អត្ថប្រយោជន៍របស់ក្រែមលាបមាត់
បបូរមាត់ក្រហមស្អាតទាក់ទាញ មានរាងសម ព្រមជាមួយនឹងទម្រង់មុខបង្ហាញពីភាពសិចស៊ី គួរជាទីចាប់អារម្មណ៍ពីសំណាក់អ្នកផងទាំងពួងគឺជាបំណងប្រាថ្នារបស់នារីគ្រប់រូប។ ចង់ឱ្យមន្ត-ស្នេហ៍របស់អ្នកកាន់តែកើនឡើង អ្នកត្រូវតែចេះធ្វើការបន្ថែមបន្ថយលើចំណុចដែលលើស ឬខ្វះ ដើម្បីទទួលបានភាពស័ក្តិសមយ៉ាងពិតប្រាកដ។ ដូចដែលអ្នកដឹងហើយថា ក្រែមលាបមាត់អាចជួយឱ្យបបូរមាត់របស់អ្នកមានពណ៌ស្រស់ស្អាតទៅតាមចំណូលចិត្ត ជួយកាត់បន្ថយ និងបិទបាំងស្នាមប្រះបែកនៅលើបបូរមាត់ ហើយក្រៅពីនេះ ការលាបក្រែមនៅលើបបូរមាត់ក៏អាចជួយកែទ្រង់ទ្រាយរបស់បបូរមាត់អ្នកឱ្យមើលទៅកាន់តែស្រស់ស្អាតផងដែរ។
បបូរមាត់ស្តើង
មិត្តអ្នកអានដឹងទេថា ប្រសិនបើអ្នកជានារីម្នាក់ដែលមានបបូរមាត់ស្តើង ហើយចង់កែឱ្យវាមើលទៅស្អាតសមល្មមនោះ ក្រែមអាចជួយអ្នកបាន ដោយការប្រើខ្មៅដៃគូសបបូរមាត់ គូសឱ្យលើសបបូរមាត់ពិតបន្តិច ហើយអ្នកត្រូវលាបក្រែមពណ៌ខ្ចី ដូចជា ពណ៌ផ្កាឈូកខ្ចី ហើយត្រូវយកក្រែមពណ៌ផ្លែប៉ែស (រាងក្រហម) មកលាបពីលើម្តងទៀត ព្រោះវានឹងជួយឱ្យបបូរមាត់របស់អ្នកមើលទៅមិនសូវស្តើង ហើយមានភាពស្រស់ស្អាតថែមទៀតផង។ សូមចៀសវាងលាបក្រែមពណ៌ចាស់ៗ ព្រោះវានឹងធ្វើឱ្យបបូរមាត់របស់អ្នកមើលទៅកាន់តែស្តើងជាងមុន។
បបូរមាត់ក្រាស់
សម្រាប់អ្នកដែលមានបបូរមាត់ក្រាស់វិញក៏អាចកាត់បន្ថយភាពក្រាស់នេះបាន ដោយការគូសរឹមមាត់ឱ្យជិតខ្សែខាងក្នុងរបស់បបូរមាត់ពិត ដើម្បីឱ្យមើលទៅមិនសូវក្រាស់ ហើយអ្នកត្រូវលាបក្រែមបបូរមាត់ផ្នែកកណ្តាល ដោយពណ៌មិនឆើត និងមិនចាស់ពេក។ អ្នកគួរចៀសវាងការប្រើប្រាស់ក្រែមប្រភេទណាដែលរលោង ឬផ្លេកៗខ្លាំងពេក ព្រោះវានឹងធ្វើឱ្យមាត់របស់អ្នកក្រាស់ជាមុន។
បបូរមាត់ធ្លាក់
ចំពោះបបូរមាត់ដែលមានសភាពធ្លាក់យារចុះក្រោម ត្រូវគូសបបូរមាត់ខាងក្រោមឱ្យវែងឡើង លើសពីរង្វះមាត់បន្តិច រួចអ្នកត្រូវគូសបបូរមាត់ខាងលើឱ្យចុងខ្សែជិតគ្នា។ បន្ទាប់ពីនោះ អ្នកត្រូវលាបក្រែមមួយជាន់ទៀត។ បើអ្នកជានារីដែលមានបបូរមាត់ផ្នែកខាងលើជាខ្សែត្រង់ ដូច្នេះអ្នកត្រូវគូសបបូរមាត់របស់អ្នកឱ្យចេញជារាងកោងឡើងទៅលើ ដោយប្រើខ្មៅដៃគូសជារាងអក្សរ V លើបបូរមាត់ បរិវេណក្រោមច្រមុះជាមុនសិន រួចទើបគូសបបូរមាត់ និងលាបក្រែមបបូរមាត់តាមធម្មតា។
បបូរមាត់ស្លេក
ក្នុងករណីដែលបបូរមាត់របស់អ្នកមានរាងស្អាតល្មមហើយ តែវាបែរជាមានពណ៌ស្រគាំវិញនោះ អ្នកគួរកែខៃដោយការលាបម្សៅហុយឱ្យសព្វលើបបូរមាត់ មុននឹងលាបក្រែមបបូរមាត់ ព្រោះវានឹងជួយឱ្យក្រែមលាបបបូរមាត់ជាប់បានយូរ ព្រមទាំងមានពណ៌រំលេចស្រស់ស្អាតជានិច្ច៕
Category: សង្គម និងសេដ្ឋកិច្ច

តើក្រែមលាបមាត់អាចជួយអ្វីខ្លះដល់បបូរមាត់របស់អ្នក?

វិធីកាត់បន្ថយការទទួលទានអាហារដើម្បីរូបរាងស្រឡូនស្អាត
ជំងឺធាត់គឺជាបញ្ហាចម្បងមួយដែលស្ត្រីភាគច្រើនមិនចង់ជួបប្រទះ ព្រោះថាបើសិនជាកើតមានលើខ្លួន នោះនឹងធ្វើឱ្យបាត់បង់ទំនុកចិត្តក្នុងការបង្ហាញរូបរាងដ៏ស្រស់ស្អាតទៅកាន់មនុស្សនៅជុំវិញខ្លួនបានឃើញជាក់ជាមិនខាន។ ជារឿយៗ ឡារ៉ែន ធ្លាប់បានជម្រាបជូនជាច្រើនដងរួចមកហើយថា ការតមអាហារដែលមិនត្រឹមត្រូវ (មិនញ៉ាំ) មិនបានផ្តល់លទ្ធផលល្អនោះទេ ផ្ទុយមកវិញប្រសិនបើអ្នកចេះពីរបៀបរបបនៃការតម ក៏ដូចជាកាត់បន្ថយការទទួលទានវិញនោះ អ្នកពិតជាបានឃើញពីលទ្ធផលជាក់ច្បាស់គួរជាទីពេញចិត្តជាមិនខាន។ គ្រានេះ គឺជាពេលវេលាដ៏ស័ក្ដិសមបំផុតសម្រាប់អ្នកដែលនិយាយពាក្យថា “លាហើយចំពោះសម្លៀកបំពាក់ធំ” ដែលអ្នកធ្លាប់ពាក់កាលពីពេលកន្លងទៅ។

កាត់ចោលខ្លះ : អ្នកពិតជាមិនអាចកាត់បន្ថយបរិមាណនៃកាឡូរីក្នុងរាងកាយបានទេ ប្រសិនបើអ្នកមិនធ្វើការផ្លាស់ប្តូរអ្វីសោះនោះ។ ការកាត់បន្ថយបរិមាណនៃការទទួលទានអាហារមិនបានធ្វើឱ្យប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែវាអាចជួយឱ្យអ្នកស្រកទម្ងន់បានខ្លះតាមរយៈការថយចុះនៃចំនួនកាឡូរី។ អ្នកអាចមានអារម្មណ៍ថាឆាប់ហេវនៅពេលដែលអ្នកញ៉ាំតិចជាងមុន ដូច្នេះនៅពេលអ្នកហេវអ្នកក៏អាចញ៉ាំម្តងទៀតបាននៅក្នុងចន្លោះអាហារទាំង3ពេលរបស់អ្នក(ម៉ោង 9-10ព្រឹក និងម៉ោង 3-4 រសៀល)។ ផ្លែឈើគឺជាអាហារល្អបំផុតសម្រាប់បំពេញចំណង់អាហារនៅពេលអ្នកមានអារម្មណ៍ថាហេវ។
ចែកអាហារដែលនៅសល់ឱ្យតូចជាងមុន : បើដឹងខ្លួនថា អ្នកជាមនុស្សដែលចូលចិត្តបង្ហើយអាហារដែលនៅសល់នោះ អ្នកគួរតែឆ្លាតវៃក្នុងការធ្វើយ៉ាងណាឱ្យអាហាររបស់អ្នកមើលទៅនៅសល់តិចជាងមុន។ ខ្ចប់ដាក់ថង់ឬដាក់ចានផ្សេងគ្នាហើយយកទៅទុកកន្លែងផ្សេងដើម្បីកុំឱ្យឃើញហើយចេះតែនៅមិនសុខ។ បង្ហើយតែអាហារដែលនៅក្នុងចានដែលអ្នកបានឃើញទៅបានហើយ។
ទម្លាប់ទទួលទានបន្លែ : គ្រប់ពេលអាហារដែលតែងតែមានអវត្តមានបន្លែជាប់ជានិច្ចគឺជារឿងល្អបំផុត។ នៅពេលដែលអ្នកទទួលទាន បន្លែបានច្រើននោះ ការដាក់បញ្ចូលអាហារដែលសម្បូរទៅដោយជាតិខ្លាញ់មួយចំនួននឹងត្រូវបានកាត់បន្ថយ។
ចេះឃាត់ចិត្តខ្លួនឯង : ការតាំងចិត្តជារឿងសំខាន់ នៅពេលដែលអ្នកអាចគ្រប់គ្រងអារម្មណ៍នៃចំណង់អាហាររបស់អ្នកបាន នោះអ្នកពិតជាអាចឈានទៅរកភាពជោគជ័យបានជាក់ជាមិនខាន។
កុំអាងមានលុយ : មនុស្សមួយចំនួនមិនដែលខ្វល់ពីអ្វីនោះទេ ឱ្យតែនឹកឃ្លាន អ្វីក៏តម្រង់ទៅរកទិញភ្លាមព្រោះអាងថា លុយមានមិនខ្វះប៉ុន្តែសូមកុំភ្លេចឱ្យសោះណាថា ការដែលទទួលទានមិនគិតនេះហើយ ដែលធ្វើឱ្យទម្ងន់របស់អ្នកឡើងស្រឺតៗដោយមិនដឹងខ្លួន៕

ក្រសួងកសិកម្មណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ក្នុងការស្រាវជ្រាវ ផលិត និងផ្សព្វផ្សាយ ប្រភេទពូជស្រូវកន្តុលសុទ្ធ Japonica
រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម ខេត្តកំពង់ធំ ឱ្យបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសលើការងារស្រាវជ្រាវ ផលិត និងផ្សព្វផ្សាយ ប្រភេទពូជស្រូវកន្តុល Japonica ជូនប្រជាកសិករ ក្រោយពីបានសាកល្បងដាំដុះស្រូវពូជនេះប្រកបដោយជោគជ័យនៅខេត្តកំពង់ធំ។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីតាំងសាកល្បងការដាំដុះពូជស្រូវកន្តុលនៅខេត្តកំពងធំៗនាពេលកន្លងទៅ ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានសារទរចំពោះកិច្ចសហការ និងវឌ្ឍនភាព របស់ក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd សហគមន៍ និងសមាគមនៅខេត្តកំពង់ធំដែល សម្រេចបានជោគជ័យក្នុងការដាំដុះប្រភេទពូជស្រូវកន្តុល Japonica។
ឯកឧត្ដមក៏បានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្តឱ្យបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសលើការងារស្រាវជ្រាវ ផលិត និងផ្សព្វផ្សាយពូជស្រូវសុទ្ធប្រភេទនេះជូនប្រជាកសិករ ដើម្បីធានាដល់គុណភាព ផលិតភាព និងទីផ្សារ និងធ្វើយ៉ាងណាជួយក្រុមហ៊ុន សហគមន៍ និងសមាគមសម្រេចឱ្យបាននូវផែនការពង្រីកការដាំដុះរហូតដល់ 300ហិកតា។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានឱ្យដឹងទៀតដែរថា ពូជ japonica នេះនឹងត្រូវនាំចេញទៅប្រទេសចិន ដែលបច្ចុប្បន្នជាទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជា។
គួរបញ្ជាក់ថា ក្រុមហ៊ុន Jiangsu Long An Agricultural Co., Ltd បានធ្វើការសាកល្បងដាំដុះពូជស្រូវកន្តុល Japonica នៅក្នុងទឹកដីខេត្តកំពង់ធំ។បច្ចុប្បន្នក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍កំពង់គរ ក្នុងការសាកល្បងផលិតពូជស្រូវប្រភេទនេះលើផ្ទៃដីចំនួន 8ហិកតា ដោយក្នុង 1ហិកតា ទទួលបានផល 6.5តោន ហើយចំពោះតម្លៃវិញ គឺទទួលបាន 1,000រៀល ក្នុង 1គីឡូក្រាម។ ពូជស្រូវដែលក្រុមហ៊ុនប្រគល់ជូនសហគមន៍កំពង់គរ គឺមានភាពលូតលាស់ល្អប្រសើរ ទិន្នផលខ្ពស់ ធន់នឹងអាកាសធាតុ និងជំងឺ។
លោក Huang Ming An អ្នកស្រាវជ្រាវពូជស្រូវ នៅមន្ទីរពិសោធន៍ លើពូជស្រូវ Japonica នៃក្រុមហ៊ុន Jiangsu Long An បានឱ្យដឹងថា មន្ទីរពិសោធន៍របស់លោកឥឡូវកំពុងធ្វើការដាំស្រូវនៅលើផ្ទៃដី 8ហិកតាក្នុងខេត្តកំពង់ធំជាផ្នែកមួយនៃកម្មវិធីសាកល្បង។
ក្រុមហ៊ុន Jiangsu Long An ឥឡូវបានធ្វើការចរចាកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយសហគមន៍ក្នុងតំបន់ និងមានផែនការពង្រីកផ្ទៃដីដាំដុះឱ្យបាន 300ហិកតានៅក្នុងខេត្តកំពង់ធំ។ លោកឱ្យដឹងថា ការសាកល្បងលើពូជស្រូវកន្តុលនេះ អំពីភាពសុាំនឹងអាកាសធាតុ ដីត្រូវបានធ្វើតេស្តនៅក្នុងខេត្តជាច្រើននៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 2017 បន្ទាប់ពីក្រសួងនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីខែមករាជាមួយមន្ទីរពិសោធន៍ចិន2 គឺមជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវហ៊ូណាន និងក្រុមហ៊ុនJiangsu Long An ដើម្បីសិក្សាពីប្រភេទស្រូវរួមគ្នា។
លោក ចាន់ ពេជ្រ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Signatures of Asia បានថ្លែងថា ក្រុមហ៊ុនលោកបានសាកល្បងពូជស្រូវកន្តុលនេះ 2ទៅ 3ឆ្នាំដែរ។ លោកថា ការផលិតពូជស្រូវនេះ មិនមានជួបបញ្ហាអ្វីទេ ដោយទទួលបានទិន្នផល 4តោន ប៉ុន្តែនៅពេល លោកយកពូជស្រូវកន្តុលនេះ ទៅឱ្យកសិករដាំដុះ វាបែរជាសូវមានទិន្នផលខ្ពស់ទៅវិញ។ លោកពេជ្របានបន្តថា៖“ការដាំស្រូវកន្តុលនេះ យកទៅធ្វើជាពូជមិនមានបញ្ហាចោទទេ ដោយឡែកនៅពេលផ្តល់ឱ្យកសិករដាំ គឺបរាជ័យ។ ស្រូវកន្តុលនេះ តម្លៃក៏មិនថ្លៃដែរ តម្លៃវាលើសអង្ករសយើងប្រមាណ 150 ទៅ 250ដុល្លារប៉ុណ្ណោះក្នុង 1តោន ប៉ុន្តែតម្លៃវានៅទាបជាងអង្ករក្រអូបកម្ពុជាទេ”។ លោកពេជ្របន្តទៀតថា បើទោះបីជាលោកទិញពូជស្រូវកន្តុលនេះពីជប៉ុន និងវៀតណាមមកដាំ ក៏មិនទទួលបានជោគជ័យដែរ ប្រហែលដោយសារតែមានបញ្ហាជាមួយនឹងបច្ចេកទេសដាំដុះ។
លោកពេជ្របានឱ្យដឹងទៀតថា អ្វីដែរត្រូវធ្វើ គឺអ្នកស្រាវជ្រាវពូជ ត្រូវស្រាវជ្រាវពូជប្រភេទនេះ និងផលិតពូជនេះដោយខ្លួនឯងដែលធ្វើឱ្យមានទិន្នផលខ្ពស់។ ការដាំស្រូវ កន្តុលនៅស្រុកខ្មែរ គឺពិបាកធ្វើ ពីព្រោះមានក្រុមហ៊ុនជាច្រើនសាកល្បង តែមិនទាន់ទទួលបានជោគជ័យនៅឡើយ ដោយបានទិន្នផលមិនសូវខ្ពស់។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice បានមានប្រសាសន៍ថា ពូជស្រូវ Japonica មានសក្តានុពលខ្លាំង ប៉ុន្តែកម្ពុជានៅមិនទាន់បានត្រៀមខ្លួនដើម្បីដាំវាសម្រាប់គោលបំណងពាណិជ្ជកម្មនោះទេ។
លោកបានថ្លែងថា៖“បន្ទាប់ពីការធ្វើតេស្តជាច្រើនលើក យើងបានសន្និដ្ឋានថា ពូជស្រូវ Japonica អាចរីកចម្រើនយ៉ាងល្អនៅកម្ពុជាដោយមានទិន្នផលខ្ពស់”។
លោកបន្តថា ក្រុមហ៊ុនរបស់លោកក៏ធ្លាប់បានធ្វើតេស្តលើពូជមួយនេះដែរ ប៉ុន្តែលោកថា៖“ ទោះជាយ៉ាងណាក៏ដោយ ពូជស្រូវប្រភេទនេះត្រូវការទឹកច្រើន ដូច្នេះយើងត្រូវសិក្សាអំពីវិធីកាត់បន្ថយបរិមាណទឹកដែលវាត្រូវការ”។ យោងតាមលោក សារ៉ន ពូជស្រូវ Japonica អាចលក់បានយ៉ាងល្អនៅក្នុងប្រទេសកូរ៉េខាងត្បូង តួកគី និងប្រទេសមួយចំនួនទៀតនៅក្នុងសហគមន៍អឺរ៉ុប។
លោកសារ៉នថា បច្ចុប្បន្ននេះការដាំដុះស្រូវពូជJaponica នៅតែស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ យើងត្រូវការយ៉ាងហោចណាស់ពី 3ទៅ 4ឆ្នាំទៀតដើម្បីយល់ដឹងអំពីដំណាំស្រូវពូជនេះឱ្យកាន់តែប្រសើរឡើងទើបចូលក្នុងដំណាក់កាលពាណិជ្ជកម្ម។
គួរបញ្ជាក់ថា កាលពីឆ្នាំមុន ប្រទេសកម្ពុជាបាននាំចេញអង្ករ 626,225តោន ធ្លាក់ចុះ 1.5ភាគរយ ធៀបនឹងឆ្នាំ 2017។ ក្រុមហ៊ុនក្នុងស្រុកបាននាំចេញអង្ករ 3ប្រភេទ គឺអង្ករក្រអូប (493,597តោន ឬ 78.8% នៃការនាំចេញអង្ករ) អង្ករសគ្រាប់វែង (105,990តោន ឬ 16.9%) និងអង្ករចំហុយគ្រាប់វែង 26,638តោន ឬ 4.2%)។
ទីផ្សារធំបំផុតសម្រាប់អង្ករកម្ពុជានៅតែបន្តជាមួយសហភាពអឺរ៉ុបដែលបាននាំចូលជិត 270,000តោន ដែលស្មើនឹង 42.9% នៃការនាំចេញសរុប។ បើគិតតាមប្រទេសនីមួយៗ អ្នកទិញធំបំផុត គឺចិន (170,000តោន) បន្ទាប់មកបារាំង (90,000តោន) ម៉ាឡេស៊ី (40,000តោន) ហ្គាបុង (30,000តោន) និងហូឡង់ (26,000តោន)៕

រាជរដ្ឋាភិបាល៖ ធនាគារសហគ្រាសធុនតូច និងមធ្យម នឹងមានគោលនយោបាយលើកកម្ពស់គាំទ្រដល់ផលិតភាព
រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាដែលកំពុងដំណើរការរៀបចំបង្កើតនោះ មានគោលនយោបាយគាំទ្រដល់ការលើកកម្ពស់ផលិតភាពរបស់សហគ្រាសទាំងនោះ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ។ នេះបើតាមព័ត៌មានស្តីពីកិច្ចប្រជុំនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្តល់ការណែនាំដល់ក្រុមការងារសម្រាប់ការងារបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាឱ្យយកចិត្តទុកដាក់លើការរៀបចំផែនការអាជីវកម្មរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
ពោលគឺ ដើម្បីធានាឱ្យបានថា ធនាគារនេះនឹងអាចដើរតួនាទីជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រដល់ការលើកកម្ពស់ផលិតភាពរបស់សហគ្រាសធុនតូច និងមធ្យម និងការធ្វើពិពិធកម្មសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ2015-2025។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្នើឱ្យក្រុមការងារធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាសិក្សាអំពីលទ្ធភាពឱ្យធនាគារជំរុញការអនុវត្តគោលនយោបាយលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យមដែលស្ថិតក្នុងវិស័យអាទិភាព ដូចជាកសិ-ឧស្សាហកម្ម វិស័យផលិតកម្ម វិស័យទេសចរណ៍ ជាដើម ក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះបានពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន ទី1-ផែនការអាជីកម្ម ទី2-រចនាសម្ព័ន្ធគ្រប់គ្រងធនាគារ និងទី3-កិច្ចការផ្សេង។ អង្គប្រជុំបានឯកភាពជាគោលការណ៍លើផែនការអាជីវកម្ម ផែនការហិរញ្ញវត្ថុរយៈពេល 3ឆ្នាំ និងការជ្រើសរើសបេក្ខភាពជាថ្នាក់ដឹក នាំជាន់ខ្ពស់របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា។
ការកំណត់បេសកកម្មរបស់ធនាគារនេះក្នុងការជំរុញ និងគាំទ្រការផ្តល់ហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម ជាពិសេសគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមដែលបម្រើដល់ការនាំចេញ និងបង្កើតខ្សែចង្វាក់តម្លៃ ដែលជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ អង្គប្រជុំក៏លើកឡើងពីការងារចាំបាច់មួយចំនួនទៀតដែលជាមូលដ្ឋានសម្រាប់ការបង្កើត និងដំណើរការធនាគារនេះផងដែរ។
ជារួម មកទល់ពេលនេះ ការសិក្សាអំពីលទ្ធភាពនៃការបង្កើតក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការរៀបចំផែនការអាជីវកម្ម និងរចនាសម្ព័ន្ធដឹកនាំរបស់ធនាគារដើម្បីឈានដល់ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ត្រូវបាននិងកំពុងរៀបចំស្ទើរតែបញ្ចប់ទាំងស្រុងហើយ។ ជាមួយគ្នានេះដែរ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាត្រូវបានរំពឹងថានឹងចាប់ដំណើរការនាពេលដ៏ខ្លីខាងមុខនេះ។
សូមរំឭកថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានសម្រេចផ្តល់ថវិកាចំនួន 100លានដុល្លារអាមេរិក សម្រាប់ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យសហគ្រាសធុនតូច និងមធ្យម សំដៅចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន៕

ស្ងាត់ៗ សួស វីសា ភ្ជាប់ពាក្យជាមួយ ថមមី
នៅលើបណ្ដាញសង្គមហង្វេសប៊ុកនេះមុនបន្ដិច បានឱ្យដឹងឃើញថា តារាសិល្បៈជាច្រើនដួង បានចូលរួមកម្មវិធីភ្ជាប់ពាក្យរបស់តារាចម្រៀងស្រី សួស វីសា ជាមួយតារាសម្ដែងប្រុស ថមមី នៅព្រឹកថ្ងៃទី 7 ខែមិថុនា ឆ្នាំ 2019 នេះ ។ កាន់តែភ្ញាក់ផ្អើលបំផុតនោះ កម្មវិធីភ្ជាប់របស់តារាស្រីរូបនេះ ហាក់បីដូចជាមិនចង់ទម្លាយព័ត៌មានឡើយ ពោលគឺរៀបចំបែបស្ងាត់ៗ។
តែយ៉ាងណាមិញ យោងតាមប្រភពពីចង្កោមអ្នកសិល្បៈ និយាយថា វីសា និងថមមី បានពិសោធស្នេហ៍ជាមួយគ្នាមួយរយៈធំមកហើយ ដែលពួកគេធ្លាប់ចែកផ្លូវគ្នាមួយរយៈទៀតផង ដោយសារមិនចុះសម្រុងគ្នា។ កន្លងមក អ្នកទាំងពីរ (វីសា-ថមមី) ធ្លាប់បានរួមរស់ក្រោមដំបូលតែមួយទៀតផង ប៉ុន្តែក្រោយពេលត្រូវរ៉ូវគ្នាជាថ្មី សម្ព័ន្ធស្នេហ៍របស់អ្នកទាំងពីរមិនទាន់ដូចដើមនៅឡើយទេ។ ប៉ុន្តែពួកគេគ្រោងនឹងរៀបការឆាប់ៗ ដើម្បីការពារចំណងស្នេហ៍ឱ្យបានកាន់តែរឹងមាំ។
យ៉ាងណាមិញ ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ នៅមិនទាន់បានបញ្ចេញពេលាការឱ្យអ្នកគាំទ្របានដឹងនោះទេ អ្វីដែលសំខាន់ខណៈបានឃើញអ្នកទាំងពីរបានកាន់ដៃគ្នាដល់ចំនុចនេះ អ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរឱ្យ វីសា និងស្វាមី កាន់តែមានសេចក្ដី និងស្រឡាញ់គ្នាបានយូរអង្វែងផងដែរ៕



ឌួង ហ្សូរីដា ត្រូវបានតែងតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទៈតំណាងសមាគមអភិរក្សដំរីអៃរាវត្តាខេត្តរតនៈគិរី
ដូចដែលបងប្អូនភាគច្រើនបានស្គាល់យ៉ាងច្បាស់តារាស្រី ឌួង ហ្សូរីដា ដែលជាពិធីការិនី និងតារាសម្តែងល្បីឈ្មោះ ជាពិសេសគឺជាអ្នកជំនួញស្រីដែលមានភាពឈ្លាសវៃ។ ថ្មីៗនេះដោយចិត្តស្រលាញ់ចូលចិត្តសត្វដំរី ឌួង ហ្សូរីដា តែងធ្វើដំណើរទៅកាន់ភូមិភាគឦសាន្ត ខេត្តរតនៈគិរីដើម្បីចូលទស្សនា និងសួរសុខទុក្ខសត្វដំរីដែលត្រូវបានគេអភិរក្សនៅទីនោះ។
មុននេះបន្តិចតាមរយៈប្រភពផ្លូវការរបស់សមាគមអភិរក្សដំរីអៃរាវត្តា (Airavata Elephant Foundation) បានប្រកាសឲ្យដឹងថាពេលនេះ ឌួង ហ្សូរីដា គឺទទួលបានការតែងតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទៈតំណាងសមាគមមួយនេះ។ ដោយនាងមានភារកិច្ចផ្សព្វផ្សាយពីការអភិរក្សសត្វដំរីនៅកម្ពុជា ព្រោះតែសត្វដំរីនៅប្រទេសកម្ពុជាយើងស្ទើរតែផុតពូជទៅហើយ។ ដោយដំរីដែលសមាគមអភិរក្សដំរីអៃរាវត្តាធ្វើការថែទាំ គឺជាដំរី៤ក្បាលចុងក្រោយដែលរស់រានមានជីវិតលើទឹកដីខេត្តរតនៈគិរី។
ទាំង ឌួង ហ្សូរីដា និងលោក ហេរ៉ូ សុទ្ធតែអះអាងពីឆន្ទៈដាច់ខាត ដើម្បីសត្វដំរី ដោយក្រៅពីប្រកាសចំណាយពេលដោយមិនគិតផលប្រយោជន៍ជាមួយសត្វដំរី ក៍ប្រកាសនឹងជួយធ្វើយុទ្ធនាការរ៉ៃអង្គាសដើម្បីស្វែងរកមូលនិធិ ជួយដល់សត្វដំរីផង។ ក្នុងនោះ កញ្ញា ឌួង ហ្សូរីដា បានបង្ហោះខ្លឹមសារបង្ហាញពីមូលហេតុ ដែលនាំអោយមានការស្ម័គ្រចិត្តនេះថា”មានចម្ងល់ជាច្រើនចោទសួរថា : ហេតុអ្វីបានជា ហ្សូរីដា បែរជាចាប់អារម្មណ៍ទៅជាស្រលាញ់និងចូលចិត្តដំរីដែលជាសត្វធំ ពិបាកនិយាយស្តាប់គ្នាបែបនេះ?
ដំរីគឺជាសត្វមួយដែលធំ និង អាយុវែងជាងគេទាំងអស់ក្នុងចំណោមសត្វស្រុកនិងព្រៃ។ កាលពីសម័យដើមដំរីត្រូវបានគេគោរពបូជា ជាព្រះគីណេ តំណាងនូវសេវ:ល្អ ប្រជាប្រិយភាព និង ជាទីគោរពស្រលាញ់នៃអ្នកផងទាំងពួង។
តាំងពីតូចៗមក ឪពុកបង្កើតរបស់ពួកខ្ញុំតែងតែនិទានរឿងដំរីអោយពួកយើងស្តាប់ថា ដំរីជាសត្វដ៍ស្មោះត្រង់ តស៊ូ អំណត់ ព្យាយាមរាល់ការងារធ្ងន់ៗ ជាពិសេសតែស្រលាញ់និងចូលចិត្តអ្នកណាហើយ គឺស្នេហារបស់គេជាស្នេហាអមត:។
:elephant: ហើយអ្វីដែលសំខាន់ម្តាយខ្ញុំធ្លាប់ប្រាប់ថា ភ្នែករបស់ឪពុកខ្ញុំ តូចៗមាន២គន្លាក់ធំៗដូចសត្វដំរីអញ្ចឹង បានន័យថាភ្នែកប៉ាប៉ារបស់កូនដូចភ្នែក “ដំរី” ដូច្នេះហើយបានជាឪពុកខ្ញុំស្រលាញ់ ថ្នាក់ថ្នមម្តាយខ្ញុំនិងកូនៗដ៍ល្អបំផុត។ ភាពល្អរបស់ឪពុកខ្ញុំ បានធ្វេីអោយម្តាយខ្ញុំរស់នៅជាស្រ្តីម៉េម៉ាយចិញ្ចឹមកូនៗតែម្នាក់ឯងរហូតជិត ២០ឆ្នាំដល់ពេលបច្ចុប្បន្ន បន្ទាប់ពីលោកចែកឋានទៅ។ អ្នកម្តាយមិនព្រមទទួលអ្នកថ្មីមកជំនួសលោកជាប្តី ក៍ព្រោះតែគាត់បានប្រាប់ថា “ជាតិនេះ គ្មានអ្នកណាល្អដូចឪពុករបស់កូនៗឡើយ” ។
អាចជានិស្ស័យដែលបណ្តាលអោយជួបបងស្រី ចិន្តា ជាប្រធានសមាគមនអៃរាវត្តា ក្នុងកម្មវិធីជាច្រើននៃ CWEA ប៉ុន្តែមិនសូវបានចាប់អារម្មណ៍ថាបងស្រីធ្វើការជាមួយដំរីនេះយូរឆ្នាំមកហើយទេ ទើបតែបានចូលរួមក្នុងកម្មវិធីសមោសរៃអង្គាស់ដើម្បីអភិរក្សដំរីនៅស្ថានទូតបារាំងឆ្នាំ២០១៨ ហេីយក៍បានចូលរួមជាថវឹកាមូលនិធិដែរ។ ហើយថ្មីៗ នេះបងស្រីក៍បានអញ្ជើញនាងខ្ញុំនិង លោក ហេរ៉ូ ចូលរួមជាពិធិករ ពិធិធីការនី ក្នុងកម្មវិធីរាត្រីសមោសឆ្នាំទី២ Le Raffle Hotel ។ ក្រោយមកដោយសារឃើញពីសកម្មភាពការងារសង្គម និង ការចូលរួមលើកកម្ពស់ស្មារតីជាច្រើនរបស់នាងខ្ញុំ ទើបបងស្រី ចិន្តា សម្រេចស្នើរទៅក្រុមប្រឹក្សាភិបាល និង មកខ្ញុំផ្ទាល់ជាទូតសុច្ចឆន្ទះប្រចាំ Airavata Khmer Elephant Found” ការបង្ហោះរបស់នាង ក៍ជាអ្វីដែលលោក ហេរ៉ូ ប្រកាសថាជាគោលគំនិតរបស់ខ្លួនផងដែរ៕


ណុប បាយ៉ារិទ្ធ បង្ហោះសារហួសចិត្តរឿងថ្លៃអនាម័យសំរាម ទាំងលោកអះអាងថា ហាងលោកសឹងតែគ្មានសំរាមសោះ
ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែន ខណៈថ្ងៃម្សិលមិញនេះត្រូវថ្ងៃទី 6 ខែមិថុនា ឆ្នាំ 2019 កំពូលតារាចម្រៀងសំឡេងក្មេងមុខចាស់ប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ បានបង្ហោះរូបភាព និងសារយ៉ាងវែងអន្លាយ រៀបរាប់ពីចម្ញល់ក្រដាស់ភ្លើង ជាពិសេសគឺតម្លៃអនាម័យតែម្ដង ខណៈដែលលោកអះអាងថា លក់តាមអនឡាញន៍សឹងតែគ្មានសំរាមសោះដល់ពេលចេញថ្លៃសំរាមស្រាប់តែងឿងឆ្ងល់ហួសចិត្តតែម្ដង។
តារាចម្រៀងដ៏ល្បីគឺលោក ណុប បាយ៉ារិទ្ធបានបង្ហោះសារយ៉ាងមានចំងល់ងឿងឆ្ងល់យ៉ាងដូច្នេះថា« ខ្ញុំមានចង្ងល់មួយ ទាក់ទងនិងតម្លៃផ្នែកអនាម័យ បងប្អូនដែលដឹងអាចប្រាប់ខ្ញុំផងបានទេ ? ជារៀងរាល់ខែខ្ញុំទទួលក្រដាស់ភ្លើង ចាប់តាំងពីខែ10 ឆ្នាំ 2018មក នៅហាងលក់ដូរអនឡាញន៍របស់ខ្ញុំ គឺតម្រូវឱ្យបង់អនាម័យ (សម្រាមតែ4000រៀល) ប៉ុណ្ណោះក្នុង1ខែ។
សូមបញ្ជាក់៖ ហាងរបស់ខ្ញុំសឹងតែអត់មានសំរាមទេថ្ងៃខ្លះ លុះមកដល់ខែ4នេះ ថ្លៃភ្លើងអស់តែ592០០រៀល តែក្រដាស់ភ្លើងចេញមកអស់ ដល់ទៅ231640រៀល ពេលសួរទៅគេបានប្រាប់ថា ជំពាក់ថ្លៃសម្រាម ។ ខ្ញុំឆ្ងល់ សម្រាមបង់រាល់ខែ 4000រៀល មិនដែលខ្វះមួយខែផង ជំពាក់អីគេ ? គេថាហាងខ្ញុំបើកហាងរកស៊ីលក់ក្រណាត់ លក់ខោអាវ មានសំរាមច្រើនណាស់ ។ អុញ ...! តាមពិតហាងរបស់ខ្ញុំលក់ផលិតផលអនឡាញន៍តិចតួចត្រឹមតែ4មុខប៉ុណ្ណោះ ។ ពេលខាងបុគ្គលិកក្រុមហ៊ុនចុះមកមើលផ្ទាល់គេថា ខាងគេច្រលំ តាមពិតហាងបងលក់អនឡាញន៍មែន តែក្រុមហ៊ុនខ្ញុំឡើងថ្លៃ អោយតែបើកជាហាងត្រូវបង់១ខែ ៦០០០០ទាំងអស់ (តែខ្ញុំអត់មានបានទទួលតំណឹងតំឡើងថ្លៃពីមុនមកទេ) សុខៗដល់ខែគឺគេបូកបន្ថែមយកតែម្តង ហើយបូកតាំងពីខែចាស់ៗមករហូតដល់ខែ៤ ។
ភ្លើងប្រើមួយខែៗ ខែខ្លះអស់ជិត10 ម៉ឺន ខែខ្លះ5 ម៉ឺនជាងក្នុង4ខែព្រោះបើកតែកង្ហាល់1 បុគ្គលិកម្នាក់ តែដល់តែសំរាមមួយខែលេងទារ6ម៉ឺន???????កូនហាងតូចមួយគេតម្រូវឱ្យបង់ថ្លៃសំរាមខែ60000រៀល ទាំងមួយថ្ងៃៗហាងខ្ញុំសឹងតែគ្មានសំរាមសោះ ។ ប្រសិនបើហាងខ្ញុំមានសំរាមច្រើនដូចគេនោះខ្ញុំអត់និយាយទេ ខ្ញុំក៏មិនតវ៉ាដែរ ខ្ញុំគិតថាគួរតែបង់
តែថ្ងៃខ្លះសូម្បីសំរាម1ថង់អត់មានផងដោយសារភាគច្រើនចេញទៅហូបតែខាងក្រៅ ។ ខ្ញុំអត់យល់ទេ ពិតជាអត់យល់មែន ចឹងបើបងប្អូនណាយល់ជួយពន្យល់ខ្ញុំផង ពី4000រៀលក្នុង1ខែ ឡើងដល់60000រៀលក្នុង1ខែ ។ បញ្ជាក់៖ ខ្ញុំសូមនិយាយតែរឿងសេវ៉ាផ្នែកអនាម័យ មួយមុខប៉ុណ្ណោះ »។ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម៖


ពិតជារំភើប!! តារាសម្ដែង សឿ សុធារ៉ា នាំអំណោចសប្បុរធម៌ចែកបងប្អូនខ្វះខ្វាតក្នុងថ្ងៃកំណើតខ្លួន
នៅពេលថ្មីៗនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្ដែងស្រី សឿ សុធារ៉ា គេមើលឃើញអ្នកនាងពានបង្ហោះរូបភាពជាច្រើនសន្លឹក ខណៈកំពុងតែចែកអំណោយជូនលោកអ៊ំ លោកពូ អ្នកមីង ក្មេងៗ ដែលកំពុងជួបប្រទះអជីវភាពខ្វះខាតខ្លាំងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ផ្អែកលើរូបភាពជាច្រើនសន្លឹកនោះ អ្នកនាង សឿ សុធារ៉ា បានសរសេរបង្ហោះថា ”Happy birthday to me គំរប់33ឆ្នាំថ្មី។ សូមជូនបុណ្បបងប្អូនខ្មែរទាំងអស់គ្នាផងចំពោះអំណោយទេវតាសំរាប់លោកតាលោកយាយចាស់ៗទីទាល់ក្រ ចំនួន33គ្រួសារ ក្រៅពីអង្ករ....សម្តេចទាំងទ្វេលោកសប្បុរសបន្ថែមនៅទឹកប្រាក់ក្នុងម្នាក់បានចំនួន40000រៀល ហើយក្រុមការងារអំណោយទេវតានិងបន្តធ្វើគ្រប់ទីកន្លែង ស្មើៗគ្នា : Sapoun Mi Dada “វិមានខ្មែរឈ្នះឈ្នះ””។
យ៉ាងណាមិញ តារាសម្ដែង អ្នកនាង សឿ សុធារ៉ា បានប្រាប់សារព័ត៌មានឡារ៉ែនថា អំណោយសប្បុរសធម៌ទាំងអស់នេះ គឺជាអំណោយទទួលបានពីសម្ដេចនាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត្យ ដែលអ្នកនាងនាំយកទៅប្រគល់ជូនអ្នកខ្វះខាត នៅឯវិមានឈ្នះៗ ចំនួន៣៣គ្រួសារ។ អ្នកនាងថា ក្រៅពីអំណោយរបស់សម្ដេចសប្បុរសធម៌ទាំងពីរ អ្នកនាង និងស្វាមី ក៏បានចាត់ចែងជាអំណោយផ្សេងទៀត ដើម្បីប្រគល់ជូនផងដែរ ដើម្បីចែករំលែកក្ដីស្រលាញ់ ក្នុងថ្ងៃខួបកំណើតរបស់ខ្លួន។
អ្នកនាង សឿ សុធារ៉ា បន្ដបញ្ជាក់ដែរថា សម្រាប់ខួបកំណើតឆ្នាំនេះ អ្នកនាង មិនធ្វើពិធីជប់លៀងជាលក្ខណៈធំដុំនោះទេ ដោយអ្នកនាងយកពេលដឹកនាំក្រុមការងារសប្បុរសធម៌របស់សម្ដេចទាំងពីរ យកអំណោយទៅប្រគល់ជូនតាយាយដែលស្នាក់នៅតំបន់វិមានឈ្នះៗវិញ ដើម្បីឱ្យពួកគាត់សប្បាយចិត្ត។ អ្នកនាង និងស្វាមី ក៏មាននាទីដឹកនាំអំណោយសប្បុរសធម៌របស់សម្ដេចទាំងពីរបែបនេះ យកទៅប្រគល់ជូនគ្រួសារខ្វះខាតផ្សេងទៀតផងដែរ ដោយគ្រាន់តែការប្រគល់អំណោយកាលពីថ្ងៃទី5 មិថុនា គឺជាការប្រគល់ចំថ្ងៃខួបកំណើតរបស់ខ្លួន ហើយធ្វើឡើងចំថ្ងៃខួបកំណើតវ័យ33ឆ្នាំរបស់ខ្លួន ដើម្បីឱ្យលោកតាលោកយាយដែលនាងប្រគល់អំណោយបានសប្បាយចិត្ត៕




