Category: សង្គម និងសេដ្ឋកិច្ច

  • ក្រុមហ៊ុន​ Signatures​ of​ Asia​ ចុះ​ MoU​ ជាមួយ​សមាគម​កសិកម្ម​ និង​ក្រុមហ៊ុន​ 6ទៀត​ដើម្បី​ជួយ​វិស័យ​កសិកម្ម​ឱ្យ​មាន​និរន្តរភាព​

    ក្រុមហ៊ុន​ Signatures​ of​ Asia​ ចុះ​ MoU​ ជាមួយ​សមាគម​កសិកម្ម​ និង​ក្រុមហ៊ុន​ 6ទៀត​ដើម្បី​ជួយ​វិស័យ​កសិកម្ម​ឱ្យ​មាន​និរន្តរភាព​

    ដើម្បី​លើកកម្ពស់​ជីវភាព​ និង​ប្រាក់ចំណូល​ដល់​កសិករ​ខ្នាត​តូច​ និង​លើកកម្ពស់​ចង្វាក់​តម្លៃ​កសិផល​ប្រកបដោយ​និរន្តរភាព​ ក្រុមហ៊ុន​ Signatures​ of​ Asia​ ដែល​ជា​ក្រុមហ៊ុននាំចេញ​អង្ករ​សរីរាង្គ​ រួម​ទាំង​កសិផល​ជាច្រើន​មុខ​ផ្សេងទៀត​នោះ​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU​) ជាមួយ​សមាគម​ និង​ក្រុមហ៊ុន​ចំនួន6​ ផ្សេងទៀត​ ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​កសិកម្ម​ឱ្យ​កាន់តែ​រីកចម្រើន​រឹងមាំ​ថែមទៀត​។

    ភាពជា​ដៃគូ​លើ​ចង្វាក់​តម្លៃ​ និង​កសិកម្ម​ប្រកបដោយ​និរន្តរភាព​នេះ​ មាន​គោលបំណង​ធ្វើ​ឱ្យ​មាន​អ្នក​ពាក់ព័ន្ធ​កាន់តែ​ច្រើន​ដើម្បី​ចូលរួម​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​ទាំងមូល​ និង​ជួយ​កាត់បន្ថយ​បញ្ហា​ប្រឈម​ដែល​កើតមានឡើង​ចំពោះ​កសិករ​ ដូចជា​ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ បច្ចេកវិទ្យា​ បច្ចេកទេស​កសិកម្ម​ ធាតុ​ចូល​កសិកម្ម​ និង​ការ​ទទួល​បាន​ទី​ផ្សា​រថ្មីៗ​ជាដើម​។

    ភាពជា​ដៃគូ​លើ​ចង្វាក់​តម្លៃ​ និង​កសិកម្ម​ប្រកបដោយ​និរន្តរភាព​នេះ​នឹង​មានការ​ចូលរួម​ពី​អ្នក​ផ្តត់​ផ្គង់​ធាតុ​ចូល​ អ្នកគាំទ្រ​ បច្ចេកទេស​ បច្ចេកវិទ្យា​កសិកម្ម​ និង​ម៉ាស៊ីន​ ការធានា​រ៉ាប់រង​លើ​ដំណាំ​ អ្នក​កែច្នៃ​ អ្នកនាំ​ចេញ​ អ្នកនាំ​ចូល​ និង​ស្ថាប័ន​ធនាគារ​ និង​ហិរញ្ញវត្ថុ​។

    ម៉ូដែល​លើ​ចង្វាក់​តម្លៃ​ និង​កសិកម្ម​ដែល​មាន​និរន្តរភាព​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយក្រុម​ហ៊ុន​ Signatures​ of​ Asia​ ជាមួយ​សហគមន៍​កសិកម្ម​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ក្រុមហ៊ុន​ Bayon​ Heritage​ Holding​ Group​ វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​កម្ពុជា​ អង្គការ​ទស្សន​ពិភពលោក​ ក្រុមហ៊ុន​កសិកម្ម​ឈ្លាសវៃ​ ក្រុម​ហ៊ុន​ហ្វូ​តតេ​ ក្រុមហ៊ុន​នាំចូល​ផលិតផល​កសិកម្ម​សរីរាង្គ​របស់​ប្រទេស​ហូ​ឡង់​ DOENS​ Foods​ International​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ AMK​។

    លោក​ ចាន់​ សុ​ឃាំង​ អគ្គនាយក​នៃ​ក្រុមហ៊ុន​ Signatures​ of​ Asia​ បានឱ្យ​ដឹង​ថា​ ការ​សហការ​ ប្រមូល​ផ្តុំ​ដៃគូ​ទាំងអស់​ទាក់ទង​នឹង​វិស័យ​កសិកម្ម​នេះ​ គឹ​ធ្វើ​យ៉ាងណា​ទ្រទ្រង់​វិស័យ​កសិកម្ម​ឱ្យ​មាន​ចីរភាព​ ដែល​នឹង​ផ្សារភ្ជាប់​តាំងពី​ការ​ដាំដុះ​ រហូតដល់​ទីផ្សារ​ ហើយ​ដើម្បី​បង្ហាញ​ឱ្យ​អ្នក​ដែល​បាន​ធ្វើការ​ដាំដុះ​ទាំងអស់​ ឱ្យ​គាត់​បានដឹង​ថា​ តើ​គាត់​គួរ​ដាំដុះ​ដំណាំ​ប្រភេទ​ណា​ ដែល​មានតម្លៃ​ខ្ពស់​ទៀតផង​។

    លោក​បាន​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​ Signatures​ of​ Asia​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅពេល​នេះ​ គឺ​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​អភិវឌ្ឍ​ទៅលើ​វិស័យ​កសិកម្ម​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត​ ហើយ​ដៃគូ​ពាក់ព័ន្ធ​ដែល​បាន​ចុះ​ MoU​ នៅពេល​នេះ​ មាន​សហគមន៍​ខ្លះ​ ធ្វើ​កសិកម្ម​ទាក់ទង​នឹង​ស្រូវ​សរីរាង្គ​ សហគមន៍​ខ្លះ​ធ្វើ​ពាក់ព័ន្ធ​នឹង​ស្ករត្នោត​ និង​សហគមន៍​ខ្លះទៀត​ គឺ​កំពុងតែ​គិតគូរ​លើ​ដំណាំ​សរីរាង្គ​ដូចជា​ សណ្តែក​ខៀវ​ ម្រេច​ និង​ស្វាយចន្ទី​ជាដើម​។

    លោក​ សុ​ឃាំង​ បាន​បន្ត​ថា​ នៅពេល​ដែល​ក្រុមហ៊ុន​បាន​ចាប់ដៃ​គ្នា​ជា​ដៃគូ​ហើយ​ គឺ​យើង​នឹង​មានការ​ទ្រទ្រង់​ច្រើនជាង​អ្វី​ដែល​ធ្លាប់ធ្វើ​ពី​មុន​ៗមក​ ដែល​នៅពេល​នេះ​មាន​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ AMK​ បាន​ត្រៀម​កញ្ចប់​ថវិកា​ទ្រទ្រង់​រួចហើយ​ សម្រាប់​សហគមន៍​ទាំង15​ ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ ដើម្បី​ត្រៀម​ជួយ​ផ្នែក​ហិរញ្ញប្បទាន​ ធ្វើ​យ៉ាងណា​ឱ្យ​គាត់​អាច​មាន​ជា​ទុន​ផលិត​ដំណាំ​ដាំដុះ​បាន​ជាច្រើន​ជាង​មុន​ផង​ដែរ​។

    លោក​ សុ​ឃាំង​ ក៏បាន​ស្នើ​ដល់​សហគមន៍​ដែល​មាន​សក្តា​នុ​ពល​ក្នុង​ការផលិត​កសិផល​សរីរាង្គ​ទាំងឡាយ​អាចម​កទំនាក់ទំនង​នឹង​ក្រុមហ៊ុន​ Signatures​ of​ Asia​ ដើម្បី​ធ្វើការ​ពិភាក្សា​ ស្វែងរក​ផលិតផល​ដែល​មាន​សក្តា​នុ​ពល​អាច​ធ្វើការ​ដាំដុះ​បាន​ ហើយ​ក្រុមហ៊ុន​នឹង​ទទួល​ទិញ​ក្នុង​តម្លៃ​ដែល​សមរម្យ​ និង​នាំ​យក​ទៅ​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ​តែម្តង​។

    លោក​ សុ​ឃាំង​ ថ្លែង​ថា​៖“យើង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ៗ ហើយ​នា​ពេល​ខាងមុខនេះ​ យើង​នឹង​ចុះ​កិច្ច​ព្រមព្រៀង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​សហគមន៍​កសិកម្ម​ចំនួន15​ ទូទាំង​ប្រទេស​”។

    លោក​បន្ត​ថា​ ជាមួយនឹង​កិច្ចសហការ​ភាពជា​ដៃគូ​នេះ​ នឹង​គាំទ្រ​កសិករ​បាន​ច្រើនជាង​មុន​ ខណៈ​យើង​មានដៃ​គូ​ខាង​មីក្រូហិរញ្ញវត្ថុ​ អេ​ អឹម​ ខេ​ (AMK​) ក្នុង​ការ​ផ្តល់​ជា​ហិរញ្ញប្បទាន​ ព្រម​ជាមួយ​ដៃគូ​បញ្ជាទិញ​ដែល​គួរ​ឱ្យ​ទុកចិត្ត​ក្នុង​ការ​ផ្តល់​ទំនុកចិត្ត​ដល់​កសិករ​ និង​ធានា​ថា​ កសិករ​មាន​ទីផ្សារ​មួយ​ពិតប្រាកដ​។

    លោក​ សុ​ឃាំង​ បានឱ្យ​ដឹង​ថា​ រហូត​មកទល់​ពេលនេះ​ ក្រុមហ៊ុន​បាន​ធ្វើការ​ជាមួយ​សហគមន៍​កសិកម្ម​ នៅ​ខេត្តព្រះវិហារ​ ខេត្ត​ស្ទឹងត្រែង​ ខេត្ត​កំពង់ស្ពឺ​ ខេត្តកំពង់ធំ​ បន្ទាយមានជ័យ​ កំពង់ឆ្នាំង​ តាកែវ​ ស្វាយរៀង​ និង​កោះកុង​។

    លោក​ Joeri​ Valckenier​ Von​ Geusau​ អ្នកបញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ Doens​ Food​ Ingredients​ B.V​. របស់​ប្រទេស​ហូ​ឡង់​បានឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​របស់​លោក​នឹង​នាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា​ដើម្បី​យក​ទៅ​កែច្នៃ​ និង​លក់​នៅ​សហគមន៍​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​ ដោយក្រុម​ហ៊ុន​របស់​លោក​នឹង​ស្វែង​ដំ​ណាំ​សក្តា​នុ​ពល​នៅ​កម្ពុជា​បន្ថែម​ទៀត​។

    លោក​ Joeri​ ថ្លែង​ថា​ ក្នុងរយៈពេល​ពី3​ ទៅ​ 3ឆ្នាំ​ទៀត​ ក្រុមហ៊ុន​របស់​លោក​នឹង​ស្វែងរក​ការនាំចេញ​ដំណាំ​កសិកម្ម​សរីរាង្គ​ពី​កម្ពុជា​ដែល​មាន​ដូចជា​ អង្ករ​សរីរាង្គ​ ប្រមាណ​ 7,500​ ទៅ​ 10,000តោន​ ស្ករត្នោត​(100​ ទៅ​ 200តោន​) ស្ករអំពៅ​ (2,500តោន​) ស្វាយចន្ទី​ 1,500​ ទៅ​ 2,000តោន​ មើម​រមៀត​ 200​ ទៅ​ 500តោន​ សណ្តែកសៀង​ 2,500​ ទៅ​ 5,000តោន​ និង​ម្រេច​ប្រមាណ​ជា​ 500តោន​។

    លោក​ Joeri​ បាន​បន្ត​ថា​៖“អ្វី​ដែល​យើង​នឹង​ធ្វើ​ គឺ​ធានា​ថា​ រាល់​ផលិតផល​ត្រូវតែ​ស្អាត​ និង​មាន​សុវត្ថិភាព​សម្រាប់​អតិថិជន​បរិភោគ​ ដូច្នេះ​យើង​បាន​ធ្វើការ​ត្រួតពិនិត្យ​មុននឹង​ដឹកជញ្ជូន​ឡើងកប៉ាល់​ ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ផលិតផល​ដែល​បាន​បម្រើ​ដល់​អតិថិជន​របស់​យើង​នឹង​ទទួល​បាន​សុវត្ថិភាព​ក្នុង​ការ​ទទួលទាន​ ហើយ​វា​ក៏​ជួយ​បង្កើន​ចំណេះដឹង​ដល់​កសិករ​អំពី​តម្រូវការ​របស់​អឺរ៉ុប​ និង​អាមេរិក​ផង​ដែរ​”៕

  • IMF​ ថា​ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំនេះ​នឹង​សម្រេច​បាន​កំណើន​ត្រឹម​ 6.8​%

    IMF​ ថា​ សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំនេះ​នឹង​សម្រេច​បាន​កំណើន​ត្រឹម​ 6.8​%

    ថ្វី​ដ្បិតតែ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​នេះ​ដោយ​សម្រេច​បាន​ប្រមាណ​ជាង7​% ក្ដី​ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​នៃ​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ​ International​ Monitary​ Fund​ ឬ IMFបាន​ព្យាករ​ថា​ សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ2019​ នឹង​សម្រេច​បាន​កំណើន​ត្រឹមតែ​ 6,8​% ដែល​ជា​ការ​ថយ​ចុះ​មួយ​ ខណៈ​ឆ្នាំ2018​ កន្លងមក​នេះ​ សេដ្ឋកិច្ច​កម្ពុជា​សម្រេច​បាន​កំណើន​ 7.5​%។

    ក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​ ជា​ ចាន់​តូ​ ទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ​ក្រុម​បេសកកម្ម​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​លោក​ Jarkko​ Turunen​ អនុប្រធាន​ការិយាល័យ​នៃ​នាយកដ្ឋាន​អាស៊ី​ប៉ាស៊ីហ្វិក​ (APD​) ដែល​បាន​មក​ទស្សនកិច្ច​កម្ពុជា​ បាន​បង្ហាញ​សុទិដ្ឋិនិយម​លើ​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា​នា​ឆ្នាំ2019​ និង​ក្នុងរយៈ​កាល​មធ្យម​ ដោយ​ប៉ាន់ស្មាន​ថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ2018​ សម្រេច​បាន​ក្នុង​អត្រា7.5​% និង​ព្យាករ​ថា​ សេដ្ឋកិច្ច​កម្ពុជា​មាន​អត្រា6.8​% នៅ​ឆ្នាំ2019​ និង​ក្នុងរង្វង់7​% នៅ​ឆ្នាំ2020​។ ​

    មន្ត្រី​ជំនាញ​ IMF​ បាន​បន្ត​ឱ្យ​ដឹង​ថា​ ​អតិផរណា​ត្រូវ​បាន​ព្យាករ​ថា​ ​;នឹង​បន្ត​មានកម្រិត​ទាប​ក្នុងរង្វង់​ 3% ទាំង​ក្នុងរយៈ​កាល​ខ្លី​ និង​មធ្យម​ជាមួយនឹង​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់​ល្អ​ប្រសើរ​។ ចំណែក​ឯទុនបម្រុង​អន្តរជាតិ​នឹង​បន្ត​រក្សា​បាន​កម្រិត​ប្រមាណ​ 5ខែ​នៃ​ការនាំចេញ​ទំនិញ​ និង​សេវា​នៃ​ឆ្នាំ​បន្ទាប់​។ ទន្ទឹម​នេះ​ វិស័យ​ធនាគារ​នឹង​បន្ត​រក្សា​បាន​វឌ្ឍនភាព​ និង​ស្ថិរភាព​ជាមួយនឹង​និន្នាការ​កំណើន​ឥណទាន​ថយ​ចុះ​សន្សឹម​ៗ ក្នុង​អត្រា​សមស្រប​ទៅ​នឹង​ការ​រីកចម្រើន​របស់​សេដ្ឋកិច្ច​។

    ទោះជាយ៉ាងណា​ កាលពី​ពេល​ថ្មី​ៗនេះ​លោកស្រី​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​នៃ​ធនាគារជាតិនៃកម្ពុជា​បាន​អះអាង​ថា​ សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ2019​ នេះ​នឹង​សម្រេច​បាន​កំណើន7​%ដោយសារ​ការ​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​ កសិកម្ម​ វាយនភណ្ឌ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ​និង​វិស័យ​សេវាកម្ម​ដែល​កំពុង​មានការ​រីកចម្រើន​នៅ​កម្ពុជា​។

    ជាមួយគ្នា​នេះ​ដែរ​ ក្រុមការងារ​រូបិយវត្ថុ​អន្តរជាតិ​ក៏បាន​ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កម្ពុជា​នៅក្នុង​ជំនួប​ដោយឡែក​មួយផ្សេងទៀត​ថា​ ទោះបី​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​បន្ត​កំណើន​រឹងមាំ​ជាមធ្យម​ប្រមាណ​ត្រឹម​ 6.5​% ទៅ7​% ក្នុង​ 1ឆ្នាំ​សម្រាប់​រយៈពេល​ខ្លី​ និង​មធ្យម​ខាងមុខ​ ស្រប​ទៅ​នឹង​ស្ថានភាព​ល្អ​ប្រសើរ​នៃ​លទ្ធផល​អនុវត្តន៍​ផ្នែក​សារពើពន្ធ​ក្ដី​ តែ​ហានិភ័យ​សម្រាប់​កម្ពុជា​កាន់តែ​មាន​ទំហំ​ធំជាង​មុន​ ដែល​រួមមាន​លទ្ធផល​នៃ​ការ​ដក​ EBA​ ដោយ​សហភាព​អឺរ៉ុប​ សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​ ការ​ចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ (Brexit​) ជាដើម​។ ដោយហេតុថា​ ជាទូទៅ​ផ្អែកលើ​លទ្ធផល​នៃ​សកម្មភាព​សេដ្ឋកិច្ច​ជា​រួម​នា​ចុងឆ្នាំ2018​ និង​ដើមឆ្នាំ2019​ នេះ​ កំណើន​សេដ្ឋកិច្ច​សកល​ និង​ក្នុង​តំបន់​មាន​និន្នាការ​ថមថយ​ចុះ​។

    ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ការសិក្សា​វាយតម្លៃ​បឋម​អំពី​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​កម្ពុជា​ដែល​រៀបចំ​ដោយក្រុម​បេសកកម្ម​ការងារ​នៃ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​(International​ Monetary​ Fund​ Staff​ Visit​ Mission​) នៅ​ទី​ស្តី​ការក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

    ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ​បាន​ជម្រាប​ជូន​ក្រុមការងារ​អំពី​ភាព​ខុសគ្នា​នៃ​លទ្ធផល​ព្យាករ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ2020​ របស់​រាជរដ្ឋាភិបាល​ និង​លទ្ធផល​ព្យាករ​របស់​ក្រុមការងារ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ថា​ ដោយសារ​កម្ពុជា​បាន​ដាក់បញ្ចូល​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ដក​ EBA​ ដោយ​សហភាព​អឺរ៉ុប​ទៅ​ក្នុង​ការ​ព្យាករ​សេដ្ឋកិច្ច​តែម្ដង​ ដោយរួមទាំង​មាន​រៀបចំ​ជា​កញ្ចប់​អន្តរាគមន៍​ ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ និង​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឱ្យមក​នៅ​អត្រា​ 6.5​%វិញ​ ខណៈ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ចាត់ទុក​ការ​ដក​ EBA​ ត្រឹមតែ​ជា​ហានិភ័យ​ប៉ុណ្ណោះ​ ពោល​គឺ​មិនបាន​ដាក់បញ្ចូល​ផ្ទាល់​ទៅ​ក្នុង​លទ្ធផល​ព្យាករ​នោះ​ទេ​។

    អគ្គបណ្ឌិត​សភា​ចារ្យ​ អូន​ ព័ន្ធ​មុ​ន្នី​រ័ត្ន​ ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ​ ចំពោះ​ការ​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​ពីសំណាក់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ក្នុង​ការ​កសាង​សមត្ថភាព​មន្ត្រី​កម្ពុជា​ឱ្យ​កាន់តែ​មាន​ជំនាញ​ និង​ចំណេះដឹង​ល្អ​ប្រសើរ​ជាង​មុន​ ជាពិសេស​ការ​ផ្ដល់​ជំនួយ​បច្ចេកទេស​លើ​ការ​ចងក្រង​ស្ថិតិ​ជា​រួម​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សារៈសំខាន់​សម្រាប់​ការវិភាគ​ វាយតម្លៃ​ និង​រៀបចំ​គោលនយោបាយ​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ជាង​មុន​៕

  • អ្នកនាង ភីម និយាយអារម្មណ៍ពិតក្រោយនាយ តាក់ស៊ី បើកចិត្តឱ្យយកប្ដីថ្មី

    អ្នកនាង ភីម និយាយអារម្មណ៍ពិតក្រោយនាយ តាក់ស៊ី បើកចិត្តឱ្យយកប្ដីថ្មី

    តាមរយៈការបង្ហោះសាររបស់លោក អ៊ឹម ជីវ៉ា នៅបណ្ដាញសង្គមហ្វេសប៊ុកបានឱ្យដឹងថា តារាកំប្លែងនាយតាក់ស៊ីនឹងលាឈប់ពីសិល្បៈដោយសម្រេចបួសអស់មួយជីវិត ហើយនិងបើកផ្លូវឱ្យភរិយារបស់លោក គឺអ្នកនាងភីម យកគ្រួសារថ្មី ដែលធ្វើឱ្យម្នាក់ៗមានការប៉ាន់ស្មានយ៉ាងខ្លាំងថា ជីវិតប្ដីប្រពន្ធមួយគូនេះទំនងជួបវិបត្តិប្រេះស្រាំដល់ថ្នាក់ផ្សះផ្សារលែងបាន ទើបបណ្ដាលឱ្យតារាកំប្លែងនាយតាក់ស៊ីបោះពាក្យបែបនោះប្រាប់លោក អ៊ឹម ជីវ៉ា និងសម្រេចចិត្តបួសឱ្យឆ្ងាយពីប្រពន្ធកូន ដោយគ្មានអាល័យបែបនេះ។ ក្នុងបទសម្ភាសន៍ជាមួយអ្នកនាង ភីម ជាភរិយា អ្នកនាងបញ្ជាក់ប្រាប់ពីជំហររបស់នាយតាក់ស៊ី នៅក្នុងពេលនេះ។

    អ្នកនាងភីម និយាយថា រវាងអ្នកនាង និង នាយតាក់ស៊ី អត់មានបញ្ហាគ្រួសារណាមួយកើតឡើងនោះទេ ដោយទោះជាលោកមានវ័យច្រើនជាង ហើយមានជំងឺប្រចាំកាយ ក៏អ្នកនាងមិនដែលមានអារម្មណ៍ធុញទ្រាន់ក្នុងការថែទាំនោះដែរ។ អ្នកនាងថា នាយតាក់ស៊ីសូម្បីតែការធ្វើទុក្ខបុកម្នេញដាក់ភរិយា និងកូនប្រុសដែលជាដំណក់ឈាមក៍មិនមាននោះដែរ ប៉ុន្តែអ្វីដែលធ្វើឱ្យលោកចាប់ផ្ដើមបែកគំនិតចង់តែបួស ហើយមិនចង់រស់នៅជួបជុំជាមួយប្រពន្ធកូននៅក្នុងពេលនេះ គឺដោយសារតែលោកពិបាករឿងជំងឺប្រចាំកាយ និងចង់តែបួស ហើយប្រាប់អោយនាងស្វែងរកគ្រួសារថ្មី ដើម្បីកុំឱ្យបន្តពិបាកជាមួយលោកបន្តទៀតតែម្ដង។ អ្នកនាងថា នាយតាក់ស៊ីលួចទៅបួសរត់ចោលប្រពន្ធកូនព្រោះតែជំងឺបាក់ទឹកចិត្តបែបនេះម្ដងហើយ ប៉ុន្តែក្រោយពេលតាមរកឃើញនៅភ្នំគូលែន ហើយមានការអង្វរករក៏សម្រេចចិត្តសឹកមកវិញ។

    អ្នកនាងភីម បន្តថា នៅក្នុងពេលនេះ ស្វាមីរបស់ខ្លួន គឺនាយតាក់ស៊ី ចាប់ផ្ដើមឃាត់លែងជាប់តែម្ដង ដោយលោកប្រកាសថាត្រូវតែទៅបួស បើទោះជាបួសបានតែមួយថ្ងៃហើយត្រូវស្លាប់ក៏លោកប្រកាសថាអស់ចិត្ត។ អ្នកនាងថា ទាំងក្រុមការងារ និង ក្រុមគ្រួសារសុទ្ធតែអង្វរកររាល់ថ្ងៃកុំអោយលោកគិតខ្លី និងស្មើ​ឱ្យលោកបន្តរស់នៅជួបជុំជាមួយគ្រួសារប្រពន្ធកូន តែលោកនៅតែអះអាងថា បើលោកមិនបានទៅបួស នោះលោកនឹងស្លាប់បិទភ្នែកមិនជិត។ លោកអង្វរឱ្យអ្នកនាងបើកសិទ្ធិឱ្យលោកទៅបួស ដោយលោកប្រកាសជំហរថា បើមិនឱ្យទៅបួសតាមសម្រួលទេ គឺលោកនឹងរត់ទៅបួសមិនឱ្យដឹង ហើយបើទោះជាស្លាប់រស់ក្រោយពេលសាងផ្នួស ក៏លោកមិនឱ្យប្រពន្ធកូនដឹង។ អ្នកនាងថា មកទល់ពេលនេះស្ថានភាពពន្យល់ និងអង្វរករចាប់ផ្ដើមអស់ជម្រើស ទើបអ្នកនាងសុខចិត្តឱ្យលោកទៅបួស តែសុំឱ្យលោកបួសនៅវត្តគល់ទទឹងនៅកោះក្របី ដើម្បីអោយកីនប្រពន្ធបានឡើងចុះមើលថែ ប៉ុន្តែលោកទទូចចង់ទៅបួសនៅឯភ្នំគូលែនដូចមុន។

    អ្នកនាងនិយាយថា ខ្លួនពិតជាមានសម្ពាធផ្លូវចិត្តខ្លាំងណាស់ ដែលប្ដីចង់តែបួស ចង់តែទៅឆ្ងាយប្រពន្ធកូន ហើយដើរប្រាប់គេឯងថាឱ្យអ្នកនាងយកប្ដីទៀត ឬចិញ្ចឹមកូនបានយ៉ាងមិចក៏ចិញ្ចឹមទៅ ដែលមនុស្សមួយចំនួនស្ដាប់ហើយហាក់ដូចជាអ្នកនាង និងលោកមានបញ្ហាផ្ទៃក្នុង។ នៅក្នុងពេលនេះ អ្នកនាងសម្រេចឱ្យប្ដីទៅបួសនៅចុងខែ៥នេះ តែអ្វីដែលអ្នកនាងអង្វរប្ដីឱ្យធ្វើតាមនាង គឺសុំឱ្យបួសនៅវត្តគល់ទទឹង ដើម្បីឱ្យអ្នកនាង និងកូនតែម្នាក់វ័យជាង១០ឆ្នាំបានមើលថែ។

  • វី​ជេ​ អូ​ឡា​ឡា​ សម្រេច​បំណង​ចុះ​កុងត្រា​ជាមួយ​ប៉ុ​ស្តី៍​លេខ៥

    វី​ជេ​ អូ​ឡា​ឡា​ សម្រេច​បំណង​ចុះ​កុងត្រា​ជាមួយ​ប៉ុ​ស្តី៍​លេខ៥

    ​លោកអ្នក​ដែល​ស្នេហា​វិស័យ​កីឡាប្រដាល់​របស់​ប៉ុ​ស្តី៍​លេខ៥​ នា​ចុង​សប្តាហ៍​ពិតជា​បាន​ស្គាល់​វត្តមាន​ពិធីករ​អត្ថា​ធិប្បាយ​សម្បូរ​វោហារ​ស័ព្ទ​មិន​ចេះ​រីងស្ងួត​គឺ​ លោក​ វី​ជេ​ អូ​ឡា​ឡា​ ដោយ​លោក​មាន​ពាក្យពេចន៍​និយាយ​បញ្ចេញ​បញ្ចូល​ដ៍​ជំនាញ​មួយ​។

    ស្ថិត​ក្នុង​ការងារ​ប្រចាំ​ស្ថានីយ៍​មួយ​នេះ​ លោក​ទើបតែ​សម្រេចចិត្ត​ចូលស៊ុប​ពេញទំហឹង​នា​ពេលនេះ​ទេ​ បន្ទាប់ពី​ស្វែងយល់​ពី​លក្ខ​ខណ្ឌដ៍​ល្អ​រួចមក​។វី​ជេ​អូ​ឡា​ឡា​ ទើបតែ​សម្រេចចិត្ត​ទទួល​ចំណង​លក្ខខណ្ឌ​ជាមួយ​ស្ថានីយ៍​ប៉ុ​ស្តី៍​លេខ៥​ កាលពី​ពេល​ថ្មី​ៗនេះ​តែប៉ុណ្ណោះ​ បើ​ទោះជា​លោក​ដំណើរការ​កម្មវិធី​ប្រដាល់​ប្រចាំ​សប្តាហ៍​រាប់​សិប​អាទិត្យ​មក​ហើយ​។ លោក​ អូ​ឡា​ឡា​ បាន​ថ្លែង​ថា​ លោក​ទើបតែ​ចុះ​កុងត្រា​ ជាមួយ​មេ​កើយ​នា​ប៉ុ​ស្តី៍​លេខ៥​ ក្រោយពេល​ចរ​ចារ​គ្នា​ត្រូវចិត្ត​។ អំឡុង​ពេល​លោក​យក​ចំណង​នេះ​ លោក​ក៏​ស្តាយ​ការងារ​កន្លែង​ចាស់​គ្រាដែល​ខាង​មេ​ចាស់​ក៍​គាត់​ឱ្យ​តម្លៃ​ការងារ​ប៉ុន្តែ​នេះ​ជា​ឱកាស​ដែល​យើង​ត្រូវ​សម្រេចចិត្ត​។ លោក​អះអាង​ទៀត​ថា​ ការ​ចូល​ពេញទំហឹង​ជាមួយ​ការងារ​ទូរទស្សន៍​ប៉ុ​ស្តី៍​លេខ៥​ លោក​មានតែ​ពង្រឹង​ស្នាដៃ​ឱ្យ​ល្អ​តាមតែ​អាច​ធ្វើ​បា​នក៍​ដូចជា​ដក​បទ​ពិសោធ​ន៍​ថ្មី​ៗទៀត​ទាក់ទិន​និង​ជំនាញ​។

    មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ​ការសម្រេច​ចិត្ត​នេះ​លោក​ក៏​មើលឃើញ​ពី​ស្តង់ដារ​ការងារ​គឺ​ធ្វើ​ឱ្យ​លោក​ពេញចិត្ត​ទើប​ងាក​មក​ទទួល​ក្រោយពេល​មើលឃើញ​ពីរ​បៀ​បកា​រងា​រម​ក។ យ៉ាងណាមិញ​រូបលោក​មានតែ​ការ​ព្យាយាម​ឱ្យ​ល្អ​ហើយក៏​រីករាយ​បាន​រួម​សហការ​ជាមួយ​ក្រុមការងារ​ហើយ​កាន់តែ​ពិសេស​ លោក​ក៏​កក់ក្តៅ​ក្រោយពេល​ឃើញ​ទស្សនិកជន​ជួយ​គាំទ្រ​វិស័យ​កីឡាប្រដាល់​របស់​ប៉ុ​ស្តី៍​លេខ៥​ អាច​ដើរទៅ​មុខ​បាន​។ ជំហរ​នេះ​ហើយ​ទើ​បក៍​ជា​ផ្នែក​ជួយ​ឲលោក​ជ្រើសរើស​លក្ខខណ្ឌ​បែបនេះ​ផង​ដែរ​។

  • លើកនេះ សុខ ធី ត្រៀមជួបកំពូលកីឡាករថៃ Rodtang នៅ​ថ្ងៃ​ទី10​ ខែ​ឧសភា​ ឆ្នាំ​2019​ ខាង​មុខ​នេះ​

    លើកនេះ សុខ ធី ត្រៀមជួបកំពូលកីឡាករថៃ Rodtang នៅ​ថ្ងៃ​ទី10​ ខែ​ឧសភា​ ឆ្នាំ​2019​ ខាង​មុខ​នេះ​

    ជើង​ខ្លាំង​មានដើម​កំណើត​មក​ពីខេត្ត​បន្ទាយ​មានជ័យ​ សុខ​ ធី​ នឹង​ត្រូវឡើង​ប្រកួតជាលក្ខណៈ​មិត្តភាព​អន្តរជាតិ​ជា​មួយ​អ្នក​ប្រដាល់​លំដាប់ជួរ​មុខ​របស់​ថៃ​ គឺ​កីឡាករ​ Rodtang​ នៅ​ថ្ងៃ​ទី10​ ខែ​ឧសភា​ ឆ្នាំ​2019​ ខាង​មុខ​នេះ​នៅ​សង្វៀន​ One Championship​ ដែលជាការប្រកួតក្នុងប្រភេទប្រដាល់ក្បាច់គុនបុរាណ។

    គួររំឭកផងដែរថា​ កីឡាករកម្ពុជារូបនេះត្រូវសហព័ន្ធកីឡាប្រដាល់កម្ពុជា ពិន័យមិនឱ្យឡើងសង្វៀនប្រដាល់ទាំងក្នុង និងក្រៅប្រទេសរយៈពេល 6ខែ តែពេលនេះស្រាប់តែមានឈ្មោះផ្គូផ្គងក្នុងការប្រកួតប្រដាល់ ONE Championship ទៅវិញ។ គួររំឭកដែរថា សុខ ធី ធ្លាប់បានឡើងសង្វៀន ONE Championship នេះចំនួន 2លើករួចមកហើយ ដោយចាញ់កីឡាករថៃ Lersila ទាំង 2លើកផ្ទួនៗក្រោយពីការមិនសុខចិត្តហើយចង់សងសឹកកាលពីជួបគ្នាលើកទី1៕


  • ធារី ចន្ថាប៊ីន ជួយ Terenganu FC ឱ្យឡើងទៅវគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP របស់ម៉ាឡេស៊ី

    ធារី ចន្ថាប៊ីន ជួយ Terenganu FC ឱ្យឡើងទៅវគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP របស់ម៉ាឡេស៊ី

    ក្លិប Terenganu FC របស់កីឡាករ ធារី ចន្ថាប៊ីន បានឡើងដល់វគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP របស់ម៉ាឡេស៊ី ស្របពេលដែលក្លិប PKNS FC របស់កីឡាករ ចាន់ វឌ្ឍនាកា ក៏បានឡើងដល់វគ្គនេះដូចគ្នាដែរ។

    ចំពោះក្លិប Terenganu FC របស់កីឡាករ ធារី ចន្ថាប៊ីន បានឡើងដល់វគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP របស់ម៉ាឡេស៊ីនេះ គឺក្រោយពីបំបាក់ក្រុម Kelantan United ក្នុងលទ្ធផល 3 ទល់នឹង​ 1 នៅវគ្គ 16ក្រុមចុងក្រោយ និងលត់ក្រុម Ultimate ដោយលទ្ធផល 5 ទល់នឹង 0 នៅវគ្គ 32ក្រុមនៃពានរង្វាន់មួយនេះ៕


  • លទ្ធផលចាប់ពូល ក្លិបរបស់ ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ក្នុងវគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP

    លទ្ធផលចាប់ពូល ក្លិបរបស់ ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន ក្នុងវគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP

    ក្លិប PKNS FC របស់កីឡាករ ចាន់ វឌ្ឍនាកា និង ក្លិប Terenganu FC របស់កីឡាករ ធារី ចន្ថាប៊ីន ទាំង 2ក្រុមនេះសុទ្ធតែបានឡើងដល់វគ្គ 8ក្រុមចុងក្រោយនៃពានរង្វាន់ FA CUP របស់ម៉ាឡេស៊ីដូចគ្នា។

    ជាលទ្ធផលនៃការចាប់ពូលសម្រាប់ការប្រកួតក្នុងវគ្គនេះ ក្រុម PKNS FC នឹងត្រូវជួបជាមួយនឹងក្រុម Kedah FA ហើយ Terenganu FC នឹងត្រូវជួបជាមួយនឹងក្រុម Pahang FA ហើយការប្រកួតក្នុងវគ្គនេះនឹងត្រូវធ្វើឡើង 2ជើងផ្លាស់ប្តូរទឺកដីគ្នា ដោយជើងទី1 ត្រូវធ្វើឡើងនៅពាក់កណ្តាលខែក្រោយ ហើយជើងទី2 នៅមិនទាន់មានការកំណត់កាលបរិច្ឆេទនៅឡើយទេ៕


  • តារាចម្រៀង​ វុទ្ធ​ សុ​គន្ធា​ ធ្លាយ​រឿង​ត្រូវ​គេ​បោក​លុយ​ស្រស់​ៗអស់800ដុល្លារ​

    តារាចម្រៀង​ វុទ្ធ​ សុ​គន្ធា​ ធ្លាយ​រឿង​ត្រូវ​គេ​បោក​លុយ​ស្រស់​ៗអស់800ដុល្លារ​

    នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​កគេ​មើលឃើញ​ថា​ ខុសពី​តារា​ភាគច្រើន​ ដែល​ក្រោយ​ចូលឆ្នាំ​បង្ហាញ​អារម្មណ៍​រីក​រា​សម្រាប់​តារាចម្រៀង​កញ្ញា​ វុទ្ធ​ សុ​គន្ធា​ ដែល​ទើបតែ​ធ្វើពិធី​ឡើង​គេហដ្ឋាន​ថ្មី​ បែរជា​ផ្ទុះ​រឿង​ក្ដៅក្រហាយ​យ៉ាង​រសើប​ ដោយ​ក្រៅពី​ត្រូវ​គេ​បោក​លុយ​ស្រស់​ៗអស់800ដុល្លារ​ កាលពី​ថ្ងៃទី17​ មេសា​ ក្ដៅ​ៗ បងស្រី​ធម៌ដែល​នាង​ស្រលាញ់​ស្ទើរ​លេប​ ក៏​ក្លាយជា​ជន​ដែល​ត្រូវ​យកឈ្មោះ​ទៅ​បោក​អ្នកដទៃ​យ៉ាង​គួរ​ឱ្យ​បារម្ភ​ផង​ដែរ​។

    នាងថាខ្លួនទើបតែភ្ញាក់ច្រង៉ាងនៅពេលខលសួរបងស្រីហើយត្រូវបងស្រីឈ្មោះ លាង ហ៊ុយ ដែលត្រូវគេយករូបមកធ្វើគណនីហ្វេសប៊ុកឈ្មោះគន្ធាដើម្បីបន្លំ ប្រកែកថាមិនមានគណនីនោះទេ និងថាក្រៅពីបោករូបនាងអស់800ដុល្លារហើយ អ្នកផ្សេងក៏ត្រូវអ្នកបន្លំដោយយករូបបងស្រីធ៌របស់នាងនេះ ទៅបោកលុយគេបែបនេះដូចគ្នាផងដែរ។

    មូលហេតុដែលនាំឱ្យមានរឿងចាញ់បោកប្រាក់800ដុល្លារនៅមួយថ្ងៃក្រោយចូលឆ្នាំនេះ កញ្ញា វុទ្ធ សុគន្ធា ដែលត្រូវគេស្គាល់ថាជាតារាចម្រៀងឡើងកូដក្នុងក្រុមលោកយ៉ែម សំអូន ក្រុមលោកអេឡិច ចាន់ត្រា និងក្រុមលោកជេកស៍ម្ចាស់បទ”សេដ្ឋីស្រុកស្រែ”បញ្ជាក់ថា គឺនាងបានឃើញគណនីហ្វេសប៊ុកដាក់រូបបងស្រីធម៌របស់នាងហើយដាក់ឈ្មោះ គន្ធាលក់ទូរស័ព្ទ និងបង់រំលោះ ដោយនឹកស្មានថាបងស្រីធម៌របស់នាងបង្កើតគណនីហ្វេសប៊ុកថ្មីផ្សេងទៀតAdd មក ហើយនាងក៍Comfirm យកមិននឹកថាគេយករូបបងស្រីធម៍របស់នាងបន្លំឡើយ។

    កញ្ញារៀបរាប់ទៀតថា ម្ចាស់គណនីថ្មីនេះរមែងឆាតសួរសុខទុក្ខចុះឡើងៗ ប្រៀបដូចជាបងស្រីធម៌របស់នាងកន្លងមកអុឺចឹង ហើយដោយសារតែនាងអត់គិតស្មានថា មានមនុស្សយករូបបងស្រីធម៍របស់នាងមកបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយបែបនឹងផង ទើបនាងចេះតែឆ្លងឆ្លើយជាមួយ ហើយក៏សួរនាំពីមុខរបរលក់ទូរស័ព្ទនៅខេត្តក្រចេះចុះឡើងៗ ហើយម្ចាស់គណនីក្លែងក្លាយនោះក៍ឆាតចាក់បណ្ដោយប្រៀបដូចជាបងស្រីធម៌នាងមែនទែន។ នាងបន្ដថា នៅថ្ងៃទី17 មេសា ម្ចាស់ហ្វេសប៊ុកក្លែងក្លាយ ដែលយករូបបងស្រីធម៌របស់នាងមកធ្វើជា Profile នោះ បានឆាតខ្ចីលុយនាង800ដុល្លារ ហើយដោយសារតែនាង និងបងស្រីធម៌ក៏ធ្លាប់មានទៅវិញទៅមកនាងកន្លងមកផង ក៏ផ្ញើឱ្យភ្លាម ដោយមិនទាំងចាប់អារម្មណ៍ថា លេខដែលម្ចាស់ហ្វេសប៊ុកនោះតម្រូវឱ្យផ្ញើលុយទៅ គឺជាលេខមិនដែលស្គាល់ផង។ នាងថាស្រឡាំងកាំងយ៉ាងខ្លាំងនៅពេលគ្រាន់តែផ្ញើលុយឱ្យហើយ លេខដែលផ្ញើលុយនោះក៏ខលលេងចូល ហើយហ្វេសប៊ុកដែលដែលបានបន្លំធ្វើជាបងស្រីធម៌នាងនោះ ក៏ប្លក់ហ្វេសប៊ុកនាងចោលរកមើលមិនឃើញ។

    តារាចម្រៀងស្រីវ័យក្មេងរូបនេះបានអះអាងថា នៅក្នុងពេលនេះម្ចាស់ហ្វេសប៊ុកក្លែងក្លាយមិនត្រឹមតែយករូបរបស់បងស្រីធម៌ខ្លួន ដើរបោកលុយនាងប៉ុណ្ណោះទេ ប៉ុន្តែក៏បោកអ្នកផ្សេងផងដែរ ខណៈដែលបងស្រីធម៌របស់នាងមិនដឹងរឿងទាំងនោះសោះ។ នាងទទូចឱ្យបងប្អូនអ្នកលេងហ្វេសប៑ុកប្រយ័ត្នប្រយែងលើករណីនេះ និងសូមប្រកាសថា បើឃើញអាក់ខោនឈ្មោះគន្ធាលក់ទូរស័ព្ទឬគណនីហ្វេសប៊ុកផ្សេងទៀត ដែលយករូបបងស្រីធម៌របស់នាងមកបន្លំខ្ចីលុយ សូមកុំជឿឱ្យសោះ។ នាងសង្ស័យថា អ្នកបោកលុយនាង ទំនងជាស្គាល់ទំនាក់ទំនងនិងដឹងរឿងរបស់បងស្រីធម៌របស់នាងដែលជាលក់ទូរស័ព្ទនៅខេត្តក្រចេះនោះច្បាស់ទើបរាល់ពេលឆាតមកគឺនិយាយត្រូវដងត្រូវផ្លែគ្នា ដែលហាក់ដូចជាសាមីខ្លួនមែនទែនឆាតលេងជាមួយនាង។ យ៉ាងណាមិញនាង និងបងស្រីធម៌ដែលជាម្ចាស់រូបឈ្មោះ លាងហ៑ុយ នៅក្រចេះ នៅមិនទាន់មានវិធានការចង់ដាក់បណ្ដឹងដើម្បីវែកមុខអ្នកបោកលុយ និងបន្លំធ្វើជាបងស្រីរបស់នាងដើម្បីបោកគេនោះទេដោយគ្រាន់តែប្រកាសជូនដំណឹងជាសាធារណៈជាមុនថា បើមានអាក់ខោនមួយនេះឆាតខ្ចីលុយគឺជាអាក់ខោនក្លែងក្លាយ និងស្នើឱ្យទូរស័ព្ទសួរសាមីខ្លួនសិនមុននឹងសម្រេចផ្ញើលុយឱ្យ កុំឱ្យចាញ់បោកអស់លុយកាក់ដូចគ្នា៕


  • OnePlus​ ត្រៀម​ចេញ​ទូរស័ព្ទ​ 1លើក​ 3ស៊េរី​តែម្ដង​នៅ​ឆ្នាំ2019​

    OnePlus​ ត្រៀម​ចេញ​ទូរស័ព្ទ​ 1លើក​ 3ស៊េរី​តែម្ដង​នៅ​ឆ្នាំ2019​

    ថ្មី​ៗនេះ​ មានការ​លេច​ធ្លាយ​នូវ​រូបភាព​ជាច្រើន​សន្លឹក​ពី​គណនី​ @OnLeaks​ លើ​បណ្តាញ​សង្គម​ Twitter​ ដែល​បាន​បង្ហាញ​ព័ត៌មាន​យ៉ាង​ច្បាស់​ៗថា​ OnePlus​ នឹង​ធ្វើ​កម្មវិធី​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី14​ ខែឧសភា​ ឆ្នាំ2019​។

    OnePlus​ 7 មាន​អេក្រង់​ 6.4អ៊ិ​ញ រចនា​ម៉ូដ​រាង​តំណក់​ទឹក​ បង្កប់​កាមេរ៉ា​ខាងមុខ​ ឯកា​មេ​រ៉ា​ក្រោយ​ 3គ្រាប់​ទំហំ​ 48មេ​ហ្គា​ភិក​សែល​(ជា​កាមេរ៉ា​មេ​) និង​ប្រើ​ឈីបSnapdragon​ 855​ SoC​។

    OnePlus​ 7 Pro​ មាន​អេក្រង់​ 6.6អ៊ិ​ញ បំពាក់​អេក្រង់​កោង​ កាមេរ៉ា​មុខ​ផុស​ឡើងជា​ប្រភេទ​ Pop​-up​ មាន​កាមេរ៉ា​ក្រោយ​ 3គ្រាប់​ (4MP​+16MP​+8MP​) ដា​ក់​លេន​ស៍​ Telephoto​+Ultra​ Wide​+ Monochrome​ ប្រើ​ឈីបSnapdragon​ 855​ SoC​។

    OnePlus​ 7 Pro​ មាន​ប្រព័ន្ធ​ 5G​ ប្រើ​ឈីប​ (X50​) Snapdragon​ 855​ SoC​ ចំពោះ​លក្ខណ​សម្បត្តិ​ផ្សេងទៀត​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​។

    នេះ​បើ​តាម​ការសន្យា​កន្លងមក​របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ OnePlus​ ផ្ទាល់​ដែល​ធ្លាប់​បាន​លើកឡើង​ថា​ ចំពោះ​តម្លៃ​ជំនាន់​ OnePlus​ 7 ធម្មតា​អាច​ក្បែរ​ 600ដុល្លារ​ ប៉ុន្តែ​ក៏​មិនដល់​ 1ពាន់​លាន​ដុល្លារ​ដែរ​៕

  • Facebook​ កំពុង​សម្ងំ​បង្កើត​បច្ចេកវិទ្យា​សំឡេង​ដ៏​ទំនើប​មួយ​

    Facebook​ កំពុង​សម្ងំ​បង្កើត​បច្ចេកវិទ្យា​សំឡេង​ដ៏​ទំនើប​មួយ​

    ក្រុមហ៊ុន​បណ្ដាញ​សង្គម​ដ៏​មាន​ប្រជាប្រិយ​ភាព​ជាងគេ​ Facebok​ ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ដឹង​ថា​ កំពុង​សម្ងំ​បង្កើត​បច្ចេកវិទ្យា​ជំនួយការ​សំឡេង​( AI​ digital​ voice​ assistant​) ផ្ទាល់ខ្លួន​មួយ​។ មុខងារ​ថ្មីនេះ​អាច​នឹង​ចូល​មក​ជំនួស​ឱ្យ​មុខងារ​សំឡេង​ M suggestions​ ដែល​បាន​ប្រកាស​បិទ​កាលពី​ពេល​ដើមឆ្នាំ2018​ ក្រោយពី​មិន​ទទួល​បាន​ជោគជ័យ​។ នេះ​យោង​តាម​សារព័ត៌មាន​ CNBC​។

    មុខងារ​សំឡេង​ឆ្លាតវៃ​នេះ​មិនទាន់​ចេញ​ជារូបរាង​នៅឡើយ​ទេ​ កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​ តែ​យ៉ាងណាមិញ​ វា​អាច​នឹង​បង្កើត​ឡើង​សម្រាប់​ប្រើលើ​មុខងារ​ជាច្រើន​លើ​ Facebook​ ដូចជា​ Messenger​ និង​ចំណែក​ធំជាង​គេ​ គឺ​លើ​ Facebook​ PORTAL​ និង​ Oculus​ products​។

    Facebook​ ក៏បាន​បញ្ជាក់​ដែរ​ថា​ មុខងារ​សំឡេង​ឆ្លាតវៃ​ថ្មីនេះ​ វា​ជា​ទម្រង់​មួយ​ផ្សេង​ និង​មិនមែន​ជាគូ​ប្រជែង​របស់​ Google​ Assistant​ ឬ Alexa​ នោះ​ទេ​៕