Category: សង្គម និងសេដ្ឋកិច្ច

  • ខេត្ត​ព្រះសីហនុ​ ៖ តម្លៃ​អចលនទ្រព្យ​ហក់​ឡើង​ខ្លាំង​ តែ​នៅតែ​អាច​រកបាន​ផល​ចំណេញ​

    ខេត្ត​ព្រះសីហនុ​ ៖ តម្លៃ​អចលនទ្រព្យ​ហក់​ឡើង​ខ្លាំង​ តែ​នៅតែ​អាច​រកបាន​ផល​ចំណេញ​

    ខេត្ត​ព្រះសីហនុ​ជា​តំបន់ឆ្នេរ​សមុទ្រ​នា​រយៈពេល​ 2-3ឆ្នាំ​ចុងក្រោយ​នេះ​មានការ​វិនិយោគ​យ៉ាង​ខ្លាំងក្លា​ និង​លឿន​ពីសំណាក់​វិនិយោគិន​ចិន​ ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​មានការ​រីក​ដុះដាល​យ៉ាង​ឆាប់រហ័ស​ ហើយ​បាន​ប្រែក្លាយ​ជា​តំបន់​ដែល​មានការ​អភិវឌ្ឍ​ខ្លាំង​ជាងគេ​បំផុត​ នៅក្នុងចំណោម​បណ្ដា​ខេត្ត​នានា​នៅក្នុង​ប្រទេស​កម្ពុជា​។

    ថ្វី​ដ្បិតតែ​ក្លាយជា​តំបន់​ដែល​តម្លៃ​អចលនទ្រព្យ​ហក់​ឡើង​ខ្លាំង​ និង​លឿន​យ៉ាងណាក៏ដោយ​ តែ​នៅ​តំបន់​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​ ពិសេស​ខេត្ត​ព្រះសីហនុ​ក៏​នៅតែ​ត្រូវ​បាន​អ្នកជំនាញ​បញ្ជាក់​ឱ្យ​ដឹង​ថា​ តំបន់​ទាំងនោះ​នៅតែ​អាច​រកបាន​ផល​ចំណេញ​បាន​ពី​វិស័យ​អចលនទ្រព្យ​នេះ​ឥត​ឈប់ឈរ​ដដែល​។

    លោក​ឧកញ៉ា​ ចេង​ ខេង​ បាន​មានប្រសាសន៍​ថា​៖“កន្លងមក​ ការទិញ​-លក់​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​ពុំ​មានការ​ប្រែប្រួល​ខ្លាំង​ទេ​ គឹ​នៅតែ​ដំណើ​ការ​ជា​ធម្មតា​ តែ​រយៈពេល​ 2-3ឆ្នាំ​ចុងក្រោយ​នេះ​មានការ​វិនិយោគ​យ៉ាង​លឿន​ ធ្វើ​ឱ្យ​តម្លៃ​ក្នុង​ការទិញ​-លក់​លើ​វិស័យ​នេះ​នៅ​ខេត្ត​ព្រះសីហនុ​ហក់​ឡើង​ខ្លាំង​ និង​ឆាប់រហ័ស​មែនទែន​ដែល​យើង​នឹកស្មាន​មិនដល់​ ព្រោះ​យើង​មិនបាន​គិតថា​ អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​សក្តា​នុ​ពល​ខ្លាំង​ដល់​ម្លឹង​ ហើយ​យើង​បាន​មើលឃើញ​ថា​ ចរន្ត​នៃ​ការ​ជួញដូរ​ដីធ្លី​នៅក្នុង​ខេត្ត​នេះ​នឹង​នៅតែ​មាន​ចរន្ត​ល្អ​ និង​សង្ឃឹមថានឹង​បន្ត​កើនឡើង​ទៀត​ច្រើន​”។

    លោក​ឧកញ៉ា​បាន​បញ្ជាក់​បន្ថែម​ថា​ យើង​ដឹង​ថា​ ខេត្ត​មួយ​នៅ​ជាប់​សមុទ្រ​ មាន​ឆ្នេរខ្សាច់​ ទេសភាព​ល្អ​។ បើ​យើង​មាន​លុយ​យើង​ចង់ទៅ​លម្ហែ​ ឬកម្សាន្ត​កន្លែងណា​មួយ​ ក៏​យើង​ចង់​រក​កន្លែងណា​ដែល​មាន​បរិស្ថាន​ស្អាត​ល្អ​ មាន​ពន្លឺថ្ងៃ​ មាន​ឆ្នេរខ្សាច់​ និង​ទឹកសមុទ្រ​ពណ៌ខៀវ​ នាំ​ឱ្យ​យើង​ចង់ទៅ​ទស្សនា​នៅ​ទីនោះ​ មិនថា​តែ​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​នោះ​ទេ​ វា​នឹង​ធ្វើ​ឱ្យ​ទីនោះ​កាន់តែ​មាន​សក្តា​នុ​ពល​ខ្លាំង​ឡើង​។

    លោក​ឧកញ៉ា​បន្ត​ថា​ យើង​ដឹង​ទៀត​ថា​ ខេត្ត​នេះ​មាន​កំពង់ផែ​អន្តរជាតិ​ បើ​និយាយ​ពី​សេវា​ដឹកជញ្ជូន​យើង​មាន​គ្រប់​សេវា​ ទាំង​ផ្លូវទឹក​ ផ្លូវគោក​ ផ្លូវអាកាស​ និង​ផ្លូវដែក​ថែមទៀត​ ដែល​ធ្វើ​ឱ្យ​ទីនោះ​ មានការ​-កើនឡើង​នូវ​ចំនួន​ប្រជាជន​ ជាពិសេស​ជនជាតិ​ចិន​ក៏​មក​វិនិយោគ​ច្រើន​ ពោល​បើ​យើង​ប្រៀបធៀប​ទៅ​ អ្វី​ៗគឺ​ស្ទើរតែ​ដូច​ប្រទេស​សិង្ហបុរី​ទៅ​ហើយ​ គឺ​អ្វី​ៗក៏​ឡើងថ្លៃ​ដែរ​ ហើយ​ថ្មី​ៗនេះ​ រដ្ឋាភិបាល​មាន​គម្រោង​ធ្វើ​រថភ្លើង​ល្បឿន​លឿន​បន្ថែម​ទៀត​ ធ្វើ​ឱ្យ​យើង​អាច​ធ្វើដំណើរ​ទៅកាន់​តំបន់​នោះ​កាន់តែ​លឿន​ និង​ងាយស្រួល​ ព្រោះ​វា​ជា​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ដែល​នាំ​ឱ្យ​តម្លៃ​អចលនទ្រព្យ​នៃ​ទីក្រុង​នេះ​កាន់តែ​ឡើង​ខ្ពស់​ និង​ទទួល​បានការ​ចាប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ទៀត​។

    លោក​ឧកញ៉ា​បានឱ្យ​ដឹង​ថា​ ការ​មាន​អ្នក​វិនិយោគ​ចិន​ច្រើន​នឹង​ធ្វើ​ឱ្យ​សន្ទស្សន៍​នៃ​ការ​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ​កាន់តែ​មាន​កំណើន​។ នេះ​ជា​រឿង​ធម្មតា​ ប្រទេស​មួយ​ដែល​មានការ​វិនិយោគ​អភិវឌ្ឍ​លឿន​ គឺ​ដោយសារតែ​មានការ​វិនិយោគ​ពី​បណ្តា​វិនិយោគិន​បរទេស​។ លោក​ឧកញ៉ា​បាន​បន្ត​ថា​ ដូច​យើង​ឃើញស្រាប់​ហើយ​ថា​ មិនមែន​មានតែ​ចិន​ទេ​ដែល​មក​វិនិយោគ​ តែ​នៅ​មាន​ជនជាតិ​កូរ៉េ​ ជប៉ុន​ ថៃ​ និង​សិង្ហបុរី​ផង​ដែរ​ គ្រាន់តែ​ចិន​មាន​ចំនួន​ច្រើន​នាំមុខ​គេ​ ដូច្នេះ​ទើប​ចិន​បោះទុន​សង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ ដើម្បី​បង្កើន​សក្តា​នុ​ពល​ថែមទៀត​។

    លោក​ឧក​ញ៉ាចេ​ង ខេ​ងបាន​អះអាង​ថា​ ដោយឡែក​ ក្នុងនាម​យើង​ជា​អ្នករក​ស៊ីលើ​វិស័យ​ហ្នឹង​យើង​ត្រូវ​ស្វាគមន៍​អ្នក​វិនិយោគ​បរទេស​ទាំងអស់​ មិនថា​តែ​ប្រទេស​ណា​ទេ​ ឬមិន​ថា​ជនជាតិ​ណាក៏ដោយ​ ដែល​យក​ទុន​មក​និ​យោគ​នៅ​ស្រុក​យើង​ដោយ​ស្របច្បាប់​ យើង​ត្រូវតែ​រីករាយ​ យើង​ត្រូវតែ​ធ្វើអ្វី​ដែល​ល្អ​ និង​ត្រូវ​បើក​ចិត្ត​ឱ្យ​ទូលាយ​ក្នុង​កិច្ចសហការ​ធ្វើការងារ​ជាមួយគ្នា​។

    បច្ចុប្បន្ន​ ខេត្ត​ព្រះសីហនុ​កំពុង​មាន​សកម្មភាព​សាងសង់​សំណង់​តូច​-ធំ​ប្រមាណ​ជា​ 300គម្រោង​ ហើយ​ក្នុង​នោះ​គម្រោង​សំណង់​ដែល​ធំ​លើស​ពី​ 3,000ម៉ែត្រការ៉េ​ឡើង​ មាន​ចំនួន​ 70គម្រោង​កំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ដែល​ក្នុង​នោះ​ក៏​មាន​សំណង់​អគារ​កម្ពស់​ 40ជាន់​ជាច្រើន​គម្រោង​កំពុង​រីក​លូតលាស់​គួរ​ឱ្យ​ចាប់អារម្មណ៍​ផង​ដែរ​។ នេះ​បើ​យោង​តាម​មន្ត្រី​ជាន់ខ្ពស់​របស់​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​៕

  • បន្លែ​ម្ទេស​ហា​វ៉ៃ​ លក់​បាន​ថ្លៃ​ និង​មាន​សក្តា​នុ​ពល​ទីផ្សារ​ល្អ​

    បន្លែ​ម្ទេស​ហា​វ៉ៃ​ លក់​បាន​ថ្លៃ​ និង​មាន​សក្តា​នុ​ពល​ទីផ្សារ​ល្អ​

    ម្ទេស​ហា​វ៉ៃ​ ជាដំណាំ​មួយ​ប្រភេទ​ដែល​មាន​ដើមកំណើត​នៅ​ប្រទេស​មិកស៊ិក​ ហើយ​ត្រូវ​បាន​នាំមក​ដាំ​នៅ​តំបន់​អាស៊ី​ក្នុង​សតវត្សរ៍​ទី16​ ដោយ​ជនជាតិ​ព័រទុយហ្គាល់​។ គឺជា​ប្រភេទ​បន្លែ​មាន​ក្លិនឈួល​ ឬហឹរ​ ហើយ​ម្ទេស​ខ្លះ​ផ្លែ​រាង​មូល​កន្តុប​ខ្លី​។ ម្ទេស​ហា​វ៉ៃ​ជាដំណាំ​ដែល​មាន​ដើម​ឈរ​ត្រង់​ បែកមែក​ មាន​កម្ពស់​ពី​កន្លះ​ម៉ែត្រ​ ទៅ1ម៉ែត្រ​កន្លះ​(អាស្រ័យ​ទៅតាម​ពូជ​) វា​មាន​ស្លឹក​ពណ៌បៃតង​ចាស់​ ផ្កា​របស់​វា​មាន​រាង​ដូច​ផ្កាយ​មាន​ពណ៌ស​។ បន្លែ​ម្ទេស​ហា​វ៉ៃ​ គេ​និយម​បរិភោគ​ផ្លែ​ខ្ចី​ដែល​មាន​ពណ៌បៃតង​ចាស់​។

    ក្នុង​ប្រទេស​កម្ព​ជា​ដែលគេ​និយម​ចូលចិត្ត​ដាំ​ម្ទេស​ហា​វ៉ៃ​គ្រប់​រដូវ​កាល​ ដោយសារតែ​វា​ជាដំណាំ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដាំដុះ​ និង​មាន​តម្រូវការ​លើ​ទីផ្សារ​ល្អ​ទៀតផង​។ ដំណាំ​ម្ទេស​ប្រភេទ​នេះ​ងាយស្រួល​ថែទាំ​ ហើយ​វា​ធន់​ស៊ូ​នឹង​សីតុណ្ហភាព​បាន​ល្អ​។ ចំពោះ​សីតុណ្ហភាព​ដែល​ម្ទេស​ហា​វ៉ៃ​អាច​លូតលាស់​បាន​ល្អ​ គឺ​ស្ថិត​ក្នុង​ចន្លោះ​ 25​-30អង្សា​សេ​ប៉ុន្តែ​ដើម​ម្ទេស​ហា​វ៉ៃ​ ជា​ប្រភេទ​រុក្ខជាតិ​ដែល​មិន​ត្រូវ​-ការ​សំណើម​ខ្ពស់​ពេក​ទេ​។

    ដោយ​មើលឃើញ​ថា​ ម្ទេស​ហា​វ៉ៃ​មាន​អត្ថ​ប្រយោជន៍​ច្រើនយ៉ាង​ណាស់​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​ ដូចជា​យក​ទៅ​កែច្នៃ​ធ្វើជា​ម្ទេស​ក្រៀម​ ឆ្អើរ​ ជ្រក់ម្ទេស​ និង​បរិភោគ​ស្រស់​ សហគមន៍​កសិករ​ជាច្រើន​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​បាន​បង្កើន​ទិន្នផល​បន្លែ​ប្រភេទ​នេះ​ និង​ជួយ​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​ ដូចជា​សហគមន៍​សៀមរាប​មានជ័យ​ដែល​ក្នុង​នោះ​មាន​សមាគម3​ រួមគ្នា​ ក៏បាន​ចូលរួម​ដាំដំណាំ​ម្ទេស​ហា​វ៉ៃ​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​បន្លែ​សរីរាង្គ​ក្នុង​ស្រុក​ផង​ដែរ​។

    លោក​ ទួត​ សេង​ហ័ង​ អ្នក​ទី​ផ្សា​របស់​សមាគម​“ត្រសក់ផ្អែម​សៀមរាប​មានជ័យ​” បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ឱ្យ​ដឹង​ថា​៖ ដំណាំ​ម្ទេស​ហា​វ៉ៃ​ដុះ​លូតលាស់​ល្អ​នៅ​រដូវ​ត្រជាក់​(អាកាសធាតុ​ត្រជាក់​)នៅ​លើ​ដី​ដែល​មិន​ជាំទឹក​ និង​សម្បូរ​ដោយ​ជីជាតិ​សរីរាង្គ​ ជាពិសេស​ដី​ដែល​សមស្រប​សម្រាប់​ម្ទេស​ហា​វ៉ៃ​ គឺ​ដីឥដ្ឋ​ពណ៌ក្រហម​ ឬដីកណ្ដេង​ និង​មាន​ភាព​ធន់​ស៊ូ​នឹង​ដី​អាស៊ីត​ និង​ជាតិ​អាល់កាឡាំង​។ ម្ទេស​ហា​វ៉ៃ​ អាច​លូតលាស់​នៅក្នុង​ម្លប់​បាន​(វា​អាច​ធន់​នឹង​ម្លប់​បាន​ប្រហែល45​%)។

    លោក​បន្ត​ថា​ គេ​អាច​ប្រមូល​ផល​ម្ទេស​យក​គ្រាប់​ទុក​ធ្វើ​ពូជ​បាន​ក្នុងរយៈពេល​ 2សប្ដាហ៍​ក្រោយពី​វា​ទុំជោរ​។ គ្រាប់​របស់​វា​ គេ​អាច​រក្សាទុក​បាន​រហូតដល់2​ ទៅ​ 3ឆ្នាំ​ប្រសិនបើ​ថែរក្សា​ទុកដាក់​បាន​ល្អ​ ដូចជា​ទុក​នៅកន្លែង​ដែល​មិន​មាន​សីតុណ្ហភាព​(កម្ដៅ​)ខ្ពស់​ពេក​ ឬកន្លែង​ដែល​មាន​សំណើម​ខ្ពស់​ពេក​ជាដើម​។

    លោក​បាន​បញ្ជាក់​ថា​ ក្នុង​ការ​ដាំ​ ជាទូទៅ​គេ​ច្រើន​ដាំ​វា​ដោយ​កូន​ដែលគេ​បាន​បណ្ដុះ​នៅក្នុង​ផើង​ ឬក្នុង​ថ្នាល​។ គេ​អាច​សាប​គ្រាប់​ម្ទេស​ 5ក្រាម​នៅ​លើ​ផ្ទៃដី1ម៉ែត្រការ៉េ​។ កូន​ម្ទេស​អាច​ដក​យក​ទៅ​ដាំ​បាន​ នៅពេល​ដែល​វា​មាន​ស្លឹក​ពី7​ ទៅ​ 8សន្លឹក​។ ការ​ស្ទូង​កូន​ ឬដាំ​កូន​ គួរ​ធ្វើឡើង​នៅពេល​មេឃស្រទំ​ ឬពេលល្ងាច​ត្រជាក់​។ ក្រោយពី​ដាក់ដាំ​ហើយ​ ត្រូវ​ស្រោច​ទឹ​កភ្លាម​ៗដើម្បី​ឱ្យ​ដី​មាន​សំណើម​ល្អ​ធ្វើ​ឱ្យ​ឫស​ឆាប់​ចាប់​ជាប់ទៅនឹង​ដី​។ ចំនួន​ដើម​ដែលគេ​ច្រើន​និយម​ដាំ​ គឺ​ពី​ 10,0000​ ទៅ13,000ដើម​ក្នុង​ដី​ 1ហិ​កតា​។ វា​អាស្រ័យ​ទៅតាម​តំបន់​ និង​អាច​ដាំ​ចម្រុះ​ជាមួយ​ដំ​ណាំ​ផ្សេង​ៗបាន​ ដូចជា​ដំណាំ​ប៉េងប៉ោះ​ ខ្ទឹមបារាំង​ ពោត​ ខ្ទឹមស​ និង​ពពួក​ស្ពៃ​ជាដើម​។

    ការ​បណ្ដុះ​ ជាទូទៅ​គ្រាប់​អាច​ដុះ​ពន្លក​ឡើង​ក្នុងរយៈពេល​ពី​ 6 ទៅ​ 15ថ្ងៃក្រោយ​ពី​សាប​រួច​ ហើយ​ចាប់ផ្ដើម​ចេញផ្កា​ក្នុងរយៈពេល​ពី​ 60​ ទៅ​ 90ថ្ងៃ​ បន្ទាប់ពី​ដាក់ដាំ​។ រយៈពេល​លូតលាស់​របស់​ដំណាំ​ម្ទេសហាវៃ​ ចាប់ពី​ពេល​ដាក់ដាំ​ រហូតដល់​ប្រមូល​ផល​ គឺ​មាន​រយៈពេល​ពី4​ ទៅ​ 7ខែ​ អាស្រ័យ​ទៅតាម​ពូជ​របស់​វា​។ គ្រាប់ពូជ​សម្បក​ក្រាស់​ ត្រូវ​ត្រាំទឹក​ 1-2យប់​ ទើប​ផ្អាប់​នឹង​ក្រណាត់​ 1-2យប់​ទៀត​ដើម្បី​ឱ្យ​គ្រាប់​ដុះ​ពន្លក​បាន​ល្អ​។

    អ្នក​កាន់​ផ្នែក​ទីផ្សារ​សហគមន៍​“សៀមរាប​មានជ័យ​”បានឱ្យ​ដឹង​ថា​៖ “សហគមន៍​កសិករ​ក្នុង​ស្រុក​មង្គលបុរី​ ស្រុក​ព្រះនេត្រ​ព្រះ​ ខេត្ត​បន្ទាយមានជ័យ​របស់ខ្ញុំ​ បាន​រួមគ្នា​ដាំ​ម្ទេស​ហា​វ៉ៃ​នៅ​លើ​ដី​ត្រឹម​ 3ហិ​កតា​ប៉ុណ្ណោះ​នៅក្នុង​មូលដ្ឋាន​របស់​យើង​។ ក្រោយពេល​ដាំ​ម្ទេស​ហា​វ៉ៃ​បាន​រយៈពេល​ 4-7ខែ​ទើប​ទទួលផល​ និង​បេះ​បាន​ជាប្រចាំ​ពី​ 1ខែ​ ទៅ​ 1ខែ​កន្លះ​។

    លោក​បាន​បញ្ជាក់​ថា​៖“បើ​ថែទាំ​បាន​ល្អ​ ក្នុង​ទំហំដី​ដែល​ដាំ​ម្ទេស​ហា​វ៉ៃ​ 3ហិ​កតា​នេះ​ គឺ​ក្នុង1ថ្ងៃ​យើង​អាច​ទទួលផល​បាន​ពី​ 300​-400គីឡូក្រាម​ដែរ​(ក្នុង​ដី1ម៉ែត្រការ៉េ​បានផល​ប្រមាណ​ 6គីឡូក្រាម​ក្នុង​មួយរយៈពេល​ទទួលផល​) ពោល​គឺ​ យើង​បាន​ថវិកា​ពី​ការ​លក់​បន្លែ​ម្ទេស​ហា​វ៉ៃ​នេះ​ក្នុងទឹក​ប្រាក់​ប្រមាណ​ជា​ 45លាន​រៀល​ ដោយ​អាច​លក់​បាន​ក្នុង​ 1គីឡូក្រាម​តម្លៃ​ពី​ 4,000​ ទៅ​ 6,000រៀល​”។

    បច្ចុប្បន្ន​ម្ទេស​ហា​វ៉ៃ​របស់​សមាគម​“ត្រសក់ផ្អែម​សៀមរាប​មានជ័យ​” ត្រូវ​បាន​យក​ទៅ​ផ្គត់ផ្គង់​នៅក្នុង​ផ្សារ​នៅ​ភ្នំពេញ​ ហាង​បន្លែ​ខ្មែរ​អហ្កា​និ​កហ្វា​ម សួន​ធម្មជាតិ​ ផ្សារ​កសិករ​ និង​ផ្សារ​ខ្មែរ​សរីរាង្គ​ដែល​សុទ្ធតែ​ជា​ដៃគូ​របស់​សមាគម​ដែល​ទទួលយក​ផលិតផល​កសិកម្ម​ពី​សមាគម​ទៅ​លក់​។ លោក​បាន​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ទៀត​ថា​ នា​ពេល​ថ្មី​ៗនេះ​មានការ​បញ្ជាទិញ​ផលិតផល​ម្ទេស​ហា​វ៉ៃ​ជាច្រើន​នៅ​តាម​ទីផ្សារ​ទំនើប​ រួម​ទាំង​ផ្សារ​ទំនើប​ដែល​ទើប​បង្កើត​ថ្មីទៀត​ផង​ ហើយ​សមាគម​ក៏​មាន​គោលបំណង​ពង្រីក​ការ​ដាំដុះ​បន្លែ​ម្ទេស​ហា​វ៉ៃ​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​នេះ​។

    លោក​ សេង​ហ័ង​ បាន​បញ្ជាក់​ទៀត​ថា​ ដូច្នេះ​ទោះជាយ៉ាងណា​ក្តី​ សមាគម​នឹង​បង្កើន​ការ​ដាំដុះ​ដំណាំ​បន្លែ​ម្ទេស​ហា​វ៉ៃ​ធម្មជាតិ​ ឬសរីរាង្គ​នេះ​ឱ្យ​បាន​សម្បូរ​បែប​ និង​ច្រើនឡើង​ដើម្បី​បំពេញ​តម្រូវការ​របស់​ផ្សារ​ទំនើប​ទាំងនោះ​ ពីព្រោះ​ថា​ បន្លែ​ម្ទេស​ហា​វ៉ៃ​នេះ​កំពុង​មាន​សក្តា​នុ​ពល​ទីផ្សារ​ខ្លាំង​ ក៏ដូចជា​តម្រូវការ​ហូបចុក​របស់​ប្រជាពលរដ្ឋ​ខ្មែរយើង​ផង​ដែរ​។ លោក​បាន​បន្ថែម​ថា​ សមាគម​របស់​លោក​ក៏​មាន​មហិច្ឆតា​ក្នុង​ការពង្រីក​ការផលិត​បន្លែ​ម្ទេស​ហា​វ៉ៃ​នេះ​ឱ្យ​បាន​ប្រមាណ​ជា​ 5ហិ​កតា​បន្ថែម​ទៀត​ នា​ពេល​ខាងមុខ​៕

  • ក្រុមហ៊ុន​ ​CPL​ ​ចែករំលែក​បទ​ពិសោធ​ ​និង​ចំណុច​វិជ្ជមាន​លើ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​

    ក្រុមហ៊ុន​ ​CPL​ ​ចែករំលែក​បទ​ពិសោធ​ ​និង​ចំណុច​វិជ្ជមាន​លើ​ទីផ្សារ​ខុន​ដូ​នៅ​កម្ពុជា​

    ​ក្រុមហ៊ុន​ ​CPL​ ​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​មាន​បទ​ពិសោធ​ខ្ពស់​លើ​ផ្នែក​អចលនទ្រព្យ​ដែល​មានការ​ទទួលស្គាល់​ទាំង​ថ្នាក់​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​រៀបចំ​កម្មវិធី​ចែករំលែក​បទ​ពិសោធ​ ​និង​ចំណេះដឹង​ដើម្បី​ ​«​ស្វែងយល់​អំពី​ឱកាស​ចំណេញ​ពី​ការទិញ​ដី​ ​និង​ផ្ទះនៅ​ក្នុង​ក្រុង​ព្រះសីហនុ​ ​និង​គម្រោង​ស្តារ​ស៊ី​ធី​ ​Star​ ​CITY​ ​នៅក្នុង​ក្រុងភ្នំពេញ​»​ ​ដល់​អ្នកចូលរួម​ជាច្រើន​ដើម្បី​ទទួល​បាន​ចំណេះដឹង​សម្រាប់​ការ​អភិវឌ្ឍ​ជីវភាព​ ​និង​ការរស់នៅ​។​ ​

    ​លោក​ឧកញ៉ា​ ​ចេង​ ​ខេង​ ​អគ្គនាយក​ក្រុមហ៊ុន​ ​CPL​ ​បាន​លើកឡើង​ថា​ ​សិក្ខាសាលា​ដែល​ធ្វើឡើង​នៅ​ថ្ងៃនេះ​ ​គឺ​ដើម្បី​ចែករំលែក​គំនិត​យោបល់​ ​និង​គន្លឹះ​ល្អ​ៗ​ជាច្រើន​ក្នុង​ទាញ​យក​ឱកាស​ចំណេញ​លើ​ទីផ្សារ​ខុន​ដូ​ដល់​សាធារណជន​ ​នៅក្នុង​កន្លែង​តាំង​បង្ហាញ​ ​(​showroom​)​ ​ដោយ​ផ្ទាល់​ក្នុង​គម្រោង​ស្តារ​ស៊ី​ធី​ ​(​star​ ​city​)​។​ ​គម្រោង​នេះ​ជា​គម្រោង​ប្រកបដោយ​គុណភាព​ ​សោភណភាព​ ​និង​គុណ​តម្លៃ​ ​ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ ​CPL​ ​មាន​មោទនភាព​ក្នុង​ការបាន​ធ្វើជា​ភ្នាក់ងារ​លក់​។​ ​

    ​លោក​ឧកញ៉ា​ ​ចេង​ ​ខេង​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ក្រុមហ៊ុន​ ​CPL​ ​ជា​ភ្នាក់ងារ​លក់​ដែល​មាន​បទ​ពិសោធ​ខ្ពស់​ក្នុង​ការគ្រប់គ្រង​គម្រោង​ ​គ្រប់គ្រង​ ​Showroom​ ​និង​គ្រប់គ្រង​ភ្នាក់ងារ​លក់​ជាដើម​ ​ដែល​យើង​មាន​សមត្ថភាព​ក្នុង​ការ​ផ្តល់​ទំនុកចិត្ត​ចំពោះ​ការ​ផ្តល់​សេវា​លក់​ដល់​អ្នក​អភិវឌ្ឍន៍​»​។​ ​

    ​លោក​ឧកញ៉ា​ ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ​យើង​មាន​ភាព​រីករាយ​នៅពេល​ដែល​អ្នក​អភិវឌ្ឍន៍​គម្រោង​ ​Star​ ​City​ ​ផ្តល់​តម្លៃ​ខ្ពស់​ ​និង​មាន​កិច្ចសហការ​ល្អជា​មួយ​ក្រុមហ៊ុន​ ​CPL​ ​ស្រប​ពេល​ដែល​ទីផ្សារ​ខុន​ដូ​នា​ពេល​បច្ចុប្បន្ន​នេះ​កំពុង​មានការ​ចាប់អារម្មណ៍​ពី​ប្រជាជន​ទាំង​ខ្មែរ​ ​និង​បរទេស​។​ ​ម្យ៉ាងទៀត​តម្រូវការ​ខុន​ដូ​ក៏​នឹង​ចាប់ផ្តើម​កើនឡើង​ផង​ដែរ​ ​ព្រោះ​ការរស់នៅ​ក្នុង​ខុន​ដូ​ជា​ជម្រើស​ល្អ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​រស់នៅ​មាន​ភាព​ងាយស្រួល​ជាមួយនឹង​ទីតាំង​ល្អ​ ​ជិត​កន្លែង​ប្រកបការងារ​ ​មាន​ការិយាល័យ​សម្រាប់​ធ្វើការ​ ​សណ្ឋាគារ​ ​អាងហែលទឹក​ ​កន្លែង​ហាត់ប្រាណ​ ​និង​សេវាកម្ម​ជាច្រើន​ផ្សេងទៀត​នៅក្នុង​កន្លែង​តែមួយ​។​ ​ហេតុនេះ​ប្រជាជន​ខ្មែរយើង​នឹង​ចាប់ផ្តើម​បែរ​ចំណាប់​អារម្មណ៍​កាន់តែ​ច្រើន​មក​លើ​ការទិញ​ខុន​ដូ​ ​ខណៈ​ពេល​ដែល​កម្រិតជីវភាព​ក៏​កាន់តែ​ប្រសើរ​ឡើង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ផង​ដែរ​។​ ​
    ចំពោះ​លក្ខណៈ​ពិសេស​របស់​គម្រោង​ ​Star​ ​City​ ​មាន​ច្រើន​ ​ដូចជា​រចនាប័ទ្ម​ល្អ​ប្រណីត​ដែល​គិតគូរ​ល្អិតល្អន់​ពី​គុណភាព​ជីវិត​របស់​អតិថិជន​ ​មានតម្លៃ​សមរម្យ​សម្រាប់​ការរស់នៅ​ ​និង​អាច​បង់​ត្រឹមតែ​ ​30​%​ ​ប៉ុណ្ណោះ​អតិថិជន​អាច​ចូល​នៅ​ ​ឬ​ជួល​បា​នភ្លាមៗ​ ​ដោយ​ទឹកប្រាក់​នៅសល់​អាច​បង់​បាន​រហូតដល់​ទៅ​ ​3ឆ្នាំ​៕​ ​

  • OnePlus​ ​7​ ​និង​ ​7​ ​Pro​ ​អាច​នឹង​បែកធ្លាយ​មុន​ពេល​ប្រកាស​ ​និង​គ្មាន​បច្ចេកវិទ្យា​ការពារ​ការ​ជ្រាប​ទឹក​ទេ​

    OnePlus​ ​7​ ​និង​ ​7​ ​Pro​ ​អាច​នឹង​បែកធ្លាយ​មុន​ពេល​ប្រកាស​ ​និង​គ្មាន​បច្ចេកវិទ្យា​ការពារ​ការ​ជ្រាប​ទឹក​ទេ​

    ​ថ្មី​ៗ​នេះ​ស្មា​ត​ហ្វូ​ន​ ​OnePlus​ ​7​ ​Pro​ ​បាន​បែកធ្លាយ​ព័ត៌មាន​ចេញ​មក​មុន​ពេល​ប្រកាស​ថា​ ​នឹង​មាន​ ​2ពណ៌​គឺ​ ​ខៀវ​ ​និង​ខ្មៅ​ ​និង​រឿង​មួយទៀត​ ​គឺ​វា​អាច​នឹង​គ្មាន​បច្ចេកវិទ្យា​ការពារ​ការ​ជ្រាប​ទឹក​ដូច​ស្មា​ត​ហ្វូ​នរ​បស់​ក្រុមហ៊ុន​ដទៃ​ទេ​។​ ​

    មូលហេតុ​ដែល​មិន​ដាក់​បច្ចេក​វិទ្យា​ថ្មី​ៗ​លើ​ស្មា​ត​ហ្វូ​ន​ជំនាន់7​ ​នេះ​ ​គឺ​ដោយសារតែ​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ ​OnePlus​ ​បាន​លើកឡើង​ថា​ ​ដើម្បី​ជួយ​កាត់បន្ថយ​ការ​ចំណាយ​របស់​អតិថិជន​ ​និង​មិន​ធ្វើ​ឱ្យ​ស្មា​ត​ហ្វូ​ន​ឡើង​ដល់​តម្លៃ​ជាង​ ​1ពាន់​ដុល្លារ​ហ្នឹងឯង​។​ ​

    ​សម្រាប់​វត្តមាន​ ​OnePlus​ ​7​/​ ​7Pro​ ​នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ពាក់កណ្ដាល​ខែឧសភា​នេះ​ ​ក៏ប៉ុន្តែ​លក្ខណ​សម្បត្តិ​ខ្លះ​ៗ​ត្រូវ​បាន​គេ​ដឹងមុន​អស់ទៅហើយ​ ​ជាពិសេស​បច្ចេក​វិទ្យា​ថ្មី​ៗ​ ​និង​តម្លៃ​ផង​ដែរ​។​ ​

    ​ក្រៅពី​ម៉ូដែល​ធម្មតា​ ​OnePlusក៏​នឹង​បង្ហាញ​ម៉ូដែល​មាន​ ​5G​ ​ផង​ដែរ​ ​ឯ​តម្លៃ​វិញ​សូម​រង់ចាំ​ដល់​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​។​ ​

    ​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖​





  • គួរ​ឱ្យ​សោក​ស្តាយ​.​.​.​នៅ​ ​ស្រីពៅ​ ​ចាញ់​កីឡាការិនី​បទ​ពិសោធ​ខ្ពស់​ម្ចាស់​ផ្ទះ​ឥណ្ឌូ​នេ​ស៊ី​ ​

    គួរ​ឱ្យ​សោក​ស្តាយ​.​.​.​នៅ​ ​ស្រីពៅ​ ​ចាញ់​កីឡាការិនី​បទ​ពិសោធ​ខ្ពស់​ម្ចាស់​ផ្ទះ​ឥណ្ឌូ​នេ​ស៊ី​ ​

    ​ការប្រកួត​ក្បាច់គុន​ចម្រុះ​ ​MMA​ ​របស់​ ​ONE​ ​Championship​ ​(​ONE​ ​FOR​ ​HONOR​)​ ​នៅ​ទីក្រុង​ហ្សាការតា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​កាលពី​ចុង​សប្តាហ៍​មុន​បាន​បញ្ចប់​ទៅ​ហើយ​ ​ដោយ​ក្នុង​នោះ​មាន​កីឡាករ​កម្ពុជា​ចូលរួម​ប្រកួត​ចំនួន​ ​2រូប​។​

    ​ស្រីពៅ​ ​ដែល​បង្ហាញខ្លួន​ជា​លើក​ទី​ ​2លើ​សង្វៀន​ ​MMA​ ​បាន​ចាញ់​ពិន្ទុ​កីឡាការិនី​ម្ចាស់ផ្ទះ​ ​Priscila​ ​បើ​ទោះបីជា​បាន​ធ្វើ​អស់ពី​សមត្ថភាព​ហើយក៏​ដោយ​ ​ប៉ុន្តែ​នៅ​ចាញ់​គេ​ច្រើន​ខាង​ស្នៀត​កាច់​ខ្ទាស់​ ​មាឌ​ ​កម្ពស់​ ​និង​ពិបាក​ចូល​កៀក​ទៀតផង​។​ ​ទោះបីជា​យ៉ាងណា​ ​ស្រីពៅ​ ​នៅតែ​ធ្វើ​បាន​យ៉ាង​ល្អ​ ​ដោយ​អាច​ស៊ូ​បាន​ ​3ទឹក​ ​និង​ចាញ់​ត្រឹមតែ​ពិន្ទុ​ប៉ុណ្ណោះ​។​

    ​សូម​រំឭក​ថា​ ​ស្រីពៅ​ ​មិនបាន​ហ្វឹកហាត់​ ​MMA​ ​គ្រប់គ្រាន់​ទេ​សម្រាប់​ការប្រកួត​លើក​នេះ​ ​ព្រោះ​នាង​ទើបតែ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ក្នុង​ការចូលរួម​កម្មវិធី​ប្រដាល់សកល​ ​ទើប​បណ្ដាល​ឱ្យ​ការ​ហ្វឹកហាត់​ប្រព្រឹត្តទៅ​មិនបាន​គ្រប់គ្រាន់​ ​និង​ធ្វើ​ឱ្យ​នាង​មិន​អាច​ប្រមូល​កម្លាំង​បាន​ពេញ​ ​100​%​៕​

  • តែម​ ​ម៉ឺន​៖​ ​ប៉ុស្តិ៍​ទូរទស្សន៍​គ្មាន​សិទ្ធិ​កាត់ក្តី​លើ​គូ​ប្រដាល់​ទេ​

    តែម​ ​ម៉ឺន​៖​ ​ប៉ុស្តិ៍​ទូរទស្សន៍​គ្មាន​សិទ្ធិ​កាត់ក្តី​លើ​គូ​ប្រដាល់​ទេ​

    ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ ​លោក​ ​តែម​ ​ម៉ឺន​ ​បាន​ប្រកាស​ថា​ ​រាល់​លទ្ធផល​នៃ​ប្រកួត​ប្រដាល់​ទាំងអស់​ ​គឺ​ស្ថិតនៅ​ក្រោមអំណាច​ទទួលខុសត្រូវ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។​

    ​លោក​បាន​បញ្ជាក់​ថា​ ​បុស្តិ៍​ទូរទស្សន៍​នានា​មាន​សិទ្ធិ​រៀបចំ​កម្មវិធី​ប្រកួត​ ​គ្រប់គ្រង​ការប្រកួត​ ​និង​រៀបចំ​ចាត់ចែង​ថវិកា​ ​ឬ​សម្រួល​បញ្ហា​នានា​ក្នុង​កម្មវិធី​ប្រកួត​នី​មួយ​ៗ​ ​ក៏ប៉ុន្តែ​លទ្ធផល​នៃ​ការប្រកួត​ ​ឬ​អ្នក​កាត់ក្តី​ ​ឬ​អ្នក​ឱ្យ​ពិន្ទុ​ត្រូវ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​ ​និង​ត្រួតពិនិត្យ​របស់​មន្ត្រី​នៃ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។​

    ​គួរ​រំឭក​ផង​ដែរ​ថា​ ​ដោយមាន​ការ​ចង្អុលបង្ហាញ​ដោយ​ផ្ទាល់​ពី​សម្ដេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃទី4​ ​ខែមេសា​ ​កន្លងទៅ​នេះ​ទាក់ទង​ទៅ​នឹង​ការ​កាត់សេចក្ដី​លើ​ការប្រកួត​ប្រដាល់​កន្លងទៅ​មានការ​ខ្វះចន្លោះ​ ​ដោយ​សម្ដេច​បាន​បញ្ជា​ឱ្យ​ពិនិត្យ​ ​និង​យកចិត្ត​ទុកដាក់​លើ​រឿង​នេះ​ឡើងវិញ​ ​ទើប​ខាង​សហព័ន្ធ​បាន​បើក​ការប្រជុំ​ជាបន្តបន្ទាប់​រហូត​សម្រេច​ដូច​ខាងលើ​ជាមួយ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ទាំងអស់​ដូច​ខាងលើ​៕​




  • ខ្លាំង​មែន​ ​!​ ​ចាន់​ ​រតនា​ ​វាយ​ផ្តាច់​កី​ឡ​ករ​ឥណ្ឌូ​នេ​ស៊ី​ ​Rudy​ ​Agustian​ ​ត្រឹម​ទឺក​ទី2​

    ខ្លាំង​មែន​ ​!​ ​ចាន់​ ​រតនា​ ​វាយ​ផ្តាច់​កី​ឡ​ករ​ឥណ្ឌូ​នេ​ស៊ី​ ​Rudy​ ​Agustian​ ​ត្រឹម​ទឺក​ទី2​

    ​ជើងខ្លាំង​ ​និង​ជា​គ្រូបង្វឹក​ក្បាច់គុន​ចម្រុះ​ ​(​MMA​)​ ​ចាន់​ ​រតនា​ ​បាន​យកឈ្នះ​កីឡាករ​ម្ចាស់​ផ្ទះ​ឥណ្ឌូ​នេ​ស៊ីRudy​ ​Agustian​ ​ក្នុង​កម្មវិធី​ ​ONE​ ​FOR​ ​HONOR​ ​របស់​ ​ONE​ ​Championship​ ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ហ្សាការតា​ ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។​

    ​អាជ្ញា​កណ្តាល​បាន​បញ្ឈប់​ការប្រកួត​នៅ​ទឺក​ទី2​ ​ក្រោយពេល​ដែល​កីឡាករ​កម្ពុជា​បាន​វាយ​សន្ធាប់​ទៅលើ​កីឡាករ​ម្ចាស់ផ្ទះ​រហូតដល់​មិន​អាច​តដៃ​រួច​។​ ​ជ័យជម្នះ​នេះ​បាន​ធ្វើ​ឱ្យ​កីឡាករ​ ​ចាន់​ ​រតនា​ ​ដែល​ធ្លាប់​ប្រកួត​ ​MMA​ ​ចំនួន​ ​9លើក​មក​ហើយ​នោះ​ ​ទទួល​បាន​ជ័យជម្នះ​ជា​លើក​ទី6​ ​របស់​ខ្លួន​ ​ខណៈ​ដែល​គូប្រកួត​សញ្ជាតិ​ឥណ្ឌូ​នេ​ស៊ី​វិញ​ ​ធ្លាប់​ប្រកួត​បាន​ ​9ដង​ដូចគ្នា​ ​តែ​ឈ្នះ​ ​7ដង​ ​និង​ចុងក្រោយ​នេះ​ចាញ់​ ​ចាន់​ ​រតនា​ ​ដោយ​សន្លប់​ក្នុងទឹក​ទី2​៕​


  • នៅតែស្អាត!! ឱក​ ​សុគន្ធ​កញ្ញា​ ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ឋាន​ព្រះឥន្ទ​ ​មុន​ថ្ងៃចូលរោង​ជ័យ​

    នៅតែស្អាត!! ឱក​ ​សុគន្ធ​កញ្ញា​ ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិ​ការណ៍​ឋាន​ព្រះឥន្ទ​ ​មុន​ថ្ងៃចូលរោង​ជ័យ​

    ដូច​ប្រិយមិត្ត​បាន​ជ្រាប​មក​ហើយ​ ​តារា​សិល្បៈ​ភាគច្រើន​ដែល​ជិតដល់​ថ្ងៃចូលរោង​ ​រមែង​បន្ទំ​សាច់​ដោយ​មិន​ទទួលការ​ងារ​ ​ជាពិសេស​ការងារ​ចុះ​ខេ​ត្ត​ឆ្ងាយ​ៗ​ ​តែ​ដោយឡែក​កំពូល​តារាចម្រៀង​ស្រី​នៅ​រស្មី​ហង្ស​មាស​ ​កញ្ញា​ ​ឱក​ ​សុគន្ធ​កញ្ញា​ ​បែរជា​មិន​បន្ធូរដៃ​ទាល់តែសោះ​ ​គេ​មើលឃើញ​កាន់តែ​សកម្ម​ក្នុង​ការ​កើប​លុយ​ពី​ការ​រាំច្រៀង​ក្នុង​ព្រឹត្តិ​ការណ៍​ឋាន​ព្រះឥន្ទ​។​ (more…)

  • ញាក់សាច់ !! “ផ្ទះចុងភូមិ” ល្អមើលហួសពីការគិតទុកមុនទៅទៀត

    ញាក់សាច់ !! “ផ្ទះចុងភូមិ” ល្អមើលហួសពីការគិតទុកមុនទៅទៀត

    គ្រាន់តែឮពីចំណងជើងភាពយន្ដរបស់ផលិតកម្មមហាហង្ស « ផ្ទះចុងភូមិ » ក៏កាន់តែទាក់ទាញឱ្យទៅទស្សនាបាត់ទៅហើយ តែជាក់ស្ដែងនៅល្ងាចថ្ងៃទី6 ខែឧសភា ផលិតកម្មមហាហង្សបានសម្ពោធភាពយន្តខ្នាតធំដ៏ព្រឺព្រួចមួយនេះ គឺពិតជាទទួលបានការគាំទ្រខ្លាំងហួសពីការរំពឹងទុក ព្រោះថា សាច់រឿងទាំងមូលលាក់បានល្អណាស់ និងមានឈុតឆាកំប្លែង ភ័យរន្ធត់ ប្រទាក់ក្រឡា ដោយអ្នកបានទស្សនាដែលជាភ្ញៀវភាគច្រើន សុទ្ធតែលាន់មាត់ថា ភាពយន្តរឿង”ផ្ទះចុងភូមិ” សើច ភ័យ និងកម្សត់ ពិតជាល្អមើល។

    ភាពយន្តនេះគឺជាស្នាដៃដំបូងសម្រាប់ឆ្នាំ2019 ដែលផលិតកម្មមហាហង្សបានសម្រិតសម្រាំងស្នាដៃទាំងបច្ចេកទេស ទាំងសំឡេងអេហ្វិក និងប្លង់ថត សុទ្ធដឹងតែប្រណិតយកគុណភាពស្ដង់ដាកុនបរទេស ដែលពិតជាទទួលបានការគាំទ្រខ្ពស់ពីមហាជន។ លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានថ្លែងបញ្ជាក់ថា ធៀបនឹងស្នាដៃមុនៗ ភាពយន្តរឿង”ផ្ទះចុងភូមិ” មានការចំណាយដើមទុនអស់ច្រើនគួរសម ដោយសារតែលោកព្រលែងដៃអោយក្រុមផលិតករផលិតស្នាដៃអោយបានល្អ និង ចង់អោយរឿងទាំងមូល ក្លាយជារឿងដែលមានគុណភាពស្ដង់ដារ។ មួយរឿង លោកថាគ្រាន់តែសរុបលើការផលិត ប្រើពេលដល់មួយឆ្នាំពេញ ខណៈដែលគុណភាពរឿង ក៏លោកពេញចិត្ត ហើយជឿជាក់ច្រើនថា មានកម្រិតប្រកួតប្រជែង នឹងស្នាដៃរបស់ប្រទេសជិតខាងបាន។ លោកក៍គ្រោងនឹងយកស្នាដៃមួយនេះ ចេញទៅកាន់ទីផ្សារក្រៅស្រុកផងដែរ ទើបលោកសម្រេចផលិតស្នាដៃទាំងមូល ដោយមិនខ្វល់ពីការចំណាយកម្រិតណា។ ភាពយន្តនេះប្រកាសលក់សំបុត្រ ចាប់ពីថ្ងៃ8 ឧសភា តទៅ ដោយស្នាដៃរបស់លោកគ្រាន់តែយកទៅឆ្លងក្រសួង គឺទទួលបានការសរសើរធ្វើអោយលោកកក់ក្ដៅ ជាពិសេសគឺលើសាច់រឿង និងភាពជក់ចិត្តតាំងពីដើមរឿងរហូតដល់ចប់តែម្ដង។

    លោកបានបញ្ជាក់ទៀតថា ជាការកត់សម្គាល់មួយដែរ ដែលភាពយន្តមហាហង្សទទួលបានការសរសើរខុសពីស្នាដៃមុនៗ ស្របគ្នាដែលតួសម្ដែងក៍ត្រូវផលិតកម្ម ដាក់សុទ្ធតែតួល្បីៗ ដែលកាន់តែរំលេចផ្ទៃរឿងអោយកាន់តែទាក់ភ្នែក។ យ៉ាងណាមិញនៅក្នុងពិធីកាត់ខ្សែបូរបើកសម្ពោធនោះ គេមិនឃើញវត្តមាន នាយគ្រឿន លោក ជា សុវណ្ណនរាហ៍ និង ទ្រង់ ស៊ីសុវត្ថិ សិរីវុឌ ដែលជាតួអង្គសំខាន់ ចូលរួមនោះទេ ដោយសារតែតួអង្គធំៗក្នុងរឿងទាំង3 សុទ្ធតែជាប់ការងារតាមខេត្ត៕

  • ធនាគារកណ្តាល​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​ដើម្បី​បង្ការ​ហានិភ័យ

    ធនាគារកណ្តាល​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ស្ថិរភាព​ហិរញ្ញវត្ថុ​ដើម្បី​បង្ការ​ហានិភ័យ

    ធនាគារជាតិនៃកម្ពុជា​(NBC​)បាន​ចេញផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ​ ស្តី​ពី​ការ​ត្រួតពិនិត្យ​ស្ថិរភាព​ហិរញ្ញវត្ថុ​ (Financial​ Stability​ Review​ ឬ FSR​) របស់​ខ្លួន​ជា​សាធារណៈ​លើកដំបូង​ ដែល​មាន​គោលបំណង​ដើម្បី​ផ្តល់​ទិន្នន័យ​ហិរញ្ញវត្ថុ​ដែល​អាច​ជឿជាក់​បាន​ដល់​សាធារណជន​ និង​បង្ហាញ​ពី​វិធានការ​របស់​ NBC​ ក្នុង​ការ​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​ និង​ការ​តាក់តែង​គោលនយោបាយ​ម៉ាក្រូ​ប្រុងប្រយ័ត្ន​នានា​ដើម្បី​បង្ការ​ហានិភ័យ​។

    ថ្លែង​នៅក្នុង​ពិធីសម្ពោធ​របាយការណ៍​ហិរញ្ញវត្ថុ​នេះ​ លោកជំទាវ​ នាវ​ ច័ន្ទ​ថា​ណា​ ទេសាភិបាល​រង​នៃ​ធនាគារជាតិនៃកម្ពុជា​បាន​ថ្លែង​ថា​៖“FSR​ គឺជា​ឯកសារ​ដ៏​មានតម្លៃ​ដែល​ជួយ​ឱ្យ​សាធារណជន​ និង​អ្នក​វិនិយោគ​យល់​ច្បាស់​ពី​វិស័យ​ហិរញ្ញវត្ថុ​។ វា​ប្រាប់​ពី​ការសម្រេច​ចិត្ត​ និង​ គោលនយោបាយ​នៅក្នុង​វិស័យ​សាធារណៈ​ និង​ឯកជន​។ វា​មានប្រយោជន៍​ជាពិសេស​សម្រាប់​វិនិយោគិន​ ស្ថាប័ន​ហិរញ្ញវត្ថុ​ និង​អ្នក​ពាក់ព័ន្ធ​ដែល​នឹង​នាំ​ឆ្ពោះទៅ​រក​ការសម្រេច​ចិត្ត​លើ​ការ​វិនិយោគ​ ការពង្រីក​អាជីវកម្ម​ និង​ជួយ​កាត់បន្ថយ​ហានិភ័យ​ដែល​អាច​កើតមាន​ទៀតផង​”។

    របាយការណ៍​នេះ​វាយតម្លៃ​ពី​សក្តា​នុ​ពល​ និង​លទ្ធភាព​នៃ​ហានិភ័យ​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​រួម​ទាំង​ហានិភ័យ​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ប្រព័ន្ធ​។ វា​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ម៉ាក្រូ​ហិរញ្ញវត្ថុ​ និង​ការពិភាក្សា​អំពី​គោល​នយោបាយ​សក្តា​នុ​ពល​ដើម្បី​ជួយ​កាត់បន្ថយ​ហានិភ័យ​ជា​ប្រព័ន្ធ​។

    ការ​ត្រួតពិនិត្យ​ពី​ស្ថិរភាព​ហិរញ្ញវត្ថុ​នេះ​ ត្រូវ​បាន​ធ្វើឡើង​ដោយ​ NBC​ ចាប់តាំងពី​ឆ្នាំ2011​ មក​ម៉្លេះ​ ប៉ុន្តែ​ចាប់តាំងពី​ពេលនោះ​មក​ វា​ត្រូវ​បាន​គេ​ធ្វើឡើង​សម្រាប់​តែ​ការប្រើ​ប្រាស់​ផ្ទៃក្នុង​ប៉ុណ្ណោះ​។ របាយការណ៍​ត្រួតពិនិត្យ​ស្ថិរភាព​ហិរញ្ញវត្ថុ​ត្រូវ​បាន​ធ្វើឡើង​ដោយមាន​ជំនួយ​បច្ចេកទេស​ស្ដីពី​បញ្ហា​ស្ថិរភាព​ហិរញ្ញវត្ថុ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ឬIMF​។

    លោកស្រី​ Yong​ Sarah​ Zhou​ តំណាង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ IMF​ ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ថា​៖ “យើង​ដឹង​ថា​ វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​កំពុង​រីកចម្រើន​យ៉ាង​រហ័ស​ កា្លយ​ជា​ប្រព័ន្ធ​កាន់តែ​ស្មុគស្មាញ​ និង​ពិបាក​ខ្លាំង​។ ការ​ចេញផ្សាយ​របាយការណ៍​នេះ​នឹង​ផ្ដល់​ជា​វេទិកា​ដើម្បី​ចែករំលែក​ឆន្ទៈ​របស់​ NBC​ អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​កំណត់​ហានិភ័យ​នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ពិភាក្សា​គោលនយោបាយ​ដែល​អាច​ធ្វើឡើង​ និង​កាត់បន្ថយ​ហានិភ័យ​ដែល​អាច​កើតឡើង​”។

    លោកស្រី​ក៏បាន​បង្ហាញ​ពី​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង​របស់​លោកស្រី​លើ​ការ​ចេញផ្សាយ​ការ​ត្រួត​ពិ​និ​ត្យសិ្ថរ​ភាព​ហិរញ្ញវត្ថុ​នេះ​ ដោយ​លើកឡើង​ថា​ វា​ជារ​បាយ​ការណ៍​ទូលំទូលាយ​បំផុត​ និង​ផ្ដល់​ការវិភាគ​ប្រកបដោយ​គុណភាព​ខ្ពស់​ដើម្បី​កំណត់​ហានិភ័យ​នៅក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។ ការ​ចាប់ផ្តើម​ឯកសារ​នេះ​ គឺជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​។ FSR​ បាន​ចុះបញ្ជី​បញ្ហា​សំ​ខាន់​ៗហើយ​ជួយ​យើង​ឱ្យ​យល់ដឹង​កាន់តែ​ច្បាស់​អំពី​បញ្ហា​ទាំងនោះ​។

    លោកស្រី​ Zhou​ បាន​គូសបញ្ជាក់​ថា​៖“ ការ​ចាប់ផ្តើម​នៅ​ថ្ងៃនេះ​គឺជា​សមិទ្ធផល​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ និង​គួរ​ឱ្យ​កត់សម្គាល់​ដែល​អាច​ធ្វើ​ទៅ​បាន​ដោយ​អរគុណ​ដល់​ភាពជា​អ្នកដឹកនាំ​ដ៏​រឹងមាំ​របស់​ធនាគារជាតិនៃកម្ពុជា​ និង​ការ​ខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​លើកកម្ពស់​ស្ថិរភាព​ហិរញ្ញវត្ថុ​។ យើង​មាន​មោទនភាព​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​រឿង​នេះ​”។

    សូម​បញ្ជាក់​ថា​ របាយការណ៍​នេះ​ត្រូវ​បាន​ធ្វើឡើង​ជាមួយនឹង​ការ​ផ្ដោត​ជាក់លាក់​លើក​ត្តា​សំខាន់3​ រួមមាន​លក្ខខណ្ឌ​ម៉ាក្រូ​សេដ្ឋកិច្ច​ ស្ថិរភាព​ និង​ចក្ខុវិស័យ​ ដែល​ផ្ដោត​លើ​លក្ខខណ្ឌ​ និង​ការវាយតម្លៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ និង​ការ​ភ្ជាប់​ម៉ាក្រូ​ហិរញ្ញវត្ថុ​ និង​ហានិភ័យ​ដែល​អាច​កើតឡើង​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​។

    លោក​ ឃូ​ វុ​ឍ្ឍី​ អគ្គនាយករង​បច្ចេកទេស​នៃ​ធនាគារជាតិនៃកម្ពុជា​ បានឱ្យ​ដឹង​ថា​ ដោយសារតែ​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​ និង​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ ការ​ផ្តល់​ឥណទាន​បុគ្គល​បាន​កើនឡើង​ ដែល​ជួយ​លើកកម្ពស់​ការ​វិនិយោគ​ និង​ការប្រើ​ប្រាស់​ឥណទាន​។

    លោក​បាន​បន្ថែម​ទៀត​ថា​ ការ​ឃ្លាំមើល​យ៉ាង​ដិតដល់​នៅក្នុង​សមាសភាព​ឥណទាន​ដែល​បាន​បង្ហាញ​សមាមាត្រ​ដ៏​ធំ​នៃ​ឥណទាន​ កំពុង​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​គោលបំណង​ពាណិជ្ជកម្ម​ ដែល​បង្កើត​ប្រាក់ចំណូល​។

    លោក​បាន​ថ្លែង​ថា​៖ “ទោះបីជា​មាន​កំណើន​ដ៏​រហ័ស​ក៏ដោយ​ ក៏​គុណភាព​ឥណទាន​មិនទាន់​ជា​ក្តី​បារម្ភ​នោះ​ទេ​”។ លោក​បន្ត​ថា​៖ “NBC​ បន្ត​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​លើ​ឥណទាន​បុគ្គល​បន្ត​ទៅមុខ​ទៀត​”។

    ធនាគារជាតិ​ទទួល​ជំនួយ​បច្ចេកទេស​ស្តី​ពី​ស្ថិរភាព​ហិរញ្ញវត្ថុ​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នៅក្នុង​ឆ្នាំ2018​ ហើយ​ IMFក៏បាន​តែងតាំង​ទីប្រឹក្សា​ប្រចាំ​តំបន់​ដើម្បី​ជួយ​កសាង​សមត្ថភាព​របស់​ធនាគារជាតិនៃកម្ពុជា​នៅក្នុង​ការវាយតម្លៃ​ហានិភ័យ​ជា​ប្រព័ន្ធ​ និង​ការបង្កើត​គោលនយោបាយ​ ដែល​បាន​នាំ​ឱ្យ​មានការ​អភិវឌ្ឍ​ស្តង់​ដា​ និង​កា​របោះ​ពុម្ភ​ផ្សាយ​ FSR​ ជាលើកដំបូង​នេះ​ឡើង​ ហើយ​ធនាគារជាតិនៃកម្ពុជា​គ្រោង​ក៏​នឹង​បោះផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ​ជា​រៀងរាល់​ឆ្នាំ​ផង​ដែរ​៕