុ​ពល​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​”។

    គួរ​បញ្ជាក់​ថា​ នៅ​ឆ្នាំ2018​ គ្រឹះស្ថាន​អង្គរបាន​ប្រកាស​ពី​តម្លៃ​ថ្មី​សម្រាប់​ជនបរទេស​ចូល​ទស្សនា​អង្គរវត្ត​ ដោយ​បាន​ដំឡើងថ្លៃ​ពី​ 20ដុល្លារ​ ទៅ​ 37ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល​ 1ថ្ងៃ​។ ពី​ 40ដុល្លារ​ ទៅ​ 62ដុល្លារ​សម្រាប់​រយៈពេល​ 3ថ្ងៃ​ និង​ 60ដុល្លារ​ ទៅ​ 72ដុល្លារ​សម្រាប់​រយៈពេល​ 7ថ្ងៃ​។ ដោយឡែក​កាល​ ពីឆ្នាំ​មុន​ដដែល​ អង្គរវត្ត​អាច​រកចំណូល​បាន​ជាង​ 116លាន​ដុល្លារ​អាមេរិក​ ដែល​មាន​កំណើន​ 8ភាគរយ​ជា​រៀងរាល់​ឆ្នាំ​។

    បើ​យោង​តាម​ក្រសួងទេសចរណ៍​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​បរទេស​មក​ទស្សនា​ប្រមាណ​ជា​ 1.2លាន​នាក់​ ក្នុងអំឡុងពេល​ 2ខែ​ឆ្នាំនេះ​ កើន​ប្រមាណ​ជា10ភាគរយ​។ ដោយឡែក​នៅ​ឆ្នាំ2018​ ភ្ញៀវ​បរទេស​មក​ទស្សនា​កម្ពុជា​មាន​ប្រមាណ​ជា​ 6.2លាន​នាក់​ កើនឡើង​ 11ភាគរយ​ ដែល​អាចប​ង្កើត​ប្រាក់ចំណូល​ បាន​ជាង​ 4.3ប៊ី​លាន​ដុល្លារ​អាមេរិក​ចាក់​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ ដូចនេះ​រដ្ឋាភិបាល​បាន​ដាក់​គោលដៅ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​បាន​ 6.6លាន​នាក់​នៅ​ឆ្នាំនេះ​ និង​ 7លាន​នាក់​នៅ​ឆ្នាំ2020​។

    គួរ​រំឭក​ផង​ដែរ​ថា​ ដោយឡែក​ គម្រោង​ជួសជុល​ស្ពាន​ហាល​នៅ​ពីមុខ​ប្រាសាទអង្គរវត្ត​ នឹង​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ2020ខាងមុខនេះ​ ហើយ​ស្ពាន​ហាល​នេះ​អាច​នឹង​ដាក់​ដំណើរការ​ជូន​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឡើងវិញ​។

    គម្រោ​ងជុស​ជុល​ស្ពាន​ហាល​នៅ​ពីមុខ​ប្រាសាទ​អង្គរ​ត្រូវ​បាន​ធ្វើឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​ជប៉ុន​ ហៅ​កាត់​ថា​ JICA​ ក្នុងទឹក​ប្រាក់​ប្រមាណ​ 80ម៉ឺន​ដុល្លារ​អាមេរិក​។ ការ​ជួសជុល​ស្ពាន​ហាល​ គឺ​ធ្វើឡើង​តែ​ម្ខាង​ប៉ុណ្ណោះ​ ដែល​មាន​ប្រវែង​ជាង​ 100ម៉ែត្រ​។

    លោក​ អន​ សុភាព​ ប្រធាន​គម្រោ​ងជុស​ជុល​ស្ពាន​ហាល​ ប្រាសាទអង្គរវត្ត​ បានឱ្យ​ដឹង​ថា​ អាជ្ញាធរ​អប្សរា​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ (MOU​)ជាមួយ​ជប៉ុន​ដើម្បី​ធ្វើការ​ជួសជុល​ស្ពាន​ហាល​ចាប់ពី​ឆ្នាំ2016​ មក​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ2020​។ លោក​ថ្លែង​ថា​ ស្ពាន​ហាល​នេះ​ ចំណាយពេល​ច្រើន​ទៅលើ​ផ្នែក​បុរាណវិទ្យា​ ដើម្បី​ស្វែងយល់​ពី​រចនាសម្ព័ន្ធ​ខាងក្នុង​ស្ពាន​ វត្ត​ថ្ម​ដី​ ដែល​ការសិក្សា​ស្រាវជ្រាវ​នេះ​ចំណាយពេល​ជិត​ 1ឆ្នាំ​ ដោយឡែក​នៅដើម​ឆ្នាំ2018​ យើង​បាន​ចាប់ផ្តើម​ជួសជុល​ ចាក់​បេតុង​ យើង​នឹង​ប្រឹងប្រែង​បញ្ចប់​ឱ្យ​បាន​នៅ​ឆ្នាំ2020​ តាម​ផែនការ​កំណត់​។

    លោក​បន្ត​ថា​ បើ​តាម​អ្នកជំនាញ​ជប៉ុន​ បេតុង​ដែល​អ្នកជំនាញ​ជប៉ុន​ចាក់​ធ្វើជា​គ្រឹះ​ស្ពាន​នោះ​ អាច​មាន​អាយុកាល​ប្រមាណ​ជា​ 500​ ទៅ​ 600ឆ្នាំ​។

    លោក​សុភាព​ថ្លែង​ថា​៖ “មួយ​ផ្នែក​ធំ​នៃ​ស្ពាន​នេះ​ត្រូវ​បាន​បារាំង​ជួសជុល​នៅ​ឆ្នាំ1960​ ដល់1966​ ខណៈ​ដែល​មួយផ្នែកទៀត​ត្រូវ​បាន​ជួសជុល​ពីឆ្នាំ1996​ ដល់2007​ ហើយ​គម្រោង​នេះ​បាន​សម្រាក​ រហូតដល់2016​ ទើប​ចាប់ផ្តើម​ធ្វើឡើងវិញ​។ លោក​បន្ត​ថា​ ប្រវែង​នៅសល់​ប្រមាណ​ជា​ 110ម៉ែត្រ​ក្នុងចំណោម​ 200ម៉ែត្រ​ ដែល​យើង​បាន​ធ្វើរួចរាល់​ 90ម៉ែត្រ​ហើយ​។ ស្ពាន​ហាល​ អាច​នឹង​ដាក់​ដំណើរការ​ជូន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឡើងវិញ​”៕

  • វិស័យ​ធនាគារ​ និង​ផ្សារ​មូលបត្រ​ រួមគ្នា​លើកទឹកចិត្ត​ក្រុមហ៊ុន​ចុះបញ្ជី​ទទួល​បាន​ប្រាក់កម្ចី​ការប្រាក់​ទាប​

    វិស័យ​ធនាគារ​ និង​ផ្សារ​មូលបត្រ​ រួមគ្នា​លើកទឹកចិត្ត​ក្រុមហ៊ុន​ចុះបញ្ជី​ទទួល​បាន​ប្រាក់កម្ចី​ការប្រាក់​ទាប​

    ធនាគារ​វិនិយោគ​ និង​អភិវឌ្ឍន៍​កម្ពុជា​ និង​ធនាគារ​កា​ណា​ឌី​យ៉ា​ ភី​អិ​លស៊ី​ ដែល​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ក្នុង​ប្រតិ​បត្ដិ​ការ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​បើក​ដំណើរការ​សេវា​ថ្មី​សម្រាប់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ (ផ. ម. ក) the​ Cambodia​ Securities​ Exchange​ CSX​ ដើម្បី​ទាក់ទាញ​ក្រុមហ៊ុន​ជាច្រើន​ឱ្យ​ចូលរួម​ជាមួយ​ CSX​ នៅក្នុង​ការ​ដេញថ្លៃ​ ធនាគារ​ក៏​នឹង​ត្រូវ​បាន​ផ្តល់​ប្រាក់កម្ចី​ និង​គណនី​បញ្ញើ​មានកាល​កំណត់​ ជាមួយ​អត្រា​ការប្រាក់​ពិសេស​។ សេវា​ថ្មីនេះ​ ត្រូវ​បាន​ប្រកាស​នៅ​ផ្សារហ៊ុន​កម្ពុជា​។

    ឯកឧត្តម​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​គណៈកម្មការ​មូលបត្រ​ the​ Securities​ and​ ExchangeCommission​ of​ Cambodia​ ​SECC​ បាន​មានប្រសាសន៍​នៅក្នុង​ព្រឹត្តិ​ការណ៍​នេះ​ថា​៖“ប្រសិនបើ​ ក្រុមហ៊ុន​ចុះបញ្ជី​ចង់​បង្កើន​ដើមទុន​ ពួកគេ​ត្រូវ​បង្កើន​ដើមទុន​តាមរយៈ​ការ​ចេញ​បណ្ណ​ភាគហ៊ុន​ ឬស្នើសុំ​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​សម្រាប់​ប្រាក់កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ពិសេស​”។

    ឯកឧត្តម​បានឱ្យ​ដឹង​ថា​៖“សេវាកម្ម​ថ្មីនេះ​នឹង​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ជាច្រើន​ចូលរួម​ជាមួយ​ CSX​ ហើយ​ក្រុមហ៊ុន​ចុះបញ្ជី​ត្រូវតែ​បំពេញ​តាម​តម្រូវការ​ដ៏​តឹងរ៉ឹង​របស់​ SECC​ បើ​មិន​ដូច្នោះ​ទំនងជា​មិន​ទទួល​បាន​ប្រាក់កម្ចី​ទេ​។ ក្រុមហ៊ុន​ចុះបញ្ជី​ត្រូវតែ​បំពេញ​តាម​តម្រូវការ​របស់​ SECC​ ទាក់ទង​នឹង​តម្លាភាព​គណនេយ្យ​ភាព​ អភិបាលកិច្ច​ល្អ​ និង​ការគ្រប់គ្រង​ល្អ​។ ក្រុមហ៊ុន​ទាំងនេះ​ គឺជា​អតិថិជន​ដ៏​ល្អ​សម្រាប់​ធនាគារ​ ដូច្នេះ​វា​សម​ហេតុផល​ដែល​ពួក​-គេ​អាច​ទទួល​បានការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដោយមាន​លក្ខខណ្ឌ​ពិសេស​”។

    ឯកឧត្តម​ ហុង​ សុ​ហួរ​ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​មានប្រសាសន៍​ថា​ នៅពេល​ខាងមុខនេះ​យើង​នឹង​មាន​ធនាគារ​ច្រើន​ទៀត​ ដែល​ខ្លះ​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ​ និង​ខ្លះទៀត​មិន​ពាក់ព័ន្ធ​ដែល​នឹង​ឯកភាព​ផ្តល់​ជា​ការ​លើកទឹកចិត្ត​។ ដូចនេះ​ក្រុមហ៊ុន​ចុះបញ្ជី​មាន​ជម្រើស​កាន់តែ​ច្រើន​ក្នុង​ការសម្រេច​ចិត្ត​ទទួល​សេវាកម្ម​របស់​ធនាគារ​។ បើ​តាម​ឯកឧត្តម​អគ្គនាយក​ សេចក្តី​ថ្លែងការណ៍​រួម​ស្តី​ពី​ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ពី​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូលបត្រ​ បាន​បញ្ជាក់​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​ភាព​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នៃ​វិស័យ​ធនាគារ​ និង​វិស័យ​មូលបត្រ​ ដែល​កន្លងមក​តែងតែមាន​ការយល់​ច្រឡំ​ថា​ វិស័យ​ទាំង2​ នេះ​មានការ​ប្រកួតប្រជែង​គ្នា​។

    លោក​ Jong​ Weon​ Han​ អនុប្រធាន​របស់​ CSX​ បានឱ្យ​ដឹង​ថា​ សេវា​ថ្មីនេះ​បង្កើត​ការ​រួម​បញ្ចូលគ្នា​រវាង​វិស័យ​ធនាគារ​ និង​មូលបត្រ​។ លោក​ Weon​ Han​ បាន​ថ្លែង​ថា​៖“ការ​លើកទឹកចិត្ត​បាន​បង្ហាញថា​ វិស័យ​ធនាគារ​ និង​វិស័យ​មូលបត្រ​អាច​បំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​ ហើយ​ក្រុមហ៊ុន​ចុះបញ្ជី​នឹង​មិន​ត្រឹមតែ​ទទួល​បានការ​ទុកចិត្ត​ពី​វិ​និ​យោគិ​នប៉ុ​ណ្ណោះ​ទេ​ តែ​ថែមទាំង​ពង្រឹង​ទំនុកចិត្ត​ និង​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​ដៃគូ​របស់​ខ្លួន​ទៀតផង​”។

    លោក​ Raymond​ Sai​ Say​ Guan​ អគ្គនាយក​ធនាគារ​កា​ណា​ឌី​យ៉ា​ថ្លែង​ថា​ កំណើន​សេដ្ឋកិច្ច​ ដ៏​រឹងមាំ​របស់​ប្រទេស​កម្ពុជា​ឆ្លុះបញ្ចាំង​ពី​ទំនុកចិត្ត​ និង​ស្ថិរភាព​អាជីវកម្ម​ដ៏​រឹងមាំ​នៅក្នុង​ប្រទេស​ ដោយ​លោក​បាន​បន្ថែម​ថា​ ក្រុមហ៊ុន​ជាច្រើន​ទំនងជា​នឹង​ចូលរួម​ជាមួយ​ CSX​ នា​ពេល​អនាគត​។

    លោក​ Guan​ បាន​មានប្រសាសន៍​ថា​៖“ធនាគារ​កា​ណា​ឌី​យ៉ា​មាន​សេចក្តី​រីករាយ​ក្នុង​ការ​សហការ​ជាមួយ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ក៏ដូចជា​ផ្សារហ៊ុន​កម្ពុជា​ដើម្បី​គាំទ្រ​តម្រូវការ​ហិរញ្ញវត្ថុ​ និង​ ធនាគារ​របស់​ក្រុមហ៊ុន​ចុះបញ្ជី​ និង​ការ​រីកចម្រើន​នៃ​ទីផ្សារ​មូលបត្រ​”។

    លោក​បាន​បន្ថែម​ថា​ ធនាគារ​អេ​ស៊ី​លីដា​ដែល​ជា​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​នៅ​កម្ពុជា​នឹង​ចាប់ផ្តើម​ផ្តល់​សេវា​ស្រដៀងគ្នា​នេះ​ក្នុង​ពេល​ឆាប់​ៗនេះ​។ លោក​បន្ថែម​ថា​ ធនាគារ​ 2 បន្ថែម​ទៀត​នឹង​ទទួល​បាន​អាជ្ញាប័ណ្ណ​ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ក្នុង​ឆ្នាំនេះ​ ព្រោះថា​ សេវា​ទាំងនេះ​ផ្តល់​ឱកាស​ដល់​ក្រុមហ៊ុន​ដែល​ស្វែងរក​មូលធន​សម្រាប់​រយៈពេល​ខ្លី​ ឬរយៈពេល​វែង​ដើម្បី​ទទួល​បាន​អត្រា​ការប្រាក់​ទាប​ជាង​ក្រុមហ៊ុន​មិន​ចុះបញ្ជី​។

    លោក​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​ បញ្ជាក់​ថា​ “ទីផ្សារ​មូលបត្រ​បង្កើន​នូវ​ទំនុកចិត្ត​អនុញ្ញាត​ឱ្យ​ទីផ្សារ​ធនាគារ​កាន់តែ​មាន​ភាពរឹងមាំ​។ ទីផ្សារ​ធនាគារ​វិញ​ ប្រសិនបើ​កម្ចី​ថយ​ ការ​ដាក់​ប្រាក់បញ្ញើ​វា​នឹង​ថយ​ដោយខ្លួនឯង​ ដូច្នេះ​ការ​បង្កើន​កម្ចី​ និង​ការ​ដាក់​ប្រាក់បញ្ញើ​ គឺជា​ចំណុច​ដែល​ធ្វើ​ឱ្យ​ធនាគារ​កាន់តែ​រឹងមាំ​។ ដូចនេះ​ជា​ចំណុច​មួយ​ វា​មាន​ទំនាក់ទំនង​រវាង​គ្នា​ទៅវិញទៅមក​ជាមួយ​វិស័យ​មូលបត្រ​”។

    អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​លើកឡើង​ថា​៖“អ្វី​ដែល​ជាគោល​បំណង​របស់​រាជរដ្ឋាភិបាល​ដែល​បង្កើត​ទីផ្សារ​មូលធន​ឡើង​ គឺ​ដើម្បី​ផ្តល់​ជម្រើស​បន្ថែម​ យើង​មិនមែន​បង្កើត​ឱ្យ​មានការ​ប្រកួតប្រជែង​គ្នា​ទេ​។ យើង​បង្កើត​នូវ​ជម្រើស​បន្ថែម​ដើម្បី​ឱ្យ​ក្រុមហ៊ុន​នានា​អាច​រក​ហិរញ្ញប្បទាន​ពីទី​ផ្សារ​មូលបត្រ​ និង​ពី​យន្តការ​ដែល​មានស្រាប់​”។ លោក​បញ្ជាក់​ថា​៖“នៅ​លើស​កល​លោក​នេះ​មិនដែល​មាន​ទីផ្សារ​តែ​ម្ខាង​នោះ​ទេ​ គឺ​មាន​ទីផ្សារ2​ ហើយ​ខ្ញុំ​ក៏​មិនទាន់​ឃើញ​ទីផ្សារ​មូលបត្រ​រីកចម្រើន​ ហើយ​ទីផ្សារ​ធនាគារ​ដួល​រលំ​ដែរ​។ ខ្ញុំ​ធ្លាប់​ឃើញ​តែ​ទីផ្សារ​មូលបត្រ​កាន់តែ​រឹងមាំ​ ធនាគារ​គឺ​កាន់តែ​ខ្លាំង​”។

    ឯកឧត្តម​ ហុង​ សុ​ហួរ​ បញ្ជាក់​ថា​ “វិស័យ​ធនាគារ​ដែល​រីកចម្រើន​នឹង​នាំ​ឱ្យ​វិស័យ​មូលបត្រ​អាច​រីកចម្រើន​ ពីព្រោះ​គ្រឹះស្ថាន​ធនាគារ​មាន​ប្រាក់ចំណេញ​ច្រើន​នឹង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នក​វិនិយោគ​ភាគហ៊ុន​។ បញ្ច្រាស់​មកវិញ​ ពេល​ដែល​វិស័យ​មូលបត្រ​រីកចម្រើន​នោះ​ ធនាគារ​អាច​ផ្តល់​កម្ចី​កាន់តែ​ច្រើនជាង​មុន​ គុណភាព​កម្ចី​កាន់តែ​ល្អ​ជាង​មុន​ ហើយ​ធនាគារ​កាន់តែ​មាន​ជម្រើស​បង្កើត​ចំណូល​បាន​ច្រើនជាង​មុន​”។

    ឯកឧត្តម​បន្ត​ថា​ ការ​ផ្តល់​ជូន​នូវ​អត្រា​ការប្រាក់​ពិសេស​នេះ​ គឺជា​អត្ថ​ប្រយោជន៍​មួយ​ក្នុង​អត្ថ​ប្រយោជន៍​ជាច្រើន​ផ្សេងទៀត​ដែល​មាន​ ដូចជា​ការ​អនុគ្រោះ​បំណុល​ពន្ធ​ ការកាត់បន្ថយ​ពន្ធលើប្រាក់ចំណេញ50​% រយៈពេល​ 3ឆ្នាំ​ ការ​ទទួល​បាន​ហិរញ្ញប្បទាន​រយៈពេល​វែង​មិនមែន​ជា​បំណុល​ ការ​ទទួល​បានការ​ទទួលស្គាល់​កាន់តែ​ច្រើនឡើង​ សមត្ថភាព​ប្រកួតប្រជែង​ល្អ​ជាង​មុន​។

    យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​បង្ហាញថា​ មកដល់​បច្ចុប្បន្ន​នេះ​ គណៈកម្មការ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ​កម្មសិទ្ធិ​ចំនួន5​ ដែល​មាន​មូលបត្រ​ទីផ្សារ​ប្រមាណ​ជាង​ 2.13ទ្រី​លាន​រៀល​ ឬស្មើ​ប្រមាណ​ 534.34លាន​ដុល្លារ​អាមេរិក​ ប្រៀបធៀប​នឹង​ចុងឆ្នាំ2018​ មូលធន​ទីផ្សារ​មាន​ប្រមាណ​ 1.21ទ្រី​លាន​រៀល​ ស្មើ​ប្រមាណ​ 304.76លាន​ដុល្លារ​អាមេរិក​៕

  • អ្នកជំនាញ​បង្ហាញ​ពី​មូលហេតុ​ និង​ប្រភេទ​សហគ្រាស​ដែល​គួរ​ធ្វើស​វន​កម្ម​នៅ​កម្ពុជា​

    អ្នកជំនាញ​បង្ហាញ​ពី​មូលហេតុ​ និង​ប្រភេទ​សហគ្រាស​ដែល​គួរ​ធ្វើស​វន​កម្ម​នៅ​កម្ពុជា​

    សហគ្រាស​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ទាំង​ទំហំ​ ទ្រព្យសកម្ម​ និង​ចំនួន​បុគ្គលិក​ជាដើម​។ ស្ថានភាព​នេះ​តម្រូវ​ឱ្យ​ម្ចាស់​សហគ្រាស​ទាំងនោះ​ចាំបាច់​ត្រូវ​ព្យាយាម​ស្វែងយល់​ឱ្យ​បាន​កាន់តែ​ច្បាស់​ពី​ចំណុច​សំ​ខាន់​ៗ ដែល​គួរ​អនុវត្ត​ដើម្បី​ឱ្យ​សហគ្រាស​របស់​ខ្លួន​ស្រប​ទៅតាម​លក្ខខណ្ឌ​ច្បាប់​គណនេយ្យ​ សវកម្ម​ និង​ពន្ធដារ​ជាដើម​។

    នៅ​ថ្ងៃនេះ​ឡា​រ៉ែ​នពា​ណិ​ជ្ជ​បាន​មក​ជួប​សម្ភាស​ជាមួយ​លោក​ សាន្ត​ ចន្ទ​កុម្ភៈ​ នាយក​ក្រុមហ៊ុន​ Apollo​ Investment​ & Consulting​ Co​., Ltd​. ដែល​ជា​គណនេយ្យករ​ជំនាញ​ និង​សវនករ​អាជីព​ ដើម្បី​ចែករំលែក​ចំណេះដឹង​លម្អិត​ពី​សវនកម្ម​នៅ​កម្ពុជា​។

    តើ​សវនកម្ម​មាន​ប៉ុន្មាន​ប្រភេទ​ដែរ​?
    មែនទែន​ទៅ​ សវនកម្ម​មាន​ច្រើន​ប្រភេទ​។ សវនកម្ម​ មាន​ដូចជា​សវនកម្ម​ទៅលើ​គុណភាព​ សវនកម្ម​ផ្ទៃក្នុង​ សវនកម្ម​ហិរញ្ញវត្ថុ​ និង​សវនកម្ម​ពន្ធដារ​ ជាដើម​ ហើយ​ជាទូទៅ​ម្ចាស់​សហគ្រាស​ធុន​មធ្យម​ និង​ធុន​ធំ​តម្រូវ​ឱ្យធ្វើ​សវនកម្ម​ហិរញ្ញវត្ថុ​ជា​ទៀងទាត់​។ សហគ្រាស​ទាំងនោះ​ក៏អាច​នឹង​ត្រូវ​បាន​ធ្វើ​សវកម្ម​ពន្ធដារ​ដោយ​មន្ត្រី​ពន្ធដារ​ផង​ដែរ​។

    តើ​លោក​អាច​ពន្យល់​បានទេ​ថា​ អ្វីទៅ​ជាស​វន​កម្ម​ហិរញ្ញវត្ថុ​ និង​សវនកម្ម​ពន្ធដារ​?
    សវនកម្ម​ហិរញ្ញវត្ថុ​និយាយ​ឱ្យ​សាមញ្ញ​ គឺជា​ការ​ធ្វើការងារ​ទៅលើ​ការពិនិត្យ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​សហគ្រាស​ ឬអង្គភាព​នោះ​ដើម្បី​ធានា​ដោយ​សមហេតុសមផល​ថា​ របាយការណ៍​នោះ​ត្រឹមត្រូវ​អាចយ​កជា​ការបាន​ដោយ​គ្មាន​កំហុស​ ឬការ​កេងបន្លំ​ជាដើម​។ ការងារ​ដែល​បាន​ធ្វើ​លើ​រឿង​នេះ​ គឺ​មិនមែន​មានន័យថា​ ឱ្យ​តែ​ធ្វើ​ គឺ​ដឹង​តែ​ធានា100​%ថា​ របាយការណ៍​នោះ​ត្រឹមត្រូវ100​%នោះ​ទេ​ដោយសារតែ​ហានិភ័យ​វិជ្ជាជីវៈ​ និង​ការ​លាក់​ព័ត៌មាន​សម្ងាត់​ជាដើម​។ ចំណែក​សវនកម្ម​ពន្ធដារ​ គឺ​ធ្វើឡើង​តាម​ការកំណត់​របស់​មន្ត្រី​ពន្ធដារ​ដើម្បី​ធានា​ថា​ ការ​បង់ពន្ធ​របស់​សហគ្រាស​នោះ​ត្រឹមត្រូវ​ និង​មិន​មានការ​កេងបន្លំ​ពន្ធដារ​ជាដើម​។

    តើ​សហគ្រាស​ប្រភេទ​ណា​ដែលគេ​តម្រូវ​ឱ្យធ្វើ​សវនកម្ម​ហិរញ្ញវត្ថុ​ និង​សវនកម្ម​ពន្ធដារ​?
    ចំពោះ​សវនកម្ម​ហិរញ្ញវត្ថុ​ សហគ្រាស​នី​មួយ​ៗអាច​ធ្វើ​វា​ដោយ​គោលការណ៍​ស្ម័គ្រចិត្ត​ ឬតម្រូវ​ដោយ​ភា​គហ៊ុនិ​កជា​រៀងរាល់​ឆ្នាំ​។ លើស​ពីនេះ​ទៅទៀត​ បើ​តាមច្បាប់​កំណត់​ រាល់​សហគ្រាស​ណា​ដែល​មាន​លក្ខខណ្ឌ2​ ក្នុងចំណោម​លក្ខខណ្ឌ3​ សំ​ខាន់​ៗមួយចំនួន​ ដូចជា​៖
    1. សហគ្រាស​ដែល​មានផល​របរ​ចាប់ពី​ 3.000.000.000រៀល​។
    2. ទ្រព្យសកម្ម​សរុប​ចាប់ពី​ 2.000.000.000រៀល​។
    3. មាន​បុគ្គលិក​ច្រើនជាង​ 100នាក់​ឡើង​ទៅ​។

    សហគ្រាស​នោះ​ចាំបាច់​តម្រូវ​ឱ្យធ្វើ​សវនកម្ម​ហិរញ្ញវត្ថុ​។ ហើយ​គ្រប់​ក្រុមហ៊ុន​ដែល​មាន​សិទ្ធិ​ធ្វើស​វន​កម្ម​ទៅលើ​សហគ្រាស​ទាំងនេះ​ ត្រូវ​ទទួលស្គាល់​ដោយ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ និង​សវនករ​ (KICPAA​) និង​ក្រុមប្រឹក្សា​ជាតិ​គណនេយ្យ​។

    ចំពោះ​សវនកម្ម​ពន្ធដារ​វិញ​មាន​លក្ខណៈ​សំ​ខាន់​ៗមួយចំនួន​ដូចជា​ សវនកម្ម​ពេញលេញ​ (Comprehensive​ Audit​) សវនកម្ម​មានកម្រិត​ (Limited​ Audit​) ឬសវនកម្ម​នៅនឹង​កន្លែង​ពន្ធដារ​ជាដើម​ (Desk​ Audit​)។ ការ​ធ្វើស​វន​កម្ម​ទាំងនេះ​ គឺជា​សិទ្ធិ​ផ្តាច់​មុខ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ និង​សាខា​ពន្ធដារ​តាម​ខណ្ឌ​ ឬខេត្ត​នី​មួយ​ៗ តែ​សហគ្រាស​នី​មួយ​ៗក៏​មាន​សិទ្ធិ​ស្នើ​ឱ្យ​មានការ​ធ្វើស​វន​កម្ម​ទាំងនេះ​ផង​ដែរ​។

    ក្នុង​នោះ​សវនកម្ម​ពេញលេញ​មានន័យថា​ ជា​ការរៀបចំ​ត្រួតពិនិត្យ​នូវ​គ្រប់​ផ្នែក​ទាំងអស់​របស់​របាយការណ៍​ហិរញ្ញវត្ថុ​។ ហើយ​បច្ចុប្បន្ន​នេះ​អ្នក​ដែល​ធ្វើការ​ត្រួតពិនិត្យ​ភាគច្រើន​លើ​ប្រភេទ​សវនកម្ម​នេះ​ គឺ​សវនករ​ពន្ធដារ​ដែល​មក​ពីអ​គ្គ​នាយកដ្ឋាន​ពន្ធដារ​ដែល​ធ្វើ​កិច្ចការ​នេះ​។ ចំណែក​ឯស​វន​កម្ម​មានកម្រិត​ និង​សវនកម្ម​នៅនឹង​កន្លែង​ គឺ​ភាគច្រើន​ត្រូវ​បាន​ធ្វើឡើង​ដោយ​សវនករ​ពន្ធដារ​នៅ​តាម​ខណ្ឌ​ និង​ខេត្ត​នី​មួយ​ៗ។

    តើ​ការ​ធ្វើស​វន​កម្ម​ហិរញ្ញវត្ថុ​មានប្រយោជន៍​អ្វីខ្លះ​ចំពោះ​សហគ្រាស​?
    ការ​ធ្វើស​វន​កម្ម​ហិរញ្ញវត្ថុ​មានប្រយោជន៍​ច្រើនណាស់​ចំពោះ​សហគ្រាស​ដូចជា​ ទី1​ គឺ​វា​អាច​ជួយ​ពង្រឹង​តម្លាភាព​ហិរញ្ញវត្ថុ​ ព្រោះ​សហគ្រាស​ដែ​លត្រួវ​បាន​គេ​ធ្វើស​វន​កម្ម​ហិរញ្ញវត្ថុ​ច្រើនតែ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​រឹងមាំ​ ដូច្នេះហើយ​ក្រុមហ៊ុន​អាច​មាន​ភា​គហ៊ុនិ​កច្រើន​ តែ​សមាជិក​ម្នា​ក់ៗ​អាច​មានទំនុក​ចិត្ត​ខ្ពស់​លើ​សហគ្រាស​នោះ​ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​កាត់បន្ថយ​ជម្លោះ​ និង​មានការ​អភិវឌ្ឍ​បាន​លឿន​។ ម្យ៉ាងវិញទៀត​សវនករ​អាជីព​អាច​នឹង​ផ្តល់​អនុសាស​ន៍​ល្អ​ៗដើម្បី​ជួយ​កែ​លម្អ​ចំណុច​ខ្វះខាត​ជាដើម​ ដែល​វា​អាច​ធ្វើ​ឱ្យ​យើង​មើលឃើញ​កាន់តែ​ច្បាស់​ពី​ចំណុច​គួរ​កែ​លម្អ​ក្នុង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​។ រឿង​ពិសេស​មួយទៀត​គឺ​អាច​គេច​ផុត​ពី​បញ្ហា​បង់ពន្ធ​ខុស​ ឬប្រកាស​ពន្ធ​ខុស​ជាដើម​។

    ចំណុច​សំខាន់​ទី2​ គឺ​អាច​បង្កើន​តម្លៃ​របស់​សហគ្រាស​នោះ​ ព្រោះ​មិនថា​ពេល​ដែល​សហគ្រាស​នោះ​ចង់​ខ្ចី​លុយ​បន្ថែម​ ឬពេល​ដែល​សហគ្រាស​នោះ​ចង់​រក​ទុន​វិនិយោគ​បន្ថែម​នោះ​ សហគ្រាស​ដែល​មាន​របាយការណ៍​សវនកម្ម​ហិរញ្ញវត្ថុ​ច្បាស់លាស់​ ភាគច្រើន​អាច​ទទួល​បាន​កម្ចី​ដែល​មានការ​ប្រាក់​ទាប​។ អ្នក​វិនិយោគ​ច្រើនតែ​ឱ្យ​តម្លៃ​ដល់​សហគ្រាស​ដែល​មាន​របាយការណ៍​សវនកម្ម​ហិរញ្ញវត្ថុ​ និង​ផ្តល់​តម្លៃ​ខ្ពស់​ជាង​សហគ្រាស​ធម្មតា​ និង​ចំណុច​សំខាន់​ចុងក្រោយ​ គឺ​កសាង​ទំនុកចិត្ត​រវាង​អ្នកគ្រប់គ្រង​ ព្រោះថា​ ប្រសិនជា​របាយការណ៍​ហិរញ្ញវត្ថុ​ត្រូវ​បាន​ធ្វើស​វន​កម្ម​ និង​ទទួល​បាន​លទ្ធផល​ត្រឹមត្រូវ​ និង​គួរ​ឱ្យ​ទុកចិត្ត​បាន​ ម្ចាស់​សហគ្រាស​ និង​អ្នកគ្រប់គ្រង​សហគ្រាស​នោះ​ក៏​នឹង​មានទំនុក​ចិត្ត​ចំពោះ​គ្នា​ផង​ដែរ​ ដែល​វា​អាច​ធ្វើ​ឱ្យ​អាជីវកម្ម​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ជាប់​ជាប្រចាំ​៕

  • តារាសិល្បៈលេងល្បែងប្រជាប្រិយថតអបអរចូលឆ្នាំនៅ TVK 

    តារាសិល្បៈលេងល្បែងប្រជាប្រិយថតអបអរចូលឆ្នាំនៅ TVK 

    ក្នុងចំណោមល្បែងប្រជាប្រិយខ្មែរដែលពេញនិយម ល្បែងប្រជាប្រិយខ្មែរ លេងលាក់កន្សែង ក៏ត្រូវគេនិយមជ្រើសយកមកលេងពេលជួបជុំគ្នាម្ដងៗផងដែរ  បើទោះជាការរាំច្រៀង អាចត្រូវបានគេមើលឃើញថា ពេញនិយមជាង។

    ល្បែងនេះគេចាប់គូស្រីប្រុសៗជារង្វង់  ហើយមានមេនាំមុខម្នាក់កាន់កន្សែងដែលវេញដូចខ្សែពួដើម្បីច្រៀងដើរជុំវិញវង់ ហើយទម្លាក់កន្សែងឱ្យទៅអ្នកណាម្នាក់ក្នុងវង់។អ្នកទទួលបានកន្សែងត្រូវស្ទុះកាន់កន្សែងដែលវេញនោះ  ដេញវ័ធអ្នកនៅខាងស្ដាំដៃខ្លួនទាល់តែគ្រប់មួយជុំ  ដោយមានន័យថាអ្នករត់បានលឿន នឹងគេចបានរហ័ស  តែបើរត់យឺតៗ  ឬភ្នែកមិនវ៉ៃ ពេលកន្សែងត្រូវគេទម្លាក់នៅក្រោយដៃគូ  នោះពិតជាត្រូវគេដេញវាត់ទក់សាច់។ ប៉ុន្តែល្បែងនេះ ក៏ត្រូវការតែអ្នកមានការយោគយល់ខ្ពស់ និងមិនគេងចំណេញ ដោយការវាត់ ឬ ដេញវាត់ខ្លាំងផងដែរ ដើម្បីកុំឱ្យមានគ្រោះថ្នាក់អ្នកដែលត្រូវគេវាត់ ហើយបណ្ដាលឈឺខ្លួន។  ចឹងហើយទើបល្បែងនេះត្រូវគេអះអាងថា បើលេងត្រូវក្បួន ត្រូវខ្នាតគឺពិតជាសប្បាយកប់ ដូចសកម្មភាពតារាៗរបស់គ្រួសារតារាកម្ពុជា ដែលបានថតអបអរចូលឆ្នាំខ្មែរ កាលពីថ្ងៃទី៩ មេសា មុននេះ។

    យ៉ាងណាមិញខណៈដែលប៉ុស្តិ៍ទូរទស្សន៍មួយចំនួន   ត្រូវគេកត់សម្គាល់ថាបានផ្អាកសកម្មភាពអបអរបុណ្យចូលឆ្នាំ ព្រោះតែមានការចំណាយច្រើន និងសម្អាងថា សមាគមទូទស្សន៍កម្ពុជា ក៏បានថតកម្មវិធីច្រៀងរាំអបអរបុណ្យចូលឆ្នាំធំដុំរាល់ឆ្នាំដែរនោះ សម្រាប់ទូរទស្សន៍ជាតិកម្ពុជា នៅតែបានចំណាយក្នុងការថតកម្មវិធីសិល្បៈ ដោយមានល្បែងប្រជាប្រិយ និងច្រៀងរាំ យ៉ាងសប្បាយកុះករ ដើម្បីចូលរួមថែរក្សាវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ។

    លោក សុខ សំណាង ផលិតករកម្មវិធីកុនខ្ញុំ បានថ្លែងបញ្ជាក់ថា ដោយសារតែកម្មវិធីរបស់ខ្លួនត្រូវចាក់បញ្ចាំងចំថ្ងៃចូលឆ្នាំ ទើបលោកសម្រេចសហការជាមួយគ្រួសារតារាកម្ពុជា ដើម្បីកៀរគរតារាសិល្បៈជាង៦០រូប ឱ្យចូលរួមលេងល្បែងប្រជាប្រិយ ដើម្បីរំលឹកពីល្បែងសប្បាយៗរបស់ខ្មែរ និងមានសកម្មភាពច្រៀងរាំ នូវចង្វាក់ប្រពៃណីខ្មែរ អមដោយការស្លៀកពាក់ហូលផាមួង និងអាវកបំពង់ដែលបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ។ កម្មវិធីនេះ ក៏មានកិច្ចសម្ភាសន៍ជាមួយផលិតករ និង លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានសហការគ្នាផលិតស្ពតមួយមុនថតកម្មវិធី ដែលនិយាយពីការថែរក្សាវប្បធម៌របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំផងដែរ។ ក្រៅពីកិច្ចសម្ភាសន៍ និងរាំច្រៀង  បង្ហាញពីចង្វាក់ប្រពៃណី កម្មវិធីនេះក៏មានបង្ហាញពីល្បែងប្រជាប្រិយរួមមាន ល្បែងបោះឈូង  លាក់កន្សែង  និង ដណ្ដើមស្លឹកឈើ ដែលសុទ្ធតែជាល្បែងប្រពៃណីខ្មែរ ដែលបង្ហាញពីកម្លាំងសាមគ្គីរបស់ខ្មែរ។

    តារាដែលបានចូលរួមក្នុងពិធីនោះ រួមមានទាំងតារាចម្រៀង តារាបង្ហាញម៉ូដ តារាសម្ដែង និង តារាកំប្លែង ដែលភាគច្រើនជាសមាជិកសកម្មរបស់គ្រួសារតារាកម្ពុជា។

  • ដើម្បី​ឱ្យ​កូន​ក្លាយជា​មនុស្ស​ល្អ​ពេញលក្ខណៈ​តើ​គួរ​គិត​ពី​លក្ខខណ្ឌ​អ្វីខ្លះ​?​ ​

    ដើម្បី​ឱ្យ​កូន​ក្លាយជា​មនុស្ស​ល្អ​ពេញលក្ខណៈ​តើ​គួរ​គិត​ពី​លក្ខខណ្ឌ​អ្វីខ្លះ​?​ ​

    ការអប់រំ​កូន​តូច​ៗ​ឱ្យ​ក្លាយជា​មនុស្ស​ល្អ​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​ ​តែ​ក៏​មិនមែន​ជា​រឿង​លំបាក​ពេក​ដែរ​ ​ប្រសិនបើ​អាណាព្យាបាល​បានដឹង​ ​និង​យកចិត្ត​ទុកដាក់​ពីក​ត្តា​សំ​ខាន់​ៗ​នៃ​ការអប់រំ​សម្រាប់​ពួកគេ​។​ ​

    ​លោក​ ​តែ​ ​ឡាយ​ ​ប្រធាន​នាយកដ្ឋាន​អប់រំ​នៃ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​លើកឡើង​ថា​ ​នៅក្នុង​យុគសម័យ​ថ្មីនេះ​ ​ការអប់រំ​តែ​នៅ​សាលា​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ​ដើម្បី​ឱ្យ​កូន​ក្លាយជា​មនុស្ស​ល្អ​ពេញលក្ខណៈ​។​ ​មានក​ត្តា​សំ​ខាន់​ៗ​ចំនួន​ ​3​ ​ដែល​អាណាព្យាបាល​ត្រូវតែ​យកចិត្ត​ទុកដាក់​ ​និង​ចូលរួម​ ​គឺ​កត្តា​សាលារៀន​ ​កត្តា​គ្រួសារ​ ​និង​កត្តា​សង្គម​។​ ​ចរិត​ ​និង​គំនិត​របស់​មនុស្ស​ម្នា​ក់ៗ​អាច​ល្អ​ ​ឬ​អាក្រក់​ ​មាន​ឥទ្ធិពល​មួយ​ផ្នែក​ធំ​លើ​បរិស្ថាន​អប់រំ​នៅក្នុង​គ្រួសារ​ ​ព្រោះ​កុមារ​រស់នៅ​ជាមួយ​អាណាព្យាបាល​ច្រើនជាង​គេ​ ​គឺ​ចាប់ពី​កើត​រហូតដល់​ធំ​ ​ហេតុនេះ​កត្តា​គ្រួសារ​ ​និង​ការ​យកចិត្ត​ទុកដាក់​របស់​អាណាព្យាបាល​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការអប់រំ​។​ ​

    ​លោក​ ​តែ​ ​ឡាយ​ ​បាន​និយាយ​ថា​៖​ ​«​សម្រាប់​ការអប់រំ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ ​មាន​លក្ខណៈ​ខុសប្លែក​ពី​ការអប់រំ​សម័យមុន​ ​ព្រោះ​វត្តមាន​នៃ​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ប្រែប្រួល​។​ ​ហេតុនេះ​អាណាព្យាបាល​គួរតែ​ចេះ​គ្រប់គ្រង​កូន​ឱ្យ​បាន​ល្អ​ ​និង​តម្រង់​ទិស​កូន​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដើម្បី​ធានា​ថា​ ​ការអប់រំ​ពីសា​លា​ ​និង​ការ​អប់​រំ​ល្អ​ៗ​មិន​ត្រូវ​លុប​បាត់​ដោយ​ប្រភព​ព័ត៌មាន​មិនល្អ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​»​។​ ​

    ​អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ​កត្តា​សំខាន់​ ​និង​កត្តា​ចម្បង​មួយផ្សេងទៀត​គឺ​កត្តា​សាលារៀន​។​ ​ការ​ជ្រើសរើស​សាលារៀន​ ​និង​ផ្តល់​ឱ្យ​កូន​នូវ​បរិស្ថាន​អប់រំ​ល្អ​ ​គឺជា​ការ​វិនិយោគ​យ៉ាង​សំខាន់​ដែល​អាណាព្យាបាល​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់​។​ ​ប្រសិនបើ​កូន​ទទួល​បានការ​អប់រំ​នៅ​សាលា​ល្អ​ ​ហើយ​មានការ​អប់រំ​បន្ថែម​យ៉ាង​យកចិត្ត​ទុកដាក់​ ​និង​លើកទឹកចិត្ត​ពី​គ្រួសារ​នោះ​ ​កូន​នឹងអាច​ក្លាយជា​មនុស្ស​មាន​សមត្ថភាព​ទាំង​ចំណេះដឹង​ ​និង​សីលធម៌​។​ ​ហេតុនេះ​ហើយ​ទើប​សាលា​វេស្ទឡាញ​ន៍ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ផ្តល់​នូវ​ប្រព័ន្ធ​អប់​រំ​ល្អ​ៗ​ ​បង្កើត​បរិយាកាស​លើកទឹកចិត្ត​សម្រាប់​ការប្រកួត​ប្រជែង​ ​ដូចជា​ការប្រកួត​និយាយ​ជា​សាធារណៈ​ ​ការប្រកួត​និទានរឿង​ ​និង​ការប្រកួត​ធ្វើ​បទ​បង្ហាញ​តាមរយៈ​វីដេអូ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ឱ្យ​ក្មេង​ៗ​ទទួល​បាន​នូវ​ការជំរុញ​ជា​វិជ្ជមាន​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​។​ ​លើស​ពីនេះ​ទៅទៀត​ ​យើង​ក៏​ផ្តល់​ការ​ប្រឹក្សា​ដល់​ប្រឹក្សា​នូវ​ជំនាញ​ភាពជា​អាណាព្យាបាល​ល្អ​ ​និង​គំនិត​ជាច្រើន​ផ្សេងទៀត​ដល់​គ្រួសារ​ដើម្បី​បំពេញបន្ថែម​។​ ​

    ​បន្ថែម​ពីលើ​នេះ​ ​លោក​ ​តែ​ ​ឡាយ​ ​បាន​បន្ថែម​ផង​ដែរ​ថា​ ​កត្តា​សំខាន់​ចុងក្រោយ​ដែល​មាន​ឥទ្ធិពល​សម្រាប់​ការអប់រំ​ធនធាន​ជំនាន់​ថ្មី​នៅ​កម្ពុជា​ ​គឺ​កត្តា​សង្គម​។​ ​ប្រសិនបើ​សង្គម​ ​និង​បរិស្ថាន​នៃ​ការរស់នៅ​របស់​យើង​មាន​ភាពល្អ​ប្រសើរ​ ​មានការ​គោរព​គ្នា​ ​និង​បរិយាកាស​ប្រកបដោយ​ភាព​វិជ្ជមាន​ ​នោះ​ក្មេង​ៗ​ដែល​មាន​ភាព​ខ្លាំង​ពី​ការ​បណ្តុះបណ្តាល​នៅក្នុង​សាលា​ ​និង​គ្រួសារ​ល្អ​ស្រាប់​ ​នឹង​មិន​អាច​មានផល​ប៉ះពាល់​ដល់​ការ​គិត​របស់​គាត់​នោះ​ទេ​ ​តែ​ប្រសិនបើ​សង្គម​រស់នៅ​មិនល្អ​វិញ​ ​ពេលខ្លះ​អាច​ធ្វើ​ឱ្យ​ឥទ្ធិពល​អវិជ្ជមាន​មួយចំនួន​ចូល​ទៅ​ក្នុង​ជីវិត​ក្មេង​បាន​។​ ​ហេតុនេះ​ប្រសិនបើ​អាណាព្យាបាល​ចង់ឱ្យ​កូន​ក្លាយជា​មនុស្ស​ល្អ​ ​និង​មាន​អនាគត​ប្រកបដោយ​ភាព​ភ្លឺស្វាង​សូម​ព្យាយាម​គ្រប់​លទ្ធភាព​ ​និង​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្លាំងក្លា​លើក​ត្តា​ដ៏​ទៃ​ផ្សេងទៀត​បន្ថែម​ពីលើ​ការអប់រំ​តែមួយមុខ​គត់​នៅ​សាលា​៕​ ​