Category: សង្គម និងសេដ្ឋកិច្ច

  • U22 ឥណ្ឌូណេស៊ី​ត្រូវ​អ្នកគាំទ្រ​កម្ពុជា «​ស្ទាក់​រថយន្ត» ​ព្រោះតែ​មូលហេតុ​​ដ៏​គួរឱ្យភ្ញាក់ផ្អើល

    U22 ឥណ្ឌូណេស៊ី​ត្រូវ​អ្នកគាំទ្រ​កម្ពុជា «​ស្ទាក់​រថយន្ត» ​ព្រោះតែ​មូលហេតុ​​ដ៏​គួរឱ្យភ្ញាក់ផ្អើល

    ការ​ស្ទាក់​ផ្លូវ​របស់​ក្រុម​អ្នក​គាំទ្រ​កម្ពុជា​នេះ​ គឺជា​ទិដ្ឋភាព​ដែល​ពិបាក​បំភ្លេច​សម្រាប់​ក្រុម​កីឡាករ​បាល់​ទា​ត់បុរ​ស​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​ប្រទេស​ឥណ្ឌូណេស៊ី ក្រោយពី​បាន​ប៉ះ U22 វៀតណាម នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គេម​លើក​នេះ។

    ទំព័រ Okezone ថ្មី​ៗ​នេះ​ ទើបតែ​បាន​ចុះផ្សាយ​អត្ថបទ​មួយ​និយាយ​អំពី​ប្រតិកម្ម​ពិសេស​របស់​ក្រុម​អ្នកគាំទ្រ​កម្ពុជា ចំពោះ​ក្រុម​កីឡាករ​បាល់ទាត់ U22 ឥណ្ឌូណេស៊ី ដែល​ដណ្ដើមបាន​ជ័យជម្នះ​លើ U22 វៀតណាម ក្នុង​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32 កាលពី​ថ្ងៃទី 13 ឧសភា ក្នុង​លទ្ធផល​ 3-2​។

    ទំព័រ Okezone ឱ្យដឹងថា មិនយូរប៉ុន្មាន​បន្ទាប់​ពី​យកឈ្នះ​លើ​វៀតណាម រថយន្តក្រុង​ក៏បាន​ត្រៀម​ដឹក​ក្រុម U22 ឥណ្ឌូណេស៊ី ត្រលប់​ទៅ​សណ្ឋាគារ ប៉ុន្តែ ​ស្រាប់តែ​ត្រូវ​ក្រុម​អ្នកគាំទ្រ​របស់​កម្ពុជា ស្ទាក់ផ្លូវ «ឡោមព័ទ្ធ» ធ្វើឱ្យ​រថយន្ត​មិនអាច​បរ​ទៅមុខ។ ក្រោយពី​រូបថត​ស្ដីពី​ករណីនេះ​ត្រូវបាន​ចែករំលែក​លើ​បណ្ដាញ​សង្គម អ្នកគាំទ្រ​នៅ​ឥណ្ឌូណេស៊ី ក៏​មាន​ការ​ងឿង​ឆ្ងល់​ខ្លាំង​ និង​ចង់​ដឹង​ថា មាន​អ្វី​កើតឡើង​ចំពោះ​ក្រុម​ឥណ្ឌូណេស៊ី។

    U22 ឥណ្ឌូណេស៊ី ឈ្នះ U22 វៀតណាម ក្នុង​​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ កាលពី​ថ្ងៃទី 13 ឧសភា ក្នុង​លទ្ធផល​ 3-2

    តាម​ការពិត មូលហេតុ​ដែលនាំឱ្យ​អ្នកគាំទ្រ​របស់​កម្ពុជា ស្ទាក់​ឡាន​ដឹក​ក្រុម​ឥណ្ឌូណេស៊ី គឺ​ជា​រឿង​សាមញ្ញ​សោះ។ យោងតាម​ទំព័រ Okezone អ្នកគាំទ្រ​របស់​កម្ពុជា​ធ្វើ​ដូច្នេះ​គឺ​គ្រាន់តែ​ដើម្បី​សុំ​ថតរូប​ជាមួយ Marselino Ferdinan និង​មិត្ត​រួម​ក្រុម​របស់គាត់​។

    ក្រុម​អ្នកគាំទ្រ​របស់​កម្ពុជា​ទាំងនេះ គឺមាន​ទាំង​បុរស ទាំង​នារី។ តប់​នឹង​សំណើ​របស់​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ កីឡាករ​ជាច្រើនរូប​របស់​ឥណ្ឌូណេស៊ី ក៏​យល់ព្រម​ថតរូប​ប្រកបដោយ​ភាពស្និទ្ធស្នាល។ បន្ទាប់មក ពួកគេ​ក៏​ឡើង​ឡាន​ និង​ចេញ​ដំណើរ​​ដោយ​មាន​ការ​រាដៃ​លា​ពី​អ្នក​គាំទ្រ​ ហើយ​ទៅ​ដល់​សណ្ឋាគារ​ដោយ​សុវត្ថិភាព។

    ទំព័រ Okezone បានឱ្យដឹងថា ប្រតិកម្ម​ដ៏​ពិសេស​នេះ បានក្លាយ​ជាទី​ចាប់អារម្មណ៍​លើ​បណ្ដាញ​សង្គម​នៅ​ឥណ្ឌូណេស៊ី។ សារព័ត៌មាន​ឥណ្ឌូណេស៊ី យល់ថា នេះ​គឺជា​ទិដ្ឋភាព​ដ៏​គួរឱ្យ​ចងចាំ​សម្រាប់ Ferdinan និង​មិត្ត​រួម​ក្រុម​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ ក្រៅពីនេះ ការគាំទ្រ​របស់​ទស្សនិកជន​កម្ពុជា ក៏​នឹង​ជួយ​ឱ្យ U22 ឥណ្ឌូណេស៊ី មាន​កម្លាំងចិត្ត​កាន់​តែ​ខ្ពស់ នៅ​ក្នុង​ការ​​​ប្រកួត​ជាមួយ U22 ថៃ​ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ឆ្ពោះទៅ​ដណ្ដើម​មេដាយមាស​ក្រោយ​ការរង់ចាំ​អស់ 32 ឆ្នាំ៕

  • យន្តហោះ​ធំជាងគេ​លើ​ពិភពលោក ទម្លាក់​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​បាន​សម្រេច​

    យន្តហោះ​ធំជាងគេ​លើ​ពិភពលោក ទម្លាក់​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​បាន​សម្រេច​

    (សហរដ្ឋ​អាម៉េរិក) – យន្តហោះ​ដែលមាន​ស្លាប​ប្រវែង 117 ម៉ែត្រ​របស់​ក្រុមហ៊ុន Stratolaunch ទម្លាក់​យន្តហោះ​គំរូ​ដើម​ដែលមាន​ល្បឿន​លឿន​ជាង​សំឡេង​ក្រោម​ប្រាំ​ដង បាន​ដោយ​ជោគជ័យ នៅឯ​លំហ​សមុទ្រ California។

    ក្រុមហ៊ុន​អាកាសចរណ៍​អវកាស Stratolaunch នៅ​សហរដ្ឋ​អាម៉េរិក សម្រេចបាន​មួយ​ជំហាន​សំខាន់​ទៀត​ក្នុងការ​ធ្វើឱ្យ​ប្រព័ន្ធ​បង្ហោះ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ក្រោម​ប្រាំ​ដង ក្លាយជា​ឧបករណ៍​ដែល​អាច​ប្រើប្រាស់​បាន។ កាលពី​សប្ដាហ៍​កន្លង ក្រុមហ៊ុន​នេះ​សម្រេចបាន​ជោគជ័យ​នៅពេល​ទម្លាក់​យាន​សម្រាប់​ធ្វើតេស្ត Talon-0 (TA-0) ពី​យន្តហោះ Roc។

    ដោយមាន​ដងខ្លួន​ចំនួន​ពីរ មាន​ម៉ាស៊ីន Boeing 747 ចំនួន 6 គ្រឿង, កង់​ចំនួន 28 គ្រាប់ និង​ស្លាប​ប្រវែង 117 ម៉ែត្រ (វែង​ជាង​ទីលាន​បាល់ទាត់) Roc គឺជា​យន្តហោះ​ធំជាងគេ​បង្អស់​លើ​ពិភពលោក បើ​គិត​ទៅតាម​ប្រវែង​ស្លាប។ នេះ​បើតាម​ទំព័រ Space។

    Roc ហោះ​ឡើង​ពី​ព្រលាន Mojave នៅ California ខាងត្បូង កាលពី​ព្រឹក​ថ្ងៃទី 13 ឧសភា ចាប់ផ្ដើម​ជើងហោះហើរ​សាកល្បង​លើក​ទី 11។ Roc នាំយក​យាន​សម្រាប់​ធ្វើតេស្ត TA-0 បំពាក់​នៅ​ចន្លោះ​ដងខ្លួន​ទាំងពីរ​របស់​វា និង​ហោះ​ទៅ​ទិស​ខាងលិច ហើយ​ទម្លាក់ TA-0 នៅពេល​ទៅដល់​លំហ​សមុទ្រ California។ TA-0 ទម្លាក់ខ្លួន​ចុះ​លើ​​ផ្ទៃ​ទឹកសមុទ្រ ទៅតាម​ការគ្រោងទុក ខណៈ Roc ហោះ​ត្រលប់មក​ចុះចត​វិញ ក្រោយ​បេសកកម្ម​​សាក​ល្បង​រយៈពេល​ប្រហែល​បួន​ម៉ោងបាន​​បញ្ចប់​។

    Stratolaunch មាន​គម្រោង​ប្រើប្រាស់ Roc ដើម្បី​ដឹក​យន្តហោះ​គ្មាន​មនុស្ស​បើកបរ ល្បឿន​លឿន​ជាង​សំឡេង​ក្រោម​ប្រាំ​ដង Talon-A (TA-1) ឡើងទៅ​កាន់​កម្ពស់ 10,000 ម៉ែត្រ។ នៅ​ទីនោះ វា​នឹង​ត្រូវបាន​ផ្ដាច់​ចេញពី Roc ដើម្បី​ហោះហើរ​ដោយ​ខ្លួនឯង។ TA-1 ដំណើរការ​ដោយ​រ៉ុក្កែត នឹង​បន្ត​ហោះ​ក្នុង​ល្បឿន Mach 5 (6,174 គីឡូម៉ែត្រ/ម៉ោង) មុនពេល​ចុះចត​ដោយ​ស្វ័យប្រវត្ត៕

  • ក្រុមបាល់ទាត់​នារី​ដែល​បាន​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ទទួលបាន​ប្រាក់រង្វាន់​ប៉ុន្មាន​រៀល?

    ក្រុមបាល់ទាត់​នារី​ដែល​បាន​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32 ទទួលបាន​ប្រាក់រង្វាន់​ប៉ុន្មាន​រៀល?

    កូនសិស្ស និង​គ្រូបង្វឹក​របស់​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​វៀតណាម ទទួល​ប្រាក់រង្វាន់​ចំនួន 3.6 ពាន់​លាន​ដុង (ប្រហែល 633,000,000​ រៀល ឬ 153,000 ដុល្លារ​អាម៉េរិក​) ​ពី​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម រួម​នឹង​ប្រាក់​រង្វាន់​ផ្សេង​ទៀត​ បន្ទាប់ពី​ដណ្ដើមបាន​មេដាយមាស​​​នៅ​ស៊ី​ហ្គេម​លើក​ទី 32។

    ក្រុម​នារី​ជម្រើសជាតិ​វៀតណាម បាន​ផ្ដួល​មី​យ៉ាន់​ម៉ា 2-0 ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ​កាលពី​ព្រលប់​ថ្ងៃទី 15 ឧសភា 2023។ លទ្ធផល​នេះ​បាន​ជួយ​ឱ្យ​​ក្រុម​នារី​វៀតណាម​​​ក្លាយជា​ក្រុម​នារី​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម ដែល​ដណ្ដើមបាន​មេដាយមាស​ចំនួន​បួន​រដូវ​កាលជាប់ៗគ្នា ហើយក៏​ជា​ក្រុម​ដំបូង​គេ​បង្អស់​ដែល​ដណ្ដើមបាន​មេដាយមាស 8 លើក​នៅ​ស៊ី​ហ្គេម។

    បន្ទាប់ពី​ការប្រកួត​ផ្ដាច់ព្រ័ត្រ ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម (VFF) ក៏បាន​ប្រកាស​ផ្ដល់ប្រាក់​រង្វាន់ 2 ពាន់​លាន​ដុង ដល់​ក្រុមបាល់ទាត់​នារី​វៀតណាម។ មុន​នោះ VFF ក៏បានផ្ដល់​ប្រាក់រង្វាន់ 1.6 ពាន់​លាន​ដុង​សម្រាប់​បី​ប្រកួត​នៅ​វគ្គ​ចែក​ពូ​ល និង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែល​វៀតណាម​បាន​ឈ្នះ​កម្ពុជា 4-0។ ក្រៅពីនេះ ក៏មាន​ក្រុមហ៊ុន​មួយ ប្រកាស​ផ្ដល់ប្រាក់​រង្វាន់ 200 លាន​ដុង​ (ប្រហែល 8,500 ដុល្លារ​អាម៉េរិក) ដល់​ក្រុម​នារី​វៀតណាម​ផងដែរ ក្រោយ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ដូច្នេះ ប្រាក់រង្វាន់​សរុប​ដែល​ក្រុមបាល់ទាត់​នារី​វៀតណាម​ទទួលបាន​គឺ 3.8 ពាន់​លាន​ដុង (ប្រហែល 668,000,000 រៀល ឬ 162,000 ដុល្លារ​អាម៉េរិក)​​។

    ថ្ងៃទី 16 ឧសភា​នេះ ក្រុមបាល់ទាត់​នារី​វៀតណាម ត្រូវ​ត្រលប់​ទៅ​ប្រទេស​វិញ។ ក្រុម​នេះ​នឹង​សម្រាក​យក​កម្លាំង​មួយ​សប្ដាហ៍ មុននឹង​ចូល​ហ្វឹកហាត់​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​នៅ World Cup ដែល​នឹង​ចាប់ផ្ដើម​ពី​ខែកក្កដា​ខាងមុខ៕

  • ទិដ្ឋភាព​កញ្ញា​គុន​តេក្វាន់ដូ​របស់​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ នៅ​ពេល​ផ្ដួល​ម្ចាស់​ជើង​ឯក​វៀតណាម​

    ទិដ្ឋភាព​កញ្ញា​គុន​តេក្វាន់ដូ​របស់​កម្ពុជា​ដណ្ដើម​បាន​មេដាយ​មាស​ នៅ​ពេល​ផ្ដួល​ម្ចាស់​ជើង​ឯក​វៀតណាម​

    កីឡាការិនី​តេក្វាន់ដូ​ ថិប កាសាន់ទ្រីនីកូល របស់​កម្ពុជា បាន​យក​ឈ្នះ​លើ​ម្ចាស់​ជើង​ឯក​ បាក ធី ខៀម របស់​វៀតណាម​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប្រភេទ​ទម្ងន់​ 67 គីឡូក្រាម​ កាល​ពី​ល្ងាច​ថ្ងៃទី 15 ឧសភា​នេះ​។

    កីឡាការិនី​កូនកាត់ខ្មែរ-អាមេរិកកាំង កញ្ញា ថិប កាសាន់ទ្រីនីកូល (Cassandre Nicole Tubbs) ហៅក្រៅថា​ ខេស៊ី ដែល​ទើប​ដណ្ដើម​បាន​មេដាយមាស​នៅ​ស៊ីហ្គេម​លើក​ទី 32 ធ្លាប់​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាម៉េរិក​។ ចំណែក បាក ធី ខៀម របស់​វៀតណាម​ គឺជា​ម្ចាស់​ជើង​ឯក​។

    ក្នុង​ការ​ប្រកួត​ ខេស៊ី គឺជា​អ្នក​គ្រប់​គ្រង​ស្ថានភាព​ ដោយ​សារកីឡាការិនី​រូប​នេះ​​តែង​តែ​មាន​ភាព​​ម្ចាស់​ការ​ក្នុង​ការ​ប្រយុទ្ធ ខណៈ​កីឡាការិនី​វៀតណាម ត្រូវ​រង​ការ​វាយ​សម្រុក​ជា​ញឹក​ញាប់​។

    ខេស៊ី យំ ដោយ​ការ​សប្បាយ​រីក​រាយ​ នៅ​ពេល​អាជ្ញាកណ្ដាល​បញ្ជាក់​ថា ជ័យ​ជម្នះ​បាន​មក​លើ​ខ្លួន​ ក្រោយ​ពី​ការ​ប្រកួត​បានចប់​។

    មុន​ពេល​ប្រកួត​នៅ​ស៊ីហ្គេម​លើក​នេះ ខេស៊ី ធ្លាប់​ចូល​រួម​ប្រកួត​ប្រភេទ​ទម្ងន់ 62​ គីឡូក្រាម​ ដណ្ដើម​បាន​មេដាយ​សំរឹទ្ធ​ឆ្នាំ 2017, 2021 និង​មេដាយ​ប្រាក់​នៅ​ឆ្នាំ 2019​។

  • ក្រុម​បាល់​ទាត់​នារី​វៀតណាម ដណ្ដើម​បាន​មេដាយ​មាស​​​បួន​ជំនាន់​ជាប់​ៗ​គ្នា​​​នៅ​ស៊ីហ្គេម

    ក្រុម​បាល់​ទាត់​នារី​វៀតណាម ដណ្ដើម​បាន​មេដាយ​មាស​​​បួន​ជំនាន់​ជាប់​ៗ​គ្នា​​​នៅ​ស៊ីហ្គេម

    នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់​ទាត់​នារី​នៅ​ស៊ីហ្គេម​លើក​ទី 32 ក្រុម​នារី​វៀតណាម​បាន​ផ្ដួល​ក្រុមនារី​មីយ៉ាន់ម៉ា ដោយ​លទ្ធផល​ 2-0​។

    លទ្ធផល​នៃ​ការ​ប្រកួត​នេះ​ ជួយ​ឱ្យ​​វៀតណាម​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​បួន​ជំនាន់​​ជាប់​ៗ​គ្នា​​នៅ​ស៊ីហ្គេម​ ខណៈ​មីយ៉ាន់ម៉ា បាន​មេដាយ​ប្រាក់ និង​​​ថៃ បាន​មេដាយ​សំរឹទ្ធ។

    ជ័យ​ជម្នះ​លើក​នេះ​របស់​ក្រុម​នារី​វៀតណាម ក៏​បាន​ជួយ​ឱ្យ​ក្រុម​នេះ​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​ចំនួន​ 8 លើក​នៅ​ស៊ីហ្គេម​ផងដែរ​។

  • យន្តហោះ​ SKY Magnetar ​លឿន​ជាង​ 6 ​ដង​ធៀប​នឹង​យន្តហោះ​លឿន​ជាង​គេ​នា​បច្ចុប្បន្ន​

    យន្តហោះ​ SKY Magnetar ​លឿន​ជាង​ 6 ​ដង​ធៀប​នឹង​យន្តហោះ​លឿន​ជាង​គេ​នា​បច្ចុប្បន្ន​

    យន្តហោះ SKY Magnetar ដែលមាន​រូបរាង​ស្រដៀង​យានអវកាស អាច​ដឹក​អ្នកដំណើរ​ហោះ​ក្នុង​ល្បឿន 6,759 គីឡូម៉ែត្រ។

    អ្នក​រចនា Oscar Vinals មកពី​អេ​ស្ប៉ា​ញ បានបង្ហាញ​យន្តហោះ SKY Magnetar ដែល​អាច​ហោះ​ក្នុង​ល្បឿន 6,759 គីឡូម៉ែត្រ​/ម៉ោង លឿន​ជាង​បី​ដង​ធៀប​នឹង​យន្តហោះ Concorde។ យន្តហោះ​នេះ​អាច​ដឹក​អ្នកដំណើរ​ពី​ក្រុង​ឡុង​ដ៍ របស់​ចក្រភព​អង់គ្លេស ទៅកាន់ New York សហរដ្ឋ​អាម៉េរិក ដោយ​ចំណាយពេល​តែ 50 នាទី លឿន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​កំណត់ត្រា 2 ម៉ោង នឹង 52 នាទី មុន​នោះ។ នេះ​បើតាម​ទំព័រ Sun ចុះផ្សាយ​កាលពី​ថ្ងៃទី 13 ឧសភា។

    យាន​ដែល​ពាក់កណ្ដាល​ជា​យន្តហោះ ពាក់កណ្ដាល​ជា​រ៉ុក្កែត​នេះ មាន​បណ្ដោយ 112 ម៉ែត្រ និង​អាចដាក់​អ្នកដំណើរ​បាន 120 នាក់។ យន្តហោះ​នេះ​នឹងត្រូវ​បាន​បើកបរ​ដោយ​ពី​ឡុ​ត​ពីរ​នាក់ រួម​នឹង​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត។ SKY Magnetar អាច​ហោះ​បាន​ចម្ងាយ 11,999 គីឡូម៉ែត្រ ដែល​អាច​ហោះ​ទៅដល់​គ្រប់​ទីកន្លែង​ដោយ​ប្រើពេល​តែ​ពីរ​ម៉ោង។

    SKY Magnetar នឹង​ជា​យន្តហោះ​ដែល​ល្អ​សម្រាប់​បរិស្ថាន ដោយសារ​ប្រើប្រាស់​ឥន្ធនៈ​អ៊ីដ្រូសែន​ជា​ថាមពល​សម្រាប់​ម៉ាស៊ីន។

    យន្តហោះ Concorde

    ទោះជា​យ៉ាងនេះ​ក៏ដោយ មកដល់​បច្ចុប្បន្ន​មិនទាន់មាន​ក្រុមហ៊ុន ឬ​អង្គការ​ណាមួយ​បញ្ជាក់ថា​នឹង​ផលិត ក៏ដូចជា​សាកល្បង​រចនា​យន្តហោះ​ SKY Magnetar នៅឡើយ ខណៈដែល​លោក Oscar ​ជឿថា យន្តហោះ​នេះ​នឹង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​អាកាសចរណ៍​ល្បឿន​លឿន​ជាង​សំឡេង​នៅ​ពាសពេញ​ពិភពលោក។

    Boeing 747-8i

    យន្តហោះ Concorde ដែល​សហការ​អភិវឌ្ឍ និង​ផលិត​ដោយ​ចក្រភព​អង់គ្លេស និង​បារាំង បាន​ឈប់​ដំណើរការ​កាល​ពី​ឆ្នាំ 2003​ ដោយសារ​តែមាន​សំឡេង​រំខាន​ខ្លាំង ការចំណាយ​ក៏​ខ្ពស់ និង​សមត្ថភាព​ផ្ទុក​មិនបាន​ច្រើន​។ បច្ចុប្បន្ន យន្តហោះ​ដែលមាន​ល្បឿន​លឿន​ជាងគេ​លើ​ពិភពលោក​ ​គឺ Boeing 747-8i ដែល​ហោះ​បាន 1,062 គីឡូម៉ែត្រ/ម៉ោង ស្មើនឹង ½ នៃ​ល្បឿន​របស់​យន្តហោះ Concorde និង 1/6 នៃ​ល្បឿន​របស់​យន្តហោះ SKY Magnetar៕

  • ក្រុមបាល់ទាត់​នារី​វៀតណាម​អាច​ក្លាយជា​ម្ចាស់​ជើងឯក​បួន​ជំនាន់​ជាប់​គ្នា​​ដំបូង​គេ​នៅ​ស៊ី​ហ្គេម

    ក្រុមបាល់ទាត់​នារី​វៀតណាម​អាច​ក្លាយជា​ម្ចាស់​ជើងឯក​បួន​ជំនាន់​ជាប់​គ្នា​​ដំបូង​គេ​នៅ​ស៊ី​ហ្គេម

    បើសិនជា​ផ្ដួល​មី​យ៉ាន់​ម៉ា​បានសម្រេច​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ព្រលប់​ថ្ងៃទី 15 ឧសភា​នេះ ក្រុមបាល់ទាត់​នារី​វៀតណាម នឹង​ក្លាយជា​ក្រុម​នារី​ដំបូង​គេ​ដែល​គ្រប់គ្រង​​ជើងឯក​បាល់ទាត់​នារី​បួន​ជំនាន់​បន្តបន្ទាប់​គ្នា​នៅ​ស៊ី​ហ្គេម។

    ដោយមាន​កីឡាការិនី​ពេញ​ដោយ​គុណភាព និង​បទពិសោធន៍ ក្រុមបាល់ទាត់​នារី​វៀតណាម​បាន និង​កំពុង «បង្ក​ព្យុះភ្លៀង» នៅលើ​ទីលាន​បាល់ទាត់​នៅ​អាស៊ីអាគ្នេយ៍។ ក្រុម​វៀតណាម​បាន​លើក​ពាន​ស៊ី​ហ្គេម​បី​លើក​ជា​បន្តបន្ទាប់ បើទោះជា​មាន​ក្រុម​ជើង​ខ្លាំង​ថៃ ហ្វ៊ី​លី​ពី​ន ឬ​មី​យ៉ាន់​ម៉ា នា​ប៉ុន្មាន​ឆ្នាំ​កន្លង។

    បើសិន​ទទួលបាន​ជោគជ័យ​នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ម៉ោង​ 19 ​ព្រលប់​នេះ ក្រុម​នារី​វៀតណាម​នឹង​ក្លាយជា​ក្រុម​នារី​ដំបូង​គេ​ដែល​ដណ្ដើមបាន​មេដាយមាស​បួន​ជំនាន់​ជា​បន្តបន្ទាប់ និង 8 លើក​នៅ​ស៊ី​ហ្គេម។ បច្ចុប្បន្ន ក្រុម​នារី​ថៃ ក៏​ធ្លាប់​លើក​ពាន​បី​លើកជាប់ៗគ្នា​នៅ​ស៊ី​ហ្គេម​ផងដែរ​។

    នៅ​មុនពេល​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ វៀតណាម​ធ្លាប់​ផ្ដួល​មី​យ៉ាន់​ម៉ា 3-1 នៅ​ជើង​ទី​ពីរ។ បើសិន​ពិនិត្យ​ទៅលើ​ប្រវត្តិ​នៃ​ការ​ប៉ះគ្នា​រវាង​មី​យ៉ាន់​ម៉ា និង​វៀតណាម គេ​ឃើញថា វៀតណាម​កំពុង​មានប្រៀប​ជាង​ក្នុង​ផ្នែក​កម្លាំង​ចិត្ត​។ ចាប់ពី​ឆ្នាំ 2007 ពួកគេ​បាន​ប៉ះគ្នា 26 ប្រកួត​នៅ​គ្រប់​ទីលាន ក្នុងនោះ​វៀតណាម​ឈ្នះ 18 ប្រកួត, ស្មើ 5 ប្រកួត និង​ចាញ់ 3 ប្រកួត។ ដោយ​ឡែក​ ​នៅក្នុង​ស៊ី​ហ្គេម វៀតណាម​មិនបាន​ចាញ់​មីយ៉ាន់ម៉ា ប៉ុន្តែ​បានឈ្នះ​​ 3 ប្រកួត និង​ស្មើ 2 ប្រកួត។

    ទោះជា​យ៉ាងណាក៏ដោយ មី​យ៉ាន់​ម៉ា គឺជា​ក្រុម​ដែល​អាច​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​គ្រប់ពេល។ ប្រការនេះ ពួកគេ​បានបញ្ជាក់​រួចហើយ​តាមរយៈ​ការ​ផ្ដួល​ហ្វ៊ី​លី​ពី​ន និង​យកឈ្នះ​លើក​ថៃ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

  • ក្រុម​បាល់​ទាត់​នារី​កម្ពុជា​ធ្លាប់​ចាញ់​​ក្រុម​នារី​ថៃ 11-0 នៅ​ ពាន​រង្វាន់​បាល់​ទាត់​នារី​អាស៊ានឆ្នាំ​ 2018

    ក្រុម​បាល់​ទាត់​នារី​កម្ពុជា​ធ្លាប់​ចាញ់​​ក្រុម​នារី​ថៃ 11-0 នៅ​ ពាន​រង្វាន់​បាល់​ទាត់​នារី​អាស៊ានឆ្នាំ​ 2018

    ក្រុម​បាល់​ទាត់​នារី​កម្ពុជា​ធ្លាប់​ចាញ់​ 11-0 នៅ​ពេល​ប៉ះ​ក្រុម​នារី​ថៃ ក្នុង​ការ​ប្រកួត​​វគ្គ​ចែក​ពូល​នៃ​ពាន​រង្វាន់​ជើង​ឯក​បាល់​ទាត់​នារី​អាស៊ី​អាគ្នេយ៍​ឆ្នាំ 2018​ បន្ទាប់​ពី​ក្រុម​របស់​ថៃ ឈ្នះ​ទីម័រខាងកើត 8-0​ ក្នុង​ការ​ប្រកួត​បើក​ឆាក​។

    នៅ​ក្នុង​តង់​ទី​មួយនៃ​ការ​ប្រកួត​ជើង​ទីបី​​​នៃ​វគ្គ​ចែក​ពូលរបស់​កម្ពុជា​​​នៅ​ពាន​រង្វាន់​ខាងលើ​ ក្រុម​នារី​កម្ពុជា​​បាន​ចាញ់​ថៃ​ក្នុង​លទ្ធផល​​ 0-6។ ចូល​ដល់​តង់​ទី​ពីរ ថៃ​បន្ត​ស៊ុត​បញ្ចូល​ទី​កម្ពុជា​​បាន​ 5 គ្រាប់​ទៀត​ ហើយ​ក៏​ឈ្នះ​ 11-0​។ លទ្ធផល​នេះ​ធ្វើ​ឱ្យ​ក្រុម​នារី​កម្ពុជា​បាត់​បង់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ទាប់​។

    នៅ​​ពាន​រង្វាន់​ជើង​ឯក​បាល់​ទាត់​នារី​អាស៊ី​អាគ្នេយ៍​ឆ្នាំ 2018​ (2018 AFF Women’s Championship) ​​ដែល​ធ្វើ​ឡើង​ដោយ​សហព័ន្ធ​បាល់​ទាត់​​អាស៊ីអាគ្នេយ៍​ (AFF) និង​​​ត្រូវ​បាន​រៀប​ចំ​​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ចាប់​ពី​ថ្ងៃទី 30 មិថុនា ដល់ 13 កក្កដា 2018​ ក្រុម​នារី​ថៃ​ដណ្ដើម​បាន​តំណែង​ជើង​ឯក ខណៈ​អូស្ត្រាលី​យក​បាន​ពាន​រង្វាន់​លេខ​ពីរ វៀតណាមជាប់​លេខ​បី​ និង​មីយ៉ាន់ម៉ាជាប់​លេខ​បួន​។

    ថ្វី​បើ​កម្ពុជា​ធ្លាប់​បាន​ចាញ់​ថៃ 0-11 ក៏​ដោយ ប៉ុន្តែ​បរាជ័យ​នោះ​បាន​ក្លាយ​ជា​រឿង​អតីត​កាល​​ទៅ​ហើយ។ ម្យ៉ាង​ទៀត ពេល​នេះ ក្រុម​នារី​កម្ពុជា​ក៏​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​ឆ្ងាយ​ ដូច្នេះ ការ​រំពឹង​ថា កម្ពុជា​នឹង​ចាញ់​ច្រើន​ដូច​មុន​គឺ​ជា​រឿង​មិន​អាច​ទៅ​រួច​៕

  • រថភ្លើង​​អាកាស​ បរ​ក្រោម​​ផ្លូវដែក​មួយ​ជួរ​​នៅ​ប្រទេស​ចិន ដំណើរ​ការ​ស្វ័យ​ប្រវត្ត

    រថភ្លើង​​អាកាស​ បរ​ក្រោម​​ផ្លូវដែក​មួយ​ជួរ​​នៅ​ប្រទេស​ចិន ដំណើរ​ការ​ស្វ័យ​ប្រវត្ត

    រថភ្លើង​ដែលមាន​ល្បឿន 60 គីឡូម៉ែត្រ/ម៉ោង​ ​ស្ថិតនៅក្នុង​ទីក្រុង Wuhan ខេត្ត Hubei ប្រទេស​ចិន ​ដំណើរការ​ដោយ​ស្វ័យប្រវត្ត និង​ស្ងាត់ នាំមក​នូវ​បទពិសោធន៍​ផាសុកភាព​ដល់​អ្នកដំណើ​រ។

    រថភ្លើង​ដែល​មាន​ឈ្មោះថា «Optics valley photon» ត្រូវ​បាន​ព្យួរ​ក្រោម​​ផ្លូវដែក​​មួយ​ជួរ​ ធ្វើឱ្យ​វា​ដូច​ទៅនឹង​កា​រ​បរ​ត្រលប់​ពីលើ​មកក្រោម។ នៅពេល​រត់​ខាងលើ​ទីក្រុង​នៅពេល​យប់ រថភ្លើង​នេះ​មាន​ពន្លឺ​ដ៏​ស្រស់​ស្អាត​។

    ធៀប​នឹង​រថភ្លើង​អគ្គិសនី​ក្រោម​ដី​ដែល​បរ​លើផ្លូវ​ដែក​ពីរ​ជួរ​បច្ចុប្បន្ន រថភ្លើង​ព្យួរ​ក្រោម​ផ្លូវដែក​មួយ​ជួរ​នេះ​ស្ងាត់ ល្អ​ និង​មាន​ផាសុកភាព​ជាង។ រថភ្លើង​នេះ​ក៏​មិន​ត្រូវបាន​រំខាន​ដោយ​មនុស្ស ឬ​យានយន្ត​ដទៃ។ អស្ចារ្យ​ជាង​នេះ នោះ​គឺ​អ្នកដំណើរ​អាច​គយ​គន​ទេសភាព​ទីក្រុង​ពី​ជ្រុង​មួយ​ខុសពី​រថភ្លើង​ធម្មតា តាមរយៈ​បាត​ធ្វើ​ពី​កញ្ចក់​។​

    រថភ្លើង​ព្យួរ​បញ្ច្រាស​ក្រោម​ផ្លូវដែក​មួយ​ជួរ​នេះ​ដំណើរការ​ប្រកបដោយ​ភាព​ឆ្លាត​វៃ ក្នុង​ល្បឿន​អតិបរមា 60 គីឡូម៉ែត្រ/ម៉ោង។ ដំណើរការ​ទាំងស្រុងរ​បស់​រថភ្លើង​នេះ រួមមាន ការ​បើក​បិទ​ទ្វារ ការ​ចាប់ផ្ដើម​រត់ និង​ការ​ចូល​ចត​ក្នុង​ស្ថានីយ គឺ​សុទ្ធតែ​ធ្វើឡើង​ដោយ​ស្វ័យប្រវត្ត​ ​មិនបាច់​មាន​​ជំនួយ​ពី​មនុស្ស​។

    រថភ្លើង​នេះ​កំពុងដំណើរការ​ដូច​ទៅនឹង​ផ្លូវ​ទស្សនកិច្ច​សម្រាប់​ទេស​ចរ​នៅ​តំបន់​អភិវឌ្ឍ​បច្ចេកវិទ្យា​ជាន់ខ្ពស់ East Lake (East Lake Hi-tech Development Zone) របស់​ទីក្រុង Wuhan។

  • Top 5 នៃ​យីហោ​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​ក្នុង​ត្រីមាស​ទីមួយ ឆ្នាំ 2023

    Top 5 នៃ​យីហោ​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​ក្នុង​ត្រីមាស​ទីមួយ ឆ្នាំ 2023

    រថយន្ត​ដែលមាន​បំពាក់​ថ្ម​ផ្ទុក​អគ្គិសនី​ជាង 2.5 លាន​គ្រឿង​ត្រូវបាន​លក់​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ 2023 ស្មើនឹង 13% ក្នុងចំណោម​រថយន្ត​សរុប​ដែល​ត្រូវបាន​លក់​ចេញ​នៅ​ទូទាំង​សកលលោក។

    យោងតាម​ទិន្នន័យ​ពី EV-Volumes ដែល​ត្រូវបាន​ចែករំលែក​ដោយ Jose Phontes ក្រុមហ៊ុន​ទាំង​ប្រាំ​ក្ដោប​ក្ដាប់​ជាង​ពាក់កណ្ដាល​នៃ​រថយន្ត plug-in (EV និង PHEV) សរុប​ដែល​បាន​លក់​ចេញ រួមមាន​ក្រុមហ៊ុន BYD (លេខ​មួយ), Tesla (លេខ​ពីរ), Volkswagen (លេខ​បី), Geely-Volvo (លេខ​បួន) និង SAIC (SAIC-GM-Wuling) (លេខ​ប្រាំ)។

    Top 5 ខាងលើ​រួមចំណែក 1,458,250 គ្រឿង ស្មើនឹង 56.8% ក្នុងចំណោម​រថយន្ត​អគ្គិសនី plug-in សរុប​ដែល​បាន​លក់​ចេញ​ក្នុង​ពិភពលោក។ ក្រៅពីនេះ រថយន្ត​អគ្គិសនី​ប្រហែល 1.110.877 គ្រឿង ដែល​ស្មើនឹង 43.2% គឺជា​របស់​ក្រុមហ៊ុន​ដទៃ។ ជា​សរុប រថយន្ត​អគ្គិសនី plug-in ប្រហែល 2.569.127 គ្រឿង​ត្រូវបាន​លក់​ចេញ​ក្នុង​ទីផ្សារ​ទូទាំង​សកលលោក​នៅ​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ។

    ចំណែក Top 5 នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធ​វិញ៖ Tesla លក់បាន 422,873 គ្រឿង ស្មើនឹង 23,6% (ឆ្នាំ 2022 មាន​ចំណែក 21,6%), BYD លក់បាន 264,300 គ្រឿង ស្មើនឹង 14,7% (ឆ្នាំ 2022 មាន​ចំណែក 10%), Volkswagen លក់បាន 133,933 គ្រឿង ស្មើនឹង 7,5% (ឆ្នាំ 2022 មាន​ចំណែក 6,8%), SAIC (រួមមាន SAIC-GM-Wuling) លក់បាន 133,269 គ្រឿង ស្មើនឹង 7,4% (ឆ្នាំ 2022 មាន​ចំណែក 10,7%) និង Geely-Volvo លក់បាន 102,018 គ្រឿង ស្មើនឹង 5,7%។

    Top 5 ខាងលើ​រួមចំណែក 1,056,393 គ្រឿង ស្មើនឹង 57% ក្នុងចំណោម​រថយន្ត​អគ្គិសនី​សុទ្ធ​សរុប​ដែល​បាន​លក់​ចេញ​ក្នុង​ពិភពលោក។ ក្រៅពីនេះ រថយន្ត​អគ្គិសនី​សុទ្ធ​ប្រហែល 0.78 លាន​គ្រឿង ដែល​ស្មើនឹង 43% គឺជា​របស់​ក្រុមហ៊ុន​ដទៃ។ ជា​សរុប រថយន្ត​អគ្គិសនី​សុទ្ធ​ប្រហែល 1.84 លាន​គ្រឿង​ត្រូវបាន​លក់​ចេញ​ក្នុង​ទីផ្សារ​ទូទាំង​សកលលោក​នៅក្នុង​ត្រីមាស​ទីមួយ​នៃ​ឆ្នាំនេះ៕