Category: សង្គម និងសេដ្ឋកិច្ច

  • ការនាំចេញ​អង្ករ​ទៅ​ចិន​កើនឡើង​ខ្លាំង ខណៈ​ទៅ​អឺរ៉ុប​ធ្លាក់ចុះ​យ៉ាងគំហុក​ក្នុង​ត្រីមាស​ទី1ឆ្នាំនេះ

    ការនាំចេញ​អង្ករ​ទៅ​ចិន​កើនឡើង​ខ្លាំង ខណៈ​ទៅ​អឺរ៉ុប​ធ្លាក់ចុះ​យ៉ាងគំហុក​ក្នុង​ត្រីមាស​ទី1ឆ្នាំនេះ

    របាយការណ៍​ពី​លេខាធិការ​ដ្ឋាន​ច្រកចេញ​ចូល​តែមួយ​បាន​បង្ហាញថា​ បរិមាណ​អង្ករ​កម្ពុជា​ដែល​បាន​នាំចេញ​នៅ​ត្រីមាស​ទី1ឆ្នាំនេះ​កើនឡើង​ 6ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2018​។

    ចាប់ពី​ខែមករា​ ដល់​ខែមីនា​ឆ្នាំ2019​ បរិមាណ​អង្ករ​កម្ពុជា​ដែល​បាន​នាំចេញ​មាន​ចំនួន​ជាង​ 17ម៉ឺន​តោន​ កើនឡើង​ 6ភាគរយ​ ពោល​គឺ​កើន​ពី​ចំនួន​ជាង​ 16ម៉ឺន​តោន​កាលពី​ត្រីមាស​ទី1​ នៅ​ឆ្នាំ2018​។ នេះ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​នេះ​។

    របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា​ ការនាំចេញ​អង្ករ​របស់​កម្ពុជា​ទៅកាន់​សហគមន៍​អឺរ៉ុប​មានការ​ថយ​ចុះ​ច្រើន​ក្នុងរយៈពេល​ 3ខែ​ឆ្នាំនេះ​ ពោល​គឺ​ធ្លាក់ចុះ​ 32ភាគរយ​ មក​នៅ​ត្រឹម​ 51,552តោន​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ត្រីមាស​ទី1​ ឆ្នាំ2018ដែល​មាន​ចំនួន​ដល់ទៅ​ 76,762តោន​។ ​

    ដោយឡែក​គេ​សង្កេតឃើញ​ថា​ ការនាំចេញ​អង្ករ​កម្ពុជា​ទៅកាន់​ទីផ្សារ​ចិន​កើនឡើង​ច្រើន​ពី​ចំនួន​ 41,412តោន​នៅក្នុង​ត្រីមាស​ទី1​ ឆ្នាំ2018​ ដល់79,595តោន​នៅក្នុង​ត្រីមាស​ទី1​ ឆ្នាំ2019​ ពោល​គឺ​កើនឡើង​ 73ភាគរយ​។ ម្យ៉ាងវិញទៀត​ ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ក៏​ កើនឡើង​ផង​ដែរ​ រួមមាន​ប្រទេស​ប្រ៊ុយណេ​ ពី​ចំនួន​ 4,410តោន​នៅ​ត្រីមាស​ទី1​ ឆ្នាំ2018​ រហូតដល់​ 7,770តោន​នៅ​ត្រីមាស​ទី1​ ឆ្នាំ2019​ នេះ​។

    ការ​ធ្លាក់ចុះ​បរិមាណ​អង្ករ​កម្ពុជា​ដែល​បាន​នាំចេញ​ទៅកាន់​អឺរ៉ុប​ ត្រូវ​បាន​ក្រុមហ៊ុន​អ្នកនាំ​ចេញ​អង្ករ​ក្នុង​ស្រុកលើ​កឡើង​ថា​ មក​ពី​សហគមន៍​អឺរ៉ុប​សម្រេច​ដាក់​វិធានការ​ការពារ​ (Safeguard​ clause​ measure​) ដោយ​ដាក់​ពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា​ឡើងវិញ​។ ​

    យោង​តាម​សេចក្តី​ប្រកាស​របស់​សហគមន៍​អឺរ៉ុប​កាលពីដើម​ឆ្នាំនេះ​ សហគមន៍​អឺរ៉ុប​បានសម្រេច​យកពន្ធ​នាំចូល​អង្ករ​ពី​ប្រទេស​កម្ពុជា​ប្រមាណ​ 175អឺ​រ៉ូ​ (199.50ដុល្លារ​អាមេរិក​)ក្នុង​អង្ករ​ 1តោន​នៅ​ឆ្នាំ​ដំបូង​(2019​) បន្ទាប់មក​អត្រាពន្ធគយ​នឹង​ធ្លាក់ចុះ​ក្នុង​ចំនួន​ 150អឺ​រ៉ូ​នៅ​ឆ្នាំទី2​ ហើយ​នៅ​ឆ្នាំទី3​ អត្រាពន្ធគយ​លើ​អង្ករ​នាំចូល​ពី​កម្ពុជា​ និង​មីយ៉ាន់ម៉ា​នឹង​ធ្លាក់ចុះ​មក​នៅ​ត្រឹម​ 125អឺ​រ៉ូ​។

    លោក​ ចាន់​ ពេជ្រ​ ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ Signatures​ of​ Asia​ បាន​ថ្លែង​ថា​ ការនាំចេញ​អង្ករ​ពី​ក្រុមហ៊ុន​របស់​លោក​ទៅកាន់​សហគមន៍​អឺរ៉ុប​ធ្លាក់ចុះ​ជិត​ 50ភាគរយ​ ឬខែ​ខ្លះ​រហូតដល់​ 70ភាគរយ​នៅក្នុង​ត្រីមាស​ទី1​ ឆ្នាំនេះ​។ ​

    លោក​ ពេជ្រ​ បញ្ជាក់​ថា​៖“ការនាំចេញ​របស់​ក្រុមហ៊ុន​របស់ខ្ញុំ​ទៅកាន់​អឺរ៉ុប​នៅ​ត្រីមាស​ទី1​ នេះ​មានតែ​ 3,349តោន​ ពោល​គឺ​ធ្លាក់ចុះ​ជាង​ 40ភាគរយ​ បើ​ធៀប​នឹង​ត្រីមាស​ទី1​ ឆ្នាំ2018​ ដែល​មាន​ចំនួន​ 5,706តោន​”។ ​

    លោក​ថា​ នៅក្នុង​ខែកុម្ភៈ​ និង​ខែមីនា​ ឆ្នាំ2019​ នេះ​ការនាំចេញ​អង្ករ​ទៅកាន់​អឺរ៉ុប​ ធ្លាក់ចុះ​ខ្លាំង​ពី​ចំនួន​ 2,016តោន​ និង​ 1,982តោន​នៅ​ឆ្នាំ2018​ មក​ត្រឹម​ 629តោន​ និង843តោន​ តាមលំដាប់​នៅ​ឆ្នាំ2019​ នេះ​។ ​

    លោក​ ពេជ្រ​ បាន​បន្ត​ទៀត​ថា​៖“ការ​បញ្ជាទិញ​អង្ករ​ពី​អឺរ៉ុប​មកកាន់​ក្រុមហ៊ុន​លោក​មានការ​ធ្លាក់ចុះ​ប្រមាណ​ពី50​ ទៅ​ 70ភាគរយ​តាម​ខែ​នី​មួយ​ៗក្នុង​ឆ្នាំ​នេះ​ ទោះជា​អឺរ៉ុប​សម្រេច​ដាក់​ពន្ធ​នាំចូល​អង្ករ​ពី​កម្ពុជា​ក៏​ពិតមែន​ក្តី​ តែ​ប្រជាកសិករ​មិនបាន​រង​ការ​ប៉ះពាល់​នោះ​ទេ​ ដោយ​ពួកគាត់​នៅ​រក្សា​បាន​តម្លៃ​ស្រូវ​ជា​ធម្មតា​”។ លោក​ ពេជ្រ​ បន្ថែម​ទៀត​ថា​៖“ក្រោយពេល​ 3ឆ្នាំ​ ខ្ញុំ​អត់​ច្បាស់​ថា​គេ​គិត​របៀបណា​នោះ​ទេ​ គេ​បន្ត​ទៀត​ ឬគេដាក់​ចូលក្នុង​ប្រព័ន្ធ​ធម្មតា​វិញ​ឬមួយ​យ៉ាងណា​យើង​មិនទាន់​ដឹង​ទេ​”។

    លោក​ កាន់​ គន្ធី​ អគ្គនាយករង​ក្រុមហ៊ុននាំចេញ​អង្ករ​ AmruRice​ បាន​ថ្លែង​ថា​ ក្នុងរយៈពេល​ 3ខែ​ឆ្នាំនេះ​ ក្រុមហ៊ុន​លោក​បាន​នាំ​អង្ករ​ចេញ​ ប្រមាណ​ 11,370តោន​ បើ​ប្រៀបធៀប​ទៅ​នឹង​ 8,634តោន​ក្នុង​ត្រីមាស​ទី​ ឆ្នាំ2018​។ ក្នុង​នោះ​ការនាំចេញ​ជា​ប្រភេទ​អង្ករ​ក្រអូប​ប្រណីត​ដែល​ទីផ្សារ​សំខាន់​ គឺ​ ចិន​ និង​អូស្ត្រាលី​ Papua​ New​ Guinea​ និង​ទី​ផ្សារ​ផ្សេង​ៗទៀត​។

    លោក​បន្ត​ថា​៖“ការនាំចេញ​របស់​យើង​ជា​រួមមាន​ការ​កើនឡើង​ ប៉ុន្តែ​ការ​លក់​អង្ករ​ប្រភេទ​សរីរាង្គ​ទៅកាន់​អឺរ៉ុប​ គឺ​យើង​មិន​អាច​លក់​បាន​ទៀត​ទេ​ ដោយសារ​អឺរ៉ុប​បាន​ដាក់​វិធានការ​ពារ​ពាណិជ្ជកម្ម​របស់​ខ្លួន​ទៅលើ​ការនាំចូល​អង្ករ​ពី​កម្ពុជា​”។

    លោក​ គន្ធី​ បានឱ្យ​ដឹង​ថា​ លោក​មិនទាន់​ដឹង​ថា​ តើ​ក្រោយពេល​ 3ឆ្នាំ​ហ្នឹង​ វា​មាន​អ្វី​កើតឡើង​នោះ​ទេ​ តែ​លោក​ថា​ កុំថាឡើយ​ដល់​ 3ឆ្នាំ​បើ​សូម្បី​ត្រឹមតែ1ឆ្នាំ​ ក៏​អ្នកនាំ​ចេញ​អង្ករ​បាត់បង់​ទីផ្សារ​សឹងតែ​អស់ហើយ​នៅ​សហគមន៍​អឺរ៉ុប​។ ​|

    លោក​ គន្ធី​ បាន​លើកឡើង​ថា​៖“រឿង​ EU​ ជា​រឿង​អយុត្តិធម៌​ ខណៈ​ពេល​អឺរ៉ុប​អត់​ផលិត​អង្ករ​ក្រអូប​នោះ​ទេ​ បើ​គិតថា​ ប៉ះពាល់​ វា​គួរតែ​និយាយទៅ​លើ​រឿង​អង្ក​រស​ យើង​អត់​បាន​បាត់បង់​ទីផ្សារ​ទេ​ ប៉ុន្តែ​ការនាំចេញ​ទៅ​អឺរ៉ុប​ធ្លាក់ចុះ​ច្រើន​ ដោយឡែក​យើង​បាន​នាំចេញ​ទៅ​ទី​ផ្សារ​ផ្សេង​ៗ ដូចជា​ចិន​ អូស្ត្រាលី​ ប៉ា​ពួ​ នី​វហ្គីណេ​ និង​ទី​ផ្សារ​ផ្សេង​ៗទៀត​ ការនាំចេញ​របស់​ក្រុមហ៊ុន​យើង​មិន​ធ្លាក់ចុះ​ក្នុង​ទំហំ​ណាមួយ​នោះ​ទេ​ ដោយសារ​យើង​បាន​ត្រៀម​ និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​រួចហើយ​ យើង​កំពុងធ្វើការ​លើ​ទី​ផ្សារ​ផ្សេង​ៗទៀត​ ដូចជា​ទៅ​ប្រទេស​កាណាដា​ ជាដើម​”។

    អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ លោ​កឡុង​ កែម​វិចិត្រ​បានឱ្យ​ដឹង​ថា​ ក្រសួង​ពាណិជ្ជកម្ម​បាន​និង​កំពុង​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ច្បាប់​ ទៅលើ​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​ច្បាប់​អឺរ៉ុប​ដើម្បី​កំណត់​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​កម្ពុជា​បន្ត​រក​ដំណោះស្រាយ​នៃ​វិធានការ​ពារ​របស់​សហគមន៍​អឺរ៉ុប​មក​លើ​អង្ករ​កម្ពុជា​ ដូច្នេះ​កម្ពុជា​រង់ចាំ​នូវ​ការណែនាំ​បន្ថែម​ដើម្បី​ចាត់វិធានការ​ទៅលើ​លិខិត​របស់ក្រ​សួង​។

    លោក​បន្ថែម​ថា​ ការ​ដាក់​ពន្ធ​ឡើងវិញ​របស់​អឺរ៉ុប​លើ​ការនាំចូល​អង្ករ​កម្ពុជា​ទៅកាន់​អឺរ៉ុប​មាន​រយៈពេល​ 3ឆ្នាំ​ ហើយ​យោង​តាម​បទប្បញ្ញត្តិ​ចេញ​ដោយ​សហគមន៍​អឺរ៉ុប​ វា​ត្រូវ​បាន​គេ​រំពឹង​ថា​ ពន្ធ​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​ទី3​។ ​

    លោក​បាន​បន្ត​ថា​ ការ​ដាក់​ពន្ធ​នេះ​ មិន​ប៉ះពាល់​កសិករ​ខ្លាំង​ទេ​ ខណៈ​ឆ្នាំនេះ​ការនាំចេញ​អង្ករ​បាន​កើនឡើង​ល្មម​ ការ​ដាក់​វិធានការ​ការពារ​គឺជា​បញ្ហា​បច្ចេកទេស​ និង​ច្បាប់​ ដូច្នេះហើយ​យើង​កំពុងតែ​វិភាគ​លើ​ទិស​ដៅ​សក្តា​នុ​ពល​ដូចជា​ មជ្ឈិមបូព៌ា​ និង​អឺរ៉ុប​ខាងកើត​។

    ថ្មី​ៗនេះ​ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា​ ឯកឧត្តម​ ប៉ាន់​ សូរ​ស័ក្តិ​ បាន​ជម្រាប​អំពី​សំណើ​របស់​កម្ពុជា​ទៅកាន់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​ក្នុង​ការ​ស្នើសុំ​ឱ្យ​មាន​សេចក្តី​ប្រកាស​រួម​អាស៊ាន​ស្តី​ពី​ការ​ដាក់​វិធានការ​ការពារ​របស់​សហភាព​អឺរ៉ុប​មក​លើ​អង្ករ​ Indica​ កម្ពុជា​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​របស់​កម្ពុជា​ និង​ស្នើ​ឱ្យ​ប្រទេស​ជាស​មា​ជិ​កអាស៊ាន​ណែនាំ​ស្ថាន​បេសកកម្ម​របស់​ខ្លួន​ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ទីក្រុង​ហ្សឺណែវ​ ប្រទេស​ស្វីស​ ដើម្បី​ចេញ​សេចក្តី​ប្រកាស​គាំទ្រ​កម្ពុជា​។ ​ឯកឧត្តម​បន្ត​ថា​ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បាន​ឯកភាព​ និង​គាំទ្រ​សំណើ​របស់​កម្ពុជា​នេះ​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រ​សួង​ពាណិជ្ជកម្ម​។ ​

    យ៉ាងណាមិញ​ ដើម្បី​ជំរុញ​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​ និង​ចិន​។ ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​ក្រុ​មហ៊ុនហ្គ្រីន​ត្រេ​ដ ដែល​ជា​សេនាធិការ​បាន​ធ្វើការ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ COFCO​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កាលពី​ថ្ងៃទី12​ ខែមេសា​ ឆ្នាំ2019​ លើ​ការរៀបចំ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​សម្រាប់​ពាណិជ្ជកម្ម​ទំនិញ​អង្ករ​កម្ពុជា​ចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

    ជាក់ស្តែង​ភាគី​ទាំង2​ បាន​ឯកភាព​គ្នា​លើ​សេចក្តី​ព្រាង​អនុស្សរណៈ​ដើម្បី​ចុះហត្ថលេខា​នៅក្នុង​វេទិកា​កំពូល​កិច្ចប្រជុំ​សហប្រតិបត្តិ​ការអន្តរជាតិ​ខ្សែក្រវាត់​ និង​ផ្លូវ​ លើក​ទី2​ នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន​ដែល​ដឹកនាំ​ដោយ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ ​;

    ក្នុង​នោះ​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​នោះ​ ភាគី​ចិន​យល់ព្រម​ទិញ​អង្ករ​ផ្កាម្លិះ​ ​;អង្ករ​ក្រអូប​អង្ក​រស​ និង​ចុងអង្ករ​របស់​ប្រទេស​កម្ពុជា​ក្នុង​បរិមាណ40ម៉ឺន​តោន​ ចាប់ពី​ខែសីហា​ ឆ្នាំ2019​ រហូតដល់​ចុងខែ​ធ្នូ​ ឆ្នាំ2020​។

    អនុស្សរណៈ​យោគយល់​គ្នា​នឹង​ចូល​ជា​ធរ​មា​នភ្លាមៗ​បន្ទាប់ពី​ភាគី​ទាំង2​ អនុវត្ត​បញ្ចប់​ដោយ​ជោគជ័យ​នូវ​អនុស្សរណៈ​ដំបូង​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ11​ ខែមករា​ ឆ្នាំ2018​ ស្តី​ពី​ការនាំចូល​អង្ករ​ចំនួន​ 30ម៉ឺន​តោន​។ ​; គូភាគី​នឹង​បង្កើត​យន្តការ​ត្រួតពិនិត្យ​ធុរកិច្ច​រួម​ដើម្បី​តាមដាន​ការអនុវត្ត​អនុស្សរណៈ​យោគយល់​គ្នា​រៀងរាល់​ត្រីមាស​ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​អាច​កើតឡើង​ជាយថាហេតុ​អំឡុង​ពេល​អនុវត្ត​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​៕

  • តារា​សម្ដែង​ ​គីម​ ​សាន​ ​ចេញ​សារ​បកស្រាយ​ចំពោះ​ឈុត​ក្នុង​ថ្ងៃកំណើត​ ​

    តារា​សម្ដែង​ ​គីម​ ​សាន​ ​ចេញ​សារ​បកស្រាយ​ចំពោះ​ឈុត​ក្នុង​ថ្ងៃកំណើត​ ​

    ​តាមរយៈ​ការ​ចេញផ្សាយ​ព័ត៌មាន​ ​គេ​ឃើញថា​ ​គីម​ ​សាន​ ​ប្អូនប្រុស​តារា​សម្តែង​ ​ដេ​នី​ ​ក្វាន់​ ​កំពុង​ត្រូវ​រង​ការរិះគន់​ពីសំណាក់​មហាជន​ ​និង​ជាពិសេស​ប្រតិកម្ម​ពីសំណាក់​ឯកឧត្តម​ ​នុត​ ​សវនា​ ​អគ្គនាយករង​ ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ ​ក្រសួងមហាផ្ទៃ​ ​ករណី​រឿង​ឈុត​អាវ​របស់​លោក​ដែល​បាន​ស្លៀក​នៅក្នុង​ពិធី​ខួបកំណើត​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដោយមាន​សញ្ញា​សក្តិ​ ​របស់​ស្ថាប័ន​ទំនាក់ទំនង​រដ្ឋសភា​ ​សម្រាប់​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​របស់​ព្រះករុណា​។​

    ​ឯកឧត្តម​ ​នុត​ ​សវនា​ ​អគ្គនាយករង​ ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ ​ក្រសួងមហាផ្ទៃ​ ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក​ប្រតិកម្ម​នឹង​ការប្រើ​ប្រាស់​ឈុត​អាវ​របស់​លោក​ ​គីម​ ​សាន​ ​ប្អូនប្រុស​តារា​សម្តែង​ ​ដេ​នី​ ​ក្វាន់​ ​ដែល​បាន​ស្លៀក​នៅក្នុង​ពិធី​ខួបកំណើត​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ដោយមាន​សញ្ញា​សក្តិ​ ​របស់​ស្ថាប័ន​ទំនាក់ទំនង​រដ្ឋសភា​ ​សម្រាប់​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​របស់​ព្រះករុណា​។​

    ​ដោយ​ឯកឧត្តម​ ​នុត​ ​សវនា​ ​បាន​សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​ ​“​ការប្រើ​ប្រាស់​ ​សញ្ញា​សក្តិ​ ​និង​ឯកសណ្ឋាន​ ​របស់​ស្ថាប័ន​សាធារណៈ​ ​សុទ្ធតែ​ត្រូវ​បាន​កំណត់​ដោយ​ព្រះរាជ​ក្រឹត្យ​ ​(​លើកលែងតែ​សន្តិសុខ​ខណ្ឌ​ ​ដែល​ជា​កម្រិត​ ​មូលដ្ឋាន​)​។​ ​ជាក់ស្តែង​ ​បើ​ខ្ញុំ​មិន​ច្រលំ​ទេ​ ​សញ្ញា​សក្តិ​ ​និង​ស្លាក​សញ្ញា​ ​ដែ​លនាយប្រុ​ញកំ​ពុង​ឡង់សេ​នេះ​ជា​ប្រភេទ​ត្រូវ​បាន​ដាក់ឲ្យ​ប្រើជា​មួយ​អាវ​ស​ ​ខោស​ ​ដោយ​មន្ត្រី​ជាន់ខ្ពស់​ ​ថ្នាក់​វរមន្ត្រី​ ​ឬ​ឧត្តម​មន្ត្រី​ ​របស់​ស្ថាប័ន​ទំនាក់ទំនង​រដ្ឋសភា​ ​ព្រិទ្ធ​សភា​ ​និង​អធិការកិច្ច​ ​សម្រាប់​ចូលរួម​ក្នុង​ព្រះរាជ​ពិធី​របស់​ព្រះករុណា​ជា​អង្គ​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​បើ​ពាក់​ថតកុន​ ​ឬ​ថត​សារ​អប់រំ​ ​យើង​គួរ​ប្រើ​ឯកសណ្ឋាន​ឲ្យបាន​ត្រឹមត្រូវ​តាមច្បាប់​កំណត់​ ​តែបើ​យក​របស់​ផ្លូវការ​មក​ច្នៃ​តាម​ការ​រវើរវាយ​ពេល​ពុល​សារជាតិ​អ័រម៉ូន​ ​ឬ​បូ​ថ​ក់​ ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ខ្លួន​។​ ​អញ្ចឹង​ហើយ​បាន​ជា​គេ​តែងតែ​ទូន្មាន​ថា​ ​“​ពេល​ស្រវឹង​ ​សូមកុំ​បើកបរ​”​។​

    ​ខណៈនេះ​ស្រាប់តែ​ ​លោក​ ​គីម​ ​សាន​ ​ក៏បាន​បកស្រាយ​ថា​ ​ឈុត​ក្រហម​ដែល​លោក​ពាក់​នេះ​គឺ​លោក​យក​ម៉ូត​តាម​បរទេស​នោះ​ទេ​ ​លោក​ក៏​សុំ​អភ័យទោស​ប្រសិនបើ​ឈុត​ដែល​លោក​ពាក់​មានការ​លើសលុប​ ​ប៉ះពាល់​ដល់​ស្ថាប័ន​ណាមួយ​។​ ​ដោយ​លោក​ ​គីម​ ​សាន​ ​បាន​សរសេរ​រៀបរាប់​ថា​៖​ ​“​ខ្ញុំបាទ​សូម​បកស្រាយ​ទៅលើ​ឈុត​ដែល​ខ្ញុំបាទ​ស្លៀក​នេះ​នៅក្នុង​ថ្ងៃខួបកំណើត​របស់ខ្ញុំ​ ​ព្រោះ​ឈុត​មួយ​នេះ​ខ្ញុំ​យក​ម៉ូត​តាម​បរទេស​ទេ​ ​មិនមែន​ឈុត​ធ្វើតាម​មន្រ្តី​ជាន់ខ្ពស់​នៅ​ប្រទេស​យើង​ឡើយ​។​ ​តែបើ​សិន​ជា​មានរឿង​អ្វី​ដែល​ខុសឆ្គង​ខ្ញុំបាទ​សូមអភ័យទោស​ទៅ​ដល់​បងៗ​ដូចជា​លោកពូ​ឯកឧត្តម​ ​នុត​ ​សវនា​ ​ដែល​បាទ​ប្រតិកម្ម​ទៅលើ​ឈុត​ដែល​ខ្ញុំបាទ​ស្លៀក​នៅក្នុង​ថ្ងៃខួបកំណើត​របស់ខ្ញុំ​ ​ដើម្បីអោយ​ខ្ញុំបាទ​កាន់តែ​យល់ដឹង​ព្រោះ​នេះ​ខ្ញុំបាទ​មិនបាន​លួច​ម៉ូត​រឺ​កែច្នៃ​យក​ម៉ូត​តាម​មន្រ្តី​ជាន់ខ្ពស់​នៅ​ប្រទេស​យើង​ទេ​។​ ​ខ្ញុំបាទ​សូមអភ័យទោស​ក្នុង​ការប្រើ​ប្រាស់​សញ្ញា​ស័ក្តិ​ដោយ​អចេតនា​នៅក្នុង​ថ្ងៃខួបកំណើត​របស់ខ្ញុំ​បាទ​ ​ដោយ​ខ្ញុំបាទ​ ​បានឃើញ​ម៉ូត​ខាង​បរទេស​ប្លែក​ហើយ​ស្អាត​ខ្ញុំបាទ​ក៏​កាត់​និង​កែច្នៃ​តែម្តង​ទៅ​។​ ​តែ​បេី​សិន​ជា​មានរឿង​អ្វី​ដែរ​លើសលុប​និង​ប៉ះពាល់​ទៅដល់​ស្ថាប័ន​និង​ខាង​បងៗ​ធ្វើការ​ផ្នែក​អ្វីមួយ​ដោយ​ខ្ញុំបាទ​ពុំសូវ​យល់ដឹង​ច្បាស់​ខ្ញុំបាទ​សូមអភ័យទោស​ដោយ​ក្តី​គោរព​ពី​ខ្ញុំបាទ​ ​គឹ​ម​សាន​ ​ផង​”​៕​

  • CSX​ ​បាន​ដាក់​ឱ្យ​ដំណើរការ​ ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ ​MTS​

    CSX​ ​បាន​ដាក់​ឱ្យ​ដំណើរការ​ ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ ​MTS​

    ​ប្រព័ន្ធ​ជួញដូរ​ចល័ត​(​Mobile​ ​Trading​ ​System​ ​–​MTS​)​ ​ត្រូវ​បាន​ផ្សារ​មូលបត្រ​កម្ពុជា​ ​CSX​ ​រៀបចំ​ពិធីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ថ្ងៃទី5​ ​ខែឧសភា​ ​ឆ្នាំ2019​ ​ក្រោម​អធិបតីភាព​ ​ឯកឧត្ដម​រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​និង​ឯកអគ្គ​រដ្ឋទូត​ស្តីទី​នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ ​ប្រចំា​កម្ពុជា​។​

    ​គោលបំណង​នៃ​ការ​បើក​ដំណើរការ​ ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ ​(​MTS​ ​web​-​based​ ​system​)​ ​នេះ​ ​ដើម្បី​បង្កើន​ភាព​ងាយស្រួល​សម្រាប់​វិនិយោគិន​ ​និង​លើកទឹកចិត្ត​ឱ្យ​ពួកគេ​ធ្វើការ​ជួញដូរ​បន្ថែម​ទៀត​នៅ​លើ​ទីផ្សារ​។​ ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ ​MTS​ ​នេះ​នឹង​អនុញ្ញាត​ឱ្យ​វិនិយោគិន​ដាក់​ការ​បញ្ជាទិញ​ ​ពិនិត្យមើល​ព័ត៌មាន​ភាគហ៊ុន​ផ្ទាល់ខ្លួន​របស់​ពួកគេ​ ​ឬ​លុបចោល​ការ​បញ្ជាទិញ​បាន​ពី​គ្រប់​ទីកន្លែង​ ​និង​គ្រប់ពេលវេលា​។​ ​

    ឯកឧត្តម​បណ្ឌិត​ ​ហ៊ាន​ ​សា​ហ៊ីប​ ​រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​ថ្លែង​ថា​៖​«​ការ​អភិវឌ្ឍ​ទីផ្សារ​មូលធន​ ​គឺជា​ម៉ាស៊ីន​ស្នូល​សម្រាប់​កំណើន​សេដ្ឋកិច្ច​របស់​ពិភពលោក​។​ ​ទីផ្សារ​មូលបត្រ​មាន​សារៈសំខាន់​ ​ជាពិសេស​នៅក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ​ពីព្រោះ​ការ​បង្កើន​មូលនិធិ​ ​តាមរយៈ​ទីផ្សារ​មូលបត្រ​មាន​សារៈសំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​»​។​

    ​ ​ទោះបីជា​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ផ្នែក​ផ្សេង​ៗ​ទៀត​ដូចជា​ធនាគារ​ ​និង​មីក្រូហិរញ្ញវត្ថុ​ក្តី​ ​ក៏​នៅ​មាន​បញ្ហា​មួយចំនួន​ត្រូវ​ដោះស្រាយ​នៅពេល​នេះ​ ​ដើម្បី​ទទួល​បាន​សក្តា​នុ​ពល​ពេញលេញ​នៃ​ទីផ្សារ​មូលធន​នៅ​កម្ពុជា​រួម​ទាំង​ការ​កើនឡើង​នៃ​ទីផ្សារ​មូលបត្រ​ដែរ​។​

    ​ ​ការ​ទាក់ទាញ​ ​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​សាធារណៈ​(​IPOs​)​ ​ពី​អង្គភាព​នានា​ទាំង​ផ្នែក​សាធារណៈ​ ​និង​ឯកជន​ ​មាន​សារៈសំខាន់​ ​ជាពិសេស​សម្រាប់​ការ​អភិវឌ្ឍ​ទីផ្សារ​មូលបត្រ​បន្ថែម​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​រដ្ឋលេខាធិការ​។​

    ​ ​ឯកឧត្តម​ ​ហ៊ាន​ ​សា​ហ៊ីប​ ​ក៏បាន​ឱ្យ​ដឹង​ដែរ​ថា​ ​កម្មវិធី​ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា​ ​My​ ​First​ ​Stock​ ​ឆ្នាំ2019នេះ​ ​ជា​គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​ក្នុង​ការ​លើកកម្ពស់​ការ​ ​យល់ដឹង​ ​និង​ជំរុញ​ការសិក្សា​ស្វែងយល់​អំពី​កាលានុវត្ត​ភាព​នៃ​ការ​វិនិយោគ​ក្នុង​ផ្សារភាគហ៊ុន​កម្ពុជា​ ​ពីសំណាក់​សាធារណជន​។​ ​ទន្ទឹម​នេះ​ការ​ពង្រឹង​តម្លាភាព​ ​ទំនុកចិត្ត​ ​និង​ភាព​ឤ​ចប៉ាន់​ប្រមាណ​បាន​ ​ជា​កត្តាចាំបាច់​ ​ដើម្បី​អនុញ្ញាត​ឱ្យ​ទីផ្សារ​មូលបត្រ​កម្ពុជា​ធ្វើដំណើរ​ទៅមុខ​ ​និង​អភិវឌ្ឍ​ប្រកបដោយ​ ​និរន្តរភាព​។​

    ​ ​សូម​បញ្ជាក់​ថា​ ​ប្រព័ន្ធ​ជួញដូរ​ចល័ត​ ​MTS​ ​នេះ​ ​គឺជា​កម្មវិធី​មួយ​ដែល​បាន​ចូលរួម​ចំណែក​ជួយ​ ​ពី​ខាង​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ ​តាមរយៈKOICA​ ​ដែល​ជា​កម្មវិធី​ជំនួយ​ដំណាក់កាល​ទី2​។​ ​កូរ៉េ​ ​និង​ ​កម្ពុជា​បាន​ព្រមព្រៀង​ធ្វើការ​រួមគ្នា​ក្នុង​ការបង្កើត​ទីផ្សារ​មូលបត្រ​នៅ​កម្ពុជា​ ​2ដំណាក់កាល​រួចមក​ហើយ​។​ ​ដំណាក់កាល​ទី1​ ​ចាប់ពី​ផ្តើម​ពីឆ្នាំ2007​ ​ដល់​ឆ្នាំ2009​ ​ដោយមាន​ហិរញ្ញប្បទាន​ជា​ជំនួយឥតសំណង​ ​1លាន​ ​80ម៉ឺន​ដុល្លារ​អាមេរិក​ ​និង​ដំណាក់កាល​ទី2​ ​ចាប់ពី​ឆ្នាំ2014​ ​ដល់​ឆ្នាំ2018​ ​ដោយមាន​ហិរញ្ញប្បទាន​ជា​ជំនួយឥតសំណង​ចំនួន​ ​2លាន​ ​50ម៉ឺន​ដុល្លារ​អាមេរិក​។​

    ​សាធារណរដ្ឋ​កូរ៉េ​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​កូរ៉េ​ ​(​ក​យកា​-​KOICA​)​ ​បាន​ ​ជួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្កើត​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​ផ.ម.ក​-​CSX​)​ ​ដែល​បាន​ ​បើក​ឱ្យ​ដំណើរការ​ចាប់តាំងពី​ឆ្នាំ2012​ ​ហើយ​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​បាន​និង​កំពុង​ចុះបញ្ជី​ចំនួន​ ​5​ ​រួមមាន​ ​1​-​ ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​(​PWSA​)​ ​2​-​ ​ហ្គ្រែន​ធ្វីន​ ​អ៊ី​ន​ធើ​ណេ​សិន​ណល​(​ខេម​បូ​ឌា​)​ ​ភី​អិ​ល​ស៊ី​ ​(​GTI​)​ ​3​-​ ​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ ​(​PPAP​)​ ​4​-​ ​ក្រុមហ៊ុន​ភ្នំ​ពេញ​អេស​អ៊ី​ហ្សិ​ត​ ​(​PPSP​)​ ​និង​ ​5​-​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​ ​(​PAS​)​។​

    តាំងពី​ឆ្នាំ2007មក​ ​KOICA​ ​បាន​ជួយ​ដល់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ​ក្នុង​ការ​ទាក់ទាញ​ ​ដល់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​សាធារណៈ​ ​(​IPOs​)​ ​ហើយ​ ​KOICA​ ​បាន​ឈានមុខ​គេ​ ​ក្នុង​ ​វិស័យ​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​គេ​រំពឹង​ថា​ ​វេទិកា​ពាណិជ្ជកម្ម​ថ្មីនេះ​នឹង​ជួយ​បង្កើន​សាច់ប្រាក់​ងាយស្រួល​ក្នុង​ទីផ្សារ​មូលបត្រ​របស់​កម្ពុជា​៕​


  • ត្រីមាស​ទី1​ ឆ្នាំ2019​ ខុន​ដូ​ចំនួន3​ ត្រូវ​បាន​បញ្ចប់​ការសាងសង់​នឹង​ជំរុញ​កំណើន​ប្រមាណ7.69​%

    ត្រីមាស​ទី1​ ឆ្នាំ2019​ ខុន​ដូ​ចំនួន3​ ត្រូវ​បាន​បញ្ចប់​ការសាងសង់​នឹង​ជំរុញ​កំណើន​ប្រមាណ7.69​%

    គម្រោង​ខុន​ដូ​ចំនួន3​ ត្រូវ​បាន​បញ្ចប់​ការសាងសង់​នៅ​ត្រឹម​ត្រីមាស​ទី1​ ឆ្នាំ2019​ ដែល​មាន​ចំនួន​សរុប​រហូតដល់​ 1,091យូនី​ត ធ្វើ​ឱ្យ​មានការ​កើនឡើង​ប្រមាណ​ 7.69​% ក្នុង​ការ​ផ្គត់ផ្គង់​ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លងទៅ​។ ដូច្នេះ​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​នៅក្នុង​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​កើនឡើង​ ស្រប​ពេល​ដែល​តម្រូវការ​នៅ​លើ​ទីផ្សារ​ក៏​មានការ​កើនឡើង​ផង​ដែរ​។ នេះ​បើ​យោង​តាម​របាយការណ៍​ដែល​សិក្សា​ និង​ស្រាវជ្រាវ​ដោយក្រុម​ហ៊ុន​ CBRE​ Cambodia​។

    ផ្អែក​តាម​របាយការណ៍​ដែល​ចេញ​ដោយក្រុម​ហ៊ុន​ CBRE​ ដែល​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ខុន​ដូ​ប្រភេទ​មធ្យម​មាន​ចំណែក​ទីផ្សារ​ប្រមាណ​ 89.3នៃ​ស្តុក​ដែល​បាន​បញ្ចប់​ការសាងសង់​នៅក្នុង​ត្រីមាស​ទី1​ ឆ្នាំនេះ​ ដែល​ក្នុង​នោះ​មាន​គម្រោង​ Urban​ Loft​ ដែល​មាន​ 182យូនី​ត និង​គម្រោង​ The​ Skyline​ ដែល​មាន​ 792យូនី​ត។

    ក្នុង​របាយការណ៍​បាន​បង្ហាញ​ទៀត​ថា​ ខុន​ដូ​ប្រភេទ​ខ្ពស់​ស្ថិតនៅ​ក្នុង​គម្រោង​ Embassy​ Cen​ tral​ ដែល​ក៏បាន​បញ្ចប់​ការសាងសង់​ក្នុង​ត្រីមាស​នេះ​ដែរ​ មាន​ចំនួន117យូនី​តដែល​មាន​ទីតាំងនៅ​ក្នុង​ខណ្ឌចំការមន​បាន​ធ្វើ​ឱ្យ​មានការ​កើនឡើង​នូវ​ការ​ផ្គត់ផ្គង់​ចំនួន​ខុន​ដូ​កម្រិតខ្ពស់​សរុប​ប្រមាណ3.8​%។

    ដោយឡែក​ ចំពោះ​ទីផ្សារ​ខុន​ដូ​កម្រិត​សមរម្យ​ក៏​មាន​គម្រោង​នឹង​ត្រូវ​បញ្ចប់​ផង​ដែរ​ ដូចជា​គម្រោង​ Phnom​ Penh​ Star​ ដែល​បាន​បន្ថែម​ 448យូនី​តទៅ​ក្នុង​ស្តុក​ សរុប​ស្មើនឹង​ 29​%នៃ​ការ​ផ្គត់ផ្គង់​ថ្មី​នៅ​ត្រឹម​ត្រីមាស​ទី1​ ឆ្នាំ2019​។ ជាមួយគ្នា​នេះ​ ប្រមាណ​ 51​%នៃ​យូនី​តដែល​ត្រូវ​បាន​បើក​លក់​នៅក្នុង​ត្រីមាស​ទី1​ នេះ​ គឺ​មាន​ទីតាំងនៅ​ក្នុង​ខណ្ឌ​សែនសុខ​ រួមមាន​អគារ​ទី1​ នៃ​គម្រោង​ Romduol​ Cityគម្រោង​ The​ Seven​ Residence​ និង​គម្រោង​ ថ្ម​មួយដុំ​ (Thmor​ Madom​ Condominium​) ដែល​មាន​ចំនួន​បន្ទប់​សរុប​ 974យូនី​ត”។

    មន្ត្រី​ស្រាវជ្រាវ​ផ្នែក​អចលនទ្រព្យ​របស់​ CBRE​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖ “នៅក្នុង​វិស័យ​ខុន​ដូ​ មានការ​ចាប់ផ្តើម​បើក​លក់​បន្ទប់​ខុន​ដូ​ថ្មី​ៗចំនួន​ 5គម្រោង​នៅក្នុង​ត្រីមាស​ទី1​ នៃ​ឆ្នាំនេះ​ ដែល​ក្នុង​នោះ​មាន​ចំនួន​ 4គម្រោង​គឺជា​ខុន​ដូ​ប្រភេទ​សមរម្យ​ដែល​បាន​បង្កើន​ការ​ផ្គត់ផ្គង់​ខុន​ដូ​ប្រភេទ​នេះ​ចំនួន​ 1,169យូនី​ត។

    ចំពោះ​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​ម្ចាស់​ផ្សេងគ្នា​ ក៏​មានការ​កើនឡើង​ផង​ដែរ​ ដោយសារតែ​មានការ​បញ្ចប់​ការសាងសង់​អគារ​ Diamond​ Twin​ Tower​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ម្ដុំ​កោះ​ពេជ្រ​ក្នុង​ខណ្ឌចំការមន​។

    ការ​ដាក់​ឱ្យ​ដំណើរការ​ Diamond​ Twin​ Towerបាន​បន្ថែម​ប្រមាណ​ 19.812ម៉ែត្រការ៉េ​នៃ​ការ​ផ្គត់ផ្គង់​អគារ​ការិយាល័យ​សរុប​កើនឡើង​ 45,3​%។ នៅក្នុង​ត្រីមាស​ទី1នេះ​ ក៏​មានការ​សម្ពោធ​បើក​ការដ្ឋាន​របស់​គម្រោង​អគារ​ Chief​ Tower​ ដែល​ជា​អគារ​ការិយាល័យ​ម្ចាស់​ផ្សេងគ្នា​កម្រិត​ B ដែល​មានផ្ទៃ​ក្រឡា​ 12.250​ ម៉ែត្រការ៉េ​ និង​ត្រូវ​បាន​បញ្ចុះ​បឋមសិលា​បើក​ការសាងសង់​ក្នុង​មីនា​ ឆ្នាំ2019កន្លងទៅ​នេះ​ដែរ​។

    មន្ត្រី​ស្រាវជ្រាវ​របស់​ CBRE​ បាន​បន្ត​ទៀត​ថា​ ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​លក់​ គឺ​មានការ​ប្រែប្រួល​តិចតួច​ ដោយ​ទីផ្សារ​ខុន​ដូ​កម្រិតខ្ពស់​មានការ​កើនឡើង​ប្រមាណ​ 0.4​% ហើយ​ខុន​ដូ​ប្រភេទ​សមរម្យ​មានការ​កើនឡើង​ប្រមាណ​ 0.5​% ហើយ​តាម​ការ​ព្យាករ​ចំពោះ​តម្លៃ​ដាក់​លក់​គិតជា​មធ្យម​ទៅលើ​ទីផ្សារ​ខុន​ដូ​កម្រិតមធ្យម​នឹង​មានការ​ថយ​ចុះ​បន្ដិច​ ពោល​គឺ​ក្នុង​តម្លៃ​ 2,562ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ មក​នៅ​ត្រឹម​ 2,559ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​។ ដោយឡែក​ចំពោះ​ទីផ្សារ​នៃ​ការជួល​ខុន​ដូ​កម្រិតខ្ពស់​ និង​មធ្យម​នៅ​បន្ត​ស្ថិរភាព​ដដែល​ ដោយ​អត្រាតម្លៃ​ជួល​ខុន​ដូ​កម្រិតខ្ពស់​បាន​កើនឡើង​ប្រមាណ​ 1% ចំណែក​ឯអត្រា​ការជួល​ខុន​ដូ​ប្រភេទ​មធ្យម​មិន​មានការ​ប្រែប្រួល​នោះ​ទេ​៕

  • ភ្នំពេញ​ អេស​ អុី​ ហ្សិ​ត ភី​អិ​លស៊ី​ (ភី​ភី​អេ​សភី​) រំពឹង​បាន​ប្រាក់ចំណេញ​ 6.4​ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំនេះ​

    ភ្នំពេញ​ អេស​ អុី​ ហ្សិ​ត ភី​អិ​លស៊ី​ (ភី​ភី​អេ​សភី​) រំពឹង​បាន​ប្រាក់ចំណេញ​ 6.4​ លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំនេះ​

    ប្រាក់ចំណេញ​សុទ្ធ​ក្រោយពី​បង់ពន្ធ​រួច​របស់​ក្រុមហ៊ុន​ ​ភ្នំពេញ​ អេស​អុីហ្សិ​ត ភី​អិ​លស៊ី​ (Phnom​ Penh​ SEZ​ ឬPPSEZ​) ដែល​ជា​ក្រុមហ៊ុន​ចុះបញ្ជី​លើ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX​) ​បាន​កើនឡើង​ប្រមាណ​ជាង​ 72ភាគរយ​ ឬប្រមាណ​ 2,9លាន​ដុល្លារ​អាមេរិក​នៅ​ចុងឆ្នាំ2018​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ2017​ មានតែ​ 1.68​ លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​។ ក្នុង​នោះ​ទ្រព្យសកម្ម​សរុប​របស់​ក្រុមហ៊ុន​ ​ភ្នំពេញ​ អេស​អុីហ្សិ​ត ភី​អិ​លស៊ី​ កើនឡើង​ ​54ភាគរយ​ ឬ87លាន​ដុល្លារ​អាមេរិក​។

    លោក​ Hiroshi​ Uematsu​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ ភ្នំពេញ​ អេស​អុីហ្សិ​ត ភី​អិ​លស៊ី​ បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​មហាសន្និបាត​ភា​គហ៊ុនិ​កប្រចាំឆ្នាំ​កាលពី​ថ្ងៃសុក្រ​ទី26​ ខែមេសា​នេះ​ថា​ សម្ទុះ​ដ៏​រឹងមាំ​នៃ​កំណើន​នេះ​ទំនងជា​នឹង​មាន​បន្ត​នៅក្នុង​ការអនុវត្ត​នៅ​ត្រីមាស​ទី1​ ឆ្នាំ2019​។

    លោក​ Hiroshi​ ថ្លែង​ថា​ សម្រាប់​ឆ្នាំ2019​ នេះ​ ក្រុមហ៊ុន​ព្យាករ​ថា​ ប្រាក់ចំណេញ​សរុប​នឹង​កើនឡើង​ ដល់​ 14.7លាន​ដុល្លារ​អាមេរិក​ ហើយ​ប្រាក់ចំណេញ​សុទ្ធ​ក្រោយពី​បង់ពន្ធ​រួច​ យើង​រំពឹង​ថា​ នឹង​កើនឡើង​ដល់​ 6.4លាន​ដុល្លារ​អាមេរិក​។

    លោក​បាន​បន្ត​ថា​៖“ក្នុងរយៈពេល​ជាង​ 3ឆ្នាំ​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា​ ប្រាក់ចំណេញ​ថ្មី​របស់​យើង​បាន​កើនឡើង​ជាលំដាប់​ ហើយ​យើង​រំពឹង​ថា​នឹង​រក្សា​និន្នាការ​កំណើន​នេះ​បាន​។ តាមរយៈ​កំណើន​នេះ​ យើង​នឹង​ពង្រីក​ដី​បន្ថែម​ទៀត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​យើង​ហើយ​ខិតខំ​ធ្វើ​ពិពិធ​កម្ម​អាជីវកម្ម​របស់​យើង​ដើម្បី​ឈាន​ទៅ​រក​ប្រភព​ប្រាក់ចំណូល​ប្រកបដោយ​ចីរភាព​”។

    លោក​ Hiroshi​ Uematsu​ បានឱ្យ​ដឹង​ទៀត​ថា​ ក្រុមហ៊ុន​ ភ្នំពេញ​ អេស​អុីហ្សិ​ត ភី​អិ​លស៊ី​បាន​កំណត់​គោលដៅ​មួយ​ថា​នៅ​ឆ្នាំ2023​ ក្រុមហ៊ុន​នឹង​បង្កើន​ប្រាក់ចំណូល​ដែល​មិនមែន​បាន​មក​ពី​ការ​លក់​ដី​ឱ្យ​បាន​រហូតដល់​ 50ភាគរយ​។

    លោក​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​ ភ្នំពេញ​ អេស​អុីហ្សិ​ត ភី​អិ​លស៊ី​បាន​កំពុង​ប្រតិបត្តិ​ការ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយទៀត​នៅ​ខេត្ត​បន្ទាយមានជ័យ​ក្រុង​ប៉ោយប៉ែត​ ដោយមាន​ឈ្មោះថា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត​ ឬប៉ោយប៉ែត​ អេស​អុីហ្សិ​ត ដែល​មាន​ទំហំ​ 70ហិ​កតា​ បែងចែក​ជា​មាន​ 2ដំណាក់កាល​ក្នុង​ការ​អភិវឌ្ឍ​ និង​សាងសង់​ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ 15លាន​ដុល្លារ​ក្នុង​ដំណាក់កាល​ទី1​ នេះ​។

    លោក​ ​Hiroshi​ និយាយ​ថា​៖“យើង​មើលឃើញ​ពី​សក្តា​នុ​ពល​ពី​ការ​រីក​លូតលាស់​នៅ​ប៉ោយប៉ែត​ ដោយ​ឥឡូវ​យើង​មាន​ក្រុមហ៊ុន​ជប៉ុន​មួយ​ ឈ្មោះថា​ Sumitronics​ បាន​ចូលរួម​ជាមួយ​យើង​ហើយ​នៅ​ប៉ោយប៉ែត​ ហើយ​នៅ​ទីនោះ​យើង​នឹង​ទាក់ទាញ​ និង​ស្វាគមន៍​ឧស្សាហកម្ម​ដែល​មានតម្លៃ​បន្ថែម​ខ្ពស់​”។

    លោក​ Hiroshi​ បន្ត​ថា​៖“យើង​មិន​មាន​គោលបំណង​ដើម្បី​ធ្វើ​មូលដ្ឋាន​ផលិត​ដ៏​ធំ​នៅ​កម្ពុជា​ទេ​ យើង​ត្រូវតែ​បែងចែក​ ដោយសារតែ​ប៉ោយប៉ែត​ អេស​អុីហ្សិ​ត នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ​ ដូច្នេះ​វា​មានន័យថា​មុខងារ​ផលិតកម្ម​ធំ​នៅ​ថៃ​ ហើយ​សកម្មភាព​ផលិតកម្ម​ផ្សេងទៀត​អាច​នឹង​មាននៅ​ទីនេះ​(កម្ពុជា​) វា​ជាផ្នែក​មួយ​នៃ​បណ្តាញ​ផលិតកម្ម​ ដែល​ជា​ផលិតផល​កម្ពុជា​អាច​រួមបញ្ចូល​ជាមួយ​ថៃ​”។

    លោក​ Hiroshi​ ថា​ ក្រុមហ៊ុន​ ​ភ្នំពេញ​ អេស​អុីហ្សិ​តភី​អិ​លស៊ី​ (ភី​ភី​អេ​សភី​) ​មាន​ផែនការ​ពង្រីក​ផ្ទៃដី​ចំនួន100ហិ​កតា​បន្ថែម​ទៀត​នៅ​ភ្នំពេញ​ អេស​អុីហ្សិ​ត ភី​អិ​លស៊ី​ ​ដោយ​ឥឡូវ​យើង​មាន​ 360ហិ​កតា​ ហើយ​ ភាគច្រើន​នៃ​ផ្ទៃដី​ គឺ​ជួល​ពេញ​រហូតដល់​ 95ភាគរយ​ដែល​មាន​ចំនួន​ 100រោងចក្រ​ ដែល​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​ និង​គ្រឿង​អេឡិចត្រូនិក​ជាដើម​។

    លោក​បន្ត​ថា​ ក្រុមហ៊ុន​ភាគច្រើន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ គឺ​មក​ពីជ​ប៉ុន​ប្រមាណ​ជា​ 55ភាគរយ​ ហើយ​ក្រៅពីនោះ​មាន​មក​ពី​ប្រទេស​ចិន​ តៃវ៉ាន់​ ហុងកុង​ ថៃ​ វៀតណាម​ ម៉ាឡេស៊ី​ ហ្វីលី​ពិន​ និង​មក​ពី​ប្រទេស​ផ្សេង​ៗទៀត​៕

  • ទំនង​លេង​ណាស់​!​ ​ហ្គេម​ ​Angry​ ​Bird​ ​បច្ចេកវិទ្យា​ ​AR​ ​ទើប​ចេញ​ថ្មី​

    ទំនង​លេង​ណាស់​!​ ​ហ្គេម​ ​Angry​ ​Bird​ ​បច្ចេកវិទ្យា​ ​AR​ ​ទើប​ចេញ​ថ្មី​

    ឥឡូវនេះ​ហ្គេម​ ​Angry​ ​Bird​ ​AR​ ​វគ្គ​ថ្មី​ ​យើង​អាច​ទាញ​យក​មកលេង​ជា​ផ្លូវការ​ ​និង​ឥតគិតថ្លៃ​បាន​ហើយ​ ​សម្រាប់​អ្នកប្រើ​ប្រព័ន្ធ​ប្រតិបត្តិ​ ​iOS​។​

    ​យើង​អាច​លេង​វា​បាន​លើ​ប្រព័ន្ធ​ ​iOS​ ​11.0​ ​ឬ​ខ្ពស់​ជាង​នេះ​ ​ដោយ​អាច​ចុច​ ​Download​ ​ចេញពី​ ​App​ ​Store​ ​បាន​។​ ​ឆ្លងកាត់​ការបង្កើត​តាមរយៈ​បច្ចេកវិទ្យា​ ​ARKit​ ​របស់​ ​Apple​ ​អនុញ្ញាត​ឱ្យ​អ្នកលេង​អាច​ប្រើ​តួអង្គ​សត្វ​បក្សី​ណាមួយ​ទាញ​បាញ់សម្លាប់​ជ្រូក​កំណាច​ពណ៌បៃតង​ក្នុង​ពិភព​ខាងក្រៅ​ពិ​តៗ​ក៏បាន​ ​ពោល​គឺ​អ្នក​អាច​លេង​បាន​ ​មិនថា​តែ​លើ​តុ​ ​ឬនៅ​ក្នុង​ទីតាំង​ណាមួយ​ក៏ដោយ​៕​


    ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​


  • តារា​សម្ដែង​ ​ឈឹម​ ​អារី​យ៉ា​ ​រៀបការ​ជាមួយ​ស្វាមី​ឯកឧត្តម​ ​ត្រៀមខ្លួន​មើលថែ​មុខ​ជំនួញ​ធំៗ​

    តារា​សម្ដែង​ ​ឈឹម​ ​អារី​យ៉ា​ ​រៀបការ​ជាមួយ​ស្វាមី​ឯកឧត្តម​ ​ត្រៀមខ្លួន​មើលថែ​មុខ​ជំនួញ​ធំៗ​

    ​តារា​សម្ដែង​ស្រី​ល្បីឈ្មោះ​ ​ឈឹម​ ​អារី​យ៉ា​ ​បាន​ប្រកាស​រៀបការ​កាលពី​ថ្ងៃទី​ ​4​ ​ខែឧសភា​ ​ឆ្នាំ​ ​2019​ ​នេះ​ ​និង​បាន​ប្រកាស​ថា​ ​អ្នកនាង​គ្រោង​នឹង​ផ្អែក​ពី​សិល្បៈ​មួយ​រយៈ​សិន​ ​ព្រោះ​ត្រូវការ​ពេលវេលា​ ​សម្រាប់​ស្វាមី​ ​និង​គ្រួសារ​។ (more…)

  • ការ​កែប្រែ​តម្លៃ​ថ្មី​ លើ​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី1​ ខែកក្កដា​ ឆ្នាំនេះ​

    ការ​កែប្រែ​តម្លៃ​ថ្មី​ លើ​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី1​ ខែកក្កដា​ ឆ្នាំនេះ​

    នៅក្នុង​ការ​ផ្សព្វផ្សាយ​ពី​ការ​ប្រមូល​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ ពន្ធ​លើ​អចលនទ្រព្យ​ និង​ការ​ត្រៀម​អនុវត្ត​ប្រកាស​ស្តី​ពី​“ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​”ត្រូវ​បាន​ធ្វើឡើង​នៅ​ឯកិច្ចប្រជុំ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ដោយមាន​ស្ថាប័ន​ពាក់ព័ន្ធ​ រួម​ទាំង​សមាគម​ផ្នែក​លំនៅ​ដ្ឋាន​ និង​សមាគម​អចលនទ្រព្យ​ចូលរួម​ផង​ដែរ​។

    ជា​កិច្ចប្រជុំ​ផ្សព្វផ្សាយ​មួយ​ដ៏​សំខាន់​សម្រាប់​ផ្នែក​លំនៅ​ដ្ឋាន​ សំណង់​នៃ​វិស័យ​អចលនទ្រព្យ​បើ​ទោះបីជា​មាន​ព័ត៌មាន​ស្តី​ពី​ការ​បង់ពន្ធ​ទៅលើ​អចលនទ្រព្យ​នៃ​ការ​ប្រមូល​ពន្ធ​ប្រថាប់ត្រា​នេះ​មានតម្លៃ​ 4%កាលពី​មួយ​រយៈ​កន្លងមក​ហើយក៏​ដោយ​ ហើយ​ការ​ចង់​ប្រមូល​ពន្ធ​ឱ្យ​អស់​លទ្ធភាព​របស់​រដ្ឋាភិបាល​ និង​ការដែល​រីក​ដុះដាល​ខាង​វិស័យ​អចលនទ្រព្យ​កាលពី​ 10ឆ្នាំ​កន្លងមក​ ធ្វើ​ឱ្យ​ការ​គិតថា​ រដ្ឋាភិបាល​នឹង​ដំឡើង​ពន្ធ​ខ្ពស់​ជាង​មុន​ ដែល​អាច​ធ្វើ​ឱ្យ​ម្ចាស់​អចលនទ្រព្យ​ ឬអ្នក​វិនិយោគ​ហាក់​នៅ​មាន​ភាព​មន្ទិល​ពី​កាតព្វកិច្ច​ជាប់ពន្ធ​នេះ​។

    យោងទៅតាម​ការ​បកស្រាយ​ ការ​ប្រមូល​ពន្ធ​ត្រូវ​អនុវត្ត​ចំពោះ​អចលនទ្រព្យ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដោយ​កំណត់​យកពន្ធ​លើ​អចលនទ្រព្យ​ទាំងឡាយ​ដែល​ជាប់ពន្ធ​ ស្ថិតនៅ​តម្លៃ​ដដែល​ ពោល​គឺ​ តម្លៃ​ប្រាក់​ពន្ធ​អចលនទ្រព្យ​ប្រចាំឆ្នាំ​នៅ​រក្សា​តម្លៃ​ដដែល​។ រី​ឯតម្លៃ​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ផ្ទេរ​កម្មសិទ្ធិ​អចលនទ្រព្យ​ទើប​កែសម្រួល​ថ្មី​ ក៏​មិនមែន​ជា​ការដំឡើង​ពន្ធ​ដែរ​។

    ឯកឧត្តម​ កែន​ សម្បត្តិ​ អគ្គនាយករង​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​ថ្លែង​បញ្ជាក់​យ៉ាង​ច្បាស់​ជូន​ប្រជាពលរដ្ឋ​ និង​សាធារណជន​ថា​៖“អំពី​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែល​ទើបត្រូវ​កែសម្រួល​ថ្មី​ថា​មិនមែន​ជា​ការដំឡើង​ពន្ធ​របស់​រាជរដ្ឋាភិបាល​នោះ​ទេ​។ ការ​កែសម្រួល​តម្លៃ​មូលដ្ឋាន​គិត​ពន្ធ​នេះ​ក៏​មិនបាន​ជះឥទ្ធិពល​ដល់​តម្លៃ​ប្រាក់​ពន្ធ​អចលនទ្រព្យ​ប្រចាំឆ្នាំ​នោះ​ដែរ​ ពោល​គឺ​នៅ​រក្សា​តម្លៃ​ដដែល​។ សម្រាប់​ពន្ធ​អចលនទ្រព្យ​សម្រាប់​ឆ្នាំ2019​ នៅតែ​អនុវត្ត​ជាធរមាន​មិន​មានការ​ប្រែប្រួល​ទេ​ គឺ​ធ្លាប់​បង់​នៅ​ឆ្នាំ2018​ ប៉ុន្មាន​ គឺ​ត្រូវ​បង់​សម្រាប់​ឆ្នាំ2019​ ប៉ុណ្ណឹង​ដែរ​”។

    ឯកឧត្តម​ អគ្គនាយករង​បាន​បញ្ជាក់​ថា​៖“តម្លៃ​អចលនទ្រព្យ​ដែល​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ដែល​កំណត់​ក្នុង​ឧប​សម្ព័ន្ធ​នៅ​តាម​រាជធានី​ខេត្ត​គឺ​មានការ​ចូលរួម​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ ទាំង​ស្ថាប័នរដ្ឋ​ និង​វិស័យ​ជន​ ទើប​សម្រេច​ចេញប្រកាស​ កាលពី​ថ្ងៃទី22​ ខែមីនា​ ឆ្នាំ2019​ ដោយ​ក្រសួងសេដ្ឋកិច្ច​ដាក់​ឱ្យ​អនុវត្ត​ចាប់ពី​ថ្ងៃទី1​ ខែកក្កដា​ ឆ្នាំ2019​ តទៅ​ ស្តី​ពី​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​”។

    ឯកឧត្តម​ កែន​ សម្បត្តិ​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖“បើសិនជា​យើង​ មើល​មិនបាន​គិត​ឱ្យ​គ្រប់ជ្រុងជ្រោយ​ អាច​គិតថា​ ជា​ការដំឡើង​ពន្ធ​នៅក្នុង​ការកំណត់​ឧប​សម្ព័ន្ធ​ថ្មី​សម្រាប់​តម្លៃ​អចលនទ្រព្យ​កំណត់​ថ្មី​ជា​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​។ ប៉ុន្តែ​ជាគោល​ការណ៍​ រាជរដ្ឋាភិបាល​មិន​មាន​ដំឡើង​ពន្ធ​ទេ​ សម្តេច​តេជោ​ លោក​បាន​មានប្រសាសន៍​ហើយ​ថា​ រាជរដ្ឋាភិបាល​គ្មាន​ការដំឡើង​ពន្ធ​ទេ​ គឺ​មានតែ​យកពន្ធ​ឱ្យ​អស់​សក្តា​នុ​ពល​ទៅ​ យើង​នឹង​ទទួល​បាន​ពន្ធ​ច្រើន​មិនខាន​។ ដោយសារ​ការកំណត់​តម្លៃ​ពន្ធ​នេះ​ យើង​កំណត់​តាំងពី​ឆ្នាំ2010​ ដែល​មកដល់​តម្លៃ​បច្ចុប្បន្ន​ វា​ខុសគ្នា​ឆ្ងាយណាស់​ យើង​គ្រាន់តែ​ធ្វើ​បច្ចុប្បន្នភាព​ស្តី​ពី​ភូមិសាស្ត្រ​ និង​តម្លៃ​អចលនទ្រព្យ​ប៉ុណ្ណោះ​ អត្រាពន្ធ​នៅ​ 4%ដដែល​យើង​អត់មាន​ដំឡើង​ពន្ធ​អី​ទេ​”។

    ឯកឧត្តម​ កែន​ សម្បត្តិ​ បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​៖“នៅ​ឆ្នាំ2018​ នៅ​រាជធានី​ភ្នំពេញ​ ចំណូល​ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​មាន​ចំនួន​ប្រមាណ​ 388ប៊ី​លាន​រៀល​(ប្រមាណ​ 97លាន​ដុល្លារ​) លើ​ចំនួន​អចលនទ្រព្យ​ប្រមាណ​ 55600មូលដ្ឋាន​ ស្មើនឹង​ 134.4​%នៃ​ផែនការ​។ ដោយឡែក​សម្រាប់​រយៈពេល​ 3ខែ​ដើមឆ្នាំ2019​ ការ​ប្រមូល​ចំណូល​ពន្ធ​នេះ​មាន​ចំនួន​ប្រមាណ​ 96ប៊ី​លាន​រៀល​(ប្រមាណ​ 24លាន​ដុល្លារ​) លើ​ចំនួន​អចលនទ្រព្យ​ប្រមាណ​ 20500មូលដ្ឋាន​ ស្មើនឹង​ 33.6​% នៃ​ផែនការ​”។

    អគ្គនាយក​ដ្ឋាន​ពន្ធដារ​ក៏បាន​ថ្លែង​ទៀត​ដែរ​ថា​៖“ខ្ញុំ​រំពឹង​ថា​ នៅពេល​ដែល​អនុវត្ត​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ថ្មី​នឹង​ធ្វើ​ឱ្យ​ចំណូល​ពន្ធ​ប្រថាប់ត្រា​មានការ​កើនឡើង​ខ្ពស់​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ដែល​ជា​ការ​ស្រប​ទៅ​នឹង​គោលនយោបាយ​ប្រមូល​ពន្ធ​ឱ្យ​អស់​សក្តា​នុ​ពល​ ដើម្បី​កៀរគរ​ថវិកា​ចូលរួម​អភិវឌ្ឍន៍​ប្រទេសជាតិ​”។

    លោក​ឧកញ៉ា​ លី​ ហួរ​ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​បាន​កោតសរសើរ​ចំពោះ​ការដឹកនាំ​របស់​លោក​ គង់​ វិបុល​(អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​)ដែល​តែងតែ​ទទួលយក​នូវ​ធាតុ​ចូល​ពី​វិស័យ​ឯកជន​ និង​បាន​ដោះស្រាយ​នូវ​បញ្ហា​នានា​ពាក់ព័ន្ធ​នឹង​ពន្ធដារ​ដើម្បី​ធ្វើការ​កំណែទម្រង់​អគ្គនាយក​ដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ ហើយ​សមាគម​របស់​លោក​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ផ្តល់​កិច្ចសហការ​ជាមួយ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​ថា​៖ “នេះ​គ្រាន់តែ​ជា​ការប្រកាស​ផ្សព្វផ្សាយ​ ដូច្នេះ​វា​មិនមែន​ចាប់ផ្តើម​ផ្សព្វផ្សាយ​ភ្លាម​ អនុ​វត្ត​ភ្លាម​ៗទេ​ រដ្ឋ​នឹង​ទុក​ពេល​ឱ្យ​មុន​ចាប់ផ្តើម​អនុវត្ត​ប្រកាស​នេះ​ ហើយ​អ្វី​ដែល​រដ្ឋាភិបាល​បាន​កំណត់​ ក៏​យើង​បាន​ពិភាក្សា​ច្រើន​ហើយ​។ បញ្ហា​នេះ​ប្រសិនបើ​មានការ​ដំឡើងថ្លៃ​នៃ​ការ​បង់ពន្ធ​យើង​មិន​អាច​ចេះតែ​សុំ​ទាមទារ​បញ្ចុះ​នោះ​ទេ​ ត្រូវតែ​ពិនិត្យ​លើ​ទិដ្ឋភាព​ជាក់ស្តែង​ ថា​តើ​តំបន់​ណា​ដែល​មាន​ភាព​មិន​ត្រឹមត្រូវ​ យើង​ត្រូវ​ជជែកគ្នា​ទៀត​”។

    លោក​ឧកញ៉ា​ លី​ ហួរ​ ក៏បាន​បញ្ជាក់​ទៀត​ដែរ​ថា​៖“នៅក្នុង​ធ្វើ​បច្ចុប្បន្នភាព​ស្តី​ពី​ភូមិសាស្ត្រ​ និង​តម្លៃ​អចលនទ្រព្យ​ទៅលើ​ការកំណត់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ចំពោះ​ការផ្ទេរ​កម្មសិទ្ធិ​ ឬសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ វា​មិន​ប៉ះពាល់​ដល់​តម្លៃ​ទីផ្សារ​ដីធ្លី​ និង​អចលនទ្រព្យ​របស់​យើង​ទេ​ គឺ​កំណត់​ទៅលើ​យកពន្ធ​ឱ្យ​ស្រប​នឹង​តម្លៃ​បច្ចុប្បន្ន​”។

    លោក​ឧកញ៉ា​បាន​បន្ថែម​ទៀត​ថា​៖“រដ្ឋាភិបាល​ត្រូវការ​ប្រមូល​ពន្ធ​ឱ្យ​បាន​ច្រើនជាង​មុន​ ដែល​តម្លៃ​កាលមុន​យើង​បាន​កំណត់​យូរហើយ​ វា​មានតម្លៃ​ទាប​។ ឥឡូវ​អចលនទ្រព្យ​មានតម្លៃ​ខ្ពស់​ រដ្ឋាភិបាល​ក៏​ត្រូវ​កំណត់​តម្លៃ​ទៅតាម​ទីផ្សារ​ជាក់ស្តែង​។ ដូច្នេះ​វា​ប៉ះពាល់​តែ​រឿង​ពន្ធ​ ហើយ​កំណើន​ពន្ធ​នឹង​កើនឡើង​ វា​មិន​ប៉ះពាល់​ដល់​តម្លៃ​ដីធ្លី​ និង​អចលនទ្រព្យ​ទេ​ វា​ពាក់ព័ន្ធ​តែ​ផ្នែក​ប្រមូល​ពន្ធ​ប៉ុណ្ណោះ​”។

    ជាមួយគ្នា​នេះ​ លោក​ ច្រឹក​ សុ​ខនីម​ ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ក៏បាន​ថ្លែង​គូសបញ្ជាក់​ពី​ការ​ត្រៀមលក្ខណៈ​ក្នុង​ការ​ផ្ដល់​កិច្ចសហការ​ជាមួយ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ប្រកាស​លេខ343​ សហក.ប្រក​ចុះ​ថ្ងៃទី22​ ខែមីនា​ ឆ្នាំ2019នេះ​ និង​អរគុណ​ដល់​អគ្គនាយករង​ពន្ធដារ​ដែល​បាន​រៀបចំ​កិច្ចប្រជុំ​ដ៏​មាន​សារៈ​ប្រយោជន៍​នេះ​ឡើង​។

    លោក​ ច្រឹក​ សុ​ខនីម​ បាន​មានប្រសាសន៍​ថា​ ទោះជា​មានការ​ព្រួយ​បា​រម្ភ​ខ្លះ​ៗក្តី​ក៏​ជា​ការប្រកាស​ឱ្យ​អនុវត្ត​នូវ​ការកំណត់​ពន្ធ​ប្រថាប់ត្រា​នេះ​ មិន​អាច​កែប្រែ​អ្វី​បានទេ​។ លោក​ថា​ យើង​នឹង​រង់ចាំ​មើល​ថា​ តើ​អាច​មាន​បញ្ហា​ដែល​នឹង​លេចចេញ​នៅពេល​អនុវត្ត​ តែ​ក្តី​បារម្ភ​នោះ​លោក​អគ្គនាយករង​ពន្ធដារ​ក៏បាន​លើកឡើង​ពី​ការកំណត់​ពន្ធ​នោះ​ក្នុង​អង្គប្រជុំ​រួចហើយ​ គឺ​ការកំណត់​ពន្ធ​រដ្ឋាភិបាល​បាន​យក​តម្លៃ​ត្រឹមតែ70​% ឬ60​% នៃ​តម្លៃ​ទីផ្សារ​ប៉ុណ្ណោះ​ ហើយ​កន្លែង​ខ្លះ​ក៏​មានតម្លៃ​មិនដល់50​%ផង​៕

  • ពន្លកត្រួយថ្មី!! ខេង សម្ជស្ស «ទោះខ្ញុំទៅជាអ្វីសម្រាប់បងស្រី ចន ច័ន្ទលក្ខិណា ជាអ្នកមានគុណជានិច្ច»

    ពន្លកត្រួយថ្មី!! ខេង សម្ជស្ស «ទោះខ្ញុំទៅជាអ្វីសម្រាប់បងស្រី ចន ច័ន្ទលក្ខិណា ជាអ្នកមានគុណជានិច្ច»

    ពិតជាការភ្ញាក់ផ្អើលគេឃើញអ្នកនាង ចន ច័ន្ទលក្ខិណា ស្រាប់តែងាកមកជួយយិតយោងតារាចម្រៀងស្រីថ្មីម្នាក់ដើរទៅណាមកណាយកទៅជាមួយ។ អ្វីដែលប្លែកតារាពន្លកថ្មីរូបនេះកាន់តែមានចំណូលចិត្តដល់ ចន ច័ន្ទលក្ខិណា រហូតបង្ហោះឱ្យគេដឹងលើបណ្តាញសង្គមផ្ទាល់ខ្លួននឹងផ្តាំមហាជនជួយគាំទ្រស្នាដៃសិល្បៈដែលទើបតែដុះពន្លកត្រួយ។

    មិនដឹងថាពន្លកតារាថ្មី ខេង សម្ជស្ស មានសមត្ថភាពបែបណាឡើយទើបបានជាអាចបន្ទន់ចិត្តអ្នកនាង ចន ច័ន្ទលក្ខិណា រហូតធ្វើឲតារារៀមច្បងរូបនេះប្រកូកប្រកាសឲមហាជនបានដឹងនិងថែមទាំងបានជួយវែកផ្លូវដើរលើវិថីសិល្បៈទៀតផង។ មានតម្រុយឱ្យដឹងថាតារាចម្រៀង ខេង សម្ជស្ស មានប្រភពមកពីខេត្តបន្ទាយមានជ័យគឺជាក្មេងស្រីម្នាក់តស៊ូដើម្បីជីវភាពនាងសុខចិត្តធ្វើការងារហើយដើរសុំគេច្រៀងគ្រប់កន្លែងឱ្យតែរស់និងបានប្រាក់ជួយម្តាយ។

    គេស្រាប់តែឃើញនៅលើបណ្តាញសង្គមរបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា«Promote តារាចំរៀងថ្មីម្តង គាត់ក្រ កំសត់ លំបាក ហើយស្លូត អ្នកចំរៀងថ្មីក្នុងផលិតកម្មថ្មីរបស់ខ្ញុំ គ្រាន់រើសយកគាត់ភ្លាមគ្នារំភើបឡើងយំ ហើយរត់ទៅជួបឪពុកម្តាយនៅស្រុក យំឱបគ្នាទាំងម្តាយទាំងកូន ហើយលាឪពុកម្តាយមកនៅទីក្រុងឱ្យពេញលេញខ្ញុំរើសយកអ្នកក្រ អ្នកកំសត់ អ្នកលំបាក ឱ្យមានអនាគតល្អដូចអ្នកសិល្បៈល្បីៗផ្សេងទៀតដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង ។ សូមបងប្អូនជួយគាំទ្រគាត់ផង 🙏🏻🙏🏻🙏🏻 ខេង សម្ផស្សបើគាត់ច្រៀងខុសទាស់អ្វីសូមកុំប្រកាន់គាត់ គាត់នៅខ្ចីណាស់ ទាំងការរៀបចំខ្លួន ទាំងការរៀបចំអត្តចរិតក្នុងសង្គម»។

    នៅលើបណ្តាញសង្គមរបស់ សម្ជស្ស វិញបានសរសេរសាកម្សត់តបវិញថា «ខ្ញុំ ក្រ😢ខ្ញុំលំបាក ខ្ញុំជាក្មេងកំព្រា😢ខ្ញុំខ្វះភាគកក់ក្ដៅ😭 ខ្ញុំខ្វះអ្នកផ្ដាល់កំល្លាំងចិត្ត 😢តែបង ចន ច័ន្ទ នៅតែផ្ដាល់ទាំងកាងាទាំងភាពកក់ក្ដៅទាំងកំល្លាំងចិត្តឱ្យប្អូនតស៊ូឡើងទើបជោគជ័យទាំងដែលខ្ញុំកំពុងតែបាក់ទឹកចិត្តស្ទើតែបោះបង់ចោលឲកាសនេះ មូលហេតុនេះហើយ ទើបខ្ញុំផុសថា នេះជាកាយល់សបិ្តឬក៏ជាកាពិត នាងខ្ញុំ ខេង សម្ផស្ស សុំប្រាប់ថា មិនថាពេលនេះខ្ញុំនៅជាអ្វី ឬពេលក្រោយខ្ញុំក្លាយជាអ្វី ក៏ ខ្ញុំនៅតែ និយាយថា បង ចន ច័នលក្ខណា ជាអ្នកមានគុណរបស់ខ្ញុំជានិច្ច អរគុណគ្រប់យ៉ាងអ្នកមានគុណ»៕

    ខេង សម្ជស្ស បានឱ្យដឹងថានាងដូចបានត្រូវរង្វាន់ធំក្រោយពេលដឹងថា បងស្រីចន ច័ន្ទលក្ខិណា រើសយកនាងឱ្យចូលច្រៀងក្នុងផលិតកម្មរបស់គាត់ដោយគាត់អាណិតស្រឡាញ់។ ខ្ញុំចាត់ទុកគាត់ជាអ្នកមានគុណដែលតម្រង់ផ្លូវចូលមកកាន់សិល្បៈក្នុងពេលដែលនាងខំសុំគេដើរច្រៀងតាមហាងយ៉ាងលំបាក។ នាងអររហូតរត់ទៅប្រាបម្តាយអររំភើបយំដោយមិននឹកស្មានថាមានឱកាសបានដូចគេ។ នាងនឹងព្យាយាមដុះខាត់សមត្ថភាពឱ្យប្រសើរដើម្បីពង្រឹងស្នាដៃក្នុងផលិតកម្មថ្មីរបស់បងស្រី ចន ច័ន្ទលក្ខិណា ដែលរមែងលើកស្ទួយអ្នកសិល្បៈអត់ៗលំបាកឱ្យមានអនាគត៕

  • ធនាគារពិភពលោក​៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​មក​នៅ​ត្រឹម​ 7%

    ធនាគារពិភពលោក​៖ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​មក​នៅ​ត្រឹម​ 7%

    ធនាគារពិភពលោក​ World​ Bank​ បានឱ្យ​ដឹង​នៅក្នុង​របាយការណ៍​សេដ្ឋកិច្ច​អាស៊ី​អាគ្នេយ៍​ របស់​ខ្លួន​ថា​ នៅ​ឆ្នាំ2019​ នេះ​ សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ថយ​ចុះ​មក​នៅ​ត្រឹម​ 7% ធ្លាក់ចុះ​ពី​ 7.5​%កាលពី​ឆ្នាំ2018​។ ក្រុមការងារ​ធនាគារពិភពលោក​ (World​ Bank​ Group​) បាន​បញ្ជាក់​នៅក្នុង​របាយការណ៍​នេះ​ថា​ ការ​ធ្លាក់ចុះ​នេះ​ គឺជា​លទ្ធផល​នៃ​ការ​ព្រួយបារម្ភ​ទាក់ទង​នឹង​តម្លៃ​ថាមពល​ខ្ពស់​ និង​ការ​ចំណាយ​ដឹកជញ្ជូន​នៅក្នុង​ប្រទេស​ រួម​ជាមួយ​ការ​ព្រួយបារម្ភ​ជុំវិញ​កម្លាំង​ពលកម្ម​គ្មាន​ជំនាញ​។

    ទស្សនវិស័យ​យូរអង្វែង​របស់​ប្រទេស​កម្ពុជា​ពឹងផ្អែក​លើ​សមត្ថភាព​របស់​ប្រទេស​ក្នុង​ការ​យក​លំហូរ​ចូល​វិនិយោគទុន​ដោយ​ផ្ទាល់​ពី​បរទេស​ (FDI​) ខណៈ​កំពុង​ជំរុញ​ការ​វិនិយោគ​ក្នុង​ស្រុក​។តម្លៃ​ថាមពល​ និង​ការ​ដឹកជញ្ជូន​ដែល​មានតម្លៃ​ថោក​ កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​ និង​ការ​ផ្សារភ្ជាប់​គ្នា​រវាង​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​នឹង​មាន​សារៈសំខាន់​ដើម្បី​រក្សា​ការប្រកួត​ប្រជែង​។

    ការ​ថមថយ​អានុភាព​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ2019​ ដល់​ឆ្នាំ2021​ ត្រូវ​បាន​ធនាគារពិភពលោក​ភ្ជាប់​ទៅ​នឹង​ទីផ្សារ​សហភាព​អឺរ៉ុប​។ សហភាព​អឺរ៉ុប​ដែល​បាន​ប្រកា​សព្យូរ​ជា​បណ្តោះ​ អាសន្ន​នូវ​ភាព​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា​លើ​គ្រប់មុខ​ទំនិញ​ ឬ Everything​-but​-arms​ EBA​។ របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​៖ “ការបាត់បង់​ចំណូល​ពី​ EBA​ ដែល​បច្ចុប្បន្ន​ផ្តល់​ឱ្យ​ប្រទេស​កម្ពុជា​នូវ​ការ​មិន​បង់ពន្ធ​នឹង​មិន​មាន​កូតា​ពី​សហភាព​អឺរ៉ុប​អាច​នាំ​ឱ្យ​មាន​កំណើន​នាំចេញ​យឺត​”។ បើ​តាម​ធនាគារពិភពលោក​ទីផ្សារ​សហភាព​អឺរ៉ុប​បាន​រួមចំណែក​ជាង​ 1ភាគ3​ នៃ​មុខទំនិញ​នាំចេញ​សំ​ខាន់​ៗរបស់​កម្ពុជា​ដែល​មាន​សម្លៀកបំពាក់​ ស្បែកជើង​ និង​ទោចក្រយាន​យន្ត​។ អាស្រ័យហេតុ​នេះ​ការបាត់បង់​ភាព​អនុគ្រោះ​ EBA​ ទំនងជា​អាច​ធ្វើ​ឱ្យ​កំណើន​នៃ​ការនាំចេញ​ថយ​ល្បឿន​មកវិញ​។

    ម្យ៉ាងទៀត​ការ​ថមថយ​នៃ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ធនាគារពិភពលោក​អះអាង​ថា​ ដោយសារតែ​កម្ពុជា​ពឹងពាក់​ខ្លាំង​លើ​ការ​ហូរ​ចូល​មូលធន​ពី​ប្រទេស​ចិន​ ហើយ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​របស់​សេដ្ឋកិច្ច​ក្នុង​កាលៈទេសៈ​ណាមួយ​នឹង​ជះ​ផល​មិនល្អ​មក​លើ​ទស្សនវិស័យ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ​។

    លោក​ លី​ សុ​ដេ​ត (Ly​ Sodeth​) សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ បាន​ថ្លែង​ថា​៖“ជា​រួម​យើង​រំពឹង​ថា​ កំណើន​សេដ្ឋកិច្ច​នៅ​ឆ្នាំនេះ​នឹង​យឺត​ជាង​ចុងឆ្នាំ​មុន​”។ កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើនឡើង​កាលពី​ឆ្នាំមុន​ដល់​ 7.5​% ខ្ពស់​ជាង​ការ​ព្យាករ​ដំបូង​របស់​ធនាគារ7​%”។

    លោក​ លី​ សុ​ដេ​ត បាន​បន្ថែម​ថា​៖“ការនាំចេញ​សម្លៀកបំពាក់​ និង​ស្បែកជើង​ដែល​មាន​ចំនួន​ជាង2ភាគ3នៃ​ការនាំចេញ​សរុប​របស់​កម្ពុជា​បាន​កើនឡើង​ខ្ពស់​ក្នុងរយៈពេល​ 4ឆ្នាំ​ គឺ​កើនឡើង​ 17.6​%នៅក្នុង​ឆ្នាំ2018​ កើនឡើង​ពី​កំណើន8.3​% ដែល​បាន​បង្ហាញ​នៅក្នុង​ឆ្នាំ2017​”។ កម្មវិធី​បញ្ជាទិញ​សំខាន់​ដែល​ជា​ការពិត​ ការនាំចេញ​សម្លៀកបំពាក់​ និង​ស្បែកជើង​ទៅ​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ជាមួយនឹង​ទីផ្សារ​សហរដ្ឋអាមេរិក​ កើនឡើង​លឿន​ជាង​ទីផ្សារ​អឺរ៉ុប​។ នោះ​ជា​កត្តា​សំខាន់​នៅ​ពីក្រោយ​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ដែល​រំពឹង​ទុក​កាលពី​ឆ្នាំមុន​”។

    លោក​ Andrew​ D.Mason​ ប្រធាន​សេដ្ឋវិទូ​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​របស់​ធនាគារពិភពលោក​បាន​មានប្រសាសន៍​ថា​ កម្ពុជា​ត្រូវតែ​យក​ឈ្នះ​លើ​បញ្ហា​ប្រឈម​នេះ​ដើម្បី​បន្ត​មាន​កំណើន​ខ្ពស់​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំខាងមុខ​នេះ​។

    លោក​ Mason​ បាន​មានប្រសាសន៍​ថា​៖“ការ​សម្លឹង​មើលទៅ​មុខ​វា​នឹង​មាន​សារៈសំខាន់​ សម្រាប់​កម្ពុជា​ក្នុង​ការ​បន្ត​ពង្រឹង​ភាព​ប្រកួតប្រជែង​របស់​ខ្លួន​នៅ​លើ​ទីផ្សារ​ពិភពលោក​ ដើម្បី​រក្សា​អត្រាកំណើន​ខ្ពស់​ក្នុង​ពេល​អនាគត​។ នេះ​មានន័យថា​ វា​ត្រូវ​ខិតខំ​កាត់បន្ថយ​ចំណាយ​លើ​ការ​ធ្វើជំនួញ​កែ​លម្អ​បរិយាកាស​ធុរកិច្ច​ ហើយ​សំខាន់​បំផុត​គឺ​ពង្រឹង​ធនធានមនុស្ស​ និង​ជំនាញ​កម្លាំង​ពលកម្ម​របស់​ខ្លួន​។ ក្នុងរយៈពេល​ខ្លី​ ខ្ញុំ​សូម​និយាយ​ថា​ វា​មិនមែន​ជា​ការ​ព្រួយបារម្ភ​ទេ​ ដែល​យើង​មើលឃើញ​ពី​ការ​ធ្លាក់ចុះ​បន្តិចបន្តួច​នៃ​កំណើន​នោះ​ទេ​”។

    នៅចំពោះមុខ​ ការ​ខ្វះ​ភាព​ប្រាកដប្រជា​បែបនេះ​វិធានការ​ចាំបាច់​រួមមាន​ ការ​រក្សា​បញ្ជី​ប្រាក់បៀវត្សរ៍​សាធារណៈ​កុំឱ្យ​រីក​មាឌ​តទៅទៀត​ ពង្រឹង​សមត្ថភាព​ឃ្លាំមើល​ និង​ត្រៀម​ឆ្លើយតប​វិបត្តិ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ចាត់វិធានការ​ប្រុងប្រយ័ត្ន​ផ្នែក​ម៉ាក្រូ​សេដ្ឋកិច្ច​ថែមទៀត​ ក៏ដូចជា​ការ​ដាក់កំហិត​ដល់​ធនាគារ​ក្នុង​ការ​ផ្តល់​កម្ចី​ឲ្យ​ផ្នែក​សំណង់​ និង​អចលនទ្រព្យ​ជាដើម​។ នេះ​ជា​ការ​លើកឡើង​របស់​ធនាគារពិភពលោក​។

    បើ​តាម​ធនាគារពិភពលោក​ ថ្លៃ​ចំណាយ​នៅក្នុង​ការ​ធ្វើ​ធុរកិច្ច​ក៏​ជា​ឧបសគ្គ​មួយ​ដល់​ការពង្រីក​ការ​វិនិយោគ​ និង​សហគ្រិនភាព​នៅក្នុង​ស្រុក​ផង​ដែរ​ខណៈ​កម្ពុជា​ជាប់លេខ​រៀង​ទី183​ ក្នុងចំណោម190ប្រទេស​នៃ​ការ​វាស់​ស្ទង់​ភាព​ងាយស្រួល​ក្នុង​ការ​ចាប់ផ្តើម​ធុរកិច្ច​។

    លោកស្រី​ វិច​តូ​រី​យ៉ា​ ក្វា​ក្វា​ អនុប្រធាន​ធនាគារពិភពលោក​ទទួលបន្ទុក​តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ មានប្រសាសន៍​ថា​៖ “កំណើន​សេដ្ឋកិច្ច​មាន​ភាព​ធន់​របស់​តំបន់​នេះ​ គួរតែ​ជួយ​កាត់បន្ថយ​ភាព​ក្រីក្រ​ដែល​បាន​ធ្លាក់​នៅ​កម្រិតទាប​រួច​ទៅ​ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ ឱ្យមក​នៅ​កាន់តែ​ទាប​ថែមទៀត​ ។ តាមពិត​ទៅ​ យើង​រំពឹង​ទុក​ថា​ នៅ​ត្រឹម​ឆ្នាំ2021​ ភាព​ក្រីក្រ​ធ្ងន់ធ្ងរ​នឹង​ធ្លាក់ចុះ​ច្រើន​មក​នៅ​ក្រោម3​%”។

    លោកស្រី​មានប្រសាសន៍​បន្ត​ទៀត​ថា​៖ “យ៉ាងណាក៏ដោយ​ ស្រប​ពេល​គ្នា​នេះ​ពលរដ្ឋ​ប្រហែល​ 500លាន​នាក់​ក្នុង​តំបន់​នេះ​ នៅតែ​បន្ត​ខ្វះ​សន្តិសុខ​ផ្នែក​សេដ្ឋកិច្ច​ ហើយ​ប្រឈម​នឹង​ហា​និ​ ភ័យ​ដែល​ងាយ​ធ្លាក់ចុះ​ទៅ​ក្នុង​ភាព​ក្រីក្រ​វិញ​ ត្រង់នេះ​ជា​ការ​ក្រើន​រំឭក​សំខាន់​មួយ​អំពី​ទំហំ​នៃ​បញ្ហា​ប្រឈម​ដែល​មាន​ចំពោះ​អ្នកធ្វើ​គោលនយោបាយ​នៅ​តាម​ប្រទេស​នី​មួយ​ៗ”។

    របាយការណ៍​ធ្វើ​ទឡ្ហីករណ៍​ថា​ ប្រពលភាព​របស់​ហានិភ័យ​មួយចំនួន​ក៏​រំលេច​ឱ្យ​ឃើញ​ផង​ ដែរ​នូវ​ភាព​ចាំបាច់ក្នុង​ការ​បន្ត​ធ្វើការ​វិនិយោគ​ទៅលើ​ជំនួយ​ឧបត្ថម្ភ​ផ្នែក​សង្គមកិច្ច​ និង​កម្មវិធី​ធានា​ រ៉ាប់រង​ដើម្បី​ការពារ​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​បំផុត​។ បច្ចុប្បន្ន​នេះ​ តំបន់​អាស៊ី​បូព៌ា​ និង​ប៉ាស៊ីហ្វិក​ដែល​កំពុង​អភិវឌ្ឍន៍​មាន​អត្រា​គ្រប​ដណ្តប់​របស់​ជំនួយ​ផ្នែក​សង្គមកិច្ច​ទាប​ជាងគេ​ក្នុងចំណោម​ពលរដ្ឋ20​%ដែល​ក្រីក្រ​បំផុត​ បើ​ប្រៀប​ទៅ​នឹង​តំបន់​កំពុង​អភិវឌ្ឍន៍​ដទៃទៀត​៕