Category: សង្គម និងសេដ្ឋកិច្ច

  • បេសកជន​ចិន​ ​2ពាន់​នាក់​ ​មក​ចូលរួម​អបអរ​ឆ្នាំ​វប្បធម៌​ ​និង​ទេសចរណ៍​កម្ពុជា​-​ចិន2019​

    បេសកជន​ចិន​ ​2ពាន់​នាក់​ ​មក​ចូលរួម​អបអរ​ឆ្នាំ​វប្បធម៌​ ​និង​ទេសចរណ៍​កម្ពុជា​-​ចិន2019​

    ​បេសកជន​ចំនួន​ប្រមាណ​ ​2ពាន់​នាក់​បាន​ធ្វើដំណើរ​មកដល់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​ខេត្តសៀមរាប​ហើយ​កាលពី​ថ្ងៃទី4​ ​ខែមិថុនា​ ​ឆ្នាំ2019​ ​ម្សិលមិញ​នេះ​ ​ដើម្បី​ចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ ​នៅ​កម្ពុជា​ចូលរួម​អបអរសាទរ​ ​«​ឆ្នាំ​វប្បធម៌​ ​និង​ទេសចរណ៍​កម្ពុជា​-​ចិន​ ​2019​»​។​

    ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​បាន​ចាត់បញ្ជូន​លោក​ ​ចាង​ ​ស៊ុ​ ​អនុរដ្ឋ​មន្ត្រី​ក្រសួងវប្បធម៌​ ​និង​ទេសចរណ៍​ ​ដឹកនាំ​គណៈប្រតិភូ​ក្រសួងវប្បធម៌​ ​និង​ទេសចរណ៍​របស់​ខ្លួន​រួម​ជាមួយ​បេសកជន​ចិន​ប្រមាណ​ ​2ពាន់​នាក់​ឱ្យធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​អបអរសាទរ​ ​«​ឆ្នាំ​នៃ​វប្បធម៌​ ​និង​ទេសចរណ៍​កម្ពុជា​-​ចិន​ ​2019​»​ ​ចាប់ពី​ថ្ងៃទី2​-​8​ ​ខែមិថុនា​ ​ឆ្នាំ2019​។​
    ​បើ​តាម​ព័ត៌មាន​ពី​មន្រ្តី​ក្រសួងទេសចរណ៍​បានឱ្យ​ដឹង​ថា​ ​គណៈប្រតិភូ​ក្រសួងវប្បធម៌​ ​និង​ទេសចរណ៍​ចិន​ ​ដឹកនាំ​ដោយ​លោក​ ​ចាង​ ​ស៊ុ​ ​អនុរដ្ឋ​មន្ត្រី​ក្រសួងវប្បធម៌​ ​និង​ទេសចរណ៍​ចិន​ ​បាន​មកដល់​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​នា​យប់​ថ្ងៃទី4​ ​ខែមិថុនា​នេះ​ ​ក្រោម​ការ​ត្រៀម​ទទួលស្វាគមន៍​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួងទេសចរណ៍​កម្ពុជា​។​

    ​បើ​តាម​ព័ត៌មាន​ពី​មន្រ្តី​ក្រសួងទេសចរណ៍​ដដែល​បានឱ្យ​ដឹង​ថា​ ​នៅ​ល្ងាច​ថ្ងៃទី5​ ​ខែមិថុនា​នេះ​ ​ក្រសួងទេសចរណ៍​ ​និង​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​កម្ពុជា​ ​សហការ​ជាមួយ​ភាគី​ចិន​នឹង​រៀបចំ​ការសម្ដែង​សិល្បៈ​រួមគ្នា​កម្ពុជា​-​ចិន​នៅ​សាល​មហោស្រព​កោះ​ពេជ្រ​ ​ក្រោម​អធិបតីភាព​ ​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី​ប៊ិន​ ​ឈិន​ ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​ ​តំណាង​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។​ ​បន្ទាប់មក​ក៏​នឹង​មាន​ពិធី​លៀង​សាយ​ភោជន៍​ស្វាគមន៍​ជូន​បេសកជន​ចិន​ទាំងអស់​នា​ល្ងាច​ថ្ងៃ​ដដែល​នោះ​ផង​ដែរ​។​

    ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ​ភាគី​កម្ពុជា​-​ចិន​ក៏បាន​នាំមក​នូវ​វេទិកា​ ​«​Business​ ​Matching​ ​Between​ ​Tour​ ​Operators​ ​of​ ​Cambodia​ ​and​ ​China​»​ ​ឬហៅ​ថា​ ​វេទិកា​ផ្គូផ្គង​ដៃគូ​ធុរកិច្ច​ទេសចរណ៍​រវាង​ក្រុមហ៊ុន​ការី​ទេសចរណ៍​ចិន​ ​(​អ្នកទិញ​)​ ​ចំនួន​ ​50ក្រុមហ៊ុន​ ​ជាមួយ​ក្រុមហ៊ុន​ការី​ទេសចរណ៍​ ​កម្ពុជា​ ​(​អ្នកលក់​)​ ​ចំនួន​ ​50ក្រុមហ៊ុន​ផង​ដែរ​។​
    ​សូមជម្រាប​ថា​ ​កិច្ច​សហប្រតិបត្តិ​ការ​រវាង​ក្រសួងវប្បធម៌​ ​និង​ទេសចរណ៍​ចិន​ ​និង​ក្រសួង​ទេស​ ​ចរណ៍​កម្ពុជា​ ​គឺ​ស្រប​នឹង​ការកំណត់​យក​ឆ្នាំ2019​ ​ជា​ឆ្នាំ​វប្បធម៌​ ​និង​ទេសចរណ៍​កម្ពុជា​-​ចិន​ ​ដើម្បី​ ​ជំរុញ​ការផ្លាស់ប្ដូរ​វប្បធម៌​ ​និង​ទេសចរណ៍​រវាង​ប្រជាជាតិ​ទាំង2​ ​កាន់តែ​ខ្លាំង​ថែម​មួយ​កម្រិត​ទៀត​។​

    ​សូម​បញ្ជាក់​ថា​ ​«​ឆ្នាំ​នៃ​វប្បធម៌​ ​និង​ទេសចរណ៍​កម្ពុជា​-​ចិន​»​ ​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ ​ក្រសួងវប្បធម៌​ ​និង​ទេសចរណ៍​ចិន​ ​សហការ​ជាមួយ​ក្រសួងទេសចរណ៍​កម្ពុជា​ ​ដើម្បី​ពង្រឹង​ ​និង​ពង្រីក​ ​កិច្ច​សហប្រតិបត្តិ​ការ​រួមគ្នា​លើ​ផ្នែក​ទេសចរណ៍​ ​និង​វប្បធម៌​រវាង​ប្រទេស​ទាំង2​ ​បន្ថែម​ទៀត​ ​មាន​ដូច​ ​ជា​ការជំរុញ​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​រួមគ្នា​ ​ការផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា​ ​ការ​បណ្ដុះបណ្ដាល​ធន​ ​ធាន​មនុស្ស​ ​និង​ការសម្ដែង​សិល្បៈ​រួមគ្នា​ជាដើម​។​

    ​គណៈប្រតិភូ​បេសកជន​ចិន​ទាំង​ ​2,000នាក់​ដែល​បាន​មក​ទស្សនា​កម្ពុជា​នៅពេល​នេះ​នឹង​ ​បាន​ឈ្វេងយល់​អំពី​ឱកាស​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​ ​ជួយ​ផ្សព្វ​ផ្សា​យស​ក្តានុ​ពល​ទេសចរណ៍​ ​កម្ពុជា​ដល់​ប្រជាជន​ចិន​ ​ក៏ដូចជា​ទាក់ទាញ​អ្នកទេសចរ​ចិន​មក​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ថែមទៀត​ដែរ​៕​

  • ទទួលទាន​ស្ករ​សូកូឡា ដើម្បី​សុខភាព​បេះដូង​រឹងមាំ

    ទទួលទាន​ស្ករ​សូកូឡា ដើម្បី​សុខភាព​បេះដូង​រឹងមាំ

    ក្រុម​អ្នក​វិទ្យា​សា​ស្ដ្រជាច្រើន​បាន​អះអាង​ថា​ ការ​ទទួលទាន​ស្ករ​សូកូឡា​អាច​ជួយ​កាត់បន្ថយ​ជំងឺបេះដូង​ និង​ជួយ​ឱ្យ​ប្រព័ន្ធ​ខួរក្បាល​ដំណើរការ​បាន​ល្អ​។ បើ​យោង​តាម​ទិន្នន័យ​សុខភាព​នៅ​តំបន់​ប្រទេស​ដែល​មាន​អាកាសធាតុ​ត្រជាក់​ ទទួល​បាន​ពី​ការស្រាវជ្រាវ​ទៅលើ​អ្នកជំងឺ​បេះដូង​មួយ​ក្រុម​បង្ហាញថា​ ការ​ទទួលទាន​ស្ករ​សូកូឡា​អាច​ជួយ​កាត់បន្ថយ​ការ​ប្រឈមមុខនឹង​ជំងឺបេះដូង​ និង​បញ្ហា​ប្រព័ន្ធ​ខួរក្បាល​ប្រហែលជា70​%។ តាម​មាត្រដ្ឋាន​ស្ករ​សូកូឡា100​ ក្រាម​មាន​សារធាតុ​កាកាវ​ 70​% – 85​% ជួយ​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​មាន​លក្ខណៈ​ធម្មតា​ ប្រឆាំង​នឹង​ការ​រលាក​ និង​ឈាមកក​បាន​។

    វគួរញ៉ាំ1ប្រអប់ក្នុង1សប្ដាហ៍​
    វគួរញ៉ាំ1ប្រអប់ក្នុង1សប្ដាហ៍​

    ​យ៉ាងណាមិញ​លទ្ធផល​ពិសោធ​ក៏បាន​បង្ហាញ​ទៀត​ថា​ អ្នក​ដែល​បាន​ទទួលទាន​ស្ករ​សូកូឡា​មួយ​ប្រអប់​អាច​កាត់បន្ថយ​ការ​ប្រឈមមុខនឹង​ជំងឺបេះដូង​បាន37​% និង​បញ្ហា​ប្រព័ន្ធ​ខួរក្បាល​បាន29​% បើ​ប្រៀបធៀប​ទៅ​នឹង​អ្នកទទួល​ទាន​ស្ករ​សូកូឡា​ចំនួន​តិចតួច​បំផុត​ និង​អ្នក​ដែល​មិនបាន​ទទួលទាន​សោះ​។ អ្នកជំនាញ​ខាង​បញ្ហា​សុខភាព​បេះដូង​ពិភពលោក​បាន​អះអាង​ថា​ “យើង​ត្រូវតែ​បន្ត​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ ដើម្បី​បញ្ជាក់​ឱ្យ​បាន​កាន់តែ​ច្បាស់​ពី​ប្រសិទ្ធភាព​នៃ​ការ​ការពារ​របស់​ស្ករ​សូកូឡា​ចំពោះ​សុខភាព​របស់​មនុស្ស​។ ក្នុង​ការ​ពិសោធ​នោះ​ដែរ​ ក្រុម​វិទ្យាសាស្ត្រ​បានឱ្យ​អ្នកមាន​បញ្ហា​ចង្វាក់​បេះដូង​ដើរ​ញាប់​ និង​មិន​ទៀងទាត់​ ឱ្យ​ទទួលទាន​ស្ករ​សូកូឡា​ពណ៌ខ្មៅ​ ដើម្បី​សង្កេត​ពី​ការ​ជួយ​ពង្រឹង​ចលនា​សម្ពាធ​ឈាម​ក្នុង​បេះដូង​។ ជា​លទ្ធ​ផល​គេ​ទទួល​បាន​ប្រសិទ្ធភាព​របស់​ស្ករ​សូកូឡា​ក្នុង​ជួយការ​ពារ​ជំងឺបេះដូង​បាន​ពិតមែន​។ ទោះបីជា​វា​អាច​ជួយ​សុខភាព​បាន​ពិតប្រាកដ​មែន​ក៏ដោយ​ ប៉ុន្តែ​លោកអ្នក​មិន​គួរ​ទទួលទាន​វា​ក្នុង​ចំនួន​ដ៏​ច្រើនលើស​លប់​ពេក​នោះ​ទេ​ ពីព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ផ្សេង​ៗបាន​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ បាន​បញ្ជាក់​ថា​ អ្នក​អាច​ទទួលទាន​សូកូឡា​ក្នុង​បរិមាណ​ 30ក្រាម​ក្នុង​មួយថ្ងៃ​ និង​មួយ​ប្រអប់​ក្នុងរយៈពេល​មួយ​សប្ដាហ៍​តែប៉ុណ្ណោះ​។ ហើយ​ចំពោះ​ក្រុម​អ្នកជំងឺ​បេះដូង​ដែល​មាន​អាយុ​ចន្លោះ​ពី50ឆ្នាំ​ ទៅ60ឆ្នាំ​ មិន​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ​ទទួលទាន​ក្នុង​បរិមាណ​ច្រើន​នោះ​ទេ​។មួយវិញទៀត​ ស្ករ​សូកូឡា​ក៏​មាន​ផ្ទុក​នូវ​សារធាតុ​សរីរាង្គ​ជាច្រើន​ ដែល​តួនាទី​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផង​ដែរ​។ មិន​តែប៉ុណ្ណោះ​មាន​រួមបញ្ចូល​ទាំង​សារធាតុ​ Polyphenols​ ,សារធាតុFlavonoids​, សារធាតុ​ Catechins​ ក្នុង​នោះ​ទៀតផង​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ Flavonoids​ នៅ​ក្នុង​ស្ករ​សូកូឡា​អាច​ជំរុញ​ endothelium​ ដែល​ជា​ស្រទាប់​ខាងក្នុង​ នៃ​សរសៃឈាម​អា​ទែរ​ ដើម្បី​ផលិត​ Nitric​ Oxide​ (NO​) ដែល​ជា​ឧស្ម័ន​ម្យ៉ាង​។មុខងារ​នៃ​ NO​ គឺ​បញ្ជូន​ព័ត៌មាន​ទៅ​ក្នុង​សរសៃឈាម​ដែល​ទប់ទល់​ និង​ចលនា​របស់​ឈាម​កុំឱ្យ​ដើរលឿន​ហួស​កម្រិត​ និង​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​។ដូច្នេះហើយ​បាន​ជា​ ស្ករ​សូកូឡា​មាន​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ចិញ្ចឹម​ ដែល​អាច​ជួយ​ឱ្យ​អ្នកមាន​សុខភាព​ល្អ​ បើ​មានការ​ទទួលទាន​បាន​ត្រឹមត្រូវ​។ព្រោះ​បាន​ផលិត​ចេញពី​គ្រាប់ធញ្ញជាតិ​របស់​ដើម​កាកាវ​ ហើយ​មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​តិច​បំផុត​ ដែល​អាច​ជួយ​បំប៉ន​ដល់​សុខភាព​របស់​អ្នក​ និង​កាត់បន្ថយ​ដល់​ការ​កើតមាន​នូវ​ជំងឺបេះដូង​បាន​យ៉ាង​ពិតប្រាកដ​៕

  • ចេះតែ​អស់កម្លាំង​ល្ហិតល្ហៃ​តើ​អ្នក​បាន​បណ្ដេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​ហើយ​ឬនៅ​?

    ចេះតែ​អស់កម្លាំង​ល្ហិតល្ហៃ​តើ​អ្នក​បាន​បណ្ដេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​ហើយ​ឬនៅ​?

    ធាតុ​ពិត​អ្នក​ចង់ឱ្យ​រាងកាយ​គ្មាន​ជាតិពុល​ ប៉ុន្តែ​ភ័យខ្លាច​មិនដឹង​ថា​ ត្រូវ​កម្ចាត់​ជាតិពុល​ពី​ក្នុង​រាងកាយ​បាន​ដោយ​វិធី​ណា​ ទាំង​បានដឹង​ខ្លួន​ហើយ​ថា​ រវល់​ជាមួយ​ការងារ​ច្រើន​សឹងតែ​រក​ពេលទំនេរ​គ្មានសោះ​។ ក្រៅពី​ការហាត់ប្រាណ​ មាន​អ្នកខ្លះ​ព្យាយាម​ក្នុង​ការ​ទទួលទានទឹក​ភេសជ្ជៈ​ ឬទឹក​ផ្លែឈើ​ ដែល​ខ្លួន​គិតថា​ វា​អាច​ជួយ​បណ្ដេញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ តែ​អ្នក​ភ្លេច​គិតថា​ វា​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ ជាពិសេស​គឺ​ ក្រពះ​ និង​ពោះវៀន​។

    មនុស្ស​ស្ទើរគ្រប់​រូប​ សុទ្ធតែ​មាន​ផ្ទុក​នូវ​ជាតិពុល​ក្នុង​ខ្លួន​ ជាតិពុល​ដែល​មាននៅ​ក្នុង​អាហារ​ និង​គ្រឿងស្រវឹង​ទាំងនោះ​ បណ្តាល​មក​ពីក​ត្តា​មួយចំនួន​ ដែល​តែងតែ​មើល​រំលង​ដូចជា​ ទឹក​ ចំណីអាហារ​សម្រេច​ ឬអាហារ​កំប៉ុង​ និង​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ផង​ដែរ​។ ការប្រើ​ប្រាស់​សារធាតុគីមី​ ដើម្បី​ថែរក្សា​ចំណីអាហារ​ទុក​បាន​យូរ​ ឬឆាប់​ទទួល​បានផល​ ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ និង​បង្ក​ជាតិពុល​នៅក្នុង​រាងកាយ​ផង​ដែរ​។ បញ្ហា​ទាំងនេះ​ គឺជា​កង្វល់​ដ៏​សំខាន់​មួយ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​លើ​ពិភពលោក​ ដែល​កំពុងតែ​ជួបប្រទះ​ វា​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​មនុស្ស​ ធ្វើ​ឱ្យ​សុខភាព​ចុះ​ខ្សោយ​ ឆាប់​ឈឺ​ និង​មាន​សុខភាព​មិនល្អ​។ នៅក្នុង​ថ្ងៃនេះ​ ទស្សនាវដ្ដី​ ឡា​រ៉ែ​ន សូម​ណែនាំ​អ្នក​ឱ្យ​សាកល្បង​វិធី​សា​ស្រ្តងាយ​ៗមួយចំនួន​ ដែល​មានប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ ព្យាបាល​ និង​កម្ចាត់​ជាតិពុល​ចេញពី​ក្នុង​ខ្លួនមនុស្ស​ បាន​យ៉ាង​ឆាប់រហ័ស​។

    1. ខ្ពុរមាត់​ជាមួយ​ប្រេង​
    ស្ដាប់​មើលទៅដូចជា​រាង​ប្លែក​បន្តិច​ ប៉ុន្តែ​ការពិត​នោះ​គឺថា​ ការ​ខ្ពុរមាត់​ជាមួយនឹង​ប្រេង​ ដូចជា​ ប្រេងល្ង​ ប្រេងដូង​ ឬប្រេង​អូ​លីវ​ជាដើម​ អាច​ជួយ​រុញច្រាន​ ឬបណ្ដេញ​ពពួក​បាក់តេរី​ចេញពី​ក្នុង​ប្រអប់មាត់​របស់​អ្នក​ ដែល​អ្នក​កំពុង​ជួប​បញ្ហា​ក្លិន​មាត់​មិនល្អ​។ ក្នុង​អំ​ទ្បុង​ពេល​អ្នក​ក្រោកពីដំណេក​ សូម​ប្រើ​ប្រេង​ខ្ពុរមាត់​ចំនួន​មួយ​ស្លាបព្រាបាយ​ដាក់​ចូល​ទៅ​ក្នុង​មាត់​ បន្ទាប់​មក​សឹម​ដុស​សម្អាត​ធ្មេញ​តាមធម្មតា​ វា​មិន​ត្រឹម​តែ​ជួយ​សម្អាត​កំណកកំបោរ​ និង​បាក់តេរី​នៅ​លើ​ធ្មេញ​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ថែមទាំង​ជួយ​ឱ្យ​អ្នកមាន​ខ្យល់​ដង្ហើម​ស្រស់ថ្លា​ទៀតផង​។

    2. ទម្លាប់​ល្អ​របស់​ជនជាតិ​ចិន​
    តាម​ការសិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញថា​ ការ​ទទួលទានទឹក​តែ​ ដែល​ជា​ប្រពៃណី​ដ៏​ពេញនិយម​របស់​ជនជាតិ​ចិន​ ដូចជា​ ប្រភេទ​តែ​បៃតង​ តែ​អ៊ូ​ឡុង​ ឬតែ​ទឹកឃ្មុំ​ក្រូចថ្លុង​ជាដើម​ អាច​ជួយ​កាត់បន្ថយ​ភាព​តានតឹង​ និង​បង្កើន​ផលិតភាព​បាន​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ការ​ទទួលទាន​ទឹកតែ​ក្ដៅ​ឧណ្ហ​ៗ ក៏បាន​ជួយ​ជំរុញ​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​ផង​ដែរ​ ដោយ​ការ​ជួយ​សម្រួល​ដល់​ដំណើរការ​ប្រព័ន្ធ​បន្ទោរ​បង់​បាន​យ៉ាង​ល្អ​។ ហើយ​មានតែ​ប្រភេទ​ខ្លះទៀត​ ត្រូវ​បាន​ជនជាតិ​ចិន​ឱ្យ​តម្លៃ​ថា​ ជា​ឱសថ​បុរាណ​ចិន​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​លាង​គ្រាប់​ឈាម​ ហើយ​ជំនួយ​ដល់​សុខភាព​បាន​យ៉ាង​ល្អ​។

    3. ការ​ងូតទឹក​ក្ដៅ​ ឬត្រាំទឹក​ក្ដៅ
    ​អ្នក​ប្រហែលជា​គិតថា​ ជាតិពុល​មានតែ​ផ្នែក​ខាងក្នុង​ខ្លួន​តែប៉ុណ្ណោះ​ ប៉ុន្តែ​ធាតុ​ពិត​វិញ​ផ្នែក​ខាងក្រៅ​នៃ​រាងកាយ​ក៏​មាន​ជាតិពុល​ដូចគ្នា​ដែរ​។ ហេតុ​ដូចនេះ​ នៅពេល​ដែល​អ្នក​ងូតទឹក​ អ្នក​គួរ​ប្រើ​ស្បៃ​ដុស​ខ្លួន​ជាមួយនឹង​សាប៊ូ​ក្នុង​ការ​សម្អាត​ និង​ម៉ាស្សា​ជា​ចលនា​រាង​រង្វង់​ 2 ឬ3ដង​ក្នុង​មួយ​សប្តាហ៍​ ដើម្បី​ជួយ​ឱ្យ​ចរន្តឈាម​រត់​បាន​ស្រួល​ និង​ជំរុញ​ជាតិពុល​ឱ្យ​ចេញពី​ក្នុង​ខ្លួន​ និង​ជួយ​កម្ចាត់​បាក់តេរី​ដែល​តោង​ជាប់នឹង​ស្បែក​ផង​ដែរ​។

    4. ការ​ទទួលទានទឹក​ក្ដៅ​ជំនួស​ទឹកកក​
    អ្នក​គប្បី​ដឹង​ថា​ ទឹកកក​ដែល​ផលិត​ឡើង​ និង​ដាក់​លក់​នៅ​តាម​ទីផ្សារ​ ក៏​មាន​ប្រើប្រាស់​សារធាតុគីមី​ដែល​ជួយ​ឱ្យ​ត្រជាក់​ ហើយ​កក​បាន​យូរ​។ ក៏​ដូចគ្នា​ដែរ​ ការ​ទទួលទានទឹក​កក​ច្រើន​ វា​បណ្ដាល​ឱ្យ​អ្នកមាន​សាច់​ក្បាលពោះ​ធំ​ដោយ​មិនដឹង​ខ្លួន​។ កត្តា​ដែល​ល្អ​សម្រាប់​សុខភាព​ អ្នក​គួរតែ​ទទួលទានទឹក​ក្តៅ​ 1កែវ​ លាយ​ជាមួយ​នឹង​ទឹកក្រូច​ឆ្មារ​ 1ផ្លែ​ រួច​កូរ​ចូលគ្នា​ឱ្យ​សព្វ​ ទទួលទាន​វា​ជា​រៀងរាល់ថ្ងៃ​ រាល់​ព្រឹក​ រហូតដល់​អ្នក​មាន​សុខភាព​ល្អ​ប្រសើរ​ឡើងវិញ​ មិនសូវ​មាន​អារម្មណ៍​នឿយហត់​ខ្លាំង​ ឬកើត​អាការ​ខ្យល់​ក្នុង​ខ្លួន​។

    5. អំបិល​លាង​ជាតិពុល​ក្នុង​រាងកាយ​
    អ្នក​អាចយ​កអំបិល​ 2កែវ​កាហ្វេ​ លាយ​ទៅ​ក្នុង​ធុង​ ឬអាងទឹក​ រួច​ចាក់ទឹក​ក្តៅ​ឧណ្ហ​ៗចូល​ បន្ទាប់មក​ត្រាំ​ខ្លួន​របស់​អ្នក​នៅក្នុង​អាងទឹក​នោះ​ រយៈពេល15នាទី​ជាការស្រេច​។ អ្នក​គួរតែ​ធ្វើ​បែបនេះ​ឱ្យ​បាន3ដង​ ក្នុង1សប្តាហ៍​។ តែ​អ្នក​ក៏​ត្រូវ​ដឹង​ថា​ វិធី​នេះ​មិនបាន​អនុញ្ញាត​ចំពោះ​មនុស្ស​ដែល​មាន​ជំងឺលើសឈាម​ និង​អ្នក​ជំងឺបេះដូង​ឡើយ​៕

  • ភាព​ស្រស់​ស្អាត​ដែល​នា​រីៗ​តែង​មើល​រំលង​

    ភាព​ស្រស់​ស្អាត​ដែល​នា​រីៗ​តែង​មើល​រំលង​

    តើ​អ្នកដឹង​ឬទេ​ថា​ តើ​រឿង​ណា​ទៅ​ដែល​នា​រីៗ​ច្រើនតែ​មើល​រំលង​នៅក្នុង​រឿង​រូប​សម្ផស្ស​ស្រស់​ស្អាត​នោះ​? ថ្ងៃនេះ​ ឡា​រ៉ែ​ន មាន​ចម្លើយ​មក​ជម្រាប​ជូន​ដូចតទៅ​។

    – មិន​ប្រើ​គ្រី​មថែបំប៉ន​ និង​មិន​ប្រើ​គ្រី​មកា​រពារ​កម្តៅថ្ងៃ​
    គ្រី​មថែបំប៉ន​ និង​គ្រី​មកា​រពារ​កម្តៅថ្ងៃ​ គឺជា​ការ​ការពារ​ និង​ការថែទាំ​ស្បែក​មុខ​ក្នុងរយៈពេល​វែង​ដ៏​ល្អ​បំផុត​ ទោះ​ជា​គ្រី​មដែល​ជ្រើសរើស​ប្រើ​នោះ​មិនបាន​ផ្សំ​ដោយសារ​ធាតុ​ចម្រាញ់​មានតម្លៃ​ខ្ពស់​ក៏ដោយ​ តែ​ការ​បន្ថែម​ជាតិទឹក​ដល់​ស្បែក​ និង​តាម​ដោយ​ការ​ការពារ​កម្តៅថ្ងៃ​ជា​រៀងរាល់​លើកពេល​ចេញពីផ្ទះ​ នឹង​ជួយ​ពន្យឺត​អាយុ​ស្បែក​បាន​យូរ​ និង​ថែមទាំង​ការពារ​មិន​ឱ្យ​មាន​សម្លាក​ស្នាម​ ជាំ​ និង​អាចម៍រុយ​បាន​យ៉ាង​ល្អ​។

    – ប្រើ​ផលិតផល​ល្បី​តាម​គ្នា​
    ផលិតផល​លើក​សម្រស់​ដែល​ទិញ​តាម​ពាក្យ​គេ​ប្រាប់​ អាច​មិន​ស័ក្តិសម​ល្អ​សម្រាប់​អ្នក​ ដូចជា​ មេក​អាប់​ដែល​ពណ៌​មិនស៊ីគ្នា​ជាមួយ​ស្បែក​ ឡេ​ឡូស្សិន​ដែល​មិន​ស័ក្តិសម​ជាមួយ​សភាព​ស្បែក​ ឬផលិតផល​ដែល​មានតម្លៃ​ថ្លៃ​លើស​ការពិត​ជាដើម​។

    – មិន​ពិនិត្យមើល​អាយុ​របស់​ផលិតផល​
    គួរ​ប្រើ​ផលិតផល​លើក​សម្រស់​តាម​អាយុ​របស់​ផលិតផល​នោះ​ អាច​សង្កេតមើល​បាន​នៅ​លើ​ស្លាក​ដែល​បិទ​នៅ​លើ​ដប​ ដែល​មាន​បញ្ជាក់​ប្រាប់​ថា​ ប្រើ​បាន​យ៉ាង​ពេញ​ប្រសិទ្ធភាព​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ ដែល​ផលិតផល​រូបមន្ត​ធម្មជាតិ​ច្រើន​មាន​អាយុ​ខ្លី​ជាង​ប្រមាណ​ជា2​-3ឆ្នាំ​តាម​លក្ខខណ្ឌ​របស់​ធម្មជាតិ​។

    – ចូលចិត្ត​ តែ​មិនព្រម​ប្រើ​
    ភ្លេចខ្លួន​ទិញ​ផលិតផល​លើក​សម្រស់​មក​សន្សំទុក​រហូត​ប្រើ​ស្ទើរតែ​មិនទាន់​ ទីបំផុត​ក៏​ត្រូវ​បោះចោល​ព្រោះ​ផុតកំណត់​។ លើកក្រោយ​ ចូរ​សាកល្បង​កត់ត្រា​របស់​ដែល​ត្រូវការ​ពិតប្រាកដ​រៀងរាល់​ពេល​ ដើម្បី​កុំឱ្យ​ភ្លេចខ្លួន​ទិញទុក​ចោល​ទៀត​ នាំ​តែ​អស់​លុយ​ឥតប្រយោជន៍​។

    ដឹង​បែបនេះ​ហើយ​ នា​រីៗ​ដែល​មាន​ទង្វើ​ដូច​ចំណុច​ខាងលើ​នេះ​ គួរតែ​បែរមក​យកចិត្ត​ទុកដាក់​រឿង​រូប​សម្ផស្ស​វិញ​ល្អ​ជាង​៕

  • 4ទង្វើ បំផ្លាញ “ខួរក្បាល” ដោយ​មិនដឹង​ខ្លួន

    4ទង្វើ បំផ្លាញ “ខួរក្បាល” ដោយ​មិនដឹង​ខ្លួន

    ខួរក្បាល​ ជា​អវយវៈ​មួយ​ផ្នែក​ដែល​សំខាន់​ចំពោះ​រាងកាយ​ខ្លាំង​ណាស់​ ព្រោះ​ក្រៅពី​ពេញ​ទៅ​ដោយ​ខ្សែ​សរសៃប្រសាទ​ដែល​មាន​ភាព​ស្មុគស្មាញ​រាប់​លាន​សរសៃ​ហើយ​នោះ​ បើ​ខួរក្បាល​ធ្វើការ​ខុសប្រក្រតី​ ​នឹង​ហុច​ផល​ប៉ះពាល់​ទៅដល់​អវយវៈ​ផ្នែក​ផ្សេង​ៗក្នុង​រាងកាយ​ និង​មិន​អាច​រក​ខួរក្បាល​ថ្មី​មក​ផ្លាស់ប្ដូរ​ ​ឬដូច្នេះ​បាន​ឡើយ​។ខួរក្បាល​ អាច​រាប់​បាន​ថា​ជា​អវយវៈ​ដ៏​សំខាន់​របស់​រាងកាយ​ ដោយមាន​តួនាទី​ជា​មជ្ឈមណ្ឌល​កណ្ដាល​គ្រប់គ្រង​កម្ម​វិ​ធី​ផ្សេង​ៗដែល​កើតឡើង​ក្នុង​រាងកាយ​មនុស្ស​ មិនថា​តែ​ការ​លោត​របស់​បេះដូង​ ​ការ​ធ្វើ​ចល​នា​ផ្សេង​ៗ ឬការដកដង្ហើម​ជាដើម​ ដោយ​ខួរក្បាល​នឹង​គ្រប់គ្រង​ និង​បញ្ជា​រាងកាយ​ឱ្យធ្វើ​ការ​តាម​ការ​គិត​ ដើម្បី​ឱ្យ​មនុស្ស​អាច​បំពេញការងារ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​បាន​យ៉ាង​ប្រក្រតី​។ ខួរក្បាល​ធ្វើការងារ​គ្រប់ពេលវេលា​ ដូច្នេះហើយ​ទើប​ការ​យកចិត្ត​ទុកដាក់​លើ​ទង្វើ​ដែល​គួរ​ប្រតិបត្តិ​ ដើម្បី​ឱ្យ​ខួរក្បាល​ធ្វើការ​បាន​ល្អ​ គឺជា​រឿង​ដែល​មនុស្ស​គ្រប់គ្នា​គួរ​ផ្ដល់​ភាព​សំខាន់​ ដើម្បី​សុខភាព​ដ៏​ល្អ​របស់​ខួរក្បាល​ និង​ចៀសវាង​ពី​ទង្វើ​អា​ក្រ​ក់ៗ​ដែល​អាច​បំផ្លាញ​ខួរក្បាល​បាន​។

    ​4ទង្វើ​បំផ្លាញ​ខួរក្បាល​
    1. ភាព​ធុញថប់​តានតឹង​ : ជា​ផល​អាក្រក់​ដល់​ស្ថានភាព​ផ្លូវចិត្ត​ និង​ហុច​ផល​ប៉ះពាល់​ដល់​ខួរក្បាល​ ធ្វើ​ឱ្យ​ខូច​សមាធិ​ ឬអ្នកខ្លះ​អាច​ឈាន​ទៅ​រក​សភាវ​សោកសៅ​ និង​មាន​បញ្ហា​ផ្លូវចិត្ត​បាន​ទៀតផង​។
    2. បរិស្ថាន​ដែល​មាន​ខ្យល់អាកាស​មិនល្អ​ :ការ​ស្ថិតនៅ​ក្នុង​ខ្យល់អាកាស​ដែល​ល្អ​ នឹង​ធ្វើ​ឱ្យ​ខួរក្បាល​បាន​ទទួល​អុក​ស៊ី​ហ៊ែ្សន​គ្រប់គ្រាន់​ ដូច្នេះ​គួរ​ចៀសវាង​ការ​ស្នាក់អាស្រ័យ​នៅក្នុង​ទីកន្លែង​ដែល​ខ្យល់អាកាស​មិន​បរិសុទ្ធ​ ឬពេញ​ទៅ​ដោយ​ពិសពុល​ខាង​អាកាស​គ្រប់ពេលវេលា​។
    3. ជក់បារី​ : អ្នក​ដែល​ជក់បារី​ជាប់​ជាប្រចាំ​ ក្រៅ​ពី​ធ្វើ​ឱ្យ​កើតរោគ​មហារីក​សួត​ហើយ​ នៅ​ធ្វើ​ឱ្យ​រាងកាយ​ និង​ខួរក្បាល​បាន​ទទួល​អុក​ស៊ី​ហ៊ែ្សន​កាន់តែ​តិច​ និង​ជា​មូលហេតុ​របស់​ជំងឺ​សរសៃឈាម​ខួរក្បាល​។
    4. ជំងឺ​ប្រចាំ​កាយ​ប្រភេទ​ខ្លះ​ : ដូចជា​ទឹកនោមផ្អែម​ លើសឈាម​ ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​ ជា​បច្ច័យ​ប្រថុយប្រថាន​របស់​ជំងឺ​ខួរក្បាល​ជាច្រើន​ដូច្នេះ​ បើ​រក​ឃើញថា​ខ្លួនឯង​មាន​ជំងឺ​ប្រចាំ​កាយ​ គួរ​ព្យាបាល​តាំងពី​ដំ​បូងៗ​ ដើម្បី​ការពារ​មិន​ឱ្យ​កើត​ផល​អាក្រក់​ ព្រោះ​ការ​ព្យាបាល​នៅពេល​កើតការ​បំផ្លាញ​ខួរក្បាល​ហើយ​ នឹង​មិន​អាច​ធ្វើ​ឱ្យ​ខួរក្បាល​ត្រឡប់​មក​ធ្វើការ​បាន​ពេញលេញ​ដូច​ប្រក្រតី​បាន​ឡើយ​ ហើយ​ផ្លូវចិត្ត​ក៏​នឹង​ធ្វើការ​ខុសប្រក្រតី​ដែរ​។

    5វិធី​បំប៉ន​ខួរក្បាល​
    វេជ្ជបណ្ឌិត​ជំនាញ​ខាង​ប្រព័ន្ធ​ប្រសាទ​វិទ្យា​បាន​និយាយ​ថា​ ខួរក្បាល​មាន​ភាព​ពាក់ព័ន្ធ​ជាមួយ​អារម្មណ៍​ និង​ការ​រៀន​យល់ដឹង​ ដូច្នេះហើយ​ទើប​ទាំងអស់​នេះ​ មនុស្ស​គួរ​បែរមក​យកចិត្ត​ទុកដាក់​លើ​ទង្វើ​អភិវឌ្ឍ​ខួរក្បាល​ ដែល​មាន​ទង្វើ​ល្អ​ៗ 5យ៉ាងដូច​ខាងក្រោម​៖
    1. បរិភោគ​ល្អ គឺ​ទទួលទាន​អាហារ​ដែល​មាន​ប្រយោជន៍​គ្រប់​ទាំង​ 5ប្រភេទ​ក្រុម​កាត់បន្ថយ​ចំណីអាហារ​ប្រភេទ​ខ្លះ​ ជាពិសេស​អាហារ​ដែល​មាន​ស្ករ​ច្រើន​ដែល​អាច​នឹង​ប្រថុយប្រថាន​ក្នុង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​ និង​ជំងឺ​សរសៃឈាម​ខួរក្បាល​។
    2. ហាត់ប្រាណ​ល្អ​ ការហាត់ប្រាណ​នឹង​ធ្វើ​ឱ្យ​រាងកាយ​ជា​រួម​ និង​សរសៃឈាម​រឹងមាំ​ គ្មាន​សភាវ​លើស​ទម្ងន់​។

    3. គេង​សម្រាក​ល្អ​ ការ​គេង​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​នឹង​ជួយ​ឱ្យ​រាងកាយ​មាន​ពេលសម្រាក​ដើម្បី​ជួសជុល​ខ្លួនឯង​ ដូច្នេះ​គួរ​មាន​ពេលវេលា​សម្រាក​ គេងលក់​ឱ្យ​បាន​យ៉ាងតិច​ 6-8ម៉ោង​ក្នុង​មួយថ្ងៃ​។
    4. គិត​ល្អ​ ការ​ហ្វឹកហាត់​គិត​ ហ្វឹកហាត់​ចាប់ផ្ដើម​ធ្វើ​ នឹង​ជួយ​ឱ្យ​ខួរក្បាល​កើតការ​រៀន​យល់ដឹង​និង​អភិវឌ្ឍ​កម្មវិធី​ការ​គិត​ឱ្យ​កាន់តែ​លឿន​ឡើង​។
    5. សន្ទនា​ល្អ​ ការ​ហ្វឹកហាត់​សន្ទនា​ ជជែក​និយាយ​ជាមួយ​អ្នកដទៃ​ជាប្រចាំ​ និង​ជាប់លាប់​ នឹង​ជួយ​ឱ្យ​ខួរក្បាល​មានការ​ហ្វឹកហាត់​ក្នុង​ការ​ចេះកែ​បញ្ហា​ល្អ​។ ចំណែក​ឯអ្នក​ដែល​សម្ងំ​នៅតែ​ឯង​ មិន​ចូលចិត្ត​ជួប​មនុស្សម្នា​ គេ​រក​ឃើញថា​ ខួរក្បាល​មានកម្ម​វិធីការ​ធ្វើការ​លើ​ការ​កែ​បញ្ហា​ផ្សេង​ៗយឺតយ៉ាវ​៕

  • ថៃ​ផ្តល់​សេវា​អប់រំ​ដល់​កូន​ពលករ​ខ្មែរ​ ឱ្យ​សិក្សា​រហូតដល់​អាយុ15ឆ្នាំ​ដោយ​ឥតគិតថ្លៃ​…

    ថៃ​ផ្តល់​សេវា​អប់រំ​ដល់​កូន​ពលករ​ខ្មែរ​ ឱ្យ​សិក្សា​រហូតដល់​អាយុ15ឆ្នាំ​ដោយ​ឥតគិតថ្លៃ​…

    ស្រប​ពេល​សង្គម​កំពុង​ត្រូវការ​ការ​អភិវឌ្ឍ​ និង​ប្រកួតប្រជែង​ផ្នែក​ទីផ្សារ​ការងារ​ ការអប់រំ​ជាផ្នែក​មួយ​ដ៏​សំខាន់​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​កម្ពុជា​ តែ​កន្លងមក​កុមារ​កម្ពុជា​ជាច្រើន​ដែល​ជា​កូន​របស់​ពលករ​ទៅ​ធ្វើការងារ​នៅ​បរទេស​ បាន​ប្រឈម​នឹង​បញ្ហា​ការសិក្សា​រៀនសូត្រ​ ប្រសិនបើ​ពួកគេ​ទៅតាម​ម្តាយ​ឪពុក​ដែល​ធ្វើ​ចំណាកស្រុក​។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ​ ភាគី​កម្ពុជា​ និង​ថៃ​ បាន​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​កុមារ​កម្ពុជា​ ដែល​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ដែល​ជា​ពលករ​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ថៃ​ទទួល​បាន​សេវា​អប់រំ​សម្រាប់​អភិវឌ្ឍ​សមត្ថភាព​ដើម្បី​កសាង​អនាគត​ឱ្យ​បាន​ល្អ​ប្រសើរ​។

    លោកជំទាវ​ ជូ​ ប៊ុ​នអេង​ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ បាន​លើកឡើង​ថា​ រដ្ឋាភិបាល​ថៃ​ នឹង​ផ្តល់​ការសិក្សា​ដល់​កុមារ​កម្ពុជា​រយៈពេល​ 15ឆ្នាំ​ពេញ​ ដើម្បី​សិក្សា​នៅ​ប្រទេស​ថៃ​ដោយ​ឥតគិតថ្លៃ​។ ជា​លក្ខខណ្ឌ​ កុមារ​ដែល​អាច​ទទួល​បាន​សេវា​អប់រំ​នេះ​ ចាំបាច់​ត្រូវតែ​ជា​កុមារ​ដែល​មាន​អាណាព្យាបាល​ជាទេ​សន្ត​រប្រ​វេស​ន៍​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ​ ចំពោះ​អ្នក​ចំណាកស្រុក​ខុសច្បាប់​មិន​អាច​ទទួល​បានការ​ឧបត្ថម្ភ​នេះ​ទេ​។

    លោកជំទាវ ជូ ប៊ុន​អេង អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស

    លោកជំទាវ​ ជូ​ ប៊ុ​នអេង​ មានប្រសាសន៍​ថា​៖ “បច្ចុប្បន្ន​នេះ​ពលករ​ខ្មែរ​ប្រមាណ​ 1លាន​នាក់​កំពុង​ស្នាក់នៅ​ជាទេ​សន្ត​រប្រ​វេស​ន៍​នៅ​ប្រទេស​ថៃ​ ដោយ​ក្នុង​នោះ​កុមារ​ដែល​កើត​ និង​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​មាន​ចំនួន​ប្រមាណ​ចន្លោះ​ពី​ 6% ទៅ10​% នៅ​ប្រទេស​ថ”។

    លោកជំទាវ​បាន​បន្ថែម​ទៀត​ថា​ កុមារ​ដែល​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ចំណាកស្រុក​ទៅ​ប្រទេស​ថៃ​ទាំងអស់​នោះ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ស្ថានភាព​រស់នៅ​បច្ចុប្បន្ន​ និង​អនាគត​របស់​គេ​។ កុមារ​ទាំងអស់​នោះ​ភាគច្រើន​មិន​ចេះអក្សរ​ ហើយ​ថែមទាំង​មិន​ចេះនិយាយ​ភាសា​កំណើត​ទៀតផង​ ដែល​បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​ពួកគេ​មាន​បញ្ហា​ប្រឈម​មួយ​បន្ថែម​ទៀត​ គឺ​មិន​មាន​សញ្ជាតិ​ច្បាស់លាស់​។ លោកជំទាវ​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ ស្ថានភាព​ពលករ​កម្ពុជា​ឆ្លងដែន​ចូលក្នុង​ប្រទេស​ថៃ​ បច្ចុប្បន្ន​មាន​ទាំង​ស្របច្បាប់​ និង​មិន​ស្របច្បាប់​ ហើយ​ចំពោះ​ការ​ឆ្លងដែន​មិន​ស្របច្បាប់​ គឺ​កាន់តែ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ ព្រោះ​ពួកគេ​មាន​ជីវភាព​ខ្វះខាត​ ហើយ​ធ្វើការងារ​ឆ្លង​ដែន​ផ្សងព្រេង​ទាំង​ប្រថុយ​គ្រោះថ្នាក់​ដើម្បី​ចូល​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​។ ប្រជាជន​ចំណាកស្រុក​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​គិត​ត្រឹម​ឆ្នាំ​ 2014កន្លងទៅ​ មាន​ចំនួន​1,830,000នាក់​ ហើយ​ចាប់ពី​ឆ្នាំ​ 2017​ រហូតមកដល់​បច្ចុប្បន្ន​នេះ​ មាន​កំណើន​ប្រមាណ​ជាង​ 1លាន​នាក់​ ដោយ​ក្នុង​នោះ​អ្នក​ចូល​ទៅ​ធ្វើការងារ​មិន​ស្របច្បាប់​ក៏​មាន​ចំនួន​ច្រើន​ដែរ​។

    ស្ថាបនិក​ និង​នាយក​មូលនិធិ​បណ្តាញ​ជំរុញ​សិទ្ធិ​ការងារ​របស់​ប្រទេស​ថៃ​ លោក​ Sopong​ Sravaen​បាន​លើកឡើង​ថា​ ការ​ផ្តល់​ឱកាស​ដល់​កុមារ​កម្ពុជា​ឱ្យ​ទទួល​បានការ​សិក្សា​នេះ​ ត្រូវ​បាន​ធ្វើឡើង​ក្រោយពេល​រដ្ឋាភិបាល​ថៃ​មើលឃើញ​ថា​ កុមារ​កម្ពុជា​ជាច្រើន​មិន​ទាន់​ទទួល​បានការ​សិក្សា​ ហើយ​មិន​ចេះ​ទាំង​ភាសា​កំណើត​របស់​ខ្លួន​ទៅទៀត​ ដែល​កត្តា​ទាំងនេះ​អាច​នឹង​ធ្វើ​ឱ្យ​ពួកគេ​ធំឡើង​ក្នុង​ស្ថានភាព​គ្មាន​ជំនាញ​។ ក្រៅ​ពីនេះ​ពួកគេ​ក៏អាច​ប្រឈម​ច្រើន​ផង​ដែរ​ពី​ការ​ចាញ់​បោក​ក្រុម​ជួញដូរ​មនុស្ស​ទៀតផង​។

    គួរ​បញ្ជាក់​ផង​ដែរ​ថា​ បច្ចុប្បន្ន​នេះ​ភាគី​កម្ពុជា​ និង​ភាគី​ថៃ​ កំពុង​ព្យាយាម​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ល្អ​លើ​ការទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ និង​ការ​គាំពារ​សិទ្ធិ​អ្នក​ចំណាកស្រុក​ដោយធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​ពួកគេ​ធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់​ និង​ផ្តល់​ការអប់រំ​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​វិជ្ជាជីវៈ​សម្រាប់​យក​ធ្វើជា​អាជីព​ដើម្បី​ចិញ្ចឹមជីវិត​នៅ​ថ្ងៃ​ខាងមុខ​។\

    កិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ កម្ពុជា ថៃ ដើម្បីពង្រឹងកិច្ចសហការក្នុងការដោះស្រាយបញ្ហាទេសន្តរប្រវេសន៍

    សម្រាប់​កម្មវិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​ស្តី​ពី​គម្រោង​ផ្តល់​ការអប់រំ​រយៈពេល​ 15ឆ្នាំ​ដោយ​ឥត​គិត​ថ្លៃ​នេះ​ ភាគី​ទាំង2​ បាន​រៀបចំ​គម្រោង​រួចរាល់​ហើយ​ តែ​មិនទាន់​បាន​កំណត់​ថ្ងៃ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាក់លាក់​នៅឡើយ​ទេ​៕

  • ជំងឺផ្លូវចិត្ត​ ឬជំងឺ​សោកសៅ​ ​(Depression​ Disorder​)

    ជំងឺផ្លូវចិត្ត​ ឬជំងឺ​សោកសៅ​ ​(Depression​ Disorder​)

    នរណា​ដែល​មិនធ្លាប់​សោកសៅ​ខ្លះ​? ប្រហែលជា​គ្មាន​ទេ​ ព្រោះ​អារម្មណ៍​សោកសៅ​ជា​អារម្មណ៍​ដែល​មាននៅ​ក្នុង​ខ្លួនមនុស្ស​គ្រប់រូប​ និង​ក្នុង​មួយ​ថ្ងៃ​ៗកម្រិត​របស់​អារម្មណ៍​ក៏​មាន​ឡើង​ មាន​ចុះ​ និង​មាន​ច្រើនបែប​ ផ្លាស់ប្ដូរ​គ្រប់ពេលវេលា​តាម​រឿងរ៉ាវ​ដែល​ចូល​មក​ប៉ះពាល់​អារម្មណ៍​ និង​ការ​ដឹងឮ​របស់​មនុស្ស​ម្នា​ក់ៗ​។

    សោកសៅ​គឺជា​អ្វី​?
    “សោកសៅ​” ខាង​វេជ្ជសាស្ត្រ​ហៅថា​ Clinical​Depression​ មានន័យ​ពី​សភាវ​សោកសៅ​ដែល​មាន​ខ្លាំង​ជាង​អារម្មណ៍​កម្សត់​ ជាស​ភាវ​ម្យ៉ាង​ដែល​ប្រទះឃើញ​នៅក្នុង​ជំងឺផ្លូវចិត្ត​ជាច្រើន​ ជាពិសេស​ជំងឺ​ខាង​អារម្មណ៍​ ជំងឺ​សោកសៅ​ ជំងឺ​ Bipolar​ Disorder​ និង​សារធាតុ​ថ្នាំ​មួយចំនួន​ក៏អាច​ធ្វើ​ឱ្យ​កើត​អាការ​សោកសៅ​យ៉ាងធ្ងន់ធ្ងរ​បាន​ដែរ​។

    មូលហេតុ​នៃ​ជំងឺ​សោកសៅ​
    ជំងឺ​សោកសៅ​ អាច​រាប់​បាន​ថា​ជា​ជំងឺ​ខាង​ផ្នែក​ផ្លូវចិត្ត​ដែល​ប្រទះឃើញ​ច្រើន​ក្នុង​លំដាប់​មុ​ខៗ​គេ​របស់​ពិភពលោក​ បណ្ដាលមកពី​មូល​-ហេ​តុ​ចម្បង​ៗ 2យ៉ាងគឺ​ បច្ច័យ​ខាង​សរីរៈ​ ឬពូជ​អម្បូរ​ និង​បច្ច័យ​ផ្នែក​ផ្លូវចិត្ត​ ឬបរិស្ថាន​ជុំវិញ​។
    បច្ច័យ​ខាង​សរីរៈ​ ឬពូជ​អម្បូរ​ ដោយសារតែ​មានការ​ប្រែប្រួល​របស់​សារធាតុ​ទំនាក់ទំនង​ប្រព័ន្ធ​ប្រសាទ​ក្នុង​ខួរក្បាល​ ឬភាព​ច្របូកច្របល់​របស់​កម្រិត​អ័រម៉ូន​ដែល​សំខាន់​។
    ចំណែក​បច្ច័យ​ផ្នែក​ផ្លូវចិត្ត​ ឬបរិស្ថាន​ជុំវិញ​ដែល​ហៅថា​បច្ច័យ​ខាង​អារម្មណ៍​ ជា​លទ្ធផល​បណ្ដាលមកពី​ស្ថានការណ៍​ភាព​តានតឹង​ខាង​អារម្មណ៍​ ដូចជា​ បើជា​សភាវ​សោកសៅ​ក្នុង​វ័យ​កុមារ​ អាច​មាន​មូលហេតុ​ពី​ភាព​តានតឹង​ក្នុង​គ្រួសារ​ ហេតុការណ៍​រំជួលចិត្ត​យ៉ាងធ្ងន់ធ្ងរ​ សភាវ​សោកសៅ​ក្នុង​ជំងឺសរសៃប្រសាទ​ ដែល​អាច​រក​ឃើញ​តម្រុយ​ថា​ ត្រូវ​បាន​កៀបសង្កត់​យ៉ាង​ខ្លាំងក្លា​កាល​នៅក្មេង​ ហើយ​ផ្ទុះ​ចេញ​មក​ក្នុង​អំឡុង​ជីវិត​នៅពេល​ក្រោយ​។ សភាវ​សោក​-សៅ​ព្រោះតែ​ភាព​ចាស់ជរា​ មានជីវិត​ឯកោ​ និង​សភាវ​រំជួលចិត្ត​ក្រោយ​ចូលនិវត្តន៍​(បាត់បង់​គុណ​តម្លៃ​លើ​ខ្លួនឯង​ អត់​ការងារ​ធ្វើ​ មាន​អា​-រម្ម​ណ៍​ថា​ គ្មាន​សមត្ថភាព​)ជាដើម​។

    សង្កេត​អាការ​
    នៅពេល​មនុស្ស​ក្នុង​ក្រុម​គ្រួសារ​ ឬអ្នក​ជិត​ដិត​ណា​ម្នាក់​ហាក់ដូចជា​សោកសៅ​ គោល​-ការណ៍​សង្កេត​ងាយ​ៗ គឺ​សង្កេតមើល​ទង្វើ​ដូច​តទៅ​នេះ​៖
    1. ទង្វើ​ដែល​កើត​ពី​ការផ្លាស់ប្ដូរ​ខាង​ការ​គិត​ គឺ​ច្រើនតែ​មានការ​គិតទៅ​ខាង​ Negative​ Thinking​ ឬការ​គិត​ដែល​អវិជ្ជមាន​គ្រប់ពេលវេលា​។ ច្រើនតែ​មាន​អារម្មណ៍​អស់សង្ឃឹម​ មើលឃើញ​ជុំវិញ​ខ្លួន​សុទ្ធតែ​រឿង​អាក្រក់​មាន​អារម្មណ៍​ថា​ខុស​ ថា​ខ្លួនឯង​គ្មាន​តម្លៃ​ គ្មានន័យ​ និង​គិតថា​គ្មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា​ ទីបំផុត​ក៏​គិត​ចង់​បំផ្លាញ​ខ្លួនឯង​ នឹកឃើញ​តែ​រឿង​ស្លាប់​ និង​ព្យាយាម​សម្លាប់​ខ្លួន​។
    2. ទង្វើ​ដែល​កើត​ចេញពី​ការប្រែប្រួល​ខាង​ការ​រៀន​យល់ដឹង​ ឬការ​ធ្វើការងារ​ មិន​ខ្វល់​នឹង​អ្វី​ៗជុំវិញ​ខ្លួន​ មាន​អារម្មណ៍​នឿយ​ល្វើយ​ ធ្វើការងារ​យឺតយ៉ាវ​ ការងារ​ចុះ​ខ្សោយ​ គ្មាន​សមាធិ​ ការ​ចងចាំ​ចុះ​ខ្សោយ​ ការ​សម្រេចចិត្ត​ក៏​យ៉ាប់យ៉ឺន​។
    3. ទង្វើ​ដែល​កើត​ចេញពី​ការផ្លាស់ប្ដូរ​ខាង​អារម្មណ៍​ គឺ​ច្រើនតែ​មាន​អារម្មណ៍​សោក​សៅ​ កង្វល់​គ្រប់ពេលវេលា​ ច្រើនតែ​មួម៉ៅ​ឆេវឆាវ​ ឆាប់​ខឹង​ នៅ​មិនសុខ​ រសាប់រសល់​ ជាដើម​។
    4. ទង្វើ​ដែល​ប្រែប្រួល​យ៉ាង​មើលឃើញ​ច្បាស់​ ដូចជា​ គេង​មិន​លក់​ ឆាប់​ភ្ញាក់​ ឬអ្នកខ្លះ​គេងលក់​ខ្លាំង​ជ្រុល​ពេក​ អ្នកខ្លះ​ធុញទ្រាន់​ចំណីអាហារ​ ធ្វើ​ឱ្យ​ស្រក​ទម្ងន់​។ មាន​អាការ​ខាង​រាងកាយ​ ព្យាបាល​ដោយ​ថ្នាំ​ធម្មតា​មិន​បាត់​ ដូចជា​ អាការ​ឈឺក្បាល​ ណែន​ក្នុង​ពោះ​ ឈឺរ៉ាំរ៉ៃ​ សម្ព័ន្ធភាព​ជាមួយ​អ្នកដទៃ​កាន់តែ​មិនល្អ​។

    ការ​មើលថែ​ទាំ​ខ្លួនឯង​ពេល​កើតជំងឺ​សោកសៅ​
    1. កុំ​តាំង​គោលដៅ​ក្នុង​ការ​ធ្វើការងារ​ កុំ​ប្រតិ​បត្តិ​ខ្លួន​ដែល​ធ្វើ​ឱ្យ​លំបាក​ខ្លាំង​ជ្រុល​ ឬទទួលខុសត្រូវ​ច្រើនជ្រុល​។
    2. ញែក​បំបែក​បញ្ហា​ធំៗ​ឱ្យទៅ​ជា​ផ្នែក​តូច​ៗ ព្រមទាំង​ចាត់​រៀង​តាមលំដាប់​ភាព​សំខាន់​មុនក្រោយ​ និង​ចាប់ផ្ដើម​ធ្វើតាម​ដែល​អាច​ធ្វើ​ទៅ​បាន​។
    3. ព្យាយាម​ធ្វើ​កិច្ចការ​ងារ​ផ្សេង​ៗរួម​ជាមួយ​បុគ្គល​ដទៃ​ ប្រសើរ​ជាង​នៅតែ​ម្នាក់ឯង​។
    4. ជ្រើសរើស​ធ្វើ​កិច្ចការ​ងារ​ណា​ដែល​សាង​នូវ​អា​រម្ម​ណ៍​ល្អ​ៗ ឬជក់​ចិត្ត​ និង​មិន​ធ្ងន់ធ្ងរ​ខ្លាំងពេក​ ដូចជា​ មើលកុន​ ហាត់​ប្រា​ណស្រាល​ៗ និង​ការចូលរួម​ធ្វើ​កិច្ចការ​ងារ​ក្នុង​សង្គម​ ជាដើម​។
    5. កុំ​សម្រេចចិត្ត​ក្នុង​រឿង​ដែល​សំខាន់​ចំពោះ​ជីវិត​ច្រើនពេក​ ដូចជា​ ការ​សុំ​ឈប់​ពី​ការងារ​ ​ការ​រៀបការ​ ឬការលែងលះ​ ដោយ​មិនបាន​ប្រឹក្សា​ជាមួយ​មនុស្ស​ជិតដិត​ដែល​ស្គាល់គ្នា​ច្បាស់​ និង​ត្រូវតែ​បុគ្គល​ដែល​អាច​ពិចារណា​ហេតុការណ៍​នោះ​យ៉ាង​ទៀងត្រង់​ មាន​ភាពជា​កណ្ដាល​ និង​ប្រាសចាក​ការ​អគតិ​ដែល​កើត​ពី​អារម្មណ៍​មក​បិទបាំង​។ បើ​អាច​ទៅរួច​ និង​ល្អ​បំផុត​នោះ​គឺ​លើកពេល​សម្រេចចិត្ត​ទៅ​ថ្ងៃក្រោយ​ រហូត​ទាល់​តែ​សភាវ​សោកសៅ​រលាយ​បាត់​ ឬល្អ​ប្រសើរ​ឡើង​ច្រើន​ហើយ​។
    6. មិន​គួរ​ទិតៀន​ ឬដាក់ទោស​ខ្លួនឯង​ដែល​មិន​អាច​ធ្វើ​បាន​ដូចដែល​ត្រូវការ​ ព្រោះ​មិនមែន​ជា​កំហុស​របស់​ខ្លួនឯង​ទេ​ និង​គួរ​ធ្វើតាម​ដែល​ខ្លួនឯង​អាច​ធ្វើ​បាន​។

    ការ​មើលថែ​ទាំ​អ្នក​កើតជំងឺ​សោកសៅ​
    1. យល់ចិត្ត​ : ការយល់​ដឹងពី​ជំងឺ​ដែល​អ្នក​ជំងឺ​កំពុង​ជួបប្រទះ​ អាច​ជួយ​ឱ្យ​សាច់​ញាតិ​កាត់បន្ថយ​សេចក្ដី​រំពឹង​ ភាព​មួម៉ៅ​ក្ដៅក្រហាយ​ និង​ភាព​ទើសទាល់​ក្នុងចិត្ត​ចំពោះ​អ្នកជំងឺ​បាន​។
    2. ទទួល​ស្ដាប់​ : ការ​ស្ដាប់​អ្នកជំងឺ​ដោយ​ការយល់​ចិត្ត​ យកចិត្ត​ទុកដាក់​ និង​មិន​ប្រកាន់​ នឹង​ជួយ​ឱ្យ​អារម្មណ៍​របស់​អ្នក​ជំងឺ​ល្អ​ប្រសើរ​ឡើង​។
    3. ទម្លាយ​អារម្មណ៍​ : នៅពេល​អ្នកជំងឺ​បាន​ទម្លាយ​គំនិត​ និង​អារម្មណ៍​ដែល​មិន​ល្អ​ផ្សេង​ៗចេញ​មក​ ជាពិសេស​គំនិត​ចង់​ធ្វើ​អត្តឃាត​នោះ​ នឹង​ជួយ​បន្ធូរបន្ថយ​ភាព​ធុញថប់​តានតឹង​នៅក្នុង​ចិត្តបាន​។
    4. ហាត់ប្រាណ​ : ការហាត់ប្រាណ​ ជួយ​ឱ្យ​រាងកាយ​របស់​អ្នកជំងឺ​រឹងមាំ​ ចិត្តគំនិត​ស្រស់ថ្លា​។ បើសិន​បាន​ហាត់ប្រាណ​រួម​ជាមួយ​អ្នកដទៃ​ផង​នោះ​ នឹង​រឹតតែ​ជួយ​បង្កើន​ការ​ចូលក្នុង​សង្គមមនុស្ស​ និង​មិន​មាន​អារម្មណ៍​ថា​ឯកោ​។
    5. ផ្លាស់ប្ដូរ​បរិយាកាស​ : គួរ​នាំ​អ្នកជំងឺ​ទៅ​ដើរកម្សាន្ត​ដើម្បី​ផ្លាស់ប្ដូរ​បរិយាកាស​ ​នឹង​ជួយ​ឱ្យ​ចិត្តគំនិត​របស់​អ្នកជំងឺ​ស្រស់​ថ្លា​ឡើង​មួយ​កម្រិត​ដែរ​។
    6. ការពារ​ការធ្វើបាប​ខ្លួនឯង​ : សាច់ញាតិ​ត្រូវ​ប្រយ័ត្ន​អ្នកជំងឺ​ធ្វើបាប​ខ្លួនឯង​ ដោយ​ត្រូវ​ប្រមូល​ទុកដាក់​ឧបករណ៍​ដែល​អ្នក​ជំងឺ​អាចយ​កម​កធ្វើបាប​ខ្លួនឯង​ឱ្យ​នៅ​ឆ្ងាយ​ពី​អ្នកជំងឺ​។
    7. សង្កេតមើល​អាការ​ : ឧស្សាហ៍​សង្កេត​មើល​អាការ​អ្នកជំងឺ​ថា​ តើមាន​រឿង​សោកសៅ​ ធុញថប់​ ឬគិត​ប្រុង​ធ្វើបាប​ខ្លួនឯង​ដែរ​ឬទេ​? បើ​និយាយ​ណែនាំ​ហើយ​មិន​ល្អ​ប្រសើរ​ឡើង​នោះ​ គួរ​ប្រញាប់​នាំទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ប្រឹក្សា​ពី​អាការ​។
    8. មើលថែ​ទាំ​កិច្ចការ​ងារ​ប្រចាំថ្ងៃ​ តាមដាន​ការ​ញ៉ាំ​ថ្នាំ​ : សាច់ញាតិ​គួរ​ជួយ​មើលថែ​ទាំ​កិច្ចការ​ងារ​ប្រចាំថ្ងៃ​របស់​អ្នកជំងឺ​ ដូចជា​ ញ៉ាំ​អាហារ​ឱ្យ​បាន​សមរម្យ​ ភ្ញាក់​ និង​គេង​ឱ្យ​បាន​ទៀងពេល​ រួម​ទាំង​តាមដាន​ការ​ញ៉ាំ​ថ្នាំ​ឱ្យ​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​ និង​ស៊ូទ្រាំ​ ព្រោះ​ការ​ព្យាបាល​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ ត្រូវ​ប្រើ​ពេលវេលា​យូរ​៕

  • iOS​ ​13​ ​ចេញ​ជា​ផ្លូវការ​ហើយ​ ​តែ​គួរ​ឱ្យ​ស្តាយ​ ​iPhone​ ​ខ្លះ​អាប់​ឌែ​ត​អត់​បាន​

    iOS​ ​13​ ​ចេញ​ជា​ផ្លូវការ​ហើយ​ ​តែ​គួរ​ឱ្យ​ស្តាយ​ ​iPhone​ ​ខ្លះ​អាប់​ឌែ​ត​អត់​បាន​

    ​ក្នុង​ព្រឹត្តិ​ការណ៍​ ​WWDC​ ​2019​ ​ក្រុមហ៊ុន​ ​Apple​ ​បាន​ប្រកាស​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​iOS​ ​13​ ​ជា​ផ្លូវការ​ហើយ​។​ ​

    ​ក្នុង​នោះ​គេ​សង្កេតឃើញ​មានមុខ​ងា​រថ្មីៗ​ជាច្រើន​ដូចជា​ ​Dark​ ​Mode​(​ជួយ​សន្សំសំចៃ​ថាមពល​ថ្ម​)​ ​ជាដើម​ ​ព្រមទាំង​ផ្លាស់​ប្តូរ​មុខមាត់​កម្មវិធី​ ​iTune​ ​ផង​ដែរ​។​ ​ដើម្បី​ដំណើរការ​ ​Dark​ ​Mode​ ​អ្នកប្រើ​ប្រាស់​អាច​ធ្វើការ​កំណត់​បាន​ក្នុង​កម្មវិធី​ ​Settings​ ​ស្ថិតនៅ​ខាងក្នុង​នៃ​ផ្នែក​ ​Display​ ​&​ ​Brightness​ ​ដែល​មានកំណត់​ជា​ ​Light​ ​(​ភ្លឺ​ធម្មតា​)​ ​ឬ​ ​Dark​ ​(​ងងឹត​)​ ​និង​ម្យ៉ាងទៀត​ក៏អាច​កំណត់​ថេរវេលា​លើ​ការប្រើ​មុខងារ​នេះ​ដោយ​ស្វ័យប្រវត្តិ​ថែមទៀត​ផង​។​ ​
    ​ ​
    ​តែ​អ្វី​ដែលគេ​ចាប់អារម្មណ៍​នោះ​ ​គឺ​នៅត្រង់​ថា​ ​iPhone​ ​ស៊េរី​ចាប់ពី​ ​iPhone​ ​5s​,​ ​iPhone​ ​6​ ​និង​ ​iPhone​ ​6​ ​Plus​ ​មិន​អាច​អាប់​ឌែ​ត​ឡើង​បានទេ​ ​សូម្បីតែ​ ​Facebook​ ​ក៏​លេង​មិនបាន​ដែរ​ ​និយាយរួម​ទៅ​ ​បានតែ​លេង​លើ​ ​Safari​ ​ប៉ុណ្ណោះ​។​ ​ក្រៅពីនោះ​សុទ្ធតែ​អាច​អាប់​ឌែ​ត​ ​iOS​ ​13​ ​បាន​ទាំងអស់​៕​

  • ការពិត​អ្នកកីឡា​កាស​អាមេរិកាំង​ ​សុទ្ធតែ​ជា​ ​FAN​ ​ក្លិប​បាល់ទាត់​នៅ​ ​Premier​ ​League​

    ការពិត​អ្នកកីឡា​កាស​អាមេរិកាំង​ ​សុទ្ធតែ​ជា​ ​FAN​ ​ក្លិប​បាល់ទាត់​នៅ​ ​Premier​ ​League​

    ​ស្ថាប័ន​កីឡាកាស​ពិភពលោក​ ​WWE​ ​ដែល​មាន​មូល​ដ្ខា​ននៅ​សហរដ្ឋអាមេរិក​ ​គី​ជា​កន្លែង​ប្រជុំ​ទៅ​ដោយ​អ្នកកីឡា​កាស​កម្រិត​ពិភព​លោ​ក​ល្បី​ៗ​។​

    ​តែបើ​ក្រឡេក​ទៅ​មើល​ជ្រុង​មួយទៀត​នៃ​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​វិញ​នោះ​ ​Super​ ​Stars​ ​នៅ​ ​WWE​ ​ទាំងអស់​សុទ្ធតែ​ជា​អ្នកគាំទ្រ​ ​និង​តាមដាន​ក្រុមបាល់ទាត់​នៅ​អង់គ្លេស​។​ ​ក្នុង​នោះ​ដែរ​មាន​ដូចជា​៖​

    ​-​John​ ​Cena​ ​ជា​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ ​Tottenham​ ​Hotspur​ ​
    ​-​Rey​ ​Mysterio​ ​ជា​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ ​Manchester​ ​United​ ​
    ​-​Triple​ ​H​ ​ជា​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ ​West​ ​Ham​ ​United​ ​
    ​-​Kurt​ ​Angle​ ​ជា​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ ​West​ ​Ham​ ​
    ​ជាដើម​៕​


  • កីឡា​វាយ​កូន​បាល់​កម្ពុជា​ ​ជឿជាក់​ថា​ ​នឹង​ឡើង​ដល់កម្រិត3​ ​ក្នុង​ព្រឹត្តិ​កា​ណ៍​ ​Davis​-​Cup​ ​ឆ្នាំនេះ​

    កីឡា​វាយ​កូន​បាល់​កម្ពុជា​ ​ជឿជាក់​ថា​ ​នឹង​ឡើង​ដល់កម្រិត3​ ​ក្នុង​ព្រឹត្តិ​កា​ណ៍​ ​Davis​-​Cup​ ​ឆ្នាំនេះ​

    ​ក្នុង​ព្រឹត្តិ​ការណ៍​ ​Davis​-​Cup​ ​ឆ្នាំ2019​ ​នេះ​ ​ក្រុម​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា​មាន​ជំនឿ​ចិត្ត​ថា​ ​កម្ពុជា​ ​នឹង​មិន​បន្ត​នៅក្នុង​ក្រុម​កម្រិត​ទី4​ ​ទៀត​ទេ​ ​គឺ​ត្រូវតែ​ឡើង​ទៅ​ក្រុម​កម្រិត​ទី3​ ​ហើយនឹង​ត្រូវ​បន្ត​ឡើង​ទៅលេង​នៅ​ក្រុម​កម្រិត​ទី2​ ​ឱ្យ​ទាល់តែបាន​។​

    ​លោក​ ​ទេព​ ​រិទ្ធី​វិទ្​ធ​ ​អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា​ ​បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា​ ​ឆ្នាំ2019​ ​នេះ​ព្រឹត្តិ​ការណ៍​ ​Davis​-​Cup​ ​នឹង​លេង​នៅ​ប្រទេស​អូម៉ង់​ ​ហើយ​នៅក្នុង​ក្រុម​កម្រិត​ទី4​ ​នឹង​មាន​ប្រទេស​ចំនួន15​ ​ចូលរួម​។​

    ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​កាលពី​ឆ្នាំមុន​ក្រុម​វាយ​កូន​បាល់​ជម្រើសជាតិ​កម្ពុជា​បាន​លេង​នៅក្នុង​កម្រិត​ទី3​ ​ប៉ុន្តែ​ទទួល​បាន​លទ្ធផល​ត្រឹម​លេខ4​ ​ក្នុង​ពូល​ ​ដូច្នេះ​ត្រូវ​ជម្រុះ​ចេញពី​កម្រិត3​ ​ក្រោយ​ចាញ់​ក្រុម​បាត​តារាង​ក្នុង​ពូល​ផ្សេងទៀត​៕​