យោងតាមប្រកាសរបស់ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្កេមលើកទី 32 (CAMSOC-CAMAPGOC) «ប័ណ្ណចាស់សម្រាប់ចូលមើលពិធីបិទស៊ីហ្គេម ត្រូវបានទុកជាមោឃៈ» ដោយគណៈកម្មាធិការនេះ នឹងបោះពុម្ពប័ណ្ណថ្មី សម្រាប់ការចូលទស្សនាកម្មវិធីបិទនាពេលខាងមុខ។
Category: សង្គម និងសេដ្ឋកិច្ច

ប័ណ្ណចាស់សម្រាប់ចូលទស្សនាពិធីបិទស៊ីហ្គេម «ត្រូវបានទុកជាមោឃៈ»

«យកឈ្នះកម្ពុជាមិនមែនជារឿងងាយឡើយ» នេះជាសម្ដីរបស់ប្រធានក្រុមបាល់ទាត់នារីវៀតណាម
ខ្សែប្រយុទ្ធ និងជាប្រធានក្រុមបាល់ទាត់នារីវៀតណាម បាននិយាយថា ទន្ទឹមនឹងអំណោយផលល្អដោយសារជាម្ចាស់ផ្ទះ កម្ពុជាក៏បានរីកចម្រើនច្រើន ដូច្នេះ នៅថ្ងៃស្អែក វៀតណាមនឹងត្រូវប្រុងប្រយ័ត្នពេលប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃវិញ្ញាសាបាល់ទាត់នារីនៅស៊ីហ្គេមលើកទី 32។
កាលពីព្រឹកថ្ងៃទី 11 ឧសភា នៅក្នុងសន្និសីទសារព័ត៌មាននៅភ្នំពេញ ប្រធានក្រុមបាល់ទាត់នារីវៀតណាម កញ្ញា ហ្វឹន ញ៉ឺ (Huynh Nhu) បាននិយាយថា «ក្នុងការប៉ះកម្ពុជាកាលពីឆ្នាំ 2019 ក្រុមនារីវៀតណាមបានឈ្នះយ៉ាងគគ្រឹកគ្រគ្រេង។ ប៉ុន្តែ នោះគឺជារឿងរបស់ប្រាំឆ្នាំមុន។ ពេលនេះ កម្ពុជារីកចម្រើនជាងមុនឆ្ងាយណាស់»។
ប្រធានក្រុមបាល់ទាត់នារីវៀតណាម បានរម្លឹកដល់ការប្រកួតនៅស៊ីហ្គេមឆ្នាំ 2019 ដែលពេលនោះ នាង និងមិត្តរួមក្រុមបានផ្ដួលកម្ពុជា 10-0។ ហើយក្រោយមក ក្រុមនារីវៀតណាមក៏បានឈ្នះកម្ពុជាពីរប្រកួតទៀតនៅក្នុងឆ្នាំ 2022 គឺឈ្នះ 7-0 នៅស៊ីហ្គេមលើកទី 31 និង 3-0 នៅ AFF Cup។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិចិន Gao Fulin បច្ចុប្បន្ន ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានរីកចម្រើនខ្លាំងដែលគេអាចមើលឃើញនៅក្នុងស៊ីហ្គេមលើកនេះ។ ពួកគេបានចាញ់ថៃ ប៉ុន្តែបានឈ្នះសិង្ហបុរី និងឡាវ ហើយក៏ឈរលំដាប់លេខពីរនៅពូល B ដូច្នេះក៏បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៅស៊ីហ្គេម។

ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា «…កម្ពុជាធ្វើបានល្អណាស់នៅពេលប៉ះថៃ និងគូប្រកួតនានានៅពូល B។ ពេលនេះ ការយកឈ្នះលើកម្ពុជាគឺជារឿងមិនងាយស្រួល។ …វៀតណាមនឹងលេងដោយការប្ដេជ្ញាចិត្តខ្ពស់បំផុតដើម្បីដណ្ដើមជ័យជម្នះ» ប្រធានក្រុមបាល់ទាត់នារីវៀតណាម អះអាងដូច្នេះ។
បច្ចុប្បន្ន ខ្សែប្រយុទ្ធវៀតណាម កញ្ញា ហ្វឹន ញ៉ឺ កំពុងលេងនៅពានរង្វាន់ជើងឯកបាល់ទាត់ជាតិព័រទុយហ្កាល់ សម្រាប់ក្លឹប Lank។ ហ្វឹន ញ៉ឺ និងក្រុមនារីវៀតណាម ថ្វីបើបានចាញ់ហ្វ៊ីលីពីន 1-2 នៅក្នុងការប្រកួតជើងចុងក្រោយ ប៉ុន្តែនៅតែឈរកំពូលតារាង A ។ វៀតណាមមាន 6 ពិន្ទុស្មើនឹងមីយ៉ាន់ម៉ា និងហ្វ៊ីលីពីន ប៉ុន្តែមានគ្រាប់បាល់ចំណេញខ្ពស់ជាង។

ហ្វឹន ញ៉ឺ (Huynh Nhu) គឺជាកីឡាការិនីខ្សែប្រយុទ្ធ និងជាប្រធានក្រុមបាល់ទាត់នារីវៀតណាម ប្រធានក្រុមគ្រូបង្វឹករបស់ក្រុមបាល់ទាត់នារីវៀតណាម លោក ម៉ៃ ឌឺក ជុង (Mai Duc Chung) ក៏យល់ឃើញដូចទៅនឹងប្រធានក្រុមបាល់ទាត់នារីវៀតណាម ហ្វឹន ញ៉ឺ ទាក់ទងនឹងសមត្ថភាពបច្ចុប្បន្នរបស់ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា។
ចំណែកភាគីកម្ពុជាវិញ គ្រូបង្វឹក Gao Fulin ថ្លែងថា «យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។ សង្ឃឹមថា កីឡាការិនីទាំងអស់របស់យើងនឹងប្រកួតបានល្អ»៕

គ្រូបង្វឹក Sjafri ថា U22 ថៃ និង U22 វៀតណាម នឹងប្រឹងគេចពី U22 ឥណ្ឌូណេស៊ី
U22 ថៃ និង U22 វៀតណាម នឹងប្រឹងប្រែងដើម្បីនាំមុខគេនៅពូល B ក្នុងបំណងគេចពី U22 ឥណ្ឌូណេស៊ីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃវិញ្ញាសាបាល់ទាត់បុរសរបស់ស៊ីហ្គេមលើកទី 32។
«យើងមិនត្រូវជ្រើសរើសគូប្រកួត។ វៀតណាម និងថៃទេតើ ទើបជាអ្នកត្រូវគិតគូរថាតើចង់ជួបគូប្រកួតមួយណា និងគេចពីគូប្រកួតមួយណានៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ» គ្រូបង្វឹក Indra Sjafri របស់ U22 ឥណ្ឌូណេស៊ី និយាយដូច្នេះ បន្ទាប់ពីបានផ្ដួលកម្ពុជាក្នុងលទ្ធផល 2-1 នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីព្រលប់ថ្ងៃទី 10 ឧសភា។
ក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម 22 ឆ្នាំ (U22) របស់ឥណ្ឌូណេស៊ី បានយកឈ្នះ 3-0 លើហ្វ៊ីលីពីន, 5-0 លើមីយ៉ាន់ម៉ា និង 3-0 លើទីម័រខាងកើត ហើយក៏បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆាប់ជាងគេមួយប្រកួត។ នៅក្នុងការប្រកួតជើងចុងក្រោយនៅពូល A គ្រាដែលមានសំបុត្រសម្រាប់ការប្រកួតវគ្គបន្ត U22 ឥណ្ឌូណេស៊ី ក៏នៅតែផ្ដួលកម្ពុជាក្នុងលទ្ធផល 2-1។

(ពីឆ្វេងទៅស្ដាំ) លោក Sumardji អ្នកគ្រប់គ្រងក្រុម, លោក Indra Sjafri ប្រធានក្រុមគ្រូបង្វឹក និង លោក Bima Sakti ជំនួយការប្រធានក្រុមគ្រូបង្វឹករបស់ U22 ឥណ្ឌូណេស៊ី ដោយសារតែឈរលើកំពូលតារាង A ដូច្នេះ U22 ឥណ្ឌូណេស៊ីនឹងប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយនឹងក្រុមលេខពីរនៅពូល B គឺ U22 ថៃ ឬ U22 វៀតណាម ដែលមានសំបុត្រឡើងទៅវគ្គបន្តរួចហើយ។ U22 ថៃ និង U22 វៀតណាម នឹងត្រូវប៉ះគ្នានៅម៉ោង 19 យប់ថ្ងៃទី 11 ឧសភានេះ នៅឯកីឡដ្ឋានព្រីនស៍ ដែលស្ថិតនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធាននីភ្នំពេញ ដើម្បីដណ្ដើមតំណែងកំពូលតារាង B។ ឱ្យតែមានលទ្ធផលស្មើ U22 ថៃ នឹងក្លាយជាអ្នកគ្រប់គ្រងពូល B ដោយសារមាន 9 ពិន្ទុ ស្មើនឹង U22 វៀតណាម ប៉ុន្តែ ថៃមានគ្រាប់បាល់ចំណេញ (+7) ខ្ពស់ជាងវៀតណាម (+5)។
គ្រូបង្វឹកឥណ្ឌូណេស៊ី លោក Indra Sjafri និយាយថា «ខ្ញុំជឿជាក់ថា កីឡាកររបស់យើងនឹងលេងបានល្អ ហើយដណ្ដើមបានសំបុត្រទៅប្រកួតបន្ត… យើងបានត្រៀមសម្រាប់រាល់ការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ …តាំងពីថ្ងៃដំបូងមកម្លេះ»។

ក្រុមហ៊ុននៅអឺរ៉ុប ប្រើ ChatGPT ជំនួសបុគ្គលិក 250 នាក់ នាំឱ្យមានការបារម្ភអំពីអាជីពផ្ទាល់ខ្លួន
ក្រុមហ៊ុនអង់គ្លេស Octopus Energy បានឱ្យដឹងថា កម្មវិធី ChatGPT កំពុងធ្វើការជំនួសបុគ្គលិក 205 នាក់ នៅក្នុងការឆ្លើយតបសារអេឡិចត្រូនិច និងត្រូវបានវាយតម្លៃថា ល្អជាងអ្នកជំនាញដែលទទួលបានការបណ្ដុះបណ្ដាលពេញលេញទៅទៀត។
លោក Greg Jackson ដែលជាអគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនថាមពល Octopus Energy នៅប្រទេសអង់គ្លេស បានឱ្យដឹងថា តាំងពីខែធ្នូឆ្នាំកន្លង លោកបានចាប់ផ្ដើមសាកល្បងប្រើប្រាស់កម្មវិធី ChatGPT នៅក្នុងប្រព័ន្ធរបស់ក្រុមហ៊ុន។
យោងតាមលោក Greg ក្រុមហ៊ុន Octopus Energy ទុកឱ្យ AI (បញ្ញាសិប្បនិម្មិត) ឆ្លើយតបអ៊ីមេលពីអតិថិជនក្រោមការតាមដានរបស់ក្រុមអ្នកជំនាញ។ អ៊ីមេលដែល chatbot នេះសរសេរ ទទួលបានការពេញចិត្តពីអតិថិជនរហូតដល់ 80% ខ្ពស់ជាងកម្រិត 65% នៃអ៊ីមេលដែលឆ្លើយតបដោយបុគ្គលិកមានឯកទេសទៅទៀត។
ក្រោយពីបានធ្វើតេស្តរួចរាល់ ចាប់ពីដើមខែនេះ ក្រុមហ៊ុន Octopus Energy សម្រេចចិត្តប្រើប្រាស់ AI នៅក្នុងការឆ្លើយតបសារអេឡិចត្រូនិចចំនួន 34% ក្នុងចំណោមអ៊ីមេលសរុបដែលក្រុមហ៊ុននេះបានទទួលពីអតិថិជន។
កាលពីមិនទាន់មាន ChatGPT ក្រុមហ៊ុនខាងលើត្រូវការបុគ្គលិក 250 នាក់ ដើម្បីបំពេញការងារឆ្លើយតបសាររបស់អតិថិជន។ «ដោយសារ AI សេវាបម្រើអតិថិជនត្រូវបានកែសម្រួល ការឆ្លើយតបតាមទូរស័ព្ទក៏ថយចុះ ខណៈភាពពេញចិត្តរបស់អតិថិជនក៏កើនឡើង» លោក Greg បញ្ជាក់ដូច្នេះ។

លោក Greg Jackson អគ្គនាយកប្រតិបត្តិរបស់ក្រុមហ៊ុនថាមពល Octopus Energy នៅប្រទេសអង់គ្លេស ChatGPT (Chat Generative Pre-Training Transformer) គឺជាកម្មវិធី chatbot មួយដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុន OpenAI។ កម្មវិធី AI នេះ ប្រើប្រាស់ «ឃ្លាំង» ចំណេះដឹងដែលវា «រៀនសូត្រ» បានពីគ្រប់ទិសទី។ វាអាចឆ្លើយនឹងសំណួរគ្រប់យ៉ាងដែលអ្នកប្រើប្រាស់ចង់ដឹង។ ChatGPT ថែមទាំងអាចនិពន្ធកំណាព្យ សរសេរបទចម្រៀង សរសេរសំបុត្រ ឬឌីហ្សាញជាដើម។ល។
ទោះជាយ៉ាងណាក៏ដោយ យោងតាមលោក Greg និងអ្នកជំនាញនានា ប្រការខាងលើនេះគឺស្មើនឹងការបញ្ឈប់ការងារបុគ្គលិកទ្រង់ទ្រាយធំ និងកើតឡើងឆាប់រហ័សជាងធម្មតា។ បញ្ហានេះកំពុងតែនាំឱ្យមានការព្រួយបារម្ភជាខ្លាំងពីក្រុមនិយោជិត ក៏ដូចជារដ្ឋាភិបាលនានានៅទូទាំងសកលលោក៕

គ្រូបង្វឹក Honda ត្រូវចាកចេញពីវិស័យបាល់ទាត់នៅកម្ពុជា ក្រោយស៊ីហ្គេម 2023
លោក Keisuke Honda គិតចង់ត្រលប់ទៅធ្វើជាកីឡាករវិញ បន្ទាប់ពីចាកចេញពីវិស័យបាល់ទាត់នៅកម្ពុជា ព្រោះមិនអាចជួយឱ្យ U22 កម្ពុជា ឆ្លងផុតវគ្គចែកពូលនៅស៊ីហ្គេមលើកទី 32។
«ខ្ញុំ និង Honda នឹងមិនបន្តដឹកនាំក្រុមកម្ពុជាទៀតទេ ក្រោយពីស៊ីហ្គេមលើកទី 32។ ខ្ញុំមិនទាន់ដឹងថាត្រូវធ្វើអ្វី។ ប៉ុន្តែ Honda វិញ គ្រោងនឹងត្រលប់ទៅធ្វើជាកីឡាករ និងបន្តរៀនយកសញ្ញាបត្រគ្រូបង្វឹក» គ្រូបង្វឹក Ryu Hirose និយាយកាលពីព្រលប់ថ្ងៃទី 10 ឧសភា ក្រោយពី U22 កម្ពុជា បានចាញ់ U22 ឥណ្ឌូណេស៊ី 1-2 ដែលធ្វើឱ្យកម្ពុជាត្រូវបានជម្រុះត្រឹមវគ្គចែកពូលនៅស៊ីហ្គេមលើកទី 32។
លោក Honda កើតឆ្នាំ 1986 គឺជាខ្សែបម្រើដ៏លេចធ្លោនៃវិស័យបាល់ទាត់ជប៉ុនក្នុងអំឡុងឆ្នាំ 2010-2017 នៅពេលទាត់ឱ្យក្លឹប CSKA Moscow និង AC Milan។ លោក Honda ចូលមកក្នុងវិស័យបាល់ទាត់កម្ពុជាក្នុងនាមជាប្រធានបច្ចេកទេសកាលពីឆ្នាំ 2018 ពេលគាត់នៅជាកីឡាករ។ ក្រោយមក លោក Honda ក៏ដឹកនាំក្រុមជម្រើសជាតិកម្ពុជាពីចម្ងាយ ដោយសារតែគាត់ត្រូវនៅទាត់ឱ្យបណ្ដាក្លឹបរបស់អូស្ត្រាលី ប្រេស៊ីល ហូឡង់ អាស៊ែបៃហ្សង់ និងលីទុយអានី។
ក្រោមការដឹកនាំរបស់លោក Honda បាល់ទាត់កម្ពុជាបានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាលើកដំបូងនៅស៊ីហ្គេមឆ្នាំ 2019 ប៉ុន្តែ ត្រូវចាញ់វៀតណាម 0-4។ ស៊ីហ្គេមបន្ទាប់នៅហ្វ៊ីលីពីន លោក Honda នៅតែដឹកនាំក្រុមកម្ពុជាតាមអនឡាញ ខណៈដែលអ្នកដឹកនាំផ្ទាល់គឺ Felix Dalmas ជាគ្រូបង្វឹកវ័យក្មេង និងជាជនជាតិអាហ្សង់ទីន។

លោក Keisuke Honda បង្ហាញទឹកមុខក្រៀមក្រំ នៅពេលកម្ពុជាត្រូវចាញ់ឥណ្ឌូណេស៊ីកាលពីព្រលប់ថ្ងៃទី 10 ឧសភា 2023 គ្រូបង្វឹកជនជាតិជប៉ុនរបស់កម្ពុជា បានមកដឹកនាំក្រុមដោយផ្ទាល់ចាប់ពីឆ្នាំ 2021 បន្ទាប់ពីចូលនិវត្តន៍ពីអាជីពកីឡាករ។ លោក Honda និងកូនសិស្សរបស់គាត់ក៏ត្រូវបានជម្រុះត្រឹមវគ្គចែកពូលនៅស៊ីហ្គេមលើកទី 31 ប៉ុន្តែ អ្នកគាំទ្រនៅតែពេញចិត្តលោកដដែល ដោយសង្ឃឹមថា នៅស៊ីហ្គេមលើកទី 32 លោក Honda នឹងជួយឱ្យក្រុមកម្ពុជាបង្កបានការភ្ញាក់ផ្អើលនៅលើទីលានម្ចាស់ផ្ទះ។
ក៏ប៉ុន្តែ ក្ដីសង្ឃឹមនេះមិនបានក្លាយជាការពិតឡើយ។ បន្ទាប់ពីការប្រកួតបើកឆាកដែលបានឈ្នះទីម័រខាងកើត 4-0 ក្រុមកម្ពុជាក៏ត្រូវទទួលលទ្ធផល 1-1 ពេលប៉ះក្រុមហ្វ៊ីលីពីន មុនពេលត្រូវចាញ់ក្រុមមីយ៉ាន់ម៉ា 0-2 និងចាញ់ឥណ្ឌូណេស៊ី 1-2 ហើយក៏ត្រូវជម្រុះត្រឹមវគ្គចែកពូលកាលពីថ្ងៃទី 10 ឧសភា 2023។
ថ្លែងអំពីបរាជ័យរបស់ក្រុម U22 កម្ពុជា នៅក្នុងការប្រកួតចុងក្រោយកាលពីព្រលប់ម្សិលមិញ គ្រូបង្វឹក Hirose យល់ថា «បញ្ហារបស់យើងគឺការប្រើប្រាស់ឱកាសមិនបានល្អ អាចដោយសារកម្លាំងកាយ បច្ចេកទេស ប៉ុន្តែក៏អាចដោយសារសំណាងមិនល្អ»៕

តើ U22 កម្ពុជាមានសង្ឃឹមអត់ ពេលប៉ះ U22 ឥណ្ឌូណេស៊ី នៅព្រលប់ថ្ងៃទី 10 ឧសភានេះ?
នៅព្រលប់ថ្ងៃទី 10 ឧសភានេះ ក្រុមបាល់ទាត់បុរសជម្រើសជាតិអាយុក្រោម 22 ឆ្នាំ (U22) របស់កម្ពុជា នឹងត្រូវប្រកួតជាមួយ U22 ឥណ្ឌូណេស៊ី។
U22 កម្ពុជា បានចាប់ផ្ដើមយ៉ាងល្អនៅស៊ីហ្គេមលើកនេះ ដោយបានផ្ដួល U22 ទីម័រខាងកើត 4-0។ ប៉ុន្តែ ការប្រកួតដែលមានលទ្ធផលស្មើជាមួយហ្វ៊ីលីពីន និងចាញ់មីយ៉ាន់ម៉ា បានរុញច្រាន U22 កម្ពុជាឱ្យធ្លាក់ក្នុងស្ថានភាពលំបាក។
នៅក្នុងជើងចុងក្រោយរបស់វគ្គចែកពូលនៅក្រុម A នាព្រលប់នេះ U22 កម្ពុជាត្រូវតែឈ្នះ U22 ឥណ្ឌូណេស៊ី ដើម្បីបន្តក្ដីសង្ឃឹមឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ បញ្ហានៅត្រង់ថា U22 កម្ពុជាមិនមានសិទ្ធិសម្រេចនៅទេនៅពេលនេះ។ សូម្បីតែនៅក្នុងករណីផ្ដួលឥណ្ឌូណេស៊ីបានសម្រេច ក៏ U22 កម្ពុជាត្រូវរង់ចាំមើលថាតើ មីយ៉ាន់ម៉ាបរាជ័យនៅក្នុងម៉ោងដូចគ្នានេះ ឬអត់។
ទោះជាយ៉ាងណាក៏ដោយ ឱកាសសម្រាប់ U22 កម្ពុជាយកឈ្នះលើ U22 ឥណ្ឌូណេស៊ី ក៏ខ្ពស់គួរសម ព្រោះថា U22 ឥណ្ឌូណេស៊ីទំនងជានឹងប្រើប្រាស់ក្រុមកីឡាករបម្រុងក្នុងពេលប៉ះកម្ពុជា ដើម្បីរក្សាកម្លាំងរបស់ក្រុមជើងខ្លាំងសម្រាប់ប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាទីដែល U22 ឥណ្ឌូណេស៊ីត្រូវប៉ះ U22 ថៃ ឬ U22 វៀតណាម។
តាមការគ្រោងទុកដំបូង ការប្រកួតរវាង U22 មីយ៉ាន់ម៉ា និង U22 ហ្វ៊ីលីពីន នឹងត្រូវធ្វើឡើងនៅវេលាម៉ោង 16 ថ្ងៃទី 10 ឧសភា ប៉ុន្តែ គណៈកម្មការរៀបចំស៊ីហ្គេមលើកទី 32 បានប្ដូរកាលវិភាគនៃការប្រកួតនេះពីម៉ោង 16 ទៅម៉ោង 19 វិញ។

ក្រុមហ៊ុនអាម៉េរិក-ចិន បង្ហាញរថយន្តអគ្គិសនីខ្នាតតូចម៉ូដែលថ្មី
ក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារបស់អាម៉េរិក-ចិន SAIC-GM-Wuling នឹងបញ្ចេញរថយន្តអគ្គិសនីខ្នាតតូចម៉ូដែលថ្មីនៅក្នុងខែឧសភានេះ។
កាលពីថ្ងៃទី 09 ឧសភា Baojun ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ SAIC-GM-Wuling បានប្រកាសថា ពួកគេនឹងបង្ហាញរថយន្តអគ្គិសនីខ្នាតតូចមួយម៉ូដែលដែលមានឈ្មោះថា Baojun Yep នៅថ្ងៃទី 25 ឧសភាខាងមុខ។
Baojun បានបង្ហើបឱ្យដឹងអំពីពាណិជ្ជសញ្ញាថ្មីរបស់ខ្លួនកាលពីថ្ងៃទី 09 ឧសភា ហើយថា Yep នឹងជាម៉ូដែលរថយន្តដំបូងដែលប្រើប្រាស់ពាណិជ្ជសញ្ញាថ្មីនេះ។
នៅក្នុងរូបថតមួយចំនួនដែល Baojun បានបញ្ចេញ បង្ហាញថា រថយន្តអគ្គិសនី Baojun Yep មានរូបរាងស្រដៀងនឹងរថយន្ត Jimny របស់ Suzuki។ Baojun Yep មានបណ្ដោយ ទទឹង និងកម្ពស់ជាបន្តបន្ទាប់គឺ 3,381, 1,685 និង 1,721 មិល្លីម៉ែត្រ ខណៈប្រវែងបណ្ដោយមូលដ្ឋានគឺ 2,110 មិល្លីម៉ែត្រ។
Baojun Yep នឹងត្រូវបានបំពាក់ម៉ូទ័រអគ្គិសនីកម្លាំង 50 kW និងកម្លាំងរមួលកង់ 140 Nm។ រថយន្តនេះមានថ្មផ្ទុកអគ្គិសនីកម្លាំង 28.1 kWh និងអាចផ្លាស់ទីបាន 303 គីឡូម៉ែត្រ។
ក្រៅពីកំណែធម្មតា Baojun ក៏បានបង្ហាញរូបថតស្ដីពីកំណែភីកអាប់ (រថយន្តទ្រុង) ដែលមានទ្វារពីររបស់ Yep ផងដែរ។
SAIC-GM-Wuling គឺជាក្រុមហ៊ុនបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុនរដ្ឋចិន SAIC, ក្រុមហ៊ុនអាម៉េរិក General Motors និងក្រុមហ៊ុនចិន Wuling Automobile។ SAIC-GM-Wuling មានទីស្នាក់ការកណ្ដាលនៅទីក្រុង Liuzhou ក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគនិរតីនៃប្រទេសចិន។
នៅក្នុងប្រភេទរថយន្តអគ្គិសនីខ្នាតតូច ក្រៅពី Mini EV ក្រុមហ៊ុន SAIC-GM-Wuling ក៏បានបង្ហាញវត្តមាន Air EV នៅប្រទេសចិនកាលពីខែធ្នូឆ្នាំកន្លង និង Bingo EV កាលពីចុងខែមីនាឆ្នាំនេះផងដែរ។
SAIC-GM-Wuling លក់រថយន្តអគ្គិសនីបានចំនួន 77,701 គ្រឿងនៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ក្នុងនោះមាន 69,842 គ្រឿងគឺជារថយន្តអគ្គិសនី Mini EV។ នេះបើតាម សមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA)៕


ក្រុមបាល់ទាត់ U-22 មីយ៉ាន់ម៉ា នឹងប្រកួត «ជូនដំណើរ» U-22 ហ្វ៊ីលីពីន នៅព្រលប់នេះ
ការប្រកួតជើងចុងក្រោយបង្អស់របស់ពូល A ដែលនឹងធ្វើឡើងនៅព្រលប់ថ្ងៃទី 10 ឧសភា នេះ គឺជាការប៉ះគ្នារបស់ U-22 មីយ៉ាន់ម៉ា និង U-22 ហ្វ៊ីលីពីន។
U-22 មីយ៉ាន់ម៉ា កំពុងមានឱកាសធំក្នុងការដណ្ដើមយកសំបុត្រឡើងទៅប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃវិញ្ញាសាបាល់ទាត់បុរសនៅស៊ីហ្គេមលើកទី 32 ក្រោយពីបានយកឈ្នះលើ U-22 កម្ពុជា។ បើសិនជាបានឈ្នះ U-22 ហ្វ៊ីលីពីននៅក្នុងការប្រកួតជើងចុងក្រោយបង្អស់របស់ពូល A នៅព្រលប់នេះ U-22 មីយ៉ាន់ម៉ា នឹងមានសិទ្ធិសម្រេចវាសនាមួយកម្រិតទៀត។
U-22 មីយ៉ាន់ម៉ា មានប្រៀបជាងគូប្រកួត ដោយសារថា U-22 ហ្វ៊ីលីពីន ត្រូវបានជម្រុះរួចហើយ និងមិនមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក៏ប៉ុន្តែ U-22 មីយ៉ាន់ម៉ា ក៏ត្រូវតែប្រុងប្រយ័ត្ន បើសិនមិនចង់បាក់មុខ។
U-22 ហ្វ៊ីលីពីន បើទោះជាត្រូវបានជម្រុះហើយក្ដី ប៉ុន្តែពួកគេក៏ចង់ដណ្ដើមបានជ័យជម្នះលើ U-22 មីយ៉ាន់ម៉ា ដើម្បីជាការលើកទឹកចិត្តខ្លួនឯង ក៏ដូចជាធ្វើឱ្យអ្នកគាំទ្របានរីករាយបន្តិច មុននឹងត្រលប់ទៅកាន់ប្រទេស។
ស្ថិតិចុងក្រោយបានបង្ហាញថា U-22 ហ្វ៊ីលីពីន រកបានតែមួយគ្រាប់គត់ ក្រោយបីប្រកួតដំបូងនៅស៊ីហ្គេមលើកនេះ។ នៅក្នុងការប៉ះគ្នាថ្មីៗនេះ U-22 មីយ៉ាន់ម៉ា បានផ្ដួល U-22 ហ្វ៊ីលីពីន ដោយលទ្ធផល 5-1។
ការប្រកួតជើងចុងក្រោយបង្អស់របស់ពូល A រវាង U-22 មីយ៉ាន់ម៉ា និង U-22 ហ្វ៊ីលីពីន នឹងធ្វើឡើងនៅវេលាម៉ោង 19 ថ្ងៃទី 10 ឧសភា 2023 នៅឯពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ។
នៅក្នុងការប៉ះគ្នានេះ Admin យល់ថា U-22 មីយ៉ាន់ម៉ា នឹងឈ្នះ U-22 ហ្វ៊ីលីពីន ក្នុងលទ្ធផល 2-1៕

ចំនួនមេដាយដែលបណ្ដាក្រុមដណ្ដើមបាននៅស៊ីហ្គេមលើកទី 32 គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី 10 ឧសភា 2023
កម្ពុជាដណ្ដើមមេដាយសរុបបានច្រើនជាងគេលំដាប់ទីពីរ ខណៈវៀតណាមជាប់លំដាប់ទីមួយ និងថៃជាប់ចំណាត់ថ្នាក់ទីបី។
គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី 10 ឧសភា 2023 នេះ ក្រុមកីឡាករ កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយសរុបចំនួន 123 គ្រឿង ក្នុងនោះមានមេដាយមាសចំនួន 39 គ្រឿង មេដាយប្រាក់ចំនួន 39 គ្រឿង និងមេដាយសំរឹទ្ធចំនួន 45 គ្រឿង។ មេដាយមាសដែលកម្ពុជាដណ្ដើមបាន គឺច្រើនជាងគេលំដាប់ទីបី បន្ទាប់ពីថៃ (41 គ្រឿង) និងវៀតណាម (40 គ្រឿង)។
ខាងក្រោមនេះគឺជាបច្ចុប្បន្នភាពនៃចំនួនមេដាយដែលបណ្ដាក្រុមដណ្ដើមបាននៅស៊ីហ្គេមលើកទី 32 គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី 10 ឧសភា 2023៖


ក្រុមហ៊ុន MG បង្ហាញរថយន្តអគ្គិសនីតម្លៃទាបបំផុតនៅឥណ្ឌា
MG ថ្មីៗនេះបានបញ្ចេញរថយន្តអគ្គិសនីតម្លៃធូរថ្លៃបំផុតនៅលើទីផ្សារប្រទេសឥណ្ឌា។ MG Motor ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរដ្ឋចិន SAIC Motor ប្រកួតប្រជែងនៅឥណ្ឌាជាមួយនឹងក្រុមអ្នកផលិតរថយន្តមួយចំនួន ក្នុងនោះមាន Tata Motors ជាដើម។
ប្រទេសចិនគឺជាទីផ្សាររថយន្តអគ្គិសនីធំជាងគេលំដាប់លេខមួយលើពិភពលោក ហើយក៏ជាចំណុចក្ដៅនៃរថយន្តអគ្គិសនីនាបច្ចុប្បន្ន។ ក្រុមអ្នកផលិតរថយន្តនៅប្រទេសឥណ្ឌា បានជោគជ័យនៅពេលដាក់លក់រថយន្តអគ្គិសនីតម្លៃទាប ហើយពេលនេះ ក្រុមហ៊ុនមួយផ្សេងទៀតរបស់ចិន កំពុងឆ្ពោះទៅក្នុងទីផ្សាររថយន្តធំជាងគេលំដាប់ទីបីលើពិភពលោកមួយនេះ។
យោងតាមទំព័រ Autocar រថយន្ត MG Motor Comet EV (តាមពិតវាគឺជារថយន្ត Wuling Air EV ដែលត្រូវបានកែលំអ) គឺជាប្រភេទដែលមានទ្វារចំនួនពីរ និងកៅអីចំនួនបួន។ រថយន្តនេះអាចបើកបរបានចម្ងាយ 230 គីឡូម៉ែត្រ និងមានតម្លៃចាប់ពី 798,000 រ៉ូពីឥណ្ឌា (9,763 ដុល្លារអាម៉េរិក)។ ដើម្បីប្រៀបធៀប រថយន្តអគ្គិសនី Tiago EV របស់ Tata ដែលមានតម្លៃចាប់ពី 849,000 រ៉ូពីឥណ្ឌា (10,400 ដុល្លារអាម៉េរិក) មានទ្វារបួន និងបរបានចម្ងាយ 315 គីឡូម៉ែត្រ។
បើទោះរថយន្តខ្នាតតូចខាងលើ ទំនងជាមិនអាចទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជននៅលោកខាងលិច ប៉ុន្តែវាអាចជាជម្រើសដ៏សមស្របសម្រាប់អតិថិជននៅប្រទេសឥណ្ឌា ដោយសារស្ថានភាពផ្លូវ និងប្រជាជនមានចំនួនច្រើន។

ក្រៅពីរថយន្តអគ្គិសនីខាងលើ MG Motor ក៏កំពុងលក់រថយន្តអគ្គិសនីប្រភេទ crossover ខ្នាតធំនៅប្រទេសឥណ្ឌាផងដែរ។ MG Motor រំពឹងថា ក្នុងឆ្នាំនេះ ចំនួនរថយន្តអគ្គិសនីនឹងកាន់កាប់ប្រហែលពី 25 ទៅ 30% នៅក្នុងចំណោមរថយន្តសរុបដែលខ្លួនបានលក់នៅប្រទេសឥណ្ឌា។
រថយន្តជិតបួនលានគ្រឿងត្រូវបានលក់នៅប្រទេសឥណ្ឌាកាលពីឆ្នាំកន្លង ក្នុងនោះមានរថយន្តអគ្គិសនីតែ 2% ប៉ុណ្ណោះ។ Tata Motors គឺជាក្រុមហ៊ុនដែលនាំមុខគេក្នុងឆ្នាំ 2022 ខណៈ BYD ក៏បានបង្ហាញរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅក្នុងទីផ្សារឥណ្ឌា កាលពីឆ្នាំ 2022 និងបានកំណត់គោលដៅកាន់កាប់ចំណែកទីផ្សាររថយន្តអគ្គិសនីឱ្យបាន 40% នៅប្រទេសនេះ ក្នុងឆ្នាំ 2030។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi សង្ឃឹមថា នឹងជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបាន 30% ក្នុងចំណោមរថយន្តទាំងអស់ដែលបានលក់ចេញនៅប្រទេសនេះ នៅឆ្នាំ 2030៕