Category: សង្គម និងសេដ្ឋកិច្ច

  • មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ 3ថ្ងៃ​បាន​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង​

    មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ 3ថ្ងៃ​បាន​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង​

    យោង​តាម​ស្ថិតិ​របស់ក្រ​សួង​ទេសចរណ៍​បាន​បង្ហាញថា​ ក្នុងរយៈពេល​ 3ថ្ងៃ​ នៃ​ព្រឹត្តិ​ការណ៍​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ពី​ថ្ងៃទី14​ -16​ ខែមេសា​ ឆ្នាំ2019​ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ជាង​ 4.72លាន​នាក់​ កើនឡើង​ 67.02​% បើ​ធៀប​នឹង​ឆ្នាំមុន​។

    របាយការណ៍​បឋម​របស់​មន្ទីរ​ទេសចរណ៍​រាជធានី​-ខេត្ត​ និង​តាម​ការវាយតម្លៃ​ជំហាន​ដំបូង​បានឱ្យ​ដឹង​ថា​ ភ្ញៀវ​ទេសចរ​ និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ដើរកម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ និង​តាម​ទីកន្លែង​ប្រារព្ធ​ព្រឹត្តិ​ការណ៍​មហាសង្ក្រាន្ត​នៅ​រាជធានី​ និង​ខេត្ត​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ រយៈពេល​ 3ថ្ងៃ​កន្លងមក​នេះ​មាន​ចំនួន​សរុប​ប្រមាណ​ 4,726,602នាក់​ កើនឡើង67.02​% ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​ 4,639,341នាក់​ កើនឡើង​ 66.40​% ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ 83,123នាក់​ កើនឡើង​ 98.27​%។

    អ្វី​ដែល​ជា​ការណ៍​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​ តួលេខ​ខាងលើ​គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន​ជំហាន​ដំបូង​សម្រាប់​គោលដៅ​ទេសចរណ៍​សំ​ខាន់​ៗ និង​តាម​ទីកន្លែង​ប្រារព្ធ​ព្រឹត្តិ​ការណ៍​សង្ក្រាន្ត​សំ​ខាន់​ៗតែប៉ុណ្ណោះ​ នៅ​មិនទាន់​គិត​ពី​ចំនួន​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​គោលដៅ​បន្ទាប់បន្សំ​នានា​ដូចជា​នៅ​តាម​វត្តអារាម​ សាលារៀន​ ភូមិ​ ឃុំ​ ស្រុក​ និង​ទីប្រជុំជន​នានា​ដែល​មាន​ចំនួន​មិន​តិច​ជាង​ 3លាន​នាក់​បន្ថែម​ទៀត​នោះ​នៅឡើយ​។

    ស្រប​ពេល​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ដើរកម្សាន្ត​ច្រើន​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ 3ថ្ងៃ​កន្លងមក​នេះ​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​បាន​អះអាង​ថា​ ប្រជាជន​កម្ពុជា​អាច​ចំណាយ​ប្រាក់​សរុប​ប្រមាណ​ជិត​ 500លាន​ដុល្លារ​អាមេរិក​។

    ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​ឱ្យ​ដឹង​ថា​ ក្នុងរយៈពេល​ 3ថ្ងៃនេះ​ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ធ្វើដំណើរ​កម្សាន្ត​នៅ​តាម​បណ្តា​ខេត្ត​នានា​ ពិសេស​បណ្តា​ខេត្ត​រៀបចំ​ពិធី​មហា​សង្ក្រាន​ឆ្នាំ​ថ្មី​ចំនួន​ប្រមាណ​ជា​ 4.7លាន​នាក់​ ប៉ុន្តែ​ចំនួន​នេះ​មិនទាន់​រាប់​នៅ​តាម​វត្តអារាម​ និង​ការកម្សាន្ត​នៅ​តាម​ផ្ទះ​ ឬតាម​រមណីយដ្ឋាន​ ឬក្រោម​ដើមឈើ​នៅ​តាម​តំបន់ជនបទ​នានា​នៅឡើយ​ទេ​។ បើ​គិត​ទាំង​ប្រជាជន​ដែល​ទៅ​កម្សាន្ត​នៅ​តាម​វត្តវ៉ា​-អារាម​ និង​តាម​ផ្ទះ​បងប្អូន​ទូទាំង​ប្រទេស​ផង​នោះ​ គឺ​អាច​មាន​ប្រជាជន​កម្ពុជា​ប្រមាណ​ដល់ទៅ​ 7លាន​នាក់​ឯណោះ​ដែល​បាន​ចូលរួម​អបអរសាទរ​ក្នុង​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​នេះ​។

    ឯកឧត្តម​បន្ត​ថា​៖“បើ​គិតជា​មធ្យម​ ប្រជាជន​ម្នាក់​ចំណាយ​ 100ដុល្លារ​ ដូច្នេះ​ការ​ចំណាយ​សម្រាប់​បុណ្យ​នេះ​គឺ​មាន​ប្រមាណ​ 470លាន​ដុល្លារ​ ហើយ​ចំនួន​នេះ​មិនទាន់​គិត​ពី​ការ​ចំណាយ​របស់​អ្នក​កម្សាន្ត​នៅ​តាម​វត្តអារាម​ និង​តាម​លំនៅ​ដ្ឋាន​នានា​នៅឡើយ​ហើយ​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំនេះ​មាន​លក្ខណ​ពិសេស​បំផុត​ គឺ​នៅ​តាម​បណ្ដា​ខេត្ត​នី​មួយ​ៗមាន​រៀបចំ​តំបន់​ត្រជាក់​ដែល​អាជ្ញាធរ​ខេត្ត​ទាំងនោះ​បាន​រៀបចំ​ជូន​ភ្ញៀវ​ទេសចរ​ និង​ប្រជាពលរដ្ឋ​ ព្រមទាំង​មានការ​បាញ់​ទឹក​ និង​រាំ​កម្សាន្ត​ទៀតផង​”។

    ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ត​ថា​៖“ការរៀបចំ​ទីកន្លែង​សម្រាប់​កម្សាន្ត​នេះ​មាន​ភាព​ទាក់ទាញ​ និង​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​យើង​បាន​ ហើយ​អ្វី​ដែល​ពិសេស​គឺ​ យុវជន​បាន​ភ្ជាប់​សកម្មភាព​នេះ​ជាមួយ​វប្បធម៌​ “យុវជន​ជាស​សរ​ទ្រូង​” ផង​ដែរ​”។

    ឯកឧត្តម​បាន​បន្ត​ថា​ ប្រជាជន​មាន​ភាព​សប្បាយរីករាយ​ខ្លាំង​ណាស់​ ពួកគេ​ពេញចិត្ត​នឹង​សន្តិភាព​ និង​ការដឹកនាំ​របស់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ការរៀបចំ​ឆ្នាំនេះ​ អាចយ​កម​កធ្វើជា​មូលដ្ឋាន​សម្រាប់​ឆ្នាំក្រោយ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែមទៀត​។

    ឯកឧត្ដម​បាន​បន្ត​ទៀត​ថា​ អ្វី​ៗវា​បញ្ជាក់​ច្បាស់​នៅពេល​នេះ​ ទោះបី​កន្លងមក​គេ​ធ្លាប់​និយាយ​ថា​ នៅ​ស្រុកខ្មែរ​ហាក់ដូច​មានបុណ្យ​ចូលឆ្នាំ​ច្រើន​ តែ​ពេល​នេះ​គេ​បានឃើញ​ និង​បញ្ជាក់​ច្បាស់​ថា​ ខ្មែរ​ គឺជា​ខ្មែរ​ គឺជា​ប្រជាជាតិ​មួយ​ដែល​ធ្លាប់​មានអម្បូរ​ពូជពង្ស​ និង​វប្បធម៌​ប្រពៃណី​ដ៏​ថ្លៃថ្នូរ​រុងរឿង​។ ក្រោមម្លប់​នៃ​សន្តិភាព​ និង​ការ​រីកចម្រើន​ ជីវភាពរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​មានការ​អភិវឌ្ឍ​ ដែល​បាន​ធ្វើ​ឱ្យ​ពួកគាត់​សប្បាយរីករាយ​ ព្រមទាំង​បាន​ធ្វើ​ឱ្យ​ការរៀបចំ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំនេះ​ប្រព្រឹត្តទៅ​បាន​យ៉ាង​ល្អ​ និង​ឆ្លុះបញ្ចាំង​ពីអ​ត្ត​សញ្ញាណ​ខ្មែរ​ពិត​។

    សូម​បញ្ជាក់​ផង​ដែរ​ថា​ នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ 3ថ្ងៃ​កន្លងមក​នេះ​ នៅក្នុង​ខេត្តបាត់ដំបង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើនជាង​គេ​ ដែល​មាន​រហូត​ចំនួន​ 995,219នាក់​ កើនឡើង​ 42.21​%បើ​ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន​ចំនួន​ 699,213​ នាក់​(តាម​ស្ថិតិ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​) ក្នុង​នោះ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ 852នាក់​ កើនឡើង​ 2.77​% ធៀប​នឹង​ឆ្នាំ2018​ ដែល​មាន​ចំនួន​ 829នាក់​។

    បន្ទាប់ពី​ខេត្តបាត់ដំបង​ គឺ​ខេត្តស្វាយរៀង​ ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន​ជាង​ 46.75ម៉ឺន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ជាង​ 46.74ម៉ឺន​នាក់​ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន​ 32នាក់​។ ដោយឡែក​ខេត្តសៀមរាប​ គឺ​ស្ថិតនៅ​លេខ3​ ដែល​ទទួល​បាន​ភ្ញៀវ​ជាង​ 38.66ម៉ឺន​នាក់​ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ 36ម៉ឺន​នាក់​ និង​អន្តរជាតិ​ជាង​ 2.6ម៉ឺន​នាក់​។

    ក្រៅពី​នេះ​ រាជធានី​-ខេត្ត​ដែល​ទទួល​បាន​ភ្ញៀវ​ទេសចរ​សរុប​ក្នុង​អំឡុង​ពិធី​ចូលឆ្នាំ​ខ្មែរ​ 3ថ្ងៃនេះ​រួមមាន​៖
    1-កំពង់ចាម​៖ ជាង​ 33.26ម៉ឺន​នាក់​។ 2-ព្រៃវែង​៖ ជាង​ 31.92ម៉ឺន​នាក់​។ 3-កណ្តាល​៖ ជាង​ 31.62ម៉ឺន​នាក់​។ 4-កំពង់ធំ​៖ ជាង​ 21.75ម៉ឺន​នាក់​។ 5-ភ្នំពេញ​៖ ជាង​ 20.81ម៉ឺន​នាក់​។ 6-ព្រះសីហនុ​៖ ជាង19.14ម៉ឺន​នាក់​។ 7-បន្ទាយមានជ័យ​៖ ជាង​ 16.54ម៉ឺន​នាក់​។ 8-កំពង់ឆ្នាំង​៖ ជាង​ 16.08ម៉ឺន​នាក់​។ 9-កែប​៖ ជាង14.59ម៉ឺន​នាក់​។ 10​-កំពត​៖ ជាង​ 13.71ម៉ឺន​នាក់​។ 11​-ព្រះវិហារ​៖ ជាង​ 13.59ម៉ឺន​នាក់​។ 12​-ក្រចេះ​៖ ជាង​ 12.34ម៉ឺន​នាក់​។ 13​-កំពង់ស្ពឺ​៖ ជាង11.73ម៉ឺន​នាក់​។ 14​-ប៉ៃលិន​៖ ជាង​ 8.2ម៉ឺន​នាក់​។ 15​-រតនគិរី​៖ ជាង​ 7.8ម៉ឺន​នាក់​ និង​ខេត្ត​ក្រៅពីនោះ​មាន​ក្រោម​ 6 ទៅ​ 5ម៉ឺន​នាក់​។

    មួយវិញទៀត​ ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដែល​ទៅ​ទស្សនា​នៅ​ឯក្រៅ​ប្រទេស​ក៏​មាន​កំណើន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ បើ​ទោះបីជា​ក្រសួងទេសចរណ៍​មិនទាន់​ចេញ​របាយការណ៍​បញ្ជាក់​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ទៅ​ទស្សនា​នៅ​ឯបរទេស​យ៉ាងណាក្ដី​ តែ​ក៏​ភ្នាក់ងារ​ទេសចរណ៍​ក្នុង​ស្រុក​ និង​ក្រុមហ៊ុនទេសចរណ៍​ក្នុង​ស្រុក​មួយចំនួន​បាន​មើលឃើញ​ពី​សញ្ញា​វិជ្ជមាន​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ដែល​ចេញទៅ​កម្សាន្ត​នៅ​បរទេស​ក្នុងអំឡុងពេល3ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នៅក្នុង​ឆ្នាំនេះ​ដែរ​។

    លោក​ ធួន​ ស៊ី​ណាន​ ប្រធាន​ក្រុមហ៊ុនទេសចរណ៍​ B2B​ និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ក្នុងអំឡុងពេល3ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ឆ្នាំនេះ​ សំបុត្រ​យន្តហោះ​ចេញពី​កម្ពុជា​ឆ្ពោះទៅ​កាន់​គោលដៅ​ទេសចរណ៍​មួយចំនួន​នៅ​ជប៉ុន​ កូរ៉េ​ និង​ប្រទេសជិតខាង​ត្រូវ​បាន​កក់​ពេញដោយ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​។ លោក​បន្ត​ថា​ សូម្បីតែ​គោលដៅ​ទេសចរណ៍​ទៅ​ប្រទេស​សិង្ហបុរី​ និង​ថៃ​ក៏​ពិបាក​កក់​សំបុត្រ​យន្តហោះ​ដែរ​ក្នុងរយៈពេល​ 3ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លង​ទៅ​ថ្មី​ៗនេះ​។

    លោក​ស៊ី​ណាន​ថ្លែង​ថា​៖“កំណើនប្រជាជន​កម្ពុជា​ដើរហើរ​នា​ពេល​បច្ចុប្បន្ន​ មិនថា​ក្នុង​ស្រុក​ទេ​ ក្រៅ​ស្រុក​ក៏​ច្រើន​សន្ធឹក​សន្ធាប់​ណាស់​ដែរ​ កំណើន​នេះ​កើនឡើង​លើស​ពី​ការ​រំពឹង​ទុក​។ ដោយឡែក​តាម​ក្រុមហ៊ុនទេសចរណ៍​នី​មួយ​ៗមិនសូវ​ប្រមូល​ភ្ញៀវ​បាន​ច្រើន​ប៉ុន្មាន​នោះ​ទេ​ ប៉ុន្តែ​ប្រជាជន​កម្ពុជា​ធ្វើដំណើរ​កម្សាន្ត​ទៅ​ជុំវិញ​ពិភពលោក​ដោយខ្លួនឯង​ តាមរយៈ​ប្រព័ន្ធ​ឌីជីថល​ច្រើនជាង​”។

    លោក​បន្ត​ថា​ ប្រព័ន្ធ​ឌីជីថល​ បណ្តាញ​សង្គម​ បាន​ជំរុញ​ឱ្យ​មាន​កំណើន​នៃ​ការ​ដើរលេង​របស់​ប្រជាជន​កម្ពុជា​ទៅបរទេស​ នៅពេល​ដែល​ពួកគេ​ឃើញ​មាន​តំបន់​ទេស​ចរ​ណ៍​ថ្មី​ៗនៅ​ក្រៅប្រទេស​ ការ​អភិ​វឌ្ឍ​ថ្មី​ៗ ដូច្នេះ​អ្នក​ដែល​មាន​ធនធាន​គេ​នឹង​ធ្វើដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ទាំងអស់​នោះ​។ លោក​បាន​បន្ត​ទៀត​ថា​ ប្រព័ន្ធ​សង្គម​ឌីជីថល​នេះ​ហើយដែល​បាន​ជំរុញ​ឱ្យ​ប្រជាជន​កម្ពុជា​ចេញដំណើរ​ទៅ​កម្សាន្ត​នៅ​ក្រៅប្រទេស​។

    លោក​ ស៊ី​ណាន​ បញ្ជាក់​ថា​៖“ក្រុមហ៊ុន​របស់ខ្ញុំ​ផ្ទាល់​បាន​បញ្ជូន​ទេសចរ​ក្នុង​ស្រុក​ទៅក្រៅ​ប្រទេស​ចំនួន​ 4ក្រុម​ ដែល​មាន​ភ្ញៀវ​សរុប​ 180នាក់​ ក្នុង​នោះ​ប្រទេស​វៀតណាម​ 85នាក់​ ថៃ​ 40នាក់​ កោះ​បា​លី​ឥណ្ឌូ​នេ​ស៊ី​ 35នាក់​ តូក្យូ​ជប៉ុន​ 20នាក់​”។

    ដោយឡែក​លោកស្រី​ សុខ​ គន្ធា​ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុនទេសចរណ៍​ ស្កា​យឃីង​ បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​របស់​លោកស្រី​បាន​បញ្ជូន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ទៅកាន់​បរទេស​ចំនួន​ 10ក្រុមក្នុង​អំឡុង​ពេល​ 3ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​ទៅ​ថ្មី​ៗនេះ​ ដែល​ក្នុង​នោះ​មាន​ 3ក្រុម​បាន​ទៅ​អឺរ៉ុប​ ក្រៅពី​នេះ​នៅ​តំបន់​អាស៊ី​ និង​ប្រទេសជិតខាង​របស់​កម្ពុជា​។

    លោកស្រី​ គន្ធា​ បាន​បន្ថែម​ថា​៖“យើង​បាន​បញ្ជូន​ទេសចរ​កម្ពុជា​ទៅក្រៅ​ប្រទេស​ជាង​ 10ក្រុម​ ឆ្នាំនេះ​ល្អ​ជាង​ឆ្នាំមុន​ ចំនួន​មនុស្ស​អត់​កើន​ទេ​ ប៉ុន្តែ​ភ្ញៀវ​ចេញទៅ​ទស្សនា​គោលដៅ​ទេស​ចរ​ណ៍​ឆ្ងាយ​ៗ ដូចជា​នៅ​អឺរ៉ុប​មាន​ច្រើនជាង​មុន​ ហើយ​គាត់​ចាយ​លុយ​ច្រើនជាង​មុន​”៕

  • កម្មវិធី​ TikTok​ ត្រូវ​បាន​បិទ​ជា​ផ្លូវការ​ក្នុង​ប្រទេស​ឥណ្ឌា​

    កម្មវិធី​ TikTok​ ត្រូវ​បាន​បិទ​ជា​ផ្លូវការ​ក្នុង​ប្រទេស​ឥណ្ឌា​

    ទីភ្នាក់ងារ​រដ្ឋាភិបាល​ MeiTY​ បាន​ប្រកាស​ឱ្យ​បិទ​ចោល​នូវ​កម្មវិធី​ TikTok​ ជា​ផ្លូវការ​ក្នុង​ប្រទេស​ឥណ្ឌា​ ដោយ​កម្មវិធី​ល្បីឈ្មោះ​មួយ​នេះ​ត្រូវ​បានសម្រេច​ដក​ចោលចេញ​ពី​ Google​ Play​ Store​ និង​ App​ Store​ កាលពី​ពេល​ថ្មី​ៗនេះ​។

    អ្នកប្រើ​ប្រាស់​នៅសល់​កម្មវិធី​ក្នុង​ម៉ាស៊ីន​ស្រាប់​អាច​បន្ត​ប្រើប្រាស់​បាន​ ប៉ុន្តែ​អ្នក​ចង់​ Download​ ថ្មី​ នឹង​មិន​អាច​ស្វែងរក​កម្មវិធី​នេះ​នៅ​លើ​ Store​ បាន​ឡើយ​។ តាម​ពាក្យ​បណ្តឹ​ងរ​បស់​រដ្ឋាភិបាល​ឥណ្ឌា​ បាន​ចោទប្រកាន់​ថា​ TikTok​ ជា​បណ្តុំ​កម្មវិធី​ដែល​មាន​ចែកចាយ​មាតិកា​មិន​សមរម្យ​ និង​អាសអាភាស​ដែល​ផ្តោត​ខ្លាំង​លើ​កុមារ​និង​មនុស្ស​វ័យ​ជំទង់​។

    TikTok​ បាន​ឈរឈ្មោះ​ជា​ App​ ដែល​មានការ​ចុច​ទាញ​យក​ច្រើន​បំផុត​លំដាប់​ទី​ 3 នា​ត្រីមាស​ដំបូង​ឆ្នាំ2019​ ដោយ​ក្នុង​ប្រទេស​ឥណ្ឌា​មានការ​ចុច​ទាញ​យក​ប្រមាណ​ 88.6លាន​ដង​ គិត​ត្រឹម​ខែ​មិនា​ ស្រប​ពេល​ដែល​សកលលោក​មាន​សរុប​ 188លាន​ដង​ក្នុង​ពេលវេលា​ដដែល​។

    កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អ្នកប្រើ​ប្រាស់​អាច​ធ្វើការ​បង្កើត​ និង​ចែកចាយ​វីដេអូ​ខ្នាត​ខ្លី​ ជាមួយ​ការ​បន្ថែម​ Effects​ ពិ​សេស​ៗជាច្រើន​ ដែល​អភិវឌ្ឍ​ឡើង​ដោយក្រុម​ហ៊ុន​ Bytedance​ របស់​ប្រទេស​ចិន​៕

  • រថយន្ត​ Minivan​ ម៉ាក​ Lexus​ ដំបូង​គេ​បាន​បង្ហាញមុខ​ជា​ផ្លូវការ​ហើយ​!

    រថយន្ត​ Minivan​ ម៉ាក​ Lexus​ ដំបូង​គេ​បាន​បង្ហាញមុខ​ជា​ផ្លូវការ​ហើយ​!

    រថយន្ត​ Minivan​ ម៉ាក​ Lexus​ ដំបូង​គេ​បាន​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅក្នុង​កម្មវិធី​ Shanghai​ Auto​ Show​ ដែល​ផលិត​ឡើងជា​ពិសេស​សម្រាប់​ទីផ្សារ​ប្រទេស​ចិន​ ហើយក៏​នឹង​ដាក់​លក់​លើ​ទីផ្សារ​អាស៊ី​ផង​ដែរ​។

    រថយន្ត​ប្រភេទ​ Minivan​ នេះ​មាន​ម៉ូដែល​ជា​ Lexus​ LM​ ដែល​វា​មាន​ទ្រង់ទ្រាយ​ស្រដៀងនឹង​រថយន្ត​ Toyota​ Alphard​ ដែរ​ ប៉ុន្តែ​មាន​រចនាប័ទ្ម​ស្រដៀងនឹង​រថយន្ត​ Lexus​ ជំនាន់​ចុងក្រោយ​។ រថយន្ត​ LM​ ដែល​បង្ហាញខ្លួន​នៅ​សៀងហៃ​ គឺ​មាន​បំពាក់​កៅអី​ចំនួន4​ ដោយ​ផ្នែក​ខាងក្រោយ​ គឺ​ប្រៀប​ដូចជា​កាប៊ីន​យន្តហោះ​ប្រភេទ​ Business​-Class​ អ៊ីចឹង​ដែរ​។

    កៅអី​អ្នកបើកបរ​ និង​កៅអី​អ្នកដំណើរ​ជួរ​ខាងក្រោយ​ត្រូវ​បាន​ខណ្ឌ​ចែក​ដោយ​ជញ្ជាំង​កញ្ចក់​មួយ​ដែល​អាច​បិទ​-បើក​បាន​ ហើយ​លើ​ជញ្ជាំង​នេះ​ក៏​មាន​បំពាក់​ទូរទស្សន៍​ដ៏​ធំ​មួយ​ និង​មាន​គ្រឿងបរិក្ខារ​ជាច្រើន​ទៀត​។ Lexus​ និយាយ​ថា​ រថយន្ត​ LM​ នេះ​ក៏​នឹង​មាន​ប្រភេទ​កៅអីអង្គុយ​ចំនួន7​ ផង​ដែរ​។

    ចំណុច​សំខាន់​របស់​រថយន្ត​នេះ​ គឺ​កៅអី​អ្នកដំណើរ​ជួរ​ខាងក្រោយ​។ កៅអី​នេះ​មាន​បំពាក់​ប្រព័ន្ធ​កម្ដៅ​ ប្រព័ន្ធ​ខ្យល់​ មានមុខ​ងារ​ម៉ាស្សា​ និង​អាច​សេ0រ៉េ​បាន​ច្រើន​របៀប​។ កៅអីអង្គុយ​នេះ​មាន​ផ្ទុក​ដោយ​ Foam​ មួយ​ប្រភេទ​ ដែល​អាច​ឱ្យ​អ្នកដំណើរ​អង្គុយ​បាន​យ៉ាង​ស្រណុក​សុខ​ស្រួល​។

    ទូរទស្សន៍​ជាប់​ជញ្ជាំង​ គឺ​មាន​ទំហំ​ 26អ៊ីញ​ អាច​ភ្ជាប់​ជាមួយ​ស្មា​តហ្វូ​ន និង​ Tablet​ ហើយ​អាច​ចា​ក់​ឌីស្ក​បាន​ទៀតផង​។ មុខងារ​ដទៃទៀត​ មាន​ដូចជា​ឧបករណ៍​បំពង​សំឡេង​ចំនួន19​ ទូទឹកកក​ចំណុះ​ 14លីត្រ​ ដែល​អាច​ដាក់​ស្រា​បាន​ 2ដប​ អេក្រង់​ Touch​ ស្ថិតនៅ​កណ្ដាល​កៅអី​ទាំង2​ សម្រាប់​បញ្ជា​ទូរស័ព្ទ​ បញ្ជា​កៅអី​ បញ្ជា​ម៉ាស៊ីន​ត្រជាក់​ និង​បញ្ជា​ប្រព័ន្ធ​សំឡេង​ជាដើម​។ លើស​ពីនេះ​នៅ​មាន​ស្រទាប់​ការពារ​ និង​ទប់​សំឡេង​រំខាន​ពី​ខាងក្រៅ​ទៀតផង​។

    Lexus​ LM​ នេះ​មាន​ជម្រើស​ម៉ាស៊ីន​ចំនួន2​ គឺ​ LM​ 350​ ប្រើប្រាស់​ម៉ាស៊ីន​ 3.5លីត្រ​ 6ស៊ីឡាំង​ និង​ LM​ 300h​ ប្រើប្រាស់​ម៉ាស៊ីន​ 2.5លីត្រ​ 4ស៊ីឡាំង​ គួបផ្សំ​នឹង​ម៉ូទ័រ​អគ្គិសនី​។ Lexus​ ទាំង2​ នេះ​នឹង​ចេញ​លក់​នៅ​ចុងឆ្នាំ2019​ នេះ​ ជាមួយ​ជម្រើស​ពណ៌ស​ និង​ពណ៌ខ្មៅ​។ តម្លៃ​មិនទាន់​បង្ហាញ​នៅឡើយ​ទេ​ ប៉ុន្តែ​វា​ច្បាស់ជា​ថ្លៃជាង​ Toyota​ Alphard​ មិនខាន​៕

  • Samsung​ ចេញផ្សាយ​ស្មា​តហ្វូ​ន Galaxy​ A80​ ជា​ផ្លូវការ​ អេក្រង់​ពេញ​ស្អាត​

    Samsung​ ចេញផ្សាយ​ស្មា​តហ្វូ​ន Galaxy​ A80​ ជា​ផ្លូវការ​ អេក្រង់​ពេញ​ស្អាត​

    ក្រុមហ៊ុន​ Samsung​ បាន​ចេញផ្សាយ​ស្មា​តហ្វូ​ន Galaxy​ A80​ ជា​ផ្លូវការ​កាលពីយប់មិញ​ ដោយ​ផ្លាស់​ប្តូរ​រចនាប័ទ្ម​ថ្មី​មួយ​ទំហឹង​ ទាំង​ផ្នែក​អេក្រង់​ និង​កាមេរ៉ា​។ ចំណុច​លេចធ្លោ​ស្ថិតនៅ​ត្រង់​ការ​បំពាក់​អេក្រង់​ពេញ​ New​ Infinity​ Display​ និង​កាមេរ៉ា​បង្វិល​មុខ​-ក្រោយដែល​ធ្លាប់​លេចឮ​នៅក្នុង​ពាក្យ​ចចាមអារ៉ាម​កាលពី​ពេលមុន​ហ្នឹងឯង​។

    កាមេរ៉ា​ Pop​-up​ លើ​ A80​ មាន​ផ្ទុក​កាមេរ៉ា​មុខ​-ក្រោយ​លើ​ទីតាំង​តែមួយ​ ដោយ​កាមេរ៉ា​ក្រោយ​ 3គ្រាប់​មាន​មួយ​ 48MP​ f/2.0​ មួយ​គ្រាប់​ទៀត​ប្រភេទ​ Ultrawide​ ទំហំ​ 8MP​ f/2.2​ និង​គ្រាប់​ទី3​ ជា​ ToF​ Sensor​ ខណៈ​កាមេរ៉ា​មុខ​ឈរ​លើ​ទីតាំង​តែមួយ​បែបនេះ​ពុំ​មាន​បន្សល់​ស្នាម​ឆក​ណាមួយ​លើ​អេក្រង់​លាត​ស្មើ​ទំហំ​ 6.7អ៊ីញ​កម្រិត​ FHD​+ (1080​ x 2400​ ភិក​សែល​) ប្រភេទ​ Super​ AMOLED​។

    ទម្រង់​រចនាប័ទ្ម​កាមេរ៉ា​បង្វិល​បែបនេះ​ធ្លាប់​មាន​ដំបូងបង្អស់​លើ​ Oppo​ N1​ ស៊េរី​ឆ្នាំ2014​ ប៉ុន្តែ​មិន​ទំនើប​ខ្លាំង​ដូច​ស៊េរីA80​ នេះ​ទេ​។ ក្រឡេក​ទៅ​មើល​ថាមពល​ថ្ម​ធុន​ខ្ពស់​ត្រកូល​ A មួយ​នេះ​វិញ​ គឺ​មាន​ទំហំ​ 3700mAh​ គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង​ 25វ៉ាត់​ ដោយមាន​ RAM​ ទំហំ​ 8GB​ និង​អង្គ​ផ្ទុក​ 128GB​ គាំទ្រ​មុខ​ងា​រស្គែន​ខ្ចៅដៃ​លើ​អេក្រង់​។

    ដោយ​មិនទាន់​បញ្ជាក់​ពី​តម្លៃ​នៅឡើយ​នោះ​ ​;Galaxy​ A80​ នឹង​ចេញ​លក់​ក្នុង​អំឡុង​ថ្ងៃទី​ 29​ ឧសភា​ ស្រប​ពេល​ Galaxy​ A70​ នឹង​លេចមុខ​លើ​ទីផ្សារ​នា​ថ្ងៃទី26​ មេសា​ខាងមុខនេះ​។ នេះ​ជា​ម៉ូដែល​ 2ថ្មីទៀត​បន្ទាប់ពី​ Samsung​ ប្រកាស​ម៉ូដែល​ជាច្រើន​ មាន​តាំងពី​ A10​/A20​/A30​ និង​ A50​៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

     

  • គេ​ថត​បាន​រូប​ Black​ Hole​ លើកដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​ មាន​ទំហំ​ធំ​ស្មើនឹង​ 3លាន​ដង​នៃ​អង្កត់ផ្ចិត​ផែនដី​

    គេ​ថត​បាន​រូប​ Black​ Hole​ លើកដំបូង​ក្នុង​ប្រវត្តិ​សាស្រ្ត​ មាន​ទំហំ​ធំ​ស្មើនឹង​ 3លាន​ដង​នៃ​អង្កត់ផ្ចិត​ផែនដី​

    Black​ Hole​ ដែលគេ​ថត​បាន​នេះ​ មាន​អង្កត់ផ្ចិត​ទំហំ​ 40ពាន់​លាន​គីឡូម៉ែត្រ​ ដែល​ស្មើនឹង​ 3លាន​ដង​នៃ​អង្កត់ផ្ចិត​ផែនដី​ ហើយ​វា​មាន​ចម្ងាយ​ 500លាន​ទ្រី​លាន​គីឡូម៉ែត្រ​ពី​ភពផែន​ដី​។ វា​ស្ថិតនៅ​ចំកណ្ដាល​នៃ​កញ្ចុំ​ផ្កាយ​ Messier​ 87​ ជា​កញ្ចុំ​ផ្កាយ​ធំ​មួយ​ដែល​ស្ថិតនៅ​ក្បែរ​កញ្ចុំ​ផ្កាយ​ Virgo​។

    រូបភាព​នេះ​អាចប​ង្កើត​ឡើង​បាន​ដោយ​ពឹងផ្អែក​លើ​កែវយឹត​វិទ្យាសាស្ត្រ​ចំនួន8​ ដែល​ដាក់​តាំងនៅ​លើ​ទីតាំង​ជាច្រើន​លើ​ភពផែន​ដី​។

    លោក​សាស្ត្រា​ចារ្យ​ Heino​ Falcke​ ដែល​ជា​អ្នកស្នើ​ឱ្យ​មានការ​ពិសោធ​នេះ​បានឱ្យ​ដឹង​ថា​ ៖ “វា​មាន​ម៉ាសមាឌ​ស្មើនឹង​ព្រះអាទិត្យ​ 6.5ពាន់​លាន​ដង​។ វា​គឺជា​កំពូល​ Black​ Hole​ ដែល​មាន​ទម្ងន់​ធ្ងន់​មួយ​ក្នុង​ចក្រវាល​”។

    ក្នុង​រូបភាព​មាន​បង្ហាញ​អំពី​រង្វង់​ដ៏​ភ្លឺ​មួយ​នៃ​ឧស្ម័ន​ក្ដៅ​ ដែល​ហូរ​ចូល​ទៅ​ក្នុងរង្វង់​កណ្ដាល​ពណ៌ខ្មៅ​។ ​;រង្វង់​នៃ​ពន្លឺ​នេះ​ គឺ​ភ្លឺ​ជាង​ពន្លឺ​នៃ​ដួងតារា​ទាំងអស់​ក្នុង​កញ្ចុំ​ផ្កាយ​ Messier​ 87​ រួមបញ្ចូល​គ្នា​ទៅទៀត​ ហើយ​វា​ជាហេតុ​ធ្វើ​ឱ្យ​តារាវិទូ​ទាំងឡាយ​លើ​ភពផែន​ដី​អាច​មើលឃើញ​ និង​ថត​វា​បាន​៕

    សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖

  • ជា​ ច័ន្ទ​ដារ៉ា​ វះកាត់​ជង្គង់​បាន​ជោគជ័យ​ តែ​ត្រូវ​សម្រាក​មួយរយៈពេល​សិន​

    ជា​ ច័ន្ទ​ដារ៉ា​ វះកាត់​ជង្គង់​បាន​ជោគជ័យ​ តែ​ត្រូវ​សម្រាក​មួយរយៈពេល​សិន​

    កាលពី​ពេល​ថ្មី​ៗនេះ​ កីឡាករ​វ័យក្មេង​ ជា​ ច័ន្ទ​ដារ៉ា​ ដែល​មាន​បញ្ហា​របួស​ជង្គង់​ក្នុងអំឡុងពេល​ហ្វឹកហាត់​នា​ពេល​កន្លងមក​ជាមួយ​ក្រុម​ភ្នំ​ពេញ​ក្រោ​នបាន​ធ្វើការ​វះកាត់​ព្យាបាល​ប្រកបដោយ​ជោគជ័យ​ហើយ​នៅ​ឯប្រទេស​វៀតណាម​។

    ជា​ ច័ន្ទ​ដារ៉ា​ មាន​បញ្ហា​របួសធ្ងន់​នៅ​ជង្គង់​ខាងស្តាំ​របស់​ខ្លួន​ ក្រោយ​ប៉ះទង្គិច​ជាមួយ​មិត្ត​រួម​ក្រុមក្នុង​ពេល​ហ្វឹកហាត់​ដែល​ជា​មូលហេតុ​ធ្វើ​ឱ្យ​រូបគេ​ខកខាន​មិនបាន​ចូលរួម​លេង​ជាមួយ​ក្រុមក្នុង​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​លី​កកំពូល​កម្ពុជា​អស់​ជាច្រើន​សប្តាហ៍​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ ទោះជា​កីឡាករ​រូប​នេះ​វះកាត់​បាន​ជោគជ័យ​មែន​ តែ​រូបគេ​ត្រូវការ​ពេលសម្រាក​មួយរយៈពេល​ទៀត​ មុននឹង​ត្រឡប់​មក​ទីលាន​សាជាថ្មី​ម្តង​ទៀត​ក្នុង​ពេល​ឆាប់​ៗនេះ​ ដើម្បី​បន្ត​ជួយ​មិត្ត​រួម​ក្រុម​ និង​ក្លិប​ឱ្យ​ទទួល​បាន​សមិទ្ធ​ផល​ថ្មី​ៗនា​ពេល​ខាងមុខ​៕

  • ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ផ្តល់​ប្រាក់​រង្វាន់​ដល់​ម្ចាស់​មេដាយ​កីឡា​សាកល​វិទ្យាល័យ​អាស៊ី​

    ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ផ្តល់​ប្រាក់​រង្វាន់​ដល់​ម្ចាស់​មេដាយ​កីឡា​សាកល​វិទ្យាល័យ​អាស៊ី​

    អ្នកប្រដាល់​គុន​ខ្មែរ​ 3រូប​ អេ​ យ៉ានុ​ត សែន​ រ៉ា​ឌី​ និងកីឡា​ករ​ សែន​ រ៉ា​ឌេ​ត ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ពី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បន្ទាប់ពី​ពួកគេ​ប្រកួត​ឈ្នះ​មេដាយ​លើ​ប្រភេទ​កីឡា​វ៉ូ​វី​ណាម​ ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​សាកល​វិទ្យាល័យ​ និង​ជើងឯក​អាស៊ី​នៅ​ឥណ្ឌូណេស៊ី​ នា​ពេល​កន្លងទៅ​។

    ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ផ្ដល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ដល់​ 4ប្រភេទ​កីឡា​ រួមមាន​ ប៉េតង់​ ការ៉ាតេ​ វាយ​កូនឃ្លី​លើ​តុ​ និងកីឡា​វ៉ូ​វី​ណាម​ នៅក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​ថ្មី​ជាប់នឹង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ ដោយ​ក្នុង​នោះ​ យ៉ានុ​ត ទទួល​បាន​ 23លាន​រៀល​ រ៉ា​ឌេ​ត 33លាល​រៀល​ និង​ រ៉ា​ឌី​ 17លាន​រៀល​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ កម្ពុជា​ទទួល​បាន​មេដាយ​សរុប​ 27​ ពី​កម្មវិធី​នេះ​ ដោយ​បាន​មេដាយមាស5​ ប្រាក់10​ និង​ សំរឹទ្ធ12​ ឈរ​លើ​លំដាប់​លេខ8​ ក្នុងចំណោម​ 11ប្រទេស​ដែល​បាន​ចូលរួម​ ពោល​គឺ​នៅ​ពីលើ​ប្រទេស​ ហ្វ៊ីលី​ពីន​ ប្រ៊ុយណេ​ និង​ទីម័រខាងកើត​៕

  • ណាហ្គាវើលដ៍ត្រូវលើកទ័ពទៅប្រកួត AFC CUP ជាមួយក្រុមជើងឯកលីកកំពូលសិង្ហបុរី

    ណាហ្គាវើលដ៍ត្រូវលើកទ័ពទៅប្រកួត AFC CUP ជាមួយក្រុមជើងឯកលីកកំពូលសិង្ហបុរី

    ក្រុមបាល់ទាត់ណាហ្គាវើលដ៍ត្រូវមានកាតព្វកិច្ចសំខាន់មួយតំណាងឱ្យកម្ពុជាក្នុងការប្រកួតពានរង្វាន់ AFC CUP 2019 ដែលស្ថិតនៅក្នុងពូល F ជាមួយនឹងក្រុមជើងឯកលីកកំពូលទាំង3 មកពីតំបន់អាស៊ាន Tampines Rovers (សិង្ហបុរី) YANGON UNITED (មីយ៉ាន់ម៉ា) និង Hanoi FC (វៀតណាម) ។

    ការប្រកួតនៅថ្ងៃទី17 ខែមេសា ឆ្នាំ2019 ក្រុមតំណាងឱ្យកម្ពុជាមួយនេះត្រូវជួបជាមួយនឹងក្រុមម្ចាស់ផ្ទះសិង្ហបុរី (Tampine Rover) ដែលជាជើងឯកលីកកំពូលសិង្ហបុរីប្រចាំឆ្នាំ2018កន្លងទៅនៅវេលាម៉ោង6 និង 30នាទីល្ងាចនៅកីឡដ្ឋាន Singpore Sport Complex។

    គួររំឭកផងដែរថា កាលពីប្រកួតដំបូង ណាហ្គាវើលដ៍ បានចាញ់ក្រុមវៀតណាម Hanoi FC ដែលជាជើងឯកលីកកំពូលវៀតណាមក្នុងលទ្ធផល 10 ទល់នឹង 0 នៅលើទឹកដីទីក្រុងហាណូយ នៃប្រទេសវៀតណាម តែជើងទី2 បានយកឈ្នះក្រុមលីកកំពូលមីយ៉ាន់ម៉ា 2 ទល់នឹង0 មុននឹងចាញ់ក្រុម Tampine Rover កាលពីជើងទី1 ក្នុងលទ្ធផល 5 ទល់នឹង0៕

  • មណ្ឌលកីឡា​ហែលទឹក​ថ្មី​ ស្តង់​ដា​អន្តរជាតិ​នឹង​ចាប់បដិសន្ធិ​នៅក្នុង​សាកល​វិទ្យាល័យ​បាត់ដំបង​ក្រោយ​ចូលឆ្នាំ​ខ្មែរ​រួច​

    មណ្ឌលកីឡា​ហែលទឹក​ថ្មី​ ស្តង់​ដា​អន្តរជាតិ​នឹង​ចាប់បដិសន្ធិ​នៅក្នុង​សាកល​វិទ្យាល័យ​បាត់ដំបង​ក្រោយ​ចូលឆ្នាំ​ខ្មែរ​រួច​

    សម្តេច​ក្រឡាហោម​ ស ខេង​ និង​ប្រធាន​សហព័ន្ធ​កីឡា​ខ្មែរ​ហែលទឹក​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ បាន​ចុះទៅ​ពិនិត្យ​ទីតាំង​គម្រោង​សាងសង់​មណ្ឌលកីឡា​ហែលទឹក​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​បរិវេណ​នៃ​សាកល​វិទ្យាល័យ​ខេត្តបាត់ដំបង​ដែល​គ្រោង​នឹង​សាងសង់​នៅ​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​រួច​។

    ក្នុង​នោះ​ដែរ​ ក្រោយពី​បាន​ពិនិត្យ​រួចរាល់​ ក៏​មានការ​ឯកភាព​លើ​គម្រោង​មួយ​នេះ​ដែល​គ្រោង​សាងសង់​ឡើង​តាម​ស្តង់​ដា​អន្តរជាតិ​ដែល​មាន​ទំហំ​ 25ម៉ែត្រ​គុណ​នឹង​ 20ម៉ែត្រ​ ដើម្បី​អាច​ឱ្យ​កីឡាករ​-កីឡាការិនី​ ទាំង​ជាតិ​ និង​អន្តរជាតិ​ក៏ដូចជា​មហាជន​ទូទៅ​បាន​ធ្វើការ​ហ្វឹកហាត់​កីឡាហែលទឹក​ដើម្បី​សុខភាព​ផង​ដែរ​។

    លោក​ ហែម​ គិរី​ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​ខ្មែរ​ហែលទឹក​បាន​ប្រាប់​ថា​ ការសាងសង់​មណ្ឌលកីឡា​ហែលទឹក​នៅ​ខេត្តបាត់ដំបង​នេះ​ ជា​ផែនការមេ​របស់​សហព័ន្ធ​កីឡា​ខ្មែរ​ហែលទឹក​ក្នុង​កិច្ច​អភិ​ឌ្ឍ​ និង​បណ្តុះបណ្តាល​កីឡាករ​-កីឡាការិនី​ឈុត​ធំ​ និង​ថ្នាល​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្ត​ការណ៍​កីឡា​ថ្នាក់​ខេត្ត​ ថ្នាក់​ជាតិ​ និង​ការប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​ ( SEA​ GAMES​ 2023​ ) នា​ពេល​ខាងមុខនេះ​៕

  • ធារី ចន្ថាប៊ីន រងពិន័យមិនឱ្យចូលទីលានប្រកួតលីកកំពូលម៉ាឡេស៊ីចំនួន 1ប្រកួត

    ធារី ចន្ថាប៊ីន រងពិន័យមិនឱ្យចូលទីលានប្រកួតលីកកំពូលម៉ាឡេស៊ីចំនួន 1ប្រកួត

    កាលពីពេលថ្មីៗនេះ កីឡាករកូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានបង្ហាញអារម្មណ៍សោកស្តាយក្រោយនៅក្នុងបណ្តាញសង្គមថា “Sad that i can’t be part of the team this weekend due to my suspension but i will support from home and I believe you guys can do it ! 🙏💪🇲🇾 PETEH GANU PETEH!!!”

    កីឡាករ ធារី ចន្ថាប៊ីន​ បានទទួលកាតលឿងកាលពីការប្រកួតលើកចុងក្រោយ ខណៈដែលខ្លួនធ្លាប់ទទួលកាតលឿងម្តងរួចមកហើយកាលពីការប្រកួតមុនៗ ដែលធ្វើឱ្យរូបគេត្រូវបានដកឈ្មោះចេញពីការប្រកួតចំនួន 1ប្រកួត។

    កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ ធារី ចន្ថាប៊ីន​ កំពុង​ប្រកប​អាជីព​បាល់ទាត់​នៅ​ក្លិប​ Terengganu FA នៃ​លីក​បាល់ទាត់​ម៉ាឡេស៊ី​ឆ្នាំ​ទី​2​​ បន្ទាប់​ពី​ឆ្នាំ​ទី​1 ​រដូវ​កាល​2018 រូបគេ​​ធ្វើ​បានយ៉ាង​ល្អ ​រហូត​ដល់ក្លិប​​បន្ត​កុងត្រា​ថ្មី៕