Category: សង្គម និងសេដ្ឋកិច្ច

  • ពន្ធ​ 0% ធ្វើ​ឱ្យ​ Toyota​ Camry​ លក់​នៅ​វៀតណាម​មានតម្លៃ​ថោក​សឹង​មិន​គួរ​ឱ្យ​ជឿ​

    ពន្ធ​ 0% ធ្វើ​ឱ្យ​ Toyota​ Camry​ លក់​នៅ​វៀតណាម​មានតម្លៃ​ថោក​សឹង​មិន​គួរ​ឱ្យ​ជឿ​

    រថយន្ត​ Toyota​ Camry​ ស៊េរី​ថ្មី​ដែល​បាន​កែប្រែ​រូបរាង​ថ្មី​ទាំងស្រុង​ បាន​ចេញ​លក់​ជា​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ហើយ​ កាលពី​ថ្ងៃទី23​ ខែមេសា​ ម្សិលម្ង៉ៃ​។

    រថយន្ត​ដែល​ដាក់​លក់​នៅ​វៀតណាម​ បាន​ចែកចេញជា​ 2ប្រភេទ​ គឺ​ប្រភេទ​ 2.0G​ និង​ប្រភេទ​ 2.5Q​ ដែល​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ថៃ​ទាំងស្រុង​ មិនមែន​ដំឡើង​ក្នុង​ស្រុក​ដូច​ស៊េរី​មុន​ៗនោះ​ទេ​។ ហេតុផល​ អាច​ដោយសារតែ​រថយន្ត​នាំ​ពី​ប្រទេស​ថៃ​ទៅកាន់​វៀតណាម​លែងយក​ពន្ធ​នាំចូល​ដូច​កាលពី​ពេលមុន​។

    រថយន្ត​ Toyota​ Camry​ ប្រភេទ​ 2.0G​ គឺ​មានតម្លៃ​លក់​ 1,029ពាន់​លាន​ដុង​ ដែល​ស្មើនឹង​ប្រមាណ​ 44,165ដុល្លារ​ និង​ប្រភេទ​ 2.5Q​ មានតម្លៃ​ 1,235ពាន់​លាន​ដុង​ ដែល​ស្មើនឹង​ប្រមាណ​ 52,024ដុល្លារ​។ នៅ​លើ​ទីផ្សារ​ប្រទេស​ថៃ​វិញ​ រថយន្ត​ Camry​ ស៊េរី​ថ្មី​មានតម្លៃ​ចាប់ពី​ 1,445លាន​បាត​ ដែល​ស្មើ​ប្រមាណ​ 45,123ដុល្លារ​ សម្រាប់​ប្រភេទ​ 2.0G​។

    ការប្រកាស​ចេញ​តម្លៃ​ Camry​ ស៊េរី​ថ្មីនេះ​ ធ្វើ​ឱ្យ​សារព័ត៌មាន​វៀតណាម​មានការ​ភ្ញាក់ផ្អើល​ ដោយសារ​ភ្នាក់ងារ​លក់​ធ្លាប់​បាន​ទម្លាយ​ឱ្យ​ដឹង​ថា​ តម្លៃ​របស់​រថយន្ត​ស៊េរី​ថ្មីនេះ​ អាច​មាន​ខ្ទង់​ 1.6ពាន់​លាន​ដុង​ ឬស្មើ​ 68,692ដុល្លារ​ឯណោះ​៕

  • ប៉ាគីស្ថាន​ដែល​ត្រូវ​ជួប​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ World​ Cup អាច​នឹង​ត្រូវ​ដកចេញ

    ប៉ាគីស្ថាន​ដែល​ត្រូវ​ជួប​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ World​ Cup អាច​នឹង​ត្រូវ​ដកចេញ

    ប៉ាគីស្ថាន​ដែល​ត្រូវ​ជួប​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ​ World​ Cup​ អាច​នឹង​ត្រូវ​ដកចេញ​ពី​ការប្រកួត​ ក្រោយ​ FIFA​ រក​ឃើញថា​ មាន​បញ្ហា​ពុករលួយ​ធ្ងន់ធ្ងរ​ក្នុង​សហព័ន្ធ​បាល់ទាត់​ប៉ាគីស្ថាន​។

    សហព័ន្ធ​កីឡាបាល់ទាត់​ប៉ាគីស្ថាន​ ត្រូវ​បាន​ FIFA​ ចោទប្រកាន់​ពី​រឿង​ពុករលួយ​ផ្ទៃក្នុង​ធ្ងន់ធ្ងរ​ និង​ការ​លូកដៃ​ចូល​របស់​ស្ថាប័ន​ទី3​ ក្នុង​ការបោះឆ្នោត​តែងតាំង​ប្រធាន​សហព័ន្ធ​បាល់ទាត់​ថ្មី​របស់​ប្រទេស​នេះ​។

    FIFA​ បាន​បដិសេធ​មិន​ទទួលស្គាល់​ប្រធាន​សហព័ន្ធ​បាល់ទាត់​ថ្មី​ គឺ​លោក​ Sardar​ Naveed​ Haider​ ដោយសារតែ​សហព័ន្ធ​បាល់ទាត់​មួយ​នេះ​មាន​ប្រធាន​សហព័ន្ធ​ 2នាក់​ដែល​មិន​ត្រូវគ្នា​ និង​មាន​កីឡាករ​ជម្រើសជាតិ​មួយចំនួន​បាន​ដើរចេញ​ពី​ក្រុម​ក្រោម​មូលហេតុ​ទំនាស់​ផ្ទៃក្នុង​ដ៏​ចម្រូងចម្រាស​។

    កាលពី​ខែមុន​ ប៉ាគីស្ថាន​ត្រូវ​បាន​ FIFA​ សម្រេច​ដក​បេក្ខភាព​ចេញពី​ការប្រកួត​ AFC​ U-23​ Championship​ និង​ការប្រកួត​វគ្គ​ជម្រុះ​ 2020​ Tokyo​ Olympics​ ម្ដង​រួចមក​ហើយ​៕

  • លើក​នេះ​កម្ពុជា​ប៉ះ​ម៉ុងហ្គោលី​ លើ​សង្វៀន​ One​ Warrior​ Series​ ក្នុង​ប្រទេស​សិង្ហបុរី​

    លើក​នេះ​កម្ពុជា​ប៉ះ​ម៉ុងហ្គោលី​ លើ​សង្វៀន​ One​ Warrior​ Series​ ក្នុង​ប្រទេស​សិង្ហបុរី​

    កីឡាករ​កម្ពុជា​ ចាន់​ សំអាត​ ដែល​មាន​រហស្សនាម​ថា​ ខ្លា​ចាស់​ភ្នំដងរែក​ នឹង​ត្រូវ​បង្ហាញខ្លួន​ប្រកួត​លើ​សង្វៀន​ប្រកួត​ក្នុង​កម្មវិធី​ One​ Warrior​ Series​ ដែល​ជា​កម្មវិធី​មួយ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​ One​ Championship​ ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃទី25​ ខែមេសា​ ឆ្នាំ2019​ ខាងមុខនេះ​។

    តាម​ទំព័រ​ហ្វេ​សប៊ុ​ករបស់​ក្លិប​ Cambodian​ Top​ Team​ កីឡាករ​កម្ពុជា​ ចាន់​ សំអាត​ ត្រូវ​ប៉ះ​ជាមួយនឹង​កីឡាករ​ជនជាតិ​ម៉ុងហ្គោល​លើ​វិញ្ញាសា​ MMA​ ប្រភេទ​ទម្ងន់​ bantamweight​ 61​-65គីឡូក្រាម​ ​;ខណៈ​ដែល​ការប្រកួត​នឹង​ធ្វើឡើង​នៅក្នុង​ប្រទេស​សិង្ហបុរី​៕

  • 3ខែ​ដើមឆ្នាំ2019​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ប្រមូល​ចំណូល​កើន​ប្រមាណ20​%

    3ខែ​ដើមឆ្នាំ2019​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ប្រមូល​ចំណូល​កើន​ប្រមាណ20​%

    ក្នុងរយៈពេល​ 3ខែ​ដើមឆ្នាំ2019នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​ប្រមូល​ចំណូល​ពន្ធ​បាន​ប្រមាណ​ 712លាន​ដុល្លារ​ ដែល​ចំណូល​នេះ​បាន​កើនឡើង​ប្រមាណ​ជា20​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ កន្លងមក​។ នេះ​បើ​តាម​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​។

    ឯកឧត្តម​បណ្ឌិត​ គុណ​ ញឹម​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖“ក្នុងរយៈពេល​ 3ខែ​ដើមឆ្នាំ2019នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​ប្រមូល​ចំណូល​ពន្ធ​បាន​ប្រមាណ​ 712លាន​ដុល្លារ​ បើ​ប្រៀបធៀប​ក្នុងរយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​ គឺ​តួលេខ​នេះ​មាន​កំណើន​ប្រមាណ20​% ដែល​ជា​កំណើន​មួយ​ល្អ​ប្រសើរ​”។

    ឯកឧត្តម​បាន​បញ្ជាក់​ថា​ គិត​ត្រឹម​រយៈពេល​ 5ឆ្នាំ​ចុងក្រោយ​ គិត​ចាប់ពី​ឆ្នាំ2013​ ដល់​ឆ្នាំ2018​ យើង​ឃើញថា​ ចំណូល​ឆ្នាំ2013​ ស្មើនឹង​ជិត​ 3ដង​(X 2.5​)ដែល​ជា​លទ្ធផល​នៃ​ការ​ប្រមូល​ចំណូល​ពន្ធ​ក្នុង​ឆ្នាំ2018​ គឺ​មានការ​កើនឡើង​ជិត​ 3ដង​ឯណោះ​ដែល​យក​ចំណូល​ពន្ធ​ទាំងនោះ​មក​ធ្វើការ​អភិវឌ្ឍ​ប្រទេសជាតិ​។

    ឯកឧត្ដម​ គុណ​ ញឹម​ បាន​មានប្រសាសន៍​បន្ថែម​ថា​ ក្នុងរយៈពេល​ 5ឆ្នាំ​ចុងក្រោយ​នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​បាន​អនុវត្ដ​នូវ​វិធានការ​កែទម្រង់​ និង​ទំនើបកម្ម​ច្រើន​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ដែល​ស្ដែង​ឡើង​តាមរយៈ​ការ​ប្រមូល​ចំណូល​ ការ​បង្ក​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​បាន​យ៉ាង​ល្អ​ប្រសើរ​។

    ជាមួយគ្នា​នេះ​ដែរ​ ឯកឧត្តម​បណ្ឌិត​បាន​បន្ថែម​ថា​ សម្រាប់​កិច្ចប្រតិបត្តិ​ការ​របស់​គយ​ដែល​កំពុង​អនុវត្ដ​នា​ពេល​បច្ចុប្បន្ន​នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ក៏បាន​រៀបចំផែនការ​ប្រតិបត្តិ​ការ​លម្អិត​ប្រចាំឆ្នាំ​បន្ថែម​ទៀត​ដែល​ត្រូវ​ដកស្រង់​ចេញពី​ផែនការ​យុទ្ធ​សា​ស្ដ្រ និង​កម្មវិធី​ការងារ​កំណែទម្រង់​ទំនើបកម្ម​គយ​ផង​ យុទ្ធ​សា​ស្ដ្រកៀរ​គរ​ចំណូល​របស់​រាជរដ្ឋាភិបាល​ផង​ ជាពិសេស​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ប្រចាំឆ្នាំ​ផង​។

    ឯកឧត្តម​បណ្ឌិត​បាន​ពន្យល់​ថា​ សម្រាប់​ឆ្នាំ2018កន្លងមក​នេះ​ ការ​ប្រមូល​ពន្ធអាករ​ និង​ចំណូល​ចូល​ថវិកាជាតិ​របស់​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​គឺ​បាន​ល្អ​ប្រសើរ​ដែល​ចាត់ទុកថា​ ជា​ឆ្នាំ​ដែល​បាន​ប្រមូល​ពន្ធ​បាន​ខ្ពស់​បំផុត​ បើ​ប្រៀបធៀប​ជាមួយ​បណ្ដា​ឆ្នាំ​កន្លងមក​។ កត្ដា​គន្លឹះ​ដែល​ធ្វើ​ឱ្យ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​ប្រមូល​ពន្ធ​បាន​ល្អ​ប្រសើរ​ និង​កើនឡើង​នេះ​ ដោយសារតែ​កត្ដា​ស្ថិរភាព​នយោបាយ​ដែល​បង្ក​លក្ខខណ្ឌ​ឱ្យ​កិច្ច​ដំណើរការ​ពាណិជ្ជកម្ម​ក៏ដូចជា​ការ​វិនិយោគ​មានដំណើរ​ការ​ល្អ​ប្រសើរ​។

    ជា​លទ្ធផល​ក្នុង​ឆ្នាំ2018​ ការ​ប្រមូល​ថវិកា​ចូលជាតិ​ គឺ​មាន​ប្រមាណ​ជាង​ 2,500លាន​ដុល្លារ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ2017​ មាន​កំណើន​ប្រមាណ32​% ដែល​ជា​កំណើន​មួយ​ខ្ពស់​។ ទន្ទឹម​នេះ​ ប្រភេទ​ពន្ធអាករ​សំ​ខាន់​ៗដែល​ប្រមូល​បាន​ដោយ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ គឺ​មាន​ពន្ធគយ​ ឬពន្ធ​នាំចូល​មាន​អាករ​ពិសេស​លើ​ទំនិញ​មួយចំនួន​ និង​អាករ​លើ​តម្លៃបន្ថែម​(VAT​)។ ឯកឧត្តម​បណ្ឌិត​បាន​បន្ដ​ទៀត​ថា​ ក្នុង​ប្រភេទ​ពន្ធ​សំ​ខាន់​ៗទាំង3​ រួមមាន​ពន្ធគយ​កើនឡើង​ប្រមាណ20​% អាករ​ពិសេស​កើនឡើង​រហូតដល់​ប្រមាណ35​% និង​អាករ​លើ​តម្លៃបន្ថែម​គឺ​កើនឡើង​ប្រមាណ​ជាង30​%។

    សូម​បញ្ជាក់​ថា​ ដើម្បី​ងាយស្រួល​ក្នុង​ការ​តាមដាន​ការគ្រប់គ្រង​ប្រភព​ចំណូល​ដែល​ប្រមូល​បាន​នេះ​ អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ បាន​បែងចែក​ទំនិញ​ជា​ 3ក្រុម​មុខទំនិញ​ ទី1​-គឺ​យាន​យន្ដ​ និង​គ្រឿងចក្រ​។ ទី2​-មុខទំនិញ​ចម្រុះ​ រួម​ទាំង​គ្រឿងសំណង់​ផង​ដែរ​ និង​ក្រុម​ទំនិញ​ទី3​- គឺ​ផលិតផល​ប្រេងឥន្ធនៈ​ និង​ថាមពល​។

    ឯកឧត្តម​បណ្ឌិត​ គុណ​ ញឹម​ បាន​អះអាងបន្ថែម​ថា​ បើ​ពិនិត្យមើល​ពី​ប្រភព​ចំណូល​តាម​ក្រុម​ទំនិញ​ទាំង​ 3មុខ​នេះ​យើង​ឃើញថា​ យាន​យន្ដ​បាន​ដើរតួ​នាទី​ក្នុង​លំដាប់​ទី1​ ដែល​ស្រូប​យក​ចំណូល​បាន​ប្រមាណ​ជាង​ 46​%នៃ​ចំណូល​សរុប​ដែល​ប្រមូល​បាន​ក្នុង​ឆ្នាំ2018​ កន្លងទៅ​។ ដោយឡែក​ទី2​ មុខទំនិញ​ចម្រុះ​ រួម​ទាំង​គ្រឿងសំណង់​ផង​ និង​កម្រៃ​ផ្សេង​ៗនោះ​ បាន​ដើរតួ​នាទី​ប្រមាណ35​% នៃ​ចំណូល​សរុប​ដែល​ប្រមូល​បាន​ ហើយ​ក្រុម​ទី3​ គឺ​ផលិតផល​ប្រេងឥន្ធនៈ​ និង​ថាមពល​ ដើរតួ​នាទី​ប្រមាណ19​%៕

  • ប្រដាល់សកល​កម្ពុជា​ ធ្លាក់​ខ្លូន​ចាញ់​ទាំង​ 7គូ​ ក្នុង​វគ្គ​ជម្រុះ​ជុំ​ដំបូង​ ជើងឯក​ប្រដាល់សកល​អាស៊ី​

    ប្រដាល់សកល​កម្ពុជា​ ធ្លាក់​ខ្លូន​ចាញ់​ទាំង​ 7គូ​ ក្នុង​វគ្គ​ជម្រុះ​ជុំ​ដំបូង​ ជើងឯក​ប្រដាល់សកល​អាស៊ី​

    កីឡាករ​ កីឡាការិនី​ប្រដាល់សកល​ជម្រើសជាតិ​កម្ពុជា​ទទួលបរាជ័យ​នៅ​ជុំ​ទី1​ ទាំងអស់​ក្នុង​ការប្រកួត​ជ្រើសរើស​ជើងឯក​ប្រដាល់សកល​អាស៊ី​ដែល​រៀបចំឡើង​នៅ​ប្រទេស​ថៃ​។ កីឡាករ​ 5នាក់​ និងកីឡា​ការិនី​ 2នាក់​សុទ្ធតែ​ចាញ់​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី1​ ទាំងអស់​។ សូម្បី​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​ ពេជ្រ​ ម្ទេសខ្មាំង​ ក៏​ចាញ់​ជុំ​ក្នុង​ទី1​ នេះ​ដែរ​។

    កីឡាករ​ បាង​ កានុ​ង ចាញ់​កីឡាករ​ចិន​

    កីឡាករ​ ប៉ុន​ ដា​រ័ត្ន​ ចាញ់​កីឡាករ​ស្រីលង្កា​

    កីឡាករ​ វី​ សម្ផស្ស​ ចាញ់​កីឡាករ​ឥណ្ឌា​

    កីឡាករ​ ពេជ្រ​ ម្ទេសខ្មាំង​ ចាញ់​កីឡាករ​ចិន​

    កីឡាករ​ សៅ​ រង្សី​ ចាញ់​កីឡាករ​អាហ្វហ្គានីស្ថាន​

    កីឡាការិនី​ វី​ ស្រី​ខួច​ ចាញ់​កីឡាការិនី​ឥណ្ឌា​

    កីឡាការិនី​ នៅ​ ស្រីពៅ​ ចាញ់​កីឡាការិនី​ឥណ្ឌា​

    គួរ​រំឭក​ផង​ដែរ​ថា​ សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​-កីឡាការិនី​ផ្នែក​ប្រដាល់សកល​ចំនួន​ 7រូប​ទៅ​ហ្វឹកហាត់​រយៈពេល​ខ្លី​នៅ​ប្រទេស​ថៃ​ ក្រោយ​ទទួល​បានការ​ជួយឧបត្ថម្ភ​ពីសំណាក់​សហព័ន្ធ​កីឡាប្រដាល់​សកល​ថៃ​ តែ​វា​មិនទាន់​គ្រប់គ្រាន់​នោះ​ទេ​ សម្រាប់​កីឡាករ​ដែល​ហាត់​បានតែ​ប៉ុន្មាន​ខែមុន​ការប្រកួត​មកដល់​បែបនេះ​៕

  • ប្អូនស្រីនាយ តាក់ស៊ី ម្ចាស់ហាងមីស៊ុបកូនកាត់ព្រមទទួលផ្គត់ផ្គង់ភរិយានិងកូនប្រុសវ័យ 13 ឆ្នាំ

    ប្អូនស្រីនាយ តាក់ស៊ី ម្ចាស់ហាងមីស៊ុបកូនកាត់ព្រមទទួលផ្គត់ផ្គង់ភរិយានិងកូនប្រុសវ័យ 13 ឆ្នាំ

    តារាកំប្លែង នាយតាក់ស៊ី បានប្រកាសជាចំហរថាខ្លួនអស់និស្ស័យនឹងមនុស្សលោកហើយ ដោយនឹងសម្រេចចិត្តបួសអស់មួយជីវិត បើទោះជាប្រពន្ធ និងកូនប្រុសវ័យ13ឆ្នាំ លោកទទូចឱ្យផ្លាស់ប្ដូរជំហរនោះ។ លោកបានថ្លែងបែបនេះ ក្នុងវេទិការសន្និសីទសារព័ត៌មាន នៅក្នុងហាងមីស៊ុបកូនកាត់ស្ថិតនៅក្បែរចេញពីកោះពេជ្រនៅថ្ងៃម្សិលមិញទី 23 ខែមេសា ឆ្នាំ 2019 នេះ ។

    នាយតាក់ស៊ី បានប្រាប់អ្នកសារព័ត៌មានឡារ៉ែនថា មូលហេតុដែលលោកទៅបួស ហើយសម្រេចចិត្តបោះបង់ប្រពន្ធកូន គឺដោយសារតែលោកចង់ថ្វាយជីវិតនៅក្នុងផ្លូវព្រះពុទ្ធសាសនា ហើយណាមួយជំងឺប្រចាំកាយរបស់លោក ក៏កាន់តែធ្វើទុក្ខខ្លាំងឡើងថែមទៀត។ ដោយលោកនិយាយថា អ្វីៗវាហាក់ដូចជាការអស់កិលេស អស់និស្ស័យ ហើយនឹងបួសមិនសឹកវិញទេ។ លោកបើកផ្លូវឱ្យភរិយាចង់យកស្វាមីថ្មីក៍បាន ឬចង់ឡើងចុះមើលលោកម្ដងម្កាលក៏បាន ហើយអ្វីដែលជំរុញចិត្តលោកឱ្យស្ងប់នៅក្នុងការបួសនៅក្នុងពេលនេះ គឺដោយសារតែប្អូនធម៌ ជាម្ចាស់ហាងមីស៊ុបកូនកាត់ធានាជួយមើលខុសត្រូវប្រពន្ធកូន។

    ជាមួយនឹងជំហររបស់ប្ដី អ្នកនាងភីមបានថ្លែងប្រាប់ឡារ៉ែនបន្ថែមថា រឿងសំខាន់នៅពេលនេះ អ្នកនាងមិនមានបំណងយកប្ដីមួយទៀត តាមការចង់បានរបស់នាយតាក់ស៊ីនោះទេ ដោយនាងព្រួយបារម្ភពីបញ្ហាសុខភាពប្ដីយ៉ាងខ្លាំង នឹងតស៊ូចិញ្ចឹមកូន ព្រោះកន្លងមកអ្នកទាំងបានហែលឆ្លងការលំបាកលំបិនអស់រយៈពេល 10ឆ្នាំជាងមកហើយ កាត់ព្យុះភ្លៀងរួមគ្នាទម្រាំមានជីវភាពធូរធាដូចសព្វថ្ងៃនេះ។ បើទោះបីជានាយតាក់ស៊ីទៅបួសមែនពិត បន្ទុកនៃការចិញ្ចឹមកូនប្រុសវ័យ 13 ឆ្នាំ ក៏ស្ថិតក្រោមការជ្រោមជ្រែងរបស់អ្នកស្រីមីស៊ុបកូនកាត់កោះពេជ្ររហូតដល់ចប់ផងដែរ។

    អ្នកស្រី គង់ វណ្ណា ម្ចាស់ហាងមីស៊ុបកូនកាត់កោះពេជ្រ និងហាងប៊ុបហ្វេសមុទ្របៃតងកោះពេជ្រ ក៏បានប្រាប់ដូចគ្នាដែរថា ដោយសារតែនាយតាក់ស៊ីសម្រេចចិត្តទៅបួសដោយឃាត់លេងជាប់ទៅហើយ ដូច្នេះក្នុងនាមអ្នកស្រីដែលធ្លាប់រាប់អាន និងស្រលាញ់ គ្រួសារនាយតាក់ស៊ី និងភរិយា មិនខុសពីសាច់ញាតិម្នាក់ គឺមានតែជួយបំពេញបំណងប៉ុណ្ណោះ ដោយអ្នកស្រីសម្រេចចិត្តទិញគ្រឿងឧបភោគបរិភោគទុកឱ្យនាយតាក់ស៊ីទៅបួស និងធានាផ្គត់ផ្គង់សម្រួលជីវភាពរបស់អ្នកនាងភីម ប្រសិនបើសិល្បៈដើរលេងទៅ ដើម្បីឱ្យកូនប្រុសតែមួយរបស់នាយតាក់ស៊ីបានសិក្សាចប់ចុងចប់ដើម។ អ្នកស្រីថាខ្លួននឹងបង្រៀនអ្នកនាងភីមឱ្យចេះរកស៊ី ឬ មកធ្វើការប្រចាំហាងឱ្យខ្លួន ដោយអ្នកស្រីធានាមិនឱ្យអ្នកនាងភីមពិបាកជីវភាពក្រោយពេលស្វាមី បួសជាព្រះសង្ឃ ហើយឈប់រវល់នឹងការផ្គត់ផ្គង់ប្រពន្ធនោះឡើយ។ អ្នកស្រីមានគម្រោងបើកហាងមីស៊ុបកូនកាត់ និងហាងប៊ុបហ្វេសមុទ្របៃតង ហើយឱ្យអ្នកនាងភីមមើលការខុសត្រូវប៉ុន្តែបើអ្នកនាងភីមចង់តែរឿងសិល្បៈ ដោយមិនចង់រកស៊ី នោះអ្នកស្រីនឹងជួយផ្គត់ផ្គង់តម្រូវការមិនឱ្យនាយតាក់ស៊ីពិបាកខ្វល់ដែរ៕

  • ផ្លែ​ល្ហុង​ មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ តែ​កសិករ​ពុំ​ទាន់​ផលិត​បាន​គ្រប់​តាម​តម្រូវការ​

    ផ្លែ​ល្ហុង​ មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ តែ​កសិករ​ពុំ​ទាន់​ផលិត​បាន​គ្រប់​តាម​តម្រូវការ​

    ល្ហុង​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ងាយស្រួល​ដាំ​ ដោយសារតែ​វា​លូតលាស់​លឿន​ និង​ឆាប់​ឱ្យ​ផល​ តែ​ក៏​មិន​ស្រួល​ក្នុង​ការថែទាំ​ប៉ុន្មាន​ដែរ​ ទាល់តែ​មាន​បទ​ពិសោធ​ល្មម​គួរសម​ ទើប​ដាំ​បានផល​ល្អ​ ដោយ​អាស្រ័យ​ទៅតាម​ប្រភេទ​ពូជ​ និង​បច្ចេកទេស​ដាំដុះ​។ ល្ហុង​ជាដំណាំ​ដែល​មាន​អាយុវែង​គួរសម​ ជាទូទៅ​ដំណាំ​នេះ​មាន​កម្ពស់​ពី​ 1.5​ ទៅ​ 2ម៉ែត្រ​។

    ដំណាំ​ល្ហុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចូលចិត្ត​ដាំ​នៅ​គ្រប់​ខេត្ត​ក្រុង​នៃ​ប្រទេស​កម្ពុជា​ ដោយសារតែ​វា​អាច​ដុះឡើង​ និង​រស់​បាន​នៅ​លើ​ដី​ក្នុង​តំបន់​ដែល​មាន​សីតុណ្ហភាព​មធ្យម​ពី​ 22​ ទៅ​ 28អង្សា​សេ​។ ដោយឡែក​ដំណាំ​យុទ្ធ​សាស្រ្ត​មួយ​នេះ​កំពុង​ត្រូវ​បាន​ប្រជាពលរដ្ឋ​សហគមន៍​សំបូរ​មាន​ជ័យ​ដំា​ដុះ​ដើម្បី​យក​ផល​បំពេញ​តម្រូវការ​ទីផ្សារ​។

    លោក​ ប៊ួយ​ ចេង​ អនុប្រធាន​សហគមន៍​ សំបូរ​មានជ័យ​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖“សហគមន៍​របស់ខ្ញុំ​មិនមែន​មាន​ដាំ​តែ​ដំណាំ​មួយ​មុខ​ទេ​ យើង​នៅ​មាន​ដាំ​បន្លែ​បន្ទាប់បន្សំ​ទៀត​ជាច្រើន​ ដូចជា​ប៉េងប៉ោះ​ខ្មែរ​ម្ទេស​ ម្ទេសប្លោក​ ត្រប់ស្រួយ​ ចេក​ ម្នាស់​ ផ្កា​ខាត់ណា​ខ្ទឹមបារាំង​ ក្រូចឆ្មារ​ និង​ស្លឹកគ្រៃ​ផង​ដែរ​។ ចំណែក​ដំណាំ​ល្ហុង​នេះ​សហគមន៍​យើង​បាន​ដាំ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា​ 4ហិ​កតា​”។

    លោក​ ចេង​ បាន​មានប្រសាសន៍​ថា​ ចំពោះ​ការ​ដាំដុះ​វិញ​ មុននឹង​យក​ទៅ​ដាក់ដាំ​ក្នុង​ចម្ការ​ គេ​ត្រូវ​យក​គ្រាប់ពូជ​វា​ទៅ​បណ្ដុះ​សិន​។ ត្រូវ​យក​ដី​ដែល​មានជីជាតិ​ល្អ​ច្រកចូល​ក្នុង​ថង់​ប្លាស្ទិក​ខ្មៅ​ដែល​ត្រៀម​រួចជាស្រេច​ បន្ទាប់មក​យក​គ្រាប់ពូជ​ល្ហុង​ទៅ​ត្រាំទឹក​រយៈពេល​ 2ថ្ងៃ​ និង​ផ្អាប់​ទុក​រយៈពេល​ 7ថ្ងៃ​ (ឱ្យ​ដុះ​ពន្លក​សៗ​ឡើង​) ទើប​យក​ទៅ​ដាក់ដាំ​បន្ត​នៅក្នុង​ថង់​ពី​ 3-4គ្រាប់​ ក្នុង1ថង់​។ ក្រោយពី​ដាក់គ្រាប់​បណ្ដុះ​ហើយ​ គេ​ត្រូវ​ស្រោចទឹក​វា​ឱ្យ​ជោក​រៀងរាល់ថ្ងៃ​ ដើម្បី​ឱ្យ​កូន​ល្ហុង​លូតលាស់​បាន​ល្អ​ឡើង​។ ចំពោះ​ថ្នាល​បណ្ដុះ​កូន​វិញ​ គេ​ត្រូវ​ធ្វើ​រោង​ប្រក់​សំណាញ់​ដើម្បី​ជា​ម្លប់​កុំឱ្យ​កូន​ល្ហុង​ត្រូវ​ពន្លឺថ្ងៃ​ខ្លាំងពេក​។

    ចំណែក​ឯការរៀបចំ​ដី​សម្រាប់​ដាក់ដាំ​វិញ​ គេ​ត្រូវ​ភ្ជួរ​ដី​ហាល​ចោល​ចំនួន​ 3-4លើក​ ដោយចន្លោះ​ពី​ 1លើក​ទៅ​ 1លើក​មាន​រយៈពេល​ 10ថ្ងៃ​ ដោយ​ដាក់ជី​លាមក​សត្វ​ផង​ដែរ​។ ក្រោយពី​ភ្ជួរ​ និង​រាស់​ហាល​ដី​រួចហើយ​ គេ​ត្រូវលើ​កជា​រង​ដែល​មាន​ទទឹង​ 1.5ម៉ែត្រ​ បណ្ដោយ​ទៅតាម​ស្ថានភាព​ដី​។ នៅ​លើ​រង​ គេ​ត្រូវ​ជីករណ្ដៅ​ជាជួរ​ ដោយ​រណ្ដៅ​នី​មួយ​ៗទំហំ​ 3តឹក​ 4ជ្រុង​ និង​ជម្រៅ3តឹក​ ដោយ​ទុក​គម្លាត​ពី​រណ្ដៅ​មួយ​ ទៅ​មួយ​ចម្ងាយ​ 2.5ម៉ែត្រ​។ នៅក្នុង​រណ្ដៅ​នី​មួយ​ៗ គេ​ត្រូវ​ដាក់ជី​លាមក​សត្វ​ពុក​ផុយ​ច្របល់​ជាមួយ​ដី​ឱ្យ​សព្វ​។

    នៅពេល​ដើមល្ហុង​នៅ​តូច​ គេ​ត្រូវ​ស្រោចទឹក​ 1ថ្ងៃ​ 1ដង​ ដោយ​ប្រើ​ទុយោ​បាញ់​ទៅលើ​ស្លឹក​ដើម្បី​ឱ្យ​វា​ហូរ​ធ្លាក់​មក​ក្រោម​ រហូតដល់​ដើមល្ហុង​ធំ​ពេញវ័យ​ ចេញផ្កា​ គេ​ត្រូវ​បញ្ចូល​ទឹក​នៅ​តាមចន្លោះ​រង​រៀងរាល់​ 3ថ្ងៃ​ម្តង​លៃ​យ៉ាងណា​កុំឱ្យ​ដី​ស្ងួត​ពេក​ ឬក៏​សើម​ជ្រុល​ពេក​។

    ក្រោយពេល​ដាំ​បាន​រយៈពេល​ 5ខែ​ យើង​អាច​ប្រមូល​ផល​ផ្លែ​ល្ហុង​ចាស់​ៗលក់​បាន​ហើយ​។ ការ​បេះ​ត្រូវ​បាន​គេ​ធ្វើឡើង​ជាបន្តបន្ទាប់​ក្នុងរយៈពេល​ 6ខែ​ ទៅ1ឆ្នាំ​។ ក្រោយពី​ប្រមូល​ផល​ឆ្នាំទី1​ និង​ឆ្នាំទី2​ រហូតដល់​ដើមល្ហុង​លែង​សូវ​ចេញ​ផ្លែ​ហើយ​ ទើប​គេ​អាច​កាប់​ដើម​ចាស់​ចោល​ និង​ដាំ​ថ្មី​ឡើងវិញ​។ ជាស​រុ​បនៅ​ពេល​ដើមល្ហុង​ផ្តល់​ផ្លែ​ពេញលេញ​ សហគមន៍​អាច​បេះ​យក​ទៅ​លក់​បាន​ប្រមាណ​ពី​ 2 ទៅ3តោន​ក្នុង1ថ្ងៃ​នៅពេល​ដែល​វា​ចាប់ផ្តើម​ផ្តល់​ផល​។

    លោក​ ប៊ួយ​ ចេង​ បានឱ្យ​ដឹង​ថា​ សហគមន៍​លោក​មាន​ចម្ការ​ល្ហុង​នៅ​លើ​ផ្ទៃដី​ដាំដុះ​ចំនួន​ 4ហិ​កតា​ ស្មើដើម​ល្ហុង​ចំនួន​ជាង​ 2,000ដើម​ស្ថិត​ក្នុង​ភូមិ​សំបូរ​ ឃុំ​សូភាស​ ស្រុក​ស្ទឹងត្រង់​។ បច្ចុប្បន្ន​ចំពោះ​ផ្ទៃដី​ 4ហិ​កតា​ដែល​ដាំ​ដើមល្ហុង​នេះ​ លោក​អាច​រក​ប្រាក់ចំណូល​បាន​ប្រមាណ​ជិត​ 2ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ 1ឆ្នាំ​។

    ដោយឡែក​រឿង​តម្លៃនៅលើទីផ្សារ​វិញ​ លោក​ ប៊ួយ​ ចេង​ បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ “ល្ហុង​ គឺជា​បន្លែ​ដែល​មានតម្លៃ​មិនសូវ​ជា​ថ្លៃ​ប៉ុន្មាន​ទេ​ ដោយ​លក់​ចេញ​ក្នុង​ 1គីឡូ​បាន​តម្លៃ​ចន្លោះ​ពី1,000​ ទៅ​ 1,200រៀល​សម្រាប់​ផ្លែ​ល្ហុង​ខ្ចី​(យក​ទៅ​ធ្វើជា​បន្លែ​ស្លស្លុក​) និង​ 1,200រៀល​ ទៅ​ 1,500រៀល​ សម្រាប់​ផ្លែ​ល្ហុង​ទុំ​(យក​ទៅ​ធ្វើជា​បង្អែម​)។ លោក​បាន​បញ្ជាក់​ថា​ នេះ​ជា​តម្លៃ​នា​ពេល​បច្ចុប្បន្ន​ដែល​ឡើងថ្លៃ​បាន​បន្តិចមក​វិញ​ បើ​ពីមុន​វិញ​ យើង​អាច​លក់​បាន​ត្រឹមតែ​ 400រៀល​ប៉ុណ្ណោះ​ ក្នុង​ 1គីឡូក្រាម​ តែ​នៅ​ឆ្នាំនេះ​យើង​អាច​លក់​បាន​រាង​ថ្លៃ​បន្តិច​វិញ​ហើយ​”។

    លោក​ ប៊ួយ​ ចេង​ បានឱ្យ​ដឹង​ដែរ​ថា​៖“ក្នុង​ពេល​ថ្មី​ៗនេះ​មានការ​ផ្ទុះឡើង​នូវ​បន្លែ​មាន​ជាតិគីមី​ ដែល​នាំចូល​មក​ពី​ប្រទេសជិតខាង​ ទើប​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ងាក​មករ​កបន្លែ​ក្នុង​ស្រុក​ ហើយ​តម្លៃ​ក៏​ចាប់ផ្ដើម​បាន​ឡើង​រាង​ខ្ពស់​បន្តិច​វិញ​ ដោយសារ​បន្លែ​ក្នុង​ស្រុក​ជា​បន្លែ​សរីរាង្គ​ ជា​របស់​សហគមន៍​ក្នុង​ស្រុក​ ដែល​យើង​នាំគ្នា​ដាំ​”។

    បច្ចុប្បន្ន​ផ្លែ​ល្ហុង​របស់​សហគមន៍​សំបូរ​មានជ័យ​ត្រូវ​បាន​យក​ទៅ​ផ្គត់ផ្គង់​នៅក្នុង​ផ្សារ​ក្នុង​ខេត្ត​កំពង់ចាម​ នៅ​ផ្សារ​ដើម​គ និង​ផ្សារ​នាគ​មាស​នៅ​ភ្នំពេញ​។លោក​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​ សហគមន៍​ក៏​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​បន្លែ​ផ្សេង​ៗទៀត​ ពិសេស​បន្លែ​ល្ហុង​នេះ​ដើម្បី​ផ្គត់ផ្គង់​ឱ្យ​គ្រប់​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ ព្រោះ​បើ​ទោះជា​មាន​ដំណាំ​ល្ហុង​ 10ហិ​កតា​ទៀត​ ក៏​នៅតែ​មិនទាន់​គ្រប់​តម្រូវការ​ទីផ្សារ​ដែរ​(ទាំង​ទុំ​ ទាំង​ខ្ចី​)។ តែ​ពេលនេះ​ល្ហុង​កំពុង​មាន​ជំងឺរាតត្បាត​ ដែល​មិនទាន់​អាច​ឱ្យ​សហគមន៍​កសិករ​យើង​ចាប់ផ្តើម​ធ្វើការ​ពង្រីក​ការ​ដាំដុះ​ដំណាំ​នេះ​បាន​នៅឡើយ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ជាចុងក្រោយ​របស់​លោក​ ប៊ួយ​ ចេង​៕

  • “ពិព័រណ៍​លំនៅឋាន​កម្ពុជា​ ឆ្នាំ2019​” នឹង​ទាក់ទាញ​អ្នក​ស្វែងរក​លំនៅឋាន​ក្នុង​បរិបទ​ថ្មី​

    “ពិព័រណ៍​លំនៅឋាន​កម្ពុជា​ ឆ្នាំ2019​” នឹង​ទាក់ទាញ​អ្នក​ស្វែងរក​លំនៅឋាន​ក្នុង​បរិបទ​ថ្មី​

    ជម្រើស​លំនៅឋាន​ច្រើនជាង​មុន​ និង​ប្លែក​ជាង​មុន​ គឺជា​គោលបំណង​នៃ​ពិព័រណ៍​អចលនទ្រព្យ​នៅពេល​ខាងមុខនេះ​ដើម្បី​លើកកម្ពស់​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ទាំង​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ និង​លើឆាកអន្តរជាតិ​នេះ​បើ​តាម​អគ្គនាយក​នៃ​គេហទំព័រ​ realestate.com.kh​ ដែល​បាន​មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​អំពី​ពិព័រណ៍​ដែលគេ​សង្ឃឹមថា​ ជា​ព្រឹត្តិ​ការណ៍​ដែល​អាច​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​ ហើយ​ពួកគេ​ក៏​នឹង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗពី​ការទិញ​-លក់​អចលនទ្រព្យ​ពី​វាគ្មិន​ជំ​នាញៗ​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​វិស័យ​នេះ​ផង​ដែរ​។

    លោក​ Thomas​ O’Sullivan​ នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​អចលនទ្រព្យ​ realestate.com.kh​ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​នេះ​បាន​មានប្រសាសន៍​ថា​៖“មាន​វិនិយោគិន​បរទេស​មួយចំនួន​មិនទាន់​បាន​ស្គាល់​ ឬយល់ដឹង​ពី​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ​ និង​សំណង់​នៅ​កម្ពុជា​ទេ​។ ហេតុនេះ​កម្មវិធី​នេះ​នឹង​ជួយ​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ទាំង​នៅក្នុង​ស្រុក​ និង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​។ តាមរយៈ​កម្មវិធី​នេះ​នឹង​ធ្វើ​ឱ្យ​ជនបរទេស​កាន់តែ​ច្រើន​ចាប់អារម្មណ៍​ក្នុង​ការទិញ​អចលនទ្រព្យ​នៅ​កម្ពុជា​”។

    លោក​បាន​បន្ថែម​ថា​ កម្មវិធី​នេះ​អាច​និយាយ​បាន​ថា​ ជា​ពេលវេលា​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ស្វែងរក​ទិញ​អចលនទ្រព្យ​ក៏ដូចជា​ការ​វិនិយោគ​ផង​ដែរ​ ពិសេស​យើង​ផ្តោត​ការ​ផ្សព្វផ្សាយ​ទៅលើ​អ្នកមាន​ជីវភាព​មធ្យម​ដែល​នៅ​មាន​តម្រូវការ​លំនៅឋាន​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​បញ្ជាក់​ថា​៖ “កម្មវិធី​នេះ​នឹង​ប្រមូល​ផ្តុំ​នូវ​គម្រោង​អចលន​ទ្រព្យ​ថ្មី​ៗ ព្រមទាំង​ក្រុមហ៊ុន​ជាច្រើន​ដែល​មាន​ឥទ្ធិពល​ និង​ដើរតួ​នាទី​សំខាន់​នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​”។

    លោក​ ម៉ឹក​ ចិន្តា​ ស្ថាបនិក​គេហទំព័រ​ Realestate.com.kh​ ពិព័រណ៍​នេះ​ផ្តល់​ឱ្យ​អ្នកចូលរួម​នូវ​អត្ថ​ប្រយោជន៍​ចំនួន​ 4សំ​ខាន់​ៗគឺ​ ទី1​-វេទិកា​នេះ​ល្អ​បំផុត​សម្រាប់​អ្នកមាន​បំណង​ចង់​ទិញ​លំនៅឋាន​ មិនថា​ផ្ទះ​ ដី​ ខុន​ដូ​ ឬបុរី​នោះ​ទេ​ និង​មាន​ជម្រើ​សផ្សេង​ៗទៀត​ ដូចជា​ រថយន្ត​ម៉ា​កល្បី​ៗ គ្រឿងសង្ហារិម​ និង​ការ​រចនា​ដេ​គ័រ​។ ទី2​-ល្អ​បំផុត​សម្រាប់​អ្នក​ដែល​មានបំណង​ចង់​ស្វែងយល់​អំពី​ភាព​រីកចម្រើន​នៃ​ទីផ្សារ​លំនៅឋាន​នៅ​កម្ពុជា​។ ទី3​-ល្អ​បំផុត​សម្រាប់​អ្នក​ដែល​ចង់​ស្វែងរក​គម្រោង​លំនៅឋាន​ជាច្រើន​ក្នុង​ពេល​តែមួយ​ និង​ទី4​-ល្អ​បំផុត​សម្រាប់​អ្នក​ចង់​ចូលរួម​ស្វែងយល់​ជាមួយ​វគ្គ​សិក្ខាសាលា​អប់រំ​អំពី​វិស័យ​អចលនទ្រព្យ​ជាមួយ​ប្រធាន​បទ​ល្អ​ៗ ដែល​នឹង​ធ្វើ​បទ​បង្ហាញ​ដោយ​វាគ្មិន​ល្បី​។

    សេចក្តី​ប្រកាស​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ក្នុង​ពិព័រណ៍​នី​មួយ​ៗមានការ​ចូលរួម​យ៉ាងសកម្ម​ពីសំណាក់​អ្នក​វិនិយោគ​ ម្ចាស់​គម្រោង​ អ្នក​អភិវឌ្ឍន៍​ និង​អ្នកចូលរួម​រាប់ពាន់​នាក់​នឹង​បាន​ចូលរួម​នៅក្នុង​វេទិកា​ដ៏​ធំអស្ចារ្យ​មួយ​នេះ​។ ជា​ការពិត​ណាស់​ នៅក្នុង​ពិព័រណ៍​លើក​ទី1​ មានការ​ទិញ​លក់​នៅនឹង​កន្លែង​គិតជា​ទឹកប្រាក់​ជាង​ 3លាន​ដុល្លារ​។ លើក​ទី2​ បាន​ជាង20លាន​ដុល្លារ​ និង​លើក​ទី3​ លក់​បាន​ជាង​ 20លាន​ដុល្លារ​។

    ដូច្នេះ​វា​ជា​វេទិកា​ទិញ​-លក់​អចលនទ្រព្យ​ដ៏​មានប្រសិទ្ធភាព​ និង​ជោគជ័យ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​។ ដោយ​សម្លឹងឃើញ​ពី​សក្តា​នុ​ពល​នៃ​ទីផ្សារ​ និង​តម្រូវការ​អចលនទ្រព្យ​ដ៏​ច្រើន​ពី​អ្នកទិញ​ក្នុង​ស្រុក​ និង​អន្តរជាតិ​ Realestate.com.kh​ នឹង​នៅតែ​បន្ត​ជំរុញ​ការទិញ​-លក់​លំនៅឋាន​នៅ​កម្ពុជា​ តាមរយៈ​ពិព័រណ៍​ដ៏​ធំ​នេះ​។

    លោក​ សួស​ ចិន្តា​ អគ្គលេខាធិការ​នៃ​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ បាន​ប្រាប់​ថា​ វិស័យ​អចលនទ្រព្យ​ និង​សំណង់​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ លោក​ថ្លែង​ថា​ កម្មវិធី​នេះ​នឹងអាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាងច្រើន​ពីសំណាក់​អ្នក​វិនិយោគ​បរទេស​។

    លោក​បន្ត​ថ្លែង​ថា​៖ “ដោយសារ​កម្ពុជា​មាន​ស្ថិរភាព​នយោបាយ​ល្អ​ និង​ច្បាប់​មាន​ភាព​អនុគ្រោះ​ច្រើន​សម្រាប់​វិនិយោគិន​បរទេស​នោះ​ ដូច្នេះ​តាមរយៈ​ពិព័រណ៍​នេះ​នឹងអាច​ជួយ​ទាក់ទាញ​ជនបរទេស​ឱ្យ​ចូល​មក​ទិញ​ និង​បណ្តាក់​ទុន​នៅ​កម្ពុជា​បាន​ជាច្រើន​ទៀត​”។

    លោក​បាន​បញ្ជាក់​ថា​៖“យោង​តាម​សមាគម​អភិវឌ្ឍន៍​លំនៅឋាន​ និង​របាយការណ៍​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានឱ្យ​ដឹង​ថា​៖“តម្រូវការ​លំនៅឋាន​នៅតែ​ខ្ពស់​ គឺ​ការសាងសង់​អត់​ទាន់​គ្រប់​តាម​តម្រូវការ​ទេ​ ដោយសារ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ និង​កំណើន​ការងារ​។ តម្រូវការ​វិស័យ​សំណង់​ និង​អចលនទ្រព្យ​នេះ​នឹង​បន្ត​រីកចម្រើន​លើស​ពី​ 5ឆ្នាំទៅ​មុខ​ទៀត​។ បើ​យើង​គិតទៅ​ 5ឆ្នាំ​ទៀត​ ប្រទេស​យើង​អាច​នៅ​មាន​គម្រោ​ងធំៗ​ជាច្រើន​ទៀត​ ពោល​គឺ​របាយ​នេះ​មិនទាន់​ឆ្អែត​ទេ​ រហូត​ទៅដល់​ឆ្នាំ2030​។ ដូចនេះ​អចលនទ្រព្យ​ គឺ​កំពុងតែ​ចាប់ផ្តើម​បើ​យើង​ប្រៀបធៀប​ទៅ​នឹង​ប្រទេសជិតខាង​យើង​ និង​ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​”។

    លោក​ សួស​ ចិន្តា​ បាន​បញ្ជាក់​ទៀត​ថា​៖“បញ្ហា​ប្រឈម​ យើង​នៅតែ​មាន​ ដោយ​យើង​ត្រូវតែ​សាងសង់​ប៉ុន្មាន​ដើម្បី​ជា​ការ​ផ្គត់ផ្គង់​ទៅ​នឹង​តម្រូវការ​ទីផ្សារ​នៃ​វិស័យ​អចលនទ្រព្យ​ឱ្យ​គ្រប់គ្រាន់​ដល់​ប្រជាជន​ ហើយ1ឆ្នាំ​យើង​ត្រូវលក់​បាន​ប៉ុន្មាន​ និង​សាងសង់​បាន​ប៉ុន្មាន​? និង​ការ​លក់​ចេញទៅ​នោះ​ថ្លៃ​ប៉ុន្មាន​? ព្រោះ​យើង​ផ្តោត​ទៅលើ​លំនៅឋាន​សមរម្យ​ដែល​ប្រជាជន​យើង​អាច​មានលទ្ធភាព​ទិញ​បាន​។ នេះ​ជា​ការរៀបចំ​មួយ​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​កំពុងតែ​រៀបចំ​ចងក្រង​ហើយ​ ដើម្បី​កុំឱ្យ​មាន​ហានិភ័យ​ទាក់ទង​ទៅ​នឹង​តម្លៃ​អចលនទ្រព្យ​នៅ​លើ​ទីផ្សារ​ និង​ការ​វិនិយោគ​ និង​ការប្រើ​ប្រាស់​កម្ចី​ជាដើម​៕

  • បឹង​កេត​ បង្ហាញ​រូបថត​ឯកសណ្ឋាន​ថ្មី​ និង​លក់​បញ្ចុះតម្លៃ​ពិសេស​ ចំនួន​ 300​អាវ​ទៀតផង​

    បឹង​កេត​ បង្ហាញ​រូបថត​ឯកសណ្ឋាន​ថ្មី​ និង​លក់​បញ្ចុះតម្លៃ​ពិសេស​ ចំនួន​ 300​អាវ​ទៀតផង​

    កាលពី​ពេល​ថ្មី​ៗនេះ​ក្លិប​បាល់ទាត់​បឹង​កេត​ បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​បង្ហាញ​ពី​ឯកសណ្ឋាន​ថ្មី​របស់​ក្លិប​ ដែល​ក្នុង​នោះ​មានការ​ថត​ផ្សព្វផ្សាយ​ដោយ​កីឡាករ​របស់​ក្លិប​ផ្ទាល់​តែម្តង​។

    លោក​ បែ​ មករា​ អគ្គលេខាធិការ​ក្លិប​បាល់ទាត់​បឹង​កេត​បាន​បញ្ជាក់​ថា​ ចំនួន​ដែល​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ពិសេស​ 10ភាគរយ​នេះ​ មាន​ចំនួន​ 300អាវ​ និង​មាន​សុពលភាព​ដល់​ថ្ងៃទី28​ ខែមេសា​។ ចំពោះ​ការ​លក់​បញ្ចុះតម្លៃ​សម្រាប់​អាវ​រដូវ​កាល​ថ្មី​ 2019នេះ​ គឺ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកគាំទ្រ​។

    អាវ​រដូវ​កាល​ថ្មី​របស់​បឹង​កេត​ ដែល​មាន​ពណ៌ស​ ខៀវ​ និង​ក្រហម​ នឹង​មាន​លក់​នៅ​ឯការិយាល័យ​ក្លិប​ ដែល​មាន​ទីតាំងនៅ​ផ្ទះលេខ​ B01​ បូរី​សាន់​វ៉េ​ ទួលគោក​ ចាប់ពី​ថ្ងៃនេះ​ផ្សាយដំណឹង​នេះ​តទៅ​។ ចំណែក​នៅ​ថ្ងៃសៅរ៍​ ទី20​ ខែមេសា​ នឹង​មាន​ស្ដ​ង់​ដាក់​លក់​នៅ​ខាងមុខ​ហាង​ MOTOR​ CAFÉ​ TOUL​ KORK​ សាខា​ទួលគោក​ចាប់ពី​ម៉ោង9​:30នាទី​ព្រឹក​ ដល់ម៉ោង៤​:៣០នាទី​ល្ងាច​៕

  • World​ Cup​ 2022​ នៅ​ប្រទេស​កា​តា​អាច​នឹង​កើន​ដល់​ 48​ក្រុម​

    World​ Cup​ 2022​ នៅ​ប្រទេស​កា​តា​អាច​នឹង​កើន​ដល់​ 48​ក្រុម​

    FIFA​ បានសម្រេច​យក​ការប្រជុំ​ FIFA​ Congress​ លើក​ទី69​ នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ ​នា​ថ្ងៃទី5​ ខែមិថុនា​ ឆ្នាំ2019ខាងមុខនេះ​ដើម្បី​ធ្វើការ​បោះឆ្នោត​គាំទ្រ​គម្រោង​បង្កើន​ក្រុម​ដល់​ 48ក្រុមក្នុង​ការប្រកួត​ FIFA​ World​ Cup​ 2022​ នៅ​ប្រទេស​កា​តា​។

    គួរ​រំឭក​ផង​ដែរ​ថា​ គម្រោង​បង្កើន​ក្រុម​ដល់ទៅ48​ នៅក្នុង​ការប្រកួត​ពានរង្វាន់​ FIFA​ World​ Cup​ ត្រូវ​បានសម្រេច​ជាស្ថាពរ​ហើយ​កាលពី​ឆ្នាំមុន​ តែ​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ FIFA​ World​ Cup​ ឆ្នាំ2026តទៅ​។ ដូចនេះ​ប្រសិនបើ​មាន​ប្រទេស​ច្រើន​គាំទ្រ​ គម្រោង​មួយ​នេះ​នឹង​ត្រូវ​បាន​ធ្វើ​មុន​ការកំណត់4ឆ្នាំ​៕