មហាជនជាច្រើនពិតជាចាំច្បាស់អំពីទឹកដមសំឡេងរបស់បេក្ខភាព Cambodian Idol កន្លងទៅថ្មីៗនេះគឺលោក ជា សុភា ផ្អែមពិរោះកម្រិតណាហើយ។ (more…)
Category: សង្គម និងសេដ្ឋកិច្ច

បញ្ចប់ចំណងស្នេហ៍ចាស់ លោក ថៃ នរៈសត្យា បង្ហាញមុខភរិយាថ្មីវ័យក្មេងសម្រស់មិនចាញ់តួឯកកុន
គ្មាននរណាម្នាក់បានជ្រាបដឹងថា លោក ថៃ នរៈសត្យា រដ្ឋលេខាធិកា ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានបញ្ចប់ចំណងស្នេហាជាមួយអ្នកនិពន្ធល្បីឈ្មោះ និងត្រូវជាម្ដាយបង្កើតរបស់ Freshie Boy លោកថៃ នរៈវិទូនោះទេ។ (more…)

ចំណេះដឹងល្អសម្រាប់បងៗស្រ្តីមេផ្ទះទាក់ទងនឹងផ្លែឈើគ្រប់មុខ
លេខនេះ ឡារ៉ែន មានចំណេះដឹងពិសេសបំផុតដែលទាក់ទងនឹងផ្លែឈើមកជម្រាបជូនបងៗស្រ្តីមេផ្ទះ ដែលធានាថា នៅពេលដែលបានដឹងហើយ បងៗច្បាស់ជានឹងយកចំណេះដឹងនេះទៅចែករំលែកបន្តទៀតជាមិនខាន។ ដូច្នេះយើងនាំគ្នាមកមើលថា តើចំណេះដឹងទាក់ទងនឹងផ្លែឈើនេះមានអ្វីខ្លះ ដូចតទៅ៖
– ចំពោះផ្លែប៉ោម
. គួរលាងផ្លែប៉ោមឱ្យបានស្អាតមុននឹងទទួលទាន ព្រោះជួនកាលជី ឬថ្នាំសម្លាប់សត្វល្អិតដែលគេបាញ់ដាក់ដើមផ្លែប៉ោមនោះ អាចនៅមានសេសសល់ជាប់នៅលើផ្លែប៉ោម និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់សុខភាពអ្នកញ៉ាំបាន។. ពេលត្រូវចិតសម្បកផ្លែប៉ោមចំនួនច្រើន បងៗស្រ្តីមេផ្ទះគួរប្រើទឹកក្តៅឧណ្ហៗលាងផ្លែប៉ោមជាមុនសិន ព្រោះវានឹងធ្វើឱ្យកាន់តែងាយស្រួលចិតសម្បកចេញ។
. ពេលចិតសម្បកផ្លែប៉ោម ដើម្បីកុំឱ្យសាច់ផ្លែប៉ោមឡើងពណ៌ក្រហមជាំ និងសាច់ឡើងផុសៗនោះ បងៗគួរដាក់នៅក្នុងចានដែលមានទឹកត្រជាក់ និងដាក់អំបិលចូលទៅបន្តិចផង។
. និងពេលចិតសម្បកផ្លែប៉ោម សម្រាប់ធ្វើជាទឹកជ្រលក់ផ្លែប៉ោម(ដូចទឹកប៉េងប៉ោះ) បងៗគួររក្សាទុកសម្បកវាផង ដើម្បីយកវាទៅដាក់ស្ងោរដោយដាក់ទឹកតែបន្តិចបានហើយ រួចហើយប្រើទឹកដែលស្ងោរសម្បកផ្លែប៉ោមនេះជំនួសទឹកធម្មតាក្នុងការធ្វើទឹកជ្រលក់ផ្លែប៉ោមនេះ ព្រោះវានឹងធ្វើឱ្យមានរសជាតិឆ្ងាញ់ ហើយពណ៌របស់ទឹកជ្រលក់ផ្លែប៉ោមដែលយើងធ្វើហើយនោះល្អជាងប្រើទឹកធម្មតាធ្វើ ។
– ចំពោះផ្លែចេកអំបូង ឬចេកណាំវ៉ា
. ចូរកុំរក្សាទុកចេកអំបូងនៅក្នុងទូទឹកកក ព្រោះនឹងធ្វើឱ្យសម្បកវាឡើងខ្មៅ តែបើចង់ញ៉ាំចេកអំបូងត្រជាក់ៗ គួរដាក់វាក្នុងទូទឹកកកល្មមតែញ៉ាំអស់ 1ពេលៗបានហើយ និងដាក់នៅក្នុងជាន់ក្រោមបំផុត(ក្នុងប្រអប់ដាក់បន្លែ)របស់ទូទឹកកក។
. សាច់ចេកអំបូង ឬចេកណាំវ៉ានឹងមិនឡើងខ្មៅបន្ទាប់ពីបកសម្បកហើយទេ បើសិនជាបានជ្រលក់ចូលក្នុងទឹកក្រូចឆ្មារបន្តិច ហើយបើយកទៅធ្វើញាំផ្លែឈើផងនោះ និងរឹតតែមានរសជាតិឆ្ងាញ់ថែមទៀត។– ចំពោះផ្លែក្រូចគ្រប់ប្រភេទ
. ផ្លែក្រូចគ្រប់ប្រភេទ ក៏មិនគួររក្សាទុកក្នុងទូទឹកកកដែរ ព្រោះនឹងធ្វើឱ្យផ្លែក្រូចកាន់តែមានរសជាតិជូរឡើង វិធីទុកដាក់ផ្លែក្រូចដែលត្រឹម-ត្រូវនោះគឺ ដាក់នៅក្នុងថាស និងទុកនៅក្នុង កន្លែងដែលមានខ្យល់ចេញចូល តែមិនសើម អាប់ ឬស្ងួតខ្លាំងពេកឡើយ ។
. សម្រាប់ផ្លែក្រូចថ្លុងពេលបកសម្បកសម្រាប់រៀបចំពិសាក្នុងពិធីជប់លៀង គួរបកដោយប្រើវិធីពុះសម្បកជុំវិញ ទទឹងផ្លែចំកណ្តាល(កុំចិតក្បាលចេញ) ពុះសន្សឹមៗរហូតដល់សម្បកក្នុង តែត្រូវប្រយ័ត្នកុំឱ្យមុខកាំបិតប៉ះនឹងសាច់ក្រូច រួចហើយយកសម្បកចេញដោយប្រើចុងម្រាមដៃរបស់យើងលូកចូលទៅម្តងបន្តិចៗ និងប្រយ័ត្នកុំឱ្យរហែកសម្បក។ ពេលយកសម្បកចេញបានទាំងពីរខាងហើយ ចូរទុកចោលមួយអន្លើសិន បន្ទាប់មកបកសម្បកក្នុងដែលជាប់នឹងសាច់ចេញឱ្យស្អាត រួចរៀបចូលទៅវិញឱ្យមានរូបរាងដូចដើម។ លោកអ្នកអាចប្រើសម្បកក្រូចថ្លុងនោះជំនួសចានដាក់ផ្លែឈើបានយ៉ាងស្អាតក៏បានដែរ។
. ចំណែកផ្លែក្រូចឃ្វិចវិញ នៅពេលយើងបកសម្បកចង់ញ៉ាំម្តងៗ យើងតែងជួបនឹងសរសៃ-សៗនៅជាប់ពាសពេញលើសាច់ក្រូចនោះ ធ្វើឱ្យរំខាន និងមានការពិបាកបេះចេញម្តងមួយសរសៃៗខ្លាំងណាស់ តែសូមលោកអ្នកកុំអាលរំខានចិត្តអី វិធីងាយៗក្នុងការធ្វើឱ្យសរសៃ-សៗទាំងនោះជាប់អស់ទៅនឹងសម្បកពេលបកពិសានោះគឺ គ្រាន់តែយកផ្លែក្រូចឃ្វិចទៅដាក់ត្រាំក្នុងទឹកក្តៅឧណ្ហៗឱ្យលិចផ្លែ ទុកចោលប្រមាណជា 5-10នាទី រួចហើយស្រង់យកមកបកពិសា… តែប៉ុណ្ណឹងសរសៃ-សៗទាំងនោះនឹងជាប់ទៅជាមួយសម្បកអស់ជាមិនខាន ឯរសជាតិនៅតែឆ្ងាញ់ដូចមុនដដែល។
. សម្រាប់ផ្លែក្រូចឆ្មារដែលទុកចោលយូរ ឡើងក្រៀមនោះ វានឹងស្រស់ ហើយមានទឹកច្រើនឡើងវិញបើបានយកទៅដាក់នៅក្នុងចាន ឬឆ្នាំងដែលមានទឹកក្តៅឧណ្ហៗ ដោយទុកឱ្យទឹកវានៅក្តៅបែបនោះរយ:ពេលប្រមាណជា 1ម៉ោង (តែត្រូវប្រយ័ត្នកុំឱ្យទឹកក្តៅនោះពុះ) រួចហើយសឹមស្រង់ឡើងយកមកទុកឱ្យស្ងួតមុននឹងយកទៅប្រើការ។ ក្រូចឆ្មារនោះនឹងមានទឹកច្រើនឡើងវិញ និងមានរសជាតិដូចពេលនៅស្រស់ដដែល។
– ចំពោះផ្លែខ្នុរ និងផ្លែទៀប
. លោកអ្នកគួរតែជ្រើសរើសយកផ្លែខ្នុរ និងផ្លែទៀបណាដែលមានក្រឡាធំៗ ឬមានបន្លាឆ្ងាយៗពីគ្នា ព្រោះពេលបកពិសានឹងបានសាច់ក្រាស់ៗ ហើយមានសាច់ច្រើនទៀតផង ។– ចំពោះផ្លែ ឃែនតាលូប (ត្រសក់ស្រូវបារាំង ឬផ្លែម៉ឺឡុង) និងផ្លែឪឡឹក
. សម្រាប់ផ្លែ ឃែនតាលូប នៅពេលដែលលោកអ្នកពុះ និងចង់ទុកមួយចំហៀងសម្រាប់ទទួលទានថ្ងៃក្រោយនោះ បងៗស្រ្តីមេផ្ទះគួររក្សាគ្រាប់របស់វាឱ្យនៅដដែលកុំខ្វេះចេញ ព្រោះវានឹងជួយរក្សាសំណើមរបស់ផ្លែឃែនតាលូបនោះ និងធ្វើឱ្យនៅស្រស់ថ្មីរហូតទាល់តែលោកអ្នកយកមកពិសានៅពេលក្រោយបាន។
. ចំណែកឯផ្លែឪឡឹកវិញ នៅពេលពុះហើយ បើលោកអ្នកចង់រក្សាទុកមួយចំហៀងសម្រាប់ពិសានៅពេលក្រោយនោះ ចូរយកថង់ប្លាស្ទិកស្ដើងៗ ថ្លាៗ មកបិទពីលើសាច់ឪឡឹកនោះ រួចហើយសឹមយកទៅទុកក្នុងទូទឹកកក។ ផ្លែឪឡឹកដែលនៅសល់មួយចំហៀងនោះនឹងនៅស្រស់ ស្រួយ និងមិនចូលខ្យល់នាំឱ្យខូចរសជាតិឡើយ។
. បើចង់ឱ្យសាច់ផ្លែឪឡឹកកាន់តែផ្អែម ស្រួយឆ្ងាញ់ឡើងទៀតនោះ នៅពេលដែលលោកអ្នកចិតដាក់ចានហើយ ចូររោយស្ករ-សពីលើបន្តិច មុននឹងយកទៅដាក់ក្លាស្សេក្នុងទូទឹកកក សាច់ឪឡឹកនោះនឹងកាន់តែមានរសជាតិផ្អែមជាប់ចិត្តឡើងទៀតមិនខាន។
. វិធីរក្សាផ្លែឪឡឹកឱ្យនៅត្រជាក់ស្រេប និងផ្អែមស្រស់បានយូរសម្រាប់ទុកយកទៅពិសាក្នុងពេលទៅដើរលេងនៅទីឆ្ងាយ គឺ ផ្លែឪឡឹកដែលរក្សាទុកនៅក្នុងទូទឹកកករហូតឡើងត្រជាក់ស្រេបហើយ បើចង់យកទៅទុកពិសានៅពេលទៅដើរលេងនៅទីឆ្ងាយនោះ ចូរយកក្រដាសកាសែតស្ងួតៗមករុំឱ្យជិត វានឹងធ្វើឱ្យផ្លែឪឡឹកនោះនៅតែរក្សាភាពត្រជាក់បានយូររហូតដល់ពេលពុះពិសាមិនខាន។– ចំពោះផ្លែល្ហុង និងផ្លែម្នាស់
. សម្រាប់ផ្លែល្ហុង ការថែរក្សាទុកដាក់ក៏ដូចផ្លែឪឡឹកដែរ តែពេលចិតពិសា បើលោកអ្នកចង់ឱ្យសាច់ល្ហុងមានរសជាតិប្លែក និងកាន់តែឆ្ងាញ់មាត់ឡើងនោះ ចូរច្របាច់ក្រូចឆ្មារពីលើបន្តិច វានឹងជួយលើករសជាតិឡើងថែមទៀត។
. ចំណែកឯផ្លែម្នាស់វិញ ពេលចិតជាចំណិតៗដាក់ចានហើយ ចូររោយអំបិលពីលើបន្តិច នឹងធ្វើឱ្យសាច់ម្នាស់នោះកាន់តែមានរសជាតិផ្អែមឡើង និងមិនធ្វើឱ្យរមាស់កទៀតផង៕
ទៅលេង Shizuoka តំបន់តែបៃតងធម្មជាតិក្នុងប្រទេសជប៉ុន
បើនិយាយអំពីតំបន់តែបៃតងវិញនោះ អ្នកទេសចរភាគច្រើនៗតែនឹកទៅដល់តំបន់អ៊ុជិ ខេត្តកៀវតូ ឬមិនទេ សាយ៉ាម៉ាក់ ខេត្តសៃតាម៉ាក់ មិនខាន តែការពិតវិញ ខេត្តឈិហ៊្សូអូកាក់(Shizuoka)គឺជាមជ្ឈមណ្ឌលផលិតតែធំជាងគេលំដាប់លេខ1 របស់ប្រទេសជប៉ុន។ ខេត្ត Shizuoka ស្ថិតនៅមិនឆ្ងាយពីទីក្រុងតូក្យូប៉ុន្មានទេ ដូច្នេះសម្រាប់អ្នកដែលបានទៅលេងទីក្រុងតូក្យូ ក៏អាចធ្វើដំណើរទៅទស្សនាចម្ការតែបៃតងបានយ៉ាងសប្បាយៗ។
MaKinohora
ម៉ាគីណូហូរ៉ាក់ គឺជាចម្ការតែបៃតងដែលស្ថិតនៅក្នុងខេត្ត Shizuoka ហើយថែមទាំងជាចម្ការតែដែលមានប្រវត្តិចំណាស់បំផុតក្នុងការដាំដើមតែទៀតផង។ នៅទីនេះ អ្នកស្រុកនាំគ្នាដាំដើមតែតាំងពីសម័យ មេជិ(គ្រិស្តសករាជ1868-1912) ដោយដើមតែនឹងដុះធំធាត់ឡើងទៅតាមបណ្ដោយដងទន្លេ អូអុិ។ បើបានទៅលេង Grinpia Makinohora យើងអាចចូលទៅចូលរួមបេះស្លឹកតែ និងទស្សនាដំណាក់កាលនៃការផលិតតែដែលស្រដៀងៗនឹងរោងចក្រផលិតតែដែរ។Nihondaira

នីហុនដៃរ៉ាក់ ក៏ស្ថិតនៅក្នុងខេត្ត Shizuoka ដូចគ្នាដែរ។ ពីចម្ការតែ គេអាចមើលឃើញទស្សនីយភាពរបស់ភ្នំភ្លើងហ៊្វូជី ជាឆាកខាងក្រោយដ៏ស្រស់ស្អាតស៊ីគ្នានឹងចម្ការតែពណ៌បៃតងខ្ចី។ ទីនេះក៏ដាំដើមតែតាំងពីសម័យ មេជិ និងអាចប្រមូលផលតែបានក្នុងអំឡុងខែមេសា ដល់ខែតុលាដូចគ្នា។ នៅ នីហុនដៃរ៉ាក់ នេះមានកំពង់ផែ ដែលអ្នកណាចង់មកកម្សាន្តនៅចម្ការតែមួយនេះ អាចរៀបចំដំណើរកម្សាន្តសម្រាប់ 1ថ្ងៃបានយ៉ាងងាយ ដោយចាប់ផ្ដើមពី វត្តប្រវត្តិសាស្រ្ត ដូចជា វត្ត ឃុណូសាំង ថូសូគុ បន្ទាប់មកសឹមធ្វើដំណើរមកចម្ការតែមួយនេះ ធានាថា នឹងបានឃើញទស្សនីយភាពតាំងពី ភ្នំ ទីប្រជុំជន កំពង់ផែ រហូតដល់ចម្ការតែបៃតងដ៏ខៀវខ្ចី។Kanaya

ចម្ការតែ ខាណាយ៉ា ស្ថិតនៅតាមបណ្ដោយដងទន្លេ អូអុិ ដែលល្បីល្បាញក្នុងរឿងពិធីបុណ្យតែ ដែលតែងរៀបចំឡើងរៀងរាល់ 2ឆ្នាំម្ដងក្នុងអំឡុងអាទិត្យទី2 នៃខែមេសា។ ក្នុងអំឡុងពេលនោះនឹងមានទាំងការទូងស្គរ ការជិះទូក និងក្រមុំៗអ្នកបេះស្លឹកតែដែលដើរជាក្បួនរាំរបាំបេះតែ។ នៅទីនេះមានសារមន្ទីរ Ocha no Sato World Tea ឱ្យយើងបានរៀនយល់ដឹងពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តតែនៅក្នុងប្រទេសជប៉ុន និងរបស់ពិភពលោក ក្រៅពីនេះនៅមានភោជនីយដ្ឋាន និងហាងកាហ្វេដែលលក់ម្ហូបអាហារ និងភេសជ្ជៈដែលប្រើវត្ថុធាតុដើម និងគ្រឿងផ្សំក្នុងតំបន់ទៀតផង និងជាពិសេសកុំភ្លេចភ្លក្ស ការ៉េមម៉ាត់ឆា…។Kawane
ទីកន្លែងមួយនេះអាចជាផែនការមួយនៅក្នុងការដើរទស្សនាចម្ការតែក្នុងក្ដីស្រមៃរបស់អ្នក ព្រោះបើសិនមកដល់ទីនេះតាំងពីពេលព្រឹកព្រលឹម យើងអាចបានប៉ះពាល់នឹងស្រទាប់អ័ព្ទនាពេលព្រឹក និងក្រៅពីទស្សនីយភាពជួរភ្នំដែលស័ក្តិសមជាមួយការដាំដើមតែហើយនោះ ទឹកពីដងទន្លេ អូអុិ នៅតែជាប្រភពទឹកដ៏ល្អបំផុតសម្រាប់ចិញ្ចឹមចម្ការតែដែលមានគុណភាពល្អបំផុត។ ជាតំបន់ទេសចរណ៍មួយទៀតដែលមានភ្ញៀវទេសចរធ្វើដំណើរមកកម្សាន្តមិនតិចឡើយ។Kakegawa

ក្រៅពីល្បីល្បាញរឿងប្រាសាទបុរាណហើយ ចម្ការតែនៅទីនេះថែមទាំងល្បីល្បាញរឿងរសជាតិដ៏ឆ្ងាញ់របស់តែទៀតផង។ កសិករនៅទីនេះដាំដុះតែដោយពូជតែធម្មតា តាមវិធីធម្មតា តែធ្វើឱ្យចម្ការតែពោរពេញដោយបរិយាកាសសាមញ្ញ និងមិត្តភាពជាមួយធម្មជាតិ។ ចាប់ផ្ដើមពីការរៀនយល់ដឹងពីការឆុងទឹកតែរបស់ជប៉ុន ញ៉ាំតែ សេនឆាក់ ឬម៉ាត់ឆារបស់ទីនេះ ញ៉ាំគូគ្នាជាមួយបង្អែមស្ទីលជប៉ុន នឹងធ្វើឱ្យលោកអ្នកទទួលបានទាំងចំណេះដឹង និងភាពជក់ចិត្តដិតអារម្មណ៍ក្នុងរសជាតិដ៏សែនមិនអាចបំភ្លេចបាន៕
ទៅដើរលេងនៅទីក្រុងទាំង4 របស់ប្រទេសស្វីស ធានាថាមិនខកបំណងឡើយ
យើងចង់ណែនាំប្រិយមិត្តទាំងអស់ពីដំណើរកម្សាន្តទៅកាន់ប្រទេសស្វីស ដែលជាប្រទេសក្នុងក្ដីសុបិន្ដរបស់ភ្ញៀវទេសចរគ្រប់រូបស្រម៉ៃចង់ទៅលេងកម្សន្ត។ នៅទីនោះមិនសូវជាត្រូវចំណាយច្រើនប៉ុន្មានទេ តែបរិយាកាស និងទេសភាពធម្មជាតិវិញ គឺពិតជាស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធពេញផ្ទៃប្រទេសតែម្ដង។ នៅក្នុងថ្ងៃនេះ ទស្សនាវដ្ដី ឡារ៉ែន សូមនាំអារម្មណ៍អស់លោកអ្នកទៅកម្សាន្ដនៅទីក្រុងនៃប្រទេសស្វីស ដែលធានាថា ទៅហើយលែងចង់មកវិញតែម្ដង។
1. ទីក្រុងលូកាណូ (Lugano)
ជាទីក្រុងដែលត្រូវបានឱ្យឈ្មោះថា “អុីតាលីប្រចាំស្វីស” ដោយសារតែសំណង់ស្ថាបត្យកម្មម៉ូដលំនាំប្រទេសអុីតាលីមានច្រើន ដែលក្លាយជាចំណុចសំខាន់ប្រចាំទីក្រុង និងមានចំណុចដែលទាក់ទាញខ្លាំងបំផុតមួយទៀតនោះគឺ ទន្លេលូកាណូ ដែលមានទេសភាពស្រស់ស្អាត ទឹកថ្លាឆ្លុះមុខឃើញ និងកាន់តែស្អាតបំផុតនៅពេលព្រះអាទិត្យរៀបអស្តង្គត់។2. ទីក្រុងសឺមែទ (Zermatt)
គឺជាទីក្រុងដែលមានឯកលក្ខណៈភាព មិនមានសំណង់អគារខ្ពស់ មានតែសំណង់ផ្ទះបុរាណរាប់រយឆ្នាំ។ ទីក្រុងមួយនេះ គឺជាទីក្រុងធំជាងគេនៅក្នុងប្រទេសស្វីស ខណៈដែលអ្នកទៅដល់ហើយ និងលាន់មាត់ថា ស្អាតប្លែកភ្នែកមិនធ្លាប់បានឃើញពីមុនមកឡើយ។3. ទីក្រុងឡូសាន (Lausanne)
បរិយាកាសអគារចម្រុះពណ៌បានអណ្ដែតឡើងនៅក្នុងក្រសែភ្នែករបស់លោកអ្នកហើយ ធ្លាប់តែបានឃើញនៅក្នុងរឿងកុន នៅពេលនេះបានឃើញផ្ទាល់ភ្នែកហើយ។ បើទោះបីជាមេឃក្ដៅយ៉ាងណាក៏ដោយ តែនៅទីក្រុងឡូសាន គឺពិតជាអំណោយផលខ្លាំងណាស់ មានម្លប់ត្រជាក់ស្រួលតែម្តង។ មានតែហាងទំនិញល្អៗ មិនសូវមានរថយន្ដបើកឆ្លងកាត់ឆ្វេចឆ្វាចដូចនៅទីក្រុងទំនើបៗដទៃនោះទេ គឺងាយស្រួលក្នុងការដើរលេង ទិញឥវ៉ាន់ និងសម្រាកញ៉ាំកាហ្វេត្រជាក់ៗខ្លាំងណាស់។4. ទីក្រុង ឡូហ្សើន (Lucerne City)
វត្ថុសំខាន់ ហើយល្បីល្បាញទូទាំងពិភពលោកនោះគឺ ការស្វែងរកសិង្ហដេកក្នុងគុហា។ ប្រជាជនស្វីសបានពោលពីដំណើររឿងឱ្យដឹងថា “អនុស្សាវរីយ៍សិង្ហ” គឺជាកន្លែងរំឭកដល់គុណូបការៈរបស់ទាហានស្វីស ដែលបានពលីជីវិតជាមួយភក្ដីភាពចំពោះព្រះបាទលុយស៍ទី16 នៅក្នុងសង្គ្រាមធំជាមួយនឹងប្រទេសបារាំង៕
ទង្វើ5យ៉ាង ពិសោធស្នេហារបស់ គូស្នេហ៍ក្រោយពេលរៀបការ
ក្រោយពីប្តូរស្ថានភាពពីគូសង្សារមកជាគូជីវិត ឬជាគូស្វាមីភរិយាហើយនោះ ក្រៅពីធ្វើឱ្យការរស់នៅរបស់អ្នកប្រែប្រួលហើយអាចនឹងហុចផលឱ្យសេចក្ដីស្នេហាប្រែប្រួលទៅតាមនោះផងដែរ។ ការប្រែប្រួលទាំងនោះអាចជាចំណុចមួយដែលធ្វើឱ្យនារីៗយើងជាច្រើនកើតក្តីសង្ស័យថា តើពេលនេះគូស្នេហ៍(ដែលឥឡូវក្លាយមកជាស្វាមី)របស់ខ្លួននៅតែមានអារម្មណ៍ស្រឡាញ់យើងដូចកាលពីមុន ឬក៏អត់? តែក៏មិនសូវជាហ៊ានសួរប៉ុន្មានដែរ ព្រោះខ្លាចថា សំណួរមួយនេះនឹងនាំឆ្ពោះទៅរកការឈ្លោះទាស់ទែងគ្នា។ ដូច្នេះហើយទើបថ្ងៃនេះ ឡារ៉ែន ចង់ឱ្យនារីៗយើងទាំងអស់បានយល់ដឹងពីចិត្តគូស្នេហ៍របស់ខ្លួនកាន់តែច្បាស់ឡើងដើម្បីមានភាពជឿជាក់លើសេចក្តីស្នេហាដែលស្វាមីរបស់អ្នកនាងមានចំពោះអ្នកនាងឱ្យកាន់តែច្រើនឡើង តាមរយ:ទង្វើ 5យ៉ាងដែលបង្ហាញឱ្យឃើញច្បាស់ថា គេ(ស្វាមី)នៅតែស្រឡាញ់អ្នកនាងដដែល ដូចតទៅ ៖
1. នៅតែនិយាយថា “ស្រឡាញ់អូន” ជាប់ជានិច្ច…
បើគេ(ស្វាមី)នៅតែប្រាប់ថា ស្រឡាញ់អូនៗ ជាប់ជាប្រចាំ ដែលទោះជាអ្នកមើលឃើញ ឬមើលមិនឃើញពីភាពសំខាន់របស់ការនិយាយថា“ស្រឡាញ់អូន” របស់គេនោះក៏ដោយ តែគ្រាន់តែគេបាននិយាយថា គេស្រឡាញ់អ្នកប៉ុណ្ណឹង ក៏អាចធ្វើឱ្យគេញញឹមបានដែរនោះ សូមអ្នកជឿជាក់ចុះថា គេពិតជាគិតដូចសម្ដីដែលអ្នកបានឮនោះមែនហើយ ហើយគេពិតជានៅតែមានអារម្មណ៍បែបនោះជានិច្ច ទោះជាអាពាហ៍ពិពាហ៍កន្លងផុតទៅប៉ុន្មានឆ្នាំហើយក៏ដោយ ហើនៅតែស្រឡាញ់អ្នកបែបនោះជានិច្ច ដរាបណាគេនៅតែមានដង្ហើម(វ៉ាវ!)។2. បង្ហាញច្បាស់ក្នុងគ្រប់ទង្វើ…
មិនថាអ្នករៀបការជាមួយគេមកយូរប៉ុនណាហើយក៏ដោយ តែគេនៅតែជាមនុស្សម្នាក់ដែលដូចពីមុនដដែល និងបញ្ជាក់ច្បាស់រាល់ទង្វើដែលគេបានធ្វើចំពោះអ្នកជានិច្ច វាគឺជាការបញ្ជាក់ពីបេះដូង និងដួងចិត្តរបស់គេ ម្បីកុំឱ្យអ្នកនៅនឹកសង្ស័យ ស្រពេចស្រពឹលក្នុងចិត្ត ឬមានកង្វល់ណាមួយលើរូបគេឱ្យសោះ ហើយក៏ជាការបង្ហាញនូវក្តីស្នេហាដែលគេមានចំពោះអ្នកឥតងាករេ ដើម្បីឱ្យអ្នកមានអារម្មណ៍ជឿជាក់ចំពោះរូបគេជានិច្ច មិនថាតែការឱប កាន់ដៃ កៀកស្មា ឬទង្វើអ្វីផ្សេងទៀតក៏ដោយ វាប្រៀបហាក់ដូចជា រាល់ៗថ្ងៃនេះជាថ្ងៃដែលគេបានជួបអ្នកគ្រាដំបូងដូច្នោះដែរ។3. សេចក្តីសុខរបស់អ្នក គឺសេចក្តីសុខរបស់គេ…
បើអ្នកឃើញថា គេសប្បាយចិត្តពេលដែលឃើញអ្នកមានសេចក្តីសុខ ហើយគេព្យាយាមគ្រប់វិធីដើម្បីធ្វើឱ្យអ្នកមានសេចក្តីសុខនោះ ចូរជឿជាក់ក្នុងចិត្តចុះថា ពាក្យថា “ស្រឡាញ់អូន” របស់គេនោះនៅតែជាការពិតជានិច្ច ព្រោះបើសិនជាគេមិនមានអារម្មណ៍បែបនោះទេ គេច្បាស់ជាមិនអាចកុហក ឬធ្វើបែបនោះបានយូរអង្វែងឡើយ ហើយអ្នកគ្រូ ឆវី ក៏ជឿថា នារីៗគ្រប់រូបក៏អាចដឹងពីអារម្មណ៍ទាំងនោះបានតាមរយ:សញ្ជាតិញាណរបស់ខ្លួនឯងស្រាប់ទៅហើយដែរ។4. គេព្រួយ និងមានកង្វល់នៅពេលមានរឿងរ៉ាវមិនល្អកើតឡើងចំពោះអ្នក…
អ្នកអាចពិសោធបានតាមរយៈអាកប្បកិរិយារបស់គេនៅពេលកើតរឿងរ៉ាវមិនល្អណាមួយឡើងចំពោះរូបអ្នក ដូចជា គេមានអារម្មណ៍ខឹងនៅពេលមានអ្នកណាធ្វើឱ្យអ្នកភ័យកង្វល់ ឬគេមានអារម្មណ៍ឈឺចាប់នៅពេលឃើញអ្នកឈឺថ្កាត់… បើអាចជ្រើសរើសបាន គេប្រាកដជាប្រមូលយកអារម្មណ៍ទុក្ខលំបាកទាំងអស់នោះមកទុកក្នុងខ្លួនគេជំនួសវិញមិនខាន។ គ្រាន់តែប៉ុណ្ណឹងក៏បញ្ជាក់ឱ្យឃើញច្បាស់ទៅហើយថា គេនៅតែស្រឡាញ់ និងបារម្ភពីអ្នកជានិច្ច មិនថារស់នៅជាមួយគ្នាមកប៉ុន្មានឆ្នាំហើយក៏ដោយ។5. អ្នក គឺជាផ្នែកសំខាន់បំផុតរបស់ជីវិតគេ…
សញ្ញាមួយទៀតដែលបង្ហាញឱ្យឃើញច្បាស់ថា គេនៅតែស្រឡាញ់អ្នកជានិច្ចនោះ គឺការដែលគេគិតថា អ្នកគឺជាចំណែកសំខាន់មួយរបស់ជីវិតគេ និងមិនអាចនឹងមានជីវិតរស់នៅតទៅទៀតបានឡើយបើសិនជាគេគ្មានរូបអ្នក។ អ្នកអាចពិសោធរកការពិតលើចំណុចនេះបាន តាមរយ:ការដែលគេតែងនឹកឃើញរូបអ្នកមុនគេបង្អស់ នៅពេលណាដែលកើតមានរឿងរ៉ាវអាក្រក់ ឬល្អអ្វីមួយកើតឡើង ហើយមិនថាគេចង់រៀបផែនការធ្វើអ្វីមួយក៏ដោយ គឺតែងតែមានរូបអ្នកនៅក្នុងអនាគតរបស់គេនោះជានិច្ច និងតែងផ្តល់នូវភាពសំខាន់ចំពោះរូបអ្នកយ៉ាងខ្លាំងជាប់ជានិច្ច… ទាំងអស់នេះដោយសារតែគេគិតថា អនាគតរបស់គេ គឺអនាគតរបស់អ្នកហ្នឹងឯង។
ក្រៅពីនេះ ជួនកាលទោះជាគេមិនបានសម្តែងនូវសេចក្តីស្រឡាញ់របស់គេឱ្យអ្នកបានឃើញយ៉ាងជាក់ច្បាស់តាមរយ:ពាក្យសម្ដី ឬទង្វើ ឬអ្វីៗដែលផ្សេងពីសញ្ញាទាំង 5 ខាងលើនេះក៏ដោយ ក៏សូមឱ្យអ្នកកុំអាលយល់ខុសថា គេអស់សេចក្តីស្នេហាមកលើរូបអ្នកឱ្យសោះ ព្រោះគេអាចជាមនុស្សដែលមិនសូវចេះបង្ហាញពីអារម្មណ៍ ឬទង្វើផ្សេងៗក៏អាចថាបានដែរ ដូច្នេះអ្នកមិនគួរសម្រេចសេចក្តីគេតែលើសម្បកក្រៅឡើយ តែត្រូវមើលឱ្យជ្រៅទៅដល់ចរិតនិស្ស័យរបស់គេ ដើម្បីនឹងបានរស់នៅជាគូគ្រងនឹងគ្នាប្រកបដោយសេចក្តីសុខរហូតដល់ដង្ហើមចុងក្រោយរៀងៗខ្លួន៕
ហេតុផលល្អៗ10 យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន
ការអប់រំកូន និងបង្ហាត់បង្រៀនកូនឱ្យធំឡើងក្លាយជាមនុស្សមានសីលធម៌ល្អ មានសុជីវធម៌ ចេះជួយយកអាសាអ្នកដទៃ និងចេះបែងចែករំលែកដល់មនុស្សជុំវិញខ្លួន អាណាព្យាបាល ឬឪពុកម្ដាយអាចធ្វើបានយ៉ាងងាយស្រួលតាមរយៈការអានសៀវភៅរឿងព្រេង ឬរឿងនិទានអប់រំឱ្យកូនស្ដាប់ និងដឹង ដែលបច្ចុប្បន្្ននេះមានច្រើនសន្ធឹកសន្ធាប់ទាំងរឿងនិទានបែបអប់រំរបស់បរទេស និងរបស់ខ្មែរយើង។ ខាងក្រោមនេះគឺ ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន ៖
1. រឿងនិទានជាថ្នាលបណ្តុះសីលធម៌នៅក្នុងជីវិត ក្នុងគ្រប់ជាតិសាសន៍ គ្រប់ភាសា ដូចជារបស់បរទេស ក៏មានរឿងនិទាន អុីសុប(Aesop’s Fables រឿងនិទានបែបអប់រំប្រៀនប្រដៅ) ដែលកើតមានឡើងជាង 3ពាន់ឆ្នាំមកហើយ ឯរបស់ខ្មែរយើងក៏មានរឿងព្រេងនិទានចាស់ៗល្អៗជាច្រើនផងដែរ ដូចជារឿង មាយើង មហាសេដ្ឋី និងអ្នកស្រែ-ល- ដែលសុទ្ធតែប្រៀនប្រដៅពីសីលធម៌ល្អៗ និងការចេះជួយគ្នាទាំងអស់។
2. រឿងនិទានធ្វើឱ្យកុមារមានអារម្មណ៍ថា មិនមែនជាការបង្រៀន ដូចជារឿង រាជសីហ៍ និងសត្វកណ្តុរ ជាដើម គឺជាឧទាហរណ៍យ៉ាងច្បាស់លាស់ក្នុងការរស់នៅ ដែលយើងតែងតែប្រដៅក្មេងៗថា មនុស្សមាឌធំត្រូវចេះជួយមនុស្សមាឌតូច អ្នកមានត្រូវចេះជួយអ្នកក្រ។ តែរឿងនេះក៏បានប្រៀនប្រដៅថា មនុស្សមាឌតូចក៏ត្រូវចេះជួយយឹតយោងមនុស្សមាឌធំក្នុងលក្ខខណ្ឌដែលអាចជួយបានផងដែរ។
3. រឿងនិទាន គឺជាអ្វីៗច្រើនយ៉ាងនៅក្នុងជីវិត មិនមែនគ្រាន់តែជាការស្រមៃមិនមែនគ្រាន់តែជាការនឹកឃើញឡើយ តែជារឿងពិតផ្ទាល់របស់ជីវិត។ រឿងនិទាន គឺជាស្ពានមួយសំខាន់ណាស់ និងល្អប្រពៃណាស់ ដែលមនុស្សធំតភ្ជាប់ទៅដល់កុមារ ធ្វើឱ្យមនុស្សធំអាចចូលទៅនៅក្នុងដួងចិត្តរបស់កុមារបានយ៉ាងប៉ិនប្រសប់។
4. រឿងនិទានបង្រៀនពិសីលធម៌រស់នៅ រឿងនិទានជាច្រើន បាននិយាយអំពីភាពជាមនុស្សថា ត្រូវតែធ្វើជាមនុស្សរឹងប៉ឹង ត្រូវធ្វើជាអ្នកនាំមុខក្នុងការដឹកនាំជីវិតខ្លួនឯង និងអ្នកឯទៀតឆ្ពោះទៅរកជីវិតដែលល្អប្រសើរឡើង។ ដូចជារឿង “ខ្លាឃ្មុំឈឺធ្មេញ” បានបង្រៀនយើងឱ្យដឹងថាបើបរិភោគអាហារដែលមានប្រយោជន៏នឹងធ្វើឱ្យមានសុខភាពល្អ ឬដូចជារឿង “កូនដំរីចិត្តល្អ” បានបង្រៀនកុមារៗឱ្យដឹងថា បើយើងជាក្មេងខូចខិលអាក្រក់យើងនឹងគ្មានមិត្តភក្តិឡើយ។ សរុបទៅ រឿងនិទានទាំងអស់សុទ្ធតែបង្រៀនអំពី សីលធម៌ និងចរិយាធម៌ទាំងអស់។

5. រឿងនិទានខ្លះនិយាយពីរឿងវប្បធម៌ និងការរស់នៅ ជាការបើកចំហពិភពលោកនៃការរៀនយល់ដឹងដល់កុមារ ធ្វើឱ្យកុមារដឹងថា នៅទីណា មានវប្បធម៌រស់នៅរបៀបម៉េចជាដើម។
6. រឿងនិទានបង្រៀនពការរស់នៅក្នុងសង្គម ដូចជាឧទាហរណ៍ក្នុងរឿង “ទន្សាយផ្អើលផ្លែព្នៅ” ជាដើម៖ សង្គមបច្ចុប្បន្ន ជាសង្គមផ្អើលផ្លែព្នៅ មិនបានទៅមើលចំណុចកើតហេតុដោយផ្ទាល់ថា តើវាមានរឿងអ្វីកើតឡើងនោះទេ តែរត់តាមគេតាមឯងសិនផ្អើលទៅសិន រងគ្រោះថ្នាក់ទៅសិន រួចបានមកប្រាប់គ្នាជាក្រោយ។ល។ រឿងនេះវាស្ថិតនៅលើថា តើអាណាព្យាបាលអាចយកឧត្តមគតិរបស់រឿងមកប្រៀនប្រដៅក្មេងៗបានឬក៏អត់?។
7. រឿងនិទានសាងសម្ព័ន្ធភាពក្នុងក្រុមគ្រួសារ ទោះជាការប្រាស្រ័យទាក់ទងគ្នានៅក្នុងជីវិតប្រចាំថ្ងៃបានសាងនូវសម្ព័ន្ធភាពដ៏ល្អរវាងឪពុកម្ដាយ និងកូន ឬបងនិងប្អូនបានមួយកម្រិតហើយមែនក៏ដោយ តែបើយើ់ងមានសាច់រឿងដែលស្តាប់ទៅហើយមានអារម្មណ៍រីករាយ មានពាក្យសម្ដីពីរោះៗ នោះវានឹងរឹតតែអូសទាញចិត្តកុមារៗក្នុងការស្តាប់កាន់តែខ្លាំងឡើងទៀត។
8. ឧបមាថា អ្នកម្តាយម្នាក់មានរឿងនិទានអុីសុប(Aesop’s Fables)នៅក្នុងចិត្ត គាត់នឹងបង្រៀនកូនបានគ្រប់រឿងថា នឹងត្រូវរស់នៅយ៉ាងម៉េច? ត្រូវធ្វើខ្លួនយ៉ាងម៉េចឱ្យមានវិន័យ? គឺអាចនិយាយរឿងនិទានបានជារឿយៗ មិនចាំបាច់អង្គុយប្រដៅម្តងមួយដំណាក់កាល ឬម្ដងមួយរឿងឡើយ។
9. ពេលនិយាយរឿងនិទានឱ្យកូនស្ដាប់ កូននឹងនៅនែបនិត្យជាមួយអ្នកម្តាយ មុនពេលគេង គឺជាអំឡុងពេលដ៏អស្ចារ្យណាស់ ព្រោះជាពេលវេលាសប្បាយៗ អ្នកម្តាយបាននិយាយជាមួយកូន បាននិទានរឿង បានចាប់ដៃកូន អោបកូនខណៈពេលនិទានរឿង ហើយកូនក៏នឹងបានដឹងពីសេចក្តីស្រឡាញ់ដែលម្តាយផ្តល់ឱ្យនោះទៀតផង។
10. ការនិយាយរឿងនិទាន គឺជាការសាងសម្ព័ន្ធភាពដ៏ល្អមួយនៅក្នុងក្រុមគ្រួសារ ជាការចំណាយដើមទុនតិចបំផុត តែបានទទួលផលប្រយោជន៍ខាងបញ្ញាច្រើនបំផុត ដូច្នេះលោកឪពុក អ្នកម្តាយគួរចំណាយពេលនិទានរឿងឱ្យកូនស្តាប់ ព្រោះអ្វីដែលទទួលបាននោះវាច្រើនលើសលប់អស្ចារ្យណាស់ (អ្នកគ្រូ ឆវី ក៏ជឿថា អុីចឹងដែរ…)៕

ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកំពុងក្លាយជាប្រធានបទសំខាន់សម្រាប់កម្ពុជា…
ការបណ្តុះបណ្តាលបច្ចេកទេសនិងជំនាញវិជ្ជាជីវៈ កំពុងក្លាយជាប្រធានបទសំខាន់សម្រាប់ការរៀបចំធនធានមនុស្សនៅកម្ពុជា ព្រោះយើងកំពុងខ្វះធនធានផ្នែកបច្ចេកទេសជាច្រើនដើម្បីបំពេញសេចក្តីត្រូវការនៃទីផ្សារការងារបច្ចុប្បន្ន។
នៅថ្ងៃទី15-16 ខែមិថុនាខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគ្រោងនឹងរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET day) លើកទី2នៅអគារពិព័រណ៍កោះពេជ្រ ដោយរំពឹងថានឹងមានអ្នកចូលរួមប្រមាណ 3ម៉ឺននាក់ក្រោមប្រធានបទ “TVET អាចធ្វើបាន”។
ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថាកម្មវិធី TVET Day នេះជាកម្មវិធីដ៏មានសារៈសំខាន់ដែលក្រសួងព្យាយាមធ្វើការផ្សព្វផ្សាយ និងរំពឹងទុកថាអាចផ្តល់ផលប្រយោជន៍ជាវិជ្ជមានដល់សិស្សានុសិស្សចំណេះទូទៅ សិស្ស-និស្សិតដែលកំពុងសិក្សានៅក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងយុវជនជាច្រើនផ្សេងទៀតដែលកំពុងសិក្សានៅកម្ពុជា។ កម្មវិធីនេះនឹងបើកឱ្យចូលរួមដោយឥតគិតថ្លៃ ដើម្បីផ្តល់ឱកាសឱ្យប្រជាជនកម្ពុជាកាន់តែច្រើនបានចូលរួម និងស្វែងយល់ពីការជ្រើសរើសអាជីពវិជ្ជាជីវៈ និងបច្ចេកទេស។
ឯកឧត្តម ពេជ សោភ័ន បានមានប្រសាសន៍ថា៖ “សាធារណជន និងសិស្សានុសិស្សដែលចូលរួមក្នុងកម្មវិធី TVET Day នឹងទទួលបានព័ត៌មានសំខាន់ៗស្តីពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងទទួលបានព័ត៌មានពីអាហារូបករណ៍នៅតាមគ្រឹះ-ស្ថាននានាទូទាំងប្រទេស។ លើសពីនេះទៅទៀត ក៏នឹងទទួលបានព័ត៌មានស្តីពីទីផ្សារការងារក្នុងវិស័យនេះយ៉ាងច្រើនផងដែរ”។
ឯកឧត្ដមក៏បានលើកឡើងផងដែរថា កម្ពុជាកំពុងព្យាយាមយ៉ាងយកចិត្តទុកដាក់ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ប្រជាជនខ្មែរ និងជំរុញការផ្សព្វផ្សាយឱ្យកាន់តែខ្លាំងពីសារៈសំខាន់នៃជំនាញបច្ចេកទេសជាច្រើនដែលកម្ពុជាកំពុងត្រូវការ។ លក្ខណៈពិសេសរបស់កម្ពុជា គឺយើងមានធនធានមនុស្សវ័យក្មេងច្រើនតែយើងនៅមានកត្តាប្រឈមមួយចំនួនគឺបញ្ហាជំនាញរបស់ពួកគេ។ ហេតុនេះប្រសិនបើយើងបណ្តុះបណ្តាលធនធានមនុស្សរបស់យើងឱ្យមានជំនាញច្បាស់លាស់ នោះយើងនឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីវិនិយោគិនទាំងក្នុង និងក្រៅប្រទេស។
យោងតាមការបញ្ជាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា កម្មវិធី TVET Day នៅឆ្នាំនេះ នឹងធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈកាត់បន្ថយភាពក្រីក្រដោយការប្រើប្រាស់ជំនាញវិជ្ជាជីវៈដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវដល់ប្រជាជន ព្រោះបើប្រៀបធៀបអ្នកដែលទទួលបានការបណ្តុះបណ្តាល ហើយមានជំនាញបច្ចេកទេស និងវិជ្ជាជីវៈច្បាស់លាស់ ពួកគេមានប្រាក់ឈ្នួលខ្ពស់ជាងអ្នកជំនាញ។ ក្រៅពីនេះ កម្មវិធីនេះក៏អាចលើកស្ទួយគោលនយោបាយ និងចក្ខុវិស័យជាតិបានយ៉ាងប្រសើរផងដែរ ព្រោះការអភិវឌ្ឍ និងការផ្សព្វផ្សាយវិស័យ TVET ជាឧបករណ៍សំខាន់ក្នុងការជំរុញការអនុវត្តគោលនយោបាយជាតិកម្ពុជា ដែលបានកំណត់ទិសដៅថា នៅឆ្នាំ2030 កម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ2050 កម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់។ ម្យ៉ាងវិញទៀតវិស័យ TVET ក៏ចូលរួមក្នុងការអនុវត្តគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាប្រែក្លាយកម្លាំងពលកម្មក្នុងទម្រង់ជាអតិពលកម្មទៅជាកម្លាំងដែលមានជំនាញ។
កត្តាសំខាន់មួយផ្សេងទៀតគឺ ដោយសារតែបច្ចុប្បន្ននេះបដិវត្តន៍ឧស្សាហកម្មទី4បានចូលមកដល់ហេតុនេះ វិស័យ TVET ជាផ្នែកយ៉ាងសំខាន់ដែលជួយកម្ពុជាឱ្យវិវឌ្ឍខ្លួនឱ្យទាន់បដិវត្តន៍សកលថ្មីនេះ។ វិស័យនេះនឹងចូលរួមចំណែកតាមរយៈការជំរុញឱ្យរោងចក្រសហគ្រាសនៅកម្ពុជាប្រើបញ្ញាសិប្បនិម្មិត (AI Technology) មនុស្សយន្ត (Tobot) និងសម្ភារបរិក្ខារដ៏ទៃផ្សេងទៀតដែលកម្ពុជាត្រូវការ។ ប្រសិនបើមិនពង្រឹងវិស័យ TVET ទេ កម្លាំងពលកម្មកម្ពុជាប្រមាណជាង 50% នឹងត្រូវជួបបញ្ហាបាត់បង់ការងារក្នុងរយៈពេល 20ឆ្នាំខាងមុខនេះ៕

អាការ 5យ៉ាង ពេលកូនឈឺ ដែលឪពុកម្ដាយត្រូវឧស្សាហ៍សង្កេតមើល
ខណៈពេលកូននៅជាទារក មានរឿងមួយដែលឪពុក-ម្តាយមិនចង់ឱ្យកើតឡើងចំពោះកូនសោះនោះគឺ ការឈឺថ្កាត់ ព្រោះក្រៅពីធ្វើឱ្យកូនតូចយំរករឿងច្រើន ព្រោះមិនស្រួលនៅក្នុងខ្លួនហើយនោះ កូនថែមទាំងមិនអាចនិយាយប្រាប់ពីអាការរបស់គេឱ្យឪពុក-ម្ដាយដឹងថា ឈឺចាប់នៅត្រង់ណា ឬមានអារម្មណ៍ពិបាកយ៉ាងណាបានឡើយ ដូច្នេះមានវិធីតែមួយគត់ដែលឪពុកម្ដាយអាចដឹងបាន គឺការសង្កេតមើលហ្នឹងឯង។
1. ញ៉ាំតិច ឬមឹមទឹកដោះតិចជាងមុន
ធ្លាប់តែពូកែញ៉ាំ មឹមបានច្រើន ស្រាប់តែញ៉ាំបានតិច ឬស្ទើរតែមិនញ៉ាំសោះទៅវិញ នេះគឺជាអាការចាប់ផ្តើមរបស់ការឈឺថ្កាត់ហើយ… ចូរព្យាយាមបញ្ចុកទឹកដោះ ឬទឹកឱ្យកូនមឹមឱ្យបានញឹកញាប់ (ចង់ឱ្យចឹបៗពីស្លាបព្រា ឬបឺតពីដបក៏បាន)។ ការឱ្យមឹមទឹកដោះ និងទឹកញឹកញាប់នេះនឹងជួយឱ្យរាងកាយរបស់កូនមិនបាត់បង់ជាតិទឹក។សង្កេតមើលបន្ថែម
គួរសង្កេតមើលផងថា តើនៅខាងក្នុងមាត់កូនមានអ្វីខុសប្រក្រតីឬទេ? ដូចជា តើមានដំបៅលើអណ្តាត ឬសាច់ថ្ពាល់ខាងក្នុង ឬក៏អត់? ព្រោះការមានដំបៅ ឬពងបែកនៅក្នុងមាត់ក៏ជាមូលហេតុមួយដែលធ្វើឱ្យកូនមិនព្រមបៅទឹកដោះ ឬញ៉ាំអាហារដែរ តែបើមិនប្រាកដក្នុងចិត្តចំពោះបញ្ហាដែលកើតឡើងនេះទេ គួរនាំកូនតូចទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យរកមើលមូលហេតុ និងរក្សាព្យាបាលយ៉ាងត្រឹមត្រូវជាបន្ត។2. ក្តៅខ្លួ
សីតុណ្ហភាពក្នុងរាងកាយលើស 37អង្សាC គឺជាសញ្ញាដាស់តឿនថា រាងកាយកំពុងឈឺថ្កាត់ហើយ។ រាងកាយរបស់កូនផ្ទាល់ក៏មានភាពស៊ាំប្រឆាំងនឹងជំងឺ ដែលមានតួនាទីប្រឆាំងមេរោគនៅក្នុងគ្រប់ផ្នែកនៃរាងកាយ និងបណ្តេញសារធាតុមិនល្អ ឬជាតិពុលរបស់មេរោគឱ្យចេញពីរាងកាយយ៉ាងឆាប់រហ័សដែរ ដូច្នេះនៅពេលអវយវៈគ្រប់ផ្នែករបស់រាងកាយរបស់កូនធ្វើការកាន់តែខ្លាំងឡើង នោះជាមូលហេតុដែលធ្វើឱ្យក្តៅខ្លួនហ្នឹងឯង។សង្កេតមើលបន្ថែម
បើកម្ដៅខ្លួនឡើងខ្ពស់(លើស 38អង្សាC)ជាប់ៗគ្នារយៈពេល 24ម៉ោង អាចនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ។ ចំពោះក្មេងតូចខ្លះអាចនឹងប្រកាច់បាន ជាពិសេសចំពោះឪពុក-ម្តាយណាដែលធ្លាប់មានប្រវត្តិប្រកាច់កាលពីនៅតូចៗ អាការនោះអាចនឹងកើតចំពោះកូនតូចរបស់អ្នកបាន។ ដូច្នេះពេលកូនចាប់ផ្តើមក្តៅខ្លួន ចូរបញ្ចុះកម្ដៅដោយការឧស្សាហ៍ជូតខ្លួនឱ្យកូនដោយកន្សែងត្រជាក់ និងកត់ត្រាសីតុណ្ហភាពចំណាំទុកផង។ បើកម្ដៅមិនថយចុះ ឬកាន់តែខ្ពស់ឡើង ត្រូវប្រញាប់នាំកូនទៅមន្ទីរពេទ្យជាបន្ទាន់។3. មានស្លេស្ម៍
គឺជាអាការដែលកើតឡើងនៅពេលដែលរាងកាយឆ្លងមេរោគខាងប្រព័ន្ធដកដង្ហើម រហូតមានការជំរុញឱ្យសាច់ភ្នាសក្នុងប្រព័ន្ធដង្ហើមសាងស្លេស្ម៍ឡើង ហើយនឹងបាត់ទៅវិញបន្តិចម្តងៗ ដោយអាចកើតឡើងបានទាំងក្មេងតូច រហូតដល់ក្មេងធំ។ ស្លេស្ម៍ ឬសេម្ហៈនេះមិនមែនជាដើមហេតុរបស់ការកើតជំងឺទេ។ បើកើតក្នុងរយៈពេល2 – 3ថ្ងៃ ហើយអាការល្អឡើងវិញជាបណ្តើរៗនោះ ក៏អាចទុកចិត្តបានថាកូនតូចគ្រាន់តែផ្តាសាយធម្មតាទេ មិនបានឈឺធ្ងន់ធ្ងរអ្វីឡើយ។សង្កេតមើលបន្ថែម
បើកូនតូចមានស្លេស្ម៍ព្រមជាមួយអាការផ្សេងទៀតដែរនោះ វាអាចជាកត្តាបញ្ជាក់ថា នឹងមានជំងឺដូចជា ដកដង្ហើមញាប់ ឆ្អឹងជំនី ឬដើមទ្រូងប៉ោងឡើងពេលដកដង្ហើម បាត់មាត់បាត់ក លែងសើចញញឹមស្រស់ស្រាយដូចមុន ស្រែកយំ រករឿងមិនព្រមបៅទឹកដោះ ឬមានក្អួតទៀតផងនោះ អ្នកម្តាយអាចសន្និដ្ឋានក្នុងរយៈដំបូងបានថា កូនអាចមិនមែនគ្រុនផ្តាសាយធម្មតាទេ ដូច្នេះត្រូវប្រញាប់នាំកូនទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់។4. ក្អក
អាការក្អក គឺជាការកម្ចាត់មេរោគ និងវត្ថុចម្លែកចេញពីរាងកាយ។ អាចជួបប្រទះនៅលើកូនតូច ដោយសារតែភាពស៊ាំនឹងជំងឺដែលបានមកពីម្តាយថយចុះ ធ្វើឱ្យកូនមានឱកាសទទួលមេរោគកាន់តែងាយឡើង។ បើមានអាការក្អកជាប់ៗគ្នាច្រើនជាង 2 សប្តាហ៍ អាចក្លាយជាជំងឺក្អករ៉ាំរ៉ៃ ដែលជាមូលហេតុធ្វើឱ្យកូនតូចក្តៅខ្លួនបាន។សង្កេតមើលបន្ថែម
នៅក្នុងវ័យ 1ខួបដំបូង រយៈពេលមានក្អកដំបូងមិនគួរប្រើថ្នាំបំបាត់អាការក្អកទេ តែគួរឱ្យកូនញ៉ាំទឹកក្តៅឧណ្ហៗឱ្យបានញឹកញាប់ វានឹងជួយឱ្យស្លេស្ម៍មិនស្អិត ហើយបើកូនក្អក ហើយក្អែស្លេស្ម៍ចេញមកដែរនោះ អាការកូននឹងបានធូរស្រាលឡើង តែអ្វីដែលសំខាន់នោះ គឺគួរឱ្យកូនតូចគេងសម្រាកឱ្យបានគ្រប់គ្រាន់ និងស្លៀកពាក់ខោអាវណាដែលផ្តល់នូវភាពកក់ក្តៅដល់រាងកាយផង។5. សំឡេងដង្ហើម
ការដែលកូនគេងដកដង្ហើមឮសូរខ្លាំង មូលហេតុភាគច្រើនគឺបណ្តាលមកពីការវិវឌ្ឍរបស់អវយវៈក្នុងប្រព័ន្ធដកដង្ហើម ដូចជាបំពង់ខ្យល់នៅមិនទាន់វិវឌ្ឍបានពេញលេញពេលកូនគេងផ្ងារ ឬក្មេងខ្លះដែលសន្ទះសាច់ខ្ចីនៅផ្នែកខាងមុខរបស់ផ្លូវដង្ហើមនៅមិនទាន់រឹងមាំ រួមទាំងក្រពេញទឹករងៃមួយប្រភេទឈ្មោះថា “ក្រពេញ Adenoid” ដែលនៅក្នុងបរិវេណនោះធ្លាក់ចុះទៅបាំងផ្លូវដង្ហើម ទើបធ្វើឱ្យកូនដកដង្ហើមហើយឮសូរខ្លាំង តែនៅពេលសន្ទះសាច់ខាងមុខបំពង់ខ្យល់រឹងមាំឡើង រួមនឹងក្រពេញ Adenoidក៏រួមតូចដែរនោះ សំឡេងដកដង្ហើមនោះក៏នឹងបាត់ទៅវិញដែរ។សង្កេតមើលបន្ថែម
ក្នុងករណីដែលមានភាពខុសប្រក្រតី ដូចជា ដកដង្ហើមឮសូរខ្លាំង មានបបូរមាត់ពណ៌ខៀវជាំ ក្រចកឡើងពណ៌ស្វាយ នោះបញ្ជាក់ឱ្យដឹងថា កូនអាចមានបញ្ហារឿងការដកដង្ហើមមិនស្រួល ឬអាចមានអ្វីមួយមកជាប់ ឬឃាំងផ្លូវដង្ហើម អ្នកម្តាយគួរពិនិត្យមើលបំពង់ក និងច្រមុះ ហើយបើមិនឃើញមានអ្វីខុសប្រក្រតី តែនៅតែមានអាការនោះដដែល ចូរប្រញាប់នាំកូនតូចទៅជួបគ្រូពេទ្យភ្លាមកុំបង្អង់យូរ ។អ្វីដែលអាចការពារមិនឱ្យបញ្ហារឿងសុខភាពរបស់កូនធ្លាក់ចុះធ្ងន់ធ្ងរ ក្លាយជាបញ្ហាធំបាននោះគឺការដែលអ្នកម្តាយចេះសង្កេតមើលហ្នឹងឯង៕
អ៊ុន អាលីហ្សា ដឹកដៃគូស្នេហ៍ ថត Pre Wedding ភ្លាមៗ និងត្រៀមចូលរោងជ័យប៉ុន្មានថ្ងៃខាងមុខទៀតនេះ
តារាសម្តែង អ៊ុន អាលីហ្សា ហាក់បីដូចជាស្ងប់ស្ងាត់ពីសិល្បៈអស់មួយរយៈ បន្ទាប់នាងបានបង្ហាញមុខចុងក្រោយនៅក្នុងកម្មវិធីសម្ពោធរឿង « សសរកន្លោង»។ ទោះបីជាមិនសូវបង្ហាញមុខក្នុងសិល្បៈក៏ដោយ តែតារាស្រីរូបនេះត្រូវបានអ្នកគាំទ្រគេកត់សម្គាល់ឃើញនាងសកម្មការងារជាមន្ដ្រីរាជការ និងមុខជំនួញរកស៊ីរីកចម្រើនកាន់តែខ្លាំងឡើង រហូតបានទិញផ្ទះថ្មីដ៏ធំស្កឹមស្កៃ ជីវិតកាន់តែស៊ីវិល័យកាន់តែខ្លាំងឡើងគួរឱ្យសរសើរ។
ក្រៅពីមានជីវិតដ៏ល្អបែបនេះហើយ ពេលនេះថ្មីៗក៏ស្រាប់តែទទួលដំណឹងដ៏ល្អមួយទៀត គឺនាងនឹងត្រៀមរៀបអាពាហ៍ពិពាហ៍ជាមួយគូស្នេហ៍របស់ខ្លួននៅក្នុងពេលឆាប់ៗនេះហើយ ហើយគ្រោងទៅរស់នៅក្រៅប្រទេស ក្រោយមានការលេចនូវរូបភាព ចែកធៀបជាច្រើនសន្លឹកកាលពីពេលកន្លងទៅនេះ។
មិនត្រឹមតែប៉ុណ្ណោះប៉ុន្មានថ្ងៃមុននេះ នាងពិតជាមានចិត្តរំភើបយ៉ាងខ្លាំងក្រោយគូស្នេហ៍ដែលរស់នៅក្រៅប្រទេស បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីត្រៀមធ្វើកូនកម្លោះសម្រាប់នាង នៅក្នុងថ្ងៃពិសេសឆាប់ៗនេះ។ គ្រាន់តែគូស្នេហ៍មកកម្ពុជាភ្លាម អាលីហ្សា បានប្រញាប់ដឹកដៃគូស្នេហ៍ទៅ ថត Pre Wedding ភ្លាមៗ ដែលគេឃើញថតនៅតំបន់ប្រាសាទអង្គវត្ត ក្នុងទឹកដីខេត្តសៀមរាប។
ប្រភពពីអ្នកសិល្បៈ បានប្រាប់ឡារ៉ែនថា តារាស្រី អ៊ុន អាលីហ្សា សព្វថ្ងៃកំពុងតែចែកធៀបការបណ្ដើរៗហើយ ព្រមទាំងត្រៀមចូលរោងជ័យនៅថ្ងៃទី 19 ខែមិថុនា ឆ្នាំ 2019 នេះផងដែរ ៕

